អ្នកជំនាញ​អះអាង​ថា​ ខេត្តកំពត​នឹង​មានការ​រីកចម្រើន​បន្ទាប់ពី​ក្រុង​ព្រះសីហនុ​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​ជាតិ​ និង​អន្តរជាតិ​បាន​អះអាង​ស្រដៀងគ្នា​ថា​ ខេត្តកំពត​នឹង​មាន​សក្តា​នុ​ពល​រូ​កចម្រើន​លឿន​ បន្ទាប់ពី​ក្រុង​ព្រះសីហនុ​ ដោយសារ​លក្ខខ័ណ្ឌ​ជាច្រើន​។

លោក ​Saraj​ Sutton​ នាយកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ Century21​ Cambodia​ (COO​) បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ខេត្តកំពត​កំពុង​មាន​សក្តា​នុ​ពល​ ដែល​ជំរុញ​ឲ្យ​ខេត្ត​នេះ​ មានការ​រីកចម្រើន​លឿន​ បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​ ដោយសារ​កត្តា​សំ​ខាន់​ៗជាច្រើន​ ដូចជា​ ទី១​ មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ក្នុង​ការ​តភ្ជាប់​ជាមួយ​ខេត្ត​ព្រះសីហនុ​ ខេត្ត​កែប​ ទី២​ មាន​ទីតាំង​មិន​ឆ្ងាយ​ពី​ក្រុងភ្នំពេញ​ ហើយ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​កំពុង​ស្ថាបនា​ ទី៣​ វិស័យ​ដឹកជញ្ជូន​ ខេត្តកំពត​ជា​ខេត្ត​ធំ​មួយ​ ដែល​មាន​កំពង់ផែ​ទឹកជ្រៅ​បន្ទាប់ពី​ក្រុង​ព្រះសីហនុ​។

ទី៤​ ខេត្ត​មាន​សក្តា​នុ​ពល​លើ​វិស័យ​ទេសចរណ៍​ ដោយមាន​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​ ដែល​ទាក់ទាញ​ភ្ញៀវ​ជាតិ​ អន្តរជាតិ​មក​កំសាន្ត​ និង​ទី៥​ ខេត្ត​មាន​សក្តា​នុ​ពល​លើ​វិស័យ​កសិកម្ម​ និង​កសិ​ឧស្សាហកម្ម​ដូចជា​ ដំ​ណាំាំ​ម្រេច​ ធូ​រ៉េ​នជាដើម​។

លោក ​Saraj​ Sutton​ បាន​បន្ត​ថា​ “ យើង​ជឿជាក់​ថា​ខេត្តកំពត​នឹង​រីកចម្រើន​កាន់តែ​លឿន​ និង​មាន​សក្តា​នុ​ពល​វិនិយោគ​ខ្ពស់​នា​ពេល​អនាគត​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ផ្អែក​លើ​លក្ខខ័ណ្ឌ​ភូមិ​សាស្រ្ត​ អាកាសធាតុ​ និង​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ ខេត្តកំពត​ពិតជា​មានការ​រីកចម្រើន​លឿន​ នា​ពេល​អនាគត​ ហេតុនេះ​ ទើប​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ ចូល​មក​វិនិយោគ​នៅក្នុងខេត្តកំពត​ ដែល​ជា​ខេត្ត​មាន​ភាព​អំណោយផល​លើ​ធនធាន​ធម្មជាតិ​ រមណីយដ្ឋាន​ទេសចរណ៍​ និង​វិស័យ​អចលនទ្រព្យ​។

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ថៃ​ ប៊ុ​នរ៉ុង​បាន​និង​កំពុង​សាងសង់​ អាគារ​ពាណិជ្ជកម្ម​ភ្លោះ​កប់​ពពក​ជាលើកដំបូង​នៅក្នុង​ក្រុង​កំពត​ ដែល​គំរោង​នេះ​នឹង​ជំរុញ​ការ​ផ្លាស់​ប្តូរ​មុខ​មាត់់​របស់​ខេត្ត​ក៏ដូចជា​ ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​ លើ​វិស័យ​អចលនទ្រព្យ​កាន់តែ​ច្រើន​ថែមទៀត​៕

អ្នកជំនាញ​៖ ផ្លូវជាតិ​លេខ១​ បាន​និង​កំពុង​ស្រូប​ទាញ​គម្រោង​អចលន​ទ្រព្យ​ធំៗ​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាង​ថា​ គម្រោង​វិ​និ​យោ​គធំៗ​បាន​និង​កំពុង​ចាប់ផ្តើម​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ដែល​បាន​និង​កំពុង​ជំរុញ​ឱ្យ​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​ 21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ស្ថានភាព​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ នៅ​តំបន់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ នៅពេល​បច្ចុប្បន្ន​នេះ​ មិនមែន​ដូច​កាលពី​ឆ្នាំមុន​នោះ​ទេ​។ បច្ចុប្បន្ន​នេះ​ ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​ គឺ​មាន​ល្បឿន​លឿន​លើស​ពី​ការ​រំពឹង​ទុក​។

លោក​បានឱ្យ​ដឹង​ថា​ “បើ​គិត​ចាប់ពី​ចំណុច​គល់​ស្ពាន​ព្រះមុនីវង្ស​ សង្កាត់​ច្បារអំពៅ​រហូត​ម្ដុំ​បុរី​ប៉េង​ហួត​ គឺ​មាន​ភាព​រីកចម្រើន​ខ្លាំង​”។

លោក​បាន​បន្ត​ទៀត​ថា​ “នៅ​តំបន់​នេះ​ ក្រៅពី​មានការ​កកើត​នូវ​មណ្ឌល​ពាណិជ្ជកម្ម​ និង​វិស័យ​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​របស់​ក្រុមហ៊ុន​ ប៉េង​ ហួត​ ក៏​មាន​គម្រោ​ងម​ជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​កម្រិតខ្ពស់​ ដូចជា​ជា​គម្រោង​ខុន​ដូ​ជាដើម​ ដែល​បាន​និង​កំពុងតែ​មាន​សកម្មភាព​សាងសង់​”។

លោក​វ៉ា​ វីរៈ​បាន​បន្ត​ទៀត​ថា​ អ្វី​ដែល​កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៅទៀត​ ផ្លូវជាតិ​លេខ១​ មាន​គម្រោង​អភិវឌ្ឍ​ទីក្រុង​សិប្បនិម្មិត​ របស់​ក្រុមហ៊ុន ​OCIC ​មួយ​បន្ថែម​ទៀត​ ដែល​កាន់តែ​ជួយ​ជំរុញ​ឱ្យ​តំបន់​មួយ​នេះ​ កាន់តែ​មាន​សក្ដានុពល​។ លោក​បន្ត​ទៀត​ថា​ ដោយឡែក​ចំពោះ​តំបន់​ផ្សេងទៀត​ ដែល​ស្ថិតនៅ​តាន​បណ្តោយ​ផ្លូវជាតិ​លេខ១​ ក៏​មាន​តម្រូវការ​ និង​សក្ដានុពល​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ មាន​ក្រុមហ៊ុន​អភិវឌ្ឍ​ជាច្រើន​ កំពុងតែ​បោះ​ជំ​ហ៊ាន​ វិនិយោគ​លើ​វិស័យ​លំនៅឋាន​នៅ​តំបន់​នេះ​ ជាពិសេស​ក្រុមហ៊ុន​ចិន​ The​ Prince​ ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​ប្រចាំ​នៅ​កម្ពុជា​ ក៏​មាន​វត្តមាន​នៅ​តំបន់​ខាងលើ​នេះ​ផង​ដែរ​”។

ជាមួយគ្នា​នេះ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ ដែល​កំពុង​បោះទុន​វិនិយោគ​ និង​អភិវឌ្ឍ​បុរី​កៀនស្វាយ​ ផាក​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ តំបន់​ផ្លូវជាតិ១ នា​ពេលនេះ​ កំពុងតែ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ ដោយសារតែ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​ និង​ភាព​រីកចម្រើន​យ៉ាង​គំហុក​ បាន​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​ទាំងនេះ​ មានការ​កើ​ឡើង​យ៉ាង​ខ្លាំង​។

