ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-កាណាដា​កើន​ដល់​ ១ពាន់​លាន​ដុល្លារ​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អះអាង​ថា​ ប្រទេស​កាលណា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ ដូចជា​ក្នុង​ការស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា​ ក្នុង​នោះ​ប្រទេស​កាណាដា​ក៏បាន​ចូលរួម​ក្នុង​វិស័យ​សំ​ខាន់​ៗផង​ដែរ​ ដូចជា​ការ​វិនិយោគ​ ពាណិជ្ជកម្ម​ ការបោសសំអាត​មីន​វិស័យ​ធនាគារ​ និង​អប់រំ​ជាដើម​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គ​រដ្ឋទូត​កាណាដា​ចប់​អាណត្តិ​ លោកស្រី​ Domica​ Pottie​ កាលពី​ល្ងាច​ថ្ងៃទី​ ១១​ ខែតុលា​ ឆ្នាំ​ ២០១៩​ បានឱ្យ​ដឹង​ថា​ សម្រាប់​ទំហំ​ពាណិជ្ជកម្ម​រវាង​កាណាដា​ និង​កម្ពុជា​វិញ​ជាង១ពាន់​លាន​ដុល្លារ​ ហើយ​ផលិតផល​របស់​កម្ពុជា​ដែល​នាំចេញ​ទៅកាន់​ប្រទេស​កាណាដា​ច្រើន​នោះ​គឺ​សម្លៀកបំពាក់​។

លោកស្រី​ Domica​ Pottie​ ឯកអគ្គ​រដ្ឋទូត​កាណាដា​ ដែល​ចប់​អណត្តិ​បានឱ្យ​ដឹង​ ថា​ កម្ពុជា​ និង​កាណាដា​មាន​ទំនាក់ទំនង​ជាមួយគ្នា​ជាយូរមកហើយ​ ហើយក៏​បាន​ចូលរួម​ក្នុង​កិច្ចការ​ជាច្រើន​ជាមួយ​ប្រទេស​កម្ពុជា​ផង​ដែរ​។ លោកស្រី​ ក៏បាន​សម្ដែង​ការ​ពេញចិត្ត​ និង​បាន​កោតសរសើរ​ចំពោះ​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ជានា​យក​រដ្ឋមន្ត្រី​។

លោកស្រី​ក៏​មានការ​ពេញចិត្ត​ផង​ដែរ​សំរាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​កាណាដា​។ លោកស្រី​ក៏បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​យកចិត្ត​ទុកដាក់​ចំពោះ​បងប្អូន​កម្មករ​ កម្មការិនី​ដែល​បម្រើការ​ងារ​លើ​វិ​ស័យ​វឧស្សាហកម្ម​នេះ​។

ជាពិសេស​ការ​ផ្ដល់​នូវ​តម្រូវការ​សំខាន់​ដល់​កម្មករ​ដូចជា​ ការ​គិតគូរ​ពី​កន្លែង​ធ្វើការ​ ប្រាក់ខែ​ និង​របប​គាំពារ​សង្គម​ជាដើម​ជាពិសេស​ស្ត្រី​ដែល​មានផ្ទៃពោះ​នោះ​។ ដែល​ចំណុច​នេះ​ធ្វើឲ្យ​លោកស្រី​ក៏ដូចជា​ប្រទេស​កាណាដា​កាន់តែ​មាន​ជំនឿ​ទុកចិត្ត​មក​លើ​ប្រទេស​កម្ពុជា​ ជាពិសេស​ការដឹកនាំ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជានា​យក​រដ្ឋមន្ត្រី​៕

តម្លៃ​ប្រេង​សកល​ឡើងថ្លៃ​ ខណៈ​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ត្រូវ​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ តម្លៃ​ប្រេង​នៅ​ជុំវិញ​ពិភពលោក​បាន​កើនឡើង​ បន្ទាប់ពី​មាន​ព័ត៌មាន​ថា​ នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​មួយ​គ្រឿង​ នៅ​សមុទ្រ​ក្រហម​ត្រូវ​បាន​វាយប្រហារ​ ដោយ​មី​ស៊ី​លពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ទូរទស្សន៍​អ៊ីរ៉ង់​។

នាវា​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​ប្រេង​អ៊ីរ៉ង់​ បាន​ជួបប្រទះ​នឹង​ការ​ផ្ទុះ​ ដែល​បាន​ធ្វើ​ឱ្យ​កប៉ាល់​ដឹក​ប្រេង​នោះ​ឆាបឆេះ​ចម្ងាយ ១០០គីឡូម៉ែត្រ​ នៅ​ឆ្នេរសមុទ្រ ​Jeddah​ ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃសុក្រ​។ សារព័ត៌មាន​អ៊ីរ៉ង់​បាន​រាយការណ៍​ថា​ នាវា​នេះ​បាន​លេច​ធ្លាយ​ប្រេង​ច្រើន​ទៅ​ក្នុង​សមុទ្រ​។

ក្រុមហ៊ុន​ដឹក​ប្រេង​ជាតិ​អ៊ីរ៉ង់​ (NITC​) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បង្ហាញថា​ ការ​ផ្ទុះ​នេះ​កើតឡើង​ភាគច្រើន​មក​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល។

ប្រេងឆៅ​ប្រភេទ​ Brent ​នា​ពេល​អនាគត​ បាន​កើនឡើង​ជាង​ពីរ​ភាគរយ​ ដល់​ ៦០​,២៦ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

នេះ​ជា​ឧប្បត្តិហេតុ​ទី២​ ទាក់ទង​នឹង​ផលិតកម្ម​ប្រេង​នៅ​មជ្ឈឹ​មបូព៌ា​ ចាប់តាំងពី​ខែ​ ​កញ្ញា​។ នៅ​ថ្ងៃទី​ ១៤​ ខែ​ កញ្ញា​ រោងចក្រ​កែច្នៃ​ធំជាង​គេ​ នៅ​លើ​ពិភពលោក​នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​ រង​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ ដែល​បាន​បំផ្លាញ​ប្រេង​ជិត​ ៦លាន​បារ៉ែល​ពីទី​ផ្សារ​ពោល​ គឺ​ជិត​ពាក់កណ្តាល​នៃ​ផលិតកម្ម​អារ៉ាប់​ប៊ី​សា​អូឌីត​៕

សញ្ញា​វិជ្ជមាន​៖ កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំ២០២០​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ សេដ្ឋកិច្ច​ពិភពលោក​បាន​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង​ នៅ​ឆ្នាំ២០១៩​ ដល់២​,៣ ភាគរយ​ នៃ​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ដែល​ធ្លាក់ចុះ​ពី៣.០ភាគរយ​ ក្នុង​ឆ្នាំ២០១៨​ ខណៈ​ការ​ស្ទុះ​ងើបឡើង​វិញ​ តិចតួច​នឹង​កើតមាន​នៅ​ឆ្នាំ២០២០​ ដែល​ស្មើនឹង ២​,៥ភាគរយ​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ The​ Conference​ Board​ Global​ Economic​ Outlook​ 2020​។

