ក្រុមការងារដ្ឋនិងឯកជនផ្នែកវិស័យកសិកម្មពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយចំនួន៥ចំណុច

Propertyarea Cambodia

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមការងាររដ្ឋ និងវិស័យឯកជនផ្នែកកសិកម្ម​បានបើក​កិច្ចប្រជុំក្រុមការងារ ក្រុម”ក” “ផ្នែកកសិកម្ម និងកសិឧ​ស្សាហ​កម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមជាអធិបតីភាពដឹកនាំ ដោយ​សហ​ប្រធានក្រុមការងារទាំងពីរគឺ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ “ក” តំណាងផ្នែករដ្ឋាភិបាល និងឧកញ៉ាម៉ុង រិទ្ធថា សហប្រធានក្រុម​ការងារ “ក” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង​ស្ថាប័ន្ថពាក់ព័ន្ធដៃលជាសមាជិក សមាជិកានៃក្រុមការងារ “ក” តំណាងផ្នែករដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ “ក” រួមនឹងតំណាងសមាគម អ្នកចិញ្ចឹម អ្នកផ្គត់ផ្គង់ អ្នកលក់និងទិញក្នុងវិស័យជលផលជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងដោះ​ស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជន ដែលផ្តោតសំខាន់លើវិស័យ​ជល​​ផល ដែលរួមមាន វារីវប្បករ អ្នកកែច្នៃ អ្នកនាំចូល-ចេញ និងអ្នកលក់ក្នុងវិស័យនេះ។

កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយ​ទៅលើ​បញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន ទី១ ការផ្គត់ផ្គង់កូនត្រីពូជ ទី២ ការត្រួតពិនិត្យនៃការនាំចូលដើមទី ទី៣ បញ្ហានៃការចិញ្ចឹម និងទីផ្សា​រ​កង្កែប ទី៤ បរិមាណនៃការនាំចូលមិនសមមូល ​និងលិខិត​អនុញ្ញាត្តិ និងទី៥ បរិមាណនៃការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចូល រួមនឹងបញ្ហា​ប្រឈមមួយចំនួនផ្សេងទៀតក្នុងវិស័យជលផលផងដែរ។

កម្ពុជា អូស្ត្រាលីប្រកាសពីផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រទេសទាំងពីរ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា បានប្រកាសផ្លូវការនូវ “ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា ឆ្នាំ២០២៥-២០២៩។

ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ  ឆ្នាំ២០២៥-២០២៩ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាដ៏មុតមាំ និងយូរអង្វែងរបស់អូស្ត្រាលីក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍរបស់កម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

យោងតាមការបង្ហោះព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញកាលពីល្ងាចថ្ងៃទី២៤ មិថុនាថា ផ្អែកលើទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងភាពជឿជាក់ ផែន​ការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ មានគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ចីរភាព និងមានភាពធន់ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។

ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួនបី ដែលនឹងតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលីជាមួយកម្ពុជា ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ រួមមាន៖

១) ការពង្រឹងស្ថាប័ន

២) សេវាសាធារណៈប្រកបដោយបរិយាប័ន្ន និង

៣) សេដ្ឋកិច្ចដែលមានភាពធន់ និងចីរភាព៕

សម្តេចតេជោ ហ៊ុន សែន៖ ចោរសៀមកុំភ្លេចសិន្ធិសញ្ញាបារាំង-សៀម និងកុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីដីខ្មែរ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជូនសារនយោបាយទៅក្រុមថ្នាក់ដឹកនាំថៃ ជាពិសេសក្រុមជ្រុលនិយម ឲ្យចងចាំសិន្ធិសញ្ញាបារាំង-សៀម ហើយកុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីដីខ្មែរ។​

តាមរយៈចូលទៅឆ្លើយជាមួយបងប្អូនប្រជាពលរដ្ឋ នៅលើ Facebook នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចោរសៀមកុំភ្លេចសិន្ធិសញ្ញាបារាំង-សៀម ១៩០៤-១៩០៧ និងផែនទីនោះផង។ កុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីដីខ្មែរ»

