រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​គ្រោង​រៀបចំ​ផ្លូវ​សម្រាប់​ម៉ូតូ​នៅ​លើ​ចិញ្ចើម​ផ្លូវ​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ដោយ​មើលឃើញ​ពី​ភាព​ជាក់ស្ដែង​នៃ​ការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​ ដែល​ស្ទើរតែ​គ្មាន​វិធី​ដោះស្រាយ​ទៅ​ហើយ​នោះ​ សាលា​រាជធានី​ភ្នំពេញ​ មាន​គម្រោង​រៀបចំ​ចិញ្ចើម​ផ្លូវ​ជា២គន្លង​សម្រាប់​អ្នកថ្មើរជើង​ និង​សម្រាប់​ផ្លូវ​ម៉ូតូ​បើកបរ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​។

ដោយសារតែ​កំណើន​នៃ​ប្រជាពលរដ្ឋ​ចូល​មក​រស់នៅ​ និង​ប្រកបការងារ​ អាជីវកម្ម​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើន​ ដែល​ជំរុញ​ឱ្យ​មាន​កំណើន​យានយន្ត​បង្ក​ការ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ​ ជាពិសេស​នៅ​ខណៈ​ពេលព្រឹក​ ពេលថ្ងៃត្រង់​ និង​ពេលល្ងាច​ជា​រៀងរាល់ថ្ងៃ​។

ជាមួយគ្នា​នេះ​ ដោយសារតែ​គ្មាន​ជម្រើស​ អ្នកបើកបរ​ម៉ូតូ​ជាច្រើន​បាន​បំពានច្បាប់​ដោយ​ជ្រើស​យក​ការ​បើកបរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​យ៉ាង​អាណា​ធិប​តេយ្យ​ ​និង​គ្មាន​សណ្តាប់​ធ្នាប់​។

ជា​ដំណោះស្រាយ​នូវ​បញ្ហា​ចាំបាច់​មួយ​នេះ​ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ បានសម្រេច​លើក​ជា​គម្រោង​រៀបចំ​ចញ្ចើម​ផ្លូវ​ជា២គន្លង​ ដោយ​មួយ​គន្លង​សម្រាប់​អ្នកថ្មើរជើង​ ហើយ​មួយ​គន្លង​ទៀត​សម្រាប់​អនុញ្ញាត​ឱ្យ​ម៉ូតូ​បើកបរ​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ដោយ​ជា​ជំហាន​ដំបូង​នឹង​អនុវត្ត​នៅក្នុង​ខណ្ឌ​ចំនួន៥​។

លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​លើកឡើង​ថា​ ​“ខ្ញុំ​ក៏​មាន​គម្រោង​ដែរ​ ក្នុង​រាជធានី​ភ្នំពេញ​ ម៉ូតូ​ និង​អ្នកថ្មើរជើង​ ត្រូវ​ឡើងលើ​ចិញ្ចើម​ផ្លូវ​” ។

លោក​បាន​បន្ថែម​ថា​ “ខ្ញុំ​អត់​គិត​ពី​ ២ភាគ៣ទៀត​ទេ​ គិត២ភាគ៣​ លែងកើត​ហើយ​ រាជធានី​បច្ចុប្បន្ន​ គិត២ភាគ៣​ ឱ្យ​គេ​លក់ដូរ​ទៀត​ លែង​បាន​ហើយ​ លែង​ទទួលយក​កើត​ហើយ​ គិត​រឿង​ផ្លូវ​ថ្មើរជើង​ និង​ផ្លូវ​ជិះ​ម៉ូតូ​ ឡើង​ទៅលើ​ចិញ្ចើម​ ធ្វើ​ឱ្យ​គាត់​ជិះ​ខាងលើ​ ផ្លូវ​ខាងក្រោម​ ទុក​សម្រាប់​រថយន្ត​ ទី១កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ទី២កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ នេះ​ជា​ចំណុច​សំខាន់​ ដែល​រាជធានី​ភ្នំពេញ​ ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​” ។

ការ​លើកឡើង​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ជួបជុំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ (សង្កាត់​,ខណ្ឌ​) គ្រប់​ស្ថាប័ន្ធពាក់ព័ន្ធ​ កាលពី​រសៀល​ថ្ងៃទី៣​ ខែតុលា​ ឆ្នាំ២០១៩​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ខណ្ឌ​ទាំង៥ដែល​នឹង​ត្រូវ​អនុវត្ត​មុនគេ​នោះ​រួមមាន​ ខណ្ឌដូនពេញ​ ខណ្ឌ៧មករា​ ខណ្ឌទួលគោក​ ខណ្ឌចំការមន​ និង​ខណ្ឌ​បឹងកេងកង​ ខណៈ​ដែល​ការងារ​នេះ​ បាន​នឹង​កំពុង​រៀបចំ​ពិនិត្យ​ត្រៀម​បើក​សិក្ខាសាលា​ក្នុង​ពេល​ខាងមុខ​ ៕

