អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចេញ​វិធានការណ៍​ក្តៅ​ដោយ​កោះហៅ​ម្ចាស់ដី​ និង​ម្ចាស់​សំណង់៧០ការដ្ឋាន​មក​ធ្វើ​កោសល្យវិច័យ​

0

ដោយ ​វុត្ថា​

ក្រុង​ព្រះ​សី​ហនុៈ​ អា​ជ្ញ​ធរ​ខេត្ត​ព្រះសីហនុ​បាន​ដាក់ចេញ​វិធានការណ៍​ក្តៅ​ ដោយ​បាន​កោះហៅ​ម្ចាស់ដី​ និង​ម្ចាស់​សំណង់​ចំនួន ៧០ការដ្ឋាន​ដែល​ការដ្ឋាន​តម្រូវ​ឱ្យធ្វើ​កោសល្យវិច័យ​ ដើម្បី​ធ្វើ​កោ​ល្យ​វិច័យ​ធានាអះអាង​ពី​គុណភាព​ និង​សុវត្ថិភាព​ ឱ្យ​បាន​ឆាប់​ទៅតាម​លិខិត​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។

យោង​តាម​កិច្ចប្រជុំ​កាលពី​ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ តាម​រយៈ​មន្ទីរៀ​បចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សូរិ​យោ​ដី​បានឱ្យ​ដឹង​ថា​ ​ក្រោយ​កិច្ចប្រជុំ​ណែនាំ​ ម្ចាស់​សំណង់​បាន​សុំ​ជួបពិភាក្សា​ពី​និ​តិ​វិធី​ និង​បែបបទ​ក្នុង​ការ​ធ្វើ​កោសល្យវិច័យ​ ស្របតាម​លិខិត​ណែនាំ​របស់​តាម​លិខិត​ណែនាំ​ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កាលពី​កន្លងទៅ​ថ្មីនេះ​ បាន​សំដែង​ការ​សោក​ស្តាយ​ចំពោះ​សំណង់​ ដែល​ត្រូវ​រុះរើ​ជាបន្ទាន់​ ក្រោយពី​ពិនិត្យ​ឃើញ​សំណង់​ទាំងនោះ​គ្មាន​បទដ្ឋាន​ និង​គុណភាព​ត្រឹមត្រូវ​ ​ដើម្បី​កុំ​អោយ​មាន​គ្រោះថ្នាក់​ទៀត​។

រដ្ឋាភិបាល​ខេត្ត​ព្រះសីហនុ​ បញ្ជាក់​ថា​ “ម្ចាស់​សំណង់​មិនបាច់​ដើររក​អ្នក​អន្តរាគមន៍​ទប់ស្កាត់​ទេ​ បើ​មិនព្រម​រុះរើ​ទេ​អាជ្ញាធរ​មានសមត្ថកិច្ច​ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ បន្ទាប់ពី​បាន​រុះរើ​ហើយ​ អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​នឹង​ជួយ​សម្រួលការ​គូរ​ប្លង់​ ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ និង​ចេញ​លិខិតអនុញ្ញាត​សាងសង់​ឡើងវិញ​ អោយ​បាន​ឆាប់​ដើម្បី​ជា​ការ​ប៉ះប៉ូវ​នូវ​ការខូចខាត​នេះ​”។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ តាមរយៈ​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​កាលពីដើម​ខែកញ្ញា​កន្លងមក​នេះ​ ​បានឱ្យ​ម្ចាស់​សំណង់​និង​ម្ចាស់​ទីតាំង​ជួល​ដី​ចំនួន១៤ទីតាំង​ រុះរើ​ដោយខ្លួនឯង​ ក្នុង​នោះ​មាន​ម្ចាស់​សំណង់​ចំនួន​ ៤ កន្លែង​បាន​នឹង​កំពុង​រុះរើ​ចេញ​ដោយ​ស្ម​គ្រ័​ចិត្ត​ បន្ទាប់ពី​ពិនិត្យ​ឃើញថា​សំណង់​ទាំងនេះ​ មិន​មានគុណ​ភាព​ហើយ​អាច​ប្រឈម​នឹង​ហានិភ័យ​ ដល់​អ្នក​រស់នៅ​ក្នុង​នោះ​ និង​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋាន​នៅ​ជុំវិញ​ផង​ដែរ​៕

អ្នកជំនាញ​អះអាង​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​មាន​លំនឹង​ប្រសើរ​ រយៈពេល​វែង​តទៅទៀត​

0

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ ក្រោម​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ចិន​ និង​អាមេរិក​បាន​ធ្វើ​ឱ្យ​ចរន្ត​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​រង​ផល​ប៉ះពាល់​ ដែល​ក្នុង​នោះ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក៏​មាន​ភាព​ប្រឈម​។ ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា​ ហាក់​នៅ​ឆ្ងាយ​ពី​ការ​រង​សម្ពាធ​មួយ​នេះ​។

អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ចក់​ ស៊ី​ណាត​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាល​បី​ព្រឹក​ថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ដែល​វា​មិនទាន់​មាន​សញ្ញា​អវិជ្ជមាន​ណាមួយ​បង្ហាញ​នៅឡើយ​នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ “មនុស្ស​ភាគច្រើន​ចូលចិត្ត​បំប៉ោង​ និង​ប្រតិកម្ម​រហ័ស​ជាង​ហេតុការណ៍​ ទាំង​ដែល​ខ្លួន​គាត់​មិន​មាន​ជំនាញ​ ឬយល់​ច្បាស់​ផង​”។ លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅ​អាច​រក្សា​បាន​ភាព​លំនឹង​ក្នុងរយៈពេល​យូរ​ទៅមុខ​ទៀត​ បើ​ទោះជា​សេដ្ឋកិច្ច​ជួប​បញ្ហា​ក៏ដោយ​”។

