រដ្ឋាភិបាល​កំពុង​រៀបចំផែនការ​មេក​សាង​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ និង​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​ទូទាំង​ប្រទេស

​ដោយ​ ៖ រ៉ា​ណេត

​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ និង​កំពុងតែ​ធ្វើការ​សិក្សា​លម្អិត​ទៅលើ​គម្រោង​នៃ​ការ​កសាង​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ រួម​ជាមួយ​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​តាម​បណ្តា​ខេត្ត​ ក្រុង​នានា​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដើម្បី​បញ្ចៀស​បញ្ហា​ខូចខាត​ដែល​បណ្តាល​មក​ពី​ជំនន់​ទឹកទន្លេ​ និង​ទឹកកក​ភ្លៀង​ ដោយ​យក​បញ្ហា​ប្រឈម​របស់​ខេត្ត​ព្រះសីហនុ​ធ្វើជា​គំរូ​។

ក្រៅពី​ខេត្ត​ព្រះសីហនុ​ដែល​កំពុងតែ​មាន​សភាព​សកម្ម​ទៅលើ​ការ​កសាង​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ កសាង​បណ្តាញ​រំដោះ​ទឹក​នៅ​ទូទាំង​ខេត្ត​ ដែល​គ្រោង​ចំណាយ​ថវិកា​យ៉ាង​សន្ធឹក​សន្ធាប់​រហូតដល់​ប្រមាណ៥០០លាន​ដុល្លារ​ ក្រោម​ការ​ផ្តល់​សម្បទាន​ពី​រដ្ឋាភិបាល​ចំនួន១០០លាន​ដុល្លារ​នោះ​ នៅក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀមរាប​ ក៏​កំពុងតែ​ដំណើរការ​សាងសង់​ក្រោម​ជំនួយ​មួយ​ចំណែក​ធំ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​ផង​ដែរ​។

ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​មានប្រសាសន៍​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ថា​ រដ្ឋាភិបាល​បាន​ និង​កំពុងតែ​សិក្សា​លម្អិត​ទៅលើ​គម្រោង​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹក​ និង​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ខ្វក់​ និង​ខ្ទង់ចំណាយ​ ដោយ​យក​បញ្ហា​ដែល​ធ្លាប់​កើតមាន​នៅក្នុង​ខេត្ត​ព្រះសីហនុ​ធ្វើជា​គំរូ​។

លោក​ ស៊ុន​ ចាន់​ថុល​ បាន​មានប្រសាសន៍​ថា​ “ បញ្ហា​ដែល​កើតមាន​នៅក្នុង​ខេត្ត​ព្រះសីហនុ​ វា​គឺជា​មេរៀន​ ដែល​យើង​យក​ធ្វើជា​គំរូ​។ បច្ចុប្បន្ន​នេះ​ បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​ បានឱ្យ​ខាង​មន្ត្រី​ រួម​ជាមួយនឹង​ក្រុមហ៊ុន​ជំនាញ​ធ្វើការ​សិក្សា​លម្អិត​ពី​វិធីសាស្ត្រ​ក្នុង​ការសាងសង់​ រួម​ជាមួយនឹង​ការ​ចំណាយ​ផង​ដែរ​”។

លោក​បាន​មានប្រសាសន៍​ទៀត​ថា​ “ឥឡូវនេះ​ ក្រសួង​បាន​ និង​កំពុង​បន្ត​ការសាងសង់​ និង​ថែទាំ​ផ្លូវថ្នល់​ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​នៅ​ទូទាំង​រាជធានី​ ខេត្ត​ ដែល​ក្រៅពី​ស្ថាបនា​ផ្លូវ​ថ្មី​ ពង្រីក​ និង​ជួសជុល​ផ្លូវ​ចាស់​ដែល​មានស្រាប់​ លុបបំបាត់​ផ្លូវ​ខូច​ និង​ជង្ហុក​សំបុក​មាន់​តាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​-ខេត្ត​ ព្រមទាំង​បង្កើន​សុវត្ថិភាព​ចរាចរណ៍​ជូន​អ្នកប្រើ​ប្រាស់​ផ្លូវថ្នល់​ និង​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ក្នុង​ប្រទេស​កម្ពុជា​”។ លោក​បាន​បញ្ជាក់​ថា​ តាមរយៈ​គម្រោង​ និង​ផែនការមេ​របស់​រដ្ឋាភិបាល​ អាច​ជួយ​បញ្ចៀស​បញ្ហា​ដែល​ធ្លាប់​កើតមាន​កន្លងទៅ​បាន​មួយ​ចំណែក​ធំ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថវិកា​សន្សំ​របស់​រាជរដ្ឋាភិបាល​ចំនួន​ ១០០លាន​ដុល្លារ​អាមេរិក​ សម្រាប់​ចំណាយ​ទៅលើ​ការ​ស្តារ​ និង​កសាង​ប្រព័ន្ធ​រំដោះ​ទឹក​ ក៏ដូចជា​ជួសជុល​ផ្លូវថ្នល់​ទាំង២២ខ្សែ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ដោយ​ណែនាំ​ឱ្យ​អនុវត្ត​គោលការណ៍​ «យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​» ចំពោះ​ការស្ថាបនា​ ជួសជុល​ កសាង​ផ្លូវ​ក្នុង​ក្រុង​ ផ្លូវវាង​ក្រុង​ ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ និង​ប្រព័ន្ធ​ទឹក​កង្វក់​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​។

មន្ត្រី​ជាន់ខ្ពស់​នៃ​រា​ជរ​ដ្ខា​ភិបាល​កម្ពុជា​ធ្លាប់​បានឱ្យ​ដឹង​ថា​ ការ​ចំណាយ​ថវិកា​របស់​រដ្ឋាភិបាល​ទៅលើ​ខេត្ត​ព្រះ​ស៊ី​ហនុ​នេះ​ គឺ​ដើម្បី​ឆ្លើយតប​ឲ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ តាម​សេចក្តី​ត្រូវការ​ចាំបាច់​ជាក់ស្តែង​នៅ​ខេត្ត​ព្រះសីហនុ​ និង​យន្តការ​នៃ​ការអនុវត្ត​ការងារ​ឱ្យ​បាន​ច្បាស់លាស់​ ចំពោះ​ការ​ជួសជុល​ កសាង​ផ្លូវ​ក្នុង​ក្រុង​ ផ្លូវវាង​ក្រុង​ ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ និង​ប្រព័ន្ធ​ទឹក​កង្វក់​ ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ ធានា​បាន​នូវ​ប្រសិទ្ធភាព​ការងារ​សំណង់​ប្រកបដោយ​គុណភាព​ ទាន់ពេល​វេលា​ក៏ដូចជា​តម្លៃ​នៃ​ថវិកា​៕

ទេសចរ​ចិន​ចំណាយ​លុយ​ប្រមាណ​ជាង​ ១២៧​ ពាន់​លាន​ដុល្លារ​ដើរលេង​នៅ​ក្រៅប្រទេស

​ដោយ ​វុត្ថា

​ភ្នំពេញ​៖ ទេសចរ​ចិន​បាន​ចំណាយ​លុយ​ប្រមាណ​ ១២៧,៥​ ពាន់​លាន​ដុល្លារ​អាមេរិក​ ដើរលេង​កម្សាន្ត​នៅ​ក្រៅប្រទេស​នៅ​បំណាច់​ឆមាស​ទី១​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ ។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​រដ្ឋ​ភិបាល​ចិន​នៃ​ការដោះដូរ​រូបិយប័ណ្ណ​បរទេស​ (SAFE​) ។