សេដ្ឋកិច្ច​ពិភពលោក​នឹង​កើនឡើង​ប្រហែល២​,៧ភាគរយ​ នៅ​ពាក់កណ្តាល​ទសវត្ស​បន្ទាប់​។ អតិថិជន​នៅ​ជុំវិញ​ពិភពលោក​ នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​កើនឡើង​ប្រាក់ឈ្នួល​ និង​អត្រា​អតិផរណា​ទាប​ ខណៈ​អាជីវកម្ម​បន្ត​បង្កើន​ការ​ច្នៃប្រឌិត​ និង​ការ​ផ្លាស់​ប្តូរ​ឌីជីថល​ ដើម្បី​បង្កើន​ប្រាក់ចំណូល​លំដាប់​ឱ្យ​បាន​ខ្ពស់​ និង​កាត់បន្ថយ​ការ​ចំណាយ​ ដើម្បី​ជៀសវាង​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​លើ​ប្រាក់ចំណេញ​។

បន្ថែម​លើ​ការព្យាករណ៍​សម្រាប់​ឆ្នាំ២០២០​ របាយការណ៍​របស់​ The​ Conference​ Board​ Global​ Economic​ Outlook​ 2020​ ផ្តល់​នូវ​ការព្យាករណ៍​សម្រាប់​កំណើន​ទិន្នផល​សេដ្ឋកិច្ច​ពិភពលោក​ ក្នុង​នោះ​រួមមាន១១តំបន់​ធំៗ​ និង​ការ​ប៉ាន់ស្មាន​ជា​លក្ខណៈ​បុគ្គល​សម្រាប់​ ៣៣​ ប្រទេស​ និង​សេដ្ឋកិច្ច​ទីផ្សារ​លេចធ្លោ៣៦​ សម្រាប់២០២០​-២០២៤​ និង​ ២០២៥​-២៩២​។

សមាសធាតុ​សំខាន់​ នៃ​ការ​ងើបឡើង​វិញ​នៅ​ឆ្នាំ២០២០​ គឺជា​មូលដ្ឋាន​ចុងក្រោយ​នៃ​ការ​ធ្លាក់ចុះ​នៃ​ផលិតកម្ម​ឧស្សាហកម្ម​។

ការ​ធ្លាក់ចុះ​នេះ​ ដែល​មាន​ដើមកំណើត​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ២០១៨​ បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ២០១៩​ និង​ធ្វើ​ឱ្យ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​សកល​ជំរុញ​សេដ្ឋកិច្ច​មួយចំនួន​ (ដូចជា​នៅ​អា​ឡឺម៉​ង់​ និង​ជប៉ុន​)។ ទីផ្សារ​ដែល​កំពុង​រីកចម្រើន​ ជាពិសេស​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ ពី​ការ​ងើបឡើង​វិញ​នៃ​ឧស្សាហកម្ម​ការ​កើនឡើង​តម្លៃ​ទំនិញ​ និង​ថាមពល​ និង​រូបិយប័ណ្ណ​មាន​ស្ថេរ​ភាព​។

ប្រធាន​ផ្នែក​សេដ្ឋកិច្ច​នៃ​ក្រុម​ប្រឹ​ក្សា​សន្និ​សិ​ទលោ​ក Bart​ van​ Ark​ មានប្រសាសន៍​ថា​ “សេដ្ឋកិច្ច​ពិភពលោក​បាន​ទទួលរង​ឥទ្ធិពល​ខ្លាំង​ នៅ​ឆ្នាំ២០១៩​ លើស​ពី​ការ​រំពឹង​ទុក​ ហើយ​វា​ហាក់​ ដូចជា​យើង​បាន​ឈាន​ដល់​ពិភពលោក​ ដែល​កំពុង​ស្ថិត​ក្នុង​សភាព​ទ្រឹង​ទ្រឹង​”។

លោក​បាន​បន្ថែម​ថា​ “ប៉ុន្តែ​ទោះបី​ការភ័យខ្លាច​វិបត្តិសេដ្ឋកិច្ច​ កំពុង​រីក​រាលដាល​ក៏ដោយ​ យើង​រំពឹង​ថា​នឹង​មានការ​ងើបឡើង​វិញ​ខ្លះ​នៅ​ឆ្នាំ២០២០​ នៅពេល​ដែល​បញ្ហា​អស្ថិរភាព​របស់​ចិន​កំពុង​ត្រូវ​បាន​ដោះស្រាយ​ ខ្សែ​សង្វាក់​ផ្គត់ផ្គង់​កំពុង​ត្រូវ​បាន​រៀបចំឡើង​វិញ​ ហានិភ័យ​នៃ​ការ​កើនឡើង​នៃជ​ម្លោះ​ពាណិជ្ជកម្ម​ បាន​ថយ​ចុះ​ហើយ​កំណើន​ផលិតភាព​នៅតែ​បន្ត​ងើបឡើង​វិញ​”។

ខណៈ​ពេល​ដែល​លទ្ធផល​ នៅតែ​បន្ត​ចុះ​កិច្ចសន្យា​បណ្តោះអាសន្ន​ នៅ​ទីតាំង​មួយចំនួន​ (ឧទាហរណ៍​នៅ​ប្រទេស​អា​ឡឺម៉​ង់​ អ៊ីតាលី​ ជប៉ុន​ ឬអង់គ្លេស​) ក៏ដូចជា​នៅក្នុង​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​មួយចំនួន​ (ដូចជា​ប្រេស៊ីល​ ម៉ិកស៊ិក​កូ​ និង​ទួរគី​) ទីផ្សារ​ការងារ​រឹងមាំ​ និង​ការ​ចំណាយ​របស់​អ្នកប្រើ​ប្រាស់​ខ្លាំង​ នឹង​បន្ត​ផ្តល់​ការចូលរួម​ចំណែក​ដ៏​សំខាន់​ដល់​កំណើន​សម្រាប់​ប្រទេស​ភាគច្រើន​។

គម្លាត​ធំមិន​ធម្មតា​នា​ពេល​បច្ចុប្បន្ន​ រវាង​ទំនុកចិត្ត​អតិថិជន​ខ្ពស់​ និង​ទំនុកចិត្ត​អាជីវកម្ម​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​ ទំនងជា​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​ពេញចិត្ត​ ក្នុង​ការ​លើកកម្ពស់​ទំនុកចិត្ត​អាជីវកម្ម​។

លោក​ Ataman​ Ozyildirim​ នាយក​ជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​សេដ្ឋ​ កិច្ច​និង​ជា​ប្រធាន​ស្រាវជ្រាវ​សាកល​នៅ​សន្និសីទ​បាន​មានប្រសាសន៍​ថា​ “អ្នកប្រើ​ប្រាស់​ពិតជា​មិន​ស៊ាំ​នឹង​ព័ត៌មាន​អវិជ្ជមាន​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​ទំនងជា​មិន​ឆ្លើយតប​ ទាល់តែ​មាន​ហានិភ័យ​បង្ក​ការ​គំរាម​កំ​ហែង​ភ្លាម​ៗដល់​ការងារ​ ប្រាក់ចំណូល​ និង​ជីវិត​”។

លោក​បាន​បន្ត​ថា​ “ទស្សនវិស័យ​ខុសគ្នា​នឹង​ត្រូវ​ខិត​កាន់តែ​ជិត​គ្នា​។ ភាព​ខ្លាំង​របស់​អ្នកប្រើ​ប្រាស់​នឹង​នៅតែ​បន្ត​មាន​ ខណៈ​ទំនុកចិត្ត​អាជីវកម្ម​នឹង​ងើបឡើង​វិញ​ ប្រសិនបើ​ការ​ធ្លាក់ចុះ​នៃ​ផលិតកម្ម​ឧស្សាហកម្ម​ និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​បាន​ធ្លាក់ចុះ​”៕