លោក​បន្ត​ទៀត​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​ មិនមែន​ពឹងផ្អែក​ទៅលើ​ប្រទេស​ចិន​តែមួយមុខ​នោះ​ទេ​។ យើង​ទទួលស្គាល់​ថា​ ចិន​បាន​ដើរ​សំខាន់​ក្នុង​វិស័យ​នេះ​នៅ​កម្ពុជា​ ក៏ប៉ុន្តែ​ការ​វិនិយោគ​របស់​អ្នកជំនួញ​នៅតែ​បន្ត​មាន​ ជាក់ស្ដែង​គ្រាន់តែ​កញ្ចប់​ទុន​នៅក្នុង​គម្រោង​វិនិយោគ​ដែល​ចាក់​ចូល​មក​កម្ពុជា​ អាច​មានដំណើរ​ការ៣​-៤ ឆ្នាំ​ ទៅមុខ​ទៀត​នៅ​មិនទាន់​ចប់​ផង​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅពេល​បច្ចុប្បន្ន​នេះ​ ក្រៅពី​គម្រោង​វិ​និ​យោ​គធំៗ​របស់​ចិន​ នៅ​មាន​គម្រោង​វិនិយោគ​របស់​ជប៉ុន​ កូរ៉េ​ និង​បណ្តា​ប្រទេស​ផ្សេង​ៗជាច្រើន​ទៀត​ ហើយក៏​មាន​គម្រោង​វិនិយោគ​ ជា​ជំ​ហ៊ាន​របស់​អ្នក​វិ​និ​យោក​ក្នុង​ស្រុក​ផង​ដែរ​ ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​ ដែល​កំពុងតែ​មាន​តម្រូវការ​ខ្ពស់​”។

អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ លោក​ង៉ែត​ ជូ​ បាន​លើកឡើង​ថា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​តម្លៃ​អចលនទ្រព្យ​របស់​កម្ពុជា​មានសន្ទុះ​ខ្លាំង​។ ជាពិសេស​តម្លៃ​ដីធ្លី​មាន​កំណើន​ប្រចាំឆ្នាំ​ចន្លោះ​ពី១០ភាគរយ​ ទៅ១០០ភាគរយ​ឬជាង១០០ភាគរយ​ក៏​មាន​ អាស្រ័យ​លើ​ទីតាំង​ភូមិសាស្ត្រ​។ សន្ទុះ​នៃ​តម្លៃ​នេះ​ មិន​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​មូលដ្ឋាន​របស់​សេដ្ឋកិច្ច​ (fundamental​ needs​) នោះ​ទេ​ ផ្ទុយទៅវិញ​វា​មាន​ចរិត​ជា​កំសួល​ចិត្តសាស្ត្រ​ ឬឥរិយាបទ​ (behavioral​) របស់​មហាជន​ និង​អ្នក​វិនិយោគ​។ បណ្តា​អ្នកជំនាញ​បាន​ព្យាករណ៍​ថា​តម្លៃនឹង​មានការ​កើនឡើង​ក្នុង១ឆ្នាំ​ ប្រមាណ៧ភាគរយ​ទៅ១០ភាគរយ​ ក្នុងរយៈពេល១០ឆ្នាំខាងមុខ​។

លោក​បន្ត​ទៀត​ថា​ “ការព្យាករណ៍​នេះ​ទំនងជា​អាច​ទៅរួច​ ព្រោះ​តម្លៃ​នៅ​កម្ពុជា​មានតម្លៃ​ទាប​នៅឡើយ​បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ី​”។

​យោង​តាម​ទិន្នន័យ​របស់​ ក្លូប​លប្រ​ភើ​ធី​ហ្កាយ​បាន​អោយ​ដឹង​ថា​ តម្លៃ​ដីធ្លី​ជាមធ្យម​នៅ​ទីក្រុង​នៅ​កម្ពុជា​ មានតម្លៃ​ប្រមាណ២៩០០ដុល្លារ​អាមេរិក​ក្នុង១ម៉ែត្រការ៉េ​។ នៅ​ថៃ​តម្លៃ​ ៣៩០០ដុល្លា​ នៅ​ឥណ្ឌា​តម្លៃ​ ១០.៩០០ដុល្លារ​ នៅ​ចិន​តម្លៃ​ ១១.៨០០ដុល្លារ​ នៅ​សិង្ហបុរី​តម្លៃ១៣.៧០០ដុល្លារ​ និង​ នៅ​ហុងកុង​តម្លៃ​ ២៨.៥០០ដុល្លារ​។ អ្វី​ដែល​គួរ​ឱ្យ​បា​រម្ម​គឺ​កម្ពុជា​ អាច​ប្រឈម​នឹង​វិបត្តិ​លំនៅ​ដ្ឋាន​របស់​ពលរដ្ឋ​ ដែល​មាន​ចំណូល​ទាប​នា​ពេល​អនាគត​។

ការ​ផ្គត់ផ្គង់​ផ្ទះ​ ដែល​មានតម្លៃ​សមរម្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ មិន​អាច​ឆ្លើយតប​នឹង​ជីវភាព​របស់​កម្មករ​នោះ​ទេ​ ព្រោះ​ផ្ទះ​មួយ​ខ្នង​មានតម្លៃ​យ៉ាងតិច​ ២៥.០០០ដុល្លារ​។ វិបត្តិ​នេះ​បាន​កើតឡើង​រួចហើយ​នៅ​ហុងកុង​ ដូច្នេះ​កម្ពុជា​គួរ​រៀនសូត្រ​ និង​រៀបចំ​គោលនយោបាយ​ឱ្យ​បាន​ល្អ​៕

ADB​៖ គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​កម្ពុជា​មានតម្លៃ​ទាប​បំផុត​នៅក្នុង​តំបន់​អាស៊ាន

0

​ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ ការ​ដេញថ្លៃ​ថាមពល​ ៦០​ មេ​ហ្គា​វ៉ាត់​នៃ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ (solar​) ដែល​ធ្វើឡើង​ដោយ​អគ្គិសនី​កម្ពុជា​ និង​ជា​ថាមពលអគ្គីសនី​ជាតិ​បាន​ធ្វើ​ឱ្យ​មានការ​ដេញថ្លៃ​ទាប​បំផុត​ ៣,៨សេន​ ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ទទួល​បាន​ដោយក្រុម​ហ៊ុន​ Prime​ Road​ Option​។ នេះ​បើ​យោង​តាម​របាយការណ៍​ ADB​ ចេញផ្សាយ​នៅ​ថ្ងៃនេះ​។

គម្រោង​នេះ​ដែល​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​ទាក់ទាញ​អ្នកដេញថ្លៃ​ចំនួន​ ២៦​ នាក់​រួម​ទាំង​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ផង​ដែរ​ ហើយ​បាន​ទទួល​នូវ​ថ្លៃ​ទិញ​ថាមពល​ទាប​បំផុត​សម្រាប់​គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​បាន​កត់ត្រា​មួយ​នៅក្នុង​អាស៊ី​អាគ្នេយ៍​។