លោក​ឧកញ៉ា​បន្ត​ថា​ ដោយសារ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​ នៅ​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​មា​នកំនើន​ជាប្រចាំ​។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ទៀត​ថា​ តំបន់​នេះ​នា​ពេល​បច្ចុប្បន្ន​ កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នកជំនួញ​ជាច្រើន​ ដែល​រួមមាន​ដូចជា​ ការ​សង់​សំណង់​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ សំណង់​បុរី​ មណ្ឌល​កម្សាន្ត​កែច្នៃ​ ជាដើម​ ហើយ​អ្នក​វិនិយោគ​មួយចំនួន​ ក៏​កំពុង​វិនិយោគ​ដោយ​ផ្ទាល់​ជាមួយ​ការ​ពុះ​ដី​ឡូត៍​ផង​ដែរ​។

លោក​ឧកញ៉ា​បន្ត​ថា​ ជាក់ស្ដែង​ ពេលនេះ​គម្រោង​បុរី​ កៀនស្វាយ​ ផាក​ បាន​ចាប់​បុក​គ្រឹះ​ដំណើរការ​សាងសង់​ ហើយ​នៅ​ថ្ងៃខាងមុខ​នេះ​ នឹង​មាន​គម្រោង​សាងសង់​សំណង់​លំនៅឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​បន្ត​ទៀត​៕

ជប៉ុន​ និង​កូរ៉េ​ប្រជែង​គ្នា​វិនិយោគ​នៅ​តំបន់​អាស៊ាន​ជាមួយ​ការ​ចាក់​បញ្ចូល​ទុន​រាប់ពាន់​លាន​ដុល្លារ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ កំពុង​ប្រកួតប្រជែង​វិនិយោគ​នៅ​តំបន់​អាស៊ាន​ ខណៈ​តំបន់​នេះ​បាន​ក្លាយ​ ជាទី​ផ្សារ​រីកចម្រើន​លឿន​បំផុត​នៅ​លើ​ពិភពលោក​ ជាមួយនឹង​ផលិតផល​ ក្នុង​ស្រុក​សរុប​ចំនួន ២​,៤ទ្រី​លាន​ដុល្លារ​ ហើយ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ក្លាយជា​ទីផ្សារ​ធំ​ទី៤ របស់​ពិភពលោក​នៅ​ឆ្នាំ២០៥០​។

រដ្ឋាភិបាល​ជប៉ុន​ បាន​ប្រកាស​ផែនការ​នៅ​ពី​ថ្ងៃ​ចន្ទ​កន្លងមក​ថា​ ជប៉ុន​មាន​ផែនការ​វិនិយោគ​ទឹកប្រាក់​ចំនួន៣ពាន់​លាន​ដុល្លារ​ ក្នុង​ការចូលរួម​ចំណែក​ ក្នុង​វិស័យ​សាធារណៈ​ និង​ឯកជន​ចាប់ពី​ឆ្នាំ២០២០​ ដល់​ឆ្នាំ២០២២​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​។

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ លោក​ Toshimitsu​ Motegi​ មានប្រសាសន៍​ថា​ “ជប៉ុន​ប្តេជ្ញា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយសេរី​ និង​យុត្តិធម៌​នៅក្នុង​អាស៊ាន​ តាមរយៈ​ការ​ផ្តល់​ជម្រើស​សេដ្ឋកិច្ច​នៅ​គ្រប់​ជ្រុង​ទាំងអស់​”។

ការប្រកាស​នេះ​ធ្វើឡើង​ បន្ទាប់ពី​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ Moon​ Jae​-in​ បាន​ធ្វើជា​ម្ចាស់ផ្ទះ​ សម្រាប់​មេដឹកនាំ​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ កាលពី​ខែមុន​ដើម្បី​អបអរ​ទំនាក់ទំនង​រយៈពេល៣០ឆ្នាំ​របស់​ខ្លួន​ និង​បាន​ប្រកាស​អំពី​ភាពជា​ដៃគូ​វិនិយោគ​ជាច្រើន​រវាង​អង្គភាព​សាធារណៈ​ និង​ឯកជន​។

ប្រទេស​ទាំងពីរ​ កំពុង​ចូលរួម​យ៉ាងសកម្ម​ ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ ចាប់ផ្តើម​ធ្វើ​ឱ្យ​មាន​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​សកល​ និង​បន្ថយល្បឿន​នៃ​សេដ្ឋកិច្ច​អាស៊ី​ដែល​អាច​ទុកចិត្ត​បាន​។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​ជប៉ុន​ត្រូវ​ប្រឈម​នឹង​ភាព​ជាប់​គាំង​នៅក្នុង​ឆ្នាំ២០២០​ ខណៈ​ដែល​ខ្លួន​នៅតែ​បន្ត​មាន​កំណើន​យឺត​ នៅ​ចុងឆ្នាំ​នេះ​។ IMF​ បាន​ទម្លាក់​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ជប៉ុន​ម្តង​ទៀត​ នៅ​ឆ្នាំនេះ​ពី០​,៩ ភាគរយ​ មក​នៅ​ត្រឹម០​,៨ ភាគរយ​។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន​ ប្រទេស​មាន​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ទីបី​នៅ​លើ​ពិភពលោក​ បាន​ចាប់ផ្តើម​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី៣​ ដោយមាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​មា​នកំនើន​ត្រឹម០​,២ ភាគរយ​។

លើស​ពីនេះ​ទៀត​ សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងត្បូង​ បាន​និង​កំពុង​ធ្វើ​ឱ្យ​ប្រជាជន​កូរ៉េ​ភាគច្រើន​ ធ្វើ​ពហិការ​មិន​ធ្វើអាជីវកម្ម​ និង​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​។ ទំនាក់ទំនង​សេដ្ឋកិច្ច​នយោបាយ​ និង​វប្បធម៌​រវាង​ប្រទេស​សេដ្ឋកិច្ច​ នៃ​យក្ស​អាស៊ី​ទាំងពីរ​បាន​ឈាន​ដល់កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​។

ឯកអគ្គ​រដ្ឋទូត​កូរ៉េ​ខាងត្បូង​ប្រចាំ​អង្គការ​អភិវឌ្ឍន៍​ និង​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ (OECD​) បានឱ្យ​ដឹង​ថា​ ទន្ទឹម​នឹង​នេះ​ដែរ​ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ បាន​ចាប់ផ្តើម​ផ្តោត​លើ​ការបង្កើត​មូលដ្ឋាន​ផលិតកម្ម​នៅ​អាស៊ី​អាគ្នេយ៍​។

សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ដែល​កំពុង​បន្ត​ បាន​ធ្វើ​ឱ្យ​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ពិភពលោក​ ដោយ​កូរ៉េ​ខាងត្បូង​ជា​ប្រទេស​មួយ​ ដែល​រង​ការវាយប្រហារ​ខ្លាំង​ជាងគេ​ ហើយ​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ ផលិតកម្ម​អន្តរជាតិ​ផ្លាស់​ប្តូរ​ចេញពី​ចិន​ ដើម្បី​ចៀសវាង​ពន្ធគយ​របស់​អាមេរិក​។

ផល​ប៉ះពាល់​នៃ​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ ទៅកាន់​តំបន់​អាស៊ាន​ ក្នុងរយៈពេល១៦ខែ​ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។

ពាណិជ្ជកម្ម​ទ្វេភាគី​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​ នឹង​ឈាន​ដល់​ទំហំ​ទឹកប្រាក់២០០​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២០​។ គោលដៅ​កាលពីមុន​នៃ​ការ​ឈាន​ដល់២០០ពាន់​លាន​ដុល្លារ​ នៅក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ក្នុង​ឆ្នាំ២០១៤​។ ការនាំចេញ​ភាគច្រើន​ ទៅកាន់​អាស៊ី​អាគ្នេយ៍​គឺ​បន្ទះ​កុំព្យូទ័រ​ និង​វាយនភ័ណ្ឌ​។

ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កូរ៉េ​ និង​តំបន់​អាស៊ាន​បាន​កើនឡើង​ដល់១៦០ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៧​ កើនឡើង​ទ្វេដង​ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​ ហើយ​គ្រោង​នឹង​ឈាន​ដល់​ទំហំ​ទឹកប្រាក់២០០​ ពាន់​លាន​ដុល្លារ​នៅ​ចុងឆ្នាំ២០២០​៕

