សម្តេច​តេជោ​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ ៣៤ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ នៅ​ព្រឹក​នេះ

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ៣៤ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​។

ផ្លូវ​ចំនួន៣៤ខ្សែ​ ដែល​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅពេល​នេះ​ គឺជា​ផ្លូវ​ក្នុង​ក្រុង​បែប​ប្រណីត​ ដែល​នឹង​បាន​បម្រើ​នៅ​វិស័យ​ដឹកជញ្ជូន​ ការ​ធ្វើដំណើរ​ និង​បម្រើ​វិស័យ​ទេសចរណ៍​ ដ៏​សំខាន់​នៅក្នុង​ក្រុង​ព្រះសីហនុ​នេះ​ ជាពិសេស​ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ ទៅជា​ទីក្រុង​ទំនើប​ដែល​មាន​សោភ័ណ្ឌភាព​ បរិស្ថាន​ល្អ​ សម្រាប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ អ្នក​ទេសចរណ៍​ និង​អ្នក​វិនិយោគ​ ជាពិសេស​ធានា​បាន​គុណភាព​ខ្ពស់​ រឹងមាំ​ ប្រើប្រាស់​បាន​យូរអង្វែង​៕

ការវិវត្តន៍​នៃ​ភាព​វឹកវរ​ចុងក្រោយ​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ហុងកុង​ដាំ​ក្បាល​ចុះ​

ការវិវត្តន៍​នៃ​ភាព​វឹកវរ​ចុងក្រោយ​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ហុងកុង​ដាំ​ក្បាល​ចុះ​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ សេដ្ឋកិច្ច​ហុងកុង​បាន​ធ្លាក់ចុះ​ជាង​ ៣ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​មុន​។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ជំរឿន​ និង​ស្ថិតិ​ហុងកុង​។

ហុងកុង​បាន​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​ជា​ផ្លូវការ​នៅ​ត្រីមាស​ទី​ ៣ ដោយ​ធ្លាក់ចុះ​ ៣,២​ ភាគរយ​ពី​ត្រីមាស​ទី​ ២ ។

នាយកដ្ឋាន​នេះ​បាន​សរសេរ​នៅ​ថ្ងៃ​ សុក្រ​ថា​ “នៅក្នុង​ត្រីមាស​ទី​ ៣ នៃ​ឆ្នាំ​ ២០១៩​ ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) បាន​ថយ​ចុះ​ ២,៩​ ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​”។ ការ​ធ្លាក់ចុះ​ដ៏​ធ្ងន់ធ្ងរ​ និង​គួរ​ឱ្យ​ព្រួយបារម្ភ​គឺ​ភាគច្រើន​មក​ពី​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ដែល​បាន​ធ្វើ​ឱ្យ​ទីក្រុង​នេះ​ជួបប្រទះ​នឹង​ភាព​វឹកវរ​ ។

លេខាធិការ​ហិរញ្ញវត្ថុ​ហុងកុង​លោក​ Paul​ Chan​ Mo​-po​ បាន​សរសេរ​នៅក្នុង​ប្លក់​ប្រចាំ​សប្តាហ៍​ថា​ “តួលេខ​ចុងក្រោយ​បង្អស់​បាន​ឆ្លុះបញ្ចាំង​ថា​ ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ឧប្បត្តិហេតុ​សង្គម​ក្នុង​តំបន់​នេះ​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​”។

លោក​បាន​បន្ថែម​ថា​ “ស្ថានភាព​បាន​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​ឆាប់រហ័ស​នៅក្នុង​ត្រីមាស​ទី​ ៣។ ក្រៅពី​ការ​ចំណាយ​លើ​ការប្រើ​ប្រាស់​របស់​រដ្ឋបាល​ទីក្រុង​ សមាសធាតុ​សំ​ខាន់​ៗទាំងអស់​នៃ​តម្រូវការ​ខាងក្រៅ​ និង​ខាង​ធ្វើ​ឱ្យ​មានការ​ធ្លាក់ចុះ​”។

អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​បិទ​សាលារៀន​ទាំងអស់​រហូតដល់​ថ្ងៃអាទិត្យ​ ដោយសារ​អំពើ​ហិង្សា​ ៤ ថ្ងៃ​ជាប់គ្នា​បាន​ធ្វើ​ឱ្យ​ទីក្រុង​ទាំងមូល​ជួបប្រទះ​ភាព​វឹកវរ​។

សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters​ បានឱ្យ​ដឹង​ថា​ និស្សិត​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​តាម​សាលា​សាលារៀន​យុទ្ធសាស្ត្រ​នានា​ និង​បាន​ប្រមូល​សម្ភារៈ​ ផ្គត់ផ្គង់​អាវុធ​ និង​ធ្នូ​ និង​ព្រួញ​៕

ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-វៀតណាម​គ្រោង​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​នា​ពេល​ខាងមុខនេះ​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-វៀតណាម​ លើកដំបូង​ឈ្មោះថា​ «ផ្សារ​ដា​» ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​មេមត់​ ជាប់​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្ត​តៃ​និញ​ គ្រោង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នា​ពេល​ខាង​មុ​ខឆាប់​ៗនេះ​។ នេះ​បើ​យោង​តាម​កិច្ចប្រជុំ​ស្តី​ពី​ត្រៀម​រៀបចំ​ពិ​ធី​សម្ភោ​ធផ្សារ​គំរូ​ព្រំដែន​កម្ពុជា​គណៈកម្មការ​គ្រប់គ្រង​គម្រោង​សម្រាប់​អនុវត្ត​ការសាងសង់​ផ្សារ​ព្រំដែន​កម្ពុជា​នៃ​អជ្ញា​ធរ​ខេត្ត​ត្បូងឃ្មុំ​កាលពី​ពេល​ថ្មី​ៗ ។

តែ​យ៉ាងណា​កិច្ចប្រជុំ​នេះ​ មិនបាន​បញ្ជាក់​ពេលវេលា​ជា​លាក់​ក្នុង​កា​រស​ម្ភោ​ធផ្សារ​គំរូ​ជាប់​ព្រំដែន​នេះ​នៅឡើយ​ទេ​។ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​-វៀតណាម​ លើកដំបូង​ឈ្មោះថា​ «ផ្សារ​ដា​» ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ​ កាលពី​ថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០១៨​ ក្រោម​គណៈអធិបតី​ភាព​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​ លោក​ វ៉ូ​ ហ្គុង​មិញ​ (Vu​ Quang​ Minh​) ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ប្រចាំ​នៅ​កម្ពុជា​។

លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​បង្ហាញ​ជំនឿ​ថា​ ផ្សារ​គំរូ​ព្រំដែន​នេះ​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​-វៀតណាម​។ លើស​ពីនេះ​ ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ បាន​ជួយ​សម្របសម្រួល​គម្រោង​សាងសង់​ផ្សារ​នេះ​ ដើម្បី​ទុកជា​និម្មិត​រូប​ និង​ជាស​មិទ្ធ​ផល​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​។

