បាតុករ​ហុងកុង​បាន​បំផ្លាញ​អាជីវកម្ម​ចិនដីគោក​ជុំវិញ​ការ​បាញ់ប្រហារ​និស្សិត​

ដោយ​ Donald​ Lee​

ហុង​កុងៈ​ ក្រុម​ប៉ាតុ​ករ​ហុងកុង​បាន​វាយកម្ទេច​ និង​ដុត​បំផ្លាញ​អាជីវកម្ម​របស់​ចិនដីគោក​កាលពី​ថ្ងៃពុធ​ ដើម្បី​ឆ្លើ​តប​ទៅ​នឹង​ការសងសឹក​ ចំពោះ​ការ​បាញ់សម្លាប់​និស្សិត​ហុងកុង​មា្នក់​កាលពី​ថ្ងៃទី១​ ខែតុលា​កន្លងមក​នេះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​បាន​រាយការណ៍​ថា​ ការ​បំផ្លិច​បំផ្លាញ​របស់​អាជីវកម្ម​របស់​ចិនដីគោក​ បាន​ចាប់ផ្តើម​នៅពេល​រាត្រី​ ហើយ​ក្រុម​អ្នក​តវ៉ា​បាន​បើកទ្វារ​ស្ថានីយ៍​រថភ្លើង​ពាសពេញ​ទីក្រុង​ និង​បាន​បាញ់ថ្នាំ​ និង​គូរ​នៅ​តាម​ជញ្ជាំង​ និង​បំផ្លាញ​ទីធ្លា​ជុំវិញ​នោះ​។

ក្រុម​បាតុករ​មួយចំនួន​ទៀត​ ក៏បាន​វាយកម្ទេច​ម៉ាស៊ីន​ដក​សាច់ប្រាក់​ ATM​ របស់​ធនាគារ​ចិន​ និង​ហាង​លក់​ទូរស័ព្ទ​យីហោ​China​ Mobile​ នៅក្នុង​សង្កាត់​ Tsuen​ Wan​។

ក្រុម​បាតុករ​ជាច្រើន​នាក់​ បាន​នាំគ្នា​ឡោមព័ទ្ធ​ និង​ជះ​ស្រះ​ក្រឡុក​ molotov​ ​ទៅ​លើ​ប៉ូលី​សនៅ​ឯទី​ស្នាក់​កា​រប៉ូ​លីស​ New​ Territories​ South​ នៅ​តំបន់​ Tai​ Wo​ Hau​ ដែល​មាន​កម្លាំង​សន្តិ​សុ​ខល​ជាច្រើន​ដោយបង្ខំ​ឱ្យ​ជម្លៀស​ចេញ​។

យោង​តាម​មន្រ្តី​មន្ទីរពេទ្យ​ Queen​ Elizabeth​ បាន​ឲ្យដឹង​ថា​ និស្សិត​អាយុ១៨ឆ្នាំ​ដែល​ត្រូវ​បាន​បាញ់សម្លាប់​ ដោយ​ប៉ូលី​សនៅ​ថ្ងៃទី១​ ខែតុលា​នោះ​ គឺ​ស្ថិតនៅ​ក្នុង​សភាព​មាន​ស្ថេរ​ភាពល្អ​៕

ក្រុមហ៊ុនចែកចាយបរិក្ខាអគ្គិសនី និងអំពូលភ្លើង LED ធំមួយបានឈានជើងចូលទីផ្សារកម្ពុជា

ដោយ​ ​៖ សុខា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Prasat​ Trading​ Co​., Ltd​ ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​បរិ​ក្ខា​អគ្គិសនី​ និង​អំពូលភ្លើង​ LED​ ទាន់សម័យ​គ្រប់​ប្រភេទ​ បាន​បើក​ការិយាល័យ​នៅ​កម្ពុជា​ដើម្បី​ចែកចាយ​ផ្តាច់​មុ​ខដោយ​ប្រ៊េន​ CityO​ ពី​ប្រទេស​កូ​រេ​ និង​ប្រទេស​អេស្ប៉ាញ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្រុមហ៊ុន​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ ជាមួយ​ក្រុមហ៊ុន​ផលិ​តធំៗ​ ដែល​ផ្តល់​ជូន​នៅ​ផលិតផល​អគ្គិសនី​ ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​ ដែល​មានគុណ​ភាព​ខ្ពស់​សំរាប់​ផ្គត់ផ្គង​ដល់​ម្ចាស់​សំណង់​ ក៏ដូចជា​ដេប៉ូ​លក់ដុំ​និង​រាយ​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រុមហ៊ុន​នេះ​ផ្តល់​ជូន​នូវ​ផលិតផល​ ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​សន្សំសំចៃ​ថាមពលអគ្គីសនី​ និង​មាន​តំលៃ​សមរម្យ​ដល់​អ្នកប្រើ​ប្រាស់​ ដែល​អាច​ជួយ​កាត់បន្ថយ​ថ្លៃដើម​នៃ​គម្រោង​សាងសង់​ និង​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ សម្រាប់​អ្នកប្រើ​ប្រាស់​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​។

ការ​ផ្គត់ផ្គង់​អំពូល​ LED​ សម្រាប់​ការប្រើ​ប្រាស់​ក្នុង​ និង​ក្រៅ​ផ្ទះ​ ផ្គត់ផ្គង់​សម្រាប់​រោងចក្រ​ សំណង់​គ្រប់​ប្រភេទ​ និង​ការ​តុបតែង​អាគារ​ ជាមួយ​និង​កុងតាក់​អគ្គិសនី​ និង​ព្រី​ភ្លើង​ទំនើប​ មាន​ច្រើន​ទំរង់​ មិន​តែប៉ុណ្ណោះ​ក្រុមហ៊ុន​យើងខ្ញុំ​ក៏​មានការ​ផ្គត់ផ្គង់​ ផ្ទាំង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ (សូ​ឡា​) ផង​ដែរ​។ ផ្តល់​ជូន​នូវ​តម្លៃ​លក់ដុំ​សម្រាប់​គ្រប់​ដេប៉ូ​ចែកចាយ​ទាំងអស់​ និង​គម្រោង​សាងសង់​ទូទៅ​ទូទាំង​ប្រទេស​៕

 

ផ្សារភាគហ៊ុន​អាមេរិក​ធ្លាក់ចុះ​ ខណៈ​រឿងអាស្រូវ​របស់​ Trump​ កើនឡើង​កាន់តែ​ខ្លាំង​

ដោយ​ Donald​ Lee​

វ៉ា​ស៊ីន​តោ​នៈ​ ផ្សារភាគហ៊ុន​អាមេរិក​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃពុធ​ ខណៈ​ប្រធានាធិបតី​អាមេរិក​លោក ​Donald​ Trump​ ចេញទៅ​ធ្វើ​បទ​អន្តរា​គម​ន៏​ជា​សាធារណៈ​ លើ​ការសាកសួរ​ពី​ការចោទប្រកាន់​របស់​សមាជិកសភា​។

ក្រុមហ៊ុន​ Dow​ Jones​ ក្រុមហ៊ុន​ S &​ P500​ និង​ ក្រុមហ៊ុន ​Nasdaq​ បាន​បិទទ្វារ​កាលពី​ថ្ងៃពុធ​ ជាមួយនឹង​ការខាតបង់​ដែល​មិនធ្លាប់​មាន​ ចាប់តាំងពី​ប្រទេស​ចិន​បាន​ប្រកាស​ពន្ធ​ប្រឆាំង​ទំនិញ​អាមេរិក​កាលពី​ថ្ងៃទី២៣​ ខែសីហា​កន្លងមក​នេះ​។

សន្ទស្សន៍​នៃ​ទីផ្សារ​ភាគហ៊ុន​ទាំងអស់​ បាន​ធ្លាក់ចុះ​ជិត២ភាគរយ​ ដែល​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​ ដោយ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃអង្គារ​។

