សណ្ឋាគារ​ និង​មណ្ឌល​កំសាន្ត​ថ្មី​មួយ​បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ខេត្ត​ព្រះសីហនុ​

ដោយ​ ប៊ី​

ព្រះ​សី​ហនុៈ​ សណ្ឋាគារ​ និង​ មណ្ឌល​កំសាន្ត​ឌុន​ហ័ង​ បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ខេត្ត​ព្រះសីហនុ​ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​មាន​កំណើន​ជិត១១ភាគរយ​ ក្នុងរយៈពេល១០ខែ​ឆ្នាំនេះ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ពិធីសម្ពោធ​សណ្ឋាគារ​ និង​មណ្ឌល​កំសាន្ត​ ឌុន​ហ័ង​ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ លោក​ជំ​ទា​វម៉ែន​ សំ​អន​ ឧបនាយក​រដ្ឋ​មន្រ្ដី​ រដ្ឋ​មន្រ្ដី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា​ និង​អធិការកិច្ច​នៅ​ ក្រុង​ព្រះសីហនុ​ ខេ​ត្ដ​ព្រះសីហនុ​នៅ​ថ្ងៃទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​នេះ​។

ថ្លែង​ក្នុង​ឱកាស​នោះ​ លោកជំទាវ​បាន​មានប្រសាសន៍​ថា​ សណ្ឋាគារ​ និង​មណ្ឌល​កំសាន្ត​ ដ៏​ល្អ​ប្រណិត​នេះ​ ពិតជា​សមិទ្ធផល​​ថ្មី​មួយទៀត​ របស់​ខេត្ត​ព្រះសីហនុ​ ដែល​ជា​ខេ​ត្ដ​ភាគ​នីរតី​ នៃ​ប្រទេស​កម្ពុជា​ ពោរពេញ​ទៅ​ដោយសក្តានុពល​យ៉ាង​ខ្លាំង​ ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ និង​ទេសចរណ៍​។

លោកជំទាវ​បាន​បន្ត​ទៀត​ថា​ ក្រោម​ការដឹកនាំ​ប្រកបដោយ​កត្ដិ​បណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ ជានា​យក​រដ្ឋមន្ត្រី​ បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​ស្ថិរភាព​នយោបាយ​ សន្ដិ​សុខ​ និង​សន្តិភាព​ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ សមិទ្ធិ​ផល​ថ្មី​ថ្ងៃនេះ​ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការអភិវឌ្ឍន៍​ខេត្ត​ ស្រប​ពេល​ដែល​ខេត្ត​ព្រះសីហនុ​ បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ៣៤ខ្សែ​ ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ដែល​ជា​ការ​ចាប់ផ្តើម​បើក​នូវ​ទំព័រ​សករាជ​ថ្មី​នៃ​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ ហើយ​ក្រុង​ព្រះសីហនុ​នឹង​ប្រែ​មុខមាត់​ថ្មី​ ក្លាយទៅជា​ទីក្រុង​ពហុ​បំណង​មាន​សុវត្ថិភាព​ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​អ្នក​វិនិយោគ​ តាមរយៈ​ផ្លូវថ្នល់​ធំ​ ស្អាត​ទូលាយ​ រួម​ជាមួយនឹង​អា​គារ​ខ្ពស់​ៗរាប់ពាន់​ ដែល​បាន​កើត​ឡើង​ព្រម​ៗគ្នា​ផង​ដែរ​។

លោក​គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ថា​ ខេត្ត​ព្រះសីហនុ​ជា​តំបន់​ប៉ូល​អភិវឌ្ឍ​ជាតិ​មួយ​ដ៏​សំខាន់​ នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ និង​ជា​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​ សេដ្ឋកិច្ច​ខ្ពស់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរណ៍​ជាមួយនឹង​ការ​កំសាន្ត​តាម​ឆ្នេរសមុទ្រ​ និង​កោះ​ដ៏​ស្រស់​ស្អាត​ កំពង់ផែ​អន្តជាតិ​ អាកាសយាន​ដ្ឋាន​អន្តជាតិ​ និង​ធនធាន​ធម្មជាតិ​ដ៏​សំបូរ​បែប​ និង​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ “តារា​រៈ​នា​ទិសនិរតី​” ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា​ និង​ប្រកបដោយ​ចីរភាព​ ជាពិសេស​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ រួមមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អគារ​ស្នាក់នៅ​រួម​ សណ្ឋាគារ​ មណ្ឌល​កំសាន្ត​ ។ល។ ដែល​បង្ហាញ​អំពី​វប្បធម៌​ និង​បំរើ​ដល់​វិស័យ​ទេសចរណ៍​ និង​ធុរកិច្ច​។

លោក​បាន​ថ្លែង​ថា​ ក្នុងរយៈពេល១០ខែ​ ឆ្នាំ២០១៩​ ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន ១​,៩៤០​,១៩៩នាក់​ កើនឡើង១០.៦២ភាគរយ​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ជាង១​,២លាន​នាក់​ និង​ភ្ញៀវ​អន្តរជាតិ ៧៣១​,៦៧៥នាក់​។ មូលដ្ឋាន​អាជីវកម្ម​ សេវាកម្ម​ទេសចរណ៍​ គិត​ត្រឹម​ខែតុលា​ ឆ្នាំ២០១៩​ មាន​ចំនួន​សរុប ៨៨០កន្លែង​ ក្នុង​នោះ​សណ្ឋាគារ១០៨កន្លែង​ ស្មើនឹង៧​,១៦២បន្ទប់​ ផ្ទះសំណាក់២៣៧កន្លែង​ ស្មើនឹង២​,៩៣៦បន្ទប់​ បឹង​ហ្គា​ឡូ​ចំនួន៣១កន្លែង​ ស្មើនឹង៤៣១បន្ទប់​ ភោជនីយដ្ឋាន៣១៣កន្លែង​ ស្មើនឹង១៣​,៨៣៣តុ​ និង​សេវា​កម្ម​ផ្សេង​ៗជាច្រើន​ទៀត​។

ចំណែក​វិស័យ​សំណង់​ ក៏​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​គំហុក​គួរ​ឱ្យ​កត់សំគាល់​ ក្នុង​នោះ​ទិន្នន័យ​សំណង់​ គិត​ចាប់ពី​ឆ្នាំ២០១៧​ ដល់​ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ២០១៩​ មាន​ចំនួន​ ១,០៧៦គម្រោង​ អគារ​កម្ពស់​ចាប់ពី៥ជាន់​ ដល់៤៥ជាន់​ មាន​ចំនួន៨០១គម្រោង​៕

