ស្ថានប័នពិភពលោកធំៗចំនួន៤បញ្ជាក់ថាសេដ្ឋកិច្ចកម្ពុជានឹងរក្សាបានកំណើន៧ភាគរយសំរាប់ឆ្នាំ២០១៩នេះ

ដោយ : ម៉ាណេត

ភ្នំពេញ : ស្ថាប័នវាយតម្លៃសេដ្ឋកិច្ចពិភពលោកធំៗចំនួន៤ បានវាយតម្លៃស្រដៀងគ្នាថា សេដ្ឋកិច្ចកម្ពុជានឹងរក្សាបានកំណើនក្នុងរង្វង់៧ភាគរយ សំរាប់ឆ្នាំ២០១៩នេះ បើទោះបីសេដ្ឋកិច្ចសាកលបានថមថយកំណើនក្តី។

ក្នុងជំនួបជាមួយលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩កន្លងមក ក្រុមការងារបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ថា ទោះបី​ជាកំណើនសេដ្ឋកិច្ចសកលមានការថមថយក្តី ក៏សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៩នេះ នៅតែសម្រេចបាននូវកំណើនរឹងមាំក្នុងរង្វង់អត្រា៧ភាគរយ ដែលត្រូវបានគាំទ្រដោយការបន្តកំណើនខ្ពស់នៃការនាំចេញ និងវិស័យសំណង់ ខណៈដែលអតិផរណាត្រូវបានរក្សាឱ្យស្ថិតក្នុងកម្រិតទាបប្រមាណ២.៥ ភាគរយ ។

ទន្ទឹមនេះ ស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា នៅបន្តស្ថិតក្នុងភាពល្អប្រសើរ ស្របពេលដែលបំណុលសាធារណៈ ស្ថិតក្នុងកម្រិតហានិភ័យទាប ដែលអាចគ្រប់គ្រងបាន។

ជាមួយគ្នានេះធនាគារពិភពលោក (World Bank) នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានចេញផ្សាយរបាយការណ៍ថ្មីមួយ ដោយព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៩ថា នៅតែបន្ដភាពរឹងមាំក្នុងអត្រា៧ភាគរយផងដែរ។

របាយការណ៍បានកត់សម្គាល់ថា វិស័យនាំចេញរបស់កម្ពុជានៅឆ្នាំ២០១៩នៅតែរឹងមាំ ខណៈវិស័យសំណង់នៅតែមានភាពមមាញឹកដដែល។

តម្លៃរបស់គម្រោងវិនិយោគថ្មី ដែលត្រូវបានអនុម័តរួច (តាមរយៈការវិនិយោគផ្ទាល់ពីបរទេស និងមូលនិធិក្នុងស្រុក) មានសន្ទុះកើនក្នុងអំឡុងពេល៦ខែដំបូង នៃឆ្នាំ២០១៩។ ជិត៤០ភាគរយ នៃវិនិយោគផ្ទាល់ពីបរទេស ហូរចូលពីប្រទេសចិន។

វិស័យទេសចរណ៍នៅរក្សាភាពរឹងប៉ឹង ដោយក្នុងនោះ ការមកដល់របស់ភ្ញៀវអន្តរជាតិកើនដល់១១.២ភាគរយ ត្រឹមខែមិថុនា ឆ្នាំ២០១៩ ហើយក្នុងនោះទៀតជិត៤០ភាគរយ នៃភ្ញៀវអន្តរជាតិ គឺមកពីប្រទេសចិន។

ជាមួយគ្នានេះ World Bank ក៏បានព្យាករណ៍ផងដែរ អំពីសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០ និងឆ្នាំ២០២១ មានកំណើន៦.៨ភាគរយ។

នៅក្នុងការធ្វើបច្ចុប្បន្នភាព នៃការបោះពុម្ពផ្សាយសេដ្ឋកិច្ចប្រចាំឆ្នាំ ដ៏លេចធ្លោរប​ស់ខ្លួនស្តីពី ចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី(ADO) ឆ្នាំ ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាការព្យាករណ៍របស់ខ្លួន អំពីកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់កម្ពុជាមានកំណើន ៧,០ ភាគរយនៅឆ្នាំនេះ និងមានកំណើន៦,៨ ភាគរយនៅឆ្នាំ២០២០។

លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា“សេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើន ក្នុងល្បឿនមួយដ៏រឹងមាំ ដោ​យ​សារតែការបន្តពង្រឹង នៅក្នុងវិស័យប្រពៃណី ដូចជា សម្លៀកបំពាក់ ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់”។

លោកស្រីបានឱ្យដឹងថា “ដោយមានការកើនឡើង នូវភាពមិនប្រាកដប្រជានៅក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោក និងផលប៉ះពាល់ លើសេវាកម្មដូចជាទេសចរណ៍ កម្ពុជាត្រូវការជាបន្ទាន់នូវយុទ្ធសាស្ត្រធ្វើពិពិធកម្មចម្រុះទៅជាផលិតផល និងសេវាកម្មដែលមានតម្លៃខ្ពស់”។

លោកស្រីបានបន្តថា “នេះនឹងតម្រូវឱ្យកាត់បន្ថយហានិភ័យ ដែលបានមកពីការផ្តល់ប្រាក់កម្ចី ដល់វិស័យអចលនៈទ្រព្យហួសប្រមាណ ការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងផលិតភាពបន្ថែមទៀត ដើម្បីបង្ហាញអំពីការកើនឡើងប្រាក់ឈ្នួល និងការទាក់ទាញការវិនិយោគដើមទុន មានគុណភាពខ្ពស់ដែលទាំងអស់នេះ ត្រូវការអភិបាលកិច្ច និងស្ថាប័នរឹងមាំ”។

ផលិតផលក្នុងស្រុកសរុបកម្ពុជាពិតប្រាកដ បានកើនឡើងជាលំដាប់ប្រមាណ៧ភាគរយ ក្នុងមួយឆ្នាំជាមធ្យមចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុ ពិភពលោកក្នុងឆ្នាំ ២០០៨ និងបន្តធ្វើកំណែទម្រង់ហួសកំរិតអធិបតេយ្យភាព ដែលត្រូវបានគេវាយតម្លៃប្រហាក់ប្រ​ហែលគ្នា។ នេះបើយោងតាមការបញ្ជាក់របស់ស្ថាប័ន Moodys ដែលមានមូលដ្ឋាននៅអាមេរិកកាលពីពេលថ្មីៗនេះ។

កំណើននេះត្រូវបានជំរុញដោយការនាំចេញ ជាពិសេស សម្លៀកបំពាក់ ទេសចរ​ណ៍ និងសំណង់ ដែលមានការចូលរួម១០,៦ភាគរយ កំណើន១៧,៩ភាគរយ និងកំណើន១២,៤ ភាគរយ នៃផលិតផលសរុបក្នុងស្រុកនៅឆ្នាំ២០១៨។

កំណើនយ៉ាងឆាប់រហ័សមានតុល្យភាព នឹងបញ្ហាប្រឈមទាក់ទង នឹងការប្រកួតប្រជែងសេដ្ឋកិច្ច មូលដ្ឋាននាំចេញតូចចង្អៀត និងប្រាក់ចំណូលទាប ទោះបីជាមានការកើនឡើងប្រាក់ចំណូល ដែលចង្អុលបង្ហាញពីសមត្ថភាពស្រូបយកទាប៕

