ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​ប៉ោយប៉ែត​មិន​ស្រពោន​ដោយសារ​ការ​ចាកចេញ​របស់​ចិន​នោះ​ទេ​

ដោយ​៖​ រ៉ា​ណេត​

ប៉ោយ​ប៉ែ​តៈ​ បើ​ទោះជា​មួយ​រយៈ​ចុងក្រោយ​នេះ​ វត្តមាន​របស់​ជនជាតិ​ចិន​ជាច្រើន​បាន​នាំគ្នា​ចាកចេញ​ ទៅកាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​នោះ​ក៏ដោយ​ ប៉ុន្តែ​ប៉ោយប៉ែត​ ហាក់​មិន​មាន​អ្វី​ប្រែប្រួល​គួរ​ឱ្យ​គត់​សម្គាល់​នោះ​ទេ​ ជាពិសេស​ទីផ្សារ​អចលនទ្រព្យ​នៅតែ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ដដែល​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​សំណាក់​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​នៅក្នុង​ក្រុង​ជាប់​ព្រំដែន​មួយ​នេះ​។

ខុសគ្នា​ស្រឡះ​ពី​ក្រុង​ព្រះសីហនុ​ ដែល​មួយ​រយៈ​ចុងក្រោយ​នេះ​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ ក្រោយពេល​វត្តមាន​របស់​ជនជាតិ​ចិន​ជាច្រើន​ ពាន់​នាក់​ចាកចេញ​ជាបន្តបន្ទាប់​នោះ​ សម្រាប់​ក្រុង​ប៉ោយប៉ែត​ត្រូវ​បាន​គេ​គត់​សម្គាល់​ឃើញថា​ នៅតែ​មាន​ភាព​អ៊ូអរ​ និង​មាន​តម្រូវការ​លើ​វិស័យ​អចលនទ្រព្យ​ដដែល​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ Four​ Star​ Plus​ Four​ និង​ក្រុមហ៊ុន​ Sg​ Top​ Trust​ លោក​ សួង​ សុ​ខហ៊ា​ង បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៣​ ខែតុលា​ ឆ្នាំ២០១៩​ ថា​ បច្ចុប្បន្ន​នេះ​ តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​ នៅក្នុង​ក្រុង​ប៉ោយប៉ែត​ ជាពិសេស​នៅ​តំបន់​ជាប់​ព្រំដែន​ នៅតែ​មាន​អត្រា​ខ្ពស់​ដដែល​ បើ​ទោះជា​វត្តមាន​របស់​ជនជាតិ​មួយចំនួន​ត្រូវ​បាន​ចាកចេញ​ទៅ​ក៏ដោយ​។

លោក​បាន​បន្ត​ទៀត​ថា​ “ទីក្រុង​ប៉ោយប៉ែត​នៅពេល​នេះ​ នៅតែ​មាន​ភាព​អ៊ូអរ​ដដែល​ មិនទាន់​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​”។ លោក​បន្ត​ទៀត​ថា​ “បន្ទាប់ពី​ជនជាតិ​ចិន​មួយចំនួន​បាន​ចាកចេញ​ទៅ​ប្រទេសកំណើត​វិញ​នោះ​ មានផ្ទះ​សំណាក់​ និង​អគារ​ស្នាក់នៅ​មួយចំនួន​ពិតជា​ត្រូវការ​អតិថិជន​ថ្មី​ចូល​មក​ជំនួស​ ប៉ុន្តែ​ដូចជា​មិន​ពិបាក​រក​នោះ​ទេ​ ដោយសារតែ​ប៉ោយប៉ែត​ ជា​តំបន់​ពាណិជ្ជកម្ម​ពិសេស​ និង​ជា​ច្រក​ទ្វារ​អន្តរជាតិ​ដ៏​ធំ​ ដែល​សម្បូរ​មនុស្សជា​ច្រើន​ឆ្លងកាត់​ និង​ប្រកប​ជំនួញ​”។

លោក​ សួង​ សុ​ខហ៊ា​ង បាន​បន្ត​ទៀត​ថា​ ក្រុង​ប៉ោយប៉ែត​ មាន​ចម្រុះ​ជាតិសាសន៍​ដែល​ក្រៅពី​ប្រជាជន​ខ្មែរ​ នៅ​មាន​ជនជាតិ​ថៃ​ ម៉ា​ឡេ​ ឥណ្ឌូ​នេ​ស៊ី​ ហ្វីលីពីន​ ជប៉ុន​ កូរ៉េ​ និង​ជនជាតិ​ប៉ែក​អឺរ៉ុប​ ដែល​ខុសពី​ក្រុង​ព្រះសីហនុ​ ដែល​មាន​ជនជាតិ​ចិន​រស់នៅ​ច្រើន​ ដូច្នេះ​បើ​ទោះជា​ចិន​ចាកចេញ​ទៅ​ក៏ដោយ​ ក៏​ប៉ោយប៉ែត​នៅតែ​មាន​មនុស្ស​រស់នៅ​ និង​ធ្វើដំណើរ​ឆ្លងកាត់​ច្រើន​គ្មានអ្វី​ប្រែប្រួល​នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ “គ្រាន់តែ​ផ្សារ​រ៉ុង​គ្លឿ​ មា​នប្រ​ជអាជិ​វក​រលក់​ដូរ​ជាង១ម៉ឺន​ស្ដ​ង់​ ហើយ​ក្រៅពី​នេះ​ជា​ច្រក​អន្តរជាតិ​ដែល​ធំជាង​គេ​ ដោយ​ក្នុង​មួយថ្ងៃ​មាន​ភ្ញៀវ​ចេញចូល​ឆ្លងកាត់​មិន​ក្រោម១០០០០​-១៥០០០នាក់​ ដោយ​អ្នកខ្លះ​អាច​ស្នាក់​នៅ​ក្នុងរយៈពេល​ខ្លី​។ បន្ថែម​ពីនេះ​នៅ​កា​ស៊ី​ណូ​ធំៗ​ដែល​មានដំណើរ​ការ​ បម្រើសេវា​ឱ្យ​ភ្ញៀវ​ជនជាតិ​ថៃ​ និង​ជនជាតិ​ដទៃទៀត​តាំងពី​ជនជាតិ​ចិន​មិនទាន់​ចូល​មក​ស្រុកខ្មែរ​ច្រើន​ម៉្លេះ​”។