គម្រោង​ ៦០​ មេ​ហ្កា​វ៉ាត់​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ថាមពល​ ១០០​ មេ​ហ្គា​វ៉ាត់​ និង​ត្រូវ​បាន​រៀបចំឡើង​ជា​ភាពជា​ដៃគូ​ឯកជន​សាធារណៈ​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​អនុម័ត​ប្រាក់កម្ចី​ចំនួន៧,៦៤លាន​ដុល្លារ​ ដែល​បាន​ដាក់បញ្ចូល​ក្នុង​កញ្ចប់​ហិរញ្ញវត្ថុ​ ដើម្បី​សាងសង់​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ដែល​មាន​សមត្ថភាព​បង្កើត​ថាមពល​អគ្គ​សនី១០០​ មេ​ហ្គា​វ៉ាត់​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​។

អគ្គិសនី​កម្ពុជា​កំពុង​ផ្តល់​ដី​ និង​ការ​បញ្ជូន​អគ្គិសនី​ ខណៈ​ដែល​វិស័យ​ឯកជន​នឹង​ផ្តល់​សមត្ថភាព​ផលិត​ថាមពល​ដោយ​ផ្អែកលើ​កិច្ច​ព្រមព្រៀង​ទិញ​ថាមពល​រយៈពេល​វែង​ជាមួយ​អគ្គិសនី​កម្ពុជា​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បម្រើការ​ងារ​ជា​អ្នក​ប្រឹក្សា​ប្រតិបត្តិ​ការ​សម្រាប់​គម្រោង​នេះ​តាមរយៈ​ការិយាល័យ​ភាពជា​ដៃគូ​ឯកជន​សាធារណៈ​ និង​ការិយាល័យ​ ស្រប​ពេល​បាន​ផ្តល់​ប្រាក់កម្ចី​ជា​កម្មសិទ្ធិ​រួម​ជាមួយ​មូលនិធិ​ហិរញ្ញវត្ថុ​អាកាសធាតុ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​បណ្តាញ​បញ្ជូន​ និង​កន្លែង​រង​សម្រាប់​សួន​ផលិត​ថាមពល​ពន្លឺ​ព្រះអាទិត្យ​។

ការងារ​រៀបចំ​គម្រោង​ត្រូវ​បាន​អនុវត្ត​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដោយមាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​កាណាដា​ និង​សឹង្ហ​បូរី​។លោក​ Siddharta​ Shah​ ប្រធាន​ការិយាល័យ​ភាពជា​ដៃគូ​សាធារណៈ​ – ឯកជន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​មានប្រសាសន៍​ថា​ “តម្លៃ​ទាប​បំផុត​បង្ហាញ​ពី​អំណាច​នៃ​ការប្រកួត​ប្រជែង​។ នេះ​គឺជា​យុគសម័យ​ថ្មី​មួយ​សម្រាប់​ការអភិវឌ្ឍន៍​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា​ និង​ក្នុង​តំបន់​ និង​ជាពិសេស​សម្រាប់​ការបង្កើត​ថាមពល​ពន្លឺ​ព្រះអាទិត្យ​។ នេះ​ជា​ដំណឹងល្អ​សម្រាប់​អគ្គិសនី​កម្ពុជា​និង​ប្រជាជន​កម្ពុជា​”។

លោក​ Siddharta​ Shah​ បាន​បន្ត​ថា​ “យើង​ជឿជាក់​ថា​ រដ្ឋាភិបាល​ជាច្រើន​ទៀត​នៅក្នុង​តំបន់​នឹង​ទទួលយក​ការ​ដេញថ្លៃ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ទទួល​បាន​សមត្ថភាព​ផលិត​ថាមពល​កកើត​ឡើងវិញ​ ហើយ​រចនាសម្ព័ន្ធ​ និង​ពន្ធ​នេះ​នឹង​ដើរតួ​នាទី​ជាគោល​សម្រាប់​គម្រោង​អនាគត​។

លោក​ Pradeep​ Tharakan​ អ្នក​ឯក​ទេ​សខា​ងបំរែបំ​រួល​អាកាសធាតុ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​មានប្រសាសន៍​ថា​ “ការពង្រីក​ការផលិត​ថាមពល​ពន្លឺ​ព្រះអាទិត្យ​គឺ​ស្រប​ទៅ​នឹង​គោលដៅ​របស់​ប្រទេស​ក្នុង​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ប្រភព​អគ្គិសនី​ដែល​មាន​តំលៃ​សមរម្យ​ និង​អាច​ទុកចិត្ត​បាន​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​គួរ​ឱ្យ​ទុកចិត្ត​របស់​រដ្ឋាភិបាល​កំពុងធ្វើការ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​រយៈពេល​វែង​នៃ​វិស័យ​ថាមពល​នៅក្នុង​ប្រទេស​”។

ការ​គាំទ្រ​ជា​បន្ត​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដល់​វិស័យ​ថាមពល​របស់​ប្រទេស​នេះ​រួមមាន​ហិរញ្ញប្បទាន​សម្រាប់​ការពង្រីក​ និង​ពង្រឹង​បណ្តាញ​អគ្គិសនី​។ ការ​អភិវឌ្ឍ​ផែនការ​អភិវឌ្ឍ​ថាមពល​ដ៏​ទូលំទូលាយ​រហូតដល់​ឆ្នាំ​ ២០៤០​ និង​ការសាកល្បង​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី​រួម​ទាំង​ប្រព័ន្ធ​ផ្ទុក​ថាមពល​៕

តើ​អ្នកស្រុក​អង្គរ​មាន​លក្ខខណ្ឌ​ដូចម្តេច​ខ្លះ​ ដើម្បី​ទទួល​បាន​សិទ្ធិ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​?

