តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគបានសម្រុកទៅទិញមាសទុក ដោយសារតែការព្រួយបារម្ភអំពីការរឹតបន្តឹងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១ភាគរយដល់២៧៩៦,៥០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៨ភាគរយដល់២.៨២៨ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៨,១៧ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៧,៨០ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,១៣ភាគរយដល់៣២,៨៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,១៦ភាគរយដល់១០២៨,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,២៨ភាគរយដល់១០២២,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤២នាទីព្រឹក៕

សហរដ្ឋអាមេរិកតេស្តសាកល្បងយន្តហោះដឹកអ្នកដំណើរ ដែលមានល្បឿនលឿនជាងសំឡេងដំបូងគេដោយជោគជ័យ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យន្តហោះពាណិជ្ជកម្មទំនើបខ្នាតតូចប្រភេទថ្មីម៉ាក XB-១ របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Boom Technology បានតេស្តសាកល្បងការហោះហើរប្រកបដោយភាពជោគជ័យកាលពីពេលថ្មីៗនេះ ដោយធើ្វដំណើរក្នុងល្បឿនលឿនជាងសំឡេងក្នុងកម្រិត Mach ១.១ ឬស្មើនឹង១.៣៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

ការហោះហើរក្នុងល្បឿនដ៏លឿននេះបានធើ្វឱ្យយន្តហោះ XB-១ ក្លាយជាយន្តហោះស៊ីវិលដំបូងគេ ដែលមានសមត្ថភាពបំបែករបាំងនៃសំឡេងនៅក្នុងអំឡុងពេលនៃការហោះហើរ ឬហៅកាត់ថា “Supersonic”។

ការហោះហើរសាកល្បងនេះត្រូវបានធ្វើឡើងនៅរយៈកម្ពស់ជាង១០.៦០០ម៉ែត្រពីលើផ្ទៃដី នៅក្នុងតំបន់វាលខ្សាច់នៅភាគខាងត្បូងនៃទីក្រុង Los Angeles សហរដ្ឋអាមេរិក។

បើក្រឡេកទៅមើលប្រវត្តិសាស្ត្រអំពីការបំបែកឯតទគ្គកម្មនៃល្បឿនហោះហើរ កាលពីឆ្នាំ១៩៤៧ លោក Chuck Yeager ជាបុគ្គលដំបូងគេ ដែលបានបើកបរយន្តហោះបំបែករបាំងនៃសំឡេង ជាមួយនឹងយន្តហោះខ្នាតតូចប្រភេទ Bell X-១ ដែលប្រើប្រាស់ម៉ាស៊ីនគ្រាប់រ៉ុក្កែត និងមានរូបរាងស្រដៀងទៅនឹងគ្រាប់មីស៊ីល។

ដោយឡែក ចំពោះយន្តហោះប្រភេទ XB-១ ចុងក្រោយនេះវិញ ត្រូវបានរចនាឡើងជាគម្រូ (Prototype) សម្រាប់បម្រើដល់ការអភិវឌ្ឍន៍យន្តហោះអាកាសចរណ៍ខ្នាតធំនាពេលអនាគត ដែលអាចមានលទ្ធភាពផ្ទុកអ្នកដំណើរបានចន្លោះពី៦០នាក់ទៅ៨០នាក់ និងរំពឹងថា នឹងអាចធើ្វដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិកក្នុងរយៈពេលប្រហែល២ម៉ោងកន្លះ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Boom Technology បានទទួលការបញ្ជាទិញយន្តហោះសរុបចំនួន១៣០គ្រឿង ពីបណ្តាក្រុមហ៊ុនអាកាសចរណ៍មួយចំនួនរបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងបណ្តាប្រទេសនៅទ្វីបអឺរ៉ុប៕ប្រភព: CNN៕

អភិបាលខេត្តព្រះសីហនុ និងខេត្តត្រាតជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយលោកណាថាភុន សានគ័ងឆីត (Natthapong Sanguanchit) អភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។

