កម្ពុជា​ ឆែក​ចុះហត្ថលេខា​លើ​ឯកសារ​សំ​ខាន់​ៗចំនួន២​

ដោយ ​ម៉ា​ណេត

ភ្នំ​ពេញៈ​ កម្ពុជា​ និង​សាធារណៈ​រដ្ឋ​ឆែក​បាន​ចុះ​អនុ​ស្ស​រណ​លើ​កិច្ច​ព្រមព្រៀង​សំខាន់​ចំនួន​ពីរ​ ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​។

បន្ទាប់ពី​កិច្ច​ជំនួប​ពិភាក្សា​ទ្វេភាគី​ រវាង​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ Andrej​ Babis​ នាយក​រដ្ឋមន្រ្តី​ឆែក​រួចមក​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ បាន​ចុះហត្ថលេខា​លើ​ ឯកសារ​សំ​ខាន់​ៗចំនួន​ពីរ​រួមមាន​ ទី១​) អនុ​ស្ស​រណះ​នៃ​ការយោគយល់​គ្នា​ ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ក្រសួងសុខាភិបាល​កម្ពុជា​ និង​ទីភ្នាក់ងារ​អនុវត្ត​គម្រោង​សុខាភិបាល​ឆែក​ VAMED​ ។

ទី២​ អនុ​ស្ស​រណះ​នៃ​ការយោគយល់​គ្នា​ រវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​សភា​ពាណិជ្ជកម្ម​ឆែក​។

ការ​ចុះហត្ថលេខា​នៃ​អនុស្សារ​ណះ​ទាំងពីរ​នេះ​ ជា​កា​របង្អុល​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ ទាំងពីរ​ ក្នុង​ការពង្រីក​ចំណងមិត្តភាព​ និង​បន្ត​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ ដើម្បី​ផលប្រយោជន៍​នៃ​ ប្រជាជន​ទាំងពីរ​។

ក្នុង​ជំនួប​គ្នា​នោះ​ដែរ​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ បាន​គោរព​អញ្ជើញ​ លោកនាយក​រដ្ឋមន្រ្តី​ឆែក​ Andrej​ Babis​ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ តាម​ពេល​ដ៏​សមស្រប​។

នាយក​រដ្ឋមន្រ្តី​ឆែក​ បាន​ទទួលយក​នូវ​ការ​អញ្ជើញ​ដោយ​សេចក្តី​រីករាយ​ និង​បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ ចំពោះ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ចំពោះ​ការ​អញ្ជើញ​នេះ​៕

វិស័យ​សំណង់​បាន​បង្កើត​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ចំនួន​ ១៥ម៉ឺ​នាក់​ក្នុង​មួយថ្ងៃ

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ វិស័យ​សំណង់​បាន​បង្កើត​ការងារ​ជាច្រើន​ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងរយៈពេល៩​ ខែ​ឆ្នាំ២០១៩​ នេះ​ ដោយ​គិតជា​មធ្យម​ចន្លោះ​ពី១៤​ ទៅ១៥ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ចំនួន​កម្មករ​គិតជា​មធ្យម​ប្រមាណ​ពី២០០​ ០០០​ នាក់​ទៅ​ ២២០​,០០០នាក់​ក្នុង​មួយថ្ងៃ​ សម្រាប់​ទូទាំង​ប្រទេស​ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​មានកម្ម​ករ​ប្រមាណ​ ៩០​ ០០០នាក់​ ទៅ​ ១០០​,០០០នាក់​ក្នុង​មួយថ្ងៃ​ គឺ​មានការ​ថយ​ចុះ​ចំនួន​ ៣១​,៨១​ %។