ក្រុម​អ្នកវិភាគ​អះអាង​ថា​ ទីផ្សារ​ភាគហ៊ុន​នេះ​ បាន​ប្រតិកម្ម​ទៅ​នឹង​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​គ្រប់គ្រង​ការ​ផ្គត់ផ្គង់​ ដែល​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​នៃ​វិស័យ​ផលិតកម្ម​ក្នុងរយៈពេល​ពីរ​ខែ​ជាប់​ៗគ្នា​។

លោក​ Trump​ បាន​សរសេរ​នៅ​លើ​បណ្តាញ​ ទំនាក់ទំនង​សង្គម​ Twitter​ ថា​ ការស៊ើបអង្កេត​ និង​ការចោទប្រកាន់​ពី​សមាជិកសភា​អាមេរិក​ កំពុង​ធ្វើ​ឱ្យ​ខូច​ដល់​សេដ្ឋកិច្ច​អាមេរិក​។

លោក ​Trump​ បាន​ស្តី​បន្ទោស​ដល់​គណ​ប្រឆាំង​ គឺ​គណបក្ស​ប្រជាធិបតេយ្យ​ ហើយ​ការ​ចាប់ផ្តើម​ការស៊ើបអង្កេត​ពី​ក្រុម​សមាជិកសភា​ គឺ​ក្នុង​គោលបំណង​កម្ចាត់​គាត់​ (លោក​ Trump​) នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​ ២០២០ខាងមុខ​។

លោក​ Trump​ បាន​សរសេរ​ថា​ “គ្មាន​សមហេតុសមផល​ទាល់តែសោះ​ ចំពោះ​ការចោទប្រកាន់​នេះ​ ហើយ​គ្មាន​ទីណា​ដូច​ ដែល​នេះ​បាន​នឹង​កំពុង​ជំរុញ​ឱ្យ​ទីផ្សារ​ហ៊ុន​ធ្លាក់ចុះ​ 401​K របស់​អ្នក​” ។ លោ​កបន្ថែម​ថា​ “ប៉ុន្តែ​នោះ​ជា​អ្វី​ដែល​ពួក​ប្រជាធិបតេយ្យ​ចង់​ធ្វើ​។ ពួកគេ​សុខចិត្ត​ធ្វើបាប​ប្រទេស​ ដោយមាន​តែ​ការបោះឆ្នោត​នៅ​ឆ្នាំ២០២០​ ប៉ុណ្ណោះ​ស្ថិតនៅ​ក្នុងចិត្ត​!”៕

អបអរសាទរ​៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ជ្រើស​យក​កម្ពុជា​ធ្វើជា​ដៃគូ​សហការ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ កម្ពុជា​ត្រូវ​បាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ជ្រើសរើស​ជា​ដៃគូ​ក្នុង​ការពិភាក្សា​លើ​ការ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​ សម្រាប់​ការ​អភវ​ឌ្ឍ​ប្រកបដោយ​ចីរភាព​ គឺ​ឈរ​លើ​មូលដ្ឋាន​រឹង​មុំា​របស់​កម្ពុជា​ ដែល​មាន​គោលនយោបាយ​បើក​ចំហរ​ដ៏​ប្រសើរ​ ចំពោះ​ការ​វិនិយោគ​។

លោក​បណ្ឌិត​ Matthew​ Stephenson​ នាយក​គោលនយោបាយ​ និង​សហគមន៍​ នៃ​នាយកដ្ឋាន​វិនិយោគ​ និង​ ពាណិជ្ជកម្ម​អន្តរជាតិ​ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បានឱ្យ​ដឹង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ ពី​កិច្ច​សម្រួល​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​ប្រក​ដោយ​ចីរភាព​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ២ ខែតុលា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​ មាន​មូលហេតុ​សំ​ខាន់​ៗចំនួន៣​ ដែល​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ សម្រេច​ជ្រើសរើស​យក​កម្ពុជា​ ជា​ដៃគូ​ដូចជា​ ទី១​ កម្ពុជា​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ដ៏​ធំធេង​ ក្នុង​កា​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ក្នុង​កំណើន​គួរ​ឱ្យ​មោទ​នដែល​ជាមធ្យម​ជាង៥០​% ចាប់តាំងពី​ឆ្នាំ​ ២០០៥​ មកដល់​បច្ចុប្បន្ន​ ហើយ​វិធានការ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការសម្រេច​បាន​នូវ​ជោគជ័យ​នេះ​។

ទី២​ ខណៈ​ពេល​ដែល​កម្ពុជា​ ត្រូវការ​ការ​អភិវឌ្ឍ​ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​ប្រមាណ​ជា៧​% តាំងពី​ឆ្នាំ២០១១មក​ បទពិសោធន៍​របស់​កម្ពុជា​ ក្នុង​កា​ធ្វើ​អានុ​ភាវូបនីយកម្ម​ ការ​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​អាច​ជួយ​ប្រទេស​ផ្សេងទៀត​ ក្នុង​ការរៀនសូត្រ​ពី​ជ្រុង​សំ​ខាន់​ៗ នៃ​ការ​ភិ​វឌ្ឍ​ពាក់ព័ន្ធ​នឹង​កិច្ច​សម្រួល​វិនិយោគ​នៅ​កម្ពុជា​។

ទី៣​ កម្ពុជា​ក្រសោប​យក​នូវ​កិច្ចសហការ​ធ្វើការ​រួមគ្នា​ រវាង​រាជរដ្ឋាភិបាល​ និង​ផ្នែកឯកជន​ តាមរយៈ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​។ វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​ លើក​ទី១៨​ កាលពី​ខែមីនា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ បាន​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាងសកម្ម​ពី​រាជរដ្ឋាភិបាល​សម្រាប់​កិច្ចសហការ​គ្នា​រវាង​រដ្ឋ​ និង​ឯកជន​ក្នុង​ការ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​បន្ថែម​ទៀត​ដែល​ប្រការ​នេះ​ គឺ​ស្របគ្នា​នឹង​បេសកកម្ម​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​។

លោក​បណ្ឌិត​ Matthew​ Stephenson​ បាន​បន្ត​ថា​ លើស​ពីនេះ​ទៀត​ កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ក្នុងឋានៈជា​ភ្ញៀវ​កិត្តិយស​ នៃ​ការ​ត្រួតពិនិត្យ​ឡើងវិញ​ ជាស​កល​នូវ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ កាលពី​ខែកក្កដា​ឆ្នាំ​ ២០១៩​ កន្លងមក​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ តាមរយៈ​ការចែក​រំលែក​បទពិសោធន៍​ជាមួយ​ពិភពលោក​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​នា​ពេលនេះ​។

លោក​បន្ត​ថា​ “ឈរ​លើ​មូលដ្ឋាន​មូលដ្ឋាន​ខាងលើ​នេះ​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ និង​កម្ពុជា​ អាច​ធ្វើការ​រួមគ្នា​ដើម្បី​ចែករំលែក​នូវ​របកគំហើញ​ និង​ឧត្តមា​នុ​វត្ត​ស្តី​ពី​ការ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​ជាមួយ​ប្រទេស​ដទៃទៀត​ ក្នុង​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​ក្របខណ្ឌ​តំបន់​ដទៃទៀត​”។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​កត់សម្គាល់​ថា​ កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការ​សំ​ខាន់​ៗជាច្រើន​ ពាក់ព័ន្ធ​នឹង​ការសម្រួល​វិនិយោគ​ សំដៅ​ទាក់ទាញ​ការ​វិនិយោគ​ប្រកបដោយ​ជោគជ័យ​ ដែល​ក្នុង​នោះ​រួមមាន​ កញ្ចប់​លើកទឹកចិត្ត​ និង​ការ​ធនា​រ៉ាប់រង​វិនិយោគ​ តម្លៃ​ភាព​និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​ ការសម្រប​សម្រួល​ និង​កិច្ច​សហប្រតិបត្តិ​ការ​ ដំណោះស្រាយ​ ICT​ និង​បញ្ជរ​តែមួយ​។ល។ ​វិធាន​ទាំងនោះ​មាន​ចរិតលក្ខណៈ​ដើម​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​វេទិកា​ពិភពលោក​ បាន​រៀបចំឡើង​៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​នៃ​គម្រោង​ Olympia​ City​ បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​ជា​អាគារ​មេ​នៃ​គម្រោង ​Olympia​ City​ បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​ ដែល​​រហូត​មកទល់​ពេលនេះ​ ការសាងសង់​អាគារ​ទាំងពីរ​សម្រេច​បាន១២ជាន់​ហើយ​។

