ដំណឹងល្អ​៖ រដ្ឋាភិបាល​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តាម​ព្រំដែន​ខេត្តស្វាយរៀង​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​នៅ​ជាប់​ព្រំដែន​ បាន​ចាប់ផ្តើម​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​តាម​ជាយដែន​ នៃ​ខេត្ត​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ជាគោល​ដៅ​វិនិយោគ​បរទេស​ ជាពិសេស​ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ស្របតាម​ស្មារតី​ និង​លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល​ និង​ផ្នែកឯកជន​ ក្រោម​អធិបតី​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នា​ពេល​កន្លងទៅ​។

លោក​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​លោ​កម៉ែ​ន វិបុល​ អភិបាលខេត្ត​ស្វាយរៀង​ នៅ​ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ បា​នពិភ្សា​អំពី​ស្ថានភាព​ជាក់ស្តែង​នៃ​សកម្មភាព​វិនិយោគ​ និង​ពាណិជ្ជកម្ម​នៅ​ខេត្តស្វាយរៀង​ សម្រាប់​ជា​មូលដ្ឋាន​ ក្នុង​ការរៀបចំ​ដាក់ចេញ​នូវ​យន្តការ​ ពិសេស​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​ឲ្យ​កាន់តែ​ច្រើន​ តាមរយៈ​ជាអាទិ៍​ ការរៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តាម​ជាយដែន​។

កិច្ចប្រជុំ​ពិភាក្សា​នេះ​ បាន​ផ្តោត​ទៅលើ​បញ្ហា​មួយចំនួន​ ដូចជា​ ការរៀបចំ​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ជាយដែន​បន្ថែម​ទៀត​។ ការ​តភ្ជាប់​បណ្តាញ​ និង​ផ្គត់ផ្គង់​អគ្គិសនី​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ​។ ការកំណត់​នូវ​វិស័យ​ឧស្សាហកម្ម​ដែល​ត្រូវ​ទាក់ទាញ​ និង​ការរៀបចំ​ឡើងវិញ​នូវ​ការ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​។

ការរៀបចំ​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម​ និង​សម្រួល​ផ្នែក​ឡូ​ជី​ស្ទីក​នៅ​តាម​ជាយដែន​ ឬតំបន់​សេដ្ឋកិច្ច​ពិសេស​ ព្រមទាំង​បញ្ហា​ប្រឈម​មួយចំនួន​ ដែល​កំពុង​កើតមានឡើង​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​។ និង​ការ​យកចិត្ត​ទុកដាក់​ទៅលើ​បរិស្ថាន​ ការរៀបចំ​ប្រព័ន្ធ​លូ​ អាង​ចម្រោះ​ទឹក​កង្វក់​ ការកែច្នៃ​កាកសំណល់​រឹង​វាវ​ ដែល​ចេញពី​រោងចក្រ​អោយ​មាន​ស្តង់​ដា​។

​លោ​កម៉ែ​ន វិបុល​ អភិបាលខេត្ត​ស្វាយរៀង​

លោក​សុខ​ ចិន្តា​សោភា​ ក៏បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ មេត្តា​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បី​សម្រួល​ប្រតិបត្តិ​ការ​នៃ​គម្រោង​វិនិយោគ​បច្ចុប្បន្ន​ សំដៅ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​បន្ថែម​ មក​បណ្តាក់​ទុន​នៅ​តាម​តំបន់​ជាយដែន​របស់​កម្ពុជា​ក៏ដូចជា​នៅ​ខេត្តស្វាយរៀង​៕

ទីផ្សារ​នៃ​ការជួល​អគារ​ការិយាល័យ​នៅ​កម្ពុជា​បន្ត​កំនើន​ ខណៈ​ដែល​បណ្តា​ប្រទេស​នានា​កំពុង​ជាប់​គាំង​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ផ្ទុយ​ស្រឡះ​ពី​បណ្តា​ប្រទេសជិតខាង​មួយចំនួន​ ដែល​កំពុងតែ​ជួប​សភាព​ទ្រឹង​ទៅលើ​វិស័យ​នៃ​ការជួល​អគារ​ការិយាល័យ​ ក្នុង​កំណើន​គិតជា​មធ្យម ០.៩ភាគរយ​ នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នោះ​ សម្រាប់​ទីផ្សារ​ការិយាល័យ​នៅ​កម្ពុជា​នៅតែ​មាន​សញ្ញា​ល្អ​ ដែល​អាច​រក្សា​ភាពរឹងមាំ​នៅក្នុង​វិស័យ​មួយ​នេះ​ដដែល​។

មានការ​លើកឡើង​ស្រដៀងគ្នា​ថា​ ចំពោះ​វិស័យ​នៃ​ការជួល​អគារ​ការិយាល័យ​នៅ​លើ​ទីផ្សារ​កម្ពុជា​គិត​ត្រឹម​ចុងឆ្នាំ២០១៩​នេះ​ នៅតែ​អាច​រក្សា​បាន​ភាពរឹងមាំ​ដដែល​ដោយ​មិនទាន់​មាន​សញ្ញា​បង្ហាញ​ពី​ក្ដី​បារម្ភ​នោះ​ឡើយ​ បើ​ទោះជា​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ស្ថិត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កំពុងតែ​ជួប​ភាព​ប្រឈម​ ស្ថិតនៅ​ក្នុង​សភាព​ទ្រឹង​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ CBRE​ Cambodia​ បាន​បង្ហាញថា​ ទំហំ​នៃ​ការិយាល័យ​សម្រាប់​នៅ​កម្ពុជា​ នៅ​ត្រឹម​ឆមាស​ទី១ឆ្នាំ២០១៨​ មាន​ទំហំ៣២០​, ៩០០ម៉ែត្រការ៉េ​ និង​បាន​បន្ត​ឡើង​ដល់​ចំនួន៣៤០​,១០០​ ម៉ែត្រការ៉េ​នៅ​ចុងឆ្នាំ២០១៨​។ ដោយឡែក​នៅ​ត្រឹម​ចុង​ឆមាស​ទី១ឆ្នាំ២១០៩​ កំណើន​នៃ​ទំហំ​ផ្គត់ផ្គង់​ការិយាល័យ​មាន​ចំនួន​ ៣៥៩​,៣០០​ ម៉ែត្រការ៉េ​។