តំបន់​អាស៊ីទ​ទួល​ភ្ញៀវ​ទេសចរ​ចិន​បាន​ចំនួន​ ៥៤​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​។ របាយការណ៍​បាន​បង្ហាញថា​ អាមេរិក​ស្ថិតនៅ​លំដាប់​ទី​ ២ ដោយមាន​ចំនួន​ ២៤​ ភាគរយ​បន្ទាប់មក​គឺ​អឺរ៉ុប​ ១៣​ ភាគរយ​។

យោង​តាម​របាយការណ៍​ បាន​បន្ត​ថា​ ដោយសារ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​មាន​ភាពរឹងមាំ​ជាមួយ​បណ្តា​ប្រទេស​នៅ​តាម​បណ្តោយ​ខ្សែក្រវាត់​ និង​ផ្លូវ​ ប្រជាជន​ចិន​កំពុង​ចំណាយ​កាន់តែ​ច្រើន​នៅក្នុង​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​បែបនេះ​។

ទិន្នន័យ​របស់​ SAFE​ បាន​បង្ហាញ​ទៀត​ថា​ នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​ ២០១៩​ ប្រជាជន​ចិន​បាន​ចំណាយ​ប្រាក់​សរុប​ចំនួន​ ១៤,៩​ ពាន់​លាន​ដុល្លារ​នៅក្នុង​បណ្តា​ប្រទេស​ដែល​បាន​អនុវត្ត​គោលនយោបាយ​ខ្សែក្រវាត់​ និង​ផ្លូវ​របស់​ប្រទេស​ចិន​។

ទាក់ទង​នឹង​វិធី​សាស្រ្ត​នៃ​ការ​ទូទាត់​ការ​ទូទាត់​តាម​ទូរស័ព្ទ​ឃើញថា​ ទំហំ​ទេសចរណ៍​ក្នុង​ឆមាស​ទី១​ កើនឡើង​ទ្វេដង​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ខណៈ​ពេល​ដែល​កាត​ធនាគារ​នៅតែ​ជា​ទម្រង់​ទូទាត់​ដំបូង​។ការ​ដើរ​ទិញ​ឥវ៉ាន់​នៅតែ​ជាស​មាស​ធាតុ​ចម្បង​នៃ​ការប្រើ​ប្រាស់​របស់​ភ្ញៀវ​ទេសចរ​ចិន​។

នៅ​ឆមាស​ទី​ ១ នេះ​ ការ​ចំណាយ​ក្រៅ​ស្រុក​របស់​ប្រជាជន​ចិន​ក្នុង​ការទិញ​ទំនិញ​នៅតែ​ដដែល​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៨​ ។ របាយការណ៍​នេះ​ឆ្លុះបញ្ចាំង​ពី​ភាព​ប្រសើរ​ឡើង​នៃ​បរិយាកាស​ទិញទំនិញ​ក្រៅ​ស្រុក​។

យោង​តាម​អង្គការ​ទេសចរណ៍​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​ចំនួន​អ្នកដំណើរ​ទូទាំង​ពិភពលោក​នឹង​កើន​លើស​ ១,៨​ ពាន់​លាន​នាក់​នៅ​ឆ្នាំ​ ២០៣០​ ៕

ក្រសួងការងារ​អនុញ្ញាត​ឱ្យ​ជនបរទេស​អាច​ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ​កម្ពុជា​ឡើងវិញ

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ បន្ទាប់ពី​បាន​ចេញ​សេចក្ដីប្រកាស​ហាម​មិន​ឱ្យ​ជនបរទេស​ប្រកប​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ចំនួន​ ១០​ ប្រភេទ​កាលពី​មួយ​ខែមុន​ ពេលនេះ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានសម្រេច​ចេញ​សេចក្ដីប្រកាស​សាជាថ្មី​ដោយ​លុបចោល​ការ​ហាមប្រាម​ទាំងនោះ​ និង​អនុញ្ញាត​ឱ្យ​ជនបរទេស​ទាំងអស់​មាន​សិទ្ធិ​ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ​ដែល​ស្របច្បាប់​។

បន្ទាប់ពី​ចេញប្រកាស​ហាម​មិន​អនុញ្ញាត​ឱ្យ​ជនបរទេស​រកស៊ី​ ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​ ពេលនេះ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តី​ជូនដំណឹង​ថ្មី​មួយ​ អនុញ្ញាត​ឲ្យ​ជនបរទេស​ទាំងអស់​ អាច​រកស៊ី​នៅ​កម្ពុជា​បាន​ឡើងវិញ​។

សេចក្តី​ជូនដំណឹង​បាន​ចុះ​កាលពី​ថ្ងៃទី០៥​ ខែតុលា​ ឆ្នាំ២០១៩​ របស់ក្រ​សួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​បញ្ជាក់​ថា​ យោង​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ របស់​ជនបរទេស​ក្នុង​វិស័យ​សេវា​កម្ម​ផ្សេង​ៗ និង​ដើម្បី​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ រដ្ឋាភិបាល​កម្ពុជា​ បាន​អនុញ្ញាត​ឡើងវិញ​នូវ​គ្រប់​សកម្មភាព​ស្វ័យ​និ​យោជន៍​ដោយ​ជនបរទេស​។

កាលពី​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ធ្លាប់​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ដោយធ្វើ​ការ​ហាមឃាត់​សកម្មភាព​រកស៊ី​របស់​ជនបរទេស​នូវ​មុខរបរ​ និង​អាជីវកម្ម​ចំនួន១០ប្រភេទ​ រួមមាន​៖

១.អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ​ ជា​លក្ខណៈ​អាជីវកម្ម​ជាអាទិ៍​ អ្នក​បើក​ទោចក្រយាន​យន្ត​ អ្នក​បើក​ត្រីចក្រយាន​យន្ត​ អ្នក​បើក​ទោចក្រយាន​យន្ត​សណ្តោង​រ៉ឺម៉ក​ អ្នក​បើក​ម៉ូតូ​កង់​ អ្នក​បើករថយន្ត​ដឹក​អ្នកដំណើរ​ និង​ដឹកទំនិញ​

២.អ្នកលក់​ដូរ​ដោយ​មធ្យោបាយ​ថ្មើ​ជើង​ ឬយានជំនិះ​គ្រប់​ប្រភេទ​នៅ​ទី​សាធារណៈ​

៣.អ្នក​ម៉ាស្សា​ចាប់​សរសៃ​តាម​ទី​សាធារណៈ​

៤.អ្នក​កាត់សក់​ អ៊ុតសក់​ និង​ថែរក្សា​សម្ផស្ស​

ទី៥​ អ្នក​ផ្តល់​សេវាកម្ម​ដេរ​ និង​សម្អាត​ស្បែកជើង​

ទី៦​ អ្នក​កាត់ដេរ​

ទី៧​ អ្នក​ប៉ះ​កង់​ និង​ជាង​ជួសជុល​យានយន្ត​

ទី៨​ អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ​ បាត្រ​លោក​ ព្រះពុទ្ធរូប​

