ដោយៈ រ៉ាណេត
បាត់ដំបងៈ ក្រុមអ្នកវិនិយោគចិនបានចាប់ផ្តើមចុះសិក្សាលទ្ឋភាព និងស្វែងយល់ពីសក្តានុពលវិនិយោគនៅខេតត្តបាត់ដំបង ដែលជាខេត្តមានសក្តានុពលនិងរីកចម្រើនលឿនជាងគេនៅតំបន់ភូមិភាគពាយ័ព្យប្រទេស។
នៅក្នុងដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូតំបន់ស្វយ័តនីងស៊ែរ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំដោយលោក អ៊ូ អ៊ីឆាយ (Wu Yu Cai) អនុប្រធានគណៈកម្មការកណ្តាល នៃសភាប្រជាជនតំបន់ស្វយ័តនីងស៊ែរ នៃសាធាណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ ប្រតិភូចិនបានបង្ហាញពីលទ្ធផលវិជ្ជមាន ចំពោះវិស័យពាណិជ្ជកម្មរវាងប្រទេសទាំង២ ខណៈដែលភាគីខាងចិនមានមហិច្ឆិតា ចង់បណ្តាក់វិនិយោគបន្ថែមជាច្រើនគម្រោងទៀតនៅក្នុងខេត្តបាត់ដំបង។
-->
អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៧ ខែឧសភាកន្លងមកថា នៅក្នុងជំនួបនៃកិច្ច ពិភាក្សាការងារកាលពីម្សិលមិញនេះ យើងបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយស្របតាមគោលការណ៍ច្បាប់នៃប្រទេសទាំងពីរ ដែលនៅក្នុងនោះរួមមាន២ចំណុចសំខាន់ៗ ដូចជា ចំណុចទី១ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្ម អប់រំ វប្បធម៌ សុខាភិបាល និងទេសចរណ៍ ដើម្បីផ្តល់ការគាំទ្រលើការអភិវឌ្ឍភាគីទាំងពីរ។
ចំណុចទី២ ភាគីទាំងពីរ បានព្រមព្រៀងឯកភាពគ្នាចងសម្ព័នមេត្រីភាព ក្នុងពេលខាងមុខ និងរាយការណ៍ជូនរាជរដ្ឋាភិបាល និងរដ្ឋាភិបាលរបស់ខ្លួនរៀងៗខ្លួន ដើម្បីទទួលបានការអនុញ្ញាតជាគោលការណ៍ ឲ្យរដ្ឋបាលខេត្តបាត់ដំបង ជាមួយតំបន់ស្វយ័តនីងស៊ែរ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីឈានទៅចុះហត្ថលេខាលើអនុស្សរណៈរួមគ្នា» ។
;លោកងួន រតនៈបានបន្តថា “យើងសាទរនឹងវត្តមានរបស់អ្នកវិនិយោគចិនទាំងអស់នោះ ប៉ុន្តែកិច្ចពិភាក្សាទាំងអស់នេះ វាគ្រាន់តែជំហានដំបូងក្នុងការស្វែងយល់ពីសក្ដានុពល និងឱកាសដើម្បីឈានដល់ការសម្រេចបណ្តាក់ទុនតែប៉ុណ្ណោះ”។
បច្ចុប្បន្ននេះនៅក្នុងទឹកដីខេត្តបាត់ដំបង មានវត្តមានរបស់ក្រុមហ៊ុនចិនធំៗចំនួន៣រួចទៅហើយ ដែលកំពុងដំណើរប្រតិបត្តិការក្នុងរូបភាពជារោងចក្រ ដូចជា រោងចក្រម្សៅមី, ក្រុមហ៊ុនផលិតសម្បកថ្នាំពេទ្យ និងរោងចក្រផលិតស៊ីម៉ង់ត៍ក្រោមកិច្ចសហវិនិយោគរបស់ជនខ្មែរក្នុងស្រុក និងជនជាតិចិន ដែលស្ថិតនៅក្នុងស្រុករតនមណ្ឌល។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ធី បានមានប្រសាសន៍តាមទូរស័ព្ទនៅថ្ងៃដដែលថា វាជារឿងដែលល្អបំផុតនៅពេលដែលមានវត្តមានអ្នកវិនិយោគអន្តរជាតិចូលមកកាន់កម្ពុជា ព្រោះក្រៅពីអាចធ្វើឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាមានសកម្មភាពល្អ ថែមទាំងផ្តល់នូវភាពល្អប្រសើរដោយប្រយោលជាច្រើនទៀត។ នៅពេលដែលគេចូលមកវិនិយោគលើវិស័យអ្វីមួយ។ ពួកគេតែងតែនាំយកមកជាមួយនូវទុន ចំណេះដឹង ជំនាញថ្មី ក៏ដូចជាបច្ចេកទេសដែលពាក់ព័ន្ធ នឹងការវិនិយោគមកកាន់កម្ពុជា ដែលទាំងអស់នេះ សុទ្ធតែបានផ្តល់នូវចំណុចវិជ្ជមានដល់ពលរដ្ឋខ្មែរ ដែលជាអ្នកបម្រើការងារក្រៅពីប្រាក់ចំណូល។
លោកបន្តទៀតថា “ផ្សារភ្ជាប់ជាមួយនឹងគម្រោង នៃការចូលខ្លួនមកវិនិយោគពីសំណាក់ក្រុមហ៊ុនចិនទាំងនេះ វាក៏បានជះឥទ្ធិពលល្អដល់វិស័យអចលនទ្រព្យផងដែរ ប៉ុន្តែសម្រាប់អ្នកដែលមានបំណងចង់ធ្វើការវិនិយោគលើវិស័យដីធ្លី ដូចជាការទិញទុកចង់លក់យកចំណេញដែលស្ថិតនៅតំបន់ក្បែរទីតាំងអភិវឌ្ឍ ក៏គួរតែមានការប្រុងប្រយ័ត្នខ្ពស់មុនសម្រេចចិត្តទិញ ចៀសវាងមានការស្តាយក្រោយ”។ លោកបន្ថែមថា “បើគ្រាន់តែជាដំណឹង មិនទាន់លេចចេញជារូបភាពអភិវឌ្ឍពិតប្រាកដ ដាច់ខាតមិនគួរចំណាយទុនទៅវិនិយោគនោះទេ ព្រោះវាគ្រាន់តែជាគម្រោងនៅឡើយ ដែលវាមិនប្រាកដថាទទួលបានចំណេញនោះទេ”។
លោកបន្តថា “ដូច្នេះគួរមានការត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ជៀសវាងយកទុនទៅកប់ទុក ដែលនាំឱ្យខាតបង់ពេលវេលា”៕
[…] ប្រភព៖ Property Are […]