ក្រសួង​ដែនដី​ផ្តល់​វិញ្ញាបនបត្រ​ដល់​អាជីវកម្ម​សំណង់​បាន​ចំនួន៣៦៦ក្រុមហ៊ុន​ក្នុងរយៈពេល៩ខែ​នៃ​ឆ្នាំនេះ​

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ចេញ​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់​ និង​សាងសង់​បាន​ចំនួន​សរុប៣៦៦ក្រុមហ៊ុន​ ក្នុងរយៈពេល​ ៩ ខែ​នៃ​ឆ្នាំ​ ២០១៩នេះ​ ​កើនឡើង១២០​ ក្រុមហ៊ុន​ស្មើនឹង​នឹង​កំនើន៤៨​,៧៨​%ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ដដែល​ ដែល​គេហទំព័រ​ propertyarea.asia​ ទទួល​កាលពី​កន្លង​មក​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនោះ​ ក្រសួង​បាន​ចុះបញ្ជី​ក្រុមហ៊ុន​ក្នុង​ស្រុក​មាន​ចំនួន១៩១ក្រុមហ៊ុន​ ដែល​មាន​ក្រុមហ៊ុន​សាងសង់​ចំនួន​ ១៨១​ ក្រុមហ៊ុន​ និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ចំនួន១០ក្រុមហ៊ុន​។

របាយការណ៍​ដដែល​បញ្ជាក់​ទៀត​ថា​ ដោយឡែក​ក្រសួង​ ក៏បាន​ចុះបញ្ជី​ក្រុមហ៊ុន​បរទេស​ចំនួន១៧៥ក្រុមហ៊ុន​ ដែល​មាន​ក្រុមហ៊ុន​សាងសង់​ចំនួន១៦៧ក្រុមហ៊ុន​ និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ចំនួន៨ក្រុមហ៊ុន​។

បើ​គិត​ចាប់តាំងពី​ឆ្នាំ​ ២០០០​ ដល់​ខែកញ្ញា​ ឆ្នាំ​ ២០១៩​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បាន​ចុះបញ្ជី​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់​ និង​សាងសង់​បាន​ចំនួន២៥១៧​ ក្រុមហ៊ុន​ ប៉ុន្តែ​ក្រុមហ៊ុន​ដែល​នៅ​មាន​សុពលភាព​បច្ចុប្បន្ន​ មានតែ​ចំនួន១០២៧​ ក្រុមហ៊ុន​បុ​ណ្ណោះ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​រៀបចំ​ដែនដី​ ចុះ​កាលពី​ថ្ងៃទី​ ៤ខែកក្កដា​ ឆ្នាំ​ ២០១៩កាលពី​កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់​ និង​ក្រុម​ជាងសំណង់​ ដែល​ទទួល​វិញ្ញាបនបត្រ​ត្រូវ​បំពេញ​កាតព្វកិច្ច​ និង​លក្ខ​ខណ្ឌ​ចម្បង​ៗដូចជា​ ត្រូវ​មាន​ការិយាល័យ​ការងារ​ ឃ្លាំង​ផ្ទុក​សម្ភារៈ​ ជម្រក​កម្មករ​ គ្រឿងចក្រ​ សកម្មភាព​សាងសង់​ ត្រូវ​រៀបចំ​ និង​ប្រព្រឹត្តិ​ទៅ​ក្នុង​របង​ហ៊ុម​ព័ន្ធ​នៃ​ការដ្ឋាន​ ឬការដ្ឋាន​រណប​ ឬទីកន្លែង​ដែល​ធានា​បាន​សណ្តាប់​ធ្នាប់​ និង​សន្តិសុខ​សាធារណៈ​ ដោយ​មិន​ត្រូវឲ្យ​ស្នាក់នៅ​ក្នុង​អាគារ​ដែល​កំពុង​សាងសង់​ឡើយ​។

កម្ពុជា​បាន​ទាក់ទាញ​ទុន​វិនិយោគ​ ក្នុង​វិស័យ​សំណង់​ក្នុងរយៈពេល៩ខែ​ឆ្នាំ២០១៩នេះ​ មាន​ចំនួន​ជាង៦៤៩៤​ លាន​ដុល្លារ​អាមេរិក​ កើនឡើង​ប្រមាណ៣៤​,៧៣​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

លោក​ង៉ែត​ ជូ​ បង្ហាញ​ពី​របៀប​បែបផែន​រកលុយ​តាមសម័យ​កាល​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ លុយ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​ស្ដេច​នៃ​ការ​ទំនាក់ទំនង​ ដែល​អាច​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​លំបាក​នានា​ផង​ដែរ​។

ដូច្នេះហើយ​ ទើប​មនុស្ស​គ្រប់គ្នា​តែង​ប្រាថ្នា​ និង​មាន​តម្រូវការ​លុយ​ខ្ពស់​បំផុត​ ជាមួយនឹង​ការ​រិះរក​មធ្យោបាយ​ជាច្រើន​ ដើម្បី​អាច​ទទួល​បាន​លុយ​កាន់តែ​ច្រើន​ យក​មក​ប្រើប្រាស់​នៅក្នុង​ដៃ​។