ដើមខែ​តុលា​ CDC​ អនុម័ត​គម្រោង​វិនិយោគ​ចំនួន៣​ មាន​ទឹកប្រាក់​ជាង​ ១៥លាន​ដុល្លារ​

CDC ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ដើមខែ​តុលា​នេះ​ រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC​) បាន​អនុម័ត​ជា​ផ្លូវការ​នូវ​ម្រោ​ងវិនិយោគ​លើ​រោងចក្រ​កាត់ដេរ​ និង​រោងចក្រ​ផលិត​កា​បូរ​ចំនួន​៣ មាន​ទឹកប្រាក់​ចំនួន​ជាង​ ១៥,៤​ លាន​ដុល្លារ​អាម​រិក​ដែល​មាន​ទីតាំងនៅ​ភ្នំពេញ​ និង​ខេត្ត​កំពង់ស្ពឺ​។

យោង​តាម​ការ​ចុះផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ៤ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ថាតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖

១- “GOODMATE​ (CAMBODIA​) HEADWEARS​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ មួក​ កន្សែង​ និង​ស្រោមដៃ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹងធំ​ទី២​ សង្កាត់​បឹងធំ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៤១០កន្លែង​។

២- “GOLDEN​ BILLION​ (CAMBODIA​) HANDBAGS​ CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សង្គ្រោះ​ជាតិ​ ឃុំ​ត្រពាំងគង​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៤៩១កន្លែង​។

៣- “DI​ SETA​ (CAMBODIA​) CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​ និង​ចាក់​សម្លៀកបំពាក់​ (កន្សែងបង់ក​ មួក​ ស្រោមដៃ​ ស្រោមជើង​ ភួយ​ បូ​គ្រប់​ប្រភេទ​ និង​វាយនភណ្ឌ​បម្រើ​ក្នុង​ផ្ទះ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ៧​ សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ II​ ផ្លូវជាតិ​លេខ៣​ សង្កាត់​ក្រាំងពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៨,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២.១៤៣​ កន្លែង​៕

រដ្ឋាភិបាល​បង្ហាញ​មហិ​ច្ឆតា​សាងសង់​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​-ហូជីមិញ​ ពី​ភ្នំពេញ​-សៀមរាប​-ប៉ោយប៉ែត​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូ​បាន​ បាន​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​មាន​មហិ​ច្ឆតាក​សាង​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ដូចជា​ រថភ្លើង​លើ​អាកាស​ ឬក្រោម​ដី​ រថភ្លើង​ពី​ភ្នំពេញ​-ហូជីមិញ​ រថភ្លើង​ពី​ភ្នំពេញ​-សៀមរាប​-ប៉ោយប៉ែត​ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗទៀត​។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូ​ មានប្រសាសន៍​បែបនេះ​ នៅក្នុង​ជំនួប​ជាមួយ​ ប្រតិភូ​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ កាលពី​ថ្ងៃទី​ ៣ ខែតុលា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ មុន​ពេល​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ និង​ជប៉ុន​ (SSEAYP​) លើក​ទី៤៦​ ឆ្នាំ២០១៩​ ​។

លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​អំពី​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​ ដែល​រួមមាន​ដំណើរ​នៃ​ការសាងសង់​ផ្លូវ​ទៅតាម​ធនធាន​ថវិកា​ ភាព​ចំ​បាច់​ និង​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ ដូចជា​ដំបូង​ត្រូវ​សាងសង់​ផ្លូវ​ជា​ប្រភេទ​ DBST​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​ធ្វើដំណើរ​ ជាពិសេស​ត្រូវ​តភ្ជាប់​តំបន់​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ បន្ទាប់មក​ យើង​ត្រូវលើ​កកម្ពស់​ទៅជា​ផ្លូវ​បេតុង​កៅស៊ូ​ (AC​) និង​ពង្រីក​ផ្លូវ​ទៅតាម​ប្រភេទ​ផ្លូវ​សេដ្ឋកិច្ច​ជាដើម​។ជាមួយគ្នា​នោះ​ដែរ​ លោក​ទេស​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​អំពី​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ខេត្ត​ព្រះសីហនុ​ ការ​លើកកម្ពស់​ផ្លូវ​ពី​ DBST​ ទៅជា​ AC​ និង​ពង្រីក​ពី​ ២គន្លង​ ទៅ៤គន្លង​ ដូចជា​ផ្លូវជាតិ​លេខ​ ១, ២, ៣, ៤, ៥, ៧, ៨ និង​ផ្លូវ​អាទិ​ភាព​ផ្សេង​ៗទៀត​ជាច្រើន​។

ខណៈ​ផ្លូវដែក​ទាំងពីរ​ខ្សែ​ត្រូវ​បាន​តភ្ជាប់​ ជាពិសេស​ត្រូវ​បាន​តភ្ជាប់​ជាមួយ​ផ្លូវដែក​ថៃ​ និង​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក​។ លើស​ពីនេះ​ទៅទៀត​ លោក​ទេស​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍ​កំពង់ផែ​ទឹកជ្រៅ​នៅ​ក្រុង​ព្រះសីហនុ​ ដែល​មាន​ជម្រៅ​ទឹក​រហូតដល់ ១៤,៥ម៉ែត្រ​ ដែល​អាច​ឱ្យ​កប៉ាល់​ធំ​ប្រមាណ៩៣​% ក្នុង​ពិភពលោក​អាច​ចូល​ចត​បាន​៕