ប្រធាន​គំរោង ​Olympia​ City ​នៃ​ក្រុមហ៊ុន ​OCIC​ លោ​កម៉េ​ង ចំរើន​បាន​មានប្រសាសន៍​ឲ្យដឹង​តា​មន​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៣​ តុលា​នេះ​ថា​ ការសាងសង់​អាគារ​មេ​នៃ​មជ្ឈមណ្ឌល ​Olympia​ City ​ដែល​មាន​កំពស់​រហូតដល់៥៥ជាន់​ សម្រេច​បាន ១២ជាន់​រួចហើយ​។ ចំណែក​អាគារ​មួយទៀត​ ដែល​នឹង​ប្រើប្រាស់​ជា​សណ្ឋាគារ​ផ្កាយ៥​ កំពស់៣៨ជាន់​ក៏​សម្រេច​បាន ១០ជាន់​ផង​ដែរ​។

លោក​បន្ត​ថា​ “អាគារ​មេ​ខ្ពស់​ជាងគេ​នេះ​ នឹង​ប្រើប្រាស់​ជា​ការិយាល័យ​ប្រភេទ​ SOHO​ ដែល​មានន័យថា​ជា​លំនៅ​ដ្ឋាន​ផង​ និង​អាច​ប្រើប្រាស់​ជា​ការិយាល័យ​ធ្វើការ​ផង​”។លោក​បន្ត​ថា​ “គំរោង​នេះ​នឹង​បញ្ចប់​រយៈពេល៣៦ខែ​ខាងមុខនេះ​ ប្រសិនជា​គ្មាន​ការប្រែប្រួល​ទេ​នោះ​ ប៉ុន្តែ​ល្បឿន​នៃ​ការសាងសង់​ នឹង​ធ្វើឲ្យ​យើង​អាច​សម្រេច​បាន​តាម​ផែនការ​នេះ​”។

Olympia​ City ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ធំជាង​គេ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ដែល​បាន​និង​កំពុង​វិនិយោគ​ដោយក្រុម​ហ៊ុន​ OCIC​។

បើ​តាម​លោក​ទូច​ សំណាង​អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ផង​ដែរ​ថា​ Olympia​ City​ គ្រោង​ចំណាយ​ប្រាក់​ប្រមាណ៥០០លាន​ដុល្លារ​លើ​ផ្នែក​សំណង់​ ដែល​ទំហំ​ទឹកប្រាក់​នេះ​ មិនរាប់​បញ្ចូល​តម្លៃ​ដី​នៅ​តំបន់​នេះ​នៅឡើយ​ទេ​។

លោក​បន្ត​ថា​ “គំរោង​នេះ​ទទួល​បាន​ភាព​ជោគជ័យ​ ដោយសារ​ទីតាំង​ស្ថិតនៅ​កណ្តាល​ក្រុងភ្នំពេញ​ ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ ពិសេស​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​ធ្វើឡើង​ ស្របតាម​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​តាម​ស្តង់​ដា​បៃតង​ និង​គិត​គូ​ដល់​បរិស្ថាន​”។ លោក​បន្ត​ថា​ “គំរោង​នេះ​ជា​គំរោង​ប្រើប្រាស់​ចម្រុះ​ វា​ប្រៀប​ដូចជា​ទីក្រុង​មួយ​ដែល​មាន​អ្វី​ៗសព្វបែបយ៉ាង​នៅ​ទីនេះ​ រាប់ទាំង​លំនៅ​ដ្ឋាន​ ផ្សារ​ទំនើប​ កន្លែង​ហាត់​ប្រាក់​ អាងហែលទឹក​ ក្លឹប​កំសាន្ត​ជាដើម​”៕

ក្រុមហ៊ុន​វិនិយោគ​សិង្ហ​បុ​រី​ធំៗ​ចំនួន១៩​ មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមហ៊ុន​ធុរកិច្ច​សិង្ហបុរី​ចំនួន១៩​ ដែល​ដឹកនាំ​ដោយ​ លោក​ Mike​ Lee​ អនុប្រធាន​ទទួលបន្ទុក​ការងារ​អាស៊ាន​ នៃ​ក្រុមហ៊ុន​ Global​ Business​ Division​ និង​មានការ​ចូលរួម​អមដំណើរ​ពី​ក្រុម​មន្ត្រី​ស្ថានទូត​សិង្ហបុរី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ស្វែងយល់​អំពី​ឱកាស​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​នៅ​កម្ពុជា​។

លោក​ Mike​ Lee​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ នៅ​ពី​ថ្ងៃទី​ ២ ខែតុលា​ម្សិលមិញ​នេះ​ បានឱ្យ​ដឹងពី​គោលបំណង​ គំនិត​ និង​បញ្ហា​អាទិភាព​របស់​ក្រុមហ៊ុន​នេះ​ និង​បាន​សម្តែង​ចំណាប់​អារម្មណ៍​របស់​ខ្លួន​នៅក្នុង​ការពិចារណា​លើ​ឱកាស​ថ្មី​នៃ​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។

លោក​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​ បាន​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​សិង្ហបុរី​ ដែល​មានបំណង​ចង់​វិនិយោគ​លើ​វិស័យ​ផ្លូវថ្នល់​ ផ្លូវ​ល្បឿន​លឿន​ និង​ផ្លូវដែក​ ដោយ​ផ្អែកលើ​គោលការណ៍​ កសាង​ ប្រតិបត្តិ​ ផ្ទេរ​ (BOT​) និង​បាន​សម្តែង​ការ​គាំទ្រ​ និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ដើម្បី​ស្វាគមន៍​ និង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​សិង្ហបុរី​ ដទៃទៀត​ដែល​មានបំណង​មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។

លោក​ទេស​រដ្ឋមន្រ្តី​ បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​គោលការណ៍​អាទិភាព​ នៃ​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​រួមមាន​៖ ទឹក​ ផ្លូវ​ ភ្លើង​ និង​ធនធានមនុស្ស​ ការ​អភិវឌ្ឍ​បណ្តាញ​ផ្លូវថ្នល់​នៅ​កម្ពុជា​ ដើម្បី​ បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ ការពង្រីក​ និង​លើកកម្ពស់​គុណភាព​បណ្តាញ​ផ្លូវថ្នល់​ពី២គន្លង​ទៅ៤គន្លង​ និង​ពី​ផ្លូវ​ DBST​ ទៅ​ផ្លូវ​កៅស៊ូ​បេតុង​ (AC​) គម្រោង​កំពុង​ដំណើរការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុង​ព្រះសីហនុ​ និង​ការ​តភ្ជាប់​ផ្លូវដែក​កម្ពុជា​ ជាមួយ​ប្រទេសជិតខាង​។

ជាមួយគ្នា​នេះ​ផង​ដែរ​ លោក​ទេស​រដ្ឋមន្ត្រី​ បាន​លើកឡើង​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការស្វែងរក​ដៃគូ​ អភិវឌ្ឍ​ផ្លូវដែក​ពី​ភ្នំពេញ​ ទៅ​វៀតណាម​ ការប្រើ​ប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​សាធារណៈ​ កាន់តែ​មាន​ភាព​ងាយស្រួល​ និង​លឿន​ជាង​មុន​ ក្នុង​នោះ​រួមមាន​៖ការចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ​ ការប្រើ​ប្រាស់​ QR​ Code​ លើ​ផ្លាក​លេខ​យានយន្ត​ បណ្ណ​សម្គាល់​យានយន្ត​ និង​លើ​បណ្ណ​បើកបរ​ ដើម្បី​កាត់បន្ថយ​ការ​ក្លែងបន្លំ​ និង​ការប្រើ​ប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ​ (ROAD​ CARE​ Mobile​ App​) ដែល​អាច​ឱ្យ​ ប្រជាពលរដ្ឋ​ថតរូប​ភាព​ផ្លូវ​ខូច​ ផ្ញើ​ទៅកាន់​ក្រុមការងារ​ជួសជុល​ ដើម្បី​ចុះ​មក​ជួសជុល​បាន​ទាន់ពេល​វេលា​។

