ចំណេះដឹង​! អ្វីទៅ​ជា​ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​?

ដោយៈ​ វុត្ថា​

ភ្នំ​ពេញៈ​ ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​ ជា​ទំនិញ​ដែល​ត្រូវ​បាន​នាំចូល​ម្តងម្កាល​ដោយ​អ្នកដំណើរ​ ឬ ត្រូវ​បាន​នាំចូល​ដោយ​ប្រជាពលរដ្ឋ​ ដែល​មាន​លំនៅ​ដ្ឋាន​ជា​អចិន្រ្តៃយ៍​ក្នុង​តំបន់​ព្រំដែន​ សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ឬប្រើប្រាស់​ក្នុង​តំបន់​ព្រំដែន​។

យោង​តាម​តាម​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ការនាំចូល​ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​ត្រូវ​អនុវត្ត​ដូច​ខាងក្រោម​នេះ​ ដូចជា​ ការនាំចូល​ម្តងម្កាល​របស់​អ្ន​កដំំ​ណើរ​ ដែល​ត្រូវ​ចាត់ទុកថា​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​ ត្រូវ​បំពេញ​ បែបបទ​គយ​តាមច្បាប់​ជាធរមាន​ ដោយ​ត្រូវ​បង្ហាញ​នូវ​លិខិតឆ្លងដែន​ ដែល​មាន​បញ្ជាក់​ ពី​ការ​ចេញ​-ចូល​ប្រទេស​ពី​ស្ថាប័ន​មានសមត្ថកិច្ច​ច្រក​ទ្វារ​ ហើយ​ត្រូវ​ប្រថាប់ត្រា​ឬសរសេរ​លើ​បង្កាន់ដៃ​ពន្ធ​ថា​ “គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​-សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​” និង​ពុំ​ចាំបាច់​ បិទ​ត្រា​គយ​ឡើយ​។

ក្នុងករណី​ដែល​អ្នកដំណើរ​ម្តងម្កាល​នោះ​ នាំចូល​ទំនិញ​ហើយ​ប្រកាស​ថា​ មាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​ធ្វើអាជីវកម្ម​ ការកំណត់​តម្លៃ​គិត​ពន្ធគយ​ត្រូវ​បូកបន្ថែម២០ភាគរយ​ លើ​តម្លៃ​គិត​ពន្ធគយ​ជាធរមាន​ និង​ត្រូវ​ប្រថាប់ត្រា​ឬសរសេរ​ លើ​បង្កាន់ដៃ​ពន្ធ​ថា​ “មាន​លក្ខណៈ​ពាណិជ្ជកម្ម​” ហើយ​ត្រូវ​បិទ​ត្រា​គយ​ជូន​ ប្រសិនបើ​មុខទំនិញ​នោះ​ស្ថិត​ក្រោម​ប្រព័ន្ធ​ ត្រា​គយ​ ដើម្បី​អាច​ចរាចរ​លើ​ទីផ្សារ​បាន​។

ចំពោះ​ការនាំចូល​របស់​ប្រជាជន​ ដែល​មាន​លំនៅ​ដ្ឋាន​ជា​អចិន្រ្តៃយ៍​ ក្នុង​តំបន់​ព្រំដែន​ត្រូវ​បំពេញ​ បែបបទ​គយ​តាម​ការកំណត់​ជាធរមាន​ ហើយ​ត្រូវ​ប្រថាប់ត្រា​ ឬសរសេរ​លើ​បង្កាន់ដៃ​ពន្ធ​ថា​ “សម្រាប់​ចរាចរ​ក្នុង​តំបន់​ព្រំដែន​។

ប្រជាជន​តំបន់​ព្រំដែន​ ដែល​ធ្វើអាជីវកម្ម​នាំចេញ​-នាំចូល​ទំនិញ​ មាន​លក្ខណៈ​ពាណិជ្ជកម្ម​ សម្រាប់​ចរាចរ​ទូទាំង​ប្រទេស​នោះ​ ត្រូវតែ​បង្កើត​ជា​ក្រុមហ៊ុន​ដែល​មាន​លេខ​អត្តសញ្ញាណ​កម្ម​ អាករ​លើ​តម្លៃបន្ថែម​ និង​ត្រូវ​មាន​ប័ណ្ណប៉ាតង់​ឆ្នាំ​ចុងក្រោយ​ ដូច​អ្នកនាំ​ចេញ​-នាំចូល​ធម្មតា​ ហើយ​ក្នុងករណី​ចាំបាច់​ត្រូវ​អនុវត្ត​តាម​ការណែនាំ​ខាងលើ​៕

សហរដ្ឋអាមេរិក​គ្រោង​នឹង​ដំឡើង​ពន្ធគយ​លើ​ផលិតផល​អឺរ៉ុប​

ដោយ​ Donald​ Lee​

វ៉ាស៊ីនតោន​៖​ យោង​តាម​ស្នងការ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ បានឱ្យ​ដឹង​ថា​ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ ទំនងជា​នឹង​ទះកំផ្លៀង​សហភាព​អឺរ៉ុប​ជាមួយនឹង​ពន្ធ​ថ្មី​លើ​ផលិតផល​។