ឧស្សាហកម្ម​យានយន្ត​ពិភពលោក​ខាតបង់​ទឹកប្រាក់​ ៧៦៥ពាន់​លាន​ដុល្លារ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​

ដោយ​ Donald​ Lee​

ពិភពលោក​៖​ ឧស្សាហកម្ម​រថយន្ដ​នៅ​ទូទាំង​ពិភពលោក​ នឹង​ខាតបង់​ប្រាក់ចំណូល​ចំនួន៧៦៥ពាន់​លាន​ដុល្លារ​ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​។ នេះ​បើ​យោង​តាម​របាយការណ៍​សិក្សា​ស្តី​ពី​ ឧស្សាហកម្ម​រថយន្ត​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យានយន្ត​ (CAR​)។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​យានយន្ត​ (CAR​) ដែល​មាន​មូលដ្ឋាន​នៅ​សាកល​វិទ្យាល័យ​ Duisburg​ Essen​ ក្នុង​ប្រទេស​អា​ឡឺម៉​ង់​ បាន​ចេញផ្សាយ​ទិន្នន័យ​កាលពី​ថ្ងៃពុធ​កន្លងមក​នេះ​បញ្ជាក់​ថា​ គោលនយោបាយ​ពាណិជ្ជកម្ម​ របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណាល់​ ត្រាំ​ នឹង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​លក់​រថយន្ត​ បាត់បង់​ថវិកា​ប្រមាណ ៧៦៥ពាន់​លាន​ដុល្លារ​អាមេរិក​។

របាយការណ៍​នេះ​បន្ត​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​សហរដ្ឋអាមេរិក​រវាង​ឆ្នាំ២០១៨​ និង២០២៤​ នឹងអាច​បណ្តាល​ឱ្យ​បាត់បង់​ការ​លក់​ រថយន្ត​ចំនួន ៣៥លាន​គ្រឿង​ភាគច្រើន​ដោយសារតែ​ភាព​មិន​ប្រាកដប្រជា​ ដែល​បង្កឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ និង​ផល​ប៉ះពាល់​ដែល​វា​មាន​ទៅលើ​ការ​លក់​រថយន្ត​ របស់​អាល្លឺម៉ង់​នៅក្នុង​ប្រទេស​ចិន​។

ផលិតកម្ម​រថយន្ត​របស់​អាល្លឺម៉ង់​ បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ពាក់កណ្តាល​ឆ្នាំ​ដំបូង​នេះ​ ពោល​មាន​ចំនួន ១២ភាគរយ​ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​អាល្លឺម៉ង់​ឆ្ពោះទៅ​រក​ការ​ធ្លាក់ចុះ​។

ការបាត់បង់​ផលិតកម្ម​ ត្រូវ​បាន​បង្កឡើង​ដោយ​ការ​លក់​រថយន្ត​ របស់​អាល្លឺម៉ង់​នៅក្នុង​ប្រទេស​ចិន​មានការ​ធ្លាក់ចុះ​។

សមាគម​ឧស្សាហកម្ម​រថយន្ត​អាល្លឺម៉ង់​បានឱ្យ​ដឹង​ថា​ ការ​លក់​នៅក្នុង​ប្រទេស​ចិន​បាន​ធ្លាក់ចុះ ១៣ភាគរយ​ចាប់តាំងពី​ខែមករា​នៃ​ឆ្នាំនេះ​។

របាយការណ៍​របស់​ VDA​ កាលពី​ខែមុន​បានឱ្យ​ដឹង​ថា​ “ការ​លក់​រថយន្ត​ដឹក​អ្ន​កដំនើ​របា​នប​ង្ហា​ញនិ​ន្នា​ការ​អវិជ្ជមាន​ នៅ​លើ​ទីផ្សារ​មួយ​ដ៏​ធំ​បំផុត​ក្នុងរយៈពេល ១៣ខែ​ហើយ​”៕