CVEA សហការជាមួយស្ថាប័ន NAR មកពីសហរដ្ឋអាមេរិកបើកវគ្គបណ្តុះបណ្តាលជំនាញអចលនទ្រព្យ

ដោយ ៖ រ៉ាណេត

ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) បានសហការជាមួយNational Association of Realtors (NAR)របស់សហរដ្ឋអាមេរិក រៀបចំបើកវគ្គសិក្សាស្ដីពី Certified International Property Specialist (CIPS) ដើម្បីចែករំលែកចំណេះដឹង និងបណ្តុះបណ្តាលជំនាញផ្នែកអចលនទ្រព្យ។

ក្នុងគោលបំណងផ្សព្វផ្សាយនូវចំណេះដឹង និងជំនាញផ្នែកអចលនទ្រព្យជាតិ និងអន្តរជាតិដល់បណ្តាសាធារណៈជន ជាពិសេសអ្នកដែលស្ថិតនៅក្នុងវិស័យ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានសហកាតជាមួយស្ថាប័ន National Association of Realtors (NAR) របស់សហរដ្ឋអាមេរិក បើកវគ្គបណ្តុះបណ្តាល ជំនាញអចលនទ្រព្យអន្តរជាតិ (Certified International Property Specialist (CIPS)។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ក្នុងពិធីបើកកម្មវិធីខាងលើនេះថា វគ្គសិក្សានេះមានរយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ក្រោមការបណ្តុះបណ្តាលពីលោក Furhad Waquad ដែលជាអ្នកមានជំនាញ និងចំណេះដឹងខ្ពស់ផ្នែកទីផ្សារអចលទ្រព្យអន្តរជាតិ។

លោកបន្តទៀតថា “សម្រាប់អ្នកដែលចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានចំណេះដឹងបន្ថែម ពីទីផ្សារអចលនទ្រព្យក្នុងស្រុក ទីផ្សារអចលនទ្រព្យ និងមុខជំនួញផ្សេងៗ ដែលពាក់ព័ន្ធនៅក្នុងសហរដ្ឋអាមេរិក ទីផ្សារនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទីផ្សារអចលនទ្រព្យអន្តរជាតិ ក៏ដូចជាទីផ្សារនៅតំបន់អឺរ៉ុបផងដែរ (Local Markets, The Business of U.S Real Estate, Asia/Pacific & International Real Estate, The Americas & International Real Estate, Europe & International Real Estate)”។

លោកបានបន្តទៀតថា ជាក់ស្ដែងសិក្ខាកាម ដែលចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលជំនាញពិសេសមួយនេះ ភាគច្រើនជាថ្នាក់ដឹកនាំតាមក្រុមហ៊ុនអចលនទ្រព្យ អ្នកវិនិយោគអចលនទ្រព្យ,ពាណិជ្ជករ និងបុគ្គលដែលពាក់ព័ន្ធ ហើយក្រោយពេលបញ្ចប់ការសិក្សា នឹងមានការប្រគល់វិញ្ញាបនបត្របញ្ជាក់ពីគុណភាព នៃការទទួលបានចំណេះដឹង និងជំនាញយ៉ាងពិតប្រាកដ៕

សម្តេចតេជោនឹងអញ្ជើញបើកការដ្ឋានសាងសង់ឡើងវិញនូវផ្លូវសំខាន់ៗចំនួន៣៤ខ្សែនៅទូទាំងក្រុងព្រះសីហនុ

ដោយវុត្ថា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិ​បតីនៅក្នុងពិធីសម្ពោធបើកគម្រោងស្ថាននាផ្លូវចំនួន៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខនេះ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនឹងចាប់ផ្តើមមអនុវត្តចាប់ពីថ្ងៃនេះតទៅ ដោយធ្វើទាំងថ្ងៃ ទាំងយប់ និងប្រើរយៈពេល៨ខែក្នុងនោះមានអ្នកទទួលម៉ៅការចំនួន៧ក្រុមហ៊ុន។

លោកបន្ថែមថា “ពិធីបើកការដ្ឋានសាងសង់ នឹងធ្វើឡើងនៅពេលឆាប់ៗ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។

លោកបន្ថែមថា “ទំហំផ្លូវត្រូវបានពង្រីកអស់លទ្ធភាព ទៅតាមប្លង់ប្រព័ន្ធសុរិយោដី អមទៅដោយសួនច្បារ និងផ្លូវថ្មើរជើង”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលកន្លងទៅបានទម្លាក់កញ្ចប់ថវិកាជាតិប្រមាណចំនួន ១០០លានដុល្លារអាមេរិក ដើម្បីស្ថាបនាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងក្រុងនៃខេត្តព្រះសីហនុ បន្ទាប់ពីទទួលរងនូវការខូចខាតដោយសារទឹកជំនន់។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) កាលពីពេលថ្មីៗនេះ បានសម្រេចលើកគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ សរុបចំនួន ៣៤ខ្សែ ប្រវែង ៨៤៥០៥ ម៉ែត្រ ចែកចេញជាបីប្រភេទ៖ ក. ប្រភេទទី ១៖ មហាវិថី មានចំនួន ៣ ខ្សែ ប្រវែងសរុប ២២ ៧៣១ ម៉ែត្រ មានទទឹង ៥០ ម៉ែត្រ ផ្លូវរថយន្ត ៦ គន្លង ផ្លូវទោចក្រយានយន្ត២គន្លង។

ខ. ប្រភេទទី២ វិថីចំនួន១៤ ខ្សែ ប្រវែងសរុប ៤៩ ៩៥៧ ម៉ែត្រ មានទទឹងពី ២០ ម៉ែត្រ ទៅ ៤០ ម៉ែត្រ ផ្លូវរថយន្ត ២ ទៅ ៤ គន្លង ផ្លូវទោចក្រយានយន្ត ២ គន្លង ។ និងខ. ប្រភេទទី ២ ៖ វិថី មានចំនួន ១៤ ខ្សែ ប្រវែងសរុប ៤៩ ៩៥៧ ម៉ែត្រ មានទទឹងពី ២០ ម៉ែត្រ ទៅ ៤០ ម៉ែត្រ ផ្លូវរថយន្ត ២ ទៅ ៤ គន្លង ផ្លូវទោចក្រយានយន្ត២គន្លង។

តាមរយៈក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ រដ្ឋាភិបាលបានសម្រេចធ្វើការស្ថាបនា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងខេត្តព្រះសីហនុ រហូតដល់ចំនួន៣៤ខ្សែ នេះ ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ឱ្យទៅជាទីក្រុងដ៏ទំនើប ពោរពេញទៅដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបាននូវគុណភាពខ្ពស់ ដែលអាចប្រើប្រាស់បានយូរអង្វែង៕

ផ្នែក​សំខាន់​បួន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅតែ​មានឱកាស​រីកចម្រើន​សំ​រាប់់​រយៈពេល​វែង​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ នៅពេល​ប្រទេស​មាន​សុខ​សន្តិភាព​ និង​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​មាន​ភាពល្អ​ប្រសើរ​បែបនេះ​ ផ្នែក​សំ​ខាន់​ៗចំនួន​បួន​នៃ​វិស័យ​អចលនទ្រព្យ​ នៅតែ​ត្រូវ​បាន​មើលឃើញ​ថា​មានឱកាស​រីកចម្រើន​សំរាប់​រយៈពេល​វែង​បន្ត​ទៀត​។

