ទុកវិនិយោគក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មានជាង ៤ពាន់លានដុល្លារ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ទុនវិនិយោគនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ប្រើប្រាស់ទុនសមមូលសរុបប្រមាណជាង ៤ពាន់ ៧រយលានដុល្លាអាមេរិក និងនាំមកនូវផលរបរប្រចាំឆ្នាំប្រមាណជាង ៩៣ពាន់លានដុល្លារអាមេរិក ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មរយៈពេល៥ឆ្នាំ ២០១៣- ២០១៧ និងលើកទិសដៅអនុវត្តន៍បន្ត បានបង្ហាញឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មឆ្នាំ២០១៧ សរុប មានប្រមាណជាង១៥ម៉ឺនមូលដ្ឋាន ស្មើជាង២៩% នៃចំនួនសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មទាំងអស់ និងបាន បង្កើតការងារសរុបចំនួនជាង១លានកន្លែង និងបានប្រើប្រាស់ទុនសមមូលសរុបសម្រាប់ការវិនិយោគប្រមាណជា ៤ពាន់ ៧រយលានដុល្លាអាមេរិក និងនាំមកនូវផលរបរប្រចាំឆ្នាំប្រមាណជាង ៩៣ពាន់លានដុល្លាអាមេរិកផងដែរ ។

ពាក់ព័ន្ធនឹងការវិនិយោគនៅលើសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ បានបង្ហាញឲ្យឃើញថា មានការកើនឡើងជាលំដាប់ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៧ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មថ្មី បានកើនឡើងជាង ៣ពាន់មូលដ្ឋាន ស្មើជាង២% បើប្រៀបធៀបទៅឆ្នាំ២០១៦ ក្នុងនោះបានផ្តល់ប្រកាស បង្កើតសហគ្រាសសិប្បកម្មថ្មីថ្នាក់ជាតិ មានចំនួន៧៧៤មូលដ្ឋាន និងថ្នាក់ក្រោមជាតិជាង២ពាន់មូលដ្ឋានបន្ថែមទៀត និងបានបង្កើតការងារថ្មីជាង២ម៉ឺនកន្លែង បានប្រើប្រាស់ទុនវិនិយោគជាង១រយលានដុល្លាអាមេរិក និងនាំមកនូវផលរបរ ប្រចាំឆ្នាំប្រមាណជិត ២ពាន់លានដុល្លាអាមេរិកផងដែរ ។

នៅក្នុងវិស័យទាំង៣នេះ សម្រាប់សហគ្រាសធុនមធ្យមកម្មន្តសាល កម្ពុជាមានសហគ្រាសប្រមាណជាង១ពាន់មូល ដ្ឋាន ស្មើជិត១% នៃសហគ្រាសធុនតូច និងមធ្យមកម្មន្តសាល និងសិប្បកម្មទាំងអស់ ដោយបានបង្កើតការងារចំនួនជាង ១០ម៉ឺនកន្លែង និងបានប្រើប្រាស់ផលទុនសរុបសម្រាប់ការវិនយោគប្រមាណជាង ៥រយលានដុល្លាអាមេរិក និងនាំមកនូវ ផលរបរប្រចាំឆ្នាំប្រមាណជាង៣ពាន់លានដុល្លា ។ ដោយឡែកសម្រាប់សហគ្រាសធុនតូចកម្មន្តសាល កម្ពុជាមានសហ គ្រាសធុនតូចប្រមាណជាង១ម៉ឺនមូលដ្ឋាន ស្មើជាង៩% បានបង្កើតការងារជាង៤០ម៉ឺនកន្លែង និងប្រើប្រាស់ផលទុន សមមូលសរុបសម្រាប់ការវិនិយោគប្រមាណជាង ២ពាន់លានដុល្លា និងនាំមកនូវផលរបរប្រចាំឆ្នាំជាង១៦ពាន់លានដុល្លា។

ចំពោះវិស័យសិប្បកម្មវិញ កម្ពុជាមានសិប្បកម្មប្រមាណជាង១០ម៉ឺនមូលដ្ឋាន ស្មើជិត៩០% នៃសហគ្រាសធុនតូច និងមធ្យមកម្មន្តសាល និងសិប្បកម្មទាំងអស់ ដោយបានបង្កើតការងារជាង៤០ម៉ឺនកន្លែង និងបានប្រើប្រាស់ទុនសមមូល សរុបសម្រាប់វិនោយោគប្រមាណជាង ២ពាន់លានដុល្លារ នាំមកនូវផលទុនប្រចាំឆ្នាំជាង៧៣ម៉ឺនលានដុល្លារ ដោយត្រូវ បានបែងចែកជាពីផ្នែកគឺ សិប្បកម្មមានហានីភ័យ និងសិប្បកម្មគ្មានហានីភ័យផងដែរ ៕

សេវាដឹកអ្នកដំណើរតាមផ្លូវទឹកនឹងចាប់ដំណើរការនៅត្រឹមថ្ងៃទី6 ខែមេសា ខាងមុខនេះ

0

ដោយ ៖ រ៉ាវី

ភ្នំពេញ ៖ យ៉ាងយូរបំផុតត្រឹមថ្ងៃទី06 ខែមេសា ខាងមុខនេះ សេវាដឹកអ្នកដំណើរតាមផ្លូវទឹកផ្តើមចេញ​ចាប់ពី​ផែព្រែកព្នៅរហូតដល់ក្រុងតាខ្មៅ នឹងត្រូវចាប់ដំណើរជាផ្លូវការហើយ ដើម្បីជាការចូលរួមចំណែកផ្តល់ភាពងាយ​ស្រួលក្នុងការធ្វើរបស់ប្រជាពលរដ្ឋមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់។ នេះបើតាមការ​ឱ្យដឹងពីសំណាក់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ខណៈពេល​លោក​ចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែ ដែលជាទីចំណតទូក ។