0

ដោយ​ វុត្ថា​

សៀមរាប​៖ ​ប្រជាពលរដ្ឋ​ ដែល​មាន​លំនៅ​ដ្ឋាន​ និង​រស់នៅ​យូរលង់​មក​ហើយ​អាច​ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម​ ឬសាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​ ដោយមាន​ការ​សុំ​អនុញ្ញាត​ពី​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ប៉ុន្តែ​រាល់​ការសាងសង់​ផ្ទះ​ថ្មី​បន្ថែម​ ត្រូវ​ហាមឃាត់​ជាដាច់ខាត​។

នេះ​បើ​យោង​តាម​ប្រការ១​ និង​ប្រការ២​ នៃ​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​ ៧០​ សសរ​ ចុះ​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០០៤​ ស្តី​ពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើ​ប្រាស់​ដីធ្លី​នៅ​តំបន់១​ និង​តំបន់២​ ក្នុង​តំបន់​រមណីយដ្ឋាន​សៀមរាប​-អង្គរ​។

បើ​តាម​ការ​ចុះផ្សាយ​របស់​អាជ្ញា​ធរ​អប្សា​រា​នៅ​ថ្ងៃទី​ ៦ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​អ្នកស្នើ​សុំ​សាងសង់​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ដូចជា​៖ លិខិត​ទាក់ទង​នឹង​ការ​កាន់កាប់​ និង​ប្រើប្រាស់​ដីធ្លី​ លិខិត​ស្នាក់នៅ​ (សៀវភៅ​ស្នាក់នៅ​ ឬសៀវភៅ​គ្រួសារ​) អត្តសញ្ញាណ​បណ្ណ​ និង​សំបុត្រ​កំណើត​ជាដើម​។

លើស​ពីនេះ​ទៅទៀត​ ក្រោយពី​បាន​ទទួលពាក្យ​ស្នើសុំ​សាងសង់​ពី​ប្រជាពលរដ្ឋ​ អ្នកជំនាញ​ពី​នាយកដ្ឋាន​រៀបចំ​ដែនដី​ និង​គ្រប់គ្រង​លំនៅ​ដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ធ្វើការ​វិនិច្ឆ័យ​ដោយ​ពិនិត្យ​លក្ខខណ្ឌ​មួយចំនួន​មុននឹង​អនុញ្ញាត​ឱ្យ​សាងសង់​ តាមរយៈ​ការ​ចុះទៅ​ពិនិត្យ​ដល់ទី​តាំង​ស្នើសុំ​ជាក់ស្តែង​ផ្ទាល់​ សាកសួរ​ព័ត៌មាន​ទាក់ទង​នឹង​ប្រវត្តិ​នៃ​ការ​កាន់កាប់​ និង​ប្រើប្រាស់​ដីធ្លី​ ប្រវត្តិ​នៃ​ការ​តាំង​ ទីលំនៅ​ ព្រមទាំង​ផ្ទៀងផ្ទាត់​ខ្នង​ផ្ទះ​ចាស់​ដែល​មាននៅ​ទីតាំង​ស្នើសុំ​នោះ​ជាមួយនឹង​ទិន្នន័យ​ JICA​ ធ្វើឡើង​នៅ​ឆ្នាំ១៩៩៨​ រូបភាព​ពីលើ​អាកាស​ Google​ Earth​ ឆ្នាំ២០០៤​ និង​ឈ្មោះ​របស់​ម្ចាស់​សំណើ​នៅក្នុង​បញ្ជី​ជំរឿន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ឆ្នាំ២០០៤​-២០០៥​។

នៅពេល​ពិនិត្យ​ឃើញថា​ ម្ចាស់​សំណើ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ហើយ​ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចេញ​លិខិតអនុញ្ញាត​សាងសង់​ ដោយមាន​ភ្ជាប់​ជាមួយនឹង​លិខិត​ប្រកាស​សាងសង់​ (ក្រដាស​ពណ៌លឿង​) និង​កិ​ច្ច​សន្យ​សាងសង់​ ដែល​សាមីជន​យល់ព្រម​ចុះហត្ថលេខា​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​លើ​ ប្លង់​ស្ថាបត្យកម្ម​ ជា​សំណង់​ស្រាល​ គ្មាន​ការ​ជីក​គ្រឹះ​ជ្រៅ​ទៅ​ក្នុង​ដី​ ដែល​មាន​រចនាបថ​ជា​សំណង់​លំនៅ​ដ្ឋាន​ខ្មែរ​។

ប្រជាពលរដ្ឋ​អាច​ដាក់ពាក្យ​ស្នើសុំ​សាងសង់​បាន​នៅ៣ទីតាំង​ ៖ ទីតាំង​ទី១​ នៅ​ច្រកចេញ​ចូល​តែមួយ​ប្រចាំ​ស្រុក​ពួក​ ទីតាំង​ទី២​ នៅ​ចេញចូល​ចូល​តែមួយ​ប្រចាំ​ក្រុង​សៀមរាប​ និង​ទីតាំង​ទី៣​ នៅ​មជ្ឈមណ្ឌល​សេវាកម្ម​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ស្ថិតនៅ​ភូមិ​បង្កោង​ ឃុំ​បាគង​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។ ការ​ឆ្លើយតប​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទៅកាន់​ម្ចាស់​សំណើ​វិញ​គឺ​មាន​រយៈពេល៣០ថ្ងៃ ​(ថ្ងៃធ្វើការ​) ហើយ​រាល់​ការ​ស្នើសុំ​សាងសង់​ពុំ​មានការ​បង់ថ្លៃ​សេវាកម្ម​ផ្នែក​រដ្ឋបាល​ឡើយ​៕

CNN​ អះអាង​ថា​ ទីផ្សារ​អចលនទ្រព្យ​ពាណិជ្ជកម្ម​អាមេរិក​បាន​បង្ហាញ​អវិជ្ជមាន​ នៅ​ឆមាស​ទី១ឆ្នាំនេះ​

0

ដោយ​ ប៊ី​

សហរដ្ឋ​អា​មេ​រិកៈ​ ទីផ្សារ​អចលនៈ​ទ្រព្យ​ពាណិជ្ជកម្ម​អាមេរិក​ បាន​បង្ហាញ​ពី​សញ្ញា​ព្រមាន​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០១៩​ ដោយសារតែ​សង្រ្គាម​ពាណិជ្ជកម្ម​បង្កឡើង​ដោយ​អាមេរិក​។

ជាលើកដំបូង​ក្នុងរយៈពេល៧ឆ្នាំ​ វិនិយោគិន​បរទេស​ដែល​សាងសង់​អគារ​ការិយាល័យ​ និង​កន្លែង​លក់រាយ​បាន​ក្លាយជា​អ្នកលក់​អចលនទ្រព្យ​វិញ​ (មានន័យថា​ វិនិយោគ​ចាំ​ទទួលផល​ពី​ការ​វិនិយោគ​ បែរជា​លក់​អចលនទ្រព្យ​វិញ​)។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ពី​ក្រុមហ៊ុន​ Real​ Capital​ Analytics​ ដែល​តាមដាន​វិស័យ​នេះ​។