ក្នុងជំនួបកាលពីដើមសប្តាហ៍នេះ លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ សូមស្វាគមន៍ប្រតិភូបានមកកាន់ខេត្តព្រះសីហនុ ព្រមទាំងបង្ហាញពីភូមិសាស្ត្រ និងវិទ្យាសាស្ត្រខេត្តព្រះសីហនុ ដែលមានសក្តានុពល ស្ថិតនៅប៉ែកនារតី នៃព្រះរាជាណាចក្រកម្ពុជា មាន៥ក្រុង ស្រុក ២៩ឃុំ សង្កាត់ ១១១ភូមិ យើងបង្កើតក្រុងថ្មីមួយទៀត គឺក្រុងកំពង់សោម មានកោះតូចធំ៣២ ថ្មដុះ១ ប៉ប្រេះទឹក៥ មានឧទ្យានជាតិលើគោក និងបាតសមុទ្រ មានជីវចម្រុះ មានឆ្នេរ ១៧៥គីឡូម៉ែត្រ ជាមូលដ្ឋានគ្រិះអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលជាគោលដៅឧស្សាហកម្ម ទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធិនាមថា ជាតារារះនាទិសនារតី។

ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តស្នូលនៃប្រទេសកម្ពុជា មានខេត្ត ៤ក្នុងនោះព្រះសីហនុ កោះកុង កំពត កែប ខេត្តមានគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក ដែលរដ្ឋាភិបាលកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានចែកជា៣ តំបន់ឧស្សាហកម្មដឹកជញ្ជូន ទីក្រុងសមាហរណកម្ម និងហិរញ្ញវត្ថុអន្តរជាតិ និងតំបន់ទេសចរណ៍ ដើម្បីរុញឱ្យខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រដ្ឋាភិបាលបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងកសាងអាងប្រព្រឹត្តកម្មទឹកស្អាត រៀបចំឆ្នេរ បន្ទប់ទឹកសាធារណ និងការសាងសង់រូបសំណាក អរិយធម៌របស់កម្ពុជាផងដែរ។

លោកអភិបាលខេត្ត ក៏បានជំរាបជូនពីសក្តានុពល ផ្លូវគមនាគមន៍ មានកំពង់ផែ៣ រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា៣ដំណាក់កាល រហូតដល់ឆ្នាំ២០២៩ មានជំរៅទឹក ១៧,៥០ម៉ែត្រ អាកាសយានដ្ឋានអន្តរជាតិ មានការហោះហើរក្នុងស្រុក ក្រៅស្រុក វៀតណាម ម៉ាឡេស៊ី និងកាហ្សាក់ស្ថាន នឹងសង្ឃឹមថា និងមានការហោះ ហើយឆាប់ៗព្រះសីហនុ បាងកក ផ្លូវដែក១ខ្សែ ផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវល្បឿនលឿន មានតំបន់សេដ្ឋកិច្ចពិសេស៥ កំពុងដំណើការ។

ដើម្បីសម្រេចគោលដៅជំរុញការផ្លាស់ប្តូរ ទេសចរណ៍ផ្លូវសមុទ្ររវាងប្រទេសទាំង៣ មានកម្ពុជា ថៃ និងវៀតណាម។

លោកNatthapong Sanguanchit អភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ថ្ងៃនេះមានការរីករាយ ដែលប្រតិភូខេត្តត្រាត បានមកទស្សនកិច្ចខេត្តព្រះសីហនុ ក្នុងគោលបំណងរួមគ្នាជំរុញ វិស័យទេសចរណ៍រវាងខេត្តទាំងពីរ ខេត្តត្រាតជាខេត្តមួយទាក់ទង នឹងវិស័យទេសចរណ៍ ដែលមានប្រាក់ចំណូលមួយឆ្នាំ២ម៉ឺនលានបាត ខេត្តត្រាត មានស្រុកចំនួន៧ ប្រជាពលរដ្ឋជាង២០ម៉ឺននាក់។