អ្នកជំនាញ​ស្រាវជ្រាវ​ជាន់ខ្ពស់​ ផ្នែក​អចលនទ្រព្យ​ប្រចាំ​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​មាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី៥​ កញ្ញា​នេះ​ថា​ សម្រាប់​តែ​ទីផ្សារ​នៃ​ការជួល​អគារ​ការិយាល័យ​នៅ​កម្ពុជា​ មិនថា​ពេលនេះ​ ឬរហូតដល់​ដំណាច់ឆ្នាំ២០១៩នោះ​ទេ​ គឺ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ដដែល​។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “តាម​ការសិក្សា​បាន​បញ្ជាក់​ថា​ សកម្មភាព​នៃ​តម្រូវការ​ជួល​ការិយាល័យ​នៅតែ​បន្ត​ភាពល្អ​ប្រសើរ​ និង​នៅតែ​បន្ត​ភាពរឹងមាំ​ដដែល​ ខុសពី​វិស័យ​ផ្សេងទៀត​”។ កញ្ញា​បាន​បញ្ជាក់​ថា​ “ការជួល​ការិយាល័យ​ ខុសពី​ការជួល​ផ្ទះ​សម្រាប់​ស្នាក់នៅ​ ឬជា​អគារ​សម្រាប់​បើក​ប្រកប​អាជីវកម្ម​ ដែល​សុទ្ធតែ​អាច​ជួល​ក្នុងរយៈពេល​ខ្លី​នោះ​ឡើយ​”។

​កញ្ញា​បាន​បន្ត​ទៀត​ថា​ សម្រាប់​ឆ្នាំ២០១៩នេះ​ កាន់តែ​មាន​ភាពល្អ​ជាង​កាលពី​ឆ្នាំ​កន្លងទៅ​នោះ​ទៀត​ ខណៈ​ដែល​តម្រូវការ​នៃ​ការជួល​នៅ​មាន​ចំនួន​ច្រើន​ ហើយ​ទីផ្សារ​នៃ​ការ​ផ្គត់ផ្គង់​នៅ​មានកម្រិត​នៅឡើយ​ ហើយ​ការ​ខ្វះខាត​នេះ​អាច​បន្ត​រហូតដល់​ចុងឆ្នាំ២០២០​-២០២២​ ។ ប៉ុន្តែ​វា​អាច​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​នៃ​ការជួល​ នៅពេល​ដែល​មានការ​ផ្គត់ផ្គង់​ថ្មី​បន្ថែម​ទៀត​ ចូលមកធ្វើការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​រួម​ជាមួយគ្នា​”។

យោង​តាម​របាយការណ៍​ដែល​សិក្សា​ដោយក្រុម​ហ៊ុន​ Knight​ Frank​ បាន​បង្ហាញថា​ ទីផ្សារ​ការិយាល័យ​កម្រិតមធ្យម​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ កើន​ឡើ​តប្រមាណ០.៩​ ភាគរយ​ នៅ​ឆមាស​ទី១​ ឆ្នាំ​ ២០១៩​ បន្ទាប់ពី​បាន​ធ្លាក់ចុះ​ក្នុងរយៈពេល​៣ខែ​​ដំបូង​នៃ​ឆ្នាំនេះ​។

នៅក្នុង​របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ ទីផ្សារ​កា​រិយា​លនៅ​ក្នុង​ទីក្រុង​សំ​ខាន់​ៗរបស់​ចិន​ បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ប្រចាំត្រីមាស​បំផុត​ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដោយ​ក្នុង​នោះ​ទីក្រុង​ប៉េកាំង​ ទីក្រុង​សៀងហៃ​ និង​ទីក្រុង​ហុងកុង​ធ្លាក់ចុះ​ ១,៦ភាគរយ​ ១,១ភាគ​តយ​ ហើយ​ទីក្រុង​ហុងកុង​ធ្លាក់ចុះ​ ១,១ភាគរយ​ ក្នុង​ត្រីមាស​ទី២​ ឆ្នាំ២០១៩​ នេះ​។

ទីក្រុង​តូក្យូ​ ទីក្រុង​បាងកក​ និង​ទីក្រុង​សឹង្ហ​បូរី​បាន​ប្រកាស​ពី​ការជួល​ការិយាល័យ​ឈានមុខ​គេ​ជាង១០ភាគរយ​នៅចន្លោះ​ត្រីមាស​ទី២​ ឆ្នាំ២០១៨​ និង​ត្រីមាស​ទី២ឆ្នាំនេះ​។

អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បណ្ឌិត​ ហុង​ វណ្ណៈ​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ បើ​មើលតាម​ភាព​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​ និង​បន្ត​ទៅ​ថ្ងៃខាងមុខ​ក្នុងរយៈពេល​ខ្លី​ មិនថា​វិស័យ​សំណង់​ ឬការជួល​អគារ​ការិយាល័យ​នៅតែ​មិន​មាន​អ្វី​ដែល​គួរ​ព្រួយបារម្ភ​នោះ​ទេ​។ លោក​បាន​បញ្ជាក់​ថា​ កម្ពុជា​ ជា​ប្រទេស​ដែល​មានការ​រីកចម្រើន​ក្នុង​វិស័យ​មួយ​នេះ​ក្រោយគេ​ និង​កំពុងតែ​ចាប់ផ្តើម​រីក​លូតលាស់​ក្នុងនាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ ខណៈ​ដែល​ប្រទេស​ជិតខាង​ ដូចជា​ប្រទេស​ម៉ាឡេស៊ី​ និង​ថៃ​ បាន​ដើរ​ផុត​រួម​ទៅ​ហើយ​នោះ​។

លោក​បាន​បន្ត​ទៀត​ថា​ “តម្រូវការ​នៃ​ការជួល​អគារ​នេះ​ បើ​ប្រៀប​ទៅ​នឹង​ប្រទេស​គេ​ គឺ​យើង​នៅតែ​មានឱកាស​ល្អ​ និង​បន្តដំណើរ​វិវត្ត​ទៅមុខ​ទៀត​”។ លោក​បន្ត​ថា​ “កាលពីមុន​អ្នករក​ស៊ី​ អ្នក​វិនិយោគ​ដែល​បើក​ក្រុមហ៊ុន​ ភាគច្រើន​តែង​យក​អគារ​ ឬផ្ទះ​របស់​ខ្លួនឯង​ធ្វើជា​ការិយាល័យ​ (ផ្ទះល្វែង​ ឬ វីឡា​ខ្នាត​មធ្យម​) ដែល​វា​មិនមែន​ត្រូវ​នឹង​ស្ដ​ង់​ដារ​នោះ​ឡើយ​”។ លោក​បន្ត​ថា​ “បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ក្នុង​ស្រុក​ ដែល​កំពុង​ព្យាយាម​ពង្រីក​ខ្លួន​ឱ្យ​កាន់តែ​ធំ​ និង​បង្ហាញ​ពី​ឥទ្ធិពល​ក្នុង​ការ​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ ដូច្នេះ​ចាំបាច់​ក្រុមហ៊ុន​ត្រូវតែ​មាន​កម្រិ​តស្ដ​ង់​ដា​ ជាក់ស្ដែង​ដូចជា​ពេល​បច្ចុប្បន្ន​នេះ​ស្រាប់​ ដែល​បណ្តា​ក្រុមហ៊ុន​ខ្នាត​ធំ​នានា​កំពុងតែ​អនុវត្ត​”។

