រដ្ឋាភិបាល​បាន​ទទួល​ចំណូល​ជាង​ ៥៦០០លាន​ដុល្លារ​នៅមុន​បញ្ចប់​ឆ្នាំនេះ​

រដ្ឋាភិបាល​ត្រៀម​ចំណាយ​ថវិកាជាតិ​ជាង​ ៨០០០លាន​ដុល្លារ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​
រដ្ឋាភិបាល​ត្រៀម​ចំណាយ​ថវិកាជាតិ​ជាង​ ៨០០០លាន​ដុល្លារ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ថ្លែង​ថា​ ចំណូល​ពន្ធ​ពី​គយ​ និង​ពន្ធដារ​ មកដល់​ត្រឹម​ថ្ងៃទី៩​ ខែធ្នូ​ ទទួល​បាន​ចំនួន​ ៥,៦៥២លាន​ដុល្លារ​អាមេរិក​ លើស​ផែនការ​គ្រោងទុក​ប្រមាណ១​,១០៣លាន​ដុល្លារ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​បាន​មានប្រសាសន៍​ឲ្យដឹង​បែបនេះ​ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត ​CUS​ នាទី​ក្រុង​កោះ​ពេជ្រ​នៅ​ព្រឹក​ថ្ងៃទី១១​ ធ្នូ​នេះ​ថា​ ចំណូល​បាន​ពី​ពន្ធ​ទិញ​រថយន្ត​ និង​ម៉ូតូ​ មាន​រហូតដល់៥២ភាគរយ​។

សម្តេច​តេជោ​បាន​ថ្លែង​ថា​ “រាជរដ្ឋាភិបាល​មាន​ថវិកា​ប្រមាណ៣​,៥០០លាន​ដុល្លារ​ សម្រាប់​យក​ទៅ​ប្រើប្រាស់​ពេល​មានការ​បន្ទាន់​។ ថវិកា​នេះ​មិនទាន់​បូក​បញ្ចូល​ប្រាក់​បម្រុង​អន្តរជាតិ១៥ពាន់​លាន​ដុល្លារ​ និង​មាស៣០តោន​នៅឡើយ​នោះ​ទេ​”។

បើ​ទោះបី​មាន​ថវិកា​សល់​ សម្រាប់​ប្រើប្រាស់​ច្រើនយ៉ាង​ណា​ក្តី​ តែ​សម្តេច​តេជោ​ ហ៊ុន​ សែន​បញ្ជាក់​ថា​ ក្រសួង​មិន​អាច​ស្នើសុំ​ចាយ​ថវិកា​បន្ថែម​បាន​នោះ​ឡើយ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​“សមិទ្ធផល​ទាំងអស់​នេះ​ បាន​មក​ពី​កិច្ច​ខិតខំ​ទាំងអស់គ្នា​”។សម្តេច​តេជោ​បន្ថែម​ថា​ “អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ​ទាំងឡាយ​ ត្រូវតែ​នាំគ្នា​ចូលរួម​បង់ពន្ធ​”។

សម្តេច​តេជោ​ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ ប្រាក់បង់​ពន្ធ​ គឺ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​ធ្វើ​ផ្លូវ​ និង​សាងសង់​មន្ទីរពេទ្យ​ជាដើម​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ ស្រុកខ្មែរ​ចាប់ពី​ថ្ងៃនេះ​តទៅ​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ឡើយ​។ ការ​បញ្ជាក់​ពី​បញ្ហា​នេះ​ បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​រំពឹង​ថា​ នឹង​មានការ​វិវឌ្ឍ​លើ​បញ្ហា​នយោបាយ​នៅ​ថ្ងៃទី១២​ ខែធ្នូ​៕

សម្តេច​តេជោ​៖ សេដ្ឋកិច្ច​កម្ពុជា​អាច​សម្រេច​បា​នកំនើន​ ៧ភាគរយ​

ដោយ​ដែន​ ចែងចាំង​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ថ្លែង​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​ឆ្លុះបញ្ចាំង​បាន​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​ក្នុងរង្វង់​ប្រមាណ​ ៧ភាគរយ​ តែ​តួលេខ​របស់​ធនាគារជាតិ​ និង​អ្នកឯកទេស​គឺ​កម្ពុជា​អាច​សម្រេច​​បាន​កំណើន​សេដ្ឋកិច្ច៧.១ភាគរយ​ ខណៈ​អត្រា​អតិផរណា​មាន​ជាង២ភាគរយ​។

សម្តេច​បាន​មានប្រសាសន៍​បែបនេះ​ ក្នុង​ពេល​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ចំនួន៧០០០នាក់​ នៅ​សាលសន្និសីទ​ និង​ពិព៌​ណកោះ​ពេជ្រ​នា​ព្រឹក​ថ្ងៃទី១១​ ធ្នូ​នេះ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​បន្ត​ថា​ “ស្ថានភាព​កំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់៧ភាគរយ​ និង​អត្រា​អតិផរណា​ជាង២ភាគរយ​នេះ​ គឺជា​ស្ថានភាព​សេដ្ឋកិច្ច​ដ៏​ល្អ​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ ចក្ខុវិស័យ​តាំងពី​ដើម​របស់​រាជរដ្ឋាភិបាល​ គឺ​មាន​សន្តិភាព​ ទើប​មាន​អ្វី​ៗទាំងអស់​ ពោល​មាន​សន្តិភាព​ ទើប​មាន​សិទ្ធិមនុស្ស​។ សិទ្ធិមនុស្ស​ ចាប់ផ្តើម​ពី​សិទ្ធិ​រស់រាន​មានជីវិត​។ សម្តេច​តេជោ​បាន​ថ្លែង​ថា​ ក្រុម​មនុស្ស​ «សិទ្ធិមនុស្ស​និយម​» នៅពេល​ប្រទេស​មាន​បញ្ហា​ គឺ​រត់លឿន​ជាងគេ​ទាំងអស់​។

ការ​លើកឡើង​របស់​សម្តេច​តេជោ​ស្របគ្នា​ នឹង​ការព្យាករណ៍​របស់​ស្ថាប័ន​អន្តរ​ជា​តិ​ធំៗ​ ដូចជា​ធនាគារពិភពលោក​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ ដែល​បាន​រំពឹង​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​នូវ​កំនើន​ ក្នុងរង្វង់៧ភាគរយ​នៃ​ឆ្នាំនេះ​៕

សម្តេច​តេជោ​ ហ៊ុន​ សែន​៖ ទឹកសមុទ្រ​អាច​ចូល​ដល់​ទន្លេបាសាក់​អ្នកលឿង​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ថ្លែង​ថា​ កម្រិត​ទឹកទន្លេ​មេគង្គ​បើ​បន្ត​ធ្លាក់​កាន់តែ​ទាប​ ទឹកសមុទ្រ​អាច​ចូល​ដល់​ទន្លេ​អ្នកលឿង​ ហើយ​សម្តេច​តេជោ​បាន​ស្នើ​ឱ្យ​មានការ​គិតគូរ​ទៅលើ​បញ្ហា​នេះ​។