លោក​ថា​ «ការបង្កើត​ផ្សារ​គំរូ​នេះ​ គឺជា​ការ​ចាប់ផ្តើម​ទំព័រ​សករាជ​ថ្មី​មួយទៀត​ នៃ​ការ​ពង្រឹង​កិច្ចសហការ​ និង​សម្រួល​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​ជិត​ប្រជាពលរដ្ឋ​ ជាពិសេស​ឈាន​ទៅ​សម្រេច​ឲ្យបាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ចំនួន​ ៥,០០០លាន​ដុល្លារ​ តាម​ផែនការមេ​ដែល​បាន​គ្រោងទុក​ក្នុង​ពេល​អនាគត​» ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​គូសបញ្ជាក់​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ «ខ្ញុំ​សង្ឃឹមថា​ផ្សារ​នេះ​ នឹង​បម្រើ​អត្ថ​ប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា​ និង​សម្រាប់​ដាក់​លក់ទំនិញ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ជាពិសេស​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ និង​របាំង​ពាណិជ្ជកម្ម​នានា​ ដែល​តែ​តែង​រាំងស្ទះ​ដល់​ធ្វើ​ចរាចរណ៍​ទំនិញ​ និង​ផលិតផល​នៅ​តាម​ព្រំដែន​កម្ពុជា​ និង​វៀតណាម​» ឯកឧត្តម​រដ្ឋមន្ត្រី​ មានប្រសាសន៍​បន្ថែម​។

លោក​ វ៉ូ​ ហ្គុង​មិញ​ ឯកអគ្គ​រដ្ឋទូត​វៀតណាម​ បានឱ្យ​ដឹង​ដែរ​ថា​ ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ដា​ថ្ងៃនេះ​ គឺ​ដើម្បី​អបអរ​ខួប​លើក​ទី​ ៥០​ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-វៀតណាម​ ហើយ​ព្រឹត្តិ​ការណ៍​នេះ​នឹង​រួមចំណែក​ពង្រឹង​មិត្តភាព​ប្រពៃណី​ និង​កិច្ច​សហប្រតិបត្តិ​ការ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំងពីរ​ថែមទៀត​។

លោក​ទូត​បន្ថែម​ថា​ «ខ្ញុំ​សង្ឃឹមថា​កា​រសាង់​សង់​ផ្សារ​ដា​នេះ​ នឹង​នាំមក​នូវ​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ និង​វៀតណាម​ ហើយនឹង​ក្លាយជា​គំរូ​នៃ​ការ​អភិវឌ្ឍ​ និង​ការពង្រីក​កិច្ចសហការ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃ​អនាគត​ ប្រកបដោយ​ជោគជ័យ​» ឯកឧត្តម​ ឯកអគ្គ​រដ្ឋទូត​ បាន​គូសបញ្ជាក់​។

គម្រោង​សាងសង់​ផ្សារ​នេះ​ ត្រូវ​បាន​អនុម័ត​លើកដំបូង​កាលពី​ឆ្នាំ២០១៣​ ហើយ​ត្រូវ​បាន​បន្ត​អនុវត្ត​ឡើងវិញ​នៅ​ឆ្នាំ២០១៦​ នៅ​លើ​ផ្ទែ​ដី​ទំហំ​ ១៩,៦២៨ម៉ែត្រការ៉េ​ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ថា​រី​ត្បូងឃ្មុំ​ ជាមួយ​ទុន​វិនិយោគ​សរុប​ចំនួន​ ៤៤,៧៦១,០០០លាន​ដុង​ ឬប្រមាណ​ជិត​ ២ លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​៕

ចំណេះដឹង​! តើ​ចំណុច​សំ​ខាន់​ៗអ្វីខ្លះ​នៃ​គោលនយោបាយ​លើ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​?

ដោយ​ វុត្ថា

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​បាន​បង្កើត​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ជាតិ​ ថ្នាក់​ខេត្ត​ ក្រុង​ តាម​សេចក្តី​សម្រេច​លេខ៤៧​ សសរ​ ចុះ​ថ្ងៃទី​ ១០​ ខែមិថុនា​ ឆ្នាំ​ ១៩៩៩​ ស្តី​ពី​ការបង្កើត​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដី​ធញលី​នៅ​តាម​ខេត្ត​ ក្រុង​ និង​ទូទាំង​ប្រទេស​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បានឱ្យ​ដឹង​ថា​ ចាប់តាំងពី​ការបង្កើត​គណៈកម្មការ​នេះ​ រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​ទំនាស់​ពាក់ព័ន្ធ​នឹង​គ្រួសារ​ជាង​ ៤០០០​ ។ យន្តការ​នេះ​ បាន​ជួយ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​តុលាការ​ និង​ប្រជាពលរដ្ឋ​។

នៅពេល​ដែល​ច្បាប់​ភូមិបាល​ចូលជាធរមាន​ គណៈកម្មការ​នេះ​ ត្រូវ​ជំនួស​ដោយ​គណៈកម្មការ​សុរិយោដី​ដែល​មានមុខ​ងារ​ប្រហាក់​ប្រហែលគ្នា​នឹង​គណៈកម្មការ​មុន​ ប៉ុន្តែ​មានអំណាច​ច្រើនជាង​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ ព្រមទាំង​មាន​ធនធាន​ច្រើនជាង​សម្រាប់​ធ្វើការ​អង្កេត​លើ​វិវាទកម្ម​។

វិវាទ​ដែល​ស្ថិតនៅ​ក្រៅ​សមត្ថកិច្ច​របស់​គណៈកម្មការ​នេះ​ នឹង​ត្រូវ​សម្រេច​ដោយ​តុលា​ សេចក្តី​សម្រេច​របស់​គណៈកម្មការ​សុរិយោដី​អាច​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​បាន​។ សេចក្តី​ត្រូវការ​ចំពោះមុខ​ គឺ​ ការ​ពង្រឹង​រចនាសម្ព័ន្ធ​ស្ថាប័ន​ និង​ការ​កសាង​សមត្ថភាព​មន្ត្រី​ទទួលខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ និង​ការ​កែលំអ​ ទំនាក់ទំនង​ស្ថាប័ន​តុលាការ​។

នៅក្នុង​តំបន់​ធ្វើការ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ អ្នក​ដោះស្រាយ​ទំ​នា​សដំបូងបង្អស់​ គឺ​គណៈកម្មការរដ្ឋបាល​ដែល​អនុវត្ត​ក្នុង​ក្របខណ្ឌ​ជាផ្នែក​មួយ​នៃ​ដំណើរការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័​ន្ធ ។ ក្នុងករណី​វិវាទ​ មិន​អាច​ដោះស្រាយ​បាន​ គណៈកម្មការរដ្ឋបាល​ត្រូវ​បញ្ជូន​វិវាទ​នេះ​ ទៅ​គណៈកម្មការ​សុរិយោដី​។

