ចង់វិនិយោគលើដីធ្លីស្តាប់អនុសាសន៍លោកឧកញ៉ា សៀ រិទ្ធី

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Groupដែលបានវិនិយោគលើអាគារខុនដូ និងក្រុមហ៊ុនជាច្រើនទៀតបានបង្ហើបពីយុទ្ឋសាស្រ្តក្នុងការវិនិយោគលើដីធ្លី ដើម្បីទទួលបានផលចំណេញខ្ពស់។

លោកឧកញ៉ាបានថ្លែងឲ្យដឹងនៅពេលថ្មីៗនេះថា លោកបានចាប់ផ្តើមក្រុមហ៊ុនតំបូងជា ក្រុមហ៊ុនបែប Logistic ដែលបាននិងកំពុងបន្ត ប៉ុន្តែលោកទទួលបានជោគជ័យខ្លាំងលើវិស័យអចលនទ្រព្យ ពិសេសការវិនិយោគលើដីធ្លី ដែលធ្វើឲ្យ​លោកក្លាយជាអ្នកមានក្នុងវិស័យនេះ។ លោកបន្តថា ដើម្បីទិញដីធ្លីទទួលបានផលចំណេញខ្ពស់ ត្រូវឈរលើកត្តាចំនួនបី ទី១ វិនិយោគនៅតំបន់ដែលស្ថិតក្នុង ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ទី២ ត្រូវដឹងមុនគេ និងទិញមុនគំរោងអភិវឌ្ឍ​ន៍ចាប់ផ្តើម ព្រោះបើទិញនៅតំបន់គេដឹងគ្រប់គ្នាហើយ យើងមិនទទួលបានផលចំ ណេញច្រើននោះទេ និងទី៣ ទិញដីដែលមិនមានបញ្ហា ព្រោះបើទិញកន្លែងមានបញ្ហា យើងនឹងមានរឿងឈឺក្បាលជាច្រើនត្រូវដោះស្រាយ។

នៅពេលសួរថា តើលោកក្លាយជាអ្នកមានដោយសារដីធ្លី ឬយ៉ាងណា? លោកឧកញ៉ាសៀ រិទ្ឋីបានថ្លែងថា “បាទ ខ្ញុំក្លាយជាអ្នកមានដោយសារការវិនិយោគ​លើវិស័យដីធ្លី”។

លោកឧកញ៉ាសៀ រិទ្ឋីបច្ចុប្បន្នបាននិងកំពុងក្លាយជាអ្នកវិនិយោគអចលនទ្រព្យលេចធ្លោមួយរូបនៅកម្ពុជា ដោយសារគំរោងThe Bridge, The PeAkទទួល​បានជោគជ័យខ្លាំង និងមកំពុងវិនិយោគគំរោងលំនៅដ្ឋានប្រណីតមួយទៀតឈ្មោះThe Palmស្ថិត​នៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលគម្រោងទាំងបីនេះចំណាយទឹកប្រាក់ប្រ​មាណ១,០០០លានដុល្លារអាមេរិក៕

ឧកញ៉ាលី ហួរ៖ ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ

0

ដោយ ស៊ីវ ម៉េង

       ភ្នំពេញ៖ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ សម្រាប់រយៈពេលវែងខាងមុខបន្តទៀត។

មានប្រសាសន៍ក្រោយពេលបញ្ចប់ ពិធីបើកការដ្ឋានសាងសង់បុរីវិមានភ្នំពេញមង្គលរតនៈនាព្រឹកថ្ងៃទី១៩ កញ្ញានេះ លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា នៅឆ្នាំ២០៣០ខាងមុខ តម្រូវការលំនៅដ្ឋាននៅកម្ពុជា នឹងកើនឡើងដល់ជិត១លានខ្នងបន្ថែមទៀត ហេតុនេះទើបទីផ្សារលំនៅដ្ឋាននៅតែមានតម្រូវការខ្ពស់។លោកបន្តថា បច្ចុប្បន្នជីវ​ភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ធ្វើឲ្យតម្រូវលំនៅដ្ឋានកើនឡើងព្រមគ្នា ដែលជា​មូលដ្ឋានធ្វើឲ្យលោកបន្តវិនិយោគលើគំរោងនេះ ដែលមានផ្ទះប្រមាណ៣០០០ខ្នង និងស្ថិតនៅលើផ្ទៃដីប្រមាណ៣០ហិកតា។

លោកបន្តថា “ក្នុងនាមថ្នាក់ដឹកនាំសមាគម ខ្ញុំឃើញថាសមាជិកសមាគមនៅតែបន្តអភិវឌ្ឍន៍បុរី និងគំរោងលំនៅដ្ឋាននានា និងពង្រាយដល់បណ្តាខេត្តនានា ដោយសារជីវ​ភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ”។លោកបន្តថា “ខ្ញុំនៅតែមានសុទិ​ដ្ឋិនិយមថាទីផ្សារលំនៅដ្ឋាននឹងបន្តរីកចម្រើនរយៈពេលវែងបន្ថែមទៀត”។

