កម្ពុជា​-ម៉ាឡេស៊ី​ចុះ​អនុស្សរណៈ​ផ្ទេរ​ប្រាក់​ឆ្លងដែន​

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ កម្ពុជា​និង​ម៉ាឡេស៊ី​ បាន​ចុះ​អនុស្សរណៈ​យោគយល់​ ជាមួយ​ធនា​គា​រមេយ​ប៊ែង​ ដើម្បី​ជំរុញ​ការ​ទូទាត់​និង​ការផ្ទេរ​ប្រាក់​ឆ្លងដែន​កាន់តែ​ងាយស្រួល​ និង​រហ័ស​ទាន់ចិត្ត​។

យោង​តាម​សេចក្តី​ជូន​ណឹង​របស់​ធន​គារ​ជាតិ​នៃ​កម្ពុជា​ នៅ​ថ្ងៃទី​ ១១​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ អនុស្សរណៈ​យោគយល់​នេះ​ ត្រូវ​បាន​ចុះហត្ថលេខា​ស្រប​ពេល​នឹង​ការរៀបចំ​ពិធី​ខួប៤០ឆ្នាំ​ នៃ​ការបង្កើត​ធនាគារជាតិនៃកម្ពុជា​ឡើងវិញ​។

តាមរយៈ​អនុស្សរណៈ​នេះ​ ធនាគារជាតិនៃកម្ពុជា​ និង​ធនា​គា​រមេយ​ប៊ែង​ម៉ាឡេស៊ី​ នឹង​សហការ​គ្នា​ ដើម្បី​ពិនិត្យ​លទ្ធភាព​ឱ្យ​ប្រតិបត្តិ​ការផ្ទេរ​ប្រាក់​ និង​ទូ​ទា​ត់​ភ្លាម​ៗអាច​ធ្វើ​បាន​រវាង​ប្រទេស​កម្ពុជា​និង​ម៉ាឡេស៊ី​ តាមរយៈ​ប្រព័ន្ធ​បាគង​របស់​ធនាគារជាតិនៃកម្ពុជា​និង​ផ្លែ​តហ្វ​មឌីជីថល​មេ​យប៊ែង​ធូ​យូ​ របស់​ធនា​គា​រមេយ​ប៊ែង​។

តាមរយៈ​សេចក្តី​ជូនដំណឹង​ដដែល​បន្ថែម​ថា​ បន្ទាប់ពី​ដាក់​ឱ្យ​ដំណើរការ​ សេវា​នេះ​នឹង​រំពឹង​ថា​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ ដែល​កំពុង​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​ និង​ប្រជាជន​ម៉ាឡេស៊ី​ ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​ ក៏ដូចជា​ធុរកិច្ច​ក្នុង​ប្រទេស​ទាំងពីរ​ ដោយ​ប្រើប្រាស់​អ៊ី​វ៉ា​ឡេ​តរបស់​ប្រព័ន្ធ​បាគង​ និង​ផ្លែ​តហ្វ​មឌីជីថល​មេ​យប៊ែង​ធូ​យូ​ ដើម្បី​ផ្ទេរ​មូលនិធិ​ឆ្លង​ប្រទេស​ សម្រាប់​ការ​ទូទាត់​ពាណិជ្ជកម្ម​ និង​ការផ្ទេរ​ប្រាក់​។ កិច្ច​សហប្រតិបត្តិ​ការ​នេះ​ នឹង​ជួយ​លើក​កម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​កិច្ច​គាំទ្រ​ចំពោះ​ការវិវឌ្ឍន៍​ទៅ​រក​សង្គម​ឌីជីថល​ក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី​ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ធនាគារជាតិនៃកម្ពុជា​ បាន​លើកឡើង​នៅ​ ក្នុង​ពិធី​ចុះ​អនុស្សារ​ណៈ​យោគយល់​ គ្នា​កាលពី​ទី១០​ ខែតុលា​ម្សិលមិញ​ នេះ​បានឱ្យ​ដឹង​ថា​ ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បាគង​ បាន​ផ្តល់​លទ្ធភាព​ជាច្រើន​ ក្នុង​ការ​លើកកម្ពស់​ប្រព័ន្ធ​ទូទាត់​កាន់តែ​ប្រសើរ​ ទាំង​ក្នុង​ប្រទេស​កម្ពុជា​និង​កម្រិត​តំបន់​ ជាក់ស្តែង​ការ​ចុះ​អនុស្សារ​ណៈ​នេះ​ នឹង​នាំឲ្យ​ស្ថាប័ន​ទាំងពីរ​ ឈាន​ដល់​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​ហិរញ្ញវត្ថុ​មួយ​កម្រិត​ទៀត​ ក្នុង​ការ​ទាញ​យក​ផលប្រយោជន៍​ ពី​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ សម្រាប់​បម្រើ​ឲ្យ​ប្រជាជន​នៅ​កម្ពុជា​ និង​ម៉ាឡេស៊ី​។

លោកស្រី​បន្ត​ថា​ ក្រៅពី​ការ​ផ្តល់​អត្ថ​ប្រយោជន៍​ខាងលើ​ ការ​ចុះ​អនុ​ស្សា​ណៈ​នេះ​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ផង​ដែរ​ សម្រាប់​ការផ្ទេរ​ប្រាក់​ចុះឡើង​របស់​ប្រទេស​ទាំងពីរ​ ជាពិសេស​ការ​ផ្តល់​លទ្ធភាព​ដល់​កម្មករ​កម្ពុជា​ ដែល​កំពុងធ្វើការ​នៅ​ ប្រទេស​ម៉ាឡេស៊ី​អាច​ទូទាត់ប្រាក់​បាន​កាន់តែ​លឿន​ និង​រហ័ស​ជាង​មុន​ ព្រមទាំង​បាន​កាត់បន្ថយ​នូវ​ពេលវេលា​ និង​ការ​ ចំណាយ​ថ្លៃ​សេវា​ខ្ពស់​ជាដើម​៕

ទុន​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទូទាំង​ប្រទេស​រយៈពេល៨ខែ​ មាន​ទំហំ​ទឹកប្រាក់​ជាង​ ៣៦០០លាន​ដុល្លារ​

