ផ្សារទំនើបទី១នៅក្រុងព្រះសីហនុបើកសម្ភោធគំរោងថ្ងៃនេះ

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ផ្សារទំនើបទី១នៅក្រុងព្រះសីហនុ FURI TIMES SQAURE បានប្រកាស បើកសម្ភោធនិងបង្ហាញពីសក្តានុពលរបស់ខ្លួន នារសៀលថ្ងៃទី២០ កញ្ញានេះ ខណៈផ្សារទំនើបនេះនឹងបើកដំណើរការផ្លូវការនៅកំឡូងខែ កញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។


អ្នកនាង ជិន ចាន់ឡែន នាយិកាផ្សារទំនើប FURI TIMES SQAURE បានមានប្រ​សាសន៍ឲ្យក្រុមអ្នកសារព៌តមានដឹងនារសៀលថ្ងៃនេះថា ដោយសារកំនើនទេសចរណ៍ និងអ្នកវិនិយោគអន្តរជាតិនានា ពិសេសជនជាតិចិនកើនឡើង ទើបក្រុមហ៊ុនសហការជា​មួយអ្នកវិនិយោគមកពីទីក្រុងម៉ាកាវ ប្រទេសចិន ដើម្បីសាងសង់ផ្សារទំនើបនៅលើផ្ទៃដីទំហំ១ហិកតានេះឡើង។អ្នកនាងបន្តថា ទីក្រុងព្រះសីហនុ មិនទាន់មានផ្សារទំនើបនៅឡើ​យទេ ខណៈតម្រូវការផ្សារទំនើបកើនឡើង ហេតុនេះទើបយើងសម្រេចចិត្តវិនិយោគគំរោងនេះដែលគ្រោងចំណាយទុនជិត១០លានដុល្លារអាមេរិក។
អ្នកនាងបន្តថា “យើងជឿជាក់ថាគំរោងនេះទទួលបានជោគជ័យ ដោយសារកំនើន​ប្រជាសាស្រ្ត កំនើនទេសចរណ៍ និងអ្នកវិនិយោគអន្តរជាតិ”។
ផ្សារទំនើបនេះមានកំពស់៤ជាន់ ដែលនឹងនាំយកទៅជាមួយនូវផលិតផលអាហារ ភេសជ្ជៈល្បីៗជាច្រើនទៅជាមួយដូចជា ហាងកាហ្វេអាម៉ាហ្សូន ស្តាបាក់ ស៊ូពើម៉ាឃីត រោងភាពយន្តរីជេនជាដើម។
ផ្សារទំនើបនេះនឹងបើកដំណើរការ២៤ម៉ោងសម្រាប់ជាន់ខាងក្រោម និងបើកត្រឹមម៉ោង៩យប់សម្រាប់ពីជាន់ទី១ដល់ជាន់ទី៤។
អ្នកនាង ជិន ចាន់ឡែន បានបន្តថា ផ្សារទំនើបនេះត្រូវបានឌីសាញឡើងមានលក្ខណៈទំនើប និងសន្សំសំចៃអគ្គិសនី ព្រោះយើងគិតគូដល់បរិស្ថាន និងអនាម័យ។ គំរោងនេះនឹងជួលក្នុងតម្លៃ៥៥ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ជាន់ទី១ និង៤៥ដុល្លារចាប់ពីជាន់ទី២ដល់ជាន់ទី៤។
យោងតាមការសិក្សារបស់ក្រុមហ៊ុន FURI TIMES SQAURE បានឲ្យដឹងថា បច្ចុប្បន្នខេត្តព្រះសីហនុមានប្រជាជនរស់នៅជាង៣០ម៉ឺននាក់ និងមានភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិទៅទស្សនាកំសាន្តក្នុងមួយថ្ងៃចន្លោះពី៨០០០ទៅ៩០០០នាក់៕

អ្នកជំនាញៈបន្លែសរីរាង្គមានកំពុងមានតម្រូវការខ្ពស់នៅតាមភោជនីយដ្ឋាន

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ប្រធានសហព័ន្ធទេសចរកម្ពុជាបានបញ្ជាក់ថា បន្លែសរីរាង្គមានតម្រូវការខ្ពស់នៅតាមភោជនីយដ្ឋាននានា ខណៈភោជនីយដ្ឋាននៅកម្ពុជា មានកំណើនកើនឡើងគួរឲ្យកត់សំគាល់។


លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរកម្ពុជា បានលើកឡើងនៅក្នុងពិធីសម្ពោធតាំងពិរព័ណ៍វិស័យម្ហូបអាហារ ផលិតផលភេសជ្ជៈ និងផលិតផលផ្គត់ផ្គង់វិស័យបដិស​ ណ្ឋាកិច្ចអន្តរជាតិ នៅមជ្ឈមណ្ឌលពិរព័ណ៍កោះពេជ្រ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងមកថា ខណៈដែលកម្ពុជាកំពុងមានកំណើនភ្ញៀវទេសចរល្អ វិស័យបដិសណ្ឋាកិច្ច សណ្ឋា​គារ និងម្ហូបអាហារកំពុងមានតម្រូវការខ្ពស់ ដើម្បីបម្រើសេវានៅលើផ្នែកនេះ ជាពិសេសម្ហូបអាហារ ជាម្ហូបអាហារដែលមានអនាម័យ និងគុណភាព ដើម្បីផ្តល់ការឆ្លើយតបនៅលើវិស័យនេះប្រកបដោយប្រសិទ្ធភាព។
លោកបន្តថា ពាក់ព័ន្ធការផ្គត់ផ្គង់វិស័យម្ហូបអាហារ បច្ចុប្បន្ននៅតាមហាង និងភោជ្ជនីយដ្ឋានកំពុងមានតម្រូវការខ្ពស់ ជាពិសេសការផ្គត់ផ្គង់បន្លែ ជាបន្លែដែលគ្មានសារធាតុគីមី ដែលបញ្ហានេះទាមទារឲ្យកសិករ ចូលរួមធ្វើការដាំដុះប្រភេទបន្លែសរីរាង្គឲ្យបានច្រើន នឹងជាផ្នែកមួយក្នុងការចូលរួមលើកកម្ពស់ប្រជាកសិករកម្ពុជាយើងផងដែរ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកប៉ាក់ សុខុមបានលើកឡើងផងដែរថា បច្ចុប្បន្នក្រសួងបានជម្រុញគ្រប់មន្រ្តីពាក់ព័ន្ធ ពិសេសមន្ទីរទេសចរណ៍គ្រប់រាជធានីខេត្ត និងវិស័យឯកជន ឲ្យយកចិត្តទុកដាក់ក្នុងការពង្រឹងអំពីគុណភាពសេវា ក្នុងនោះផ្នែកវិស័យម្ហូបអាហារគឺត្រូវតែគិតគូរអំពីអនាម័យ គុណភាព ជាម្ហូបអាហារបៃតង ពោលគឺសំដៅទៅដល់ការផ្កត់ផ្គង់បន្លែពីសហគមន៍មូលដ្ឋាន ក្នុងទិសដៅលើកកម្ពស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍បន្តការដាំដុះ ដើម្បីជីវភាពខ្លួនឯង និងសុខភាពរបស់យើងទាំងអស់គ្នា។
តាមសេចក្តីប្រកាសព័ត៌មាន អង្គការស្បៀងអាហារពិភពលោក និងកសិកម្ម នៃអង្គការសហប្រជាជាតិ បានបង្ហាញបរិមាណបន្លៃ ដែលកំពុងផ្គត់ផ្គង់ប្រចំាឆ្នាំក្នុងប្រទេសកម្ពុជា គឺមានចំនួនជិត១លានតោន ក្នុងនោះបរិមាណបន្លែដែលផ្គត់ផ្គង់ក្នុងស្រុក មានត្រឹមតែ៤៤%តែប៉ុណ្ណោះ ខណៈដែលការនាំចូលរហូតដល់៥៦%។ ចំណែកការសិក្សាដោយឡែកមួយទៀត បានបង្ហាញឲ្យដឹងផងដែរថា បរិមាណបន្លែដែលកំពុងផ្គង់ផ្គង់មកពីបណ្តាប្រទេសជិតខាង មកកាន់ទីក្រុងភ្នំពេញ គឺមានរហូតដល់២០០ ទៅ៣០០តោន ក្នុងមួយខែៗផងដែរ៕