គំរោងលំនៅដ្ឋានបុរីវិមានភ្នំពេញមង្គលរតនៈ មានតម្លៃចាប់ពី៤៧,០០០ដល់ជាង២០ម៉ឺនដល្លារអាមេរិក អាស្រ័យលើទំហំនិងទីតាំងលំនៅដ្ឋាននិមួយៗ។

លោកឧកញ៉ាលី ហួរបានបន្តថា នេះជាគំរោងលំនៅដ្ឋានទី៩របស់បុរីវិមានភ្នំពេញ ដែលយើង​ជឿជាក់ថាវានឹងទទួលបានជោគជ័យ ដោយសារវាស្ថិតនៅក្បែររាជធានីភ្នំពេញ ដែលប្រ​ជាពលរដ្ឋអាចទិញរស់នៅ ឬប្រកបអាជីវកម្មនៅនឹងកន្លែងបាន ព្រោះបើធ្វើដំណើរចេញពី គម្រោងនេះ ចូលក្រុងភ្នំពេញចំណយពេលប្រមាណ២០នាទីប៉ុណ្ណោះ។

អ្នកនាងឆាយ ស៊ីណានាយកផ្នែកលក់នៃបុរីវិមានភ្នំពេញបានមានប្រសាសន៍ថា គំរោងអភិវឌ្ឍន៍បុរីនេះ តែងតែទទួលបានជោគជ័យ ដោយសារកេរ្ត៍ឈ្មោះល្អរបស់លោកឧកញ៉ា គុណភាព និងសោភ័ណភាពសំណង់ជាអ្វីដែលក្រុមហ៊ុនយកចិត្តទុកដាក់។ ពិសេ​សហេដ្ឋារចនាសម្ព័ន្ឋក្នុងបុរីមានភាពធំទូលាយ និងផ្តល់ផាសុខភាពដល់អ្នករស់នៅ។

នាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុន VTRUST APPRAISAL លោកហ៊ឹម សីហាបាន​មានប្រសាសន៍ថា ទីផ្សារបុរីឬលំនៅដ្ឋាននានានៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនៅតែមានភាពអំណោយផល ដោយសារកត្តាជាច្រើនដូចជា កំនើនសេដ្ឋកិច្ចធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង ការផ្តល់ឥណទានពីធនាគារកាន់តែមានភាពងាយស្រួល ​និងកត្តាប្រជាសាស្រ្ត ដែលមានន័យថាប្រជាជនកម្ពុជាភាគច្រើនវ័យក្មេង ដែលពួកគេត្រូវបង្កើតគ្រួសារថ្មី ធ្វើឲ្យពួកគេត្រូវការលំនៅដ្ឋានកើនឡើងជាស្វ័យប្រវត្តិជាដើម៕

CDCបានចេញវិញ្ញាបនប័ត្រចុះបញ្ជីអោយក្រុមហ៊ុនចំនួន៦ ដែលមានទុនវិនិយោគជិត៣០លានដុល្លារអាមេរិក

0

ដោយ : វុត្ថា

ភ្នំពេញ : ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនប័ត្រចុះបញ្ជីអោយក្រុមហ៊ុនចំនួន៦ ដែលមានទុនវិនិយោគជិត៣០លានដុល្លារអាមេរិក ដែលគំរោងវិនិយោ​គភាគច្រើនផ្តោតលើវិស័យវាយណភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ដែលបានផ្សព្វផ្សាយនៅលើគេហទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៨បានឲ្យដឹងថា គណកម្មការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់លិខិតអនុញ្ញាត្តឲ្យក្រុមហ៊ុនចំនួន៦ ដើម្បីធ្វើការវិនិយោគនៅកម្ពុជា។ គម្រោងទាំងនោះរួមមាន ទី១ ក្រុមហ៊ុន “YANXIN THREAD LACE CO.,LTD.” គម្រោងបង្កើតរោងចក្រខារអំបោះ ផលិតខ្សែស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោ​ក ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧២កន្លែង។

ទី២-ក្រុមហ៊ុន “HIGH HOPE (CAMBODIA) APPAREL MANUFAC​TU​RING CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោ​គស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.៤៨១កន្លែង។

ទី៣-ក្រុមហ៊ុន “DE XIANG GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៧៤១កន្លែង។

ទី៤-ក្រុមហ៊ុន “GOODNEWS PACKAGING TECHNOLOGY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧០កន្លែង។ ទី៥-ក្រុមហ៊ុន “AYC GARMENT FACTORY CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៩១១កន្លែង។

និង ៦-“ក្រុមហ៊ុន FENGFAN (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧,០៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣.០៣៤កន្លែង៕

 

វិធានការណ៍ក្តៅៈឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ចុះធ្វើសកម្មភាពកាយដីចេញពីសមុទ្រ

0

ដោយ : វុត្ថា

ភ្នំពេញ : ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៨ ខែកញ្ញា ២០១៨នេះ បានប្រើធម៌ក្តៅចុះទៅត្រួតពិនិត្យសកម្ម​ភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រកម្ពុជា នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ឃុំអូរត្រេះ ស្រុ​ក​ស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយយកដីដែលបានចាក់បមពេញចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើម។​