បើ​ទោះជាយ៉ាងណា​ លោក​បាន​បញ្ជាក់​ថា​ ភាពល្អ​ប្រសើរ​នៃ​តម្រូវការ​ជួល​នៅតែ​មាន​ទីផ្សារ​ល្អ​ ឬយ៉ាងណា​នោះ​ វា​អាស្រ័យ​ទៅ​នឹង​រយៈពេល​ និង​កំណើន​នៃ​ការ​ផ្គត់ផ្គង់​នៅ​ថ្ងៃខាងមុខ​ ដោយ​គេ​មិន​អាច​ព្យាករណ៍​ឱ្យ​ប្រាកដ​បាន​នោះ​ឡើយ​៕

ចិន​បន្ត​ធ្វើ​ពហិការ​មិន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កាណាដា​ ខណៈ​ចិន​ទាមទារ​ឲ្យ​ដោះលែង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Huawei​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​កាណាដា​ បាន​តែងតាំង​ឯកអគ្គ​រដ្ឋទូត​ថ្មី​ ប្រចាំ​ប្រទេស​ចិន​ ខណៈ​ទំនាក់ទំនង​ខ្លួន​ជាមួយ​ចិន​ បាន​ប្រែ​ទៅជា​វិបត្តិ​នៅ​ឆ្នាំនេះ​ បន្ទាប់ពី​ការ​ចាប់ខ្លួន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Huawei​ តាម​សំណើ​របស់​រដ្ឋាភិបាល​អាមេរិក​ ដែល​នាំ​ឱ្យ​មានការ​បណ្តេញ​ឯកអគ្គ​រដ្ឋទូត​មួយ​រូប​ចេញពី​ចិន​។

រដ្ឋាភិបាល​បាន​តែងតាំង​លោក​ Dominic​ Barton​ ឱ្យ​កាន់​តំណែង​អ្នកការទូត​ជាន់ខ្ពស់​នៅក្នុង​ប្រទេស​ចិន​ ដើម្បី​ជំនួស​លោក​ឯកអគ្គ​រដ្ឋទូត​ John​ McCallum​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​កាលពី​ខែ​ មករា​ ពី​បទ​ធ្វើ​អត្ថា​ធិប្បាយ​ប្រឆាំង​ នឹង​ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កាណាដា​ ក្នុង​ការ​ចាប់ខ្លួន​លោកស្រី​ Meng​ Wanzhou​ ដែល​ជានា​យក​ប្រតិបត្តិ​កំពូល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Huawei​ និង​ជា​កូនស្រី​របស់​សេដ្ឋី​ស្ថាបនិក​តាម​សំណើ​របស់​អាមេរិក​។

លោកស្រី​ Wanzhou​ នៅតែ​ស្ថិតនៅ​ក្នុង​កាណាដា​ ដែល​ជាប់​នៅក្នុង​សមរភូមិ​ផ្លូវច្បាប់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្វើ​បត្យាប័ន​នាង​ទៅកាន់​អាមេរិក​។

​ក្រុម​អ្នកច្បាប់​របស់​លោកស្រី​ Wanzhou​ បាន​ថ្លែង​ថា​ “ការ​ចាប់ខ្លួន​ និង​ការ​ធ្វើ​បត្យាប័ន​លោកស្រី​ ត្រូវ​បាន​បញ្ជា​ដោយ​រដ្ឋាភិបាល​អាមេរិក​ ដើម្បី​បន្ត​ផលប្រយោជន៍​នយោបាយ​ និង​សេដ្ឋកិច្ច​របស់​ខ្លួន​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នៅ​ឆ្នាំនេះ​”។

ឯកសារ​របស់​តុលាការ​កាណាដា​ បាន​លើកឡើង​អំពី​ករណី​ផ្លូវច្បាប់​របស់​លោកស្រី​ថា​ “អាមេរិក​កំពុង​ព្យាយាម​ប្រើ​នីតិវិធី​បត្យាប័ន​ទាំងនេះ​ ដើម្បី​កេង​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ និង​នយោបាយ​”។

អាមេរិក​បាន​ចុះ​ក្នុង​បញ្ជីខ្មៅ​ក្រុមហ៊ុន​ Huawei​ នៅ​ឆ្នាំនេះ​ ដោយសារ​ភាព​តានតឹង​សង្គ្រាម​ពាណិជ្ជកម្ម​បាន​កើនឡើង​។ ​

ជា​ការសងសឹក​ចំពោះ​ការ​ចាប់ខ្លួន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Huawei​ ចិន​បាន​ចាប់ខ្លួន​ជនជាតិ​កាណាដា​លោក​ Michael​ Kovrig​ និង​លោក​ Michael​ Spavor​ យ៉ាង​រហ័ស​ ហើយ​បាន​ធ្វើ​ពហិការ​ ចំពោះ​ការទិញ​ផលិតផល​កសិកម្ម​សំ​ខាន់​ៗ របស់​កាណាដា​ដូចជា​ប្រេង​ Canola​ និង​សាច់​។

ឯកអគ្គ​រដ្ឋទូត​ថ្មី​ Barton​ បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ នៅ​ទី​ក្រុង​ស៊ាង​ហៃ​ និង​ទីក្រុង​សេអ៊ូល​ ក្នុងនាម​ជា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​ មុន​ពេល​ក្លាយជា​ដៃគូ​នៅ​ក្រុមហ៊ុន​ប្រឹក្សា​ពិភពលោក​ McKinsey​។

ចាប់តាំងពី​ពេលនោះ​មក​លោក ​Barton​ បាន​ក្លាយជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ ដែល​អាច​ទុកចិត្ត​បាន​របស់​លោកនាយក​រដ្ឋមន្រ្តី​ Justin​ Trudeau​។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​លោក ​Barton​ បាន​សរសេរ​ថា​ “វា​ជា​កិត្តិយស​ណាស់​ ដែល​ត្រូវ​បាន​តែងតាំង​ជាឯក​អគ្គរដ្ឋទូត​កាណាដា​ប្រចាំ​ប្រទេស​ចិន​”។