ការ​លើកឡើង​របស់​សម្តេច​នេះ​ បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី១១​ ធ្នូ​ក្នុង​ពេល​សម្តេច​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ សាកល​វិទ្យាល័យ​ CUS ​នា​សាលសន្និសីទ​ និង​ពិព៌​ណកោះ​ពេជ្រ​។

ការ​លើកឡើង​របស់​សម្តេច​ ស្របគ្នា​នឹង​ការ​ព្រួយបារម្ភ​របស់​អ្នកជំនាញ​ផ្នែក​បរិស្ថាន​ ដែល​ព្រួយបារម្ភ​ពី​ការ​ធ្លាក់ចុះ​កាន់តែ​ទាប​នូវ​កម្រិត​ទឹកទន្លេ​មេគង្គ​ ដោយសារ​ការប្រែប្រួល​អាកាស​អធាតុ​ និង​ការសាងសង់​ទំ​នប់់​វារីអគ្គិសនី​សា​យ៉ា​បុរី​នៅ​ប្រទេស​ឡាវ​។

បច្ចុប្បន្ន​នី​វូ​ទឹកសមុទ្រ​បាន​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ ហើយ​កម្រិត​ទឹកទន្លេ​ថយ​ចុះ​ ហេតុនេះ​កំពស់​នី​វូ​ទឹកសមុទ្រ​ចេះតែ​កើនឡើង​ នឹង​ច្រាល​មកកាន់​ទន្លេបាសាក់​ ដោយសារ​ទន្លេ​នេះ​ តភ្ជាប់​ជាមួយនឹង​សមុទ្រ​នៅ​ប្រទេស​វៀតណាម​ ខណៈ​បច្ចុប្បន្ន​ទន្លេ​នេះ​មាន​ឥទ្ឋិ​ពល​ជោ​ នាច​ដូច​នឹង​ទឹកសមុទ្រ​ផង​ដែរ​ ហើយ​ឥទ្ឋិ​ពល​នៃ​ការ​ជោ​ នាច​នេះ​បាន​សាយភាយ​មកដល់​ស្រុក​មុខកំពូល​ ខេត្តកណ្តាល​៕

សម្តេច​តេជោ​៖ កម្ពុជា​ចំណេញ​ប្រាក់​រាប់​លាន​ដុល្លារ​ពី​ការ​មិន​ប្រើប្រាស់​អគ្គិសនី​ក្នុង​រដូវ​ត្រជាក់​

ដោយ​ វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា​ កម្ពុជា​បាន​ចំណេញ​ប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ខែៗ​ ពី​ប្រជាពលរដ្ឋ​មិន​ប្រើប្រាស់​អគ្គិសនី​ក្នុង​រដូវ​ត្រជាក់​នេះ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ (CUS​) សរុប​ចំនួន​ ៦,៧៦២នាក់​ ក្នុង​នោះ​នារី​ ២,៧៦១នាក់​ ដែល​ពិធី​នេះ​ធ្វើ​ឡើ​ងនៅម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ ថា​ រដូវ​ត្រជាក់​នៅក្នុង​ឆ្នាំនេះ​ មាន​រយៈពេល​យូ​រ ដែល​អូស​បន្លាយ​រហូតដល់​ខែមករា​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​រាប់​លាន​ពី​ការ​មិន​ប្រើប្រាស់​អគ្គិសនី​នេះ​។

សម្តេច​តេជោ​ បន្ត​ថា​ ចំណែក​ប្រជាពលរដ្ឋ​ក៏​ចំណេញ​ប្រាក់​ច្រើន​ផង​ដែរ​ ចំពោះ​ការ​មិន​ចំណាយ​ថវិកា​បង់ថ្លៃ​ភ្លើង​ ឬទឹក​ ក្នុង​មួយ​ខែ​ ព្រោះ​ខែត្រជាក់​ ប្រជាពលរដ្ឋ​មិន​ប្រើ​មា​ស៊ីន​ត្រជាក់​ និង​កង្ហា​ ព្រោះ​វា​ត្រជាក់​ពេក​។

បើ​តាម​សម្តេច​តេជោ​ ​ចង់ឱ្យ​រដូវ​ត្រជាក់​នេះ​ អូស​បន្លាយ​ឱ្យ​បាន​វែង​ ដើម្បី​ចំណេញ​ថវិកា​ និង​ឆ្លើយតប​ទៅ​ការ​កង្វះខាត​នៃ​ការប្រើ​ប្រាស់​អគ្គិសនី​ក្នុង​រដូវ​ក្តៅ​នា​ពេល​ខា​មុខ​នេះ​។

តែ​យ៉ាងណា​ដោ​យស​ម្តេ​តេជោ​បាន​ត្រៀម​ អគ្គិសនី​ ប្រមាណ៤០០​ មេ​ហ្គា​វ៉ាត់​ ដែល​បាន​នឹង​កំពុង​សាងសង់​នៅ​ស្រុក​ល្វាឯម​ ក្នុង​ខេត្តកណ្តាល​ និង​មក​ផ្សេង​ៗទៀត​ សម្រាប់​ធ្វើ​ផ្គត់ផ្គង់​អោយ​គ្រប់​តម្រូវការ​នៅក្នុង​រដូវ​ក្តៅ​ខាងមុខនេះ​៕

អាមេរិក​អាច​នឹង​លុបចោល​ពន្ធគយ​លើ​ទំនិញ​ចិន​ដែល​មានតម្លៃ១៦០ពាន់​លាន​ដុល្លារ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​អាមេរិក​លោក​ Sonny​ Perdue​ បាន​និយាយ​ថា​ ​រដ្ឋាភិបាល​អាមេរិក​ ទំនងជា​មិន​បន្ថែម​ពន្ធគយ​ថ្មី​ ទៅលើ​ទំនិញ​ចិន​ដែល​មានតម្លៃ១៦០​ ពាន់​លាន​ដុល្លារ​នោះ​ទេ​។

ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ជំរុញ​ការដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​ចិន​ ដែល​រាប់បញ្ចូល​ទាំង​ស្មា​តហ្វូ​ន នៅ​ថ្ងៃទី១៥ខែធ្នូ​ ឆ្នាំនេះ​។ ភាគី​ទាំងពីរ​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ស្តី​ពី​ កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១​ ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល ១៧ខែ​នេះ​ទេ​។