និង​ទី១០​ ជាងទង​ និង​ជាង​ច្នៃត្បូង​ពេជ្រ​ ៕

ចំណេះដឹង​! យល់ដឹង​ពី​នីតិវិធី​នៃ​ការនាំចេញ​ទំនិញ​ទៅក្រៅ​ប្រទេស

​ដោយ​ វុត្ថា

ភ្នំពេញ​ ៖ ការ​នាំ​ទំនិញ​ចេញពី​ប្រទេស​កម្ពុជា​ ឆ្ពោះទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នានា​នៅ​ទូទាំង​សាកល​ ត្រូវ​បាន​កំណត់​ និង​មាន​ឯកសារ​ជាច្រើន​សម្រាប់​បំពេញ​ ដែល​ជា​នីតិវិធី​មួយ​តម្រូវ​ឱ្យ​អនុវត្ត​ជាដាច់ខាត​ ដើម្បី​ធានា​ថា​ជា​ប្រភេទ​ទំនិញ​ស្របច្បាប់​ មានគុណ​ភាព​ ដែល​ទទួលស្គាល់​ពី​ស្ថាប័ន​ជំនាញ​ ។

នៅក្នុង​នីតិវិធី​នៃ​ការនាំចេញ​នេះ​ ក៏​ត្រូវ​បាន​បែងចែក​ជា​ប្រភេទ​នៃ​មធ្យោបាយ​ដឹកជញ្ជូន​ផង​ដែរ​ ដូចជា​ ការ​ដឹកជញ្ជូន​តាមផ្លូវ​គោគ​ ផ្លូវអាកាស​ និង​តាមផ្លូវទឹក​ (សមុទ្រ​ / ទន្លេ​) ។

– ផ្លូវ​សមុទ្រ​/ផ្លូវ​ទន្លេ​

នីតិវិធី​នៃ​ការនាំចេញ​ទំនិញ​ដោយ​បំពេញបែបបទ​នៅ​មាត់ច្រក​ផ្លូវ​សមុទ្រ​/ផ្លូវ​ទន្លេ​ ៖ អ្នកនាំ​ចេញ​ ឬ តំណាង​ត្រូវ​ធ្វើ​លិខិតស្នើ​សុំ​នាំចេញ​ទំនិញ​ទៅ​ប្រធាន​អង្គភាព​គយ​និង​រដ្ឋាករ​ មាត់ច្រក​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ប្រធាន​អង្គភាព​គយ​និង​រដ្ឋាករ​មាត់ច្រក​ ពិនិត្យ​លើ​ពាក្យ​ស្នើសុំ​និង​ឯកសារ​ ភ្ជាប់​ ព្រមទាំង​ចុះ​ ហត្ថលេខា​អនុញ្ញាត​ឱ្យ​នាំចេញ​តាម​សំណើ​ ប្រសិនបើ​ពុំ​មាន​ភាព​មិន​ប្រក្រតី​ក្រោយពេល​ទទួល​បានការ​អនុញ្ញាត​ឱ្យ​នាំចេញ​ អ្នកនាំ​ចេញ​ ​ឬ តំណាង​ត្រូវ​បំពេញ​នីតិវិធី​ នៃ​ការ​បំពេញ​ប្រតិវេទន៍​គយ​ ដូច​មាន​ក្នុង​នីតិវិធី​ប្រតិវេទន៍​គយ​ ។

-ការ​ងា​រស្កែន​

រាល់​ទំនិញ​នាំចេញ​តាម​កុងតឺន័រ​ទាំង​អស់​ត្រូវ​ស្កែន​ លើកលែងតែ​៖ទំនិញ​នាំចេញ​ដែល​ជា​ផលិតផល​សម្រេច​របស់​វិនិយោគិន​វិស័យ​កាត់ដេរ​ ដែល​បាន​បំពេញ​ បែបបទ​នៅ​សាខា​គយ​និង​រដ្ឋាករ​នាំចេញ​ទំនិញ​នាំចេញ​ ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​រួប​វ័ន្ត​ដោយ​មន្ត្រី​គយ​នៃ​អង្គភាព​គយ​ និង​រដ្ឋាករ​មាត់ច្រក​រួច​ នា​ពេល​ ផ្ទុក​ចូល​កុងតឺន័រ​ទំនិញ​នាំចូល​សម្រាប់​អង្គទូត​ ឬ អង្គការ​មាន​អភ័យ​ឯកសិទ្ធិ​ការទូត​ អង្គការ​អន្តរជាតិ​ អង្គការ​ក្រៅ​ រដ្ឋាភិបាល​ នានា​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី​រាជរដ្ឋាភិបាល​ទំនិញ​ដែល​ទទួលការ​អនុញ្ញាត​ដោយឡែក​ឲ្យ​រួចពី​កាតព្វកិច្ច​នេះ​ពី​ក្រសួងសេដ្ឋកិច្ច​និង​ហិ​រញ​វត្ថុ​កុងតឺន័រ​ទទេ​។

– ផ្លូវអាកាស​

ទំនិញ​នាំចេញ​ទាំងអស់​ ត្រូវ​រាយការណ៍​នៅ​ការិយាល័យ​គយ​ ឬ ទីកន្លែង​ផ្សេងទៀត​ ទៅតាម​ការកំណត់​ របស់​អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា​ ។ ​ទំនិញ​ទាំងនោះ​ ​នឹង​ត្រូវ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ទីកន្លែង​ដែល​ គ្រប់គ្រង​ដោយ​ រដ្ឋបាល​គយ​ ​; (សន្និធិ​គយ​បណ្តោះអាសន្ន​) រង់ចាំ​ បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​មុន​ នឹង​អនុញ្ញាត​យក​ទំនិញ​ចេញ​ ។ នីតិវិធី​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​អ្នកនាំ​ចេញ​ទំនិញ​ទាំងអស់​ត្រូវ​ភ្ជាប់​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​ដូច​មាន​ក្នុង​នីតិវិធី​ប្រតិវេទន៍​គយ​ ។

– ផ្លូវគោក​

នីតិវិធី​នៃ​ការនាំចេញ​ទំនិញ​ដោយ​បំពេញបែបបទ​នៅ​មាត់ច្រក​ផ្លូវគោក​ អ្នកនាំ​ចេញ​ ឬ តំណាង​ត្រូវ​ធ្វើ​លិខិតស្នើ​សុំ​នាំចេញ​ទំនិញ​ទៅ​ប្រធាន​អង្គភាព​គយ​និង​រដ្ឋាករ​ មាត់ច្រក​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ប្រធាន​អង្គភាព​គយ​និង​រដ្ឋាករ​មាត់ច្រក​ ពិនិត្យ​លើ​ពាក្យ​ស្នើសុំ​ និង​ឯកសារ​ ភ្ជាប់​ ព្រមទាំង​ចុះ​ ហត្ថលេខា​អនុញ្ញាត​ឱ្យ​នាំចេញ​តាម​សំណើ​ ប្រសិនបើ​ពុំ​មាន​ភាព​មិន​ប្រក្រតី​ក្រោយពេល​ទទួល​បានការ​អនុញ្ញាត​ឱ្យ​នាំចេញ​ អ្នកនាំ​ចេញ​ ​ឬ តំណាង​ត្រូវ​បំពេញ​នីតិវិធី​នៃ​ការ​បំពេញ​ ប្រតិវេទន៍​គយ​ ដូច​មាន​ក្នុង​នីតិវិធី​ប្រតិវេទន៍​គយ​ ៕

ពលរដ្ឋ​ហុងកុង​ផ្ទុះ​កំហឹង​ប្រឆាំង​ទៅ​នឹង​លោកស្រី​ Lam​ ដែល​ចាប់ផ្តើម​ប្រើ​ច្បាប់អាជ្ញាសឹក​