លោក​ Barton​ បាន​បន្ថែម​ថា​ “ទំនាក់ទំនង​រវាង​កាណាដា​ និង​ចិន​គឺជា​ទំនាក់ទំនង​ដ៏​សំខាន់​មួយ​ ហើយ​ខ្ញុំ​នឹង​ខិតខំ​ធ្វើជា​តំណាង​ឲ្យ​ប្រទេស​ដ៏​អស្ចារ្យ​របស់​យើង​ និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កើតមាន​”៕

អូស្ត្រាលី​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ ២៨០លាន​ដុល្លារ​ក្នុងរយៈពេល៥ឆ្នាំ​កន្លងមក​នេះ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្នុងរយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​ ៥៦លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយឆ្នាំ​ដល់​កម្ពុជា​ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) ចេញផ្សាយ​កាលពី​កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ​ផែនការ​ហិរញ្ញប្បទាន​ថ្មី​របស់​អូស្ត្រាលី​ សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​ នឹង​បន្ត​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​ ដើម្បី​ចាកចេញ​ពី​ក្រុម​ប្រទេស​មាន​អភិវឌ្ឍ​តិចតួច​ និង​សម្រេច​គោលដៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​ កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​។

លោ​កឈៀង​ យ៉ា​ណា​រ៉ា​ រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ដ្រី​ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅក្នុង​ជំនួប​ជាមួយ​ លោក ​Luke​ Arnold​ អនុប្រធាន​បេសកកម្ម​ នៃ​ស្ថានទូត​អូ​ស្ដ្រា​លី​ប្រចាំ​នៅ​កម្ពុជា​ កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ បាន​ផ្លាស់ប្ដូរ​យោបល់​លើ​សេចក្ដីព្រាង​ ឯកសារ​ទស្សនទាន​ស្ដីពី​ ផែនការ​ហិរញ្ញប្បទាន​សម្រាប់​វិនិយោគ​នៅ​កម្ពុជា​ ឆ្នាំ២០២០​-២០២៤​។

សេចក្ដីព្រាង​ឯកសារ​ទស្សនទាន​នេះ​ ជា​របៀបវារៈ​សំខាន់​មួយ​សម្រាប់​ការពិភាក្សា​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ឧត្ដម​មន្ដ្រី​កម្ពុជា​-អូ​ស្ដ្រា​លី​ លើក​ទី១​ (Senior​ Officials​’ Talks​) ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នា​ថ្ងៃទី១៦​-១៧​ ខែកញ្ញា​ឆ្នាំ២០១៩​ នៅ​ទីក្រុង​ខេន​បេ​រ៉ា​ ប្រទេស​អូ​ស្ដ្រា​លី​។

លោក​បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ភាគី​អូ​ស្ត្រី​លី​ ក្នុង​ការរៀបចំ​សេចក្តី​ព្រាង​ឯកសារ​ទស្សនទាន​នេះ​ ដែល​បាន​ផ្តល់​មូលដ្ឋាន​សម្រាប់​ពិភាក្សា​ និង​រៀបចំផែនការ​ ហិរញ្ញ​វប្ប​ទាន​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​ សម្រាប់​ឆ្នាំ​ ២០២០​-២០២៤​។

ភាគី​ទាំង​ពី​បាន​ឯកភាព​ជាគោល​ការណ៍​លើ​គោលដៅ​ និង​គោលបំណង​ ដូច​បាន​រំលេច​ក្នុង​ឯកសារ​ទស្សនទាន​នេះ​។ គោលដៅ​ និង​គោលបំណង​ទាំងនេះ​ គឺ​មាន​សង្គតិភាព​ជាមួយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​ ២០១៩​-២០២៣​៕

សាលា​រាជធានី​ភ្នំពេញ​បាន​ជំរុញ​វិនិយោគិន​ចិន​វិនិយោគ​លើ​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ខណៈ​តម្រូវការ​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​កំពុង​មា​នកំនើន​ សាលា​រាជធានី​ភ្នំពេញ​ បាន​ស្នើសុំ​ក្រុម​អ្នកជំនួញ​ជនជាតិ​ចិន​មួយ​ក្រុម​ ធ្វើការ​វិនិយោគ​លើ​គម្រោង​លំនៅ​ដ្ឋាន​ដែល​មាន​តំលៃ​សមរម្យ​ ដោយ​ផ្តល់​លទ្ធិ​ភាព​ទិញ​ដល់​មន្រ្តី​រាជការ​ និង​ប្រជាជន​ដែល​មាន​ប្រាក់ចំណូល​ទាប​។

លោ​កឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ទៅ​សមាគម​ធុរកិច្ច​ World​ Hakka​ Business​ Association​ ដែល​ដឹកនាំ​ដោយ​លោក​លី​ Kam​ Chung​ នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃអង្គារ​នេះ​ថា​ គម្រោង​នេះ​នឹង​មានការ​គាំទ្រ​ពីសា​លា​រាជធានី​។លោក​បាន​បន្ត​ថា​ គម្រោង​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​ នឹង​មាន​ទីតាំង​ស្ថិតនៅ​ជាយក្រុង​ភ្នំពេញ​ដែល​អាច​ចំណាយពេល៤៥​ នាទី​ទៅ១ម៉ោង​ពី​កណ្តាល​ក្រុង​។

លោក​បាន​មានប្រសាសន៍​ថា​ “ប្រសិនបើ​សមាគម​យល់ព្រម​លើ​គំរោង​នេះ​ សាលា​រាជធានី​ភ្នំពេញ​នឹង​ស្នើសុំ​រដ្ឋាភិបាល​ ជួយ​ដល់​វិនិយោគិន​ក្នុង​ការនាំចូល​សម្ភារ​សំណង់​ដោយ​មិន​បង់ពន្ធ​” ។លោក​បន្ត​ថា​ គម្រោង​នេះ​នឹង​មាន​ចម្ងាយ​ពី៥០ទៅ៦០គីឡូម៉ែត្រ​ពីទី​ក្រុង​”។

លោក​ ម៉េ​ត មាស​ភក្ដី​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ មិន​អាច​ទាក់ទង​សម្រាប់​ការ​ព័ត៌មាន​បន្ថែម​អំពី​គម្រោង​នេះ​បានទេ​។