ដោយ ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាមួយនឹង​សន្ទុះ​នៃ​កំណើន​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​នៅ​កម្ពុជា​ បាន​ធ្វើឲ្យ​តំបន់​សេដ្ឋកិច្ច​ទូទាំង​ប្រទេស​ ទាក់ទាញ​ទុន​វិនិយោគ​រហូតដល់៣៦០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ លើ​គំរោង​វិនិយោគ​ចំនួន៤៨២​។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​បង្ហាញ​កាលពី​ថ្ងៃម្សិល​ម៉ិញ​បាន​ឲ្យដឹង​ថា​ គិត​ត្រឹម​ខែសីហា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ ទំហំ​វិនិយោគ​នៅ​សរុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ មានការ​កើនឡើង​រហូតដល់​ជា៦ពាន់​លាន​ដុល្លារ​ ស្មើនឹង​ចំនួន២២២គម្រោង​ កើនឡើង៨១គម្រោង​ ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៨​ ។

អគ្គ​លេខាធិ​កា​រង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ លោក​ ជា​ វុទ្ធី​ បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ សក្ដានុពល​នៃ​ការ​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៩កន្លងមក​ថា​ “ទំហំ​វិនិយោគ​សរុប​របស់​កម្ពុជា​ គិត​ត្រឹម​ខែសីហា​ មាន​ចំនួន​រហូតដល់​ជាង៦​ ០០០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ មានការ​កើនឡើង​ប្រមាណ១៨៨០​ លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ​កន្លងទៅ​ ។

នៅ​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​កំពុងតែ​មាន​សកម្មភាព​ចំនួន២៣កន្លែង​ ហើយ​ទំហំ​នៃ​ការនាំចេញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ មាន​ចំនួន​ប្រមាណ១៥ភាគរយ​ នៃ​ទំហំ​នាំចេញ​សរុប​របស់​កម្ពុជា​។ ​;

ជាមួយនឹង​សញ្ញា​វិជ្ជមាន​នេះ​ លោក​ ជា​ វុទ្ធី​ បាន​បង្ហាញ​ពី​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ នៅ​ឆ្នាំ​បន្ទាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ នឹង​នៅតែ​រក្សា​បាន​នូវ​ភាពល្អ​ប្រសើរ​។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា​ លោក​ង៉ែត​ ជូ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០១៩​ នេះ​ថា​ ផ្អែក​តាម​ទិន្នន័យ​ដូច​បាន​បង្ហាញ​ខាងលើ​នេះ​ វា​គឺជា​សុច​នា​ករណ៍​ដ៏​ល្អ​មួយ​ ដែល​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​។

លោក​បាន​បន្ត​ទៀត​ថា​ “តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវតែ​រៀបចំ​យ៉ាង​ពិសេស​ ដើម្បី​ឱ្យ​មាន​ភាព​ទាក់ទាញ​លើ​ការ​វិនិយោគ​ ទាំង​ទីតាំង​ ភាព​អនុគ្រោះ​ពី​រដ្ឋាភិបាល​ក៏ដូចជា​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “បើ​ទោះជា​ពេលនេះ​ កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​វិនិយោគ​ ប៉ុន្តែ​យើង​ចង់​មាន​ពិពិធ​កម្ម​ប្រភព​វិនិយោគ​ មក​ពី​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ ជាជាង​ពឹង​តែ​ប្រទេស១​ ឬ២​ ដែល​អាច​ជា​ហានិភ័យ​ណាមួយ​កើតឡើង​ នៅពេល​ប្រទេស​ដែល​ជា​ប្រភព​វិនិយោគ​ជួប​វិបត្តិ​ ដូចជា​ប្រទេស​ចិន​ជាដើម​”៕

ធនាគារពិភពលោក : សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ខណៈវិស័យអចលនទ្រព្យឈានមុខគេ

ដោយ Donald Lee

ភ្នំពេញៈ ធនាគារពិភពលោក (World Bank) បានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួនថា  វិស័យសេដ្ឋកិច្ចសំខាន់ៗ របស់ប្រទេសកម្ពុជានៅតែរឹងមាំ និងបាននាំមុខដោយវិស័យអចលនទ្រព្យ។

យោងតាមរបាយការណ៍ថ្មី ដែលចេញផ្សាយដោយធនាគារពិភពលោក កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញនេះបានបង្ហាញថា វិស័យសំណង់នៅតែបន្តមានសន្ទុះខ្លាំងនៅក្នុងឆ្នាំ ២០១៩ ដោយសារវិនិយោគិន បន្តបោះទុនវិនិយោគលើគម្រោងនានានៅទូទាំងប្រទេស។

វិនិយោគិនចិននៅតែបន្តនាំមុខគេ នៅក្នុងតារាងវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ចូលមកក្នុងប្រទសកម្ពុជាដែលស្មើនឹង៤០ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេ​សសរុប។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញបន្តថា ខណៈលទ្ធផលវិស័យអចលនទ្រព្យ បាននឹងកំពុងរីកចម្រើនខ្លាំង ការនាំចូលដែកថែបមកកាន់ប្រទេ​សកម្ពុជាបានកើនឡើង៦៣,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

របាយការណ៍ដដែលក៏បានបង្ហាញពីកំណើននៃការនាំចូលរថយន្ត និងផលិតផលប្រេងចូលមកក្នុងប្រទេសកម្ពុជា ដោយសារកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានការរីកចំរើនយ៉ាងឆាប់រហ័ស។

របាយការណ៍បានលើកឡើងថា “ការកើនឡើងនៃការប្រើប្រាស់ក្នុងស្រុក បានជំរុញឱ្យមានកំណើននៃការនាំចូល ដោយក្នុងនោះការនាំចូលផលិតផលប្រេង និងយានយន្តបានកើនឡើង ៩១,០ ភាគរយ និង ១៨,៥ ភាគរយ”។

ក្នុងឆ្នាំ២០១៩នេះ ធនាគារពាណិជ្ជនៅកម្ពុជា ក៏ជួយជំរុញកំណើនឥណទានផងដែរ ដោយក្នុងនោះកំណើនឥណទានកើនជិត ៣០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែមិថុនា ឆ្នាំ២០១៩កន្លងមកនេះ៕

ទីក្រុង​រណប​ថ្មី​នា​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​កំពុង​លេចចេញ​រូបរាង​ហើយ​