បច្ចុប្បន្ន​នេះ​ នៅ​តំបន់​ប៉ោយប៉ែត​ ក្រៅតែ​ពី​ជា​ច្រកព្រំដែន​អន្តរជាតិ​ ជា​តំបន់​កាស៊ីណូ​ និង​ជា​តំបន់​ពាណិជ្ជកម្ម​ចំរុះ​ នៅ​មាន​សួន​ឧស្សាហកម្ម​ចំនួន៣ធំៗ​ ដែល​កំពុង​ដំណើរការ​យ៉ាង​មមាញឹក​ ដែល​អាច​ផ្តល់​ឱកាស​ការងារ​បាន​ប្រមាណ​ជាង៣ម៉ឺន​នាក់​ផង​ដែរ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ថា​ មិនថា​ឆ្នាំមុន​ ឆ្នាំនេះ​ ឬឆ្នាំ​បន្ទាប់​នោះ​ទេ​ ប៉ោយប៉ែត​នៅតែ​ជា​តំបន់​ដែល​មាន​សក្ដានុពល​លើ​វិស័យ​ពាណិជ្ជកម្ម​ដដែល​។ ជា​ធម្មតា​វិស័យ​ពាណិជ្ជកម្ម​ ឬកម្លាំង​សេដ្ឋកិច្ច​ មិន​ពឹងពាក់​ទៅលើ​តែ​តែ​ប្រជា​សាសន៍​មួយ​នោះ​ទេ​ ហើយ​ចរន្ត​នៃ​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​ ក៏​មិនមែន​ចេះតែ​មាន​ភាព​ស្ថិតស្ថេរ​រហូត​នោះ​ទេ​ ដែល​វា​អាច​មានការ​ថមថយ​ក្នុងរយៈ​មួយ​ដ៏​ខ្លី​ ហើយ​ចាប់ផ្តើម​កើនឡើង​វិញ​។

លោក​បាន​បន្ត​ទៀត​ថា​ “ភាគច្រើន​អ្នក​ដែល​និយាយ​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​នេះ​មាន​បញ្ហា​ ឬតំបន់​នោះ​មាន​បញ្ហា​ គឺ​ដោយសារ​ការ​គិត​ត្រឹម​មួយ​ជ្រុង​តែប៉ុណ្ណោះ​ ប៉ុន្តែ​បើ​គិត​ឱ្យ​ទូលំទូលាយ​ វា​នៅតែ​មាន​ភាព​វិជ្ជមាន​ដដែល​ចំពោះ​វិស័យ​នេះ​”៕

វិនិយោគិន​បរទេស​៖ អចលនទ្រព្យ​នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ​កំពុង​មាន​សន្ទុះ​រីក​ចំ​រើ​នខ្លំា​ង

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ វិនិយោគិន​បរទេស​បាន​អះអាង​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ​ កំពុង​មាន​ការី​កចំរើន​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយសារ​មាន​គម្រោង​វិ​យោ​គធំៗ​ជាច្រើន​ បាន​នឹង​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​។

លោក​ Raymond​ Chio​ ​ប្រធាន​ក្រុមហ៊ុន​ Prestrige​ Homes​ Cambodia​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី៤​ ខែតុលា​ ឆ្នាំ​ ២០១៩នេះ​ ថា​ អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ មានការ​រីក​ចំរើន​ ជាពិសេស​គឺទី​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។លោក​បន្ត​ថា​ ក្រុម​អ្នក​អភិវឌ្ឍន៍​ជាច្រើន​បាន​ នឹង​កំពុង​ផ្តោត​សំខាន់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ តែ​កាលពី​កកន្លងទៅ​នេះ​ រដ្ឋាភិបាល​បាន​បិត​ល្បែង​អន​ឡាញ​ ​និង​មិន​ចេញ​អាជ្ញាប័ណ្ណ​លើ​ការ​ប្រកបមុខរបរ​វិស័យ​អន​ឡា​ញនេះ​នៅក្នុង​ខេត្ត​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​បែក​មក​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

លោក​បន្ថែម​ថា​ “អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ​ គឺជា​ចំណុច​កណ្តាល​ និង​សក្តា​នុ​ពល​ខ្ពស់​ ដែល​អ្នក​វិនិយោគ​មក​ពីគ្រប់​ទិស​ទី​ បាន​នឹង​កំពុង​ចាប់អារម្មណ៍​យ៉ាង​ខ្លំា​ង” ។ លោក​បន្ត​ថា​ “វិស័យ​អចលនទ្រព្យ​នៅ​ទិស​ទាំង៤នៃ​ទីក្រុង​ភ្នំពេញ​ មាន​ទិសខាងលិច​ខាងកើត​ ខាងជើង​ និង​ខាងត្បូង​ បាន​នឹង​កំពុង​រីក​ចំរើន​ តែ​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​ទិសខាងត្បូង​បាន​នឹង​កំពុង​មានការ​រីក​ចំរើន​ខ្លាំង​ជា​បណ្តា​ទិស​ទាំងនោះ​”។

លោក​ Raymond​ Chio​ បាន​បន្ថែម​ថា​ ទាំង​រាជរដ្ឋាភិបាល​ និង​អ្នក​អភិវឌ្ឍន៍​កំពុង​ផ្តោត​សំខាន់​ទៅ​ទិសខាងត្បូង​ គឺ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២​ ដែល​រួមា​នការ​អភិវឌ្ឍ​គម្រោ​ងព្រលា​នយន្តហោះ​ភ្នំពេញ​អន្តរជាតិ​ នៅ​ខេត្តកណ្តាល​ជាដើម​។ សម្រាប់​ផ្លូវ៦០​ ម៉ែត្រ​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ រួមមាន​ គម្រោង​អេ​អន ៣​​គម្រោង​ផ្សារ​ទំនើប​ប៉េង​ហ៊ួ​ត និង​ សា​លា​រអន្តរជាតិ​ភ្នំពេញ​ជាដើម​។

លោក​បន្ថែម​ថា​ “ទៅ​អនាគត​នឹង​មាន​គម្រោង​ជាច្រើន​ បាញ់​ឆ្ពោះ​មក​ទីក្រុង​ភ្នំពេញ​ ជាពិសេស​ទៅ​តំបន់​ភាគ​ខាងត្បូង​នេះ​ នៃ​រាជធានី​ភ្នំពេញ​”។

តំបន់​មហាវិថី​សម្ដេច​តេជោ​ ឬផ្លូវ៦០ម៉ែត្រ​ កំពុង​ទាក់ទាញ​គម្រោង​វិ​និ​យោ​គធំៗ​ចូល​ទៅ​ក្នុង​តំបន់​នេះ​យ៉ាងច្រើន​ ដែល​នឹង​ប្រែក្លាយ​តំបន់​នេះ​ ទៅជា​តំបន់​អភិ​វឌ្ឍ៍​មួយ​ដ៏​សំខាន់​របស់​ទីក្រុង​ភ្នំពេញ​ និង​ធ្វើ​ឱ្យ​ដីធ្លី​ និង​លំនៅឋាន​កាន់តែ​ឡើងថ្លៃ​បន្ថែម​ទៀត​។

អ្នកនាង​ អាន​ សុធី​តា​ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន ​CBRE​ Cambodia​ បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តម្លៃ​ដី​នៅ​តាមផ្លូវ៦០ម៉ែត្រ​ត្រូវ​បែងចែក​ជា៣តំបន់​ ដោយសារ​ផ្លូវ​នេះ​មាន៩គីឡូម៉ែត្រ​ ដោយ​បើ​យើង​គិត​កំណាត់​ទី១​ គិត​ចាប់ពី​ផ្លូវ​ព្រះមុនីវង្ស​ចំនួន៣គីឡូម៉ែត្រ​ ស្របតាម​បណ្តោយ​ផ្លូវ​នេះ​ទៅខាងមុខ​ ដី​នៅ​តំបន់​នេះ​គិតជា​មធ្យ​មានតម្លៃ​ ១៨០០ដុល្លារ​ និង​ចន្លោះ​ពី៣គីឡូម៉ែត្រ​ទៅ៦គីឡូម៉ែត្រ​ដី​មានតម្លៃ៨០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​ចាប់ពី​គីឡូម៉ែត្រ​ទី៦​ ដល់​គីឡូម៉ែត្រ​ទី៩​ ទល់នឹង​ផ្លូវជាតិ​លេខ២មានតម្លៃ​ ៤០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

អ្នកនាង​បន្ត​ថា​ “តំបន់​ដី​នៅ​លើ​ផ្លូវ៦០ម៉ែត្រ​នេះ​ ត្រូវ​បាន​គេ​ហៅថា​តំបន់​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ មាន​ទាំង​ការិ​រយាល័​យធ្វើការ​ ផ្សារ​ទំនើប​ និង​លំនៅ​ដ្ឋាន​”៕

ចំណេះដឹង​! តើ​អ្វី​ជា​វិញ្ញា​បន​ប័ត្រ​សម្គាល់​អាគារ​សហកម្មសិទ្ធិ​?