ជាមួយនឹងស្ថានភាពនយោបាយផ្ទៃក្នុងរបស់ថៃ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃថា ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់ ៣ខែខាងមុខហើយ ហើយសម្តេចក៏អាចដឹងមុនថា ជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែសម្តេចមិនទាន់បានទម្លាយឈ្មោះនៅឡើយទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីពួកចោរឈ្លានពានចូលមករំខាន Facebook របស់សម្តេចដោយមានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកក។

សម្តេចតេជោ បានថ្លែងថា «ការបង្កហេតុមិនមែនគ្រាន់តែធ្វើការ ឈ្លានពានទឹកដីទេ សូម្បីតែ Facebook ក៏វាមករំខានដែរ។ រឿងនេះយើងអាចវាយតម្លៃបានគឺពួកគេកំពុង ផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កំរិតណាក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ»

ប៉េង ហួត គ្រុប លើកកម្ពស់បរិស្ថានដាំដើមកោងកាងចំនួន ៥.០០០ដើម ក្រោមប្រធានបទ “ឬសនៃនិរន្តភាព”

ប៉េង ហួត គ្រុប សហការជាមួយមន្ទីរបរិស្ថាន និងសហគមន៍នេសាទភូមិកែប រៀបចំកម្មវិធី CSR ដាំកូនកោងកាងចំនួន ៥.០០០ដើម ក្រោមប្រធានបទ “ឬសនៃនិរន្តភាព” នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅសហគមន៍នេសាទភូមិកែប សង្កាត់កែប  ក្រុងកែប ខេត្តកែប ដែលមានសហការី ប៉េង ហួត គ្រុប មន្រ្តីបរិស្ថាន និងបងប្អូនប្រជាសហគមន៍នេសាទភូមិកែបសរុបប្រមាណជាង ១០០នាក់ ចូលរួម។​ ​​

កម្មវិធីដាំដើមកោងកាងនេះគឺជាចំណែកមួយនៃក្របខណ្ឌការងារសង្គមរបស់ ប៉េង ហួត គ្រុប ពោលគឺ៖ <<ការអប់រំ បរិស្ថាន សង្គម>> គោលបំណងនៃកម្មវីធីបរិស្ថាននេះ គឺជាការលើកកម្ពស់និរន្តរភាពបៃតង ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ ខណៈបច្ចុប្បន្ននេះពិភពលោកកំពុងតែប្រឈមការកើនឡើងកម្ដៅ។  ជាមួយគ្នានេះក៏ជាការរួមចំណែកលើកកម្ពស់ទាំងសេដ្ឋកិច្ចសហគមន៍ និងតំបន់ទេសចរណ៍នៅក្នុងភូមិសាស្រ្តខេត្តកែបផងដែរ។ ​

ព្រៃកោងកាងគឺជាប្រភពធនធានធម្មជាតិដ៏មានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន។ វាគឺជាតំបន់ទ្រនាប់រវាងដីគោក និងសមុទ្រ ទប់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែងនៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុដែលចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប ហើយចាំបាច់យើងត្រូវការពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។

ក្របខណ្ឌការងារសង្គមផ្នែកបរិស្ថានរបស់ ប៉េង ហួត គ្រុប គឺបានចូលរួមចំណែកជាច្រើនដូចជាការអនុវត្តមេត្រីភាពបរិស្ថានតាមរយៈការដាំដើមឈើទាំងក្នុងនិងក្រៅគម្រោងរបស់ក្រុមហ៊ុន ការឧបត្ថម្ភរថយន្តសម្អាតផ្លូវដល់ខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងស្អាត ការផ្សព្វផ្សាយចំណេះដឹងលើការគ្រប់គ្រងសំណល់ប្លាស្ទិកជាសាធារណៈ ការចូលរួមសកម្មភាពរើសសំរាមក្នុងទិវាបរិស្ថានពិភពលោក រួមជាមួយការបង្កើតកម្មវិធីទិវាបរិស្ថាន PH Eco Day ប្រចាំឆ្នាំ៕

អស្ចារ្យ! ប្រទេសអារ៉ាប៊ីសាអូឌីតបង្ហាញមហិច្ឆតាសាងសង់អាគារកប់ពពកកំពស់រហូតដល់២០០០ម៉ែត្រ

ដោយៈ គង់ លាងហួរ

    អារ៉ាប៊ីអាអូឌីតៈ វាជាមហិច្ឆតា ប្រកបដោយក្តីស្រម៉ៃដូចក្នុងយល់សុបិនចឹង សម្រាប់ប្រទេសអារ៉ាប៊ីអាអូឌីត ដែលបង្ហាញពីគម្រោងសាងសង់អគារកម្ពស់២.០០០ម៉ែត្រ។