DCIM100MEDIADJI_0005.JPG

ដោយ​ រតនៈ​

ភ្នំ​ពេញៈ​ ស្រប​ពេល​ជាមួយនឹង​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​ របស់​សាលាក្រុង​ភ្នំពេញ​នៅ​ឆ្នាំ២០៣៥​ ដើម្បី​បំពេញ​តម្រូវការ​លំនៅ​ដ្ឋាន​សម្រាប់​ការរស់នៅ​ និង​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ ។ ​ការ​អភិវឌ្ឍ​ពង្រីក​ទីក្រុង​ ឥត​ឈប់ឈរ​នេះ​មានការ​ចូលរួម​ពី​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ផង​ដែរ​។

ក្នុង​ចំ​ណោម​តំបន់​អភិវឌ្ឍ​ជុំវិញ​រាជធានី​ភ្នំពេញ​ យើង​សង្កេតឃើញ​ថា​តំបន់​ភាគ​ខាងត្បូង​ ជាពិសេស​តំបន់​មហាវិថី​សម្តេច​តេជោ​ (៦០​ ម៉ែត្រ​) និង​តំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី២​ (ផ្លូវ​ ៥០​ ម៉ែត្រ​) មានការ​អភិវឌ្ឍ​លឿន​ជាងគេ​ គួរ​អោយ​កត់សម្គាល់​ ដោយសារ​តំបន់​នេះ​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ ដែល​រៀបចំ​រួចជាស្រេច​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ ជាពិសេស​មាន​ទីតាំងនៅ​ជិត​ទីប្រជុំជន​។

គម្រោ​ងដឹស្តា​ដាយ​មិន​ ក៏​បង្ហាញ​វត្តមាន​ក្នុង​តំបន់​ទីក្រុង​រណប​ផ្លូវ៦០ម៉ែត្រ​ នេះ​ដែរ​ ដែល​គ្រប​ដណ្តប់​លើ​វិសាលភាព​ផ្ទៃដី​ដ៏​ធំ​ និង​ជា​គម្រោង​មួយ​ មាន​ភាព​លេចធ្លោ​ជាងគេ​ក្នុង​តំបន់​ រួមមាន​ទាំង​ក្លឹប​ហាត់ប្រាណ​ អាងហែលទឹក​ ផ្សារ​ទំនើប​ភី​អេច​ ដាយ​មិន​ផ្លេស​ សាល​សនិ្ន​សី​ទស​ម្រាប់​រៀបចំ​អាពាហ៍​ពិពាហ៍​ និង​ប្រារព្ធ​ពិ​ធី​ផ្សេង​ៗ រួម​ទាំង​អគារ​ពាណិជ្ជកម្ម​ផង​ដែរ​។

សម្រាប់​លំនៅ​ដ្ឋាន​ ក្នុង​គម្រោង​នេះ​ផ្ទាល់​ មាន​ដូចជា​ វីឡា​ឃីង​ អេ​ វី​ឡា​ឃ្វីន​ ម៉ូត​ថ្មី​ វី​ឡា​ព្រីន​ និង​ហ្សប​ហោស៍​ ក្លា​សស៊ិ​ក។ លំនៅ​ដ្ឋាន​ទាំងនេះ​ ត្រូវ​បាន​សាងសង់​ឡើង​ ដោយ​យកចិត្ត​ទុក​ពី​វិស្វករ​ជំនាញ​ ធ្វើអោយ​លំនៅ​ដ្ឋាន​មានគុណ​ភាព​ និង​ភាព​ច្នៃប្រឌិត​ខ្ពស់​ ជាមួយ​សោភ័ណភាព​ និង​ផាសុកភាព​ក្នុង​ការរស់នៅ​ ដែល​ទទួល​បានការ​កោតសរសើរ​មិន​ដាច់​ពី​មាត់​ពីសំណាក់​ អតិថិជន​។

ចំណែក​ឯតំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី២​ (ផ្លូវ៥០​ ម៉ែត្រ​ ) ដែល​នៅ​ជាប់នឹង​តំបន់​ទីក្រុង​រណប​ (ផ្លូវ៦០ម៉ែត្រ​) មាន​ចរាចរ​ឆ្លងកាត់​ដ៏​មមាញឹក​ និង​ខ្វាត់ខ្វែង​ ដោយ​កាត់​ពី​តាខ្មៅ​ ទៅកាន់​ផ្លូវជាតិ​លេខ២​ និង​អាច​ឆ្លង​ទៅ​ផ្លូវជើង​ឯក​ ដែល​កំពុងតែ​ទទួល​បានការ​អភិវឌ្ឍ​ខ្លាំង​ សូម្បីតែ​ទីតាំង​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​ ដែល​មានផ្ទៃ​ដី​រហូតដល់២៦០០ហិ​កតា​ បាន​បោះទុន​សាងសង់​ជាង១៥០០ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​កំណត់​នៅក្នុង​ទីតាំង​ភូមិ​សាស្រ្ត​ដ៏​ល្អ​នេះ​ដែរ​ ដែល​មាន​ចំងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​រាជធានី​ភ្នំពេញ​ ដែល​នេះ​គឺជា​កត្តា​ធ្វើឲ្យ​ដី​នៅ​តំបន់​នេះ​ឡើងថ្លៃ​ខ្លាំង​។

ដោយសារតែ​តំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី២​ (ផ្លូវ​ ៥០​ ម៉ែត្រ​ ) កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ ពីអ​តិថិ​ជន​ គម្រោង​ថ្មី​បែប​ធម្មជាតិ​បៃតង​ ដឹស្តា​ មេ​រា​ហ្កា​ដិន​ របស់​ បុរី​ ប៉េង​ ហួត​ ក៏បាន​បង្ហាញ​វត្តមាន​ក្នុង​តំបន់​នេះ​ដែរ​ ដែល​សាងសង់​នៅ​លើ​វិសាលភាព​ផ្ទៃដី​ ជិត៤០ហិច​តា​ ផ្តោត​សំខាន់​ទៅលើ​ការរស់នៅ​បែប​ធម្មជាតិ​ ដែល​រួមមាន​សួនច្បារ​អេកូ​បៃតង​ធម្មជាតិ​ដ៏​ធំ​ទូលាយ​ ក្លឹប​ហាត់ប្រាណ​ អាងហែលទឹក​ សាល​សិល្បៈ​កណ្តាល​សួនច្បារ​ ទីធ្លា​កីឡា​ ទីតាំង​ពិចនិច​សម្រាប់​លក្ខណៈ​គ្រួសារ​ សួនកុមារ​ និង​លំនៅឋាន​ចម្រុះ​ជាង​ ១០០០​ ខ្នង​ ជាពិសេស​មាន​តំបន់​ពាណិជ្ជកម្ម​ដ៏​អ៊ូអរ​ផង​ដែរ​។