លោក​ Perdue​ បាន​និយាយ​នៅ​ឯសន្និសីទ​មួយ​ក្នុង​រដ្ឋ​ Indiana​ អាមេរិក​ថា​ “យើង​មាន​ឱសានវាទ​មួយ​ ដែល​នឹង​កើតឡើង​នៅ​ថ្ងៃទី១៥​ ខែ​ ធ្នូ​ សម្រាប់​ពន្ធគយ​មួយទៀត​។ ខ្ញុំ​មិន​ជឿ​ថា​ពន្ធ​ទាំងនេះ​នឹង​ត្រូវ​អនុវត្តន៍​ ហើយ​ខ្ញុំ​គិតថា​ យើង​អាច​នឹង​ឃើញ​ការ​ត្រឡប់មកវិញ​ខ្លះ​”។

ក្រុម​អ្នកវិភាគ​បារម្ភ​ថា​ លោក​ Trump​ នឹង​ធ្វើការ​គំរាម​របស់​លោក​ ដែល​លោក​សុខចិត្ត​រង់ចាំ​ រហូតដល់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ នៅ​ខែវិច្ឆិកា​ឆ្នាំ២០២០​ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី១០ឆ្នាំមុន​។

លោក​ Laurence​ Boone​ ប្រធាន​សេដ្ឋវិទូ​នៃ​អង្គការ​ OECD​ បាន​ថ្លែង​នៅក្នុង​របាយការណ៍​ស្តី​ពី​ កំណើន​សេដ្ឋកិច្ច​ពិភពលោក​ថា​ “ក្នុងរយៈពេល​ពីរ​ឆ្នាំ​កន្លងមក​ លទ្ធផល​និង​កំណើន​សេដ្ឋកិច្ច​សកល​ បាន​ធ្លាក់ចុះ​ជាលំដាប់​ស្រប​ពេល​ភាព​មិន​ប្រាកដប្រជា​ នៃ​គោលនយោបាយ​ និង​លំហូរ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ទន់ខ្សោយ​”។

ប្រធាន​ថ្មី​នៃ​ធនាគារ​កណ្តាល​អឺរ៉ុប​លោកស្រី​ Christine​ Lagarde​ បាន​និយាយ​កាលពី​ខែមុន​ថា​ សេដ្ឋកិច្ច​ពិភពលោក​ ត្រូវតែ​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ទាំងអស់​ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ឱ្យ​មាន​សុខភាព​ល្អ​។ លោកស្រី​បាន​ផ្តោត​លើ​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​ជា​កត្តា​ចម្បង​មួយ​ ដែល​រារាំង​កំណើន​ GDP​ នៅ​ជុំវិញ​ពិភពលោក​ និង​បង្ក​ភាព​មិន​ប្រាកដប្រជា​នៅក្នុង​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​។

លោកស្រី​ Lagarde​ មានប្រសាសន៍​ថា​ “ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ ដែល​កំពុង​កើតមាន​ និង​ភាព​មិន​ប្រាកដប្រជា​ខាង​ភូមិសាស្ត្រ​នយោបាយ​ កំពុង​រួមចំណែក​ដល់​ការ​ធ្លាក់ចុះ​នៃ​កំណើន​ពាណិជ្ជកម្ម​ ជាង​ពាក់កណ្តាល​ពិភពលោក​ចាប់តាំងពី​ឆ្នាំមុន​”។ លោកស្រី​បន្ត​ថា​ “កត្តា​នេះ​បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ដល់កម្រិត​ទាប​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំធេង​”។

ក្រុម​អ្នកវិភាគ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នឹង​ត្រូវ​ឈាន​ដល់​នា​ពេល​ខាងមុខ​ ហើយ​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​សេតវិមាន​លោក​ Larry​ Kudlow​ បាន​និយាយ​ថា​ ភាគី​ទាំងពីរ​កំពុង​ចាប់ផ្តើម​ការចរចា​គ្នា​ជា​រៀងរាល់​ម៉ោង​”៕

ទូរទស្សន៍​ CNN ​បង្ហាញមុខ​ម្ហូប​ខ្មែរ ៣០មុខ ​ដែល​អ្នក​ទេសចរណ៍​បរទេស​ត្រូវ​ភ្លក្ស​រសជាតិ​ពេល​មក​ទស្សនា​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ មុខម្ហូប​ខ្មែរ​មាន​ប្រវត្ដិសាស្ដ្រ​វែង​ និង​មាន​ឥទ្ធិ​ពល​ខុស​ៗគ្នា​ តែ​បច្ចុប្បន្ន​នេះ​ វា​ត្រូវ​បាន​គេ​ស្គាល់​ហួស​ព្រំដែន​របស់​ប្រទេស​នេះ​។

តាមពិត​កន្លែង​តែមួយគត់​ ដែល​អ្នក​អាច​ទទួល​បាន​រស់​ជាតិ​មុខម្ហូប​ទាំងអស់​នេះ​គឺ​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​គឺជា​មុខម្ហូប​ល្អ​បំផុត​ចំនួន៣០មុខ​ដែល​ត្រូវ​សាកល្បង​។

មុខម្ហូប​ទាំងនោះ​មាន​ដូចជា​ ទី១​ សម្ល​រក​កូរ​ ទី២​ នំបញ្ចុក​ ទី៣​ អាម៉ុក​ ទី៤​ បាយ​សាច់​ជ្រូក​ ទី៥​ ការី​សាច់​មាន់​ ទី៦​ បុក​ត្រប់​ ទី៧​ ឆា​សាច់គោ​ ទី៨​ ប្រហុក​ខ្ទិះ​ ទី៩​ ស្ងោរជ្រក់​សាច់​ត្រី​ ទី១០ការី​សា​រ៉ា​ម៉ាន់​ ទី១១​ ញុំា​ក្រូចថ្លុង​ ទី១២​ ទឹកគ្រឿង​ ទី១៣​ ខត្រី​ស្វាយខ្ចី​ ទី១៤​ កង្កែបបោក​ ទី១៥​ មី​កូឡា​ (ឈ្មោះ​ម្ហូប​ជនជាតិភាគតិច​) ទី១៦​ ស្ងោរជ្រក់​ក្រៅ​ឆ្នាំង​ ទី១៧​ ភ្លាសាច់គោ​ ទី១៨​ ឆា​ត្រប់​ដុត​ ទី១៩​ ឆា​ក្តាម​ម្រេច​ខ្ចី​ ទី២០​ សម្ល​រម្ជូរ​គ្រឿង​សាច់គោ​។

ទី២១​ ម៉ាំ​ឆៅ​ ទី២២​ សម្ល​រប្រ​ហើរ​ ទី២៣​ មឹក​អាំង​ទឹកត្រី​កោះកុង​ ទី២៤ញុំា​ស្វាយខ្ចី​ ទី២៥​ ឪឡឹក​ត្រីងៀត​ ទី២៦ឆា​អង្ក្រង​សាច់គោ​ ទី២៧គុយទាវ​ ទី២៨​ ស្ងោ​រងាំ​ងូវ​សាច់​មាន់​ ទី២៩​ នាំ​អន្សម​ និង​ទី៣០ត្រី​បឹង​កញ្ឆែត​៕

ចំណេះដឹង​! តើ​អ្វី​ជា​ភាព​ខុសគ្នា​រវាង​ពន្ធ​អនុគ្រោះ​ EBA​ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ FTA​?

