ក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Real Estate Group កំពុងគ្រងអាណាចក្រអចលនទ្រព្យនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ ជាមួយនឹងកាតប្រកាសបោះទុនវិនិយោគ រហូតដល់៥០០០លានដុល្លារនៅកម្ពុជា ក្នុងឳកាសខួបបីឆ្នាំដែលក្រុមហ៊ុននេះ ឈានជើងចូលទីផ្សារកម្ពុជាPrince Real Estate Group កំពុងគ្របគ្រងអាណាចក្រជំនួញជាច្រើននៅកម្ពុជា ពិសេសក្នុងវិស័យសំណង់ និងអចលនទ្រព្យ។

ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd. ជាក្រុមហ៊ុនជំនួញឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការវិនិយោគយ៉ាងច្រើននៅក្នុងវិស័យអចលនទ្រព្យ វិស័យទូរគមនាគមន៍ និងហិរញ្ញវត្ថុ។ ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd. បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដោយបានសាងសាងសង់អគារជាច្រើនប្រភេទ ដូចជាសណ្ឋាគារ អគារស្នាក់នៅ ផ្ទះល្វែង ខុនដូ និងអគារពាណិជ្ជកម្មនៅតាមបណ្តាខេត្ត ក្រុងនានារបស់ប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុននេះមានសាខាចំនួន១៣ ទីតាំងនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Prince Real Estate បានសហការជាដៃគូជាមួយក្រុមហ៊ុនអន្តរជាតិជាច្រើនផងដែរ ដើម្បីអនុវត្តសាងសងគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា។ គម្រោងទាំងនេះរួមមាន Diamond One, Prince Central Plaza និង Prince Modern Plaza ដែលមានទីតាំងនៅរាជធានីភ្នំពេញ។ ក្រុមហ៊ុនបានសាងសង់ នូវគម្រោងអចលនទ្រព្យលើរទំហំដីទំហំ១ ហិកតា ដែលមានឈ្មោះថា Diamond One ដើម្បីទាក់ទាញប្រជាជនក្នុងស្រុក និងប្រជាជនចិនដោយក្នុងនោះមាន សណ្ឋាគារ Prince Modern Plaza កម្ពស់ ២៧ ជាន់គឺជាគម្រោងលំនៅដ្ឋានមួយ សម្រាប់យុវជននៅតាមទីប្រជុំជន ខណៈដែលអគារកម្ពស់៣៧ជាន់ Prince Central Plaza គឺជាអគារខុនដូដ៏ធំមួយស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។

នៅខេត្តព្រះសីហនុក្រុមហ៊ុននេះ បាននិងកំពុងដំណើរការរួមមាន Prince Plaza Center, Modern Plaza,Prince Club Project,Prince Time Hotel និង Koh Ta Kiev។ ជាមួយគ្នានោះ ក្រុមហ៊ុននេះក៏កំពុងសហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់លំនៅដ្ឋានតម្លៃទាបសម្រាប់ប្រជាជនកម្ពុជាផងដែរ។

ក្រុហ៊ុន Prince Real Estate នឹងអនុវត្តគម្រោងធំ ៗ ចំនួនបីទៀតនៅឆ្នាំនេះគឺ Prince Cullinan Bay និង Prince City Center នៅក្រុងព្រះសីហនុ និg Prince International Plaza ក្នុងរាជធានីភ្នំពេញ។ គម្រោងឆ្នេរខ្សាច់ Cullinan Bay ត្រូវបានរចនាឡើងជាកន្លែងលំហែកម្សាន្តលើទំហំផ្ទៃដី ២,៦ ហិកតា ។ គម្រោង Prince City Centre នឹងក្លាយទៅជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានខ្នាតអន្តរជាតិសាងសង់លើទំហំដី ១៦ ហិកតា ខណៈដែលគម្រោង Prince International Plaza នឹងត្រូវបានសាងសង់លើផ្ទៃដី ២.៨ ហិចតាហើយត្រូវបានគេរចនាឡើងជាចំណុចកណ្តាលទីប្រជុំជន។

នាពេលអនាគត ក្រុមហ៊ុន Prince Real Estate មានបំណងសាងសង់គម្រោងជាច្រើន និងនាំមកនូវការវិនិយោគបន្ថែមទៀតពីប្រទេសចិន ខណៈទំនាក់ទំនងរវាងកម្ពុជានិងចិនល្អប្រសើរ។ គោលដៅរបស់ក្រុមហ៊ុន Prince Real Estat សម្រាប់រយៈពេល១០ឆ្នាំខាងមុខនេះ នឹងអនុវត្តគម្រោងអោយឈានដល់ទំហំផ្ទៃ ៥លានម៉ែត្រការ៉េនៃតំបន់អភិវឌ្ឍន៍ និងទាក់ទាញអតិថិជនអោយបាន ២០០.០០០ នាក់ និងសមាជិក Prince Club ចំនួន៥០០,០០០ នាក់៕

ភ្ញាក់ផ្អើលៈកាសែតភ្នំពេញប៉ុស្ត៍ត្រូវបានក្រុមហ៊ុន Prince Real Estate Group ទិញយក

0

ដោយ វុត្ថា

ភ្នំពេញ៖ សារព័ត៌មាន AEC News Today បានចុះផ្សាយនៅលើគេហទំព័របស់ខ្លួនថា កាសែតភ្នំពេញប៉ុស្តិ៍ត្រូវបានលក់ទៅអោយ ក្រុមហ៊ុនអចនលទ្រព្យដ៏ធំរបស់ចិន ប្រចាំនៅកម្ពុជា គឺ Prince Real Estate Group ដែលមានលោកQiu Guoxing ជាអ្នកគ្រប់គ្រងដោយផ្ទាល់។

សារព័ត៌មាននេះបានចុះផ្សាយថា ត្រឹតែ២ខែ បន្ទាប់ពីអ្នកជំនួញជនជាតិម៉ាឡេស៊ី លោក Sivakuma S Ganapathy បានទិញកាសែតភ្នំពេញប៉ុស្តិ៍ ពីលោក Bill Clough ជនជាតិអូស្ត្រាលី កាសែតដ៏ល្បីនេះក៏ត្រូវបានលក់បន្តទៅឲ្យក្រុមហ៊ុនចិន Prince Real Estate Group  ដែលមានប្រាក់រាប់ពាន់លានដុល្លារ វិនិយោគលើវិស័យអនទ្រព្យក្នុងប្រទេសកម្ពុជា។

កាសែតនេះបានដកស្រងពីប្រភពគួរអោយទុកចិត្តថា “កាសែតដែលមានវ័យចំ​ណា​ស់២៦ ត្រូវបានលក់ទៅអោយក្រុមហ៊ុនចិន Prince Real Estate Group  ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់កម្ពុជា” ។ សារព័ត៌មាននេះបានបញ្ជាក់ថា បើសិនជាការលក់មែននោះ កាសែតដែលចុះផ្សាយជាភាសាអង់គ្លេសដ៏ល្បីនេះ លែងមានទៀតហើយ ដោយជំនួយដោយភាសាចិន”។

