រំលឹកឡើងវិញៈកម្ពុជា បារាំងរៀបចំផែនការអភិវឌ្ឍន៍នៅភាគខាងត្បូងរាជធានីភ្នំពេញ

0

ដោយស៊ីវ ម៉េង

ភ្នំពេញ : ដើម្បីឆ្លើយតបនឹងស្ថានភាពនៃការអភិវឌ្ឍទីក្រុង ដែលរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងជួបប្រទះ និងមានការអភិវឌ្ឍគ្រប់វិស័យនោះ ការរៀបចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ក៏ត្រូវបានគិតគូរបន្ថែម ដើម្បីប្រែក្លាយតំបន់នោះជាតំបន់បៃតង។

ដើម្បីឆ្លើយតបទៅនឹងលំហូរចរាចរណ៍ ទេសចរណ៍ សោភ័ណភាព និងការអភិវឌ្ឍន៍រីកចំរើនលើវិស័យ នៅរាជធានីភ្នំពេញ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ យន្តការជាច្រើនត្រូវបាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញដាក់ចេញដើម្បីអនុវត្ត។


អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានលើកឡើងនៅក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយ និងសាលាក្រុងប៉ារីស លើវិស័យនគរូបនីយកម្មក្នុងរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះថា ភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំនៃការអភិវឌ្ឍធំមួយ ដូច្នេះហើយទើបសាលាក្រុងប៉ារីសដែលជាទីក្រុងមានបទពិសោធន៍ នៃការរៀបចំទីក្រុងឲ្យមានភាពស្រស់បំព្រង ចង់ឲ្យតំបន់នោះ ក្លាយជាតំបន់បៃតង ដែលមានបរិស្ថានល្អ។

លោកបន្តថា “រាជធានីភ្នំពេញមានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមមានការអភិវឌ្ឍឆ្លើយតប នឹងកំណើនប្រជាជនទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់៣.២៥%ក្នុង១ឆ្នាំៗ”។ លោកបន្តថា “បច្ចុប្បន្នចំនួនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញបានកើនឡើង រហូតដល់១.៧លាននាក់ ស្មើនឹងប្រមាណជា៥៦%នៃប្រជាពលរដ្ឋទីក្រុង ដែលជាអ្នកចំណាកស្រុក ចូលមកសិក្សានិងធ្វើការនៅទីក្រុងភ្នំពេញ”។

លោកស្រី អេឡូឌី គុយអង់កា តំណាងសាលាក្រុងប៉ារីស នៃសាធារណរដ្ឋបារាំងបានថ្លែងថា ដើម្បីឆ្លើយតបនឹងស្ថានភាព នៃការអភិវឌ្ឍទីក្រុង ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងជួបប្រទះ គឺមានការងារពីរត្រូវបានដាក់ឲ្យសិក្សា ដូចជា ទី១ គឺការរៀបចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងក្រុងភ្នំពេញ ដែលសព្វថ្ងៃកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង និងទី២ ការពង្រឹងការរំដោះ និងការគ្រប់គ្រងច្រាំងមាត់ទន្លេសាប ព្រមជាមួយនឹងពង្រីកទៅភាគខាងជើងនៃតិរវិថី ព្រះស៊ីសុវត្ថិ។

លោកស្រីបន្តថា “ដើម្បីធ្វើការងារខាងលើឲ្យបានជោគជ័យ មានវិធីសាស្រ្តមួយត្រូវបានស្នើឡើងជាពិសេស តាមរបៀបវាស់វែងជាក់ស្តែង ទុកជាមូលដ្ឋានក្នុងការកែតម្រូវឲ្យត្រូវនឹងតថភាពជាក់ស្តែងក្នុងតំបន់នោះ”។លោកស្រីបន្តថា“ វិធីសាស្រ្តនោះតម្រូវឲ្យយើងប្រើទស្សនទានអន្តរវិស័យ និងពហុវិស័យដោយមានការងាររួមចម្រុះ ដែលទាមទារឲ្យអោយគ្រប់អង្គភាពជំនាញពាក់ព័ន្ធ ត្រូវធ្វើការជាមួយគ្នា ជាអាទ៍មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ទីរនានាទីចាត់ការជំនាញ ខណ្ឌ សង្កាត់ និងរដ្ឋបាលផ្សេងៗ ទៀតរបស់រាជធានីភ្នំពេញ”៕

ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​មួយទៀត​ពី​ប្រទេស​អង់គ្លេស​បាន​ផ្តល់ជូន​បុរី​ប៉េង ហួត

0

ដោយ រតនៈ

ភ្នំពេញ៖ ជាមួយនឹង​ការអភិវឌ្ឍន៍​ផ្តោតលើ​ផាសុខភាព និង​គោរព​ស្តង់ដា​បរិស្ថាន​ស្អាត ក្រុមហ៊ុន​បុរី​ប៉េង ហួត​គ្រុប​ត្រូវបាន​អ្នករៀបចំ​កម្មវិធី​ពានរង្វាន់ អចលនទ្រព្យ​អាស៊ី​ប៉ាស៊ីហ្វិក បានសម្រេច​ប្រគល់​ពានរង្វាន់​ដល់​បុរី​នេះ​នៅ​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស។

កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ បានធ្វើ​ឡើង​កាលពី​នា​រាត្រី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ដែលជា​ដំណាក់កាល​ចុងក្រោយ នៃ​កម្មវិធី​ប្រកាស​ពានរង្វាន់​ថ្នាក់​តំបន់ និង​ពិភពលោក​របស់​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អន្តរជាតិ រៀបចំឡើង​នៅ​សណ្ឋាគារ The Savoy Hotel នៅ​ទីក្រុង​ឡុង​ដ៍ ដែលមាន​ការចូលរួម​ពី​ម្ចាស់​ជ័យលាភី​តំណាង​ប្រទេស និង​តំបន់​ទូទាំង​ពិភពលោក​ពី កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តំបន់​អឺរ៉ុប តំបន់​អាមេរិក តំបន់​អាហ្វ្រិក តំបន់​អារ៉ាប់ និង​ពី​ចក្រភព​អង់គ្លេស។

ក្រុមហ៊ុន ប៉េង ហួត គ្រុប តំណាង​ជ័យលាភី​ពី​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​កិត្តិយស ដែល​ទទួលបាន​ជ័យលាភី​ពានរង្វាន់​លំដាប់​អន្តរជាតិ គឺ”ពានរង្វាន់​អភិវឌ្ឍន៍​សេវាកម្ម​សាធារណៈ ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សំរាប់​គម្រោង​សាល​សន្និបាត យូរ៉ូ​វី​ល / Best Public Service Development Asia Pacific for Euroville Convention Hall.”។

លោក​ឧកញ៉ា​ថៃ ម៉េង​លី អគ្គនាយក ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន​មានប្រសាសន៍ ពី​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​ថា “នេះ​ជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែល​បានធ្វើ​ឲ្យ​ទង់ជាតិ​កម្ពុជា​និង​ស្លាក​យីហោ ក្រុមហ៊ុន បង្ហាញខ្លួន លើ​វេទិការ​អន្តរជាតិ នៅ​កណ្ដាល​ទីក្រុង​ឡុង​ដ៍ នៃ​ចក្រភព​អង់គ្លេស។លោក​បន្តថា “នេះ​មិនមែន​ជាការ​ចៃដន្យ​ទេ​ដែល ក្រុមហ៊ុន ប៉េង ហួត គ្រុប យើង​ទទួលបាន​ពានរង្វាន់​អ្នក​អភិវឌ្ឍ​សេវាកម្ម​សាធារណៈ ដែល​ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែលមាន​ការចូលរួម​ពី​បណ្ដាល​ប្រទេស​នានា ពី៥ទ្វីប​លើ​ពិភពលោក។

