ដោយ គង់់ សូរិយា
ភ្នំពេញៈ រឿងក្តីក្តាំរបស់ក្រុមហ៊ុន World City ដែលជាក្រុមហ៊ុនកំពុងវិនិយោគទីក្រុងរណប CAMKO CITY បាននិងកំពុងអូសបន្លាញ និងត្រូវបានអ្នកនយោបាយកូរ៉េចូលរួមពាក់ព័ន្ឋលើកិច្ចការនេះ ដែលធ្វើឲ្យនីតិវិធីក្នុងតុលាការកម្ពុជាកាន់តែមានភាពស្មុគ្រស្មាញ។
ដំណើរការនីតិវិធីដើម្បីបញ្ចប់នូវជម្លោះនេះកាន់តែមានសភាពកាន់តែអួរអាប់ បើទោះបីជាក្រុមហ៊ុន World City តែងតែបង្ហាញសុឆន្ទៈដោះស្រាយដើម្បីបញ្ចប់បញ្ហាក្តី។ រឿងវិវាទនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ ហើយរឿងក្តីនេះបានបន្តអូសបន្លាយរហូត ទល់ពេលនេះ ខណៈសំណុំរឿងនេះបានឈានមកដល់សាលាឧទ្ទរណ៍ មុនពេលរឿងក្តីនេះ ត្រូវជំនំជំរះបញ្ចប់។
កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៩ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន World City ប្រចាំកម្ពុជា លោក Kim Sang Joo បានឲ្យដឹងថា កន្លងមក សមាជិកសភាកូរ៉េខាងត្បូងលោក Jeon Jae Su ដែលបានមកកម្ពុជា និងបានចូលរួមក្នុងសវនាកាសាលាឧទ្ទរណ៍កាលពីសប្តាហ៍មុន បានចោទប្រកាន់ក្រុមហ៊ុន World City ថាជាអ្នកធ្វើឲ្យធនាគារប៊ូសានដែលជាធនាគារផ្តល់មូលនិធិដល់ការបង្កើតទីក្រុងរណបដំបូងគេនៅក្រុងភ្នំពេញដួលរលំ។ លោក KIM បានឆ្លើយតបថា ការលើកឡើងរបស់សមាជិកសភារូបនោះគឺមិនត្រឹមត្រូវទេព្រោះថាក្នុងគ្រានៃការដួលរលំរបស់ធនាគារនេះ ទឹកប្រាក់កម្ចីខូចមានចំនួនជាង ៤០០០លានដុល្លារអាមេរិក ខណៈដែលទឹកប្រាក់ប្រហែលជាជិត ១៣៧ លានដុល្លាអាមេរិកតែប៉ុណ្ណោះ ត្រូវបានវិនិយោគគម្រោងទីក្រុង Camko។
លោកបន្តថា បន្ទាប់ពីធនាគារប៊ូសានដួលរលំ ស្ថាប័នមួយឈ្មោះក្រុមហ៊ុនធានារ៉ាប់រងប្រាក់បញ្ញើរកូរ៉េ Korea Deposit Insurance Corporation (KDIC) បានទទួលបន្ទុកការងារប្រមូលកម្ចីខូចដែលធនាគារប៊ូសានធ្លាប់ផ្តល់អោយទៅគម្រោងនានានៅគ្រាមុនក្ស័យធន។ ជាការកត់សម្គាល់ ស្ថាប័ននេះប្រមូលបានតិចជាង ៤០ភាគរយនៃទឹកប្រាក់ដែលធនាគារប៊ូសានបានផ្តល់ទៅឱ្យគម្រោងផ្សេងៗនៅប្រទេសកម្ពុជាប៉ុណ្ណោះ។ ស្ថាប័ននេះមិនទាន់បានប្រមូលកម្ចីដែលខ្លួនបានឱ្យគម្រោងទីក្រុង Camko នៅឡើយទេ ដោយសារតែមានការតវ៉ាពីក្រុមហ៊ុន World City ទៅលើទឹកប្រាក់ដែលស្ថាប័ននេះ បានទាមទារលើសលុបពី World City។