ប្រសិនគ្មានការប្រែប្រួលទេនោះ មហាគំរោងយក្សនេះនៅអាចនឹងបើកការដ្ឋាននៅឆ្នាំ២០២៦ នៅក្នុងប្រទេសពោរពេញដោយភោគទ្រព្យនេះ។

ប្រសិនជាវាលេចរូបរាងពិតមែន វានឹងជាគម្រោងអគារខ្ពស់បំផុតមិនធ្លាប់មានលើពិភពលោក Rise Tower កម្ពស់២.០០០ម៉ែត្រ ស្ថិតនៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត។

បច្ចុប្បន្ន គម្រោងអគារ Rise Tower កំពុងស្ថិតក្នុងដំណាក់កាលដេញថ្លៃ និងស្វែងរកក្រុមហ៊ុនម៉ៅការសំណង់។ គម្រោងនេះជាផ្នែកមួយនៃចក្ខុវិស័យឆ្នាំ២០៣០ របស់​រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ប៉ុន្តែបើ​ គិតមកទល់ពេលនេះ ការងារសាងសង់​មិន​ទាន់​ចាប់​ផ្តើម​នៅ​ឡើយ​ទេ។

ការសាងសង់អគារកម្ពស់២.០០០ម៉ែត្រ អាចជួបការលំបាកផ្នែកវិស្វកម្ម និងទាមទារដើមទុនវិនិយោគច្រើន ហើយផលចំណេញពីការវិនិយោគ(Return on Investment) ស្ថិតក្នុងភាពមិនច្បាស់លាស់។ លំនឹងអគារ និងជណ្តើរយន្តក៏អាចក្លាយជាឧបសគ្គផងដែរ ព្រោះអគារ Rise Tower នឹងមានកម្ពស់រហូតដល់៦៧៨ជាន់។

អគារនេះត្រូវបានរចនា ដោយក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស Foster + Partners។ អគារ Rise Tower ជាផ្នែកមួយនៃគម្រោងបង្កើតតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្ម NorthPole នៅលើផ្ទៃដីទំហំ៣០៦គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងជើង នៃរាជធានីរីយ៉ាដ (Riyadh)។

គម្រោងសាងសង់អគារRise Tower គ្រោងចំណាយទុនវិនិយោគចំនួន៥ពាន់លានដុល្លារអាមេរិក ពីមូលនិធិវិនិយោគសាធារណៈ (PIF) របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ អគារកម្ពស់២.០០០ម៉ែត្រនេះនឹងរួមមាន លំនៅដ្ឋាន អចលនទ្រព្យពាណិជ្ជកម្ម សណ្ឋាគារ ទីតាំងកំសាន្ត និងការរចនាបៃតង ។

គម្រោងដ៏មហិមានេះ អាចនឹងបង្កើតការងារប្រមាណ៨០.០០០កន្លែង ក្នុងអំឡុងពេលសាងសង់ និងក្រោយពេលសាងសង់រួច ព្រមទាំងបង្កើតផលចំណេញ សេដ្ឋកិច្ចរយៈពេលវែង ដោយរួមមាន សណ្ឋា​គារ ការិយាល័យ ហាងលក់រាយ និងកន្លែងសង្កេតការណ៍លើកំពូលអគារ ស្របតាមមហិច្ឆតា នៃការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីត៕

អាជ្ញាធរចិនដាក់ចេញគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីបង្កើនតម្លាភាពក្នុងទីផ្សារអចលនទ្រព្យ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា អាជ្ញាធររបស់ប្រទេសចិនកំពុងដាក់ឱ្យដំណើរការកម្មវិធីលក់អចលនទ្រព្យតាមរយៈវេទិកាអនឡាញ ក្នុងគោលបំណងទាក់ទាញអតិថិជន និងជួយស្តារទីផ្សារអចលនទ្រព្យឱ្យងើបឡើងវិញ។