លោក​ឧកញ៉ា​ថៃ ម៉េង​លី​បាន​បន្តថា នេះ​ជា​សមិទ្ធផល នៃ​ការខិតខំ​របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ នៅក្នុង​ក្រុមហ៊ុន ប៉េង ហួត គ្រុប​យើង​ដែល​បាន​សាមគ្គី​គ្នា​សំរេច​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន ដើម្បី​ឈានមុខ​គេ​ទាំង​គុណភាព សោភ័ណភាព សេវាកម្ម ល្អ​ជាងគេ ដូច្នេះ​ខ្ញុំ​តំណាង​ឲ្យ ក្រុមហ៊ុន សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​នឹង​សូម​ឲ្យ​ថ្នាក់ដឹកនាំ​ទាំងអស់​ខិតខំ​បន្ថែមទៀត​ដើម្បី​សំរេច​គោលដៅ​ក្រុមហ៊ុន​ឈានទៅ​ទទួលពាន​លំដាប់​ពិភពលោក​បន្តទៀត។ ជា​ចុងក្រោយ ក្រុមហ៊ុន​សូម​ថ្លែងអំណរគុណ​ផងដែរ​ដល់​អតិថិជន ដែល​បន្ត​ផ្តល់​ទំនុកចិត្ត​និង​គាំទ្រ​ក្រុមហ៊ុន​យើងខ្ញុំ​កន្លងមក”

ជា​រៀងរាល់ឆ្នាំ​ក្រុមហ៊ុន International Property Media ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស តែងតែ​រៀបចំ​ការប្រកួតប្រជែង​យក​ពានរង្វាន់ អចលនទ្រព្យ​អន្តរជាតិ​តាម​តំបន់នីមួយៗ ដូចជា អាស៊ី​ប៉ាស៊ីហ្វិក អាហ្វ្រិក អារ៉ាប់ អាមេរិក អឺរ៉ុប និង​ចក្រភព​អង់គ្លេស ដើម្បី​ជ្រើសរើស​រក​ក្រុមហ៊ុន​ដែល​ល្អ​ជាងគេ មក​ប្រកួតប្រជែង​ដើម្បី​សម្រិតសម្រាំង​រក​ម្ចាស់​ជ័យលាភី​ចុងក្រោយ​ប្រចាំ​តំបន់នីមួយៗនិង​ពិភពលោក។

កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបាន​ពានរង្វាន់​លំដាប់​ផ្កាយ​ប្រាំ​ចំនួន៣ និង​ពានរង្វាន់ផ្សេងៗសរុប១៣ពានរង្វាន់​ពី​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​The Marriott Marquis Queen’s Park នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បាន​ទទួល​ជ័យលាភី ជា​ក្រុមហ៊ុន​អភិវឌ្ឍ​ល្អ​ជាងគេ​ប្រចាំ​ប្រទេស​កម្ពុជា​ចំនួន៣ឆ្នាំ​ជាប់​គ្នា​ផងដែរ ពី​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា រៀបចំឡើង​ដោយ​ក្រុមហ៊ុន​Property Guru ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី៕

អ្នកជំនាញ​ប្រាប់​លក្ខ​ខ័​ណ្ឌ​បើក​ក្រុមហ៊ុន​ទេសចរណ៍​ត្រូវការ​ឯកសារ​អ្វីខ្លះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ការបើក​ក្រុមហ៊ុន​មួយ ជា​រឿង​សាមញ្ញ ប៉ុន្តែ​តើ​មាន​និតិ​វិធី​និង​លក្ខ​ខ័​ណ្ឌ​តម្រូវ​អ្វីខ្លះ ជា​រឿង​កាន់តែ​ចាំបាច់ ដើម្បី​ឲ្យ​អ្នកមាន​បំណង​បើក​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជា​ភ្នាក់ងារទេសចរណ៍​បានដឹង និង​រៀបចំ​ឯកសារ​ស្នើសុំ​ទៅ​ក្រសួង​និង​ស្ថាប័ន​ពាក់​ព័​ន្ឋ។

ការផ្តល់​អាជ្ញាប័ណ្ណ​ទេសចរណ៍​ដល់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ និង​អាជ្ញា​បណ្ណ​ទេសចរណ៍​សម្រាប់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ត្រូវបាន​បែងចែក​ជា០៤ប្រភេទ ដូចជា ទី១ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវទេសចរ ទៅ​កម្សាន្ត​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា (Outbound Tour Operators) ទី២ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Inbound Tour Operators) ទី៣ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវទេសចរ កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Domestic Tour Operators) និង​ទី៤អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ភ្នាក់ងារទេសចរណ៍ (Travel Agent)។

យោងតាម​ឯកសារ​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា បុគ្គល​ដែលមាន​បំណង​ប្រកប​អាជីវកម្ម​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ឬ​បើក​សាខា​ត្រូវបំពេញ​សំណុំបែបបទ​រួមទាំង​ឯកសារ​សំអាង និង​ព័ត៌មាន​មួយចំនួន​ដូចខាងក្រោម ដូចជា ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម ។មាន​ប្រាក់​តម្កល់​ធានា​អាជីវកម្ម​ពី​ធានា ដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍។

ឯកសារ​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា អ្នក​ដែលមាន​បំណង​បើក​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ក្នុង​វិស័យនេះ​ក៏ត្រូវ​មាន​ឯកសារ​មួយចំនួន​ផងដែរ ដូចជា ទី១ លិខិតបញ្ជាក់​ទីស្នាក់ការ ឬ​កិច្ចសន្យាជួល​ផ្ទះ​កិច្ចសន្យា​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុងការ​ប្រកប​អាជីវកម្ម ទី២ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន(សម្រាប់​ជនបរទេស) ទី៣ រូបថត​ម្ចាស់​អាជ្ញា​បណ្ណ​ទេសចរណ៍ (៤x៦) ចំនួន០៣សន្លឹក។

បុគ្គល​ដែល​ស្នើសុំ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​សម្រាប់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍(រួមទាំង​សាខា) ត្រូវបំពេញ​សំណុំបែបបទ​រួមទាំង​ឯកសារ​សំអាង និង​ព័ត៌មាន​មួយចំនួន​ដូចជា ទី១  ត្រូវមាន​ប្រាក់​តម្កល់​ធានា​អាជីវកម្ម​ពី​ធានា​ការដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍ ទី២ អាជ្ញា​បណ្ណ​ទេសចរណ៍​ច្បាប់ដើម ទី៣ របាយការណ៍​សកម្មភាព​អាជីវកម្ម​ឆ្នាំមុន ទី៤ កិច្ចសន្យា​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុងការ​ប្រកប​អាជីវកម្ម ទី៥ រូបថត​ម្ចាស់​អាជ្ញា​បណ្ណ​ទេសចរណ៍ (៤x៦) ចំនួន០៣សន្លឹក។

