គម្រោងដីពុះដីឡូតិ៍មួយកន្លែង។ រូបថត៖ សហការី
ដោយ រ៉ាណេត
ភ្នំពេញៈ បច្ចប្បន្ននេះសកម្មភាពនៃការវិនិយោគទៅលើគម្រោងដីឡូតិ៍ គឺកំពុងតែផុលផុសយ៉ាងខ្លាំង ជាពិសេសនៅតាមបណ្តាជាយក្រុងតែម្ដង។ យ៉ាងណាក៏ដោយ នៅក្នុងមុខជំនួញដែលអាស្រ័យ ទៅលើភ្នាក់ងារដែលជាអ្នកលក់នេះ ក៏ត្រូវទាមទារឱ្យធ្វើជំនួញលើវិស័យមួយនេះមានជំនាញ និងចំណេះដឹងសំខាន់ ដើម្បីទទួលបានជោគជ័យជាមួយគម្រោងរបស់ខ្លួន។
ត្រូវមានចំណេះដឹងផ្ទាល់ខ្លួន
-->
សំដៅលើការចេះប្រមូលព័ត៌មានឱ្យបានទូលំទូលាយ និងធ្វើការវិភាគ គិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចពុះដីឡូត៍លក់ ពិសេសតម្លៃដីនៅជុំវិញទីតាំងដែលយើងចង់ពុះដីលក់នោះ។ ធ្វើការប្រៀបធៀបពីទីតាំងមួយ និងទីតាំងមួយទៀត ដោយប្រៀបធៀបពីតម្លៃ និងសក្តានុពលរបស់ទីតាំងនោះមានអ្វីខ្លះ ពិសេសការវិនិយោគធំៗពីវិស័យឯកជន ឬការវិនិយោគរបស់រដ្ឋដើម្បីបង្ហាញទៅអតិថិជនថា ពេលដែលពួកគាត់ទិញហើយ តើគាត់អាចធ្វើអ្វីបានខ្លះ ឫបានអ្វីត្រឡប់មកវិញខ្លះ ឬអាចធ្វើផ្ទះជួល ឬទិញទុកលក់យកប្រាក់ចំណេញមកវិញជាដើម។
ឧទាហរណ៍ថា យើងពុះដីឡូត៍លក់នៅក្នុងតំបន់ ដែលរោងចក្រត្រៀមនឹងទៅដល់ ឬរោងចក្រកំពុងសាងសង់បណ្តើរៗ ហើយនៅពេលរោងចក្រសាងសង់រួច ដីនៅតំបន់នោះនឹងឡើងថ្លៃដោយឯកឯង ឬទិញហើយធ្វើផ្ទះជួលក៏បាន។ ដូច្នេះអតិថិជនពិតជាចាប់អារម្មណ៍មកលើគម្រោងយើងមិនខាន។ ក្រៅពីនេះត្រូវពង្រាយកម្លាំងយ៉ាងម៉េចឱ្យបានគ្រប់កន្លែង ដើម្បីឱ្យអាចទទួលបានព័ត៌មានពាក់ព័ន្ធ ក្នុងវិស័យដែលយើងត្រូវផ្តល់សេវាកម្ម ឬវិនិយោគនោះឱ្យបានច្រើន និងច្បាស់លាស់។
ភាពឆ្លាតវៃ និងសមត្ថភាពផ្ទាល់ខ្លួន
ក្រៅពីចំណេះដឹងខាងលើមួយចំនួនហើយ អ្នកវិនិយោគក៏ត្រូវយល់ដឹងពីខ្លួនឯង ឱ្យបានច្បាស់ថា ខ្លួនយើងជានរណា មានជំនាញបែបណា និងចង់លក់ផលិតផលអ្វី ហើយតើផលិតផលយើងនោះល្អ ឬយ៉ាងណា? ឧទាហរណ៍ថា ចង់វិនិយោគលើដី យើងត្រូវដឹងថា ដីកន្លែងណាល្អ និងងាយស្រួលរកប្រាក់ចំណេញមកវិញ។
ប្រសិនជាមានលុយតិច ហើយចង់វិនិយោគ យើងត្រូវវិនិយោគលើអចលនទ្រព្យណាដែលមានទីផ្សារខ្ពស់។ ងាយទទួលបានទុនបង្វិល ដើម្បីវិនិយោគលើទីតាំងផ្សេងថ្មីទៀត និងទទួលបានប្រាក់ចំណេញលឿន បើទោះជាប្រាក់ចំណេញទាំងនោះមានចំនួនតិចក៏ដោយ ចៀសវាងបង្កកទុនចោលមួយកន្លែង វានឹងធ្វើឱ្យកកស្ទះដើមទុនក្នុងការពង្រីកអាជីវកម្មទៅមុខ ឬពិបាកក្នុងការសងរំលស់ទៅធនាគារវិញប្រសិនជាមានកម្ចីផ្សេង។