របៀប​ និង​វិធីសាស្ត្រ​ក្នុង​ការ​កលុយ​ ត្រូវ​បាន​មនុស្ស​ធ្វើឡើង​ក្នុង​លក្ខ​ខណ្ឌ​ផ្សេង​ៗពីគ្នា​ និង​គ្រប់រូប​ភាព​ទាំងអស់​ រហូត​មាន​អ្នកខ្លះ​ស្វែងរក​លុយ​ក្រៅ​ក្រមសីលធម៌​ ក្រោម​សកម្មភាព​ប្រាសចាក​ពី​គន្លង​នៃ​ផ្លូវច្បាប់​ក៏​មាន​។ តើ​គួរ​ធ្វើ​យ៉ាងណា​ ទើប​អាច​រកលុយ​បាន​ច្រើន​ ហើយ​ទទួល​បាន​នូវ​ការ​សាទរ​ពី​មនុស្ស​ និង​សង្គម​ជុំវិញ​ខ្លួន​បាន​?។

អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ លោក​ង៉ែត​ ជូ​ បាន​រៀបរាប់​តាមរយៈ​សំណេរ​នៅ​លើប​ ណ្តាញ​ទំនាក់ទំនង​សង្គម​គណនី​ផ្ទាល់ខ្លួន​យ៉ាង​ខ្លី​ថា​ គ្រប់រូប​ភាព​រកលុយ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​គេ​និយម​ ធ្វើឡើង​ទៅតាម​សម័យកាល​ និង​វិធី​សា​ស្ត្រផ្សេង​ៗគ្នា​។

​លោក​បាន​បញ្ជាក់​ថា​ “បន្ទាប់ពី​សម័យ​ខ្មែរក្រហម​ដួល​រលំ​ កម្ពុជា​បាន​ឆ្លងកាត់​សម័យកាល៤ដូចជា​ ទី១​ សម័យកាល​ទី១​៖ សម័យ​រដ្ឋកម្ពុជា​ ត្រូវ​ខំរៀន​ក្រែង​បាន​ធ្វើធំ​ និង​មានការ​ងារ​កន្លែងខ្លាញ់​។ ទីស​ម័យ​កាល​ទី២​ សម័យ​អ៊ុន​តាក់​ ត្រូវ​ខំរៀន​ភាសាអង់គ្លេស​ ក្រែង​បាន​ធ្វើជា​អ្នកបកប្រែ​ទើប​អាច​ទទួល​បាន​ប្រាក់ខែ​ច្រើន​។

សម័យកាល​ទី៣​ ក្រោយ​សម័យ​អ៊ុន​តាក់​ ត្រូវ​ខំរៀន​ក្រែង​បានការ​ងារ​ល្អ​នៅ​តាម​អង្គការ​ ធនាគារ​ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។

សម័យកាល​ទី៤​ ចាប់ពី​ពេលនេះ​តទៅ​ ត្រូវ​ខំរៀន​ និង​ពង្រឹង​សមត្ថភាព​ ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នកជំនួញ​ ឬអ្នក​វិនិយោគ​ទើប​មានឱកាស​ទទួល​បាន​ ភាព​ជោគជ័យ​ផ្នែក​ហិរញ្វត្ថុ​។

សម័យកាល​ទី១​ ទី២​ និង​ទី៣​ ជាស​ម័យ​កាល​ធ្វើការ​ដើម្បី​លុយ​ រី​ឯស​ម័យ​កាល​ទី៤​ គឺជា​សម័យកាល​ដែល​ត្រូវតែ​ចេះ​ប្រើ​លុយ​ ដើម្បី​បង្កើត​លុយ​។ ដូច្នេះ​មនុស្ស​ត្រូវតែ​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​ មានចំណេះ​ដឹង​អំពី​លុយ​ខ្ពស់​ជាង​មុន​ និង​មាន​វិន័យ​ក្នុង​ការ​ចាយ​លុយ​ផង​ដែរ​៕

ចំណេះដឹង​! តើ​វិនិយោគិន​អាច​ផ្ទេរ​ ឬលក់​គម្រោង​វិនិយោគ​របស់​ខ្លួន​បាន​យ៉ាងដូច​ម្តេច​?

អគារ CDC។ រូបថត៖ សហការី

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ដោយ​យោង​តាមច្បាប់​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រង់​មាត្រា​មួយ​បាន​ចែងថា​ មានការ​ហាមឃាត់​ដោយប្រយោល​ លើ​គម្រោង​វិនិយោគ​ ព្រោះ​ច្បាប់​បាន​ហាមឃាត់​ក្នុង​ការ​លក់​ ឬ ផ្ទេរ​វិនិយោគ​ឡើយ​។

ប៉ុន្តែ​មាត្រា​នេះ​ត្រូវ​បាន​លុបចោល​ដោយ​ច្បាប់​ស្តី​ពី​ វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​ ដែល​ជំនួស​ដោយ​ច្បាប់​វិសោធនកម្ម​ឆ្នាំ២០០៣​ បាន​អនុញ្ញាត​ឲ្យ​មានការ​ផ្ទេរ​ និង​ទិញ​ លក់​ ឬរំលាយ​ចូលគ្នា​កាលណា​គម្រោង​វិនិយោគ​នោះ​ មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​។

អ្នកទិញ​ជា​បុគ្គល​មិនបាន​ចុះបញ្ជី​

អ្នកសុំ​ទិញ​ត្រូវ​ដាក់ពាក្យ​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC​) ឬអនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី​ ខេត្ត​ តាម​នីតិវិធី​ចុះបញ្ជី​ និង​ផ្ទេរ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ​ នៃ​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ មក​នីតិបុគ្គល​ថ្មី​ក្នុងរយៈពេល១០ថ្ងៃមុន​ធ្វើការ​ផ្ទេរ​ ។