ផ្សារ​ទំនើប​ Big​ C នៅ​ក្រុង​ប៉ោយប៉ែត​ នឹង​បើក​ដំណើរការ​នៅ​ចុង​សប្តាហ៍​នេះ​

ដោយ​គង់​ សូ​រិយា​

ប៉ោយ​ប៉ែ​តៈ​ ​ការសាងសង់​ផ្សារ​ទំនើប​ Big​ C បាន​បញ្ចប់ ១០០ភាគរយ​ហើយ​នៅក្នុង​ទីក្រុង​ប៉ោយប៉ែត​ និង​បើក​ដំណើរការ​នៅ​ថ្ងៃទី៥​ តុលា​ខាងមុខនេះ​ ក្រោម​ទុន​វិនិយោគ​ទឹកប្រាក់​ជាង១០លាន​ដុល្លារ​ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ នៃ​ក្រុមហ៊ុន​ Four​ stars​ plus​ Four​ លោក​សួង​ សុ​ខហ៊ា​ង ដែល​បាន​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​អ្នក​វិនិយោគ​ថៃ​ ទៅលើ​គម្រោង​អភិវឌ្ឍ​ផ្សារ​ទំនើប​Big​ C បាន​ប្រាប់​តាម​ប្រព័​ន្ឋ​អេ​ឡិក​ត្រូ​និក​កាលពី​រសៀល​ថ្ងៃទី៣តុលា​កន្លងមក​នេះ​ថា​ ពេលនេះ​ការសាងសង់​បានសម្រេច១០០ភាគរយ​ហើយ​។ ការ​លក់​ទៅ​ឱ្យ​អតិថិជន​ ក៏បាន​ជាង ១០០ ភាគរយ​រួច​ទៅ​ហើយ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ទៀត​ថា​ ផលិតផល​ដែល​នឹង​យក​មក​ដាក់​លក់​ នៅក្នុង​ផ្សារ​ទំនើប​មួយ​នេះ​មាន​ច្រើន​ប្រភេទ​ណាស់​ ដែល​សុទ្ធតែ​នាំចូល​មក​ពី​បរទេស​ ប៉ុន្តែ​ការ​នាំ​យក​ម៉ាក​ពី​ប្រទេស​ថៃ​មាន​ច្រើនជាង​គេ​ បន្ទាប់មក​មាន​ចិន​ និង​អឺរ៉ុប​”។

នៅក្នុង​ផ្សារ​នេះ​មានការ​បែងចែក​ដាច់ដោយឡែក​ពីគ្នា​ រវាង​ទីតាំង​លក់​សម្ភារៈ​ប្រើប្រាស់​ ទីតាំង​លក់​សម្លៀកបំពាក់​ ក៏ដូចជា​ចំណីអាហារ​ (ភាគច្រើន​អាហារ​បែប​ខ្មែរ​) ក៏ដូចជា​ទីតាំង​សម្រាប់​លក់​គ្រឿងសម្អាង​ជាដើម​។

ផ្សារ​ទំនើប​ Big​ C ក្រុង​ប៉ោយប៉ែត​ ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃដី ២​,៥ហិ​កតា​ ក្នុង​នោះ​ដី​សម្រាប់​សាងសង់​ផ្សារ​មាន​ទំហំ
១​,៥​ហិ​កតា​ និង​ដី១ហិ​កតា​ទៀត​ សម្រាប់​សាងសង់​ចំណត​យានយន្ត​។ ផ្សារ​មួយ​នេះ​ស្ថិតនៅ​ក្នុង​សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ និង​ស្ថិតនៅ​ជាប់​គំរោង​ Empire​”។

លោក​សួង​ សុ​ខហ៊ា​ង បាន​មានប្រសាសន៍​បន្ត​ឱ្យ​ដឹង​ថែមទៀត​ថា​ តាមរយៈ​វត្តមាន​ផ្សារ​ទំនើប​លើកដំបូង​គេ​ នៅក្នុង​ក្រុង​ប៉ោត​ប៉ែត​មួយ​នេះ​ ក្រៅពី​ជួយ​បំពេញ​នូវ​តម្រូវការ​ប្រជាជន​ខ្មែរ​ដែល​និយម​ចេញ​ ចូល​ទៅ​ទិញទំនិញ​ចំរុះ​នៅក្នុង​ប្រទេស​ថៃ​ និង​ជួយ​បង្កើន​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ បង្កើន​សោភ័ណភាព​ក្នុង​ក្រុង​ ថែមទាំង​ជួយ​ផ្តល់​ឱកាស​ការងារ​ដោយ​ផ្ទាល់​ប្រមាណ ១០០០កន្លែង​ផង​ដែរ​។

អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បណ្ឌិត​ ហុង​ វណ្ណៈ​ បាន​មានប្រសាសន៍​ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃជា​មួយ​គ្នា​នេះ​ផង​ដែរ​ ដោយ​បង្ហាញ​ពី​ក្ដី​សាទរ​ជាមួយនឹង​វត្តមាន​ផ្សារ​ទំនើប​មួយ​នេះ​។ លោក​បាន​បន្ត​ថា​ក្រុង​ប៉ោង​ប៉ែត​បច្ចុប្បន្ន​នេះ​មានការ​អភិវឌ្ឍ​ខ្លាំង​ និង​មាន​លំហូរ​នៃ​ចំនួន​ប្រជាសាស្ត្រ​កាន់តែ​ច្រើន​ ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ទាំងមូល​មាន​ភាពល្អ​ប្រសើរ​។