គម្រោង​អគារ​ពាណិជ្ជកម្ម​ និង​ផ្សារ​ទំនើប​ថ្មី​ៗចំនួន៧ បាន​នឹង​កំពុង​សាងសង់​ប្រជែង​គ្នា​នៅ​ជុំវិញ​ទីក្រុង​កោះ​ពេជ្រ​

ដោយ​នៅ​ វឌ្ឍនា​

ភ្នំ​ពេញៈ​ អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំ​ដាប់់​ពិភពលោក​ និង​ផ្សារ​ទំនើប​ចំនួន៧​ បាន​និង​កំ​ពុង​ប្រ​ណាំ​ប្រជែង​គ្នា​ សាងសង់​យ៉ាងសកម្ម​នៅ​សង្កាត់​ពាណិជ្ជកម្ម​ រស​រវើក​ជាងគេ​កណ្តាល​ក្រុងភ្នំពេញ​ ជា​បណ្តុំ​នូវ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​យ៉ាង​ស្កេ​កស្កះ​ ដែល​នឹង​ធ្វើឲ្យ​ទីក្រុង​ភ្នំពេញ​ផ្លាស់​ប្តូរ​មុខមាត់​ទៅកាន់​កម្រិត​ថ្មី​មួយទៀត​។

គេហទំព័រ​ Propertyarea.asia​ ដែល​ជា​គេហ​ទំ​ព័ត៌​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​ នឹង​លើកយក​គម្រោង​ទាំងនោះ​នឹង​រះ​ឡើង​ នៅក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។

១) អគារ​ពាណិជ្ជកម្ម​ចម្រុះ​ The​ Peak​

The​ Peak​ ជា​អគារ​ពាណិជ្ជកម្ម​ ដែល​ខ្ពស់​ជាងគេ​ចំនួន៣នៅ​តំបន់​ដ៏​ទាក់ទាញ​នៃ​ក្រុងភ្នំពេញ​ ដែល​មាន​កម្ពស់៥៥ជាន់​ស្មើនឹង២១៨ម៉ែត្រ​។ គំរោង​នេះ​កំពុង​សាង​សង់់​នៅ​ក្បែរ​ស្ពាន​នាគ​កោះ​ពេជ្រ​ ជាមួយនឹង​ទុន​វិនិយោគ៥៨០លា​នដុ​លា្លរ​ បាន​ចាប់​បុក​គ្រឹះ​បើក​ការដ្ឋាន​សាងសង់​ហើយ​ នៅ​ថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០១៦នេះ​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់៥៥ជាន់​ដ៏​ប្រណីត​ និង​សណ្ឋាន​គារ​ The​ Shangri​-La​ Hotel​ ប្រកបដោយ​កិត្យានុភាព​ ក្នុង​ពិភពលោក​ជា​យូរណាស់​មក​ហើយ​។ ឥឡូវ​បាន​ចាប់ផ្ដើម​សាងសង់​ក្នុងទឹក​កម្ពុជា​។ គម្រោង​នេះ​មាន​ខុន​ដូ​សរុប​ចំនួន​ប្រមាណ១០១៤​ Unite​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ចម្រុះ​នេះ​ ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ World​ Bridge​ Land​ Group​ និង​ក្រុមហ៊ុន​Oxley​ Holding​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បុរី​។

២) អគារ​ Morgan​ Tower​

អាគារ​ Morgan​ Tower​ បោះទុន​វិនិយោគ​ប្រមាណ​ជា១៦០លាន​ដុល្លារ​អាមេរិក​ក្នុង​ការសាងសង់​អគារ​ ដែល​មានឈ្មោះ​ថា​ Morgan​ Tower​ ដែល​មាន​កម្ពស់​រហូតដល់​ទៅ២១០ម៉ែត្រ​ ដែល​ស្មើ​ទៅ​នឹង៤៦ជាន់​។

អគារ​ Morgan​ Tower​ បាន​នឹង​កំពុង​សាងសង់​ឡើង​ ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ដែល​អាច​សន្សំសំចៃ​ថាមពល​អគ្គ​សនី​ ដែល​ស្ថិតនៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ វិនិយោគ​ដោយ​ ក្រុមហ៊ុន​ Morgan​ Group​ ។ គំរោង​នេះ​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

៣) គំរោង​ខុន​ដូ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ CITY​ KEY​

គំរោង​នេះ​មានឈ្មោះ​ CITY​ KEY​ មាន​ចំនួន៥២ជាន់​ និង​កំពស់២០៨ម៉ែត្រ​ជា​គំរោង​ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ​ បាន​និង​កំពុង​សាងសង់​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​មក​ពី​ប្រទេស​ចិន​។

គំរោង​ដ៏​ធំ​នេះ​ ស្ថិតនៅ​ក្រោយ​អាគារ​ Bali​ Scenary​ និង​អាគារ​The​ Bridge​ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

៤) អគារ​ Thai​ Boon​ Roong​ Commercial​ Centre​ Twin​ Towers​

អគារ​នេះ​មាន​កម្ពស់៥៨៦ម៉ែត្រ​ ស្ថិតនៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា​ កំពុង​ស្ថិតនៅ​ក្នុង​ដំណើរការ​សាងសង់​។ នៅពេល​សាងសង់​បញ្ចប់​អគារ​នេះ​ នឹង​ក្លាយជា​អគារ​ប្រើប្រាស់​រួម​ មាន​ទាំង​ការិយាល័យ​ធ្វើការ​ ផ្សារ​ទំនើប​ អា​ផា​តម៉ិន​ ខុន​ដូ​លំដាប់​អន្តរជាតិ​ សណ្ឋាគារ​កម្រិត​ផ្កាយ៦​ និង​សេវាកម្ម​កំសាន្ត​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​។

អគារ​ភ្លោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Thai​ Boon​ Roong​ របស់​ប្រទេស​កម្ពុជា​ ជាប់​ជា​អគារ​ខ្ពស់​ នៅក្នុង​តំបន់​អាស៊ាន​ ក៏ដូចជា​ខ្ពស់​ជាងគេ​ក្នុងនាម​អាគារ​ភ្លោះ​នៅ​លើ​ពិភពលោក​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ ស្ថិត​ក្នុងចំណោម​អគារ​ខ្ពស់កប់ពពក​ចំនួន៦ផ្សេងទៀត​ មក​ពី​ប្រទេស​ចំនួន៦នៅក្នុង​តំបន់​អាស៊ាន​ ហើយ​អគារ​ទាំងនេះ​ នឹង​ក្លាយជា​អគារ​ខ្ពស់កប់ពពក​នៅក្នុង​តំបន់​អាស៊ាន​។

៥) គម្រោង​សាងសង់​អគារ​ Naga​ 3

ក្រុមហ៊ុន​ NagaCorp​ Ltd​ នៅ​ភ្នំពេញ​ គ្រោង​សាង​សង​សាខា​ថ្មី​ Naga​ 3 បាន​និង​កំពុង​សាងសង់​ក្រោម​ទុន​វិនិយោគ​ជិត៤០០០លាន​ដុល្លារ​ និង​រចនា​ដោយក្រុម​ហ៊ុន​ជំនាញ​ខាង​រចនា​កាស៊ីណូ​ Steelman​ Partners​ LLP​ ។