​(CDC​)ឬអនុ​គណៈកម្មាធិការ​រាជធានី​ ខេត្ត​ ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ព្រម​ ឬមិន​ព្រម​ និង​ត្រូវ​ជូនដំណឹង​ទៅ​នីតិបុគ្គល​ជា​អ្នកទិញ​ ក្នុងរយៈពេល១០ថ្ងៃ​ បន្ទាប់ពី​ទទួលពាក្យ​ស្នើសុំ​ ។

អ្នកទិញ​ជា​បុគ្គល​បាន​ចុះបញ្ជី​ត្រូវ​អនុវត្តន៍​ដូច​នីតិវិធី​ អ្នកទិញ​ជា​បុគ្គល​មិនបាន​ចុះបញ្ជី​ដែរ​ ។

​ការ​រំលាយ​បញ្ចូល​គ្នា​

ប្រ​សិន​បើ​មានការ​ព្រមព្រៀង​គ្នា​រវាង​អ្នក​វិនិយោគ​ពីរ​ ឬច្រើន​ បាន​យល់ព្រម​ដាក់បញ្ចូល​គ្នា​ នូវ​ទុន​ឬគំរោង​វិនិយោគ​របស់​ខ្លួន​តាម​ការព្រមព្រៀង​ បង្កើត​ទៅជា​នីតិបុគ្គល​ថ្មី​ដែល​បាន​ទទួលការ​លើកទឹកចិត្ត​ និង​ការ​ការពារ​ ត្រូវ​អនុវត្ត​នូវ​វិធានការ​ដូច​ខាងក្រោម​៖ ដាក់ពាក្យ​ទៅ​ (CDC​)ឬអនុ​គណៈកម្មាធិការ​រាជធានី​ ខេត្ត​ តាម​នីតិវិធី​សុំ​ចុះបញ្ជី​វិនិយោគ​ ​; និង​ធ្វើការ​ផ្ទ​រវិ​ញ្ញា​បន​បត្រ​ស្ថាពរ​ នៃ​គម្រោង​វិនិយោគ​មាន​លក្ខណៈ​គ្រប់គ្រាន់​ មក​ឲ្យ​នីតិបុគ្គល​ថ្មី​ ក្នុងរយៈពេល១០ថ្ងៃ​ មុន​ធ្វើការ​រំលាយ​បញ្ចូល​គ្នា​។

(CDC​) ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ថា​តើ​ព្រម​ ឬមិន​ព្រម​នៃ​ការចុះបញ្ជី​ និង​ការផ្ទេរ​វិញ្ញាបនបត្រ​ស្ថាពរ​ និង​ជូនដំណឹង​ទៅ​អ្នកទិញ​ ក្នុងរយៈពេល១០ថ្ងៃ​ បន្ទាប់ពី​ទទួលពាក្យ​ស្នើសុំ​៕

លោក ឯម ច័ន្ទមករា ៖ ទីក្រុងស្អាតជាកាតព្វកិច្ចរបស់រដ្ឋ ឯកជន ឬប្រជាពលរដ្ឋ?

ភ្នំពេញៈ បញ្ហាសំរាម និងការធ្វើឲ្យទីក្រុងស្អាត បានក្លាយជាចំណាប់អារម្មណ៍ថ្មីមួយ​ក្នុងសង្គមកម្ពុជា ហើយបញ្ហានេះត្រូវបានលើកជាបន្តបន្ទាប់ ក្នុងបណ្តាញទំនាក់ទំនងសង្គម។

ជា​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​សង្គមកិច្ច​ និងអតីតយុទ្ធជន​ លោក​ ឯម​ ច័ន្ទ​មករា​ អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​ បាន​ចំណាយពេល​វេលា​ប្រមាណ​ជាង៣ម៉ោង​ ក្នុង​ចម្ងាយផ្លូវ​ប្រមាណ​ជិត២០គីឡូម៉ែត្រ​ បន្ទាប់ពី​ចប់​ការចូលរួម​កិច្ចប្រជុំ​ មុន​ពេល​ឡើង​យន្តហោះ​ត្រឡប់​មក​មាតុប្រទេស​វិញ​។

លោកបានសរសេរថា “ខ្ញុំបានផ្តិតយករូបភាពមួយចំនួន ដើម្បីជាបច័្ចយគំនិតជូនប្រជាពលរដ្ឋខ្មែរយើងប្រសិនបើស្រលាញ់បរិស្ថាន ល្អស្អាត ផាសុកភាព ស៊ីវីល័យ អនាម័យ មនោរម្យ និងមានការបង្កលក្ខណៈងាយស្រួលដូចក្នុងរូបថតនៃទីក្រុងប៉េងកាំង សាធារណៈរដ្ឋប្រជាមានិតចិន”។

លោកថា “ពិតណាស់ថាការរៀបចំទីក្រុង ខេត្ត ឬជនបទសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដូចប្រទេសកម្ពុជារបស់យើង គឺមិនមានភាពងាយស្រួល ដូចការនិយាយនិងការចង់បាននោះទេ ព្រោះនិយាយងាយស្រួលជាងធ្វើ! សន្តិភាពគឺជាកត្តាសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ និងរីកចម្រើនផ្នែកសេដ្ឋកិច្ច ព្រមទាំងការធ្វើវិនិយោគទុនផងដែរ”។