ចំណេះដឹង​! តើ​អ្វី​ជា​ភាព​ខុសគ្នា​រវាង​ពន្ធ​អនុគ្រោះ​ EBA​ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ FTA​?
ចំណេះដឹង​! តើ​អ្វី​ជា​ភាព​ខុសគ្នា​រវាង​ពន្ធ​អនុគ្រោះ​ EBA​ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ FTA​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ កម្ពុជា​បាន​ទទួល​ប្រព័ន្ធ​នុគ្រោះ​ពន្ធ​ពី​បណ្តា​ប្រទេស​ ដែល​កំពុង​អភិវឌ្ឍន៍​ ដូចជា​ មក​ពី​សហភាព​អឺរ៉ុប​ដូចជា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ និង​បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​ និង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​នៅក្នុង​ពិភពលោក​។ តើ​ស្ថាប័ន​ទាំងពីរ​នេះ​ មាន​លក្ខណៈ​ខុសគ្នា​បែប​ណា​?។

១) កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ឬហៅ​ថា​ FTA​ មានន័យថា​ គឺជា​ការកិច្ច​ព្រមព្រៀង​លើកលែង​របាំង​ពន្ធអាករ​ទៅវិញទៅមក​ រវាង​ប្រទេស​ និង​ប្រទេស​ ដែល​ចុះហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​។ កិច្ច​ព្រមព្រៀង​នេះ​ គឺ​នឹង​សម្រួល​ជាមួយ​របាំង​ពន្ធអាករ​ ការកំណត់​ចំនួន​ទំនិញ​ ដែលគេ​អាច​យល់​បាន​ថា​ ជា​ការ​ធ្វើ​សេដ្ឋកិច្ច​បែបផែន​ទីផ្សារសេរី​ ឬក្នុង​អត្ថន័យ​ការ​រួមបញ្ចូល​សេដ្ឋកិច្ច​តែមួយ​។

យន្តការ​កាត់បន្ថយ​ពន្ធ​នេះ​ គឺជា​ទស្សនៈ​វិស័យ​តែមួយគត់​ ដែលគេ​យល់ថា​គឺជា​កំណែទម្រង់​សេដ្ឋកិច្ច​ ដើម្បី​ឆ្ពោះទៅ​សម្រេច​​ឲ្យបាន​នូវ​ការបង្កើត​ តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​។

២) ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (EBA​)

EBA​ គឺជា​គំនិត​ផ្តួចផ្តើម​របស់​សហភាព​អឺរ៉ុប​ ដែល​អនុញ្ញាត​ឱ្យ​ការនាំចូល​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​ ទៅ​សហភាព​អឺរ៉ុប​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ទទួល​នូវ​ការ​អនុគ្រោះ​ ដោយ​មិន​ជាប់ពន្ធ​នាំចូល​និង​កូតា​។ EBA​ គឺជា​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​របស់​សហភាព​អឺរ៉ុប​ ដែល​បាន​ចូលជាធរមាន​ចាប់តាំងពី​ថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០០១មក​ម្ល៉េះ​ និង​គ្មាន​កំណត់ពេលវេលា​បញ្ចប់​នោះ​ទេ​។

ទំនិញ​នាំចូល​ទាំងអស់​ នឹង​ត្រូវ​ទទួល​បាន​នូវ​ការ​អនុគ្រោះ​ មិន​ជាប់ពន្ធ​នាំចូល​ និង​កូតា​ ប្រសិនបើ​អនុលោម​ទៅតាម​វិធាន​ប្រភព​ដើម​ទំនិញ​ និង​បណ្តា​វិធាន​ពាក់ព័ន្ធ​ដទៃទៀត​។ គម្រោង​នេះ​គ្រប់​ដណ្តប់​ ទៅលើ​ផលិតផល​ប្រមាណ៧២០០បន្ទាត់​ពន្ធគយ​ ក្នុង​នោះ៩១៩បន្ទាត់​ពន្ធគយ​ គឺជា​ផលិតផល​កសិកម្ម​។

ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចំនួន៤៨​ រួម​ទាំង​កម្ពុជា​ផង​ដែរ​ ទទួល​បានការ​អនុគ្រោះ​ពី​គំនិត​ផ្តួចផ្តើម​នេះ​។ ចំពោះ​កម្ពុជា​ EBA​ ផ្តល់​ផលប្រយោជន៍​យ៉ាង​ខ្លាំង​ ដល់​វិស័យ​កសិកម្ម​ ជាពិសេស​ អង្ករ​ និង​ផលិត​ផល​សក្តា​នុ​ពល​មួយចំនួន​ទៀត​។

ជាក់ស្តែង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្ពុជា​បាន​បង្កើន​ការនាំចេញ​អង្ករ​យ៉ាងច្រើន​ទៅ​សហភាព​អឺរ៉ុប​ ជាពិសេស​ប្រទេស​បារាំង​ អ៊ីតាលី​ ជាដើម​។ ដូចគ្នា​ដែរ​ ការនាំចេញ​ សំលៀកបំពាក់​ទៅ​សហភាព​អឺរ៉ុប​ក៏​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ដែរ​៕

ក្រុមហ៊ុន​ Century​ 21​ Cambodia​ ពង្រឹង​ការ​ជឿជាក់​លើ​ទីផ្សារ​ និង​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​

ក្រុមហ៊ុន​ Century​ 21​ Cambodia​ ពង្រឹង​ការ​ជឿជាក់​លើ​ទីផ្សារ​ និង​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​
ក្រុមហ៊ុន​ Century​ 21​ Cambodia​ ពង្រឹង​ការ​ជឿជាក់​លើ​ទីផ្សារ​ និង​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​

ដោយ​ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ Century21​ Cambodia​បាន​និង​កំពុង​ពង្រីក​ឱកាស​ទីផ្សារ​ ពង្រឹង​ទំនុកចិត្ត​ និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​វិស័យ​ អចលនទ្រព្យ​ពីសំណាក់​អ្នក​វិនិយោគ​បរទេស​។