លោក​ Trump​ និង​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ បាន​ស្នើសុំ​ឱ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​(WTO​) ដាក់​ពន្ធ ១០០​ភាគរយ​លើ​ផលិតផល​ របស់​សហភាព​អឺរ៉ុប​ដែល​មានតម្លៃ ១១​,២ ពាន់​លាន​ដុល្លារ​។

ស្នងការ​អឺរ៉ុប​ លោក​ Cecilia​ Malmstrom​ បានឱ្យ​ដឹង​ថា​ “យើង​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ អស់​រយៈពេល​ជាយូរ​មកហើយ​ដល់​សម​ភាគី​អាមេរិក​ថា​ ទោះបី​យើង​ទាំងពីរ​ មាន​កំហុស​ហើយ​និយាយ​ដោយ​ម៉ឺងម៉ាត់​ ចំពោះ​ការ​ដាក់​ពន្ធ​លើ​គ្នា​ទៅវិញទៅមក​នេះ​មិនមែន​ជា​វិធី​ល្អ​ទេ​”។

សហ​គម​ន៍​អ៊ឺ​រ៉ុប​ និង​សហរដ្ឋអាមេរិក​ បាន​ជាប់​គាំង​ក្នុង​ការពិភាក្សា​គ្នា​នូវ​អ្វី​ ដែល​ការ​ទាមទារ​គ្នា​ទៅវិញទៅមក​ គឺជា​ការ​ឧបត្ថម្ភ​ធន​ដោយ​អយុត្តិធម៌​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ក្នុង​ស្រុក​។

រដ្ឋបាល​របស់​លោក​ Trump​ បាន​ស្តី​បន្ទោស​សហ​គម​ន៍​អ៊ឺ​រ៉ុ​បថា​ បាន​ផ្តល់​ជំនួយ​រដ្ឋ​ដោយ​អយុត្តិធម៌​ ដល់​ក្រុមហ៊ុន​ផលិត​យន្ត​ហោះ​អ៊ឺ​រ៉ុប​ Airbus​ ដែល​ផ្តល់​នូវ​ភាព​អយុត្តិធម៌​ចំពោះ​គូប្រជែង​ផលិត​យន្តហោះ​អាមេរិក​ Boeing​៕

អារ៉ាប់​ប៊ី​សា​អូឌីត​ គ្រោង​ផ្តល់​ឥណទាន​សម្បទាន​សម្រាប់​អភិ​ឌ្ឍ​ន៍​កម្ពុជា​

ដោយ ​វុត្ថា​

ភ្នំពេញ​៖​ មូលនិធិ​អា​រ៉ា​ប៊ី​សា​អូឌីត​សម្រាប់​អភិវឌ្ឍ​ (Saudi​ Fund​ Development​-SFD​) នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​  បាន​បង្ហាញ​ពី​បំណង​ផ្តល​ហិរញ្ញ​សហប្រតិបត្តិ​ការ​ជា​ឥណទាន​សម្បទាន​ដល់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​យក​ទៅ​អនុវត្ត​គម្រោង​ សំដៅ​រួមចំណែក​បង្កើន​ល្បឿន​នៃ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។

លោក​ Saud​ F.M​. Al​ Suwelim​ ឯកអគ្គ​រាជទូត​វិសាមញ្ញ​ និង​ពេញសមត្ថភាព​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រចាំ​នៅ​កម្ពុជា​ នៅក្នុង​ជំនួប​ជាមួយ​លោក​អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០១៩​ នេះ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ ដែល​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​ប្រកបដោយ​ចីរភាព​ ក្នុងរយៈពេល​ជាង​ពីរ​ទស្ស​វត្សរ៍​កន្លងមក​នេះ​។

លោក​អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ដែរ​ថា​ កន្លង​ទៅ​ថ្មី​ៗនេះ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់ចេញ​នូវ​វិធានការ​កែទម្រង់​គ្រប់ជ្រុងជ្រោយ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ សម្រួល​ពាណិជ្ជកម្ម​ ​និង​ជំរុញ​សកម្មភាព​ សេដ្ឋកិច្ច​នៅ​កម្ពុជា​។

លោក​បន្ត​ថា​ “ពេលនេះ​គឺជា​ឱកាស​ដ៏​មាន​សារៈសំខាន់​ ដែល​វិនិយោគិន​អារ៉ាប់​ប៊ី​សា​អូឌីត​គួរតែ​មក​ ស្វែងយល់​អំពី​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​”។ លោក​បន្ត​ថា​ “ បច្ចុប្បន្ន​ វិសាលភាព​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ និង​អា​រ៉ា​ប៊ី​សា​អូឌីត​ នៅ​មិនទាន់​សាក​សមជា​មួ​យស​ក្តានុ​ពល​ ដែល​ប្រទេស​ទំាង​ពីរ​មាននៅ​ឡើយ​”។