សក្តា​នុ​ពល​ក្នុង​វិស័យ​ដីធ្លី​

តើ​អ្នក​វិនិយោគ​គួរ​វិនិយោគ​លើ​ផ្នែក​អ្វី​ ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​ និង​មាន​ហានិភ័យ​ទាប​? លោក​ច្រឹក​ សុ​ខនី​មប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ឲ្យដឹង​ថា​ ការ​វិនិយោគ​លើ​អនុ​វិស័យ​ទាំងបួន​រួមមាន​ដីធ្លី​ ខុន​ដូ​ ផ្សារ​ទំនើប​ អាគារ​ការិយាល័យ​នៅតែ​មាន​សក្តា​នុ​ពល​ប្រហាក់​ប្រ​ហែ​គ្នា​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​និយម​វិនិយោគ​លើ​វិស័យ​ដីធ្លី​ ដោយសារ​វា​ចំណេញ​បាន​លឿន​។

ដោយឡែក​នៅ​បរទេស​ អ្នក​វិនិយោគ​មិនសូវ​ទិញ​ដី​នោះ​ទេ​ ដោយសារ​ដី​ចង្អៀត​ តែ​ស្រុកខ្មែរ​យើង​នៅសល់​ដី​ទំនេរ​ច្រើន​ ដែល​ធ្វើឲ្យ​អ្នកមាន​ប្រាក់​ច្រើ​នប​ច្ចុ​ ​ប្ប​ន្ន​ភាគច្រើន​ គឺ​មាន​ដោយសារ​ចំណេញ​ពី​ការ​លក់​ដី​ ដែល​បាន​ទិញ​ក្នុង​តំលៃ​ទាប​ និង​លក់​ក្នុង​តំលៃ​ខ្ពស់​។

លោក​បន្ត​ថា​ “ការ​មានបាន​របស់​មនុស្ស​មួយចំនួន​ ​ដោយសារ​ភ័ព្វព្រេង​សំណាង​ និង​ដោយសារ​តំលៃ​ដី​នៅ​ស្រុក​របស់​យើង​ ចេះតែ​បន្ត​កើនឡើង​ ព្រោះ​អ្វី​? គឺ​បើ​ធៀប​ជាមួយ​ប្រទេសជិតខាង​ កម្ពុជា​មាន​សក្តា​នុ​ពល​សម្រាប់​វិនិយោគ​ច្រើន​ ទើប​អ្នក​វិនិយោគ​ចូល​មក​វិនិយោគ​ច្រើន​នៅ​កម្ពុជា​។

អ្នក​វិ​និ​យោ​គធំៗ​ចូល​មក​ ពួកគេ​សាងសង់​អាគារ​ខុន​ដូ​សម្រាប់​លក់​ឲ្យ​ជនជាតិ​ខ្មែរយើង​ និង​លក់​ឲ្យ​ជនបរទេស​ ដែល​ធ្វើឲ្យ​ដី​ឡើងថ្លៃ​ និង​ធ្វើឲ្យ​មាន​លំហូរ​ទុន​វិនិយោគ​មក​កម្ពុជា​”។

ទោះបីជា​ស្ថានភាព​នយោបាយ​មានការ​ប្រែប្រួល​ តែ​លោក​មើលឃើញ​ថា​ ការប្រែប្រួល​នយោបាយ​ មានកម្រិត​តិចតួច​ ពោល​គឺ​កម្ពុជា​នៅតែ​មាន​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​រយៈពេល​វែង​តទៅទៀត​។

យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន ​CBRE​ Cambodia​ បាន​រក​ឃើញថា​ តម្លៃ​ដីធ្លី​នៅ​កម្ពុជា​បាន​កើនឡើង​ជាមធ្យម​៧ភាគរយ​ជា​រៀងរាល់​ឆ្នាំ​។

សក្តា​នុ​ពល​ទីផ្សារ​ការិយាល័យ​

ការ​វិនិយោគ​កសាង​អាគារ​ការិយាល័យ​សម្រាប់​ជួល​ ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា​ ជា​ការ​វិនិយោគ​រយៈពេល​វែង​ ដែល​អ្នក​វិនិយោគ​អាច​ទាញ​យក​ប្រាក់​បាន​ជា​រៀង​រហូត​ បន្ទាប់ពី​សាងសង់​អាគារ​រួច​។

អាគារ​ការិយាល័យ​ត្រូវ​បែងចែក​ជា​បី​ប្រភេទ​ គឺ​អាគារ​ការិយាល័យ​កម្រិត ​A កម្រិត ​B និង​អាគារ​ការិយាល័យ​កម្រិត​ C ដែល​ភាគច្រើន​អាគារ​កម្រិត ​A កំពុង​មានការ​រីក​ចំរើន​ ពិសេស​អាគារ​កម្រិត ​A បាន​ផ្គត់ផ្គង់​លើស​ទីផ្សារ​ហើយ​ ព្រោះ​អាគារ​កម្រិត​ A វា​ថ្មី​សម្រាប់​អាជីវកម្ម​ និង​មាន​តំលៃ​ថ្លៃ​ ដូច្នេះ​ទីផ្សារ​របស់​វា​ទាមទារ​រយៈពេល​យូរ​បន្ថែម​ទៀត​។

អាគារ​ការិយាល័យ​កម្រិត​ A ត្រូវ​បាន​គេ​សំដៅ​ដល់​អាគារ​វិមាន​វឌ្ឍនៈ​ អាគារ​ភ្នំ​ពេញ​ថោវើ​ និង​វិមាន​កា​ណា​ឌី​យ៉ា​ និង​មាន​អាគារ​ការិយាល័យ​កម្រិត​Aបាន​និង​កំពុង​សាង​សង់​ថ្មី​ៗបន្ថែម​ទៀត​ ប៉ុន្តែ​ទីផ្សារ​នេះ​មិនទាន់​មាន​តម្រូវការ​ខ្ពស់​នោះ​ទេ​ ដោយសារ​អាគារ​កម្រិត ​A មាន​តំលៃ​ថ្លៃ​ និង​ស្ថិតនៅ​ចំ​គោលដៅ​ក្រុមហ៊ុន​មាន​ឈ្មោះ​ល្បី​ៗជា​អន្តរជាតិ​។

ចំណែក​អាគារ​ការិយាល័យ​កម្រិត​ B និង ​C ដែល​មាន​តំលៃ​ជួល​ចាប់ពី៨ដល់១៣ដុល្លារ​ គឺ​មានការ​ពេញនិយម​នៅ​ក្រុង​ភ្នំពេញ​ ដោយសារ​អាគារ​ការិយាល័យ​កម្រិត​នេះ​ មាន​តំលៃ​សមរម្យ​ ហើយ​ក្រុមហ៊ុន​ភាគច្រើន​ប្រើប្រាស់​ការិយាល័យ​ប្រភេទ​នេះ​ ដោយសារ​វា​អាច​សន្សំប្រាក់​ពួកគេ​បាន​ច្រើន​ និង​មាន​ភាព​ងាយស្រួល​ចត​យានយន្ត​ផង​ដែរ​។