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ជាជំហ៊ានដំបូងនៃ​ដំណើរ​នេះគឺមានទូកចំនួន03គ្រឿង ដោយ2គ្រឿងជាទូករបស់ក្រុមហ៊ុន ROYAL EXPRESS BOAT ដែកអាចផ្ទុក​មនុស្​សបានចំនួន60នាក់ ហើយមួយគ្រឿងទៀតជារបស់រដ្ឋាករស្វយ័តដែលអាចផ្ទុកមនុស្សបានចំនួន54នាក់ ។ លោកបានបន្តថា តាមគម្រោង ចំពោះការមធ្យោបាយដឹកអ្នកដំណើរតាមផ្លូវទឹកនេះ គឺមានទូកសរុបចំនួន​ 5 ប៉ុន្តែមូលហេតុដាក់ឱ្យដំណើរជាជំហ៊ានដំបូងត្រឹមចំនួន03គ្រឿងនេះ ក៏ព្រោះតែទូក02គ្រឿងទៀតកំពុងតែ​តម្លើង​មិនទាន់រួចជាស្ថាពរនៅឡើយ ។ ដោយឡែកចំពោះកំពង់ផែ ឬកំពង់ចំណតវិញគឺមានសរុបចំនួន15ទីតាំង រាប់ចាប់ពីតំបន់ព្រែកព្នៅរហូតដល់ក្រុងតាខ្មៅ ប៉ុន្តែជាមួយនឹងដំណើរការជាជំហ៊ានដំបូងនេះ គឺដាក់ឱ្យ​ប្រើ​ត្រឹម6តែប៉ុណ្ណោះ ដែលដឹកជញ្ជូនត្រឹមតែជាអ្នកដំណើរ។ ដោយឡែកសម្រាប់កំពង់ផែ​ចំនួន9ទៀតនឹងដាក់​ឱ្យប្រើប្រាស់នៅជំហ៊ានបន្ទាប់ ដែលក្នុងនោះក៏មានកំពង់ផែសម្រាប់ដឹកទំនិញ និងកសិផលរបស់​ប្រជាកសិករផងដែរ ។

លោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅក្នុងផែនការមេរបស់​ក្រសួង​សាធារណៈការ និងដឹកជញ្ជូន បានបង្ហាញថា ចំពោះទូក​ដឹក​ជញ្ជូនអ្នកដំណើរនីមួយៗមានប្រវែង ១៤ម៉ែត្រ និងទទឹងមានទំហំ ៣,៩ម៉ែត្រ ហើយអាចផ្ទុកអ្នកដំណើរបាន ៤៨​នាក់។ សម្រាប់ទីតាំងចំណត់​ទាំង១៥ នៃកំពង់ផែ ទូកដឹកអ្នកដំណើរមានដូចជា៖ រាជធានីភ្នំពេញ៖ -ទី១. គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា) -ទី២. គីឡូម៉ែត្រលេខ៦ – ទី៣. ខាងមុខឃ្លាំងសាំង ឬស្សីកែវជាប់នឹងទីលា​នប្រជា​ធិបតេយ្យ​ថ្មី – ទី៤. ផែបណ្ដែតមុខផ្សាររាត្រី – ទី៥.​​ កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ – ទី៦. ភូមិដើមចាន់ ឬគល់ស្ពាន​ក្បាលថ្នល់ខាងកើត – ទី៧. ចំណតរថយន្តចាក់អង្រែក្រោម – ទី៨. បាក់ខែង ត្រង់ផ្លូវបំបែកលី យ៉ុងផាត់ – ទី៩. ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប) – ទី១០.​​ ជាប់សណ្ឋាគារសុខា – ទី១១. ភូមិកោះនរា – ទី១២. កំពង់ចម្លងក្តីតាកុយ – ទី១៣. កំពង់ចម្លងតាព្រហ្មមាត់ក្រសះ ។ ដោយសម្រាប់ខេត្តកណ្តាល ៖ – ទី១: មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា) – ទី២: កំពង់ចម្លងរោងចក្រក្តារបន្ទះផ្លូវត្រី ៕

ស្វែងយល់ពីអាស៊ី! ដីធ្លីនៅក្នុងទីក្រុងហុងកុងកំពុងកើនឡើងយ៉ាងកំហុក

0

ដោយ វុត្ថា

ភ្នំពេញក្រុមហ៊ុនអភិវឌ្ឍន៍នៅទីក្រុងហុងកុង បានពន្លឿនការទិញដីដែលធ្វើឲ្យតម្លៃដីធ្លីបានស្ទុះឡើង ខណៈតម្លៃលំនៅឋាន អាចនឹងធ្លាក់ចុះនាពេលអនា​គត ។ នេះបើតាមក្រុមអ្នកវិភាគបានប្រាប់កាសែត South China Morning Post ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចំនួន៥ បានរកប្រាក់ចំណេញប្រមា​ណ​ជា​ង៤ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែចុងក្រោយនេះ ពីការលក់ឡើងវិញនៅក្នុងទីតាំងរបស់រដ្ឋាភិបាល។ការលក់ដីជាបន្តបន្ទាប់បែបនេះ ជាការផ្លាស់ប្តូរដ៏កម្រមួយនៅក្នុងឧស្សាហកម្មអចលនទ្រព្យនៅហុងកុង។

លោក Alvin Cheung Chi-wai នាយករងក្រុមហ៊ុន Prudential Brokerage បានប្រាប់កាសែតថា និន្នាការនេះកំពុងឆ្លុះបញ្ចាំង ពីការចង់បានរបស់អ្នកលក់ក្នុងការរកស៊ីឱ្យបានលឿន តាមដែលអាចធ្វើទៅបាន តាមទស្សនៈថាកំណើនតម្លៃផ្ទះអាចនឹងថយចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

ក្រុមហ៊ុន HNA ដែលមានមូលដ្ឋាននៅ Hainan បានលក់ភាគហ៊ុនចំនួនពីរកន្លែងនៅKai Tak កាលពីខែកុម្ភៈ ដែលមានតម្លៃជិត១៥,៩៥ពាន់លានដុល្លារហុងកុង ដល់ក្រុមហ៊ុន Henderson Land Development ។ ការលក់នេះ ត្រូវបានរកឃើញថា ក្រុមហ៊ុន HNA បានទទួលបានប្រាក់ចំណេញប្រមាណ១,៧ ពាន់លានដុល្លារហុងកុង។