តាមរយៈ​នៃ​ការសិក្សា​ស្រាវជ្រាវ​ ក្នុងរយៈពេល៩​ ខែ​ឆ្នាំ២០១៩នេះ​ តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​គ្មាន​ជំនាញ​ ក្នុង​មួយថ្ងៃ​អាច​ទទួល​បាន​ពី៣០​ ០០០រៀល​ដល់​ ៤ ០ ០០០រៀល​ កម្មករ​មាន​ជំនាញ​ និង​មេជាង​ក្នុង​មួយថ្ងៃ​អាច​ទទួល​បាន​ពី៤០​ ០០០រៀល​ ដល់​ ៦០​ ០០០រៀល​ ចំពោះ​វិស្វករ​ ស្ថាបត្យករ​ និង​អ្នក​ជំ​នាញ​ផ្សេង​ៗទៀត​ ក្នុង​មួយ​ខែ​អាច​ទទួល​បាន​ប្រាក់បៀវត្ស​ពី​ ៤០០​ ដុល្លារ​ ទៅ២៥០០ដុល្លារ​អាមេរិក​។

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​បញ្ជាក់​ថា​ ប្រភព​ទិ​ន្ន័​យខាងលើ​នេះ​ ទទួល​បាន​ពី​ការ​ចុះ​ផ្ទាល់​នៅ​ការដ្ឋាន​សំណង់​នានា​។

សំណង់​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​សរុប៣៤៣៣គម្រោង​ មាន​ផ្ទៃ​ក្រ​សឡា​សំណង់​សរុប​ចំនួន១៣​,០០០​,៦៥៣​ ម៉ែត្រការ៉េ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ ៦ ៤៩៤​,៣៧២​,៣៧១ដុល្លារ​ កើនឡើង​ចំនួន​ ៣៤​,៧៣​%ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

ក្រុមហ៊ុនអចលនទ្រព្យចិនលំដាប់ពិភពលោកមួយចំនួនកំពុងវិនិយោគនៅកម្ពុជា

ដោយ Donald Lee

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យចិន កំពុងគ្របដណ្តប់លើពិភពលោក ដោយកាន់កាប់លំដាប់កំពូលទាំង១០ នៅក្នុងចំណាត់ថ្នាក់នៅឆ្នាំនេះ ដែលធ្វើឡើងដោយក្រុមអ្នកពិគ្រោះយោបល់ផ្នែកក្រុមហ៊ុនអចលនទ្រព្យ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍របស់ក្រុមហ៊ុន Brand Finance។

ក្រុមហ៊ុនអចលនទ្រព្យ Evergrande Group បានឈរនៅលំដាប់កំពូលដោយបង្កើ​នតម្លៃក្រុមហ៊ុន២៦ភាគរយ ស្មើនឹង២០,៤ពាន់លានដុល្លា។ នេះបើយោងតាមរបា​យ​ការណ៍ក្រុមហ៊ុន Brand Finance។

របាយការណ៍បានឱ្យដឹងថា “ក្នុងនាមជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេទី២ នៅប្រទេសចិន ក្រុមហ៊ុន Evergrande បានឈានមុខគេលើខ្សែកោង ដោយបន្តធ្វើទំនើបកម្ម និងទទួលយកបច្ចេកវិទ្យាថ្មីៗ”។

ក្រុមហ៊ុនចិនធំៗដែលកំពុងធ្វើសកម្មភាពនៅកម្ពុជា ក៏បានជាប់ក្នុងបញ្ជីកំពូលទាំង ២៥ផងដែរ។ ក្រុមហ៊ុន Country Garden (ទី ២) និងក្រុមហ៊ុន R&F (ទី ១៣) បានបញ្ចូលក្នុងបញ្ជី ដែលមានអ្នកអភិវឌ្ឍន៍ជនជាតិចិនចំនួន២០ នៅក្នុងបញ្ជីកំពូលទាំង២៥ ។

ចិនក៏មានក្រុមហ៊ុនឈានមុខគេទាំង៥ ក្នុងបញ្ជីក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកអភិ​វឌ្ឍន៍កម្ពុជាបានបង្កើនតម្លៃរបស់ខ្លួន៧០ភាគរយ ដែលមានទំហំទឹកប្រាក់រហូតដល់៣,១ពាន់លានដុល្លារ៕