លោក​ច្រឹក​ សុ​ខនី​មបាន​បន្ត​ថា​ “ការ​វិនិយោគ​អាគារ​ការិយាល័យ​ ជា​ការ​វិនិយោគ​ដោយ​ប្រើប្រាស់​ទុន​ធំ​ តែ​ប្រមូល​លុយ​មកវិញ​តិច​ តែ​អាច​ប្រមូល​បាន​យូរ​ជា​រៀង​រហូត​ ដែល​អាគារ​ខ្លះ​អាច​ប្រើប្រាស់​បាន​ពី៥០​ ទៅដល់៧០ឆ្នាំ​”។លោក​បន្ត​ថា​ “ការ​វិនិយោគ​អាគារ​ការិយាល័យ​ជួល​មាន​សក្តា​នុ​ពល​រយៈ​ពេល​យូរ​”។

សក្តា​នុ​ពល​ខុន​ដូ​ និង​អា​ផា​តម៉ិន​

ការ​វិនិយោគ​ខុន​ដូ​ឬអា​ផា​តម៉ិន​ គឺជា​ផលិតផល​តាម​បែបផែន​សម័យ​ទំនើប​ ដែល​ធាតុ​ពិត​ខុន​ដូ​ និង​អា​ផា​តម៉ិន​មិន​ខុសគ្នា​នោះ​ទេ​។ ខុស​ទំហំ​បន្ទប់​ គ្រាន់តែ​អា​ផា​តម៉ិន​ មាន​ម្ចាស់​រួម​តែមួយ​លើ​អាគារ​ណាមួយ​នោះ​ ដែល​គាត់​អាច​លក់​អាគារ​រួម​ តែ​ខុន​ដូ​គឺ​មាន​ម្ចាស់​ច្រើន​នៅ​លើ​អាគារ​តែមួយ​ ដូច្នេះ​បើ​គាត់​ចង់​លក់​គឺ​អាច​លក់​ បន្ទប់​ណាមួយ​។

ការ​វិនិយោគ​ខុន​ដូ​និង​អា​ផា​តម៉ិ​ននៅ​តែ​ពេញនិយម​ និង​ផ្តល់​ឳកាស​ប្រមូលប្រាក់​មកវិញ​ក្នុងរយៈពេល​វែង​ និង​ចំណាយ​ទុន​ច្រើន​ ដូច​ការ​វិនិយោគ​អាគារ​ការិយាល័យ​ផង​ដែរ​។ ការ​វិនិយោគ​អា​ផា​តម៉ិន​ និង​ខុន​ដូ​នៅតែ​ពេញនិយម​ ពិសេស​ខុន​ដូ​គួរតែ​វិនិយោគ​លើ​ខុន​ដូ​សម្រាប់​ប្រជាពលរដ្ឋ​មាន​ជីវភាព​មធ្យម​គឺជា​ការ​វិនិយោគ​ត្រឹមត្រូវ​ ព្រោះ​មូលដ្ឋាន​ទីផ្សារ​សម្រាប់​អ្នកមាន​ប្រាក់ចំណូល​មធ្យម​ជាទី​ផ្សារ​ធំ​ទូលាយ​។

នា​ពេល​អនាគត​ទីផ្សារ​ខុន​ដូ​នឹង​មាន​តម្រូវការ​ច្រើន​ ដោយសារ​ការ​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ កាលពី​ចុងឆ្នាំ​មុន​ ដែល​ទាក់ទាញ​អ្នកធ្វើការ​និង​អ្នក​វិនិយោគ​កាន់តែ​ច្រើន​មកកាន់​កម្ពុជា​ ហើយ​ពេលណា​ពួកគេ​មក​កម្ពុជា​ ពួកគេ​ត្រូវការ​កន្លែង​ស្នាក់នៅ​។ ម្យ៉ាងទៀត​ទីក្រុង​ភ្នំពេញ​កាន់តែ​រីក​ ចរាចរណ៍​កាន់តែ​ចង្អៀត​ ដូច្នេះ​ប្រជាពលរដ្ឋ​នឹង​សម្រេចចិត្ត​រស់នៅ​តាម​ខុន​ដូ​កាន់តែ​ច្រើន​ ព្រោះ​បើ​ពួកគេ​ធ្វើការ​ក្នុង​ទីក្រុង​ ពួកគេ​នឹង​ប្រឈមមុខនឹង​ការខាតបង់​ពេលវេលា​ ខាតបង់​ថវិកា​ដោយសារ​ការ​កកស្ទះ​ចរាចរ​ មក​ធ្វើការ​មិនទាន់ពេល​ ដូច្នេះ​ខុន​ដូ​នឹងជា​ជម្រើស​របស់​ពួកគេ​នា​ពេល​អនាគត​។

ផ្សារ​ទំនើប​

ដោយ​សា​រកំនើន​ជីវភាព​ប្រជាពលរដ្ឋ​ លំហូរ​វិនិយោគ​បរទេស​ និង​ភ្ញៀវ​ទេសចរណ៍​បាន​ធ្វើឲ្យ​ការ​វិនិយោគ​ផ្សារ​ទំនើប​កើនឡើង​ ដោយ​នៅ​ឆ្នាំនេះ​ផ្សារ​ទំនើប​តូច​ ធំ​ប្រមាណ១០ទៀត​ នឹង​បើក​ដំណើរការ​នៅ​ក្រុងភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ និង​ខេត្តសៀមរាប​។

ការ​កើនឡើង​នូវ​ផ្សារ​ទំនើប​ វា​ជាផ្នែក​មួយ​ដែល​បង្ហាញ​ពី​អំណាច​នៃ​ការទិញ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កើនឡើង​ ដោយសារ​ការ​រីកចម្រើន​សេដ្ឋកិច្ច​ និង​កំនើ​នប្រា​ក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ម្នា​ក់ៗ​។

អ្ន​កម​នាង​អាន​ សុធី​តា ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ ការ​វិនិយោគ​ផ្សារ​ទំនើប​ច្រើន​ ដោយសារ​កំលាំង​ទិញ​កើនឡើង​ខ្ពស់​ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ផ្សារ​ទំនើប​នៅ​កម្ពុជា​ នៅ​មិនទាន់​លើស​តម្រូវការ​នៅឡើយ​ទេ​ ទោះបីជា​មានការ​ផ្គត់ផ្គង់​ច្រើន​ក៏ដោយ​។

អ្នកនាង​បន្ថែម​ថា​ “ការ​វិនិយោគ​ផ្សារ​ទំនើប​ អ្នក​វិនិយោគ​អាច​រក​ប្រាក់ចំណេញ​ពី​ការ​វិនិយោគ​លឿន​ ប៉ុន្តែ​ផ្សារ​និ​មួយ​ៗ​ទាមទារ​ ឲ្យ​មានការ​កែ​លំ​អរ​ជាប្រចាំ​រៀងរាល់៥ឆ្នាំ​ ម្តង​ ដើម្បី​ឆ្លើយតប​តាម​បែបផែន​ និង​ដំណើរ​វិវត្តន៍​នៃ​សេដ្ឋកិច្ច​សង្គម​៕

អ្នកជំនាញ​សេដ្ឋកិច្ច​៖ រដ្ឋាភិបាល​កម្ពុជា​គួរ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ប្រទេស​វិនិយោគ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​និង​អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​បាន​លើកឡើង​ថា​ កម្ពុជា​ គួរតែ​មានការ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ប្រទេស​វិនិយោគ​ ដោយ​មិន​ត្រូវ​រំពឹង​ទៅលើ​តែ​ប្រទេស​ណាមួយ​ជាចម្បង​នោះ​ទេ​។