អ្នកដែលស្និតជាមួយក្រុមហ៊ុន Prince Real Estate Groupបានប្រាប់សារព័ត៌មាន AEC News Today ថា ចិនកំពុងផ្តោតការពង្រីកទីផ្សាររបស់ខ្លួន ក្នុងប្រទេសកម្ពុជា ខណៈការបោះពុម្ភកែសែតភ្នំពេញប៉ុស្តិ៍នេះ ធ្លាក់ចុះការលក់មកសល់ត្រឹមតែ២០០០ច្បាប់ ក្នុងមួយថ្ងៃ ខណៈរបាយការណ៍មួយចំនួនបានអោយដឹងថា បុគ្គលិកដែលបំរើនៅរោងពុម្ភពេលនេះ ពួកគេធ្វើការតែ៣ទៅ៥ម៉ោងទេ។

ប្រភពស្និតនឹងកាសែតភ្នំពេញប៉ុស្តិ៍បានអោយដឹងថា កាសែតភ្នំពេស្តិ៍នៅពេលពេ​ល មិនមានថៅកែច្បាស់លាស់នោះទេ៕

ក្រសួងដែនដី ផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួនជាង១,៥០០គម្រោងក្នុងដំណាច់ឆមាសទី១

0

ដោយ រ៉ាវី

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៨ទាំងសមត្ថកិច្ចក្រសួង និងរាជធានី ខេត្តបានផ្ដល់លិខិតអនុញ្ញាតសាងសង់បានចំនួន១, ៦៤៣ គម្រោង មានផ្ទៃក្រឡាសំណង់សុរប ៥, ៣៥២, ៤២២ម៉ែត្រការ៉េ មានតម្លៃប៉ានស្មាន២,១៥៣, ២១១,១១៨ ដុល្លារសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់បង្ហាញនៅក្នុងបណ្តាញទំព័របណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន នៅក្នុងសប្តាហ៍នេះថា ទុនវិនិយោ​គរបស់វិស័យឯកជនមកពីបរទេស គឺមានចំនួន៨ប្រទេស ស្មើនឹងចំនួន២១គម្រោង មានផ្ទៃក្រឡាសំណង់សរុប៩២៨, ២៦៧ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគ៣៩៤, ៣៣២, ៣០០ ដុល្លារ។

របាយការណ៍បានគូសបញ្ជាក់ថា “កំណើននៃវិស័យសំណង់ ជាសូចនាករមួយទៀត បង្ហាញពីភាពរីកចម្រើនក្នុងវិស័យនេះ ដែលបានកើនឡើង១៤%ដល់ប្រមា​ណជា ១,៧៤២គម្រោង ក្នុងនោះសំណង់លំនៅដ្ឋានមានចំនួនច្រើនលើសលុប ដែលមានរហូតដល់ ៨៥% នៃគម្រោងសាងសង់សរុប”។

វិស័យសំណង់បានរួមចំណែក ជម្រុញដល់កំណើនសេដ្ឋកិច្ចជាតិបានយ៉ាងខ្លាំងនិងបានផ្ដល់ការងារដល់អ្នកជំនាញ និងកម្មករប្រមាណ១៨ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលធ្វើការតាមការដ្ឋានសំណង់ទូទាំងប្រទេស ព្រមទាំងទទួលបានប្រាក់ឈ្នួលពី៤០០ដុល្លារ ទៅ២៥០០ដុល្លារអាមេរិកក្នុងមួយខែ៕

ហេតុអ្វីយើងត្រូវប្រើប្រាស់សេវាធនាគារជាប្រាក់រៀល?

0

ដោយ រ៉ាវី

ភ្នំពេញ៖ ផ្អែកតាមរបាយការណ៍ប្រចាំឆ្នាំ របស់ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០១៧ ក្នុងការចាក់បញ្ចូលប្រាក់រៀលប្រមាណ ៣,៧ពាន់លានរៀល តាមរយៈការទិញប្រាក់ដុល្លារអាមេរិក ដែលមានតម្លៃសរុប ៩១៥លានដុល្លារអាមេរិកដោយកើនឡើងប្រមាណ ១១,៤% បើធៀបនឹងឆ្នាំ២០១៦។

ទំនុកចិត្តនៃការប្រើប្រាស់ប្រាក់រៀល ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងសង្គមជាតិទាំងមូល។ សម្រាប់វិស័យហិរញ្ញវត្ថុនិងធនាគារ ការប្រើប្រាស់ប្រាក់រៀលគឺជាការចាំបាច់ ក្នុងការលើកកម្ពស់រូបិយប័ណ្ណក្នុងស្រុក និងជាពិសេសផ្តល់ផលចំណេញដល់អតិថិជនផ្ទាល់តែម្តង។ ដោយមានការគាំទ្រ និងលើកទឹកចិត្តពីធនាគារជាតិ ធនាគារពាណិជ្ជនានាបានចាប់ផ្តើមផ្តល់នូវផលិតផល និងសេវាកម្មធនាគារជាប្រាក់រៀល ជាមួយនឹងអត្ថប្រយោជន៍ល្អជាងប្រាក់ដុល្លារ ទៅតាមតម្រូវការរបស់អតិថិជន។

លោក ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម របស់ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានឱ្យដឹងលម្អិតថា «ក្នុងនាមជាធនាគារពាណិជ្ជថ្នាក់តំបន់ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ធនាគារ CIMB មានមោទនភាព ក្នុងការរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅក្នុងគ្រឹះស្ថានធនាគារ ដោយនាំយកផលិតផលធនាគារជាប្រាក់រៀលដ៏សម្បូរបែប ទាំងទៅលើប្រភេទកម្ចី និងប្រាក់បញ្ញើដល់អតិថិជន។ ស្របតាមការលើកទឹកចិត្ត និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា យើងនឹងបង្កើនការផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីសារៈសំខាន់និងរួមចំណែកនៃការប្រើប្រាស់ប្រាក់រៀល ទាំងក្នុងវិស័យធនាគារ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកទាំងមូលផងដែរ»។

ជាការពិតណាស់ សម្រាប់ប្រតិបត្តិការធនាគារមួយចំនួន ដូចជាការទូទាត់ក្នុងប្រតិបត្តិការអាជីវកម្ម និងការបង់ពន្ធជាប្រាក់រៀលជាដើម អតិថិជនអាចកាត់បន្ថយចំណាយប្រតិបត្តិការ និងបង្កើនចំណេញបានច្រើន នៅពេលដែលពួកគេមានគណនីធនាគារជាប្រាក់រៀលស្រាប់ ដោយកាត់បន្ថយនូវហានីភ័យពីអត្រាប្តូរប្រាក់។ ជាមួយគ្នានេះ សម្រាប់ការដាក់ផ្ញើប្រាក់បញ្ញើជាប្រាក់រៀល អតិថិជនក៏ទទួលបានអត្រាការប្រាក់ល្អជាងប្រាក់ដុល្លារអាមេរិកផងដែរ។ សម្រាប់គណនីបញ្ញើប្រាក់រៀលមានកាលកំណត់ ធនាគារ CIMB ផ្តល់ជូនអិតិថិជន នូវអត្រាការប្រាក់ រហូតដល់ ៦% ខណៈដែលអត្រាការប្រាក់ ជាប្រាក់ដុល្លារអាមេរិក ត្រឹមតែ ៤% ប៉ុណ្ណោះ។