លោក​បន្ថែម​ថា​ ក្នុង​ន័យ​នេះ​ភាគី​ទាំងពីរ​ បាន​ឯកភាព​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ទៅវិញទៅមក​ រវាង​ថ្នាក់ដឹកនាំ​ទាំង​កម្រិ​ងន​យោ​បាយ​ ទាំង​កម្រិត​បច្ចេកទេស​ ព្រមទាំង​ថ្នាក់ដឹកនាំ​ធុរកិច្ច​ នៃ​ប្រទេស​ទាំងពីរ​ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ឱ្យ​កាន់តែ​សកម្ម​ និង​ស៊ីជម្រៅ​ថែមទៀត​។ ដោយឡែក​ ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់ក្រ​សួ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ភាគី​ទាំងពីរ​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ ផ្នែក​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​។

ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នឹង​បន្ត​ពិភាក្សា​ជាមួយ​មូលនិធិ​អា​រ៉ា​ប៊ី​សា​អូឌីត​សម្រាប់​អភិវឌ្ឍន៍​ (Saudi​ Fund​ Development​-SFD​) នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​អំពី​លក្ខខណ្ឌ​នៃ​ឥណទាន​នេះ​ មុននឹង​ឈាន​ទៅ​កំណត់​វិស័យ​អាទិភាព​ និង​លើក​សំណើ​គម្រោង​ ដើម្បី​ឱ្យ​ស្របតាម​យុទ្ធសាស្ត្រ​ស្តី​ពី​ ការគ្រប់គ្រង​បំណុល​សាធារណៈ​របស់​រដ្ឋាភិបាល​កម្ពុជា​ សំដៅ​ធនា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ នៅក្នុង​រយៈពេល​វែង​ និង​មិន​មាន​ហានិភ័យ​បំណុល​៕

សម្តេច​តេជោ​នឹង​អញ្ជើញ​ចូល​រួប​បើក​សន្និសីទ​ស្តី​ពី​ការជំរុញ​វិនិយោគ​ និង​ពាណិជ្ជកម្ម​កម្ពុជា​-វៀតណាម​នៅ​ចុង​សប្តាហ៍​នេះ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ចូលរួម​បើក​សន្និសីទ​ស្តី​ពី​ការជំរុញ​វិនិយោគ​ និង​ពាណិជ្ជកម្ម​កម្ពុជា​-វៀតណាម​ចាប់ពី​ថ្ងៃទី៤​ ដល់​ថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ តប​តាម​ការ​អញ្ជើញ​របស់​ លោក​ ង្វៀន​ សួន​ហ្វ៊ុ​ក (Nguyen​ Xuan​ Phuc​) នាយក​រដ្ឋមន្រ្តី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ចេញផ្សាយ​នៅ​ថ្ងៃទី២​ ខែតុលា​ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្នុងអំឡុងពេល​ទស្សនកិច្ច​ សម្តេច​តេជោ​ហ៊ុន​ សែន​ នឹង​ចូល​ជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា​ ជាមួយ​ លោក​ ង្វៀន​ ហ្វ៊ូ​ ជុង​ (Nguyen​ Phu​ Trong​) អគ្គលេខាធិការ​បក្ស​ និង​ជា​ប្រធាន​រដ្ឋ​វៀតណាម​ និង​លោកស្រី​ ង្វៀន​ ធី​ គីម​ ងិន​ (Nguyen​ Thi​ Kim​ Ngan​) ប្រធាន​រដ្ឋសភា​វៀតណាម​។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​វៀតណាម​ លោ​កង្វៀន​ សួន​ហ៊្វុ​ក ដែល​នៅក្នុង​ឱកាស​នោះ​ នាយក​រដ្ឋមន្រ្តី​ទាំងពីរ​នឹង​ពិភាក្សា​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ តំបន់​ និង​អន្តរជាតិ​ ដែល​មានផល​ប្រយោជន៍​ទៅវិញទៅមក​ និង​ការ​បារម្ភ​រួមគ្នា​។ ក្រោយ​កិច្ចប្រជុំ​នាយក​រដ្ឋមន្រ្តី​ទាំងពីរ​ នឹង​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ស្តី​ពី​ ការជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​។