ចំណុច​សំ​ខាន់​ៗ ដែល​ធ្វើ​ឱ្យ​គោលនយោបាយ​នេះ​ មាន​ប្រសិទ្ធិ​ភាព​រួមមាន​ ការ​បណ្តុះបណ្តាល​ និង​ការ​ពង្រឹង​ស្ថាប័ន​សម្រាប់​មន្ត្រី​ដោះស្រាយ​វិវាទ​នៅក្នុង​គណៈកម្មការ​អប់រំ​មូលដ្ឋាន​ និង​ផ្តោត​ទៅលើ​ការ​ដោះស្រាយ​វិវាទ​ និង​ការអនុវត្ត​ជាក់ស្តែង​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅក្នុង​តំបន់​នោះ​។

សមត្ថភាព​នឹង​ត្រូវ​បាន​ប្រសើរ​ឡើង​តាមរយៈ​ការ​ផ្តល់​សម្ភារៈ​បរិ​ក្ខា​ការិយាល័យ​ និង​មធ្យោបាយ​ធ្វើដំណើរ​ដល់​គណៈកម្មការ​។ ទន្ទឹម​នឹង​នេះ​ កិច្ច​ខិតខំ​ពង្រឹង​ស្ថាប័ន​នឹង​ប្រើប្រាស់​អប់រំ​ផ្នែក​បច្ចេកទេស​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​គណៈកម្មការ​ និង​ស្ថាប័ន​តុលា​។

មានការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​អ្នក​ទន់ខ្សោយ​តាមរយៈ​ដៃ​គូរ​ឯកជន​សាធារណៈ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ កិច្ច​ខិត​ខំ​បប្រឹងប្រែង​នេះ​ដឹកនាំ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ សហការ​ជាមួយ​ក្រសួង​យុត្តិធម៌​ គណៈកម្មការ​សុរិយោដី​ និង​តុលាការ​៕

ម៉ាឡេស៊ី​នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​កំណើន​សេដ្ឋកិច្ច​ខ្លួន

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ កំណើន​សេដ្ឋកិច្ច​ម៉ាឡេស៊ី​នៅតែ​ស្ថិត​ក្នុង​លំដាប់​វិជ្ជមាន​ ដោយសារតែ​ការ​រីក​លូតលាស់​នៅក្នុង​វិស័យ​សេវាកម្ម​ និង​ផលិតកម្ម​។ នេះ​បើ​យោង​តាម​ធនាគារ​កណ្តាល​ម៉ាឡេស៊ី​ Bank​ Negara​ Malaysia​ (BNM​) ។

កំណើន​សេដ្ឋកិច្ច​ម៉ាឡេស៊ី​ចុះ​បន្តិច​បន្តូច​ពី​ ៤,៩​ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​សក្រុ​ក្នុងី​សទី​ ២ មក​ត្រឹម​ ៤,៤​ ភាគរយ​ ក្នុងី​សទី​ ៣ ។

របាយការណ៍​ប្រចាំត្រីមាស​របស់​ធនាគារ​កណ្តាល​ម៉ាឡេស៊ី​ បាន​បង្ហាញថា​ “កំណើន​សេដ្ឋកិច្ច​ម៉ាឡេស៊ី​មានកម្រិត​មធ្យម​ដល់​ ៤,៤​ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ៣ នៃ​ឆ្នាំ​ ២០១៩​ ​ដែល​បណ្តាល​មក​ពី​កំណើន​សេដ្ឋកិច្ច​ទាប​ និង​សកម្មភាព​រុករក​រ៉ែ​ និង​សំណង់​ធ្លាក់ចុះ​។

នៅ​ផ្នែក​តម្រូវការ​ សមាសធាតុ​តម្រូវការ​ក្នុង​ស្រុក​ និង​ការនាំចេញ​សុទ្ធ​ភាគច្រើន​មានសន្ទុះ​កំណើន​ទាប​ជាង​មុន​”។ សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​បន្ត​ធ្វើ​ឱ្យ​កំណើន​ក្នុង​វិស័យ​លក់រាយ​ និង​រថយន្ត​របស់​ម៉ាឡេស៊ី​ធ្លាក់ចុះ​ រួម​ជាមួយ​ផ្នែក​ដឹកជញ្ជូន​ និង​ផ្នែក​ពាក់ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន​។ របាយការណ៍​បាន​ថ្លែង​ថា​ “វិស័យ​សេវាកម្ម​បាន​កើនឡើង​ ៥,៩​ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩​។

ផ្នែក​អនុ​វិស័យ​លក់ដុំ​ និង​រាយ​ការ​រីក​លូតលាស់​កាន់តែ​ខ្លាំង​ក្នុង​ការ​លក់ដុំ​ត្រូវ​បាន​កំណត់​ដោយ​កំណើន​ទាប​នៃ​ផ្នែក​លក់រាយ​ និង​យានយន្ត​។ កំណើន​ក្នុង​វិស័យ​ដឹកជញ្ជូន​ និង​ផ្នែក​ផ្ទុក​ក៏​ទាប​ជាង​ចំ​ពេល​មាន​សកម្មភាព​ពាណិជ្ជកម្ម​ចុះ​ខ្សោយ​ ខណៈ​ដែល​ហិរញ្ញវត្ថុ​ និង​អនុ​វិស័យ​ធានារ៉ាប់រង​ត្រូវ​បាន​ធ្លាក់ចុះ​ ដោយ​សកម្មភាព​ហិរញ្ញប្បទាន​យឺត​ ទោះបីជា​ប្រាក់ចំណូល​ដែល​ពឹងផ្អែក​លើ​ថ្លៃ​សេវា​ខ្ពស់​ក៏ដោយ​”។

លោក​ Nor​ Shamsiah​ Mohd​ Yunus​ ទេសាភិបាល​ធនាគារ​កណ្តាល​ បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា​ កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ក្នុងរយៈពេល​ ៣ ខែ​ចុងក្រោយ​នៃ​ឆ្នាំនេះ​ ហើយ​បាន​និយាយ​ថា​ ធនាគារ​កណ្តាល​ដាក់ចេញ​នូវ​ការកាត់បន្ថយ​អត្រា​ការប្រាក់​ប្រសិនបើ​ត្រូវការ​”។

នៅក្នុង​សន្និ​សិត​កាសែត​មួយ​លោក​ Yunus​ បាន​និយាយ​ថា​ “យើង​មិន​ដើរ​លើ​ផ្លូវ​ដែល​បាន​កំណត់ទុក​ជាមុន​ទេ​។ យើង​បន្ត​តាមដាន​ការវិវឌ្ឍន៍​ខាងក្រៅ​ និង​របៀប​ដែល​វា​ជះឥទ្ធិពល​ដល់​ទស្សនវិស័យ​របស់​យើង​ចំពោះ​កំណើន​ និង​អតិផរណា​ ហើយ​យើង​នឹង​ពឹងផ្អែក​លើ​ទិន្នន័យ​ជានិច្ច​”៕