ដោយ ​វុត្ថា​

ភ្នំពេញ​៖​ វិញ្ញា​បន​ប័ត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​ (Strata​ Title​) សំដៅលើ​ការ​កាន់កាប់​កម្មសិទ្ធិ​ប្រភេទ​លំ​នៅ​ដា្ឋន​ខុន​ដូ​មួយ​ ដែល​ត្រូវ​បែកចែក​គ្នា​ដាច់​ដោយ​ឡែ​កៗ​ ប៉ុន្តែ​នៅតែ​ស្ថិតនៅ​ក្នុង​អគារ​ខុន​ដូ​តែមួយ​។ ដូច្នេះ​វិញ្ញា​បន​ប័ត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​ (Strata​ Title​) ត្រូវ​បាន​ធ្វើឡើង​ ដើម្បី​ធ្វើការ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​នៅក្នុង​ ប្រភេទ​លំនៅ​ដ្ឋាន​ខុន​ដូ​ អគារ​ ដែល​មាន​ច្រើន​ជាន់​ ជាមួយ​ម្ចាស់​សហកម្មសិទ្ធិ​នៃ​អគារ​នោះ​។

គោលការណ៍​នេះ​ ត្រូវ​បាន​ប្រើប្រាស់​ដំបូង​ឡើយ​ នៅក្នុង​រដ្ឋ​ញ៉ូ​សោ​តវ៉ែ​ល ប្រទេស​អូស្ត្រាលី​ ហើយ​ចាប់ផ្តើម​មាន​ប្រជាប្រិយ​ភាព​កាន់តែ​ខ្លាំង​ឡើង​ នៅក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់ពី​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ពី​ សិទ្ធិ​លើ​”ការ​កាន់កាប់​អចលនទ្រព្យ​របស់​ជនបរទេស​” ដែល​បាន​ចេញ​ជា​ផ្លូវការ​ក្នុង​ខែឧសភា​ឆ្នាំ២០១០​។

ច្បាប់​មួយ​នេះ​ត្រូវ​បាន​ត្រួសត្រាយ​ផ្លូវ​ សម្រាប់​កំណើន​វិស័យ​សេដ្ឋកិច្ច​ ក៏ដូចជា​អនុញ្ញាតិ​ឲ្យ​ចំណែក​ទីផ្សារ​ ក្នុង​តំបន់​កាន់តែ​មានការ​ប្រកួតប្រជែង​យ៉ាងច្រើន​ពីសំណាក់​វិនិយោគិន​នានា​។

ត្រលប់​ទៅ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ជនបរទេស​ មានការ​លំបាក​យ៉ាងច្រើន​ក្នុង​ការ​វិនិយោគ​ ប៉ុន្តែ​បន្ទាប់ពី​ចេញច្បាប់​ថ្មីនេះ​មក​ សំណង់​អគារ​ខ្ពស់​ៗជាច្រើន​ចាប់ផ្តើម​រីក​ដុះដាល​ឡើង​គួរឲ្យ​កត់សម្គាល់​។ អ្នក​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​ចាត់ទុកថា​ នេះ​ជា​ឱកាស​សម្រាប់​ទាក់ទាញ​អ្នក​ វិនិយោគ​បរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ តាមរយៈ​វិញ្ញា​បន​ប័ត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​ (Strata​ Title​)។

មុន​ពេល​មានការ​ចេញច្បាប់​ថ្មី​ នៃ​ការគ្រប់គ្រង​កម្មសិទ្ធិ​អចលនទ្រព្យ​សម្រាប់​ជនបរទេស​ វិញ្ញា​បន​ប័ត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​ (Strata​ Title​) ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​មិន​ត្រូវ​អនុញ្ញាតិ​ ឲ្យ​ធ្វើការ​បែងចែក​លក់​ទៅ​ឲ្យ​បុគ្គល​ឯកជន​ផ្សេងទៀត​ទេ​ ជាមួយ​នឹង​បណ្ណ័​កម្មសិទ្ធិ​ប្លង់​រឹង​ (Hard​ Title​)។

រហូតដល់​ឆ្នាំ២០១០​ ទើប​វិនិយោគិន​បរទេស​ មាន​សិទ្ធិ​គ្រប់គ្រង​អចលនទ្រព្យ​រហូតដល់៧០​%ជាមួយ​សហកម្មសិទ្ធិ​ ហើយ​ជនបរទេស​អាច​មាន​សិទ្ធិ​ជា​ម្ចាស់​អចលនទ្រព្យ​បាន​ តែ​អចលនទ្រព្យ​ណាមួយ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ចាប់ពី​ជាន់ទី១ឡើង​ទៅ​។

ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​លើស​ពីអ​គារ​លំនៅ​ដ្ឋាន​ តម្រូវការ​កាន់តែ​ខ្ពស់​ឡើង​ពី​អន្តរជាតិ​ លើ​បន្ទប់​ការិយាល័យ​សម្រាប់​ជួល​ក្នុង​ក្រុងភ្នំពេញ​ ដែល​នឹង​ក្លាយ​ជា​បណ្តុំ​ទីផ្សារ​ពាណិជ្ជកម្ម​របស់​សមាគម​អាស៊ាន​។ សម្រាប់​វិនិយោគិន​មួយចំនួន​គិតថា​ ខុន​ដូ​ហាក់បីដូចជា​ ត្រូវ​បាន​ធ្វើការ​ផ្គត់ផ្គង់​លើស​ទីផ្សារ​មាន​ចំនួន​ច្រើនពេក​ ធ្វើការ​ទិញ​បន្ទប់​ការិយាល័យ​វា​ហាក់បីដូចជា​ប្រឈមមុខនឹង​ហានិភ័យ​តិច​ ស្រប​ពេល​នឹង​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​៕

លោកស្រី​ Carrie​ Lam​ ចាប់ផ្តើម​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​

ដោយ​ Donald​ Lee​

ហុង​កុងៈ​ មេដឹកនាំ​ទីក្រុង​ហុងកុង​ លោកស្រី​ Carrie​ Lam​ បាន​ប្រកាស​ពី​ការបង្កើត​បទបញ្ញត្តិ​ច្បាប់​បន្ទាន់​មួយ​ ដែល​នឹង​ផ្តល់​សិទ្ធិ​អំណាច​ដល់​រដ្ឋាភិបាល​ ក្នុង​ការអនុវត្ត​នៅ​ទូទាំង​ទីក្រុង​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ពី​ថ្ងៃសៅរ៍​នេះ​។