លោកមានការចាប់អារម្មណ៍មកកាន់ខេត្តព្រះសីហនុ កន្លងមកឯកឧត្តមក៏បានមកចូលរួមកិច្ចប្រជុំ (CVTEC) ដែលមានកម្ពុជា ថៃ និងវៀតណាម ស្របតាមកិច្ចព្រមព្រៀង ជំរុញវិស័យទេសចរណ៍រវាងប្រទេ​សទាំង៣ ដែលមានសក្តានុពល ក្នុងការផ្លាស់ប្តូវិស័យទេស​ចរណ៍មកកម្សាន្តខេត្តព្រះសីហនុ កំពត កែប ធ្វើឱ្យប្រាក់ចំណូលពីវិស័យទេសចរណ៍មានការកើនឡើងថែមទៀត។

គណៈប្រតិភូខេត្តត្រាត បានមកកាន់ខេត្តព្រះសីហនុ តាមផ្លូវទឹក ដើម្បីធ្វើបច្ចុប្បន្នភាព លើវិស័យទេសចរណ៍រវាងគ្នា អាចជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ កើនជាង៦ភាគរយ ជំរុញវិស័យទេសចរណ៍ពីខេត្តតា្រត មកកាន់ខេត្តព្រះសីហនុ សង្ឃឹមថា យើងមានប្រព័ន្ធផ្លាស់ប្តូរកាន់តែលឿន និងមានប្រសិទ្ធភាព បន្តកិច្ចសហការគ្នាបន្តទៀត ដើម្បីជំរុញកំណើនលើកកម្ពស់ ទេសចរណ៍ធុរកិច្ចគុណភាពខ្ពស់ ដោយផ្តោតលើការតភ្ជាប់ទេសចរណ៍ ផ្លូវសមុទ្ររវាងកោះក្នុងខេត្តត្រាត និងកោះផ្សេងៗទៀតរបស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្រោមក្របខណ្ឌ CVTEC៕

អ្នកអភិវឌ្ឍន៍ដែលស្គាល់រសនិយមរបស់ អតិថិជនបានឈរជើងលើទីផ្សារយ៉ាងរ៉ឹងមាំ

0

អ្នកជំនាញការជប៉ុនកំពុងសិក្សាពីលទ្ឋភាពសាងសង់ស្ពានឆ្លងកាត់ ទន្លេរមេគង្គថ្មីមួយទៀត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំជាមួយអ្នកជំនាញការជប៉ុន ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍សិក្សាប្រមូលធាតុចូល សម្រាប់គម្រោងកែលម្អផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ។

កិច្ចប្រជុំកាលពីថ្ងៃទី៣០ មករា ឆ្នាំ២០២៥ ត្រូវបានដឹកនាំដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA)។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សិក្សាប្រមូលធាតុចូល សម្រាប់គម្រោងកែលម្អផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ ដែលបានអនុវត្តន៍ដោយក្រុមជំនាញការ របស់ទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងដោយមានការសហការពីដៃគូពាក់ព័ន្ធនានា។

ជាលទ្ធផល អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចសហការរបស់ទីភា្នក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ក្នុងការបញ្ជូនជំនាញការជាន់ខ្ពស់របស់ខ្លួន ដើម្បីពិនិត្យ និងរៀបចំផែនការគម្រោងកែលម្អផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គរបស់កម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន និងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបានបន្តខិតខំប្រឹងប្រែងជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕

រូបតំណាង

រដ្ឋបាលរាជធានីភ្នំពេញនឹងបិទកំណាត់ផ្លូវសំខាន់ៗចំនួន៥ដើម្បីសាកល្បងផ្លូវថ្មើជើងលើកដំបូងនៅរាជធានី

0

ដោយៈ និស្ស័យ

ភ្នំពេញ: រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៨:០០នាទី រហូតដល់ម៉ោង២៣:០០នាទីយប់ នៅតាមបណ្តោយពីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី៣០ ខែមករា បានឲ្យដឹងថា ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោង ដូចបានជម្រាបជូនខាងលើ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង។