ក្រុមហ៊ុន​ NagaCorp​ ដែល​មានឈ្មោះ​ក្នុង​ទីក្រុង​ហុងកុង​ មាន​អាជ្ញាប័ណ្ណ​ផ្តាច់​មុខ​ក្នុង​ការប្រតិបត្តិ​ការ​កាស៊ីណូ​នៅ​រាជធានី​ភ្នំពេញ​ និង​តំបន់​ជុំវិញ​។

គម្រោ​ងណា​ហ្គា៣​ នឹង​សាងសង់​អាគារ​ចំនួន​ប្រាំ​ នៅ​លើ​ផ្ទៃដី​ចំនួន១៦​,៨៣៧​ ម៉ែត្រការ៉េ​។ នៅពេល​សាងសង់​រួចរាល់​គម្រោ​ងណា​ហ្គា៣​ ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ស ​; ណ្ឋា​គារ​កម្ពស់៦៦ជាន់​ចំនួន​ពីរ​អាគារ​ សណ្ឋាគារ​កម្ពស់៤៥ជាន់​ចំនួន​ពីរ​អាគារ​ នឹង​ខុន​ដូ​មួយ​ដែល​មាន​កំពស់៤៨ជាន់​។

៦) គម្រោង​ផ្សារ​ទំនើប​ The​ One​ Mall​

គម្រោង​ The​ One​ Mall​ ដែល​ជា​ផ្សារ​ទំនើប​ដ៏​ធំ​ ក្នុង​តំបន់​កោះ​ពេជ្រ​នឹង​លេចចេញ​ជារូបរាង​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ ដោយ​នឹង​ផ្តល់​ជូន​នូវ​ជម្រើស​យ៉ាង​សម្បូរ​បែបជា​មួយ​នឹង​បទពិសោធន៍​ដ៏​អស្ចារ្យ​ជាច្រើន​ ដល់​អ្នកទិញ​ទំនិញ​ទាំងឡាយ​។

គម្រោង​នេះ​មាន​កម្ពស់​បី​ជាន់​ បាន​នឹង​កំពុង​ការសាងសង់​យ៉ាងសកម្ម​ ស្ថិតនៅ​ទីតាំង​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ១​ ផ្លូវរដ្ឋ​សភា​ សង្កាត់​ទន្លេបាសាក់​ ដែល​ជាទី​ប្រជុំជន​ប្រមូល​ផ្តុំ​ទៅ​ដោយសា​លា​រៀន​ សណ្ឋាគារ​ និង​ក្រុមហ៊ុន​អាជីវកម្ម​ជាច្រើន​ ត្រូវ​បាន​គ្រប់គ្រង​ដោយក្រុម​ហ៊ុន​ The​ One​ Mall​ Management​ (Cambodia​) Co​., Ltd​។

៧) គម្រោង​អគារ​ពាណិជ្ជកម្ម​ The​ Sunwah​ Pearl​ Phnom​ Penh​

គម្រោង​ The​ Sunwah​ Pearl​ Phnom​ Penh​ គឺជា​គំរោង​អភិវឌ្ឍន៍​ធំជាង​គេ​របស់​ ក្រុមហ៊ុន​ Sunwah​ ស្ថិតនៅ​លើ​ផ្លូវសួន​សម្តេច​ហ៊ុន​សែន​ និង​នៅ​ចំណុចប្រសព្វ​នៃ​ទន្លេ​ចំនួន​ ៣ គឺ​ទន្លេបាសាក់​ និង​ទន្លេសាប​ នៅ​លើ​ដី​ទំហំ១៥​,០០០​ ម៉ែត្រការ៉េ​ដែល​គ្រោង​នឹង​អភិវឌ្ឍ​ជា​ប្រភេទ​លំនៅ​ដ្ឋាន​ប្រណីត​ចំនួន​ពីរ​ អគារ​ការិយាល័យ​ សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ក្លឹប​ហាត់ប្រាណ​ និង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ធំ​។

គម្រោង​នេះ​ បាន​ចាប់ផ្តើម​សាងសង់​កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០១៩​ ដែល​មានផ្ទៃ​ដី​សាងសង់​សរុប​ជាង១៥​,០០០ម៉ឺន​ម៉ែត្រការ៉េ​ ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​ជាង​ ៥៨០លាន​ដុល្លារ​អាមេរិក​។

The​ Sunwah​ Pearl​ Phnom​ Pen​ មាន​កំពស់​ខ្ពស់​ដែល​មាន៦២ជាន់​ ជា​អាគារ​ខ្ពស់​ជាងគេ​មិនធ្លាប់​មាននៅ​ប្រទេស​កម្ពុជា​ ហើយ​វា​នឹង​ក្លាយជា​លំនៅឋាន​របស់​អ្នក​ដែល​ចូលចិត្ត​ការរស់នៅ​ប្រកបដោយ​ផាសុកភាព​ ក្នុង​បរិយាកាស​ប្រណីត​ និង​ឆើតឆាយ​៕

ចំណេះដឹង​! ហេតុអ្វី​បិទផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បិទ​ ផ្សាយ​ជា​សាធារណៈ​ នូវ​ឯកសារ​ នៃ​ការវិនិច្ឆ័យ​ នៃ​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ប្រព័ន្ធ​ជា​សាធារណៈ​ នៅ​ទូទាំង​ប្រទេស​បន្ទាប់ពី​រដ្ឋាភិបាល​ធ្វើការ​វិនិច្ឆ័យ​ឱ្យ​ពលរដ្ឋ​ត្រួតពិនិត្យ​ និង​តាម​គោល​នយ​បាយ​ដីធ្លី​របស់​រដ្ឋាភិបាល​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បានឱ្យ​ដឹង​ថា​ ការ​បិទផ្សាយ​ជា​សាធារណៈ​ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ដីធ្លី​ជា​ប្រព័ន្ធ​ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ ដែល​មាន​ដីធ្លី​ក្នុង​តំបន់​វិនិច្ឆ័យ​ ត្រួតពិនិត្យ​ ផ្ទៀងផ្ទាត់​ក្បាលដី​របស់​ខ្លួន​ថា​វា​បាន​ត្រឹមត្រូវ​អស់ហើយ​ឬនៅ​ ប្រសិនបើ​មិន​ត្រឹមត្រូវ​អាច​ប្តឹង​ជំទាស់​ដើម្បី​សើរើ​ ពិនិត្យមើល​ឡើងវិញ​។

ដោយ​អនុវត្តន៍​តាម​គោលនយោបាយ​ អនុ​វិស័យ​នៃ​ការ​ចំ​បញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការកែទម្រង់​វិស័យ​ដីធ្លី​ ក្រុម​ការ​ងា​ជំនាញ​ក្រោយពី​ការ​វែង​វែង​បញ្ចប់​ បាន​ប្រកាស​បិទផ្សាយ​ជា​សាធារណៈ​ នូវ​ឯកសារ​នៃ​ការចុះបញ្ជី​ដីធ្លី​ មាន​ប្រភេទ​ដី​លំនៅ​ដ្ឋាន​ ដីស្រែ​ចំការ​ និង​ដី​ផ្សេង​ៗទៀត​។