គម្រោង​រថភ្លើង​អាកាស​នៅ​ក្រុងភ្នំពេញ​មិនទាន់​កំណត់ពេល​ជាក់លាក់​

ដោយ​គង់​ សូ​រិយា​

ភ្នំពេញ៖​ ការ​ផ្សព្វផ្សាយ​ពី​គំរោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​របស់​រដ្ឋបាល​ក្រុងភ្នំពេញ​ មិន​មាន​ភាព​ជាក់លាក់​នៅ​ឡើយ​​ទេ​ ព្រោះ​ពេលវេលា​នៃ​ការ​ចាប់ផ្តើម​សាងសង់​ និង​ចំណាយ​ថវិកា​ប៉ុន្មាន​រយ​លាន​ដុល្លារ​ ដើម្បី​វិនិយោគ​លើ​គំរោង​នេះ​មិនទាន់​ច្បាស់លាស់​នៅឡើយ​។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ម៉េ​ត មាស​ភក្តី​បាន​ថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការសិក្សា​ពី​ផែនការ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​នេះ​ មិនទាន់​បាន​បញ្ចប់​នៅឡើយ​ទេ​ ហើយ​គំរោង​នេះ​នឹង​ត្រូវ​វិនិយោគ​លើទឹក​ប្រាក់​ប៉ុន្មាន​ ក៏​មិនទាន់​មាន​ភាព​ជាក់លាក់​នៅឡើយ​ដែរ​។

លោក​បន្ត​ថា​ “រហូត​មកទល់​ពេលនេះ​ យើង​មិនដឹង​ថា​ការសិក្សា​នេះ​នឹង​បញ្ចប់​នៅពេល​ណា​ និង​ចាប់ផ្តើម​សាងសង់​នា​ពេលណា​នោះ​ទេ​ ហើយ​ចំណាយ​ថវិកា​វិនិយោគ​ប៉ុន្មាន​ក៏​មិនទាន់​ដឹង​ដែរ​”។ លោក​បន្ត​ថា​ “គំរោង​នេះ​ធ្លាប់​ត្រូវ​បាន​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ស្នើសុំ​ ទៅកាន់​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ស៊ីន​ ហ្សូ​អាបេ​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ ទៅកាន់​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំមុន​”។

តាម​គំរោង​ការសាងសង់​ផ្លួវ​រថភ្លើង​អាកាស​ធុន​ស្រាល​ ប្រភេទ​ AGT​ នេះ​មាន​ប្រវែង​ប្រមាណ ១៨គីឡូម៉ែត្រ​ និង​ចេញពី​មហា​វិ​ថី​ហ្សាល​ដឺ​ហ្គោល​ មហាវិថី​មុនី​រ៉េ​ត ឆ្ពោះ​មក​ផ្លូវ​លេខ២១៧​ ទៅកាន់​ផ្លូវ​វេ​ងស្រេង​ ឆ្ពោះ​មក​ព្រលា​នយន្តហោះ​ អន្តរជាតិ​ភ្នំពេញ​ និង​បែកខ្នែង​ទៅ​តំបន់​ផ្លូវ​កប់​ស្រូវ​ និង​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ៤​។

លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​តអ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ឯករាជ្យ​បាន​ថ្លែង​ថា​ ការសាងសង់​រថភ្លើង​លើ​អាកាស​ នឹង​ជួយ​សម្រួល​​បញ្ហា​ចរាចរណ៍​ និង​លើក​កំ​ ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ​ ហើយ​វា​ធ្វើឲ្យ​ទីក្រុង​របស់​យើង​មាន​ភាព​ស៊ីវិល័យ​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ផង​ដែរ​។

លោក​បន្ត​ថា​ “វា​ជា​មធ្យោបាយ​ថ្មី​មួយ​ សម្រាប់​ការ​ធ្វើដំណើរ​ និង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និង​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​”៕

ចំណេះដឹង​! តើ​ដំណើរការ​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​ធ្វើឡើង​ដូចម្តេច​ ដើម្បី​មាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ការផ្ទេរ​សិទ្ធិ​លើ​អចលនវត្ថុ​ដែល​មាន​ប្លង់​ទន់​ តាមធម្មតា​ធ្វើឡើង​តាមរយៈ​សេចក្តី​បញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ​ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ ចាប់ពី​កម្រិត​រដ្ឋបាល​ថ្នាក់​ភូមិ​ ឬឃុំ​/សង្កាត់​ ឬរហូតដល់​ស្រុក​/ខណ្ឌ​ ព្រោះ​ប្លង់​ទន់​នៃ​អចលនវត្ថុ​ ពុំ​មានការ​កំណត់​ទទួលស្គាល់​ពេញលេញ​តាមផ្លូវ​ច្បាប់​។

ជាទូទៅ​ដំណើរការ​ផ្ទេរសិទ្ធិ​បែបនេះ​ មាន​លក្ខណៈ​ងាយស្រួល​ ឆាប់រហ័ស​ និង​ចំណាយ​តិច​ ដោយសារ​បច្ចុប្បន្ន​ពុំ​ទាន់​មាន​យន្តការ​ សម្រាប់​ប្រមូល​ពន្ធ​លើ​ការផ្ទេរ​សិទ្ធិ​ក្នុង​ប្លង់​ទន់​ទេ​ ប៉ុន្តែ​ភាគី​អ្នកទទួលការ​ផ្ទេរ​អចលនវត្ថុ​នោះ​ នឹង​ត្រូវ​ទទួលយក​ហានិភ័យ​នានា​ ដែល​ពាក់ព័ន្ធ​នឹង​ភាព​ស្រពិចស្រពិល​នៃ​សិទ្ធិ​ក្នុង​ប្លង់​ទន់​ ព្រមទាំង​កាតព្វកិច្ច​ដែល​ពាក់ព័ន្ធ​។

ចំពោះ​អចលនវត្ថុ​ដែល​មាន​ប្លង់​រ៉ឹង​វិញ​ គូភាគី​អាច​តាក់តែង​កិច្ចសន្យា​ ដែល​មាន​ចែង​អំពី​លក្ខខណ្ឌ​សិទ្ធិ​ និង​កាតព្វកិច្ច​របស់​គូភាគី​យ៉ាង​លម្អិត​ រាប់បញ្ចូល​ទាំង​ដំណាក់កាល​បង់ប្រាក់​ថ្លៃ​ទិញ​អចលនវត្ថុ​ ដោយអនុលោមទៅតាម​ដំណាក់កាល​ នៃ​ការ​ចាត់ចែង​ផ្ទេរសិទ្ធិ​។

ក៏ប៉ុន្តែ​កិច្ចសន្យា​បែបនេះ​ គ្រាន់តែ​ជាឯក​សារ​នៃ​ការព្រមព្រៀង​គ្នា​ ជា​លក្ខណៈ​ឯកជន​រវាង​គូភាគី​តែប៉ុណ្ណោះ​ ដោយ​មិន​អាចយ​កទៅ​ចាត់ចែង​ផ្ទេរ​កម្មសិទ្ធិ​បាន​ឡើយ​។ ដើម្បី​ចាត់ចែង​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​បាន​ គូភាគី​ត្រូវ​បំពេញបែបបទ​លើ​លិខិតយថាភូត​ របស់​រដ្ឋបាល​សុរិយោដី​ និង​ផ្តិត​ស្នាមមេដៃ​នៅចំពោះមុខ​មន្ត្រី​មានសមត្ថកិច្ច​។