១- បិទកំណាត់តិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីកែងវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់កែងវិថី ឧកញ៉ា ឈុន (ផ្លូវលេខ២៤០) ប្រវែង ១.៩៣៥ម៉ែត្រ។ ២- បិទកំណាត់វិថីកាត់ទទឹង ចាប់ពីកែងតីរវិថីព្រះស៊ីសុវត្ថិ ដល់កែងមហាវិថីព្រះនរោត្តម រួមមាន៖ វិថីព្រះអង្គនន្ទ (ផ្លូវលេខ១០២) រុក្ខវិថីព្រះមហាក្សត្រិយានីកុសុមៈ (ផ្លូវលេខ១០៦) រុក្ខវិថី ឧកញ៉ា អ៊ឹង ប៊ុនហូវ (ផ្លូវលេខ១០៨) វិថីព្រះអង្គឌួង (ផ្លូវលេខ១១០), វិថីក្រឡាហោមគង់ (ផ្លូវលេខ១១៨), រុក្ខវិថីនេមរៈភូមិន្ទ (ផ្លូវលេខ១៣០), វិថីឧកញ៉ា អ៊ុន (ផ្លូវលេខ១៣៦), វិថី ព្រះអង្គហស្សកណ្ឌ (ផ្លូវលេខ១៤៤), កំណាត់វិថីឧកញ៉ាអ៊ុក លន់ (ផ្លូវលេខ១៤៨) និងវិថី តេជោដំឌិន (ផ្លូវលេខ១៥៥)។

៣- បិទវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤), វិថីឧកញ៉ា សន្ធរម៉ុក (ផ្លូវលេខ៩៨) ចាប់ពីកែងតីរវិថី ព្រះស៊ីសុវត្ថិ ដល់កែងវិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ៤- បិទវីថីព្រះអង្គមន្តវណ្ណ (ផ្លូវលេខ១៧៨) ចាប់ពីផ្នែកខាងកើតនៃវិថីព្រះអង្គអេង (ផ្លូវលេខ១៣) រហូតដល់កែងតីរវិថីព្រះស៊ីសុវត្តិ និងទី៥- មហាវិថីសម្តេចសុធារស បិទចាប់ពីកែងវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) ដល់កែងវិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០)។

ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយកំណាត់គឺវិថីព្រះស៊ីសុវត្ថិ ចាប់ពីកែងវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់កែងវិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០) និងនៅតាមបណ្តោយវិថីព្រះអង្គអេង (ផ្លូវ លេខ១៣) ដល់កែងវិថីព្រះអង្គមន្តវណ្ណ (ផ្លូវលេខ១៧៨) ត្រូវយកយានជំនិះរបស់បងប្អូន ចេញពីតំបន់ថ្មើរជើង ឱ្យបានមុនពេលដែលបានកំណត់ខាងលើ ដើម្បីសម្រួលដល់ការដើរកម្សាន្តរបស់ភ្ញៀវជាតិ និងអន្តរជាតិ៕

តើទីផ្សារអចលនទ្រព្យនៅតំបន់ Klang Valley ក្នុងប្រទេសម៉ាឡេសុីមាននិន្នាការដូចម្តេចនៅឆ្នាំ២០២៥?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE អះអាងថា វឌ្ឍនភាពឆាប់រហ័សនៃការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាថ្មីនឹងក្លាយទៅជាកត្តាជំរុញទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេសុី។

លោក Tan Ka Leong នាយកគ្រប់គ្រងក្រុមហ៊ុន CBRE ប្រចាំប្រទេសម៉ាឡេសុីបានលើកឡើងថា “ដើម្បីទាញបានអត្ថប្រយោជន៍ជាអតិបរមាពីកត្តាជំរុញទាំង២នេះ ការរៀបចំធ្វើផែនការអភិវឌ្ឍន៍ និងបទប្បញ្ញត្តិនៃការសាងសង់គួរតែត្រូវបានពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព”។

