សំណង់អគារខ្ពស់ៗនៅក្នុងក្រុងភ្នំពេញ។ រូបថត៖ សហការី
ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងស្ថិរភាពនៃកំណើនសេដ្ឋកិច្ច ដែលអាចរក្សាបានក្នុងរង្វង់ជាង ៧ភាគរយជារៀងរាល់ឆ្នាំ ពេលនេះក្រុមហ៊ុនធំៗលំដាប់ពិភពលោកចំនួនប្រមាណ ៨០ក្រុមហ៊ុន ក្នុងចំណោមក្រុមហ៊ុនយក្សទាំង ៥០០បាននិងកំពុងវិនិយោគយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះថា នៅក្នុងប្រទេសកម្ពុជា ដែលកំពុងមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ យ៉ាងហោចណាស់មានក្រុមហ៊ុនអន្តរជាតិ លំដាប់ពិភពលោកប្រមាណ៧៨ក្រុមហ៊ុន បាននិងកំពុងតែដំណើរការ និងវិនិយោគយ៉ាងសកម្ម។
-->
អ្នកបានបញ្ជាក់ទៀតថា “ក្រុមហ៊ុនអន្តរជាតិធំទាំងជាង៧០ នៅក្នុងចំណោមក្រុមហ៊ុនយក្សទាំង៥០០នៅលើសាកលលោក ដែលកំពុងតែប្រតិបត្តិការនៅកម្ពុជាភាគច្រើនជាប្រភេទប្រភេទក្រុមហ៊ុន ដែលធ្វើការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ ហើយក្រៅពីនេះជាប្រភេទក្រុមហ៊ុនផ្នែកចំណីអាហារ” ។
កាលពីឆ្នាំ២០១៧ នៅកម្ពុជាមានក្រុមហ៊ុនធំៗលំដាប់អន្តរជាតិត្រឹមតែចំនួន៦០តែប៉ុណ្ណោះបានចូលមកវិនិយោគ។ ប៉ុន្តែរហូតដល់ដំណាច់ឆ្នាំ២០១៨ មានចំនួនជាង៧០ក្រុមហ៊ុន មានការកើនឡើងប្រមាណ២០ភាគរយ ដោយឡែកសម្រាប់ឆ្នាំ២០១៩នេះ នឹងមានការកើនឡើងបន្ថែមទៀត។
អ្នកនាងបន្តទៀតថា “ការកើនឡើងនៃចំនួនក្រុមហ៊ុនលំដាប់ពិភពលោកនៅកម្ពុជានាពេលនេះ ក៏ព្រោះពួកគេបានសម្លឹងឃើញយ៉ាងច្បាស់ពីភាពល្អប្រសើរ នៃសេដ្ឋកិច្ចកម្ពុជា ជាពិសេស ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ដែលអាចផ្ដល់ឱកាសល្អសម្រាប់ពួកទទួលបានលទ្ធផលវិជ្ជមាន ជាពិសេសវិស័យអចលនទ្រព្យ និងសំណង់”។
អ្នកនាងបន្ថែមថា “ក្រុមហ៊ុនទាំងនោះមានប្រភពមកពីសហរដ្ឋអាមេរិក ជប៉ុន ចិន កូរ៉េ និងប្រទេសកូរ៉េ ជាដើម។ ដោយឡែកចំពោះវិស័យចំណីអាហារវិញភាគច្រើនពីប្រទេសជប៉ុន កូរ៉េ ថៃ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀតដែលស្ថិតនៅក្នុងតំបន់អាស៊ី”។
ក្រុមហ៊ុនធំៗទាំង៥០០លើពិភពលោក ដែលមួយចំនួនបាននិងកំពុងវិនិយោគនៅកម្ពុជា មានក្រុមហ៊ុនមកពីអាមេរិក ដូចជា ក្រុមហ៊ុន COCA COLA, G.E, Rosewood ក្រុមហ៊ុនមកពីប្រទេសជប៉ុនមានដូចជា ក្រុមហ៊ុន AEON MALL Group, ក្រុមហ៊ុន GREED Group, ក្រុមហ៊ុន Arakawa ក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូងមានដូចជា ក្រុមហ៊ុន BOOYOUNG GROUP ក្រុមហ៊ុន YUNWOO ក្រុមហ៊ុនយក្សមកពីប្រទេសចិនមានដូចជា R&F Property, SINO Plaza ក្រុមហ៊ុន Greenland Group, ជាដើម។
នាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិដ៏ធំ Century 21 Cambodia ដែលមានប្រភពមកពីសហរដ្ឋអាមេរិក និងជាក្រុមហ៊ុនលំដាប់ពិភពលោក១ ក្នុងចំណោមក្រុមហ៊ុនជាង៧០ ដែលកំពុងដំណើរការពង្រីកវិសលភាពរបស់ខ្លួនយ៉ាងសកម្ម នៅក្នុងប្រទេសកម្ពុជា លោកស្រី Grace Rachny Fong បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Century 21 មានអាយុកាល៤៨ឆ្នាំ និងមានការិយាល័យចំនួន៨២២៥ ការិយាល័យ នៅតាមបណ្តាប្រទេសចំនួន៨១ និងមានភ្នាក់ងាររហូតដល់ជាង១៣ម៉ឺននាក់នៅទូទាំងពិភពលោក ហើយកម្ពុជា គឺជាប្រទេសទី ៧៥ ដែលក្រុមហ៊ុន Century 21 ឈានជើងចូលមកបង្ហាញវត្តមានកាលពីអំឡុងឆ្នាំ២០១៣ និងបានបំបែកការិយាល័យតំណាងរបស់ខ្លួនចំនួន២២រួចទៅហើយ។
លោកស្រីបានបន្តទៀតថា “ចំណុចមួយដែលបណ្តាលឱ្យគេសម្រេចចិត្តចូលមកកាន់កម្ពុជា គឺឱកាស ក្រោមភាពល្អប្រសើរនៃសេដ្ឋកិច្ច នយោបាយ កក្តាសន្តិសុខសង្គម និងកំណើននៃចំនួន GDP របស់ពលរដ្ឋកម្ពុជា”។ លោកស្រីបន្តថា “អ្វីដែលជាចំណុចខ្លាំងមួយទៀត ដែលជម្រុញឱ្យក្រុមហ៊ុនធំៗទាំងនោះសម្រុកមកកាន់ច្រើន ក៏ព្រោះតែកម្ពុជាមានចំណុចពិសេសគឺកក្តាតម្រូវការ Buying Power ដែលជាអំណាចនៃការបញ្ជាទិញមានកម្រិតខ្ពស់”។
អគារសង់រួច និងកំពុងសង់នៅក្នុងក្រុងភ្នំពេញ។ រូបថត៖ សហការី
លោកស្រីបានបន្តទៀតថា ចំពោះកម្ពុជា បើនិយាយកាលពី១០ឆ្នាំមុនជឿជាក់ថា ក្រុមហ៊ុនធំៗលំដាប់អន្តរជាតិទាំងនេះ នឹងមិនចូលមកទេ ប៉ុន្តែរយៈពេល១០ឆ្នាំក្រោយនេះ កម្ពុជាមានការប្រែប្រួលខ្លាំងពីចំណូលកម្រិតទាប មកចំណូលមធ្យម និងមានសន្ទុះការអភិវឌ្ឍយ៉ាងលឿនលើសការរំពឹងទុក។ ពេលនេះប្រជាជនកម្ពុជាបានស្គាល់ និងយល់ដឹងច្បាស់ពីក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះ (Brand) និងមានទំនុកចិត្តខ្ពស់ទៅលើគុណភាព និងសេវាកម្មរបស់ក្រុមហ៊ុនទាំងនោះ។
លោកស្រី Grace Rachny Fong បានបន្តថា មុនពេលក្រុមហ៊ុនទាំងអស់នេះចូលមក គឺពួកគេសុទ្ធតែបានធ្វើការសិក្សាលម្អិតពីឱកាស និងទំហំទីផ្សារដែលត្រូវវិនិយោគមិនតិចជាង៣ -៥ ឆ្នាំនោះទេទើបគេសម្រេចចិត្ត ។ ពួកគេចូលមកបាននាំយកមកជាមួយនូវថវិកា ចំណេះដឹងថ្មី និងជំនាញ ដើម្បីពង្រីកវិសាលភាពវិនិយោគ ដែលវាបានចូលរួមចំណែកមួយភាគធំ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ការងារជូនប្រជាពលរដ្ឋ និងចំណូលពីការបំពេញការងារ៕