លោក​ ទេស​រដ្ឋមន្ត្រី​ឱ្យ​ដឹង​បន្ត​ថា​ រាជរដ្ឋាភិបាល​កំពុង​សិក្សា​គម្រោង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​រថភ្លើង​ស្វ័យប្រវត្តិ​ (AGT​) និង​ Monorail​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​៕

លោក​ថោង​ ខុន​ ៖ កម្ពុជា​កំពុង​កែសម្រួល​យុទ្ធសាស្ត្រ​ថ្មី​ ដើម្បី​ទាក់ទាញ​ទេសចរ​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ បានឱ្យ​ដឹង​ថា​ «ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​» ដែល​មាន​ក្រសួងទេសចរណ៍​ជា​ប្រធាន​ បាន​ និង​កំពុង​រៀបចំផែនការ​យុទ្ធ​សា​ស្ត្រថ្មីៗ​ ក្នុង​ការ​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ ខណៈ​គោលដៅ​ទេសចរណ៍​មួយចំនួន​បាន​និង​កំពុង​មានការ​ប្រែប្រួល​ ក្នុង​ដំណាក់កាល​កើតមាន​សង្គ្រាម​ពាណិជ្ជកម្ម​។

ការ​លើកឡើង​ខាងលើ​នេះ​ ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី០២​ ខែតុលា​ ឆ្នាំ២០១៩នេះ​ ម្សិលមិញ​នេះ​ ដោយក្រុម​ប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ បាន​កោះ​ប្រជុំ​សមាជិក​របស់​ខ្លួន​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ ក្នុងនាម​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នេះ​។

លោក​ ថោង​ ខុន​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ ក្រោយ​ការ​អនុម័ត​លើ​លក្ខន្តិកៈ​ និង​បទបញ្ជា​ផ្ទៃក្នុង​រួចហើយ​ នឹង​បន្ត​ពិភាក្សា​គ្នា​លើ​ការរៀបចំ​យុទ្ធសាស្ត្រ​ទី​ផ្សា​រថ្មីៗ​ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ​ឱ្យ​បាន​ល្អ​ប្រសើរ​ ខណៈ​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​វិ​ប្ប​ត្តិ​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​បង្កឡើង​ដោយ​សហរដ្ឋអាមេរិក​ និង​មហាយក្ស​ចិន​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ វិ​ប្ប​ត្តិ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​បាន​បណ្ដាល​ឱ្យ​គោលដៅ​ទីផ្សារ​ទេសចរណ៍​មួយចំនួន​មានការ​ប្រែប្រួល​ ហើយ​កម្ពុជា​ត្រូវ​ខិតខំ​តោង​ស្រវា​ចាប់​យក​ទីផ្សារ​ ឬគោលដៅ​ទេសចរណ៍​ណា​ដែល​មាន​សក្តា​នុ​ពល​ ពោល​គឺ​ត្រូវ​រៀបចំ​ទាំង​យុទ្ធសាស្ត្រ​ មធ្យោបាយ​ និង​ថវិកា​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទៅកាន់​គោលដៅ​សំ​ខាន់​ៗ សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​ឱ្យ​បាន​ច្រើន​ និង​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​។

សម្រាប់​ទីផ្សារ​ទេសចរណ៍​ចិន​ កម្ពុជា​កាន់តែ​ត្រូវ​ពង្រឹង​ថែមទៀត​ ព្រោះថា​ ចិន​ជាទី​ផ្សារ​ទេសចរណ៍​លើស​កល​លោក​ដ៏​ធំ​ តែ​ត្រូវតែ​ចូល​ជ្រៅ​ទៅ​គោលដៅ​សំខាន់​ណា​ដែល​មាន​សក្តា​នុ​ពល​ ហើយដែល​កម្ពុជា​ត្រូវ​រៀបចំ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ល្អ​នៅ​ទីនោះ​ ក៏​ដូចគ្នា​ទៅ​នឹង​ទីផ្សារ​ក្នុង​អាស៊ាន​ អាស៊ី​ អឺរ៉ុប​ អាមេរិក​ផង​ដែរ​ ដោយ​ត្រូវ​ធ្វើ​ឱ្យ​ចំ​គោលដៅ​ និង​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ​ រូបភាព​ ថវិកា​ឱ្យ​មានប្រសិទ្ធភាព​។

ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ បាន​ពិភាក្សា​លម្អិត​លើ​ចំណុច​សំ​ខាន់​ៗចំនួន​ ៣ រួមមាន​៖ទី១​. លក្ខន្តិកៈ​របស់​ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។ទី២​. បទបញ្ជា​ផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។

ទី៣​. សេចក្ដីសម្រេច​ស្ដីពី​ការបង្កើត​ក្រុមការងារ​ជំនាញ​ចំនួន​ ៥ក្រុម​ មាន​ក្រុមការងារ​ជំនាញ​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស​ ក្រុមការងារ​ជំនាញ​រៀបចំ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​អន្តរជាតិ​ក្នុង​ស្រុក​ ក្រុមការងារ​ជំនាញ​រៀបចំ​ផលិតកម្ម​ បោះ​ពុម្ភ​ផ្សាយ​ទេសចរណ៍​ និង​ឌីជីថល​ ក្រុមការងារ​ជំនាញ​រៀបចំ​ដំ​ណើរ​ទស្ស​កិច្ចសិក្សា​ (Fam​ Trip​) និង​ក្រុមការងារ​ជំនាញ​រៀបចំ​ស្ថាន​តំណាង​ទេសចរណ៍​ក្រៅប្រទេស​ ព្រមទាំង​ការបង្កើត​លេខាធិការ​ដ្ឋាន​នៃ​ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​កម្ពុជា​៕

កម្ពុជា​ចាប់ផ្តើម​ដាក់ចេញ​គោលនយោបាយ​ថ្មី​ក្នុង​យុទ្ធសាស្ត្រ​ពង្រឹង​ខាងក្នុង​ ពង្រីក​ខាងក្រៅ​ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ផ្តើម​ចេញពី​ការសម្រប​សម្រួល​ និង​បើកទូលាយ​លើ​កិច្ច​ទំនាក់ទំនង​រវាង​បណ្តា​ប្រទេសជិតខាង​ ដើម្បី​ជំរុញ​និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ និង​រីកចម្រើន​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​នូវ​វចនា​ចំនួន២​ (ពង្រឹង​ខាងក្នុង​ និង​ពង្រីក​ខាងក្រៅ​) ក្នុង​គោលបំណង​ទទួល​បាន​ឱកាស​ទីផ្សារ​ នៅក្នុង​សហភាព​អឺរ៉ុប​ និង​នៅ​តាម​ទីផ្សារ​តាម​បណ្តា​ប្រទេស​នានា​ផង​ដែរ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មានប្រសាសន៍​កាល​ព្រឹក​ថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ គិត​ត្រឹម​ដើមខែ​តុលា​នេះ​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​បណ្តា​ប្រទេសជិតខាង​ រួមមាន​ប្រទេស​ថៃ​ វៀតណាម​ និង​ឡាវ​ គឺ​បន្ត​មាន​ភាពល្អ​ប្រសើរ​។

សម្ដេច​បាន​បញ្ជាក់​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ប្រទេស​វៀតណាម​ មាន​ចំនួន​ប្រមាណ ៤០០០លាន​ដុល្លារ​ ហើយ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ជាមួយ​ប្រទេស​ឡាវ​ រួម​នឹង​ប្រទេស​ថៃ​មាន​ទំហំ​ប្រមាណ ៧០០០លាន​ដុល្លារ​ ក្នុង​នោះ​ប្រទេស​ឡាវ​មាន​ភាគរយ​តិច​ជាងគេ​។