ប៉ុន្តែ​បើ​ក្រឡេក​មើល​ស្ថានភាព​នៅ​ឆ្នាំ​2018​ ទីផ្សារ​អចលនទ្រព្យ​អាមេរិក​មាន​ភាពរឹងមាំ​ បាន​ធ្វើឲ្យ​ការទិញ​អចលនទ្រព្យ​ពាណិជ្ជកម្ម​ ក្នុង​ប្រទេស​ឈាន​ដល់កម្រិត​ខ្ពស់​មួយ​។

លោក​ Jim​ Costello​ អ្នកនិពន្ធ​នាំមុខ​នៃ​របាយការណ៍​ខាងលើ​ បាន​សរសេរ​ថា​ “វិនិយោគិន​ទាំងនេះ​ ​នៅ​តែ​ទិ​ពទ្រព្យសកម្ម​។ ពួកគេ​លក់​អចលនទ្រព្យ​ជាជាង​ពួកគេ​ទិញ​”។

ការទិញ​ដោយ​ផ្ទាល់​មានតម្លៃ​សរុប ២១​,៣ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​ ដែល​ធ្លាក់ចុះ​ជាង៤០ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ទន្ទឹម​នឹង​នេះ​ ការ​លក់​អចលនទ្រព្យ​មានតម្លៃ​ដល់២១​,៤ ពាន់​លាន​ដុល្លារ​។

គ្មាន​តំបន់​ណាមួយ​ទទួលខុសត្រូវ​ចំពោះ​ការ​ថយ​ចុះ​នេះ​ទេ​ ទោះបីជា​វិនិយោគិន​ចិន​បាន​ធ្លាក់ចុះ​ដល់​លេខ៩​ នៅក្នុង​ចំណាត់ថ្នាក់​វិនិយោគិន​បរទេស​។ ចិន​ដែល​បាន​រឹត​បន្តឹង​ច្បាប់​ស្តី​ពី​ លំហូរ​មូលធន​គឺ​ស្ថិតនៅ​លំដាប់​ទី៤​ ក្នុង​ឆ្នាំ២០១៨​ និង​ទី៣ក្នុង​ឆ្នាំ​ ២០១៧​។

របាយការណ៍​បាន​កំណត់​និន្នាការ​នេះ​ថា​ ជា​សញ្ញា​ព្រមាន​ពណ៌លឿង​ ជាជាង​សញ្ញា​ក្រហម​។

ក្រុមហ៊ុន​ Real​ Capital​ Analytics​ បានឱ្យ​ដឹង​ថា​ “វា​មិនមែន​ជា​រឿង​ក្រុម​វិនិយោគិន​ទាំងមូល​ ដែលកាត់​ការ​វិនិយោគ​នៅ​អាមេរិក​ទេ​។ ផ្ទុយទៅវិញ​តម្លៃ​អចលនទ្រព្យ​ខ្ពស់​ដែល​វិនិយោគិន​ទាំងនេះ​កំពុង​ប្រឈម​គឺជា​បញ្ហា​”៕

រដ្ឋាភិបាល​ចាប់ផ្តើម​បញ្ចេញ​ថវិកា​សន្សំ១០០លាន​ដុល្លារ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​ព្រះសីហនុ​

0

ដោយ​៖​ រ៉ា​ណេត​

ភ្នំ​ពេញ៖​ រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេច​បញ្ចេញ​ថវិកា​សន្សំ​ចំនួន១០០លាន​ដុល្លារ​ ដើម្បី​ប្រើប្រាស់​នៅក្នុង​ស្ដារ​ និង​ស្ថាបនា​កែ​លម្អ​រប្រ​ព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​ជំហាន​ដំបូង​។

ជា​ការអនុវត្ត​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ តាម​ការ​ចង្អុលបង្ហាញ​ពីសំណាក់​សម្តេច​ តេជោ​ហ៊ុន​ សែន​ នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​កាលពី​ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៩កន្លងទៅ​ នៅ​ត្រឹម​ថ្ងៃទី៤​ ខែកញ្ញា​ ម្សិលមិញ​នេះ​ គណកម្មា​ធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (គ.ស.ហ​) ដឹកនាំ​ដោយ​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រ​ធា​ គៈស.ហ​ បាន​រៀបចំ​កិច្ចប្រជុំ​អន្ត​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​អំពី​ “ការ​ធ្វើ​អាទិ​ភាវូបនីយកម្ម​ ក្នុង​ការ​ជួសជុល​ និង​សាងសង់​ផ្លូវថ្នល់​ក្នុង​ខេត្ត​ព្រះសីហនុ​”។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០១៩​ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ (គ.ស.ប​) ស្ដីពី​ការ​ធ្វើ​អាទិ​ភាវូបនីយកម្ម​ ក្នុង​ការ​ជួសជុល​ និង​សាងសង់​ផ្លូវថ្នល់​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ និង​ប្រព័ន្ធ​ទឹក​កខ្វក់​ក្នុង​ខេត្ត​ព្រះសីហនុ​ ជា​លទ្ធផល​អង្គប្រជុំ​បាន​ឯកភាព​ លើ​វិធានការ​ និង​គោលការណ៍​បន្ថែម​មួយចំនួន​។

លទ្ធផល​រួម​មានៈ​ បន្ត​អនុវត្តន៍​គោលការណ៍​ ដែល​បានសម្រេច​ក្នុង​កិច្ចប្រជុំ​ គ. ស.ហ​ កាលពី​ថ្ងៃទី​ ២៨​ ខែ​ សីហា​ ឆ្នាំ២០១៥​ ចំពោះ​វិធានការ​ការងារ​បន្ទាន់​ និង​អាទិភាព​ ក្នុង​ការ​ស្តារ​អូរ​ធម្មជាតិ​ទាំង៥​ និង​លូ​ដែល​មានស្រាប់​ ខណៈ​សព្វថ្ងៃ​កំពុង​ទទួលរង​ការរំលោភ​យក​ ចំណី​អូរ​ និង​ប្រឡាយ​ ដើម្បី​បើកមុខ​ទឹកហូរ​និង​ដោះស្រាយ​ជំនន់​ទឹកភ្លៀង​។ ការ​ស្តារ​ ជួសជុល​ផ្លូវ​ក្នុង​ក្រុង​ ផ្លូវវាង​ក្នុង​ការ​ស្តារ​រៀបចំ​អូរ​រំដោះ​ទឹកភ្លៀង​ និង​ប្រព័ន្ធ​ទឹក​កង្វក់​។

