ដោយ គង់ សូរិយា
ភ្នំពេញៈ គំរោងខុនដូនិងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលស្ថិតនៅតំបន់ពាណិជ្ជកម្មលំដាប់អន្តរជាតិបាន និងកំពុងបើកការដ្ឋានសាងសង់យ៉ាងសកម្ម ដើម្បីប្រណាំងប្រជែងជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងខុនដូខ្ពស់នៅក្នុងតំបន់កោះពេជ្រ។

គំរោងនេះមានឈ្មោះ CITY KEY មានចំនួន៥២ជាន់ និងកំពស់២០៨ម៉ែត្រ ដែលវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិន។ គំរោងដ៏ធំនេះ ស្ថិតនៅក្រោយអាគារ Bali Scenary និងអាគារ The Bridge ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
នាយកគ្រប់គ្រងគំរោងនេះបានបដិសេធមិនអត្ថាធិប្បាយ ប៉ុន្តែកម្មករកំពុងសាងសង់គំរោងនេះបានប្រាប់ថា វាជាគំរោងខុនដូទំនើបលំដាប់ផ្កាយ៥។
តំបន់កោះពេជ្រ និងតំបន់ជុំវិញកោះពេជ្របច្ចុប្បន្នបាន និងកំពុងកើនឡើងនូវមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ ខណៈគំរោងធំៗនិងមានកំពស់កប់ពពកជាច្រើនទៀតកំពុងសាងសង់ និងត្រៀមបង្ហាញគម្រោងរបស់ពួកគេ។
នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បានមានប្រសាសន៍ថា តំបន់កោះពេជ្រ និងតំបន់ជុំវិញកោះពេជ្របាន និងកំពុងក្លាយជាBusiness Hubមួយនាពេលបច្ចុប្បន្ននិងទៅអនាគត។ គំរោងជាច្រើនកំពុងបានធ្វើឲ្យតំបន់នេះកាន់់តែទាក់ទាញ និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ។

បច្ចុប្បន្នបណ្តាហាងកាហ្វេល្បីៗ ផ្សារទំនើបលំដាប់អន្តរជាតិ AEON MALL1 ផ្សារទំនើបនៃគំរោង The Bridge, ផ្សារទំនើបលំដាប់អន្តរជាតិមកពីសឹង្ហបុរីនឹងបើកដំនើរការនៅក្នុងគំរោង The PeAk និងផ្សារទំនើបស្ថិតក្នុងគំរោង THE ID RIVIERA បាននិងកំពុងត្រៀមបើកដំណើរការនាពេលខាងមុខផងដែរ៕







[…] ប្រភព៖ Property Area […]