ប្រែសម្រួលដោយ យុទ្ធ
សិង្ហបុរីៈ ការលក់អចលនទ្រព្យនៅសិង្ហបុរីបានកើនឡើង ៣០ភាគរយ កាលពីខែមុន ដោយសារកំណើននៃតម្រូវការខុនដូប្រណីត។
យោងតាមទិន្នន័យរបស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង នៃប្រទេសសឹង្ហបុរី ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទបានឲ្យដឹងថា លំនៅដ្ឋានឯកជនសរុបចំនួន៩៥២យូនីត ត្រូវបានលក់នៅក្នុងខែឧសភា បានកើនឡើងពីចំនួន៧៣៥យូនីតធៀបនឹងខែមេសាឆ្នាំនេះ។
-->
ក្រុមហ៊ុន OrangeTee & Tie Pte បានឲ្យដឹងថា ជិត៣០ភាគរយនៃអចលនទ្រព្យដែលបានលក់ក្នុងតម្លៃជាង២ពាន់ដុល្លារសិង្ហបុរី (១,៤៦០ ដុល្លារ) ក្នុងមួយហ្វូតការ៉េ (រង្វាស់អាមេរិក) ហើយលំនៅដ្ឋានថ្មីចំនួន ៤៨យូនីត ត្រូវបានលក់ក្នុងតម្លៃ៣លានដុល្លារសិង្ហបុរី ឬច្រើនជាងនេះ។
ទីផ្សារអចលនទ្រព្យរបស់រដ្ឋ អាចនឹងទទួលបានផលប្រយោជន៍ ពីអ្នកវិនិយោគដែលចង់វិនិយោគប្រាក់របស់លើអចលនទ្រព្យ។ នេះបើយោងតាម លោកស្រី Christine Sun ប្រធានផ្នែកស្រាវជ្រាវនិងពិគ្រោះយោបល់នៃក្រុមហ៊ុន OrangeTee។
លោកស៊ុនបាននិយាយថា “អស្ថិរភាពភូមិសាស្ត្រនយោបាយ និងភាពចលាចលសង្គមជុំវិញតំបន់នេះ រួមជាមួយសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិនកាន់តែតានតឹងអាចធ្វើឲ្យអ្នកវិនិយោគរកកន្លែងសុវត្ថិភាព សម្រាប់ការវិនិយោគរបស់ពួកគេ។ វិនិយោគិនជាច្រើនប្រហែលអាចកាត់បន្ថយការវិនិយោគទុនបន្ថែមទៀត ហើយជ្រើសរើសទីតាំងអចលនទ្រព្យដែលមានសុវត្ថិភាព ឬផ្លាស់ប្តូរទុនវិនយោគរបស់ពួកគេពីប្រទេស ដែលមានហានិភ័យខ្ពស់ទៅបណ្តាប្រទេសដែលមានទីផ្សារមានស្ថិរភាពដូចជា សិង្ហបុរី”។
ការលក់ក៏មានកំណើនផងដែរ ដោយសារខុនដូថ្មីចំនួនពីរ Parc Komo និង Amber Park ដែលមានអត្រាការកើនឡើងជាង ២៥ភាគរយ។
លោក Ismail Gafoor នាយកប្រតិបត្តិនៃក្រុមហ៊ុន PropNex Realty បាននិយាយថា “អត្រានៃការទិញទាំងនេះអាចចាត់ទុកថា មានចរន្តល្អនៅក្នុងទីផ្សារបច្ចុប្បន្ន”។
តួលេខលក់ខែឧសភា រួមបញ្ចូលតែចំនួនសរុប នៃការលក់លំនៅដ្ឋានឯកជន ដែលមិនរាប់បញ្ចូលអគារខុនដូដែលមានចំនួន៣,៥២៥ យូនីតនៅក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ ដោយកើនឡើង ២,៦ភាគរយក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។
លោក Gafoor បានថ្លែងថា “សម្រាប់រយៈពេលនៅសល់នៃឆ្នាំនេះ យើងរំពឹងថាលំនៅដ្ឋានថ្មីពីចំនួន ៨,៥០០ទៅ ៩,០០០ យូនីតនឹងត្រូវបានលក់ចេញ”៕
ប្រភព៖ Bloomberg