CEO Master Cub កើន​សមាជិក​ដល់​ជាង ១០០០ក្រុមហ៊ុន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ួនជាង ុមហ៊ុនCEO Master Club បាន​បង្កើន​សមាជិកភាព​រហូតដល់ ៦៧០នាក់ និង​មាន​ក្រុមហ៊ុន​ជា​សមាជិក​ជាង១០០០ក្រុមហ៊ុន ដែល​បាន​និង​កំ​ពូ​ង​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា។

លោក អោម សេង​បូរ៉ា ស្ថាបនិក​និង​ជា​អគ្គនាយក​នៃ CEO Master Club និង​វិទ្យាស្ថាន​CEO បាន​មានប្រសាសន៍​ឲ្យ​ដឹង ក្នុង​កម្មវិធី​រាត្រីសមោស​ជួបជុំ​ម្ចាស់​អាជីវកម្ម​កម្ពុជា CEO Award 2018 កាលពីពេលថ្មីៗនេះ​ថា  CEO Master Club ជា​ស្ថាប័ន​ប្រមូលផ្ដុំ និង​បង្វឹក​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា ឱ្យ​ក្លាយទៅជា​អគ្គនាយក​ដែលមាន​លក្ខណៈ​អាជីព និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការដឹកនាំ​គ្រប់គ្រង ចាត់ចែង​ស្ថាប័ន​អាជីវកម្ម​របស់ខ្លួន​ពី​តូច​ទៅ​ធំ ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ ពង្រីក​បណ្តាញ​ការលក់​កាន់តែ​ទូលាយ លើក​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​របស់ខ្លួន​បាន​កាន់តែខ្លាំង ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងស្រុក ឱ្យមាន​ភាពរឹងមាំ។

ជាក់ស្តែង​គិត​ត្រឹម​ពាក់កណ្តាល​ខែតុលា ឆ្នាំ២០១៨ នេះ CEO Master Club កើន​សមាជិក​សរុប​ចំនួន ៦៧០នាក់ ដែល​កំពុងបើក​ដំណើរការ​អាជីវកម្ម​ជាង ១០០០ក្រុមហ៊ុន និង​ចូលរួម​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៣០,០០០នាក់។

លោក អោម សេង​បូរ៉ា បាន​បន្តថា “បើ​យើងទាំងអស់គ្នា​ចង់​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​អ្នក​មានបាន​ឆាប់រហ័ស ដាច់ខាត​ត្រូវតែ​ជួយ​កសាង​សមត្ថភាព និង​ជ្រោមជ្រែង​សហគ្រិន​នៅក្នុង​ស្រុក​ឲ្យ​មាន​ភាពរឹងមាំ។ លោក​បន្តថា “ដើម្បី​សេដ្ឋកិច្ចជាតិ​រ៉ឹង​មាំ​ឆាប់រហ័ស ត្រូវតែ​ជ្រោមជ្រែង បង្វឹក​សហគ្រិន​ក្នុងស្រុក​អោយ​ខ្លាំងពូកែ។

ដើម្បី​សម្រេច​នូវ​បេសកកម្ម​នេះ ទាមទារ​ឲ្យ​មានការ​អនុវត្តន៍​លើ​ផ្នែក​ចំនួនសំខាន់ៗ ដូចជា ទី១ ការធ្វើ​បែបនេះ​គឺ​បាន​បង្កើត​ផលិតផល សេវាកម្ម​ឆ្លើយតប​តម្រូវការ​របស់​សង្គមជាតិ ទី២ បង្កើត​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន ទី៣ ចូលរួមចំណែក​កសាង​គុណភាព​ធនធានមនុស្ស​បាន​ច្រើន និង​ទី៤ ចូលរួម​បង្កើន​ចំណូល​ពន្ធ​ជូន​រដ្ឋ​បាន​ច្រើន ដែល​ទាំងនេះ​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ជម្រុញ​ឲ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន​បាន​ឆាប់រហ័ស និង​រឹងមាំ​យូរអង្វែង៕

រដ្ឋាភិបាល​ដាក់​ផែនការ​កែលំអរ​អាកាស​យានដ្ឋាន​បី​ដើម្បី​ត្រៀមខ្លួន​ទទួលកំនើន​ភ្ញៀវទេសចរ​ចិន

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា បានដាក់​ផែនការ​រៀបចំ​កែលំអ​អាកាសយានដ្ឋាន​ចំនួន៣កន្លែង ដើម្បី​ត្រៀមខ្លួន​បំរើ​ដល់​កំណើន ភ្ញៀវទេសចរ​ចិន និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដទៃទៀត​សម្រាប់​បណ្តា​ឆ្នាំ​ខាងមុខ។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​លោក​ស៊ិន ចាន់​សិរី​វត្ថា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី២៣ តុលា​កន្លងមក​ថា រាជរដ្ឋាភិបាល​បាននិងកំពុង​រៀបចំ​ផែនការ​ពង្រីក​គោលដៅ អាកាសយានដ្ឋាន​ដូចជា​នៅ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ បើសិន​ភ្ញៀវ​ចិន​ន្ត​មាន​កំនើន​ខ្ពស់​ថែមទៀត​នោះ គឺ​គំរោង​ស្ថាបនា​ព្រលាន​យន្ត​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល នឹង​ចាប់ផ្ដើម​សាងសង់ឡើង​ថែមទៀត។