ឯកសារ​គាំទ្រ​ដែល​ត្រូវការ​នៅក្នុង​ដំណើរការ​ផ្ទេរសិទ្ធិ​នេះ​ រួមមាន​ជាអាទិ៍​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬលិខិតបញ្ជាក់​អត្តសញ្ញាណ​ណាមួយ​ផ្សេងទៀត​ ដែល​អាជ្ញាធរ​សុរិយោដី​អាច​ទទួលយក​បាន​ ហើយ​ក្នុងករណី​ដែល​ភាគី​ណាមួយ​ជា​នីតិបុគ្គល​ ក្រុមហ៊ុន​ ម្ចាស់​ហ៊ុន​ត្រូវ​ធ្វើ​លិខិត​ប្រគល់​សិទ្ធិ​ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នកតំណាង​ជា​រូប​វ័ន្ត​បុគ្គល​ បំពេញ​កិច្ច​ក្នុងនាម​នីតិបុគ្គល​ ដែល​អាច​តម្រូវ​ឱ្យ​មានការ​បញ្ជាក់​ពី​មេធាវី​ និង​/ឬពី​អាជ្ញាធរ​ឃុំ​/សង្កាត់​។

នៅពេល​មន្ត្រី​សុរិយោដី​បំពេញ​នីតិវិធី​ និង​បែបបទ​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​រួចហើយ​ ច្បាប់​តម្រូវ​ឱ្យ​បង់ពន្ធ​ប្រថាប់ត្រា​ លើ​ការផ្ទេរ​សិទ្ធិ​លើ​អចលនវត្ថុ​ (ដែល​បច្ចុប្បន្ន​អត្រាពន្ធ​គឺ៤​%នៃ​តម្លៃ​អចលនវត្ថុ​ ដែល​វាយតម្លៃ​ដោយ​អាជ្ញាធរ​ពន្ធដារ​)។

ក្រោយពី​បាន​បង់ពន្ធ​ត្រឹមត្រូវ​រួចរាល់​ហើយ​ អាជ្ញាធរ​សុរិយោដី​នឹង​បញ្ចប់​នីតិវិធី​នៃ​ការផ្ទេរ​សិទ្ធិ​ ដោយធ្វើ​ការចុះបញ្ជី​ការផ្ទេរ​នេះ​ក្នុង​កំណត់ត្រា​ផ្លូវការ​ និង​ចារ​និទ្ទេស​ន៍​សម្គាល់​ នូវ​ការផ្ទេរ​សិទ្ធិ​នៅ​លើ​ឯកសារ​ប័ណ្ណ​កម្មសិទ្ធិ​ ជា​ការ​បញ្ចប់​ដំណើរការ​ផ្ទេរសិទ្ធិ​ជា​ផ្លូវការ​ និង​ដោយ​ស្របច្បាប់​៕

អគារ​ខ្ពស់​ៗនៅ​ក្រុង​ព្រះសីហនុ​កើនឡើង​ដល់​ជាង​ ៨០០អគារ​

ដោយ​ ៖ រ៉ា​ណេត

ព្រះសីហនុ​ ៖ ជាមួយនឹង​ផែនការ​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ឱ្យទៅ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​នៅក្នុង​ក្រុង​មួយ​នេះ​មាន​គម្រោង​សំណង់​អគារ​ខ្ពស់​ៗរហូតដល់​ប្រមាណ​ជាង៨០០គម្រោង​ ដែល​ទិន្នន័យ​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​ សម្តេច​ តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សម្តេច​តេជោ​បង្ហាញ​មហិច្ឆតា​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជា​មជ្ឈ​មណ្ឌ​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​ និង​ពិភពលោក​
សម្តេច​តេជោ​បង្ហាញ​មហិច្ឆតា​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជា​មជ្ឈ​មណ្ឌ​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​ និង​ពិភពលោក​

នៅក្នុង​ឱកាស​នៃ​ការ​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គំរូ​ទូទាំង​ខេត្ត​ព្រះសីហនុ​ចំនួន៣៤ខ្សែ​ ដែល​ចំណាយ​ថវិកា​ជិត៣០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ កាលពី​ព្រឹក​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ សម្ដេច​ តេជោ​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ បច្ចុប្បន្ន​នេះ​ គម្រោង​សំណង់​អគារ​ខ្ពស់​ៗដែល​មាន​កម្ពស់​ចាប់ពី៥ជាន់ឡើង​ទៅ​មាន​កំណើន​រហូតដល់​ប្រមាណ​ជាង៨០០គម្រោង​ ដោយ​ក្នុង​នោះ​ អគារ​ដែល​ត្រូវ​បាន​សាងសង់​រួច​ជាស្ថាពរ​មាន​ចំនួន​ ២២៩​ អគារ​។

សម្តេច​ តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ “ទីក្រុង​មួយ​នេះ​ ហៅថា​ជាទី​ក្រុង​ពហុ​បំណង​ ដែល​មាន​ស្ទើរតែ​គ្រប់​វិស័យ​ ការ​ដឹកជញ្ជូន​ក៏​នៅ​ទីនេះ​ កំពង់ផែ​ទឹកជ្រៅ​របស់​យើង​ក៏​នៅ​ទីនេះ​ ឧស្សាហកម្ម​ក៏​នៅ​ទីនេះ​សេវាកម្ម​ក៏​នៅ​ទីនេះ​ ហើយ​អាច​ទៅ​ថ្ងៃក្រោយ​ឈាន​ដល់​តំបន់​មូលដ្ឋាន​ នៃ​ហិរញ្ញវត្ថុ​ក្នុង​តំបន់​ ក៏អាច​ថា​បាន​ ប្រសិនបើ​យើង​អភិវឌ្ឍន៍​ឱ្យ​បាន​ត្រឹមត្រូវ​…. កាមេរ៉ា​សុវត្ថិភាព​នឹង​ត្រូវ​បំពាក់​ នៅ​តាម​ដងផ្លូវ​ទាំងអស់​ ដើម្បី​ធានា​ថា​ទីក្រុង​មួយ​នេះ​ គឺជា​ទីក្រុង​ដែល​មាន​សុវត្ថិភាព​ និង​ជាទី​ក្រុង​ដែល​ទាក់ទាញ​បំផុត​ សម្រាប់​ទេសចរ​ មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ ទាំង​ប្រជាជន​កម្ពុជា​ ក៏ដូចជា​បរទេស​”។

សម្ដេច​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “នៅ​ឆ្នាំក្រោយ​មុខមាត់​ខេត្ត​ព្រះសីហនុ​ នឹង​ប្រែប្រួល​យ៉ាង​ខ្លាំង​ ទាំង​សំណង់​អគារ​។ ជា​ស្តែង​បច្ចុប្បន្ន​ខេត្ត​នេះ​ មាន​អគារ​មាន​កម្ពស់​ចាប់៥ជាន់ឡើង​ លើ​សាងសង់​រួចរាល់​មាន​ចំនួន​ ២២៩អគារ​ ហើយ​កំពុង​សាងសង់​ប្រមាណ៨០០អគារ​។

នៅ​ឆ្នាំ២០១៨​ ទុន​វិនិយោគ​លើ​វិស័យ​សំណង់​ នៅ​ខេត្ត​ព្រះសីហនុ​ មាន​ជាង១ពាន់​លាន​ដុល្លារ​ ហើយ​នៅ​ឆ្នាំ២០១៩​ ក៏​មាន​ជាង១ពាន់​លាន​ដុល្លារ​ផង​ដែរ​”។ អ្នកទេសចរ​មក​ខេត្ត​ព្រះសីហនុ​ ក្នុង​ឆ្នាំ​ឆ្នាំ២០១៩នេះ​ មាន​ចំនួន១៩សែន៤ម៉ឺន​នាក់​ កើនឡើង​ប្រមាណ​ ១០.៦៧ភាគរយ​។

ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន១លាន២សែន​នាក់​ និង​ភ្ញៀវ​អន្តរជាតិ៧៣ម៉ឺន​នាក់​ កើន​ដល់៥៨.៦ភាគរយ​ ខណៈ​ភ្ញៀវ​ជាតិ​ថយ​ចុះ​ជាង៦ភាគរយ​។ ក្នុង​មួយថ្ងៃ​ការហោះហើរ​ប្រមាណ៣៦ជើង​ នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​។

ដោយសារ​មើលឃើញ​ថា​ ខេត្ត​នេះ​នឹង​ផ្តល់​ទុន​ដល់​ប្រទេសជាតិ​វិញ​សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​ខេ​ត្ត​ផ្សេង​ៗទៀត​ នៅក្នុង​ឆ្នាំ២០១៩នេះ​ រដ្ឋាភិបាល​បាន​ដាក់​ទុន​វិនិយោគ​ជាង១ពាន់​លាន​ដុល្លារ​ នៅ​ខេត្ត​ព្រះសីហនុ​ រាប់ទាំង​គម្រោង​ផ្លូវ៣៤ខ្សែ​ ដែល​ត្រូវ​សាងសង់​ផង​ដែរ​ ៕

សម្តេច​តេជោ​បង្ហាញ​មហិច្ឆតា​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជា​មជ្ឈ​មណ្ឌ​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​ និង​ពិភពលោក​

សម្តេច​តេជោ​បង្ហាញ​មហិច្ឆតា​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជា​មជ្ឈ​មណ្ឌ​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​ និង​ពិភពលោក​
សម្តេច​តេជោ​បង្ហាញ​មហិច្ឆតា​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជា​មជ្ឈ​មណ្ឌ​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​ និង​ពិភពលោក​

ដោយ ​វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​មហិច្ឆតា​ ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ ឱ្យ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​ និង​ពិភពលោក​ ដែល​គួរ​ឱ្យ​ទុកចិត្ត​ដូច​ទៅ​នឹង​ទីក្រុង​ហុងកុង​ សឹង្ហ​បុរី​ និង​ទីក្រុង​សៀងហៃ​ជាដើម​ នា​ពេល​ខាងមុខនេះ​។

សម្តេច​តេជោ​ហ៊ុន​ សែន​ នៅក្នុង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ៣៤ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ ដែល​ជា​ផ្លូវ​ប្រណីត​បំផុត​នៅ​កម្ពុជា​ នា​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​បានឱ្យ​ដឹង​ថា​ ទីក្រុង​ព្រះសីហនុ​ជាទី​ក្រុង​ពហុ​បំណង​មាន​ស្ទើ​តែ​គ្រប់​វិស័យ​ រួមមាន​ការ​ដឹកជញ្ជូន​ សេវាកម្ម​ ពាណិជ្ជកម្ម​ កំពុង​ផែ​ទឹកជ្រៅ​ ​; និង​ឧស្សាហកម្ម​ ហើយ​ទៅខាងមុខ​ទៀត​ នឹង​ក្លាយទៅជា​តំបន់​មូលដ្ឋាន​ហិរញ្ញវត្ថុ​ ឬមជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​ បើសិន​អភិវឌ្ឍន៍​ឱ្យ​បាន​ត្រឹមត្រូវ​។

សម្តេច​តេជោ​បន្ត​ថា​ “ពីដើម​មាន​តំបន់​ហុងកុង​ សឹង្ហ​បុរី​ សៀងហៃ​ និង​នៅកន្លែង​ផ្សេងទៀត​បាន​ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​។ យើង​ក៏​មាន​មហិច្ឆតា​ទៅដល់​ទីនោះ​ដែរ​ ដែល​ទៅជា​មជ្ឈមណ្ឌល​ទៅជា​ហិរញ្ញវត្ថុ​ ដែល​អាច​ជឿ​ទុកចិត្ត​ មិនមែន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ តែ​ឈាន​ទៅដល់​កំរិត​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​ និង​អន្តរជាតិ​ផង​ដែរ​”។

ខេត្ត​ព្រះសីហនុ​ជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ទី២​ បន្ទាប់ពី​រាជធានី​ភ្នំពេញ​ ក្នុង​ការ​រុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ស្រប​ពេល​ដែល​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ មាន​តំបន់​សេដ្ឋកិច្ច​ចំនួន៩ទីតាំង​។

អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​ ហុង​ វណ្ណៈ​ក៏បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ សម្រាប់​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី២ខេត្ត​ព្រះសីហនុ​ មាន​សក្ដានុពល​យ៉ាង​ពិសេស​ទៅលើ​តំបន់ឆ្នេរ​ និង​សមុទ្រ​ ដែល​អនុគ្រោះ​ដល់​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ តភ្ជាប់​រវាង​ប្រទេស​កម្ពុជា​ ទៅកាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ ក្នុង​តំបន់​អាស៊ាន​ ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេង​ៗទៅកាន់​សាកលលោក​ផង​ដែរ​។

លោក​បន្ត​ថា​ ក្រៅពី​នេះ​ព្រះសីហនុ​ ក៏​មាន​ភាព​ទាក់ទាញ​លើ​ផ្នែក​ទេសចរណ៍​ ដ៏​សំខាន់​មួយ​ផង​ដែរ​ ខណៈ​ដែល​បណ្តា​ប្រទេស​មួយចំនួន​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​រួម​មិន​មាន​តំបន់​អំណោយផល​ពិសេស​ដូចនេះ​នោះ​ឡើយ​។

លោក​គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ ធ្លាប់​បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ រាជរដ្ឋាភិបាល​កំណត់​ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​អភិវឌ្ឍន៍​ទីក្រុង​ទំនើប​ រមណីយដ្ឋាន​ ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើស​កល​លោក​ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ជា​ច្រកចេញ​ចូល​អន្តរជាតិ​ មជ្ឈមណ្ឌល​កំណើន​ជាតិ​ មជ្ឈមណ្ឌល​ភស្តុភារ​ធម្មជាតិ​ មាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន​ និង​ទីផ្សារ​សកលលោក​ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ ដែល​មាន​សុខដុម​នី​យក​ម្ម​។

លោក​អភិបាលខេត្ត​រូប​នេះ​បន្ថែម​ថា​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្ត​ព្រះសីហនុ​ ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ បណ្ដាក់ទុន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ពី​អ្នក​វិនិយោគ​បរទេស​ ជាពិសេស​អ្នក​វិនិយោគ​ជនជាតិ​ចិន​ស្ថិត​ក្នុង​លំដាប់​ទី១​ ជាហេតុ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ មានសន្ទុះ​អភិវឌ្ឍន៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ លើ​វិស័យ​សំ​ខាន់​ៗដូចជា​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ដឹកជញ្ជូន​ សំណង់​ ទេសចរណ៍​ និង​កាស៊ីណូ​។