ក្រសួង​ចំនួន៤​ គ្រោង​ច្របាច់​ក្រុម​អធិការកិច្ច​បញ្ចូល​គ្នា​តែមួយ​ ដើម្បី​សម្រួលការ​លំបាក​ដល់​វិស័យ​ឯកជន

ដោយ ​វុត្ថា

​ភ្នំពេញ​៖ ក្រសួង​ទាំង៤រួមមាន​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ក្រសួង​ទេសចរណ៍​ និង​ក្រសួងបរិស្ថាន​ គ្រោង​នឹង​ច្របាច់​បញ្ចូល​ក្រុម​អធិការកិច្ច​ការងារ​ក្នុង​កម្រិត​អន្តរ​ស្ថាប័ន​លើកដំបូង​ ដើម្បី​សម្រួលការ​លំបាក​ដល់​វិស័យ​ឯកជន​ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​ ។

គោលបំណង​សំ​ខា​នន់​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា​នេះ​ គឺ​ត្រូវ​បាន​ធ្វើឡើង​ស្របតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​ ជា​កញ្ចប់​មួយចំនួន​ សំដៅ​ពង្រឹង​ភាព​ប្រកួតប្រជែង​ និង​ជំរុញ​ការ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។

លោក​ អ៊ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​អន្តរក្រសួង​នា​ព្រឹក​នេះ​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ យោង​តាម​លទ្ធផល​វេទិកា​រាជរដ្ឋាភិបាល​ និង​ផ្នែកឯកជន​លើក​ទី១៨​ រាជរដ្ឋាភិបាល​បាន​ចាត់តាំង​ឱ្យ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ទទួលបន្ទុក​ការ​ច្របាច់​បញ្ចូល​ក្រុម​អធិការកិច្ច​ការងារ​ក្នុង​កម្រិត​អន្តរក្រសួង​-ស្ថាប័ន​ ក្នុង​នោះ​ ចែក​ជា២ជំហាន​៖

ជំហាន​ដំបូង​៖ គ្រប់​ក្រសួង​-ស្ថាប័ន​ទាំងអស់​ដែល​មាន​អធិការកិច្ច​ទៅតាម​រោងចក្រ​ សហគ្រាស​លើស​ពី​មួយ​ក្រុម​ ត្រូវ​ច្របាច់​បញ្ចូល​គ្នា​ទាំងអស់​ឱ្យទៅ​ជា​ក្រុម​តែមួយ​ និង​ចុះ​តែមួយ​លើក​ក្នុង​មួយឆ្នាំ​ចំពោះ​គោលដៅ​មួយ​ ដោយ​រៀបចំ​បញ្ជី​សកម្មភាព​អធិការកិច្ច​ និង​ការកំណត់​ពេលវេលា​ចុះ​ឱ្យ​បាន​ច្បាស់លាស់​ លើកលែងតែ​មាន​ករណី​ចាំបាច់​ ឬករណី​ជា​បទល្មើស​។

ចំពោះ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ គឺ​បាន​បន្ត​ប្រើ​យន្តការ​ក្រុម​អធិការកិច្ច​ការងារ​តែមួយ​ ដែល​ចុះ​ក្នុង​ពេល​តែមួយ​ និង​ប្រើ​បទដ្ឋាន​វាយតម្លៃ​តែមួយ​ ដែល​ក្រសួង​បាន​ដាក់​ឱ្យ​អនុវត្ត​តាំងពី​ឆ្នាំ២០១៤​។ ក្រុម​អធិការកិច្ច​ការងារ​នេះ​ នឹង​ចុះ​ធ្វើ​អធិការកិច្ច​ការងារ​លើ​សហគ្រាស​ គ្រឹះស្ថាន​ចំនួន​តែម្ដង​គត់​ក្នុង​មួយឆ្នាំ​ ចំពោះ​គោលដៅ​មួយ​។

ជំហាន​បន្ទាប់​៖ គឺ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នឹង​រៀបចំ​ដឹកនាំ​ក្រុមការងារ​ដោយមាន​ការចូលរួម​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ មាន​ក្រុម​អធិការកិច្ច​ការងារ​ទៅតាម​សហ​គ្រា​ សហគ្រាស​ ដើម្បី​ពិនិត្យ​ពី​សារសំខាន់​នៃ​ការ​ចុះ​ធ្វើ​អធិការកិច្ច​នី​មួយ​ៗ កំណត់​ឱ្យ​បាន​នូវ​អធិការ​មួយ​ណា​គួរ​ទុក​ និង​មួយ​ណា​គួរ​ដកចេញ​ និង​រៀបចំ​ជា​បញ្ជី​ក្រុម​អធិការកិច្ច​ មុខងារ​ និង​ពេលវេលា​ចុះ​អធិការកិច្ច​ឱ្យ​បាន​ច្បាស់លាស់​។

លោក​ ហេង​ សួរ​ រដ្ឋលេខាធិការ​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​បញ្ជាក់​បន្ថែម​ថា​ ក្នុង​កិច្ចពិភាក្សា​ជាមួយ​អន្តរក្រសួង​នា​ព្រឹក​នេះ​ យើង​បាន​ស្នើសុំ​បញ្ជី​អធិការកិច្ច​ការងារ​របស់ក្រ​សួង​នី​មួយ​ៗមក​ពិនិត្យ​រួមគ្នា​ «ប្រសិនបើ​កម្មវត្ថុ​អធិការកិច្ច​ណាខ្លះ​ដូចគ្នា​ យើង​នឹង​សំយោគ​បញ្ចូល​គ្នា​ ហើយ​កម្មវត្ថុ​ណាខ្លះ​ស្រដៀងគ្នា​ និង​វា​មាន​ស្តង់​ដា​ផ្សេងគ្នា​ យើង​អាច​សំយោគ​ស្តង់​ដា​នេះ​ឱ្យទៅ​ជា​ស្តង់​ដា​រួម​»។

លោក​បន្ត​ថា​ ក្នុង​ដំណើរការ​នៃ​ការ​ធ្វើ​អធិការកិច្ច​ការងារ​នេះ​ ដំបូង​ឡើយ​ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន​ និង​វិស័យ​ឯកជន​នានា​ ត្រូវ​ធ្វើ​ស្វ័យ​ប្រកាស​ដោយខ្លួនឯង​ជាមុន​សិន​ បន្ទាប់មក​ ក្រុម​អធិការកិច្ច​ការងារ​អន្តរក្រសួង​-ស្ថាប័ន​នឹង​ចុះទៅ​ត្រួតពិនិត្យ​រួមគ្នា​លើ​ស្វ័យ​ប្រកាស​របស់​ផ្នែកឯកជន​ទាំងនោះ​ «ថា​តើ​កិច្ចការ​ដែល​គាត់​ធ្វើ​សមស្រប​ ឬត្រឹមត្រូវ​តាម​ស្វ័យ​ប្រកាស​របស់​គាត់​ដែរ​ឬទេ​»។