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនឹងសំណង់ បានអោយដឹងថា ការចុះទៅពិនិត្យនេះឯឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គឺអនុវត្តតាមបទបញ្ជារបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរបានអោយដឹងកាលពីពេលថ្មីៗនេះ ថា គណៈកម្មការគ្រប់គ្រងឆ្នេរ ដែលមានឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជាប្រធានកំពុងតែពិនិត្យ និងចាត់វិធានការចំពោះក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ។

តាមលោករដ្ឋមន្ដ្រី បានឱ្យដឹងថា ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍនៅតំបន់ឆ្នេរព្រែកត្រែង កំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់​គ្រងឆ្នេរ ដោយអនុញ្ញាតឲ្យគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណា​ស់១០០ម៉ែត្រ ឬឆ្ងាយជាងនេះ។

លោករដ្ឋមន្ដ្រីទេសចរណ៍បានសង្កត់ធ្ងន់ថា គណៈកម្មការគ្រប់គ្រងឆ្នេរ កំពុងតែពិនិត្យ​អំពី​ទិដ្ឋភាពច្បាប់ជុំវិញករណីនេះ ហើយអាចឈានទៅកំណត់ឲ្យក្រុមហ៊ុនខាងលើ កាយដីចេញពីតំបន់ដែលបានចាក់លុប ឬអនុវត្តវិធានការច្បាប់ជាបន្ដបន្ទាប់ ព្រោះ​រាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុននោះ បំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់​ទាញ​ភ្ញៀវទេសចរនោះទេ។ លោកបន្តថា តាមគោលការណ៍ណែនាំរបស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេសស្ថិតក្នុងគម្រោងធនាគារ អភិវឌ្ឍន៍អាស៊ី ADB កំពុងតែ​រៀបចំធ្វើផ្លូវនៅតាមតំបន់ឆ្នេរបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ​កម្សាន្ដ ពីសំណាក់ភ្ញៀវទេស​ចរផងដែរ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានគូសបញ្ជាក់ថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង រហូតធ្វើឲ្យផ្ទុះការរិះគន់ពីប្រជាពលរដ្ឋនេះ មិនមែនជាក្រុមហ៊ុនរបស់ចិននោះទេ ពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្មែរ។ ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនរបស់ លោកស្រី ជឹង សុភាព ហៅយាយភូ។

របាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០១៧ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៧៤ម៉ឺននាក់ កើន ១៥%។ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានភ្ញៀវទេសចរ ២.៣៨៥.៧៥៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ២.០៥២.៣១៧នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន ៣៣៣.៤៣៦នាក់ កើន ១៦,៣៧%។

តាមការព្យាករណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូល អាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ២លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ៦លាននាក់ នៅឆ្នាំ២០២០ និងនៅឆ្នាំ២០៣០ អាចទទួលបានទេសចរអន្តរជាតិប្រមាណ៣លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ៨លាននាក់៕

សារព័ត៌មាន Bloomberg ថា ការបង្ហូរលុយរបស់ចិនបានធ្វើឲ្យវិស័យអចលនទ្រព្យ កម្ពុជារីកចម្រើនខ្លាំង

0

ដោយ : វត្ថា

ភ្នំពេញ : សារព័ត៌មានដ៏ល្បីលើពិភពលោក Bloomberg បានចុះផ្សាយថា វិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា បានរីកចម្រើនលឿនបំផុតក្នុងពិភពលោក ដោយសារការវិនិយោគពីសំណាក់ជនជាតិចិន។

សារព័ត៌នេះបន្តថា ក្នុងអំឡុងពេលតំណើរទស្សនកិច្ចផ្លូវការបស់ប្រធានាធិបតីចិន លោក Xi Jinping កាលពីខែពីខែតុលា ឆ្នាំ ២០១៦ នោះ ប្រធានាធិបតីរូបនេះ បាននាំអ្នកវិនិគិនចិនចំនួន២០០នាក់ មកវិនិយោគលើវិស័យអចលនទ្រព្យ និងសាងសង់អាគារខ្ពស់កប់ពពកជាច្រើន ជាមួយលុយរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។

អ្នកជំនាញផ្នែកអចលនទ្រព្យបានលើកឡើងថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញនេះ គឺមិននឹកស្មានដល់ឡើយ តែអ្វីដែលសំខាន់អាគារចាស់បុរាណកាលពីសម័យបារំាង និង អគារនៅក្នុងទសវត្សរ៍១៩៩០មួយចំនួនត្រូវបានត់បង់ និងជំនួសដោយខុនដូរដែលមានមានដំលៃថ្លៃ។

លោក Ross Wheble ប្រធានក្រុមហ៊ុនអចលនទ្រព្យ Knight Frank ប្រចាំកម្ពុជា បានអោយដឹងថា ទីផ្សារខុនដូពិតណាស់នៅក្នុងទីក្រុង បានផ្គត់ផ្គង់កើនឡើងលើសតម្រូវ​ការ ព្រោះមានការលក់ចេញ និងជួលយឺតដោយសារពលរដ្ឋកម្ពុជា មានតម្រូវការខុនដូតិចតួចបំផុត។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE បានអោយដឹងថា ការផ្គតផ្គង់ខុនដូនៅក្នុងទីក្រុងភ្នំពេញ នឹងកើនឡើងទ្វេដងនៅក្នុងនេះគឺមានចំនួន ២០,០០០ យូនីតបន្ថែមទៀត ព្រោះមានគម្រោងមួយចំនួនបានអនុម័តរួចរាល់ និងមួយចំនួនទៀតកំពុងសិក្សា។

