អគារ CDC។ រូបថត៖ សហការី
ដោយ ម៉ាណេត
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានអនុម័តគម្រោងវិនិយោគដល់ក្រុមហ៊ុនដែលគ្រោងវិនិយោគនៅកម្ពុជាចំនួន ៦ ដែលមានទុនវិនិយោគប្រមាណ ៦៣,៥ លានដុល្លារអាមេរិក។
តាមសំណើសុំវិនិយោគគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគទីមួយគឺ គម្រោងបង្កើតរោងចក្រគ្រឿងសង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ (បម្រើការសាងសង់) ពីថ្មម៉ាប ឬថ្មក្រានីត របស់ក្រុមហ៊ុន “MIKOL STONE CO., LTD.” ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៧កន្លែង។
-->
គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី ២- “SAAB PHNOM PENH CO., LTD.” គម្រោងបង្កើតរោងចក្របោកគក់ និងកែច្នៃម៉ូតសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងកំបោរ សង្កាត់ឪទ្បោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៨កន្លែង។
ទី៣ -“SHAN HAI JING (HONG KONG) HANDICRAFT MANUFACTURING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផ្កា និងផ្លែឈើសិប្បនិម្មិត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។ទី៤ – “YONG DE XIN (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ប្រមាណ ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២៥កន្លែង។
ទី៥-“VENICE HOLIDAY HOTEL CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន ២៥០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួយ ២២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦១កន្លែង។
ទី៦- “KOL VEASNA INVESTMENT CO., LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វ និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ២៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៨កន្លែង៕