អស្ចារ្យ! រយៈពេល៥ឆ្នាំ កម្ពុជាទទួលទុនវិនិយោគថ្មីជាង២៣ពាន់លានដុល្លារ

0

ដោយ រ៉ាវី

ភ្នំពេញ៖ ពិតជារឿងគួរឲ្យមោទនភាព ដែលត្រឹមរយៈពេល៥ឆ្នាំ (២០១៣ដល់ ឆ្នាំ២០១៧) កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណជា២៣,៤៨០លានដុល្លារ ក្នុងនោះមានមានក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកធ្វើការវិនិយោគថ្មីៗបន្ថែមរហូតដល់៩៧០គម្រោង និងផ្តល់ការងារបានចំនួន៩៦,៨០៩កន្លែងបន្ថែមទៀត។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញឲ្យ​ដឹង​ថា គម្រោងវិនិយោគទាំង៩៧០គម្រោង ផ្តោតលើវិស័យឧស្សាហកម្ម និងកម្មន្តសាល មាន៨១១គម្រោង ដោយបានបោះទុនវិនិយោគ៧,៣១៦,៧០លានដុល្លារ ស្មើនឹង៣១%នៃទុនវិនិយោគសរុប។ វិស័យកសិកម្មនិងកសិឧស្សាហកម្មមាន៧៨គម្រោង មានទុនវិនិយោគ២,៧៥០,៤៧លានដុល្លារ ស្មើ១២%នៃទុនវិនិយោគសរុប។ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមាន៤៤គម្រោង និងបានបោះទុនវិនិយោគ៨,១៤៧.៩៥លានដុល្លារ ស្មើនឹង៣៥ភាគរយនៃទុនវិនិយោគសរុប និងវិស័យទេសចរណ៍មាន៣៧គម្រោង បោះទុនវិនិយោគ៥,២៦៤,៨៦លានដុល្លារ ស្មើនឹង២២ភាគរយនៃទុនវិនិយោគសរុប។

របាយការណ៍ដដែលបានបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំនេះ រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណ ឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២២ទីតាំង ដែលធ្វើឱ្យចំនួនតំបន់សេដ្ឋកិច្ចពិសេសសរុបបានកើនដល់៤៧ ហើយតំបន់សេដ្ឋកិច្ចពិសេសដែលបានដំណើរការមាន១៨ ដែលក្នុងនោះមានរោងចក្រ៣៣០ កំពុងមានសកម្មភាពផលិតដោយប្រើប្រាស់កម្លាំងពលកម្ម៩៦,៨០៩នាក់។

ជាការកត់សម្គាល់ នៅតាមតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ មានការបណ្ដាក់ទុនទៅលើគម្រោងវិនិយោគតាមមុខសញ្ញា និងផលិតកម្មថ្មីៗជាច្រើន។ ក្រៅពីផ្នែកឧស្សាហកម្មកាត់ដេរនិងស្បែកជើង ដោយគម្រោងថ្មីៗមាន ដូចជា រោងចក្រផលិតសម្ភារៈកុមារនិងក្មេងលេង រោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈកីឡា អាហារបំប៉ន រោងចក្រ ដំឡើងរថយន្ត ម៉ូតូ កង់ រោងចក្រផលិតគ្រឿងបង្គុំរថយន្ត គ្រឿងបន្លាស់បរិក្ខារពេទ្យ ម៉ូទ័រខ្នាតតូច ម៉ាស៊ីនក្រឡឹងគ្រប់ប្រភេទ ឧបករណ៍អគ្គិសនីជាដើម៕

រដ្ឋាភិបាល ព្រមានពីការកើនឡើងនូវការវាយប្រហារបែបវិស្វកម្មសង្គម និងការបោកបញ្ជោត

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានព្រមាននិងប្រកាសឲ្យមានការ ប្រុងប្រយ័ត្នចំពោះការកើនឡើងនូវការវាយប្រហារបែបវិស្វកម្មសង្គម (Social Engineering) និងការបោកបញ្ជោត (Phishing) ក្រោយពីមានការកើនឡើងប្រហារបែបវិស្វកម្មសង្គម ជាបន្តបន្ទាប់ចំពោះអ្នកប្រើប្រាស់តាមអ៊ីម៉ែល តាមបណ្តាញ​សង្គម តាមវេបសាយតាម Mobile Apps។

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃក្រសួងប្រៃស​ណីយ៍និងទូរគមនាគមន៍បានចេញសេចក្តីប្រកាសនេះ នៅព្រឹកថ្ងៃទី២៥ កក្កដានេះ ដើម្បីជូន​ដំណឹងដល់ប្រជាពលរដ្ឋ និងអ្នកបំរើការងារពាក់ព័ន្ឋនឹងបច្ចេកវិទ្យាមានការប្រុងប្រយ័ត្នចំពោះហានិភ័យនេះ ដោយសារកាលពីពេលថ្មីៗនេះ មានការកើនឡើងយ៉ាងច្រើននូវការវាយប្រហារបែបវិស្វកម្មសង្គម និងការបោកបញ្ជោត ដើម្បីលួចយកគណនី (ឈ្មោះ និងពាក្យសម្ងាត់) ដើម្បីបម្រើគោលបំណងទុច្ចរិតណាមួយ។ ការវាយប្រហារទាំងនោះកើត មានឡើងជាច្រើនទម្រង់ដូចជាតាមអ៊ីម៉ែល តាមបណ្តាញសង្គម តាមវេបសាយ តាម Mobile Apps ឬតាមតំណរ ភ្ជាប់ (links) …ល។

តើអ្វីទៅជាការវាយប្រហារបែបវិស្វកម្មសង្គម (Social Engineering Attack)?