តាមរយៈការជួយឧបត្ថម្ភដ៏ថ្លៃថ្លា ពីសំណាក់ធនាគារជាតិនៃកម្ពុជា ប្រាក់រៀលត្រូវបានរំពឹងថា នឹងមានការចរាចរកើនឡើងជាលំដាប់ ក្នុងប្រទេសកម្ពុជា ដែលជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ។ ធនាគារជាតិនៃកម្ពុជា នឹងមានលទ្ធភាពកាន់តែច្រើន ក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ហើយប្រសិនបើប្រាក់រៀលជារូបិយវត្ថុចម្បង ការប្រើប្រាស់ប្រាក់រៀលតែមួយមុខ ក៏នឹងលើកកម្ពស់កិត្យានុភាព និងអធិបតេយ្យភាពរបស់ប្រទេសជាតិយើង៕

លោកគុយ វ៉ាត៖ តើកម្ពុជាគួរធ្វើដូចម្តេចដើម្បី​បង្កើនការទាក់ទាញអ្នកវិនិយោគអន្តរជាតិ

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ការរក្សាបាននូវគុណភាពសេវាកម្ម ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិ​យោ​​គ​មិ​ន​ត្រឹមតែអាចទាក់ទាញអ្នកវិនិយោគថ្មីៗនោះទេ តែអាចធ្វើឲ្យដំណើរ​ការ​អភិវឌ្ឈន៍​អចល​នទ្រព្យ និងសំណង់នៅកម្ពុជាមាននិរន្តរភាពផងដែរ ខណៈទីផ្សា​រ​នេះកាន់តែ​រីកធំនិងមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំង។

លោកគុយ វ៉ាតអគ្គនាយកក្រុមហ៊ុនVTRUST GROUP និងជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាលនៃក្រុមហ៊ុនCentury21 Cambodiaបានថ្លែងឲ្យដឹងកាលពីពេលថ្មី​ៗនេះថា កម្ពុ​ជា​​ក្លាយ​ជា​ប្រទេសទទួល​បានការចាប់អារម្មណ៍ខ្លាំង ដោ​យសារប្រទេសនេះ​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃអាស៊ាន និងមានលក្ខខ័ណ្ឌអំណោយផលជាច្រើនដូចជា កត្តាសុខ​សន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចរ៉ឹងមាំ និងច្បាប់បទដ្ឋានគតិយុត្តិរបស់កម្ពុ​ជាពិសេសច្បាប់វិនិយោគបានបើកចំហយ៉ាងខ្លាំង។

លោកបន្តថា ដូច្នេះក្នុងនាមយើងជាអ្នកផ្តល់សេវា តើយើងគួរផ្តល់​សេវា​កម្មយ៉ាង​ដូច​ម្តេច ​ដើម្បី​ទទួ​ល​បានទំនុ​ក​ចិត្តដល់អ្នកវិនិយោគ លោកគុយវ៉ាតបាន​ថ្លែងថា “យើងជា​អ្នក​ផ្តល់សេវា និងអ្នកសាងសង់ យើងត្រូវតែ​ផ្តល់វាសេវាកម្មប្រកបដោយយគុណភាព និង​ទំនុកចិត្ត ដើម្បីអាចទទួលបានប្រាក់ពីសេវារបស់យើងផង ហើយអ្នកអភិវឌ្ឈន៍​ក៏​អាច​​ទទួលបាន​ប្រា​​ក់​ចំណេញ”។លោកបន្តថា “​ការផ្តល់សេវាកម្មប្រកប​ដោយ​គុណ​​ភាព និង​ចេះ​ធ្វើបច្ចុ​ប្បន្នភាព សេវារបស់យើងឲ្យស្របតាមសម័យកាល ពិតជាមាន​សារៈ​សំ​ខា​ន់ណាស់ ដើម្បីទាក់ទាញអ្នកវិនិយោគ​កាន់តែ​ច្រើន ​ចូល​មកកាន់ប្រទេ​ស​របស់យើង”។

លោកគុយ វ៉ាតបានបន្តថា ក្នុងវិស័យអចលនទ្រព្យមានផ្នែកជាច្រើន ដូចជា​ផ្នែក​អភិវឌ្ឈន៍ ​វាយ​តំលៃ ​គ្រប់គ្រង និងផ្នែកទិញលក់ជួលអចលនទ្រព្យ ដែលផ្នែកទាំង​អស់នេះ​ពិតជា​មាន​សា​រៈសំខាន់ ព្រោះពេលសំណង់​សាងសង់រួច យើង​ត្រូវការផ្នែក​លក់ ហើយ​ពេលលក់​តើយើងលក់នៅទីណា គឺយើងត្រូវការទីផ្សារនៅបរទេសនិង​ក្នុង​ស្រុក​។ចំណែក​ផ្នែកវាយ​តំលៃ​ក៏ជា​រឿងសំខាន់ផងដែរ។ ដូច្នេះផ្នែក​និមួយៗ​មាន​ភាព​ពាក់ព័ន្ឋ​គ្នា ហើយ​ដើម្បីឲ្យ​ផ្នែក​និមួយៗដំណើរការល្អ យើងត្រូវមានធន​ធាន​មនុស្ស​ដែលមាន​គុណភាព ហើយ​ដើម្បី​​មានធនធានមនុស្សមានគុណភាព​ គឺទាម​ទារ​ការ​បណ្តុះបណ្តា​ល​ច្បាស់លាស់ ដើ​ម្បី​ផ្តល់សេវាកម្មមានគុណភាព អាចប្រកួត​ប្រ​ជែង​ជាមួយប្រទេស​ជិត​ខាង។

តើធ្វើដូចម្តេចដើម្បីឲ្យទីផ្សារអចលនទ្រព្យ រក្សាបាននូវការអភិវឌ្ឈន៍ប្រកប​ដោ​យ​និរន្តរ​ភាព?លោកគុយ វ៉ាតបានថ្លែងថា “ខ្ញុំគិតថាដើម្បីឲ្យការអភិវឌ្ឈន៍​ប្រក​ប​ដោយ​និរ​ន្តរភាព ត្រូវធ្វើឲ្យអ្នកវិនិយោគមានទំនុកចិត្ត ព្រោះពេលគេមាន​ទំនុកចិត្ត​គេនឹង​ដាក់​ទុន​ចូលមក និងទទួលបានប្រាក់ចំណេញ និងធ្វើឲ្យទីផ្សាររបស់​យើងកាត់​បន្ថយបាន​នូវ​ហា​និភ័យ​”។