អំណាចច្បាប់​បន្ទាន់​ ដែល​ផ្តល់​ដល់​លោកស្រី ​Lam​ គឺ​ដើម្បី​ធ្វើ​បទបញ្ជា​ទាំងឡាយ​ណា​ដែល​លោកស្រី​គិតថា​ ក្នុង​ន័យ​ផលប្រយោជន៍​សាធារណៈ​ ស្របតាម​បទបញ្ញត្តិ​របស់​ទីក្រុង​ហុងកុង​ ដែល​បញ្ញត្តិ​តាំងពី​ឆ្នាំ១៩២២កន្លងមក​នេះ​។

ការប្រកាស​អំពី​ច្បាប់អាជ្ញាសឹក​របស់​លោកស្រី​ Carrie​ Lam​ ធ្វើឡើង​នៅពេល​ដែល​ការ​តវ៉ា​ នៅក្នុង​ទីក្រុង​បាន​ឈាន​ដល់​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត​ ចាប់តាំងពី​មានការ​តវ៉ា​កាលពី​ថ្ងៃទី​ ៣១​ ខែមីនា​កន្លងមក​នេះ​។

លោកស្រី​ Carrie​ Lam​ បាន​បញ្ជា​ឱ្យ​ហាមឃាត់​ការ​បិទបាំង​មុខ​ នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃសុក្រ​ ជា​បទបញ្ជា​ដំបូង​ក្រោម​ច្បាប់​គ្រាអាសន្ន​។

លោកស្រី​ Lam​ ឱ្យ​ដឹង​ថា​ “អ្នក​តវ៉ា​ស្ទើរតែ​ទាំងអស់​ ដែល​បាន​បំផ្លិច​បំផ្លាញ​ និង​ប្រើ​អំ​ពើ​ហឹង្សា​ដោយ​បិត​មុខ​ ក្នុង​គោលបំណង​ដើម្បី​លាក់​អត្តសញ្ញាណ​របស់​ពួកគេ​ និង​គេច​ពី​ច្បាប់​នោះ​ធ្វើ​ឱ្យ​ពួកគេ​កាន់តែ​ហ៊ាន​”។

កាល​ថ្ងៃអង្គារ​កន្លងមក​នេះ​ គឺជា​ថ្ងៃ​អាក្រក់​បំផុត​ នៃ​ការ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ ខណៈ​មានការ​បាញ់ប្រហារ​របស់​ប៉ូលី​ស ដែល​ស្ទើរតែ​ធ្វើ​ឱ្យ​និស្សិត​អាយុ១៨ឆ្នាំ​ម្នាក់​បាត់បង់ជីវិត​។

អាជ្ញាធរ​ហុងកុង​បាន​រាយការណ៍​ថា​ គ្រាប់​កាំភ្លើង​ជ័រ​ប្រហែល ៩០០គ្រាប់​ត្រូវ​បាន​បាញ់​ ដោយ​មន្រ្តី​ប៉ូលី​សកា​លពី​ថ្ងៃអង្គារ​ ខណៈ​ទីក្រុង​ប៉េកាំង​បាន​ប្រារព្ធ​ខួប​លើក​ទី៧០ដ៏​ធំ​ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ក្រុម​មន្ត្រី​ក៏បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ចំនួន១៤០០កំប៉ុង​ដើម្បី​បង្ក្រាប​បាតុករ​ផង​ដែរ​។

ក្រុម​កុប្បកម្ម​បាន​បំផ្លាញ​អគារ​រដ្ឋាភិបាល​ ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​ និង​អាជីវកម្ម​ដែល​គាំទ្រ​ដល់ទី​ក្រុង​ប៉េកាំង​ នៅ​ទូទាំង​ទីក្រុង​នៅពេល​ការ​តវ៉ា​បាន​កើតឡើង​ ពេញ​មួយ​សប្តាហ៍​។

លោកស្រី​ Lam ​បន្ថែម​ថា​ “ក្នុងនាម​ជា​មន្រ្តី​រដ្ឋាភិបាល​ ប្រកបដោយ​ការទទួលខុសត្រូវ​ យើង​មាន​កាតព្វកិច្ច​ប្រើ​គ្រប់​មធ្យោបាយ​ដែល​មាន​ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ដែល​កំពុង​កើនឡើង​ និង​ស្តារ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​នៅក្នុង​សង្គម​ឡើងវិញ​”៕

ឧកញ៉ា​សៀ​ រិទ្ធី​ ប្រាប់​ពី​គន្លឹះ​ទិញ​អចលនទ្រព្យ​កុំឱ្យ​ជាប់​គាំង​

ដោយ​​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការ​វិនិយោគ​អចលនទ្រព្យ​ដោយ​គ្មាន​ចំណេះដឹង​ និង​ព៌​តមាន​គ្រប់គ្រាន់​អាច​ប្រឈមមុខនឹង​ការ​ជាប់​គាំង​ ហេតុ​នេះ​​ការទិញ​ដើម្បី​ទទួល​បានផល​ចំណេញ​ពិតជា​មាន​សារៈសំខាន់​។ ដូច្នេះតើ​ទិញ​អចលនទ្រព្យ​បែប​ណា​ ដើម្បីកុំឲ្យ​ប្រឈមមុខនឹង​ការ​ជាប់​គាំង​?។

​លោក​ឧកញ៉ា​ សៀ​ រិទ្ធី​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ World​ Bridge​ Land​ Group ​បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី៤​ តុលា​កន្លងមក​ថា​ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​អាច​ធ្វើ​ឱ្យ​កើន​ទ្រព្យ​ច្រើន​ក្នុង​ពេល​ដ៏​ខ្លី​ ប៉ុន្តែ​វា​ក៏អាច​ធ្វើ​ឱ្យ​ជួប​ហានិភ័យ​ផង​ដែរ​ ប្រសិនបើ​ការ​វិនិយោគ​មិន​ត្រូវ​បាន​ធ្វើ​ប្រកបដោយ​ភាព​ជំនាញ​។

លោក​ឧកញ៉ា​បាន​លើក​ជាឧទាហរណ៍​ថា​ “បើជា​អ្នកទិញ​ដី​ ត្រូវតែ​ដឹង​ និង​យល់​ច្បាស់​ពី​ព័ត៌មាន​នានា​ដែល​ពាក់ព័ន្ធ​នឹង​តំបន់​ និង​គម្រោង​អភិវឌ្ឍន៍​។ ត្រូវតែ​ប្រាកដ​ថា​ ជា​ដី​ស្របច្បាប់​ មានកម្ម​សិទ្ធិ​ច្បាស់លាស់​ និង​ត្រឹមត្រូវ​ កុំ​ដី​ដែល​មាន​ជម្លោះ​ បើ​ទោះជា​តម្លៃថោក​ក៏ដោយ​”។