លោកបានធ្វើដំណើរដោយថ្មើរជើងបណ្តើរ គិតស្រមោលស្រមៃបណ្តើរ អស់រយៈពេលជាង៣ម៉ោង ព្រោះចង់ឃើញប្រទេសកម្ពុជារបស់យើងមានភាពស្រស់បំព្រងបែបនេះ។

លោកបានថ្លែងថា “និយាយបែបនេះ មិនមែនបង្អាប់ប្រទេសជាតិដើមកំណើតខ្លួនឯង ហើយប្រៀបធៀបការរីកចម្រើនរបស់ប្រទេសដទៃនោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងនិងជូនឧទាហរណ៍ក្រែងបងៗឬថ្នាក់ដឹកនាំពាក់ព័ន្ធ វិស័យឯកជន ពិសេសប្រជាពលរដ្ឋខ្មែរយើងទូទាំងនគរ អាចចូលរួមស្ថាបនានិងអភិវឌ្ឍប្រទេសជាតិយើង ឱ្យជឿនលឿនដូចគេនេះ”។

លោកថា “ការគោរពច្បាប់ និងទំលាប់គិតពីអនាម័យ គឺជាកត្តាចំបងដែលប្រជាពលរដ្ឋខ្មែរយើងគួរនាំគ្នាពិចារណា! សម្រាប់ខ្ញុំ ខ្ញុំជឿថាប្រជាពលរដ្ឋខ្មែរគ្រប់រូបពិតជាចង់ឱ្យប្រទេសកម្ពុជារបស់យើងមានសោភ័ណភាពដូចក្នុងរូបទាំងនេះអញ្ចឹង តើមែនឬទេ?”។

ជាការកត់សម្គាល់របស់លោកនៃការធ្វើដំណើរដោយថ្មើជើង លោកសង្កេតឃើញការរៀបចំទីក្រុងរបស់គេមានដូចខាងក្រោមនេះ
-ការៀបចំផ្លូវសម្រាប់ធ្វើចរាចរណ៍បានល្អ
-មានចំណតសម្រាប់គ្រប់យាន្តជំនិះ
-ការខាន់ចែកផ្លូវសម្រាប់យានយន្ត ទោចក្រយាន្ត​យន្ត ផ្លូវសម្រាប់អ្នកថ្មើរជើង
-ទុកចំណីថ្លូវឬចិញ្ចើមផ្លូវបានធំៗល្អ
-ហាងដែលធ្វើអាជីវកម្មលើដងវិថី មានទុកគំលាតឬចិញ្ចើមផ្លូវធំៗ មានជម្រាល មានកន្លែងចតយានជំនិះ
-ការគោរពច្បាប់ចរាចរណ៍បានល្អ
-មានផ្លូវពិសេសសម្រាប់រថយន្តក្រុងឬសាធារណៈ
-មានជម្រាលសម្រាប់មនុស្សចាស់ ជនមានពិការភាព ស្ត្រីពោះធំ កុមារដើរឡើងឆ្លងផ្លូវកាត់ថ្ន់ល់ធំៗ
-សោភ័ណភាពលូបង្ហូរទឹកស្អុយ
-ការដាក់តាំងលម្អនិងរចនាសួនច្បារ សួនផ្កាតាមដងវិថីសាធារណៈ។

-លំនៅដ្ឋានប្រជាពលរដ្ឋភាគច្រើនគឺសម្រាប់តែរស់នៅ មិនសម្រាប់ធ្វើអាជីវកម្ម
-មានចែកតំបន់អាជីវកម្ម លំនៅដ្ឋាន អគាខ្ពស់ៗ ផ្សារទំនើប កន្លែងធ្វើការ។ល។ -ការរៀបចំបានល្អនូវប្រព័ន្ធខ្សែអគ្គីសនី ទូរស័ព្ទ អ៊ីនធ័រណែត ខ្សែកាបទូរទស្សន៍។ល។ល។

ជារួម ការប្រែក្លាយក្តីស្រមៃខាងលើនេះ លោក គិតថា មិនតែជាការចង់បានរបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរ សំនួរសួរ ម្តងទៀត តើមែនឬមិនមែន?។

មានកត្តាជាច្រើនណាស់ ទំរាំងយើងអាចសម្រេចបាននូវការស្រមោលស្រមៃបែបនេះ នោះរួមមាន៖-កត្តាសន្តិភាព -កត្តាសេដ្ឋកិច្ច -កត្តាស្នេហាជាតិ -កត្តាឆន្ទៈអភិវឌ្ឍ -កត្តាសាមគ្គីភាព -កត្តាស្រលាញ់បរិស្ថាននិងអនាម័យ -កត្តាវិនិយោគទន់ -កត្តាលះបង់ -និងមានកត្តាជាច្រើនទៀត។ល។ល។ល។