ការវិវត្តន៍​នៃ​ភាព​វឹកវរ​ចុងក្រោយ​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ហុងកុង​ដាំ​ក្បាល​ចុះ​

ដោយ​ Donald​ Lee​

ហុង​កុងៈ​ ពលរដ្ឋ​ហុងកុង​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លំា​ង ដែល​បង្ក​ឱ្យ​មាន​អំ​ពើ​ហឹង្សា​កាលពី​រាត្រី​យប់មិញ​ ប្រតិកម្ម​តប​ទៅ​មេដឹកនាំ​ហុងកុង​ លោកស្រី​ Carrie​ Lam​ ដែល​ប្រកាស​ថា​ទីក្រុង​ហុងកុង​ទាំងមូល​ នឹង​ស្ថិតនៅ​ក្រោម​ច្បាប់អាជ្ញាសឹក​ ដែល​ចាប់ផ្តើម​ពី​ថ្ងៃសៅរ៍​នេះ​។

ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ បាន​ពុះកញ្ជ្រោល​ពាសពេញ​ទីក្រុង​ នៅ​យប់​ថ្ងៃសុក្រ​ម្សិល​ម៉ិញ​នេះ​ ដោយ​បាន​បង្ក​ជា​អគ្គិភ័យ​ដល់​អាជីវកម្ម​ ដែល​គាំទ្រ​ក្រុង​ប៉េកាំង​ដោយ​បាន​គ្រវី​ស្រា​ក្រឡុក​ Molotov​ ដាក់​ប៉ូលិស​ និង​ដុត​ទង់ជាតិ​ចិន​។

យោង​តាម​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៅក្នុង​ទីក្រុង​ហុងកុង​បានឱ្យ​ដឹង​ថា​ ក្មេងប្រុស​អាយុ១៤ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​បាញ់សម្លាប់​ទាំងយប់​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ប្រតិបត្តិ​ករ​ ដឹកជញ្ជូន​សាធារណៈ​របស់​ក្រុមហ៊ុន​ MTR​ Corporation​ បានឱ្យ​ដឹង​នៅ​ថ្ងៃសៅរ៍​នេះ​ថា​ ក្រុម​អ្នក​តវ៉ា​បាន​ដុត​ស្ថានីយ​នានា​ នៅ​ទូទាំង​ទីក្រុង​ ហើយ​បាន​ដុត​បំផ្លាញ​រថភ្លើង​នៅ​ចំណុច​ ដែល​ក្រុម​អ្នក​តវ៉ា​ប្រមូល​ផ្តុំ​។ សាជីវកម្ម​គ្មាន​ជំរើស​អ្វី​ ក្រៅពី​ធ្វើការ​សម្រេចចិត្ត​ផ្អាក​សេវាកម្ម​បណ្តាញ​ទាំងមូល​ រួម​ទាំង​រថយន្ត​ធុន​ធ្ងន់​ ធុន​ស្រាល​ និង​រថយន្ដ​ក្រុង​ MTR​ ។

លោកស្រី​ Lam​ បាន​ប្រកាស​ថា​ ទីក្រុង​នេះ​ នឹង​ស្ថិតនៅ​ក្រោម​ច្បាប់​គ្រាអាសន្ន​ដែល​ចាប់ផ្តើម​ពី​ថ្ងៃសៅរ៍​នេះ​ ដែល​នឹង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ច្បាប់អាជ្ញាសឹក​ របស់​រដ្ឋាភិបាល​នៅ​ទូទាំង​ទឹក​ទីក្រុង​ ដើម្បី​រក្សា​ឱ្យ​បាន​នូវ​មាន​សណ្តាប់​ធ្លាប់​ល្អ​ឡើងវិញ​។

អំណាចច្បាប់​ដែល​ដាក់ចេញ​នូវ​ភាព​បន្ទាន់​នេះ​ បាន​ផ្តល់​ដល់​លោកស្រី ​Lam​ ដើម្បី​ធ្វើ​បទបញ្ជា​ទាំងឡាយ​ណា​ដែល​លោកស្រី​គិតថា​ ក្នុង​ន័យ​ផលប្រយោជន៍​សាធារណៈ​ ស្របតាម​បទបញ្ញត្តិ​របស់​ទីក្រុង​ហុងកុង​ ដែល​បញ្ញត្តិ​តាំងពី​ឆ្នាំ១៩២២កន្លងមក​នេះ​៕

អ្នកប្រើ​ប្រាស់​ទូរស័ព្ទចល័ត​នៅ​កម្ពុជា​មាន​ចំនួន​ជិត​ ២១លាន​គ្រឿង​

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ របាយការណ៍​ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ ក្នុង​ខែសីហា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​បាន​បង្ហាញថា​ អ្នកប្រើ​ប្រាស់​ទូរស័ព្ទចល័ត​មាន​ចំនួន ២០​,៨លាន​នាក់​ ដែល​ស្មើនឹង ១២០ភាគរយ​ ជាមួយនឹង​អ្នកប្រើ​ប្រាស់​អ៊ិ​នធឺ​ណិ​តចល័ត​ មាន​ចំនួន ១៥​,៦លាន​នាក់​ ដែល​ស្មើនឹង ៩៦​,១ភាគរយ​។

បើ​តាម​របាយការណ៍​ដដែល​បន្ត​ថា​ បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​សប៊ុ​ក គឺជា​ប្រព័ន្ធ​មួយ​ដែល​ត្រូវ​ បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ជាងគេ​នៅ​កម្ពុជា​ ក្នុងចំណោម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេងទៀត​ ដែល​មាន​អត្រា​អ្នកប្រើ​ប្រាស់​រហូតដល់
៨​,៨លាន​នាក់​ ស្មើនឹង​ ៥៤​,០២ភាគរយ​ក្នុង​ខែសីហា​ ឆ្នាំ២០១៩​។

លោក​នាង​ ម៉ៅ​ អគ្គនាយករង​ នៃ​អគ្គនាយក​ដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​មានប្រសាសន៍​ឲ្យដឹង​នៅក្នុង​សិក្ខាសាលា​ស្តី​ពី​ “សន្តិសុខ​ក្នុង​ការប្រើ​ប្រាស់​បណ្តាញ​សង្គម​ (Social​ Media​ Security​)” ​កាលពី​ថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ឱ្យ​ដឹង​ថា​ ការប្រើ​ប្រាស់​បណ្តាញ​សង្គម​នៅក្នុង​កម្ពុជា​បន្ត​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កបាន​ក្លាយជា​មធ្យោបាយ​ទំនាក់ទំនង​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​។

លោក​បន្ត​ថា​ “សព្វថ្ងៃ​នេះ​ ទាំង​រាជរដ្ឋាភិបាល​វិស័យ​ឯកជន​ និង​បុគ្គល​សាធារណៈ​នានា​ បា​នប្រើ់​ប្រាស់​ហ្វេ​សប៊ុ​ក ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ប្រជាពលរដ្ឋ​ និង​អតិថិជន​របស់​ខ្លួន​ដើម្បី​ផ្តល់​ព័ត៌មាន​ថ្មី​ៗ ក៏ដូចជា​ទទួល​បាន​ មតិយោបល់​ត្រល់​បម​កវិញ​ផង​ដែរ​”។