លោកស្រី Mary Kurien អ្នកជំនាញនៅក្រុមហ៊ុន CBRE ប្រចាំប្រទេសម៉ាឡេសុីបានមានប្រសាសន៍ឱ្យដឹងថា “ទីផ្សារអចលនទ្រព្យនៅតំបន់ Klang Valley នឹងត្រូវបានជំរុញដោយការរីកចម្រើននៅក្នុងផ្នែកឧស្សាហកម្ម ការលក់រាយ និងបដិសណ្ឋារកិច្ច”។

លោកស្រីបានគូសបញ្ជាក់ថា សួនឧស្សាហកម្មនានានៅតំបន់នេះកំពុងវិវត្តន៍ឆ្ពោះទៅរកឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ដោយរួមបញ្ចូលទាំងបញ្ញាសិប្បនិម្មិត (AI) និងនិរន្តរភាពបៃតង ដែលស្របតាមផែនការមេឧស្សាហកម្មថ្មី (NIMP) ឆ្នាំ២០៣០របស់រដ្ឋាភិបាលម៉ាឡេសុី។

លោកស្រីបានមានប្រសាសន៍ឱ្យដឹងបន្តថា“តម្រូវការនានាទាក់ទងនឹងបច្ចេកវិទ្យា AI សេវាកម្ម Could និងការអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យបន្តជំរុញសន្ទុះនេះ”។

ស្រដៀងគ្នានេះដែរ ការលក់រាយ និងសណ្ឋាគារនៅប្រទេសម៉ាឡេសុីកំពុងទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ការណ៍នេះបានពង្រឹងភាពធន់នៃទីផ្សារអចលនទ្រព្យរបស់តំបន់ Klang Valley បន្ថែមទៀត។

លោកស្រី Kurien បានបញ្ជាក់ឱ្យដឹងបន្ថែមថា អ្នកលក់រាយកំពុងបង្ហាញពីសុទិដ្ឋិនិយមជាថ្មី ស្របពេលមានការទិញយកហាងលក់រាយ និងការបញ្ចូលម៉ាកយីហោល្បីៗ។

នៅក្នុងបរិបទនេះ លោកស្រី Kurien បានកត់សម្គាល់ឃើញថា ភាគីពាក់ព័ន្ធសំខាន់ៗបានសាកល្បងយុទ្ធសាស្ត្រផ្សេងៗដើម្បីធ្វើឱ្យផ្សារទំនើបកាន់តែមានភាពទាក់ទាញ រួមទាំងការបង្កើតជម្រើសម្ហូបអាហារចម្រុះកាន់តែច្រើន ការរៀបចំវេទិកាសិល្បៈ និងវប្បធម៌ ទីតាំងកម្សាន្ត និងកីឡា។

សម្រាប់ទីផ្សារសណ្ឋាគារ ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិបានជាង៣១លាននាក់នៅឆ្នាំ២០២៥នេះ។ការណ៍នេះនឹងជួយជំរុញដល់តម្រូវការបដិសណ្ឋារកិច្ចនៅក្នុងប្រទេសម៉ាឡេសុី។

លោកស្រី Kurien បានអះអាងថា “សណ្ឋាគារលំដាប់ផ្កាយ៥ ថ្មីចំនួនជាង២.០០០បន្ទប់នឹងត្រូវបានចាក់បញ្ចូលទៅកាន់ទីផ្សាររបស់ម៉ាឡេសុី។ ក្នុងនោះ បន្ទប់សណ្ឋាគារចំនួន៦១ភាគរយនឹងស្ថិតនៅក្នុងតំបន់ Klang Valley”។

ចំពោះទីផ្សារលំនៅដ្ឋាន លោកស្រី Kurien បានសង្កេតឃើញមាននិន្នាការឆ្ពោះទៅរកការដាក់បញ្ចូលតំបន់អង្គុយធ្វើការរួមគ្នា(Co-working lounges)ទៅក្នុងលំនៅដ្ឋានដើម្បីរក្សាតុល្យភាពនៃការរស់នៅក្នុងទីក្រុង និងរចនាប័ទ្មការងារ។