តម្លៃផ្ទះរបស់ប្រទេសចិនបានធ្លាក់ចុះជាថ្មីកាលពីខែឧសភា ខណៈទំនុកចិត្តរបស់អ្នកទិញផ្ទះនៅតែមានកម្រិតទាប។ ជាការឆ្លើយតប ទីក្រុងនានារបស់ប្រទេសចិនដូចជា ទីក្រុង Chengdu បានដាក់ឱ្យដំណើរការកម្មវិធី App ដែលអាចផ្សារភ្ជាប់អ្នកទិញជាមួយនឹងអ្នកអភិវឌ្ឍន៍ដោយផ្ទាល់ និងផ្តល់ជូនបច្ចុប្បន្នភាពអំពីការលក់។

គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យការទិញផ្ទះមានភាពងាយស្រួល និងមានតម្លាភាពជាងមុន។ ចំណែក បណ្តាទីក្រុងនានាផ្សេងទៀត រួមមានដូចជាទីក្រុង Suzhou និងទីក្រុង Weihai ក៏បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់កម្មវិធី App ស្រដៀងគ្នានេះផងដែរ។

លោក Yan Yuejin អនុប្រធាននៃវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ E-House China Real Estate Research Institute ក្នុងទីក្រុងសៀងហៃ បានអះអាងថា “រដ្ឋបាលមូលដ្ឋានជាច្រើនបាននិងកំពុងពន្លឿនការបញ្ចេញនូវកម្មវិធី App ដែលមានមុខងារលក់អចលនទ្រព្យ ដើម្បីជួយស្តារតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ”។

អត្ថប្រយោជន៍ចម្បងរបស់កម្មវិធីនេះ រួមមានដូចជាភាពជឿជាក់ និងតម្លាភាព ព្រោះថា ការចុះបញ្ជីលំនៅដ្ឋានសម្រាប់ដាក់លក់នៅលើ App ត្រូវបានត្រួតពិនិត្យដោយរដ្ឋបាលមូលដ្ឋាន ក្នុងគោលបំណងដើម្បីកាត់បន្ថយការផ្សព្វផ្សាយព័ត៌មានមិនពិត។

លោក Yan បានបញ្ជាក់បន្ថែមថា កម្មវិធីនេះក៏អាចជួយបង្កើននូវប្រសិទ្ធភាពក្នុងការទិញ-លក់អចលនទ្រព្យ ដោយប្រមូលផ្តុំព័ត៌មានលម្អិតគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ទៅឱ្យអតិថិជន៕

ទីផ្សារលំនៅដ្ឋានរបស់ប្រទេសជប៉ុន ស្រូបទាញបណ្តាអ្នកវិនិយោគបរទេសទូទាំងពិភពលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាវិនិយោគិនទូទាំងពិភពលោក រួមទាំងអ្នកវិនិយោគនៅទីក្រុងហុងកុង កំពុងងាកមកបណ្តាក់ទុនក្នុងទីផ្សារលំនៅដ្ឋានរបស់ប្រទេសជប៉ុន ខណៈអត្រាផលចំណេញពីការវិនិយោគនៅក្នុងប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុត។

យោងតាមទិន្នន័យដែលបានចងក្រងដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានឱ្យដឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេសចំនួន១១,២ពាន់លានដុល្លារបានហូរចូលទៅក្នុងទីផ្សារអចលនទ្រព្យជប៉ុនក្នុងត្រីមាសទី១។ បណ្តាវិនិយោគិនភាគច្រើនមានប្រភពមកពីសហរដ្ឋអាមេរិក សិង្ហបុរី និងទីក្រុងហុងកុង។

លើសពីនេះ បណ្តាអ្នកវិនិយោគចិនដីគោកក៏កំពុងស្វែងរកគោលដៅថ្មីផងដែរ ដោយបានចាក់បញ្ចូលទឹកប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិកទៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេេសជប៉ុនក្នុងរយៈពេលដូចគ្នា។

លោក Masahiro Tanikawa អ្នកជំនាញនៅក្រុមហ៊ុន Colliers Japan បានអះអាងថា ពីមុន អ្នកវិនិយោគហុងកុងបានផ្តោតការវិនិយោគតែនៅប្រទេសចិនប៉ុណ្ណោះ។ ប៉ុន្តែ ចាប់តាំងពីការដួលរលំនៃទីផ្សារអចលនទ្រព្យចិន លំហូរមូលធនបានបង្វែរទៅកាន់ទីផ្សារដែលមានស្ថិរភាពដូចជាប្រទេសជប៉ុន និងអូស្ត្រាលី។