លោក​បន្ថែម​ថា​ សហគ្រាស​មីក្រូ​ ធុន​តូច​និង​មធ្យម​ បាន​ប្រើប្រាស់​ហ្វេ​សប៊ុ​កក្នុង​ការ​លក់ទំនិញ​ និង​ផលិតផល​របស់​ខ្លួន​ដោយ​ផ្ទាល់​ទៅកាន់​អ្នកប្រើ​ប្រាស់​ ឬក៏​ប្រើប្រាស់​ដើម្បី​ធ្វើការ​បញ្ជូន​ព័ត៌មាន​អំពី​ការផ្ទេរ​លុយកាក់​ជាដើម​។ ទោះជាយ៉ាងណា​ក៏ដោយ​ ការដែល​អ្នកប្រើ​ប្រាស់​ មិនបាន​ស្វែងយល់​អំពី​មុខងារ​របស់​ហ្វេ​សប៊ុ​ក ឱ្យ​បាន​លំអិត​នោះ​ទេ​ អ្នកប្រើ​ប្រាស់​នឹងអាច​ក្លាយ​ខ្លួន​ទៅជា​ជនរងគ្រោះ​ ដោយ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ជាក់ជា​មិនខាន​។

លោក​បញ្ជាក់​ទៀត​ថា​ តួយ៉ាង​ជាឧទាហរណ៍​កន្លង​នេះ​ ទាំង​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ បាន​ក្លាយ​ខ្លួន​ទៅជា​ជនរងគ្រោះ​ ដោយសារ​ចោរ​បច្ចេកវិទ្យា​ធ្វើការ​ជ្រៀតចូល​លួច​កាន់កាប់​គណនី​ហ្វេ​សប៊ុ​កផ្លូវការ​របស់​ខ្លួន​ ហើយដែល​មាន​ខ្លះ​អាច​ធ្វើការ​ស្រោចស្រង់​មកវិញ​ និង​មួយចំនួន​ទៀត​គឺ​មិន​អាច​សង្គ្រោះ​មកវិញ​ឡើយ​។ ចោរ​បច្ចេកវិទ្យា​អាច​ធ្វើការ​ ប្រើប្រាស់​គណនី​ដែល​លួច​បាន​ ដើម្បី​បន្លំ​បោកប្រាស់​អ្នកដទៃ​ក្នុង​គោលបំណង​ទុច្ចរិត​ណាមួយ​ដែល​មិន​អាច​ប៉ាន់ស្មាន​បាន​។

លោក​បន្ថែម​ទៀត​ថា​ ព័ត៌មាន​ក្លែងក្លាយ​ឬហៅ​ថា​ Fake​ News​ គឺជា​ប្រធានបទ​មួយទៀត​ ដែល​បាន​នឹង​កំពុង​វាយលុក​ នៅក្នុង​ហ្វេ​សប៊ុ​កនៅ​កម្ពុជា​ផង​ដែរ​។ វា​បាន​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់​ ពិបាក​បែងចែក​ថា​តើ​ព័ត៌មាន​ណា​ពិត​ ឬមិន​ពិត​ បើសិនជា​មិនបាន​ធ្វើការ​ផ្ទៀងផ្ទាត់​ប្រព័ន្ធ​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ​ ហើយ​បន្ទាប់មក​ធ្វើការ​ ចែករំលែក​បន្ត​ព័ត៌មាន​ទាំងនោះ​៕

អាមេរិក​ និង​ចិន​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មិនធ្លាប់​មាន​

ដោយ​ Donald​ Lee​

វ៉ា​ស៊ីន​តោ​នៈ​ ប្រធានាធិបតី​អាមេរិក​ លោក ​Donald​ Trump​ បាន​អះអាង​ថា​ មន្រ្តី​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចរចា​ដ៏​សំខាន់​ ដែល​អាច​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មិនធ្លាប់​មាន​។

លោក ​Trump​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​ កាលពី​ថ្ងៃសុក្រ​ម្សិល​មិនេះ​ថា​ “ឥឡូវនេះ​ យើង​ស្ថិតនៅ​ក្នុង​ដំណាក់​កាល​​ដ៏​សំខាន់​មួយ​ ទាក់ទង​នឹង​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​។ប្រសិនបើ​យើង​ធ្វើ​ នោះ​វា​នឹង​ក្លាយជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដ៏​ធំ​បំផុត​ដែល​មិនធ្លាប់​មាន​ពីមុន​មក​”។

តំណាង​ពាណិជ្ជកម្ម​មក​ពី​ប្រទេស​ចិន​ អាមេរិក​ ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ និង​ធំ​ទី២នៅ​លើ​ពិភពលោក​ គ្រោង​នឹង​ជួបគ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ដើម្បី​ពិភាក្សា​ពាណិជ្ជកម្ម​មួយទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយនេះ​។

លោក ​Trump​ បាន​បន្ត​ថា​ “ខ្ញុំ​ចាត់ទុក​ចិន​ ជា​ប្រទេស​ដែល​យើង​កំពុង​ព្យាយាម​ដោះស្រាយ​ជាមួយ​។ យើង​មានឱកាស​ល្អ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​”។

ទោះបីជា​មាន​សញ្ញា​នៃ​កំណើន​ GDP​ សកល​ធ្លាក់ចុះ​ក៏ដោយ​ ទិន្នន័យ​សេដ្ឋកិច្ច​ចុងក្រោយ​បាន​បង្ហាញថា​ សហរដ្ឋអាមេរិក​បាន​បន្ថែម​ការងារ​ចំនួន ១៣៦​,០០០កន្លែង​ និង​កាត់បន្ថយ​អត្រា​គ្មាន​ការងារ​ធ្វើ​ ឱ្យ​មានកម្រិត​ទាប​នៅក្នុង​ប្រវត្តិ​សាស្រ្ត​។

លោក​ Trump​ បាន​លើក​ឡើង​ភ្លាម​ៗនៅក្នុង​បណ្តាញ​សង្គម​ ពី​ការ​កើនឡើង​នៃ​ការងារ​សម្រាប់​ពលរដ្ឋ​អាមេរិក​ និង​ការប៉ុនប៉ង​របស់​គណបក្ស​ប្រឆាំង​អាមេរិក​ ដើម្បី​ទំលាក់​គាត់​ចេញពី​តំណែង​។

លោក​ Trump​ បាន​សរសេរ​ថា​ “ព័ត៌មាន​ទាន់​ហេតុការណ៍​ អត្រា​គ្មាន​ការងារ​ធ្វើមាន​ចំនួន ៣​,៥% ធ្លាក់ចុះ​ដល់៥០ឆ្នាំ​យ៉ាង​ទាប​” ។ អី​យ៉ាស់​! អា​មេ​រិច​ ! តោះ​ចោទប្រកាន់​ប្រធានាធិបតី​របស់​អ្នក​ (ទោះបីជា​គាត់​មិនបាន​ធ្វើអ្វី​ខុស​ក៏ដោយ​)៕

ក្រុមហ៊ុន​ចិន​ធំ​មួយ​បោះទុន​ ១៥០លាន​ដុល្លារ​សាងសង់​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​នៅ​កម្ពុជា​

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​គ្រោង​វិនិយោគ​ ទឹកប្រាក់១៥០លាន​ដុល្លារ​ ដើម្បី​កែច្នៃ​ផ្លែស្វាយ​ នៅ​ខេត្ត​ព្រះសីហនុ​ ដែល​រោងចក្រ​នេះ​នឹង​ដំណើរការ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​។