ប្រាក់​តម្កល់​ធានា​ការប្រកប​អាជីវកម្ម​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ត្រូវបាន​កំណត់​ទៅតាម​វិសាលភាព និង​ទំហំ​អាជីវកម្ម​ដូចជា អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍ ដែល​នាំ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា (Outbound Tour Operators) ត្រូវ​តម្កល់​ប្រាក់៧,០០០ដុល្លារ​អាមេរិក។

អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Inbound Tour Operators) ត្រូវ​តម្កល់​ប្រាក់ ៥,០០០ដុល្លារ​អាមេរិក។ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវទេសចរ កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Domestic Tour Operators) ត្រូវ​តម្កល់​ប្រាក់ ៥,០០០ដុល្លារ​អាមេរិក។ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ភ្នាក់ងារទេសចរណ៍ (Travel Agent) ត្រូវ​តម្កល់​ប្រាក់២,០០០ដុល្លារ​អាមេរិក៕

ភ្នំពេញ​ឆ្ពោះទៅកាន់​ទីក្រុង​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ​ថ្មី​មូ​យ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ សម្លេង​នៃ​ការសាងសង់​បាន​លាន់លឺ​គ្រប់​ទីកន្លែង អាគារខ្ពស់ៗជាច្រើន​កំពុង​លូត​ឡើង​ទៅលើ​អាកាស​ប្រណាំងប្រជែង​គ្នា វត្តមាន​ដង​ស្ទូចធំៗបាន​បង្ហូត​ឡើង​នៅ​ការដ្ឋាន​សាងសង់​កាន់តែច្រើន ដែល​នេះ​ជា​សញ្ញា​ថ្មី​មួយ​សម្រាប់​ទីក្រុង​ភ្នំពេញ កំពុង​វិវត្តន៍​ឆ្ពោះ​កាន់​ដំណាក់កាល​ថ្មី​មួយ និង​កំពុង​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ។

ទីក្រុង​នេះ​បាន​ងើប​ពី​សុបិន លេចឡើង​នូវ​វត្តមាន​អាគារខ្ពស់ៗកប់​ពពក​ស្ទើរ​គ្រប់​ទីកន្លែង ជំនួស​អាគារចាស់ៗដែល​ជាប់​ស្លែ​ខ្មៅ និង​អាគារ​បែកបាក់​ដោយសារ​ភ្លើងសង្គ្រាម ជា​អ្វីដែល​ស្រមោល​អតីតកាល​ត្រូវបាន​លាង​ជំ​រះ​ដោយ​ពេលវេលា​បន្តិចម្តង។

ការមកដល់​របស់​អ្នកវិនិយោគ​ជាតិ អន្តរជាតិ ប្រតិភូ​ធុរកិច្ច និង​ថ្នាក់ដឹកនាំល្បីៗនៅលើ​ពិភពលោក មកកាន់​កម្ពុជា​បន្តបន្ទាប់ ពិសេស​ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​វេទិកា​សេដ្ឋកិច្ច​ពិភព​ស្តីពី​អាស៊ាន​កាលពី​ចុងខែ​ឧសភា​កន្លងមកនេះ ដែលជា​ព្រឹត្តិការណ៍​បង្ហាញ​មុខមាត់ កិត្យានុភាព​ទី​ប្រទេស​កម្ពុជា ពិសេស​ក្រុងភ្នំពេញ​ទៅកាន់​ពិភពលោក ក្នុងនាម​ជាទី​ក្រុង​ដែលមាន​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស។

ការកើនឡើង​នូវ​វត្តមាន​អាគារខ្ពស់ៗនៅ​ទីក្រុង​ភ្នំពេញ ទំនងជា​មិន​បញ្ចប់​នៅពេលឆាប់ៗនោះទេ ជាក់ស្តែង​អាគារ​ភ្លោះ​ថៃ​ប៊ុន​រ៉ង ដែលជា​អាគារ​ខ្ពស់​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន និង​គ្រោង​ចំណាយ​ប្រាក់​វិនិយោគ៥០០០ពាន់​លាន​ដុល្លារ នឹង​ក្លាយជា​មេដែក​ឆក់​មួយ ដែល​ផ្តល់​ទំនុកចិត្ត និង​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​ថែមទៀត​មកកាន់​ប្រទេស​នេះ​កាន់តែច្រើន​ថែមទៀត​នាពេល​អនាគត ប្រសិនជា​វត្តមាន​អាគារ​នេះ​លេច​រូបរាង​ពិតប្រាកដ។

ការមកដល់​នូវ​អ្នកវិនិយោគ​កូរ៉េ ចិន សាំង​ហ្កា​ពួរ ម៉ាឡេស៊ី និង​ចុងក្រោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន បានធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​ក្នុង​តំបន់​អាស៊ី ជា​ឈ្មោះ​ថ្មី​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បាន​ប្រ​សិ​ទ្ឋ​នាម​ឲ្យ​ប្រទេស​នេះ​កាលពី​ឆ្នាំមុន។ ជាមួយគ្នានេះ ធនាគារពិភពលោក​ក៏បាន​ចាត់​ចំណាត់ថ្នាក់​ថ្មី​ដល់​កម្ពុជា ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច មកជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​កាលពី​ឆ្នាំមុន​ផងដែរ។

អ្នកនាង​អាន សុ​ធីតា​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​ថ្លែងថា​កម្ពុជា​កំពុងធ្វើដំណើរ​ទៅមុខ និង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ៥ទៅ១០ឆ្នាំ​ខាងមុខ ព្រោះ​យោងតាម​ការសិក្សា​របស់​យើង រហូតមកទល់​ពេលនេះ​កម្ពុ​ជាមាន​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ចំនួន៧០ក្រុមហ៊ុន​បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា ក្នុងចំណោម​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ចំនួន៥០។អ្នកនាង​បន្តថា នៅ​រយៈពេល៥ឆ្នាំ​ខាងមុខ យើង​រំពឹងថា​នឹងមាន​ក្រុមហ៊ុន៥០ភាគរយ​នៃ​ក្រុមហ៊ុន​ទាំង៥០០ចូលមក​វិនិយោគ​នៅ​កម្ពុជា ដោយសារ​កម្ពុជា​ពេលនេះ​បាននិងកំពុង​ក្លាយជា​គោលដៅ​របស់​អ្នកវិនិយោគ​អន្តរជាតិ។

អ្នកនាង​បន្តថា “បច្ចុប្បន្ន​និយាយ​ពី​កម្ពុជា គឺ​មិនទាន់​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ទេ ប៉ុន្តែ​រយៈពេល១០ឆ្នាំ​ខាងមុខ​កម្ពុជា​នឹង​សម្រេចបាន​នូវ​គោលដៅ​នេះ។

ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​បាន ទាមទារ​ឲ្យ​ប្រទេសមួយ​មាន​ធន​ធាន​មនុស្ស ធនធាន​អភិវឌ្ឍន៍ ចំណេះដឹង និង​បទពិសោធន៍ ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ខ្វះ​ធនធានមនុស្ស និង​បទពិសោធន៍។នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាង​អាន សុធី​តា។