នាយក​រដ្ឋមន្រ្តី​ទាំងពីរ​នឹង​ចូលរួម​ថ្លែង​សុន្ទរកថា​ បើក​សន្និសីទ​ស្តី​ពី​ការជំរុញ​វិនិយោគ​ និង​ពាណិជ្ជកម្ម​កម្ពុជា​ វៀតណាម​នៅ​រសៀល​ថ្ងៃទី៤​ តុលា​។ នៅ​ថ្ងៃទី​ពីរ​នៃ​ទស្សនកិច្ច​ នាយក​រដ្ឋមន្រ្តី​ទាំងពីរ​ នឹង​ចូលរួម​ជា​អធិបតី​ក្នុង​សន្និសីទ​ បូកសរុប​ការងារ​ខ័ណ្ឌ​សីមា​ និង​បោះបង្គោល​ព្រំដែន​ ដែល​រំពឹង​ថា​ នឹង​បញ្ចប់​ដោយ​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន​ពីរ​ ដើម្បី​ទទួលស្គាល់​លទ្ធផល​ការងារ​ខ័ណ្ឌ​សីមា​ព្រំដែន៨៤​% ដែល​សម្រេច​បាន​។

ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ហាណូយ​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​ គោរព​វិញ្ញា​ក្ខន្ធ​នៅ​វិមាន​អនុស្សាវរីយ៍​បុព្វបុរស​ និង​យុទ្ធជន​ពាលី​ និង​នៅ​វិមាន​តម្កល់សព​លោក​ហូជីមិញ​។

សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ថ្លែង​ឱ្យ​ដឹង​នៅក្នុង​ពិ​ពី​ប្រ​គលសញ្ញាបត្រ​ជូន​និស្សិត​នៃ​សាកល​វិទ្យាល័យ​ប៊ែល​ធី​ អន្តរជាតិ​ នៅ​ថ្ងៃទី​ ២ ខែតុលា​ នេះ​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-វៀតណាម​នា​ពេល​បច្ចុ​បុ​ប្ប​ន្ន​នេះ​ មាន​ប្រមាណ៤​ ពាន់​ដុល្លារ​អាមេរិក​ ហើយ​ភាគី​ទាំងពីរ​ គ្រោង​ពង្រីក​អោយ​ដល់៥ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​ ២០២០ខាងមុខនេះ​៕

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​៖ សេដ្ឋកិច្ច​សកល​កំពុង​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​

ដោយ​ Donald​ Lee​

ពិភពលោក​៖ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO​) បាន​ព្យាករណ៍​ថា​ កំណើន​សេដ្ឋកិច្ច​សកល​បាន​ នឹង​កំពុង​ឈម​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​ឆ្នាំ២០១៩​ និង​ ២០២០​ និង​បាន​ព្រមាន​ថា​អាច​នឹង​ធ្លាក់ចុះ​ខ្លាំង​ថែមទៀត​។

យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ WTO​ ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថា​ សង្រ្គាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ ព្រមទាំងការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​ ជា​កត្តា​ចម្បង​នៃ​ការ​ធ្លាក់ចុះ​នេះ​។

របាយការណ៍​ដដែល​បន្ត​ថា​ ការ​កើនឡើង​ភាព​តានតឹង​ពាណិជ្ជកម្ម​ និង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ បាន​ធ្វើ​ឱ្យ​សេដ្ឋវិទូ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ទម្លាក់​ការព្យាករណ៍​របស់​ខ្លួន​ ចំពោះ​កំណើន​ពាណិជ្ជកម្ម​នៅ​ឆ្នាំ២០១៩​ និង​២០២០ខាងមុខ​។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ បាន​កែតម្រូវ​តួលេខ​ចំពោះ​ទំហំ​ពាណិជ្ជកម្ម​ទំនិញ​ពិភពលោក​ពី​កំណើន ២​,៦ភាគរយ​ នៅក្នុង​ខែមេសា​ មកដល់ ១​,២ ភាគរយ​។ WTO​ ក៏បាន​ព្រមាន​ផង​ដែរ​ថា​ ការព្យាករណ៍​កំណើន ២​,៧ ភាគរយ​សម្រាប់​ឆ្នាំ២០២០​ ដែល​ធ្លាក់ចុះ​ពី ៣,០ភាគរយ​ ត្រូវ​បាន​គណនា​ក្រោម​ការ​សន្មត​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ នឹង​វិលត្រឡប់​ទៅ​រក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធម្មតា​វិញ​។

លោក​ Roberto​ Azev​êdo​ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ បាន​មានប្រសាសន៍​ថា​ “ទស្សនវិស័យ​ដ៏​ខ្មៅ​ងងឹត​សម្រាប់​ពាណិជ្ជកម្ម​ កំពុងតែ​ឈាន​ទៅ​រក​វិបត្តិ​ដោយ​មិន​នឹង​ស្មាន​ដល់​”។

លោក​បន្ថែម​ថា​ “លើស​ពី​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​មាន​ភាព​មិន​ប្រាកដប្រជា​ កំពុង​ធ្វើ​ឱ្យ​អាជីវកម្ម​មួយចំនួន​ពន្យារពេល​ការ​វិនិយោគ​ ក្នុង​ការ​បង្កើន​ផលិតភាព​ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​”។