ចំណេះដឹង​! តើ​ត្រូវ​ធ្វើ​យ៉ាងណា​ចំពោះ​ការកំណត់​តំបន់​ស្នូល​ តំបន់​អទិ​ភាព​សម្រាប់​ការ​ស្នាក់នៅ​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ការរៀបចំ​ដែនដី​នៅក្នុង​ប្រទេស​កម្ពុជា​ ធ្វើឡើង​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ដើម្បី​ធនា​បាន​នូវ​ចីរភាព​ សមធម៌​ តុល្យភាព​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ទាំង​ក្នុង​ប្រទេស​ ក្នុង​តំបន់​ និង​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​គោលនយោបាយ​ជាតិ​ រៀបចំ​ដែនដី​កម្ពុជា​បានឱ្យ​ដឹង​ថា​ ដោយ​ធនធាន​មានកំណត់​ និង​ដើម្បី​ធានា​នូវ​ការ​ផ្គត់ផ្គង់​ ការរៀបចំ​ដែនដី​ ត្រូវ​ធ្វើ​ទៅតាម​លំដាប់​នៃ​អាទិភាព​ ចំពោះ​តំបន់​ដែល​មាន​កំណើនប្រជាជន​ និង​សេដ្ឋកិច្ច​ខ្ពស់​មាន​ជាអាទិ៍​ ប៉ូល​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ ប៉ូល​អភិវឌ្ឍន៍​សៀមរាប​ និង​ប៉ូល​អភិវឌ្ឍន៍​ព្រះសីហនុ​ ។

ប៉ូល​សេដ្ឋកិច្ច​ទាំងនេះ​ គឺជា​ប៉ូល​នៃ​កំណើន​ខ្ពស់​ ដែល​បាន​លេចចេញ​ជារូបរាង​ពិតប្រាកដ​ តាម​រយៈ​សក្តា​នុ​ពល​ និង​សកម្មភាព​ ​; ព្រមទាំង​អ័ក្ស​នៃ​ការ​អភិវឌ្ឍ​រួមមាន​អ័ក្រ​ភ្នំពេញ​-ព្រះសីហនុ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ឬភ្នំពេញ​-តំបន់ឆ្នេរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣​ និង​លេខ៤​។ អ័ក្ស​ភ្នំពេញ​សៀមរាប​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​ ​អក្ស​ភ្នំពេញ​-បាវិត​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​។

អ័ក្ស​ភ្នំពេញ​-ប៉ោយប៉ែត​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ អ័ក្ស​ភ្នំពេញ​-ឥសាន​ ភ្ជាប់​ទៅ​ប្រទេស​វៀតណាម​ និង​ឡាវ​ តាម​បណ្តោយ​ផ្លូវ​ជា​តិល​ខេ៦​ និង​លេខ៧​ និង​អ័ក្ស​តំបន់ឆ្នេរ​ ដែល​ភ្ជាប់​ពី​ប្រទេស​ថៃ​ កាត់តាម​ខេត្តកោះកុង​ ​ខេត្ត​ព្រះសីហនុ​ ខេត្តកំពត​ និង​ខេត្ត​កែប​ទៅ​ប្រទេស​វៀតណាម​ គឺជា​អក្ស​ដែល​ស្ថិតនៅ​ក្នុង​ក្របខណ្ឌ​ជាតិ​ និង​ក្របខណ្ឌ​តំបន់​ និង​អន្តរជាតិ​ ដូចជា​អាស៊ាន​ និង​មហា​អនុ​តំបន់​ទន្លេមេគង្គ​ជាមួយគ្នា​នេះ​ មាន​អ័ក្ស​នៅ​តាម​បណ្តោយ​ផ្លូវទឹក​ រួមមាន​ទន្លេមេគង្គ​ ទន្លេសាប​ បឹងទន្លេសាប​ និង​ទន្លេបាសាក់​។

ដើម្បី​ទាញ​យក​ផល​ជា​អតិបរមា​ តំបន់​ស្នូល​ ដែល​ស្ថិតនៅ​តាម​បណ្តោយ​អ័ក្ស​នៃ​ការ​អភិវឌ្ឍ​នេះ​ រួម​ជាមួយ​តំបន់​ស្នូល​ជា​យុទ្ធសាស្ត្រ​ជួរមុខ​ នៅ​តាម​បណ្តោយ​ព្រំដែន​ គួរ​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ផង​ដែរ​។ ដោយឡែក​រាជរដ្ឋាភិបាល​ បាន​និង​កំពុង​ជំរុញ​យុទ្ធសាស្ត្រ​ ដើម្បី​ឱ្យ​លេចចេញ​ជា​ប៉ូល​សេដ្ឋកិច្ច​មួយទៀត​ នៅក្នុង​ភូមិភាគ​ឥសាន​នា​ពេល​អនាគត​ ដោយមាន​កិច្ចសហការ​ឱ្យ​មាន​ជា​តំបន់ត្រីកោណ​ ក្នុង​ក្របខណ្ឌ​តំបន់​ និង​អន្តរជាតិ​។

ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​ និង​ឃុំ​ សង្កាត់​ដែល​ទទួលបន្ទុក​ការរៀបចំ​ដែនដី​ និង​ផែនការ​ប្រើប្រាស់​ដី​ ជា​អ្នកទទួល​ខុសត្រូវ​ផ្ទាល់​ ទៅតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ។ មុខងារ​ និង​ភារកិច្ច​ជា​មូលដ្ឋាន​មួយចំនួន​ ដែល​ឃុំ​មិន​អាច​ធ្វើ​បាន​ ត្រូវ​ផ្តល់​ការទទួលខុសត្រូវ​នៅ​កម្រិត​រដ្ឋបាល​ខ្ពស់​ជាង​ ដែល​ជា​តំ​បនន់​ស្នូល​ដោយ​ត្រូវ​បន្សី​ រវាង​តំបន់​ស្នូល​ និង​តំបន់ទ្រនាប់​ដែល​នៅ​ជុំវិញ​ និង​ត្រូវ​តភ្ជាប់​គ្នា​ដោយ​បណ្តាញ​គមនាគមន៍​ ដែល​ជា​អក្ស​នៃ​ការ​អភិវឌ្ឍ​។

វិធានការ​នៃ​ការរៀបចំ​ដែនដី​ ក៏​ត្រូវ​ពិចារណា​លើ​ទិដ្ឋភាព​ សមធម៌​សង្គម​ ដូចជា​តម្រូវការ​ខាង​លំនៅឋាន​សមស្រប​ និង​មាន​តុល្យភាព​រវាង​លទ្ធភាព​ ដែល​គ្រួសារ​ក្រីក្រ​ និង​អ្នកមាន​ប្រាក់ចំណូល​ទាប​ អាច​រកបាន​លំនៅឋាន​សមរម្យ​ និង​តម្រូវការ​សេដ្ឋកិច្ច​របស់​រដ្ឋ​ និង​ផ្នែកឯកជន​។

ផែនការ​អភិវឌ្ឍ​ទីក្រុង​ ក្រៅពី​ផ្តល់​ការងារ​ធ្វើ​ ត្រូវ​គិតគូរ​ជាអាទិភាព​ដល់​ការរៀបចំ​កន្លែង​សម្រាប់​លម្ហែ​សាធារណៈ​ ធានា​បាន​នូវ​ការរស់នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ បរិស្ថាន​ល្អ​ និង​សោភ័ណភាព​ ព្រមទាំង​ការកំណត់​ តំបន់​គ្រង់​គ្រង​ពិសេស​សម្រាប់​រៀបចំ​តំបន់​ខ្សែ​ក្រ​វ៉ាត់​បៃតង​ក្រុង​។

ការ​កសាង​ផែនការ​ និង​ការ​អភិវឌ្ឍ​លំនៅឋាន​ ត្រូវ​ផ្សារភ្ជាប់​នឹង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋ​កិ​ច្ច​ផ្សេង​ៗ ជាពិសេស​តំបន់​ឧស្សាហកម្ម​ ដើម្បី​រួមចំណែក​ដល់​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​របាយ​ប្រជាជន​ទូទាំង​ប្រទេស​ និង​សមធម៌​នៃ​ការ​ទទួល​បាន​ នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​៕