ស្វែងយល់ពីអាស៊ី! តម្លៃដីធ្លីនៅក្នុងប្រទេសជប៉ុនចាប់ផ្តើមឡើងថ្លៃ

0

ដោយ : វុត្ថា
ភ្នំពេញ : យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asian Review បានអោយដឹងថាតម្លៃដីៅប្រទេសជប៉ុនកំពុងតែឡើងថ្លៃជាលើកដំបូងក្នុងរយៈពេល៣ទសវត្សកន្លងមកនេះនៅក្នុងតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើន និង តំបន់ទេសចរណ៍។
សារព័ត៌មាន Nikkei Asian Review បានដកស្រង់របាយការណ៍ពីក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុនបានង្ហាញថា តម្លៃដីជាមធ្យមសម្រាប់ធ្វើពាណិជ្ជកម្ម និង ឧស្សាហកម្មបានកើនឡើង ០.១ ភាករយ ពីឆ្នាំទៅមួយឆ្នាំរហូតមកដល់ឆ្នាំនេះ ពោលគឺចាប់តាំងពីឆ្នាំឆ្នាំ ១៩៩១ មក។


សារព័ត៌មានបន្តថា តម្លៃដីកើនឡើងនេះផ្អែកលើតម្រូវការដីធ្លីយ៉ាងខ្លាំងជាពិសេសនៅក្នុងទីក្រុងទេសចរណ៍ដូចជា ទីក្រុង Sapporo ទីក្រុង Sendai ទីក្រុង Hiroshima និង ទីក្រុង Fukuoka ។ តម្លៃដីធ្លីជាមធ្យមក្នុងទីក្រុងទាំងនេះបានកើនឡើង ៩,២ ភាគរយ។ សម្រាប់ចំនួនភ្ញៀវទេសចរនៅប្រទេសជប៉ុនបានកើនឡើងដល់ ២០ លាននាក់ក្នុងរយៈពេល ៨ ខែនៃឆ្នាំនេះហើយកំពុងស្ថិតលើផ្លូវត្រូវដែលកាលពីឆ្នាំមុនប្រទេសជប៉ុនទទួលបានអ្នកទេសចរ ២៨,៧ លាននាក់។
សារព័ត៌មាននេះ បញ្ជាក់ទៀតថា តម្លៃដីធ្លីសម្រាប់ធ្វើពាណិជ្ជកម្មនៅទូទាំងប្រទេសបានកើនឡើង ១,១ ភាគរយគិតជាមធ្យមដោយក្នុងនោះ តំបន់ដីធ្លីសម្រាប់ធ្វើពាណិជ្ជកម្មចំនួន ១៩ ចំណោមតំបន់ចំនួន ៤៧បានដែលបានចុះបញ្ជីបានកើនឡើងនូវតម្លៃគួរអោយកត់សម្គាល់ ។
បើប្រៀបធៀបទៅនឹងតម្លៃដីសម្រាប់សាងសង់លំនៅឋានវិញបានធ្លាក់ចុះ ០,៣ ភាគរយគិតជាមធ្យមនៅទូទាំងប្រទេសជប៉ុន ហើយវាជាឆ្នាំទី ២៧នៃការធ្លាក់ចុះនេះ។ ទោះជាយ៉ាងណាក៏ដោយការរីកចម្រើនផ្នែកទេសចរណ៍នៅតែឃើញតម្រូវការខ្ពស់ចំពោះខុនដូរប្រណិត ជាពិសេសនៅក្នុងទីក្រុង Niseko ។
អ្នកទិញខុនដូរថ្មីចំនួន ៦០ ភាគរយនៅតាមទីក្រុងរមណីយដ្ឋានដែលមានកន្លែងជិះស្គីដ៏ល្បីល្បាញនៅលើពិភពលោកបានមកពីទីក្រុងហុងកុង និងប្រទេសសិង្ហបុរី។ ចំណែកនៅក្នុងទីក្រុង Kutchan ដីសម្រាប់ធ្វើពាណិជ្ជកម្មបានកើនឡើង ៤៥,២ ភាគរយ។ តម្លៃដីធ្លីនៅក្នុងទីក្រុងតូក្យូមិនមានការឡើងថ្លសនោះទេ ។ ដីធ្លីនៅតំបន់ អាគារ Meijiya Ginza បានលក់ក្នុងតម្លៃ ៤១,៣លានយ៉េនក្នុងមួយម៉ែត្រការ៉េក្នុងខែកក្កដាកើនឡើង ៧,៧ ភាគរយ៕

ឧកញ៉ាធំៗពីររូបបង្ហាញពីគន្លឹះដើម្បីក្លាយជាបុគ្គលជោគជ័យ

0

ដោយ : ដែន ចែងចាំង
ភ្នំពេញ : អ្នកណាក៏ចង់ក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនមែនទេ? ប៉ុន្តែការ​មិនដឹងពីវិធីសាស្រ្តដើម្បីក្លាយជាអ្នកមាន មិនមានចក្ខវិស័យច្បាស់លាស់ ការស្រ​ម័យដើម្បីក្លាយជាអ្នកមានទ្រព្យធនច្រើន ប្រាកដជាមិនជោគជ័យនោះទេ។
គេហទំព័រPropertyarea.asia សូមលើកយកប្រសាសន៍ និងវិធីសាស្រ្តអ្នក ជោគជ័យពីររូបមកបង្ហាញ ដែលពួកគាត់ជាឧកញ៉ាល្បីឈ្មោះក្នុងសង្គមកម្ពុជាផងដែរ។
លោកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបដែលលោកបានចាប់​ផ្តើមអាជីវកម្មពីជ្រូកមួយក្បាល និងបច្ចុប្បន្នមានក្រុមហ៊ុនក្នុងដៃចំនួន៨បានមាន​ប្រសាសន៍ឲ្យដឹងថា អ្នកចង់ធ្វើជាអ្នកមានត្រូវមានមហិច្ឆតាធំ និងត្រូវមានគោលដៅច្បាស់លាស់ថាខ្លួនចង់បានអ្វី និងធ្វើអ្វី ប៉ុន្តែមិនត្រូវធ្វើអ្វីដែលប្រាសចាកច្បាប់នោះទេ។
លោកឧកញ៉ាបន្តថា “យើងមិនត្រូវអស់សង្ឃឹមក្នុងជីវិត យើងត្រូវតែតស៊ូ និងត្រូវមានមហិច្ឆតា ព្រោះបើគ្មានមហិច្ឆតា យើងធ្វើអ្វីក៏អត់បានដែរ”។
លោកឧកញ៉ាដែលល្បីឈ្មោះតំបូងពីហាងប្តូរប្រាក់លី ហួរនេះបានបន្តថា “កុំគិតទុទិដ្ឋិថាខ្លួនឯងធ្វើមិនបាន គេធ្វើបានក៏យើងធ្វើបានដែរ។ ត្រូវយល់ពីចំណុចនេះ”។លោកបន្តថា “ទំរាំបានដូចសព្វថ្ងៃអាយុខ្ញុំជាង៦០ឆ្នាំហើយ ហើយអ្នកណាថាអ្នកមានស្រួល”។
ចំណែកស្រ្តីដ៏មានឥទ្ឋិពលក្នុងពិភពជំនួញមួយរូបទៀត លោកជំទាវឧក​ញ៉ា​លឹម ឈីវហូរ ក៏មានប្រវត្តិចាប់ផ្តើមការងារជំនួញពីតូចតាច រហូតដល់ក្លាយ ជាឧកញ៉ា និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ឋ នៃក្រុមហ៊ុនអ៊ែតវូដគ្រុបមិនតិចជាង​១០នោះទេ។
លោកជំទាវបានមានប្រសាសន៍ឲ្យដឹងថា គ្មានអ្នកណាម្នាក់ កើតមានមានប្រាក់នោះទេ ដូច្នេះដើម្បីក្លាយជាអ្នកមានបាន គឺមានតែការសន្សំប្រាក់ប៉ុណ្ណោះ ឧទាហរណ៍ ពីរនាក់ប្តីប្រពន្ឋមានប្រាក់ខែចូលគ្នាបាន៥០០ទៅ១០០០ដុល្លារ ពួកគេអាចសន្សំសំចៃ និងដកប្រាក់ខ្លះទិញផ្ទះឬទិញដី ដើម្បីវិនិយោគឬសម្រាប់រស់នៅ ព្រោះសម័យនេះផ្ទះមានលក់បង់រំលោះ ហេតុនេះយើងបានបង់រំលោះបានងាយស្រួល។
លោកជំទាវបានបន្តថា“បើយើងសន្សំប្រាក់ និងបង់រំលោះផ្ទះក្នុងរយៈពេ​ល​​៥ទៅ១០ឆ្នាំក្រោយ ផ្ទះនឹងឡើងថ្លៃ ពេលនោះយើងអាចមានលុយទាំងដុំកាន់ហើយ”។​​លោកជំទាវបានបន្តថា “ប្អូនៗអាចចាយវាយ និងសន្សំដោយអត់ធ្មត់បន្តិច នឹងទទួលបានលុយហើយ ហើយ១០ឆ្នាំក្រោយ យើងអាចមានលុយដើម្បីវិនិយោគហើយ”៕