លោក​សៀ​ រិទ្ធី បាន​បន្ត​ទៀត​ថា​ មុននឹង​ទិញ​អ្នក​វិនិយោគ​ត្រូវតែ​សិក្សា​ និង​ស្វែង​ពី​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ថា​ តើ​នឹង​ត្រូវ​បាញ់​ឆ្ពោះទៅ​ទិស​ខាងណា​ មាន​លំហូរ​ប្រជាជន​រស់នៅ​ឬទេ​? ​មាន​គម្រោង​អភិ​វឌ្ឍ​ធំៗ​ដូចជា​គម្រោង​បុរី​ គម្រោង​សំណង់​អគារ​ពាណិជ្ជកម្ម​ ឬគម្រោង​ក្លាយជា​តំបន់ឧស្សាហកម្ម​ជាដើម​។ នៅពេល​ដែល​យើង​បានដឹង​ទាំងអស់​នេះ​ នោះ​គម្រោង​នៃ​ការ​វិនិយោគ​របស់​អ្នក​នឹង​មិន​ត្រូវ​ជួប​ភាព​បរាជ័យ​នោះ​ទេ​។

លោក​ឧកញ៉ា​បាន​ផ្តាំផ្ញើ​ថា ​“ប្រសិនបើ​អ្នក​គ្មាន​លុយ​គ្រប់គ្រាន់​ ក្នុង​ការទិញ​អចលនវត្ថុ​ ហើយ​ត្រូវ​ពឹង​ទៅលើ​កម្ចី​ពី​ធនាគារ​ត្រូវតែ​គិតថា​ ក្រោយពេល​ខ្ចី​លុយ​ធនាគារ​ទិញ​ តើ​អចលនវត្ថុ​នោះ​ អាច​ផ្តល់​ចំណូល​ជាប្រចាំ​ខែត្រ​ឡប់មកវិញ​នោះ​ទេ​ (បាន​ពី​ការជួល​) ហើយ​ប្រសិនបើ​ទទួល​បាន​ អាច​ទូទាត់​ទៅ​នឹង​ការប្រាក់​បាន​គឺ​គួរតែ​ទិញ​ ប៉ុន្តែ​ប្រសិនបើ​គ្មាន​ចំណូល​ត្រឡប់មកវិញ​ ហើយ​ខ្ចី​លុយ​ធនាគារ​ទិញទុក​ គួរតែ​កុំអី​ល្អ​ជាង​”៕

ក្រុមហ៊ុន​បរទេស​អះអាង​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​មិន​មាន​សញ្ញា​ធ្លាក់ចុះ​នោះ​ទេ​

ដោយ ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អចលនទ្រព្យ​បរទេស​ ដែល​ផ្តល់​សេវាកម្ម​លើ​ការទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា​ ពិសេស​ផ្តោត​ការ​លក់​អចលនទ្រព្យ​កម្ពុជា​នៅ​បរទេស​ បាន​អះអាង​ថា​ រហូត​មកទល់​ពេលនេះ​ ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ មិន​មាន​សញ្ញា​ថមថយ​ចុះ​នោះ​ទេ​។

លោក​ Raymond​ Choi​ ប្រធាន​ក្រុមហ៊ុន​ Prestrige​ Homes​ Cambodia ​បាន​មានប្រសាសន៍​ ក្នុង​ពិធី​តាំង​ពិព៌​ណអចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី៤​ តុលា​នេះ​ថា​ ស្ថានភាព​របស់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ មិន​មាន​សញ្ញា​ធ្លាក់ចុះ​នោះ​ទេ​ ហើយ​គម្រោង​ដែល​ធ្លាប់​ផ្អាក​សាងសង់​ បាន​បន្ត​សង់ជាថ្មី​ឡើងវិញ​ និង​ក្រៅពី​នេះ​មាន​គម្រោ​ងថ្មី​ៗមួយចំនួន​ទៀត​កំពុងតែ​មាន​ទាក់ទាញ​ការ​អភិវឌ្ឍ​ ជាបន្តបន្ទាប់​ទាំង​ការទិញ​លក់​និង​ការសាងសង់​អគារ​។

លោក​បន្ត​ថា​ “សព្វថ្ងៃ​មាន​អ្នកវិនិយោគទុន​ច្រើន​មក​ពី​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា​ ហើយ៥ឆ្នាំទៅ​មុខ​ទៀត​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅតែ​មានសន្ទុះ​លឿនទៅមុខ​ជាមួយ​ និង​ការ​រីកចម្រើន​សេដ្ឋកិច្ច​ជាតិ​”។

លោក​បន្ត​ថា​ “ប្រទេស​ចិន​ជា​ដៃគូ​រវិ​និ​យោគ​ដ៏​ធំ​របស់​កម្ពុជា​ ហើយ​ថ្វីបើ​សហរដ្ឋអាមេរិក​ និង​ចិន​កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​ក៏​ពិតមែន​ ប៉ុន្តែ​មិន​ជះឥទ្ធិពល​ខ្លាំង​ដល់​វិស័យ​អចលនទ្រព្យ​នោះ​ទេ​ គឺ​មានតែ​ការលូតលាស់​ជាបន្តបន្ទាប់​ ហើយ​អ្នក​វិនិយោគ​គួរតែ​ចាប់​ឱកាស​នេះ​ដើម្បី​វិនិយោគ​”។

តាមពិត​ទៅ​ វត្តមាន​ក្រុមហ៊ុន​ Prestrige​ Homes​ Cambodia ​មាន​វត្តមាន​នៅ​ស្ទើរតែ​គ្រប់​ព្រឹត្តិ​ការណ៍​តាំង​ពិ​ព័​ណ អោយ​តែ​ពាក់ព័ន្ធ​នឹង​អចលនទ្រព្យ​ ហើយ​ការដែល​ចូលរួម​នេះ​ដែរ​គឺ​ចង់​ពាំនាំ​នូវ​គម្រោង​ពិ​សេស​ៗ ដែល​ពួក​យើង​មាន​ ជាមួយនឹង​កា​រប​ញ្ជុះ​តម្លៃ​ពិ​សេស​ៗ ជូន​បងប្អូន​ អតិថិជន​ទាំងអស់​។

ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ (ប្រេស្ទីហ្ស៍​ ហូម​ ខេម​បូ​ឌា​) ជា​អចលន​ទ្រព្យ​ដែល​មាន​អជ្ញា​ប័ណ្ណ​ពេញលេញ​ ដោយ​ផ្តល់​នូវ​ដំណោះស្រាយ​មួយ​ដែល​ពេញចិត្ត​សម្រាប់​តម្រូវការ​អចលនទ្រព្យ​ទាំងអស់​ នៅក្នុង​ទីផ្សារ​កំពុង​លូតលាស់​យ៉ាង​ឆាប់រហ័ស​។

លោក​ Raymond​ Choi​ បាន​មានប្រសាសន៍​ថា​ ក្រុមហ៊ុន​យើង​មាន​លក្ខណៈ​ពិសេស​ដែល​គោលបំណង​ច្បាស់លាស់​ ក្នុង​ការ​ផ្តល់​នូវ​អចលនទ្រព្យ​ល្អ​ប្រសើរ​ ក៏ដូចជា​សេវាកម្ម​ដែល​គ្មាន​គូប្រជែង​ដើម្បី​ បំពេញ​នូវ​តម្រូវការ​និង​ជួយ​សន្សំសំចៃ​ពេលវេលា​ និង​ ប្រាក់​កាក​ សម្រាប់​អតិថិជន​របស់​យើង​ ដោយ​យើង​មាន​អ្នកជំនាញ​មានបទពិសោធន៍​ចម្រុះ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ទាំង​ក្នុង​ស្រុក​និង​អន្តរជាតិ​។