លោកបន្ថែមថា ក្រុមហ៊ុនវើលដ៌ ស៊ីធីមិនមែនជាអ្នកខ្ចីកម្ចីពីធនាគារប៊ូសាននោះទេ ។ តាមពិតទៅធនាគារនេះ បានផ្តល់កម្ចីអោយក្រុមហ៊ុនកូរ៉េមួយឈ្មោះ LMW ហើយក្រុមហ៊ុន LMW នេះបានផ្តល់កម្ចីមកក្រុមហ៊ុនវើលដ៌ ស៊ីធីក្នុងទឹកប្រាក់ចំនួនប្រហែលជា ១៣៧ លានដុល្លារអាមេរិក។ ដូច្នេះ ក្រុមហ៊ុនវើលដ៌ ស៊ីធីមានកាតព្វកិច្ចទូទាត់ប្រាក់ជូនតែទៅក្រុមហ៊ុន LMW តែប៉ុណ្ណោះ ហើយក្រុមហ៊ុន LMW និងធនាគារប៊ូសានគួរដោះស្រាយវិវាទផ្ទាល់ខ្លួន មិនគួរអោយពាក់ព័ន្ធនឹងក្រុមហ៊ុន វើលដ៌ ស៊ីធីទេ។ ប៉ុន្តែ ក្រុមហ៊ុនវើលដ៌ ស៊ីធីក៌ចង់ជួបបញ្ចប់វិវាទរវាងក្រុមហ៊ុនទាំងពីរនេះដែរ ទើបខ្លួនបានស្នើយល់ព្រមកាត់ដី៥០ហិកតា ដែលមានតម្លៃរហូតដល់៥០០លានដុល្លារជូនដល់ស្ថាប័ន KDIC ក្តី ប៉ុន្តែស្ថាប័ននេះបានទាមទារសំណងរហូតដល់៦០០លានដុល្លារពី World City ដែលជាការទាមទារមិនអាចទទួលយកបាន។
លោក Kim Sang Joo បានបន្តថា “ក្រុមហ៊ុន World City នៅតែស្វាគមន៍ និងអង្គុយចចាដើម្បីបញ្ចប់សំណុំរឿងនេះ ហើយគ្មានចេតនាណាមួយ ដើម្បីគេចវេសមិនដោះស្រាយនោះទេ”។ លោកបន្តថា “យើងចង់បញ្ចប់រឿងនេះ ដើម្បីអាចឲ្យក្រុមហ៊ុនបន្តអភិវឌ្ឍន៍គម្រោងនេះតទៅមុខទៀត ហើយបើទោះ World City ឈ្នះរឿងក្តីនេះ នៅតុលាការកម្ពុជាក៏ដោយ ក៏ក្រុមហ៊ុននៅតែមានចេទនាបន្តផ្តល់លុយដែលធនាគារប៊ូសាននេះផ្តល់ដល់គម្រោងខាមខូត្រលប់ទៅធនាគារនេះវិញជាមួយ នឹងប្រាក់បន្ថែមសមរម្យ។
លោកបានចាត់ទុកសមាជិកសភាកូរ៉េខាងត្បូងលោក Jeon Jae Su ដែលបានលូកដៃចូលក្នុងរឿងនេះ និងបានទៅកាន់សាលាឧទ្ទរណ៍កាលពីថ្ងៃទី១៤ មិថុនាកន្លងមកនេះ ជាបុគ្គលប្រើអារម្មណ៍ផ្ទល់ខ្លួន តាមរយៈការលើកឡើងពីអ្វីដែលគាត់បាននិយាយថា ដើម្បីជួយប្រជាជនរងគ្រោះជាជនជាតិកូរ៉េ ប៉ុន្តែការពិតគាត់ចង់បានប្រជាប្រិយភាពដើម្បីប្រជាជនបោះឆ្នោតជូនគាត់ ព្រោះប្រទេសកូរ៉េនឹងធ្វើការបោះឆ្នោតជ្រើសរើសសមាជិកសភានៅឆ្នាំ២០២០ខាងមុខនេះ។
លោកបានបន្តថា “ប្រសិនជាសមាជិកសភាកូរ៉េរូបនេះមានចេតនាដោះស្រាយរឿងនេះ និងមានសុឆន្ទៈដោះស្រាយរឿងនេះដើម្បីជួយប្រជាជនកូរ៉េពិតប្រាកដ លោកគួរជម្រុញស្ថាប័ន KDIC អោយទទួលយកសំណើរដែលក្រុមហ៊ុនវើលដ៌ ស៊ីធីបានធ្វើឡើង ដើម្បីយកជូនប្រជាជនកូរ៉េ ដែលលោកអះអាងថាពួកគេជាអ្នករងគ្រោះ”។