ការវាយប្រហារបែបវិស្វកម្មសង្គម គឺជាការវាយប្រហារតាមអ៊ិនធឺណិតមួយបែបដែលអ្នកវាយប្រហារប្រើប្រាស់ប្រតិកម្មរបស់មនុស្ស (ជំនាញសង្គម) ដើម្បីទទួលបានព័ត៌មានអំពីអង្គភាពមួយ ។ អ្នកវាយប្រហារដែលអាចអះអាងថា ជាបុគ្គលិកថ្មីឬជាអ្នកផ្គត់ផ្គង់សេវា ឬជាអ្នកដទៃផ្សេងទៀត បានធ្វើការសាកសួរព័ត៌មានជាច្រើនពីអ្នក។ ក្នុងករណី ដែលមិនទាន់មានព័ត៌មានពេញលេញនោះទេ អ្នកវាយប្រហារនោះនឹងធ្វើការស្វែងរកព័ត៌មានបន្ថែមទៀតពីប្រភពផ្សេងទៀត។

តើអ្វីទៅជាការវាយប្រហារបោកបញ្ជោត (Phishing Attack)? Phishing គឺជាទម្រង់មួយនៃការវាយប្រហារបែបវិស្វកម្មសង្គម។ ការវាយប្រហារ Phishing គឺប្រើប្រាស់នូវអ៊ីម៉ែល ឬក៏វេបសាយផ្ទុកមេរោគ ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន ដោយតាំងខ្លួនធ្វើជាអង្គភាពស្របច្បាប់ត្រឹមត្រូវ (តែជា ការបោកបញ្ជោតប៉ុណ្ណោះ)។ ជាឧទាហរណ៍ អ្នកវាយប្រហារអាចផ្ញើអ៊ីម៉ែលមួយដោយតាំងខ្លួនមកពីក្រុមហ៊ុន Credit Card ឬអង្គភាពហិរញ្ញវត្ថុណាមួយ ដែលធ្វើការស្នើសុំនូវព័ត៌មានគណនី (លេខគណនី, ឈ្មោះ, ពាក្យសម្ងាត់) ដោយហេតុផលមានបញ្ហាអ្វីមួយ។ នៅពេលដែលអ្នកប្រើប្រាស់ឆ្លើយតបទៅនឹងសំណើ អ្នកវាយប្រហារនឹងចូលទៅកាន់កាប់គណនីនោះតែម្តង (ដោយដូរពាក្យសម្ងាត់របស់អ្នកចេញ)។

តើត្រូវធ្វើដូចម្តេចដើម្បីជៀសវាងពីបញ្ហានេះ (មិនក្លាយខ្លួនទៅជាជនរងគ្រោះ)? ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានផ្តល់ជាយោបល់ថា សូមមានការប្រុងប្រយ័ត្នចំពោះការទទួលទូរស័ព្ទពីអ្នកមិនស្គាល់​ ហើយតាំងខ្លួនថាជាអ្នកនេះឬអ្នកនោះ, ការចូលមើលវេបសាយមិនមានប្រភពច្បាស់លាស់ ឬទទួលបានអ៊ីម៉ែលសាកសួរអំពីព័ត៌មានផ្ទៃក្នុងអង្គភាព។ បើមិនមែនជាបុគ្គលដែលអ្នកស្គាល់ ហើយតាំងខ្លួនមកពីអង្គភាពណាមួយ អ្នកត្រូវតែព្យាយាមធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលនោះ ពីអង្គភាពនោះដោយផ្ទាល់។

មិនត្រូវផ្តល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានអំពីអង្គភាពរបស់អ្នក ដោយមានទាំងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ (network infrastructure) លុះត្រាតែអ្នកប្រាកដឲ្យបានច្បាស់អំពីបុគ្គលម្នាក់នោះ។ មិនត្រូវបញ្ចេញនូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានហិរញ្ញវត្ថុនៅក្នុងអ៊ីម៉ែល និងមិនត្រូវឆ្លើយតបទៅនឹងអ៊ីម៉ែល មិនមានប្រភពច្បាស់លាស់ ដោយរួមមានទាំងតំណរភ្ជាប់ (links) នៅក្នុងអ៊ីម៉ែលផងដែរ ដោយមិនត្រូវផ្ញើរនូវព័ត៌មានសំងាត់ (sensitive) តាមអ៊ីម៉ែល ឬអ៊ិនធឺណិតដោយមិនបានធ្វើកូដនីយកម្ម (encrypt) នោះឡើយ។ សូមមានការចាប់អារម្មណ៍អំពីអស័យដ្ឋានរបស់វេបសាយ (URL)។ អស័យដ្ឋានវេបសាយក្លែងក្លាយអាចស្រដៀងគ្នាទៅនឹងវេបសាយពិតប្រាកដ។

ធ្វើការអាប់ដេតប្រព័ន្ធប្រតិបតិ្តការ (Operating System) និងកម្មវិធីទាំងអស់ដែលមានក្នុងម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ព្រមទាំងតំឡើង និងអាប់ដេតកម្មវិធីកំចាត់មេរោគឲ្យបានទៀងទាត់។ បើកមុខងារ anti-phishing ដែលមាននៅក្នុង web browsers និងកម្មវិធីអ៊ីម៉ែល (email client)