ក្នុង​ការ​បិទផ្សាយ​ជា​សាធារណៈ​ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​បញ្ជៀស​ការ​កើតមាន​ទំនាស់​ដីធ្លី​ ហើយ​ត្រូវ​បាន​បិទផ្សាយ​រយៈពេល១៥ថ្ងៃ​ គិត​ពី​ថ្ងៃ​បិទផ្សាយ​ ដោយមាន​គណ​កម្មការ​រដ្ឋបាល​ និង​មន្ត្រី​ជំនាញ​សុរិយោដី​ ប្រចាំការ​ដើម្បី​ពន្យល់​អំពី​ទិន្នន័យ​ទាំងឡាយ​និង​ក្បាលដី​ ទទួល​ពាក្យ​បណ្តឹង​ និង​ដោះស្រាយ​។

ក្រោយពី​បិទផ្សាយ​រយៈពេល ១៥ថ្ងៃហើយ​ បាន​ពិនិត្យ​ឃើញថា​ គោលបំណង​នៃ​ការ​បិទផ្សាយ​ឯកា​សារ​ជា​សាធារណៈ​ នៃ​ការចុះបញ្ជី​ធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​នេះ​ ដើម្បី​ធានា​ឱ្យ​បាន​ត្រឹមត្រូវ​ទាំង​ផ្នែក​ច្បាប់​ និង​ទុក​ឱកាស​អ្នកកាន់កាប់​ អ្នក​ពាន់​ព័ន្ធ​ធ្វើការ​តវ៉ា​កែតម្រូវ​លើ​ឯកសារ​មិនទាន់​ត្រឹមត្រូវ​ ហើយ​ការ​តវ៉ា​ទុក​រយៈពេល១៥ថ្ងៃ​ ដោយមាន​មន្ត្រី​ជំនាញ​រង់ចាំ​ពន្យល់​ ដោះស្រាយ​ និង​ទទួ​លប​ណ្តឹង​។

បន្ទាប់ពី​ទទួល​បាន​ទិន្នន័យ​ក្បាលដី​ត្រឹមត្រូវ​អស់ហើយ​ ទើប​ចេញ​វិញ្ញា​បណ្ណ​ប័ត្រ​សម្គាល់​អចលនវត្ថុ​ជួន​ប្រជាពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​៕

ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៧ មានទំហំទឹកប្រាក់ជិត ៦០លានដុល្លារ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៧ ដែលធ្វើការវិនិយោគលើវិស័យផ្សេងគ្នា និងមានទំហំទឹកប្រាក់សរុប ៥៩,៧លានដុល្លារសហរដ្ឋអាមេរិក

ក្រុមហ៊ុនដែលទទួលបានអជ្ញាប័ណ្ណអនុញ្ញាតទាំង៧ រួមមានដូចខាងក្រោម៖

១- “M.H.K.Y Manufactures CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ និងម៉ូតូកង់បី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,២លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ៩១កន្លែង។

២- “ZHENG MENG Cosmetics CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាង ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៨៦០ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣កន្លែង។

៣- “BRIDGE INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារបម្រើឱ្យ វិស័យសំណង់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧១កន្លែង។

៤- “HONGFAXIANG INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងផ្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៥២៧កន្លែង។

៥- “HON CHUAN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសំបកដបប្លាស្ទីក គំរបដបប្លាស្ទីក និងផ្លាកសញ្ញាបិទលើដបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ ៤៤ ផ្លូវជាតិលេខ៤ ក្រុម៥ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣កន្លែង។

៦- “CAMBODIAN NOBLE TASTE FOOD CO., LTD” គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៣៤កន្លែង។

៧- “ANGKOR INTERNATIONAL CULTURE INVESTMENT & DEVELOPMENT (CAMBODIA) CO., LTD”គម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិន ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ២៧,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៣ កន្លែង។

ចិន​វិនិយោគ​ទឹកប្រាក់​ ២,៦ពាន់​លាន​ដុល្លារ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​តំបន់ឆ្នេរ​

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ ​នៅ​ត្រឹម​រយៈ៣ឆ្នាំ​ចុងក្រោយ​នេះ​ ទំហំ​វិនិយោគ​នៅ​កម្ពុជា​ពីសំណាក់​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ បាន​កើនឡើង​យ៉ាង​ខ្លាំង​ ស្ថិតនៅ​លំដាប់​កំពូល​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​ ជាពិសេស​តាម​បណ្តា​ខេត្ត​ ក្រុង​ដែល​ស្ថិតនៅ​តំបន់ឆ្នេរ​ ដែល​គិតជា​ទឹកប្រាក់​មាន​ទំហំ​ប្រមាណ ២​,៦ពាន់​លាន​ដុល្លារ​។

នៅ​ត្រឹម​រយៈពេល ១០ឆ្នាំ​ចុងក្រោយ​នេះ​ សន្ទុះ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មានការ​កើនឡើង​ និង​អាច​រក្សា​បាន​នូវ​ភាពល្អ​ប្រសើរ​ ដែល​ស្ថិតនៅ​ក្នុងរង្វង់៧ភាគរយ​ជាប្រចាំ​ឆ្នាំ​។ ដោយឡែក​អ្វី​ដែល​ជា​ការគួរ​កត់សម្គាល់​នោះ​ នៅ​ត្រឹម​រយៈពេល ៣ឆ្នាំ​ចុងក្រោយ​នេះ​ កម្ពុជា​ទទួល​បានការ​វិនិយោគ​ពីសំណាក់​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​ មក​ពី​ប្រទេស​ចិន​ទៅលើ​វិស័យ​អចលនទ្រព្យ​ នៅក្នុង​ទំហំ​ជាច្រើន​ពាន់​លាន​ដុល្លារ​ ទៅលើ​តំបន់​មួយចំនួន​ដែល​ស្ថិតនៅ​ជាប់​សមុទ្រ​។

អគ្គ​លេខាធិ​កា​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ និង​ជា​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​ លោក​ ជា​ វុទ្ធី​ បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សក្ដានុពល​ នៃ​ការ​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៩ថា​ បច្ចុប្បន្ន​នេះ​កាល​ចូលខ្លួន​មក​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ បាន​ចូលរួម​ចំណែក​មួយភាគធំ​នៅក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

គិត​ចាប់ពី​ឆ្នាំ២០១៦​ រហូតមកដល់​ខែសីហា​ ឆ្នាំ២០១៩​ ការ​វិនិយោគ​មក​ពី​ប្រទេស​ចិន​ នៅ​តាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​ ដូចជា​ កោះកុង​ ព្រះសីហនុ​ និង​ខេត្តកំពត​ មាន​ទុន​វិនិយោគ​ប្រមាណ២​,៦ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ស្មើនឹង​ប្រមាណ ១១​,៥ភាគរយ​នៃ​ទំហំ​ទុន​វិនិយោគ​សរុប​ ក្នុង​នោះ​ខេត្តកោះកុង​ទទួល​បានការ​វិនិយោគ​ប្រមាណ​ ៤៧០លាន​ដុល្លារ​ ស្មើនឹង២ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​”។

លោក​ជា​ វុទ្ឋី​បាន​បន្ត​ទៀត​ថា​ ខេត្ត​ព្រះសីហនុ​ ទទួល​បានការ​វិនិយោគ​ប្រមាណ​ ២ប៊ី​លាន​ដុល្លារ​ស្មើនឹង៨​,៩ភាគរយ​ ហើយ​ខេត្តកំពត​ ទទួល​បាន​ទុន​វិនិយោគ​ប្រមាណ​ជាង១០០លាន​ដុល្លារ​ ស្មើនឹង០​,៥ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​។