គម្រោង​ថ្មី​បែប​ឧត្តមភាព​ជាមួយ​ធម្មជាតិ​បៃតង​ ដឹស្តា​ មេ​រា​ហ្កា​ដិន​នេះ​បាន​ផ្សារភ្ជាប់​ខ្លួន​ ត្រឹមតែ៣នាទី​ប៉ុណ្ណោះ​មកកាន់​ តំបន់​ទីក្រុង​រណប​ផ្លូវ៦០ម៉ែត្រ​ ដែល​តំបន់​នេះ​ មិន​ត្រឹមតែ​មាន​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ប៉ុណ្ណោះទេ​។ យើង​សង្កេតឃើញ​ថា​ សូម្បីតែ​សាលា​អន្តរជាតិ​ ISPP​ និង​ ក្រុមហ៊ុន​ Star​ Auto​ Cambodia​ (Marcedes​-Benz​) ផ្សារ​ទំនើប​ ភី​អេច​ ដាយ​មិន​ផ្លេស​ (PH​ Diamond​ Place​) ក៏បាន​ឈានជើង​ចូល​មក​ក្នុង​តំបន់​អភិវឌ្ឍ​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​នេះ​ដែរ​។

សម្រាប់​អតិថិជន​ ដែល​មានបំណង​ទិញ​លំនៅឋាន​ ក្នុង​គម្រោង​ទាំង២ខាងលើ​ លោក​ អ្នក​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូតដល់១០ម៉ឺន​ដុល្លារ​ ស្រប​ជា​មួយ​ប្រ​ម៉ូ​សិន​រង្វាន់​ធំ​ “ទិញ​ផ្ទះ​ឈ្នះ​ខុន​ដូ​” បន្ថែម​ទៀត​ ដែល​ការ​ផ្តល់​ជូន​ទាំង២​ លក្ខខណ្ឌ​ខាងលើ​នេះ​ មាន​សុពលភាព​ត្រឹម​ថ្ងៃទី១៩​ ខែតុលា​ នេះ​តែប៉ុណ្ណោះ​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ទូរស័ព្ទ​លេខ​ ០៩៨​/ ០១៦​ / ០១៧​ ៥៩៦​ ៧៨៩​ ឬអាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ ពី​គ្រប់​ការិយាល័យ​លក់​ ដែល​មាន​ទីតាំង​ក្បែរ​លោកអ្នក​រៀងរាល់​ម៉ោង​ធ្វើការ​!៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ថ្មី​មួយទៀត​នឹង​លេចចេញ​រូបរាង​នៅ​ទីក្រុង​កោះ​ពេជ្រ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់កប់ពពក​ថ្មី​មួយទៀត​ នឹង​លេចចេញ​រូបរាង​នៅ​ទីក្រុង​កោះ​ពេជ្រ​ ដែល​ជាទី​កន្លែង​បណ្តុំ​ទៅ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ កន្លែង​កម្សាន្ត​ និង​លំនៅឋាន​ ខណៈ​គម្រោង​មួយ​នេះ​បាន​នឹង​កំពុង​សិក្សា​លម្អិត​។

យោង​តាម​គេហទំព័រ​  www.hksinc.com​ បានឱ្យ​ដឹង​ថា​ ​អគារ​ខ្ពស់កប់ពពក​មួយ​ថ្មី​មួយ​នេះ​ ឈ្មោះថា​ Diamond​ Island​ Tower​ ​ដែល​គូរ​ប្លង់​ប្រកបដោយ​រចនា​បទ​បុរាណ​ និង​សម័យ​ទំនើប​ និង​ជា​អគារ​ដំបូង​គេ​នៅក្នុង​ការ​វិវត្ត​ ជាបន្តបន្ទាប់​ដែល​ឆ្ពោះទៅ​រក​គោលដៅ​ នៃ​គំនិត​ផ្តួចផ្តើម​ «ខ្សែ​ក្រ​វ៉ាត់​មួយ​ផ្លូវ​មួយ​» របស់​ប្រទេស​ចិន​។

អគារ​ Diamond​ Island​ Tower​ គ្រោង​សាងសង់​នៅ​លើ​ផ្ទៃដី​ប្រមាណ ៧​,៨៩៧​ ម៉ែត្រការ៉េ​ ដែល​មាន​កំពស់២០៤​ ម៉ែត្រ​។ តាម​គម្រោង​ អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់កប់ពពក​មួយ​នេះ​ នឹង​បញ្ចប់​ការសិក្សា​នៅ​ត្រឹម​ឆ្នំា២០១៩នេះ​ ហើយនឹង​ក្លាយជា​អគារ​ខ្ពស់​មួយ​ ក្នុងចំណោម​អាគារ​ខ្ពស់​នានា​នៅ​ទីក្រុង​កោះ​ពេជ្រ​។

អគារ​នេះ​ ប្រមូល​ផ្តុំ​ដោយ​ភោជនីយដ្ឋាន​ដ៏​ទំនើប​ អាងហែលទឹក​ បន្ទប់​ការិយាល័យ​នៅ​ជាន់ទី១៨​ សណ្ឋាគារ​ និង​កន្លែង​ស្នាក់នៅ​ជាដើម​។ ភាព​ចម្រុះ​នៃ​ទស្សនទាន​អភិវឌ្ឍន៍​នេះ​ នឹង​ធ្វើ​ឱ្យ​បរិវេណ​នៃ​អគារ​នេះ​ កាន់តែ​មាន​សកម្មភាព​រស់រវើក​ និង​ទាក់ទាញ​បន្ថែម​ទៀត​។តែ​យ៉ាងណាក៏ដោយ​ បើ​យោង​តាម​គេហទំព័រ​ដដែល​មិនបាន​គូសបញ្ជាក់​ពី​ឈ្មោះ​ក្រុមហ៊ុន​ និង​ទំហំ​ទឹកប្រាក់​ចំពោះ​ការ​វិនិយោគ​អគារ​ខ្ពស់​កពពក​នេះ​ទេ​។