តើត្រូវធ្វើដូចម្តេចបើសិនជាអ្នកគិតថាខ្លួនជាជនរងគ្រោះ? បើសិនជាអ្នកជឿជាក់ថា អ្នកបានបញ្ចេញព័ត៌មានអំពីអង្គភាពអ្នក សូមធ្វើការរាយការណ៍ទៅកាន់បុគ្គលទទួលខុសត្រូវនៅក្នុងអង្គភាព ដោយអាចមានអភិបាលគ្រប់គ្រងប្រព័ន្ធព័ត៌មានជាដើម។ បើសិនជាអ្នកជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុរបស់អ្នកត្រូវបានលួច សូមធ្វើការទាក់ទងទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុរបស់អ្នកជាបន្ទាន់ ហើយបិទគណនីដែលរងគ្រោះ។ ធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ជាបន្ទាន់បើសិន ជាអ្នកបានបញ្ចេញដោយប្រការណាមួយនោះ។ បើសិនជាអ្នកប្រើប្រាស់ពាក្យសម្ងាត់ដូចៗគ្នា ជាច្រើនវេបសាយនោះ សូមធ្វើការផ្លាស់ប្តូរវាម្តងមួយៗ ហើយមិនត្រូវ ប្រើប្រាស់ពាក្យសម្ងាត់នោះនៅថ្ងៃខាងក្រោយទៀតឡើយ។

សូមប្រុងប្រយ័ត្នចំពោះសញ្ញាណនៃការលួចអត្តសញ្ញាណ។ សូមចូលទៅកាន់ព័ត៌មានបន្ថែម https://www.camcert.gov.kh/identity-theft/។

អ្នកអាចរាយការណ៍អំពីបញ្ហានេះមកកាន់ការិយាល័យ CamCERT តាមរយៈអ៊ីម៉ែល [email protected] ឬចូលទៅកាន់វេបសាយ https://www.camcert.​gov.kh​ ឬអ្នកក៏អាចធ្វើការប្តឹងទៅស្ថាប័ននគរបាលជាតិ (នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ)។

ជាចុងក្រោយសន្តិសុខ និងសុវត្ថិភាព នៃការប្រើប្រាស់បច្ចេកវិទ្យាគឺស្ថិតនៅក្នុងដៃរបស់លោកអ្នក៕

ទំហំពាណិជ្ជកម្មកម្ពុជារំពឹងកើនឡើង១០ភាគរយក្នុងឆ្នាំនេះ

0

ដោយគង់ សូរិយា

ភ្នំពេញ: ការសិក្សាថ្មីមួយដែលធ្វើឡើងដោយសេដ្ឋវិទូនៃOxford Economicsបាន​ព្យាករណ៍ថា ទំហំពាណិជ្ជកម្មរបស់កម្ពុជា នឹងកើនឡើងក្នុងរង្វង់១០ភាគរយនៅឆ្នាំនេះ និងឆ្នាំជាបន្តបន្ទាប់នាពេលខាងមុខ។

យោងតាមការសិក្សាដដែលបានបង្ហាញថា ទំហំនៃការនាំចេញ នាំចូលដែលរំពឹងនឹងសម្រេចបានកំនើន៩,៩ភាគរយនៅឆ្នាំនេះ និងកើនដល់១០ភាគរយក្នុងបណ្តាឆ្នាំខាងមុខ គឺដោយសារការនាំចេញសម្លៀកបំពាក់ វាយណភ័ណ្ឌរបស់កម្ពុជា ដែលបាននិងកំពុងទទួលបានអត្ថប្រយោជន៍ ពីគោលនយោបាយអនុគ្រោះពន្ឋរបស់សហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក។

ការសិក្សាដែលត្រូវបានដកស្រង់ដោយក្រុមហ៊ុនCBRE Cambodiaក៏បានរកឃើ​ញផងដែរថា ក្រៅពីកោះតៃវ៉ាន់ កម្ពុជាគឺជាប្រទេសដែលបាននាំចេញកង់ច្រើនជាងគេទៅអឺរ៉ុបកាលពីឆ្នាំមុន ដែលមានទំហំទឹកប្រាក់រហូតដល់១,៤២លានដុល្លារ

លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា ប្រសិនជាយើងពិនិត្យមើលស្ថានភាព និងកំលាំងចលករសេដ្ឋកិច្ចកម្ពុជា ទំហំសេដ្ឋកិច្ចកម្ពុជាមិនមានការប្រែប្រួលនោះទេ ហើយទំហំសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងនៅរយៈពេល១ឆ្នាំទៅ៣ឆ្នាំខាងមុខទៀត ដោយសារសេដ្ឋកិច្ចរបស់យើងនឹងនៅតែមានការ​លូតលាស់ ដោយសារការចូលមកវិនិយោគរបស់ចិន ការទទួលបានប្រាក់ចំណូលរបស់រដ្ឋាភិបាលកើនឡើង ដែលធ្វើឲ្យរដ្ឋអាចបែងចែកដោយសមធ៌ម និងធ្វើឲ្យប្រជាពលរដ្ឋបាន​ទទួលផលគ្រប់គ្នា។

លោកបន្តថា “ទោះបីជាសហគមន៍អឺរ៉ុប និងអាមេរិកចង់ដាក់សម្ពាធលើកម្ពុជាក្តី ប៉ុន្តែបញ្ហានេះនឹងមិនអាចកើតមាននោះទេ នៅពេលចិនលូកដៃចូលបញ្ហានេះ ព្រោះចិននៅតែមានអំណាចក្នុងការនិយាយជាមួយអាមេរិក ដើម្បីសម្រាលស្ថានការណ៍នេះ”៕