ជាមួយគ្នា​នេះ​ សម្តេច​បាន​លើកឡើង​ ពី​គម្រោង​អភិវឌ្ឍ​តាម​តំបន់​ព្រំ​កម្ពុជា​ ជាមួយ​បណ្តា​ប្រទេស​ ដែល​នៅ​ជាប់គ្នា​ជា​ព្រំដែន​សន្តិភាព​ និង​សហប្រតិបត្តិ​ការ​ជាមួយគ្នា​ ដែល​អាច​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ ក៏ដូចជា​អ្នក​វិនិយោគ​ធ្វើជំនួញ​ លើ​គ្រប់​វិស័យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​។ បន្ថែម​ពីនេះ​ ក៏​មានការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ព្រំដែន​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ដឹកជញ្ជូន​ និង​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​មានប្រសាសន៍​បង្ហាញ​ពី​ក្ដី​សាទរ​ ចំពោះ​ការសម្រេច​បាន​លទ្ធផល​ល្អ​ ក្នុង​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ផង​ដែរ​។

លោក​ឧកញ៉ា​បាន​លើកឡើង​ថា​ “ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ តែង​មានការ​កើនឡើង​ជាលំដាប់​ ជាពិសេស​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ​ និង​វៀតណាម​ ដោយសារតែ​ប្រទេស​ទាំង២នេះ​ស្ថិតនៅ​ជាប់គ្នា​ ហើយ​របៀបរបប​នៃ​ការរស់នៅ​ ក៏ដូចជា​តម្រូវការ​ការប្រើ​ប្រាស់​សម្ភារៈ​ និង​ចំណីអាហារ​មាន​លក្ខណៈ​ស្រដៀងគ្នា​”។

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ចំពោះ​ប្រទេស​ឡាវ​ គឺ​មាន​ទំហំ​ពាណិជ្ជកម្ម​តូចជាង​គេ​បន្តិច​ ដោយសារតែ​ប្រទេស​មួយ​នេះ​ ភាគច្រើន​មានការ​ផ្គត់ផ្គង់​ តែ​លើ​សម្ភារៈ​បរិ​ក្ខា​អគ្គិសនី​ និង​ប្រភព​ថាមពល​តែប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង២នឹង​រក​វិធានការ​ ក៏ដូចជា​វិធីសាស្ត្រ​ ធ្វើ​យ៉ាង​ឱ្យ​មានការ​កើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ដូច​ប្រទេស​ដទៃទៀត​។

លោក​ឧកញ៉ា​លឹម​ ហេង​ បាន​បន្ត​ថា​ មិនមែន​មានតែ​ប្រទេស​ ដែល​ស្ថិតនៅ​ក្នុង​អាស៊ាន​ទាំង ១០ប្រទេស​នេះ​ទេ​ រដ្ឋាភិបាល​បាន​ធ្វើការ​កំណែទម្រង់​ផ្ទៃក្នុង​ស៊ីជម្រៅ​ ជាពិសេស​បាន​អនុវត្ត​នូវ​វចនា​ចំនួន២សំ​ខាន់​ៗ (ពង្រឹង​ខាងក្នុង​ ពង្រីក​ខាងក្រៅ​) ដែល​ជា​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​កម្ពុជា​ ទៅកាន់​ទីផ្សារ​សភាព​អឺរ៉ុប​ ក៏ដូចជា​ទីផ្សារ​អន្តរជាតិ​។

​លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​“នៅក្នុង​ផែនការ​ និង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​នេះ​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ ព្រមទាំង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ ដើម្បី​អាច​សម្រេច​បាន​ផែនការ​ដែល​បាន​កំណត់​”៕

លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​៖ កម្ពុជា​គួរ​មានច្បាប់​រៀបចំ​ដែនដី​មួយ​បន្ថែម​ទៀត​

ដោយ​រ៉ា​ ណេត​

ភ្នំ​ពេញៈ​ លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែង​ថា​ កម្ពុជា​គួរតែ​មានច្បាប់​រៀបចំ​ដែនដី​ បន្ថែម​មួយទៀត​ ដោយមាន​កិច្ចសហការ​ពី​ភាគី​ជប៉ុន​ ដើម្បីឲ្យ​ដំណើរការ​ទទួល​បាន​លទ្ធផល​ល្អ​។


|
ក្នុង​ជំនួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​ជប៉ុន​ថ្មី​លោក​ MIKAMI​ MA​ SAHARO ​កាលពី​សប្តាហ៍​មុន​នេះ​ លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​បាន​ថ្លែង​ថា​ ចំពោះ​បញ្ហា​សូរិ​យោ​ដី​គឺ​កន្លងមក​ក្រសួង​មានការ​ជួយ​គាំទ្រ​ ពី​ក្រុមការងារ​ជំនាញ​របស់​ជប៉ុន​ ដូច្នេះ​ក្រសួង​នឹង​បន្ត​ជំរុញ​ការងារ​នេះ​បន្ថែម​ទៀត​ ដើម្បីឲ្យ​ដំណើរការ​ទទួល​បានផល​ផ្លែផ្កា​។

ជាមួយគ្នា​នេះ​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​បាន​បញ្ជាក់ឲ្យដឹង​ផង​ដែរ​ថា​ ច្បាប់​សូរិ​យោ​ដី​ឆ្នាំ២០០១ត្រូវ​ តែ​ធ្វើ​វិសោធនកម្ម​មាត្រា​ខ្លះ​ ឱ្យ​បាន​សមស្រប​ជាមួយ​ក្រមរ​ដ្ឋ​ប្ប​វេណី​ ដូច្នេះ​កិច្ចការ​នេះ​ ក៏​ជា​ដំណើរការ​មួយ​ ដែល​ត្រូវ​ស្នើសុំ​ឲ្យ​មានការ​គាំទ្រ​ពី​ខាង​ភាគី​ជប៉ុន​នា​ពេល​ខាងមុខនេះ​ផង​ដែរ​។

ទាក់ទង​នឹង​បញ្ហា​នៅ​ឯខេត្ត​ព្រះសីហនុ​វិញ​ លោក​ឧបនាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​ជំរាប​សម​ភាគី​ជប៉ុន​ថា​ ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់​ក្នុង​ក្រុង​ គឺ​ស្ទើ​ខូចខាត​ស្ទើរតែ ៩០ភាគរយ​ ដោយសារតែ​ខ្វះ​ការថែទាំ​ ហើយ​បច្ចុប្បន្ន​ លោក​បាន​និង​កំពុង​ដំណើរការ​រៀបចំ​ឯកសារ​និង​ចាប់ផ្ដើម​ការងារ​ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​ ដូច្នេះ​ក៏​ស្នើសុំ​ឲ្យ​មាន​កិច្ចសហការ​ពី​ភាគី​ជប៉ុន​ផង​ដែរ​ដើម្បី​ជំរុញ​ការងារ​នេះ​ឲ្យបាន​សម្រេចជោគជ័យ​។

ក្នុង​ជំនួប​នេះ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ បាន​ចូលរួម​អបអរសាទរ​ ចំពោះ​លោក​ MIKAMI​ MA​ SAHARO​ ដែល​ត្រូវ​បាន​តែងតាំង​ជា​អគ្គរាជទូត​ថ្មី​របស់​ជប៉ុន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​អនុ​វត្ត​យ៉ាងសកម្ម​នូវ​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ ចតុកោណ​ដំណាក់កាល​ទី៤របស់​ខ្លួន​ ការ​ជាមួយនឹង​ស្ថេរ​ភាព​នយោបាយ​ និង​ការអភិវឌ្ឍន៍​ដែល​កម្ពុជា​មាន​សព្វថ្ងៃ​នេះ​ ក៏​មិន​អាច​កាត់ផ្ដាច់​ចេញពី​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ផង​ដែរ​។

​ឧបនាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​ “ភាព​សុខដុមរមនា​ជាមួយនឹង​ GDP ​ក្នុង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ នេះ​ហើយ​បាន​ធ្វើឲ្យ​កម្ពុជា​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ ៧%ជា​រៀងរាល់​ឆ្នាំ​”។ ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ បាន​សំណូមពរ​ ដល់​អគ្គរាជទូត​ជប៉ុន​ដែល​ទើប​តែងតាំង​ថ្មី​ថា​ បច្ចុប្បន្ន​ច្បាប់​សំណង់​គឺ​ស្ទើរតែ​បានសម្រេច​ជោគជ័យ​ ១០០​%ដែរ​គ្រោង​នឹង​ចូលជាធរមាន​នា​ពេល​ឆាប់​ៗខាងមុខនេះ​ហើយ​ ដូច្នេះ​ដើម្បីឲ្យ​ច្បាប់​សំណង់​កាន់តែ​ល្អ​និង​មានប្រសិទ្ធភាព​។

​ជា​ការ​ឆ្លើយតប​ឯកឧត្តម​ MIKAMI​ MA​ SAHARO​ អគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​កម្ពុជា​បាន​បង្ហាញ​ពី​ក្ដី​រីករាយ​ ដែល​បាន​ធ្វើការ​ជាមួយ​កម្ពុជា​ ដែល​ជា​ប្រទេស​មួយ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ជប៉ុន​។ លោក​បាន​កោតសរសើរ​ដល់​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្តារ​ និង​អភិវឌ្ឍន៍​ប្រទេស​រហូត​មកទល់​សព្វថ្ងៃ​។ ជប៉ុន​កំពុងតែ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​ផ្នែក​ផ្សេង​ៗ ចំពោះ​ការ​កសាង​ឡើងវិញ​ នូវ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក្នុង​នោះ​មាន​ផ្នែក​នយោបាយ​ សេដ្ឋកិច្ច​និង​វប្បធម៌​ជាដើម​ ។

លោក​អគ្គរាជទូត​ជប៉ុន​ថ្ម​បាន​បញ្ជាក់​ថា​ ជប៉ុន​និង​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា​ ក៏ដូចជា​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​របស់​កម្ពុជា​ផង​ដែរ​ ។ ចំពោះ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ នៅ​តំបន់ឆ្នេរ​ឯកឧត្តម​ឧបនាយក​ជា​ សុ​ផា​រ៉ា​ បាន​លើកឡើង​នោះ​ ភាគ​គី​ជប៉ុន​នឹង​យក​ទៅ​ពិចារណា​ ជាមួយ​ក្រសួង​ដែនដី​របស់​ជប៉ុន​ ដើម្បី​ឆ្លើយតប​តាម​សំណើ​រទាំង​នោះ​៕

វិភាគ​៖ តើ​ក្រុង​ព្រះសីហនុ​អាច​បង្កើន​សក្តា​នុ​ពល​របស់​ខ្លួន​ដូចម្តេច​ក្រោយ​បញ្ចប់​ហ្គេម​អន​ឡាញ​

ដោយ​យិន​ លាង​គង់ ​ស្ថាបនិក​ និង​ជា​អគ្គនាយក​ Propertyarea.asia​

ព្រះ​សី​ហនុៈ​ យុគមាស​នៃ​ហ្គេម​អន​ឡា​ញនៅ​កម្ពុជា​បាន​បញ្ចប់​ ជាមួយនឹង​ការ​ខកចិត្ត​មួយចំនួន​ ពិសេស​ប្រជាពលរដ្ឋ​ដែល​បាន​វិនិយោគ​ សាងសង់​អាគារ​នៅ​ក្រុង​ព្រះសីហនុ​។ ប៉ុន្តែ​ការ​បញ្ចប់​ហ្គេម​អន​ឡាញ​មិនមែន​មានន័យថា​ ជា​ការ​បញ្ចប់​នូវ​សក្តា​នុ​ពល​ និង​ការ​អភិវឌ្ឍ​នៅ​ក្រុង​ព្រះសីហនុ​នោះ​ទេ​។

ប៉ុន្តែ​សំណួរ​នៅត្រង់​ថា ​តើ​ខេត្ត​នេះ​អាច​អភិវឌ្ឍន៍​ និង​បន្ត​ក្លាយជា​កំលាំង​ស្រូប​ទាញ​ ដើម្បី​បង្កើន​លំហូរ​វិនិយោគ​បន្ថែម​ទៀត​យ៉ាងដូច​ម្តេច​? នោះ​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​សម្លឹង​មើល​ ទៅលើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ និង​កំលាំង​ចលករ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​របស់​ខេត្ត​នេះ​ដោយ​ប្រុងប្រយ័ត្ន​។

គោលនយោបាយ​របស់​រដ្ឋាភិបាល​

រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥​ នៅ​ខែតុលា​ ឆ្នាំ២០១៥​។ គោលនយោបាយ​នេះ​ មាន​គោលដៅ​ដើម្បី​ជំរុញ​ និង​ពន្លឿន​កំនើន​សេដ្ឋកិច្ច​របស់​ប្រទេស​ពីអ​តិ​ពលកម្ម​ ទៅជា​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ជំនាញ​ ពិសេស​នៅក្នុង​គោលនយោបាយ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ខេត្ត​ព្រះសីហនុ​ជា​តំបន់ឧស្សាហកម្ម​ និង​កាលពី​ពេល​ថ្មី​ៗនេះ​បាន​ដា​ក់ច​ឲ្យ​ខេត្ត​ព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង​។

ជាល​ទ្ឋ​ផល​នៃ​គោលនយោបាយ​នេះ​ បាន​ធ្វើឲ្យ​ខេត្ត​នេះ​មាន​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ថ្មី​មួយ​ ដោយ​ទាក់ទាញ​ការ​វិនិយោគ​ដ៏​ច្រើន​ពី​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​។

ការ​រីកចម្រើន​ដ៏​លឿន​នេះ​ បាន​ធ្វើឲ្យ​មនុស្សជា​ច្រើន​រីករាយ​ នឹង​ផលប្រយោជន៍​ជាច្រើន​ដែល​ទទួល​បាន​ពី​កំនើ​ននៃ​ការ​វិនិយោគ​។ ជាល​ទ្ឋ​ផល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​នេះ​ បាន​ទទួល​ចំណូល៣៧២៦ដុល្លារ​ សំរាប់​មនុស្សម្នាក់​ក្នុង​មួយឆ្នាំ​ នៅ​ឆ្នាំ២០១៩នេះ​។

ការ​កើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ បាន​ធ្វើឲ្យ​អំណាច​នៃ​ការទិញ​កើនឡើង​ជា​ស្វ័យប្រវត្តិ​ ដែល​ធ្វើឲ្យ​ខេត្ត​នេះ​មានការ​រីកចម្រើន​ លើ​វិស័យ​បដិសណ្ឋារ​កិច្ច​ វិស័យ​លក់រាយ​ និង​កំនើ​ននៃ​ការ​មកដល់​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​។

គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់ ​និង​ផ្លូវ​

ក្រុង​ព្រះសីហនុ​ បាន​ស្ថិតនៅ​ក្នុង​របៀង​ នៃ​ការអនុវត្ត​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១របស់​ប្រទេស​ចិន​ ដែល​ធ្វើឲ្យ​ខេត្ត​នេះ​ប្រៀប​បាន​នឹង​មេដែក​ឆក់​មួយ​ ក្នុង​ការ​អូសទាញ​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ពិសេស​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន​ ហើយ​ភាព​ទាក់ទាញ​របស់​ខេត្ត​នេះ​បាន​និង​កំពុង​បន្ត​។

ជាក់ស្តែង​ខេត្ត​នេះ​ បាន​ទាក់ទាញ​ការ​វិនិយោគ​ ដោយ​បច្ចុ​ប្ប​ន្ម​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៥​ ​កំពុង​ដំណើរការ​ មាន​រោងចក្រ​ តូច​ -ធំ​ ​សរុប​ ២១០កន្លែង​ សិប្បកម្ម​ ​អាជីវកម្ម​ ខ្នាត​ តូច​ ១.០៣៧​ កន្លែង​ និង​ស្រូប​យកកម្លាំង​ពលកម្ម​ ៨១.៤៧៥នាក់​ ហើយ​ទុន​វិនិយោគ​ លើ​វិស័យ​ឧស្សាហកម្ម​ មាន​ទំហំ​ប្រមាណ៨ពាន់​លាន​ដុល្លារ​អាមេរិក​។