បើតាមរបាយការណ៍ CBRE បានអោយដឹងថា នៅក្នុងពាក់កណ្តាលឆ្នាំ២០១៨តម្លៃខុនដូជាមធ្យម នៅក្នុងទីក្រុងភ្នំពេញមានតម្លៃ៣,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ កើនឡើង៦០ភាគរយបើធៀបនឹងឆ្នាំ២០១៣ និងតម្លៃដីធ្លីនៅក្នុងខណ្ឌដូនពេញដែលជាតំបន់ពាណិជ្ជកម្មមានតម្លៃតំនួន៩០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បានកើនឡើង៣ដងចាប់តាំងពីឆ្នាំ២០១៣មក៕

លោកជំទាវ លឹម ឈីវហូរ ប្រាប់ពីវិធីសន្សំលុយដើម្បីក្លាយជាអ្នកមាន

0

ដោយ : ដួង ចន្រ្ទា

ភ្នំពេញ : ការធ្វើអ្នកមានមិនមែនជារឿងសាមញ្ញពេកនោះទេ ប៉ុន្តែក៏មិនពិបា​ករហូតធ្វើមិនបាននោះដែរ ប្រសិនជាយើងចេះវិធីគ្រប់គ្រងសាច់ប្រាក់ និង​មានយុទ្ឋសាស្រ្តច្បាស់លាស់។

តើឧកញ៉ាធំៗនៅកម្ពុជា ដែលមានប្រាក់រាប់រយលានដុល្លារ មានវិធីសន្សំប្រាក់យ៉ាងដូចម្តេច? លោកជំទាវ លឹម ឈីវហូរ អគ្គនាយកក្រុមហ៊ុនអ៊ែតវូដ អគ្គនាកតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុនជាច្រើនទៀតបានប្រាប់វិធីសាស្រ្ត ដើម្បីឲ្យប្រជាពលរដ្ឋអាចសន្សំប្រាក់បានដើម្បីវិនិយោគ។

 

លោកជំទាវបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា គ្មានអ្នកណាម្នាក់ កើតមានមានប្រាក់នោះទេ ដូច្នេះដើម្បីក្លាយជាអ្នកមានបាន គឺមានតែការសន្សំប្រាក់ប៉ុណ្ណោះ ឧទាហរណ៍ ពីរនាក់ប្តីប្រពន្ឋមានប្រាក់ខែចូលគ្នាបាន៥០០ទៅ១០០០ដុល្លារ ពួកគេអាចសន្សំសំចៃ និងដកប្រាក់ខ្លះទិញផ្ទះឬទិញដី ដើម្បីវិនិយោគឬសម្រាប់រស់នៅ ព្រោះសម័យនេះផ្ទះមានលក់បង់រំលោះ ហេតុនេះយើងបានបង់រំលោះបានងាយស្រួល។

លោកជំទាវបានបន្តថា : “បើយើងសន្សំប្រាក់ និងបង់រំលោះផ្ទះក្នុងរយៈពេ​ល​​៥ទៅ១០ឆ្នាំក្រោយ ផ្ទះនឹងឡើងថ្លៃ ពេលនោះយើងអាចមានលុយទាំងដុំកាន់ហើយ”។​​លោកជំទាវបានបន្តថា “ ប្អូនៗអាចចាយវាយ និងសន្សំដោយអត់ធ្មត់បន្តិច នឹងទទួលបានលុយហើយ ហើយ១០ឆ្នាំក្រោយ យើងអាចមានលុយដើម្បីវិនិយោគហើយ”។

លោកជំទាវបានបន្តថា តាមការសិក្សារបស់ក្រុមហ៊ុនរបស់លោកជំទាវបាន​រកឃើញថា វិស័យសំណង់ និងអចលនទ្រព្យនៅបន្តរីកចំរើនរយៈពេលវែង​បន្ថែមទៀត ដោយសារការរីកចំរើនសេដ្ឋកិច្ចសង្គម កំណើប្រជាសាស្រ្ត ហើយអ្នកវិនិយោកអន្តរជាតិជាច្រើន បាននិងកំពុងចូលមកកាន់ទីផ្សារកម្ពុជាកាន់តែច្រើននាពេលខាងមុខ ពិសេសអ្នកវិនិយោគមកពីប្រទេសចិន៕

មុនទិញដីឡូត៍ត្រូវពិនិត្យ៦ចំណុចនេះសិនដើម្បីបញ្ចៀសហានិភ័យ

0

ស្របពេលចលនានៃការទិញដីឡូត៍ និងពុះដីឡូត៍លក់ចាប់ផ្តើមផ្ទុះរឿងបណ្តើរៗ កោញសន្តិភាពសូមយកចំណុចពិសេសខ្លះចេញពីវេបសាយលំដាប់អន្តរជាតិមួយ គឺគេហទំព័រ Propertyarea.asia ដែលបានពន្យល់លំអិតពីបញ្ហានេះ។