កាលពីដើម​ឆ្នាំ២០១៩​ ក្រុមហ៊ុន​ Cam​ MJ​ Agricultural​ Park​ Co​.,Ltd​ បាន​ទទួល​គោលការណ៍​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ​(CDC​) ដើម្បី​កសាង​ ” Cam​ MJ​ Agricultural​ Park​ Special​ Economic​ Zone​ ” លាតសន្ធឹង​លើ​ផ្ទៃដី​ជាង៩៩ហត​ ស្ថិតនៅ​ភូមិ​តា​នៃ​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ១៥០លាន​ដុល្លារ​ មាន​រយ:ពេល៥​ ឆ្ នាំ​(២០២០​-២០២៥​)។

លោក​ Ung​ Kim​ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ Cam​ MJ​ Agricultural​ Park​ Co​.,Ltd​ បាន​លើកឡើង​ថា​ ជា​ការ​ឆ្លើយតបទៅនឹង​យុទ្ធ​សាស្រ្ត​ចតុកោណ​ ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​ ក្រុមហ៊ុន​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៧​ ក្នុង​បំណង​បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម​ ការ​ការពារ​ផលប្រយោជន៍​របស់​កសិករ​ តាម​រយ:ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​កសិផល​ បង្កើន​តម្លៃបន្ថែម​ និង​ធ្វើការ​ប្រកួតប្រជែង​ទីផ្សារ​ក្នុង​ និង​ក្រៅប្រទេស​។ ការ​លើកឡើង​នេះ​ ធ្វើឡើង​ក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការគួរសម​របស់​លោក​ Ung​ Kim​ ជាមួយ​លោក​ វេង​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ កាលពី​រសៀល​ថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០១៩​។

លោក​បាន​បន្ត​ទៀត​ថា​ តំបន់ឧស្សាហកម្ម​នេះ​ នឹង​ប្រើជា​ប្រយោជន៍​សម្រាប់​ធ្វើ​កន្លែង​តាំងពិព័រណ៍​កសិផល​ ការ​ប្រមូល​ទិញ​ ការកែច្នៃ​ផ្លែឈើ​ត្រូពិច​ បន្លែ​ ការ​ធ្វើជំនួញ​កសិផល​ជាមួយ​ដៃគូ​ឈានមុខ​អន្តរជាតិ​ ព្រមទាំង​ជា​កន្លែង​អនុវត្ត​បច្ចេកទេស​កសិកម្ម​ ការ​ប្រមូល​ផ្តុំ​ក្រុម​ផលិត​ពូជ​ និង​ការកែច្នៃ​ជីសរីរាង្គ​។ល។ និយាយ​ជា​រួម​គឺជា​តំបន់​ពហុ​ប្រយោជន៍​បម្រើ​ឱ្យ​វិ​ស័យ​កសិ​-ឧស្សាហកម្ម​កម្ពុជា​។ ប្រសិនបើ​តំបន់​នេះ​ដំណើរការ​ល្អ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​ នោះ​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​លើឆាកអន្តរជាតិ​កាន់តែ​ច្រើនឡើង​តាម​រយ:ផលិត​ ផល​កសិផល​កែច្នៃ​នេះ​។

រដ្ឋមន្រ្តី​ក្រ​សួង​កសិ​កកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ លោ​កវេង​ សា​ខុន​បាន​សម្តែង​ការ​ស្វាគមន៍​រីករាយ​ និង​គាំទ្រ​ចំពោះ​ឆន្ទ:វិនិយោគ​រយ:ពេល​វែង​ លើ​វិស័យ​កសិកម្ម​កម្ពុជា​ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ នូវ​គោលនយោបាយ​យកចិត្ត​ទុកដាក់​ បង្កើន​តម្លៃបន្ថែម​លើ​ការផលិត​ ការកែច្នៃ​កសិផល​ឱ្យ​បាន១២ភាគរយ​ នៅ​ត្រឹម​ឆ្នាំ២០២៥​។ លោក​ក៏បាន​បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង​វិ​ស័យ​កសិ​-ឧស្សាហកម្ម​ ដែល​មាន​អាទិភាព​ចម្បង​ដូច​បាន​កំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥​-២០២៥​។ ក្រសួង​កំពុង​ទន្ទឹងរង់ចាំ​ និង​ស្វាគមន៍​ជានិច្ច​ រាល់​គម្រោង​វិនិយោគ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​ពី​ A-Z (ផលិត​ កែច្នៃ​ និង​ទីផ្សារ​) ដែល​មាន​លក្ខណ:បំពេញ​ឱ្យ​ដំណើរការ​កែច្នៃ​កសិផល​បាន​គ្រប់ជ្រុងជ្រោយ​។

លោក​រដ្ឋមន្រ្តី​បាន​បន្ថែម​ថា​ “ប្រសិនបើ​យើង​បញ្ចូល​បច្ចេកទេស​សមស្រប​មួយ​ឱ្យ​អ្នក​ផលិត​ រួម​ទាំង​មាន​សួន​កែច្នៃ​នេះ​ទៀត​ យើង​សង្ឃឹមថា​ផលិតផល​ស្វាយ​នឹង​មានតម្លៃ​បន្ថែម​ខ្ពស់​មួយ​ ហើយ​នេះ​គឺ​អ្វី​ដែល​កសិករ​យើង​រំពឹង​ទុក​”។លោក​បន្ត​ថា​ “ក្រសួង​នឹង​ផ្តល់​កិច្ចសហការ​តាម​គ្រប់រូប​ភាព​ ដើម្បី​ជួយ​សម្រួល​គ្រប់បែបយ៉ាង​ ទាំង​ឯកសារ​រដ្ឋបាល​ ច្បាប់​ និង​បច្ចេកទេស​ ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​សម្រេច​ទទួល​បាន​ជោគជ័យ​ ដើម្បី​លើកកម្ពស់​សមត្ថភាព​ផ្គត់ផ្គង់​កសិផល​កែច្នៃ​លើ​ទីផ្សារ​ក្នុង​ និង​ក្រៅប្រទេស​ ធ្វើការ​ប្រកួតប្រជែង​ ជំរុញ​ការប្រើ​ប្រាស់​ និង​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​ ស្វាយ​ បង្កើន​តម្លៃបន្ថែម​ បង្កើត​ការងារ​ បង្កើន​ចំណូល​ និង​និរន្តរភាព​សេដ្ឋកិច្ច​ជាតិ​”។

ក្រៅពី​ផលិតផល​ស្វាយ​ លោក​ក៏បាន​ប្រាប់​ឱ្យ​ក្រុមហ៊ុន​ចាប់អារម្មណ៍​ លើ​ផលិតផល​ដំឡូងមី​ ម្រេច​ ស្វាយចន្ទី​ និង​ត្រី​ទឹកសាប​ផង​ដែរ​ ដែល​សុទ្ធតែ​ជា​វត្ថុធាតុដើម​មាន​សក្តា​នុ​ពល​សម្រាប់​ធ្វើការ​កែច្នៃ​ និង​នាំចេញ​៕

កម្ពុជា​អនុ​ម័ត្រគម្រោង​វិនិយោគ​វៀតណាម​ចំនួន​ ៨៤គម្រោង​ មាន​ទឹកប្រាក់​ជាង ២,៥​ពាន់​លាន​ដុល្លារ​