លោក​បាន​បន្ត​ទៀត​ថា​ “វត្តមាន​ផ្សារ​ទំនើប​មួយ​នេះ​ នឹង​ចូលខ្លួន​បំពេញ​តម្រូវការ​របស់​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ ក៏ដូចជា​តំបន់​ជិតខាង​ផង​ដែរ​ ដែល​កំពុងតែ​មាន​កម្លាំង​បញ្ជា​រទិញ​ក្នុង​កម្រិតខ្ពស់​ ដោយសារ​កម្រិត​នៃ​ចំណូល​របស់​អតិថិជន​ ដែល​កំពុង​រស់នៅ​តំបន់​ច្រកព្រំដែន​មានកម្រិត​ល្អ​ច្រើន​”៕

ក្រុមហ៊ុន​ Samsung​ បិទ​រោង​កច្រ​ផលិត​ស្មា​តហ្វូ​នចុងក្រោយ​បំផុត​នៅ​ចិន​

ដោយ​ វល័​ក្ខ​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​របស់​កូរ៉េ​ខាងត្បូង​ Samsung​ បាន​ប្រកាស​បិទ​រោងចក្រ​ផលិត​ស្មា​តហ្វូ​នរ​បស់​ខ្លួន​នៅក្នុង​ប្រទេស​ចិន​ ដែល​រោងចក្រ​មួយ​នេះ​ជា​រោងចក្រ​ចុងក្រោយ​ កំពុង​ដំណើរការ​ផលិត​ស្មា​តហ្វូ​ននៅ​ក្នុង​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ សារព័ត៌មាន​ Reuters​ ចេញផ្សាយ​នៅ​ថ្ងៃទី២​ ខែតុលា​ ឆ្នាំ​ ២០១៩​។

រោងចក្រ​ផលិត​ស្មា​តហ្វូ​នចុងក្រោយ​នេះ​ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ទីក្រុង​ Huizhou​ ដែល​កាលពី​ឆ្នាំ២០១៧​ រោងចក្រ​នេះ​ផលិត​បាន​ស្មា​តហ្វូ​ន៦៤លាន​គ្រឿង​ ដែល​អាច​និយាយ​បាន​ថា​ ជា​រោងចក្រ​ដ៏​ធំ​ និង​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​ Samsung​ ដែល​មាន​អាយុកាល២៧ឆ្នាំ​។

មិន​មាន​ព័ត៌មាន​ជាក់លាក់​ណាមួយ​ បញ្ជាក់​ពី​មូលហេតុ​ចម្បង​ការ​បិទ​រោងចក្រ​នេះ​ឡើយ​ ប៉ុន្តែ​បើ​តាម​ការ​លើកឡើង​របស់​ក្រុម​អ្នក​ឃ្លាំង​មើល​បានឱ្យ​ដឹង​ថា​ ​ការ​បិទ​នេះ​ គឺ​ដោយ​សារ​ទទួលរង​នូវ​ សម្ពាធ​ពី​គូប្រជែង​ក្នុង​ស្រុក​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ ទីផ្សារ​ ស្មា​តហ្វូ​ន របស់​ Samsung​ នៅ​ចិន​ មាន​ការ​ថយ​ចុះ​។ បើ​ទោះជា​យ៉ាងនេះ​ក្ដី​ ក្រុមហ៊ុន​ Samsung​ បាន​ប្រកាស​ថា​ ខ្លួន​នៅតែ​បន្ត​លក់​ស្មា​តហ្វូ​ននៅ​ក្នុង​ប្រទេស​ចិន​ដដែល​។

សារព័ត៌មាន​ Reuters​ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Samsung​ នឹង​យក​រោងចក្រ​មួយ​នេះ​ទៅ​ដាក់​នៅ​ទីតាំង​ផ្សេង​វិញ​ ប៉ុន្តែ​មិនបាន​បញ្ជាក់​ថា​ នៅ​ប្រទេស​ណា​នោះ​ទេ​ ប៉ុន្តែ​អ្នកវិភាគ​មួយចំនួន​បាន​យល់ឃើញ​ថា​ អាច​នឹង​ទៅកាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ខណៈ​ដែល​នៅពេល​នេះ​ Samsung​ កំពុងតែ​ពង្រីក​រោងចក្រ​របស់​ខ្លួន​ នៅ​ប្រទេស​វៀតណាម​ និង​ឥណ្ឌា​ ដោយសារតែ​ប្រទេស​ទាំងពីរ​នេះ​ មានការ​ចំណាយ​ទាប​នៃ​ការផលិត​ទាប​៕

ចំណេះដឹង​! តើមាន​លក្ខខណ្ឌ​អ្វីខ្លះ​ចំពោះ​អ្នក​ដែល​មិន​ប្រើប្រាស់​ដីសម្បទាន​សង្គមកិច្ច​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កំណត់​នីតិវិធី​ លក្ខណ​វិនិច្ឆ័យ​ និង​យន្តការ​សម្រាប់​ធ្វើការ​ផ្តល់​សម្បទាន​ដី​ សង្គមកិច្ច​ ដើម្បី​សង់​លំនៅឋាន​ ឬ/និង​ដើម្បី​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​។

កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​មាន​ពីរ​កម្រិត​ គឺ​ថ្នាក់​មូលដ្ឋាន​ និង​ថ្នាក់​ជាតិ​។