គេហទំព័រនេះបានណែនាំអ្នកមានបំណងទិញ ឬវិនិយោគលើដីឡូត៍ពិនិត្យ​មើលទិដ្ឋភាពមួយចំនួន មុនសម្រេចចិត្តទិញឬមិនទិញដីឡូត៍ទាំងនោះ។

ទិដ្ឋភាពផ្លូវច្បាប់

ត្រូវប្រាកដថាដីឡូត៍ដែលលោកអ្នកទិញ ជាការទិញពីម្ចាស់ប័ណ្ណពិតប្រាក​ដ មិនមែនទិញពីអ្នកពុះដីឡូត៍នោះទេ ព្រោះអ្នកពុះដីឡួត៍មួយចំនួនបានយកដីគេមកលក់ ហើយរត់ចោលអតិថិជនរបស់ខ្លួន នៅពេលពួកគេប្រមូលប្រាក់បាន(ករណីនេះបានកើតមានរួចហើយ។

ប្លង់កម្មសិទ្ឋ

ចំណុចមួយទៀតត្រូវប្រាកដថា ដីឡូត៍ដែលខ្លួនបានទិញមានប្លង់ត្រឹមត្រូវ។ នេះមានន័យថា ប្រសិនជាដីឡូត៍នោះមានប្លង់រឹង ត្រូវតែកាត់ប្លង់រឹង ព្រោះអ្នកលក់ដីឡូត៍ខ្លះមានប្លង់រឹង តែបានកាត់ប្លង់​ត្រឹម ស្រុក ឬខ័ណ្ឌ ឬត្រឹម ឃុំសង្កាត់។ ប្រសិនជាការទិញលក់បែបនេះ ពិតជាមានហានិភ័យ ព្រោះម្ចាស់ដីឡូត៍ខ្លះបានដាក់ប្លង់នៅធនាគាររួចហើយ និងអាចលួចផ្ទេរកម្មសិទ្ឋដល់កូនចៅ​របស់ខ្លួនជាប្លង់រឹង នោះអ្នកទិញដីឡូត៍នោះនឹងមានហានិភ័យកើតឡើង ព្រោះពួកគេគ្មានមូល​ដ្ឋានផ្លូវច្បាប់តវ៉ាឡើយ

ហេដ្ឋារចនាសម្ព័ន្ឋ

តាមធម្មតា អ្នកពុះដីឡូត៍លក់តែងតែមានយុទ្ឋសាស្រ្តខុសៗគ្នា ដើម្បីទាក់​ទាញអតិថិជនរបស់ខ្លួន តាមរយៈការចាក់ផ្លូវ ដាក់បង្គោលអគ្គិសនី ទឹកស្អាត និងប្រព័ន្ឋលូជាដើម។ ហេតុនេះអ្នកទិញ ដែលមិនយល់ពីបញ្ហានេះ ពួកគេមិនបារម្ភឡើយ ប៉ុន្តែមានរឿងជាច្រើននៅក្នុងនោះ ដូចជា តើផ្លូវត្រូវតាមស្តង់ដាឬទេ? ប្រព័ន្ឋលូមានកន្លែងបង្ហូរត្រឹមត្រូវឬទេ ឬគ្រាន់តែដាក់ឲ្យរួចពីដៃ។ ចំណុចមួយទៀតតើប្លង់ទាំងនោះត្រូវបានទទួលស្គាល់កម្រិតណា?ជាដើម។ នេះជាចំណុច ដែលត្រូវសួរ។

ការបង់រំលោះ

ដោយសារតែចង់ពុះដីឡូត៍លក់បានច្រើន និងយកចំណេញ អ្នកវិនិយោគពុះ​ដីឡូត៍លក់តែងតែឲ្យអតិថិជន បង់ប្រាក់នៅក្រុមហ៊ុនរបស់ខ្លួន ដោយគ្មានការ​ប្រាក់។នេះជាចំណុចហានិភ័យមួយ ព្រោះទី១ ការទូទាត់បែបនេះមិនមានច្បាប់​ណាមួយគ្រប់គ្រងឡើយ ទី២ ការបង់រំលោះបែបនេះ ក្រុមហ៊ុនអាចប្រមូលបានប្រាក់ហើយរត់ និងមិនទទួលខុសត្រូវ និងប្រព័ន្ឋបង់ប្រាក់បែបនេះ ជាការទូទាត់​ខុសច្បាប់។

ទិដ្ឋភាពសង្គម

តំបន់ដីឡូត៍មិនងាយនឹងមានការអភិវឌ្ឍនោះទេ ដោយសារអ្នកទិញដីឡូត៍ភាគច្រើន ជាអ្នកមានជីវភាពមធ្យម និងពួកគេរង់ចាំគ្នា មិនងាយនឹងធ្វើការសាងសង់លំនៅដ្ឋាននោះទេ។ ទោះជាពួកគេសាងសង់លំនៅដ្ឋាន ក៏ជាលំនៅដ្ឋានគ្មា​នរបៀបរៀបរយនោះដែរ ព្រោះពួកគេមានចិត្តស្រលាញ់ខុសៗគ្នា ដែលធ្វើឲ្យស​ហគមន៍ពួកគេរស់នៅមិនមានសោភ័ណភាពឡើយ។