កិច្ចប្រជុំ​ក៏បាន​កំណត់​អាទិភាព​ និង​វាយតម្លៃ​ពី​ទំហំ​នៃ​ការ​ស្តារ​ និង​ជួសជុល​កំណាត់ផ្លូវ​ទាំង២២ខ្សែ​និង​ផ្លូវវាង​ក្រុង​ តាម​បទដ្ឋាន​ស្តង់​ដា​ដែល​សិក្សា​ ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​គុណភាព​ សោ​ភណ្ឌ​ភាព​ សុវត្ថិភាព​។ តម្រូវការ​ហិរញ្ញប្បទាន​នៃ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ ក្នុង​នោះ​ផ្តោត​លើ​បច្ចេកទេស​ក្នុង​ការសាងសង់​ ពិនិត្យ​គុណភាព​ សំណង់​ ទំហំ​ផ្លូវ​ ការ​បង្កប់​ប្រព័ន្ធ​ខ្សែកាប​ ទូរស័ព្ទ​ បំពង់​ទឹក​ស្អាត​ និង​បណ្តាញ​ទឹក​កខ្វក់​ព្រមទាំង​ទឹកភ្លៀង​ជាដើម​៕

អ្នកជំនាញ​ប្រាប់​ពី​វិធី​ទិញ​ដើម្បី​បញ្ចៀស​ហានិភ័យ​

0

ដោយ ​គង់​ សូ​រិយា​

ភ្នំពេញ៖​ ស្រប​ពេល​សកម្មភាព​វិនិយោគ​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​និង​តម្លៃ​ទាប​ សំដៅ​ប្រជាជន​មាន​ប្រាក់​ចំ​ណូ​លម​ធម្យម​ បាន​កើនឡើង​យ៉ាង​គំហុក​ អ្នកជំនាញ​បាន​បង្ហាញ​វិធី​សាស្រ្ត​វិនិយោគ​លើ​លំនៅ​ដ្ឋាន​ទាំងនោះ​ ដើម្បី​បញ្ចៀស​ហានិភ័យ​ណាមួយ​កើតឡើង​។

នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia ​អ្នកនាង​ Grace​ Rachny​ Fong ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ពិតជា​កើនឡើង​ ដោយសារ​អ្នក​វិនិយោគ​នានា​បាន​ផ្តោត​លើ​ការ​អភិវឌ្ឍ​ លំនៅ​ដ្ឋាន​ប្រភេទ​នេះ​ ព្រោះ​ជាទី​ផ្សារ​ធំ​សម្រាប់​ប្រជាជន​មាន​ប្រាក់ចំណូល​មធ្យម​។ អ្នកនាង​បន្ត​ថា​ ចំនួន​ប្រជាជន​មាន​ប្រាក់​ចំ​ណូ​លម​ធម្យម​ កំពុង​កើនឡើង​ខ្លាំង​ ហើយ​ការ​វិនិយោគ​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​ចាប់ពី២ទៅ៣ម៉ឺន​ដុល្លារ​ គឺ​សមស្រប​សម្រាប់​ប្រជាជន​ក្នុង​ក្រុម​នេះ​។

អ្នកនាង​បន្ត​ថា​ ទោះជាយ៉ាងណា​អតិថិជន​ ដែល​ទិញ​លំនៅ​ដ្ឋាន​ប្រភេទ​នេះ​ ត្រូវ​ប្រាកដ​ថា​គំរោង​ដែល​ពួកគេ​បាន​ទិញ​ ជា​គំរោង​មានការ​អភិវឌ្ឍន៍​ច្បាស់លាស់​ ជា​គំរោង​ដែល​មានគុណ​ភាព​សំណង់​ល្អ​ ពិសេស​គួរ​ទិញ​ជាមួយ​ម្ចាស់​បុរី​ ដែល​មា​នកេរ្ត៍​ឈ្មោះ​ល្អ​ ដើម្បី​បញ្ចៀស​ហានិភ័យ​។អ្នកនាង​បន្ត​ថា​ “អ្នក​វិនិយោគ​ក៏​ត្រូវ​ប្រាកដ​ថា​ លំនៅ​ដ្ឋាន​ដែល​ខ្លួន​បាន​ទិញ​ មានច្បាប់​សាងសង់​ និង​ច្បាប់​អភិវឌ្ឍន៍​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​ក្រសួង​ពាក់​ព័ន្ឋដូចជា​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​រៀបចំ​ដែនដី​ ណគរូប​នី​យក​ម្ម​ និង​សំណង់​។

អ្នកនាង​ Grace​ Rachny​ Fong ​បាន​បន្ត​ថា​ មាន​ម្ចាស់​គំរោង​មួយចំនួន​បាន​ប្រកាស​លក់​លំនៅ​ដ្ឋាន​របស់​ខ្លួន​ ដោយ​មិនទាន់​បាន​ចាប់ផ្តើម​សាងសង់​ ព្រោះ​ពួកគេ​បាន​យក​ប្លង់ដី​របស់​ពួកគេ​ដាក់បញ្ចាំ​នៅ​ធនាគារ​ ដើម្បី​យក​មក​សាងសង់​ ដែល​ធ្វើឲ្យ​អ្នកទិញ​មិន​ទាន​កាត់​ប្លង់​រ៉ឹង​ ឬប្លង់​ដែល​ទទួលស្គាល់​ត្រឹម​ស្រុក​ឬខ័ណ្ឌ​បាន​។អ្នកនាង​បន្ត​ថា​ កន្លងមក​ករណី​បែបនេះ​បាន​កើតមាន​ ដោយ​អ្នក​តាំងខ្លួនជា​អ្នក​អភិវឌ្ឍន៍​ បាន​កក់​ដី​របស់​គេ​ហើយ​សាងសង់​ ខណៈ​ម្ចាស់ដី​បាន​យក​ប្លង់ដី​នោះ​ដាក់​នៅ​ធនាគារ​ ហើយ​ធនាគារ​មិន​អនុញ្ញាត្ត​ឲ្យ​មានការ​សាងសង់​សំណង់​លើ​ដី​នោះ​។