ដល់ពេល​នោះ​ ក្រុម​អធិការកិច្ច​ការងារ​អន្តរក្រសួង​នឹង​ធ្វើការ​វាយតម្លៃ​ជាក់ស្ដែង​ទៅលើ​អាជីវកម្ម​របស់​ពួកគាត់​តែម្ដង​៕

កម្ពុជា​ចាប់ផ្តើម​ពង្រីក​ការ​តភ្ជាប់​ជើងហោះហើរ​ទៅកាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​

ដោយ ​វុត្ថា​

ទីក្រុង​ហាន់​ណូយៈ​ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​មួយចំនួន​ ដើម្បី​តភ្ជាប់​ជើងហោះហើរ​នៅក្នុង​តំបន់​អាស៊ាន​ និង​អាស៊ាន​ចិន​ ក្នុង​ការ​បង្កើន​ទេសចរណ៍​ វិនិយោគ​ សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ នៅក្នុង​ប្រទេស​វៀតណាម​។

លោកនាយ​ឧត្តមសេនីយ៍​ ម៉ៅ​ ហា​វណ្ណា​ល់់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​ ២៥​ ពី​ថ្ងៃទី​ ១៤​-១៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នៅ​រដ្ឋធានី​ហាណូយ​ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ដូច​ខាងក្រោម​ ទី១​- ពិធីសារ​ទី៣​ ស្តី​ពី​ការ​ពង្រឹង​សិទ្ឋិ​ហោះហើរ​ទី៥​ ក្រោម​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​តាមផ្លូវអាកាស​ រវាង​អាស៊ាន​ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ទី២​-ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី១១​ នៃ​សេវា​ដឹកជញ្ជូន​តាមផ្លូវអាកាស​ ក្រោម​កិច្ច​ព្រមព្រៀង​ក្រប​ ខណ្ឌ័​អាស៊ាន​ ស្តី​ពី​សេវាកម្ម​។

ចំពោះ​ការ​ចុះហត្ថលេខា​លើ​ពី​សារ​ទី៣​ និង​ពិធីសារ​ទី១១នេះ​ នឹង​ជួយ​ជម្រុ​ញការ​ផ្សារភ្ជាប់​ការ​ដឹកជញ្ជូន​ តាមផ្លូវអាកាស​ក្នុង​តំបន់​អាស៊ាន​ កាន់តែ​ទូលំទូលាយ​ថែមទៀត​ ជាពិសេស​ការ​ជម្រុ​ញសកម្មភាព​ហោះហើរ​ ដឹកជញ្ជូន​តាមផ្លូវអាកាស​ រវាង​អាស៊ាន​ និង​ចិន​។

នាយ​ឧត្តមសេនីយ៍​ ម៉ៅ​ ហា​វណ្ណា​ល់់​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ការសម្រេច​បាន​នូវ​ពិធីសារ​ថ្មី​ សម្រាប់​ការ​ចុះហត្ថលេខា​នា​ថ្ងៃនេះ​ ក៏​នឹង​ជួយ​រួមចំណែក​ដល់​ការ​ទ្រទ្រង់​ការ​រីកចម្រើន​នូវ​ការដោះដូរ​ពាណិជ្ជកម្ម​ ទេសចរណ៍​ ការ​វិនិយោគ​ សេដ្ឋកិច្ច​ និង​សង្គម​ នៅក្នុង​តំបន់​អាស៊ាន​ និង​អាស៊ាន​ចិន​ផង​ដែរ​៕

រដ្ឋមន្ត្រី​បរិស្ថាន​៖ ខេត្ត​ព្រះសីហនុ​នឹង​ក្លាយជា​អ្នក​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា​

ដោយ នៅ​ ស៊ី​វុត្ថា​

ខេត្ត​ព្រះ​សី​ហនុៈ​ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​ លោក​សាយ​ សំ​អាល់​ បាន​លើកឡើង​ថា​ ខេត្ត​ព្រះសីហនុ​ នឹង​ក្លាយជា​អ្នក​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ដ៏​សំខាន់​ព្រោះ​ការ​អភិវឌ្ឍ​ន៍​ថ្មី​ៗ បាន​និង​កំពុង​ចាប់ផ្តើម​យ៉ាងសកម្ម​ សម្រាប់​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ ឈាន​ទៅ​ដឹកនាំ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខ​។

លោក​សាយ​ សំ​អាល់​ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ឱ្យ​ដឹង​ថា​ ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ​ និង​មាន​កំណើន​សេដ្ឋកិច្ច​ជាប្រចាំ​ ហើយ​ប្រជាពលរដ្ឋ​ បាន​ប្រែក្លាយ​ជីវភាព​ពី​ការរស់នៅ​តាម​ជនបទ​ មក​ធ្វើការ​ជា​បុគ្គលិក​ កម្មករ​ និយោជក​ ហើយ​បាន​និង​កំពុង​អភិវឌ្ឍន៍​ជីវភាព​បន្ថែម​ទៀត​ ទៅជា​អ្នកធ្វើការ​ងារ​ និង​គ្រប់គ្រង​វិស័យ​សេវាកម្ម​ យ៉ាង​សំខាន់​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា​“កម្ពុជា​បាន​កំណត់​ទស្សនវិស័យ​យ៉ាង​ច្បាស់លាស់​ ប្រែក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ឆ្នាំ២០៣០​ និង​ជា​ប្រទេស​ចំណូល​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៥០​”។

លោក​សាយ​ សំ​អាល់​បានឱ្យ​ដឹង​បន្ត​ថា​ នៅក្នុង​ផែនការ​យុទ្ធ​សាស្រ្ត​ ខេត្ត​ព្រះសីហនុ​កំពុង​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន​ ផ្លូវថ្នល់​ ដែល​ក្នុង​នោះ​គម្រោង​ស្ថាបនា​ផ្លូវ៣៤ខ្សែ​ចំណាយ​ទឹកប្រាក់​ប្រមាណ៣០០លាន​ដុល្លារ​ និង​សម្ពោធ​បើក​ការដ្ឋាន​នៅ​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ស្អែកនេះ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ ធ្លាប់​បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ រាជរដ្ឋាភិបាល​កំណត់​ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​អភិវឌ្ឍន៍​ទីក្រុង​ទំនើប​ រមណីយដ្ឋាន​ ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើស​កល​លោក​ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ជា​ច្រកចេញ​ចូល​អន្តរជាតិ​ មជ្ឈមណ្ឌល​កំណើន​ជាតិ​ មជ្ឈមណ្ឌល​ភស្តុភារ​ធម្មជាតិ​ មាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន​ និង​ទីផ្សារ​សកលលោក​ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ ដែល​មាន​សុខដុម​នី​យក​ម្ម​។