CDC ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

យោង​តាម​របាយការណ៍​ ដែល​បង្ហាញ​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ (CDC​) កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​បាន​បញ្ជាក់​ថា​ ក្នុងចំណោម​ប្រទេស​ជាច្រើន​ដែល​កំពុងតែ​មាន​សកម្មភាព​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ប្រទេស​ចិន​បាន​ដើរតួ​យ៉ាង​សំខាន់​ និង​ឈរ​នៅ​លំដាប់​ទី១​ ដោយ​គ្រប់គ្រង​លំហ​ញូ​រវិ​និ​យោគ​ផ្ទាល់​ពី​បរទេស​ នៅ​កម្ពុជា​រហូតដល់​ប្រមាណ ៣៥​,៣១​ភាគរយ​ នៃ​ទំហំ​ទុន​វិនិយោគ​សរុប​ ខណៈ​ដែល​ទំហំ​ទុន​វិនិយោគ​ក្នុង​ស្រុក​របស់​កម្ពុជា​មាន​ប្រមាណ ៤៤​,៧ភាគរយ​។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​កាលពី​ចុង​សប្ដាហ៍​កន្លងមក​ថា​ ការ​ទទួល​បាន​ទុន​វិនិយោគ​ ពី​បណ្តា​ប្រទេស​នានា​លើ​គ្រប់​វិស័យ​ សុទ្ធតែ​ជា​ការ​រួមចំណែក​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ទាំងអស់​។

លោក​បាន​បន្ត​ទៀត​ថា​ “យើង​សាទរ​ ចំពោះ​គ្រប់​វត្តមាន​នៃ​អ្នក​វិនិយោគ​ទាំងអស់​ ហើយ​កម្ពុជា​ ក៏​មិន​មាន​និន្នាការ​រើសអើង​ចំពោះ​ប្រទេស​ណាមួយ​នោះ​ទេ​”។

ជាមួយនឹង​ទិន្នន័យ​ ដែល​បង្ហាញ​ពី​ទំហំ​ទុន​វិនិយោគ​នៅ​កម្ពុជា​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ ខាងលើ​នេះ​លោក​ ង៉ែត​ ជូ​ បាន​ មានប្រសាសន៍​បន្ត​ទៀត​ថា​ “វា​គឺជា​សូចនាករ​ដ៏​ល្អ​មួយ​ ដែល​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​ សំរាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​”។ លោក​បាន​បន្ត​ទៀត​ថា​ “កម្ពុជា​ត្រូវតែ​រៀបចំ​ឱ្យ​មាន​លក្ខណៈ​ពិសេស​ និង​ងាយស្រួល​ដើម្បី​ឱ្យ​មាន​ភាព​ទាក់ទាញ​លើ​ការ​វិនិយោគ​ ទាំង​ទីតាំង​ ភាព​អនុគ្រោះ​ពី​រដ្ឋាភិបាល​ ក៏ដូចជា​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​”។

លោក​បាន​បញ្ជាក់​ថា​ បើ​ទោះជា​ពេលនេះ​ កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ ក្នុង​ការ​វិនិយោគ​ ប៉ុន្តែ​យើង​ចង់​មាន​ពិពិធ​កម្ម​ប្រភព​វិនិយោគ​ មក​ពី​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ ជាជាង​មានតែ​ប្រភព​វិនិយោគ​ធំ​ត្រឹមតែ១​ ឬ២ប្រទេស​ ដែល​អាច​ជា​ហានិភ័យ​ណាមួយ​កើតឡើង​ នៅពេល​ប្រទេស​ប្រភព​វិនិយោគ​ជួប​វិបត្តិ​ ជាក់ស្ដែង​ដូចជា​ប្រទេស​ចិន​ជាដើម​។

ស្រដៀងគ្នា​ទៅ​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ លោក​បណ្ឌិត​ហុង​ វណ្ណៈ​ អ្នកវិភាគ​ និង​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ បាន​មានប្រសាសន៍​ថា​ ការ​ទទួល​បាន​ទុន​វិនិយោគ​ ពី​បណ្តា​ប្រទេស​អន្តរជាតិ​ ជា​រឿង​ដែល​ល្អ​ និង​គាំទ្រ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ កម្ពុជា​ចាំបាច់​ត្រូវតែ​ពង្រឹង​សមត្ថភាព​ ដើរតួ​នាទី​ជា​អ្នក​វិនិយោគ​ក្នុង​ស្រុក​ខ្លួនឯង​ ដោយ​ជំរុញ​ និង​លើ​កម្ពស់​ផ្នែក​ SME​ ដើម្បី​បំពេញ​នូវ​តម្រូវការ​ប្រើ​ប្រាស់​ក្នុ​ស្រុក​ ជាជាង​ការទិញ​ផលិតផល​ពីក្រៅ​ស្រុក​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​ បាន​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ផ្ទៃក្នុង​ ជាពិសេស​ផ្នែក​ច្បាប់​វិនិយោគ​ ដើម្បី​ជួយ​សម្រួលការ​ពាណិជ្ជករ​ក្នុង​ និង​ក្រៅ​ស្រុក​ ប៉ុន្តែ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​”។ លោក​បន្ត​ថា​ ការ​ធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ គឺជា​ចំណុច​សំខាន់​ ហើយ​ព្យាយាម​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជិតស្និទ្ធ​ ជាមួយ​អន្តរជាតិ​ ដែល​មាន​ទីផ្សារ​ធំ​ទូលាយ​ សម្រាប់​ធ្វើការ​នាំចេញ​ផលិតផល​របស់​កម្ពុជា​ ដែល​ពិសេស​ កសិផល​ដែល​ជា​ផលិតផល​សំខាន់​របស់​កម្ពុជា​”។

បណ្តា​ប្រទេស​ដែល​កំពុង​ តែ​មាន​ភាព​សកម្ម​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ រួមមាន​ដូចជា​ ប្រទេស​ចិន​ប្រមាណ ៣៥​,៣១​ភាគរយ​ ជប៉ុន៧​,៨៧​ ភាគរយ​ ​វៀតណាម​ ២,៩៩ភាគរយ​ ​សិង្ហបុរី១​,៨៥​ ភាគរយ​ ​កូរ៉េ១​,៧៩​ ភាគរយ​ ​ម៉ាឡេស៊ី​ ១,៤៨​ ភាគរយ​ ថៃ១​,៣៦ភាគរយ​ និង​បណ្តា​ប្រទេស​ដទៃទៀត​សរុប​ប្រមាណ២​,៦៤ភាគរយ​៕

ការសិក្សា​៖ សេដ្ឋកិច្ច​ប្រទេស​ចិន​នៅតែ​មាន​ភាព​រ៉ឹង​មាំ​សំរាប់​ឆ្នាំ២០២០ខាងមុខ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុម​ស្រាវជ្រាវ​អាជីវកម្ម​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​វយ៉​កបាន​ព្យាករណ៍​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវ​បាន​មើល​ថា​ នឹង​មាន​ភាព​ប្រសើរ​ឡើង​នៅ​ឆ្នាំ២០២០ខាងមុខនេះ​ ដោយសារ​ការរៀបចំ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​ត្រូវ​បាន​បញ្ចប់​។