លោកស្រី​ Grace​ Rachny​ Fong ​នាយិកា​រក្រុ​មហ៊ុន​ Century21​ Cambodia​ បាន​មានប្រសាសន៍​ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​ ​លើក​ទី២នៃ​គ្រួសារ​ Century​ 21​ ប្រចាំ​កម្ពុជា​ដោយ​មាន​អ្នកចូលរួម​ជាង ៧០០នាក់​ និង​មានការ​ផ្តល់​ពាន​រង្វាន់​ដ៏​សម្បូរ​បែប​ដល់​សមាជិក​រួម​គ្រួសារ​កាលពី​រាត្រី​ថ្ងៃទី៩​ ធ្នូ​កន្លងមក​ថា​ ភាគ​ជោគជ័យ​នៃ​ការ​មកដល់​របស់​Century21​ Cambodia​ បាន​ធ្វើឲ្យ​យើង​អាច​ពង្រីក​ការិយាល័យ​បាន២៣​ ហើយ​ទិសដៅ​របស់​យើង​នឹង​ពង្រីក​នៅ​គ្រប់​ខ័ណ្ឌ​ទាំងអស់​នៃ​ឆ្នាំ២០២០​ និង​ពង្រីក​សមាជិក​ជា​ភ្នាក់ងារ​ឲ្យបាន៧០០នាក់​។

លោកស្រី​បន្ត​ថា​ “ការ​លក់​របស់​យើង​បាន​និង​កំពុង​កើនឡើង​ ហើយ​យើង​មាន​ជំនឿ​ជឿជាក់​ថា​វិស័យ​នេះ​នឹង​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្ត​ទៀត​”។ លោកស្រី​បន្ត​ថា​ “តាមរយៈ​វត្តមាន​របស់​ Century21​ Cambodia​ បាន​ធ្វើឲ្យ​ទីផ្សារ​នេះ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ ហើយ​ការ​លក់​របស់​យើង​បាន​បន្ត​កើនឡើង​ ដោយសារតែ​ភាព​ស្មោះត្រង់​ ការ​ផ្តល់​សេវាកម្ម​ប្រកបដោយ​ទំនុកចិត្ត​ ព្រោះ​យើង​ធ្វើការ​ដោយ​បេះដូង​ជាមួយ​អតិថិជន​”។

ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​លើក​ទី២នេះ​ ត្រូវ​បាន​រៀបចំឡើង​កាន់តែ​ធំជាង​មុន​ ហើយ​វត្តមាន​អ្នកចូលរួម​គឺ​មាន​ទាំង​ពី​សមាជិក​គ្រួសារ​ Century​ 21​ នៅ​កម្ពុជា​ទាំង​ ២៣​ ក្រុមហ៊ុន​ និង​ពី​សមាជិក​គ្រួសារ​ Century​ 21​ ពី​សហរដ្ឋអាមេរិក​ ជប៉ុន​ ចិន​ កូរ៉េ​ តៃវ៉ាន់​ សឹង្ហ​បុរី​ ហុងកុង​ និង​ តំណាង​ស្ថាប័នឯកជន​ធំៗ​ ដូចជា​ ម្ចាស់​សហគ្រាស​ ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ និង​តំណាង​ពី​ធនាគារ​។

លោកស្រី​ Grace​ Rachny​ Fong ​បាន​ថ្លែង​ថា​ ព្រឹត្តិ​ការណ៍​នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ដៃគូ​រស​ហកា​រណ៍​បាន​ស្គាល់​ និង​ប្រាស្រ័យ​ទាក់ទងគ្នា​ទៅវិញទៅមក​ ដើម្បី​ពង្រីក​បណ្តាញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​ដើម្បី​ផ្លាស់​ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​។

លោកស្រី​បន្ត​ថា​ “សម្រាប់​អ្នកចូលរួម​ពី​បណ្តា​ប្រទេស​ជឿនលឿន​ជាច្រើន​ នេះ​គឺជា​លើកទីមួយ​ដែល​ពួកគាត់​មក​ប្រទេស​កម្ពុជា​”។លោកស្រី​បន្ថែម​ថា​ “កត្តា​នេះ​ឆ្លុះបញ្ចាំង​ថា​ពួកគាត់​សម្លឹងឃើញ​ឱកាសល្អ​ និង​បានដឹង​ពី​សក្តា​នុ​ពល​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ហើយ​យើង​សង្ឃឹមថា​ ពួកគាត់​នឹង​មានការ​សម្រេចចិត្ត​ ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗខាងមុខ​។

ការ​ទទួល​បាន​ពាន​រង្វាន់​របស់​ក្រុមហ៊ុន​ជា​សមាជិក​គ្រួសារ​ Century​ 21​ នា​ពេលនេះ​ គឺ​ឆ្លុះ​បញ្ជាំ​ងពី​ការ​តាំងចិត្ត​ខ្ពស់​របស់​ម្ចាស់​ក្រុមហ៊ុន​នី​មួយ​ៗ ក្នុង​ការ​ផ្តល់​សេវាកម្ម​អចលនទ្រព្យ​ប្រកបដោយ​វិជ្ជាជីវៈ​ ទំនួល​ខុសត្រូវ​ខ្ពស់​ ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​ដីធ្លី​ ខុន​ដូ​ បុរី​ និង​ ទីផ្សារ​អចលនទ្រព្យ​ផ្សេងទៀត​នៅ​កម្ពុជា​។

លោកស្រី​ Grace​ Rachny​ Fong​ បាន​បន្ថែម​ថា​ “យើង​នឹង​បន្ត​រួម​សាមគ្គី​គ្នា​ក្នុង​ការ​កសាង​ទំនុកចិត្ត​ដល់​ម្ចាស់​អចលនទ្រព្យ​ និង​ វិនិយោគិន​ក្នុង​វិស័យ​នេះ​ តាមរយៈ​ការ​ផ្តល់​ជូន​សេវាកម្ម​អចលនទ្រព្យ​ទាំង​មុន​ និង​ក្រោយពេល​ទិញ​ ប្រកបដោយ​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ ដើម្បី​បន្ត​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​កម្ពុជា​ប្រកបដោយ​ចីរភាព​”។

វិស័យ​អចលនទ្រព្យ​កម្ពុជា​ នឹង​បន្ត​រីកចម្រើន​ដោយ​ភាពរឹងមាំ​ នា​ពេល​ខាងមុខ​ទៀត​ ដោយសារ​ស្ថិរភាព​នយោបាយ​ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​កំណើន​ចំនួន​ប្រជាជន​។ តួលេខ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា​ឆ្នាំ២០១៩​ បាន​បង្ហាញថា​ ប្រជាជន​សរុប​នៅ​ឆ្នាំ​ ២០១៩​ មាន​ចំនួន​ ១៥​,២៨​ លាន​នាក់​ គឺ​កើនឡើង​ ១៤​ ភាគរយ​ពីឆ្នាំ​ ២០០៨​ ដែល​មាន​ចំនួន​ ១៣​,៣៩​ លាន​នាក់​។ កំណើន​នេះ​ឆ្លុះ​បញ្ជាំ​ងថា​ តម្រូវការ​ផ្ទះ​ និង​អគារ​ពាណិជ្ជកម្ម​នឹង​បន្ត​កើនឡើង​។