ក្រុមហ៊ុន​របស់​យើង​មាន​សេវាកម្ម​ ដូចជា​ ទិញ​ លក់​ ជួល​នូវ​អចលនទ្រព្យ​ដូចជា​ Condo​ , Apartment​, ដី​ បូរី​ ផ្ទះល្វែង​ អាគារ​ពាណិជ្ជកម្ម​ សណ្ធា​គារ​ ភោ​ជនីយ៍ដ្ធាន​ ក៏ដូចជា​សេវាកម្ម​គ្រប់គ្រង​អចលនទ្រព្យ​ និង​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​ជាដើម​។

ក្រុមហ៊ុន​យើង​គម្រោង​ដែល​យើង​ពាំនាំ​ជូន​ដល់​អតិថិជន​ គឺ​សុទ្ធសឹងតែ​ជា​គម្រោង​លំដាប់​អន្តរជាតិ​ ដែល​ល្អ​ប្រណិត​ ទាន់សម័យ​ បរិយាកាស​រស់នៅ​ប្រកបដោយ​ ផាសុកភាព​ និង​ វិបុលភាព​ ជាពិសេស​ យើង​នឹង​ផ្តល់់​សេវាកម្ម​ដែល​គ្មាន​គូ​ប្រៀប​នៅ​លើ​ទីផ្សារ​មួយ​នេះ​។

លោក ​Raymond​ Choi​ ក្រុមហ៊ុន​យើង​មាន​ធនធានមនុស្ស​ដែល​ឆ្លាតវៃ​ និង​ប្រកប​ដោយ​ទេពកោសល្យ​ ដែល​ផ្តល់​ជូន​អតិថិជន​នូវ​បទពិសោធន៍​អចលនទ្រព្យ​ល្អ​បំផុត​។ ពួកគាត់​ម្នា​ក់ៗ​សុទ្ធសឹង​ជា​បុគ្គលិក​ឆ្នើម​ ដែល​មាន​បទ​ពិ​សោ​ទធ៍​ជាច្រើន​ឆ្នាំ​ លើ​វិស័យ​អចលនទ្រព្យ​ជាពិសេស​នោះ​ យើង​មាន​ពីរ​ក្រុម​ធំៗ​ ដែល​ផ្តោត​លើ​អតិថិជន​ក្នុង​ប្រទេស​ និង​ក្រុម​ដែល​ផ្តោត​លើ​អតិថិជន​ក្រៅប្រទេស​។

កន្លងមក​ពួក​យើង​ធ្វើ​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ ក្នុង​ការ​លក់​ខុន​ដូ​អោយ​ម្ចាស់​គម្រោង​ ត្រឹមតែ​រយៈពេល​ខ្លី​ ។ លើស​ពីនេះ​ទៅទៀត​ យើង​មាន​មេធាវី​ផ្ទាល់​ ដើម្បី​ជួយ​សម្រួល​ដល់​ការទិញ​ លក់​ បាន​លឿន​ និង​ឆាប់រហ័ស​។ ដូចនេះ​ហើយ​ទើប​ អតិថិជន​ និង​ម្ចាស់​គម្រោង​មានទំនុក​ចិត្ត​និង​បន្ត​គាំទ្រ​នូវ​គម្រោ​ងថ្មី​ៗដែល​យើង​ណែនាំ​៕

ពិព័រណ៍​អចលនទ្រព្យ​លំ​ដាប់់​អន្តរជាតិ​នៅ​ណា​ហ្កា១​ ទទួល​បានការ​ចាប់អារម្មណ៍​ពីសា​ធា​រណៈ​ជន​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​ព្រឹត្តិ​ការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​ និង​លំនៅ​ដ្ឋាន​ប្រចាំឆ្នាំ២០១៩​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់់​ថ្ងៃទី៤​ ដល់៥តុលា​ ឆ្នាំ២០១៩​ នេះ​ ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​សាធារណៈ​ជន​ទូទៅ​ ក៏ដូចជា​បណ្តា​អ្នកជំនួញ​វិស័យ​អចលនទ្រព្យ​យ៉ាងច្រើន​ ក្រោម​ការចូលរួម​តាំង​បង្ហាញ​ ពី​គម្រោង​អភិវឌ្ឍ​ពីសំណាក់​ក្រុមហ៊ុន​ជាតិ​ អន្តរជាតិ​ប្រមាណ ៧០ក្រុមហ៊ុន​។

ក្នុងនាម​ជា​វាគ្មិន​កិត្តិយស​ ដែល​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ចែករំលែក​ចំណេះដឹង​ និង​ព័ត៌មាន​សំ​ខាន​ៗទាក់ទង​ទៅ​នឹង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ក៏ដូចជា​នៅ​តាម​បណ្តា​ប្រទេស​នានា​លើ​សាកល​ លោក​សន​ សៀប​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Key​ Real​ Estate​ បាន​មានប្រសាសន៍​ថា​ ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​ ដែល​រៀបចំឡើង​ដោយក្រុម​ហ៊ុន​ realestate.com.kh​ នេះ​មាន​អត្ថ​ប្រយោជន៍​ច្រើន​ សម្រាប់​អ្នក​ដែល​មានបំណង​ និង​កំពុង​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​។

​លោក​បាន​បញ្ជាក់​ថា​ “តាមរយៈ​កម្មវិធី​មួយ​នេះ​ បណ្តា​អ្នកចូលរួម​នឹង​បានដឹង​ពី​គម្រោង​អភិវឌ្ឍ​នានា​ ដើម្បី​ជា​ដំណឹង​ និង​ជា​ព័ត៌មាន​ ដើម្បី​ជា​ទុន​សម្រាប់​សម្រេចចិត្ត​ធ្វើការ​វិនិយោគ​”។

ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​នេះ​ មានការ​ចូលរួម​ចែករំលែក​ពី​វាគ្មិន​សំ​ខាន់​ៗជាច្រើន​ រួមមាន​ឧកញ៉ា​សៀ​ រិទ្ឋី​ លោក​បណ្ឌិ​តគីម​ ហ៊ា​ង លោក​សន​ សៀប​ លោក​ Marck​ Townson ​ប្រធាន ​CBRE​ Cambodia ​ជាដើម​។

នៅក្នុង​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​នេះ​ គេ​ឃើញ​មាន​គម្រោង​សាងសង់​សំណង់​អា​គារ​ធំៗ​ជាច្រើន​ ដូចជា​សំណង់​ខុន​ដូ​ អា​ផា​តមិន​ អគារ​ពាណិជ្ជកម្ម​ បុរី​ បណ្តុំ​លំនៅ​ដ្ឋាន​ ក៏ដូចជា​គម្រោង​ដី​ឡូ​តិ៍​ ក្រោម​ការ​បោះទុន​វិនិយោគ​ និង​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ជាតិ​ និង​អន្តរជាតិ​ មក​ពី​ពី​ប្រទេស​ចិន​ មក​ពី​ប្រទេស​ជប៉ុន​ មក​ពី​ប្រទេស​កូរ៉េ​ និង​ប្រទេស​ថៃ​ផង​ដែរ​៕