លោក​ Erik​ Lundh​ សេដ្ឋវិទូ​ជាន់ខ្ពស់​ប្រចាំ​ក្រុមប្រឹក្សា​ The​ Conference​ Board​ បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ យុទ្ធនាការ​របស់​ប្រទេស​ចិន​ ក្នុង​ការរៀបចំ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​ នឹង​រួមចំណែក​យ៉ាងច្រើន​ដល់​ការ​កែ​លម្អ​សេដ្ឋកិច្ច​របស់​ប្រទេស​។

លោក​បាន​បន្ថែម​ទៀត​ថា​ កំណើន​ផលិតភាព​ កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​ចិន​ ត្រូវ​បាន​គេ​មើលឃើញ​ ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ខាងមុខ​ ដែល​នឹង​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ថយ​ចុះ​ផលិតផល​ក្នុង​ស្រុក​សរុប​ជាបន្តបន្ទាប់​។

បើ​យោង​តាម​របាយការណ៍​សន្ទស្សន៍​ សេដ្ឋកិច្ច​ពិភពលោក​បានឱ្យ​ដឹង​ថា​ ពិភពលោក​ ទំនងជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច
២​,៥ភាគរយ​ ក្នុង​ឆ្នាំ២០២០​ និង​ជាមធ្យម ២​,៧ ភាគរយ​សម្រាប់​មួយ​ទសវត្សរ៍​ បន្ទាប់​ធ្លាក់ចុះ​ពី ៣​,៣ភាគរយ​កាលពី​ឆ្នាំ២០១០​ដល់​ឆ្នាំ​ ២០១៩​ នេះ​។

លោក​ Erik​ Lundh​ បញ្ជាក់​ថា​ “ទោះបី​មានការ​ភ័យខ្លាច​ នៃ​វិបត្តិសេដ្ឋកិច្ច​កំពុង​រីក​រាលដាល​ក៏ដោយ​ យើង​រំពឹង​ថា​នឹង​មានការ​ងើបឡើង​វិញ​នៅ​ឆ្នាំ២០២០​ ដោយសារ​បញ្ហា​ភាពជា​ច្រើន​ ត្រូវ​បាន​ប្រទេស​ចិន​កំពុង​ដោះស្រាយ​”។ លោក​បន្ថែម​ថា​ “ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​កំពុង​ត្រូវ​បាន​រៀបចំឡើង​វិញ​ ហានិភ័យ​នៃ​ការ​កើនឡើង​ នូវ​ជម្លោះ​ពាណិជ្ជកម្ម​បាន​ថយ​ចុះ​ ហើយ​កំណើន​ផលិតភាព​នៅតែ​បន្ត​ងើបឡើង​វិញ​”។

របាយការណ៍​ដដែល​បន្ថែម​ថា​ មធ្យមភាគ​សម្រាប់​ចន្លោះ​ឆ្នាំ២០២០​ ២០២៩​ សម្រាប់​សេដ្ឋកិច្ច​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ មា​នកំនើន ១​,៩ភាគរយ​ ខណៈ​ដែល​ការព្យាករណ៍​និន្នាការ​ សម្រាប់​ទីផ្សារ​កំពុង​រីកចម្រើន​ និង​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​រួមគ្នា​ គឺ​ស្មើ​នឹង​កំនើន៣​,៥ភាគរយ​។

ក្រុម​ស្រាវជ្រាវ​បាន​និយាយ​ថា​ កត្តា​សំ​ខាន់​ៗដែល​កំ​ណត់​សក្តា​នុ​ពល​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​ នៃ​សេដ្ឋកិច្ច​ពិភពលោក​ រួមមាន​និន្នាការ​នៃ​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ និង​ការ​ធ្វើ​ចំណាកស្រុក​ ការ​ទទួលយក​បច្ចេកវិទ្យា​ឌីជីថល​ ការចែកចាយ​ប្រាក់ចំណូល​ និង​សម្ពាធ​ជាច្រើន​ទៅលើ​បរិស្ថាន​ និង​កំណើន​ផលិតភាព​៕

ចំណេះដឹង​! តើ​អ្វី​ជាគោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​ដីសម្បទាន​ សេដ្ឋកិច្ច​នៅ​កម្ពុជា​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្បទាន​ជា​សិទ្ធិ​ស្របច្បាប់​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ ដែល​រាជរដ្ឋាភិបាល​ចេញ​អាជ្ញាប័ណ្ណ​ផ្តល់​ឲ្យ​រូបវន្ត​បុគ្គល​ ឬនីតិបុគ្គល​កាន់កាប់​ដី​ និង​ប្រើប្រាស់​ដី​តាមច្បាប់​វិនិយោគ​ ។

​ដីសម្បទាន​សេដ្ឋកិច្ច​ ជា​ដី​ដែល​ឆ្លើយតប​នឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​ ដែល​អាច​ទាញ​យក​ផល​ពី​កសិកម្ម​ឧស្សាហកម្ម​។

ច្បាប់​ភូមិបាល​ឆ្នាំ២០០១​ ត្រង់​មាត្រា៥៦​ សិទ្ធិ​របស់​សម្បទានិក​លើ​ដី​ ដែល​បាន​ផ្តល់​ជា​សម្បទាន​ ក្នុងអំឡុងពេល​នៃ​សម្បទាន​។ សម្បទាន​និក​អាច​ទាញ​យក​ផល​ ពី​ការ​ធ្វើ​កសិកម្ម​ ដែល​រួម​ទាំង​ការ​អារ​សាង​សង​ សិប្បកម្ម​ រោងចក្រ​ផង​ដែរ​។

លើស​ពីនេះ​សិទ្ធិ​របស់​សម្បទានិក​ ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ដូចជា​កម្មសិទ្ធិករ​ ដែរ​។ រយៈពេល​កន្លងមក​រាជរដ្ឋាភិបាល​ បាន​ធ្លាប់​ផ្តល់​ដីសម្បទាន​ ដល់​វិនិយោគិន​ដែរ​ ប៉ុន្តែ​ហាក់ដូចជា​មិន​មា​នប្រសិ​ទិ្ធ​ភាព​ទេ​ ថែមទាំង​បង្ក​ឲ្យ​មាន​វិវាទ​ជាច្រើន​ករណី​ រវាង​វិនិយោគិន​ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ដីសម្បទាន​នោះ​។

ហេតុនេះ​រាជរដ្ឋាភិបាល​ បាន​ចេញ​បទបញ្ជា​កំណត់​វិធានការ​ពង្រឹង​ និង់​បង្កើន​ប្រសិទ្ធភាព​លើ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច​ ដែល​ត្រូវ​បាន​ផ្អាក់​ជា​បណ្តោះអាសន្ន​ (បទបញ្ជា​ស្តី​ពី​វិធាន​ពង្រឹង​ និង​បង្កើន​ប្រសិទ្ធិ​ភាព​ នៃ​ការគ្រប់គ្រង​សម្បា​ទាន​ដី​សេដ្ឋកិច្ច​ ឆ្នាំ២០១២​)។

ដោយ​យោង​តាម​ការ​យកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ គ្រប់​បុគ្គល​ទាំ​អស់​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​លើ​ដីធ្លី​ តាម​ទម្រង់​ កម្មសិទ្ធិ​ ភោគៈ​ ផលុបភោគ​ សិទ្ធិ​ជួល​អចិ​ន្រ្តៃយ៍​ ដែល​អាច​សាងសង់​សំណង​នៅ​លើ​ដី​ទាំងអស់​នោះ​បាន​៕