លោក​អភិបាលខេត្ត​រូប​នេះ​បន្ថែម​ថា​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្ត​ព្រះសីហនុ​ ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ បណ្ដាក់ទុន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ពី​អ្នក​វិនិយោគ​បរទេស​ ជាពិសេស​អ្នក​វិនិយោគ​ជនជាតិ​ចិន​ស្ថិត​ក្នុង​លំដាប់​ទី១​ ជាហេតុ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ មានសន្ទុះ​អភិវឌ្ឍន៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ លើ​វិស័យ​សំ​ខាន់​ៗដូចជា​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ដឹកជញ្ជូន​ សំណង់​ ទេសចរណ៍​ និង​កាស៊ីណូ​។

ខេត្ត​ព្រះសីហនុ​ ក្នុងរយៈ​ពេល​ប៉ុន្មា​ឆ្នាំ​កន្លងមក​នេះ​ ក្រៅពី​ការ​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​ ខុន​ដូ​ និង​អចលនទ្រព្យ​ផ្សេងទៀត​ បាន​និង​កំពុង​ទាក់ទាញ​លើ​ការ​វិនិយោគ​លើ​វិស័យ​កាស៊ីណូ​យ៉ាងច្រើន​គម្រោង​ និង​បាន​ដាក់​ឱ្យ​ដំណើរ​នូវ​គម្រោង​ជាច្រើន​ផង​ដែរ​ ដើម្បី​ឆ្លើ​តប​ទៅ​នឹង​កំណើន​ការ​វិនិយោគ​ និង​ទេសចរណ៍​ចូល​ទៅ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​កម្ពុជា​មួយ​នេះ​៕

អ្នកជំនាញ ៖ ការវិនិយោគផ្ទះនៅតាមបុរីមានឱកាសចំណេញខ្ពស់

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បើ​ទោះជា​ការ​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​បែប​ទំនើប​នៅ​តាម​បណ្តា​បុរី​នានា​មានការ​កើនឡើង​យ៉ាងណាក៏ដោយ​ ចំពោះ​តម្លៃ​នៃ​លំនៅ​ដ្ឋាន​ទាំងអស់​នេះ​នៅតែ​បន្ត​កើនឡើង​ជាបន្តបន្ទាប់​ ដែល​យ៉ាងហោចណាស់​ចាប់ពី​ប្រមាណ​ ២៥​ – ៣៥​ ភាគរយ​ប្រចាំឆ្នាំ​ និង​ផ្តល់​ឱកាស​ដល់​បណ្តា​អ្នក​វិនិយោគ​លក់​បន្ត​ងាយ​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​។ នេះ​បើ​តាម​ការ​អះអាង​ពីសំណាក់​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បញ្ជាក់​ប្រាប់​។

ផ្អែក​តាម​ការ​ឱ្យ​ដឹងពី​ក្រុម​អ្នកជំនាញ​ផ្នែក​លក់​ អចលនទ្រព្យ​បាន​បញ្ជាក់​ថា​ នៅ​ត្រឹម​រយៈពេល៣ឆ្នាំ​ចុងក្រោយ​នេះ​ តម្លៃ​លំនៅ​ដ្ឋាន​នៅ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ ជាពិសេស​លំនៅ​ដ្ឋាន​បែប​ទំនើប​ ដែល​ស្ថិតនៅ​តាម​បណ្តា​បុ​រី​ធំៗ​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ បុរី​ ប៉េង​ហួត​ បុរី​ ជីព​ម៉ុង​ បុរី​ វិមាន​ភ្នំពេញ​ បុរី​ ភ្នំពេញថ្មី​ និង​បុរី​ពិភព​ថ្មី​ជាដើម​។

ប្រធាន​ផ្នែក​លក់​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន​ EASY​ Property​ Investment​ កញ្ញា​ ឈិន​ សុភា​ បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ទន្ទឹម​នឹង​ការ​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ជាពិសេស​នៅ​តំបន់​ជាយក្រុង​ ដើម្បី​ឆ្លើយតប​ទៅ​តម្រូវការ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​នោះ​ បាន​ជំរុញ​ឱ្យ​តម្លៃ​នៃ​លំនៅ​ដ្ឋាន​គ្រប់​ប្រភេទ​ មានការ​កើនឡើង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “តាម​បទពិសោធន៍​របស់ខ្ញុំ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លក់​លំនៅ​ដ្ឋាន​តាម​បណ្តា​បុ​រី​ធំៗ​ ដែល​ស្ថិតនៅ​ទិសខាងលិច​ ឆៀងខាងជើង​រាជធានី​ភ្នំពេញ​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​បុរី​ ប៉េង​ហួត​ បុរី​ជីព​ម៉ុង​ និង​បុរី​វិមាន​ភ្នំពេញ​ គឺ​តម្លៃ​ផ្ទះ​មានការ​កើនឡើង​ជាបន្តបន្ទាប់​ ប៉ុន្តែ​ការ​ឡើង​តម្លៃ​ទាំងនេះ​ នៅ​មិនទាន់​ក្លាយជា​ឧបសគ្គ​ក្នុង​ការ​លក់​នោះ​ទេ​”។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “ជាទូទៅ​តម្លៃ​លំនៅ​ដ្ឋាន​ដែល​នៅ​តាម​បណ្តា​បុ​រី​ធំៗ​ និង​ល្បីឈ្មោះ​ទាំងអស់​នេះ​ ទាប​បំផុត​ត្រឹម​ជាង៩ម៉ឺន​ដុល្លារ​ ហើយ​ខ្ពស់​បំផុត​រហូតដល់​ជាង៨០ម៉ឺន​ដុល្លារ​ អាស្រ័យ​ទៅតាម​ប្រភេទ​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ប្រណីត​”។កញ្ញា​បាន​បញ្ជាក់​ទៀត​ថា​ ការ​កើនឡើង​នូវ​តម្លៃ​លំនៅ​ដ្ឋាន​ទំនើប​ និង​ប្រណីត​នៅក្នុង​បុរី​ទាំងអស់​នេះ​ មិនបាន​ធ្វើ​ឱ្យ​ការ​លក់​ធ្លាក់ចុះ​នោះ​ទេ​។