តម្លៃផ្ទះនៅក្នុងប្រទេសចិនត្រូវបានគេព្យាករថា នឹងកើនឡើងក្នុងចន្លោះពី ៥ ទៅ១០ភាគរយនៅឆ្នាំ ២០១៨ ធ្លាក់ចុះពី១៤ភាគរយនៅឆ្នាំ២០១៧ ។

តម្រូវការទិញពីអ្នកវិនិយោគកំពុងធ្លាក់ចុះ ខណៈតម្លៃផ្ទះកើនឡើងខ្ពស់បានធ្វើឱ្យផលចំណេញពីការវិនិយោគ លំនៅដ្ឋានបានធ្លាក់ចុះត្រឹមតែ២ភាគរយប៉ុណ្ណោះ។

លោក Cheung បានថ្លែងថា “វាមិនមែនជាការខុសប្លែកគ្នាខ្លាំង ពីអត្រាការប្រាក់ដែលដាក់បញ្ញើនៅធនាគារនោះទេ”។

លោក Lawrence Poon Wing-cheung សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ City Hong Kong នៃនាយកដ្ឋានផ្នែកវិទ្យាសាស្ត្រ និងស្ថាបត្យកម្មបានមានប្រសាសន៍ថា “អ្នកទិញថ្មីនៃទីតាំងទាំងនេះ មានរយៈពេលខ្លីជាងមុន ដើម្បីបញ្ចប់ការអភិវឌ្ឍរបស់ពួកគេ ដែលមានន័យថា “ភាពបត់បែនតម្លៃ”ប្រសិនបើទីផ្សារមានការជួបប្រទះនឹងការធ្លាក់ចុះ៕

ក្រុមហ៊ុន Royal Group និងក្រុមហ៊ុនចិនបោះទុន១៥០លានដុល្លារអាគារកំពស់៦២ជាន់

0

ដោយ គង់ សូរិយា

ភ្នំពេញ ទីបំផុតព៌តមានដែលគេរង់ចាំជាយូរមកហើយ បានលេចចេញច្បា​ស់លាស់ហើយ ដោយក្រុមហ៊ុន Royal Group សហការជាមួយ Huashi Group បានសម្រេចបោះទុនរួមគ្នា១៥០លានដុល្លារ ដើម្បីសាងសង់អាគារRoyal Oneកំពស់​៦២ជាន់នៅទីក្រុងភ្នំពេញ។

ការចុះហត្ថលេខារវាងក្រុមហ៊ុន OTK Royal One ដែលជាបុត្រសម្ព័ន្ឋជាមួយក្រុមហ៊ុន Royal Group ដែលតំណាងដោយលោកឧកញ៉ាគិត ធាងប្រធានក្រុមហ៊ុន OTK Royal One ជាមួយក្រុមហ៊ុន Huashi Group បានចាប់ផ្តើមកាលពី​ម្សិលម៉ិញនេះ ដើម្បីសាងសង់អាគារកំពស់៦២ជាន់ ស្ថិតនៅចំណុចប្រសព្វរវាង​មហាវិថីសហព័ន្ឋរុស្ស៊ី និងមហាវិថីព្រះមុនីវង្ស។

លោកឧកញ៉ាគិត ធាងបានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់អាគារ​ខ្ពស់កប់ពពកនេះ នឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខនេះ និងគ្រោងចំណាយពេល​រយៈពេល៣ឆ្នាំដើម្បីបញ្ចប់គំរោងនេះ។

អាគារភ្លោះ Royal One នឹងប្រើប្រាស់ចម្រុះសម្រាប់ជាសណ្ឋាគារ ខុនដូ ផ្សារទំនើប​ អាគារការិយាល័យជាដើម។

លោកឧកញ៉ាគិត ធាងបានបន្តថា “អាគារ Royal One នឹងជាអាគារខ្ពស់ជាងគេមួយ ដែលនឹងលើកកំពស់មុខមាត់កម្ពុជានាពេលអនាគតផងដែរ”។

ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន Hutton CPL លោកឧកញ៉ាចេង ខេងបានមានប្រសាសន៍ថា ការសាងសង់អាគារ Royal One ជារឿងល្អប្រសើរសម្រាប់សេដ្ឋកិច្ចកម្ពុជា និងឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគ លើបរិយាកាសវិនិយោគនៅកម្ពុជា ខណៈដែលទីផ្សារអចលនទ្រព្យកំពុងមានភាពរីកចម្រើន ហេតុនេះវត្តមានអាគារនេះ នឹងជួយលើកកំពស់មុខមាត់កម្ពុជាបន្ថែមទៀត។

លោកបន្តថា “ទីតាំងសាងសង់អាគារនេះ ស្ថិតនៅចំណុចពិសេសមួយដែ​លអាចបញ្ចៀសបាននូវការកកស្ទះចរាចរណ៍”។លោកបន្តថា “ដោយសារកំនើននៃការមកដល់របស់អ្នកវិនិយោគ ភ្ញៀវទេសចរណ៍ និងទីតាំងអាគារនេះជាតំបន់ដ៏ទាក់ទាញ ខ្ញុំគិតថាវានឹងធ្វើឲ្យគំ​រោងនេះទទួលបានជោគជ័យ”៕

វិស័យឧស្សាហកម្មកម្ពុជានាំចេញទឹកប្រាក់ជិត១១ពាន់លានដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ វិស័យឧស្សាហកម្មកម្ពុជា កាន់តែធ្វើពិពិធកម្មក្នុងការនាំចេញ ដោយទំហំទឹកប្រាក់នៃការនចេញកាលពីឆ្នាំមុន មានទំហំទឹកប្រាក់ជិត១១ពាន់លាន​ដុល្លារអាមេរិក។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មលោក ចម ប្រសិទ្ធ បានថ្លែង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងនាព្រឹកថ្ងៃទី១២ ខែមីនានេះថា ដោយសារវិស័យឧស្សាហកម្មមានការរីកចម្រើន បានធ្វើឲ្យកំលាំងពលកម្មបម្រើការងារ ឲ្យផ្នែកវិស័យឧស្សាហកម្មបានកើនឡើង ក្នុងនោះបម្រើ ការងារផ្នែកឧស្សាហកម្មកាត់ដែរ មានកំលាំងពលកម្ម ជាង៨សែន៤ម៉ឺននាក់ និងផ្នែកផ្សេងៗទៀតមានជាង១សែននាក់ ដោយបានធ្វើឲ្យតម្លៃសរុបបរិមា​ណផលិតផលនាំចេញ មានចំនួនជិត១១ពាន់លានដុល្លារអាមេរិក ស្មើនឹង១៧០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៣ ។

