ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ស្រុកចំនួន៤នៅខេត្តកណ្តាល ដែលព័ទ្ឋជុំវិញរាជធានីភ្នំពេញ កំពុងទាក់ទាញការវិនិយោគលើគំរោងអចលនទ្រព្យកាន់តែច្រើន ដោយសារការទទួលឥទ្ឋិពលពីការអភិវឌ្ឍនៅរាជធានីភ្នំពេញ។
ស្រុកចំនួន៤ ដែលកំពុងតែក្លាយទៅជាគោលដៅរបស់អ្នកវិនិយោគផ្នែកអចលនទ្រព្យ ជាពិសេសលើវិស័យលំនៅដ្ឋានតែម្ដងនោះរួមមាន ស្រុកកៀនស្វាយដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្រុកអង្គស្នួល ស្ថិតនៅតាមបណ្តោយជាតិលេខ៤ ស្រុកពញាឮ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ និងស្រុកមុខកំពូលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេ ៦A។
-->
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៧ មិថុនានេះថា បច្ចុប្បន្ននេះ ដីដែលស្ថិតនៅតាមបណ្តាស្រុកទាំងនោះ កំពុងមានភាពទាក់ទាញខ្លាំង ជាពិសេសតំបន់ដែលស្ថិតនៅជាប់នឹងផ្លូវជាតិសំខាន់ៗតែម្ដង ។ លោកបានបន្តទៀតថា តំបន់ទាំងអស់នេះស័ក្ដិសម និងអាចផ្តល់ឱកាសយ៉ាងល្អប្រសើរ ទៅដល់បណ្តាអ្នកវិនិយោគនានា ទាំងការទិញ-លក់ ក៏ដូចជាអ្នកអភិវឌ្ឍលើគម្រោងសំណង់លំនៅដ្ឋាន។
លោកបានបន្តទៀតថា “បច្ចុប្បន្ននេះក្រៅពីមានសក្ដានុពល ទៅលើវិស័យសំណង់លំនៅដ្ឋាន វាក៏មានតម្រូវការខ្ពស់ពីសំណាក់បណ្តារោងចក្រ សហគ្រាស និងវិស័យឃ្លាំងផងដែរ ដោយសារតែអ្នកជំនួញ ដែលស្ថិតនៅក្នុងវិស័យពាក់ព័ន្ធត្រូវអនុវត្តទៅតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ដែលតម្រូវឱ្យរុះរើទៅកាន់តំបន់ជាយក្រុងដែលស្ថិតនៅតាមបណ្តាស្រុកទាំងអស់នេះ ជាពិសេសនៅតាមបណ្តាផ្លូវសំខាន់ៗ ដែលអនុគ្រោះដល់ការដឹកជញ្ជូន”។ លោកបញ្ជាក់ទៀតថា “ផ្លូវសំខាន់ៗដែលមានសក្ដានុពលខ្លាំង គឺផ្លូវជាតិលេខ១ និងតំបន់ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលស្ថិតនៅក្នុងស្រុកកៀនស្វាយ ផ្លូវជាតិលេខ៤ស្ថិតនៅស្រុកអង្គស្នួល ផ្លូវជាតិលេខ៥ស្ថិតស្រុកពញាឮ ដោយឡែកផ្លូវជាតិលេខ៦A មានអំណោយផលទៅលើវិស័យលំនៅដ្ឋានកម្រិតមធ្យម”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ទទួលស្គាល់ថា នៅក្នុងចំណោមបណ្តាស្រុកទាំងអស់ របស់ខេត្តកណ្តាល ដែលហ៊ុព័ទ្ធរាជធានីភ្នំពេញ ដូចដែលបានរៀបរាប់ខាងលើនេះ ពិតជាកំពុងតែមានភាពទាក់ទាញលើការវិនិយោគ និងអភិវឌ្ឍវិស័យលំនៅដ្ឋានយ៉ាងប្រាកដមែន។ លោកឧកញ៉ាបានបន្តទៀតថា “នៅតាមបណ្តាស្រុកដែលស្ថិតនៅជាប់ជាយរាជធានីភ្នំពេញ គឺសុទ្ធតែមានសក្ដានុពលទាំងអស់ ដែលវាជាចំហាយរុញច្រានចេញពីមជ្ឈមណ្ឌលពាណិជ្ជកម្មនៃរាជធានីភ្នំពេញ។
លោកបានបន្តទៀតថា “ស្រុកទាំងអស់នេះមានភាពទាក់ទាញមិនដូចជាគ្នាទេ ដូចជាតំបន់ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ និងតំបន់ផ្លូវជាតិលេខ៤ ក្នុងអង្គស្នួល និងតំបន់ផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកពញាឮ មានភាពទាក់ទាញលើវិស័យចំនួនពីរ”។
ទី១ វិស័យលំនៅដ្ឋាន (នៅជាយក្រុង) និងវិស័យឧស្សាហកម្ម ដោយសារតែមានភាពងាយស្រួលក្នុងការដឹកជញ្ជូន។ ទី២ ដោយឡែកតំបន់ដែលស្ថិត តាមបណ្តោយផ្លូវជាតិលេខ៦A វិញ គឺមានភាពអំណោយផលជាពិសេស ទៅលើវិស័យលំនៅដ្ឋានកម្រិតមធ្យម ខណៈដែលបច្ចុប្បន្ននេះ ឃើញមានក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានជាច្រើន បានសម្រុកទៅវិនិយោគនៅតំបន់នេះ ដែលក្នុងនោះក៏មានវត្តមានបុរីធំៗ និងល្បីឈ្មោះមួយចំនួនផងដែរ ដូចជា បុរីវិមានភ្នំពេញ ដែលស្ថិតនៅជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលី ហួរ ជាដើម៕