លោក​បាន​បញ្ជាក់​ថា​ “បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​ តាមរយៈ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ កំពុងធ្វើការ​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន​ ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏​ជាផ្នែក​មួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​ ដោយ​បាន​កប់​ខ្សែកាប​អុបទិក​នៅ​ក្រោម​ដី​ប្រវែង​ជាង​ ២០០០០គីឡូម៉ែត្រ​ និង​ខ្សែកាប​អុបទិក​នៅ​ក្រោម​បាតសមុទ្រ​ ដើម្បី​តភ្ជាប់​ប្រព័ន្ធ​ទូរគមនាគមន៍​ពី​កម្ពុជា​ទៅកាន់​តំបន់​ និង​ពិភពលោក​”។

លោក​បាន​បន្ត​ទៀត​ថា​ ប្រទេស​ចិន​នៅតែ​ជា​ដៃគូ​យ៉ាង​សំខាន់​ ក្នុង​ធ្វើ​ពាណិជ្ជកម្ម​ និង​បង្កើន​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ពេល​បច្ចុប្បន្ន​ និង​បន្ត​ទៅ​ថ្ងៃ​អនាគត​៕

កម្ពុជា​មាន​សហគមន៍​ទេសចរណ៍​ ១២៥កន្លែង​កំពុង​បម្រើ​ឱ្យ​វិស័យ​នេះ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រទេស​កម្ពុជា​មាន​សហគមន៍​ចំនួន ១២៥កន្លែង​ ដែល​កំពុងតែ​មាន​សកម្មភាព​ និង​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​យ៉ាង​ទាក់ទាញ​ ខណៈ​ដែល​សហគមន៍​សរុប​ទាំងអស់​មាន​ចំនួន​រហូតដល់​ទៅ​ជាង២៣០០កន្លែង​ ដែល​ស្ថិតនៅ​ក្នុង​ការគ្រប់គ្រង​របស់ក្រ​សួង​ចំនួន៣ផ្សេងគ្នា​។

នៅក្នុងចំណោម​សហគមន៍​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ មាន​សហគមន៍​រហូតដល់​ទៅ​ជាង២៣០០កន្លែង​ ប៉ុន្តែ​សហគមន៍​ដែល​កំពុង​បម្រើ​ប្រយោជន៍​ ដល់​វិស័យ​ទេសចរណ៍​ និង​មាន​ភាព​ទាក់ទាញ​មានត្រឹមតែ១២៥សហគមន៍​តែប៉ុណ្ណោះ​ ដែល​តម្រូវ​ឱ្យ​មានការ​ជំរុញ​បង្កើន​លទ្ធភាព​ ដើម្បី​ចូលរួម​ជំរុញ​និង​បង្កើន​ទេសចរណ៍​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ បាន​ប្រកាស​ពី​សមិទ្ធផល​ដែល​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍​ ជាមួយនឹង​ការជំរុញ​ឱ្យ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ព្យាយាម​ខិតខំ​ប្រែក្លាយ​សហគមន៍​ ដែល​មិនទាន់​មាន​សកម្មភាព​ទេសចរណ៍​ ទៅជា​សហគមន៍​ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ លោក​បាន​បន្ត​ទៀត​ថា​ “សហគមន៍​ទាំងអស់​គួរតែ​ព្យាយាម​ប្រែក្លាយ​ឱ្យទៅ​តំបន់​គួរ​ជាទី​ទាក់ទាញ​ តាមរយៈ​ការ​បញ្ចូល​សកម្មភាព​ទេសចរណ៍​ ការរុករក​ និង​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ ក្នុង​សហគមន៍​ បើ​ទោះបី​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​ណាមួយ​ក៏ដោយ​”។

ការជំរុញ​យ៉ាង​ដូច្នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី៤​ របស់​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​នា​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៩​ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។

ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ លោក​ជុក​ ជំនោរ​ បានឱ្យ​ដឹង​ថា​ តាម​ការ​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​ សហគមន៍​ដែល​ចំណុះ​ ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​ទេសចរណ៍​ ក្រសួងបរិស្ថាន​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ មាន​ចំនួន​សរុប​ជាង២៣០០កន្លែង​ ក្នុង​នោះ​សហគមន៍​ដែល​កំពុង​មាន​សកម្មភាព​ ទេសចរណ៍​មាន​ចំនួន១២៥​ កន្លែង​។

ក្នុងចំណោម​សហគមន៍​ទាំងនោះ​ ក្រសួងទេសចរណ៍​គ្រប់គ្រង​ចំនួន៧៩កន្លែង​ ក្នុង​ខេត្ត​ចំនួន២០​ ដែល​កំពុង​ប្រតិបត្តិ​ការ​ក្នុងនាម​ជា​សហគមន៍​ទេសចរណ៍​។ ​ក្រសួងបរិស្ថាន​ មាន​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន១៦៨កន្លែង​ (២០ សហគមន៍​ មាន​បញ្ចូល​សកម្មភាព​ទេសចរណ៍​)។ ដោយឡែក​ ក្រសួង​-ស្ថាប័ន​ផ្សេង​ៗក៏បាន​កំពុង​ធ្វើ​បច្ចុប្បន្នភាព​កិច្ចការ​នេះ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​មានការ​បណ្ដុះបណ្ដាល​ដល់​ប្រជា​សហគមន៍​នូវ​ស្ដ​ង់​ដា​បច្ចេកទេស​ ក៏ដូចជា​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការ​ទទួល​បដិសណ្ឋារ​កិច្ច​ និង​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ បញ្ហា​ការពារ​បរិស្ថាន​ ការ​ទុកដាក់​សំរាម​ ការ​ពង្រឹងគុណភាព​សេវាកម្ម​ និង​អនាម័យ​ជាដើម​។

ជាមួយគ្នា​នេះ​ បញ្ហា​កសាង​ផ្លូវ​តភ្ជាប់​ទៅកាន់​សហគមន៍​ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​តបណ្ដាញទឹក​ស្អាត​ បណ្ដាញ​អគ្គិសនី​ បណ្ដាញ​ទូរគមនាគមន៍​ ក៏​ត្រូវ​បាន​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់​ផង​ដែរ​។

ការ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍​ បាន​រួមចំណែក​ដ៏​សំខាន់​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ពន្យារពេល​ស្នាក់នៅ​របស់​ទេសចរ​ និង​ចំណូល​ផ្ទាល់​ទៅដល់​ប្រជាជន​មូលដ្ឋាន​។ ជាក់ស្តែង​តាម​ការព្យាករណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTO​) វិស័យ​ទេសចរណ៍​វប្បធម៌​ មាន​ចំណែក​ទីផ្សារ​ប្រមាណ៥០ភា​ទី​គរយ​ នៃ​ទីផ្សារ​ទេសចរណ៍​សកលលោក​ ហើយ​មាន​កំណើន​ប្រចាំឆ្នាំ​ក្នុង​អត្រា​ប្រមាណ៦ភាគរយ​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោក​ ហូរ​ វណ្ឌី​ បាន​បង្ហាញ​ការ​គាំទ្រ​ទៅ​នឹង​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ខាងលើ​នេះ​ ប៉ុន្តែ​ត្រូវតែ​មានការ​យកចិត្ត​ទុកដាក់​ ទៅលើ​ការ​បណ្តុះបណ្តាល​ជំនាញ​ពាក់ព័ន្ធ​ ទៅដល់​បងប្អូន​ដែល​ជា​ប្រជា​សហគមន៍​ជាចាំបាច់​។ លោក​បាន​មានប្រសាសន៍​ប្រាប់​ តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ការ​វិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​តែងតែ​ត្រូវ​បាន​រៀបចំ​ និង​មាន​ភាពល្អ​ប្រសើរ​ជាបន្តបន្ទាប់​។