សរុបជារួម សង្ឃឹមថាប្រជាពលរដ្ឋខ្មែរគ្រប់រូបគឺអាចធ្វើបាន!៕

ADB ដាក់ចេញសៀវភៅនៃការវិវត្តិន៍អាស៊ាននៅកម្ពុជា

ដោយ ៖ ប៊ី
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅប្រទេសកម្ពុជាកាលពីថ្ងៃចន្ទ បានដាក់ចេញនូវការបោះពុម្ពផ្សាយសៀវភៅមួយដែលមានចំណងជើងថា “ការវិវត្តអាស៊ាន ចក្ខុវិស័យ និងភាពជាក់ស្តែង” ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ADB។
ការចេញផ្សាយសៀវភៅនេះត្រូវបានចូលរួមដោយមន្ត្រីរដ្ឋាភិបាល និងអ្នកដើរតួនាទីសំខាន់មកពីវិស័យឯកជនដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំពោះចក្ខុវិស័យនៃសមាហរណកម្មសេដ្ឋកិច្ច។
ក្រុមវាគ្មិនដែលបានពិភាក្សាលើប្រធានបទនៅក្នុងព្រឹត្តិការណ៍នេះបានពិចារណាអំពីផលប៉ះពាល់នៃការវិវត្តក្នុងតំបន់ និងពិភពលោក រួមទាំងភាពតានតឹងផ្នែកពាណិជ្ជកម្ម និងវឌ្ឍនភាពនៅក្នុងក្រុមតំបន់ផ្សេងទៀតដែលរួមមានភាពជាដៃគូសេដ្ឋកិច្ចជ្រុងជ្រោយក្នុងតំបន់លើសហគមន៍ក្នុងតំបន់ និងតម្រូវការរបស់វិស័យឯកជន។
លោកស្រី Sunniya Durrani-Jamal ប្រធាន ADB ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ទោះបីមានការទទួលស្គាល់នូវកង្វះខាតក្នុងការអនុវត្តនៅក្នុងតំបន់មួយចំនួនក៏ដោយ អាស៊ានបានចាប់ផ្តើមបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ជាផ្លូវការនៅក្នុងខែធ្នូឆ្នាំ ២០១៥”។
លោកស្រី មានប្រសាសន៍ថា “ជាមួយសុន្ទរកថាឥឡូវនេះបានផ្លាស់ប្តូរទៅរកចក្ខុវិស័យ និងទិសដៅសម្រាប់អាស៊ាន ២០២៥ វាជាពេលវេលាដើម្បីឆ្លុះបញ្ចាំងពីអតីតកាល និងផែនការសម្រាប់អនាគតនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន”។
លោក Jayant Menon សេដ្ឋវិទូនាំមុខរបស់ធនាគារអភិវឌ្ឍន៍អាស៊ីទាក់ទងនឹងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាអ្នកកែសម្រួលការបោះពុម្ពផ្សាយ បាននិយាយថា អាស៊ានកំពុងស្ថិតនៅលើផ្លូវបំបែកមួយ។
លោកបានមានប្រសាសន៍ថា “ទោះបីជាសហគមន៍សេដ្ឋកិច្ចអាស៊ានទទួលបានជោគជ័យគួរឱ្យកត់សម្គាល់មួយចំនួនក៏ដោយ ចក្ខុវិស័យនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចមិនទាន់ត្រូវបានទទួលស្គាល់ពេញលេញនៅឡើយទេ”។
លោកបានបន្ថែមថា “សៀវភៅ (១៨១ ទំព័រ) ពិនិត្យមើលការវិវត្តន៍នៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដោយប្រៀបធៀបទស្សនវិស័យរបស់អ្នកគិតគូដើមរបស់ខ្លួន និងភាពពិតជាបន្តបន្ទាប់។ វាក៏ពិនិត្យលើបញ្ហាប្រឈមដែលបានកើតឡើងក្នុងទសវត្សកន្លងមក និងផ្តល់នូវអនុសាសន៍ស្តីពីវិធីដើម្បីជម្នះបញ្ហាទាំងនោះ”។
បណ្តាប្រទេសអាស៊ានរួមមានព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម៕

សឹង្ហបូរីជៀសផុតពីវិបត្តិសេដ្ឋកិច្ច បន្ទាប់សេដ្ឋកិច្ចធ្លាក់ចុះ ២ ត្រីមាសជាប់គ្នា

ដោយ Donald Lee
សឹង្ហបូរី ៖ សេដ្ឋកិច្ចសឹង្ហបូរីបានរួចផុតពីវិបត្តិសេដ្ឋកិច្ចដោយមានកំនើនសេដ្ឋកិច្ចកើនឡើង ០,៦ ភាគរយនៅក្នុងត្រីមាសចុងក្រោយ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មសឹង្ហបូរីដែលបានចេញផ្សាយនៅថ្ងៃ ចន្ទនេះ។
ការកើនឡើងបន្តិចបន្តួចបានកើតឡើង ខណៈក្រុមអ្នកវិភាគប្រាកដថា សឹង្ហបូរីនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ពោលគឺ ២ ត្រីមាសជាប់គ្នានៃការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប បន្ទាប់ពីសេដ្ឋកិច្ចបានធ្លាក់ចុះមកត្រឹម ២,៧ ភាគរយនៅត្រីមាសទី ២ ដោយសារជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន។ នៅក្នុងការប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំផលិតផលក្នុងស្រុកសរុបរបស់សឹង្ហបូរីបានកើនឡើងត្រឹមតែ ០.១ ភាគរយប៉ុណ្ណោះ។
ក្រុមអ្នកវិភាគមានការងឿងឆ្ងល់ថា តើប្រទេសសឹង្ហបូរីអាចបន្តជៀសវាងការដើរថយក្រោយនៃសេដ្ឋកិច្ច ដោយសារសេដ្ឋកិច្ចរបស់ប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្ម និងវដ្តសេដ្ឋកិច្ចពិភពលោក។
ទោះបីជាលទ្ធផលនៃកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានចាត់ថ្នាក់ប្រទេសសឹង្ហបូរីថាជាប្រទេសមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងបំផុតនៅលើពិភពលោក។
សន្ទស្សន៍ប្រកួតប្រជែងត្រូវបានបង្កើតឡើងដើម្បីពិចារណាពីកត្តាជំរុញនៃកំណើនសេដ្ឋកិច្ច និងថាតើកម្លាំងពលកម្ម និងមូលធនវិនិយោគមានប្រសិទ្ធិភាពយ៉ាងដូចម្តេចដើម្បីរួមបញ្ចូលគ្នាក្នុងការបង្កើតលទ្ធផល។
របាយការណ៍របស់ WEF បានបញ្ចប់ថា “ប្រទេសនេះស្ថិតក្នុងលំដាប់ទី ១ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ សុខភាព មុខងារទីផ្សារការងារ និងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ”៕