កម្ពុជា​ វៀតណាម​ចុះ​កិច្ច​ព្រមព្រៀង​ចំនួន៧ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ និង​អភិវឌ្ឍន៍​ប្រទេស​

ដោយៈ​ រ៉ា​ណេត​

វៀតណាមៈ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ និង​នាយក​រដ្ឋមន្រ្តី​វៀតណាម​ លោ​កង្វៀន​ សួន​ហ្វុ​កបាន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ចំនួន៧​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

អនុស្សារ​ណៈ​ចំនួន៧​ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ រវាង​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​កាលពី​ព្រឹកមិញ​នេះ​រួមមាន​ ទី១​ កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ផ្តល់​ជំនួយ​រវាង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងទឹក​ប្រាក់​ចំនួន​ ៣លាន​ដុល្លារ​អាមេរិក​ ដើម្បី​អនុវត្ត​គម្រោង​សាងសង់​សមាសធាតុ​មួយចំនួន​ នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សេវា​ព្យាបាល​ ដោ​យស័្ម​គ្រ​ចិត្ត​ និង​ផ្អែកលើ​សហគមន៍​ ដល់​អ្នក​ញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ​ ពីឆ្នាំ២០១៩​ ដល់​ឆ្នាំ២០២០​។

ទី២​ កិច្ច​ព្រមព្រៀង​ផ្តល់​ជំនួយ​ លើ​គម្រោង​សាងសង់​អគារ​រដ្ឋបាល​ថ្មី​ សម្រាប់​រដ្ឋសភា​កម្ពុជា​។ ទី៣​ អនុស្សារ​ណៈ​យោគយល់​​គ្នា​ទៅវិញ​ ទៅមក​ រវាង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កម្ពុជា​ និង​ក្រសួងហិរញ្ញវត្ថុ​វៀតណាម​ លើ​កិច្ច​សហប្រតិបត្តិ​ការ​ និង​ការ​ជួយគ្នា​ទៅវិញទៅមក​លើ​ការងារ​គយ​ ចុះហត្ថលេខា​ដោយ​តំណាង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ប្រទេស​ទាំងពីរ​។ ទី៤​ អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​ ការ​អភិវឌ្ឍ​ និង​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​ តាម​តំបន់​ព្រំដែន​ រវាង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ និង​ព្រះរាជាណាចក្រ​កម្ពុជា​។

ទី៥​ អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ស្តី​ពី​វឌ្ឍនភាព​លើ​ការសាងសង់​ និង​ផែនការ​ប្រគល់​-ទទួល​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​ នៅ​ខេត្ត​ត្បូងឃ្មុំ​ រវាង​ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​វៀតណាម​ និង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។ ទី៦​ អនុស្សារ​ណៈ​ នៃ​ការយោគយល់​គ្នា​ ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការជំរុញ​ពាណិជ្ជកម្ម​ រវាង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ជាមួយ​ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​វៀតណាម​។

៧ អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ រវាង​ក្រសួង​រ៉ែ​ និង​ថាមពល​របស់​កម្ពុជា​ ជាមួយ​ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​វៀតណាម​ ស្តី​ពី​សហប្រតិបត្តិ​ការ​លើ​វិស័យ​ថាមពល​អគ្គិសនី​៕

វៀតណាម​ចំណាយ ៥​,៥ពាន់​លាន​ដុល្លារ​ទិញ​រថយន្ត​នៅ​ឆ្នាំ២០១៩នេះ​

ដោយ​ Donald​ Lee​

ហូជីមិញ​៖ ក្រសួង​ឧស្សាហកម្ម​របស់​ប្រទេស​វៀតណាម​ បាន​បង្ហាញ​របាយការណ៍​ថា​ ប្រទេស​នេះ​បាន​ចំណាយ​ប្រាក់​ប្រមាណ​ ៥,៥ពាន់​លាន​ដុល្លារ​ លើ​ការនាំចូល​រថយន្ត​ និង​គ្រឿងបន្លាស់​រថយន្ត​ ក្នុងរយៈពេល ៩ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​នេះ​។

ទិន្នន័យ​របស់ក្រ​សួង​បាន​បង្ហាញថា​ រថយន្ត​ចំនួន ១០៨.៩២៩គ្រឿង​ ត្រូវ​បាន​នាំចូល​មក​ក្នុង​ប្រទេស​ ចាប់តាំងពី​ខែមករា​ឆ្នាំ២០១៩​កន្លងមក​នេះ​ ពោល​កើនឡើង​ប្រមាណ ១៦៧​,៨ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។ រថយន្ត​ដែល​នាំចូល​មានតម្លៃ
២​,៤ ពាន់​លាន​ដុល្លារ​ និង​គ្រឿងបន្លាស់​រថយន្ត​មានតម្លៃ ៣​,១ពាន់​លាន​ដុល្លារ​។

ប្រជាជន​នៅក្នុង​ប្រទេស​វៀតណាម​ ទើបតែ​ចាប់ផ្តើម​ស្រឡាញ់​ និង​ទិញ​រថយន្ត​ជិះ​ច្រើន​ នៅពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ នៅ​ជុំវិញ​ពិភពលោក​កំពុង​ប្រឈមមុខនឹង​ការ​ធ្លាក់ចុះ​។ ឧស្សាហកម្ម​ផលិត​រថយន្ត​ នៅក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​ ពោល​ធ្លាក់ចុះ១២ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ ឆ្ពោះទៅ​រក​ការ​ធ្លាក់ចុះ​នៅក្នុង​ឆ្នាំ២០១៩នេះ​។

ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​វៀតណាម​ VinFast​ បាន​ដាក់​បង្ហាញ​រថយន្ត​ដំបូង​របស់​ខ្លួន​នៅ​ខែមិថុនា​កន្លងមក​នេះ​ ដែល​យក​ពី​រោងចក្រ​ទំនើប​ចំនួន៦របស់​ខ្លួន​ នៅ​ទីក្រុង​ Haiphong​។

នាយក​រដ្ឋមន្រ្តី​វៀតណាម​ លោក​ Nguyen​ Xuan​ Phuc​ បាន​ថ្លែង​នៅក្នុង​ពិធី​មួយ​នៅ​ទីក្រុង ​Haiphong ​កាលពី​ខែមិថុនា​កន្លងមក​នេះ​ថា​ “នេះ​គឺជា​ការចូលរួម​វិភាគទាន​យ៉ាង​ធំធេង​សម្រាប់​សេដ្ឋកិច្ច​ជាតិ​”។

លោក​បាន​បន្ថែម​ថា​ “នេះ​បាន​បញ្ជាក់​ពី​គោលនយោបាយ​ របស់​បក្ស​កុម្មុយនិស្ត​វៀតណាម​ថា​ វិស័យ​ឯកជន​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​។ ខ្ញុំ​ចង់​អោយ​ក្រុមហ៊ុន​ VinFast​ ក្លា​លជាទី​ផ្សារ​ក្នុង​តំបន់​ និង​ពិភពលោក​”៕