លោក​បន្ត​ទៀត​ថា​ “ទេសចរណ៍​សហគមន៍​ គឺ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅក្នុង​វិស័យ​មួយ​នេះ​ ដោយសារតែ​បច្ចុប្បន្ន​នេះ​ ភ្ញៀវ​ទេសចរ​ ជាពិសេស​ភ្ញៀវ​បរទេស​ តែង​មាន​ទំនោរ​ទៅតាម​តំបន់​សហគមន៍​ ដែល​មាន​លក្ខណៈ​ធម្មជាតិ​ និង​វប្បធម៌​ប្រចាំ​តំបន់​។ ពួកគេ​ចង់​មាន​ពិភព​ពិត​នៃ​សម្រស់​ធម្មជាតិ​ ទាំង​ផ្នែក​បរិស្ថាន​ ផ្នែក​អាហារ​ និង​អនាម័យ​ ក៏ដូចជា​ស្ថានភាព​រស់នៅ​ក្នុង​តំបន់​ជាដើម​។

​លោក​បន្ត​ទៀត​ថា​ “ដើម្បី​ជម្រុ​ញឱ្យ​ទេសចរណ៍​សហគមន៍​ មានប្រសិទ្ធភាព​ខ្ពស់​ សំខាន់​បំផុត​ រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ផ្តល់​ការអប់រំ​ ចំណេះដឹង​ និង​ជំនាញ​ដល់​ប្រជា​សហគមន៍​ ស្គាល់​ពី​គុណ​តម្លៃ​នៃ​វិស័យ​ទេសចរណ៍​ ដែល​អាច​រកចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ ក៏ដូចជា​ចូលរួម​អភិវឌ្ឍ​សហគមន៍​ទាំងមូល​ផង​ដែរ​”។

លោក​បាន​បញ្ជាក់​ថា​ “គួរតែ​មានការ​អនុវត្ត​ច្បាប់​ ស្របតាម​រដ្ឋបាល​ចំពោះ​អ្នក​ដែល​អនុវត្តន៍​ ខុសពី​គោលការណ៍​ដែល​ក្រសួង​ពាក់ព័ន្ធ​ណែនាំ​ ដូចជា​ចំពោះ​អាជីវករ​ដែល​លក់​លើស​តម្លៃ​ អ្នក​ដែល​លក់​របស់របរ​ក្លែងក្លាយ​ ក៏ដូចជា​អ្នក​ដែល​ធ្វើអាជីវកម្ម​ដោយ​ការ​បើក​បញ្ឆោត​ក្នុង​រូបភាព​ផ្សេងទៀត​ផង​ដែរ​”។

សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ ដែល​ជា​ទេសចរណ៍​វប្បធម៌​ និង​ធម្មជាតិ​ វិស័យ​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ​ មាន​ចំណែក​ទីផ្សារ​ប្រមាណ៥០ភាគរយ​ នៃ​ទីផ្សារ​សរុប​ ហើយ​ទេសចរណ៍​តំបន់ឆ្នេរ​ មាន​ចំណែក​ទីផ្សារ​ប្រមាណ២០ភាគរយ​ អេកូ​ទេសចរណ៍​ប្រមាណ២០ភាគរយ​ និង​ទីផ្សារ​ទេសចរណ៍​កីឡា​ និង​កម្សាន្ត​ផ្សេង​ៗទៀត​៕

អាសន្ន​៖ ជប៉ុន​បាន​លុបចោល​ជើងហោះហើរ​ និង​រថភ្លើង​ ខណៈ​នឹង​មាន​ព្យុះ​ទី​ហ្វុ​ងដ៏​ធំ​

ដោយ​ Donald​ Lee​

ជប៉ុ​នៈ​ អាជ្ញាធរ​ជប៉ុន​បាន​លុបចោល​រាល់​ជើងហោះហើរ​ក្នុង​ស្រុក​ និង​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ ខណៈ​ព្យុះ​ទី​ហ្វុ​ងដ៏​ខ្លាំង​បំផុត​ក្នុងរយៈពេល ៦០ឆ្នាំ​ នឹង​កើតឡើង​នៅ​ប្រទេស​ប្រជុំកោះ​នេះ​នៅ​ថ្ងៃសុក្រ​នេះ​។

ព្យុះ​ដែល​មានឈ្មោះ ​Hagibis​ នឹង​កើតឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ងបាន​បោកបក់​ ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​នៅ​ទីក្រុង​តូក្យូ​ ហើយ​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ស្ថិត​ នៅក្នុង​ភាព​ងងឹត​បន្ទាប់ពី​ការ​ដាច់​ចរន្ត​អគ្គិសនី​។

អាជ្ញាធរ​កំពុង​ព្រមាន​ប្រជាជន​អំពី​ទឹកជំនន់​ ការ​រអិល​បាក់​ដី​ និង​ការ​កើនឡើង​ព្យុះ​ដែល​បណ្តាល​មក​ពី​ខ្យល់បក់ ២៥២គីឡូ ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ អាជ្ញាធរ​បាន​លុបចោល​ការប្រកួត​បាល់​ឱប​ ការប្រកួត​បាល់ទាត់​ពិភពលោក​ និង​អាច​ផ្លាស់​ប្តូរ​កាលវិភាគ​នៃ​ការប្រកួត​ Formula​ 1 Japanese​ Grand​ Prix​ នៅ​ចុង​សប្តាហ៍​នេះ​។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បានឱ្យ​ដឹង​ថា​ “វា​មានលទ្ធភាព​នៃ​កើតឡើង​ព្យុះ​ទី​ហ្វុ​ងដែល​មាន​ឥទ្ធិពល​ខ្លាំង​ នឹង​ធ្វើ​ឱ្យ​មានការ​បាក់​ដី​នៅ​តំបន់​តូ​កៃ​ ឬតំបន់​កាន​តូ​នៅ​ថ្ងៃស្អែក​”។

ទីភ្នាក់ងារ​ឧតុនិយម​បាន​បញ្ជាក់​ថា​ ព្យុះ​ទី​ហ្វុ​ង Hagibis​ ប្រហាក់​ប្រហែល​នឹង​ព្យុះ​ទី​ហ្វុ​ងដែល​បាន​បោកបក់​កណ្តាល​ប្រទេស​ជប៉ុន​ និង​សម្លាប់​មនុស្ស ១២០០នាក់​។

ក្រុមហ៊ុន​អាកាសចរណ៍​ ANA​ បាន​លុបចោល​ជើងហោះហើរ​ទាំងអស់​ របស់​ពួកគេ​ពី​ព្រលា​នយន្តហោះ​ទីក្រុង​តូក្យូ​៕

អ្នកជំនាញ​៖ កត្តា​គំរាមកំហែង​ពីក្រៅ​មិន​បង្ក​ផល​ប៉ះពាល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ទេ​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​នឹង​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា​ និង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​ មិន​បង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ខណៈ​កម្ពុជា​ ត្រូវ​ពង្រឹង​បទ​បញ្ញា​តសំណង់​បន្ថែម​ ដើម្បី​ទាញ​យក​ការ​វិនិយោគ​បន្ថែម​ពី​បរទេស​។