ក្រុមហ៊ុនជប៉ុនគ្រោងវិនិយោគលើការផលិតអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតនៅកម្ពុជា

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ក្រុមហ៊ុន MinebeaMitsumi របស់ប្រទេសជប៉ុន បានបង្ហាញពីគោលបំណងរបស់ខ្លួនវិនិយោគលើការផលិតអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត (Smart LED) នៅកម្ពុជា ដើម្បីចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។

លោក YOSHIHISA KAINUMA នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Minebea Mitsumi នៅក្នុងជំនួបជាមួយលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ១៤ ម្សិលមិញនេះអំពីវិសាលភាពនៃប្រតិបត្តិ ការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនទាក់ទងនឹងការវិនិយោគលើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត (Smart LED) និងមានបំណងចង់វិនិយោគលើវិស័យនេះនៅក្នុងប្រទេសកម្ពុជា។
លោកបានសម្តែងនូវសុឆន្ទៈក្នុងការសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។
លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានស្វាគមន៍ចំពោះក្រុមហ៊ុនជប៉ុន ដែលមានបំណងចង់វិនិយោគលើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត និងបានសម្តែងការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីស្វាគមន៍ និងជួយសម្រួលដល់ក្រុមហ៊ុនដែលមានបំណងមកវិនិយោគនៅកម្ពុជាផងដែរ។
ក្រុមហ៊ុន MinebeaMitsumi បាននិងកំពុងផលិតផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ ផ្តល់គុណប្រយោជន៍ដល់បរិស្ថាន ដែលក្នុងនោះ ក្រុមហ៊ុនក៏បាននិងកំពុងត្រៀមដំឡើងអំពូល LED ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលជាខេត្ត ត្រូវបានជ្រើសរើសជាបណ្តាញទីក្រុងឆ្លាតវៃក្នុងតំបន់អាស៊ាន ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន។
គម្រោងទីក្រុងឆ្លាតវៃនេះ គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយល់ព្រមជាគោលការណ៍ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបង្កើតបណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន-ជប៉ុន កាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុននេះក៏នឹងដំឡើងអំពូល LED ដែលជាប្រភេទអំពូលសន្សំសំចៃចរន្តអគ្គិសនី ចំនួន ៧ ៣៥៩ បង្គោលដែលបម្រើឲ្យទម្រង់នៃទីក្រុងឆ្លាតវៃនឹងត្រូវដាក់ប្រតិបត្តិការនៅឆ្នាំនេះ ដែលក្នុងនោះ ក្រុមហ៊ុនបានដំឡើងអំពូលបានចំនួន ១ ១៨៧ បង្គោលនៅតាមមហាវិថីចំនួន ៣ នៅរាជធានីភ្នំពេញ។ ចំណែកនៅឯខេត្តសៀមរាប ក្រុមហ៊ុននឹងដំឡើងបន្ថែមចំនួន ៥០០ ទៀត ហើយគម្រោងនេះ ក៏នឹងអាចបន្តអនុវត្តនៅខេត្តព្រះសីហនុផងដែរ៕

អាមេរិកព្រមានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មជាថ្មី ប្រសិនបើការចរចាមិនទទួលបានជោគជ័យ