ផ្ទុយទៅវិញ​ បរិមាណ​នៃ​ការ​លក់​លំនៅ​ដ្ឋាន​ទូទៅ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ជាពិសេស​ប្រភេទ​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​មធ្យម​ និង​ក្រោម​មធ្យម​ ដែល​បណ្តា​ក្រុមហ៊ុន​ និង​អ្នក​អភិវឌ្ឍ​មួយចំនួន​កំពុងតែ​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ​។ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ ងាក​មក​មើល​ពីទី​ផ្សារ​លំនៅ​ដ្ឋាន​ដែល​ស្ថិតនៅ​ក្នុង​បុរី​ ប៉ែក​ខាងកើត​ និង​ខាងត្បូង​រាជធានី​ភ្នំពេញ​ ក៏​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​ ហើយ​ចំពោះ​តម្លៃ​ក៏​មានការ​កើនឡើង​ស្រដៀងគ្នា​ ទៅ​នឹង​លំនៅ​ដ្ឋាន​ដែល​ស្ថិតនៅ​ប៉ែក​ខាងលិច​ និង​ជើង​នោះ​ដែរ​។

លោក​ យ៉ែម​ ចាន់​ថុល​ ដែល​ជា​ប្រធាន​ផ្នែក​លក់​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ EASY​ Property​ Investment​ និង​កំពុងតែ​កាន់​គម្រោង​លក់​លំនៅ​ដ្ឋាន​ក្នុង​បុ​រី​ធំៗ​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្តា​យផ្លូវជាតិ​លេខ១​ ក៏បាន​មាន ប្រសាសន៍​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ មិនថា​ចំពោះតែ​លំនៅ​ដ្ឋាន​ ស្ថិតនៅ​ក្នុង​បុរី​ប៉េង​ហួត​ បុ​រី​លុច្ស​សារី​ នោះ​ទេ​ គឺ​មានការ​កើនឡើង​នូវ​តម្លៃលើស​ពី​ការ​រំពឹង​ទុក​ ដែល​ផ្តល់​ឱកាស​ដល់​អ្នកទិញ​ទុក​លក់​បន្ត​យកចំណេញ​ប្រមាណ​ជាង៣០ភាគរយ​ជាប្រចាំ​ឆ្នាំ​។

លោក​បន្ត​ទៀត​ថា​ កាលពី​ប្រមាណ​ជាង៣ឆ្នាំមុន​ លំនៅ​ដ្ឋាន​បែប​ធម្មតា​ (link​ house​) នៅក្នុង​បុរី​ ប៉េង​ ហួត​ គឺ​មានតម្លៃ​ត្រឹម​ជាង៧ម៉ឺន​តែប៉ុណ្ណោះ​ ប៉ុន្តែ​បច្ចុប្បន្ន​ ប្រភេទ​លំនៅ​ដ្ឋាន​ដដែល​នេះ​ មានតម្លៃ​ទាប​បំផុត​ក៏​ជាង១០ម៉ឺន​ដុល្លារ​ដែរ​ ហើយ​ស្ទើរតែ​គ្មាន​លក់​ផង​។លោក​បាន​បន្ត​ទៀត​ថា​ សម្រាប់​តម្លៃ​លំនៅ​ដ្ឋាន​ដែល​ស្ថិតនៅ​ក្នុង​ បុរី​ ប៉េង​ ហួត​ និង​បុរី​ ជីព​ ម៉ុង​ ដែល​នៅ​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ​ ក៏​មានការ​កើនឡើង​មិនចាញ់​តំបន់​ប៉ែង​ខាងកើត​នោះ​ដែរ​ ហើយ​ការ​កើនឡើង​នូវ​តម្លៃ​លំនៅ​ដ្ឋាន​ បែប​ទំនើប​ទាំងអស់​នេះ​ បាន​ជំរុញ​ឱ្យ​លំនៅ​ដ្ឋាន​ បែប​បណ្តុំ​ផ្ទះល្វែង​ដែល​ស្ថិត​ក្បែរ​បុរី​ទាំងនេះ​ មាន​ទីផ្សារ​ល្អ​ផង​ដែរ​។

អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ម៉ម​ សិរី​បញ្ញា​ បាន​មានប្រសាសន៍​ថា​ ការ​កើនឡើង​នូវ​តម្លៃ​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ប្រណីតភាព​ក្នុង​បុ​រី​ធំៗ​ទាំងអស់​នេះ​ បាន​ចូលរួម​ធ្វើ​ឱ្យ​ទីផ្សារ​លំនៅ​ដ្ឋាន​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ដែល​អំណោយផល​ទៅដល់​បណ្តា​អ្នក​វិនិយោគ​លំនៅ​ដ្ឋាន​ខ្នាត​តូច​ និង​មធ្យម​។

លោក​បាន​បញ្ជាក់​ថា​ “នៅពេល​ដែល​តម្លៃ​លំនៅ​ដ្ឋាន​ក្នុង​បុរី​ថ្លៃ​ខ្លាំងពេក​ អ្នកទិញ​នឹង​ពិចារណា​ ងាក​ទៅ​រក​ទីផ្សារ​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​មធ្យម​ និង​ក្រោម​មធ្យម​ជំនួស​វិញ​ ដែល​រូបភាព​បែបនេះ​បាន​ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍន៍​មាន​ទឹកចិត្ត​ និង​បន្តសកម្មភាព​អភិវឌ្ឍ​របស់​ខ្លួន​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​”៕

តើ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ដូចម្ដេច​ ដើម្បី​ទាក់ទាញ​លំហូរ​ទុន​វិនិយោគ​ពី​អាមេរិក​?

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ជាមួយនឹង​គោលបំណង​ពង្រីក​នូវ​វិសាលភាព​ និង​ឥទ្ធិពល​សេដ្ឋកិច្ច​បន្ថែម​នៅក្នុង​តំបន់​អាស៊ាន​ មន្ត្រី​ជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក​បាន​មកកាន់​កម្ពុជា​ ធ្វើការ​សិក្សា​ និង​សម្លឹង​ពី​សក្ដានុពល​ រួម​ជាមួយ​ការ​អភិវឌ្ឍ​ជាក់ស្ដែង​ ដើម្បី​ឈាន​ដល់​ការ​បង្ហូរ​ទុន​វិនិយោគ​នៅក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​មួយ​នេះ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ថា​ វត្តមាន​របស់​មន្ត្រី​ជាន់ខ្ពស់​ដែល​ជាស​មា​ជិ​កព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក​មកកាន់​កម្ពុជា​នៅពេល​នេះ​ វា​គឺជា​សញ្ញា​ល្អ​មួយ​ដែល​បង្ហាញថា​ អាមេរិក​កំពុងតែ​ចាប់អារម្មណ៍​មក​លើ​កម្ពុជា​នៅក្នុង​ការពង្រីក​កិច្ច​ទំនាក់ទំនង​លើ​ការ​វិនិយោគ​ និង​ពង្រីក​ទំហំ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២​។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ “នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ដែល​មាន​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ជា​ប្រធាន​ដឹកនាំ​ លោក​ អេ​រិច​សិន​ ដើក​ (Ericksen​ Doug​) សមាជិកព្រឹទ្ធសភា​អាមេរិក​ បាន​បញ្ជាក់​ថា​ គោលបំណង​ដែល​លោក​មកកាន់​កម្ពុជា​ គឺ​ធ្វើការ​ស្វែងយល់​ពី​ស្ថានភាព​ពិតប្រាកដ​ និង​ទទួល​ព័ត៌មាន​ដោយ​ផ្ទាល់​អំពី​វឌ្ឍនភាព​នានា​នៅ​កម្ពុជា​ ដើម្បី​លើកកម្ពស់​មិត្តភាព​រវាង​ប្រទេស​ទាំង២​ ក៏ដូចជា​ជំរុញ​ កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​។ ​

