ដោយ ម៉ាណេត
ត្បូងឃ្មុំៈ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីបានអះអាងថា អ្នកវិនិយោគរបស់ប្រទេសម៉ាឡេស៊ីគ្រោងវិនិយោគអចលនទ្រព្យ ដោយផ្តោតលើលំនៅដ្ឋានតម្លៃមធ្យម នៅទីក្រុងនៃទីរួមខេត្តត្បូងឃ្មុំថ្មី។

ដោយ ម៉ាណេត
ត្បូងឃ្មុំៈ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីបានអះអាងថា អ្នកវិនិយោគរបស់ប្រទេសម៉ាឡេស៊ីគ្រោងវិនិយោគអចលនទ្រព្យ ដោយផ្តោតលើលំនៅដ្ឋានតម្លៃមធ្យម នៅទីក្រុងនៃទីរួមខេត្តត្បូងឃ្មុំថ្មី។

ក្នុងជំនួបជាមួយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជានាព្រឹកថ្ងៃទី១៧ មិថុនាកន្លងមកបានឲ្យដឹងថា កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ពិសេសខេត្តត្បូងឃ្មុំ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ដល់ក្រុមហ៊ុនម៉ាឡេស៊ីដែលវិនិយោគនៅកម្ពុជា ទាំងលើក្របខ័ណ្ឌគតិយុត្ត និងកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសខេត្តត្បូងឃ្មុំ ក្នុងការជម្រុញការនាំអង្ករទៅប្រទេសម៉ាឡេស៊ី។
លោកបន្តថា “បច្ចុប្បន្នមានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន កំពុងប្រកបធុរកិច្ចនៅកម្ពុជាដោយរលូន និងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនទៀត បានសម្លឹងឃើញសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា”។ លោកបន្តថា “យើងមានបំណងចង់វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់លំនៅដ្ឋានមានម្លៃសមរម្យ ដែលជាគម្រោងកសាងផ្ទះស្នាក់នៅ ធ្វើសម្រាប់ប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ និងប្រជាពលរដ្ឋក្រីក្រអាចមានលទ្ធភាពទិញស្នាក់នៅ”។
នៅក្នុងជំនួបពិភាក្សានោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោក Eldeen Husaini BIN MOHD HASHIM (អែលឌីន ហាស់សាយនី ប៊ីន មហា ស៊ីម) ដែលចាប់អារម្មណ៍វិនិយោគ លើទឹកដីខេត្តត្បូងឃ្មុំ។
លោកថ្លែងបន្តថា “កម្រិត GDP របស់ប្រជាពលរដ្ឋក្នុងខេត្ត មានកំណើនគួរអោយកត់សម្គាល់ បើប្រៀបធៀបជាមួយ GDP ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសស្ថានភាព ទំហំពាណិជ្ជកម្មក្នុងខេត្ត ដែលផ្តល់ភាពងាយស្រួល ច្រើនសម្រាប់ការចរាចរ ព្រោះខេត្តត្បូងឃ្មុំ មានព្រំដែនជាប់ប្រទេសជិតខាង មានច្រកធំៗដល់ទៅ០៧ច្រក ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រស័យ”។
លោកបានមានប្រសាសន៍ទៀតថា ខេត្តត្បូងឃ្មុំសូមស្វាគមន៍ចំពោះ ការវិនិយោគនៅលើទឹកដីខេត្តត្បូងឃ្មុំ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុនម៉ាឡេស៊ី ពិសេសលើការសាងសង់ផ្ទះស្នាក់នៅ ដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណ: ក្នុងខេត្ត៕