លោក​ James​ Hodge​ នាយករង​ក្រុមហ៊ុន​ CBRE​ Cambodia​ បានឱ្យ​ដឹង​ក្នុង​សន្និ​សិទ្ន​សារព័ត៌មាន​នៅ​ថ្ងៃទី១១​ តុលា​នេះ​ថា​ ការ​គំរាមកំហែង​ពី​ខាងក្រៅ​ដូចជា​ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​ វា​នៅតែ​មាន​ឳកាស​ និង​ពេលវេលា​ក្នុង​ការចរចា​ក្នុង​ទទួល​បាន​វា​មកវិញ​ ហើយ​ចំណែក​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បង្កើត​ឳកាស​ជាច្រើន​ដល់​កម្ពុជា​។

លោក​ឱ្យ​ដឹង​ថា​ “ដូ​ច្នេះ​ថ្មី​ៗនេះ​ យើង​ឃើញ​រោងចក្រ​ផលិតកម្ម​ចិន​ជាច្រើន​កំពុង​សម្លឹង​រក​កន្លែង​វិនិយោគ​នៅ​ទីនេះ​ ហើយ​ទីតាំង​វិនិយោគ​ផ្សេងទៀត​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដូចជា​វៀតណាម​ ដោយ​តម្លៃ​កម្លាំង​ពលកម្ម​នៅ​ទីនេះ​មាន​ភាពសមរម្យ​ ខណៈ​កម្ពុជា​ក៏​តម្លៃ​កម្លាំង​ពលកម្ម​សមរម្យ​ដែរ​ ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​វៀតណាម​ ដើម្បី​ទាញ​យក​វិនិយោគ​ក្រៅ​ប្រទេស​”។

ទោះបីជា​យ៉ាង​ក៏ដោយ​ លោក​ បាន​បន្ត​ថា​ “កិច្ចការ​សំខាន់​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទាក់ទាញ​វិនិយោគ​ផ្សេងទៀត​ ក្រៅពី​ប្រទេស​ចិន​ គឺ​រៀបចំ​សមត្ថភាព​បទបញ្ញត្តិ​របស់​កម្ពុជា​ឱ្យ​បាន​ប្រសើរ​ ហើយ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​អ្វី​ដែល​យើង​មាន​ក្នុង​ប្រទេស​”។

កង្វះខាត​បទបញ្ញត្តិ​ទាក់ទង​គុណភាព​សំណង់​ និង​ការអនុញ្ញាត​លក់​ ហើយ​បើ​អ្វី​ទាំងអស់​នេះ​ ត្រូវ​បាន​ធ្វើ​ប្រសើរ​ឡើង​ វា​នឹង​ធ្វើ​ឱ្យ​វិ​និ​យោ​គិន​ផ្សេង​ៗទៀត​ មានទំនុក​ចិត្ត​ក្នុង​វិនិយោគ​នៅ​ទីនេះ​ និង​ដាក់​ទុន​របស់​ពួកគេ​នៅ​ផង​ដែរ​។

ប្រធាន​ក្រុមហ៊ុន​ផលិត​កង់​ធំ​បំផុត​របស់​អាមេរិក​ Kent​ International​ បាន​មក​កម្ពុជា​ ដើម្បី​ស្វែងរក​ទី​តាំង​សម្រា​បង់​ការសាងសង់​រោងចក្រ​ ខណៈ​ក្រុមហ៊ុន​រង​ចាំ​ការវិវត្តន៍​ចុងក្រោយ​នៃ​ចាំ​ការ​ចរ​ចារ​ពាណិជ្ជកម្ម​វាង​អាមេរិក​ និង​ចិន​។

លោក​ Arnold​ Kamler​ ប្រធាន​ក្រុមហ៊ុន​កង់​អាមេរិក​ Kent​ International​ បាន​ប្រាប់​សារព័ត៌មាន​ Fox​ Business​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្រុមហ៊ុន​កំពុង​សម្លឹង​ទីតាំង​ ដើម្បី​រៀបចំ​រោងចក្រ​កង់​នៅ​កម្ពុជា​ ខណៈ​ក្រុមហ៊ុន​ក៏​រង​ចាំ​ការចរចា​រវាង​អាមេរិក​ និង​ចិន​នា​ពេល​ខាងមុខ​។

លោក​ Arnold​ Kamler​ “យើង​ត្រៀមខ្លួន​រួចជាស្រេច​ ជាមួយនឹង​ការ​វិនិយោគ​នៅ​កម្ពុជា​ ហើយ​នេះ​គឺជា​ដី​នៅ​កម្ពុជា​ ដែល​យើង​កំពុង​សម្លឹង​មើល​។ យើង​មើលទៅ​មាន​បឹង​ និង​មាន​ទឹកនាច​ និង​ទឹក​ជោ​ ហើយ​ពួកគេ​ចាក់​បំពេញ​វា​បាន​ជាមួយ​ដី​ និង​ខ្សាច់​ដែល​ជា​រឿង​ធម្មតា​ក្នុង​កម្ពុជា​ ហើយ​វា​ជា​កន្លែង​រោងចក្រ​ដែល​នឹង​ត្រូវ​សាងសង់​”។

លោក​ “ប៉ុន្តែ​យើង​នៅ​មានការ​ស្ទាក់ស្ទើរ​បន្តិច​ ដើម្បី​ឱ្យ​ពួកគេ​បន្ត​គម្រោង​ទៅមុខ​ (កម្ពុជា​) ដោយសារ​ការចរចា​លោក​Trump​ ជាមួយនឹង​ចិន​ទៅរួច​ ឬមិន​រួច​”។

កាលពីដើម​ឆ្នាំនេះ​ ក្រុមហ៊ុន​ផលិត​ដែក​ធំជាង​គេ​ទីពីរ​ លើ​ពិភពលោក​មួយ​ក៏បាន​សម្លឹង​មើល​ការ​ផ្លាស់​ប្តូរ​រោងចក្រ​របស់​ខ្លួន​ ពីទី​ក្រុង​ស៊ីន​ជាំ​ង (Xinjiang​) នៃ​ប្រទេស​ចិន​ មក​បង្កើត​មូលដ្ឋាន​ផលិត​នៅ​កម្ពុជា​។

ក្រុមហ៊ុន​ China​ Baowu​ Steel​ Group​ Corp​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ដែក​ធំជាង​គេ​របស់​ចិន​ គ្រោង​នឹង​ផ្លាស់​ប្តូរ​រោងចក្រ​កែ​ផលិត​ដែក​ពីរ​កន្លែង​ និង​ម៉ាស៊ីន​បម្លែង​ពីរ​ដើម្បី​បង្វែរ​ដែក​ទៅជា​ដែកថែប​។

ការ​ផ្លាស់​ប្តូរ​ទីតាំង​នឹង​ក្លាយជា​ភស្តុភារ​ដ៏​ធំ​មួយ​។ សម្ភារៈ​បរិក្ខារ​នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ចេញពី​រោងចក្រ​បិទទ្វារ​មួយ​នៅ​ទីតាំង​ អា​កសួ​ (Aksu​) នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន​ ដែល​មាន​ចំងាយ​ប្រហែល ២​,៤៨០​ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោង​តាម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​សារ​ព័ត៏​មាន​ Reuters​៕