អ្នកនាង​បន្តថា “កាលពីមុន​និយាយ​ពី​កម្ពុជា គេ​មិនសូវ​ស្គាល់​នោះទេ​នៅក្រៅ​ប្រទេស ប៉ុន្តែ​ដោយសារ​ការរីកចំរើន​នៃ​វិស័យនេះ បានធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ និង​ប្រទេស​របស់​យើង​ត្រូវបាន​គេ​ស្គាល់​កាន់តែច្រើន។

ពិតជា​ជាក់ស្តែង​និង​មិនអាច​ប្រកែក​បាន ដោយសារ​កម្ពុជា​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ទទួលបាន​ទុនវិនិយោគ​ក្នុង​វិស័យនេះ​រាប់រយ​កោដិ​ដុល្លារ។

ជាក់ស្តែង ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ដំណាច់ឆ្នាំ២០១៦ កន្លងមកនេះ​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ជាង៨,៥៣៤លាន​ដុល្លារ​អាមេរិក កើនឡើង១៥៥,៦៨ភាគរយ ធៀប​រយៈពេល​មួយឆ្នាំ​ដូចគ្នា​កាលពី​ឆ្នាំ២០១៥ ហើយ​ទំហំ​ទុន​ពិត​ប្រក​ដ​ពី​លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) មក​កម្ពុជា រយៈពេល​ម្ភៃ​ឆ្នាំ​ពី​ឆ្នាំ១៩៩៤ ដល់២០១៤ មាន​ប្រមាណ១៩,២ពាន់​លាន​ដុល្លារ ក្នុងនោះ៤៤ ភាគរយ​គឺជា​ទឹកប្រាក់​នៃ​ការវិនិយោគ​របស់​ចិន។

យោងតាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី ក្រុងភ្នំពេញ​បាន​រកឃើញថា នៅ​រាជធានី​ភ្នំពេញ​មាន​វត្តមាន​អាគារខ្ពស់ៗ ចាប់ពី៥ជាន់​រហូតដល់​ជាង៤០ជាន់​ចំនួន​ជាង៧០០អាគារ​និង​មាន​អាគារ​ជាច្រើន​ទៀត​កំពុង​ចាប់ផ្តើម​សាងសង់ ដែលមាន​កំពស់​រហូត​ដល់៦៣ជាន់។

ជាមួយនឹង​គោលដៅ​នេះ កម្ពុជា​ក៏​សម្រេចបាន​នូវ​កំនើន​ប្រាក់ចំណូល​យ៉ាងខ្ពស់​ផងដែរ​ជាក់ស្តែង​យោងតាម​ការសិក្សា​របស់​អង្គភាព​ព័ត៌មាន​សេដ្ឋវិទូ​បាន​រកឃើញថា ទំហំ​នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ក្នុង​ទីក្រុង​នេះ​ភ្នំពេញ​មាន​ចំណូល១០.៩០០ដុល្លារ​កាលពី​ឆ្នាំមុន និង​កើន​ដល់៣២.២០០ដុល្លារ​នៅ​ឆ្នាំ២០៣០ខាងមុខ។

យោងតាម​តួ​ក​លេខ​របស់​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេ ញ​ទៅកាន់​ពិភពលោក ក្នុង​ទំហំ​ទឹកប្រាក់១២ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន។

ប្រធាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​គីម ហ៊ាង​បាន​ថ្លែងថា “កាលពី១០ឆ្នាំមុន ខ្ញុំ​មិន​ហ៊ាន​រំពឹងថា​ក្រុងភ្នំពេញ​មាន​ភាព​រីកចំរើន​បែបនេះ​ទេ តែ​ពេលនេះ​វត្តមាន​អាគារខ្ពស់ៗបាន​រីក​ដូច​ផ្សិត វា​ជា​មោទនភាព​មួយ។លោក​បន្តថា “នៅពេល​ជនបរទេស​ចុះ​ពី​យន្តហោះ ពួកគេ​ឃើញ​ហាងទំនើបៗ អាគារខ្ពស់ៗ រថយន្តទំនើបៗ ពួកគេ​សប្បាយ​ចិត្តនឹង​មក​រស់នៅ និង​វិនិយោគ​នៅទីនេះ។

ភាព​រីកចំរើន​នេះ មិនអាច​កាត់​ផ្តាច់ចេញ​ពី​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរក្សាបាន​កំនើនសេដ្ឋកិច្ច​យ៉ាងរឹងមាំ​នោះទេ ជាក់​ស្តែក​គិត​ត្រឹម​រយៈពេល​ពីរ​ទសវត្ស​រ៍ កម្ពុជា​សម្រេចបាន​មាន​កំនើនសេដ្ឋកិច្ច៧,៧ភាគរយ​គិតពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៤ និង​រក្សា​កំនើន​រហូតដល់៧ភាគរយ​បន្ថែមទៀត សម្រាប់​រយៈពេល​មធ្យម​ខាងមុខនេះ។

ជាមួយនឹង​កំនើន​ឥតឈប់ឈរ​នេះ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល៤ខែ​ដើម​ឆ្នាំនេះ​មាន​ទំហំ​ទឹកប្រាក់​ជាង៤០០០លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង៤០ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា កម្ពុជា​ពិតជា​បាន​រីកចំរើន​ច្រើន​ហើយ​លើ​សម្ភារៈ និង​សេដ្ឋកិច្ច ដែល​កាលពី១០ឆ្នាំមុន​ឬ​យូរ​ជាង​នេះ យើង​មិនទាន់មាន​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​ការរីកចំរើន​របស់​យើង​ខ្វះ​គុណភាព​ជីវិត ព្រោះ​ទីក្រុង​របស់​យើង​មិនគួរ​មានតែ​កន្លែង​ផឹកស៊ី​ទេ តែ​គួរ​មាន​សួនច្បារ មាន​សារមន្ទីរ វិចិត្រសាល កន្លែង​តាំង​ពិ​ព៌​ណ​លំដាប់​អន្តរជាតិ​ជាដើម។

លោក​បន្តថា “បើ​គិតពី​អាយុ​មនុស្ស ខ្ញុំ​គិតថា​កម្ពុជា​ប្រៀបបាន​នឹង​មនុស្ស​ជំទង់​វ័យ១៣ទៅ១៤ឆ្នាំ​ប៉ុណ្ណោះ”៕

ពិសេស៖ អ្នកជំនាញ​អចលនទ្រព្យ​នឹង​បង្ហាញ​ពី​ការវិនិយោគ​ដើម្បី​បញ្ចៀស​ហានិភ័យ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ វគ្គ​បណ្តុះបណ្តាល​ពិសេស​មួយ ដោយ​ផ្តោតលើ​ការស្វែងរក​ព៌​ត​មាន​ជាក់លាក់ និង​អាច​ទុកចិត្តបាន និង​វិធីសាស្ត្រ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដើម្បី​បញ្ចៀស​ហានិភ័យ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី៨ធ្នូ​ខាងមុខនេះ នៅក្នុង​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា ជប៉ុន (CJCC) ។