នាយិ​កកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកនាង​ អាន​ សុធី​តា​បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​សម្រាប់​ប្រជាជន​ មាន​ប្រាក់ចំណូល​ទាប​កំពុង​ទទួល​បាន​ជោគជ័យ​ ដោយសារ​ទីផ្សារ​លំនៅ​ដ្ឋាន​តម្លៃ​ខ្ពស់​ ហាក់​មានការ​ពិបាក​លក់​បន្តិច​ ដោយសារ​អ្នកមាន​ប្រាក់​បាន​ទិញ​ផ្ទះ​បាន​អស់ហើយ​ ហេតុនេះ​ទីផ្សារ​បាន​ងាក​ទៅកាន់​ប្រជាជន​មាន​ប្រាក់​ចំ​ណូ​លម​ធម្យម​ ដែល​មាន​ចំនួន​ច្រើនជាង​គេ​ ហើយ​ការ​វិនិយោគ​សំដៅលើ​ប្រជាជន​ក្រុម​នេះ​ នឹង​ទទួល​បាន​ជោគជ័យ​។

លោក​បន្ត​ថា​ “ទីផ្សារ​លំនៅ​ដ្ឋាន​តម្លៃ​ចាប់ពី២​ ទៅ៣ម៉ឺន​ដុល្លារ​ កំពុង​លក់ដាច់​ខ្លាំង​ ហើយ​នេះ​ជា​និន្នាការ​ទីផ្សារ​ ដែល​អ្នក​វិនិយោគ​នានា​បាន​ចាប់ផ្តើម​ចាប់អារម្មណ៍​”។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ លោក​ឧកញ៉ា​លី​ ហួរ​ បាន​មានប្រសាសន៍​ថា​ ការ​លក់​លំនៅ​ដ្ឋាន​តម្លៃ​ខ្ពស់​ ហាក់​មាន​ភាពយឺត​យ៉ាវ​បន្តិច​នា​ពេលនេះ​ ប៉ុន្តែ​មិន​លំបាក​ខ្លាំង​នោះ​ទេ​។ ផ្ទុយទៅវិញ​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ មានការ​លក់ដាច់​ខ្លាំង​ ដោយសារ​និន្នាការ​ទីផ្សារ​បាន​ងាក​ រក​ប្រជាជន​មាន​ជីវ​ភា​ពម​ធម្យម​ ដែល​កំពុង​កើនឡើង​នៅ​កម្ពុជា​ ស្រប​ពេល​កម្ពុជា​មាន​សុខ​សន្តិភាព​ និង​កំនើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ​៕

អានអត្ថបទ៖ ដំណឹងល្អ​! រដ្ឋបាល​​រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​ ២ បន្ថែម​ទៀត

កម្ពុជា​-ជប៉ុន​ចុះ​ MOU​ ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​បណ្តាក់​ទុន​នៅ​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​តាម​ក្រសួង​ពាណិជ្ជកម្ម​ ​និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន​ (JETRO​) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU​) ដើម្បី​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម​ និង​ទាក់ទាញ​ក្រុមហ៊ុន​ឯកជន​ពី​ប្រទេស​ជប៉ុន​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក​ប៉ាន​ សូរ​ស័ក្តិ​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ផ្លាស់​ប្តូរ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នា​ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ​ ២០១៩នេះ​ថា​ អនុស្សរណៈ​នេះ​ នឹង​ជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ ក្នុង​វិស័យ​ជំរុញ​ពាណិជ្ជកម្ម​វិនិយោគ​និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ ក្នុង​គោលបំណង​បង្កើត​នូវ​ភាពជា​ដៃគូ​គ្រប់ជ្រុងជ្រោយ​រវាង​ក្រសួង​ពាណិជ្ជកម្ម​ និង​ JETRO​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ JETRO​ បាន​អនុវត្ត​នៅ​កម្ពុជា​ រួមមាន​ការផ្គូផ្គង​ធុរកិច្ច​ ការសិក្សា​វិភាគ​ ការចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ក្នុង​ស្រុក​ ការសម្រប​សម្រួល​បញ្ហា​ជូន​ក្រុមហ៊ុន​ជប៉ុន​ ការ​បណ្ដុះបណ្ដាល​មន្ត្រី​ និង​វិស័យ​ឯកជន​ និង​ការ​ជួយ​ដល់​ក្រុមហ៊ុន​កម្ពុជា​ចូលរួម​ក្នុង​ពិព័រណ៍​ជប៉ុន​។

លោក​បន្ត​ថា​ តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ព័ត៌មាន​ពិត​ ពីទី​ផ្សារ​កម្ពុជា​របស់​ JETRO​ បាន​ផ្ដល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន​ Aeon​ មក​វិនិយោគ​ផ្សារ​ទំនើប​នៅ​កម្ពុជា​ជាបន្តបន្ទាប់​ ហើយ​ការបង្កើត​ផ្សារ​ទំនើប ​Aeon ​នេះ​ដែរ​ បាន​យក​មក​ជាមួយ​នូវ​ស្ដ​ង់​ដា​រល្អៗ​ ដូច​ជា​ស្ដ​ង់​ដារ​អនាម័យ​ជាដើម​ មក​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា​ ដែល​ជា​តម្លៃបន្ថែម​មួយ​នៃ​ការ​វិនិយោគ​នេះ​ផង​ដែរ​។

លោកស្រី​បណ្ឌិត​ យូ​រី​ សា​តូ​ នាយករង​នៃ​អង្គការ​ JETRO​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ និង​សម្រប​សម្រួល​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ចំពោះ​ធុរកិច្ច​ជប៉ុន​។ លោកស្រី​ ក៏បាន​កត់សម្គាល់​នូវ​កំណែទម្រង់​មួយចំនួន​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ និង​អនុវត្តន៍​ ក្នុង​ការសម្រួល​ដល់​ការ​ប្រកប​ធុរកិច្ច​ និង​ពាណិជ្ជកម្ម​ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​ដែល​លោកស្រី​នឹង​ពាំនាំ​ទៅ​ផ្សព្វផ្សាយ​។

លោកស្រី​ថា​ JETRO​ មានការ​ងារ​ថ្មី​មួយ​ដែល​ JETRO​ នឹង​អនុវត្ត​ គឺ​ការជំរុញ​នវានុវត្តន៍​ និង​ការបង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​ថ្មី​ៗ (Innovation​ and​ Digital​ Technology​ Startup​) ជាមួយនឹង​ការផ្គូផ្គង​ធុរកិច្ច​ក្នុង​វិស័យ​នវានុវត្តន៍​។

អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ដែល​បាន​ចុះ​នា​ពេលនេះ​ ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​អនុស្សរណៈ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ និង​អង្គការ​JETRO​ បាន​ចុះ​កាលពី​ថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០០៩​។ កិច្ច​សហប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​ទាំងពីរ​ បាន​រួមចំណែក​ដល់​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ជប៉ុន​ដែល​ក្នុង​ឆ្នាំ២០០៩​ មាន​ចំនួន​តិចតួច​ ហើយ​ក្នុង​ឆ្នាំ២០១៨​ បាន​កើនឡើង​ដល់​ចំនួន​ប្រមាណ ១​,៦ ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

ក្រុមហ៊ុន​ Prestige​ Homes​ (Cambodia​) ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ ក្រុមហ៊ុន​ Urban​ Village​ លើ​ការ​ទទួល​សិទ្ធ​ផ្តាច់​មុខ​ក្នុង​ការ​លក់​ ខុន​ដូ​នៅ​តៃវ៉ាន់​

0

ភ្នំពេញ​៖ ក្រុមហ៊ុន​អចលនទ្រព្យ​ Prestige​ Homes​ (Cambodia​)ចុះ​ កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ Urban​ Village​ នៅ​ថ្ងៃទី​ ៣ ខែកញ្ញា​ឆ្នាំ​ ២០១៩​ លើ​ការ​ទទួល​សិទ្ធ​ផ្តាច់​មុខ​ក្នុង​ការ​លក់​ខុន​ដូ​នៅ​តៃវ៉ាន់​ដោយ​ក្នុង​គោលបំណង​បង្កើត​កិច្ចសហការ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​។

កិច្ចសហការ​នេះ​នឹង​ឱ្យ​ភាគី​ទាំងពីរ​រួមគ្នា​ជា​កម្លាំង​ដើម្បី​ឆ្ពោះទៅ​រក​ទីផ្សារ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​វិនិយោគិន​។

លោក​ Roger​ Liu​ ជា​ប្រធាន​តំណាង​ខុន​ដូ​នៅ​តៃវ៉ាន់​ និង​ លោក​ Ben​ Li​ ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ Urban​ Village​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ដោយមាន​វត្តមាន​ជា​សក្ខីភាព​របស់​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ទាំងពីរ​ដែល​បង្ហាញ​ពី​ការ​រួមគ្នា​មួយ​ក្នុង​ការបង្កើត​នូវ​អ្វី​អស្ចារ្យ​សម្រាប់​ភាគី​។ តាមរយៈ​កិច្ច​ព្រមព្រៀង​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​និង​ស្របច្បាប់​នេះ​ ក្រុមហ៊ុន​ទាំងពីរ​ប្តេជ្ញា​សម្រេច​ឱ្យ​បាន​នូវ​សមិទ្ធិ​ផល​គោលដៅ​រួម​ក៏ដូចជា​អត្ថ​ប្រយោជន៍​សម្រាប់​វិនិយោគិន​ផង​ដែរ​ ។

លោក​ Ben​ បាន​សម្តែង​ក្តី​សោ​មន្ស​រីករាយ​ចំពោះ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ និង​ បាន​ថ្លែង​ថា​ ជាមួយ​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ​របស់​ក្រុមហ៊ុន​យើង​ និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​បំផុត​ជាមួយ​ ក្រុមហ៊ុន​អចលនទ្រព្យ​ Prestige​ Homes​ (Cambodia​) បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​កន្លងមក​នេះ​។

លោក​ជឿជាក់​យ៉ាង​មុតមាំ​លើ​ ក្រុមហ៊ុន​អចលនទ្រព្យ​ Prestige​ Homes​ (Cambodia​) ក្នុង​ការ​ទទួល​សិទ្ធ​ ភ្នាក់ងារ​លក់​ផ្តាច់​មុខ​នេះ​ថា​នឹង​ផ្តល់​នូវ​សមិទ្ធផល​ផ្លែផ្កា​បន្ថែម​ទៀត​នា​ពេល​ខាង​មុ​ខឆាប់​ៗនេះ​។

លោក​ Dr​. Raymond​ Choi​ ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Prestige​ Homes​ (Cambodia​) បាន​ថ្លែង​ថា​ដោយមាន​កិច្ចសហការ​ និង​ការ​គាំទ្រ​ដ៏​កក់ក្តៅ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ Urban​ Village​ ក្រុមហ៊ុន​យើង​ពេញចិត្ត​ និង​ ពាំនាំ​មក​នូវ​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​ ដើម្បី​បំពេញ​ក្តី​សុបិន​របស់​អតិថិជន​យើង​ ។

ដោយ​គោលដៅ​ពិសេស​របស់​យើង​ គឺ​ពង្រីក​ខ្លួន​ពីទី​ផ្សារ​អចលនទ្រព្យ​កម្ពុជា​ឆ្ពោះទៅ​ទីផ្សារ​អាស៊ាន​ មកដល់​បច្ចុប្បន្ន​នេះ​យើង​បាន​ក្លាយជា​ក្រុមហ៊ុន​អចលនទ្រព្យ​ពិសេស​ឈានមុខ​គេ​ ដោយសារ​ពួក​យើង​យល់​ពី​និន្នាការ​របស់​ទីផ្សារ​ហើយ​យល់​ច្បាស់​ពី​តម្រូវការ​អតិថិជន​។ លោក​ក៏បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ដៃគូ​ក្រុមហ៊ុន​អចលនទ្រព្យ​ Urban​ Village​ ដែល​ជឿជាក់​លើ​ពួក​យើង​តាំងពី​ដំបូង​មក​។

ពួក​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ដែល​មាន​ទីផ្សារ​ដ៏​ធំ​ដូចជា​តៃវ៉ាន់​ បាន​ផ្តល់​សិទ្ធ​លក់​ខុន​ដូ​ផ្តាច់​មុខ​ ហើយ​ក្រុមការងារ​ក្រុមហ៊ុន​អចលនទ្រព្យ​ Prestige​ Homes​ (Cambodia​) របស់​យើង​បាន​ត្រៀមខ្លួន​រួចរាល់​ ១០០​ ភាគរយ​ដើម្បី​ជួយ​អតិថិជន​របស់​យើង​ទទួល​បាន​នូវ​បទដ្ឋាន​ និង​ សេវាកម្ម​ គួរ​ជាទី​ពេញចិត្ត​” ។