លោក​បន្តថា “កម្ពុ​ជាមាន​ទិសដៅ​ទទួលភ្ញៀវ​ទេសចរ​ចិន​ឱ្យបាន២លាន​នាក់ នៅក្នុង​ឆ្នាំ២០២០ខាងមុខ ក៏ប៉ុន្តែ​យោងតាម​សន្ទុះ​ភ្ញៀវទេសចរ​ចិន ដែល​មកលេង​កម្ពុជា​ពេលបច្ចុប្បន្ន គឺអាច​កើន​លើសពី​ចំនួន​នេះ​ទៅទៀត។

ក្រសួងទេសចរណ៍​បានរៀបចំ​ទាក់ទាញ​ទេសចរ​ចិន តាមរយៈ​ការចេញ​សៀវភៅ​ស និង​ការបង្កើត​ផ្ទះសំណាក់​ប្រភេទ Home stay តំបន់​ទេសចរណ៍ធម្មជាតិ និង​បាតសមុទ្រ។

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​លោក​ប៉ាក សុខុម​ធ្លាប់មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ននេះ​ទីផ្សារ​ទេសចរណ៍​ចិន មាន​កំណើន​យ៉ាងខ្លាំង​នៅលើ​ពិភពលោក រួមទាំង​កម្ពុជា ហើយ​នៅ​ឆ្នាំ២០២០អ្នកទេសចរ​ចិន នឹង​ចេញ​កំសាន្ត​ក្រៅប្រទេស​ប្រមាណ២០០លាន​នាក់​ឬ​ច្រើនជាង​នេះ ហើយ​អាច​នឹង​ចំណាយ​ប្រាក់​ប្រមាណ៤២០ប៊ី​លាន​ដុល្លារ​អាមេរិក ។

លោក​បន្តថា នៅ​ឆ្នាំ២០៣០អ្នកទេសចរ​ចិន នឹង​ចេញ​ដើរ​កម្សាន្ត​នៅលើ​ពិភពលោក​ប្រមាណ៣០០លាន​នាក់​ទៅ៥០០លាន​នាក់ ហើយ​ការចំណាយ​ប្រាក់​កើន​ដល់​ប្រមាណ៨៥០ពាន់​លាន​ដុល្លារ​អាមេរិក៕

តើអ្វីទៅជាវេទិកាវិនិយោគពិភពលោកនៅប្រទេសស្វីស?

0

ដោយ វុត្ថា

ភ្នំពេញ: ប្រមុខដឹកនាំនិង វិនិយោគគិន និងតំណាងក្រុមហ៊ុនធំៗជាច្រើនមកពីជុំវិញពិភពលោកប្រមាណជាង ៦០០០ នាក់ចូលរួមក្នុងវេទិកាវិនិយោគពិភពលោក នៅ ទីក្រុង ហ្សឺណែវ ប្រទេសស្វីស (The 2018 World Investment Forum (WIF) ដែលរៀបចំដោយ UNCTAD ដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ២២-២៣ តុលា ។

វេទិកានេះគឺផ្តោតសំខាន់ក្នុងការពិភាក្សាគ្នាលើភាពមិនទៀងទាត់នៃសេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជនអំពីទិសដៅអភិវឌ្ឍន៍ជានិរន្តភាព (SDG)ដែលពិភពលោកកំពុងផ្តោតយកចិត្តទុកដាក់នឹងតាំងចិត្តសម្រេចអោយបាននៅឆ្នាំ ២០៣០។ ច្បាស់ណាស់ ជាង២ទសវត្សកន្លងមកនេះ ការធ្វើពាណិជ្ជកម្មពីប្រទេសមួយទៅប្រទេសមួយនៅជុំវិញពិភពលោក គឺជាកម្លាំងដែលបានធ្វើអោយមានការរីកចម្រើន រួមទាំងកំណើនការងារ និងការផ្លាស់ប្តូរចែករំលែកនូវបច្ចកវិទ្យាដែលបានជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិបានជាង៨០%។

មេដឹកនាំនានាដែលចូលរួមក្នុងវេទិកាបានសង្កត់ធ្ងន់អំពីទិសដៅសំខាន់នៃរបៀបវារៈឆ្នាំ ២០៣០ គឺលុបបំបាត់ភាពក្រីក្រ, វិសមភាព, ការខូចខាតបរិស្ថាន និងដំណោះស្រាយលើបញ្ហាមិនចុះសម្រុងមួយចំនួន ដែលយើងមានរយៈពេលតែ ១២ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីរៀបចំពិភពលោកនេះអោយបានល្អ។

ក្នុងនោះសំខាន់បំផុតគឺត្រូវផ្តោតវិនិយោគលើទិសដៅពិភពលោករួម ដែលតម្រូវអោយមានការចូលរួមពីវិស័យឯកជន, រដ្ឋាភិបាល, អង្គការនីតិបញ្ញាត្តិ និងសង្គមស៊ីវិល ដែលត្រូវសហការធ្វើការជាមួយគ្នាអោយបានកាន់តែទូលំទូលាយដើម្បីឆ្ពោះទៅរកទិសដៅរូមគ្នាស្របតាមទិសដៅ SDG ។

តួ​គី នឹង​ហោះហើរ​ត្រង់​មក​កម្ពុជា​នៅពេលឆាប់ៗខាងមុខនេះ

0

ឯកឧត្តម​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ឯកឧត្តម Mevlut Cavsoglu រដ្ឋមន្ត្រី ការបរទេស តួ​ក​គី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម Erdogan ប្រធានាធិបតី​តួ​ក​គី បាន​ចុះ​ហ​ត្ត​លេខា លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការណ៍​លើ​វិស័យ​ទេសចរណ៍ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​តួ​ក​គី ដោយ​ក្នុងនោះតួ​ក​គី នឹង​ភ្ជាប់​ជើងហោះហើរ​ដឹក​អ្នកដំណើរ ពី​តួ​ក​គី មក​កម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។

កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​កម្ពុជា និង​តួ​ក​គី ដែល​បាន​ចុះហត្ថលេខា នា​រសៀល​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅ​វិមាន​រដ្ឋាភិបាល ( Istanbul ) កន្លងមកនេះ បាន​គូសបញ្ជាក់​ច្បាស់​ពី​ការសម្របសម្រួល​ការធ្វើ​ដំណើរ និង​ជំរុញ​ការតភ្ជាប់​តាមផ្លូវ​អាកាស ការសិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​រួមគ្នា ការផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ ស្ថិតិ និង​ឯកសារ​គោលនយោបាយ ច្បាប់​ទេសចរណ៍ ការអភិវឌ្ឍ​មូលធន​មនុស្ស និង​ការបណ្តុះបណ្តាល​ជំនាញ​វី​ជ្ជា​ជីវៈ​ទេសចរណ៍ ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ផ្នែក​សាធារណៈ និង​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ដើម្បី​បង្កើត​បណ្តាញ​ធុរកិច្ច​ទេសចរណ៍ និង​គំរោង​វិនិយោគ​ទេសចរណ៍ និង​ចូលរួម​រាល់​ព្រឹត្តិការណ៍ សិក្ខាសាលា សន្និសីទ និង​កិច្ចប្រជុំ​នានា​ទៅវិញទៅមក។

ក្រោយ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​នេះ និង​ក្រោយពេល​ដែលមាន​កិច្ចព្រមព្រៀង​ស្តីពី​ការមិន​យកពន្ធ​ត្រួតគ្នា​រវាង​កម្ពុជា​និង តួ​ក​គី​ហើយ កម្ពុជា​សង្ឃឹមថានឹង​បាន​ទ​ទូល​ក្រុមហ៊ុន Turkish Airlines ហោះហើរ​ត្រង់​ពី​តួ​ក​គី​មក​កម្ពុជា នៅពេល​ដ៏​ខ្លី​ខាងមុខនេះ។ បច្ចុប្បន្ន ក្រុមហ៊ុន Turkey Airlines បានធ្វើ​ការហោះហើរ​ត្រង់​មក​កម្ពុជា ប្រចាំ​សប្តាហ៍​ក្នុង​លក្ខណៈ ជា Cargo។

បច្ចុប្បន្ន Turkish Airlines បាន​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​អ៊ី​ស្តា​ន​ប៊ុល​មកកាន់​តំបន់​អាស៊ាន​ភាគច្រើន​តាមរយៈ​ជើងហោះហើរ​មក​ម៉ាឡេស៊ី  (រយៈពេល ១០ម៉ោង ៣៥នាទី), មក​បាក​កក (រយៈពេល ០៩ម៉ោង៤៥នាទី), មក​សិង្ហ​បុរី  (រយៈពេល១១ម៉ោង), មក​ហូ​ជី​មី​ញ វៀតណាម (រយៈពេល១១ម៉ោង)។

គួរ​រំលឹក ថា​តួ​ក​គី និង​កម្ពុជា​បាន​ភ្ជាប់​ទំនាក់ទំនង​នយោបាយ​ការទូត​តាំងពី​ឆ្នាំ ១៩៦៨មកម្ល៉េះ ហើយ​បាន​ភ្ជាប់​លើ​ទំនាក់ទំនង នយោបាយ​ការទូត​ឡើងវិញ​នៅ​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ ហើយ​នៅ​ថ្ងៃទី១ ខែវិច្ឆិកា​ឆ្នាំ២០១៣ សាធារណរដ្ឋ​តួ​ក​គី បាន​បើក ស្ថាន​ឯកអគ្គរដ្ឋទូត របស់ខ្លួន នៅ​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​កម្ពុ​ជាមាន​ស្ថាន ឯកអគ្គ​កុងស៊ុល កិត្តិយស​ចំនួន​ពីរ នៅ​សាធារណរដ្ឋ​តួ​ក​គី (រដ្ឋធានី អង់កា​រ៉ា និង ទីក្រុង អុ​ី​ស្ត​ម​បូល)។កម្ពុជា​គ្រោង​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន នៅ​ទីក្រុង​អង់កា​រ៉ា​នៅ​ឆ្នាំ2019៕

ស្វែងយល់​ពី​អាស៊ី! តើ Shanghai World Financial មាន​ភាព​អស្ចារ្យ​ដូចម្តេច?