ប្រធាន​ CREA ៖ ស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជាមិនមានសញ្ញាអាក្រក់ដូចឆ្នាំ២០០៨នោះទេ

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖ ស្រដៀងគ្នាទៅនឹងការសិក្សា និងរបាយការណ៍របស់ធនាគារពិភពលោកដែលបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ -២០២០ នៅតែបន្តមានកំណើននោះ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានបញ្ជាក់ថា ទីផ្សារអចលនទ្រព្យកម្ពុជា នៅមិនទាន់សញ្ញាណាមួយដែលបង្ហាញពីស្ថានការណ៍អាក្រក់ដូចកាលពីឆ្នាំ២០០៨នោះទេ។

ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចចិន និងសហរដ្ឋអាមេរិក នៅមិនទាន់បានបញ្ចប់នៅឡើយនោះ មានមនុស្សជាច្រើន ជាពិសេសអ្នកជំនួញក្នុងស្រុកបានបង្ហាញពីការព្រួយបារម្ភពីឱនភាពសេដ្ឋកិច្ចពិភពលោកដែលអាចជះឥទ្ធិពលអាក្រក់មកលើប្រទេសកម្ពុជារហូតសម្រេចចិត្តផ្អាកសកម្មភាពវិនិយោគ។

តាមរយៈការឆ្លើយឆ្លងតាមបណ្តាញទំនាក់ទំនង Telegram លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបន្តមានសញ្ញាវិជ្ជមាន និងល្អប្រសើរដដែលបើទោះជាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចចិន និងសហរដ្ឋអាមេរិកនៅមិនទាន់បានបញ្ចប់ក៏ដោយ។

លោកបានបញ្ជាក់ថា “មិនថាឆ្នាំ២០១៩ ឬឆ្នាំ២០២០នោះទេ សេដ្ឋកិច្ចកម្ពុជានៅតែបន្តមានកំណើនដដែល ដោយសារតែកម្លាំងនៃការវិនិយោគជាតិ និងអន្តរជាតិជាច្រើននៅតែបន្តសកម្មភាព”។ លោកបានបន្តទៀតថា “បច្ចុប្បន្ននេះមានគម្រោងវិនិយោគជាច្រើនកំពុងតែបន្តសកម្មភាពយ៉ាងសកម្ម ដែលនៅក្នុងមានដូចជាគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម គម្រោងសំណងលំនៅដ្ឋាន រួមជាមួយនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលផងដែរ”។

លោក ឃាង ពុទ្ធី បានបន្តទៀតថា “ពាក់ព័ន្ធទៅនឹងសង្គ្រាមពាណិជ្ជកម្មចិនជាមួយអាមេរិច បើទោះបីប៉ះពាល់ ក៏ប៉ះពាល់បន្តិចបន្តួចតែប៉ុណ្ណោះ ដែលវាអាស្រ័យ លើឥរិយាបទរបស់អ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ក្នុងការៀបចំគម្រោងក្នុងការទិញ ឬលក់អចលនទ្រព្យឱ្យបានត្រឹមត្រូវ និងមានការប្រយ័ត្នប្រយ៉ែងខ្ពស់ មានតម្លាភាព និងប្រកបដោយជំនាញ ចំណេះដឹងរបស់ខ្លួន”។

លោកបន្តទៀតថា “បច្ចុប្បន្ន រដ្ឋាភិបាលក៏បានរៀបចំច្បាប់ផ្សេងៗ ដើម្បីការពារហានិភ័យណាមួយកើតឡើងទាំងអ្នកអភិឌ្ឍន៍ និងអតិថិជន ដែលកាន់តែបង្កើនទំនុកកាន់តែខ្ពស់”។ ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគលើវិស័យអចលនទ្រព្យទាំងអស់កុំឱ្យមានការព្រួយបារម្ភខ្លាំងពេកចំពោះបញ្ហានេះ ហើយបន្តអាជីកម្ម និងការវិនិយោគរបស់ខ្លួនដែលមានបច្ចុប្បន្នឆ្ពោះទៅរកឧត្តមភាពនៅថ្ងៃអនាគត។

លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងក្នុងសន្និសិទ្នសារព័ត៌មាននៅថ្ងៃទី១១ តុលា ឆ្នាំ២០១៩ ថា ការគំរាមកំហែងពីខាងក្រៅដូចជា ការដកប្រព័ន្ធអនុគ្រោះពន្ធពីអឺរ៉ុប វានៅតែមានឳកាស និងពេលវេលាក្នុងការចរចាក្នុងទទួលបានវាមកវិញ ហើយចំណែកសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនបានបង្កើតឳកាសជាច្រើនដល់កម្ពុជា។ លោកបញ្ជាក់ថា “ថ្មីៗនេះ យើងឃើញរោងចក្រផលិតកម្មចិនជាច្រើនកំពុងសម្លឹងរកកន្លែងវិនិយោគនៅទីនេះ ហើយទីតាំងវិនិយោគផ្សេងទៀត នៅតំបន់អាស៊ីអាគ្នេយ៍ដូចជាវៀតណាម ដោយតម្លៃកម្លាំងពលកម្មនៅទីនេះមានភាពសមរម្យ ខណៈកម្ពុជាក៏តម្លៃកម្លាំងពលកម្មសមរម្យដែរ ក្នុងការប្រកួតប្រជែងជាមួយវៀតណាម ដើម្បីទាញយកវិនិយោគក្រៅប្រទេស”។

លោកបានបន្តថា “កិច្ចការសំខាន់ដែលយើងត្រូវធ្វើដើម្បីទាក់ទាញវិនិយោគផ្សេងទៀត ក្រៅពីប្រទេសចិន គឺរៀបចំសមត្ថភាពបទបញ្ញត្តិរបស់កម្ពុជាឱ្យបានប្រសើរ ហើយធ្វើឱ្យកាន់តែប្រសើរឡើងនូវអ្វីដែលយើងមានក្នុងប្រទេស”។
យោងតាមរបាយការណ៍ថ្មី ដែលចេញផ្សាយដោយធនាគារពិភពលោក កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញនេះបានបង្ហាញថា វិស័យសំណង់នៅតែបន្តមានសន្ទុះខ្លាំងនៅក្នុងឆ្នាំ ២០១៩ ដោយសារវិនិយោគិន បន្តបោះទុនវិនិយោគលើគម្រោងនានានៅទូទាំងប្រទេស។

វិនិយោគិនចិននៅតែបន្តនាំមុខគេ នៅក្នុងតារាងវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ចូលមកក្នុងប្រទសកម្ពុជាដែលស្មើនឹង៤០ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសសរុប។

របាយការណ៍ដដែលបានបង្ហាញបន្តថា ខណៈលទ្ធផលវិស័យអចលនទ្រព្យ បាននឹងកំពុងរីកចម្រើនខ្លាំង ការនាំចូលដែកថែបមកកាន់ប្រទេសកម្ពុជាបានកើនឡើង៦៣,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

របាយការណ៍ដដែលក៏បានបង្ហាញពីកំណើននៃការនាំចូលរថយន្ត និងផលិតផលប្រេងចូលមកក្នុងប្រទេសកម្ពុជា ដោយសារកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានការរីកចំរើនយ៉ាងឆាប់រហ័ស។