កំណើននៃការផ្គត់ផ្គង់ បានធ្វើឲ្យឧស្សាហកម្មសណ្ឋាគារ ប្រឈមការប្រកួតប្រជែង កាន់តែខ្លាំង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជាមួយនឹងការចូលមកដល់នៃសណ្ឋាគារថ្មីៗ និងការវិនិយោគក្នុង​វិស័យនេះកើនឡើង បានធ្វើឲ្យឧស្សាហកម្មសណ្ឋាគារនៅកម្ពុជា ប្រឈមមុខនឹងការ​ប្រកួតប្រជែងកើនឡើងកាន់តែតានតឹងជាងមុន។ដោដិ

លោកឌិន សុមេធារិទ្ឋប្រធានសមាគមទេសចរណ៍កម្ពុជាបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះ​ថា ការប្រកួតប្រជែងក្នុងវិស័យនេះពិតជាខ្លាំង ដោយសារចំនួនមកដល់របស់ភ្ញៀវ​ទេ​សចរណ៍ ​រំពឹងកើនឡើងក្នុងរង្វង់ជាង១០ភាគរយ ប៉ុន្តែចំនួនសណ្ឋា​គារថ្មីៗបានកើនឡើងច្រើន ដែលធ្វើឲ្យម្ចាស់សណ្ឋាគារនិមួយៗ នៅខេត្តសៀម​រាបបា​នធ្វើការបញ្ចុះតំលៃច្រើន ធ្វើឲ្យសណ្ឋាគារតូចៗប្រឈមមុខនឹងបញ្ហា។

លោកបន្តថា “សណ្ឋាគារនៅរាជធានីភ្នំពេញ មិនសូវមានការលក់បញ្ចុះតំលៃនោះទេ ប៉ុន្តែ​ខេត្តសៀមរាប ការលក់បន្ទប់សណ្ឋាគារបានបញ្ចុះតំលៃខ្លាំង ដើម្បីទាក់ទាញភ្ញៀវស្នាក់នៅ”។

យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា នៅខេត្តសៀមរាបជាទីក្រុងដែលមានចំនួនសណ្ឋា​គារ និងការវិនិយោគសណ្ឋាគារថ្មីៗច្រើនជាងគេ ជាក់ស្តែងទីក្រុងនេះមានសណ្ឋា​គារចំនួន៥៦៨ និងបន្ទប់សរុបចំនួន២៣,០៤១បន្ទប់។ រាជធានីភ្នំពេញមានសណ្ឋាគារ​ចំនួន៣៤៨ និងបន្ទប់សរុប១៦,៣៧០បន្ទប់ ខេត្តព្រះសីហនុមានសណ្ឋាគារចំនួន១៦០ និងមានបន្ទប់សរុប៥,៤៦២បន្ទប់ និងខេត្តបាត់ដំបងមានសណ្ឋាគារចំនួន៤៩ និងមានបន្ទប់សរុបចំនួន១៧៦០។

ការសិក្សាដដែលបានរកឃើញថា ចំនួនសណ្ឋាគារដែលបានផ្គត់ផ្គង់ចូលទីផ្សារថ្មីៗ និងមានការស្នាក់នៅច្រើន ភាគច្រើនជាសណ្ឋាគារលំដាប់ផ្កាយបី និងផ្កាយ៤ ប៉ុន្តែសណ្ឋាគារផ្កាយបួន ជាប្រភេទសណ្ឋាគារដែលមានការផ្គត់ផ្គង់ច្រើនជាងគេ។​

លោកឌិន សុមេធារិទ្ឋបានបន្តថា “ការកើនឡើងបែបនេះ ជាការធម្មតាសម្រា​ប់​ខែមួយដល់ខែបីជារៀងរាល់ឆ្នាំ ប៉ុន្តែប្រសិនជាមើលនិន្នាការមកដល់របស់ភ្ញៀវទេ​ស​ចរណ៍អន្តរជាតិមកទស្សនាកម្ពុជាឆ្នាំនេះ មិនកើនខ្ពស់ពេកនោះទេ”។

លោកហូ វណ្ឌីអគ្គលេខាធិការសមាគមសម្ព័ន្ឋទេសចរណ៍ជាតិកម្ពុជាបានថ្លែងឲ្យដឹងផងដែរថា ចំនួនសណ្ឋាគារថ្មីៗ និងការពង្រីកសណ្ឋាគារបន្ថែមមានការកើនឡើងច្រើន ដែលធ្វើឲ្យអ្នកនៅក្នុងឧស្សាហកម្មនេះ ប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំង ព្រោះ​ចំនួនមកដល់របស់ភ្ញៀវមិនកើនគំហុកដូចគ្នា នឹងចរន្តនៃការផ្គត់ផ្គង់សណ្ឋាគារថ្មីៗ​នោះឡើយ។

លោកបន្តថា “ក្នុងស្ថានភាពបែបនេះ បានធ្វើឲ្យម្ចាស់សណ្ឋាគារខ្លះបាន​ពង្រីកការលក់បន្ទប់សណ្ឋាគាររបស់ខ្លួនដល់ក្រៅប្រទេស ដោយសារទីផ្សាររបស់​យើងតូច ហេតុនេះ អ្នកគ្មានបណ្តាញទីផ្សារពួកគេប្រឈមមុខនឹងបញ្ហា”។លោកបន្តថា “វាជា​ការបារម្ភមួយសម្រាប់អ្នកមានធនធានតិច អ្នកគ្មានបណ្តាញគ្រប់គ្រាន់ និងការប្រ​កួតប្រជែងគ្មានតម្លាភាពទាំងក្នុង និងក្រៅប្រទេស”៕