មហា​គ្រួសារ ​Century​21​ Cambodia​ ចូលរួម​ចំណែក​កែប្រែ​ជីវភាព​និស្សិត​ក្រោយ​បញ្ចប់​ការសិក្សា​ជាច្រើន​រយ​នាក់​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មហា​គ្រួសារ​ Century​21​ Cambodia​ ដែលគេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ ដ៏​ធំជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​និង​កំពុង​ចូលរួម​ចំ​ណេ​កយ៉ាងសកម្ម​ ក្នុង​ការ​ជួយ​កែប្រែ​ជីវភាព​របស់​បណ្តា​សិស្ស​-និស្សិត​កម្ពុជា​រាប់​រយ​នាក់​ តាមរយៈ​ការ​ផ្តល់​ឱកាស​ការងារ​ ក្នុងនាម​ជា​ភ្នាក់ងារ​លក់​របស់​ក្រុមហ៊ុន​ផ្ទាល់​។

ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​លំដាប់​ពិភពលោក​ ដែល​កំពុង​មាន​ប្រតិបត្តិ​ការ​យ៉ាងសកម្ម​នៅ​កម្ពុជា​ Century​21​ Cambodia​ បាន​បង្ហាញ​ពី​មហិច្ឆតា​របស់​ខ្លួន​ ក្នុង​ការចូលរួម​ចំណែក​នៅ​សង្គម​កម្ពុជា​ ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​ផ្តល់​ឱកាស​ការងារ​ដល់​បណ្តា​និស្សិត​ ដែល​បាន​បញ្ចប់​ការសិក្សា​ ត្រឹម​ថ្នាក់​មហាវិទ្យាល័យ​រាប់​រយ​នាក់​។

នាយិកា​ក្រុមហ៊ុន​ Century​21​ Cambodia​ លោកស្រី ​Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០១៩ថា​ គ្រប់​បណ្តា​និស្សិត​ទាំងអស់​ ដែ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​ សុទ្ធតែ​អាច​មានឱកាស​ក្លាយជា​ភ្នាក់ងារ​លក់​របស់​មហា​គ្រួសារ​ Century​21​ Cambodia​ ទាំងអស់​រហូត​ទៅដល់ ៥០០កន្លែង នៅ​ត្រឹម​ចុងឆ្នាំ២០២០ខាងមុខនេះ​។

លោកស្រី​បន្ត​ថា​ “ជាមួយនឹង​ការ​ផ្តល់​ឱកាស​ការងារ​ទាំងអស់​នេះ​ ពួកគេ​នឹងអាច​មានលទ្ធភាព​ក្នុង​ការ​កែប្រែ​ជីវភាពរស់នៅ​ ជួយ​បង្កើន​នូវ​ចំណេះដឹង​ ជំ​នាញ​ថ្មី​ៗបន្ថែម​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ក៏ដូចជា​នៅក្នុង​តំបន់​ ដែល​កំពុងតែ​មាន​តម្រូវការ​ និង​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ​ ដែល​ឱ្យ​អនាគត​របស់​ពួកគេ​មាន​ភាព​ភ្លឺស្វាង​យ៉ាង​ប្រសើរ​”។

លោកស្រី​ Grace​ Rachny​ Fong​ បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ តាមរយៈ​មហា​គ្រួសារ ​Century​21​ Cambodia​ ដែល​កំពុង​ដំណើរ​ប្រតិបត្តិ​ការ​ទាំង២៣​ ការិយាល័យ​នៅ​ កម្ពុជា​ បាន​ផ្តល់​ឱកាស​ការងារ​ដល់​បណ្តា​និស្សិត​ ដែល​ទើបតែ​បញ្ចប់​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​បាន​ចំនួន២៥០នាក់​រួច​ទៅ​ហើយ​ ដោយតាម​គម្រោង​នៅ​ត្រឹម​ដំណាច់​ចុងឆ្នាំ២០២០ ខាងមុខនេះ​ សម្ព័ន្ធ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​មួយ​នេះ​ មាន​គម្រោង​ផ្តល់​ឱកាស​ការងារ​រហូតដល់​ចំនួន ៥០០កន្លែង​”។

សម្រាប់​បណ្តា​និស្សិត​ ដែល​ចង់​អភិវឌ្ឍន៍​ខ្លួន​ក្លាយជា​ភ្នាក់ងារ​ ផ្តល់​សេវា​ទិញ​-លក់​ អចលនទ្រព្យ​នៅក្នុង​មហា​គ្រួសារ​ Century​21​ Cambodia​ គឺ​សុទ្ធតែ​មានឱកាស​ដូចគ្នា​ទាំងអស់​ ដោយ​គ្រាន់តែ​មាន​លក្ខ​ខណ្ឌ​ងាយ​ៗ ត្រឹមតែ៣ចំណុច​តែប៉ុណ្ណោះ​ ដូចជា​ ស្មោះត្រង់​ មាន​ភាពរួស​រាយ​រាក់ទាក់​ល្អ​ ភាព​អំណត់​គួបផ្សំ​នឹង​ចំណេះដឹង​ទូទៅ​ មាន​ភាព​ទូលំទូលាយ​។

លោកស្រី​ Grace​ Rachny​ Fong​ បាន​បញ្ជាក់​ថា​ “ភាព​ស្មោះត្រង់​ ភាព​អំណត់​ និង​ការ​ប្ដេជ្ញា​ចិត្ត​ចង់​អភិវឌ្ឍន៍​ខ្លួន​ គឺជា​ចំណុច​សំខាន់​ដែល​ពួក​យើង​ចង់បាន​”លោក​កស្រី​បន្ត​ថា​ “ពួក​យើង​នឹង​ព្យាយាម​បណ្តុះបណ្តាល​ផ្តល់​នូវ​ចំណេះដឹង​ និង​ជំនាញ​ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ ដែល​កំពុងតែ​មាន​តម្រូវការ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​នេះ​ និង​បន្ត​ទៅ​ថ្ងៃ​អនាគត​”។

លោកស្រី​បាន​បញ្ជាក់​ថា​ ពួកគាត់ ​(និស្សិត​) អាច​ចាប់​យក​ឱកាស​ពី​ថ្ងៃនេះ​ ហើយ​នៅ​ថ្ងៃខាងមុខ​នេះ​ អាជីព​ និង​ជំនាញ​ទាំងនេះ​ ពិតជា​អាច​ជួយ​កែប្រែ​ជីវភាពរស់នៅ​របស់​ពួកគេ​បាន​យ៉ាង​ប្រសើរ​ ដែល​កាន់តែ​ធ្វើ​អនាគត​មាន​ភាពល្អ​ប្រសើរ​ ព្រោះ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ មិនថា៥ឆ្នាំ​ឬ១០ឆ្នាំ​ទៀត​នោះ​ទេ​ គឺ​នៅតែ​មាន​រក្សា​បាន​នូវ​ភាពរឹងមាំ​។

បច្ចុប្បន្ន​នេះ​ មហា​គ្រួសារ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​21​ Cambodia​ បាន​ពង្រីក​ការិយាល័យ​របស់​ខ្លួន​ បាន​ចំនួន២៣ការិយាល័យ​ ដែល​ក្នុង​នោះ​មាន២២ការិយាល័យ​នៅក្នុង​រាជធានី​ភ្នំពេញ​ និង១ការិយាល័យ​ទៀត​ ទើបតែ​សម្ពោធ​បើក​ដំណើរការ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ហើយ​នៅ​ថ្ងៃខាងមុខ​នេះ​ ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​ការិយាល័យ​ចំនួន៣៨ទីតាំង​បន្ថែម​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ៕

រដ្ឋាភិបាលសម្រេចអនុម័តលើគម្រោងវិនិយោគចំនួន៣ មានទំហំទឹកប្រាក់ជិត៩លានដុល្លារ

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ យើង​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន៣​ ដែល​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​ជិត​ ៩លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​ផ្តល់​ឱកាស​ការងារ​បាន​ចំនួន​ ៣៤៤៨នាក់​ ស្ថិតនៅ​ខេត្ត​ ក្រុង​ ផ្សេងគ្នា​ រួមមាន​ខេត្តកណ្តាល​ កំពង់ស្ពឺ​ និង​រាជធានី​ភ្នំពេញ​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖

១.“QUAN​ MING​ HANDBAG​ (CAMBODIA​) INDUSTRIAL​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៦​ ភូមិ​ឬស្សី​ជ្រោយ​ ឃុំ​ឬស្សី​ជ្រោយ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.២៤៤នាក់​។

២.“GD​ NEW​ SKY​ LEATHER​ PRODUCTS​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​ និង​ខ្សែក្រវាត់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ថ្កូវ​ ឃុំ​ព្រះ​និ​ព្វា​ន្ត​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៥០៦នាក់​។

៣.“TAO​ AND​ KIVEN​ GARMENT​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៦៩៨នាក់​។

 

ពាណិជ្ជកម្ម​សកល​នៅតែ​បន្ត​ធ្លាក់ចុះ​ ខណៈ​អាស៊ី​រំពឹង​ថា​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំ​ថ្មី​

ពាណិជ្ជកម្ម​សកល​នៅតែ​បន្ត​ធ្លាក់ចុះ​ ខណៈ​អាស៊ី​រំពឹង​ថា​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំ​ថ្មី​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ សេដ្ឋកិច្ច​អាស៊ី​ដែល​ពឹងផ្អែក​លើ​ការនាំចេញ​នៅតែ​ទទួលរង​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​ ខណៈ​ដែល​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នៅតែ​បន្ត​អូសទាញ​ទម្លាក់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ និង​កែ​លម្អ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ដែល​បាន​បង្កើត​ឡើងជា​យូរ​មក​ហើយ​។

ការនាំចេញ​របស់​កូរ៉េ​ខាងត្បូង​ក្នុង​ខែ​ វិច្ឆិកា​ បាន​ធ្លាក់ចុះ​គួរ​ឱ្យ​បារម្ភ​ ១៤,៣​ ភាគរយ​ដល់​ ៤៤,១​ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ និង​ថាមពល​កូរ៉េ​ចេញផ្សាយ​កាលពី​ថ្ងៃ​ អាទិត្យ​។របាយការណ៍​ បានឱ្យ​ដឹង​ថា​ ការនាំចេញ​ទៅ​បណ្តា​ប្រទេស​អាស៊ាន​បាន​ធ្លាក់ចុះ​ ២០​ ភាគរយ​ដែល​មក​ត្រឹម​តម្លៃ​ ៧,៥​ ពាន់​លាន​ដុល្លារ​។

ក្រសួង​បាន​បញ្ជាក់​ថា​ “ការ​ថយ​ចុះ​គឺ​បណ្តាល​មក​ពី​ការនាំចេញ​គ្រឿង​អេ​ឡិច​ត្រូ​និច​ ផលិតផល​ប្រេង​ អេក្រង់​និង​គ្រឿងម៉ាស៊ីន​ទូទៅ​”។ របាយការណ៍​បាន​បញ្ជាក់​ថា​ កត្តា​មួយ​ក្នុងចំណោម​កត្តា​សំ​ខាន់​ៗសម្រាប់​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នោះ​គឺ​ដោយសារតែ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​កើតមាន​នៅក្នុង​តំបន់​អាស៊ី​ និង​ជា​លទ្ធផល​នៃ​ភាព​មិន​ច្បាស់លាស់​។

របាយការណ៍​បាន​បញ្ជាក់​ថា​ “ការនាំចេញ​របស់​កូរ៉េ​កាលពី​ខែមុន​បាន​រង​ផល​ប៉ះពាល់​ដោយ​កត្តា​ជាច្រើន​៖ ភាព​មិន​ប្រាកដប្រជា​ដែល​កំពុង​កើតមាន​ជាបន្តបន្ទាប់​ ដូចជា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ និង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ការ​ពន្យា​ពេល​នៃ​ការ​ស្តារ​ឡើងវិញ​នូវ​តម្លៃ​ប្រេង​ អេ​ឡិច​ត្រូ​និច​ ផលិតផល​គីមី​ ឥន្ធនៈ​ និង​ប្រេងឥន្ធនៈ​ ការលុបចោល​ការចែកចាយ​នៅ​ឯនាយ​សមុទ្រ​”។

វិស័យ​កុំព្យូទ័រ​ដែល​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​បាន​កើនឡើង​ធៀប​នឹង​និន្នាការ​សេដ្ឋកិច្ច​ ២៣.៥​ ភាគរយ​ដែល​មាន​ទំហំ​ទឹកប្រាក់​ស្មើនឹង​ ៩៤៦​ លាន​ដុល្លារ​នៃ​ការ​លក់​ភាគច្រើន​ ដោយសារតែ​រដូវ​ឈប់សម្រាក​ និង​រដូវ​ដើរ​ទិញ​ឥវ៉ាន់​របស់​អាមេរិក​។របាយការណ៍​បានឱ្យ​ដឹង​ថា​ “តម្រូវការ​កុំព្យូទ័រ​យួរដៃ​ និង​ថេប្លេ​តបាន​កើនឡើង​នៅ​អាមេរិក​ក្នុង​រដូវ​បុណ្យ​ Thanksgiving​”។

ក្រសួង​រំពឹង​ថា​នឹង​មានការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់​នៅដើម​ឆ្នាំ​ថ្មី​ដោយ​ព្យាករណ៍​ថា​នឹង​មានការ​កើនឡើង​លើ​ការនាំចេញ​សំ​ខាន់​ៗដែល​នឹង​នាំ​ឱ្យ​សេដ្ឋកិច្ច​ដែល​មាន​ភាព​ផុយ​ស្រួយ​ចេញពី​បន្ទាត់​ព្រមាន​។ របាយការណ៍​នោះ​ឱ្យ​ដឹង​ថា​ “មាន​ព្យាករណ៍​ថា​ ការនាំចេញ​នឹង​មាន​ភាព​ប្រសើរ​ឡើង​ជា​បណ្តើរ​ៗ ហើយនឹង​វិលត្រឡប់​ទៅ​រក​កំណើន​វិជ្ជមាន​វិញ​នៅ​ត្រីមាស​ទី​ ១ ឆ្នាំក្រោយ​។ ការនាំចេញ​គ្រឿង​អេ​ឡិច​ត្រូ​និច​ កប៉ាល់​ រថយន្ត​ និង​ផលិតផល​ប្រេង​ទំនងជា​កើនឡើង​។

ការ​បន្ធូរបន្ថយ​ដែល​អាច​កើតមាន​នៃជ​ម្លោះ​រវាង​អាមេរិក​ និង​ចិន​ និង​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​បច្ចេកទេស​ដ៏​មាន​សក្តា​នុ​ពល​ក៏អាច​រួមចំណែក​ដល់​ការនាំចេញ​ផង​ដែរ​”។ ទោះ​យ៉ាងណា​ ធនាគារ​កណ្តាល​កូរ៉េ​បាន​ផ្តល់​ទស្សនវិស័យ​ផ្ទុយពី​សេដ្ឋកិច្ច​ ហើយ​បាន​ព្រមាន​ពី​ការ​ធ្លាក់ចុះ​និង​កំណើន​យឺត​ក្នុង​ឆ្នាំ​ ២០២០​។

ក្រុមប្រឹក្សា​ភិបាល​របស់​ធនាគារ​កណ្តាល​បាន​បញ្ជាក់​ថា​ ពាណិជ្ជកម្ម​ពិភពលោក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់ចុះ​ ដោយសារ​តែ​ភាព​តានតឹង​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​បន្ត​។ធនាគារ​កណ្តាល​ បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ សុក្រ​ ថា​ “ក្រឡេក​មើលទៅ​អនាគត​ ក្រុមប្រឹក្សា​ភិបាល​មើលឃើញ​ថា​ កំណើន​សេដ្ឋកិច្ច​សកល​ និង​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​ទំនងជា​រង​ផល​ប៉ះពាល់​ដោយ​កត្តា​ ដូចជា​កំរិត​នៃ​ការ​រីក​រាលដាល​នៃ​ការ​គាំពារ​និយម​ ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​រូបិយវត្ថុ​របស់​ប្រទេស​ធំៗ​ និង​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​”។