ខេត្ត​ព្រះសីហនុ​ ក្នុងរយៈ​ពេល​ប៉ុន្មា​ឆ្នាំ​កន្លងមក​នេះ​ ក្រៅពី​ការ​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​ ខុន​ដូ​ និង​អចលនទ្រព្យ​ផ្សេងទៀត​ បាន​និង​កំពុង​ទាក់ទាញ​លើ​ការ​វិនិយោគ​លើ​វិស័យ​កាស៊ីណូ​យ៉ាងច្រើន​គម្រោង​ និង​បាន​ដាក់​ឱ្យ​ដំណើរ​នូវ​គម្រោង​ជាច្រើន​ផង​ដែរ​ ដើម្បី​ឆ្លើ​តប​ទៅ​នឹង​កំណើន​ការ​វិនិយោគ​ និង​ទេសចរណ៍​ចូល​ទៅ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​កម្ពុជា​មួយ​នេះ​៕

អ្នកជំនាញ​៖ អាស៊ាន​គួរ​ជំរុញ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ ខណៈ​សេដ្ឋកិច្ច​សាកល​ធ្លាក់ចុះ​

ដោយ​ ប៊ី​

ភ្នំពេញ​៖ បណ្តា​ប្រទេស​អាស៊ាន​ត្រូវតែ​បង្ហាញ​កម្មវិធី​ទេសចរណ៍​ដែល​មាន​ឯកភាព​ជាង​នេះ​ ផ្ទុយពី​ការ​លើកស្ទួយ​តែ​ប្រទេស​របស់​ខ្លួន​ដើម្បី​ជំនះ​រាល់​បញ្ហា​ប្រឈម​ខាងសេដ្ឋកិច្ច​បច្ចុប្បន្ន​ដើម្បី​បង្កើន​ចំណងទាក់ទង​ក្នុងចំណោម​សមាជិក​ខ្លួន​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​ទេសចរណ៍​កាន់តែ​ខ្លាំង​។

ការអនុវត្ត​មិន​ស្មើគ្នា​ក្នុង​វិស័យ​ទេសចរណ៍​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​បាន​នាំ​ឱ្យ​មាន​អ្នកសង្កេតការណ៍​មួយចំនួន​ស្នើ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ និង​សហប្រតិបត្តិ​ការ​ទេសចរណ៍​កាន់តែ​ច្រើន​។

លោក​ Morragotwong​ Phumplab​ ជំនួយការ​សាស្ត្រា​ចារ្យ​នៃ​មហាវិទ្យាល័យ​សិល្បៈ​សេរី​នៃ​សាកល​វិទ្យាល័យ​ Thammasat​ បាន​ថ្លែង​ទៅកាន់​កាសែត​ Bangkok​ Post​ ថា​ “រដ្ឋាភិបាល​អាស៊ាន​ត្រូវតែ​បង្រួបបង្រួម​ និង​បង្ហាញ​នូវ​ការ​រួបរួម​គ្នា​ដើម្បី​ចរចា​ជាមួយ​ប្រទេស​មហាអំណាច​ដូចជា​ចិន​ (និង​វណ្ណៈ​កណ្តាល​ដែល​កំពុង​កើនឡើង​របស់​ខ្លួន​) ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​នី​មួយ​ៗ និង​តំបន់​ក្នុងរយៈពេល​វែង​”។

កម្ពុជា​ ឡាវ​ និង​មីយ៉ាន់ម៉ា​គឺជា​ទិសដៅ​ពេញនិយម​ចំនួន​ ៣ សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​ដែល​បាន​រក្សា​នូវ​ចំណូលចិត្ត​របស់​ពួកគេ​ក្នុង​ការ​ធ្វើដំណើរ​ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត​ផង​ដែរ​។

លោក​ Morragotwong​ បាន​និយាយ​ថា​ រួម​ជាមួយនឹង​ការ​កើនឡើង​នៃ​ការ​មកដល់​ពី​ប្រទេស​ដទៃទៀត​ បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ ប្រសិនបើ​ពួកគេ​អាច​សហការ​កាន់តែ​ច្រើន​ទាក់ទង​នឹង​ការ​មាន​កញ្ចប់​ទេសចរណ៍​ទូទៅ​។

លោក​ Kritchanat​ Kulratchahirun​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ NB​ Holiday​ Tour​ បាន​មានប្រសាសន៍​ថា​ ភ្ញៀវ​ទេសចរ​ភាគច្រើន​ប្រកាន់​ខ្ជាប់​នូវ​ផែនការ​ធ្វើដំណើរ​របស់​ពួកគេ​នៅក្នុង​តំបន់​អាស៊ាន​ ទោះបី​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ និង​រូបិយវត្ថុ​ឡើងថ្លៃ​របស់​ប្រទេស​មួយចំនួន​ក៏ដោយ​ ពីព្រោះ​ពួកគេ​ចង់បាន​បទ​ពិសោធ​ន៍​ថ្មី​ៗក្នុង​ការ​ធ្វើដំណើរ​។

ភ្ញៀវ​ទេសចរ​ជិត​ ១២៩​ លាន​នាក់​បាន​មក​ទស្សនា​អាស៊ាន​កាលពី​ឆ្នាំមុន​។យោង​តាម​របាយការណ៍​ប្រកួតប្រជែង​ទេសចរណ៍​ឆ្នាំ​ ២០១៩​ សឹង្ហ​បូរី​គឺជា​ទិសដៅ​ទី​ ១ ក្នុងចំណោម​សមាជិក​អាស៊ាន​ បន្ទាប់មក​គឺ​ម៉ាឡេស៊ី​ ថៃ​ ឥណ្ឌូ​នេ​ស៊ី​ វៀតណាម​ ប្រ៊ុយណេ​ ហ្វីលីពីន​ ឡាវ​ កម្ពុជា​ និង​មីយ៉ាន់ម៉ា​។

នៅក្នុង​ការស្ទង់មតិ​លើ​ ១៤០​ ប្រទេស​ សឹង្ហ​បូរី​ជាប់​ចំណាត់ថ្នាក់​ទី​ ១៧​ ម៉ាឡេស៊ី​ (២៩​) ថៃ​ (៣១​) ឥណ្ឌូណេស៊ី​ (៤០​) វៀតណាម​ (៦៣​) ប៊្រុយ​ណេ​ (៧២​) ហ្វីលីពីន​ (៧៥​) ឡាវ​ (៩៧​) និង​កម្ពុជា​ (៩៨​) ។ មីយ៉ាន់ម៉ា​មិន​ត្រូវ​បាន​ចុះបញ្ជី​ទេ​។ ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTO​) នៅដើម​ឆ្នាំនេះ​បាន​ធ្វើ​ឱ្យ​កំណើន​ភ្ញៀវ​ទេសចរ​ប្រចាំឆ្នាំ​របស់​អាស៊ាន​មាន​ ៧ ភាគរយ​ដែល​ជា​អត្រា​ខ្ពស់​បំផុត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៕

សម្តេច​តេជោ​៖ កម្ពុជា​នឹង​ទទួល​បានផល​ប្រយោជន៍​ជាច្រើន​ពី​កិច្ច​ព្រមព្រៀង​សេរី​រវាង​កម្ពុជា​-ចិន​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​គូសបញ្ជាក់​ថា​ ការចរចា​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ចិន​ នៅដើម​ខែធ្នូ​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ នឹង​សម្រេចជោគជ័យ​ក្នុងរយៈពេល​ដ៏​ខ្លី​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បានផល​ប្រយោជន៍​លើ​វិស័យ​សេដ្ឋកិច្ច​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ពិធី​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ៣៤ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​នៅ​ថ្ងៃ​នទី​ ១៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ នៅ​ពេល​ការ​ចចារ​នៃ​កិច្ច​ព្រមព្រៀង​សេរី​នេះ​ ត្រូវ​បាន​បញ្ចប់​ ទីផ្សារ​របស់​ប្រទេស​ចិន​កាន់តែ​បើ​ធំ​ទូលា​កាន់តែ​ធំ​ដើម្បី​ទទទួល​ផលិតផល​កម្ពុជា​កាន់តែ​ច្រើន​។