0

ដោយ វុត្ថា

ភ្នំពេញ៖ បន្ទាប់ពី​ដេកលក់​យ៉ាងយូរ មហា​យក្ស​ចិន​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ ដើម្បី​ស្តារ​និង​អភិវឌ្ឍន៍​ប្រទេស​រហូត​ក្លាយជា​យក្ស​ដ្ឋ​កិច្ច​ថ្មី​មួយ នៅលើ​ពិភពលោក ហើយ​ប្រទេស​នេះ​បាន​បង្អួត​ឧត្តមភាព​ជា​បន្តបន្ទាប់ តាមរយៈ​ការសាងសង់​អាគារ​កប់​ពពក​ជាច្រើន ដើម្បី​បង្ហាញ​ពី​ការរីកចម្រើន និង​កិត្យានុភាព​របស់ខ្លួន។

ថ្ងៃនេះ​គេហទំព័រ Propertyarea.asia សូម​នាំ​លោកអ្នក​ទៅ​ទស្សនា​អាគារ​កប់​ពពក​ដ៏​អស្ចារ្យ​មួយទៀត នោះ​គឺ​អគារ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក សៀង​ហៃ ឬ Shanghai World Financial Center (SWFC)។

វា​ជា​អគារ​ខ្ពស់​កប​ពក​អស្ចារ្យ​មួយ​ដែល​ស្ថិតនៅក្នុង​តំបន់ Pudong នៃ​ទីក្រុង​សៀង​ហៃ​របស់​ប្រទេស​ចិន។ អគារ​នេះ ត្រូវបាន​រចនា​ប្លង់​ដោយ​លោក Kohn Pedersen Fox និង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Mori Building Company ដោយ​ហ​ការ​ជាមួយ​វិស្វករ​ក្រុមហ៊ុន Leslie E. Robertson Associates, China State Construction Engineering Corp និង ក្រុ​ហ៊ុន Shanghai Construction Group ជា​អ្នក​ចុះកិច្ចសន្យា​សាងសង់​ដ៏​សំខាន់។

អគារ​ខ្ពស់កបពពក​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​រួម  ដូចជា ការិយាល័យ សណ្ឋាគារ សាលសន្និសីទ កន្លែង​កំសាន្ត និង​ផ្សារ​ទំនើប​ជាដើម។ នៅក្នុង​អគារ​នេះ មាន​សណ្ឋាគារ​មួយ​ឈ្មោះ Park Hyatt Shanghai ដែលមាន​បន្ទប់​ចំនួន១៧៤ ដែល​ស្ថិតនៅ​ជាន់​ទី ៧៩ និង៩៣ និង​ត្រូវបាន​គេ​ចាត់ទុកថា ជា​សណ្ឋាគារ​ដែល​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក​លំដាប់​ទី៣ ក្នុង​ពិភពលោក បន្ទាប់ពី​សណ្ឋាគារ Ritz-Carlton ក្នុង​ទីក្រុង​ហុងកុង ដែល​ស្ថិតក្នុង​កម្រិត​កជាន់​ទី១០២ ទៅ១០៨ នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (International Commerce Center)។

អគារ​នេះ​ដែលមាន​កម្ពស់​ប្រមាណ៤៩២ម៉ែត្រ និង១០១ជាន់​នេះ  ត្រូវបាន​គេ​បោះទុន​សាងសង់​ចំនួន១២០០លាន​ដុល្លារ ហើយ​បាន​សាងសង់​បញ្ចប់​នៅ​ខែកញ្ញា ឆ្នាំ ២០០៧ បានធ្វើអោយ​អគារ​នេះ មាន​កម្ពស់​កប់​ពពក​លំដាប់​ទី៩ ក្នុង​ពិភពលោក និង​ខ្ពស់​លំដាប់​ទី៤ក្នុងប្រទេស​ចិន។ អគារ​ដ៏​អស្ចារ្យ​នេះ ត្រូវបាន​បើក​អោយ​ដំណើរការ​ជា​សាធារណៈ​នៅ​ខែសីហា ឆ្នាំ2008។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្រិត​ពិភពលោក​នេះ ត្រូវបាន​គេ​កោត​ស​សើរ​យ៉ាងខ្លាំង​ចំពោះ​ស្ថាបត្យករ ដែល​បាន​គូ​ប្លង់ និង​ចាត់ទុកថា ជា​អគារ​ខ្ពស់​កប់​ពក​ល្អ​បំផុត​ប្រចាំឆ្នាំ ២០០៨ បន្ទាប់​សាងសង់​រួច។

ក្នុង​ឆ្នាំ២០១៣អគារ​នេះ​ត្រូវបាន​គេ​ប្តូរ​ឈ្មោះ​ទៅ ជា Shanghai Tower ដែលជា​ស្ថាប​ត្យ​សំណង់​ខ្ពស់បំផុត​ក្នុងប្រទេស​ចិន​ប្រចាំឆ្នាំ ២០១៧ កន្លងទៅនេះ៕

ដំណឹង​រីករាយ! កម្ពុជា​នឹងមាន​ផ្លូវ​រថភ្លើង​លឿន​ពី​ភ្នំពេញ​ទៅ​សៀមរាប – ប៉ោយប៉ែត និង​ពី​ភ្នំពេញ​ទៅ​បាវិត

0

ដោយ រ៉ាវី

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​ស៊ុន ចាន់ថុល បាន​បង្ហើប​ឲ្យ​ដឹងថា នាពេល​អនាគត​កម្ពុជា​នឹងមាន​រថភ្លើង​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តសៀមរាប ប៉ោយប៉ែត និង​ពី​ភ្នំពេញ​ទៅកាន់​ក្រុង​បាវិត ខេត្តស្វាយរៀង។

លោក ស៊ុន ចាន់ថុល បាន​បន្ត​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា នៅពេល​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ឯកជន កំពុងតែ​សិក្សា​ទៅលើ​គ​ម្រោ​វិនិយោគ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក​ម្រឹត​ស្តង់ដារ​អន្តរជាតិ​ចំនួន2ខ្សែ ដោយ​ខ្សែ​ទី1 ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ក្រុង​សៀមរាប និង​បន្ត​ទៅដល់​ព្រំដែន​កម្ពុជា-ថៃ ដែល​ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មួយ​ខ្សែ​ទៀត​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ស្ថិតនៅ​ក្រុង​បាវិត ខេត្តស្វាយរៀង។