ទិដ្ឋភាពសេដ្ឋកិច្ច

អ្នកទិញដីឡូត៍ភាគច្រើន ចង់ទិញយកលក់យកចំណេញ ប៉ុន្តែតាមធម្មតា អ្នកទិញដីឡូត៍ មិនងាយទទួលបានផលចំណេញនោះទេ ព្រោះអ្នកវិនិយោគពុះដីឡូត៍លក់ បានយកចំណេញខ្ពស់រួចទៅហើយ។ ហេតុនេះការទិញដីឡូត៍មិនសូវ ទទួលបានផលចំណេញខ្ពស់នោះឡើយ៕

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសម្អាតបរិស្ថានក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា

0

ដោយ រតនៈ

       ភ្នំពេញ៖ ក្រុមហ៊ុនប៉េង ហួតគ្រុបបានចូលរួមសម្អាតបរិស្ថាន និងឧបត្ថម្ភក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ដែលរៀបចំដោយអង្គការ Let Do It និងអង្គការ Go Green Cambodia សហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា និងក្រសួង ទេសចរណ៍ ដែលរៀបចំឡើងនៅមុខក្រសួងបរិស្ថាន។

លោក ហួត ហៃ អភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ក្នុងពេលដែលបុគ្គលិកបុរីប៉េង ហួតគ្រុបប្រមាណ២០០នាក់ចូលរួមសំអាតបរិស្ថាននាឳកាសនោះថា ដើម្បីចូលរួមក្នុងទិវាសម្អាតពិភពលោកនេះ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេ​ញ លោកសូមអំពាវនាវដល់ផ្នែកដែលពាក់ព័ន្ធទាំងអស់ចូលរួម គ្នាលើកកំពស់ការពារការថែរក្សាបរិស្ថាន ជាពិសេសកាត់បន្ថយសារធាតុពុល តាមរយៈការកាត់បន្ថយនិង ទុកដាក់ សំណល់ អោយបានត្រឹមត្រូវ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិអោយ កាន់តែល្អប្រសើរឡើង និងលើកស្ទួយការយល់ដឹងរបស់ប្រជាពលរដ្ឋ ប្រកបដោយចីរភាពនិងប្រែក្លាយទិវានេះ អោយទៅជាសកម្មភាពជាក់ស្តែង និងការគ្រប់គ្រងសម្រាម ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ស្របពេលជាមួយគ្នានេះ នៅតាមបណ្តា ខណ្ឌ និងសង្កាត់ ទូទាំងរាជធានីភ្នំពេញ កំពុងធ្វើយុទ្ធនាការ សម្អាតបរិស្ថាន ផងដែរ។ ឯកឧត្តម បានបន្តទៀតថា ខ្ញុំជឿជាក់ថា ស្មារតីនៃការប្រារព្វទិវានេះ ពិតជាដិតដាមនូវឆន្ទៈ ធ្វើអោយ បរិស្ថានរាជធានីភ្នំពេញស្រស់ស្អាត សម្រាប់យើងគ្រប់រូប និងជានិរន្តរ”។

លោកអ៊ុក វីឡា នាយកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានថ្លែងនាឱកាសនោះផងដែរថា ក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្ដីសោមនស្សរីករាយយ៉ាង ក្រៃលែងក្នុងការចូលរួមកម្មវិធីទិវាសម្អាតពិភពលោក និងជាលើកទី១សម្រាប់ប្រ​ទេ​សកម្ពុជា ក្នុងទីក្រុងភ្នំពេញនិងបណ្ដាខេត្តផ្សេងៗផងដែរ ក្រោមការផ្តួចផ្ដើម សហការ និងរៀបចំ ដោយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងទេសចណ៏ អង្គការ Let Do it និង អង្គការ Go Green Cambodia  ព្រមទាំងស្ថាប័នផ្សេងទៀត នាថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨នេះ ក្នុងគោលបំណងជំរុញការ យល់ដឹងអំពីការការពារបរិស្ថានដោយនាំគ្នាចូលរួមរើសសម្រាមសម្អាតទីក្រុង។

លោកបន្តថា “ស្ថាបនិកក្រុមហ៊ុន មានចក្ខុវិស័យវែងឆ្ងាយ ចាប់តាំងពីដំបូងក្នុងការអភិវឌ្ឍជូនប្រជាជនកម្ពុជានូវលំនៅឋានទំនើប ដោយផ្តោតលើគុណភាពល្អ សោភណ្ឌភាពស្អាត និងជាពិសេសគឺបរិស្ថានរស់នៅល្អ ដែលមានលំហរបៃតងច្រើន ដើមឈើធំៗ និង គ្មានសំរាម ដែលស្របតាមគោលនយោបាយ ទីក្រុងស្អាតរបស់ រាជរដ្ឋាភិបាលកម្ពុជា រហូតទទួលបានការគាំទ្រខ្លាំងពីអតិថិជន និងទទួលបានពានរង្វាន់ជាច្រើន ពីក្នុងនិងក្រៅប្រទេស”។