សម្រាប់​ព័ត៌មាន​បន្ថែម​របស់​ ក្រុមហ៊ុន​ Prestige​ Homes​ (Cambodia​) សូម​ចូល​ទៅ​ក្នុង​ គេហទំព័រ​ www.prestigehomeskh.com​ ឬធ្វើការ​ទំនាក់ទំនង​ផ្ទាល់​មកកាន់​លេខ​៖០២៣​ ៨៨៨​ ៨០៧​។ បុគ្គលិក​យើងខ្ញុំ​រីករាយ​ និង​ស្វា​គម​ទទួល​ទូរសព្ទ​របស់​លោកអ្នក​ដោយ​ក្តី​រីករាយ​បំផុត​៕

បន្ទាប់ពី​សេដ្ឋកិច្ច​អាមេរិក​ និង​ចិន​ធ្លាក់ចុះ​ ប្រទេស​ទាំងពីរ​ចាប់ផ្តើម​រៀបចំ​ជំនួប​ចរចា​ពាណិជ្ជកម្ម​ឡើងវិញ​

0

ដោយ​ Donald​ Lee

ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន​ឱ្យ​ដឹង​ថា​ ការចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ខែ​ តុលា​ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ឱ្យ​ដឹង​ថា​ ការចរចា​ត្រូវ​បាន​គ្រោង​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅក្នុង​ខែតុលា​ បន្ទាប់ពី​មន្រ្តី​ពាណិជ្ជកម្ម​ចិន​លោក​ Liu​ He​ បាន​ទាក់ទង​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​ និង​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​។

ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ “ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា​ ពួកគេ​គួរតែ​ធ្វើការ​ជាមួយគ្នា​ និង​ចាត់វិធានការ​ជាក់ស្តែង​ដើម្បី​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការចរចា​”។

សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​មាន​កំ​ដៅ​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ដែល​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ពីរ​នៅ​លើ​ពិភពលោក​ទាស់ទែងគ្នា​ជាមួយនឹង​ការដំឡើង​ពន្ធ​ និង​បង្ក​ឱ្យ​មានការ​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ពិភពលោក​។

លោក​ Trump​ បាន​បន្ត​វាយប្រហារ​ចិន​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ Twitter​ ហើយ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ចិន​ថា​បា​នព​ន្យា​ពេល​ការចរចា​ពាណិជ្ជកម្ម​ដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឱកាស​បោះឆ្នោត​ឡើងវិញ​របស់​លោក​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នា​ឆ្នាំ​ ២០២០​ ខាងមុខ​។

លោក​ Trump​ បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ Twitter​ ថា​ “គិតថា​តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ប្រទេស​ចិន​នៅពេល​ដែល​ខ្ញុំ​ឈ្នះ​។ កិច្ច​ព្រមព្រៀង​នេះ​នឹង​កាន់​មាន​ភាព​តានតឹង​។ ក្នុង​ពេលនោះ​ សង្វាក់​ផ្គត់ផ្គង់​ចិន​នឹង​ដួល​រលំ​ ហើយ​អាជីវកម្ម​ ការងារ​និង​ប្រាក់​នឹង​ខាតបង់​!”៕

រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​រៀបចំ​ផ្លូវ​ថ្មើរជើង​ចាប់ពី​ក្រសួង​ប្រៃសណីយ៍​ដល់​មុខ​ព្រះបរមរាជវាំង

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ចាប់ផ្តើម​ រៀបចំ​ផ្លូវ​ថ្មើរជើង​ ( Walk​ Street​ ) នៅ​តាម​បណ្ដោយ​ទន្លេ​ចតុមុខ​ចាប់ពី​មុខ​ប្រៃសណីយ៍​កម្ពុជា​ រហូតដល់​មុខ​ព្រះបរមរាជវាំង​ ស្ថិតនៅ​ក្នុង​សង្កាត់​វត្តភ្នំ​ សង្កាត់​ផ្សារកណ្ដាល​ទី១​ សង្កាត់​ផ្សារកណ្ដាល​ទី២​ និង​សង្កាត់​ជ័យជម្នះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

លោក​ ឃួង​ ស្រេង​ អភិបាលក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​ ៥ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ដឹកនាំ​ប្រជុំ​គណៈកម្មការ​រៀបចំ​ផ្លូវ​ថ្មើរជើង​ ( Walk​ Street​) ដើម្បី​អនុវត្ត​គម្រោង​ផ្លូវ​ថ្មើរជើង​មួយ​នេះ​ ( Walk​ Street​ ) ឱ្យ​ចេញ​ជា​សមិទ្ធិ​ផល​ថ្មី​មួយ​បន្ថែម​ទៀត​ សម្រាប់​ផ្ដល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញ​ ជាពិសេស​តំបន់​មាត់ទន្លេ​ និង​ព្រះបរមរាជវាំង​។

លោក​ ឃួង​ ស្រេង​បញ្ជាក់​ថា​ គម្រោង​បង្កើត​ផ្លូវ​ថ្មើរជើង​នេះ​នឹង​ក្លាយជា​កញ្ចប់​ទេសចរណ៍​ថ្មី​សម្រាប់​រាជធានី​ភ្នំពេញ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អោយ​ដើរ​ស្រូប​យកខ្យល់អាកាស​ល្អ​បរិសុទ្ធ​និង​ទស្សនា​ទេសភាព​ទន្លេ៤មុខ​ដ៏​ស្រស់​ត្រកាល​ដោយ​គ្មាន​ប្រទេស​ណា​មាន​ដូច​។

លោក​អភិបាល​បាន​ក៏​ណែនាំ​ដល់​ក្រុមការងារ​អោយ​សិក្សា​ពី​ពេលវេលា​ ប្រព័ន្ធ​បញ្ជៀស​ចរាចរណ៍​ និង​កន្លែង​ចំណត​យានយន្ត​អោយ​បាន​ត្រឹមត្រូវ​ ដើម្បីអោយ​កញ្ចប់​សេវា​ទេសចរណ៍​ថ្មីនេះ​ បាន​ដំណើរការ​ដោយ​រលូន​ គ្មាន​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​។