លោកបន្តថា ចំណែកឧស្សាហកម្មបម្រើទីផ្សារក្នុងស្រុកវិញ មានចំនួនជាង២ពាន់លានដុល្លាអាមេរិកស្មើនឹង២៨០ភាគរយ ឧស្សាហកម្មនាំចេញ​កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានចំនួនជាង៧ពាន់លានដុល្លារអាមេរិក ស្មើនឹង១៣៥ភាគរយ និងឧស្សាហកម្មនាំចេញផ្សេងទៀតមានដូចជា អង្ករ ស្កសរ ចំណីសត្វ កង់ កេសកាតុង កំប៉ុងស្រាបៀរ ស្រាបៀរ ភេសជ្ជ បារី ប្រដាប់ព្យូរស  ម្លៀកបំពាក់ ត្បូងពេជ្រ ខ្សែរូតកីឡា និងគ្រឿងសង្ហារឹមជាដើម មានចំនួនជាង១ពាន់លានដុល្លារអាមេរិក ស្មើនឹងកំនើន៥៩២ភាគរយ បើប្រៀបធៀបទៅឆ្នាំ២០១៣ផងដែរ ។​

របាយការណ៍របស់ក្រសួងបានបង្ហាញឲ្យដឹងផងដែរថា គិតត្រឹមបំណាច់ឆ្នាំ២០១៧ នៅកម្ពុជាមានរោងចក្រធុនធំ ដែលបានចុះបញ្ជីរសរុបជាង១៥០០រោងចក្រស្មើនឹង១៣៧% បើធៀបទៅឆ្នាំ២០១៣។ ក្នុងនោះឧស្សាហកម្មតម្បាញកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងការបូប មានចំនួនជាង១ពាន់រោងចក្រ ស្មើនឹង១២៩%ផងដែរ។

របាយការណ៍ដដែលបានបង្ហាញថា កំលាំងពលកម្មសរុបក្នុងវិស័យនេះ មានជិត១លាននាក់ ស្មើនឹង១៤៣ភាគរយ បើធៀបទៅឆ្នាំ២០១៣ ដោយឡែកកំលាំងពលកម្ម ដែលបានបម្រើការងារលើឧស្សាហកម្ម តម្បាញ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងការបូប មានចំនួនជាង៨សែននាក់ ស្មើនឹង៤១៣ភាគ​រយ។ ចំពោះសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួនសរុបជាង១សែន៥ម៉ឺនមូលដ្ឋាន ស្មើនឹង១៣០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ និងបានបន្តផ្តល់ការងារជូនប្រជាពលរដ្ឋ ចំនួនប្រមាណជាង១លាន នា​ក់ស្មើនឹង២២៩ភាគរយ ហើយមានផលរបរប្រចាំឆ្នាំរហូតដល់ជិត១លានដុល្លារ ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីលោកប៊ិន​ ឈិនបានថ្លែងថា សមិទ្ធផលទាំងឡាយ ប្រសិនបើគ្មានការខិតខំប្រឹងប្រែងរួមគ្នា គ្មានគោលនយោបាយ និងយុទ្ធសាស្រ្ត ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនោះទេ កម្ពុជាក៏មិនមានការរីកចម្រើននោះដែរ។ ជាក់ស្តែងគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បាននាំមកនូវសុខសន្តិភាព និងស្ថេរភាពពេញផ្ទៃប្រទេស គឺជាមូលដ្ឋានដ៏ចាំបាច់សម្រាប់អភិវឌ្ឍន៍គ្រប់វិស័យ និងបានជម្រុញឲ្យវិស័យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនយ៉ាងឆាប់រហ័ស ដោយរក្សាកំណើនខ្ពស់ជាមធ្យម៧,៧% នៅក្នុងរយៈពេល២ទស្សវត្សចុងក្រោមនេះ ប្រកបដោយចីរភាព សមធម៌ បរិយាប័ន្ន ហើយធន់នឹងវិបត្តិ ដោយធនាគារពិភពលោកបានកត់ត្រាថា ជាប្រទេសឯកទត្តករកំណើន និងត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីប្រសិទ្ឋិនាមថា “កម្ពុជាជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅក្នុងអាស៊ី”៕

សេវាបដិសណ្ឋារកិច្ចជាតម្រូវការជាចាំបាច់ដើម្បីឆ្លើយតបកំណើនភ្ញៀវទេសចរ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ ពិតណាស់សេវាបដិសណ្ឋារកិច្ច ជាតម្រូវការចាំបាច់សម្រាប់វិស័យទេសចរណ៍ ក៏ដូចជាធុរកិច្ចនៅកម្ពុជា ពិសេសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ អន្តរជាតិ ដើម្បីទាក់ទាញពួកគេមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍លោកហោ សារុនបានថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពីបដិសណ្ឋារកិច្ច ផ្នែកសេវាកម្មភ្ញៀវទេសចរនាព្រឹកថ្ងៃទី១២ខែមីនានេះថា រាល់មន្រ្តីសមត្ថកិច្ច និងអ្នកផ្ដល់សេវាកម្មទាំងអស់ត្រូវតែផ្ដល់បដិសណ្ឋារកិច្ចមួយយ៉ាងប្រសើរ ដើម្បីផ្ដល់ជាភាពកក់ក្ដៅដល់ភ្ញៀវទេស​ចរ និងស្រូបយកកំណើនភ្ញៀវទេសចរបន្ថែម។