របាយការណ៍បានលើកឡើងថា “ការកើនឡើងនៃការប្រើប្រាស់ក្នុងស្រុក បានជំរុញឱ្យមានកំណើននៃការនាំចូល ដោយក្នុងនោះការនាំចូលផលិតផលប្រេង និងយានយន្តបានកើនឡើង ៩១,០ ភាគរយ និង ១៨,៥ ភាគរយ”។

ក្នុងឆ្នាំ២០១៩នេះ ធនាគារពាណិជ្ជនៅកម្ពុជា ក៏ជួយជំរុញកំណើនឥណទានផងដែរ ដោយក្នុងនោះកំណើនឥណទានកើនជិត ៣០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែមិថុនា ឆ្នាំ២០១៩កន្លងមកនេះ៕

កូរ៉េ​នឹង​ជួយ​អភិវឌ្ឍន៍​ក្រុង​សៀមរាប​ឱ្យ​ក្លាយជា​ទីក្រុង​បៃតង​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កូរ៉េ​ (EDCF​) ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ជំនួយស្មារតី​លើ​សំណើ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បៃតង​ក្នុង​ខេត្តសៀមរាប​ (AIDE​ MÉMOIRE​ ON​ THE​ EDCF​ PCP​ MISSION​ ON​ GREEN​ SIEM​ REAP​ URBAN​ DEVELOPMENT​ PROJECT​)។

លោកស្រី​ ហ៊ី​ យ៉ុង​លី​ (Ms​. Hye​ Kyung​ Lee​) នាយក​ស្ថាប័ន​ហិរញ្ញប្បទាន​ពី​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កូរ៉េ​ (EDCF​) ប្រចាំ​ប្រទេស​កម្ពុជា​ កាលពី​ពេល​ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ការ​ចុះ​កំណត់ហេតុ​ជំនួយស្មារតី​នេះ​ ក្នុង​គោលបំណង​រៀបចំ​បង្កើត​ឯកសារ​អនុ​គម្រោង​ចំនួន០២​ ក្នុង​ក្របខ័ណ្ឌ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បៃតង​ក្នុង​ខេត្តសៀមរាប​ លោកស្រី​បន្ត​ថា​ គម្រោ​ងទំាង​ ២នោះ​រួមមាន​គឺ​គម្រោង​សាងសង់​ផ្លូវវាង​ក្រុង​សៀមរាប​ និង​គម្រោង​សាងសង់​ និង​ពង្រីក​បណ្តាញ​លូ​ខ្នែង​ លូ​ខ្នែង​រង​ជំហាន​ទី២​ ក្រោយពី​ការ​ចុះ​បេសកកម្ម​រួមគ្នា​លើ​ការពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ និង​កត្តា​ប្រឈម​ក្នុង​ក្រុង​សៀមរាប​ចំនួន០៥ថ្ងៃ​ កាលពី​ថ្ងៃទី៦​-១០​ ខែ​ តុលា​ ឆ្នាំ២០១៩​ ។

ខេត្តសៀមរាប​ គឺជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ផ្អែក​លើ​សក្តា​នុ​ពល​ទេសចរណ៍​ រួម​ទាំង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​ តំបន់​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ដែល​មាន​ប្រាសាទបុរាណ​រាប់​រយ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ទំហំ​ ៤០១​ គីឡូម៉ែត្រ​ការ៉េ​ ជាពិសេស​ប្រាសាទអង្គរវត្ត​ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ លើស​ពីនេះ​ទៀត​ ខេត្ត​ សៀមរាប​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ ដែល​បាន​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​មួយ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ខេត្តសៀមរាប​ បាន​ក្លាយជា​មជ្ឈមណ្ឌល​ទេសចរណ៍​អន្តរជាតិ​ ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ចំនួន​ពាក់កណ្តាល​ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​ប្រទេស​កម្ពុជា​ ខណៈ​ដែល​កាល​នៅក្នុង​ខែមិថុនា​ ឆ្នាំ​ ២០១៦​ ក្រសួង​ទេសចរណ៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ពានរង្វាន់​ «ប្រទេស​កម្ពុជា​ គឺជា​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​បំផុត​នៅ​លើ​ពិភពលោក​» ផ្តល់​ជូន​ដោយក្រុម​ប្រឹក្សា​ទេសចរណ៍​ និង​ពាណិជ្ជ​កម្ម​អ៊ឺ​រ៉ុប​ ដោយ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ «ប្រទេស​កម្ពុជា​ គឺជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ដ៏​ពេញនិយម​បំផុត​ក្នុង​ឆ្នាំ២០១៦​» ហើយក៏​ជា​មោទនភាព​ផង​ដែរ​សម្រាប់​ខេត្តសៀមរាប​ ដែល​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​គេ​ចាត់ទុកថា​ជាគោល​ដៅ​ទេសចរណ៍​ដ៏​អស្ចារ្យ​នៅ​ អាស៊ី​សម្រាប់​ឆ្នាំ២០១៦​ និង​ក្នុង​ឆ្នាំ២០១៧​ ឆ្នាំ២០១៨​ ប្រាសាទអង្គរវត្ត​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ទីតាំង​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក​ដោយ​គេហទំព័រ​ទេសចរណ៍​ Trip​ Advisor​ ៕

ការចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិននាំទៅរកការបញ្ចប់សង្គ្រាមពាណិជ្ជកម្ម

ដោយ Donald Lee

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានឈានដល់ការបញ្ឃប់ជាបណ្តោះអាសន្ន។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្អាកការដំឡើងពន្ធលើទំនិញចិនដែលមានតម្លៃ ២៥០ ពាន់លានដុល្លារដែលនឹងចូលជាធរមាននៅខែនេះ។

លោក Trump បានអះអាងថា កិច្ចចរចាពាណិជ្ជកម្មជុំទីមួយគឺជាជោគជ័យ ហើយថាសម្លេងរវាងអ្នកចរចាពាណិជ្ជកម្មបានប្រែទៅជាវិជ្ជមាន បន្ទាប់ពីការកើតឡើងការបង្កហេតុជាច្រើនសប្តាហ៍មកនេះ។

នៅក្នុងសន្និសីទកាសែតនៅការិយាល័យ Oval លោក Trump បាននិយាយថា “មានការទាស់ទែងគ្នាយ៉ាងខ្លាំងរវាងអាមេរិក និងចិន ហើយឥឡូវនេះវាជាថ្ងៃបុណ្យនៃក្តីស្រឡាញ់។ នោះជារឿងល្អ” ។

លោក Trump បានបន្ថែមទៀតថា កិច្ចព្រមព្រៀងទាំងមូលនឹងរួមបញ្ចូលការការពារកម្មសិទ្ធិបញ្ញា និងផលិតផលកសិកម្មដែលមានតម្លៃដល់ទៅ ៥០ ពាន់លានដុល្លារអាមេរិកដល់ចិន។

លោក Trump បានសរសេរនៅថ្ងៃសុក្រ ថា “រឿងល្អៗ កំពុងកើតឡើងនៅឯកិច្ចពិភាក្សាពាណិជ្ជកម្មចិន។ អារម្មណ៍កក់ក្តៅជាងមុននាពេលបច្ចុប្បន្នដូចជាថ្ងៃចាស់។ ខ្ញុំនឹងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិននៅថ្ងៃនេះ។ ទាំងអស់គ្នាចង់ឃើញមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់!”៕