សម្តេច​បន្ត​ថា​ នេះ​ គឺជា​ផល​ចំណេញ​ដល់​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​មួយទៀត​ ក្នុង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ ។ សូម្បី​តែ​សហរដ្ឋអាមេរិក​ និង​អឺរ៉ុប​ក៏​រកស៊ី​ជាមួយនឹង​ប្រទេស​ចិន​ផង​ដែរ​ ចុះ​ហេតុអ្វី​មក​បន្ទោស​កម្ពុជា​ដែល​រកស៊ី​ជាមួយ​ចិន​នោះ​។

ជាមួយគ្នា​នេះ​ សម្តេច​តេជោ​ ក៏បាន​គូសបញ្ជាក់​សារ​ជាថ្មី​ថា​កុំ​អោយ​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​ចំពោះ​ ថា​ ខេត្ត​ព្រះសីហនុ​នឹង​ក្លាយជា​ទីក្រុង​របស់​ចិន​នោះ​ចិន​ រហូតមកដល់​ពេលនេះ​ កម្ពុជា​មិនទាន់​មាន​ទីក្រុង​ចិន​នៅឡើយ​ទេ​ (China​ Town​) ខណៈ​ប្រទេស​មួយចំនួន​ដូចជា​សហរដ្ឋអាមេរិក​ជាដើម​មាន​ទីក្រុង​ចិន​ (China​ Town​) ស្ទើរតែ​គ្រប់​រដ្ឋ​។

រដ្ឋ​លេខាធិ​កា​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ លោក​សុខ​ សុ​ភ័ក្ដ្រ​ ឱ្យ​ដឹង​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ នឹង​ផ្តល់​ឱកាស​ និង​លំហូរ​ទីផ្សារ​កាន់តែ​ច្រើន​ដល់​កម្ពុជា​បន្ថែម​ពីលើ​អ្វី​ដែល​សម្រេច​បាន​តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន​ និង​ ចិន​។

លោក​បន្ត​ថា​ ចិន​ចង់​មាន​កិច្ច​ព្រមព្រៀង​នេះ​ជាមួយ​កម្ពុជា​ ព្រោះ​កម្ពុជា​ជា​ប្រទេស​ផលិត​នូវ​ផលិតផល​កសិកម្ម​មិនសូវ​ច្រើន​នោះ​ទេ​។

លោក​បណ្ឌិត​ គី​ សេ​រី​វឌ្ឍ​ អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិ​សភា​កម្ពុជា​បានឱ្យ​ដឹង​ដែរ​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សរី​នេះ​ កម្ពុជា​អាច​ចំណេញ​ទាំង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​។ ផ្នែក​នយោបាយ​ គឺ​កិច្ច​ព្រមព្រៀង​នេះ​ ជា​ការ​បើក​ច្រក​មួយទៀត​ ដោយ​កម្ពុជា​មិន​ចាំបាច់​រង់ចាំ​តែ​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​តែមួយមុខ​នោះ​ទេ​។

ចំណែក​ឯផ្នែក​សេដ្ឋកិច្ច​វិញ​ លោក​ គី​ សេ​រី​វឌ្ឍ​ថា​ កម្ពុជា​អាច​នាំចេញ​បន្ថែម​ទៀត​នូវ​កសិផល​ទៅកាន់​ប្រទេស​ចិន​ និង​ ទាក់ទាញ​វិនិយោគិន​ចិន​មក​កម្ពុជា​បាន​បន្ថែម​ផង​ដែរ​។យោង​តាម​ការ​ចុះផ្សាយ​ហ្វេ​សបុ​ករបស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ដើម្បី​សម្រេច​ឈាន​ដល់​កុង​សុង​ស៊ី​សចម្បង​ នៃ​ថ្នាក់ដឹកនាំ​កំពូល​រវាង​ចិន​ និង​កម្ពុជា​ ភាគី​ទាំងពីរ​នឹង​រៀបចំ​កិច្ចពិភាក្សា​ផ្លូវការ​លើកដំបូង​ស្តី​អំ​ ពី​ការសិក្សា​ស្រាវជ្រាវ​លទ្ធភាព​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ចិន​ និង​កម្ពុជា​ ក្នុង​រដ្ឋធានី​ប៉េកាំង​ ថ្ងៃទី៣​ ខែធ្នូ​ នា​ពេល​ខាងមុខនេះ​។

ប្រភព​ដដែល​បន្ត​ថា​ នេះ​ជា​ការរៀបចំ​ដ៏​ពិសេស​មួយ​នៃ​ភាគី​ចិន​ ដោយ​ផ្អែកលើ​ទំនាក់ទំនង​មិត្តភាព​រវាង​ចិន​ និង​កម្ពុជា​។ ពេលមុន​នេះ​ ថ្នាក់​ប្រតិបត្តិ​ការងារ​នៃ​ស្ថាប័ន​ពាណិជ្ជកម្ម​រវាង​ភាគី​ចិន​ និង​កម្ពុជា​បាន​បង្កើត​យន្តការ​ទំនាក់ទំនង​រួចជាស្រេច​ ដើម្បី​ជម្រុ​ញកិ​ច្ច​ការ​ ដែល​ពាក់ព័ន្ធ​ឲ្យ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ល្អ​៕

អ្នកបម្រើ​តាម​យន្ត​ហោះ​សើ្ន​សុំ​មិន​បម្រើ​លើ​យន្តហោះ​ Boeing​ 737​ MAX​ ដែល​ផលិត​នៅ​អាមេរិក

អ្នកបម្រើ​តាម​យន្ត​ហោះ​សើ្ន​សុំ​មិន​បម្រើ​លើ​យន្តហោះ​ Boeing​ 737​ MAX​ ដែល​ផលិត​នៅ​អាមេរិក

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ អ្នកបម្រើ​តាមយន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ American​ Airlines​ មានការ​ភ័យខ្លាច​ក្នុង​ការបម្រើ​នៅ​លើ​យន្តហោះ​ Boeing​ 737​ MAX​ ដែល​បាន​ធ្លា​ក់​ថ្មី​ៗនេះ​ដែល​បណ្តាល​ឱ្យ​មានការ​ធ្លាក់​យន្តហោះ​ធុន​ធ្ងន់​ចំនួន​ ២ ដែល​បាន​ឆក់​យកអាយុ​ជីវិត​មនុស្ស​ចំនួន​ ៣៤៦​ នាក់​នៅ​ឆ្នាំនេះ​។

