ជប៉ុន​កំពុង​សិក្សា​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អុយ​តម្លៃ​ ២៧លាន​ដុល្លារ​នៅ​ភ្នំពេញ​

0
រូបតំណាង

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​ជប៉ុន​ តាមរយៈ​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ហៅ​កាត់​ថា​ (JICA​) សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ បាន​និង​កំពុង​សិក្សា​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អុយ​នៅ​រាជធានី​ភ្នំពេញ​។

ប្រធានមន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ លោក​សាំ​ ពិសិដ្ឋ​បាន​ឲ្យដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ១៩​ ខែ ឧសភា​នេះ​ថា​ គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អុយ​នេះ​ ជា​គម្រោង​របស់​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិ​ការ អន្តរជាតិ​ ហៅ​កាត់​ថា​ (JICA​) ជាមួយ​ក្រុមការងារ​បច្ចេកទេស​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​សិក្សា​បច្ចេក​ក្នុង​ការសាងសង់​រោងចក្រ​នេះ​ ​តែ​មិនទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ​។

លោក​បន្ត​ថា​ “ការ​សិក្សា​រនេះ​ អាច​នឹង​ប្រើប្រាស់​ពេល​ប្រមាណ​មួយឆ្នាំ​ទើប​ចប់​ ហើយ​រាល់​ការ​ចំណាយ​លើ​ការសិក្សា​ និង​សាងសង់​ទៅលើ​គម្រោង​រោងចក្រ​នេះ​ ជា​គម្រោង​របស់​ អង្គការ​ JICA​ ជា​អ្នកធានា​រាប់​រង​”។

ទោះជាយ៉ាងណា​លោក​ សាំ​ ពិសិដ្ឋ​មិន​ផ្តល់​ព័ត៌មាន​ពិស្តារ​ជុំវិញ​គម្រោង​សាងសង់​រោងចក្រ​នេះ​ថា​ អស់​ថវិកា​ប៉ុន្មាន​នៅ​ទី តាំង​ណា​ ឬផ្នែក​ណាមួយ​នៃ​រាជធានី​ភ្នំពេញ​នោះ​ទេ​ នៅពេល​គេ​ទំព័រ​ propertyarea.asia​ បន្ត​សួរ​។

តែ​យ៉ាងណាក៏ដោយ​ លោក​ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ បាន​ដក​ស្រង​សម្តី​ថា​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អុយ​នេះ​ ជំហ៊ាន​ទី១​ គឺ​សាងសង់​នៅ​តំបន់​ជើងឯក​ ខណ្ឌដង្កោ​។ គម្រោង​នេះ​មាន​ទំហំ​ទឹកប្រាក់​ចំនួន២៧លាន​ដុល្លារ​ ជា​ជំនួយ​ដែល​ផ្តល់​ជូន​ពីទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ ហៅ​កាត់​ថា​ JICA​។

ក្រុមការងារ​បច្ចេកទេស​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ កំពុងប្រជុំ​ជាមួយ​ក្រុម​សិក្សា​បច្ចេកទេស​អង្គការ​ JICA

ក្រុមការងារ​បច្ចេកទេស​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ថ្ងៃទី១៧ខែឧសភា​ឆ្នាំ២០១៩កន្លងមក​នេះ​ បាន​ប្រជុំ​ជាមួយ​ក្រុម​សិក្សា​បច្ចេកទេស​អង្គការ​ JICA ​ស្តី​ពី​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អុយ​នៅ​រាជធានី​ភ្នំពេញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here