នាយឧត្តមសេនិយ៍ ឃុន សំបូរអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា រាល់មន្រ្តីគ្រប់ស្ថាប័នទាំងអស់ ដែលមានតួនាទីបម្រើការ ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវតែធ្វើបដិសណ្ឋារកិច្ចល្អ ចំពោះភ្ញៀវទេសចរកំឡុងពេលផ្ដល់សេវាកម្ម ដើម្បីបង្ហាញពីភាពថ្លៃថ្នូរ វប្បធ័មប្រពៃណីរបស់​កម្ពុជា។ លោកបន្តថា រាល់មន្ត្រី បុគ្គលិកបម្រើការក្នុងព្រលានយន្តហោះ ប្រៀបដូចជាអ្នកជំនួសឲ្យស្ថាប័នរបស់ខ្លួន និងជំនួសអោយប្រជាជនទាំងមូល ដោយសារពួកគាត់ជាអ្នកប្រាស្រ័យទាក់ទងជាមួយភ្ញៀវទេស​ចរមុនដំបូងគេ បន្ទាប់ពីការចុះចតឈានជើងចូលកម្ពុជា។

លោកបន្តថា ដើម្បីផ្ដល់បដិសណ្ឋារកិច្ចល្អចំពោះភ្ញៀវទេសចរ គ្រប់មន្រ្តីពាក់ពន្ធ័ត្រូវតែមានការរៀបចំខ្លួន ដោយស្លៀកពាក់ឯកសណ្ឋានបានត្រឹមត្រូវ ការប្រើប្រាស់ពាក្យសម្ដី កាយវិការផ្សេងៗសមរម្យ ដឹងច្បាស់ពីចំណេះជំនាញតួនាទីរបស់ខ្លួន និងមានឆន្ទៈក្នុងការបំពេញការងារ។

សិក្ខាសាលាស្ដីពី បដិសណ្ឋារកិច្ច ផ្នែកសេវាកម្មភ្ញៀវទេសចរនេះធ្វើឡើងក្នុងរយៈពេល១០ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១២ ខែមីនាដល់ថ្ងៃទី ២១មីនាខាងមុខ។ ក្នុងសិក្ខាសាលានេះ មានសិក្ខាកាមចូលរួមជា មន្រ្តីសមត្ថកិច្ចបម្រើការងារនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ មន្រ្តីសមត្ថកិច្ចនានា បុគ្គលិក CAMs ព្រមទាំងផ្នែកឯកជនសរុបប្រមាណជាង៦០០នាក់។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា សេវាបដិសណ្ឋារកិច្ចនៅកម្ពុជា​មានភាពល្អប្រសើរ ដោយសារគោលនយោបាយ​របស់រដ្ឋាភិបាល ពិសេសក្រសួងទេសចរណ៍ បានដាក់ចេញនូវសេវាកម្មបដិសណ្ឋារកិច្ចថ្នាក់ជាតិ ដើម្បីធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមាន​ភាពកក់ក្តៅ ពេលមកដល់កម្ពុជា និងពេលទៅទស្សនានៅតាមរមណីយដ្ឋាននានា។

លោកបន្តថា “សេវាបដិសណ្ឋារកិច្ច ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានាពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យភ្ញៀវ​មកទស្សនាកម្ពុជាមានភាពកក់ក្តៅ អារម្មណ៍ស្រស់ស្រាយពេលមកទស្សនាកម្ពុជា”៕

Jack Ma ចាប់ផ្តើមវាយលុកក្នុងទីផ្សារប្រទេសថៃ

0

ដោយវុត្ថា

ភ្នំពេញ  នៅទីបំផុតលោក Jack Ma បានប្រកាសចូលវាយលុកទីផ្សារប្រទេសថៃ តាមរយៈក្រុមហ៊ុនលំដាប់ពិភពលោក Alibaba Group ដែលជាក្រុមហ៊ុនដ៏ធំរបស់លោក។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bangkok Post បញ្ជាក់ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Alibaba Group និងរដ្ឋាភិបាលរបស់ថៃកំពុងស្វះស្វែងរកព៌តមានកាន់តែពិស្តារ ក្នុងការចុះកិច្ចព្រមព្រៀង ដើម្បីបង្កើតមជ្ឈ​មណ្ឌលឌីជីថលដ៏ទំនើបមួយនៅក្នុងប្រទេសថៃ។

លោក Angel Zhao ប្រធានក្រុមដឹកនាំសកលភាវូបនីយកម្មរបស់ក្រុមហ៊ុន Alibaba Group បាននិយាយថា ក្រុមហ៊ុនយក្សអេឡិចត្រូនិចចិន កំពុងធ្វើការពិនិត្យរបស់ការណ៍នៅដំណាក់កាលចុងក្រោយ នៃផែនការវិនិយោគសម្រាប់សម្ភោធដាក់អោយដំណើរនៅខែក្រោយនេះ បន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃពុធជាមួយលោក Somkid Jatusripitak ឧបនាយករដ្ឋមន្ត្រីនិង រដ្ឋមន្រ្តីឧស្សាហកម្ម Uttama Savanayana នៅទីក្រុងបាងកក។

លោក Zhao គ្រោងនឹងជួបលោក Uttama Savanayana ជាថ្មីម្តងទៀតក្នុង   រយៈពេលពីរសប្តាហ៍ទៀត ដើម្បីពិភាក្សាលម្អិតបន្ថែមទៀតអំពីកិច្ចព្រមព្រៀងនេះ។

ផែនការរបស់ក្រុមហ៊ុន Alibaba ដែលគ្រោងបង្កើតមជ្ឈមណ្ឌលឌីជីថលទំនើបនៅក្នុងប្រទេសថៃនាពេលនេះ គឺដើម្បីបំពេញតាមការសន្យារបស់លោក Jack Ma បន្ទាប់ពីការធ្វើទស្សនកិច្ចជាច្រើនលើកច្រើនសារ មកកាន់ប្រទេសនេះកាលពីប៉ុន្មានឆ្នាំកន្លងទៅ។