សមាគម​អ្នកបម្រើ​តាមយន្តហោះ​អាជីព​បាន​សរសេរ​លិខិត​មួយ​ទៅ​ក្រុមហ៊ុន​ផលិត​យន្ដ​ហោះ​ប៊ូ​អ៊ី​ងអំពី​ការ​ព្រួយបារម្ភ​អំពី​ការ​ធ្វើការ​លើ​យន្តហោះ​ 737​ Max​ ។លោក​ Lori​ Bassani​ ប្រធាន​សមាគម​សមាគម​អ្នកបម្រើ​តាមយន្តហោះ​អាជីព​បាន​សរសេរ​ទៅកាន់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​នេះ​ថា​ “អ្នកបម្រើ​លើ​យន្តហោះ​ចំនួន​ ២៨,០០០​ នាក់​ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​បដិសេធ​មិន​ដើរ​លើ​យន្ដ​ហោះ​ដែល​មិន​មាន​សុវត្ថិភាព​ ហើយ​កំពុង​អំពាវនាវ​ឱ្យ​មាន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​បំផុត​ដើម្បី​ចៀសវាង​សោកនាដកម្ម​មួយផ្សេងទៀត​”។

ក្រុមហ៊ុន​ Boeing​ រំពឹង​ថា​ យន្តហោះ​ប្រភេទ​ 737​ Max​ នឹង​ចាប់ផ្តើម​ហោះហើរ​នៅ​ចុងឆ្នាំ​នេះ​ ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​​អាមេរិក​បានសម្រេច​ចិត្ត​មិន​ហោះហើរ​យន្តហោះ​ Boeing​ 737​ MAX​ ចំនួន​ ២៤​ គ្រឿង​ដែល​បច្ចុប្បន្ន​ស្ថិតនៅ​ក្នុង​កន្លែង​រក្សា​របស់​ខ្លួន​។

លោក​ Bassani​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ “ខ្ញុំ​លឺ​ពី​អ្នកបម្រើ​តាមយន្តហោះ​ខ្លះ​រាល់ថ្ងៃ​ ហើយ​ពួកគេ​បាន​សុំ​ខ្ញុំ​កុំ​អោយ​ពួកគេ​ឡើងលើ​យន្តហោះ​នោះ​ទៀត​។ យើង​ចង់​ដឹង​ដោយ​គ្មាន​ការសង្ស័យ​ថា​វា​មាន​សុវត្ថិភាព​ក្នុង​ការហោះហើរ​”។

ដើម្បី​បង្ហាញ​ពី​សុវត្ថិភាព​នៃ​យន្ដ​ហោះ​ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​កំពុង​បញ្ជា​ឱ្យ​នាយក​ប្រតិបត្តិ​ហោះហើរ​លើ​ជើងហោះ​ហើរ​ក្នុង​ការ​បង្ហាញ​មួយ​ដើម្បី​បង្ហាញ​ពី​ទំនុកចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​យន្តហោះ​ មុន​ពេល​សេវាកម្ម​ពាណិជ្ជកម្ម​ចាប់ផ្តើម​ឡើងវិញ​៕

សម្ដេច​តេជោ​៖ រដ្ឋាភិបាល​នឹង​យក​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​ព្រះសីហនុ​ ធ្វើជា​គំរូ​ទូទាំង​ប្រទេស​

ដោយ​ ៖ រ៉ា​ណេត​

ព្រះសីហនុ​ ៖ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ក្រុង​ព្រះសីហនុ​ នឹង​ក្លាយជា​គំរូ​សម្រាប់​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​ ហើយក៏​ជា​ផ្លូវ​ដ៏​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​ និង​ទេសចរណ៍​ក្នុង​តំបន់​ផង​ដែរ​។

ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​សាងសង់​នៅ​ទូទាំង​ក្រុង​ព្រះសីហនុ​ ដែល​មានផ្លូវ​ចំនួន​ ៣៤ខ្សែ​ ប្រវែង​សរុប​ចំនួន៨៤គីឡូម៉ែត្រ​ ដែល​ចែកចេញជា៣ប្រភេទ​ធំៗ​ មាន​រង្វង់​មូល​ចំនួន៣​ និង​ស្ពាន​ចំនួន៦​ ប្រវែង​សរុប​ចំនួន​ ២៥២ម៉ែត្រ​ នឹង​ក្លាយ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ប្រណីត​ និង​យក​ជា​គំរូ​សម្រាប់​បណ្តា​ខេត្ត​នៅ​ទូទាំង​ប្រទេស​។

នៅក្នុង​ឱកាស​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នៅ​ក្រុង​ព្រះសីហនុ​ កាលពី​ព្រឹក​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ សម្តេច​ តេជោ​ ហ៊ុន​ សែន​ បាន​បាន​មានប្រសាសន៍​ថា​ “ផ្លូវ​សរុប​ដែល​ត្រូវ​សាងសង់​ គឺ៨៤គីឡូម៉ែត្រ​ តែ​យើង​ត្រូវ​ចំណាយ​ ២៩៤លាន​ដុល្លា​ សហរដ្ឋអាមេរិក​ ដែល​ជា​តម្លៃ​មួយ​ដ៏​ថ្លៃ​ ប៉ុន្តែ​នេះ​បង្ហាញថា​ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ប្រភព​ចំណូល​គ្រប់គ្រាន់​ ដើម្បី​ចំណាយ​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​ដោយខ្លួនឯង​។

ថវិកា​សាងសង់​ផ្លូវ​នេះ​ បាន​ពី​ប្រាក់សន្សំ​របស់​ជាតិ​ ហើយ​ប្រាក់​នេះ​មាន​ចំនួន​តិចតួច​ណាស់​ បើ​ធៀប​នឹង​ប្រាក់សន្សំ​របស់​ជាតិ​នោះ​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បន្ថែម​ថា​ ” គ្រាន់តែ​ចំណូល​ពន្ធគយ​មួយ​ កម្ពុជា​ទទួល​បាន​ប្រមាណ​ ២៥០លាន​ដុល្លារ​ គឺ​អាច​បើកប្រាក់​បៀវត្សរ៍​គ្រប់គ្រាន់​សម្រាប់​មន្ត្រី​រាជការ​ ខណៈ​មួយ​ខែៗ​កម្ពុជា​រកចំណូល​បាន​ប្រមាណ៥០០លាន​ដុល្លារ​ ហើយ​ទោះបីជា​ចំណាយ​អស់ពី២០០​ ទៅ៣០០លាន​ ដុល្លា​ ក៏​យើង​នៅសល់​ប្រាក់សន្សំ​ពី​ ២០០​ ទៅ៣០០លាន​ដុល្លា​ដែរ​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​បន្ត​ថា​ “យើង​នឹង​ធ្វើ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​អោយ​រឹង​ជាប់​បំផុត​ ដែល​មានគុណ​ភាព​ ដែល​សូម្បីតែ​ផ្លូវថ្នល់​ក៏​យើង​ធ្វើ​ឱ្យ​ល្អ​ ទាក់ទាញ​ប្រជាពលរដ្ឋ​មក​មើលផ្លូវ​ដែរ​។