ក្រៅពី​អាគារ​សន្និបាត​ សម្រាប់​រៀបចំ​ពិព័រណ៍​ និង​ទទួលការ​លាង​សាយ​ភោជន៍​នៃ​កម្មវិធី​អាពាហ៍​ពិពាហ៍​ របស់​ក្រុម​អ្នក​អភិជន​ ទីក្រុង​កោះ​ពេជ្រ​បាន​និង​កំពុង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​ រួមមាន​ គម្រោង​ ID​ RIVIERA​ ដែល​បាន​ទិញ​យក​ដោយក្រុម​ហ៊ុន​ Greenland​ Group​ មាន​មូលដ្ឋាន​មក​ពី​ប្រទេស​ចិន​។

គំរោង​ Elysee​ ដែល​បាន​និង​កំពុង​សាងសង់​ និង​បោះទុន​វិនិយោគ​ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​។ គំរោង​ខុន​ដូ​ និង​ផ្ទះ​អាជីវកម្ម​ Diamond​ One​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ Prince​ Real​ estate​ Group​ និង​គំរោង​មួយ​ចំ​នូន​ទៀត​ ដែល​នឹង​វិនិយោគ​ដោយក្រុម​ហ៊ុន​ Prince​ Real​ Estate​។ក្រៅពី​ខុន​ដូ​ទាំងនេះ​ នៅ​មាន​គំរោង​ខុន​ដូ​ជាច្រើន​ទៀត​ ដូចជា​ Ca​ &​ Sa​, គំរោង​ខុន​ដូ​ Casa​ Meridian​, គំរោង​ La​ Sen​ និង​គំរោង​ខុន​ដូ​ Diamond​ Tween​ Tower ​ផង​ដែរ​។

លោក​ Michael​ S. Nhim​ ប្រធាន​ក្រុម​អ្នក​វិនិយោគ​នៃ​ក្រុមហ៊ុន​ SIDO​ Group​ ធ្លាប់​បានឱ្យ​ដឹង​ថា​ ទីក្រុង​កោះ​ពេជ្រ​មានការ​រីកចម្រើន​យ៉ាង​លឿន​ ប៉ុន្តែ​ទីក្រុង​នេះ​មិនទាន់​ក្លាយជា​មណ្ឌល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ហិរញ្ញវត្ថុ​លំដាប់​អន្តរជាតិ​នោះ​ទេ​។

លោក​បន្ត​ថា​ “យើង​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ ដើម្បី​ធ្វើឲ្យ​ទីក្រុង​រណប​ និង​តំបន់​ជុំវិញ​នេះ​ ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ហិរញ្ញវត្ថុ​លំដាប់​អន្តរជាតិ​”។ លោក​បន្ត​ថា​ “តំបន់​ជុំវិញ​ទីក្រុង​ និង​ទីក្រុង​កោ​ពេជ្រ​ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​រយៈពេល​ពី៥ទៅ១០ឆ្នាំ​ទៀត​”៕

សញ្ញា​វិជ្ជមាន​៖ កិច្ចពិភាក្សា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បញ្ចប់​ដោយ​សុទិដ្ឋិនិយម​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ តំណាង​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បញ្ចប់​កិច្ចចរចា​ពាណិជ្ជកម្ម​លើកដំបូង​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់ពី​មាន​ភាព​តានតឹង​កើនឡើង​ជាង៨សប្តាហ៍​ រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​ នៅ​លើ​ពិភពលោក​។

ឧបនាយក​រដ្ឋមន្រ្តី​ចិន​លោក​ Liu​ He​ និង​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ Robert​ Lighthizer​ និង​រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​លោក​ Steven​ Mnuchin​ បាន​ជួបគ្នា​នៅ​ទីក្រុង​រដ្ឋធានី​អាមេរិក​ ដើម្បី​បង្ហាញ​ពី​ភាព​ខុសគ្នា​ខាង​ពាណិជ្ជកម្ម​ និង​ព្យាយាម​ឈាន​ដល់​ការសម្រប​សម្រួល​មួយ​ មុន​ពេល​ដំឡើង​ពន្ធគយ​ ដែល​បាន​គ្រោងទុក​ដែល​នឹង​បង្កើន​ពន្ធ​លើ​ការនាំចូល​របស់​ចិន​រហូតដល់៣០ភាគរយ​។

ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​ក្រោយ​កិច្ចប្រជុំ​ថា​ “យើង​មានការ​ចរ​ចារ​ល្អ​ណាស់​ជាមួយ​ចិន​”។

ការព្យាករណ៍​ពាណិជ្ជកម្ម​ មាន​ភាព​ជូរចត់​ឡើងវិញ​នៅ​សប្តាហ៍​នេះ​ បន្ទាប់ពី​លោក​ Trump​ បាន​រឹតត្បិត​ទិដ្ឋាការ​របស់​មន្រ្តី​រដ្ឋាភិបាល​ចិន​ ដោយ​ដាក់បញ្ចូល​ក្នុង​បញ្ជីខ្មៅ​នៃ​អង្គភាព​ចិន​ចំនួន២៨ថ្ងៃ​ មុន​ពេល​ការចរចា​ពាណិជ្ជកម្ម​។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​លោក​ Mike​ Pompeo​ បានឱ្យ​ដឹង​ថា​ ការ​រឹតត្បិត​ទិ​ដ្ឋា​កា​ និង​ការចុះបញ្ជី​ខ្មៅ​ក្រុមហ៊ុន​ គឺ​ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស​ពីសំណាក់​រដ្ឋាភិបាល​ចិន​៕

កម្ពុជាបានពង្រីកស្ថានអគ្គកុងស៊ុលកម្ពុជាថ្មីមួយនៅខេត្តហៃណានប្រទេសចិន

រូបតំណាង

​ដោយ​ ប៊ី

​ភ្នំពេញ​៖ កម្ពុជា​បាន​បើក​ការិយាល័យ​អគ្គ​កុងស៊ុល​មួយ​នៅ​ហៃ​គូរ​ដ្ឋ​ធានី​នៃ​ខេត្ត​កោះ​ហៃ​ណា​នភា​គខាងត្បូង​ប្រទេស​ចិន​កាលពី​ម្សិលមិញ​នេះ​ ដើម្បី​ជំរុញ​បន្ថែម​ទៀត​នូវ​ការ​ផ្លាស់​ប្តូរ​នៅក្នុង​វិស័យ​ទេសចរណ៍​ វប្បធម៌​ ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។