វិស័យវាយណភ័ណ្ឌកាត់ដេរកម្ពុជាកាន់តែមានសញ្ញាល្អប្រសើរ

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា នៅអំឡុ​ង​ពេលនេះ ម្ចាស់ពាណិជ្ជនាម (ម៉ាកយីហោ) សម្លៀកបំពាក់ល្បីៗលើពិភពលោក រួមជាមួយភាគីរាជរដ្ឋាភិបាល និយោជក និងសហជីព ក៏ដូចជាភាគីពាក់ព័ន្ធ កំពុងពិភាក្សាគ្នាលើគម្រោងបង្កើតអនុសញ្ញារួមមួយ ក្នុងគោលបំណងធ្វើឱ្យកាន់ប្រសើរឡើងនូវវិស័យកាត់ដេរ ក្នុងនោះការធានាការបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជា ក៏ជាគោលបំណងសំខាន់មួយដែរ។


លោករដ្ឋមន្រ្តីអ៊ិត សំហេងបានមានប្រសាសន៍ឲ្យដឹងនៅក្រោយជំនួបពិភាក្សាការងារ ជាមួយប្រតិភូតំណាងពាណិជ្ជនាម សម្លៀកបំពាក់ល្បីៗលើពិភពលោក ដឹកនាំដោយលោក Frank Hoffer នាយកប្រតិបត្តិគំនិតផ្ដួចផ្ដើម នៃគម្រោងសកម្មភាពដើម្បីការប្រែប្រួលផ្នែកលក្ខខណ្ឌការងារ ក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ (ACT) នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងមកថា ការពិភាក្សាគ្នានៅថ្ងៃនេះ គឺផ្តោតទៅលើអ្វីដែលជាវឌ្ឍនភាពរបស់គម្រោងACT ដែលបានអនុវត្តក្នុងរយៈពេលកន្លងមកនោះ។ គោលដៅនៃគម្រោងនេះ គឺដើម្បីធ្វើឱ្យមានកិច្ចព្រមព្រៀងរួមគ្នាមួយ ឬហៅថា «អនុសញ្ញារួម» នៅក្នុងក្របខណ្ឌរោងចក្រ និងនៅក្នុងវិស័យ (លើក្របខណ្ឌរោងចក្រ)។
ការពិភាក្សាគ្នាអំពីអនុសញ្ញារួមនេះ គឺធ្វើយ៉ាងណាទាក់ទាញដៃគូពាក់ព័ន្ធនានា ចូលរួមឱ្យបានកាន់តែច្រើន រួមទាំងអ្នកបញ្ជាទិញទាំងឡាយផងដែរ ពីព្រោះប្រសិនបើមានការឯកភាពក្នុងការរៀបចំអនុសញ្ញារួមនេះ អ្នកបញ្ជាទិញក៏ត្រូវធានាថានឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយអ្នកផ្គត់ផ្គង់នៅប្រទេសកម្ពុជា រយៈពេលវែងតទៅមុខទៀត អាចរហូតដល់៤ឆ្នាំ ឬ៥ឆ្នាំ ឬច្រើនជាងនេះ។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យគម្រោង ACT ដាក់បញ្ចូលនូវបញ្ហាផ្សេងៗ ដើម្បីធានាឱ្យកាន់តែប្រសើរឡើង សម្រាប់កម្មករនិយោជិតនៅកម្ពុជា ដូចជា ការធានាឱ្យនិយោជក និងអ្នកបញ្ជាទិញទាំងឡាយ គាំទ្រមកដល់កម្មវិធីរបបសន្តិសុខសង្គម ដែលទាក់ទងនឹងការធានារ៉ាប់រងហានិភ័យការងារ ការថែទាំងសុខភាព ហើយនៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលនឹងដាក់ឱ្យអនុវត្តនូវរបបសោធននិវត្ត។ ក្រៅពីនេះ ឯកឧត្តមក៏បានស្នើឱ្យបញ្ចូលកម្មវិធីផ្សេងទៀត ដូចជា គម្រោងសុវត្ថិភាពចរាចរណ៍ ​បញ្ហាអនាម័យ ​និងសុខភាព ដើម្បីទប់ស្កាត់ករណីដួលសន្លប់ចំពោះកម្មករនិយោជិតក្នុងរោងចក្រនានាជាដើម។
លោកបន្តថា “ទៅថ្ងៃអនាគត គម្រោងACTនេះ នឹងបន្តការពិភាក្សាគ្នាបន្តទៅទៀត ដើម្បីឈានទៅសម្រេចបាននូវការចុះអនុសញ្ញារួមមួយ ដូចមានរៀបរាប់នៅខាងលើ”។
គម្រោងACTគឺជាកិច្ចព្រមព្រៀងថ្មីមួយ រវាងម្ចាស់ម៉ាកកម្រិតពិភពលោកមួយចំនួន អាជីវករលក់រាយ និងសហជីពមួយចំនួន ដើម្បីផ្លាស់ប្តូរឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ និងសម្រេចបានប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករនិយោជិត តាមរយៈការចរចាជាសមូហភាពនៅថ្នាក់វិស័យ ដោយភ្ជាប់ជាមួយនឹងការគាំទ្រក្នុងការកែសម្រួលបែបបទនៃការបញ្ជាទិញ និងម្ចាស់ម៉ាក។
គោលបំណងរបស់ ACT គឺការប្តេជ្ញាចិត្តកម្រិតអន្តរជាតិ ក្នុងការសម្រេចឱ្យបានប្រាក់ឈ្នួលសមរម្យនៅក្នុងវិស័យមួយ ដោយបានបង្កើតឱ្យមានជាក្របខណ្ឌមួយ ដែលគ្រប់ភាគីពាក់ព័ន្ធ រួមមាន ម្ចាស់ម៉ាក និងអាជីវករលក់រាយ សហជីព រោងចក្រ សហគ្រាស និងរាជរដ្ឋាភិបាល អាចអនុវត្តទំនួលខុសត្រូវ និងតួនាទីរបស់ខ្លួន ក្នុងការសម្រេចឱ្យបានប្រាក់ឈ្នួលសមរម្យ៕