រយៈពេល ៣ទៅ៥ឆ្នាំខាងមុខ ក្រុមហ៊ុនអចលនទ្រព្យដែលមានបុគ្គលិកក្រោម២០នាក់នឹងបិទ្វារ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ស្របពេលការប្រកួតប្រជែងកើនឡើង លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា រយៈពេល៣ទៅ៥ឆ្នាំខាងមុខ ក្រុមហ៊ុនអចលនទ្រព្យដែលមានបុគ្គលិកក្រោម២០នាក់ ប្រឈមមុខនឹងបិទទ្វារច្រើន។

លោកបន្តថា ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិចូលមកកាន់តែច្រើន ទីផ្សារនេះនឹងកាន់តែរីកចម្រើន និងប្រកួតប្រជែងគ្នាកើនឡើង ហើយនិន្នាការទីផ្សារសេរីគឺត្រីធំ​ស៊ីត្រីតូចជារឿងធម្មតា មិនមានអ្វីចម្លែកទេ។ ហេតុនេះក្រុមហ៊ុនដែលមានសមាជិកតិចៗ នឹងបិទទ្វារ និងក្រុមហ៊ុនមួយចំនួនទៀតក៏អាចរស់ផងដែរ ប្រសិនជាផ្តល់សេវាកម្មបានល្អ​ប្រសើរ។លោកបន្តថា និន្នាការនេះនឹងកើតមាននៅកម្ពុជា ដូចបណ្តាប្រទេសជឿនលឿននានាផងដែរ ដែលក្រុមហ៊ុននិមួយៗមានបុគ្គលិករាប់រាយពាន់នាក់ ហើយក្រុ​មហ៊ុនតូចៗត្រូវបិទទ្វារជាស្វ័យប្រវត្តិ។

លោក គីម ហ៊ាង បានលើកជាឧទាហរណ៍ថា ចង់លក់បុរីមួយដែលមានផ្ទះចំនួន១០០០ល្វែង បើក្រុមហ៊ុនមួយមានបុគ្គលិក២០នាក់ និងក្រុមហ៊ុនមួយមានបុគ្គលិករហូតដល់១០០០នាក់ តើអ្នកអភិវឌ្ឍន៍បុរីគេជ្រើសរើសក្រុមហ៊ុនមួយណា។ ប្រាកដណាស់គេ នឹងជ្រើសរើសក្រុមហ៊ុនដែលមានបុគ្គលិកច្រើនហើយ។

លោកបន្តថា ដូចជាក្រុមហ៊ុន Keller Williams ច្បាស់ណាស់ យើងត្រូវការបុគ្គលិក​២០០នាក់ជំហ៊ានដំបូង ហើយយើងនឹងពង្រីកបុគ្គលិកបន្ថែមទៀតនាពេលអនាគត ព្រោះក្រុមហ៊ុននេះមានគោលការណ៍ និងលក្ខខ័ណ្ឌសមស្របនឹងទីផ្សារ និងបរិបទសេដ្ឋកិច្ចសង្គមកម្ពុជា៕

ស្វែងយល់ពីអាស៊ាន! ឥណ្ឌូនេស៊ីរៀបចំគោលនយោបាយថ្មីដើម្បីបង្កើនទីផ្សារអចលនទ្រព្យ

0

ដោយវុត្ថា

ភ្នំពេញ: អាជ្ញាធរលំនៅដ្ឋានប្រទេសឥណ្ឌូនេស៊ី នឹងរៀបចំគោលនយោបាយ ឬច្បាប់កម្ចីទិញលំនៅដ្ឋាសារជាថ្មីក្រោយពីទីផ្សារលំនៅដ្ឋានក្នុងប្រទេស នេះមានការធ្លាក់ចុះ និងដើម្បីអោយទីផ្សារអចលនទ្រព្យលំនៅដ្ឋានមានសង្ឃឹមរស់ឡើងវិញ។

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuter បានអោយដឹងកាលពីពេលថ្មីៗនេះថា ធនាគារឥណ្ឌូនេស៊ី (BI)ឹងបន្ធូបន្ថយប្រាក់កម្ចីអប្បបរមា១៥% នៅក្នុងខែសីហាសម្រាប់អ្នកទិញអចលនទ្រព្យលំនៅដ្ឋានលើកដំបូង។ ជាមួយគ្នានោះដែរ ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ី ក៏នឹងបន្ធូរបន្ថយចំពោះការផ្តល់ប្រាក់កម្ចីផងដែរ

គោលនយោបាយថ្មីនេះ ត្រូវបានគេរំពឹងថាទីផ្សារអចលនទ្រព្យនឹងកើនឡើង0.0៤ ភាគរយ ទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅឆ្នាំនេះ។អភិបាលខេត្ត BI លោក Perry Warjiyo បាននិយាយថា “ការធ្វើបែបនេះ គឺយើងត្រូវការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិរបស់យើង” ។