សម្តេចតេជោនឹងអញ្ជើញសម្ពោធរោងចក្រផលិតស៊ីមង់តិ៍ ថៃប៊ុនរ៉ុងដែលមានទុនវិនិយោគជាង២០០លានដុល្លារនៅខេត្តកំពត

ដោយ វុត្ថា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅចូលរួមសម្ពោធរោងចក្រផលិតស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង តម្លៃជាង២០០លានដុល្លារ ស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ខាងមុខឆាប់ៗនេះ។

លោក ជាវ តាយ អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៩ បានចុះពិនិត្យ ទីតាំងប្រារព្ធពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការ នូវរោងចក្រផលិតស៊ីម៉ង់ត៍ថៃប៊ុនរ៉ុងនេះ ដើម្បីរៀបចំពិធីការ និងសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ សម្រាប់ទទួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នាយឧត្តមឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានចុះពិនិត្យទីតាំងប្រារព្ធពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង បានបញ្ជាក់ថា ពិធីនេះនឹងត្រៀមទទួលភ្ញៀវកិត្តិយសជាតិអន្តរជាតិ និងប្រជាពលរដ្ឋ ដើម្បីចូលរួមទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែនមានចំនួនប្រមាណ៨៥០០នាក់ផងដែរ។

រោងចក្រស៊ីម៉ងតិ៍ ថៃ ប៊ុន រ៉ុង ជាសហគ្រាសផលិតស៊ីម៉ងតិ៍ទ្រង់ទ្រាយធំ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចឧស្សាហកម្ម ថៃ ប៊ុន រ៉ុង ចំងាយ២០គីឡូម៉ែត្រពីខេត្តកំពត និង១២៥គីឡូម៉ែត្រពីភ្នំពេញ។

យោងតាមសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយ កាលពីន្លងមកនេះថា ក្រុមហ៊ុនបានចំណាយទុន វិនិយោគសរុបប្រមាណ២២០លានដុល្លារ សម្រាប់កសាងរោងចក្រស៊ីម៉ងតិ៍ ថៃ ប៊ុន រ៉ុងនេះ និងគម្រោងកំណែទម្រង់បច្ចេកវិទ្យាផលិតកម្ម។ ខ្សែសង្វាក់ផលិតកម្មថ្មីនេះ បំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុត ដែលមានសមត្ថភាពផលិតស៊ីម៉ងតិ៍គុណភាពខ្ពស់២លានតោន ក្នុង១ឆ្នាំ និងផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ៣០០នាក់៕

កម្ពុជាទាក់ទាញទុនវិនិយោគក្នុងវិស័យសំណង់ចំនួនជាង ៦000 លានដុល្លារក្នុងរយៈពេល៩ខែនៃឆ្នាំនេះ

ដោយ ៖ វុត្ថា

ភ្នំពេញៈ កម្ពុជាបានទាក់ទាញទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល៩ឆ្នាំ ២០១៩នេះ មានចំនួនជាង ៦៤៩៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៤,៧៣ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នេះ បានបង្ហាញថា សំណង់នៅទូទាំងប្រទេសមានចំនួនសរុប ៣៤៣៣ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ១៣,០០០,៦៥៣ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ ៦,៤៩៤, ៣៧២,៣៧១ ដុល្លារ។ បើធៀបនឹងរយៈពេល៩ខែ ឆ្នាំ២០១៨មានចំនួន ២៥៤១ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ១០,៧៩០,៥៩៧ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិយោគប្រមា ណ ៤៨២០,២០៨,៨៤៦ ដុល្លារ កើនឡើងចំនួន ៣៤,៧៣ ភាគរយ ។