លទ្ធផល​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​បាន​ និង​កំពុង​ជួប​មហន្តរាយ​ និង​កំពុង​ទាញ​សេដ្ឋកិច្ច​ពិភពលោក​ឆ្ពោះទៅ​រក​វិបត្តិសេដ្ឋកិច្ច​។

របាយការណ៍​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ សេដ្ឋកិច្ច​ពិភពលោក​ នឹង​ខាតបង់​ជិត ៥៨៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​នា​ពេល​បច្ចុប្បន្ន​៕

ទីក្រុង​ហុងកុង​នៅតែ​មាន​ភាព​វឹកវរ​ ខណៈ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទូទាំង​ទីក្រុង​

ដោយ​ Donald​ Lee​

ហុង​កុងៈ​ ក្រុម​អ្នក​តវ៉ា​ និង​ប៉ូលី​សបា​នប៉ះ​ទង្គិច​គ្នា​ នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​នេះ​ ដោយ​បន្សល់ទុក​នូវ​ការ​ចាប់ខ្លួន​ជិត២០០នាក់​ និង​ក្មេង​ជំទង់​ម្នាក់​ ក្រោម​ការ​មើលថែ​យ៉ាង​យកចិត្ត​ទុកដាក់​ បន្ទាប់ពី​ត្រូវ​បាន​ក្រុម​ប៉ូលី​សបាញ់​ចំ​ទ្រូង​។

ក្រុម​ប៉ូលី​សហុង​កុង​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ និង​កាំភ្លើង​បាញ់​ទឹក​នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ នៅក្នុង​តំបន់​ចំនួន១៣​ នៅ​ទូទាំង​ទីក្រុង​នេះ​។ មន្ត្រី​ប៉ូលី​សចំនួន៦០០០នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​ការពារ​ដោយសារ​មានអំពើ​ហិង្សា​របស់​ក្រុម​អ្នក​តវ៉ា​។ ជាមួយគ្នា​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ ក្រុម​ប៉ូល​លី​សបា​នបាញ់​កាំ​ភ្លើង​ហ្គាស​ និង​គ្រាប់​កាំភ្លើង​ជ័រ​រាប់​រយ​គ្រាប់​ឆ្ពោះ​កាន់​ក្រុម​អ្នក​តវ៉ា​។

ព្រឹត្តិ​ការណ៍​តវ៉ា​នានា​នៅ​ទីក្រុង​ហុងកុង​ បាន​ផ្តល់​នូវ​ភាព​ខ្មៅ​ងងឹត​ដល់​ក្រុង​ប៉េកាំង​ ខណៈ​បាន​នឹង​កំពុង​ធ្វើ​ព្យុហយាត្រា​យោធា​ទ្រង់ទ្រាយ​យ៉ាង​ធំ​ នៅ​ថ្ងៃខួប​លើក​ទី៧០នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ក្មេង​ជំទង់​ម្នាក់​ត្រូវ​បាន​បាញ់​ចំ​ទ្រូង​ដោយ​មន្ត្រី​ប៉ូលី​ ដែល​ធ្វើ​ឱ្យ​មានរបួស​ធ្ងន់ធ្ងរ​គំរាម​គំ​ហែង​ដល់អាយុ​ជីវិត​។ មន្រ្តី​មន្ទីរពេទ្យ​ Queen​ Elizabeth​ បាន​និយាយ​ថា​ និស្សិត​រូប​នេះ​ស្ថិត​ក្នុង​ស្ថានភាព​មាន​ស្ថេរ​ភាព​នៅឡើយ​។

វីដេអូ​របស់​និស្សិត​ដែល​ត្រូវ​បា​នប៉ូ​លី​សបាញ់​ត្រូវ​ បាន​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក ហើយ​ធ្វើ​ឱ្យ​មានការ​ខឹង​សម្បារ​ រាលដាល​ពេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​៕

លោក​ Trump​ ដាក់​សម្ពាធ​ជប៉ុន​ឱ្យ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដើម្បី​នាំចូល​ផលិតផល​កសិកម្ម​របស់​ខ្លួន​

ដោយ​ Donald​ Lee​

វ៉ា​ស៊ីន​តោ​នៈ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ Donald​ Trump​ បាន​ដា​ក់​សម្ពា​តយ៉ាងធ្ងន់ធ្ងរ​ដល់​ប្រទេស​ជប៉ុន​ ឱ្យ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ដែល​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ ក្នុង​ការកាត់បន្ថយ​ពន្ធ​លើ​ទំនិញ​កសិកម្ម​របស់​អាមេរិក​ ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ការបរទេស​សហរដ្ឋអាមេរិក​ បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ស្បៀងអាហារ​ និង​ផលិតផល​កសិកម្ម​ជាង៩០ភាគរយ​របស់​សហរដ្ឋអាមេរិក​ ដែល​នាំចូល​ទៅ​ក្នុង​ប្រទេស​ជប៉ុន​ នឹង​មាន​ពន្ធ​ទាប​ឬគ្មាន​នៅពេល​ដែល​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​អនុវត្តន៍​។