ដោយសារ​កង្វល់​ទាក់ទង​នឹង​ការវិនិយោគ ដែល​អាច​ប្រឈម​ហានិភ័យ អ្នកជំនាញ​មួយក្រុម​នឹង​ផ្តល់នូវ​វគ្គ​បណ្តុះបណ្តាល​ពិសេស​មួយ ដើម្បី​ពួកគេ​បាន​យល់ដឹង​ពី​វិ​និសា​ស្ត្រ​វិនិយោគ ដើម្បី​ទទួលបាន​ផលចំណេញ និង​ជាការ​វិនិយោគ​ត្រឹមត្រូវ​តាម​អ្វីដែល​ពួកគេ​ចង់បាន។

ស្ថាបនិក និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​គេហទំព័រ Propertyarea.asia លោក យិន លាង​គង់ បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី៣ ធ្នូ​នេះ​ថា វគ្គ​បណ្តុះបណ្តាល​នេះ ពិត​ជាមាន​សារៈសំខាន់ ដោយសារ​យើង​នាំយក​នូវ​ជំនាញ ដើម្បី​ធ្វើជា​មូលដ្ឋានគ្រឹះ​សំរាប់​វិនិច្ឆ័យ ការស្វែងរក​ព៌​ត​មាន​ត្រឹមត្រូវ និង​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ ដើម្បី​ធ្វើជា​មូលដ្ឋាន​ពិចារណា មុន​សម្រេចចិត្ត​វិនិយោគ។លោក​បន្តថា ព៌​ត​មាន​ពិត និង​អាច​ទុកចិត្ត បាន​មាន​សារៈសំខាន់​ណាស់ សម្រាប់​ធ្វើជា​មូលដ្ឋាន​នៃ​ការសម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​អ្វីមួយ។

លោក​បន្តថា “ខ្ញុំ​នឹង​ប្រើប្រាស់​ជំនាញ និង​បទពិសោធន៍​រយៈពេល​ជាង២០ឆ្នាំ​ក្នុង​វិស័យ​សារ​ព៌​ត​មាន ដើម្បី​បង្ហាញ​នូវ​មូលដ្ឋានគ្រឹះ​ទាក់ទង​ព៌​ត​មាន​ពិត និង​មិន​ពិត និង​សារៈសំខាន់​នៃ​សារ​ព៌​ត​មាន ដែល​គួរ​ជ្រើសរើស​សម្រាប់​អាន។

លោក​បន្តថា “ក្នុង​ពិភព​ព៌​ត​មាន​អាចមាន​ព៌​ត​មាន​ពិត និង​ព៌​ត​មាន​មិន​ពិត ហេតុនេះ​យើង​នឹង​ផ្តល់នូវ​មូលដ្ឋានគ្រឹះ​នៃ​ព៌​ត​មាន ដើម្បី​ដឹង​ពី​សារៈសំខាន់​នៃ​តួនាទី​សារ​ព៌​ត​មាន ដែលជា​ព៌​ត​មាន​អាច​ទុកចិត្តបាន និង​ប្រើប្រាស់​ជា​មូលដ្ឋាន​សំរាប់​គិតពិចារណា។

ជាមួយគ្នានេះ លោក​ឌិ​ត ច​ណ្ណា​អគ្គនាយក​ក្រុមហ៊ុន Lucky Realty Group ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​លើ​ការទិញ​លក់ វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ផងដែរ ថា មុន​សម្រេចចិត្ត​វិនិយោគ ការទទួលបាន​ព៌​ត​មាន​គ្រប់​ជ្រុងជ្រោយ និង​ត្រូវ​ពិនិត្យ​លើក​ត្តា​អ្វីខ្លះ ទាក់ទង​នឹង​លំហូរ​សាច់ប្រាក់ ទីតាំង​ភូមិសាស្ត្រ និង​មូលដ្ឋាន​អ្វីខ្លះ មុន​សម្រេចចិត្ត​វិនិយោគ ដើម្បី​បញ្ចៀស​ហានិភ័យ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ភ្នាក់ងារ ក៏ដូចជា​អ្នកវិនិយោគ​នានា​ធ្វើការ​សម្រេចចិត្ត។

លោក​បន្តថា “អ្នកមានចំណេះដឹង អ្នក​យល់​ពី​ទីផ្សារ​នឹង​ទទួលបាន​ជោគជ័យ​លើ​ការវិនិយោគ​របស់ខ្លួន ហេតុនេះ​អ្នកវិនិយោគ​ដែល​ចង់​បញ្ចៀស​ហានិភ័យ គួរ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ។

អគ្គនាយក​ក្រុមហ៊ុន Century21 Dream Property លោក​គា​ម សៀក​ឡុង ដែល​បានចាប់ផ្តើម​ក្រុមហ៊ុន ដោយ​មិនសូវមាន​មូលដ្ឋាន​ទុន ចំណេះដឹង ប៉ុន្តែ​រហូតមកទល់​ពេលនេះ​លោក​ទទួលបាន​ជោគជ័យ និង​ក្លាយជា​ក្រុមហ៊ុន​ភ្នាក់ងារ​ទិញ លក់ ជួល​អចលនទ្រព្យ​ឈានមុខ​គេ​មួយ ក្នុងចំណោម​ក្រុមគ្រួសារ Century21 ដែលមាន​ការិយាល័យ​ច្រើនជាង១០ក្រុមហ៊ុន​នៅ​កម្ពុជា នឹង​បង្ហាញ​បទពិសោធន៍​ពី​ការចាប់ផ្តើម រហូតដល់​ទទួលបាន​ភាពជោគជ័យ​របស់លោក​ក្នុង​វគ្គ​បណ្តុះបណ្តាល​ពិសេស​នេះ។

លោក​បន្តថា “ភាពជោគជ័យ​ទាំងអស់​ផ្តើមចេញពី​មូលដ្ឋាន​ចំណេះដឹង មូលដ្ឋាន​នៃ​ការសម្រេចចិត្ត​ត្រឹមត្រូវ ហេតុនេះ​ការវិនិយោគ​ដែល​អាច​បញ្ចៀស​បាន​ហានិភ័យ ជា​បំ ណង​ប្រាថ្នា​របស់​អ្នកវិនិយោគ​នានា។

លោក​បន្តថា “ខ្ញុំ​នឹង​ចែករំលែក​បទពិសោធន៍​នៃ​ភាពជោគជ័យ​និង​មូលដ្ឋានគ្រឹះ​នានា ដើម្បី​ឈានទៅ​ទទួលបាន​ជោគជ័យ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ពិសេស​នេះ”៕

មន្ត្រីជាន់ខ្ពស់​ក្រសួង​ដែនដី​អះអាងថា ខេត្តកណ្តាល​មាន​សក្តានុពល និង​ជា​ប៉ូលសេដ្ឋកិច្ច​ធំ​បន្ទាប់ពី​ភ្នំពេញ