ដោយឡែក នៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលរាជធានី-ខេត្ត មានចំនួន ១៥៩ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ២ ១៨២ ២៣៤ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិយោគប្រមាណ ៧៤២ ០៥៧ ៨០៦ ដុល្លារ។  បើធៀបនឹងរយៈពេល ៩ខែឆ្នាំ ២០១៨ មានចំនួន ២ ៣១៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៩៨៨ ១២០ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិយោគប្រមាណ ៣៤៤ ៨០១ ៥១៥ ដុល្លារ គឺមានការកើនឡើងចំនួន ១១៥,២១ ភាគរយ ។

របាយការណ៍ដដែលបញ្ជាក់ថា សំណង់នៅទូទាំងប្រទេសគិតចាប់ពីឆ្នាំ២០០០ ដល់ខែកញ្ញា ឆ្នាំ ២០១៩  បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៤៦ ៩៩១ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបចំនួន ១២៦,៤០៣,៣៣៩ ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៤៨១៧៥ លានដុល្លារអាមេរិក ៕

គេហទំព័រPropertyarea.asiaទទួលបានការគាំទ្រពីក្រសួងរៀបចំដែនដីលើការផ្សព្វផ្សាយពីគោលនយោបាយរបស់ក្រសួង

គេហទំព័រPropertyarea.asiaទទួលបានការគាំទ្រពីក្រសួងរៀបចំដែនដីលើការផ្សព្វផ្សាយពីគោលនយោបាយរបស់ក្រសួង

ដោយគង់ សូរិយា

ភ្នំពេញៈ គេហទំព័រព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជាPropertyarea.asiaបានទទួលការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ​ង់លើការផ្សព្វផ្សាយពីគោលនយោបាយ ច្បាប់ បទដ្ឋានគតិយុត្តិនានារបស់ក្រសួង ដើម្បីផ្សព្វផ្សាយព៌តមានជូនដល់សាធារណៈជន។

គេហទំព័រPropertyarea.asiaទទួលបានការគាំទ្រពីក្រសួងរៀបចំដែនដីលើការផ្សព្វផ្សាយពីគោលនយោបាយរបស់ក្រសួង

យោងតាមជំនួបរវាងលោកលាង មុនីរិទ្ឋ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកយិន លាងគង់ស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia កាលពីថ្ងៃទី១២ កញ្ញាកន្លងមក លោកលាង មុនីរិទ្ឋបានមានប្រសា​សន៍កោតសរសើរពីដំណើរការរបស់គេហទំព័រនេះ ដែលផ្តល់ព៌តមានប្រកបដោយ​វិជ្ជាជីវៈ ពិត ឥតលំអៀង និងប្រកបដោយក្រមសីលធ៌ម។

គេហទំព័រPropertyarea.asiaទទួលបានការគាំទ្រពីក្រសួងរៀបចំដែនដីលើការផ្សព្វផ្សាយពីគោលនយោបាយរបស់ក្រសួង

លោករដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្រសួងរៀបចំដែនដី មានគោលដៅផ្សព្វផ្សាយឲ្យសាធារណៈជនបានយល់ពីគោលនយោបាយ និងច្បាប់ បទដ្ឋានគតិយុត្តិនានា ដើម្បីឲ្យសាធារណៈជនបានយល់ និងបានឯកភាពតាមការស្នើសុំការគាំទ្រពីក្រុមការងារគេហទំព័រPropertyarea.asia ដែលចង់ចូលរួមផ្សព្វផ្សាយពីគោលនយោបាយនានា​របស់ក្រសួង ដើម្បីពង្រីកការយល់ដឹងដល់សាធារណៈជន ឲ្យបានយល់ពីគោលនយោ​បាយរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

គេហទំព័រPropertyarea.asiaទទួលបានការគាំទ្រពីក្រសួងរៀបចំដែនដីលើការផ្សព្វផ្សាយពីគោលនយោបាយរបស់ក្រសួង