លោក​ Trump​ កំពុង​ដាក់​សម្ពាធ​ដល់​បណ្តា​ប្រទេស​អាស៊ី​ជា​បណ្តើរ​ៗ ដែល​មាន​អតុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ ក្នុង​ការទិញ​ទំនិញ​របស់​អាមេរិក​ ចាប់តាំងពី​លោក​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ២០១៦​។ ប្រទេស​ចិន​ និង​ជប៉ុន​គឺជា​ប្រទេស​លំដាប់​ទី២​ និង​មាន​សេដ្ឋកិច្ច​ឈរ​លំដាប់​ទី៣​ ​; ដែល​ត្រូវ​ដាក់​សម្ពាធ​ ព្រោះ​ប្រទេស​ទាំងនេះ​បង្ក​ឱ្យ​មាន​សង្គ្រាម​ជាម​មួយ​សហរដ្ឋអាមេរិក​ ដែល​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ដោយសារតែ​ភាព​មិន​ប្រាកដប្រជា​ និង​ការ​រំខាន​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​។

ស្រប​ពេល​ដែល​ប្រទេស​ចិន​ ដែល​មហាអំណាច​សេដ្ឋកិច្ច​ទី២លើ​ពិភពលោក​កំពុង​បន្ត​ប្រឆាំង​ នឹង​កលល្បិច​លើ​ការ​សម្ពាធ​របស់​លោក​ Trump​ ប្រទេស​ជប៉ុន​បាន​បោះបង់ចោល​ដោយ​ផ្តល់​ឱ្យ​ក្រុមហ៊ុន​កសិកម្ម​អាមេរិក​ នាំចូល​ផលិតផល​កសិកម្ម​ចូល​ទៅ​ទីផ្សារ​ជប៉ុន​ដែល​មិនធ្លាប់​មាន​ពីមុន​មក​។

លោក ​Trump ​បាន​កំណត់​កិច្ច​ព្រមព្រៀង​ថ្មីនេះ​ថា​ “អស្ចារ្យ​ណាស់​” ព្រោះ​វា​នឹង​បន្ថយ​ឬលុបចោល​ពន្ធ​លើ​សាច់គោ​ សាច់​ជ្រូក​ ស្រូវ​សាឡី​ អាល់​ម៉ុន​ ស្រា​និង​ឈីស​ (Cheese​) របស់​អាមេរិក​ជាដើម​។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ជប៉ុន​នឹង​លុបចោល​ ឬកាត់បន្ថយ​ពន្ធ​លើ​ផលិតផល​កសិកម្ម​ និង​ឧស្សាហកម្ម​ ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​មាន​លក្ខណៈ​រឹងមាំ​ ស្ថេរ​ភាព​ និង​ផលប្រយោជន៍​ទៅវិញទៅមក​ រវាង​ប្រជាជាតិ​យើង​ដែល​មាន​ចំនួន​ប្រហែល៣០ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​សកល​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​ ដែល​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​ដោយ​លោក​ Trump​ និង​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក​ ស៊ីន​ ហ្សូ​អាបេ​។

លោក​ Trump​ បាន​ដាក់​សម្ពាធ​ដល់​ប្រទេស​ជប៉ុន​ ឱ្យ​មាន​តុល្យភាព​លើ​ឱនភាព​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ជប៉ុន​ដែល​បាន​កើនឡើង​ដល់៦៧ពាន់​លាន​ដុល្លារ​ដែល​ភាគច្រើន​ ធ្វើ​ចំពោះ​ការនាំចេញ​រថយន្ត​របស់​ជប៉ុន​ទៅកាន់​សហរដ្ឋអាមេរិក​។

ក្រុម​អ្នកវិភាគ​បាន​លើកឡើង​ថា​ រដ្ឋាភិបាល​ជប៉ុន​ បាន​ទទួលយក​តាម​ការ​ទាមទារ​របស់​លោក ​Trump​ ដើម្បី​ពង្រឹង​ការរៀបចំ​សន្តិសុខ​របស់​ខ្លួន​ ជាមួយ​សហរដ្ឋអាមេរិក​នៅពេល​ដែល​កូរ៉េខាងជើង​ បន្ត​សាកល្បង​មី​ស៊ី​លនៅ​ជុំវិញ​ដែនទឹក​របស់​ជប៉ុន​។

ថ្មី​ៗនេះ​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​កូរ៉េ​ខាងត្បូង​បាន​អះអាង​ថា​ នាវាមុជទឹក​របស់​កូរ៉េខាងជើង​ បាន​បាញ់​មី​ស៊ី​លផ្លោង​នៅ​ជិ​តវ៉ាន់​សាន​ ដែល​បាន​ចុះចត​ចម្ងាយ៤៥០​ គីឡូម៉ែត្រ​ក្នុង​សមុទ្រ​ជប៉ុន​កាលពី​ថ្ងៃពុធ​។