យោង​តាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ របស់​ធនាគារពិភពលោក​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៧​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​ សេដ្ឋកិច្ច​កម្ពុជា​នឹង​នៅ​រក្សា​បាន​ភាព​ស្វាហាប់​ និង​មាន​កំណើន​៧ភាគរយ​ក្នុង​ឆ្នាំ២០១៩​។ ធនាគារពិភពលោក​បាន​បង្ហាញថា​ វិស័យ​សំណង់​នៅ​បន្តសកម្មភាព​គគ្រឹកគគ្រេង​ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញថា​មិនទាន់​មាន​ភាព​នឿយណាយ​នៃ​ការ​វិនិយោគ​លើ​វិស័យ​នេះ​នៅឡើយ​ទេ​។ ជា​លទ្ធផល​ ការនាំចូល​ដែក​សំណង់​បាន​ស្ទុះឡើង​យ៉ាង​គំហុក​ ដល់ទៅ៦៣​,៥ភាគរយ​ គិត​ត្រឹម​ខែមិថុនា​ ឆ្នាំ២០១៩​ ពី​ ២៧​,៧ភាគរយ​ ក្នុង​ឆ្នាំ២០១៨​។

លោក​ Ken​ Lo​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Century​ 21​ Imperial​ Realty​ Co​., Ltd​ ដែល​ជាស​មា​ជិ​កការិយាល័យ​មួយ​របស់​ Century​ 21​ Cambodia​ បាន​លើកឡើង​ថា​៖«កំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់៧ភាគរយ​ប្រចាំឆ្នាំ​នឹង​ជះឥទ្ធិពល​ល្អ​ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ស្រប​ពេល​កំណើន​ចំនួន​ប្រជាជន​ និង​កំណើន​គម្រោង​វិនិយោគ​ពីក្រៅ​ប្រទេស​មក​កម្ពុជា​ នឹង​បង្កើន​តម្រូវការ​ទីតាំង​ស្នាក់នៅ​ ទីតាំង​អាជីវកម្ម​ និង​ទីតាំង​សម្រាប់​ផលិតកម្ម​»។

លោក​ Ken​ Lo​ បន្ត​ថា​ ព្រឹត្ត​ការណ៍​ដែល​ប្រមូល​ផ្តុំ​ការ​ជួបជុំ​មហា​គ្រួសារ​ Century​ 21​ ជា​លើក​ទី២​ ដោយ​មានការ​ផ្តល់​ពានរង្វាន់​បញ្ជាក់​ពី​សម​ទ្ធិ​ផល​របស់​សមាជិក​នា​ពេលនេះ​ ឆ្លុះ​បញ្ជាំ​ងពី​ការ​លើកទឹកចិត្ត​ និង​សាមគ្គីភាព​រឹងមាំ​ក្នុងចំណោម​សមាជិក​គ្រួសារ​ Century​ 21​ ដែល​វា​នឹង​រួមចំណែក​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន​។

លោក​បញ្ជាក់​ថា​ “វា​ឆ្លុះ​បញ្ជាំ​ងថា​ យើង​គឺ​ជា​ក្រុមហ៊ុន​ដែល​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​ និង​ជាស​មា​ជិ​កមួយ​នៃ​គ្រួសារ​ Century​ 21​ ដែល​ល្បីល្បាញ​ជាងគេ​លើ​ពិភពលោក​។ វា​ជា​សារ​ដ៏​សំខាន់​មួយ​ទៅដល់​ម្ចាស់​អចលនទ្រព្យ​នៅ​កម្ពុជា​ ឲ្យបាន​ដឹងពី​សារៈសំខាន់​នៃ​ក្រុមហ៊ុន​ភ្នាក់ងារ​ស្របច្បាប់​ ដែល​មាន​យីហោ​ទទួលស្គាល់​កម្រិត​អន្តរជាតិ​ មាន​ចុះបញ្ជី​ការត្រឹមត្រូវ​នៅ​កម្ពុជា​ នឹងជា​ក្រុមហ៊ុន​រួមចំណែក​យ៉ាងសកម្ម​ដល់​ការ​បង់ពន្ធ​ និង​បង្កើន​ចំណូល​រដ្ឋ​”។

យោង​តាម​ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្នុងរយៈពេល​ពី​ខែមករា​ ដល់​ខែវិច្ឆិកា​ឆ្នាំ​ ២០១៩នេះ​ ក្រសួង​បាន​អនុម័ត​លើ​គម្រោង​ស្នើសុំ​វិនិយោគ​លើ​វិស័យ​សំណង់​ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង​ ៨,៧៥​ ពាន់​លាន​ដុល្លារ​ គឺ​កើនឡើង​ ៦៧​ ភាគរយ​ធៀប​នឹង​រយៈ​ ១១​ ខែ​ដូចគ្នា​ឆ្នាំ​ ២០១៨​។ ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ និង​មាន​សុពលភាព​កំពុង​ប្រកប​អាជីវកម្ម​សាងសង់​ និង​សិក្សា​គម្រោង​ប្លង់​នៅ​កម្ពុជា​មាន​ចំនួន​ ១ ០៨១​ ក្រុមហ៊ុន​ក្នុង​នេះ​ មាន​ក្រុមហ៊ុន​បរទេស​ចំនួន៤៨៥​ ក្រុមហ៊ុន​ គឺ​មក​ពី​ប្រទេស​ចិន​ កូរ៉េ​ ជប៉ុន​ ថៃ​ វៀតណាម​ សឹង្ហ​បុរី​ ម៉ាឡេស៊ី​ បារាំង​ អាមេរិក​ អង់គ្លេស​ ឥណ្ឌូ​នេ​ស៊ី​ អូស្រ្តាលី​ កាណាដា​ និង​ប្រទេស​ជាច្រើន​ទៀត​។

លោក​គុយ​ វ៉ា​តប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ Century21​ Cambodia ​បាន​មានប្រសាសន៍​ថា​ នេះ​ជា​កម្មវិធី​លើក​ទី២ហើយ​ ដែល​មហា​គ្រួសារ​ Century​ 21​ Cambodia​ បាន​រៀបចំឡើង​នៅ​កម្ពុជា​ ហើយ​ព្រឹត្ត​ការណ៍​លើក​នេះ​ យើង​មាន​អ្នកចូលរួម​ដល់ទៅ​ជិត៧០០នាក់​ ដែល​រួមមាន​ទាំង​សមាជិក​មហា​គ្រួសារ​ Century​ 21​ Cambodia​ និង​ Century​ 21​ អន្តរជាតិ​ ព្រមទាំង​មានការ​ចូលរួម​ពី​សហគ្រិន​ប្រចាំ​កម្ពុជា​ និង​ធនាគារ​ជា​ដៃគូ​។