អ្នកវិភាគអចលនទ្រព្យនៃក្រុមហ៊ុន Standard & Poor លោក Kah Ling Chan ាននិយាយថា តាមរយៈគោលនយោបាយថ្មីនេះ ខ្ញុំគិតថានឹងជួយវិស័យនេះឲ្យងើបឡើងវិញខ្លាំងនោះទេ បើទោះបីអជ្ញាធរបានខិតខំរៀបចំគោលការណ៍ថ្មីនេះ តែយ៉ាងណាក្តីអ្វីៗនឹងល្អប្រសើរឡើងវិញនៅពាក់កណ្តាលឆ្នាំ២០១៩ ក្រោយពេលបោះឆ្នោតត្រូវបានបញ្ចប់

 

បើតាមការអោយដឹងពី លោក Soelaeman Soemawinata ប្រធានសមាគមអចលនទ្រព្យប្រទេសឥណ្ឌូនេស៊ី មានសុទិដ្ឋិនិយមផងដែរថា  ទីផ្សារលក់អចលនទ្រព្យលំនៅដ្ឋានក្នុងប្រទេសឥណ្ឌូនេស៊ី នឹងកើនឡើងចំនួន១០ភាគរយក្នុងឆ្នាំ ២០១៩ខាងមុខនេះ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងប្រធានាធិបតីក្នុងប្រទេសឥណ្ឌូនេស៊ីត្រូវបានគ្រោងធ្វើនៅ ខែមេសា ឆ្នាំ ២០១៩ខាងមុខនេះ៕

ដំណឹងល្អ! ភ្នាក់ងារអចលនទ្រព្យមិនស្របច្បាប់ កំពុងស្វែងរកសេវាកម្មពីក្រុមហ៊ុនស្របច្បាប់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យកម្ពុជាបានលើកឡើងថា បច្ចុប្បន្នភ្នាក់ងារអចល​ទ្រព្យដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ បានងាកមករកសេវាកម្មជាមួយក្រុមហ៊ុនមានអាជ្ញាប័ណ្ណស្របច្បាប់ បន្ទាប់ពីការប្រកាសរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុក​ម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

នាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd លោកស្រីតាំង ហួរបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៤ កក្កដានេះថា ក្រុមភ្នាក់ងារអចលនទ្រព្យមិនស្របច្បាប់ ឬមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ បានងាកមកស្វែងរកសេវាកម្ម និងសហការជា​មួយក្រុមហ៊ុនស្របច្បាប់ ដោយសារអ្នកទិញអចលនទ្រព្យ ឬអ្នកវិនិយោគធំៗបានងាក​ចេញពីពួកគេ ដោយសារការធ្វើការមិនច្បាស់លាស់ និងគ្មានទំនុកចិត្ត។

លោកស្រីបន្តថា “ម្ចាស់អចលនទ្រព្យ និងអ្នកវិនិយោគនានាបានងាកមកប្រើប្រាស់ ក្រុមហ៊ុនស្របច្បាប់កាន់តែច្រើន ដោយសារក្រុមហ៊ុនមានអាជ្ញាប័ណ្ណច្បាស់លាស់ មិនបំប៉ោងតម្លៃ និងធ្វើការប្រកបដោយក្រមសីលធ៌ម និងវិជ្ជាជីវៈច្បាស់លាស់”។លោកស្រីបន្តថា “ហេតុនេះអ្នកមិនមានអាជ្ញាប័ណ្ណ ហើយចង់ធ្វើការផ្នែកនេះ គួរចូលរួមសិក្សាជំនា​ញនេះ ដែលសហការរៀបចំរវាងសមាគម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទទួលបានចំណេះដឹង និងអាចដាក់ពាក្យសុំអាជ្ញាប័ណ្ណស្របច្បាប់បាន”។

លោកស្រីតាំង ហួរបានបន្តថា នៅពេលប្រទេសកាន់តែរីកចម្រើន ប្រជាពលរដ្ឋនិងអ្នកវិនិយោគជាតិ អន្តរជាតិនឹងមិនស្វែងរកសេវាកម្ម ឬផ្តល់សេវាកម្មដល់ភ្នាក់ងារអចល​នទ្រព្យមិនស្របច្បាប់ទៀតនោះទេ ដូចនៅម៉ាឡេស៊ី សាំងហ្កាពួរ និងអាមេរិកជាដើម គេមិ

នប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យស្របច្បាប់នោះទេ។ លោកស្រីបន្តថា ការផ្តល់សេវាកម្មមិនមានវិជ្ជាជីវៈ គ្មានក្រមសីលធ៌មច្បាស់លាស់ និងគ្មានច្បាប់អនុញ្ញាត្ត នឹងមិនអាចឈរជើងបាននៅក្នុងទីផ្សារ ដែលកំពុងមានភាពរីកចម្រើននេះនោះទេនាពេលអនាគត៕

ស្វែងយល់ពីអាស៊ាន! អ្នកវិនិយោគជប៉ុនឈានជើងចូលវិនិយោគអចលនទ្រព្យក្នុងទីក្រុងហូជីមិញ

0

ដោយ វុត្ថា

ភ្នំពេញ៖ យោងតាមរបាយការណ៍ថ្មីមួយ ដែលបានចុះផ្សាយដោយសារព័ត៌មាន VnExpress បានអោយដឹងថា អ្នកវិនិយោគិនជប៉ុនជាច្រើន កំពុងឈានជើងចូលក្នុងទីផ្សារអចនលទ្រព្យលំនៅដ្ឋានទីក្រុងហូជីមិញ។