លើស​ពីនេះ​ទៀត​ ធនាគារ​កូរ៉េ​បាន​កាត់បន្ថយ​ការ​ព្យាករ​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ២០១៩​ ចំនួន​ ០,២​ ភាគរយ​ទៅ​ ២ ភាគរយ​នៃ​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ ដោយមាន​កម្រិត​កំណើន​ដែល​មិនធ្លាប់​មាន​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី​ ១០​ ឆ្នាំមុន​។សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ចាប់ផ្តើម​រៀបចំ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​នៅ​ជុំវិញ​ពិភពលោក​ ហើយ​កំពុង​ជះឥទ្ធិពល​ដល់​បណ្តា​ប្រទេស​អាស៊ី​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ ដូចជា​កូរ៉េ​ខាងត្បូង​។លើស​ពីនេះ​ទៀត​ ជម្លោះ​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ក៏បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ផង​ដែរ​។

ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ពហិការ​រាល់​ទំនិញ​ទាំងអស់​ដែល​ផលិត​នៅ​ជប៉ុន​ ចាប់តាំងពី​ប្រទេស​ជប៉ុន​បាន​ដាក់កម្រិត​លើ​ការនាំចេញ​វត្ថុធាតុដើម​ដែល​ចាំបាច់​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​បច្ចេកវិទ្យា​របស់​កូរ៉េ​ខាងត្បូង​។

ការ​កើនឡើង​នៃ​ការ​គាំពារ​និយម​សកល​កំពុង​ធ្វើ​ឱ្យ​ស្ថានភាព​ពិភពលោក​មាន​សភាព​លំបាក​ និង​កំពុង​ធ្វើ​ឱ្យ​មានការ​ធ្លាក់ចុះ​នៅក្នុង​ទីផ្សារ​ពិភពលោក​។អង្គការ​សហប្រតិបត្តិ​ការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អស្ចារ្យ​កាលពី​ ១០​ ឆ្នាំមុន​៕

អភិបាល​រាជធានី​ភ្នំពេញ​ ស្នើ​ឱ្យ​ប្រទេស​ឡាវ​ ជំរុញ​អ្នក​វិនិយោគ​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​មកកាន់​កម្ពុជា​បន្ថែម​ទៀត

​ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ស្នើ​ដល់​ភាគី​ប្រទេស​ឡាវ​ ជួយ​ជំរុញ​ និង​លើកទឹកចិត្ត​ដល់​បណ្តា​វិនិយោគិន​ឱ្យមក​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​ លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ ខណៈ​ដែល​ប្រទេស​ទាំង២មាន​វប្បធម៌​ និង​ទំនៀមទម្លាប់​ប្រហាក់​ប្រហែលគ្នា​។

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ឃួង​ ស្រេង​ បាន​ស្នើ​ឱ្យ​អ្នក​វិនិយោគ​ឡាវ​ បន្តម​កវិ​និ​យោគ​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​ប្រទេស​ទាំង២​ មានការ​អភិវឌ្ឍ​រីក​ចំរើន​ដូចគ្នា​ ខណៈ​ដែល​ប្រទេស​ទាំង២​ មាន​វប្បធម៌​ ប្រពៃណី​ ទំនៀម​ទំ​លាប់​ស្រដៀងគ្នា​ និង​ជា​ប្រទេសជិតខាង​ផង​ដែរ​ ដែល​ការ​ស្នើ​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ និង​សម្តែង​ការគួរសម​ជាមួយ​ លោក​បណ្ឌិត​ ស៊ីន​ឡា​វង់​ ឃូ​តផៃ​ធូ​ អភិបាល​រដ្ឋធានី​វៀងចន្ទន៍​ នៅ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី០២​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​។

លោក​ ឃួង​ ស្រេង​ បាន​លើកឡើង​ថា​ ប្រទេស​ និង​ទីក្រុង​ទាំងពីរ​ គឺ​មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ជា​យូរឆ្នាំមកហើយ​ ជាមួយគ្នា​នេះ​ ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​វៀងចន្ទន៍​ ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ លើ​វិស័យ​មួយចំនួន​ផង​ដែរ​ ជាពិសេស​លើ​ការងារ​ពាណិជ្ជកម្ម​ ឧស្សាហ​កម្ណិង​ទេសចរណ៍​ ជាមួយគ្នា​។ ​

លោក​បាន​បន្ត​បញ្ជាក់​ថា​ “នៅ​រាជធានី​ភ្នំពេញ​ បញ្ហា​សន្តិសុខ​ គឺ​មាន​ភាពល្អ​ប្រសើរ​ ​កំណើនប្រជាជន​ច្រើន​ ​វិស័យ​សេដ្ឋកិច្ច​ មាន​ភាព​ប្រសើរ​ឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ តែ​បញ្ហា​កកស្ទះ​ចរាចរណ៍​ ជា​ការងារ​អទិ​ភាព​កំពុង​បន្ត​ដោះស្រាយ​ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​ ​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នេះ​ គឺ​គ្រោង​រៀបចំ​ផ្លូវ​ភាគច្រើន​អោយ​ទៅជា​ផ្លូវ​ឯកទិស​”។

អភិបាល​រដ្ឋធានី​វៀងចន្ទន៍​ប្រទេស​ឡាវ​ លោក​ ស៊ីន​ឡា​វង់​ ឃូ​តផៃ​ធូ​ ​បាន​ថ្លែង​ថា​ កម្ពុជា​ និង​ឡាវ​គឺជា​អ្នកជិតខាង​ ដែល​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​។ ទោះជា​មាន​តិចតួច​ក្ដី​ ក៏​ចំណង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ត្រូវ​បាន​តភ្ជាប់​តាមរយៈ​សកម្មភាព​ សេដ្ឋកិច្ច​ មួយចំនួន​ដូចជា​ ការដោះដូរ​ពាណិជ្ជកម្ម​ និង​លំហូរ​ទេសចរណ៍​។

ដោយសារ​ឡាវ​ មិន​មានផ្លូវ​សមុទ្រ​បម្រើ​ឱ្យ​ការ​ដឹកជញ្ជូន​ទំនិញ​ ប្រទេស​នេះ​កំពុង​ព្យាយាម​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ដើម្បី​ភ្ជាប់​ខ្លួន​នឹង​សកម្មភាព​ ពាណិជ្ជកម្ម​ ក្នុង​តំបន់​តាមរយៈ​ការ​ភ្ជាប់​ខ្លួន​ជាមួយ​ប្រទេសជិតខាង​។ យ៉ាងណាក៏ដោយ​ទំនាក់ទំនង​ក្នុង​វិស័យ​សេដ្ឋកិច្ច​រវាង​ឡាវ​ជាមួយ​កម្ពុជា​ មិន​មាន​ភាព​ខ្លាំងក្លា​ដូច​ទំនាក់ទំនង​រវាង​ឡាវ​ និង​វៀតណាម​នោះ​ទេ​៕

អ្នកជំនាញ​ ៖ ហេតុផល៧យ៉ាងដែល​អ្នក​គួរតែ​វិនិយោគ​ជាមួយ​វិស័យ​ខុន​ដូ​ក្នុង​រាជធានី​ភ្នំពេញ​

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ ស្ថិតនៅ​ក្នុង​បរិបទ​ដ៏​ប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ច​ និង​ស្ថិរភាព​នយោបាយ​ កម្ពុជា​ បាន​ និង​កំពុង​ទាក់ទាញ​ក្រុមហ៊ុន​ និង​វិនិយោគិន​ ដែល​ជា​អ្នក​អភិវឌ្ឍ​អន្តរជាតិ​ជាច្រើន​មក​ពី​ប្រទេស​ផ្សេង​ៗគ្នា​ ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​ក្នុង​ការចូលរួម​ជាមួយ​សេដ្ឋកិច្ច​កម្ពុជា​។

អ្វី​ដែល​ជា​ការគួរ​ឱ្យ​កត់សម្គាល់​ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ គឺ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ជាពិសេស​វិស័យ​ខុន​ដូ​ ដែល​កំពុង​មាន​សក្តា​នុ​ពល​ខ្ពស់​។

យោង​តាម​ធនាគារពិភពលោក​ សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​កំណើន​ជាមធ្យម៧ភាគរយ​ ដែល​ក្លាយជា​ប្រទេស​មាន​ល្បឿន​សេដ្ឋកិច្ច​លឿន​ជាងគេ​មួយ​នៅ​លើ​ពិភពលោក​ ខណៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​មាន​កំណើន​តិច​តូច​។