ចំណេះដឹង! កម្ពុជារៀបចំវេទិកា​បូអាវ​សម្រាប់​អាស៊ី-សន្និសីទភ្នំពេញ

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ប្រទេសកម្ពុជានឹងរៀបចំវេទិកាបូអាវសម្រាប់អាស៊ី ដ៏ធំមួយក្រោមប្រធានបទការស្វែងរក​ការ​អភិវឌ្ឍនិងភាពឈ្នះ-ឈ្នះ​រួមគ្នា៖កិច្ចប្រឹងប្រែងរួមគ្នា​ក្នុងការនាំមកនូវ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម​រវាងកម្ពុជា-ចិន ក្នុង​សម័យកាលថ្មីមួយ។
វេទិកាដ៏មានសារៈសំខាន់នេះ នឹងប្រារពធ្វើចាប់ពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។


សន្និសីទនេះនឹងមានអ្នកជំនួញ និងឥស្សរជនជាន់ខ្ពស់ជាច្រើននៅកម្ពុជា និងមកពីក្រៅប្រទេសដូចជា លោកលី បាវដុងអគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា។ លោកបណ្ឌិតស៊ូរ៉ាគៀត សាធីរ៉ាថៃអតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសថៃ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាលោកស្យុង បូ លោកជំទាវឧបនាយករដ្ឋមន្រ្តីម៉ែន សំអនរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភានិងអធិការកិច្ចជាដើម។
តើអ្វីទៅជាវេទិកាបូអាវសម្រាប់អាស៊ី?
វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិដែលមិនស្វែងរកប្រាក់ចំណេញ និងមានកាលបរិច្ឆេទសម្រាប់ធ្វើសន្និសីទនិងមានទីស្នាក់ការអចិន្ត្រៃយិ៍ច្បាស់លាស់។

 Pop
វេទិកាបូអាវ​សម្រាប់​អាស៊ី ត្រូវ​បានស្នើបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយលោក Fidel V. Ramos អតីតប្រធានាធិបតីហ្វីលីពីន លោក Bob Hawke អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក Morihiro Hosokawa អតីតនាយករដ្ឋមន្ត្រីជប៉ុន។ វេទិកាបូអាវសម្រាប់អាស៊ី ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០០១ និង​មានទីស្នាក់ការអចិន្រ្តៃយ៍នៅទីក្រុងបូអាវ​ ខេត្តហៃណាន ប្រទេសចិន។ ចាប់ពីឆ្នាំ២០០២ មក វេទិកាបូអាវសម្រាប់អាស៊ី បានរៀបចំសន្និសីទប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងបូអាវ។
វេទិកាបូអាវសម្រាប់អាស៊ី បានទទួលការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសអាស៊ី និងទទួលបានការចាប់អារម្មណ៍ យ៉ាងទូលំទូលាយនៅទូទាំងសាកលលោក។ បច្ចុប្បន្ននេះ វេទិកាបូអាវសម្រាប់អាស៊ី បានក្លាយទៅជាវេទិកាលំដាប់ខ្ពស់មួយសម្រាប់ការសន្ទនាគ្នាក្នុងចំណោមថ្នាក់ដឹកនាំរដ្ឋាភិបាលកម្រិតជាតិ ក្នុង​ចង្កោមថ្នាក់ដឹកនាំវិស័យឧស្សាហកម្មនិងធុរកិច្ច និងក្នុង​ចង្កោមអ្នកប្រាជ្ញនៃបណ្តាប្រទេសនៅទ្វីបអាស៊ី និងទ្វីបដទៃទៀត ដែលធ្វើ​ការសន្ទនាគ្នាអំពីបញ្ហាសំខាន់ៗ នៅទ្វីបអាស៊ីនិងពិភពលោកទាំងមូល។ វេទិកាបូអាវសម្រាប់អាស៊ី មាន​គោលដៅលើកកម្ពស់បណ្តាប្រទេសអាស៊ី ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមតាមរយៈការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។