ប្រសិនបើ​មុខសញ្ញា​អ្នកទទួល​ដីសម្បទាន​សង្គមកិច្ច​ណា​ ខកខាន​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ការ​កាន់កាប់​ និង​ប្រើប្រាស់​ដីសម្បទាន​នោះ​ ដី​នេះ​និង​ត្រូវ​វិល​មក​ជា​ដី​របស់​រដ្ឋ​វិញ​ ដើម្បី​ធ្វើការ​បែងចែក​សាជាថ្មី​។

យោង​តាម​នីតិវិធី​នៃ​ការ​ដកហូត​ដីសម្បទាន​សង្គមកិច្ច​ ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ ​ដោយ​ត្រូវ​បែងចែក​ពី​លក្ខខ័ណ្ឌ​មួយចំនួន​ ដូចជា​ ការ​ជូនដំណឹង​ជាមុន​ក្នុង​ពេលវេលា​សមស្រប​មួយ​ ដល់​មុខសញ្ញា​អ្នកទទួល​ដី​ ដែល​ខកខាន​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​ នៃ​ការ​កាន់កាប់​និង​ប្រើប្រាស់​ដីសម្បទាន​សង្គមកិច្ច​។

ទី២​ ការ​ទុក​ឱកាស​អោយ​មុខសញ្ញា​អ្នកទទួល​ដី​ឆ្លើយតប​។ ទី៣​ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ត្រូវ​ធ្វើជា​លាយលក្ខណ៍​អក្សរ​ និង​ទី៤​ ​គោលការណ៍​ណែនាំ​អំពី​ការ​រុះរើ​ និង​ការកំណត់​សោហ៊ុយ​ខូចខាត​សមស្រប​ សម្រាប់​មុខសញ្ញា​អ្នកទទួល​ដី​៕

អាមេរិក​ពង្រីក​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហ​ភាព​អ៊ឺ​រ៉ុប​ ដោយ​បង្កើន​ពន្ធ​លើ​មុខ​ទំនិញ​មានតម្លៃ​ ៧,៥ពាន់​លាន​ដុល្លារ​

ដោយ​ Donald​ Lee​

វ៉ា​ស៊ីន​តោ​នៈ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ​Donald​ Trump​ បាន​ពង្រីក​សមរភូមិ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ខ្លួន​ ជាមួយនឹង​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ (EU​) ដោយ​បាន​គិត​ពន្ធ​ទំនិញ​នាំចូល​ដែល​មានតម្លៃ ៧​,៥ពាន់​លាន​ដុល្លារ​។

ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ កាលពី​ថ្ងៃពុធ​ម្សិលមិញ​នេះ​បាន​បញ្ចេញ​បញ្ជី​មុខទំនិញ​របស់​សហ​គម​ន៍​អ៊ឺ​រ៉ុប​ ដែល​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​។ បញ្ជី​ពន្ធ​របស់​សហរដ្ឋអាមេរិក​បាន​ដំឡើង ២៥ភាគរយ​ លើ​ស្រា​វី​ស្គី​របស់​ប្រទេស​អៀរឡង់​ និង​ប្រទេស​ស្កុ​តលែន​ រួម​ជាមួយនឹង​ឧបករណ៍​ និង​គ្រឿងម៉ាស៊ីន​របស់​ប្រទេស​អា​ឡឺម៉​ង់​ និង​ប្រទេស​អេ​ស្បាញ​។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​បំផុត​នោះ​ សហរដ្ឋអាមេរិក​នឹង​កាត់បន្ថយ​ពន្ធ១០ភាគរយ​លើ​យន្តហោះ​ដែល​ផលិត​នៅ​ប្រទេស​បារាំង​ អាល្លឺម៉ង់​ អេស្ប៉ាញ​ និង​ចក្រភព​អង់គ្លេស​។

ការ​ដាក់​ពន្ធ​ត្រូវ​បាន​ប្រកាស​បន្ទាប់​ ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO​) បាន​សំរេច​អនុគ្រោះ​ពន្ធ​របស់​សហរដ្ឋអាមេរិក​ លើ​ការនាំចូល​របស់​សហភាព​អឺរ៉ុប​ ដែល​ត្រូវ​បាន​ប្រតិកម្ម​ ចំពោះ​ការឧបត្ថម្ភ​ធន​របស់​រដ្ឋ​ខុសច្បាប់​របស់​សហភាព​អឺរ៉ុប​ ផ្តល់​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Airbus​ ។

លោក ​Trump​ បានឱ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ កាលពី​ថ្ងៃពុធ​ម្សិលមិញ​នេះ​ថា​ “អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាន់តែ​ប្រសើរ​ឡើង​ សម្រាប់​ពួក​យើង​ចាប់តាំងពី​ខ្ញុំ​បាន​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ពី​ ព្រោះ​ពួកគេ​ (WTO​) យល់ថា​ពួកគេ​មិន​អាច​ទទួលយក​បាន​នូវ​អ្វី​ ដែល​ពួកគេ​បាន​ចាកចេញ​ឆ្ងាយ​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ដែល​កំពុង​បង្ក​ការខាតបង់​សំរាប់​អាមេរិក​ “។