ដោយ Donald Lee
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Steven Mnuchin បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងដំឡើងពន្ធលើទំនិញចិននៅក្នុងខែធ្នូ ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មមិនត្រូវបានបញ្ចប់នៅខែធ្នូ។
លោក Mnuchin គឺជាអ្នកចរចាដ៏សំខាន់ម្នាក់របស់អាមេរិកក្នុងអំឡុងកិច្ចពិភាក្សាពាណិជ្ជកម្មកាលពីសប្តាហ៍មុនជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក Liu He ដែលបានប្រារព្ធធ្វើនៅទីក្រុងវ៉ាស៊ីនតោន។
លោក Mnuchin បាននិយាយនៅក្នុងបទសម្ភាសន៍នៅលើកញ្ចក់ទូរទស្សន៍អាមេរិកថា “ខ្ញុំមានការរំពឹងទុកទាំងអស់ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយ ពន្ធគយទាំងនោះនឹងត្រូវអនុវត្ត ប៉ុន្តែខ្ញុំរំពឹងថាយើងនឹងមានកិច្ចព្រមព្រៀងមួយ”។
ការដំឡើងពន្ធរបស់អាមេរិកលើទំនិញចិនដែលមានតម្លៃ ២៥០ ពាន់លានដុល្លារ ត្រូវបានដកចេញបន្ទាប់ពីមានការចរចាពាណិជ្ជកម្មកម្រិតខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។
ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសយ៉ាងឆាប់រហ័សថា “កិច្ចព្រមព្រៀងមួយដំណាក់កាលត្រូវបានធ្វើ ហើយជាថ្នូរនឹងការផ្អាកពន្ធបង្កើនការនាំចូលរបស់ចិន ទីក្រុងប៉េកាំងនឹងទិញទំនិញកសិកម្មអាមេរិករហូតដល់ ៥០ ពាន់លានដុល្លារ។
លោក Trump បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “កិច្ចព្រមព្រៀងរបស់ខ្ញុំជាមួយចិនគឺថាពួកគេនឹងចាប់ផ្តើមទិញផលិតផលកសិកម្មរបស់យើងយ៉ាងច្រើន ហើយមិនត្រូវរង់ចាំរហូតដល់កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាក្នុងរយៈពេល ៣ ឬ ៤ សប្តាហ៍ខាងមុខនេះទេ”។
ការដំឡើងពន្ធបន្ទាប់របស់អាមេរិកដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែ ធ្នូ ហើយនឹងដាក់ពន្ធលើការនាំចូលទំនិញចិនដែលមានតម្លៃ ១៦០ ពាន់លានដុល្លារ៕

ប្រធានសមាគម CVEA នឹងបង្ហាញឱកាសវិនិយោគកម្ពុជាទៅដល់វិនិយោគិនអចលនទ្រព្យនៅអាមេរិក

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម នឹងដឹកនាំគណៈប្រតិភូរបស់សមាគមទៅសហរដ្ឋអាមេរិក ដើម្បីបង្ហាញពីសក្តានុពលសម្រាប់វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាទៅកាន់វិនិយោគិនបរទេសមកពី៦០ប្រទេសចាប់ពីថ្ងៃទី ៨ ដែលថ្ងៃទី ១១ខែវិច្ឆិកាខាងមុខនេះ ។

លោក ច្រឹក សុខនីម បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាគឺសមាជិកសមាគមអ្នកវាយតម្លៃអចលនទ្រព្យអាមេរិក ហើយការដឹកនាំគណៈប្រតិភូទៅសហរដ្ឋអាមេរិកនាពេលនេះ គឺក្នុងគោលបំណងទី១ ទៅរៀនសូត្រពីបទពិសោធន៍ដែលអ្នកជំនាញទទួលបាន និងទី២ បង្ហាញឱកាសវិនិយោគរបស់កម្ពុជាទៅកាន់វិនិយោគិនបរទេស និងបង្ហាញពីឱកាសវិនិយោគបរទេសមកកាន់កម្ពុជាផងដែរ។
លោកបន្ថែមថា “សម្រាប់ប្រទេសកម្ពុជាយើងមានពេលប្រមាណ ១៥ នាទី ដើម្បីបង្ហាញពីឱកាសវិនិយោគនៅកម្ពុជាទៅកាន់អ្នកវិយោគបរទេសនៅលើសកលលោកឱ្យមកវិនិយោគអចលនទ្រព្យនៅកម្ពុជា។ ហើយអ្វីដែលសំខាន់នោះ កម្ពុជារបស់យើងបានលើកទង់ជាតិរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ” ។
លោក ច្រឹក សុខនីម នឹងលើកយកពីសក្តានុពលសេដ្ឋកិច្ចខ្ពស់របស់កម្ពុជាក្នុងរង្វង់ ៧,៥ ភាគរយក្នុងរយៈពេល ៥ ឆ្នាំជាប់គ្នាចុងក្រោយនេះ ហើយក៏ជាប្រទេសដែលមានការទាក់វិនិយោគប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីផងដែរ និងនីតិវិធីនៃការវិនិយោគកាន់តែមានភាពងាយស្រួលជាដើម។
លោកថា ពីមុនគេមិនដែលស្គាល់ប្រទេសកម្ពុជានោះទេ គេស្គាល់តែប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ី តែបន្ទាប់ពីមានការសផ្សព្វផ្សាយយ៉ាងទូលំទូលាយ វិនិយោគិនបរទេសបានចាប់អារម្មណ៍ វិនិយោគអចលនទ្រព្យ នៅកម្ពុជាកាន់តែច្រើន ព្រោះការវិយោគវិស័យអលចនទ្រព្យនៅកម្ពុជាមានឱកាសចំណេញច្រើនជាបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ី។
លោកបញ្ជាក់ទៀតថា នៅពេលដែលអ្នកវិនិយោគអាមេរិកចូលមកវិនិយោគច្រើនលើវិស័យអចលនវត្ថុកម្ពុជា នោះ គឺជាការកសាងទំនុកចិត្តក្នុងវិស័យនេះធ្វើឲ្យវិស័យនេះ កាន់តែរឹងមាំថែមទៀត ដែលកម្ពុជាត្រូវធ្វើការងារច្រើនទៀតលើវិស័យអចលនទ្រព្យ ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីសហរដ្ឋអាមេរិក ៕