គោលបំណងនៃវេទិកាបូអាវសម្រាប់អាស៊ី គឺដើម្បី​បង្កើតមូលដ្ឋានខ្លួនឯងនៅក្នុងអាស៊ី ហើយជំរុញនិងធ្វើឲ្យស៊ីជម្រៅនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ី និងរវាងអាស៊ីជាមួយផ្នែកផ្សេងទៀតនៃពិភពលោក។ វេទិកានេះក៏មានគោលបំណងផ្តល់នូវវេទិកាសន្ទនាថ្នាក់ខ្ពស់សម្រាប់រដ្ឋាភិបាល សហគ្រាស អ្នកជំនាញ និងអ្នកប្រាជ្ញ ដើម្បីពិភាក្សាគ្នាអំពីសេដ្ឋកិច្ច សង្គម និងបរិស្ថាន និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។ តាមរយៈបណ្តាញការងាររបស់ខ្លួន ជាមួយនឹងរង្វង់នយោ​បាយ ពាណិជ្ជកម្ម និងការសិក្សាអប់រំ វេទិកាបូអាវសម្រាប់អាស៊ី នឹងបំពេញមុខងារក្នុង​ការ​លើកម្ពស់ភាពរីកចម្រើន​នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងចំណោមសមាជិករបស់ខ្លួន និងរវាងសមាជិករបស់ខ្លួននិងអង្គភាពដទៃទៀត។
ប្រវត្តិ
ចាប់ពីទសវត្សឆ្នាំ១៩៥០មក តាមរយៈកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់បណ្តាប្រទេសនៃទ្វីបអាស៊ី ពួកគេបានសម្រេចនូវសមិទ្ធិផល គួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ពួកគេ ហើយឥទ្ធិពលរបស់ពួកគេលើកិច្ចការក្នុងតំបន់និងអន្តរជាតិបានកំពុងកើនឡើងជាលំដាប់។ ក្នុងអំឡុងពេលពីពីរទៅបីទសវត្សរ៍កន្លងទៅនេះ សេដ្ឋកិច្ចអាស៊ីទាំងមូលបានកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ សេដ្ឋកិច្ចនៃអាស៊ីបូព៌ាកំពុងបន្តអភិវឌ្ឍទៅមុខ ដោយត្រូវបានពិភពលោកចាត់ទុកថា ជាអព្ភូតហេតុអាស៊ីបូព៌ា ដែលក្លាយជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំ និងអស្ចារ្យបំផុតនៅក្នុងសតវត្សរ៍នេះ។ ទោះបីបណ្ដាប្រទេសនៅអាស៊ីបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិហិរញ្ញវត្ថុនៅចុងសតវត្សទី២០ក៏ដោយ ក៏សេដ្ឋកិច្ច​របស់ប្រទេសទាំងនេះត្រូវបានស្តារឡើងវិញយ៉ាងរហ័ស តាមរយៈការកែសម្រួលនិងកំណែទម្រង់ដោយខ្លួនឯង។
ដោយសារបណ្តាប្រទេសភាគច្រើននៅអាស៊ី បន្តអនុវត្តគោលនយោបាយបើកចំហ ដូច្នេះទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងពួកគេ ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង ហើយកិច្ចសហប្រតិបត្តិការក្នុងទម្រង់ផ្សេងៗ ដូចជា ទ្វេភាគី ថ្នាក់តំបន់ អនុតំបន់ និងឆ្លងតំបន់ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររបស់ពួកគេនៅក្នុងវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម ហិរញ្ញវត្ថុ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការដឹកជញ្ជូន និងវប្បធម៌កំពុងបន្តកើនឡើង។
យន្តការអាស៊ាននិងចិន ជប៉ុន និងកូរ៉េខាងត្បូង (១០+៣) បានឈានចូលជាដំណាក់កាលដ៏សំខាន់មួយ។​ កិច្ចសហប្រតិបត្តិការអនុតំបន់ ដូចជា សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេ មេគង្គ និងសមាគមអាស៊ីខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការតំបន់កំពុងតែដំណើរការ។ កិច្ចសហប្រតិបត្តិការឆ្លងតំបន់ ដូចជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) និងវេទិកាអាស៊ីបូព៌ា-អាមេរិកឡាទីន (EALAF) ក៏កំពុងដំណើរការទៅមុខផងដែរ។ តាមការព្យាករណ៍ ទស្សនវិស័យនៃការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីនឹងមានភាពរឹងមាំ។
នៅសតវត្សរ៍ទី២១ សកលភាវូបនីយកម្មសេដ្ឋកិច្ច និងតំបន់ភាវូបនីយកម្មបន្តមានការអភិវឌ្ឍ។ ជាមួយនឹងការបន្តពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចអឺរ៉ុប និងតំបន់ពាណិជ្ជកម្មសេរីអាមេរិកខាងជើង ដែលបន្តមានការអភិវឌ្ឍ។ បណ្តាប្រទេសនៅអាស៊ីទទួលបានឱកាសដ៏អស្ចារ្យ ក៏ដូចជា ប្រឈមនឹងបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើន។ ទាំងនេះតម្រូវឱ្យពួកគេពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ជាមួយផ្នែកផ្សេងទៀតនៃពិភពលោក និងបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការគ្នា។ ជាការពិត ឥឡូវនេះវាគឺជាកិច្ចការរួមមួយសម្រាប់ពួកគេ ដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងដោយសកលភាវូបនីយកម្ម ដើម្បីរក្សាកំណើនសេដ្ឋកិច្ចល្អរបស់ អាស៊ី និងពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការរបស់ពួកគេ។
ទោះបណ្ដា​ប្រទេសនៅអាស៊ី បានចូលរួមក្នុងសន្និសីទ និងអង្គការអន្តរជាតិជាច្រើនដូចជា APEC និង PECC ក្តី ក៏ជារួមអាស៊ីខ្វះនូវវេទិកាមួយដែលដឹកនាំដោយអាស៊ីផ្ទាល់ និងបង្កើតឡើងតាមទស្សនវិស័យផ្ដោតលើ​ផលប្រយោជន៍ និងទស្សនៈរបស់អាស៊ី ហើយ​វេទិកានេះ គឺជាវេទិកាដែលមានគោលដៅ សម្រាប់ធ្វើការពិភាក្សាអំពីបញ្ហានៅអាស៊ី និងមានបំណងពង្រឹង​កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទៅវិញទៅមក​ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ី និងរវាងបណ្តាប្រទេសនៅអាស៊ីនិងផ្នែកផ្សេងទៀតនៃពិភពលោក។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ នាខែកញ្ញា ឆ្នាំ១៩៩៨ អតីតប្រធានាធិបតីហ្វីលីពីន លោក Fidel V. Ramos អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Bob Hawke និងអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Morihiro Hosokawa បានស្នើបង្កើតវេទិកាអាស៊ីមួយដែលស្រដៀងនឹងវេទិកាសេដ្ឋកិច្ចពិភពលោកដែលមានទីស្នាក់ការនៅដាវ៉ូស។
គោល​គំនិតនៃ “វេទិកាអាស៊ី” ដែលត្រូវបានគេលើកឡើងម្តងហើយនោះ ត្រូវបានទទួលយកជាឯកច្ឆន្ទពីបណ្តាប្រទេសនៅអាស៊ី។ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៩៩ នៅទីក្រុងប៉េកាំង ឯកឧត្តម ហ៊ូ ជីនតាវ អនុប្រធានាធិបតីចិនបានជួបជាមួយ ឯកឧត្តម Fidel V. Ramos និង ឯកឧត្តម​ Bob Hawke ដែលបានមកប្រទេសចិន ដើម្បីពិភាក្សាជាពិសេសអំពីវេទិកាអាស៊ី។ បន្ទាប់ពី ឯកឧត្តម Fidel V. Ramos និង ឯកឧត្តម​ Bob Hawke ដែល​ជាអ្នក​ផ្ដួចផ្ដើម​នៃវេទិកានេះបាន​រៀបរាប់សង្ខេបរួច ឯកឧត្តម ហ៊ូ ជីនតាវ បានជម្រាបថា រដ្ឋាភិបាលចិនតែងតែគាំទ្រ និងផ្ដល់​សារៈសំខាន់​ចំពោះកិច្ចសហប្រតិបត្តិការនិងកិច្ចសន្ទនាថ្នាក់​តំបន់នៅពហុកម្រិត និងតាមមធ្យោបាយនិងទម្រង់ចម្រុះ។
ឯកឧត្តមបានចាត់ទុកការបង្កើតវេទិកានេះ មានអំណោយផលក្នុងការលើកកម្ពស់ការយល់ដឹង ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់។ រដ្ឋាភិបាលចិននឹងយកគំនិតនេះ មកសិក្សា​ដោយប្រុងប្រយ័ត្ននិងជាវិជ្ជមាន ហើយនឹងផ្តល់នូវការគាំទ្រនិងកិច្ចសហប្រតិបត្តិការចាំបាច់ទាំងអស់។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ហ៊ូ ជីនតាវ បានសង្កត់ធ្ងន់ថា ដោយសារការទទួលស្គាល់ ការយល់ដឹង និងការគាំទ្ររបស់រដ្ឋាភិបាលពាក់ព័ន្ធមានសារៈសំខាន់ចំពោះការបង្កើតវេទិកានេះ ចិនមានបំណងចង់ដឹងថែមទៀតអំពីការឆ្លើយតបរបស់ប្រទេសដទៃលើបញ្ហានេះ។ ជាការឆ្លើយតបពីរដ្ឋាភិបាលនៃបណ្តាប្រទេសពាក់ព័ន្ធនៅអាស៊ី ចិន​ទទួលបាន​លទ្ធផល​ជាវិជ្ជ​មាន។
អាស្រ័យហេតុនេះ ពិធីសម្ពោធវេទិកាបូអាវ​សម្រាប់​អាស៊ី ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី២៦-២៧ ខែកុម្ភៈឆ្នាំ២០០១ នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ អតីតមេដឹកនាំនៃប្រទេសចំនួន២៦ រួមមាន ឯកឧត្តម Fidel V. Ramos អតីតប្រធានាធិបតីហ្វីលីពីន ឯកឧត្តម Bob Hawke អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី ឯកឧត្តម Yasuhiro Nakasone អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Sergey Terechshenko អតីតនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន និង ឯកឧត្តម PunsalmaaOchirbat អតីតប្រធានាធិបតីម៉ុងហ្គោលី បានចូលរួមក្នុងពិធីនេះ។
ឯកឧត្តម Jiang Zemin ប្រធានាធិបតីចិន លោកបណ្ឌិត Mahathir bin Mohammad នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម H.M. BirendraBirBikram Shah Dev ដែលជាស្តេចចុងក្រោយប្រទេសនេប៉ាល់ និងឯកឧត្តម Nguyen Manh Cam ឧបនាយករដ្ឋមន្រ្តីវៀតណាម ក៏បានចូលរួមជាភ្ញៀវកិត្ដិយសថ្លែងសុន្ទរកថាក្នុង​ពិធីសម្ពោធនេះផងដែរ។ វេទិកា​បូអាវ​សម្រាប់​អាស៊ី ត្រូវបានដាក់ដំណើរការជាផ្លូវការនៅក្នុងពិធីសម្ពោធនេះ។ សេចក្តីប្រកាសស្តីពីវេទិកា​បូអាវ​សម្រាប់​អាស៊ី និងគោលការណ៍ណែនាំនៃធម្មនុញ្ញរបស់វេទិកា​បូអាវ​សម្រាប់​អាស៊ី ក៏ត្រូវបាន អនុម័តក្នុងពិធីសម្ពោធនេះដែរ។ ពិធីសម្ពោធនេះគឺជាជោគជ័យដ៏ធំធេង ហើយទទួលបានចំណាប់​អារម្មណ៍ពីសហគមន៍អន្តរជាតិ។
ការ​ជ្រើសរើស​យកទីក្រុងបូអាវ ខេត្តហៃណាន ជា​ទីស្នាក់ការ​សម្រាប់​វេទិកា​បូអាវសម្រាប់​អាស៊ី គឺដោយសារមានសំណើពី​អតីតថ្នាក់​ដឹកនាំនៃតំបន់អាស៊ីមួយចំនួន បានស្នើទៅថ្នាក់ដឹកនាំចិនដាក់ ​ទីស្នាក់របស់វេទិកា​បូអាវ​សម្រាប់​អាស៊ីនេះ​នៅប្រទេសចិន។ ពួកគេបានចាត់ទុកថា ខេត្តហៃណានដែលជាតំបន់សេដ្ឋកិច្ច ពិសេសដ៏ធំបំផុតរបស់ប្រទេ​សចិន ជាតំបន់ពិសោធន៍មួយសម្រាប់ប្រទេសចិន ក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសហគមន៍អន្តរជាតិ។
ក្នុង​គោលបំណង​ប្រែក្លាយខ្លួន​ទៅជាខេត្តមួយ ដែលផ្ដោតលើអេកូឡូស៊ី ខេត្តហៃណានបានបង្ហាញពិភពលោកថា ការអភិវឌ្ឍ នាពេលបច្ចុប្បន្ននិងអនាគតរបស់ខ្លួន គឺផ្ដោតទៅលើការ​អនុវត្តឧស្សាហកម្មអេកូឡូស៊ីដែលជាតំបន់ទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អាស៊ីនិងអន្តរជាតិ និងឆ្លើយតបនឹងនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក។ លើសពីនេះ ទីក្រុងបូអាវ គឺជាតំបន់មានមុខងារទូលំទូលាយ ដែលត្រូវបានរៀបចំឡើងជាពិសេសសម្រាប់វេទិកា​បូអាវ​សម្រាប់​អាស៊ីនិងមានលក្ខណៈអេកូឡូស៊ី ការកម្សាន្ត ទេសចរណ៍ បណ្ដុំ​ព័ត៌មាន និងមាន​សេវា សន្និសីទនិងការតាំងពិព័រណ៍ ព្រមទាំងមានបរិយាកាសនិងភូមិសាស្រ្តបែបធម្មជាតិជាទីពេញចិត្ត។
នៅខែតុលាឆ្នាំ១៩៩៩ នៅក្នុងជំនួបជាមួយអ្នកផ្តួចផ្តើម នៃវេទិកាបូអាវ​សម្រាប់​អាស៊ី ឯកឧត្តម ហ៊ូ ជីនតាវ បានសន្យាផ្ដល់​ការគាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិការលើការបង្កើតវេទិកា​បូអាវ​សម្រាប់​អាស៊ីនេះឡើង។ រដ្ឋាភិបាលខេត្តហៃណានបានផ្តល់ការគាំទ្រពិតប្រាកដក្នុងវិស័យជាច្រើន សម្រាប់​ការបង្កើត​វេទិកា​បូអាវ​សម្រាប់​អាស៊ី ហើយបានសន្យាថា នឹងបន្តផ្តល់នូវសេវាកម្មប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ដល់ការបង្កើតនិងដំណើរការនៃវេទិកា​បូអាវ​សម្រាប់​អាស៊ី​នេះ៕