លោក Jack Ma ស្ថាបនិកក្រុមហ៊ុន និងនាយកប្រតិបត្តិ Alibaba នឹងត្រឡប់មកកាន់ប្រទេសនេះជាថ្មីម្តងទៀត នៅខែមេសាខាងមុខ ដើម្បីសម្ភោធដាក់អោយដំណើរជាផ្លូវការ នៃមជ្ឈមណ្ឌលឌីជីថល រួមទាំងព័ត៌មានបន្ថែមទៀតអំពីទីតាំងរបស់ក្រុមហ៊ុន។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា គម្រោងនេះ នឹងរួមបញ្ចូលនូវមជ្ឈមណ្ឌលចែកចាយ កន្លែងដឹកជញ្ជូន រោងចក្រផលិត មជ្ឈមណ្ឌលបណ្តុះបណ្តាល និងមជ្ឈមណ្ឌលកែច្នៃ។

លោក Uttama Savanayana បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា នៅក្នុងដំណាក់កាលកានៃការវិនិយោគនេះ ក្រុមហ៊ុន Alibaba នឹងត្រូវចំណាយដើមទុននៅក្នុងគម្រោងអប់រំជាលើកតំបូង ដែលត្រូវបានរចនាឡើងដើម្បីបង្កើនធនធានមនុស្សរបស់ប្រទេសថៃ។

លោកបានជំរុញឱ្យក្រុមហ៊ុន Alibaba សហការជាមួយប្រទេសថៃ ក្នុងការជំរុញគោលដៅទេសចរណ៍ ដែលមិនសូវមានប្រជាប្រិយភាព ចំពោះភ្ញៀវទេស​ចរចិន។

ក្រុមហ៊ុន Alibaba និងរដ្ឋាភិបាលថៃនឹងធ្វើការរួមគ្នា ក្នុងការជួយកសិករផ្លាស់ប្តូរ ទៅរកពាណិជ្ជកម្មអេឡិចត្រូនិក និងចាប់ផ្តើមបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍សម្រាប់ការចាប់ផ្តើមពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ៕

ចង់ដឹង​ទេ​ថា​អាគារ Thai Bunrong Twin Tower មាន​ស្ថាបត្យករ​ប៉ុន្មានប្រទេស​ចូលរួម​គូរ​ប្លង់

0
ប្លង់ចាស់ និងប្លង់ថ្មី

ដោយ គង់ សូរិយា

ភ្នំពេញ៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក Thai Bunrong Twin Tower នឹង​សាងសង់​នៅពេល​ខាងមុខនេះ ពិតជា​អស្ចារ្យ​សម្រាប់​លើក​កំពស់​មុខមាត់ និង​កិត្យានុភាព​កម្ពុជា​នៅលើ​ពិភពលោក។

ប៉ុន្តែ​សំណួរ​សំខាន់​ថា តើ​ក្រុម​វិស្វករ និង​ស្ថាបត្យករ​មកពី​ប៉ុន្មាន​ប្រទេស បាននិងកំពុង​គិតគូ​ពី​ផែនការមេ ការសាងសង់​អាគារ​ដ៏​ខ្ពស់​នេះ? ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា រូបរាង​អាគារ​នេះ​មាន​ភាព​ទាក់ទាញ មានគុណ​ភាព អាច​ទប់ទល់​ជាមួយ​ល្បឿន​ខ្យល់​បក់ និង​បង្ការ​ការរញ្ជួយ​ដី​ទៅ​ថ្ងៃ​អនាគត​បាន?។

លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​ស្ថាបត្យករ​ចូលរួម​គូ​ប្លង់​គំរោង​នេះ និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Thai Bunrong Group ដែលជា​អ្នក​អភិវឌ្ឍន៍​គំរោង​នេះ​បាន​មានប្រសាសន៍​ឲ្យ​ដឹង តាម​ប្រ​ព័​ន្ឋ​អន​ឡាញ​កាលពីពេលថ្មីៗនេះ​ថា ក្រុម​ស្ថាបត្យករ និង​វិស្វករ​លំដាប់​ពិភពលោក ដែល​ធ្លាប់មាន​បទពិសោធន៍​សា​ង​សង់​អាគារខ្ពស់ៗមកពី​បួន​ប្រទេស កំពុង​សិក្សា​ពី​ការសាងសង់​អាគារ​នេះ។លោក​បន្តថា ក្រុម​ស្ថាបត្យករ និង​វិស្វករ​ចូលរួម​គូរ​ប្លង់​អាគារ​ភ្លោះ​កប់​ពពក​នេះ​មាន​មកពី​ប្រទេស​បារាំង សហរដ្ឋអាមេរិក ប្រទេស​ចិន និង​ក្រុម​ស្ថាបត្យករ និង​វិស្វករ​ពោរពេញ​ដោយ​ជំនាញ​និង​បទពិសោធន៍​កម្ពុជា​ជាច្រើនរូប​ផងដែរ។

លោក​បន្តថា រហូតមកទល់​ពេលនេះ ក្រុម​អ្នកជំនាញ​និង​ក្រុមហ៊ុន បានសម្រេច​បន្ថែម​កំពស់​អាគារ​នេះ ដល់​កំពស់៥៦៤ម៉ែត្រ និង​បង្កើន​ទុនវិនិយោគ​ផ្នែក​សំណង់​រហូតដល់​ជាង៣០០០លាន​ដុល្លារ​អាមេរិក និង​ជាង៣០០០លាន​ដុល្លារ​ទៀត នឹងត្រូវ​ប្រើប្រាស់​ធ្វើ​ឲ្យ​អាគារ​នេះ​ដំណើរការ​ដោយ​រស​រវើក។

លោក​បន្តថា “ការសាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​នេះ មិនមាន​ការប្រែប្រួល​ទេ។ វា​នឹង​ជា​មោទនភាព និង​ជា​កិត្យានុភាព​សម្រាប់​កម្ពុជា​នៅលើ​ពិភពលោក។លោក​បន្តថា “មិនមាន​ប្រទេស​ទាំងអស់​អាចមាន​សម​ត្ថ​ភាព​សាងសង់​ទេ ជួនកាល​ពួកគេ​មាន​លុយ តែ​មិន​ប្រាកដថា​អាច​សាងសង់​បាន​នោះ ឡើយ។