លោកបន្តថា ចាប់តាំងពីរដ្ឋាភិបាលអនុម័តច្បាប់សហកម្មសិទ្ឋ​នៅឆ្នាំ​២០១១ ​ដែ​ល​​អនុ​ញ្ញាត្តឲ្យជនបរទេស ​ទិញខុនដូចាប់ពីជាន់ទី១ទ្បើង​ទៅ ​ទីផ្សារខុនដូ​កម្ពុជា​មិនមែន​សម្រាប់ប្រជាជនខ្មែរ១៥លាននាក់ និងមិនមែនសម្រាប់តែប្រជាជនក្នុង​តំប​ន់​​អា​ស៊ា​នទេ ប៉ុន្តែវាជាការបើកចំហសម្រាប់ទីផ្សារទូទាំងពិភពលោក។ ច្បាប់​នេះ​បាន​ទាក់ទាញ​អ្នកវិនិ​យោគលើវិស័យខុនដូច្រើន និងមានក្រុមហ៊ុនអន្តរជាតិជា​ច្រើន​ ដូចជា​ក្រុមហ៊ុនCentury​21, Hutton, និងក្រុមហ៊ុនCBRE ជាដើមបាន​ចូលមកកា​ន់​ទីផ្សារនេះ ដែលធ្វើឲ្យទី​ផ្សារនេះកាន់តែទទួលបានទំនុកចិត្ត។

​ដំណើរការអភិវឌ្ឈន៍របស់យើង​មាន​និរន្ត​រភាពឬ​អត់ ​វាអាស្រ័យលើការផ្តល់​សេវា​កម្មប្រកបដោយទំនុកចិត្ត ស្ថេរភាពនយោបាយ កំនើ​នសេដ្ឋកិច្ច និងការធ្វើ​សមា​ហរណ​កម្មសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងតំបន់ នៅចុងឆ្នាំនេះ សុទ្ឋតែជា​កត្តា​ទាក់ទា​ញអ្នក​វិនិ​យោគកាន់តែច្រើន ​ឲ្យមកបណ្តាក់​ទុន​នៅ​កម្ពុ​ជា​កាន់​តែច្រើន​ថែមទៀត។លោកគុយ វ៉ាតបញ្ជាក់៕

ផ្តើមពីក្មេងលក់កាសែតតស៊ូរហូតក្លាយជាឧកញ៉ា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មនុស្សម្នាក់ៗសុទ្ឋតែមានប្រវត្តិតស៊ូខុសៗគ្នា ប៉ុន្តែភាពឆ្លាតវៃ និងការដើរលើផ្លូវត្រូវក្នុងឆាកជីវិត បានធ្វើឲ្យបុគ្គលនោះជោគជ័យដោយទទួល​បានទាំងកេរ្ត៍ឈ្មោះល្អ និងទ្រព្យសម្បត្តិហូរហៀរ។

កើតនៅក្នុងសង្កាត់លេខ៥ (សង្កាត់ទួលស្វាយព្រៃ) ក្រុងភ្នំពេញ ក្នុងគ្រួសារ ដែលមានម្តាយជាអាជីវករ និងឪពុកជាមន្រ្តីបច្ចេកទេសនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាទសវត្សរទី៨០ កុមារនួន  រិទ្ឋីជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់។

កុមារនួន រិទ្ឋីចាប់ផ្តើមចូលរៀនតំបូងនៅសាលាបឋមសិក្សាទួលស្លែង អនុវិទ្យាល័យទួលស្វាយព្រៃ និងបន្តការសិក្សានៅវិទ្យាល័យព្រះយុគន្ឋរ មុនបន្តការសិក្សាបរិញ្ញាបត្រផ្នែកវិស្វករសំណង់ស៊ីវិល នៅសាកលវិទ្យាល័យន័រតុន ហើយ​បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងជំនួញអន្តរជាតិនៅសាកលវិទ្យាល័យបៀលប្រាយ។

ជីវិតក្រីក្រ

       ដោយសារម្តាយរកស៊ីតូចតាច និងឪពុកជាមន្រ្តីរាជការ បានធ្វើឲ្យក្រុមគ្រួ​សារលោកនួន រិទ្ឋីមានជីវភាពលំបាក។ ដោយមើលឃើញភាពលំបាកនេះ និងចង់សម្រាលបន្ទុកគ្រូសារ ពេលខ្លះលោកនួន រិទ្ឋីដែលបានចម្រើនវ័យជំទង់បានលួចទៅធ្វើការសំណង់ ដោយទទួលបានប្រាក់ក្នុងមួយថ្ងៃ៧០០០ទៅ៨០០០​រៀលក្នុងមួយថ្ងៃ។ បន្ទាប់ពីការងារនេះមានភាពលំបាកខ្លាំង លោកនួន រិទ្ឋីបានប្រកបរបរថ្មីទៀត គឺលក់កាសែតនៅតាមផ្សារ និងទីតាំងមួយចំនួន ដែលទទួល​បានប្រាក់កំរ៉ៃសមរម្យ ដោយសារលោកបានបែងចែកផែនការ និងគោលដៅច្បាស់លាស់ ក្នុងការចែកចាយកាសែត។

ចាប់ផ្តើមអាជីវកម្មខ្នាតតូច

       ប្រហែលជាមានឈាមជ័រជាអ្នកជំនួញ បានធ្វើឲ្យយុវជននួន រិទ្ឋីមានឧប​និស្ស័យជាអ្នកជំនួញ តាំងពីពេលដែលខ្លួនចាប់ផ្តើមពេញជំទង់ ដោយលោកបាន​ចាប់ផ្តើមនូវអាជីវកម្មជាអ្នកលក់កាសែតដ៏កាក់កប ធៀបនឹងអ្នកលក់កាសែតដទៃទៀត ដែលភាគច្រើនមិនសូវមានភាពជោគជ័យ។

លោកបានលើកឡើងពីអាជីពលក់កាសែតរបស់ខ្លូនថា“ខ្ញុំមានផែនការ និង​គោលដៅជាស្រេចនៅពេលលក់កាសែត ដោយសម័យនោះកាសែតរស្មីកម្ពុជាលក់ដាច់ខ្លាំង ហើយកាសែតនេះ មានសរ​សេរព៌តមានពីសេដ្ឋកិច្ចមួយចំនួន អាជីវករនៅផ្សារអូឡាំពិកចូលចិត្តអានកាសែ​តនេះ ហើយខ្ញុំបានយកកាសែតដើរដាក់នៅតាមតូបនិមួយៗ និងប្រមូលលុយនៅពេលក្រោយ”។លោកបន្តថា “បន្ទា​ប់ពីបោះកាសែតរស្មីកម្ពុជា នៅតូបផ្សារអូរឡាំពិកហើយ ខ្ញុំដើរទៅតាមរោងកាហ្វេលក់កាសែតមនសិកាខ្មែរ ដោយសារអ្នក​នៅតាមរោងកាហ្វេចូលចិត្តកាសែ​តប្រឆាំង”។