អ្វី​ជា​ដំណោះស្រាយ​ អ្នកនាង​ Grace​ Rachny​ Fong ​បាន​បញ្ជាក់​ថា​ អតិថិជន​គួរ​រក​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុមហ៊ុន​ អចលនទ្រព្យ​ជំនាញ​ ដែល​មានបទពិសោធន៍​និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​គំរោង​ដែល​ពួកគេ​ចាប់អារម្មណ៍​ ជា​គំរោង​ដែល​មិន​មាន​ហានិភ័យ​ ជា​គំរោង​អភិវឌ្ឍន៍​ច្បាស់លាស់​ និង​ម្ចាស់​គំរោង​ជា​អ្នក​អភិ​វឌ្ឈ​ន៍​មាន​ក្រម​សីល​ធ៌ម​វិជ្ជាជីវៈ​៕

ចំណេះដឹង​! ការ​វិនិយោគ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​មាន​ស្ថានភាព​ដូចម្តេច​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ដោយសារតែ​កាលពី​មុខ​ឆ្នាំ១៩៩៣​ មិន​ទាន​មា​នការច​ចារ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​បា​រីស​ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ជា​សេដ្ឋកិច្ច​បែបផែន​ការ​ ។ បន្ទា​បើ​ពី​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១មក​ សេដ្ឋកិច្ច​កម្ពុជា​បែបជា​សេដ្ឋកិច្ច​ទីផ្សារសេរី​។ មានការ​អនុគ្រោះ​ពន្ធ​ពី​ WTO​ និង​ ឈាន​ចូល​ជាស​មា​ជិ​កអាស៊ាន​ផង​ដែរ​។

​ស្ថានភាព​នៃ​ការ​វិនិយោគ​នា​ពេល​បច្ចុប្បន្ន​ រដ្ឋ​អាច​ធ្វើការ​ចាប់ដៃ​ជាមួយ​វិស័យ​ឯកជន​ លើ​គ្រប់​វិស័យ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។

ការ​វិនិយោគ​បាន​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ មានការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ និង​បង្កើន​ថវិការ​ជាតិ​លើ​ការ​ប្រមូល​ពន្ធ​។ អាច​ធ្វើឲ្យ​កម្ពុជា​មានឈ្មោះ​បោះ​សំលេង​លើឆាកអន្តរជាតិ​ ព្រមទាំង​មាន​កិ​តិ្ត​យស​ផង​ដែរ​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់​ច្បាស់​ ក្នុង​ការសម្រេច​បាន​នូវ​គោលបំណង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ដោយ​មិន​ពឹង​លើ​ការ​ជំនួយ​ និង​ការខ្ចី​បរទេស​ឡើយ​ ដែល​មាន​វិស័យ​ឯកជន​វិនិយោគ​ជួយ​ក្នុង​វិស័យ​សេដ្ឋកិច្ច​រួចជាស្រេច​។

រាជរដ្ឋាភិបាល​កំពុង​អនុវត្ត​កំណែទម្រង់​ជាច្រើន​ ដើម្បី​បង្ក​ឲ្យ​វិនិយោគ​មាន​ជំនឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ពិតប្រាកដ​ ។ រដ្ឋ​ត្រូវលើ​កទឹកចិត្ត​ដល់​អ្នក​វិនិយោគិន​ និង​ការពារ​វិនិយោគិន​ឲ្យ​ទទួល​បាន​ណុវ​សុវត្ថិភាព​ពិត​ ។ រដ្ឋាភិបាល​បាន​បង្កើត​ CDC​ ដែល​ចេញពី​ច្បាប់​វិនិយោគ​ឆ្នាំ១៩៩៤​ គឺជា​ការ​ទំនាក់ទំនង​បាន​យ៉ាង​ងាយស្រួល​ ច្រកចេញ​ចូល​តែមួយ​ ដើម្បី​ងាយស្រួល​ដល់​វិនិយោគិន​ទំនាក់ទំនង​ ក្នុង​ការបង្កើត​អាជីវកម្ម​ដែល​មាន​ទ្រង់ទ្រាយ​ធំ​។

ជាពិសេស​រាជរដ្ឋាភិបាល​ខិតខំ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ តាមរយៈ​ការ​ពង្រឹង​ក្របខណ្ឌ​គតិយុត្តិ​រវាង​អ្នក​វិនិយោគិន​ខ្មែរ​ដូចគ្នា​ នឹង​វិនិយោគិន​បរទេស​ដែរ​ ដែល​មក​វិនិយោគ​នៅ​កម្ពុជា​។ លើកលែងតែ​កម្មសិទ្ធិ​លើ​ដីធ្លី​ និង​ការអនុវត្ត​ជាក់ស្តែង​នៃ​ប្រតិបត្តិ​ការ​វិនិយោគ​នៅ​កម្ពុជា​។

សរុប​សេចក្តី​មក​ការ​វិនិយោគ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ពិតជា​មានផល​ប្រយោជន៍​យ៉ាង​ពិតប្រាកដ​ ក្នុង​ការ​ទាញ​យក​អ្នក​វិនិយោគិន​បរទស​ក៏ដូចជា​វិនិយោគ​ខ្មែរ​ ដែល​ទាំងអស់​នោះ​ អាច​បង្កើន​ថវិការ​ជាតិ​បាន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ សំរាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​ប្រកបដោយ​មោទនភាព​លើឆាកអន្តរជាតិ​៕

សេដ្ឋកិច្ច​របស់​អូស្ត្រាលី​ដាំ​ក្បាល​ចុះ​មិនធ្លាប់​មាន​ក្នុងរយៈពេល ១០ឆ្នាំ​កន្លងមក​

0

ដោយ​ Donald​ Lee​

អូ​ស្រ្តា​លីៈ​ ប្រជាជន​អូស្រ្តាលី​កំពុង​រៀប​ផែនការ​ហិរញ្ញវត្ថុ​ ដោយធ្វើ​ការ​ចំណាយ​តិច​ ខណៈ​រដ្ឋាភិបាល​បាន​បង្ហាញ​ ទិន្នន័យ​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​បង្ហាញថា​ សេដ្ឋកិច្ច​បាន​កើនឡើង​ក្នុង​ល្បឿន​យឺត​បំផុត​ ចាប់តាំងពី​មាន​វិបត្តិសេដ្ឋកិច្ច​សកល​ក្នុង​ឆ្នាំ​ ២០០៩​។