លោក​ទួ​ស សា​ភឿន​បាន​បន្តថា នាពេលនេះ​យើង​កំពុង​រៀបចំ​ប្លង់​បច្ចេក ទេស ដោយសារ​ការងារ​នេះ​មិនអាច​ធ្វើ​រយៈពេល​ខ្លី​បាន​នោះទេ ហើយ​ក្រុមការងារ​បច្ចេកទេស​កំ​ពុង​ដុតដៃដុតជើង​ធ្វើការ​ងារ​នេះ និង​ពេលថ្មីៗក្រុមហ៊ុន​បាន​អនុ​ញ្ញា ត្ត​ឲ្យ​ក្រុមហ៊ុន​មួយ​វាយ​ជញ្ជាំង​ទប់​ដី ដើម្បី​កុំ​ឲ្យ​បាក់​ដី​នៅក្នុង​គំរោង​នេះ​រាលដាល​ទៅ​ដី​អ្នកជិតខាង​នៅពេល​គំរោង​នេះ​ចាប់ផ្តើម​សាងសង់។ ចំណែក​ការធ្វើ​តេស្ត​ដី​បានបញ្ចប់​ហើយ។

លោក​បន្តថា “យើង​កំពុង​ប្រឹងប្រែង​ធ្វើ​ឲ្យ​អាគារ​នេះ មាន​ភាព​ភាព​អស្ចារ្យ មិនមែន​រាប់បញ្ចូល​អង់​តែ​ន​នោះទេ គឺ​កំពស់​ជាង៥០០ម៉ែត្រ​នេះ ជា​អាគារ​ដែល​អាច​ប្រើប្រាស់​បាន​ដល់​ចំណុចកំពូល។

ទោះជា​យ៉ាងណា​លោក​មិន​បញ្ជាក់​ឲ្យ​ដឹង ពី​ពេលវេលា​ជាក់លាក់​នៃ​ការចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ទេ ដោយបាន​ថ្លែងថា ក្រុមហ៊ុន​កំពុង​ជ្រើសរើស​រក​ពេលវេលា​សមស្រប​មួយ។

ក្រុមហ៊ុន​ថៃ ប៊ុន​រ៉ុង បាន​ចាប់ដៃគ្នា​ជាមួយ​ក្រុមហ៊ុន Sun Kian Ip Group របស់​ប្រទេស​ចិន ដើម្បី​សាងសង់​អគារ​នេះ​ដែលមាន​ទីតាំងនៅ​ទល់មុខ​សណ្ឋាគារ និង​កាស៊ីណូ​ណា​ហ្កា​ទី១ (អតីត​សួន​កម្សាន្ត​ឌ្រី​ម​លែ​ន​ដ៏)។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង​អាន សុធី​តា​បាន​ថ្លែងថា ការសាងសង់​អាគារ​ដ៏​ធំ​នេះ ជា​រឿង​ល្អ​មួយ ប៉ុន្តែ​បើ​គិតពី​ទំហំ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ទំហំ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ វា​ហាក់​ធំ​ពេក ប៉ុន្តែ​បើ​គិតពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច និង​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​សម្រាប់​រយៈពេល៥ទៅ១០ឆ្នាំ​ខាងមុខ ទំហំ​អាគារ​នេះ​មិនធំ​នោះទេ។

អ្នកនាង​បន្តថា “វា​ជា​មោទនភាព​សម្រាប់​កម្ពុជា បើសិនជា​អាគារ​នេះ​សាងសង់​បាន​ដោយ​ជោគជ័យ។

លោក​ងួន ឆាយលាង​អគ្គនាយក​ក្រុមហ៊ុន Ratanaka Realty បាន​ថ្លែងថា វា​ពិតជា​ល្អ​ប្រសិនជា​អាគារ​នេះ​ត្រូវបាន​សាងសង់ ប៉ុន្តែ​ប្រសិនជា​មើល​ប្លង់​ស្ថាបត្យកម្ម​របស់​អាគារ (រូបភាព​អាគារ​ចាស់) លោក​មិន​មើលឃើញ​មាន​អ្វីដែល​ហាក់​អស្ចារ្យ​នោះទេ ហេតុនេះ​ក្រុមហ៊ុន​គួរ​សិក្សា និង​គូ​ប្លង់​ស្ថាបត្យកម្ម​អាគារ​នេះ​ឲ្យ​មាន​ភាព​អស្ចារ្យ ដើម្បី​បង្អួត និង​បង្ហាញ​ភាព​ទាក់ទាញ​ទៅកាន់​ពិភពលោក៕

ដំណឹងរីករាយ! វិស័យថ្មីមួយទៀតនឹងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩

0

ដោយ ដែន ចែងចាំង

ភ្នំពេញ ដំណឹងរីករាយ ប្រទេសកម្ពុជានឹងមានវិស័យថ្មីមួយទៀត ចូលរួមជាកំលាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ នៅឆ្នាំ២០១៩ខាងមុខនេះ ខណៈ​បច្ចុប្បន្នកម្ពុជាពឹងផ្អែកលើវិស័យបួន ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន។