កសាងទំនុកចិត្ត
;ធ្វើជាក្រុមហ៊ុនអចលនទ្រព្យ អ្វីដែលសំខាន់ត្រូវកសាងកេរ្តិ៍ឈ្មោះ ព្រោះកេរ្តិ៍ឈ្មោះជារឿងចាំបាច់សម្រាប់ភាពជោគជ័យជានិរន្តរ៍ មិនមែនក្នុងរយៈពេលខ្លីនោះទេ តែជាជោគជ័យក្នុងរយៈពេលវែង តាំងពីខ្លួនឯងរហូតទៅដល់សាច់ញាតិ ជំនាន់ក្រោយៗទៀតផង។ មុនចេញប្រតិបត្តិការ បុគ្គលិកត្រូវតែទទួលការបណ្តុះបណ្តាលចំនួន៤ ចំណុចជាមុនសិន ដូចជាជំនាញក្នុងការនិយាយ ជំនាញក្នុងការទំនាក់ទំនងភ្ញៀវ ជំនាញក្នុងការដោះស្រាយបញ្ហារបស់អតិថិជន និងជំនាញក្នុងការទិញ-លក់-ជួលដោយជោគជ័យ។
ដូច្នេះដើម្បីធ្វើឱ្យភ្នាក់ងារអចលនទ្រព្យមានចំណេះ ជំនាញ និងបទពិសោធន៍ដែលអាចធ្វើការបានក្នុងវិស័យនេះ ត្រូវការការបណ្តុះបណ្តាល និងពង្រីកភ្នាក់ងារឱ្យបានច្រើន ដើម្បីពង្រីកវិសាលភាពការងាររបស់យើងឱ្យបានទូលំទូលាយ។
ពិសេសត្រូវមានចំណេះដឹងផ្នែកច្បាប់ យល់ដឹងពីដំណើរការបង់ពន្ធ ឬពន្ធប្រថាប់ត្រាពិសេសនីតិវិធីក្នុងការដំណើការកាត់ប្លង់ ឬការបំបែកក្បាលដីជូនអតិថិជនដើម្បីទទួលបានទំនុកចិត្តកាន់តែខ្ពស់។
រកអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំជួយការងារ
ប្រសិនជាយើងមិនសូវចេះ និងមិនមានជំនាញ យើងត្រូវធ្វើការប្រឹក្សាយោបល់ជាមួយអ្នកជំនាញអចលនទ្រព្យ ដែលមានបទពិសោធន៍ ដើម្បីផ្តល់ជាដំបូន្មានថាតើយើងគួរធ្វើយ៉ាងម៉េច រៀបចំយ៉ាងម៉េច ដើម្បីឱ្យការបំពេញការងារ ឬការវិនិយោគក្នុងវិស័យនេះមានភាពល្អប្រសើរឡើង និងបញ្ចៀសបាននូវហានិភ័យ។ យើងត្រូវចេះប្រមូលព័ត៌មាន និងទទួលយកការប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយមុនធ្វើការសម្រេចចិត្តថា តើការវិនិយោគរបស់យើងមានភាពត្រឹមត្រូវ និងគួរធ្វើប៉ុនណា។
ឧទាហរណ៍ ការពុះដីឡូត៍លក់បច្ចុប្បន្នបានរីកទៅតំបន់ជាយក្រុង នេះគឺដោយសារអ្នកវិនិយោគទាំងនោះ បានសិក្សាច្បាស់លាស់ពីការអភិវឌ្ឍរបស់រដ្ឋាភិបាល ដូចជាគោលនយោបាយរុញរោងចក្រ ចេញពីទីក្រុងទៅតំបន់ជាយក្រុង ទៅកាន់ទីតាំងដែលងាយស្រួលក្នុងការដឹកជញ្ជូន ដូចជាតំបន់នៅតាមផ្លូវជាតិ៣ និងផ្លូវជាតិលេខ៤ ជាដើម ដែលធ្វើឱ្យសកម្មភាពពុះដីឡូត៍លក់នៅតំបន់នោះ ក៏កាន់តែរីកដុះដាលខ្លាំងឡើងៗ ។
ដូច្នេះ អ្នកដែលមានបំណងចង់វិនិយោគលើវិស័យពុះដីឡូតិ៍ គប្បីត្រូវតែដឹងច្បាស់ពីចំណុចទាំង៤ដូចដែលបានលើកឡើងខាងលើនេះ ទើបមិនជួបហានិភ័យខ្ពស់៕