ខណៈ​ដែល​ផ្លូវ​ដទៃ​ធ្វើ​ចំណាយពេល​ប្រមាណ​ ២ទៅ៣ឆ្នាំ​ តែ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ យើង​ធ្វើ​តែ៨ខែ​ទេ​ ប៉ុន្តែ​គុណភាព​វិញ​គឺ​ល្អ​បំផុត​”។ សម្ដេច​តេជោ​ បាន​បញ្ជាក់​ថា​ “ផ្លូវ​ទាំងអស់​នេះ​នឹង​ត្រូវ​ធ្វើឡើង​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ ដោយ​ត្រូវ​កាយដី​ស្អុយ​ចេះ​ទាំងអស់​ ហើយ​ក្រាល​ខ្សាច់​កន្លះ​ម៉ែត្រ​ បន្ទាប់មក​ដាក់​ថ្ម​ 4 x6​ មួយ​ជាន់​ទៀតហើយ​ក្រាល​ថ្ម​ប្រភេទ​ M 30​ ចាក់​បេតុង​ពីលើ​ ២តឹង​កន្លះ​ ហើយ​បញ្ចប់​ដោយ​ចាក់​ស៊ូ​ពីលើ​ ធ្វើ​ចឹង​វា​មាំ​ល្អ​”។

កម្រិត​ផ្លូវថ្នល់​ ក៏ដូចជា​មហា​វិ​ថី​ធំៗ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ត្រូវ​បាន​ចែកចេញជា៣ប្រភេទ​ រួមមាន​ មហាវិថី​ដែល​មាន​ទទឹង​ចាប់ពី២០​-៥០ម៉ែត្រ​ ចំនួន១៤ខ្សែ​, វិថី​ធម្មតា​ មាន​ទទឹង​ចាប់ពី២០​-៤០ម៉ែត្រ​ និង​អនុ​វិថី​ មាន​ទទឹង​ចាប់ពី​ ៨-៤០ម៉ែត្រ​ អាស្រ័យ​ទៅតាម​តំបន់​ និង​ស្ថានភាព​ផ្លូវ​ ដែល​ធានា​គុណភាព​ក្នុង​ការប្រើ​ប្រាស់​យ៉ាងតិច​បំផុត២០ឆ្នាំ​ឡើង​ទៅ​៕

រដ្ឋមន្ត្រី​សាធារណៈ​ការ​ស្នើ​ឱ្យ​ជប៉ុន​វិនិយោគ​បណ្តាញ​រថភ្លើង​នៅក្នុង​ទីក្រុង​ភ្នំពេញ​

ដោយ ​វុត្ថា

​ហាណូយ​៖ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ បាន​ស្នើ​ភាគី​ជប៉ុន​ពិនិត្យ​លទ្ធភាព​វិនិយោគ​បណ្តាញ​រថភ្លើង​ទីក្រុង​ភ្នំពេញ​ ដើម្បី​សម្រួលការ​ធ្វើដំណើរ​ និង​បន្ថយ​ការ​ស្ទះចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​។

លោក​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ លោក​ Minorikawa​ Nobuhide​ អនុរដ្ឋ​មន្រ្តី​នៃ​ក្រសួង​ដែនដី​ ហេដ្ឋារចនាសម្ព័ន្ធ​ ដឹកជញ្ជូន​ និង​ទេសចរណ៍​ ខណៈ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ជឹក​ជញ្ជូន​អាស៊ាន​លើក​ទី២៥​ និង​កិច្ចប្រជុំ​ជាមួយ​ដៃគូ​ពិភាក្សា​ពាក់ព័ន្ធ​ នៅ​ទីក្រុង​ហាណូយ​ កាលពី​ថ្ងៃទី​ ១៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩នេះ​ ​បាន​សម្តែង​នូវ​អណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ការ​ផ្តល់​ជំនួយ​ និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ដល់​កម្ពុជា​ ពិសេស​នៅក្នុង​វិស័យ​សាធារណការ​ ដឹកជញ្ជូន​ និង​កំពង់ផែ​។

លោក​ទេស​រដ្ឋមន្ត្រី​បាន​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ជំនួយ​របស់​ភាគី​ជប៉ុន​នា​ពេល​ថ្មី​ៗនេះ​ សំរាប់​សាងសង់​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ និង​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ថ្មី​ នៅ​រាជធានី​ភ្នំពេញ​ និង​ស្នើសុំ​ភាគី​ជប៉ុន​ផ្តល់​ជំនួយ​សាងសង់​ប្រព័ន្ធ​ និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​នៅ​ខេត្ត​មួយចំនួន​ និង​ខេត្ត​ជាប់​សមុទ្រ​ ដូចជា​ កំពត​ និង​កោះកុង​ ផង​ដែរ​។

ភាគី​ទាំងពីរ​បាន​កត់សម្គាល់​លើ​ភាព​ជឿនលឿន​ នៃ​ដំណើរការ​ពង្រីក​ និង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កម្ពុជា​ និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​តាម​អេ​ឡិច​ត្រូ​និច​សំរាប់​នាវា​ចេញចូល​កំពង់ផែ​ក្រោម​ជំនួយ​ជប៉ុន​។ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ផង​ដែរ​អំពី​ការរៀបចំ​ផែនការមេ​កំពង់ផែ​របស់​ជាតិ​ ជាពិសេស​ការរៀបចំ​ផែនការមេ​កំពង់ផែ​ក្រុង​ព្រះសីហនុ​។

លោក​រដ្ឋមន្រ្តី​បាន​ជម្រាប​ភាគី​ជប៉ុន​ អំពី​គម្រោង​បង្កើត​ឡើងវិញ​នូវ​វិទ្យាស្ថាន​សាធារណការ​ និង​ដឹកជញ្ជូន​ និង​ស្នើសុំ​ជួយការ​បណ្តុះបណ្តាល​លើ​ផ្នែក​វិស្វកម្ម​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ផ្នែក​សេដ្ឋកិច្ច​ដឹកជញ្ជូន​។

ទន្ទឹម​នឹង​នេះ​លោក​រដ្ឋមន្រ្តី​បាន​ស្នើសុំ​ភាគី​ជប៉ុន​ផ្តល់​នូវ​អ្នកជំនាញ​ខាងលើ​សំរាប់​បណ្តុះបណ្តាល​មន្រ្តី​កម្ពុជា​ និង​ជួយ​បណ្តុះបណ្តាល​នៅក្នុង​វិទ្យាស្ថាន​ខាងលើ​។

ភាគី​ទាំងពីរ​បាន​សម្តែង​ការ​កោតសរសើរ​ខ្ពស់​ ចំពោះ​កិច្ចសហការ​ល្អ​រវាង​ក្រសួង​ទាំងពីរ​ ជាពិសេស​ JICA​ កន្លងមក​ និង​បាន​សន្យា​ជំរុញ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ទាំងនេះ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​នា​ពេល​អនាគត​ និង​បាន​ពិភាក្សា​ផ្តោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព័ន្ព​ ផ្លូវថ្នល់​-ស្ពាន​ សុវត្ថិភាព​ចរាចរណ៍​ ប្រព័ន្ធ​ទឹក​កខ្វក់​ និង​កំពង់ផែ​។

ភាគី​ទាំងពីរ​បាន​កត់សម្គាល់​លើ​អត្ថ​ប្រយោជន៍​នៃ​ការសាងសង់​ផ្លូវ​ ស្ពាន​ ការ​ស្តារ​ និង​ជួសជុល​ផ្លូវ​ក្រោម​ជំនួយ​ជប៉ុន​ ពិសេស​ ដំណើរការ​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ៥​ ប្រវែង៣៦៦​ គ.ម​ ដែល​កំពុង​ប្រព្រឹត្តទៅ​៕