ជាមួយនឹងគោលដៅជាក់លាក់ យុវជននួន រិទ្ឋីក៏បានឈរលក់កាសែតនៅ​ស្ថានីយ៍ប្រេងឥន្ឋនៈសែល ស្ថិតនៅលើផ្លូវមុនីវង្ស ក្បែរផ្លូវភ្លោះអូរឬស្សីសព្វថ្ងៃនេះយ៉ាងកាក់កបផងដែរ។

ចាប់ផ្តើមអាជីពការងារដ៏ជោគជ័យ

       ទោះជាការងារលក់កាសែតជោគជ័យក៏ដោយ ក៏លោកនួន រិទ្ឋីបានបោះ​បង់​ចោល ដោយផ្តោតលើការសិក្សាជាចំបងវិញ ព្រោះក្នុងចំណោមបងប្អូន​របស់លោកមានប្អូនស្រីម្នាក់បានលះបង់ការសិក្សា និងមកជួយម្តាយរបស់លោក ដើម្បីពង្រីកមុខរបររកស៊ី ហើយធ្វើឲ្យជីវភាពគ្រួសារកាន់តែប្រសើរ។

ពេលជីវភាពកាន់តែប្រសើរ លោកបានផ្តោតសំខាន់លើការសិក្សា ទីបំផុត​លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យន័រតុន និងចាប់ផ្តើមចេញធ្វើការលើកតំបូងនៅក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីមួយ គឺក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប​នៅឆ្នាំ២០០៤ ដោយទទួលបានប្រាក់ខែ តំបូងត្រឹម៨០ដុល្លារអាមេរិកក្នុងមួយខែប៉ុណ្ណោះ ប៉ុន្តែក្នុងពេលបំពេញការងារ លោកបានទទួលការលើកទឹកចិត្តពីអគ្គនាយកក្រុមហ៊ុន​ ហើយលោកបានឡើងតំណែងរហូត តាំងពីបុគ្គលិកធម្មតាមកជាបុគ្គលិកផ្នែកវាយតម្លៃ ប្រធានផ្នែក មកកាន់តំណែងជាអ្នកគ្រប់គ្រងផ្នែក​វាយតម្លៃ មុនបន្តកាន់តំណែងជានាយកប្រតិបត្តិ និងជាអគ្គនាយកក្រុមហ៊ុន។

អ្វីជាហេតុផលនៅពីក្រោយភាពជោគជ័យនេះ លោកឧកញ៉ានួន រិទ្ឋីបាន​ថ្លែងឲ្យដឹងថា “នៅពីក្រោយភាពជោគជ័យរបស់ខ្ញុំមានកត្តាមួយចំនួនដូចជា ទី១ ទាំងនៅក្នុងប្រវត្តិនៃការសិក្សា និងការងាររបស់ខ្ញុំ ខ្ញុំតែងតែមានគោល​ដៅច្បាស់​លាស់ និងមានផែនការក្នុងជីវិតរបស់ខ្ញុំ”។

ការទទួលបាន​ការដំឡើងតំណែ​ងពីចៅហ្វាយរបស់ខ្ញុំ គឺដោយសារខ្ញុំតែងតែមានការទទួលខុសត្រូវលើការ​ងាររបស់ខ្ញុំ និងកាតព្វកិច្ចរបស់ខ្ញុំ និងមិនដែលយកពេលវេលារបស់ក្រុមហ៊ុនមកធ្វើការងាររបស់ខ្លួន និងបំរើផលប្រយោជន៍រប​ស់ខ្លួនទេ។ ទី២ ខ្ញុំតែងតែគិតពីផលប្រយោជន៍សមូ​ហភាព គិតទៅលើកិត្តិយសរបស់ក្រុមហ៊ុន ច្រើនជាងកិត្តយសរបស់ខ្ញុំ ព្រោះខ្ញុំយល់ថាបើស្ថាប័នខ្ញុំធ្វើការមានកិត្តិយស មានមុខមាត់ ខ្ញុំនឹងមានភាពរីករាយជា​មួយសហគមន៍របស់ខ្ញុំ។

ទី៣ ខ្ញុំយល់ច្បាស់នូវកាលៈទេសៈ និងភាពបត់បែនក្នុង​ការងារ ដែលខ្ញុំត្រូវមានសិល្បៈក្នុងការងារ ដោយត្រូវធ្វើឲ្យអ្នកធ្វើការជាមួយគ្នា ទទួលស្គាល់​សមត្ថភាពខ្ញុំ។ គុណភាពការងារ និងប្រសិទ្ឋិភាពការងារ និងធ្វើឲ្យមានប្រាក់ចំណេញ​ដល់ក្រុមហ៊ុន។ ទី៤ យើងត្រូវយល់ពីការងារស្នូលរបស់យើង ការងារស្នូលនៃមុខ​ជំនួញ ព្រោះនៅក្នុងជីវិត បើយើងមិនយល់ពីការងាររបស់យើង មិនយល់ពីស្នូលនៃការងាររបស់យើង យើងដើរមិនដល់គោល​ដៅនោះទេ។

ការពង្រីកចំណេះដឹង

ចំណេះដឹងពិតជាមានសារៈសំខាន់ណាស់ ដើម្បីកំណត់មូលដ្ឋាននៃភាព ជោគជ័យរបស់បុគ្គលនិមួយៗ ដោយយល់ពីសារៈសំខាន់នៃចំណេះដឹងបែបនេះ ហើយ ទើបលោកឧកញ៉ានួន រិទ្ឋីតែងតែពង្រីកចំណេះដឹងរបស់ខ្លួន តាមរយៈការ​​ចូលរួមវគ្គបណ្តុះបណ្តាលនានា ដើម្បីមានមូលដ្ឋានកាន់តែរឹងមាំក្នុងការធ្វើការ​ជា​មួយក្រុមហ៊ុន និងអតិថិជនជាដៃគូរបស់យើង។

លោកបន្តថា “អ្វីសំខាន់មិនអាចខ្វះបាន គឺការទទួលខុសត្រូវ គឺខុសទទួល​ថាខុស បើយើងត្រូវ យើងត្រូវតែចេះជជែកវែកញែក មិនមែនធ្វើជាមនុស្សចេះតែ Yes និងNoទេ ទើបគេមើលឃើញយើងក្នុងលក្ខខ័ណ្ឌជាអ្នកដឹកនាំ”។លោកបន្តថា “ពន្លកនៃអ្នកដឹកនាំគឺហ៊ាននិយាយ ហ៊ានវែកញែក រកខុសរកត្រួវ ហើយយើង​និយាយអ្វីគួរនិយាយ ធ្វើអ្វីដែលយើងគួរធ្វើ ហើយខ្ញុំបំរើការងាក្នុងក្រុមហ៊ុន គឺមិនធ្វើតាមចិត្តខ្ញុំទេ គឺធ្វើតាមគោលការណ៍របស់ក្រុមហ៊ុន”។