យោង​តាម​ការិយាល័យ​ស្ថិតិ​អូស្ត្រាលី​បាន​ឲ្យដឹង​ថា​ កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម ១​,៤ ភាគរយ​នៅ​ឆ្នាំនេះ​។ អត្រា​នេះ​បាន​ធ្វើ​ឱ្យ​សេដ្ឋវិទូ​នៅ​ជុំវិញ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ ជាពិសេស​លទ្ធផល​ខែ​ មិថុនា​ ដែល​បង្ហាញ​ពី​កំណើន​ត្រឹមតែ ០​,៥ភាគរយ​ ហើយ​ការ​និយាយ​អំពី​វិបត្តិសេដ្ឋកិច្ច​ បាន​គ្រប​ដណ្តប់​លើ​សារព័ត៌មាន​សេដ្ឋកិច្ច​អូស្ត្រាលី​។

លោក​ Josh​ Frydenberg​ ហេរញ្ញិក​នៃ​ប្រទេស​អូស្ត្រាលី​ បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃពុធ​ថា​ “នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​ សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​ ដោយ​ប្រទេស​សឹង្ហ​បូរី​ ស៊ុយអែត​ អាល្លឺម៉ង់​ និង​អង់គ្លេស​ មាន​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន​ក្នុង​ត្រីមាស​ចុងក្រោយ​នេះ​”។

ទិន្នន័យ​របស់​រដ្ឋាភិបាល​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ អ្នកប្រើ​ប្រាស់​អូស្រ្តាលី​បាន​ចំណាយ​តិច​ ដោយធ្វើ​ឲ្យ​ការ​លក់រាយ​ធ្លាក់ចុះ ០​,១ ភាគរយ​ ការ​លក់​រថយន្ត​បាន​ធ្លាក់ចុះ៧​ ភាគរយ​ និង​សំណង់​លំនៅ​ដ្ឋាន​ធ្លាក់ចុះ ០​,៥ ភាគរយ​៕

កម្ពុជា​ត្រៀម​អនុវត្តន៍​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​គ្មាន​ក្រដាស​ស្នាម​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​អះអាង​ឱ្យ​ដឹង​ថា​ កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​អនុវត្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ដោយ​គ្មាន​ក្រដាស​ស្នាម​ តាមរយៈ​ការ​ចូល​ជាស​មា​ជិ​កសន្ធិសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ ប្រតិបត្តិ​ការ​នេះ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ការបង្កើត​គណៈកម្មាធិការ​បញ្ជរ​ជាតិ​តែមួយ​ និង​ការប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ ដែល​បច្ចុប្បន្ន​កំពុង​រង់ចាំ​រដ្ឋសភា​ជាតិ​ធ្វើការ​អនុម័ត​ ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប៉ុណ្ណោះ​។

លោកស្រី​តឹក​រ៉េ​ត កំរង​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ ដោយ​គ្មាន​ក្រដាស​ស្នាម​នៅ​កម្ពុជា​» នៅ​ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ បាន​គូសបញ្ជាក់​ពី​សក្តា​នុ​ពល​ និង​សារៈសំខាន់​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ដោយ​គ្មាន​ក្រដាស​ស្នាម​ សម្រាប់​បម្រើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ និង​ការជំរុញ​ប្រសិទ្ធភាព​ គណនេយ្យ​ភាព​ និង​តម្លាភាព​នៃ​លំហូរ​ពាណិជ្ជកម្ម​នៅ​តាម​ប្រទេស​ក្នុង​តំបន់​ ដើម្បី​បង្កើត​ភាព​សុខដុម​នី​យក​ម្ម​សម្រាប់​ពិភពលោក​ ក្នុងរយៈពេល​យូរអង្វែង​។

លោកស្រី​ក៏បាន​លើកឡើង​អំពី​ការ​ប្តេជ្ញា​ចិត្ត​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ តាមរយៈ​ការ​កែសម្រួល​នីតិវិធី​រដ្ឋបាល​ ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​ទិ​ន្ន័​យគយ​ ASYCUDA​ ការ​ដាក់ចេញ​នូវ​កំណែទម្រង់​ និង​វិធានការ​សម្រួល​ពាណិជ្ជកម្ម​ដ៏​មុត​ស្រួច​ ការ​ធ្វើ​បច្ចុប្បន្នភាព​ និង​ដាក់​ឱ្យ​ដំណើរការ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ (CTIS​) ឆ្នាំ២០១៩​-២០១៣​ និង​ការ​ចងក្រង​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជាដើម​។

លោកស្រី​តឹក​រ៉េ​ត កំរង​ ក៏បាន​អំពាវនាវ​ឱ្យដៃ​គូ​អភិវឌ្ឍន៍​ និង​មន្ត្រី​អន្តរក្រសួង​ប្រើប្រាស់​វេទិកា​ថ្ងៃនេះ​ ធ្វើការ​ត្រួតពិនិត្យ​ និង​ពិភាក្សា​ឱ្យ​បាន​ផុសផុល​ ទៅលើ​របាយការណ៍​សិក្សា​ចងក្រង​ឡើង​ដោយ​អង្គការ​ UNESCAP​ ស្តី​ពី​ សេចក្តី​ព្រាង​សកម្មភាព​សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ ដោយ​គ្មាន​ក្រដាស​ស្នាម​ នៅ​កម្ពុជា​ ដើម្បី​បង្កើត​ជា​ផែនការ​អាទិភាព​ក្នុងរយៈពេល​ខ្លី​ សំដៅ​កៀងគរ​ប្រភព​ធនធាន​ ជាពិសេស​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ (Aid​-for​-trade​) សម្រាប់​គាំទ្រ​ការអនុវត្ត​នា​ពេល​អនាគត​។

កម្ពុជា​កាលពី​ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០១៧​ បាន​ចុះហត្ថលេខា​លើ​ក្របខ័ណ្ឌ​កិច្ច​ព្រមព្រៀង​ លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ ដោយ​គ្មាន​ក្រដាស​ស្នាម​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​អន្តរជាតិ​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​ ព្រមទាំង​ធានា​បាន​នូវ​ការគោរព​បទដ្ឋាន​គតិ​យុត្ត​ ដែល​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​រយៈពេល​វែង​ដល់​ប្រទេស​ក្នុង​តំបន់​៕