មន្រ្តី​រដ្ឋាភិបាល​អាមេរិក​ និង​កូរ៉េខាងជើង​ ត្រូវ​បាន​គេ​កំណត់​ឱ្យ​បន្ត​កិច្ចពិភាក្សា​នុយក្លេអ៊ែរ​ឡើងវិញ​នៅ​ថ្ងៃសុក្រ​ខាងមុខនេះ​៕

ជប៉ុន​ផ្តល់​ជំនួយ​ជាង​ ២ពាន់​លាន​យ៉េន​កសាង​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ស្ថានទូត​ជប៉ុ​នប្រ​ចំា​នៅ​កម្ពុជា​ នឹង​ចុះហត្ថលេខា​ផ្តល់​ជំនួយឥតសំណង​សម្រាប់​អនុវត្ត​គម្រោង​ “អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​” នៅ​ថ្ងៃស្អែក​នេះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ នៅ​ថ្ងៃទី​ ២ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ឱ្យ​បានដឹង​ថា​ លោក​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ នៃ​កម្ពុជា​ និង​លោក​ មិ​កាមិ​ ម៉ា​សា​ហ៊ី​រ៉ូ​ ឯកអគ្គ​រាជទូត​ជប៉ុ​នប្រ​ចំា​នៅ​កម្ពុជា​ នឹង​ចុះហត្ថលេខា​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥណ​សំណង​រប់​ជប៉ុន​ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ពីរ​ប៊ី​លាន​ប្រាំពីរ​រយ​ចិតសិប​ប្រាំពីរ​លាន​យ៉េន​ (២.៧៧៧.០០០.០០០​ យ៉េន​) សម្រាប់​អនុវត្ត​គម្រោង​ “អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​” ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​ ៣ ខែតុលា​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ ៩: ៣០​ នៅ​ទី​ស្តី​ការក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ ជប៉ុន​នឹង​សាងសង់​ស្ថានីយ៍​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​មុននឹង​បង្ហូរទឹក​ចូល​បឹង​ជើងឯក​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​។ ជំនួយ​របស់​ជប៉ុន​នេះ​ នឹង​រួមចំណែក​ដ៏​សំខាន់​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

អគ្គនាយក​ដ្ឋាន​គយ​រកចំណូល​បាន​ជាង​ ២៣០០លាន​ដុល្លារ​អាមេរិក​ក្នុង​ដំណាច់​ត្រីមាស​ទី៣​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ គិត​ត្រឹម​ត្រីមាស​ទី៣នៃ​ឆ្នាំ២០១៩នេះ​ ចំណូល​បាន​មក​ពី​ការ​ប្រមូល​ពន្ធគយ​ និង​រដ្ឋាករ​ មាន​ចំនួន​រហូតដល់​២៣៨៤លាន​ដុល្លារ​ កើន​លើស​ផែនការ​ដែល​បាន​គ្រោងទុក​រហូតដល់​ប្រមាណ១០៥ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សិស្ស​-និស្សិត​ សាកល​វិទ្យាល័យ​ ប៊ែល​ធី​ អន្តរជាតិ​ សរុប១​,១៨៣នាក់​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ កាលពី​ព្រឹក​ថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០១៩​ សម្ដេច​ តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ ចំណូល​ដែល​បាន​ប្រមូល​ពី​ពន្ធគយ​ និង​រដ្ឋាករ​ នៅ​ត្រឹម​ត្រីមាស​ទី៣​ នៃ​ឆ្នាំ២០១៩នេះ​ មាន​ចំនួន​រហូតដល់​ ២៣៨៤​លាន​ដុល្លារ​ កើនឡើង​ប្រមាណ១០៥ភាគរយ​ ស្មើនឹង​ប្រមាណ​ជាង៨០០លាន​ដុល្លារ​។

សម្ដេច​បាន​បញ្ជាក់​ទៀត​ថា​ “ចំណូល​ទាំងអស់​នេះ​ មាន​ខែ​ខ្លះ​ប្រមូល​បាន២៥០លាន​ដុល្លារ​ ហើយ​ខែ​ខ្លះទៀត​ប្រមូល​បាន​ជាង៣០០លាន​ដុល្លារ​ ដែល​វា​ជា​សញ្ញា​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​ពី​សេដ្ឋកិច្ច​ និង​វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​ ជា​រួម​នៅក្នុង​មួយ​ខែ​ កម្ពុជា​ទទួល​បាន​ចំណូល​សរុប​ប្រមាណ​៥០០លាន​ដុល្លារ​ ខណៈ​ដែល​ការ​ចំណាយ​ប្រចាំខែ​អស់​ត្រឹម៣០០លាន​ដុល្លារ​ មានន័យថា​នៅសល់២០០លាន​ដុល្លារ​ សម្រាប់​ធ្វើការ​វិនិយោគ​ដោយខ្លួនឯង​ និង​មិន​ចាំបាច់​ពឹង​អាស្រ័យ​ទៅលើ​បរទេស​ទាំងស្រុង​នោះ​ទេ​។