លោក Kim Sang Joo បានបន្តឲ្យដឹងថា តុលាការកម្ពុជាក៏ធ្លាប់ព្យាយាមសម្របសម្រួលរឿងនេះផងដែរ ប៉ុន្តែ KDICបន្តបដិសេធ ហើយ World City ក៏ព្យាយាមសម្របសម្រួលនិងចចាដើម្បីបញ្ចប់ក្តីក្តាំនេះផងដែរ។
ទាក់ទងករណីអគ្គនាយកក្រុមហ៊ុននេះ ត្រូវប៉ូលីសស្វែងរកចាប់ខ្លួន លោក Kim Sang Joo បានពន្យល់ថា ករណីនេះជាការរៀបចំមួយរវាង KDIC និងស្ថាប័នអយ្យការកូរ៉េដើម្បីដាក់សម្ពាធដល់អ្នកគ្រប់គ្រងក្រុមហ៊ុន LMW តាមរយៈការចាប់ខ្លួនលោក Lee ដោយពួកគេបង្វិលសាច់រឿងនេះពីរឿងបែបរដ្ឋប្បវេណី ទៅជារឿងព្រហ្មទ័ណ្ឌ ដោយសារតែលោកLee មិនបានចូលខ្លួនទៅស្ថាប័នអយ្យការសម្រាប់ការស៊ើបអង្កេត ព្រោះលោកមមាញឹកការងារនៅកម្ពុជា។ លោក Lee ក៏បានជូនដំណឹងពីមូលហេតុដែលលោកមិនអាចទៅទីនោះបាន ហើយបានស្នើឱ្យតំណាងអយ្យការផ្ញើរជាលិខិតសម្រាប់គោលបំណងលើការស៊ើបអង្កេត ព្រមទាំងសន្យាថានឹងឆ្លើយតបនូវរាល់សំណួរដោយស្មោះត្រង់។
លោកបន្តថា “ករណីបែបនេះធ្លាប់ត្រូវបានធ្វើឡើងម្តងរួចមកនៅអយ្យការតុលាការកំពូលប្រទេសកូរ៉េក្នុងឆ្នាំ២០១១ ប៉ុន្តែតុលាការកំពូលប្រទេសកូរ៉េសម្រេចថា លោក Lee គ្មានទោសពៃទេ ហើយសំណុំរឿងនោះក៏បានបញ្ចប់។ ប៉ុន្តែពេលនេះពួកគេបានរៀបចំជាថ្មី ធ្វើយ៉ាងណាដើម្បីចាប់ខ្លួនលោក Lee ឲ្យបានសិន”។
លោកបន្តថា តាមពិតស្ថាប័ន KDIC មិនមានសមត្ថភាព ឬមូលដ្ឋានណាមួយដើម្បីប្រមូលលុយនោះទេ ហេតុនេះហើយទើបពួកគេយកសមាជិកសភាកូរ៉េមកចូលរួមដើម្បីបង្កើតឲ្យមានការចាប់អារម្មណ៍។ ទី២ ក្រុមហ៊ុន World City ចង់បញ្ជាក់ថាយើងនៅតែមានឆន្ទៈសងត្រលប់ទៅតាមទំហំសាច់ប្រាក់តាមពេលវេលាសមស្របណាមួយដើម្បីបញ្ចប់រឿងក្តីនេះ ទី៣ យើងជឿជាក់ថាតុលាការកម្ពុជានឹងផ្តល់នូវយុត្តិធ៌មដល់សំណុំរឿងនេះ និងមិនរងសម្ពាធណាមួយពីភាគីណានោះទេ។
លោក Kim Sang Joo បានសំណូមពរដល់រដ្ឋាភិបាលកម្ពុជាមេត្តាផ្តោតការយកចិត្តទុកដាក់ជាបន្ទាន់ និងគាំទ្រដល់គម្រោងទីក្រុងរណប CAMKO ដែលជាគម្រោងធំជាងគេនៅកម្ពុជា ដែលបានផ្តល់ការអភិវឌ្ឍ និងផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញ និងបានផ្តល់ការងារនិងប្រាក់ចំណូលជាច្រើនដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ឋដទៃទៀត៕