ស្វែងយល់ពីអាស៊ី! សណ្ឋាគារខ្ពស់កប់ពពកចំនួន៣ កំពុងរះឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

0

ដោយ វុត្ថា

ភ្នំពេញ៖ តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងតែមានសក្តានុពលសេដ្ឋកិច្ច និងការរីកលូតលាសនូវអគារខ្ពស់កប់ពពកជាច្រើនប្រភេទ មិនចាញ់តំបន់អឺរ៉ុប និអាហ្រ្វិកឡើយ ដោយនាពេលបច្ចុប្បន្ននេះ មានសណ្ឋាគារខ្ពស់កប់ពពកចំនួន៣ កំពស់ខ្ពស់កប់ពពកំពុងមានប្រជាប្រិយភា និងទាក់ទាញសម្រាប់ពិភពលោក ជាពិសេសសម្រាប់អ្នកទេសចរណ៍ដែលចូលចិត្តធ្វើដំណើរកម្សាន្ត និងស្វែងរកបទពិសោធថ្មីសម្រាប់ជីវិត។

សណ្ឋាគារខ្ពស់កប់ពពកទាំង ៣ នោះរួមមាន៖

១/ សណ្ឋាគារ Conrad Xiamen

សណ្ឋាគារ Conrad Xiamen គឺជាសណ្ឋាគារខ្ពស់កប់ពពកមួយស្ថិតនៅក្នុងប្រទេសចិនដែលមានកម្ពស់៣០០ម៉ែត្រ។ សណ្ឋាគារនេះស្ថិតនៅជាប់នឹងឆ្នេរសមុទ្រ និងតំបន់ដែលមានប្រជាប្រិយភាព ដូចជា សួន Xhiamen Botanical  និងសួន Haiwan ដែលនៅមិនឆ្ងាយពីសណ្ឋាគារនេះ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលស្នាក់នៅក្នុងសណ្ឋាគារនេះអាចគយគន់ បេតិកភណ្ឌពិភពលោកដែលបានចុះបញ្ជីនៅអង្គការUNESCO គឺកោះGulangyuដ៏ល្បីល្បាញ ពីមាត់បង្អួចសណ្ឋាគារបាន។ នៅក្នុងសណ្ឋាគារនេះ មានទាំងបារ និងភោជនីយដ្ឋានដែលផ្តល់នូវម្ហូបអាហារបែបចិនយ៉ាងឆ្ងុយឆ្ងាញ់ ដូចជា គ្រឿងសមុទ្រ និងតែដ៏ល្បីល្បាញរបស់ចិនកផងដែរ។

២/ សណ្ឋាគារ Waldorf Astoria Bangkok

សណ្ឋាគារ Waldorf Astoria Bangkok គឺជាអគារខ្ពស់កប់ពកមួយស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលទើបនឹងសម្ពោធដាក់ដំណើរការជាផ្លូវការ។ វាត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនវីស្វកម្មហុងកុង Andre Fu ដែលធ្លាប់រចនាប្លង់អគារខ្ពស់កប់ពពកជាច្រើននៅក្នុងពិភពលោក។ សណ្ឋាគារនេះ ស្ថិតចំកណ្តាលតំបន់សេដ្ឋកិច្ចរបស់ទីក្រុងបាងកក Ratchaprasong ព័ទ្ធជុំវិញដោយផ្សារ។

សណ្ឋាគារនេះមានបន្ទប់ចំនួន១៧១។ សម្រាប់ជាន់ទី១៦វិញ មានកន្លែងហាត់ប្រាណ និងអាងហែលទឹក។ នៅជាន់ខ្ពស់បង្អស់ផ្តល់ជូននូវអាហារ និងភេសជ្ជៈគ្រប់ប្រភេទ មិនត្រឹមតែប៉ុណ្ណោះអាចគយគន់ទេសភាពទីក្រុង បានយ៉ាងស្រស់ត្រកាល។ ភ្ញៀវទាំងឡាយ អាចកាម៉ង់ម្ហូបអាហារតាមដែលខ្លួនពេញចិត្តមានដូចជាសាច់អាំង គ្រឿងសមុទ្រ ជាមួយនឹងភោជនីយដ្ឋានដ៏ល្បីល្បាញBull and Bear ។ ជាងនេះទៅទៀតសណ្ឋាគារនេះក៏ផ្តល់ជូននៅស្រាក្រឡុក និងមានបារ នៅជាន់ទី៥៧ផងដែរ។