តាមរយៈការគាំទ្រនេះ Propertyarea.asiaនឹងផ្សព្វផ្សាយព៌តមាន គោលនយោបាយរបស់ក្រសួង និងច្បាប់ពាក់ព័ន្ឋនានា តាមការណែនាំ និងចង្អុលបង្ហាញពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកយិន លាងគង់ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asiaបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកលាង មុនីរិទ្ឋដែលបាន    ផ្តល់ការអនុញ្ញាត្ត និងគាំទ្រដល់គេហទំព័រនេះ ដែលកន្លងមកបានចូលរួមផ្សព្វផ្សាយព៌តមាននានាទាក់​ទងនឹងក្រសួង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនការយល់ដឹងដល់សាធារណៈជនបានដឹងពីព៌តមាននានា ដែលជាព៌តមានដ៏មានសារៈសំ​ខា​ន់ទាក់ទងនឹងជីវភាពប្រចាំថ្ងៃ ក៏ដូចជា ការងារពាក់ព័ន្ឋនឹងលិខិតស្នាមនានា។

គេហទំព័រPropertyarea.asiaទទួលបានការគាំទ្រពីក្រសួងរៀបចំដែនដីលើការផ្សព្វផ្សាយពីគោលនយោបាយរបស់ក្រសួង

លោកបន្តថា ដោយសារការផ្សព្វផ្សាយព៌តមានប្រកបដោយវិជ្ជាជីវៈ និងគោរពនូវក្រមសីលធ៌មជាស្នូល គេហទំព័រPropertyarea.asiaបានទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកអាន ដោយមួយថ្ងៃចំនួនអ្នកអានគេហទំព័ររបស់យើងខ្ញុំ មានចំនួនអ្នកអាចចន្លោះ១៥,០០០ ទៅ២៨,០០០នាក់ជាប្រចាំ។លោកបន្តថា បច្ចុប្បន្ននេះ ក្រុមការងារគេហទំព័របាននិងកំពុងពង្រីកការផ្សព្វផ្សាយ ទៅកាន់បណ្តាញទំនាក់ទំនងសង្គមចំនួន៧ទៀត ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយរបស់យើង

បណ្តាញទំនាក់ទំនងសង្គមចំនួន៦ដែលបាន និងកំពុងពង្រីកការផ្សព្វផ្សាយរួមមានLine, Telegram, Twitter, Instagram, Linkedin, youtube, ពិសេសfacebook Page៕ 

ជប៉ុនចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះ បន្ទាប់ពីព្យុះទីហ្វុង និងគ្រោះមហន្តរាយរញ្ជួយដី

ដោយ Donald Lee

ភ្នំពេញ : រដ្ឋាភិបាលជប៉ុនបានបញ្ជូនប្រតិបត្តិការជួយសង្គ្រោះ នៅទូទាំងប្រទេស បន្ទាប់ពីព្យុះទីហ្វុងដ៏ខ្លាំងបំផុតមួយ បានវាយលុកចូលក្នុងប្រទេសប្រជុំកោះនេះ កាលពីចុងសប្តាហ៍នេះ ខណៈរញ្ជួយដីក្នុងពេលដំណាលគ្នា បានធ្វើឲ្យកក្រើកទីក្រុងតូក្យូបណ្តាលឱ្យចំនួនមនុស្សស្លាប់៣៥ និង៥០០,០០០នាក់គ្មានថាមពលប្រើប្រាស់។

ព្យុះ Hagibis បានវាយប្រហារប្រទេសជប៉ុននៅម៉ោង៧យប់ថ្ងៃ សៅរ៍ជាមួយនឹងខ្យល់២១៦គីឡូម៉ែត្រ ខណៈការរញ្ជួយកម្លាំង ៥.៧ រ៉ិចទ័របានធ្វើឱ្យកក្រើកទីក្រុងតូក្យូក្នុងពេលតែមួយ។

រដ្ឋាភិបាលបានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា ប្រទេសខ្លួនបានរងនូវការបាក់ដីចំនួន៤៨ នៅក្នុងខេត្តចំនួន១២ផ្សេងៗគ្នា។