បច្ចុប្បន្ន បណ្តាវិនិយោគិនកំពុងធ្វើពិពិធកម្មផលបត្រចេញពីប្រទេសចិន បន្ទាប់ពីវិស័យអចលនទ្រព្យចិនបានធ្លាក់ចូលវិបត្តិបំណុលចាប់តាំងពីឆ្នាំ២០២០ ហើយតម្លៃផ្ទះថ្មីបានធ្លាក់ចុះក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា។នេះបើយោងតាមការចុះផ្សាយដោយកាសែត South China Morning Post។

ប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ថ្លៃចុះប្រហែល១ភាគរយធៀបនឹងប្រាក់ដុល្លារអាមេរិកកាលពីខែមុន។ អត្រាអតិផរណានៅប្រទេសនេះបានកើនឡើងដល់៤ភាគរយកាលពីខែមករា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំ មុនពេលថយចុះមកនៅត្រឹម៣,៥ភាគរយកាលពីខែឧសភា៕

អបអរសាទកញ្ញាពេជ្រ ចរណៃបានទទួលអំណោយសង្រ្គោះ ពីសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត

ដោយៈ ម៉ាណា

    ភ្នំពេញៈ ពិតជាមានភព្វវាសនាខ្ពស់ កញ្ញាពេជ្រ ចរណៃបានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដើម្បីរៀបចំ ដំណើរការសាលាបង្ហាត់បង្រៀន គុនល្បុក្កតោឆាប់ៗឡើងវិញ។

ការផ្តល់អំណោយជាថវិកានេះ ធ្វើឡើងក្រោយពីទទួលដំណឹងថា សាលាគុនល្បុក្កតោជ័យតេជៈ ដែលមានកីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ជាប្រធាន ត្រូវភ្លើងឆេះបំផ្លាញស្ទើងទាំងស្រុង។

មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយកញ្ញា ពេជ្រ ចរណៃ ដើម្បីប្រគល់ថវិកាមួយចំនួន រួមចំណែក ក្នុងការរៀបចំដំណើរការសាលា បង្ហាត់បង្រៀនគុនល្បុក្កតោឆាប់ៗឡើងវិញ។

ព្រមជាមួយនេះក៏បានជជែក និងស្នើសុំជាមួយម្ចាស់ទីតាំងជួលឲ្យបានសម្រេចជោគជ័យ ដោយអាចបន្តដំណើរក្រោយមានលទ្ធភាពរៀបចំឡើងវិញបានផងដែរ។

សាលាគុនល្បុក្កតោជ័យតេជៈ ដែលត្រូវបានភ្លើងឆេះបំផ្លាញខ្ទេចខ្ទីស្ទើរតែទាំងស្រុងនេះ កាលពីវេលាម៉ោង៨៖៤៥នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ជាទីតាំងជួលគេ ដើម្បីបើកសាលាបង្ហាត់បង្រៀនគុនល្បុក្កតោ ដែលកំពុងដំណើរបាន២ថ្ងៃ និងអាហារដ្ឋាននឹងជិតបើកដំណើរការ ស្ថុិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងឱកាសនៃការផ្តល់ថវិកាឧបត្ថម្ភមួយចំនួន នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជានាថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្តឲ្យកញ្ញាកញ្ញា ពេជ្រ ចរណៃ ប្រឹងប្រែងបន្តដើម្បីសម្រេចសេចក្តីប្រាថ្នាដែរខ្លួនបានប៉ង។

លោកស្រី ម៉ែន នារីសោភ័គ បានឲ្យដឹងថា មូលហេតុដែលផ្តល់ថវិកាមួយចំនួន ដល់កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ នៅពេលនេះ គឺបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលព័ត៌មានបូករួមទាំងការសួរនាំ និងក្តាប់ព័ត៌មានលំអិតទាក់ទង និងករណីគ្រោះអគ្គិភ័យនៅទីតាំងបង្ហាត់បង្រៀនគុនល្បុក្កតោ និងអាហារដ្ឋានជិតនឹងដំណើរការ ដែលបណ្តាលឲ្យខូតខាត និងបាត់បង់ទ្រព្យសម្បត្តិ ពិសេសសៀវភៅយុទ្ធគុនល្បុក្កតោ ដែលជាមរតកដ៏មានតម្លៃរបស់កម្ពុជារួចមក ទើបបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចជួយឧបត្ថម្ភថវិកា ដោយយោងលើគុណតម្លៃ នៃការលើកតម្កើងគុនល្បុក្កតោកម្ពុជារបស់ ពេជ្រ ចរណៃ ដែលបានខិតខំតស៊ូដើម្បីកសាងថែរក្សាគុនល្បុក្កតោកម្ពុជា។