លើសពីនេះ ទីផ្សារលំនៅដ្ឋានក៏នឹងផ្តោតទៅលើលក្ខណៈអគារបៃតង ដូចជាការប្រើប្រាស់សម្ភារៈសំណង់ប្រកបដោយនិរន្តរភាព ការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅតាមផ្ទះ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាកថ្មរថយន្តអគ្គិសនី (EV)។

តំបន់ Klang Valley ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងគូឡាឡាំពួរ (Kuala Lumpur) និងទីក្រុង Putrajaya៕ប្រភព: The Edge Malaysia៕

Ploenchit-Chidlom-Wittayu zone maintains resilience in Bangkok market

0

While a surge in office building construction across Bangkok has created uncertainty in the rental market, several Grade A office buildings within the prime Ploenchit-Chidlom-Wittayu zone continue to demonstrate robust growth.

This area, a magnet for multinational corporations and major tenants, remains a sought-after location despite the challenges.

Nattha Kahapana, managing director at Knight Frank Thailand, highlighted that while the overall office supply in Bangkok is increasing and hybrid work models are prompting many companies to downsize their office space, this particular zone continues to attract significant investor and tenant interest.

Although occupancy rates have dipped from a peak of 95% in 2019 to 76% today, buildings within this zone exhibit greater resilience compared to other areas of the city. Despite a 30% increase in supply over the past five years, reaching 220,000 square metres, this surpasses the CBD’s overall growth rate of 24%.

The Ploenchit-Chidlom-Wittayu zone maintains its appeal due to its excellent connectivity, encompassing both exceptional public transport links and a concentration of green-certified Grade A office buildings.

Source: The Nation

លោកសាយ សំអាល់ៈ ឧស្សាហកម្មទេសចរណ៍ នៅតែជាមុខព្រួញសំខាន់ក្នុងខឿនសេដ្ឋកិច្ចរបស់ខេត្តកែប

0

ដោយៈ ច្រាយ ចំណាន

    ខេត្តកែបៈ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា ឧស្សាហកម្មទេសចរណ៍ នៅតែជាមុខព្រួញសំខាន់ សម្រាប់សេដ្ឋកិច្ចរបស់ខេត្តកែប។

អញ្ជើញចូលរួមក្នុងឱកាសសន្និបាត ការងាររបស់ខេត្តកែបកាលពីសប្តាហ៍មុន លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងបន្តថា ឧស្សាហកម្មទេសចរណ៍ នៅតែជាមុខព្រួញសំខាន់ ក្នុងខឿនសេដ្ឋកិច្ចរបស់ខេត្ត ការប្រាស្រ័យទាក់ទងជាមួយអាជីវករ ដែលមានបទពិសោធន៍ចាស់ -ថ្មីក្នុងវិស័យនេះ អាចនឹងកំណត់បានបន្ថែមទៀត នូវតម្រូវការ​របស់ភ្ញៀវ​ទេសចរ ក្នុងស្រុកមានកម្រិតជីវភាពមធ្យម ជាពិសេសបង្កលក្ខណៈងាយស្រួល ​​​​​​​ដល់ប្រជាជនដែលមានទីលំនៅ ក្នុងខេត្តជាប់ព្រំប្រទល់ អញ្ជើញមក​ទស្សនា​កំសាន្តបានកាន់តែច្រើន និងកាន់តែញឹកញាប់។

លោកបញ្ជាក់ថា “អំណោយផលពីធម្មជាតិ គឺអាកាសធាតុល្អ និងខ្យល់ជំនោរបរិសុទ្ធរបស់ខេត្ត ​តាមបណ្តោយឆ្នេរសមុទ្រ ក៏ជាសក្តានុពលល្អ ននិងជាជម្រើសថ្មី សម្រាប់ការរៀបចំផ្ទះលម្ហែសម្រាប់មនុស្សវ័យជរា ឬវ័យចំណាស់មានជម្ងឺត្រូវការថែទាំ​ជាប្រចាំ”។