៣/ សណ្ឋាគារ Hilton Surfers Paradise

សណ្ឋាគារHilton Surfers Paradise ស្ថិតនៅក្នុងប្រទេសអូស្រ្តាលី មានកំពស់ ១៩៤ ម៉ែត្រ គឺជាសណ្ឋាគារដែលល្បីល្បាញ និងខ្ពស់កប់ពពកមួយនៅជាប់ច្រាំងសមុទ្រ Gold Coast ។ សណ្ឋាគារនេះ មានបន្ទប់ទទួលភ្ញៀវ១៦៩បន្ទប់ និងបន្ទប់គេង២២០ មានគ្រែរហូតដល់៤ក្នុងមួយបន្ទប់ថែមទៀត។

សណ្ឋាគារដែលនៅជាប់នឹងសមុទ្រនេះ មានទាំងកន្លែងលំហែកាយនៅខាងក្រៅ មានបារ អាងហែលទឹក ស្បារ និង សួនកម្សាន្តជាច្រើនផ្សេងទៀតដែលអាចគយគន់ទេសភាពសមុទ្រ និងព្រៃនៅជុំវិញនោះបាន។

មិនត្រឹមតែប៉ុណ្ណោះមានភោជនីយដ្ឋាន ដែលផ្តល់នូវម្ហូបស្រស់ៗ ដូចជា គ្រឿងសមុទ្រ ស្រាក្រឡុក និងភេជ្ជៈផ្សេងទៀតជាច្រើនមុខ៕

ក្រុមហ៊ុនជាង ៣០០ មកពី២៦ប្រទេស ចូលរួមពិព៌ណឧស្សាហកម្មម្ហូបអាហារនៅភ្នំពេញ

0

ដោយ ស៊ីវ ម៉េង

       ភ្នំពេញ៖ ក្រុមហ៊ុនជាតិ អន្តរជាតិជាង ៣០០មកពីប្រទេសចំនួន២៦បានចូលរួមពិព៌ណម្ហូបអាហារ និងភេសជ្ជនៅកម្ពុជា ដែលបាននិងកំពុងរៀបចំឡើងនៅទីក្រុងកោះពេជ្រ​។

លោក Andrew Siow អគ្គនាយកក្រុមហ៊ុន AMB Tarus Events Group បានឲ្យ ដឹងក្នុងពិធីបើកពិព៌ណនាព្រឹកថ្ងៃទី១៩កញ្ញានេះថា ព្រឹត្តិការណ៍រៀបចំតាំងពិព័រណ៍លើវិស័យម្ហូបអាហារ ផលិតផលភេសជ្ជៈ និងផលិតផលផ្គត់ផ្គង់វិស័យបដិសណ្ឋាកិច្ចលើកទី៦នេះ ទទួលបានការចូលរួមពីក្រុមហ៊ុនជាង៣០០ក្រុមហ៊ុន មកពី ២៦ប្រទេស រួមមានប្រទេសចិន បារាំង អ៊ីតាលី ហុងគ្រី ម៉ាឡេស៊ី តែវ៉ាន់ ថៃ សឹង្ហបុរី និងសហរដ្ឋអាមេរិកជាដើម។

លោកបន្តថា“ព្រឹត្តិការណ៍នេះជាការផ្តល់ឱកាសសម្រាប់ឧស្សាហកម្ម ក្នុងការស្វែងរកប្រភពថ្មីៗមកផ្គត់ផ្គង់បន្ថែម ជាមួយនឹងគំនិតច្នៃប្រឌិតប្លែកៗ ដើម្បីជាដំណោះស្រាយឈានទៅរកភាពជោគជ័យក្នុងវិស័យនេះ”។

​ ប្រធានសហព័ន្ធទេសចរកម្ពុជាលោកលូ ម៉េងបានមានប្រសាសន៍ឲ្យដឹងផងដែរថា វិស័យម្ហូបអាហារនេះនៅកម្ពុជា កំពុងដើរឆ្ពោះទៅមុខប្រកបដោយភាពជោគជ័យ ជាក់ស្តែងនៅរាជធានីភ្នំពេញ ម្ចាស់ភោជនីយដ្ឋានជាង២ពាន់នាក់ទទួលបានពានរង្វាន់ ជាចុងភៅនិងប្រភេទអាហារដែលមានគុណភាព ក្នុងនោះប្រភេទអាហារដែលកំពុងបម្រើសេវាមានជាង៣០ប្រទេស ដើម្បីបម្រើដល់សេវាហូបចុក  ដែលជាផ្នែកមួយជួយជម្រុញ និងកំពុងពង្រីកវិស័យនេះប្រកបដោយសក្តានុពល ដើម្បីជម្រុញការទាក់ទាញកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបន្តថា “គុណភាពម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជាត្រូវបានពង្រឹង និងមាន​ភាពសម្បូរបែប ដោយភ្ញៀវទេសចរណ៍អាចកុំម៉ង់មុខម្ហូបប្លែកៗគ្នារយៈពេល១សប្តាហ៍បាន”។

រដ្ឋលេខាធិការក្រសួងទេសចរណ៍លោកប៉ាក់ សុខុមបានថ្លែងថា វិស័យទេសច​រណ៍នៅកម្ពុជា អ្វីដែលធ្វើឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិមានការចាប់អារម្មណ៍ និងមានការកើនឡើងនោះ គឺកម្ពុជាមានតំបន់ទេសចរណ៍ជាច្រើនបន្ថែមទៀត លើតំបន់ទេសចរណ៍វប្បធម៌នានា ដែលសុទ្ធសឹងជាកន្លែងទាក់ទាញ និងបានស្រូបយកសត្តានុពលភ្ញៀវទេសចរណ៍ ចូលមកទស្សនាកាន់តែច្រើនឡើងៗ និងមានគ្រប់ជនជាតិខុសៗគ្នាផងដែរ។

លោកបន្តថា ក្រៅពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍តំបន់ទេសចរនៅក្នុងស្រុក វិស័យម្ហូបអាហារ ផលិតផលភេសជ្ជៈ និងផលិតផលផ្នែកបដិសណ្ឋាកិច្ច គឺជារឿងសំខាន់បំផុត សម្រាប់ផ្គត់ផ្គង់ទៅតាមតម្រូវការជាអាហារ ឬផលិតផលដែលមានអនាម័យ និងមានគុណភាពខ្ពស់ ដើម្បីផ្តល់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព៕

អាគារ Burj Khalifaកំពស់៨២៨ម៉ែត្រស្ថាបត្យកម្មលេខ១លើលោកពិសេសដូចម្តេច?