លោក​បន្តទៀតថា បច្ចុប្បន្ន​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា មិនអាច​រត់​ក្នុង​ល្បឿន​លឿន​នៅឡើយ​ទេ ដោយសារ​មិនទាន់​ស្របតាម​ស្តង់ដារ​អន្តរជាតិ ពោលគឺ​ប្រវែង​ទទឹងផ្លូវ​មាន​ត្រឹមតែ១ម៉ែត្រ។ ប្រសិនបើ​ចង់​រត់​ក្នុង​ល្បឿន​លឿន​ត្រូវ​ពង្រីក​ឲ្យ​បាន១.៤៣៥ម៉ែត្រ​ទើប​ស្របតាម​ស្តង់ដារ​អន្តរជាតិ។ ដូច្នេះហើយ​ទើប​មាន​ក្រុមហ៊ុន​ឯកជន ស្នើសុំ​សិក្សា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​សៀមរាប ហើយ​បន្តទៅ​ក្រុង​ប៉ោយប៉ែត និង​ទៅ​ក្រុង​បាវិត ដែលមាន​ទទឹងផ្លូវ​ប្រវែង១.៤៣៥ម៉ែត្រ។

ទោះជា​យ៉ាងណាក្ដី រដ្ឋាភិបាល​នៅ​មិនទាន់​ឯកភាព​នៅឡើយ ប៉ុន្តែ​ប្រសិន​ក្រុមហ៊ុន​ឯកជន​សាងសង់​ផ្លូវដែក​ជា​ប្រភេទ BOT នោះ​ប្រាកដជា​ឯកភាព​មិន​ខាន។

រថភ្លើង​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន មានលទ្ធភាព​សាងសង់​និង​ដាក់​ឲ្យ​ដំណើរការ​នូវ​ផ្លូវ​និង​ខ្សែ​រថភ្លើង​ត្រឹម​ល្បឿន​មធ្យម ជាក់ស្តែង​ដូចជា ខ្សែ​រថភ្លើង​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ មាន​ល្បឿន​ត្រឹម60គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ដោយឡែក សម្រាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចំនួន2ខ្សែ ពី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​សៀមរាប-ប៉ោយប៉ែត និង​ពី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​បាវិត គឺមាន​ល្បឿន100-200គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

អស្ចារ្យ! មហា​យក្ស​ចិន​ដាក់​ប្រើប្រាស់​ស្ពាន​ដែល​វែង​ជាងគេ​នៅលើ​ពិភពលោក

0

ដោយ វុត្ថា

ភ្នំពេញ៖ មហា​យក្ស​ចិន​បាន​សាង​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដោយបាន​សម្ពោធ​ដាក់អោយ​ដំណើរ​ជា​ផ្លូវការ នូវ​ស្ពាន​ឆ្លងកាត់​សមុទ្រ​ដែល​វែង​ជាងគេ​បំផុត នៅលើ​ពិភពលោក កាលពីពេលថ្មីៗនេះ ដោយ​ស្ពាន​នេះ​ត​ភ្ជាប់​ពី​ទីក្រុង​ហុងកុង ម៉ា​កាវ និង ចិនដីគោក។

ប្រធាន​ធិបតី​ចិន លោក Xi Jinping បានប្រកាស​ដាក់អោយ​ដំណើរការ​ជា​ផ្លូវការ​នូវ​ស្ពាន​ដែល​វែង​ជាងគេ​នេះ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ពី​ទីក្រុង​ហុងកុង និង​ម៉ា​កាវ​ផងដែរ ។

លោក Xi បានប្រកាសថា “ខ្ញុំ​សូម​ប្រកាសថា ស្ពាន​ត​ភ្ជាប់​ទីក្រុង​ហុងកុង ទីក្រុង Zhuhai និង​ទីក្រុង​ម៉ា​កាវ ដាក់អោយ​ដំណើរ​ចាប់ពីពេលនេះ​តទៅ។

មន្ត្រីជាន់ខ្ពស់​ទីក្រុង​ហុងកុង លោកស្រី Carrie Lam បាន​សម្តែង​ការ​អរគុណ ដល់ លោក Xi ដែល​បាន​ចូលរួម​សម្ពោធ​ដាក់អោយ​ដំណើរ​នូវ​ស្ពាន​នេះ  ហើយ​បាន​កោតសរសើរ​ចំពោះ​ស្ពាន​នេះ​ថា​មាន​សារៈ​សំខាន់បំផុត។

ស្ពាន​ដែល​វែង​ជាងគេ​នៅលើ​ពិភពលោក​នេះ មាន​ប្រវែង៥៥គីឡូម៉ែត្រ ត្រូវបាន​សេដ្ឋកិច្ចវិទូ​បាន​លើក​ថា នឹង​អាចជួយ​ជម្រុញ​អោយ​វិស័យសេដ្ឋកិច្ច កាន់តែ​រឹង​មុំ​ា​នៅក្នុង​តំបន់​ភូមិសាស្ត្រ និង​នៅក្នុង​ពិភពលោក​រវាង​ទីក្រុង​ហុង និង​ចិនដីគោក។