លោក​អភិបាល​រូប​នេះ​ មិនបាន​បញ្ជាក់​ពេលវេលា​ជាក់លាក់​ក្នុង​ការ​ចាប់ផ្តើម​នៅពេល​ណា​ និង​ផ្លូវ​នេះ​ មាន​ទំហំប៉ុន្មាន​ម៉ែត្រ​នោះ​ទេ​ ។ តែ​យ៉ាងណាក៏ដោយ​ លោក​ថា​ រៀបចំ​ផ្លូវ​ថ្មើរជើង​ ( Walk​ Street​ ) នៅ​តំបន់​នេះ​ ពិតជា​មាន​សារៈ​ខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ និង​ទេសចរណ៍​សម្រាប់​ធ្វើដំណើរ​ឆ្លងកាត់​ ហើយក៏​ជា​តំបន់​ប្រមូល​ប្តុំ​ដោយ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ និង​ទេសចរណ៍​ ។

ម្យ៉ាងទៀត​វា​នឹង​ជួយ​សម្រួល​ដល់​ចរណ៍​នៅក្នុង​ក្រុង​ដែល​មាន​ភាព​មមាញឹក​ និង​កាន់​តបន្ថយ​គ្រោះ​ថ្នា​ក់​ផ្សេង​ៗនៅក្នុង​រាជធានី​ភ្នំពេញ​។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ កន្លងមក​នេះ​ បាន​សាងសង់​ ផ្លូវ​ថ្មើរជើង​ ជាច្រើន​ខ្សែរ​ជាពិសេស​ផ្លូវ​ថ្មើ​ជើង​ប្រប​មាត់ទន្លេ​ចាប់ពី​សាលសន្និសីទ​ចតុមុខ​ រហូតដល់​ស្ពាន​ព្រះមុនីវង្ស​ (ក្បាលថ្នល់​) សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ និង​ហាត់ប្រាណ​។

គម្រោង​ផ្លូវ​ថ្មើ​ជើង​ប្រប​មាត់ទន្លេ​នេះ​ ត្រូវ​ធ្វើឡើង​ជា២ដំណាក់កាល​ គឺ​ដំណាក់កាល​ជំហាន​ទី១​ មាន​ប្រវែង៩៥០ម៉ែត្រ​ ចាប់ពី​ខាងមុខ​សាល​ចតុមុខ​ រហូតដល់​ស្ពាន​កោះ​ពេជ្រ​ ត្រូវ​បាន​សាងសង់​រួចរាល់​ និង​ដាក់​ឱ្យ​ដំណើរការ​ និង​គម្រោង​ដំណាក់កាល​ទី២ទៀត​ គឺ​ផ្លូវ​ថ្មើ​ជើង​បន្ត​ពី​ស្ពាន​កោះ​ពេជ្រ​ ដល់​ស្ពាន​ព្រះមុនីវង្ស​បាន​នឹង​កំពុង​ដំណើរការ​សាងសង់​។

គម្រោង​ផ្លូវ​សម្រាប់​ដើរ​នៅក្នុង​រាជ​ធា​នី​ភ្នំ​ពញ​គ្រោង​សាងសង់​មាន​ទទឹង​ចាប់ពី៦ម៉ែត្រ​ ទៅ១៥ម៉ែត្រ​ ដើម្បី​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និង​ផ្តល់​ភាព​ងាយស្រួល​ សម្រាប់​ប្រជាពលរដ្ឋ​ ដែល​ទៅ​កម្សាន្ត​ ហាត់ប្រាណ​តាម​មាត់ទន្លេ​៕

ប្រទេស​ថៃ​គ្រោង​វិនិយោគ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ពី​ធ្យូងថ្ម​នៅ​កម្ពុជា

0

​ដោយ​ ម៉ា​ណេត​

បាងកក​៖ ថៃ​បាន​បង្ហាញ​ពី​បំណង​នៃ​គម្រោង​វិនិយោគ​លើ​ស្ថានីយ​ថាមពល​ធ្យូងថ្ម​នៅ​កោះកុង​ ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ដល់​កម្ពុជា​ ស្រប​ពេល​ខ្លួន​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​ស្តី​ពី​ថាមពល​ (Amem​) លើក​ទី​ ៣៧​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ទីក្រុង​បាងកក​ពី​ថ្ងៃទី​ ២ ដល់៦​ ខែកញ្ញា​នេះ​។

រដ្ឋមន្រ្តី​ក្រសួង​ថាមពល​អាស៊ាន​ Sontirat​ Sontijirawong​ បាន​ក្រុម​អ្នកកាសែត​អំឡុង​កិច្ចប្រជុំ​ថា​ “កម្ពុជា​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការទិញ​ថាមពលអគ្គីសនី​ពី​ប្រទេស​ថៃ​ដែល​គ្រោង​វិនិយោគ​នៅក្នុង​ស្ថានីយ​ថាមពល​ធ្យូងថ្ម​នៅ​កោះកុង​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ដល់​កម្ពុជា​។ រោងចក្រ​ថាមពល​ធ្យូងថ្ម​នឹង​មាន​ទីតាំង​ស្ថិតនៅ​ជិត​ព្រំដែន​”។

លោក​ Sontirat​ បាន​បន្ត​ថា​ គម្រោង​នេះ​នឹង​ផ្តល់​ឱ្យ​ភាគី​នានា​មក​ពី​ប្រទេស​ថៃ​ដូចជា​អាជ្ញាធរ​អគ្គិសនី​ថៃ​និង​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​ជាតិ​ PTT​ ឱ្យ​ចូលរួម​វិនិយោគ​។ លោក​ បាន​ថ្លែង​ថា​ “ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រីកចម្រើន​ជាមួយនឹង​តម្រូវការ​អគ្គិសនី​កើនឡើង​ ខណៈ​ថៃ​មានការ​ផលិត​អគ្គិសនី​លើស​។

ប្រទេស​ទាំងពីរ​នឹង​ត្រូវ​ពិភាក្សា​អំពី​វិធានការ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​គ្នា​ទៅវិញទៅមក​”។នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ ថៃ​នឹងក៏​ពិភាក្សា​ជាមួយ​ប្រទេស​កម្ពុជា​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ដែនសមុទ្រ​ដែល​ត្រួតស៊ីគ្នា​ដោយ​ថាមពល​ដែល​ទាមទារ​ដោយ​ប្រទេស​ទាំងពីរ​នៅ​ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ថាមពល​អាស៊ាន​ដែល​កំពុង​បន្ត​នេះ​ផង​ដែរ​។

លោក​ Sontirat​ បាន​មានប្រសាសន៍​ថា​ ក្រសួង​ថាមពល​ថៃ​នឹង​ពិភាក្សា​ជាមួយ​ប្រទេស​កម្ពុជា​អំពី​បញ្ហា​នេះ​ដើម្បី​រក​វិធី​សហការ​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​៕