0

ដោយ :វុត្ថា
ភ្នំពេញ :  លោក អ្នកប្រហែលជាដឹងហើយពីអាគារខ្ពស់ជាងគេនៅលើពិភពលោក ស្ថិតក្នុងប្រទេសណា ប៉ុន្តែប្រ​ហែ​លមិនទាន់ដឹងពីភាពអស្ចារ្យនៃអាគារនេះនៅឡើយទេ។ ការពិតអាគារនេះជាអាគារមិនត្រឹមតែខ្ពស់ទេ តែជាអាគារអ ស្ចារ្យបំផុតនៅប្រទេសអារ៉ាប់មានឈ្មោះថា Burj Khalifa ឬហៅថា ប៉ម Khalifa ដែលមានកំពស់ប្រមាណជា៨២៩.៨ ម៉ែត្រ។
អគារមួយនេះគឺជាអាគារខ្ពស់ជាងគេនៅលើលោក។ អគារនេះដ៏អស្ចារ្យមួនេះ បានបំបែកកំណត់ត្រាពិភពលោកជាច្រើនដែលមានប៉មខ្ពស់ជាងគេនៅលើពិភពលោក។

ការសាងសង់អគារ Burj Khalifa បានចាប់ផ្តើមនៅឆ្នាំ២០០៤ ដែលចំណាយពេលប្រមាណជា៥​ឆ្នាំ ហើយបានបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ ២០០៩ ព្រមទាំងត្រូវគេបានបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០១០ ។ អគារនេះ វាជាផ្នែកមួយនៃការអភិវឌ្ឍនៃទីក្រុងឌូបៃ (Downtown Dubai) ។ ការសម្រេចចិត្តសាងសង់អាគារនេះ ត្រូវបានគេនិយាយថាគឺការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មពីវិស័យប្រេងកាត និងសម្រាប់អោយបរទេសទទួលស្គាល់ជាអន្តរជាតិ។ អាគារនេះត្រូវបានគេដាក់ឈ្មោះមុនដំបូងថា Burj Dubai ប៉ុន្តែក្រោយមកត្រូវបានប្តូរឈ្មោះទៅវិញ ដើម្បីជាការផ្តល់កិត្តិយដល់អ្នកគ្រប់គ្រង គឺលោគ អាប៊ូដាប៊ី និងប្រធានាធិបតី អេមីរ៉ាតអារ៉ាប់រួម ឈ្មោះថា Khalifa bin Zayed Al Nahyan ។
អគារ Burj Khalifa ត្រូវបានរចនាឡើងដោយ លោក Adrian Smith បន្ទាប់មកគឺ លោក Skidmore, Owings & Merrill (SOM) ដែលក្រុមហ៊ុនរបស់ពួកគេបានកសាងអគារ Willis Tower និង One World Trade Center ។ ក្រុមហ៊ុន Hyder Consulting ត្រូវបានជ្រើសរើសក្នុងការត្រួតពិនិត្យនៃអាគារទាំងមូល ហើយក្រុមហ៊ុនNORR Group Consultants International Limited ក៏ត្រូវបានជ្រើសរើសត្រួតពិនិត្យគម្រោងស្ថាបត្យកម្មផងដែរ។ រចនាបទមួយចំនួនត្រូវបានគេចំលងមកពីស្ថាបត្យកម្មវិហារឥស្លាម ដូចជា យកមកពីវិហារអ៊ីស្លាមសាម៉ារ៉ា។ ធរណីមាត្រត្រីកោណនៃអាគារនេះមានរាងY ត្រូវបានរចនាឡើង ដើម្បីបង្កើនប្រសិទ្ធភាពបន្ទប់ស្នាក់នៅ និងសណ្ឋាគារ។ ស្នូលកណ្តាលនិងស្លាបសង់ខាងត្រូវបានប្រើដើម្បីទ្រទ្រង់កំពស់នៃអាគារ។
រចនាសម្ព័ន្ធនៃអគារនេះ ក៏មានលក្ខណៈពិសេសដែលត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងសីតុណ្ហភាពក្តៅនៅ រដូវក្តៅរបស់ទីក្រុងឌូបៃ។ វាមានជណ្តើរយោងចំនួនសរុប៥៧ និង ជណ្ឌើរយន្តចំនួន៨។ អគារ Burj Khalifa ជាទូទៅមានវិជ្ជមានសម្រាប់ទទួលស្វាគមន៍ភ្ញៀវទូទៅ ហើយអគារនេះបានទទួលពានរង្វាន់ជាច្រើន។
នៅក្នុងអគារ Burj Khalifa មានផ្ទះចំនួន៣០,០០០យូនីត សណ្ឋាគារចំនួន៩ សួនឧទ្យានចំនួន៣ហិកតា ប៉មលំនៅដ្ឋានចំនួន១៩ ផ្សារទំនើប និងមានអាងទឹកនទំហំ១២ហិកតា៕

អស្ចារ្យ! កម្ពុជាក្លាយជាទិសដៅសម្រាប់ជនបរទេសជ្រើសរើសស្នាក់នៅក្រោយ ចូលនិវត្សរ៍

0

ដោយ : វុត្ថា
ភ្នំពេញ : សារព័ត៌មានល្បីល្បាញCNBC បានចុះផ្សាយថា ជនបរទេសតែងតែសំលឹងមើលប្រទេសសម្រាប់ការរស់នៅ និងមានការចំណាយតិចសម្រាប់ជីវិតចុងក្រោយរបស់ពួក បន្ទាប់ពីពួកគេចូលនិវត្សរ៍។
យោងតាមទូរទស្សន៍CNBC ដែលបានដកស្រង់របាយការណ៍ស្រាវជ្រាវពីគេហ​ទំព័រ International Living ស្តីពី New Report on Capital City ថា ប្រទេសកម្ពុជាគឺជាទិសដៅសម្រាប់ជនបរទេស ដែលមានបំណងរស់នៅក្រោយចូលនិវត្សរ៍ ក្នុងចំណោមប្រទេសចំនួន៥នៅក្នុងពិភពលោក ដែលផ្តល់នូវជីវិតស្រស់ថ្លា ដោយសារប្រទេសមានវប្បធម៌ល្អ សម្បូរបែប មានហេដ្ឋារចនាសម្ព័ន្ធល្អ មានទាំងអគារចាស់ជំនាន់បារំាងដែលសល់ពីអាណានិគមន៍ និងមានជម្រើសច្រើនចំពោះចំណីអាហារ និងការកម្សាន្តផ្សេងៗ ។ ជាពិសេសការចំណាយតិចក្រោម៣៧,០០០ ដុល្លារក្នុងមួយឆ្នាំ។


សារព័ត៌មានដ៏ល្បីនេះបានឲ្យដឹងទៀតថា ទីក្រុងចំនួន៤ផ្សេងទៀត ក៏ជាកន្លែងសម្រាប់រស់នៅរបស់ជនចូលនីវត្តផងដែរ ដូចជា ទីក្រុង Quito ប្រទេស Ecuador ឈរនៅលំដាប់លេខរៀងទី ១ ព្រោះមានការចំណាយពី១៩,៨០០ ដុល្លារ ទៅ២១,៩០០ ដុល្លារក្នុងមួយឆ្នាំ។ ទីក្រុងហាន់ណូយប្រទេសវៀតណាម ទីក្រុងប៉ាណាម៉ា និង ប្រទេសប៉ក់ទុយកាលក្នុងតំបន់អឺរ៉ុប ក៏ជាប់ជាទីក្រុងដែលចំណាយលើការស្នាក់នៅតិចផងដែរ។
សារព័ត៌មានេះ បានបរិយាយទៀតថា ប្រទេសទាំងប្រាំនេះ មានអាកាសធាតុល្អ ម្អូបអាហារមានប្រជាប្រិយភាព ឳជារស ប្រព័ន្ធអិនធើណិតមានល្បឿនលឿន ហេដ្ឋារចនាសម្ព័ន្ធល្អ អគារសល់ពីបុរាណច្រើន មានទន្លេ និងសមុទ្រសម្រាប់ស្រូបយកខ្យល់អាកាសក្នុងពេលវិសមកាល ព្រមទាំងមានវប្បធម៌ ប្រពៃណីជាគួជាទីចាប់អារម្មណ៍នៅក្នុងពិភពលោក។
អ្វីដែលកាន់តែសំខាន់នោះ គឺថារាល់ការចំណាយផ្សេងនោះ ក្រោម៣ម៉ឺនដុល្លារសហរដ្ឋអាមេរិកសម្រាប់គូស្វាមីភរិយាចូលនីវត្ត៕