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា ខេត្តកណ្តាល ជាទី​តាំង​មាន​សក្តានុពល​យ៉ាងខ្លាំង បើ​ប្រៀប​ទៅនឹង​ខេត្ត​នានា​ទូទាំងប្រទេស និង​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី២បន្ទាប់ពី​រាជធានី​ភ្នំពេញ។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណ​លោក​ប៉ែន សុផល​បាន​មានប្រសាសន៍ ក្នុង​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​ប្លង់គោល​ប្រើប្រាស់​ដី នៅក្នុង​តាខ្មៅ ខេត្តកណ្តាល នៅ​សាលា​ខេត្តកណ្តាល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ​ថា ការរៀបចំ​ប្លង់គោល​នៅ​ក្រុង​តាខ្មៅ  គឺមាន​គោលដៅយ៉ាងសំខាន់ៗ ដូចជា ការធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទីកន្លែង​ស្នាក់នៅ មាន​ទីតាំង​សម្រាប់ធ្វើ​ការងារ ការផ្សារភ្ជាប់​អំពី​ការដឹកជញ្ជូន និង​ច​រារ​ច​ណ៍ និង​មាន​កន្លែង​កំសាន្ត​ជាដើម។ ការកំណត់​ប្លង់គោល​យើង​បានកំណត់​ចក្ខុវិស័យ​យ៉ាងច្បាស់​លាស់ នៅ​គ្រប់​តំបន់​ទាំងអស់​នៅ​ទូទាំងប្រទេស។

លោក​បន្តថា “ការ​នុ​វត្ត​ប្លង់គោល​នៅ​ខេត្តកណ្តាល ជាពិសេស​នៅ​ទីក្រុង​តាខ្មៅ គឺជា​ទីក្រុង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរ ដែលមាន​គុណភាព​បរិស្ថាន​រស់នៅ​ប្រកបទៅដោយ​សុខុមរ​មនា​ល្អ តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង ដែលមាន​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម អាច​ទាក់ទាញ​ការវិនិយោគ​បាន និង​មាន​ឧស្សាហកម្ម​ខ្នាតតូច មធ្យម។

លោក​បន្តថា “ខេត្តកណ្តាល នឹង​ជា​ខេត្ត​មាន​សក្តានុពល​យ៉ាងខ្លាំង បើ​ប្រៀប​ទៅនឹង​ខេត្ត​នានា​ទូទាំងប្រទេស និង​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី២បន្ទាប់ពី​រាជធានី​ភ្នំពេញ​ផងដែរ ដូច្នេះ​ពាក់ព័ន្ធ​នឹង​ប្លង់គោល​នេះ ក៏បាន​លើកឡើង​ពី​យុទ្ធ​អភិវឌ្ឍន៍​ដីធ្លី យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​អទិភាពផ្សេងៗផងដែរ។

អភិបាលរង​ខេត្តកណ្តាល​លោក​នៃ ចារី​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ខេត្ត​បាន​បង្កើត​ក្រុមការងារ​ចុះបញ្ជីរ​ជា​ប្រព័ន្ធ មាន​ចំនួន៥គោលដៅ រួមមាន ក្រុង​តាខ្មៅ ស្រុក​ស្អាង អង្គ​ស្នូល ខ្សាច់កណ្តាល និង​ស្រុក​ល្វាឯម និង​ធ្វើ​ការចុះវាស់វែង​ចុះបញ្ជី​មាន​ចំនួន ១២.២៧៨ក្បាលដី នៅក្នុង​ឆ្នាំ២០១៨នេះ ដើម្បី​អនុវត្តន៍​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ដែល​បញ្ហា​នេះ ខេត្ត​នឹង​ស្នើសុំ​បង្កើត​ក្រុមការងារ​ចំនួន៥ក្រុម​បន្ថែមទៀត នៅក្នុង​ឆ្នាំ២០១៩ ដើម្បី​ព​ន្លឿ​ន​លទ្ធផល​ការងារ​ឲ្យ​ទៅតាម​គម្រោង​ផែនការ។

លោក​បន្តថា ក្រៅពី​ការងារ​ចុះបញ្ជីរ​ដោយ​ដុំ ខេត្ត​នឹង​អនុវត្តន៍​សម្រេច​ឲ្យ​បាន ៦.១៤៧ប័ណ្ណ​បន្ថែមទៀត ហើយ​នៅក្នុង​ឆ្នាំ២០១៨នេះ ការដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ តាមរយៈ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត ខេត្ត​ស​ម្រ​ច​បាន​ចំនួន១៣៣ករណី នៅក្នុង​ចំណោម​រឿង២៩៤ករណី​ផងដែរ៕

ស្វែងយល់​ពី​អាស៊ាន! ទីផ្សារលំ​នៅ​ដ្ឋា​ន​របស់​ប្រទេស​ថៃ​នៅតែមាន​សញ្ញា​ល្អប្រសើរ

0

ដោយ វុត្ថា

ភ្នំពេញ៖ ទីផ្សារ​លំនៅដ្ឋាន​នៅក្នុង​ប្រទេស​ថៃ នៅតែមាន​សញ្ញា​ល្អប្រសើរ​សម្រាប់​ដំណាច់ឆ្នាំ២០១៨ នេះ ដោយសារ​កំនើនសេដ្ឋកិច្ច និង​អត្រា​ការប្រាក់​ទាប។

យោងតាម​របាយការណ៍​របស់​ធនាគារ​ថៃ (Bank of Thailand )បានបង្ហាញ​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា តំលៃ​លំនៅដ្ឋាន​គិត​ជា​មធ្យម​កើនឡើង រហូតដល់៦.៣ % នៅក្នុង​ត្រីមាស​ទី២សម្រាប់​ឆ្នាំ២០១៨នេះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​កន្លងទៅ​ដែលមាន​កំនើន​ត្រឹមតែ៣.១ %។ ចំណែក​តម្លៃ​ខុន​ដូ​បាន​កើនឡើង៤,៩%  ក្នុងអំឡុង​ត្រីមាស​ទី២ឆ្នាំនេះ​ផងដែរ ខណៈ​កាលពី​ឆ្នាំមុន​តម្លៃ​ខុន​ដូ​កើនឡើង​ត្រឹម៣,៩%ប៉ុណ្ណោះ។ ទោះជា​យ៉ាងណាក៏ដោយ តម្លៃ​ខុន​ដូ​បាន​ធ្លាក់​ចុះមក​នៅត្រឹម១,៧%  ក្នុង​ត្រីមាស​ចុងក្រោយ។

រីឯ​តម្លៃ​ផ្ទះល្វែង​បាន​កើនឡើង៦,៨% ក្នុង​អំ​ឡង​ត្រីមាស២ ឆ្នាំ ២០១៨  ដែលជា​ការកើនឡើង​គួរឱ្យកត់សម្គាល់​ពី​កំណើន0,៧% កាលពី​ឆ្នាំមុន។ ក្នុងអំឡុង​ត្រីមាស​ទី២ តម្លៃ​ផ្ទះល្វែង​បាន​កើនឡើង២,៥% ក្នុង​ត្រីមាស​ទី២ ឆ្នាំ២០១៨ ។ តម្លៃ​ដីធ្លី​កំពុងតែ​កើនឡើង​យ៉ាងខ្លាំង ពោល​ស​ន្ទ​ស្សន៍​តម្លៃ​ដី​បាន​កើនឡើង ៧,៩២% នៅក្នុង​ឆមាស​ទី២ ឆ្នាំ២០១៨ ពោល​កើនឡើង​ពី៥,៥% ក្នុង​ត្រីមាស​ទី២ ឆ្នាំ ២០១៧ ។តម្លៃ​ដី​បាន​កើនឡើង ០,៨៥% នៅ​ត្រីមាស​ទី២ ឆ្នាំ២០១៨ ។