ចាប់ផ្តើមជំនួញអចលនទ្រព្យ

ជាមួយនឹងភាពឆ្លាតវៃ និងមានចក្ខុវិស័យវែងឆ្ងាយ លោកឧកញ៉ានួន រិទ្ឋីបានចាប់ផ្តើមជំនួញដីធ្លី តាំងពីពេលលោកកំពុងសិក្សាម្លេះ ដោយសារពេល​នោះគ្រួសារលោកមានដី និងបានសាងសង់ផ្ទះប្រវ៉ាស់ជាមួយគេ ដោយទទួលបានផ្ទះពីរល្វែង និងលក់មួយល្វែងយកមកដោះស្រាយបញ្ហាគ្រួសារ និងពង្រីកមុខជំនួ ញ គឺទិញដីថោកៗហើយលក់បានចំណេញជាបន្តបន្ទាប់ និងចាប់ផ្តើមមានទុនជាបណ្តើរៗសម្រាប់វិនិយោគ តាំងពីពេលលោកមិនទាន់ចូលធ្វើការ។

លោកឧកញ៉ាបានពន្យល់ពីការចាប់ផ្តើមជំនួញដីធ្លីរបស់ខ្លួនថា “ខ្ញុំចាំពាក្យ​ចាស់ថាមនុស្សកើត ដីអត់កើតទេ ហើយពាក្យចាស់មួយទៀតថា ចង់មានត្រូវយកលុយកប់នឹងធរណី”។លោកបន្តថា “មានពាក្យចាស់មួយទៀតលើកឡើងថា ចង់មានឲ្យជួញអង្ករ ចង់ក្រជួញឡានចាស់”។

ពីមុនយើងមិនមានមូលដ្ឋានចំណេះដឹងអ្វី ក្រៅពីស្តាប់ពាក្យចាស់ណែនាំទេ ប៉ុន្តែបច្ចុប្បន្នយើងមានព៌តមានសម្បូរបែប សម្រាប់យកមកវិភាគពីសេដ្ឋកិច្ច និងសង្គម ដែលជាមូលដ្ឋានសំខាន់នៃការសម្រេចចិត្តរបស់យើង។

ការរៀបការនិងគ្រួសារ

ក្នុងកំឡុងពេលបំពេញការងារផ្ទាល់ខ្លួន ដោយជោគជ័យក្នុងជំនួញដីធ្លី លោកឧកញ៉ានួន រិទ្ឋីបានជួបជាមួយភរិយាលោក គឺកញ្ញាអៀត ដារីនិងបានរៀបការនៅឆ្នាំ២០០៣ និងបច្ចុប្បន្នទទួលបានបុត្រចំនួនបួននាក់ ប្រុសពីរ និងស្រីពីរជាចំណងដៃ។

អនុសាសន៍

ជាមួយនឹងភាពជោគជ័យ ដោយសារមានចក្ខុវិស័យ និងផែនការច្បាស់​លាស់ក្នុងឆាកជីវិត លោកឧកញ៉ានួន រិទ្ឋីចង់ឲ្យយុវជនជំនាន់ក្រោយផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេ ព្រោះយុវជនមួយចំនួននាពេលសព្វថ្ងៃចង់ឡូយ ចង់កាលីប តែមិនចង់ធ្វើការនិងមិនសូវខិតខំរៀនសូត្រ។

លោកឧកញ៉ាបានបន្តថា ដើម្បីឲ្យយុវជនទទួលបានជោគជ័យ ក៏ទាមទារ​ការចូលរួមកំណត់គោលដៅ ពីក្រុមគ្រួសាររបស់ពួកគេផងដែរ។ ក្រុមគ្រួសារពួកគេត្រូវ​កំណត់ថា “ឲ្យកូនរបស់ពួកគេរៀន គោលដៅដើម្បីធ្វើអ្វី និងត្រូវយល់ពីទីផ្សារការ​ងារច្បាស់លាស់ថា តើរៀនចប់បរិញ្ញាបត្រចំទីផ្សារដែរឬទេ?” ។លោកបន្តថា “ខ្ញុំចង់ឲ្យយុវជនងាកមករកជំនាញវិញ ព្រោះយើងអត់មានជំនាញទេ យើង​មានតែhard skill អ្នកណាក៏រៀនចេះដែរ តែជំនាញsoft Skillមិនមានពិតជាលំបាកហើយ”។

ហេតុនេះបើប្អូនៗយុវជនចំណាយពេល៤ឆ្នាំរៀនបរិញ្ញាបត្រ ចាយលុយផ្ទះ អស់៨០០០ដុល្លារឬច្រើនជាងនេះ ដើម្បីអាចបញ្ចប់បរិញ្ញាបត្រមួយ ប៉ុន្តែបើសិនជាពួកគេស្ថិត ក្នុងគ្រួសារមានជីវភាពមធ្យមឬក្រោមមធ្យម ពួកគេគួរតែធ្វើការលើជំនាញដូចជា ជាងឡាន ជាងម៉ាស៊ីនត្រជាក់ ពួកគេរកលុយបាន ហើយបន្ទាប់ពី  រយៈពេល៤ឆ្នាំពួកគេពួកគេក្លា​យជាជាងចំណាន និងទទួលបានប្រាក់ខែ៤០០ទៅ៥០០ដុល្លារអាមេរិក ប៉ុន្តែអ្នក​រៀន៤ឆ្នាំ ចេញមកវិញបានប្រាក់ខែត្រឹម២០០ទៅ២៥០ដុល្លារ ហើយបើគ្មានបទពិសោធន៍វិញ ពួកគេទទួលបានប្រាក់ខែជាង១០០ដុល្លារប៉ុណ្ណោះ។

ផ្ទុយទៅវិញបើពួកគេរៀនបានទទួលជំនាញពិតប្រាកដ ពិតជាមិនខ្វះការ​ងារធ្វើទេ។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា “យុវជនមួយចំនួនឆ្លើយថា ដើម្បីមានការងារដល់តែ​មានបក្ខពួក ជាការយល់ច្រឡំហើយ។ ព្រោះក្រុមហ៊ុននិមួយៗគេរើសមនុស្សមកធ្វើការ គេយកធនធានមនុស្សពិតប្រាកដ”។លោកបន្តថា “យុវជនបញ្ចប់ពីសាលា​បច្ចុប្បន្ន ពេលរើសយកមកធ្វើការដល់តែដុសខាត់រយៈពេល៦ខែ ទើបអាចធ្វើការ​បាន”។