លោកសាយ សំអាល់បានផ្តល់អនុសាសន៍ថា ការរៀបចំសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ក្នុងវិស័យ​ទេស​ចរណ៍ ក៏គួររំលេច និងពង្រឹងនូវសក្តានុពល ដែលអាចជាកត្តាទាក់ទាញ​ចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរបរទេស ដែលនៅជាប់ព្រំប្រទល់ជិតខាងឱ្យមកទស្សនាកម្សាន្ត។

បន្ថែមលើនេះទៀត សូមចូលរួមលើកទឹកចិត្ត ដល់ការរៀបចំសហគមន៍​នេសាទ​​តាមបែបប្រពៃណី តាមរយៈការលើកទឹកចិត្តឱ្យដាំដុះបន្លែ ផ្តល់ដើមទុនសមល្មមឱ្យមានផ្លូវចូលទៅដល់សហគមន៍ មានបន្ទប់ទឹកស្អាត និងចំណតរថយន្តសមរម្យ ដើម្បីប្រែក្លាយទីតាំងសហគមន៍នេសាទ ទៅជាគោលដៅទេសចរក្នុងស្រុក ជាប្រភពផ្តល់ប្រាក់ចំណូលបន្ថែមជួយដល់ជីវភាពប្រជាជនក្នុងសហគមន៍។

លោកបន្តថា កិច្ចការនេះអាចសម្រេចទៅបាន ដោយសារមានការចូលរួមសហការយ៉ាងសកម្ម គួរឱ្យស្ញើចសរសើរ ជាពិសេសក្រុមការងារថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន ដែលបានចុះជាប់ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាជន ប្រកបដោយឥរិយាបថទទួលខុសត្រូវខ្ពស់។

លោកបញ្ជាក់ទៀតថា គ្រប់សមិទ្ធផលកិច្ចការទាំងអស់ដែលសម្រេចបាន គឺបង្ហាញពីប្រសិទ្ធភាព និងគុណភាពរដ្ឋបាលសាធារណៈទំនើប ដែលបានរៀបចំត្រឹមត្រូវ ប្រកបដោយភាពវាងវៃ និងអត់ធ្មត់ ដែលជាសមិទ្ធផលដ៏ធំធេង ក្រោម​គុណបំណាច់នៃកិច្ចខិតខំប្រឹងប្រែង របស់សម្តេចក្រឡា​ហោម អតីតប្រមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញប្រកបដោយ​ទស្សនវិស័យ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។

លោកសាយ សំអាល់បានបន្តថា យោងកត្តាភូមិសាស្ត្រ និងប្រជាជនក្នុងមូលដ្ឋាន គួរផ្តួចផ្តើមគិតគូរពីលទ្ធភាព​ម្ចាស់ ការលើផលិតផលកសិកម្មក្នុងស្រុក ដែលជាចំណែ​កទ្រទ្រង់ដល់ប្រយោជន៍​សុខភាពសាធារណៈ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយ​ប្រើប្រាស់ផ្ទៃដីដាំដុះដែលមាន មុននឹងឈានទៅពង្រឹងបច្ចេកទេស ​សម្រិតសម្រាំងផលិតផលក្នុងស្រុក សម្រាប់នាំចេញ ដើម្បីបើកច្រកសេដ្ឋកិច្ច សំដៅបង្កើនចំណូល។ ក្រៅពីកសិកម្មក្នុងស្រុក ក៏គួរគិតគូរពីការដាំដំណាំ និងរុក្ខជាតិសម្រាប់ពាណិជ្ជកម្មផងដែរ៕

តើទីផ្សារការិយាល័យនៅតំបន់មួយណាក្នុងទីក្រុងបាងកក ដែលរក្សាបានភាពធន់ខ្លាំងជាងគេ?

