ដោយ ម៉ាណេត
ភ្នំពេញ៖ ការវិនិយោគទុនរបស់ចិននៅលើអចលនទ្រព្យបានរីករាលដាលនៅទូទាំងតំបន់អាស៊ានដែលបានផ្លាស់ប្តូរទិដ្ឋភាពនៃការអភិវឌ្ឍន៍ និងតម្លៃអចលនទ្រព្យក្នុងទីក្រុងនៅបណ្តាប្រទេសអាស៊ាន ពិសេសកម្ពុជា។
តម្លៃដីធ្លី និងលំនៅឋាននៅក្នុងបណ្តាប្រទេសអាស៊ានបានកើនឡើង ខណៈពេលអ្នកវិនិយោគទុនមកពីប្រទេសចិនបានពង្រីកការទិញអចលនទ្រព្យរបស់ពួកគេនៅក្នុងតំបន់អាស៊ាន។
-->
លោក Jirawuth Suwannaarj នាយក និងទីប្រឹក្សាក្រសួងពាណិជ្ជកម្មនៃនាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃប្រចាំកម្ពុជា បានថ្លែងនៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយកាសែត The Nation ថា តម្លៃដីនៅកម្ពុជាបានកើនឡើងរហូតដល់ ២០ ភាគរយក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ ២០១៧ ដោយតម្លៃលំនៅឋាន និងពាណិជ្ជកម្មក្នុងប្រទេសបានកើនឡើងជាង ១០ ភាគរយក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០១៧រហូតមកដល់ពេលនេះ។
លោកបានបន្ថែមថា វិនិយោគិនមកពីប្រទេសចិនបានចាក់ចូលបន្ថែមទុនវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាជាមួយនឹងទឹកប្រាក់ចំនួន ៣១៥ លានដុល្លារអាមេរិកក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ។
ក្រុមហ៊ុនសំណង់ដែលមានមូលដ្ឋាននៅប្រទេសចិនចំនួន ២២៦ បានចុះបញ្ជីគិតត្រឹមថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០១៩ ដើម្បីធ្វើអាជីវកម្មនៅកម្ពុជា បន្ទាប់មកវៀតណាមមានក្រុមហ៊ុនចុះបញ្ជីចំនួន 26 និងប្រទេសថៃមានចំនួន 14 ។
លោក Jirawuth បានកត់សម្គាល់ថា “ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែមានការរីកចម្រើនយ៉ាងខ្លាំងជាមួយវិនិយោគិនចិនដែលកំពុងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសនេះ”។
នាយកដ្ឋានរបស់លោកកំពុងចរចាជាមួយតំណាងពាណិជ្ជកម្មចិននៅកម្ពុជាដើម្បីស្វែងរកឱកាសសម្រាប់ក្រុមហ៊ុនថៃភ្ជាប់ជាមួយក្រុមហ៊ុនចិនដើម្បីពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងវិស័យអចលនទ្រព្យនិងវិស័យសំណង់នៅទីនោះ៕