ការ​រីកចម្រើន​វិស័យ​ឧស្សាហកម្ម​បាន​និង​កំពុង​បន្ត​ ជាមួយ​នឹង​សក្តា​នុ​ពល​របស់​ខេត្ត​ ដែល​មាន​ស្រាប់់​ទាំង​កំលាំង​ពលកម្ម​ថោក​ ទាំង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ទាំង​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​។

នេះ​ជា​សក្តា​នុ​ពល​មួយ​ដែល​បាន​ និង​កំពុង​ស្រោចស្រព​លំហូរ​សាច់ប្រាក់​ទៅ​គ្រប់​ទីកន្លែង​ និង​ជា​កំលាំង​ចលករ​ថ្មី​ ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​កាន់តែ​ច្រើន​ថែមទៀត​។

ខេត្ត​ព្រះសីហនុ​អាច​និយាយ​បាន​ថា​ ជា​ខេត្ត​មាន​លក្ខណៈ​ពិសេស​ជាងគេ​ផ្នែក​ភូមិ​សាស្រ្ត​ និង​ធនធាន​ធម្មជាតិ​ដ៏​កម្រ​។ ហេតុនេះ​ហើយ​ទើប​ ខេត្ត​នេះ​នៅតែ​រក្សា​បាន​នូវ​ឧត្តមភាព​របស់​ខ្លួន​។

វិស័យ​គមនាគមន៍​

ដោយសារ​វា​ស្ថិត​ក្នុង​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ និង​ការ​ប្រែក្លាយ​ខេត្ត​នេះ​ជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង​ ខេត្ត​នេះ​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តភ្ជាប់​សំ​ខាន់​ៗជាច្រើន​ដូចជា​ ផ្លូវជាតិ​លេខ៤ ដែល​ត្រូវ​ចាក់​បន្ថែម​នៅពេល​ខាងមុខ​ ផ្លួវ​ល្បឿន​លឿន​ជា​ប្រវត្តិ​សាស្រ្ត​ ដែល​បាន​និង​កំពុង​សាងសង់​ រថ​រថភ្លើង​ដែល​បាន​និង​កំពុង​ដាក់ឲ្យ​ដំណើរការ​ដោយក្រុម​ហ៊ុន​ Toll​ Royal​ Railway​ និង​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ចិន​បាន​ និង​កំ​ពុង​សិក្សា​លទ្ឋ​ភាព​ ដើម្បី​សាងសង់​រថភ្លើង​ល្បឿន​លឿន​ពី​ភ្នំពេញ​ ទៅកាន់​ខេត្ត​នេះ​ផង​ដែរ​។

ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជា​អំណាច​នៃ​សេដ្ឋកិច្ច​ ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជា​កំណប់​នៃ​សេដ្ឋកិច្ច​ ហើយ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ នឹង​ជួយ​អូស​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ទៅកាន់​ខេត្ត​នេះ​ ក៏​ដូច​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​ផង​ដែរ​។

ហេតុនេះ​ការ​រីកចម្រើន​របស់​ខេត្ត​នឹង​មិន​បញ្ចប់​ ឬធ្វើឲ្យ​មាន​ភាពយឺត​យ៉ាវ​ដល់​អំណាច​នៃ​ការទិញ​ អំណាច​នៃ​ការ​តភ្ជាប់​ ប៉ុន្តែ​វា​ក៏​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​ផង​ដែរ​។

វិស័យ​អាកាសចរណ៍​

ភាព​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ ក៏ដូចជា​លំហូរ​ចូល​នៃ​កំនើន​អ្នក​វិនិយោគ​បាន​និង​កំពុង​បន្ត​ បាន​និង​កំពុង​ធ្វើឲ្យ​វិស័យ​អាកាសចរណ៍​ ដែល​ជា​ការ​តភ្ជាប់​ផ្លួវ​អាកាស​ស្រប​នឹង​គោលនយោបាយ​ បើ​កដំហ​ជើងមេឃ​របស់​រដ្ឋាភិបាល​ បាន​ធ្វើឲ្យ​ចំនួន​ការ​ចុះចត​នៅ​ព្រលា​នយន្តហោះ​កងកេង​ ក្រុង​ព្រះសីហនុ​បាន​កើនឡើង​ជាប្រចាំ​។

ជាក់ស្តែង​បច្ចុប្បន្ន​នេះ​ ព្រលា​នយន្តហោះ​ អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​កំពុង​ប្រតិបត្តិ​ ការ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន១៤ក្រុមហ៊ុន​ ​មាន​ជើងហោះហើរ​ចំនួន១៣៣ជើង​ ​ក្នុង​មួយ​សប្តាហ៍​ ​ក្នុង​នោះ​ជើងហោះហើរ​ អន្តរជាតិ​មាន៩១ជើង​ ​ ក្នុង​មួយ​សប្តាហ៍​ ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​ បាន​ភ្ជាប់​ការហោះហើរ​មក​ពី​ប្រទេស​ជាច្រើន​ ដូចជា​ ប្រទេស​  ថៃ​ ​ម៉ាឡេស៊ី​ ​វៀតណាម​ ​និង​មក​ពីទី​ក្រុង​ចំនួន២៥នៅ​ប្រទេស​ចិន​។

ការ​មកដល់​របស់​អ្នកដំណើរ​តាមផ្លូវអាកាស​កាន់តែ​ច្រើន​ បាន​ធ្វើឲ្យ​ខេត្ត​នេះ​កាន់តែ​ល្បីល្បាញ​លើឆាកអន្តរជាតិ​ ហើយ​នៅពេល​ភាព​ល្បីល្បាញ​ លំហូរ​នៃ​កំនើ​នភ្ញៀវ​ទេសចរណ៍​ និង​អ្នក​ធុរកិច្ច​នឹង​កើនឡើង​ជា​ស្វ័យប្រវត្តិ​ផង​ដែរ​។

​កាលពី​ឆ្នាំ២០១៨ខេត្ត​ព្រះសីហនុ​ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ជាង​ ​២លាន​នាក់​ ​កើនឡើង២.៦៣ភាគរយ​ ធៀប​នឹង​ឆ្នាំ២០១៧​ ​ហើយ​ ទេសចរ​ចិន​បាន​ឈរ​លំដាប់​លេខរៀង​ទី១​។

ការស្រោចស្រព​លំហូរ​សេដ្ឋកិច្ច​ បាន​និង​កំពុង​ចាក់​បញ្ចូល​នៅក្នុង​ទីក្រុង​មួយ​នេះ​ ដែល​ពីមុន​មានតែ​អាគារ​កំពស់ ៧ឬ​១០ជាន់​ ប៉ុន្តែ​បច្ចុប្បន្ន​ខេត្ត​នេះ​មាន​វត្តមាន​អាគារ​ខ្ពស់​ចាប់ពី៥ជាន់​ដល់៤០ជាន់​ជាង២០០អាគារ​។

កំពង់ផែ​អន្តរជាតិ​

ការកាត់បន្ថយ​និ​តិ​វិធី​ ដូចជា​ ការលុបចោល​ស្ថាប័ន​កាំសាប​ ការរំសាយ​មន្រ្តី​កាំកុងត្រូល​ និង​ប្រព័​ន្ឋ​នៃ​ការិយាធិបតេយ្យ​មួយចំនួន​ទៀត​ បាន​និង​កំពុង​ធ្វើឲ្យ​ការ​ដឹកជញ្ជូន​តាម​កំពង់ផែ​ព្រះសីហនុ​ ដែល​ជា​កំពង់ផែ​ទឹកជ្រៅ​តែមួយគត់​បាន​កើនឡើង​ឆាប់រហ័ស​។