ស្រប​ទៅ​នឹង​ភាព​រីកចម្រើន​ទាំងនេះ​ វិស័យ​សំណង់​ និង​អគារ​ខុន​ដូ​នានា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ ក៏​កំពុងតែ​បង្ហាញ​សកម្មភាព​យ៉ាងសកម្ម​នៅ​លើ​ទីផ្សារ​រួម​ ដែល​កំពុងតែ​មានការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​ ជាក់ស្ដែង​ដូចជា​នៅក្នុង​ សង្កាត់​បឹងកេងកង​ ទន្លេបាសាក់​ ជា​តំបន់​ស្នូល​នៃ​ចំនួន​អាគារ​ខុន​ដូរ​ខ្ពស់​ៗ ។

ជាមួយនឹង​និន្នាការ​នៃ​ការ​អភិវឌ្ឍ​ទីផ្សារ​ខុន​ដូរ​នេះ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ PAPA & MAMA REAL ESTATE CO., LTD លោក​ ថេង​ ចាន់​ថន​ ដែល​ជា​អ្នកជំនាញ​នៅក្នុង​វិស័យ​នេះ​ បាន​ចូលរួម​ចែករំលែក​ចំណេះដឹង​ រួម​ជាមួយនឹង​ការ​លើកយក​ចំណុច​វិជ្ជមាន​ជាច្រើន​ដែល​ទទួល​បាន​ក្រោយពី​ការ​វិនិយោគ​លើ​វិស័យ​ខុន​ដូ​នៅក្នុង​រាជធានី​ភ្នំពេញ​ ។

លោក​បាន​បញ្ជាក់​ថា​ អ្នកមាន​លទ្ធភាព​គួរតែ​សម្រេចចិត្ត​ក្នុង​ទិញ​ ឬវិនិយោគ​នៅក្នុង​វិស័យ​ខុន​ ដោយ​ក្នុង​នោះ​លោក​បាន​លើកយក​ចំ​ណុ​ចល្អៗ​ចំនួន៧មក​បង្ហាញ​ជូន​ដូច​ខាងក្រោម​នេះ​ ៖

១- ការរស់នៅ​ក្នុង​ខុន​ដូ​ជួយ​សន្សំសំចៃ​ពេលវេលា​របស់​អ្នក​៖ ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​កំពុងតែ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ដែល​បណ្តាល​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរតែ​រាល់ថ្ងៃ​ ដូច្នេះ​ប្រសិនបើ​អ្នក​រស់នៅ​ក្រៅ​ទីក្រុង​ ឬរស់នៅ​ជាយក្រុង​ វា​ត្រូវការ​ពេល​យូរ​ ដើម្បី​ទៅ​បំពេញការងារ​ឱ្យ​ទាន់ពេល​វេលា​។

អ្នក​ប្រហែលជា​មាន​ភាព​តានតឹង​ជាមួយនឹង​ការ​ស្ទះចរាចរណ៍​ខ្លាំង​។ ដូច្នេះ​ ខុន​ដូ​ត្រូវ​បាន​សាងសង់​នៅ​ចំ​កណ្តាល​រាជធានី​ ដែល​ព័ទ្ធជុំវិញ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ធនាគារ​ ការិយាល័យ​ ហាង​កាហ្វេ​ ហាង​លក់ទំនិញ​ជាដើម​ ដោយ​អ្នក​អាច​ដើរទៅ​ការិយាល័យ​របស់​អ្នក​ ឬចំណាយពេល​តិច​ក្នុង​ការ​ទៅ​កន្លែង​ធ្វើការ​របស់​អ្នក​។ ​

២ – មាន​សុខភាព​ល្អ​ និង​បរិស្ថាន​ស្រស់ថ្លា​ ៖ ស្រមៃ​ថា​អ្នក​រស់នៅ​ជាន់ទី២៥​ នៃ​អគារ​ខ្ពស់​ ! អ្នក​អាច​ដកដង្ហើម​ខ្យល់​បរិសុទ្ធ​ និង​មើលឃើញ​ទិដ្ឋភាព​ទីក្រុង​ទាំងមូល​។ ខុន​ដូ​ភាគច្រើន​ត្រូវ​បាន​បំពាក់​ដោយ​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ​ទំនើប​ដើម្បី​ធានា​សុវត្ថិភាព​ និង​អនាម័យ​សម្រាប់​ការរស់នៅ​បែប​ទំនើប​។

ខុន​ដូ​មាន​គ្រឿងបរិក្ខារ​ជាច្រើន​ រួម​ជាមួយនឹង​ការរៀបចំ​ជា​កន្លែង​ហាត់ប្រាណ​ និង​អាងហែលទឹក​ ដូច្នេះ​អ្នក​អាច​គ្រប់គ្រង​ការហាត់ប្រាណ​បាន​ត្រឹមត្រូវ​ស្របតាម​ក្បួន​។ ​

៣ – ប្រាក់ចំណូល​ដែល​បាន​ជួល​ខ្ពស់​៖ ប្រសិនបើ​អ្នកជា​ម្ចាស់​ខុន​ដូ​លំដាប់​ខ្ពស់​នៅ​ឆ្នាំនេះ​ អ្នក​អាច​ជួល​បាន​ចន្លោះ​ពី​ ៧០០​ ទៅ​ ២០០០​ ដុល្លារ​ក្នុង​មួយ​ខែ​ អាស្រ័យ​លើ​ទំហំ​ខុន​ដូ​របស់​អ្នក​។ ឧទាហរណ៍​ ខុន​ដូ​បន្ទប់គេង១បន្ទប់​ នៅ​បឹងកេងកង១​ អ្នក​អាច​ដាក់​ជួល​បាន​ចាប់ពី​ ៧០០​ ទៅ​ ៩០០​ ដុល្លារ​។

សម្រាប់​ខុន​ដូ​បន្ទប់គេង​ ២ អ្នក​អាច​ដាក់​ជួល​បាន​ចាប់ពី​ ១២០០​ ទៅ​ ១៨០០​ ដុល្លារ​ក្នុង​មួយ​ខែ​ អាស្រ័យ​លើ​ការ​តុបតែង​ និង​គ្រឿង​សង្ហា​រឹម​ ដែល​អ្នកមាន​បំពាក់​នៅក្នុង​ខុន​ដូ​របស់​អ្នក​។ តម្លៃ​ជួល​អាច​ខ្ពស់​ជាង​នេះ​ អាស្រ័យ​លើ​ទំហំ​ខុន​ដូ​ ទីតាំង​ ការ​តុបតែង​ខាងក្នុង​ គ្រឿង​សង្ហា​រឹម​ សម្ភារៈ​ផ្ទះបាយ​ ដែល​អ្នក​បាន​រៀបចំ​នៅក្នុង​ខុន​ដូ​របស់​អ្នក​។

៤ – ចេញ​រក​ប្រាក់ចំណេញ​៖ សេដ្ឋកិច្ច​កម្ពុជា​កំពុង​មាន​ស្ថិរភាព​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​ជាមធ្យម​ ៧% ជា​រៀងរាល់​ឆ្នាំ​។ ជនបរទេស​កាន់តែ​ច្រើន​ឡើង​ៗ កំពុង​មករ​កស៊ី​ និង​ធ្វើការ​នៅ​ភ្នំពេញ​។ តម្រូវការ​ខុន​ដូ​កម្រិតខ្ពស់​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​។ ដូច្នេះ​បន្ទាប់ពី​ជួល​ខុន​ដូ​បាន​ប៉ុន្មាន​ឆ្នាំ​ អ្នក​អាច​លក់​វា​បន្ត​ ដើម្បី​រក​ប្រាក់ចំណេញ​ ដែល​វា​មាន​សក្តា​នុ​ពល​ក្នុង​ការ​ទទួល​បាន​ចំណេញ​ខ្ពស់​។ ​