សម្ដេច​បាន​បន្ត​ទៀត​ថា​ “ដោយឡែក​សម្រាប់​ចំណូល​ ដែល​នឹង​ទទួល​បាន​ពី​ដំណក់​ប្រេង​ក្នុង​ពេល​ខាងមុខនេះ​ នឹង​ទុក​សម្រាប់​ប្រើប្រាស់​តែ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​រួមមាន​ដូចជា​ផ្លូវថ្នល់​ និង​ស្ពាន​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​”។

កាលពី​ឆមាស​ទី១​ ឆ្នាំ២០១៩​ ចំណូល​សរុប​មាន​ប្រមាណ​ជាង៥.៩​ ទ្រី​លាន​រៀល​ (ប្រមាណ​ ១,៤៧៥​ លាន​ដុល្លារ​អាមេរិក​) កើនឡើង២៥.៥​ ភាគរយ​ (ប្រមាណ​ ៣០០លាន​ដុល្លារ​អាមេរិក​) ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​។ លទ្ធផល​ចំណូល​នេះ​ត្រូវ​ប្រមាណ​ជា៦៥ភាគរយ​នៃ​ផែនការ​ឆ្នាំ​ ដែល​កំណត់ដោយច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ២០១៩​។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​ ​; លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​និង​អាករ​សំ​ខាន់​ៗ ដែល​ប្រមូល​ដោយ​គយ​មាន​កំណើន​គួរឲ្យ​កត់សម្គាល់​ក្នុង​នោះ​ពន្ធគយ​ (ពន្ធ​នាំចូល​)មាន​កំណើន​ជាង៣៣.៨​ ភាគរយ​, អាករ​ពិសេស​កើន​ ៣១.១​ ភាគរយ​ ​; និង​អាករ​លើ​តម្លៃបន្ថែម​ (VAT​)កើន២៨.៦​ ភាគរយ​។

មុខទំនិញ​ជា​ប្រភព​ចំណូល​សំ​ខាន់​ៗរួមមាន​ ៖ (១).យានយន្ត​និង​គ្រឿងចក្រ​គ្រប​ដណ្តប់​ប្រមាណ​ជាង៥២ភាគរយ​នៃ​ចំណូល​សរុប​, (២).ប្រេងឥន្ធនៈ​ និង​ថាមពល​ប្រមាណ១៧.១ភាគរយ​ នៃ​ចំណូល​សរុប​និង​(៣).ទំនិញ​ចម្រុះ​ និង​គ្រឿង​សំណង់​មាន​ប្រមាណ​ ២៩.៥​ ភាគរយ​នៃ​ចំណូល​សរុប​៕

សម្តេច​តេជោ​៖ កម្ពុជា​មាន​ប្រាក់​បម្រុង​អន្តរជាតិ​ ១៥ពាន់​លាន​ដុល្លារ​អាមេរិក​ និង​មាស​ ៣០តោន​

ដោយ​ វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​គូសបញ្ជាក់​ថា​ ក្រៅពី​រដ្ឋ​ភិបាល​ប្រមូល​ពន្ធអាករ​នានា​តា​មរ​រយៈ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​កម្ពុជា​ និង​ចំណូល​ពីអ​គ្គ​នាយដ្ឋាន​គយ​ កម្ពុជា​មាន​ប្រា​ក់បំ​រ៉ុង​អន្តរជាតិ​ចំនួន​ ១៥ពាន់​លាន​ដុល្លារ​អាមេរិក​ និង​ ​មាស​ ៣០​ តោន​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​បែបនេះ​ ក្នុង​ឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​សាកល​វិទ្យាល័យ​ប៊ែល​ធី​ អន្តរជាតិ​ សរុប១,១៨៣នាក់​ ក្នុង​នោះ​នារី៦៣៥នាក់​ ដែល​ពិធី​នេះ​ត្រូវ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​នា​ថ្ងៃទី​ ២ ខែតុលា​ ឆ្នាំ​ ២០១៩នេះ​។

សម្តេច​តេជោ​ថា​ ប្រា​ក់បំ​រ៉ុង​អន្តរជាតិ​ និង​មាស​ទាំងនេះ​រដ្ឋាភិបាល​មិនទាន់​យក​មក​ចំណាយ​នៅឡើយ​ទេ​ ។បើ​តាម​សម្តេច​តេជោ​ “មាស​ចំនួន​ ៣០​ តោន​ ត្រូវ​រក្សា​តំ​កល់​ទុក​នៅ​ប្រទេស​ស្វីស​ចំនួន​ ១២​ តោន​ នៅក្នុង​ប្រទេស​អង់គ្លេស​ ១៥តោន​ និង​នៅ​រតនាគារជាតិ​កម្ពុជា​មាន​ចំនួន​ ៣ តោន​”៕