លោកជំទាវបន្តថា ដូច្នេះទើបថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រីផ្ទាល់ ធ្វើការទំនាក់ទំនងប្រគល់ថវិកាមួយចំនួន ដើម្បីជាការរួមចំណែក ក្នុងការរៀបចំដំណើរការសាលាបង្ហាត់បង្រៀនគុនល្បុក្កតោឆាប់ៗឡើងវិញ។

កញ្ញា ពេជ្រ ចរណៃ បានសម្តែងនូវការថ្លែងអំណេរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត គោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមិនដែរសោះនោះឡើយ ក្នុងការទុក្ខឲ្យប្រជាជនរបស់លោកមួយណា មិនទទួលបានការជួយសង្គ្រោះ ពីជួបទុក្ខលំបាក ជាក់ស្តែងដូចករណីកញ្ញាផ្ទាល់តែម្តង ដែរជាទុក្ខដ៏ធំមួយផងដែរ។

តាមការបញ្ជាក់របស់កញ្ញាបានឲ្យដឹងថា ទ្រព្យសម្បត្តិដែលបានបាត់បង់ ក្នុងគ្រោះអគ្គិភ័យនេះអស់ចំនួនជាច្រើន ប៉ុន្តែកញ្ញាមានការតក់ស្លុត និងសោកស្តោយបំផុតនោះ គឺការបាត់បង់នូវសៀវភៅដែលជាស្នាដៃបន្សល់ទុក ពីព្រឹទ្ធាចារ្យក្រមាមាសផ្ទាល់ជូនកញ្ញាផ្ទាល់ដៃ។

កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ជាកូនសិស្សមួយរូបរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលលោកព្រឹទ្ធាចារ្យទើបតែទទួលមរណៈភាពកាលពីថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥។

ដោយសារតែមានគំនិតចង់លើកតម្កើង នឹងថែរក្សាការពារនូវគុនល្បុក្កតោ ឲ្យកាន់តែរីកចម្រើនឋិតថេរយូរអង្វែងនោះ ក៏បានបើកសាលារៀនមួយដែលមានឈ្មោះថា សាលាគុនល្បុក្កតោជ័យតេជៈ ដោយបច្ចុប្បន្នមានសិស្សប្រមាណ២៩នាក់ហើយ ក្នុងចំណោមនោះគឺប្រមាណជា៧០ភាគរយ គឺមិនមានបានបង់ថ្លៃនោះទេ ដោយសារតែជាសិស្សនិស្សិតដែលខ្វះខាត ហើយក្រៅពីនោះអ្នកដែលមានលទ្ធភាពក៏បានជួយបង់ថវិកា ដើម្បីសាលារៀនអាចដោះស្រាយ បង់ថ្លៃទឹកនិងភ្លើងប្រចាំខែផងដែរ។

ដូច្នេះដើម្បីមានលទ្ធភាព ក្នុងការទ្រទ្រង់និរន្តរភាពនៃដំណើរការសាលាគុនល្បុក្កតោជ័យតេជៈនេះ ពេជ្រ ចរណៃ ក៏សម្រេចរៀបចំបើកអាហារដ្ឋានប្ហូបបែបខ្មែរ នៅបរិវេណសាលាគុន ប៉ុន្តែមិនទាន់បានបើកដំណើរការផង ក៏ត្រូវអគ្គិភ័យបំផ្លាញខ្ទេចខ្ទីអស់តែម្តង៕

ផ្លូវជាតិលេខ១០ផ្តល់អត្ថប្រយោជន៍លើការឆ្លងកាត់ និងទាក់ទាញ ភ្ញៀវទេសចរណ៍

ដោយៈ ម៉ាណា

    កោះកុងៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ១០ ផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ និងជាផ្នែកមួយទាក់ទាញអ្នកទេសចរ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាត។