លោក​បន្ត​ថា​ “វត្តមាន​ចូលរួម​របស់​បងប្អូន​ទាំងអស់គ្នា​ បាន​ធ្វើឲ្យ​កម្មវិធី​របស់​យើង​មានការ​ជួបជុំ​ប្រកបដោយ​ភាព​សប្បាយរីករាយ​”។

ប្រទេស​កម្ពុជា​ ជា​ប្រទេស​ទី​ ៧៥​ ដែល​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ​នេះ​បាន​ឈានជើង​ចូលក្នុង​ទីផ្សារ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​។ ចាប់តាំងពី​ពេល​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​ដំបូង​ រហូត​មកទល់​ពេលនេះ​ យើង​មាន​អាយុកាល​ ៥ ឆ្នាំ​ហើយ​។ ហើយ​យើង​បាន​បម្រើសេវា​កម្ម​ទិញ​លក់​ ជួល​ អចលនទ្រព្យ​គ្រប់​ប្រភេទ​ ដល់​បងប្អូន​ប្រជាជន​ខ្មែរ​ និង​អ្នក​វិនិយោគ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ។

លោក​គយ​ វ៉ា​តបាន​បន្ត​ថា​ “ខ្ញុំបាទ​ពិតជា​សូម​កោត​សសើរ​ និង​សូម​បង្ហាញ​ភាព​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ដែល​ការិយាល័យ​ទាំង២៣​ របស់​យើង​បាន​ប្តេជ្ញា​ចិត្ត​ និង​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការបម្រើ​សេវា​ ទិញ​ លក់​ ជួល​ អចលនទ្រព្យ​នៅ​ទីផ្សារ​កម្ពុជា​ ព្រមទាំង​បាន​រួមចំណែក​ផ្តល់​កា​ងារ​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ និង​បញ្ចប់​ការសិក្សា​ឲ្យ​មាន​កា​ងារ​ធ្វើ​នៅ​តាម​ការិយាល័យ​ទាំង​ ២៣​។ ការ​រួម​ចំ​ណែម​ផ្តល់​កា​ងារ​នេះ​ បាន​ធ្វើឲ្យ​គ្រួសារ​របស់​ពួកគេ​ទទួល​បាន​ចំណូល​ខ្ពស់​ជាង​មុន​ និង​មាន​ជីវភាព​ប្រសើរ​ជាង​មុន​”៕

ក្រុមហ៊ុន​កូ​កា​-កូឡា​គ្រោង​បោះទុន​ប្រមាណ​ ២០​ លាន​ដុល្លារ​ សង់​ឃ្លាំង​ដើម្បី​ពង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម​បន្ថែម​

ដោយ ​វុត្ថា

ភ្នំពេញ​៖ ក្រុមហ៊ុន​ កូ​កា​-កូឡា​ គ្រោង​បោះទុន​ចំនួន​ ពី​ ១៥​ ទៅ​ ២០​ លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​ឃ្លាំង​ ដើម្បី​បង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​បន្ថែម​ទៀត​ ក្នុង​ការ​ឆ្លើយតបទៅនឹង​ការ​រីក​ចំរើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

លោក​ David​ Wigglesworth​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CAMBODIA​ BEVERAGE​ COMPANY​ LTD​ ​(ក្រុមហ៊ុន​កូ​កា​-កូឡា​) ​នៅក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដី​នដី​ នគរូបនីយកម្ម​ និង​សំណង់​ កាលពី​ថ្ងៃទី​ ៩ ខែធ្នូ​ ម្សិលមិញ​នេះ​ ថា​ បច្ចុប្បន្ន​នេះ​ កម្ពុជា​មានការ​កើនឡើង​នូវ​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ ដូច្នេះ​ ក៏​ជា​ឱកាស​ដែល​អាច​ឱ្យ​ក្រុមហ៊ុន​លោក​បន្ត​ពង្រីក​ការ​វិនិយោគ​បន្ថែម​ទៀត​ ដោយ​ផ្ដោត​ការផលិត​ផល​ក្នុង​ស្រុក​ ដើម្បី​បំពេញ​តម្រូវការ​ប្រជាពលរដ្ឋ​ ដោយ​មិន​ចង់ឱ្យ​មានការ​នាំ​ផលិតផល​ចូល​ពី​បរទេស​។

លោក​បន្ថែម​ថា​ ដោយសារតែ​ការ​រីកចម្រើន​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នោះ​ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​លោក​ មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើស​ពី​ការ​រំពឹង​ទុក​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដូច្នេះហើយ​ ក្រុមហ៊ុន​ត្រូវការ​ធនធាន​បន្ថែម​ទៀត​ទាក់ទិន​នឹង​ផ្នែក​អគ្គិសនី​ និង​ពង្រីក​ការសាងសង់​ឃ្លាំង​ ដើម្បី​ដំណើរការ​សង្វាក់​ផលិតកម្ម​បន្ថែម​ទៀត​។

លោក​ David​ Wigglesworth​ បាន​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដើម្បី​ក្រុមហ៊ុន​បាន​សាងសង់​ឃ្លាំង​បន្ថែម​ទៀត​ សម្រាប់​ពង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម​ និង​ពង្រីក​ការ​វិនិយោគ​បន្ថែម​លើទឹក​ប្រាក់​ពី​ ១៥លាន​ ទៅ​ ២០លាន​ដុល្លារ​ថែមទៀត​ផង​ដែរ​។

លោក​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​លើកឡើង​ពី​កំណើន​ក្រុមហ៊ុន​សាងសង់​ និង​ការ​រីកចម្រើន​លើ​វិស័យ​សំណង់​ក្នុង​ឆ្នាំ២០១៩​ នេះ​ ដែល​ចាត់ទុកថា​ជា​ការ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មានការ​កើនឡើង​ ៧,៥​% ជា​រៀងរាល់​ឆ្នាំ​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បន្ត​ថា​ “ទិសដៅ​ក្នុង​ពេល​អនាគត​ គឺ​យើង​ផ្ដោត​ការ​គាំទ្រ​ចំពោះ​ការ​វិនិយោគ​ និង​បើកចំហ​ការ​វិនិយោគ​ចំពោះ​វិនិយោគិន​ ទាំង​ក្នុង​និង​ក្រៅប្រទេស​ និង​អន្តរជាតិ​”។