មិនមែន​មនុស្ស​គ្រប់គ្នា​សុ​ទ្ឋ​តែ​សប្បាយ​ចិត្តនឹង​ស​មិ​ទ្ឋិ​ផល​ដ៏​អស្ចារ្យ​នេះ​ទេ ដោយ​ក្រុម​អ្នក​រិះគន់​បាន​លើកឡើងថា រដ្ឋាភិបាល​ចិន​របស់លោក Xi បាន​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លារ ក្នុងការ​សាងសង់​ស្ពាន​នេះ គឺ​ក្នុង​គោលបំណង​បញ្ចូល​ទីក្រុង​ហុងកុង​ទៅក្នុង​រដ្ឋបាល​របស់​ចិន ហើយ​អាច​នឹង​បាត់បង់​នូវ​ភាព​ឯករាជ្យ និង​សេរីភាព​របស់​ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង​ហុងកុង។

ស្ពាន​នេះ​បានចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ២០០៩ ហើយ​ត្រូវបាន​ពន្យា​ពេល​មួយរយៈ​ដោយសារតែ​កង្វះខាត​ថវិកា និង​មានការ​ស្លាប់​កម្មករ​មួយចំនួន ខណៈ​កំពុង​សាងសង់។

បើទោះបី​មានការ​រិះគន់​យ៉ាងណាក្តី ស្ពាន​នេះ​ត្រូវបាន​គេ​មើលឃើញថា​នឹង​បង្កើន​ពា​ណិ​ជ្ឋ​កម្ម និង​ការកាត់បន្ថយ​ពេលវេលា​ក្នុង​ធ្វើដំណើរ​ឆ្លងកាត់​ពី​ក្រុង​ហុង កុង​មក​ចិនដីគោក៕

ទឹកប្រាក់ 30លាន​ដុល្លារ ត្រូវបាន​បញ្ជា​ទិញក្នុង​ពិព័រណ៍​អចល​ទ្រព្យ​កម្ពុជា រយៈពេល 2ថ្ងៃ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖  ទឹកប្រាក់​ជាង ៣០លាន​ដុល្លារ​ត្រូវបាន​ចំណាយ​ពី​អ្នកវិនិយោគ ទិញ​គំរោង​អចលនទ្រព្យ​នានា ក្នុង​ពិ​ព៌​ណ​អចលនទ្រព្យ​កម្ពុជា​លើក​ទី៣ ដែល​បានរៀបចំ​ធ្វើ​រយៈពេល​ពីរ​ថ្ងៃ​នៅ​សណ្ឋាគារ​និង​កាស៊ីណូ​ហា​ហ្កា​វើ​លដ៍។

ពិព័រណ៍​អចលនទ្រព្យ​របស់ Realestate.com.kh ក្នុងឆ្នាំនេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។ ការប្រមូលផ្តុំ​អ្នកជំនាញ អាជីវកម្ម និង​អតិថិជន​ដ៏​ច្រើន​សម្បើម គឺជា​ព្រឹត្តិការណ៍​កាន់តែ​ធំ និង​ល្អ​ជាង​ឆ្នាំមុន ហើយ​ទឹកប្រាក់​រាប់លាន​ដុល្លារ​បាន​ចំណាយ សម្រាប់ ការទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា។ ធ្វើ​នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​នៅ​ថ្ងៃទី ១៩ និង​ថ្ងៃទី ២០ ខែតុលា​ឆ្នាំនេះ ពិព័រណ៍​មាន​អ្នកតំណាង​មកពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុងស្រុក និង​អន្តរជាតិ ភាគី​ធនាគារ ក្រុមហ៊ុន​សំណង់ ទីប្រឹក្សា​ច្បាប់ ក្រុមហ៊ុន​បច្ចេកវិទ្យា អ្នកសេដ្ឋកិច្ច និង​ក្រុមហ៊ុន​ជាច្រើន​ទៀត។

លោក Tom O’Sullivan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh បាន​និយាយថា មនុស្ស​ជាង៤,០០០នាក់​បាន​ចុះឈ្មោះ ចូលរួម​ពិព័រណ៍​នៅក្នុង​ឆ្នាំ​នេះហើយ យើង​រំពឹងថា​នឹង​ទាក់ទាញ​វិនិយោគិន និង​អ្នកទិញ​អចលនទ្រព្យ​យ៉ាងហោចណាស់​ជាង ៥,០០០នាក់។លោក​បន្តថា ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស គឺ​បានបង្ហាញ​ឱកាស​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែល​មិន​ធ្លាប់មាន​ពីមុនមក។

ការតាំងពិព័រណ៍​បានផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​ឱកាស​វិនិយោគថ្មីៗ ជាមួយ​គម្រោង លំនៅដ្ឋាន បុរី ខុន​ដូ និង​គម្រោង​អភិវឌ្ឍន៍​ចម្រុះ។ អ្នកទិញ និង​វិនិយោគិន​មក ពី​ក្នុងស្រុក និង​ក្រៅ​ស្រុក​បាន​ជួបជុំគ្នា សម្រាប់​ឱកាសល្អ​បំផុត​ក្នុងការ​ទំនាក់​ទំនងជា​មួយ​គ្នា។

លោក Tom O’Sullivan បាន​មានប្រសាសន៍ថា “ឱកាស​នេះ​បាន​ជួយ​អ្នក​គ្រប់គ្នា​ក្នុង​វិស័យនេះ​ឲ្យ​បាន​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​ពី​កម្ពុជា។