ជាមួយគ្នានេះ សកម្មភាព​សាងសង់​លំនៅដ្ឋាន កំពុង​កើនឡើង​ដូចគ្នា ពោល​ការចុះបញ្ជី​សាងសង់​ខុន​ដូ នៅ​ទូទាំងប្រទេស​បាន​កើនឡើង៦៩% ដែល​មានផ្ទះ​រហូតដល់​ចំនួន៥៣,១៨៦ យូ​នី​ត នៅក្នុង​ឆ្នាំ២០១៨ បើ​ធៀប​នឹង​ឆ្នាំមុន។  របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា ការលក់​ដីធ្លី និង​អគារ​នៅ​ទូទាំងប្រទេស​បាន​កើនឡើង៥,១ភាគរយ ដែលមាន​ទំហំ​ទឹកប្រាក់​រហូតដល់​ចំនួន៥៣៩,៦៤ ពាន់​លាន​បាត ស្មើនឹង១៦,៥៦ពាន់​លាន​ដុល្លារ ក្នុង​ឆមាស​ទី១ នៃ​ឆ្នាំ២០១៨ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

តំណាង​ក្រុមហ៊ុន CBRE ប្រចាំ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹងផង​ដែរ​ថា ទីផ្សារ​លំនៅដ្ឋាន​នឹង​បន្ត​កើនឡើង​ខ្លាំង​ជាង​មុន ខណៈ​ធនាគារ​បាន​កាត់​បន្ថយ​លក្ខខណ្ឌ​កម្ចី សម្រាប់​ប្រាក់កម្ចី​ទិញ​ផ្ទះ ដែល​ជួយ​បង្កើន​សមត្ថភាព​របស់​អ្នកទិញ​ក្នុងការ​ខ្ចីប្រាក់។ សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​បាន​កើនឡើង៤.៦% ក្នុង​ត្រីមាស​ទី២ឆ្នាំនេះ ធៀប​នឹង​ឆ្នាំមុន ខណៈ​កាលពី​ត្រីមាស​ទី១ សេដ្ឋកិច្ច​ប្រទេស​នេះ​សម្រេចបាន៤%%ប៉ុណ្ណោះ នៅក្នុង​ត្រីមាស​ចុងក្រោយ​ឆ្នាំនេះ សេដ្ឋកិច្ច​របស់​ថៃ​ត្រូវ​រំពឹងថា នឹង​សម្រេចបាន​កំនើន៤%ផងដែរ។ នេះ​បើ​យោងតាម​គណៈកម្មាធិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​របស់​ថៃ៕

លោក​ជា សុផារ៉ា៖ កម្ពុជា​ត្រូវការ​លំនៅឋាន​ប្រមាណ១លាន​ខ្នង​ត្រឹម​ឆ្នាំ២០៣០

0

ដោយ វុត្ថា

ភ្នំពេញ៖ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន នគរូបនីយកម្ម និង​សំណង់ បាន​ព្យាករណ៍​ថា សម្រាប់​រយៈពេល១៥ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ២០១៥រហូត​ឆ្នាំ ២០៣០ តម្រូវការ​លំនៅដ្ឋាន​នៅ​ទូទាំងប្រទេស​នឹងមាន​ចំនួន​ប្រមាណ ១លាន​ខ្នង​បន្ថែមទៀត។

លោក​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​លក់​សម្ភារៈ​សំណង់ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​តាម​លំនៅដ្ឋាន Global House ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​លី​យ៉ុង​ផាត់ គ្រុប​កាលពី​ចុង​សប្តាហ៍​មុន​បន្តថា “តម្រូវការ​លំនៅដ្ឋាន​ដ៏​ច្រើន​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​សម្រាប់​តំបន់​រាជធានី ក្រុង និង​ទីប្រជុំជន​មាន​តម្រូវ​ការប្រមាណ៨០ម៉ឺន​លំនៅដ្ឋាន ហើយ​បើ​គិត​ជា​មធ្យម​មាន​តម្រូវការ​ប្រមាណ ៥ម៉ឺន​លំនៅឋាន​ក្នុង​មួយឆ្នាំ។

លោក​បន្តថា បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​ទីក្រុង​រណប បុរី​លំនៅឋាន និង​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​ចំនួន២៣០ទីតាំង និង​មាន​សំណង់​អគារ​ខ្ពស់​ចាប់ពី ៥ជាន់​ឡើងទៅ​ចំនួន ១,១០០អគារ។

លោក​ឧកញ៉ា​លី ហួរ​ប្រធាន​សមាគម​អ្នក​សាងសង់​លំនៅដ្ឋាន​បាន​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ដោយ​លោក​បាន​មានប្រសាសន៍ថា ទីផ្សារ​លំនៅដ្ឋាន​នៅតែមាន​ភាពល្អប្រសើរ ដោយសារ​ការរីកចម្រើន​សេដ្ឋកិច្ច និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ហេតុនេះហើយ ទើប​អ្នក​អភិ​វ​ឌ្ឈ​ន៍​ដែលជា​សមាជិកសមាគម បាន​ពង្រីក​ការវិនិយោគ​របស់​ពួកគេ​ដល់​តាម​បណ្តា​ខេត្ត បន្ថែម​លើ​គំរោង​អភិវឌ្ឍន៍​នៅ​រាជធានី​ភ្នំពេញ។

លោក​បន្តថា “ការរីកចម្រើន​ក្នុង​វិស័យនេះ នឹង​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្ត​ទៀត​ដរាបណា ប្រទេស​នេះ​នៅតែមាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំនើនសេដ្ឋកិច្ច​ដ៏​ល្អប្រសើរ​បែបនេះ”៕

វត្ត​មួយ​នៅ​ខេត្តបន្ទាយមានជ័យ​ស័ក្តិ​សមជា​ទីតាំង​សម្រាប់​ទាក់ទាញ​ទេសចរណ៍

0

ដោយ រ៉ាវី

ភ្នំពេញ៖ អា​រ៉ា​ម​មួយ​ក្នុង​ខេត្តបន្ទាយមានជ័យ ស័ក្តិ​សមជា​ទីតាំង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ស្របតាម​គោលនយោបាយ​របស់​ក្រសួងទេសចរណ៍ ដែល​ចង់​ប្រែក្លាយ​វត្ត​អា​រ៉ា​មចំណាស់ៗ ជា​ផលិតផល​ទេសចរណ៍​បន្ថែមទៀត។

យោងតាម Facebook Page របស់​ព្រះ​តេជគុណ ធ​ម្មា​លង្កា​រោ ចាន់ សុជន​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់ បាន​ឲ្យ​ដឹងថា ទី​វត្ត​ដែល​ព្រះអង្គ​រមែង​បង្ហោះ​អោយឃើញ​ពី​ទិដ្ឋភាពស្អាតៗ និង​សមិទ្ធផលល្អៗបម្រើអោយ​វិស័យ​ព្រះពុទ្ធសាសនា​នេះ គឺជា​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់ ស្ថិតនៅ​ភូមិ​ខ្ចាស់ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