លោកបន្តថា “ហេតុនេះបើស្ថិតក្នុងគ្រួសារមានជីវភាពមធ្យម ឬក្រោមមធ្យម​យុវជន​គួររៀនជំនាញ ជាជាងរៀនបរិញ្ញាបត្រ ដើម្បីកុំឲ្យខាតពេលវេលា ហើយអាច​ធ្វើការពេលថ្ងៃ និងរៀនពេលយប់បាន”៕

អត្រាប្រើប្រាស់ការិយាល័យរួម កើនឡើងរហូតដល់ ៨៧,៧ភាគរយ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ អត្រាគ្របដណ្តប់នៃការប្រើប្រាស់អាគារការិយាល័យនៅកម្ពុជា បានកើនខ្ពស់នៅត្រីមាសទី២ឆ្នាំនេះ ធៀបនឹងត្រីមាសទី១ដើមឆ្នាំនេះ ដោយអត្រាប្រើប្រាស់រួមបានគ្របដណ្តប់រហូតដល់៨៧,៧ភាគរយ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodiaប្រចាំត្រីមាសទី២ដែ​ល​​​បានបញ្ចប់ការសិក្សាកាលពីពេលថ្មីៗនេះបានឲ្យដឹងថា កំឡុងត្រីមាសទី១ឆ្នាំនេះអត្រាគ្របដណ្តប់នៃការប្រើប្រាស់ការិយាល័យជារួម មានត្រឹម៨២,៧ភាគរយប៉ុណ្ណោះ ប៉ុន្តែកំនើនតម្រូវការបានកើនឡើង ដោយធ្វើឲ្យអត្រាប្រើប្រាស់ការិយាល័យរួមកើនជាង៨៧ភាគរយ។របាយការណ៍ដដែលបានបង្ហាញថា និន្នាការផ្គត់ផ្គង់ការិយាល័យកាន់តែទំនើបបានកើនឡើងស្របគ្នានឹងតម្រូវការកើនឡើងពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ។

និន្នាការថ្មីមួយបាននិងកំពុងកើតឡើងផងដែរ ដោយក្រុមហ៊ុនមួយចំនួនបានចាក​ចេញពីការជួលវីឡាធ្វើការិយាល័យ មកប្រើប្រាស់អាគារការិយាល័យទំនើប ដែលកាន់​តែ​មានភាពពេញនិយមក្នុងទីផ្សារ។

របាយការណ៍ដដែលបានបង្ហាញថា ជាមួយនឹងការប្រកួតប្រជែងកើនឡើង ហើយ​តម្រូវការអាគារការិយាល័យកម្រិតCថយចុះ បានធ្វើឲ្យម្ចាស់ការិយាល័យឬអ្នកវិនិយោគ​ការិយាល័យលំដាប់C បានធ្វើការកែលំអរឬវិនិយោគបន្ថែម ដើម្បីធ្វើឲ្យការិយាល័យរបស់​ខ្លួនកាន់តែមានភាពទាក់ទាញជាងមុន និងប្រកួតប្រជែងបានកាន់តែល្អប្រសើរ ខណៈអាគារការិយាល័យចំនួនបី ដូចជា Key Stone, E-SUN, East Commcialនឹងដាក់ឲ្យដំណើរការអាគារការិយាល័យកម្រិតB និងការិយាល័យកម្រិតB plusនៅពេលឆាប់ៗនេះ៕

ស្វែងយល់ពីអាស៊ាន! តម្លៃដីធ្លីក្នុងក្រុងបាងកកនៅតែបន្តហក់ឡើងខ្លាំង

0

ដោយ វុត្ថា

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ដោយបានដកស្រង់ទិន្នន័យពីមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (Real Estate Information Center)តម្លៃដីធ្លីជាមធ្យម ក្នុងទីក្រុងបាងកករបស់ប្រទេសថៃ បានកើនឡើង៣២,៣ភាគរយក្នុងត្រីមាសទី២ នៃឆ្នាំ២០១៨នេះ។

កាសែតនេះក៏បានរំលេចទៀតថា តម្លៃដីធ្លីកើនឡើងយ៉ាងលឿងនៅក្នុងតំបន់មួយចំនួននៅជុំវិញអនាគតទីក្រុង និងនៅតាមផ្លូវចេញចូលព្រលានយន្តហោះ និងរថភ្លើង។ ដីធ្លីនៅតាមបណ្តោយផ្លូវរថភ្លើង BTS Skytrain ដែលបានចុះបញ្ជីរួចហើយនោះ បានកើនឡើងជាមធ្យមរហូតដល់២៦,៨ ភាករយក្នុងត្រីមាសទី២ ក្នុងឆ្នាំ២០១៨នេះ។

ចំណែកនៅតំបន់នៅជិតខ្សែរថភ្លើងOrange នៃមជ្ឈមណ្ឌលវប្បធម៌ថៃ(Thailand Cultural Centre) ទៅMin Buri បានកើកឡើងរហូតដល់២៣,៥ ភាករយ  និងតំបន់ជិតខ្សែរថភ្លើង Dark Red តភ្ជាប់ទៅខ្សែររថភ្លើង Hua Lamphong និង Maha Chai បានកើនឡើងរហូតដល់២១ភាគរយ។

តំបន់ដែលបានកត់សម្គាល់ថា តំបន់ជុំវិញផ្លូវរថភ្លើង Blue Line ក៏បានកើនឡើងផងដែរ។ នៅក្បែរតំបន់នេះ គឺតំបន់ផ្លូវរភ្លើង BTS Silom Line បានកើនកើនឡើង២១,២ ភាគរយ។ ចំណែកតំបន់ដែលមានដីធ្លីកើនឡើងខ្លាំងនោះ គឺតំបន់ដែលគេគ្រោងសាងសង់ផ្លូវរថភ្លើង បានកើនឡើងរហូតដល់៥២,១ភាគរយ ខ្ពស់ជាងតំបន់ដែលគ្មានគម្រោងសាងសង់ផ្លូវរថភ្លើង។ តំបន់ដែលកំពុងសាងសង់ផ្លូវរថភ្លើង បានកើនឡើង៣២,១ភាគរយ ខណៈដែលតំបន់ដែលមានផ្លូវរថភ្លើងរួចហើយ បានកើនឡើងរហូតដល់២៤,២ភាគរយ ខ្ពស់ជាងតំបន់ដែលគ្មានផ្លូវរថភ្លើង។

ចំណែកដីធ្លីនៅតំបន់ Phra Khanong-Bang Na-Suan Luang –Prwet ដែលបានចុះបញ្ជីរួចហើយ មានតម្លៃថ្លៃជាងគេក្នុងទីក្រុងទាំងមូល ដោយបានកើនឡើង៥៣ ភាគរយ។ ចំណែកតំបន់ Nakhon Pathom បានកើនឡើងជាមធ្យម៣៩,១ ភាគរយនៅឆ្នាំនេះ ដោយតាមទាន់តំបន់Ratburana-Bang Khun Tien-Thung Khru-Bang Bon-Jom Thongបានកើនឡើងត្រឹមតែ៣៨,២ភាគរយ។ តំបន់ទី ៤ គឺតំបន់ Samut Sakhon បានកើនឡើង២៧,៤ ភាគរយផងដែរ៕