នៅពេល​អ្នកវិនិយោគ​បានមក​ដល់​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ជាមួយ​ពិព័រណ៍​នេះ ពួកគេ​បាន​មើលឃើញ​ពី​ភាព​រីកចម្រើន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​កំពុង​ប្រែក្លាយ​កម្ពុជា​ទៅជា មជ្ឈមណ្ឌល​សេដ្ឋកិច្ច។ កត្តា​នេះ នឹង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន ឲ្យ​ងាក​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។ ជាមួយគ្នានេះ​ផងដែរ​ទឹកប្រាក់​សរុប​ដែល​បាន​លក់​នៅក្នុង​កម្មវិធី​ពិព័រណ៍​អចលនទ្រព្យ បាន​កើនឡើង១០លាន​ដុល្លារ ធៀប​នឹង​ឆ្នាំមុន។

កម្មវិធី​នេះ​អាច​ដំណើរ​បាន​ដោយមាន​ការឧបត្ថម្ភ​ធំ ដូចជា ក្រុមហ៊ុន Ezecom ដែលជា​ក្រុមហ៊ុន ផ្តល់​សេវា​អ៊ិន​ធើ​ណេ​ត​ឈានមុខ​គេ​នៅ​កម្ពុជា និង​ក្រុមហ៊ុន  Belt Road Capital Management ជា​អ្នកគ្រប់គ្រង​លើ​ការ​វិនិយោគឯកជន នៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ។

ក្រៅពី​វេទិការ​ទិញ​លក់​អចលនទ្រព្យ វគ្គ​សិក្ខាសាលា​អប់រំ​ក៏បាន​ដំណើរការ​ដោយ​ឥតគិតថ្លៃ ក្នុង​រយៈពេល២ថ្ងៃ​កន្លងមកនេះ ដែលមាន​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ចិន។ ប្រធានបទសំខាន់ៗជាច្រើន​រួមមាន៖ ដំបូន្មាន​ពី​ការវិនិយោគ​អចលនទ្រព្យ ច្បាប់​នៃ​កម្មសិទ្ធិ ពន្ធ​អចលនទ្រព្យ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការប្រៀបធៀប​ទីផ្សារ និង​ទស្សនវិស័យ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា។

ដៃគូ​ផ្សាយ​សម្រាប់​ការតាំងពិព័រណ៍​ដ៏​ធំ​នេះ មានដូចជា៖ គេហទំព័រ Propertyarea.asia គេហទំព័រ Fresh News គេហទំព័រ Eurocham ជាដើម៕

អ្នកវិនិយោគ​ខុន​ដូ​អន្តរជាតិ ចូលមក​កាន់​ទីផ្សារ​ក​ម្ពុ​ជា​កាន់តែច្រើន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​នឹង​កត្តា​សុខសន្តិភាព កំនើនសេដ្ឋកិច្ច​និង​ស្ថិរភាព​នយោបាយ​ដែល​កម្ពុជា​សម្រេចបាន អ្នកវិនិយោគ​លើ​វិស័យ​ខុន​ដូ​អន្តរជាតិ បាន​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា​កាន់តែច្រើន ដែល​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​កាន់​តែមាន​ភាព​ទាក់ទាញ និង​ការប្រកួតប្រជែង​កើនឡើង។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធី​តា បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា កាលពី​ឆ្នាំ២០០៨ចំនួន​ខុន​ដូ​នៅ​កម្ពុជា​មានតែ១៧៦យូ​នី​ត​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ននេះ​ខុន​ដូ​ចំនួន១២០០០យូ​នី​ត​បានបញ្ចប់​និង​ដាក់ចូល​ទីផ្សារ ខណៈ​គំរោង​ខុន​ដូ​ជាច្រើន​ទៀត​កំពុង​សាងសង់ និង​ត្រៀម​បញ្ចប់។អ្នកនាង​បន្តថា កាលពី​ឆ្នាំ២០០៨ មានតែ​អ្នកវិនិយោគ​កូរ៉េ​ប៉ុណ្ណោះ បាន​វិនិយោគ​សាងសង់​ខុន​ដូ​លក់ តែ​បច្ចុប្បន្ន​អ្នកវិនិយោគ​ជាច្រើន​បាន​ចូលមក ដូចជា អ្នកវិនិយោគ​ចិន តៃវ៉ាន់ កូរ៉េ ជប៉ុន សឹ​ង្ហុ​បុរី​ជាដើម។

អ្នកនាង​បន្តថា ក្នុងចំណោម​គំរោង​វិនិយោគ​ខុន​ដូ​នានា មាន​អ្នកវិនិយោគ​ខ្មែរ​បាន​វិនិយោគ​ក្នុង​វិស័យនេះ​ចំនួន២៣គំរោង និង​អ្នកវិនិយោគ​អន្តរជាតិ​ជាច្រើន​សញ្ជាតិ​ទៀត។

ច្បាប់​សហកម្ម​សិ​ទ្ឋ​ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស អាចមាន​សិ​ទ្ឋ​កាន់កាប់​ទិញ​លំនៅដ្ឋាន​ចាប់ពី​ជាន់​ទី១ឡើងទៅ ដែល​បានអនុម័ត​កាលពី​ឆ្នាំ២០១០ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​អន្តរជាតិ មកកាន់​ប្រទេស​កម្ពុជា។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Vtrust Appraisal កាលពី​ដំណាច់ឆ្នាំ២០១៧បាន​រកឃើញថា ចំនួន​ខុន​ដូ​ដែល​នឹង​ផ្អ​ត់​ផ្គង់​ចូល​ទីផ្សារ​នៅ​ដំណាច់ឆ្នាំ២០២០ខាងមុខ នឹង​កើន​ឡើងដល់​ជាង៦០០០០យូ​នី​ត ក្នុងនោះ​ខេត្ត​ព្រះសីហនុ​មាន​ប្រមាណ​ជាង៥ពាន់​យូ​នី​ត​ផងដែរ៕