បើតាមក្រុមហ៊ុន Jones Lang LaSalle (JLL) Vietnamបានឲ្យដឹងថា អ្នកវិយោគជប៉ុន បានបោះទុនវិយោគទៅលើគំរោងអចនលទ្រព្យលំនៅដ្ឋានចំនួន៩ ក្នុងទីក្រុងហូជីមិញ។ ទោះជាមានការហូរចូលនូវអ្នកវិនិយោគជប៉ុនច្រើនឡើងក៏ដោយ ក៏អ្នកវិនិយោគសឹង្ហបុរី នៅតែរក្សាជាអ្នកវិយោគធំជាងគេ ក្នុងទីក្រុងដ៏ធំមួយនេះដោយវិនិយោគទៅលើគម្រោងចំនួន១០។ ចំណែប្រទេសជប៉ុន និងតៃវ៉ាន់វិនិយោគត្រឹមតែ៩គម្រោងប៉ុណ្ណោះ។

លោកLe Thi Trang ប្រធានសេវាកម្មពិគ្រោះយោបល់ និងស្រាវជ្រាវអចលនទ្រព្យនៃក្រុមហ៊ុនJLLបានឲ្យដឹងថា ប្រទេសសឹង្ហបុរី និងតៃវ៉ាន់ បាននិងកំពុងវិនិយោគលើវិស័យអចនលទ្រព្យ ក្នុងទីក្រុងហូជីមិញអស់រយៈពេលយូណាស់មកហើយ និងបានវិនិយោ​គទៅលើកគម្រោងអចនលទ្រព្យធំជាច្រើនផងដែរ។

លោកបន្តថា “វិនិយោគិនជប៉ុន បាននិងកំពុងមានសកម្មភាពលេចធ្លោខ្លាំងលើវិស័យអចលនព្រទ្យក្នុងរយៈពេល៤ឆ្នាំនេះ ដែលធ្វើអោយកំណើតអចលនទ្រព្យមានការលូតលាស់ខ្លាំងក្នុងទីក្រុងហូជីមិញ”។

បើតាមអោយដឹងពីនាយកដ្ឋានផែនការ និងវិនិយោគរបស់ទីក្រុងហូជីមិញបានឲ្យដឹងថា ប្រទេសជប៉ុនគឺជាប្រទេសនាំមុខគេរួចទៅហើយ ដែលបានចុះទុនវិនិយោគដោយផ្ទាល់បរទេស (FDI) ក្នុងប្រទេសវៀតណាម ដែលមានទឹកប្រាក់រហូតដល់៤៨៧លានដុល្លារ ដែលបានហូរចូលមកកាន់ប្រទេសនេះ ក្នុងរយៈពេលត្រឹមតែ៦ខែ ឆ្នាំ២០១៨នេះ។

អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍ DKBA Vietnam បានអោយដឹងថា បច្ចុប្បន្ននេះវិនិយោគិនជប៉ុន កំពុងសញ្ញាវិជ្ជមានលើការវិនិយោគលើវិស័យអចលនទ្រព្យ ជាងប្រទេសណាៗទាំងអស់ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ី។

លោកSu Ngoc Khoung ប្រធានក្រុមហ៊ុនវិនិយោគSavills Vietnamបានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះវិនិយោគិនជប៉ុន បានផ្តោតសំខាន់ខ្លាំងទៅលំនៅដ្ឋានជាងវិយោគទៅលើការិយាល័យ និងសណ្ឋាគារ ព្រោះថា លំនៅដ្ឋានកំពុងតែមានតម្រូវការកើនឡើងពីសហគមន៍ជប៉ុនក្នុងទីក្រុងហូជីមិញ៕

តំបន់ច្រាំងទន្លេសាប នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក

0

ដោយ វុត្ថា

ភ្នំពេញ: មិនយូរទៀតនោះទេ តំបន់ច្រាំងតាមដងទន្លេក្នុងរាជធានីភ្នំពេញ នឹងក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះលំដាប់ពិភពលោក ក្រោមការវិនិយោគដោយក្រុមហ៊ុនចៀន ឈឹងថៃ ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Yuetai Group ដែលជាក្រុមហ៊ុនលំដាប់យក្សរបស់ចិន។

មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ នឹងសាងសង់នៅលើដីដែលជាអតីតកំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប បានចុះហត្ថលេខាលើកិច្ចសន្យាស្ដីពីការជួលដីរបស់កំពង់ផែស្វយ័តភ្នំពេញ ពីគល់ស្ពានជ្រោយចង្វារមកដល់ផ្សាររាត្រី ដើម្បីអភិវឌ្ឍជា «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate» ដែលមានតម្លៃជាង16ពាន់លានដុល្លារសហរដ្ឋអាមេរិក។

បើតាមសេចក្ដីប្រកាសព័ត៌មាន ​របស់កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ថា កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 ដែលមានកំណត់ក្នុង អនុក្រឹត្យលេខ 32 អនក្រ.បក ចុះថ្ងៃទី9 ខែមីនា ឆ្នាំ2018 ស្ដីពី ការធ្វើអនុបយោគទីតាំងដីបណ្ដោយទន្លេសាប ពីស្ពានជ្រោយចង្វារមកដល់ផ្សាររាត្រី។

កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពា​ណិ​ជ្ជកម្មចំរុះ The City Gate»នេះ រួមមាន ទី១ អគារបណ្ដុំការិយាល័យពាណិជ្ជកម្ម ទី២