អ្នកវិភាគ​បារម្ភ​ថា​ ការពង្រីក​សង្រ្គាម​ពាណិជ្ជកម្ម​សកល​ កំពុង​ធ្វើ​ឱ្យ​កាត់បន្ថយ​ កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ និង​ជំរុញ​សេដ្ឋកិច្ច​សកល​ឆ្ពោះទៅ​រក​វិបត្តិសេដ្ឋកិច្ច​។

ស្នងការ​ពាណិជ្ជកម្ម​សហ​ភាព​អ៊ឺ​រ៉ុប​បាន​និយាយ​ថា​ ខ្លួន​នឹង​គ្មាន​ជំរើស​អ្វី​ក្រៅពី​ធ្វើបាតុកម្ម​តប​វិញ​ ជាមួយនឹង​ការ​ការដំឡើង​ពន្ធ​លើ​ទំនិញ​ ដែល​នាំចូល​ពី​សហរដ្ឋអាមេរិក​។

លោកស្រី​ Cecilia​ Malmstrom​ ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ បាន​មានប្រសាសន៍​ថា​“ ប្រសិនបើ​សហរដ្ឋអាមេរិក​ សំរេច​អនុវត្ត​វិធានការណ៍​តបត​នូវ​អ្វី​ ដែល​អនុញ្ញាត​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​វា​នឹង​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​យើង​នឹង​មិន​មាន​ជម្រើស​អ្វី​ក្រៅពី​ធ្វើ​ដូចគ្នា​”៕

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ កម្ពុជា​ កូរ៉េ​ ប្ដេជ្ញា​លើក​កំពស់​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ប៉ាន​ សូរ​ស័ក្តិ​បាន​ថ្លែង​ថា​ កម្ពុជា​និង​កូរ៉េ​ បាន​បង្កើន​ភាព​ជិ​តស្និ​ទ្ឋ​ ហើយ​កំពុង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ធំឡើង​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ គឺ​មាន​ភាពល្អ​ប្រសើរ​ជាបន្តបន្ទាប់​ ជាក់ស្ដែង​កាលពី​ឆ្នាំ២០១៧​ ទំហំ​ពាណិជ្ជកម្ម​មាន​ចំនួន​ប្រមាណ៦០០លាន​ដុល្លារ​ ហើយ​នៅ​ឆ្នាំ២០១៨បាន​បន្ត​កើនឡើង​រហូតដល់​ប្រមាណ​ជាង​៧០០​លាន​ដុល្លារ​។ ដោយឡែក​នៅ​ឆ្នាំ២០១៩នេះ​ តាម​ការព្យាករណ៍​ទំហំ​ពាណិជ្ជកម្ម​នឹង​បន្ត​កើនឡើង​ទៀត​ខណៈ​ដែល​នៅ​ត្រឹម​ឆមាស​ទី១​ ទំហំ​ពាណិជ្ជកម្ម​មាន​ចំនួន៤៥០លាន​ដុល្លារ​។

តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់ក្រ​សួង​ពាណិជ្ជកម្ម​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ប៉ាន​ សូរ​ស័ក្តិ​ បាន​មានប្រសាសន៍​នៅក្នុង​ឱកាស​ដែល​បាន​ចូលរួម​នៅក្នុង​ពិធីបុណ្យ​ជាតិ​របស់សាធារណៈ​រដ្ឋ​កូរ៉េ​ កាលពី​ថ្ងៃទី៣ខែតុលា​ ឆ្នាំ២០១៩​ ថា​ កាលពី​ពេល​កន្លងទៅ​ សាធារណរដ្ឋ​កូរ៉េ​ បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ ក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា​ស្ទើរគ្រប់​វិស័យ​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​វិស័យ​អប់រំ​ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជាដើម​។

លោក​បាន​បន្ត​ទៀត​ថា​ ក្រៅពី​នេះ​ កូរ៉េ​បាន​ជួយ​ជ្រោមជ្រែង​លើ​វិស័យ​សុខាភិបាល​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​អភិវឌ្ឍ​ជនបទ​ វិស័យ​កសិកម្ម​ បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ផង​ដែរ​។ ជាមួយគ្នា​នេះ​ លោក​ក៏បាន​កោតសរសើរ​រដ្ឋាភិបាល​ និង​ប្រជាជន​កូរ៉េ​ លើ​ភាព​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ជំនះ​ឧបសគ្គ​ជាច្រើន​ ដើម្បី​សម្រេច​បាន​នូវ​វឌ្ឍនភាព​នៅក្នុង​ប្រទេស​ និង​លើកកម្ពស់​កិត្តិនាម​របស់​ប្រទេស​កូរ៉េ​លើ​ថ្នាល​អន្តរជាតិ​។

កិច្ច​ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយ​សាធារណៈ​រដ្ឋ​កូរ៉េ​ បាន​បង្កើន​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែកការ​ទូត​ជាថ្មី​ក្នុងអំឡុងឆ្នាំ១៩៩៧​៕