លោក​បន្ថែម​ថា​ ក្នុងនាម​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ឯកឧត្តម​ឧប​នាយ​រក​ដ្ឋ​មន្រ្តី​ បាន​ផ្ដល់​ការ​គាំទ្រ​ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ ខេម​បូ​ឌា​ បេ​វេ​រេដ​ ខម​ប៉ានី​ លី​មី​ធី​ត នូវ​ការងារ​នានា​ ពាក់ព័ន្ធ​នឹង​ក្រសួង​ ហើយ​សង្ឃឹមថា​នា​ពេល​អនាគត​ក្រសួង​នឹង​ក្រុមហ៊ុន​អាច​នឹង​សហការ​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រួមគ្នា​បាន​៕

សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​រង​ការវាយប្រហារ​ខ្លាំង​បំផុត​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ របាយការណ៍​ថ្មី​មួយ​ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ហិរញ្ញវត្ថុ​ Woori​ បានឱ្យ​ដឹង​ថា​ ការ​ប៉ះទង្គិច​គ្នា​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ប៉ះពាល់​ដល់​កូរ៉េ​ខាងត្បូង​ខ្លាំង​បំផុត​នៅក្នុង​ឆ្នាំ២០១៩​ ជាមួយនឹង​ការនាំចេញ​ធ្លាក់ចុះ​ជិត១០ភាគរយ​ ក្នុងរយៈពេល៣ត្រីមាស​ដំបូង​។

ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​មានផល​អាក្រក់​បំផុត​ ក្នុងចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំង១០របស់​ពិភពលោក​។ សេដ្ឋ​កិ​ច្ច​រកូ​រ៉េ​ខាងត្បូង​ពឹងផ្អែក​លើ​ការនាំចេញ​ទៅកាន់​ចិន​ ដែល​មាន​ចំនួន២៧ភាគរយ​នៃ​ការនាំចេញ​ទាំងអស់​។

របាយការណ៍​បាន​គូសបញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ​ ពី​ការ​ធ្លាក់ចុះ​ដ៏​អាក្រក់​បំផុត​ ចាប់តាំងពី​វិបត្តិសេដ្ឋកិច្ច​ដ៏​អស្ចារ្យ​កាលពី១០ឆ្នាំមុន​។

របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​ “ចាប់តាំងពី​កូរ៉េ​ខាងត្បូង​ រង​ផល​ប៉ះពាល់​អវិជ្ជមាន​បំផុត​ ដោយ​ការ​កើនឡើង​នៃ​ពន្ធ​នាំចូល​ (អាមេរិក​ និង​ចិន​) កិច្ច​ព្រមព្រៀង​ក្នុង​ការចរចា​ពាណិជ្ជកម្ម​ដំណាក់កាល​ដំបូង​ នឹង​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង​នៅ​ឆ្នាំក្រោយ​ តាមរយៈ​ការជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ​សកលលោក​”។

ទោះ​យ៉ាងណា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ត្រូវ​បាន​ជាប់​គាំង​ដោយ​ធាតុ​សំខាន់​ពីរ​ដែល​ទាំង​អាមេរិក​ និង​ចិន​មិន​ចង់​ឈាន​ដល់​ចំណុចកំពូល​។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ចង់ឱ្យ​អាមេរិក​លុបចោល​រាល់​ពន្ធគយ​ ដែល​មានស្រាប់​ និង​ពន្ធគយ​ជុំវិញ​ទំនិញ​អេឡិចត្រូនិក​ ដែល​មានតម្លៃ១៥៦ពាន់​លាន​ដុល្លារ​ផង​ដែរ​។

លោក ​Trump​ ចង់ឱ្យ​ចិន​ធានា​ការទិញ​កសិផល​របស់​ខ្លួន​ ដើម្បី​រក្សា​ការ​គាំទ្រ​នៅក្នុង​រដ្ឋ​កសិកម្ម​នៅ​អាមេរិក​ ក្នុង​ដំណើរ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ នៅ​ឆ្នាំក្រោយ​នេះ​។

សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ក៏​រង​ការវាយប្រហារ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ផ្ទាល់ខ្លួន​ជាមួយ​ជប៉ុន​ដែរ​។ ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ពហិការ​រាល់​អ្វី​ៗទាំងអស់​ដែល​ផលិត​នៅ​ជប៉ុន​ ចាប់តាំងពី​ប្រទេស​ជប៉ុន​បាន​ដាក់កម្រិត​ លើ​ការនាំចេញ​វត្ថុធាតុដើម​ ដែល​ត្រូវការ​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ បច្ចេកវិទ្យា​របស់​កូរ៉េ​ខាងត្បូង​។

សង្គ្រាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​ នៅពេល​ដែល​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ជប៉ុន​ បង់ប្រាក់​សំណង​ សម្រាប់​ការចូលរួម​របស់​ពួកគេ​ នៅក្នុង​ពលកម្ម​ទាសករ​នៅ​ឧបទ្វីប​កូរ៉េ​ ក្នុងអំឡុងពេល​កាន់កាប់​របស់​ខ្លួន​ក្នុង​ឆ្នាំ១៩១០​ ដល់១៩៤៥​។

រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​ គឺ​ផ្ទុយពី​សន្ធិសញ្ញា​ឆ្នាំ១៩៦៥​ រវាង​ប្រទេស​ទាំងពីរ​ ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រាល់​ការ​ទាមទារ​សំណង​ពេល​សង្គ្រាម​ គឺ​បាន​បញ្ចប់​ទាំងស្រុង​ និង​ចុងក្រោយ​។

លើស​ពីនេះ​ធនាគារ​កណ្តាល​កូរ៉េ​ខាងត្បូង​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​របស់​ខ្លួន​នឹង​ជាប់​គាំង​នៅ​ឆ្នាំ២០២០​ ដោយសារ​ភាព​តានតឹង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ និង​ពិភពលោក​។

​ក្រុមប្រឹក្សា​ភិបាល​របស់​ធនាគារ​កណ្តាល​បាន​បញ្ជាក់​ថា​ ពាណិជ្ជកម្ម​ពិភពលោក​ត្រូវ​បាន​រំពឹង​ថា​ នឹង​ធ្លាក់ចុះ​ ដោយសារតែ​ភាព​តានតឹង​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​បន្ត​។

ធនាគារ​កណ្តាល​បាន​ចេញផ្សាយ​ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ខែមុន​ “ក្រឡេក​មើលទៅ​អនាគត​ ក្រុមប្រឹក្សា​ភិបាល​មើលឃើញ​ថា​ កំណើន​សេដ្ឋកិច្ច​សកល​ និង​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​ ទំនងជា​រង​ផល​ប៉ះពាល់​ ដោយសារ​កត្តា​ដូចជា​ កម្រិត​នៃ​ការ​រីក​រាលដាល​នៃ​ការ​គាំពារ​និយម​ ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​រូបិយវត្ថុ​របស់​ប្រទេស​ធំៗ​ និង​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​”៕