៥ – ផ្ទះ​វិស្សមកាល​ ៖ ប្រសិនបើ​អ្នក​រស់នៅ​ក្នុង​ផ្ទះ​វីឡា​ ឬផ្ទះល្វែង​ ប៉ុន្តែ​អ្នក​ចង់​ស្នាក់នៅ​ខុន​ដូ​ខ្ពស់ខ្ពស់​នៅ​ចុង​សប្តាហ៍​ ដោយសារតែ​តម្រូវការ​កន្លែង​ហាត់ប្រាណ​ និង​អាងហែលទឹក​ ដូច្នេះ​ការដែល​ទិញ​ខុន​ដូ​ទុក​ក៏​ជា​ជំរើស​ល្អ​ដែរ​។
៦ – ខុន​ដូ​ជា​ការិយាល័យ​ ៖ ខុន​ដូ​ក៏អាច​ប្រើ​ធ្វើជា​ការិយាល័យ​ផង​ដែរ​ ជាពិសេស​នៅពេល​ដែល​អ្នក​ចង់បាន​ភាព​ស្ងប់​ ស្ងាត់​ខ្លះ​ពី​គ្រួសារ​ ហើយ​ចង់​ផ្តោត​អារម្មណ៍​លើ​ការងារ​។

៧ – សុវត្ថិភាព​ខ្ពស់​ ៖ នៅពេល​អគារ​ខុន​ដូ​ត្រូវ​បាន​បំពាក់​ដោយ​កាំ​មេ​រ៉ា​សុ​វត្តិភាព​ ប្រព័ន្ធ​ត្រួតពិនិត្យ​ជាមួយ​សន្តិសុខ​ ទ្រព្យសម្បត្តិ​របស់​លោកអ្នក​នឹង​ត្រូវ​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​បំផុត​ នៅក្នុង​នោះ​រាប់ទាំង​រថយន្ត​របស់​អ្នក​ដែល​ចត​នៅ​ផ្នែក​ខាងក្រោម​នៃ​អគារ​ផង​ដែរ​។

លោក​ ថេង​ ចាន់​ថន​ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ “ប្រសិនបើ​លោកអ្នក​មានបំណង​ចង់​ធ្វើជា​ម្ចាស់​ខុន​ដូ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​ភ្នាក់ងារ​អចលនៈ​ទ្រព្យ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ ដើម្បី​ប្រាកដ​ថា​អ្នកទទួល​បាន​ដំបូន្មាន​ល្អ​បំផុត​សម្រាប់​ការសម្រេច​ចិត្ត​មុន​ពេល​ទិញ​ខុន​ដូ​ណាមួយ​ ពីព្រោះ​វា​អាច​មាន​ហានិភ័យ​ខ្លះ​ក្នុង​ការ​លក់​ចេញ​វិញ​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​គុណភាព​សំណង់​ ទីតាំង​ និង​ច្បាប់​សាងសង់​”។

លោក​ថា​ “ជា​បទពិសោធន៍​ ខ្ញុំ​ធ្លាប់​បាន​ជួយ​លក់​គម្រោង​សំណង​អា​គារ​ធំៗ​ជាច្រើន​ស្រប​ទៅ​នឹង​ផែនការ​របស់​ម្ចាស់​គម្រោង​ ហើយ​អ្វី​ដែល​ជា​មោទនភាព​នោះ​ គឺ​ការណែនាំ​ដល់​អតិថិជន​របស់ខ្ញុំ​ជាច្រើន​នាក់​ទិញ​បាន​អចលន​ទ្រព្យ​ល្អ​ៗជាច្រើន​ទីតាំង​ ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ ក៏ដូចជា​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀតផង​ដែរ​”។

បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ PAPA​ &​ MAMA​ បាន​ទទួល​នូវ​ទំនុកចិត្ត​យ៉ាង​ខ្ពស់​ពីសំណាក់​ក្រុមហ៊ុន​វិនិយោគ​ និង​អភិវឌ្ឍ​គម្រោ​ងធំៗ​ជាច្រើន​ ជាក់ស្តែង​ក្រុមហ៊ុន​កំពុងតែ​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​លក់​គម្រោង​អគារ​ខុន​ដូ​លំដាប់​ផ្កាយ៥​ Morgan EnMaison​ ដែល​ស្ថិតនៅ​តំបន់​ជ្រោយ​ចង្វា​រដ៏​មាន​សក្ដានុពល​ ជាពិសេស​ រាល់​អតិថិជន​ទាំងអស់​ដែល​ទិញ​ Units​ នៃ​គម្រោង​ខុន​ដូ​ Morgan EnMaison​ តាមរយៈ​ក្រុមហ៊ុន​ PAPA​ &​ MAMA​ នឹង​ទទួល​បាន​កាដូ​ រួម​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​យ៉ាង​ពិ​សេស​ភ្លាម​ៗតែម្ដង​។ លោកអ្នក​អាច​ទាក់ទង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​៖ 017​ 481​ 677​ Email​: chanthorn​@papamama.asia​

ឯកអគ្គ​រដ្ឋទូត​ EU​៖ កម្ពុជា​កំពុងតែ​មានការ​អភិវឌ្ឍ​ និង​ដើរ​លើ​ផ្លូវត្រូវ​

ដោយ​ វុត្ថា

​ភ្នំពេញ​៖ លោកស្រី​ Carmen​ Moreno​ ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ (EU​) ថ្មី​ ប្រចាំ​កម្ពុជា​បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​និង​អបអរសាទរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ដោយមាន​ការ​រីក​ចំរើន​យ៉ាង​លឿន​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ លោកស្រី​ Carmen​ Moreno​ បានឱ្យ​ដឹង​ថ កម្ពុជា​យើង​មានការ​អភិវឌ្ឍ​និង​កំពុង​ដើរ​លើ​ផ្លូវត្រូវ​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ការ​ថែរក្សា​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ និង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ប្រកបដោយ​ចីរភាព​។

លោកស្រី​បន្ថែម​ថា​ ទាំងនេះ​គឺ​ទទួល​បាន​មក​ពី​សុខ​សន្តិភាព​ និង​ស្ថិរភាព​ដែល​កម្ពុជា​ទទួល​បាន​ហើយ​សុខ​សន្តិភាព​ ស្ថិរភាព​នេះ​ ទៀត​សោ​ធគឺជា​មូលដ្ឋាន​ចាំបាច់​បំផុត​ សម្រាប់​អនាគត​កម្ពុជា​យើង​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក៏ដូចជា​សម្រាប់​យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ លោកស្រី​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​កម្ពុជា​ នឹង​បន្ត​ជា​ដៃគូ​ជួយ​កម្ពុជា​យើង​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព​ជា​ភាព​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែងអំណរគុណ​ចំពោះ​លោកស្រី​ទូត​ដែល​បាន​មើលឃើញ​ពី​សុខ​សន្តិភាព​ និង​ស្ថិរភាព​កម្ពុជា​ ដែល​លោក​បាន​លើកឡើង​ព្រោះ​អ្វី​ដែល​លោកស្រី​បាន​លើកឡើង​គឺជា​មូលដ្ឋាន​មួយ​ដែល​កម្ពុជា​និង​សហគមន៍​អឺរុប​អាច​បន្ត​ធ្វើការ​រួមគ្នា​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។

សម្ដេច​តេជោ​បាន​ថ្លែងអំណរគុណ​ជូន​ដល់​សហគមន៍​អឺរ៉ុប​ ដែល​បាន​ជួយ​ដល់​កម្ពុជា​ ជាពិសេស​ក្នុង​ការ​កាត់ទោស​អតីត​ថ្នាក់ដឹកនាំ​កំ​ពូល​ៗខ្មែរក្រហម​ និង​បាន​ជួយ​ដល់​កម្ពុជា​ជាច្រើន​ដែរ​លើ​វិស័យ​ដទៃទៀត​។

ទន្ទឹម​នឹង​នេះ​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​មានប្រសាសន៍​ថា​ យើង​គប្បី​ណា​ឈរ​លើ​មូលដ្ឋាន​ត្រឹមត្រូវ​នូវ​រាល់​កិច្ចការ​ងារ​ដែល​យើង​បាន​សហការ​គ្នា​កន្លងមក​ និង​ស្វែងរក​នូវ​អ្វី​ដែល​យើង​អាច​សហការ​ធ្វើការ​រួមគ្នា​បន្ត​ទៀត​ក្នុង​ភាពជា​ដៃ​គូរ​ផង​ និង​ក្នុង​កិច្ច​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​សហគមន៍​អឺរ៉ុប​ និង​កម្ពុជា​ផង​៕