ពាក់ព័ន្ធការងារបរិស្ថាននេះដែរ កាលពីថ្ងៃទី៥ ខែមិថុនាឆ្នាំ២០១៨ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានចូលរួមរៀបចំកម្មវិធីដាំដើមឈើចំនួន១៤០០ដើម ក្នងឱកាសទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកនៅស្រុកស្រីសន្ធរខេត្តកំពង់ចាមកន្លងទៅថ្មីៗនេះ“។

លោកអ៊ាង សុផល្លែត រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានមានប្រសាសន៍ថា“បើយើងមិនបានប្រព្រឹត្ត ក៏យើងមិនចាំបាច់សម្អាតវាដែរ​។ ដូច្នេះហើយលោកសូម ចាត់ទុកថាទិវានេះ និងបង្កើតចំណងទំនាក់ទំនងរវាងប្រជាជន​​ តភ្ជាប់ជាមួយនឹងបរិស្ថាន។ សំរាម គឺជាសត្រូវលាក់មុខ ឥឡូវនេះវាបានបើកមុខហើយ យើងត្រូវតែបំផ្លាញ និងកំទេចសត្រូវសម្រាមនេះ។ ជាចុងក្រោយលោកសូមបើកកម្មវិធី និង ជូនពរអោយទិវានេះ ប្រកបដោយជោគជ័យ និងទៅជាចលនាមួយ ដើម្បីកម្ចាត់សត្រូវលាក់មុខនេះ៕

ឧកញ៉ាជាច្រើនចាប់ផ្តើមដាំចេកអំបូងលឿង ដើម្បីនាំចេញទៅកាន់ពិភពលោក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ឧកញ៉ាធំៗជាច្រើននៅកម្ពុជា បានចាប់ផ្តើមវិនិយោគដាំចេកអំបូងលឿង​ ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស ដោយសារមានតម្រូវការខ្ពស់ពីបណ្តាប្រទេសរីកចំ​រើននានា។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៨ កញ្ញានេះថា លោកបាននិងកំពុងចាប់ផ្តើមវិនិយោគដាំចេកអំបូងលឿងលើផ្ទៃដី១០០០ហិកតា នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តស្ទឹងត្រែងដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីក្រុងឌូបៃ ដោយសារប្រទេសទាំងពីរមានតម្រូវការចេកប្រភេទនេះខ្ពស់។ លោកឧកញ៉ាបន្តថា យើងមានទីផ្សារទូលំទូលា​យ តែអ្វីសំខាន់នាពេលនេះយើងត្រូវដាំចេកឲ្យបាន ដើម្បីនាំចេញទៅកាន់ទីផ្សារទាំងនោះ។

ចេកអំបូងលឿង ជាពូជចេកមកពីសហរដ្ឋអាមេរិក ដែល​ជាចេកមានរសជាតិឆ្ងាញ់ និងមានភាពរមួតល្អ។

លោកឧកញ៉ាលឹម ហេងបានបន្តថា ជាមួយនឹងគំរោងដាំចេកដើម្បីនាំចេញនេះ យើងមានគំរោងបង្កើតរោងចក្រផលិតម្សៅចេកផងដែរ ព្រោះផ្លែចេកដែលយើងប្រ​មូលផលបាន មិនប្រាកដអាចនាំចេញបានទាំងអស់ទេ។ ហេតុនេះយើងទាមទារការកែច្នៃវា ទៅជាម្សៅ ដើម្បីប្រើប្រាស់ផលិតអ្វីផ្សេងៗទៀត។

ទោះជាយ៉ាងណាលោកឧកញ៉ា មិនបញ្ជាក់ឲ្យដឹងពីទុនវិនិយោគក្នុងគំរោងនេះទេ។

ជាមួយគ្នានេះលោកឧកញ៉ាហ៊ុន ឡាក់អនុប្រធានសហព័ន្ឋស្រូវអង្ករកម្ពុជាដែល​បានបោះទុន៣០លានដុល្លារដាំចេកអំបូងលឿង លើផ្ទៃដី១០០០ហិកតានៅក្នុងស្រុកឈូក ខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារចេកអំបូងលឿងមានភាពល្អប្រសើរ និងមានតម្លៃល្អខ្លាំងធៀបជាមួ​យ​ចេកធម្មតានៅក្នុងស្រុករបស់យើង។លោកបន្តថា ​ចេកនេះមិនមែនដាំបាននៅគ្រប់ប្រ​ទេសនោះទេ ប៉ុន្តែសម្រាប់កម្ពុជាមានដីដែលមានងំណោយផលសម្រាប់ដាំចេកនេះ ប៉ុន្តែ​កន្លងមកមិនសូវមានអ្នកចាប់អារម្មណ៍ ទើបចេកនេះមិនសូវមានដាំនៅកម្ពុជា។