ដោយ ​វុត្ថា​

វៀតណាម​៖ ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានឱ្យ​ដឹង​ថា​ គិត​ចាប់ពី​ឆ្នាំ​ ១៩៩៤​ រហូតដល់​ខែសីហា​ឆ្នាំ២០១៩​ ពោល​គឺ​មាន​រយៈពេល​ ២៥​ ឆ្នាំ​ កម្ពុជា​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន៨៤គម្រោង​ ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ជាង​ ២,៥​ ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​វិស័យ​កសិកម្ម​មាន​ចំនួន​ប្រមាណ២ភាគ៣​ នៃ​គម្រោង​វិនិយោគ​ទាំងអស់​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ថ្លែង​នៅក្នុង​សន្និសីទ​ កម្ពុជា​-វៀតណាម​ ស្ដីពី​ការ​ជម្រុ​ញវិនិយោគ​ និង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ៤ ខែតុលា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​ក្រៅពី​គម្រោង​វិនិយោគ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក៏​មាន​វត្តមាន​នៃ​ការ​វិនិយោគ​ក្រុមហ៊ុន​វៀតណាម​ក្នុង​វិស័យ​នានា​ដូចជា​ វិស័យ​ធនាគារ​ ធានារ៉ាប់រង​ សេវាកម្ម​ និង​ការ​លក់ដុំ​ លក់រាយ​ជាដើម​។

សម្តេច​តេជោ​បន្ត​ថា​ ក្នុង​វិស័យ​ពាណិជ្ជកម្ម​ សម្តេច​ពិតជា​មាន​ក្តី​មោទនភាព​ ចំពោះ​ការ​កើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​កាលពី​ឆ្នាំ២០១៨​ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​ និង​វៀតណាម​សម្រេច​បាន​ចំនួន​ប្រមាណ​ជាង៤,៧ពាន់​លាន​ដុល្លារ​អាមេរិក​គឺ​កើនឡើង​ប្រមាណ​ជា២៤​% ធៀប​នឹង​ឆ្នាំ២០១៧​។

ដោយឡែក​ក្នុងរយៈពេល​ ៦ខែ​ដើមឆ្នាំ២០១៩​ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំងពីរ​សម្រេច​បាន​ចំនួន២,៧២ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​យើង​រំពឹង​ថា​នឹង​សម្រេច​ដល់​ប្រមាណ​ជា៥ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ដំណាច់ឆ្នាំ​នេះ​។ ចំពោះ​វិស័យ​ទេសចរណ៍​វិញ​ វៀតណាម​ឈរ​នៅ​លំដាប់​លេខរៀង​ទី២នៅ​ឆ្នាំ២០១៧​ និង២០១៨​។

ក្នុងរយៈពេល៧ខែ​ នៃ​ឆ្នាំ២០១៩នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម​មក​កម្ពុជា​ មាន​ចំនួន​ប្រមាណ​ជាង៤៧ម៉ឺន​នាក់​ ដែល​តួលេខ​នេះ​មានការ​កើនឡើង​ប្រមាណ​ជា៤,៦​% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨កន្លងទៅ​។

ចំនួន​ភ្ញៀវ​ទេសចរ​ប្រទេស​ទាំងពីរ​ រំពឹង​ថា​នឹង​មាន​កំណើន​បន្ថែម​ទៀត​តាមរយៈ​ការ​ពន្លឿន​សកម្មភាព​ផ្សព្វផ្សាយ​ និង​ការ​បង្កើន​ការ​តភ្ជាប់​ក្នុងចំណោម​គោលដៅ​និង​ផលិតផល​ទេសចរណ៍​ ជាក់ស្ដែង​ជើងហោះហើរ​ត្រង់​ ភ្នំពេញ​-ដា​ណាំង​ និង​ចាប់ផ្ដើម​ដំណើរការ​នា​ពេល​ឆាប់​ៗខាងមុខនេះ​បន្ថែម​លើ​ជើងហោះហើរ​កម្ពុជា​វៀតណាម​ដែល​មានស្រាប់​ចំនួន១១២ជើង​ក្នុង​មួយ​សប្តាហ៍​។

ក្នុង​ក្របខណ្ឌ​នៃ​កិច្ច​សម្រួលការ​ដឹកជញ្ជូន​ផ្លូវគោក​និង​ឡូ​ជី​ស្ទិ​កប្រទេស​ទាំងពីរ​បាន​ឯកភាព​អនុញ្ញាត​ឲ្យ​យានយន្ត​ចំនួន៥០០គ្រឿង​ឆ្លងកាត់​តាម​ច្រកព្រំដែន​ចំនួន៩​ ហើយ​ប្រទេស​ទាំងពីរ​បាន​ និង​កំពុង​ពិភាក្សា​លើ​ការ​បន្ថែមចំនួន​យានយន្ត​និង​ជំនួញ​ច្រក​ឆ្លងកាត់​ដែរ​។

សម្ដេច​តេជោ​ ក៏​សូម​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ធ្វើការ​សិក្សា​និង​ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង​ដាក់ចេញ​នូវ​យន្តការ​ពិសេស​ដើម្បី​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម​ និង​ផ្នែក​ឡូ​ជី​ស្ទីក​នៅ​តាម​ជាយដែន​ជាពិសេស​ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយតប​ទៅនឹង​កំណើន​យ៉ា​កំហុស​នៃ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​បន្ទាប់ពី​គម្រោង​ផ្លូវ​ល្បឿន​ភ្នំពេញ​ និង​ទីក្រុង​ហូជីមិញ​ មក​ប្រសព្វគ្នា​នៅ​ច្រកព្រំដែន​អន្តរជាតិ​បាវិត​ ដែល​ជា​ចំណុច​ប្រមូលផ្ដុំ​ដ៏​សំខាន់​មួយ​នៅក្នុង​របៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​។

សម្តេច​តេជោ​ក៏បាន​ស្នើរ​អ្នក​វិនិយោគ​វៀតណាម​មក​បណ្ដាក់ទុន​វិនិយោគ​បន្ថែម​ទៀត​លើ​វិស័យ​កសិកម្ម​ វិស័យ​ទេសចរណ៍​ វិស័យ​ដឹកជញ្ជូន​ និង​ឡូ​ជី​ស្ទីក​ វិស័យ​សំណង់​ ផលិត​សម្ភារៈ​បរិ​ក្ខា​សំណង់​ និង​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​ ដែល​សុទ្ធសឹង​ជា​វិ​ស័យ​សក្កា​នុ​ពល​របស់​កម្ពុជា​ ក្នុង​គោលដៅ​ប្រែក្លាយ​កម្ពុជា​ឱ្យ​ក្លាយទៅជា​ផ្នែក​មួយ​សំខាន់​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​តំបន់​ និង​សកល​ព្រមទាំង​ពង្រឹង​ភាព​ប្រកួតប្រជែង​និង​ធ្វើឲ្យ​បរិយាកាស​ធុរកិច្ច​ និង​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​។

សម្តេច​តេជោ​ក៏បាន​មានប្រសាសន៍​អំពី​ការ​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​នៃ​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ដែល​សម្ដេច​បាន​ដឹកនាំ​កិច្ចប្រជុំ​ពីរ​ថ្ងៃ​ ទី២៩​ ខែមីនា​ឆ្នាំ២០១៩​ កន្លងទៅ​ ដែល​បាន​ផ្ដល់​ដល់​ផ្នែក​វិស័យ​ឯកជន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​និង​សំណូមពរ​ជូន​ដល់​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​និង​មាន​វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ​ និង​ដើម្បី​ធ្វើឲ្យ​វិនិយោគិន​ដែល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ កាន់តែ​មាន​ភាព​ងាយស្រួល​។