វិស័យថ្មីនោះគឺវិស័យរ៉ែ និងថាមពល ដែលកម្ពុជានឹងអាចទាញយកដំណក់ប្រេងលើកតំបូង និងកម្ពុជាអាចផលិតមាសបានដោយខ្លួនឯង នៅចុងឆ្នាំ២០១៩ ខណៈបច្ចុប្បន្នវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង វិស័យសំណង់ និងអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យកសិកម្ម កំពុងឈានមុខក្នុងការរុញសេដ្ឋកិច្ចកម្ពុជាទៅមុខប្រកបដោយឧត្តមភាព។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែមបានថ្លែងឲ្យដឹងក្នុងពិធីបើក​សន្និបាតការងារក្រសួងកាលពីពេ​លថ្មីៗនេះថា កម្ពុជាដល់ពេលអាចប្រមូលផលពីធនធានរ៉ែរបស់ខ្លួន ដើម្បីយក​មកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនហើយ ពិ​សេ​សប្រាក់ចំណូលពន្ឋបានមកពីវិស័យរ៉ែ និងថាមពលក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ក្នុងរយៈពេលប៉ុ​ន្មានឆ្នាំចុងក្រោយនេះ។លោកបន្តថា ជាមួយគ្នានេះការចែកចាយបណ្តាញថាមពលអគ្គិសនី ក៏បានកើនឡើងរហូតដល់៨០ភាគរយ នៅគ្រប់បណ្តាភូមិទូទាំងប្រទេសផងដែរ វាជាអ្វីដែលជាមោទនភាពរបស់កម្ពុជា។

លោកបន្តថា “ធនធានរ៉ែកម្ពុជាមានភាពសម្បូរបែប ប៉ុន្តែក្រុមហ៊ុនអន្តរជាតិ​មួយបានរកឃើញរ៉ែមាសក្នុងទ្រង់ទ្រាយធំមួយ ដែលអនុញ្ញាត្តឲ្យកម្ពុជាអាចផលិតមាសបានដោយខ្លួនឯងនៅឆ្នាំ២០១៩ខាងមុខនេះ”។

រដ្ឋាភិបាលកម្ពុជាកាលពីចុងឆ្នាំមុន បានចុះហត្ថលេខាជាមួយក្រុមហ៊ុន KRISENERGY ដើម្បីចាប់ផ្តើមអាជីវកម្មទាញយកប្រេងចេញពីប្លុកA របស់កម្ពុជា ដែលរំពឹងថា កម្ពុជានឹងទទួលបានប្រាក់ចំណូលចេញ ពីវិស័យប្រេងកាតបានប្រ​មាណ៥០០លានដុល្លារក្នុងមួយឆ្នាំ។

បើតាមលោកយស់ មុនីរ៉ាតអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ដំណើរការធ្វើអាជីវកម្ម និងទាញយកធនធានប្រេងកាត កំពុងប្រព្រឹត្តិទៅដោ​យរលូន ហើយកម្ពុជារំពឹងទទួលបានដំណក់ប្រេងតំបូង នៅចុងឆ្នាំ២០១៩ខាងមុខនេះ។

លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុនEmerging Market Consulting បានថ្លែងថា វាជាការល្អប្រសើរណាស់ ដែលកម្ពុជា​មានវិស័យថ្មីមួយ ដែលអាចទាញយកថវិកាចូលជាតិ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប៉ុន្តែបញ្ហាប្រឈមរបស់យើង គឺយើងមិនទាន់មានច្បាប់គ្រប់គ្រាន់ សម្រា​ប់គ្រប់គ្រងធនធានទាំងនោះឲ្យមានប្រសិទ្ឋិភាព និងតម្លាភាពនៅឡើយ។

លោកបន្តថា “មានការព្រួយបារម្ភពីអ្នកជំនាញ ខ្លាចកម្ពុជារងបណ្តាសារពី​ធនធានធម្មជាតិទាំងនោះ និងបារម្ភខ្លាចធនធានទាំងនោះមិនបានយកមកប្រើប្រាស់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”។លោកបន្តថា “ប្រសិនជាកម្ពុជាកសាងមូលដ្ឋានច្បាប់បានរ៉ឹងមាំ និងមានអ្នកជំនាញអន្តរជាតិមកជួយ ដើម្បីគ្រប់គ្រងធន​ធានទាំងនោះបាន ពិតជាល្អណាស់សម្រាប់យកធនធានទាំងនោះមកអភិវឌ្ឍន៍​ប្រទេសរបស់យើង”៕

ដំណឹងល្អ! ផ្សារទំនើបក្នុងស្រុកចំនួន៥ទៀតនឹងបើកដំណើរការនៅឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ កំលាំងនៃការទិញកើនឡើង ស្របពេលនឹងកំនើនប្រាក់ចំណូល​របស់ប្រជាពលរដ្ឋ អ្នកវិនិយោគក្នុងស្រុកបានចាប់យកចំណែកខុសៗគ្នា ដើម្បី​ទាក់ទាញយកអតិថិជន ជាក់ស្តែងផ្សារទំនើបចំនួន៥ទៀត នឹងបើកដំណើរការនៅឆ្នាំនេះ។

ផ្សារទំនើបទាំង៥នោះរួមមាន ផ្សារទំនើបបែបសហគមន៍ឈ្មោះ The Park ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្សារទំនើប Noro Mall ស្ថិតនៅលើមហាវិថីព្រះនរោត្តម ផ្សារទំនើប The Commune ស្ថិតនៅតំបន់ទួលគោក ផ្សារទំនើប Downtown93 ស្ថិតនៅមហាវិថីព្រះមុនីវង្ស និងផ្សារទំនើប Olympia Plaza Mallស្ថិតនៅ​ក្នុងគំរោង Olympia City ស្ថិតនៅទល់មុខវត្តសំពៅមាស។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ទីផ្សារទំនើបនៅកម្ពុជានៅ​តែមានសញ្ញាល្អប្រសើរ បើទោះជាផ្សារទំនើបកើនឡើងក្តី ប៉ុន្តែផ្សារទាំងនោះបាន​ចាប់យកចំណែកទីផ្សារខុសៗគ្នា ព្រោះផ្សារទាំងនោះស្ថិតនៅទីតាំងខុសៗគ្នា និងមានគោលដៅអតិថិជនខុសៗគ្នាផងដែរ។

អ្នកនាងបន្តថា “អំណាចនៃការទិញកើនឡើងនៅកម្ពុជា បានធ្វើឲ្យផ្សារទំនើ​បនានាកំពុងកើនឡើង ហើយនិន្នាការប្រជាពលរដ្ឋ កំពុងផ្លាស់ប្តូរពីការដើរ​ផ្សារបែបប្រពៃណី មកកាន់ផ្សារទំនើបកាន់តែច្រើន”៕