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​៖ ស្រា​សាំ​ប៉ាញ​គួរ​រក្សាទុក​នៅក្នុង​ទូទឹកកក​សិន​ មុន​ភាព​ជោគជ័យ​មកដល់​

ដោយ​ Donald​ Lee​

ប៉េ​កាំងៈ​ បន្ទាប់ពី​កិច្ចចរចា​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ជុំ​ទី១៣បាន​បញ្ចប់​កាលពី​ថ្ងៃ​ សុក្រ​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​និយាយ​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដំណាក់កាល​ ត្រូវ​បាន​បញ្ចប់​ ដែល​នឹង​បញ្ឈប់​ការដំឡើង​ពន្ធ​លើ​ខែ​ តុលា​លើ​ទំនិញ​ចិន​ ហើយ​ទីក្រុង​ប៉េកាំង​បាន​យល់ព្រម​ទិញ​ កសិផល​របស់​អាមេរិក​រហូតដល់​៥០ពាន់​លាន​ដុល្លារ​។

នៅ​ចុងបញ្ចប់​នៃ​ការចរចា​ នៅ​ទីក្រុង​វ៉ាស៊ីនតោន​លោក​ Trump​ បាន​និយាយ​ថា​ “យើង​ជិតដល់​ទី​បញ្ចប់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​”។

អ្នកវិភាគ​ជាច្រើន​អះអាង​ថា​ “មិន​មាន​អ្វី​ប្រាកដប្រជា​ទេ​ ខណៈ​អាមេរិក​បាន​បង្ហាញ​ដោយ​ការ​ដាក់​បញ្ជីខ្មៅ​ដល់​ក្រុមហ៊ុន​ និង​មន្រ្តី​ចិន​ មុន​ពេល​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​បាន​ចាប់ផ្តើម​កាលពី​សប្តាហ៍​មុន​”។

ជាក់ស្តែង​ ទោះបីជា​ទីក្រុង​ប៉េកាំង​ បាន​រួចផុត​ពី​ការដំឡើង​ពន្ធ៥ភាគរយ​ លើ​ទំនិញ​ដែល​មានតម្លៃ២៥០ពាន់​លាន​ដុល្លារ​ក៏ដោយ​ ការដំឡើង​ពន្ធ​ផ្សេងទៀត​កំពុង​កើតឡើង​នៅ​ជុំវិញ​ជ្រុង​មួយ​ ដែល​នឹង​ឈាន​មកដល់​នៅ​ថ្ងៃទី១៥ខែធ្នូ​ខាងមុខ​។

សេចក្តី​រាយការណ៍​របស់​លោក​ Morgan​ Stanley​ បាន​ចេញផ្សាយ​បន្ទាប់ពី​ការ​ចរ​ចារ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បានឱ្យ​ដឹង​ថា​ “មិនទាន់​មានផ្លូវ​ដែល​អាច​អនុវត្ត​បាន​ចំពោះ​ការ​ធ្លាក់ចុះ​ពន្ធគយ​ ដែល​កំពុង​មាននៅ​ឡើយ​ទេ​ ហើយ​ការដំឡើង​ពន្ធ​នៅតែ​ជា​ហានិភ័យ​”។

ទីក្រុង​ប៉េកាំង​ ក៏បាន​ប្រយ័ត្ន​ប្រយែង​ផង​ដែរ​ អំពី​ការប្រកាស​នូវ​របកគំហើញ​ណាមួយ​ បន្ទាប់ពី​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​បាន​បញ្ចប់​កាលពី​ថ្ងៃ​ សុក្រ​។

សេចក្តី​អត្ថា​ធិប្បាយ​របស់​កាសែត​ China​ Daily​ បានឱ្យ​ដឹង​ថា​ “ខណៈ​ពេល​ដែល​ការចរចា​ហាក់ដូចជា​បាន​បង្កើត​ការយល់​ដឹង​ ជា​មូលដ្ឋាន​លើ​បញ្ហា​សំ​ខាន់​ៗ និង​អត្ថ​ប្រយោជន៍​កាន់តែ​ទូលំទូលាយ​ នៃ​ទំនាក់ទំនង​មិត្តភាព​ ដូច​ស្រា​សាំ​ប៉ាញ​ត្រូវ​ទុក​លើទឹក​កក​សិន​ (កុំ​ទាន់​សប្បាយ​ មុន​ភាព​ជោគជ័យ​មិនទាន់​មកដល់​)។

សេចក្តី​អត្ថា​ធិប្បាយ​បាន​បន្ថែម​ថា​ “យ៉ាងហោចណាស់​រហូត​ ដល់​ប្រធានាធិបតី​ទាំងពីរ​ដាក់​ប៊ិច​ទៅ​ក្រដាស​ ដូចដែល​ផ្អែកលើ​ការអនុវត្ត​កន្លងមក​។ វា​តែងតែមាន​លទ្ធភាព​ដែល​ក្រុង​វ៉ាស៊ីនតោន​ អាច​សម្រេចចិត្ត​លុបចោល​កិច្ច​ព្រមព្រៀង​ ប្រសិនបើ​គេ​គិតថា​ធ្វើ​ដូច្នេះ​នឹង​បម្រើ​ផលប្រយោជន៍​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​”៕