សម្ដេច​តេជោ​ បាន​ស្វាគមន៍​រាល់​ការសម្រេច​ចិត្ត​របស់​អ្នក​វិនិយោគ​ទាំងអស់​ជាពិសេស​អ្នក​វិនិយោគ​វៀតណាម​ ដែល​បាន​ជ្រើសរើស​ នឹង​មានបំណង​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​សម្ដេច​ក៏បាន​អំពាវនាវ​ដល់​ធុរជន​ និង​អ្នក​វិនិយោគ​វៀតណាម​ដែល​បាន​មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​បន្ថែម​ពី​សក្តា​នុ​ពល​ និង​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​ឬសហការ​វិនិយោគ​រួមគ្នា​ជាមួយ​អ្នក​វិនិយោគ​កម្ពុជា​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ជា​អតិបរមា​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​កម្ពុជា​និង​វៀតណាម​។

សម្ដេច​ក៏​សូម​ធានា​ជូន​ដល់​អ្នក​វិនិយោគ​គ្រប់រូប​នូវ​បរិស្ថាន​ប្រកបដោយ​អំណោយផល​ជាពិសេស​គឺ​សន្តិភាព​សន្តិសុខ​និង​ស្ថិរភាព​នយោបាយ​ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ក្របខណ្ឌ​ច្បាប់​ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព​ គណនេយ្យ​ភាព​ និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​។

នៅ​ចុងបញ្ចប់​នៃ​សន្និសីទ​នេះ​ផង​ដែរ​ ក៏​មាន​ពិធី​ចុះហត្ថលេខា​មួយ​លើ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ជាមួយ​ក្រសួងផែនការ​ និង​វិនិយោគ​វៀតណាម​ ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការ​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ​៕

ការសិក្សា​៖ ការ​លក់​រថយន្ត​ជប៉ុន​នៅ​កូរ៉េ​ខាងត្បូង​ធ្លាក់ចុះ​យ៉ាង​ខ្លំា​ង ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​

ដោយ​ Donald​ Lee

​សេអ៊ូល​៖ ប្រទេស​កូរ៉េ​ខាងត្បូង​បន្ត​ធ្វើ​ពហិការ​មិន​ទិញទំនិញ​ជប៉ុន​ និង​បាន​ធ្វើ​ឱ្យ​ការ​លក់​រថយន្ត​នៅក្នុង​ប្រទេស​ជប៉ុន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​សមាគម​រថយន្ត​កូរ៉េ​កាលពី​ពេល​ថ្មី​ៗនេះ​។

របាយការណ៍​ចេញផ្សាយ​ដោយ​សមាគម​អ្នកនាំ​ចូល​ និង​ចែកចាយ​រថយន្ត​កូរ៉េ​ (KAIDA​) កាលពី​ថ្ងៃសុក្រ​បាន​បញ្ជាក់​ថា​ ការ​លក់​រថយន្ត​របស់​ជប៉ុន​បាន​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុងរយៈពេល​ ៣ ខែ​កន្លងមក​នេះ​។

នៅ​ខែកញ្ញា​ គឺជា​ខែ​អាក្រក់​បំផុត​សម្រាប់​ការ​លក់​រថយន្ត​របស់​ជប៉ុន​ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ – ជប៉ុន​កើនឡើង​។

យោង​តាម​ KAIDA​ បានឱ្យ​ដឹង​ថា​ រថយន្ត​ជប៉ុន​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ខែកញ្ញា​កន្លងមក​នេះ​បាន​ធ្លាក់ចុះ​ ៥៩,៨​ ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ការ​លក់​រថយន្ត​របស់​ជប៉ុន​បាន​បន្ត​កាន់តែ​អាក្រក់​ទៅ​ ៗ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​កូរ៉េ​ – ជប៉ុន​បាន​កើនឡើង​នៅ​ឆ្នាំនេះ​។

ការ​លក់​រថយន្ត​របស់​ជប៉ុន​បាន​ធ្លាក់ចុះ​ ១៧,២​ ភាគរយ​ដែល​ចាប់ផ្តើម​នៅក្នុង​ខែកក្កដា​ និង​ ៥៦,៩​ ភាគរយ​នៅក្នុង​ខែសីហា​។ ការ​លក់​រថយន្ត​បាន​ជះឥទ្ធិពល​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​យ៉ាង​ខ្លាំង​ដោយសារតែ​ការ​លក់​រថយន្ត​បាន​ពង្រីក​អស់​រយៈពេល​ ៥ ឆ្នាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​រហូតដល់​ឆ្នាំ​ ២០១៨​ ។

ទន្ទឹម​នឹង​នេះ​ ការ​លក់​ នៃ​ការនាំចូល​រថយន្ត​ប្រណីត​បាន​ ២០.២០៤​ គ្រឿង​កាលពី​ខែមុន​ដែល​ជា​ការ​កើនឡើង​ ១៧.៣​ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​ KAIDA​ ។ ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​ប្រកាស​កាលពី​ ២ ខែមុន​ថា​ ប្រទេស​ទាំងពីរ​កំពុង​ធ្វើកូដកម្ម​គ្នា​ទៅវិញទៅមក​លើ​ការ​ដកចេញ​ពី​បញ្ជី​នៃ​ដៃគូ​ពាណិជ្ជកម្ម​។

បណ្តា​ប្រទេស​ជាស​មា​ជិ​កនៃ​ការចុះបញ្ជី​របស់​ប្រទេស​ទាំងពីរ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ពាណិជ្ជកម្ម​យ៉ាង​ឆាប់រហ័ស​ និង​ឆ្លងកាត់​ការ​រឹតត្បិត​តិចតួច​នៅពេល​នាំចេញ​ទំនិញ​ទៅ​ប្រទេស​នី​មួយ​ៗ។

ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ត្រូវ​បាន​ជាប់​គាំង​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​អស់​រយៈពេល​ជាច្រើន​ខែ​ជុំវិញ​បញ្ហា​មិន​គ្រប់គ្រាន់​​សម្រាប់​ឧក្រិដ្ឋ​កម្ម​សម័យ​សង្គ្រាមលោក​លើក​ទី​ ២ ដែល​បាន​ប្រព្រឹត្ត​ក្រោម​ការ​បញ្ជា​របស់​អធិរាជ​ជប៉ុន​។សេដ្ឋកិច្ច​របស់​អាស៊ី​កំពុង​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ដោយមាន​ប្រទេស​ជាច្រើន​ចាត់វិធានការ​គោលនយោបាយ​រូបិយវត្ថុ​បឋម​ដើម្បី​ការពារ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​កំពុងតែ​ធ្វើ​ឱ្យ​មានការ​ឈឺចាប់​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​វិស័យ​ផលិតកម្ម​រថយន្ត​នៅ​អាស៊ី​តាមរយៈ​ការ​រំខាន​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​។

របាយការណ៍​ឧស្សាហកម្ម​យានយន្ត​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យានយន្ត​បាន​ប៉ាន់ប្រមាណ​ថា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ឆ្នាំ​ ២០១៨​ ដល់​ ២០២៤​ នឹង​បណ្តាល​ឱ្យ​បាត់បង់​ការ​លក់​រថយន្ត​ចំនួន​ ៣៥​ លាន​គ្រឿង​ដែល​មានតម្លៃ​ ៧៦៥​ ពាន់​លាន​ដុល្លារ​ដែល​ភាគច្រើន​ដោយសារតែ​ភាព​មិន​ប្រាកដប្រជា​ផ្នែក​សេដ្ឋកិច្ច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​លក់​រថយន្ត​របស់​ប្រទេស​អាល្លឺម៉ង់​នៅ​ចិន​៕