ក្រសួងបន្តថា លើសពីនេះ គម្រោងសាងសាងផ្លូវជាតិលេខ១០ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ ដោយផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើរ។

ផ្លូវវជាតិលេខ១០ ជាប្រភេទផ្លូវGrade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវ សរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង៕

កំណើនសេដ្ឋកិច្ចជំរុញឱ្យទីផ្សារអចលនទ្រព្យរបស់ទីក្រុងគូឡាឡាំពួរបន្តមានស្ថានភាពល្អប្រសើរ

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យនៅទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុី នៅតែមានស្ថានភាពល្អប្រសើរ និងមានស្ថិរភាព។ បច្ចុប្បន្ន ទីផ្សារអចលនទ្រព្យម៉ាឡេស៊ីទាំងមូលសម្រេចបានទំហំទឹកប្រាក់ប្រហែល៣៦,៨ពាន់លានដុល្លារអាមេរិក។

ទំហំនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំចំនួន៦,៦ភាគរយ រហូតដល់ឆ្នាំ២០៣៣ ដែលជំរុញដោយការអភិវឌ្ឍន៍នគរូបនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងលំហូរវិនិយោគផ្ទាល់ពីបរទេស។

ក្រុមហ៊ុនប្រមូលចងក្រងទិន្នន័យអចលនទ្រព្យសកល Global Property Guide បានរាយការណ៍ថា ទីផ្សារលំនៅដ្ឋាននៅទីក្រុងគូឡាឡាំពួរនៅតែបន្តមានមូលដ្ឋានគ្រឹះរឹងមាំ ដោយសារភាពធន់នៃតម្រូវការ និងកំណើននៃការសាងសង់។

កាលពីត្រីមាសទី១ ចំនួនប្រតិបត្តិការនៃការលក់អចលនទ្រព្យសម្រេចបានជាង៩០.០០០ដង ដោយធ្លាក់ចុះ៦,២ភាគរយ។ ការលក់សម្រេចបានទំហំទឹកប្រាក់ចំនួន៥១,៤ពាន់លានរីងហ្គីត ធ្លាក់ចុះ៨,៩ភាគរយ ដោយសារការធ្លាក់ចុះនៃការលក់ដីពាណិជ្ជកម្ម និងដីកសិកម្ម ខណៈការលក់លំនៅដ្ឋានទទួលបានទឹកប្រាក់សរុបជាង២៤ពាន់លានរីងហ្គីត។

សន្ទស្សន៍តម្លៃផ្ទះនៅទូទាំងប្រទេសម៉ាឡេសុីបានកើនឡើង០,៩ភាគរយកាលពីត្រីមាសទី១ ដែលការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពធន់នៃតម្លៃផ្ទះ។ ទោះជាយ៉ាងណា តម្លៃផ្ទះនៅក្នុងទីក្រុងគូឡាឡាំពួរ បានធ្លាក់ចុះ២,៤ភាគរយ។

សេដ្ឋកិច្ចរបស់តំបន់ Klang Valley បានកើនឡើង៤,៤ភាគរយនៅត្រីមាសទី១ ខណៈអត្រាអតិផរណាបានថយចុះដល់១,៥ភាគរយ ហើយអត្រាភាពអត់ការងារធ្វើបានស្ថិតនៅកម្រិតទាបបំផុតចំនួន៣,១ភាគរយ។

ចំណែក អត្រាការប្រាក់គោល (OPR) របស់ធនាគារកណ្តាលម៉ាឡេសុីមានកម្រិត៣ភាគរយ ហើយធនាគារនេះអាចនឹងកាត់បន្ថយការប្រាក់ ប្រសិនបើកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។

ដោយឡែក គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា បណ្តាញរថភ្លើង MRT និងបណ្តាញរថភ្លើង ECRL ជាកត្តាសំខាន់ក្នុងការជំរុញឱ្យមានតម្រូវការអចលនទ្រព្យក្នុងទីក្រុង។

ជាពិសេស បើទោះបីជាតម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងគូឡាឡាំពួរបានធ្លាក់ចុះបន្តិចបន្តួចយ៉ាងណាក្តី ក៏ទីផ្សារនៅតែមានស្ថានភាពល្អប្រសើរ ដោយសារមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ និងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាបន្តបន្ទាប់៕