ព្យុះនេះបានធ្វើឱ្យមានភ្លៀងធ្លាក់គួរអោយកត់សំគាល់ កន្លែងវិស្សមកាលដ៏ពេញនិយម Hakone ដែលមានទឹកភ្លៀងជិត១,០០០ មីលីម៉ែត្រក្នុងរយៈពេលមួយថ្ងៃ។

ការប្រកួតបាល់ឱបពិភពលោក និងការប្រណាំងFormula 1របស់ជប៉ុនត្រូវបានលុបចោលកាលពីចុងសប្តាហ៍នេះ៕

ឯកអគ្គរដ្ឋទូតជប៉ុនសន្យាជំរុញវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែប្រសើរឡើង

ដោយ វុត្ថា

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតជប៉ុនថ្មីប្រចាំកម្ពុជាបានថ្លែងថា អ្នកវិយោគទុនជប៉ុនជាច្រើន មានបំណងមកបណ្តាក់ទុកនៅកម្ពុជា ហើយក្នុងបេសកកម្មការទូតនៅកម្ពុជារបស់ឯកអគ្គរាជទូតជប៉ុនថ្មីបានសន្យាថា នឹងខិតខំជំរុញវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែកើនឡើង។

លោក មិកាមិ  ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនបានថ្លែងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។ លោកបានសន្យាថា នឹងខិតខំជំរុញទំនាក់ទំនាក់រដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំថែមទៀតផងដែរ។

លោកទូតបានបន្តថា “ជាមួយការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស កម្ពុជាអាចមានបញ្ហាខ្លះៗ ក្នុងវិស័យបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។ ជប៉ុននឹងត្រៀមជួយកម្ពុជាក្នុងបញ្ហានេះ ហើយថា បើកម្ពុជាចង់ឱ្យជប៉ុនជួយ សូមទាក់ទងស្ថានទូតជប៉ុននៅភ្នំពេញ”។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានឱ្យដឹងដែរថា ជោគ​ជ័យទាំងឡាយដែលកម្ពុជា និងជប៉ុន សម្រេចបានមកនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងរបស់ឯកអគ្គរាជទូតជប៉ុនគ្រប់រូប ដែលបានអនុវត្តន៍ការងារយ៉ាងសកម្ម និងហ្មត់ចត់ជាមួយកម្ពុជា។ សម្តេចរំពឹងថា លោក មិកាមិ  ម៉ាសាហ៊ីរ៉ូ  នឹងបន្តបេសកកម្មដ៏ល្អនេះទៀត ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រទេសទំាងពីរ។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុននៅឆ្នាំ២០១៨ មានទំហំទឹកប្រាក់ជាង ១,៥៨៨ លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញពីកម្ពុជាទៅជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ១,០៧៩ លានដុល្លារអាមេរិក និងការនាំចូលពីជប៉ុនមកកម្ពុជា មានទឹកប្រាក់ប្រមាណ ៥០៩ លានដុល្លារអាមេរិក។

សម្រាប់ការវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ មានចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។ ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ផ្ដោតសំខាន់លើការផលិតគ្រឿងបង្គំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប៕