ក្រុមហ៊ុន​ KH​ Land​ ចូលរួម​ពិព័រណ៍​អន្តរជាតិ​ និង​ផ្តល់​កាដូ​ពិសេស​ដល់​អតិថិជន​ជាមួយ​ការ​បញ្ចុះតម្លៃ​បន្ថែម​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជា​ការ​លើកទឹកចិត្ត​ដល់​បណ្តា​អតិថិជន​ទាំងអស់​ ដែល​បាន​គាំទ្រ​ និង​ជឿ​ទុកចិត្ត​មក​លើ​គម្រោង​ “ក្រុង​ថ្មី​ដី​មាស​សំរោងលើ​” ក្រុមហ៊ុន​ KH​ Land​ បាន​បង្កើត​កម្មវិធី​ពិសេស​ដោយ​ការ​បញ្ចុះតម្លៃ​ រួម​ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​ទូរទស្សន៍​ ដ៏​ទំនើប​ចំនួន​មួយ​គ្រឿង​ភ្លាម​ៗ។

អគ្គនាយក​ក្រុមហ៊ុន​ KH​ Land​ Co​,.Ltd​ ​លោក​ ថុន​ បូរ៉ា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី៤​ ខែតុលា​ ឆ្នាំ ២០១៩នេះ​ថា​ ជា​ការ​អបអរសាទរ​នៅក្នុង​ឱកាស​នៃ​ព្រឹត្តិ​ការណ៍​ពិព័រណ៍​អចលនទ្រព្យ​ និង​លំនៅ​ដ្ឋាន​ដែល​ធ្វើឡើង​រយៈពេល២ថ្ងៃ​ (ថ្ងៃទី៤​ និង​ថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០១៩​) នៅ​ណា​ហ្គាវើល​ រាជធានី​ភ្នំពេញ​ ក្រុមហ៊ុន​នឹង​ផ្តល់​ជូន​សម្រាប់​អតិថិជន ៥០នាក់​ដំបូង​ ដែល​បាន​កក់​និង​ទិញ​គម្រោង​ដី​ឡូ​តិ៍​ «ក្រុង​ថ្មី​ដី​មាស​សំរោងលើ​» នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​ រួម​ជាមួយនឹង​ទទួល​បាន​ទូរទស្សន៍​ដ៏​ទំនើប​ចំនួន​មួយ​គ្រឿង​ភ្លាម​ៗផង​ដែរ​។

​សម្រាប់​អ្នក​ដែល​បង់ប្រាក់​មុន ៨០ភា​រយ​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ចំនួន២០ភាគរយ​ ​ហើយ​សម្រាប់​អ្នក​ដែល​បង់ប្រាក់៥០ភាគរយ​មុន​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ចំនួន ១០ភាគរយ​ផង​ដែរ​។

លោក​ថុន​ បូរ៉ា​ បាន​មានប្រសាសន៍​ឲ្យដឹង​ទៀត​ថា​ គម្រោង​ក្រុង​ថ្មី​ដី​មាស​ ដែល​មាន​វិសាលភាព​ផ្ទៃដី​ចំនួន៥០ហិ​កតា​ នឹង​ត្រូវ​បែងចែក​ជា​តំបន់​តំបន់​លំនៅ​ដ្ឋាន​ តំបន់​លំ​ហែរ​កាយ​ សួនច្បារ​សាធារណៈ​ តំបន់​ទិញទំនិញ​ ហាង​កាហ្វេ​ទំនើប​ និង​ភោជនីយដ្ឋាន​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​ “ដើម្បី​ធ្វើ​ឱ្យ​ក្រុង​ថ្មី​ដី​មាស​ មាន​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​ ដែល​អាច​អូសទាញ​ចំណាប់​អារម្មណ៍​ មនុស្ស​ទូទៅ​ឱ្យ​ចូល​មកកាន់​ក្រុង​ថ្មី​មួយ​នេះ​ ខណៈ​ក្រុមហ៊ុន​បាន​ និង​កំពុងតែ​រៀបចំ​បង្កើត​ជា​តំបន់​ទេសចរណ៍​ កម្សាន្ត​សិប្បនិម្មិត​នៅ​លើ​ផ្ទៃដី​ទំហំ៣ហិ​កតា​ ដោយមាន​ជា​ផ្ទះ​បណ្តែ​កទឹក​ខ្នាត​តូច​ សម្រាប់​ស្នាក់នៅ​រយៈពេល​ពេញមួយថ្ងៃ​ប្រមាណ ១០០យូនី​ត”។

លោក​បាន​បន្ត​ទៀត​ថា​ នៅក្នុង​គម្រោង​ «ក្រុង​ថ្មី​ដី​មាស​» នេះ​ ស្ថិតនៅ​ចំ​ទីតាំង​ល្អ​ ដែល​អំណោយផល​ ពី​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ ដូចជា​នៅ​ផ្លូវ៥១​ ផ្លូវ៤១​ ជាពិសេស​ផ្លូវ​ល្បឿន​លឿន​ ដែល​កំពុង​សាងសង់​នៅពេល​បច្ចុប្បន្ន​នេះ​។ ​

ដោយឡែក​នៅក្នុង​គម្រោង​ក៏​មានការ​សាងសង់​ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ស្រប​ទៅ​នឹង​គោលការណ៍​របស់​រដ្ឋាភិបាល​ផង​ដែរ​ ដូចជា​មានការ​សាងសង់​ជា​រង្វង់​មូល​ មានផ្លូវ​បេតុង​ទំហំ ១៥ម៉ែត្រ​ តភ្ជាប់​ជាមួយ​ផ្លូវ​ធំ​របស់​រដ្ឋ​ទំហំ ៣០ម៉ែត្រ​ មាន​ដាំ​បង្គោល​ភ្លើង​កម្ពស់ ៩ម៉ែត្រ​ ដោយ​ទុកចន្លោះ​ពីគ្នា​ចម្ងាយ ៤០ម៉ែត្រ​ មាន​បណ្តាញ​បង្ហូរទឹក​កខ្វក់​ មាន​បណ្តាញ​អគ្គិសនី​ និង​ប្រព័ន្ធ​ទឹក​ស្អាត​ផង​ដែរ​។

គម្រោង​ «ក្រុង​ថ្មី​ដី​មាស​សំរោងលើ​» ក្រៅពី​មាន​បង្កើត​ជា​តំបន់​លំនៅ​ដ្ឋាន​ តំបន់​ទិញទំនិញ​ តំបន់​សួនច្បារ​សាធារណៈ​ រួម​ជាមួយនឹង​តំបន់​ទេសចរណ៍​កែច្នៃ​ ក្រុមហ៊ុន​ក៏បាន​បែងចែក​ផ្ទៃដី​មួយភាគធំ​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​ចំណូល​មធ្យម​ និង​ក្រោម​មធ្យម​ បាន​ក្លាយជា​ម្ចាស់ដី​កម្មសិទ្ធិ​ ទុក​សម្រាប់​សាងសង់​លំនៅ​ដ្ឋាន​ផង​ដែរ​ តាម​រយៈ​រូបភាព​ពុះ​ជា​ដី​ឡូ​តិ៍​ ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​តម្លៃ​សមរម្យ​ជាទីបំផុត​។

រួសរាន់​ឡើង​ នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ ដែល​មានបំណង​ចង​បាន​ដី​ធ្វើជា​កម្មសិទ្ធិ​ ឬសង់​ជា​លំនៅ​ដ្ឋាន​ស្នាក់នៅ​ ក៏ដូចជា​ទិញទុក​លក់​ដើម្បី​ទទួល​បាន​ចំណេញ​ផង​ដែរ​៕