មជ្ឈមណ្ឌលសិល្បៈ ទី៣ ទីធ្លាសម្ដែងវប្បធម៌សិល្បៈ ទី៤ ទីធ្លាសម្រាប់បាញ់ទឹកទី៥ របាំទឹក និងផ្សារអណ្ដែតទឹក ទី៦ សួនកំពង់ផែ ទី៧ ទីធ្លាកម្សាន្ដ និងសួនច្បារសាធារណៈ ទី៨ មជ្ឈមណ្ឌលទេសចរណ៍ ទី៩ រាជធានីភ្នំពេញដ៏ឆ្លាតវៃ ទី១០ ការិយាល័យបច្ចេកវិទ្យា  ទី១១ អគារស្នាក់នៅរួមបែបវប្បធម៌ ទី១២ អាគារស្នាក់នៅរួមបែបច្នៃប្រឌិតទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ  និងទី១៣ សាលតាំងពិព័រណ៍ មជ្ឈមណ្ឌល បេតិកភណ្ឌអរូបី និងសិប្បកម្ម និងវិចិត្រសាលបែបវប្បធម៌ព្រះពុទ្ធសាសនា និងសកម្មភាពផ្សេងៗទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលបានបន្ថែមថា កិច្ចសន្យាជួលនេះ មានរយៈពេល50ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 រហូតដល់ថ្ងៃទី28 ខែមិថុនា ឆ្នាំ2068។ ប្រាក់ឈ្នូលលើការជួសដីនេះ គឺជាការបង់ប្រាក់ឈ្នួលផ្ដាច់តែម្ដងចំនួន16,5លានដុល្លារអាមេរិក សម្រាប់រយៈពេល50ឆ្នាំ រួមបញ្ចូលទាំងអាករលើតម្លៃបន្ថែម (VAT) ចំនួន10%។

សេចក្តីប្រកាសរបស់កំពង់ផែស្វយ័តភ្នំពេញបានសង្កត់ធ្ងន់ថា ជាមួយនឹងគម្រោងអភិវឌ្ឍន៍ «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate» នេះ កំពង់ផែស្វយ័តភ្នំពេញ នៅតែបន្ដរក្សាមុខងារ ប្រតិបត្តិការរបស់ទីតាំងជួលខាងលើ ជាចំណតផែលើកដាក់ទំនិញ៕

ARENA នឹងនាំអ្នកជំនាញដីធ្លីជុំវិញពិភពលោកមកកាន់ក្រុងភ្នំពេញ

0
  • ដោយគង់ សូរិយា

ភ្នំពេញ ស្ថាប័នARENAសហរដ្ឋអាមេរិក នឹងនាំអ្នកជំនាញដីធ្លីមកពីជុំវិញពិភពលោកមកកាន់ទីក្រុងភ្នំពេញ ក្នុងកំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៅ​ទីក្រុងភ្នំពេញនាខែសីហាខាងមុខនេះ។

លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថកម្ពុជា និងជាប្រធានប្តូរវេននៃសមាគមARENA បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៤ កក្កដានេះថា កិច្ចប្រជុំកំពូលនេះ នឹងចាប់ផ្តើមពីថ្ងៃទី២៤ដល់២៥ សីហាខាងមុខនេះ ដោយសមាគមនឹងជ្រើសរើស អ្នកចូលរួមប្រមាណ៦០០នាក់ប៉ុណ្ណោះ ប៉ុន្តែ​បើសិនជាសមាគមទទួល គឺអាចមានអ្នកចូលរួមច្រើនជាងនេះ តែដោយសារចំនួនមានកំណត់ ទើបសមាគមជ្រើសរើសយកចំនួនសមាជិកចូលរួមប៉ុណ្ណឹង។

លោកបន្តថា “កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ នឹងតម្រូវឲ្យអ្នកចូលរួមបង់ប្រាក់១៥០ដុល្លារអាមេរិកក្នុងម្នាក់ ទាំងជនជាតិខ្មែរ និងជនជាតិបរទេស”។លោកបន្តថា “រហូតមកទល់ពេលនេះមានជនបរទេសមក ពីជុំវិញពិភពលោក៣៦០នាក់ហើយបានចុះឈ្មោះចូលរួម និងជនជាតិខ្មែរប្រមាណ២៥០នាក់ទៀតនឹងអនុញ្ញាត្តឲ្យចូលរួម ក្នុងកិច្ចប្រជុំលំដាប់ពិភពលោកនេះ”។

អ្នកជំនាញដីធ្លីមកពីអាស៊ាន អាស៊ី សហរដ្ឋអាមេរិក និងបណ្តាអ្នកជំនាញដីធ្លីមកពីអឺរ៉ុបនឹងចូលរូមព្រឹត្តិការណ៍កម្រមាននេះ។ កិច្ចប្រជុំនេះនឹងរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល ទីក្រុងភ្នំពេញ។

លោកគីម ហ៊ាងបានបន្តថា អ្នកចូលរួមព្រឹត្តិការណ៍នេះ នឹងទទួលបានចំណេះដឹង ទាក់ទងនឹងវិស័យដីធ្លី ការទិញលក់ និងអាចស្វែងរកដៃគូពាណិជ្ជកម្ម ឬដៃគូសហការវិនិ​យោគរបស់ពួកគេផងដែរ ហើយនេះជាឳកាសសំខាន់ដែលអាចបង្ហាញមុខមាត់កម្ពុជា ពិ

សេសការរីកចម្រើនរបស់កម្ពុជា ទាក់ទាញការវិនិយោគមកកម្ពុជា និងជាការបង្ហាញពីកិត្តិនាម និងកិត្យា​នុភាពកម្ពុជាទៅកាន់ពិភពលោកបន្ថែមទៀត៕