លោកបន្តថា យើងអាចនាំចេញចេកប្រភេទនេះបានទូទាំងពិភពលោក ដោយ​សារវាជាចេកមានរសជាតិឆ្ងាញ់ និងជាចេករក្សាទុកបានយូរ ងាយស្រួលក្នុងការនាំចេញ ទៅកាន់ក្រៅប្រទេស។លោកបន្តថា ចេកអំបូងលឿងដាំនៅកម្ពុជាជាលើកដំបូង នឹងអាចនាំចេញពីកម្ពុជានៅដើមឆ្នាំ២០១៩ខាងមុខនេះ ប៉ុន្តែបរិមាណនៃការនាំចេញមិនទាន់អាចព្យាករណ៍បាននៅឡើយទេ៕     

អ្នកវិនិយោគអាមេរិកមួយក្រុម មកស្វែងរកឳកាសវិនិយោគនៅកម្ពុជា

0

ដោយ ស៊ីវ ម៉េង

       ភ្នំពេញ៖ ប្រតិភូវិនិយោគអាមេរិកមួយក្រុមនឹងមកទស្សនកិច្ចកម្ពុជា ដើម្បីស្វែងរកនិងពិនិត្យកាលានុវត្តន៍ភាព ស្វែងរកដៃគូវិនិយោគនៅកម្ពុជានាពេលខាងមុខនេះ។

ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមពីថ្ងៃទី២៦ដល់២៧ កញ្ញាខាងមុខនេះ។ ដំនើរ​ទស្សនកិច្ចនេះ រៀបចំដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា សហការជាមួយស្ថាន​ទូតអាមេរិកប្រចាំកម្ពុជាផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យ​ដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៧ កញ្ញានេះថា លោកមិនទាន់ដឹងថាមានថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិកប៉ុន្មាននាក់ពិតប្រាកដ នឹងមកទស្សនកិច្ចនៅកម្ពុជាទេ ប៉ុន្តែពួកគេនឹងរៀបចំកម្មវិធីនៅសណ្ឋាគារ Rosewood នាថ្ងៃទី២៦ កញ្ញាខាងមុខនេះ។លោកបន្តថា ក្រុមហ៊ុនទាំងនេះភាគច្រើន ជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម ទាក់ទងនឹងគ្រឿងយន្តកសិកម្មជាដើម។

លោកបន្តថា “ដំណើរទស្សនកិច្ចរបស់ពួកគេ នឹងមកជួបផ្នែកឯកជននៅកម្ពុជាដើម្បីស្វែងរកឳកាស និងដៃគូពាណិជ្ជកម្មនៅទីនេះ”។ លោកបន្តថា ក្រុមហ៊ុនទាំងនេះសុទ្ឋតែមានមូលដ្ឋានវិនិយោគនៅប្រទេសថៃ វៀត​ណាម និងសឹង្ហបុរីរួចហើយ ហេតុនេះយើងមានសង្ឃឹមច្រើនថាពួកគេនឹងមកវិនិយោគនៅ​កម្ពុជា”។

តាមព៌តមានក្រៅផ្លូវការពីស្ថានទូតអាមេរិកបានឲ្យដឹងថា ប្រតិភូវិនិយោគអាមេរិកដំពូងឡើយគ្រោងទស្សនកិច្ចនៅកសិដ្ឋានដ៏ធំរបស់លោកឧកញ៉ាម៉ុង រិទ្ឋី ប៉ុន្តែគំរោងនេះ​ទំនងជាលុបចោលវិញ ដោយសារពេលវេលាមានកំណត់។ ហេតុនេះប្រតិភូនឹងទស្សន​កិច្ចនៅសហគ្រាសផលិតនំស្រួយលី លីជំនួសវិញ។

​លោកង៉ែត ជូទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងថា នៅកម្ពុជាមិនមានគំរោងវិនិយោគរបស់អាមេរិកច្រើនទេ ដោយសារសហរដ្ឋអាមេរិកស្វែងរកការវិនិយោគផ្នែកបច្ចេកវិទ្យាច្រើន ខណៈកម្ពុជាមិនទាន់មានសក្តានុពលលើផ្នែកនេះនៅឡើយ ទាំងធនធានមនុស្ស និងការអភិវឌ្ឍផ្នែក​បច្ចេកវិទ្យានៅមានកម្រិត។

លោកបន្តថា “កត្តាទីផ្សារក៏ជាផ្នែកមួយផងដែរ ព្រោះទីផ្សាររបស់យើងតូច មិនឆ្លើយតបនឹងគំរោងអភិវឌ្ឍន៍ធំៗនៅឡើយទេ”។លោកបន្តថា “ប្រសិនជាសហរដ្ឋអាមេរិកចង់ចូលមកវិនិយោគផ្នែកកសិកម្ម ទាក់ទ​ងនឹងសុវត្ថិភាពអាហារ ឬផលិតអាហារសរីរាង្គ ជារឿងប្រសើរ ប៉ុន្តែត្រូវមានការគាំទ្រនិងរៀបចំគាំទ្រពីរដ្ឋាភិបាលជាមុន”៕