ស្វែងយល់ពីងអាស៊ាន! ទីផ្សារលំនៅដ្ឋានក្នុងប្រទេសមីយ៉ាន់ម៉ាឈានដល់វិបត្តិ

0

ដោយ វុត្ថា

ភ្នំពេញ៖ យោងតាមការចុះផ្សាយពីកាសែត Myanmar Times បានអោយដឹងថាទីផ្សារអចលនទ្រព្យលំនៅដ្ឋានក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំលំដាប់ទី២ និងក្នុងប្រ ទេសមីយ៉ាន់ម៉ា កំពុងជួបហានីភ័យគួរអោយកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទីផ្សារអចលនទ្រព្យលំនៅដ្ឋាន ក្នុងតំបន់មួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ាមានការធ្លាក់ចុះផងដែរនោះ។

លោក U Tin Maung ប្រធានសមាគមន៍អភិវឌ្ឍន៍ភ្នាក់ងារអចលនទ្រព្យនៅតំបន់ Mandalay បានថ្លែងអោយដឹងកាលពីពេលថ្មីៗនេះថា ចុះតម្លៃអលនទ្រព្យបានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់១ភាគ៣ នៅក្នុងតំបន់មួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឲ្យទីផ្សារនេះមិនមានភាពប្រាកដប្រជា។

លោកបន្តថា គិតពី៥ឆ្នាំមុនរហូតដល់បច្ចុប្បន្ននេះ តម្លៃទីផ្សារអចលនទ្រព្យលំនៅដ្ឋានក្នុងទីក្រុង Mandalay បានធ្លាក់ចុះ១០ ទៅ៣០ភាគរយ ។ ការធ្លាក់ចុះនេះ ដោយសារតែមានប្រជាជននៅមានចំនួនតិច បានធ្វើអោយតម្រូវការលំនៅដ្ឋាននៅមានកម្រិត ព្រមទាំងមានការកំណត់តម្លៃមិនច្បាស់លាស់ និងពន្ធលើអចលនទ្រព្យមានតម្លៃខ្ពស់ពេក។

តម្លៃលំនៅដ្ឋានក្នុងប្រទេសមីយ៉ាន់ម៉ា ជាមធ្យមមានតម្លៃ២០,៧០០ដុល្លារ និងត្រូវបង់ពន្ធបន្ថែម១៥ភាគរយ ហើយលក្ខខណ្ឌទីផ្សារនាពេលថ្មីៗ បានឈានទៅដល់ការលិចលង់ ហើយឈានទៅរកចំណុចរបត់ថ្មីមួយ។

លោក U Tin MMaung បញ្ជាក់ទៀតថា បច្ចុប្បន្នប្រជាជនមិនបានទិញអចលនទ្រព្យសម្រាប់វិនិយោគនោះទេ តែពួកគេទិញលំនៅដ្ឋានសម្រាប់រស់នៅ។ តែយ៉ាងណាក៏យដោយ លោកមានសុទិដ្ឋិនិយមថា តម្លៃទីផ្សារអចនលទ្រព្យលំនៅដ្ឋាន នឹងវិលមករកភាពដើមវិញនាពេលឆាប់ៗខាងមុខនេះ៕

អស្ចារ្យ! រយៈពេល៥ឆ្នាំ កម្ពុជាទទួលទុនវិនិយោគថ្មីជាង២៣ពាន់លានដុល្លារ

0

ដោយ រ៉ាវី

ភ្នំពេញ៖ ពិតជារឿងគួរឲ្យមោទនភាព ដែលត្រឹមរយៈពេល៥ឆ្នាំ (២០១៣ដល់ ឆ្នាំ២០១៧) កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណជា២៣,៤៨០លានដុល្លារ ក្នុងនោះមានមានក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកធ្វើការវិនិយោគថ្មីៗបន្ថែមរហូតដល់៩៧០គម្រោង និងផ្តល់ការងារបានចំនួន៩៦,៨០៩កន្លែងបន្ថែមទៀត។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញឲ្យ​ដឹង​ថា គម្រោងវិនិយោគទាំង៩៧០គម្រោង ផ្តោតលើវិស័យឧស្សាហកម្ម និងកម្មន្តសាល មាន៨១១គម្រោង ដោយបានបោះទុនវិនិយោគ៧,៣១៦,៧០លានដុល្លារ ស្មើនឹង៣១%នៃទុនវិនិយោគសរុប។ វិស័យកសិកម្មនិងកសិឧស្សាហកម្មមាន៧៨គម្រោង មានទុនវិនិយោគ២,៧៥០,៤៧លានដុល្លារ ស្មើ១២%នៃទុនវិនិយោគសរុប។ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមាន៤៤គម្រោង និងបានបោះទុនវិនិយោគ៨,១៤៧.៩៥លានដុល្លារ ស្មើនឹង៣៥ភាគរយនៃទុនវិនិយោគសរុប និងវិស័យទេសចរណ៍មាន៣៧គម្រោង បោះទុនវិនិយោគ៥,២៦៤,៨៦លានដុល្លារ ស្មើនឹង២២ភាគរយនៃទុនវិនិយោគសរុប។

របាយការណ៍ដដែលបានបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំនេះ រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណ ឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២២ទីតាំង ដែលធ្វើឱ្យចំនួនតំបន់សេដ្ឋកិច្ចពិសេសសរុបបានកើនដល់៤៧ ហើយតំបន់សេដ្ឋកិច្ចពិសេសដែលបានដំណើរការមាន១៨ ដែលក្នុងនោះមានរោងចក្រ៣៣០ កំពុងមានសកម្មភាពផលិតដោយប្រើប្រាស់កម្លាំងពលកម្ម៩៦,៨០៩នាក់។

ជាការកត់សម្គាល់ នៅតាមតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ មានការបណ្ដាក់ទុនទៅលើគម្រោងវិនិយោគតាមមុខសញ្ញា និងផលិតកម្មថ្មីៗជាច្រើន។ ក្រៅពីផ្នែកឧស្សាហកម្មកាត់ដេរនិងស្បែកជើង ដោយគម្រោងថ្មីៗមាន ដូចជា រោងចក្រផលិតសម្ភារៈកុមារនិងក្មេងលេង រោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈកីឡា អាហារបំប៉ន រោងចក្រ ដំឡើងរថយន្ត ម៉ូតូ កង់ រោងចក្រផលិតគ្រឿងបង្គុំរថយន្ត គ្រឿងបន្លាស់បរិក្ខារពេទ្យ ម៉ូទ័រខ្នាតតូច ម៉ាស៊ីនក្រឡឹងគ្រប់ប្រភេទ ឧបករណ៍អគ្គិសនីជាដើម៕