ក្រុង​តាខ្មៅ​បញ្ចប់​ការរៀបចំ​ប្លង់គោល ដើម្បី​រៀបចំ​ផែនការអភិវឌ្ឍន៍​រួចហើយ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ អាជ្ញាធរ​ខេត្តកណ្តាល​បានរៀបចំ​ប្លង់គោល ដើម្បី​បើកផ្លូវ​ក្នុងការ​រៀបចំ​ផែនការអភិវឌ្ឍន៍​ទីក្រុង ដែល​ស្ថិតនៅ​កៀក​រាជធានី​ភ្នំពេញ​ជាងគេ​នេះ​រួចហើយ ដែល​វា​ជា​ផែនទី​បង្ហាញ​ពី​ផែនការអភិវឌ្ឍន៍​ច្បាស់លាស់​មួយ។

យោងតាម​លិខិត ដែលមាន​ការចុះហត្ថលេខា​របស់​អភិបាល​ខេត្តកណ្តាល​ផ្ញើរ​ជូន​អភិបាលក្រុង​តាខ្មៅ និង​មេឃុំ ចៅសង្កាត់​នានា​ក្នុង​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ស​មិ​ទ្ឋិ​ផល​ជា​ប្រវត្តិសាស្ត្រ នៃ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដោយ​សេចក្តីសម្រេច​លេខ០២សសរ ចុះ​ថ្ងៃទី៥ កក្កដា ឆ្នាំ២០១៨ ដើម្បី​ជួយ​គាំទ្រ និង​ជំរុញ​ដល់​ការ អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​កិច្ចធានា​ធនធានធម្មជាតិ​ប្រកបដោយ​ប្រ​សិទ្ឋិ​ភាព​និរន្តរភាព​សម្រាប់​គ្រប់​សម័យកាល។

លិខិត​ដដែល​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​អនុវត្តន៍​ដោយ​សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អង្គភាព​ពាក់​ព័​ន្ឋ​លើ​ចំណុចសំខាន់ៗរួមមាន ទី១ ធ្វើការ​ផ្សព្វផ្សាយ​អំពី​ប្លង់គោល​ប្រើប្រាស់​ដីធ្លី ក្រុង​តាខ្មៅ ដល់​មហាជន និង​អ្នក ពាក់​ព័​ន្ឋ​ឲ្យ​បាន​ទូលំទូលាយ ទី២ លើក​គំរោង​និង​រៀបចំ​ផែនការ​អភិវឌ្ឍ​នានា​ដោយយោង​លើ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ក្រុង​ជា​គោល​គ្រឹះ ។

ទី៣ ទប់ស្កាត់​រាល់​ការសាងសង់ និង​អភិ​វ  ឌ្ឍ​ន៍​ដី ដែល​មិន​គោរព​តាមច្បាប់ និង​ផ្ទុយ​ពី​ខ្លឹមសារ​ប្លង់គោល​ប្រើប្រាស់​ដី​ដែល​បានកំណត់ ទី៤ បន្ត​កសាង​ផែនការ​ប្រើប្រាស់​ដី​នៅតាម​គ្រប់​ឃុំ សង្កាត់ និង​ធ្វើការ​តាមដាន ត្រួតពិនិត្យ សិក្សា កែសម្រួល និង​វាយតម្លៃ​ប្រ​សិ​ទ្ឋ​ភាព​នៃ​ការអនុវត្ត​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​តាខ្មៅ និង​ទី៥ ត្រូវធ្វើ​បច្ចុប្បន្នភាព​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​តាខ្មៅ ក្នុង​រយៈពេល៥ឆ្នាំ​ម្តង តាម​ករណី​ចាំបាច់​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម។

លោក​បណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម និង​ជា​អ្នកដឹកនាំ​ការរៀបចំ​ប្លង់គោល​ក្រុង​តាខ្មៅ និង​បណ្តា​ស្រុក​នានា​ទូទាំង​ខេត្តកណ្តាល​បាន​មានប្រសាសន៍ថា    ប្លង់គោល​អភិវឌ្ឍន៍​និមួយៗពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រោះ​ប្លង់គោល​និមួយៗបានកំណត់​និយាម​ការណ៍​ទំហំ​ផ្លូវ ដើម្បី​កំណត់​ពី​ផែនការ​ប្រើប្រាស់​ដីធ្លី នៅក្នុង​មូលដ្ឋាន​ណាមួយ​មាន​ភាពសមស្រប និង​ដើម្បី​ជំរុញ​ការប្រើប្រាស់​ដី និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព។លោក​បន្តថា ប្លង់គោល​បានកំណត់​តំបន់​អភិវឌ្ឍន៍ផ្សេងៗគ្នា ដូចជា តំបន់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម តំបន់​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​តំបន់​ធ្វើ​កសិកម្ម​ជាដើម។

លោក​បន្តថា “ប្លង់គោល​អាចអនុវត្ត​ន៍​បាន ក៏​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​ឲ្យ​ការងារ​នេះ​មាន​ប្រ​សិ​ទ្ឋ​ភាព​និង​ទទួលបាន​ជោគ ជ័យ”៕