0

ដោយ: គង់ លាងហួរ
បាងកក: ស្របពេលដែលការកើនឡើងនៃការសាងសង់អគារការិយាល័យនៅទូទាំងទីក្រុងបាងកក បានបង្កើតភាពមិនប្រាកដប្រជានៅក្នុងទីផ្សារជួល អគារការិយាល័យកម្រិត A មួយចំនួននៅក្នុងតំបន់ Ploenchit-Chidlom-Wittayu នៅតែបន្តសម្រេចបានកំណើនយ៉ាងរឹងមាំ។

តំបន់ Ploenchit-Chidlom-Wittayu ជាមេដែកស្រូបទាញបណ្តាក្រុមហ៊ុនសាជីវកម្មចម្រុះជាតិសាសន៍ ដែលធ្វើឱ្យតំបន់នេះនៅតែឈរឈ្មោះជាទីតាំងការិយាល័យដ៏មានតម្រូវការខ្ពស់ បើទោះជាមានបញ្ហាប្រឈមមួយចំនួនយ៉ាងណាក្តី។

លោក Nattha Kahapana នាយកគ្រប់គ្រងក្រុមហ៊ុន Knight Frank Thailand បានគូសបញ្ជាក់ថា តំបន់ Ploenchit-Chidlom-Wittayu ដ៏ពិសេសនេះនៅតែបន្តទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិន និងអ្នកជួល ខណៈការផ្គត់ផ្គង់ការិយាល័យនៅទូទាំងទីក្រុងបាងកកកំពុងកើនឡើង ហើយទម្លាប់នៃការបំពេញការងារពីផ្ទះកំពុងជំរុញឱ្យបណ្តាក្រុមហ៊ុននានាជាច្រើនកាត់បន្ថយទំហំការិយាល័យរបស់ពួកគេ។

ទោះបីជាអត្រាគ្របដណ្តប់ការជួល(Occupancy Rate) បានធ្លាក់ចុះពីកម្រិតកំពូលចំនួន៩៥%ក្នុងឆ្នាំ២០១៩ មកនៅសល់ត្រឹមចំនួន៧៦%នាពេលបច្ចុប្បន្នយ៉ាងណាក្តី ក៏អគារនៅតំបន់នេះបានបង្ហាញពីភាពធន់ខ្លាំងជាងគេ បើធៀបទៅនឹងតំបន់ផ្សេងទៀតនៃទីក្រុងបាងកក។

តំបន់ Ploenchit-Chidlom-Wittayu អាចរក្សាបាននូវភាពទាក់ទាញរបស់ខ្លួន ដោយសារតែតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងងាយស្រួល ដូចជាបណ្តាញដឹកជញ្ជូនសាធារណៈ និងសម្បូរទៅដោយបណ្តុំអគារការិយាល័យ Grade A ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីភាពបៃតង។

លោក Nattha បាន​បញ្ជាក់​ទៀតថា​ “ការសម្រុកបើកដំណើរការអគារ​ការិយាល័យកម្រិត​ A នៅក្នុង​ទីតាំង​ដ៏សំខាន់​នេះ​បានជំរុញ​ឱ្យមាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។ ប៉ុន្តែ តំបន់ Ploenchit-Chidlom-Wittayu នៅតែបន្តមានតម្រូវការខ្ពស់ពីអ្នកជួល”។

តួយ៉ាង តម្លៃជួលការិយាល័យជាមធ្យមនៅតំបន់នេះបានកើនឡើង៥ភាគរយដល់ចំនួន១.០៩០បាត(ប្រហែល៣១,៧៤ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

តំបន់ Ploenchit-Chidlom-Wittayu ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរដ៏ធំមួយ ខណៈគម្រោងអគារ CPN Siam Square ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ នឹងចាក់បញ្ចូលនូវទំហំការិយាល័យថ្មីជាង២៥០០០ម៉ែត្រការ៉េមកកាន់តំបន់នេះ៕ប្រភព: The Nation៕