រដ្ឋបាលរាជធានីភ្នំពេញកំពុងប្រែក្លាយតំបន់គល់ស្ពានជ្រោយចង្វារជាឧទ្យានបៃតង

ដោយ វុត្ថា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងប្រែក្លាយតំបន់គល់ស្ពានជ្រោយចង្វារទៅជាឧទ្យានបៃតង តាមរយៈការដាំដើមឈើជាច្រើនរយដើម និងផ្ដល់ជាម្លប់សម្រាប់អ្នកធ្វើដំណើរទាំងអស់។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ នេះបានឱ្យដឹងថា លោកបានដឹកនាំដាំដើមឈើបន្ថែមនៅគល់ស្ពានជ្រោយចង្វារទាំងសងខាង មានដើមធ្នង់ ដើមគគីរ និងដើមគ្រញូង សរុបចំនួន ៣០២ ដើម ដើម្បីធ្វើឱ្យតំបន់គល់ស្ពានជ្រោយចង្វារក្លាយជាឧទ្យានបៃតង និងផ្ដល់ជាម្លប់សម្រាប់អ្នកធ្វើដំណើរទាំងអស់។ លោកបន្តថា “សូមបងប្អូនប្រជាពលរដ្ឋ ស្រលាញ់ដើមឈើ ដូចស្រលាញ់កូនចៅ! ស្រលាញ់កូនចៅ ដូចស្រលាញ់ដើមឈើ”។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា សួនច្បារនៅខាងលិចស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ នឹងក្លាយជាសួនឧទ្យាន មួយដែលពោរពេញទៅដោយដើមឈើប្រណិតៗរាប់រយដើម អមសងខាក្បាលស្ពាន ដោយនៅពេលដ៏ខ្លីខាងមុខនេះ។

លោកបន្ថែមថា អ្វីដែលជាការណែនាំរបស់លោក ឃួង ស្រេង ខណៈចុះពិនិត្យមើលការដាំដើមនេះ គឺលោកអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំដើមឈើប្រណិតៗនៅលើសួននេះ ឱ្យយបានច្រើនក្លាយជាសួនឧទ្យានមួយនៅក្នុងក្រុងភ្នំពេញ ហើយដើមឈើដែលត្រូវដាំ មានប្រភេទឈើធ្នង់ គគី គ្រញូង។

បើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងដាំដើមឈើ ដើម្បីឱ្យរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌បៃតង និងមានបរិស្ថានស្រស់ល្អស្អាត ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិឱ្យចូលមកទស្សនានៅរាជធានីភ្នំពេញកាន់តែច្រើនឡើងថែមទៀត ស្រូបយកអ្នកទេសចរកាន់តែច្រើនឡើងថែមទៀត៕

អាស៊ាន និងអាស៊ីឈានទៅរកភាពជោគជ័យការបង្កើតប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក

ដោយ Donald Lee

បាងកកៈ មន្រ្តីពាណិជ្ជកម្មមកពីអាស៊ាន និងប្រទេសសេដ្ឋកិច្ចអាស៊ី និងប៉ាស៊ីហ្វិកធំបំផុត កំពុងបង្កើតប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក ដែលនឹងមានប្រជាជនចំនួន ៣,៥ ពាន់លាននាក់ បន្ទាប់ពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងបាងកកកាលពីចុងសប្តាហ៍កន្លងមកនេះ។

ប្រទេសដែលពាក់ព័ន្ធនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចរចា និងឯកភាពភាគច្រើននៃជំពូកចំនួន ២០ ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ។ ជំពូកពាក់ព័ន្ធនឹងការប្រកួតប្រជែង និងវិធីដោះស្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានរួចហើយជាមួយរដ្ឋជាសមាជិកមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។

រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលោក Isshu Sugawara បាននិយាយនៅក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំ RCEP កាលពីចុងសប្តាហ៍ថា “ចុងបញ្ចប់យើងនៅសល់តែមួយជំហ៊ានទៀតទេ”។

អ្នកតំណាងបានសម្តែងក្តីសង្ឃឹមថា ការចរចារ RCEP នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះនៅឯកិច្ចប្រជុំកំពូលបន្ទាប់ ដែលគ្រោងធ្វើនៅថ្ងៃទី ៤ ខែ វិច្ឆិកា ហើយនឹងត្រូវអនុវត្តនៅឆ្នាំ ២០២០។

ការចរចារ RCEP បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៣ ហើយរួមមានរដ្ឋសមាជិកអាស៊ានទាំងអស់ និងប្រទេសអាស៊ីប៉ាស៊ីហ្វិកដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា និងណូវែលហ្សេឡង់៕