វត្ត​នេះ​នៅ​ប៉ែក​ខាងជើង​ផ្លូវជាតិ​លេខ៦ (ដោយ​ចូល​តាមផ្លូវ​គ្រួស​ចម្ងាយ​ប្រមាណ​ជា៧គីឡូម៉ែត្រ)។ ទី​អា​រ៉ា​ម​នេះ​មាន​ផ្ទៃដី​សរុប​ជាង៧ហិកតា ដោយ​ក្នុង​ផ្ទៃ​ទាំងមូល ត្រូវបាន​រៀបចំ​កសាង​ជា​សមិទ្ធផល​បម្រើអោយ​ព្រះពុទ្ធសាសនា ដូចគ្នា​នឹង​ពុទ្ធ​មណ្ឌលធំៗផងដែរ ប៉ុន្តែ​នឹងធ្វើ​អោយ​ល្អ​ជាង អោយ​ស្អាត ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពុទ្ធបរិស័ទ​នៅ​ទូទាំងប្រទេស និង​អ្នក​ទេសចរណ៍។

វត្ត​ដែលមាន​ផ្ទៃដី​ធំ​ល្វឹងល្វើយ ហើយ​ត្រូវ​បានរៀបចំ​ជាទី​អា​រ៉ា​ម​បែប​ពុទ្ធ​មណ្ឌល​បម្រើអោយ​វិស័យ​សាសនា ដែល​សូម្បីតែ​អ្នកទស្សនា​ទេសចរណ៍ ក៏​ផ្អើល និង​លាន់មាត់​សរសើរ។ ស្ទើរតែ​គ្រប់​សមិទ្ធិផល និង​ការរៀបចំ​នៅក្នុង​វត្ត​នេះ ចង់​ឡូយ​ជាង​រមណីយដ្ឋាន​កម្សាន្ត​ខ្លះ​ផង។

ព្រះអង្គ​បាន​មាន​សង្ឃ​ដិ​កា​ឲ្យ​ដឹង​ទៀតថា សមិទ្ធផល​នៅក្នុង​ទី​អា​រ៉ា​ម​សុទ្ធតែ​បាន​ជំនួយ​ពី​សប្បុរសជន​ក្នុង និង​ក្រៅ​ស្រុក​គ្រប់ទិសទី ដោយ​ក្នុងនោះ​នៅលើ​ផ្ទៃដី​ទាំង៧៥,០០០ម៉ែត្រការ៉េ​របស់​វត្ត នឹង​ស្ថាបនា​ជា​ទម្រង់​ប្រវត្តិ​ព្រះពុទ្ធ និង​ជា​សមិទ្ធផលសំខាន់ផ្សេងៗ ដើម្បីអោយ​ទី​អា​រ៉ា​ម​មួយ​នេះ ក្លាយជា​សារមន្ទីរ​បង្ហាញ​ទម្រង់​ក្នុង​ជំនឿ​ព្រះពុទ្ធ​ធំ​មួយ និង​ដើម្បីអោយ​អ្នក​ចង់​បួស​រៀន និង​ចង់បាន​ភាពស្ងប់ស្ងាត់​ក្នុង​ផ្លួ​វ​ចិត្ត មាន​កន្លែង​មក​តាំងសមាធិ និង​សន្សំ​សុខ​ផ្លូវចិត្ត​ផង។

ទន្ទឹមនឹងនេះ ព្រះអង្គ​កំពុង​ដឹកនាំ​កាង​សមិទ្ធផលធំៗ ជាច្រើន​ផ្សេងទៀត​ក្នុង​វត្ត ដោយ​ក្នុង​ពេលនេះ ព្រះអង្គ​នឹង​កសាង​ពុទ្ធបដិមា​មួយអង្គ​កម្ពស់៨០ម៉ែត្រ ដើម្បីអោយ​ប្រទេស​កម្ពុ​ជាមាន​ព្រះពុទ្ធ​បដិមា​ធំ និង​ខ្ពស់ជាង​មួយអង្គ​ទុកជា​និមិត្តរូប​នៃ​ព្រះពុទ្ធសាសនា។

វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់ បាន​បង្កើតឡើង​កាលពី​អំឡុង​ឆ្នាំ១៩៣៨ តែ​ត្រូវ​បំផ្លាញ​ក្នុងសម័យ​ប៉ុលពត ហើយ​បានរៀបចំ​ជា​វត្ត​ពេញលេញ​ឡើងវិញ កាលពី​ឆ្នាំ២០១០ និង​ចាប់​ផ្ដើមកសាង​ជា​រមណីយដ្ឋាន បម្រើអោយ​ព្រះពុទ្ធសាសនា​កាលពី​អំឡុង​ឆ្នាំ២០១៣ ។

មកទល់ពេលនេះ ក្នុង​វត្ត​ទាំងមូល​មាន​ព្រះសង្ឃ​គង់នៅ​សរុប​ចំនួន១៧៣អង្គ ដោយ​វត្ត​នេះ​កំពុង​ក្លាយ​ជាទី​អា​រ៉ា​ម ដែលមាន​ការចាប់អារម្មណ៍​ពី​ការរៀបចំ​គួរអោយកត់សម្គាល់ ព្រោះតែ​ទិដ្ឋភាព​និង​ស​មិ​ទ្ឋិ​ផល​ពុ​ទ្ឋ​សាសនា​នានា៕

រដ្ឋមន្រ្តីសេដ្ឋកិច្ច÷ រយៈពេល៥ឆ្នាំចុងក្រោយកម្ពុជាសម្រេចបានវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រសើរ

0

ដោយគង់ សូរិយា

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា នៅក្នុងរយៈ៥ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍សង្គមកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចល្អ និងមានលក្ខណៈធន់និងវិបត្តិផ្សេងៗ។

ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាខាគយ និងរដ្ឋាករខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ឋតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប កាលពីចុងសប្តាហ៍មុនថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្ពុជាសម្រេចបានមូលដ្ឋាន នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្ម ពិសេសកម្មន្តសាល សំណង់ កសិកម្ម វិស័យទេសចរ អចលនទ្រព្យ ការដឹកជញ្ជូនគ្រប់ប្រភេទ និងទូរគមនាគមន៍ផងដែរ។

លោកបន្តថា “ការរីកចម្រើននេះ ស្ថិតក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនយ៉ាងល្អប្រសើរ ដោយអាចធានាបាននូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសស្ថិរភាពអត្រាប្តូប្រាក់ និងការគ្រប់គ្រងអតិផរណាឲ្យស្ថិតនៅក្នុងកម្រិតទាប”។
ជាមួយគ្នានេះ លោកអូន ព័ន្ឋមុនីរ័ត្នបានស្នើឲ្យមន្រ្តីក្រោមឳវាទ ត្រូវខិតខំបំពេញការងារតាមតារាងលំហូរ នីតិវិធីការងារ និងត្រូវប្រកាន់យកអភិក្រមបួនយ៉ាងគឺអនុវត្តការងារប្រកបដោយវិជ្ជាជីវ ការអនុវត្តការងារជាក្រុម ការប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងមិនត្រូវមើលរំលងកំហុសខ្លួនឯង ដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធរវាងអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅពង្រឹកកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅរកការរីកចម្រើនឥតឈប់ឈរ។

តាមការព្យាករណ៍របស់ធនាគារពិភពលោក មូលនិធិរូបបយប័ណ្ណអន្តរជាតិ និងធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើនក្នុងរង្វង់៧ភាគរយនៅឆ្នាំ២០១៨នេះ និងបន្តសម្រេចបានកំនើន៧ភាគរយរយៈពេលវែងបន្តទៀត៕