នេះ​ជា​បេសកកម្ម​កុងស៊ុល​ដំបូង​គេ​ដែល​បាន​បង្កើត​ឡើង​នៅ​កោះ​រមណីយដ្ឋាន​ចិន​ចាប់តាំងពី​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ឆ្នាំ​ ១៩៤៩​ ។ នេះ​បើ​យោង​តាម​ការសែត​ Xinhua​ របស់​ចិន​ចុះផ្សាយ​។

ឯកអគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន​ លោក​ Khek​ Caimealy​ Sysoda​ បាន​ថ្លែង​នៅក្នុង​ពិធី​បើក​ថា​ ស្ថាន​កុងស៊ុល​ដែល​ទើបនឹង​បើក​ថ្មី​នឹង​ជំរុញ​បន្ថែម​ទៀត​នូវ​ការ​ផ្លាស់​ប្តូរ​នៅក្នុង​វិស័យ​ទេសចរណ៍​ វប្បធម៌​ ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។

លោក​ Shen​ Xiaoming​ អភិបាលខេត្ត​ហៃ​ណាន​ បាន​មានប្រសាសន៍​ថា​ ការ​បើក​ដំណើរការ​ស្ថាន​កុងស៊ុល​បង្ហាញ​ពីសា​រៈសំ​ខាន់​ដ៏​ធំធេង​ដែល​ប្រទេស​ទាំងពីរ​ផ្សារភ្ជាប់​ទៅ​នឹង​ភាព​ស៊ីជម្រៅ​ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​។

លោក​ Ung​ Vantha​ អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ហៃ​គូ​ បាន​និយាយ​ថា​ ក្រៅពី​ការ​ចេញទិដ្ឋាការ​ដល់​ភ្ញៀវ​ទេសចរ​ចិន​ អគ្គ​កុងស៊ុល​នឹង​ជួយ​កម្ពុជា​ទាក់ទាញ​វិនិយោគិន​ចិន​បន្ថែម​ទៀត​។

ចិន​គឺជា​ប្រភព​ភ្ញៀវ​ទេសចរ​បរទេស​ធំជាង​គេ​នៅ​កម្ពុជា​។ ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ ១,៧​ លាន​នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុងរយៈពេល​ ៨ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​ កើនឡើង​ ៣៣​ ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​កម្ពុជា​៕

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កំពុង​ប្រឈម​បញ្ហា​ខ្វះ​ចំណត​កុងតឺន័រ

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​នឹង​កំពុង​ចាប់ផ្តើម​ស្ទះ​បណ្តើរ​ៗ ​ដោយសារ​កំណើន​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​ និង​ខ្វះ​ទីតាំង​ផ្ទុក​កុងតឺន័រ​។

យោង​តាម​របាយការណ៍​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ១០​ ខែតុលា​ ឆ្នាំ​ ២០១៩​ បានឱ្យ​ដឹង​ថា​ រយៈពេល៩​ ខែ​នៃ​ឆ្នាំ២០១៩​ នេះ​ ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​​កើនឡើង​ប្រមាណ​ ១៨ភាគរយ​ ធៀប​ទៅ​នឹង​រយៈពេល៩​ ខែ​នៅក្នុង​ឆ្នាំ២០១៨​ ជាពិសេស​មានការ​កើន​ខ្លាំង​រយ:ពេល​ ៣ខែ​ចុងក្រោយ​នេះ​ ។

លោក​ លូ​ គឹ​មឈន់​ ប្រតិភូ​រាជរដ្ឋាភិបាល​ ជា​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ បាន​ពន្យល់​ថា​ បញ្ហា​ឈម​ខ្លាំង​ដោយសារ​កំពង់​ស្វយ័ត​ក្រុង​ព្រះសីហនុ​នេះ​ អាច​ផ្ទុក​បាន​ ១៣.០០០ស៊ី​អី​យូ​ និង​ដោយសារតែ​តម្លៃ​ជួល​ដី​ខាងក្រៅ​ថ្លៃ​ និង​ស្ទះចរាចរណ៍​ផ្លូវជាតិ​លេខ​ ៤ផង​ កុងតឺន័រ​មួយចំនួន​អត់​យកចេញ​ វា​ឡើង​រហូត​ ២៧.០០០ពេញ​ផែ​តែម្តង​។ លោក​ថា​ “យើង​មាន​មោទនភាព​ទំនិញ​ឆ្លងកាត់​មានការ​កើនឡើង​ជាបន្តបន្ទាប់​” ។

លោក​បន្ត​ថា​ កំពង់ផែ​មាន​សេវាកម្ម​នាំ​នាវា​ចេញ​ ចូល​ សេវា​ស្តុក​ទំនិញ​ សេវា​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​សេវាកម្ម​មូលដ្ឋាន​ផ្គត់ផ្គង់​ ។ បរិមាណ​ទំនិញ​ឆ្លងកាត់​ ២០១៨​ កើន​ ២២ភាគរយ​ ការនាំចូល​ច្រើនជាង​ការនាំចេញ​ ក្នុង​នោះ​មាន​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​ក្នុង​ឆ្នាំ២០១៨​ ធៀប​នឹង២០១៧​ កើន​ ១៧.៧ភាគរយ​ ។

លោក​បន្ថែម​ថា​ សកម្មភាព​ការងារ​របស់​កំពង់ផែ​ សាងសង់​នៅ​ឆ្នាំ១៩៥៣​ ប្រទេសជាតិ​ទទួល​បាន​ឯករាជ្យ​ និង​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ១៩៦០​ មកដល់​បច្ចុប្បន្ន​ កំពង់ផែ​ទទួល​បានដៃ​គូរ​ពីជ​ប៉ុន​ អភិវឌ្ឍ​ផែ​ក្នុង​ជំហាន​ទី​ ៣,៤,៥,៦​ និង៧​ ចំពោះ​ជំរៅ​ទឹក​មិនជា​បញ្ហា​ទៀត​ទេ​ ។

ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​កំណត់​ជា​តំបន់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ បែប​វិទ្យាសាស្រ្ត​ទំនើប​ សម្រាប់​ការនាំចេញ​ និង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ៥ កំពុង​ដំណើរការ​ និង​ ៤ផ្សេងទៀត​កំពុង​ត្រៀម​ដាក់ឲ្យ​ដំណើរការ​នា​ពេល​ខាងមុខ​ ។

វិស័យ​អតិភាព​ឈានមុខ​គេ​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​នា​ពេល​បច្ចុប្បន្ន​មាន​ដូចជា​ វិស័យ​ឧស្សាហកម្ម​ ទេសចរណ៍​ កំពង់ផែ​សមុទ្រ​ ព្រលា​នយន្តហោះ​ សំណង់​ និង​វិ​ស័យ​ផ្សេង​ៗទៀត​ ។

វិស័យ​ទេសចរណ៍​មាន​អំណោយផល​ពី​ធម្មជាតិ​មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ ដែល​ត្រូវ​បាន​បញ្ចូល​ជាស​មា​ជិ​កពេញ​សិទ្ធិ​ នៃ​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើស​កល​លោក​ក្នុង​មហាសន្និបាត​លើក​ទី៧​ នៅ​ទីក្រុង​ Toubacouta​ នៅ​ប្រទេស​ Senegal​ ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ “តារា​រះ​នា​ទិស​នារ​តី​” ។

ជាមួយ​ធម្មជាតិ​ដ៏​សម្បូរ​បែប​ មាន​ព្រៃ​ធម្មជាតិ​ ព្រៃកោងកាង​ ទឹកធ្លាក់​ ផ្កាថ្ម​ ជីវ​ចំរុះ​ ទេសភាព​ដ៏​ស្រស់​ត្រកាល​នៅ​តាម​កោះតូច​ធំ​ទាំង៣២​ ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​កំសាន្ត​សប្បាយ​នៅ​តាម​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ និង​នៅ​តាម​កោះ​នានា​ នៃ​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើន​៕

ក្រុមហ៊ុន​អចលនទ្រព្យ​អាមេរិក​ដែល​មានតម្លៃ៤៧ពាន់​លាន​ដុល្លារ​នឹង​ពង្រីក​ខ្លួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ​ក្រុមហ៊ុន​អចលនទ្រព្យ​ពាណិជ្ជកម្ម​របស់​អាមេរិក​ឈ្មោះ​ WeWork​ ដែល​មានទ្រព្យ​រហូតដល់៤៧ពាន់​លាន​ដុល្លារ​ នឹង​ពង្រីក​នៅ​អាស៊ី​អាគ្នេយ៍​ ដោយមាន​ទីតាំង​ចែកចាយ​ការិយាល័យ​ថែមទៀត​។

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​នេះ​ បាន​ធ្វើការ​ប្រកាស​នៅ​សប្តាហ៍​នេះ​ថា​ ខ្លួន​នឹង​បើក​ការិយាល័យ​ថ្មី​នៅ​សឹង្ហ​បូរី​ និង​ហ្វីលីពីន​។

ក្រុមហ៊ុន​អាជីវកម្ម​អចលនទ្រព្យ​នេះ​ ផ្តល់​ជូន​នូវ​កន្លែង​ធ្វើការ​ និង​សេវាកម្ម​ការិយាល័យ​ សម្រាប់​សហគ្រិន​អ្នកចាប់​ផ្តើម​អាជីវកម្ម​ខ្នាត​តូច​ និង​សហ​គ្រាស​ធំៗ​។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​ WeWork ​បានឱ្យ​ដឹង​ថា​ “យើង​កំពុង​ផ្តល់​កន្លែង​ទំនេរ​សម្រាប់​អ្នករាល់គ្នា​ និង​សហគ្រិន​ក្នុង​បង្កើត​អាជីវកម្ម​ដំបូង​របស់​ពួកគេ​ ដល់​ក្រុមហ៊ុន​ពហុជាតិ​ ដែល​មាន​និយោជិក​រាប់ពាន់​នាក់​”។

សេចក្តី​រាយការណ៍​បាន​បន្ថែម​ទៀត​ថា​ “នៅក្នុង​អាជីវកម្ម​នេះ​ មាន​ទាំង​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ដែល​មានបំណង​ ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​និយោជិក​របស់​ក្រុម​ហ៊ុន​ធំៗ​ ខណៈ​ចាប់​យក​ស្មារតី​សហគ្រិនភាព​របស់​អ្នក​ ដែល​ទើបតែ​ចាប់ផ្តើម​អាជីវកម្ម​”។

ក្រុមហ៊ុន​ WeWork​ បាន​លុបចោល​ផែនការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ បន្ទាប់ពី​មានការ​រិះគន់​ជាច្រើន​បាន​ចោទសួរ​ពី​តម្លៃ​ និង​បំណុល​ដ៏​ច្រើន​របស់​ខ្លួន​ ដែល​មាននៅ​ក្នុង​បញ្ជី​របស់​ខ្លួន​កាលពី​សប្តាហ៍​មុន​។

បន្ទាប់ពី​ការលុបចោល​ ក្រុមហ៊ុន​បាន​ស្នើសុំ​ការ​បញ្ចូល​សាច់ប្រាក់​បន្ទាន់​មួយ​ពាន់​លាន​ដុល្លារ​ ពី​វិនិយោគិន​ធំ​បំផុត​របស់​ខ្លួន​គឺ​ក្រុមហ៊ុន​ Softbank​ Group​ Corp​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ​៕

ធនាគារពិភពលោក​៖ វិស័យ​សំណង់​នៅតែ​ជាស​សរ​ស្តម្ភ​សំខាន់​មួយ​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​កម្ពុជា​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ វិស័យ​សំណង់​នៅតែ​ជាស​សរ​ស្តម្ភ​សំខាន់​ ក្នុង​ការជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ ស្រប​ពេល​គម្រោង​វិនិយោគ​ថ្មី​ ដែល​ត្រូវ​បាន​អនុម័ត​រួច​(តាមរយៈ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​និង​មូលនិធិ​ក្នុង​ស្រុក​) មាន​សម្ទុះ​កើន​គួរ​ឱ្យ​កត់សម្គាល់​។