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ខាង​ភាគី​សហរដ្ឋអាមេរិក​ បាន​ស្នើសុំ​កិច្ចសហការ​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ដើម្បី​រៀបចំ​ព្រឹត្តិ​ការណ៍​ធុរកិច្ច​នានា​ទាក់ទាញ​វិនិយោគិន​អាមេរិក​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​ រួម​ជាមួយនឹង​ការសន្យា​ជួយ​សម្របសម្រួល​ កៀងគរ​វិនិយោគិន​ និង​ធុរជន​អាមេរិក​ ធ្វើទស្សនកិច្ច​មកកាន់​កម្ពុជា​ ដើម្បី​ពួកគេ​បាន​ជ្រាប​ច្បាស់​អំ​ពី​សក្តា​នុ​ពល​សេដ្ឋកិច្ច​ និង​ទីផ្សារ​កម្ពុជា​”។

ជាមួយគ្នា​នេះ​ សមាជិកព្រឹទ្ធសភា​អាមេរិក​រូប​នេះ​ ក៏បាន​អញ្ជើញ​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ដឹកនាំ​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ធ្វើទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​។

អ្នកវិភាគ​ និង​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បណ្ឌិត​ ហុង​ វណ្ណៈ​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃជា​មួយ​គ្នា​នេះ​ផង​ដែរ​ថា​ កិច្ច​ជំនួប​ពិភាក្សា​ការងារ​ និង​ការ​វិនិយោគ​របស់​អាមេរិក​នៅ​កម្ពុជា​នៅពេល​នេះ​ គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ទៅលើ​ការសិក្សា​តែប៉ុណ្ណោះ​។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​ទីផ្សារ​កម្ពុជា​ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​ដែល​បាន​ក្លាយជា​ដៃគូ​វិនិយោគ​ជាមួយ​អាមេរិក​ កម្ពុជា​ហាក់​មាន​ភាព​តូច​ចង្អៀត​ជាងគេ​បន្តិច​”។

លោក​បណ្ឌិត​ ហុង​ វណ្ណៈ​ បាន​មាន ប្រសាសន៍​បន្ត​ទៀត​ថា​ “ជា​បទពិសោធន៍​កាលពី​ពេល​កន្លងទៅ​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ យើង​ឃើញ​មាន​ទំហំ​ធំ​គួរសម​ ប៉ុន្តែ​បើ​ចំពោះ​ការ​បណ្តាក់​ទុន​វិនិយោគ​នៅ​មិនទាន់​មាន​ភាព​លេចធ្លោ​នៅឡើយ​នោះ​ទេ​ ហើយក៏​ទាន់​ដឹង​ច្បាស់​ថា​ អាមេរិក​ មក​នៅពេល​នេះ​មាន​គម្រោង​វិនិយោគ​ទៅលើ​វិស័យ​អ្វី​ឱ្យ​ពិតប្រាកដ​នោះ​ដែរ​ ដោយសារតែ​ទំហំ​ទីផ្សារ​វិនិយោគ​នៅ​កម្ពុជា​ចំពោះ​អាមេរិក​ គឺ​មានកម្រិត​ណាស់​”។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ដែល​ជា​ដៃគូ​វិនិយោគ​របស់​អាមេរិក​គឺ​មាន​ច្រើន​រួច​ខ្លះទៅ​ហើយ​ ដូចជា​ប្រទេស​ថៃ​ វៀតណាម​ ម៉ាឡេស៊ី​ ហ្វីលីពីន​ ជាដើម​ ដែល​ប្រទេស​ទាំងនេះ​សុទ្ធតែ​មាន​ទីផ្សារ​ធំជាង​កម្ពុជា​”។ លោក​បាន​បន្ត​ទៀត​ថា​ “យ៉ាងណាក៏ដោយ​ ក្នុង​ន័យ​សេដ្ឋកិច្ច​ ឱ្យ​តែ​មានការ​វិនិយោគ​ ការ​ធ្វើ​ពាណិជ្ជកម្ម​ មិនថា​ទំហំ​ប៉ុនណា​នោះ​ទេ​ គឺ​សុទ្ធតែ​ជា​ចំណុច​វិជ្ជមាន​ទាំងអស់​ ហើយ​បើ​ប្រទេស​មហាអំណាច​អាមេរិក​ចូល​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ វា​កាន់តែ​ល្អ​ប្រសើរ​ចំពោះ​សេដ្ឋកិច្ច​”។

លោក​បាន​បញ្ជាក់​ថា​ “កម្ពុជា​មាន​សក្ដានុពល​ទៅលើ​ធនធាន​នៃ​វត្ថុធាតុដើម​ ជាពិសេស​ផ្នែក​កសិកម្ម​ សម្រាប់​ផលិត​ និង​កែច្នៃ​ក្នុង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ប៉ុន្តែ​កម្ពុជា​នៅ​មិនទាន់​មានចំណេះ​ និង​ជំនាញ​ផ្នែក​បច្ចេកទេស​នៅឡើយ​នោះ​ទេ​ ដូច្នេះ​ អាមេរិក​អាច​វិនិយោគទុន​ដោយ​យក​កម្ពុជា​ធ្វើជា​ទីតាំង​ផលិត​ ដូចជា​ការបង្កើត​រោងចក្រ​កែច្នៃ​សម្រាប់​នាំចេញ​ជាដើម​ ដែល​ចំណុច​នេះ​ក៏អាច​ជា​ជម្រើស​ល្អ​សម្រាប់​អាមេរិក​ផង​ដែរ​”។

លោក​បន្ថែម​ថា​ “ក្រៅពី​នេះ​ អាមេរិក​ ក៏អាច​វិនិយោគ​ទៅលើ​វិស័យ​ទេសចរណ៍​ជាមួយ​កម្ពុជា​ផង​ដែរ​ តាមរយៈ​ការបង្កើត​ភ្នាក់ងារ​ទេសចរ​រវាង​ អាមេរិក​ និង​កម្ពុជា​ ខណៈ​ដែល​កម្ពុជា​ ក៏​ជា​ប្រទេស​ដែល​មាន​អំណោយផល​លើ​វិស័យ​ទេសចរណ៍​វប្បធម៌​ និង​ធម្មជាតិ​ផង​ដែរ​នោះ​” ៕