ព្រឹត្តិ​ការណ៍​ពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​ប្រចាំឆ្នាំ២០១៩​ នឹង​ចាប់ផ្តើម​នៅ​ណា​ហ្កា១​ នា​ថ្ងៃស្អែក​នេះ​ហើយ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជា​ឱកាស​ដ៏​ពិសេស​បំផុត​សម្រាប់​អ្នក​ ដែល​ចង់​ស្វែងយល់​ពី​ចរន្ត​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ ក៏ដូចជា​នៅ​ទូទាំង​ពិភព​លោ​កនោ​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត​ សាធារណៈ​ជន​អាច​ចូលរួម​សិក្សា​ស្វែងយល់​ក្នុង​កម្មវិធី​ពិព័រណ៍​អចលនទ្រព្យ​ដ៏​ប្រចាំឆ្នាំ២០១៩​ ក្រោម​ការចូលរួម​បង្ហាញ​គម្រោង​អភិវឌ្ឍន៍​ ពីសំណាក់​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​។

នៅ​ត្រឹម​ថ្ងៃទី០៤​ ខែតុលា​ ឆ្នាំ២០១៩​ ចាប់ពី​ម៉ោង១០ព្រឹក​ រហូតដល់​ម៉ោង​ ៦ល្ងាច​ នៅ​សណ្ឋាគារ​ណា​ហ្គាវើល​ មហា​ព្រឹត្តិ​ការណ៍​អចលនទ្រព្យ​ដ៏​ធំ​ប្រចាំឆ្នាំ២០១៩​ នឹង​ត្រូវ​បាន​ចាប់ផ្តើម​ស្វាគមន៍​ បណ្តាសា​ធា​រណៈ​ជន​ទូទៅ​ចូល​ទស្សនា​ ពី​គម្រោង​អភិ​វឌ្ឍ​ធំៗ​ជាង៦០គម្រោង​ ក្រោម​ការ​វិនិយោគ​ពីសំណាក់​ក្រុម​ហ៊ុន​ល្បី​ៗលំដាប់​អន្តរជាតិ​ ជាពិសេស​បាន​ស្វែងយល់​ ពី​ចរន្ត​ទីផ្សារ​អចលនទ្រព្យ​ក្រោម​ការ​ពន្យល់​ និង​បង្ហាញ​ពី​អ្នកជំនាញ​ដែល​ទទួល​បាន​ភាព​ជោគជ័យ​នៅក្នុង​វិស័យ​នេះ​ជាច្រើន​រូប​។

តាមរយៈ​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​ ដែល​មាន​រយៈពេល២ថ្ងៃ​គឺ​ថ្ងៃទី៤​ និង​ថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០១៩​ នេះ​ រាល់​អ្នក​ដែល​ចូលរួម​ទស្សនា​ នឹង​បានដឹង​ពី​គម្រោង​សាងសង់​ជាច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដែល​ក្នុង​រាប់ទាំង​គម្រោង​អភិវឌ្ឍ​សំណង់​ខុន​ដូ​ អា​ផា​តមិន​ គម្រោង​បុរី​ គម្រោ​ងបណ្តុំ​លំនៅ​ដ្ឋាន​ គម្រោង​ដី​ឡូ​តិ៍​ រួម​ជាមួយ​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ផ្ទាល់​ ក៏ដូចជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ជាច្រើន​ទៀតផង​ដែរ​។

នៅ​ថ្ងៃទី១នៃ​កម្មវិធី​ (ថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០១៩​) អ្នកជំនាញ​ ដែល​ជា​វាគ្មិន​កិត្តិយស​ ត្រូវ​បាន​ចូលរួម​ចែករំលែក​នូវ​បទពិសោធន៍​ និង​ចំណេះដឹង​ពាក់ព័ន្ធ​ទៅ​នឹង​កម្មវិធី​ រួមមាន​ដូចជា​ លោក​ឧកញ៉ា​ សៀ​ រិទ្ធី​ ​លោក​ឧកញ៉ា​ ចេង​ ខេង​ ​លោក​បណ្ឌិត​ គឹម​ ហ៊ា​ង លោក​ សន​ សៀប​ លោក​ Tom​ O’sullivan​ រួម​ជាមួយនឹង​បណ្តា​អ្នកជំនាញ​ ដែល​មាន​ជំនាញ​ និង​ទទួល​បាន​ភាគ​ជ័យ​នៅក្នុង​វិស័យ​នេះ​ជាច្រើន​រូប​ទៀត​។

សូម​ចូលរួម​ទស្សនា​ដោយសេរី​ និង​ស្វែងយល់​ពី​ព្រឹត្តិ​ការណ៍​ពិព័រណ៍​អចលនទ្រព្យ​ និង​លំនៅ​ដ្ឋាន​ប្រចាំឆ្នាំ២០១៩​ ទាំងអស់គ្នា​ ដើម្បី​ទទួល​បាន​ដំណឹង​ និង​ព័ត៌មាន​នានា​ស្ដីពី​គម្រោង​វិនិយោគ​ អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទាំងអស់គ្នា​៕