​ជាមួយគ្នា​នេះ​កំពង់ផែ​នេះ​ បាន​និង​កំពុង​ដើរតួ​នា​ទី​កាន់់​តែ​សកម្ម​ និង​មា​នប្រសិទ្ឋ​ភាព​ជាង​មុន​ និង​ប្រកប​ដោ​យស័​ក្តិសិទ្ឋ​ភាព​ តាមរយៈ​ការ​តភ្ជាប់​ការ​ដឹកទំនិញ​ផ្ទាល់​ទៅកាន់​ប្រទេស​ចិន​ ជាជាង​ពឹងផ្អែក​កំពង់ផែ​ប្រទេសជិតខាង​ ដែល​ធ្វើ​ឲ្យ​លកា​រលើ​កដាក់​ត្រូវ​ ចំណាយ​រយៈពេល​វែង​ និ​តិ​វិធី​ស្មុគ្រ​ស្មាញ​ ពិសេស​តម្លៃ​នៃ​ការនាំចេញ​ខ្ពស់​។

យោង​តាម​របាយការណ៍​របស់​កំពង់​ផែ​ស្វយ័ត្ន ខេត្ត​ព្រះសីហនុ​បាន​ឲ្យដឹង​ថា​ ការ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ មាន​លក្ខណៈ​ ជាតិ​ ​និង​អន្តរជាតិ​ ដែល​មាន​ទំនិញ​ជា​កុង​ទី​ណ័រ​ចេញ​ -ចូល​ ប្រមាណ៧៣ភាគរយ​ ​នៃ​បរិមាណ​នាំចេញ​ -ចូល​ទូទាំង​ប្រទេស​ ​។

ការ​តភ្ជាប់់​ផ្លូវ​ទឹ​កកាន់់​តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើង​ ទាំង​ការ​ដឹកជញ្ជូន​ទំនិញ​ ការ​មកដល់​របស់​ភ្ញៀវ​ទេសចរណ៍​តាម​កប៉ាល់​ធំៗ​ និង​ក្លាយជា​ចំណែក​ថ្មី​មួយ​នៃ​ការ​ទាញ​យក​មក​ប្រើប្រាស់​នូវ​ធនធាន​ធម្មជាតិ​ ពិសេស​ប្រេង​ដំបូង​នឹង​ត្រូវ​ចំរាញ់​នៅក្នុង​ខេត្ត​នេះ​ ខណៈ​ប្រព័​ន្ឋ​ដឹកជញ្ជូន​ផ្លូវគោក​ ផ្លូវអាកាស​បាន​និង​កំពុង​សមាហរណកម្ម​គ្នា​ ដើម្បី​រុញ​ផល​នៃ​កំនើន​សេដ្ឋកិច្ច​ចូល​មកកាន់​ខេត្ត​ ដែល​ស្ថិត​ក្នុងចំណោម​ខេត្ត​ K4​ នៃ​តំបន់ឆ្នេរ​កម្ពុជា​។

វិស័យ​ទេសចរណ៍​ និង​ការ​ធ្វើឲ្យ​រស់​ឡើងវិញ​

នៅ​ឆ្នាំ២០១៩នេះ​ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ បាន​ជួបប្រទះ​នូវ​ភាព​ស្រអាប់​ ដោយសារ​បញ្ហា​អសកម្ម​មួយចំនួន​ ពិសេស​អ្នក​នៅក្នុង​វិស័យ​នេះ​ កំពុងតែ​ដើរតួ​នាទី​ជា​អ្នកសម្លាប់​ឆ្នាំងបាយ​ខ្លួនឯង​។

បើ​ក្រឡេក​មើល​ក្រុង​ព្រះសីហនុ​ពីមុន​ គឺ​ខេត្ត​នេះ​មិន​មាន​ភាព​ល្បីល្បាញ​អ្វី​ក្រៅពី​វិស័យ​ទេសចរណ៍​នោះ​ឡើយ​ ប៉ុន្តែ​ពេលនេះ​វិស័យ​នេះ​ ក៏​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន​ផង​ដែរ​ ដោយសារ​ការ​ហូរ​ចូល​នូវ​ទេសចរណ៍​ចិន​ ដែល​ធ្វើឲ្យ​ទេសចរណ៍​ស្បែ​កស​ដើរចេញ​ ពិសេស​ការបង្កើត​ពាក្យ​ចចាមអារ៉ាម​ដ៏​ច្រើន​ (មានការ​ចាត់តាំង​) ដើម្បី​សម្លាប់​ទេសចរ​ ណ៍​ និង​ធ្វើឲ្យ​ស្លោក​ស្រពោន​នូវ​កិត្តិនាម​ ខេត្ត​ដ៏​មាន​សក្តា​នុ​ពល​នេះ​។

ហេតុនេះ​ការចូលរួម​ធ្វើឲ្យ​រស់​ឡើងវិញ​នូវ​វិស័យ​នេះ​ មិន​អាច​ធ្វើឡើង​ដោយ​អាជ្ញាធរ​ខេត្ត​ ឬរដ្ឋាភិបាល​តែឯង​នោះ​ទេ​ ប៉ុន្តែ​ទាមទារ​ឲ្យ​មានការ​ចូលរួម​យ៉ាង​សម្ម​ពី​ប្រជាពលរដ្ឋ​ ពី​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ ពិសេស​អ្នក​ពាក់​ព័ន្ឋក្នុង​វិស័យ​នេះ​ គួរ​បង្កើត​នូវ​ភាព​ស្មោះត្រង់​ គួរ​កាត់បន្ថយ​ភាព​អាត្មានិយម​ តាមរយៈ​ការ​បញ្ចប់​នូវ​ការ​លក់​ផលិតផល​ក្លែងក្លាយ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​។

ការ​មិន​ដំឡើងថ្លៃ​បន្ទប់​ផ្ទះសំណាក់​ ឬសណ្ឋាគារ​ខ្ពស់កប់ពពក​ រាប់់​ទាំង​ចំណីអាហារ​ បរិស្ថាន​ និង​របៀបរបប​សណ្តាប់​ធ្នាប់​សង្គម​ ដែល​គួរតែ​យើង​ទាំងអស់គ្នា​ប្រែក្លាយ​ខ្លួនឯង​ជា​ប្រជាជាតិ​ ដែល​មាន​ភាព​ស៊ីវិល័យ​ និង​ឈរ​លើ​មូលដ្ឋាន​នៃ​ភាពជា​អរិយជន​។

ដូច្នេះ​ការ​បិទ​អាជីវកម្ម​ហ្គេម​អន​ឡាញ​ មិន​គួរ​ជា​រឿង​សោកសៅ​នោះ​ទេ​ ប៉ុន្តែ​ជា​រឿង​គួរ​ត្រេកអរ​ (ទោះ​មនុស្ស​ចំនួន​តិច​បាត់បង់​ផលប្រយោជន៍​) ព្រោះ​វា​ធ្វើឲ្យ​សណ្តាប់​ធ្នាប់​របៀបរៀបរយ​ ក្នុង​ទីក្រុង​នេះ​មាន​ភាព​រស​រវើក​ និង​ប្រកបដោយ​ភាព​សុខដុម​ឡើងវិញ​។

សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រក្សា​បា​នកំនើ​នក្នុ​ងរ​ង្វង់៧ភាគរយ​ កម្ពុជា​នៅតែ​មាន​ស្ថេរ​ភាព​សង្គម​ ស្ថេរ​ភាព​នយោបាយ​ និង​អំណាច​នៃ​ការទិញ​កើនឡើង​ ដែ​លកំនើន​សេដ្ឋកិច្ច​នេះ​កំពុង​សាប​ព្រួស​នូវ​ទស្សនទាន​វិជ្ជមាន​ និង​ចរន្ត​សាច់ប្រាក់​យ៉ាងសកម្ម​ក្នុង​សេដ្ឋកិច្ច​ជាតិ​។

ខេត្ត​ព្រះសីហនុ​ មិន​គួរ​រង​ភាព​ស្រអាប់​ ដោយសារ​បញ្ហា​ល្បែង​អន​ឡា​ញនោះ​ទេ​ ព្រោះ​ខេត្ត​នេះ​ មាន​សក្តា​នុ​ពល​យ៉ាងច្រើន​លើ​វិស័យ​សំ​ខាន់​ៗ ដែល​ស័ក្តិសម​ជាតា​រា​រះ​នា​ទិស​នារ​តី​ ក្រោម​កា​រប្រសិទ្ឋ​នាម​ របស់​ប្រមុខ​រដ្ឋាភិបាល​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​៕