ដោយៈ រ៉ាណេត
ភ្នំពេញៈ តំបន់ចក្រអង្រែលើ និងចក្រអង្រែក្រោម នឹងមានការប្រែប្រួលនៅប៉ុន្មានឆ្នាំខាងមុខនេះ ដោយតំបន់ស្ថិតនៅលើផ្លូវជាតិលេខ២នេះ នឹងបញ្ចប់វត្តមានកម្មករ និយោជិតមកពីតាមបណ្តាខេត្ត និងជំនួសវិញដោយអ្នកធ្វើការនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្ម ខណៈរោងចក្រ សហគ្រាសនានានឹងរើទៅកាន់តំបន់ជាយក្រុង។

-->
គិតពីចំណុចគល់ស្ពានអាកាសក្បាលថ្នល់ រហូតដល់ចំណុចផ្លូវបំបែកសាលាខេត្តកណ្តាល ត្រូវបានអ្នកជំនាញទទួលស្គាល់ថា ជាទីតាំងដែលមានសក្ដានុពល ជាពិសេសផ្នែកសំណង់លំនៅដ្ឋាន និងអនុគ្រោះដល់ការធ្វើអាជីវកម្មបាន ខណៈដែលបណ្តារោងចក្រនានាមានវត្តមាននៅទីនេះ។ ប៉ុន្តែបច្ចុប្បន្ននេះ បន្ទាប់ក្រោយពីការចាកចេញនៃវត្តមានរោងចក្រទាំងនោះ តើស្ថានភាពទីផ្សារអចលនទ្រព្យទីនេះនឹងប្រែប្រួលបែបណា។
អគ្គនាយកក្រុមហ៊ុនអចនទ្រព្យ Century 21 Imperial Realty លោក Ken Lo បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ មិថុនានេះថា បើទោះជាសកម្មភាពនៃការចាកចេញរបស់រោងចក្រ និងឃ្លាំង ឆ្ពោះទៅកាន់តំបន់នានានៅតាមជាយក្រុងក៏ដោយ តំបន់ចាក់អង្រែហាក់មិនមានអ្វីប្រែប្រួលជាដំកំភួននោះទេ។លោកបន្តទៀតថា“មិនថាតែតំបន់ចាក់អង្រែលើ ឬចាក់អង្រែក្រោមនោះទេ ជាទូទៅតម្លៃអចលនទ្រព្យនៅទីនេះគឺបានឡើងខ្ពស់រួចទៅហើយ។
លោកបានបន្តទៀតថា “ស្ថានភាពដី និងអចលនទ្រព្យនៅក្នុងតំបន់ទាំងនេះ គឺមិនសូវអនុគ្រោះដល់គម្រោងអភិវឌ្ឍន៍ធំ ឬជាតំបន់ពាណិជ្ជចម្រុះដូចជាតំបន់បឹងកេងកងនោះទេ ដោយសារតែកត្តាហេដ្ឋារចនាសម្ព័ន្ធមិនអំណោយផល ហើយវិសាលភាពផ្ទៃដីទំនេរមិនមានទំហំធំ”។
លោកបានបន្តទៀតថា បើទោះជាស្ថិតនៅក្នុងសង្កាត់ និងខណ្ឌមានជ័យរួមគ្នាក៏ពិតមែន ប៉ុន្តែបើមានគម្រោងអភិវឌ្ឍក្នុងទ្រង់ទ្រាយធំ គេនឹងងាកទៅកាន់ទីតាំងក្បែរផ្លូវលេខ៦០ម៉ែត្រ ព្រោះនៅទីនោះ តម្លៃដីប្រហាក់ប្រហែលនឹងតំបន់ជាប់ផ្លូវជាតិលេខ២ឬអាចថ្លៃជាងគ្នាបន្តិចបន្តួច ប៉ុន្តែវាមានភាពងាយស្រួលក្នុងការអភិវឌ្ឍ ជាពិសេសមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អក្នុងការធ្វើចរាចរណ៍។
ស្រដៀងគ្នានឹងការលើកឡើងពីភាពវិជ្ជមានខាងលើនេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា ស្ថានភាពនៃតម្លៃអចលនទ្រព្យ និងវិស័យដីធ្លីនៅតំបន់នេះ មិនមានអ្វីគួរឱ្យព្រួយបារម្ភនោះទេ។ លោកឧកញ៉ាបន្តទៀតថា បើនិយាយពីការប្រែប្រួល វាពិតជាប្រែប្រួល ប៉ុន្តែការប្រែប្រួលនេះ គឺកាន់តែមានភាពរីកចម្រើនទៅមុខ។
លោកឧកញ៉ាបន្តទៀតថា “ចាប់ពីពេលនេះទៅថ្ងៃអនាគត ទីតាំងដែលធ្លាប់តែជាបណ្តុំឃ្លាំង ឬជារោងចក្រនានា នឹងប្រែមុខមាត់ទៅជាបណ្តុំលំនៅដ្ឋាន ក្លាយទៅជាតំបន់ពាណិជ្ជកម្មកម្រិតមធ្យម រហូតសាយភាយទៅដល់តំបន់មួយចំនួនទៀត នៅក្នុងក្រុងតាខ្មៅ”។
លោកនួន រិទ្ឋីបានបន្តទៀតថា “រូបភាពថ្មី ដែលនឹងចូលមកកែប្រែមុខមាត់តំបន់ចាក់អង្រែក្រោម និងចាក់អង្រែលើ រួមមានដូចជា កែប្រែពីឃ្លាំង ក្លាយទៅជាផ្សារក្នុងតំបន់ ទៅជាទីតាំងសម្រាប់ជួលធ្វើជាការិយាល័យជាដើម ខណៈដែលបច្ចុប្បន្ននេះក៏កំពុងតែកើតមានជាបណ្ដើរៗរួចទៅហើយនោះ”។
លោកឧកញ៉ាបន្តថា តម្លៃដីសម្រាប់វិស័យលំនៅដ្ឋាននៅតំបន់នេះ អាចមានចន្លោះចាប់ពី ២០០០ – ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចឈានដល់៣០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលវាក៏អាស្រ័យទៅតាមទីតាំង ស្ថានភាពផ្លូវ និងទំហំផងដែរ ប៉ុន្តែតម្លៃនៃការជួលអគារការិយាល័យវិញ អាចមានតម្លៃក្នុងចន្លោះ១០ទ២០ដុល្លារ ក្នុងម៉ែត្រការ៉េសម្រាប់រយៈពេលមួយខែ”៕