សកម្មភាព​សាងសង់​សំណង់​នានា​ នៅតែ​មាន​សកម្មភាព​មមាញឹក​ដែល​បង្ហាញថា​ វិស័យ​នេះ​ នៅតែ​ជាគោល​ដៅ​សំខាន់​មួយ​ទាក់ទាញ​ការ​វិនិយោគ​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ធនាគារពិភពលោក​ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃនេះ​។

អ្នកជំនាញ​ឱ្យ​ដឹង​ថា​ ទីផ្សារ​អចន​ទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ដើមឆ្នាំ​ ២០១៩​ រហូតមកដល់​ពេលនេះ​ ចរន្ត​នៃ​ទីផ្សារ​វិស័យ​អចលនទ្រព្យ​ នៅក្នុង​ប្រទេស​កម្ពុជា​ នៅតែ​មាន​សុខភាព​ល្អ​ប្រសើរ​ ដោយ​ក្នុង​នោះ​អគារ​ពាណិជ្ចក​ម្ម​ និង​អគារ​សហកម្មសិទ្ធិ​ហាក់​មាន​ភាព​លេចធ្លោ​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បានឱ្យ​ដឹង​ដែរ​ថា​ និន្នាការ​ទីផ្សារ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ២០១៩​ កន្លងមក​នេះ​ វិស័យ​ខុន​ដូរ​មានសន្ទុះ​រីក​ចំរើន​ខ្លាំង​ ដោយសារតែ​មានការ​បញ្ជាទិញ​ និង​ការ​វិនិយោគ​ច្រើន​។

ជាមួយគ្នា​នេះ​ មាន​តំបន់​ជាច្រើន​បាន​ និង​កំពុង​សន្ទុះ​រីក​ចំរើន​លើ​វិស័យ​អចលនទ្រព្យ​ ដូចជា​នៅ​តាម​តំបន់​ក្រាំងធ្នង់​ តំបន់​បឹ​កតា​មោឃ​ និង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​។

លោកស្រី​ Grace​ Rachny​ Fong​ នាយិកា​ក្រុមហ៊ុន​ Century​21​ Cambodia​ បានឱ្យ​ដឹង​ដែរ​នៅ​ថ្ងៃទី៨​ ខែតុលា​កន្លងមក​ថា​ សម្រាប់​ឆ្នាំ២០១៩​ នេះ​ លោកស្រី​មើលឃើញ​វិស័យ​ខុន​ដូ​ ដែល​មានតម្លៃ​មធ្យម​ ហាក់​មានសន្ទុះ​រីក​ចំ​រើ​នខ្លំា​ង ដោយសារ​មានការ​បញ្ជា​ និង​ចំណាប់​អារម្មណ៍​ច្រើន​ទី​ពី​ក្នុង​ស្រុក​។

លោកស្រី​បន្ត​ថា​ កាលពី​លើក​មុន​ មានតែ​បញ្ជាទិញ​ក្រៅ​ស្រុក​ប៉ុណ្ណោះ​ តែ​ឥឡូវនេះ​ មានការ​បញ្ជាទិញ​ពី​អ្នក​រស់នៅ​ច្រើនជាង​មុន​។ លោក​បន្ថែម​ថា​ ទាក់ទង​នឹង​ការជួល​ការិយាល័យ​វិញ​ អ្នក​វិនិយោគ​ចាប់អារម្មណ៍​ជួល​អគារ​ការិយាល័យ​ មាន​សន្តុះ​រីក​ចំរើន​ខ្លាំង​ជាង​ជួលផ្ទះ​ល្វែង​ ដោយសារតែ​មាន​ក្រុមហ៊ុន​បរ​ទេស​ធំៗ​ជាច្រើន​ បាន​មក​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

របាយការណ៍​ក៏បាន​បង្ហាញ​ពី​តម្រូវការ​ដែកថែប​ មាន​កំណើន​ខ្ពស់​សម្រាប់​សម្រូ​វកា​រសាង​សង់​នៅ​កម្ពុជា​។ របាយការណ៍​ឱ្យ​ដឹង​ថា​ តាមរយៈ​នេះ​បរិមាណ​នៃ​ការនាំចូល​ដែកថែប​បាន​កើនឡើង​យ៉ាង​ខ្លាំង​ រហូតដល់​ទៅ ៦៣​,៥ភាគរយ​ (ឆ្នាំ​/ឆ្នាំ​) ពី ២៧​,៧ភាគរយ​ ក្នុង​ឆ្នាំ២០១៨​។

របាយការណ៍​ក៏បាន​បង្ហាញថា​ តម្លៃ​របស់​គម្រោង​វិនិយោគ​ថ្មី​ ដែល​ត្រូវ​បាន​អនុម័ត​រួច​ (តាមរយៈ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​និង​មូលនិធិ​ក្នុង​ស្រុក​) មាន​សម្ទុះ​កើន​ក្នុងអំឡុងពេល​ប្រាំមួយ​ខែ​ដំបូង​នៃ​ឆ្នាំ២០១៩​។

វិស័យ​ទេសចរណ៍​នៅ​រក្សា​ភាព​រឹងប៉ឹង​នៅឡើយ​ ដោយ​ក្នុង​នោះ​ការ​មកដល់​របស់​ភ្ញៀវ​អន្តរជាតិ​កើន​ដល់១១​,២ភាគរយ​ (ឆ្នាំ​/ឆ្នាំ​) ត្រឹម​ខែមិថុនា​ឆ្នាំ២០១៩ ប្រៀបធៀប​ទៅ​នឹង ១០​,៧ភាគរយ​ក្នុង​ឆ្នាំ២០១៨​ ហើយ​ក្នុង​នោះ​ទៀត​ជិត ៤០ភាគរយ​ នៃ​ភ្ញៀវ​អន្តរជាតិ​គឺ​មក​ពី​ប្រទេស​ចិន​។

កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​ថយ​ល្បឿន​បន្តិច​ដោយ​រក្សា​បាន​នូវ​កំណើន​ត្រឹម៧ភាគរយ​ ក្នុង​ឆ្នាំ២០១៩ ពី ៧​,៥ភាគរយ​ក្នុង​ឆ្នាំ២០១៨​៕