ហេតុអ្វី ជប៉ុនចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ កំណើននៃការមកដល់របស់អ្នកវិនិយោគជប៉ុន ឆ្លុះបញ្ចាំងពីទំនុកចិត្ត​និងបរិយាកាសវិនិយោគ​កាន់តែ​មានភាពល្អប្រសើរនៅកម្ពុជា ផ្ទុយពីរបាយការ​ណ៍របស់អង្គការតម្លាភាពអន្តរជាតិ ដែលដាក់កម្ពុជាក្នុងបញ្ជីរខ្មៅ ជាប្រទេសពុករលួយខ្លាំង។

ការបើកស្ថានកុងស៊ុលថ្មីនៅខេត្តសៀមរាប ឆ្លុះបញ្ចាំងឱ្យឃើញពីការតភ្ជាប់ស្ពាននៃមិត្តភាពរវាងប្រទេសទាំងពីរ​កាន់តែ​រ៉ឹងមាំ និងអាចធ្វើដំណើររយៈពេលវែងជាមួយគ្នា ខណៈមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុនបានសន្យាជំរុញ​អ្នកវិនិយោគជប៉ុនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា ប៉ុន្តែបានស្នើសុំមន្រ្តីជាន់ខ្ពស់កម្ពុជាជួយ​ការពារ​ជនជាតិ​របស់ខ្លួនដែលបានរស់នៅ និងធ្វើការនៅកម្ពុជា។

នៅក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ លោក Kazuyuki Zakane អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានស្នើរ ឲ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ជួយបង្កើនសន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនជប៉ុន ដែលមកទស្សនានៅកម្ពុជាបន្ថែមទៀត ខណៈជប៉ុន បានសម្រេចបង្កើតអគ្គកុងស៊ុលមួយទៀត នៅខេត្តសៀមរាបនោះ។ លោកបន្តថា ទាំងអ្នកវិនិយោគជប៉ុន និង​អ្នកទេសចរជប៉ុននៅកម្ពុជា កាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នំា។ លោកបានបញ្ជាក់ថា ៖ “ជប៉ុនសម្រេច​បង្កើត​អគ្គកុង​ស៊ុលមួយទៀត នៅខេត្តសៀម​រាប នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនរបស់ខ្លួន ហើយក៏​ដើម្បីបញ្ជា​ក់​នូវទំនាក់ទំនងដ៏ល្អរវាង កម្ពុជានិងជប៉ុនផងដែរ”។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថាក្រុមហ៊ុនជប៉ុន បានមកដាក់ទុនរកស៊ីនៅ​ប្រទេសកម្ពុជា មានរហូតដល់ជាង ២៥០ ក្រុមហ៊ុន។

 

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសជប៉ុន គឺជាមិត្តដ៏ល្អបំផុតជាមួយកម្ពុជា ហើយកម្ពុជា​ពិតជា​អរគុណយ៉ាងខ្លាំងដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាបច្ចុ​ប្បន្ននេះ។ យ៉ាងណាក៏ដោយសម្រាប់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុននៅប្រទេសកម្ពុជា ចាំបាច់​បំផុតគឺក្រសួងមហាផ្ទៃត្រូវតែមើល និងថែរក្សាសុខសុវត្ថិភាពដល់ពួកគេ។

លោកជំទាវ លឹម ឈីវហូ អគ្គនាយកក្រុមហ៊ុនអ៊ែតវូដ ដែលបានទាក់ទាញអ្នកវិនិយោគជប៉ុនជាច្រើន មកវិនិយោគនៅតំបន់សេដ្ឋកិច្ចរបស់ខ្លួនបានថ្លែងថា ពេលលោកជំទាវអញ្ជើញទៅកាន់ប្រទេសជប៉ុន ហើយនិយាយជាមួយអ្នកវិនិយោគជប៉ុនធំៗឲ្យមកវិនិយោគនៅកម្ពុជា ។ ពួកគេនិយាយថា “កម្ពុជា”​ជាប្រទេសពុករលួយមួយ។ ហេតុនេះពួកគេមិនមកនោះទេ ប៉ុន្តែលោកជំទាវបានពន្យល់ពួកគេ និងធានាដល់ពួកគេឲ្យមកវិនិយោគនៅកម្ពុជា និងមិនមានរឿងពុករលួយដូចការលើកឡើងនោះទេ។ លោកជំទាវ​បានបន្តថា “នៅទីបំផុតពួកគេចូលមក ហើយបរិយាកាសវិនិយោគមានភាពល្អប្រសើរ ហើយពួកគេមិនជួបរឿងដូចការលើកឡើងនោះទេ”។

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាដែល​សម្រេច​បានកំណើនល្អប្រសើរ គួបផ្សំនឹងស្ថិរភាពនយោបាយ និងលំហូរ FDI កើនឡើងជាបន្តបន្ទាប់ ជាផ្នែក​យ៉ាង​សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជប៉ុនកាន់តែច្រើន ចូលមកវិនិយោគនៅកម្ពុជា។លោកបន្តថា បច្ចុប្បន្នជប៉ុនបាន​វិនិយោគ​ស្ទើរគ្រប់វិស័យ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ធ្វើ​ការ និងរស់នៅរយៈពេលវែង​នៅ​កម្ពុជា។ លោកបញ្ជាក់ថា ៖ “អ្នកវិនិយោគជប៉ុន ពេលចូលទៅកាន់ប្រទេសណាហើយ ពួកគេតែងតែស្នាក់នៅ និងធ្វើការរយៈពេលវែងនៅប្រទេសនោះ នេះជាមូលហេតុដែលពួកគេសិក្សារយៈពេលវែង មុនមកវិនិយោគ​នៅកម្ពុជា” ៕

លោកបណ្ឌិត គីម ហ៊ាង ៖ តើគួរវិនិយោគអចលនទ្រព្យមុនការបោះឆ្នោត ឬអត់ ?

0

ដោយ ៖ គង់ សួរិយា

ភ្នំពេញ ៖ នៅពេលកៀកនឹងការបោះឆ្នោតទាំងអ្នកក្នុងស្រុក និងអ្នកវិនិយោគ​ពីក្រៅប្រទេសភាគច្រើន សុទ្ឋតែ​សម្តែងការព្រួយបារម្ភ ទាក់ទងនឹងស្ថានភាពនេះ ដូច្នេះសំណួរសំខាន់នាពេលនេះគឺ តើគួរវិនិយោគឬអត់ក្នុង​វិស័យ​អចលនទ្រព្យ ឬទេនៅមុនពេលបោះឆ្នោត?។

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលន​វត្ថុកម្ពុជា បានថ្លែងប្រាប់ Propertyarea.asia កាលពីពេលថ្មីៗនេះថា ក្នុងស្ថានភាពបែបនេះ មានមនុស្សមួយចំនួននិយាយថា ការទិញ​លក់​អចលនទ្រព្យមាន ភាពស្ងប់​ស្ងាត់ ប៉ុន្តែសម្រាប់អ្នកមានវិជ្ជាជីវៈត្រឹមត្រូវ មិនឃើញមានអ្វីស្ងប់ស្ងាត់​នោះទេ។ តែក្នុងពេលកៀកនឹងការបោះឆ្នោតមកដល់ អ្នកចង់ទិញអចលនទ្រព្យមានចំនួន​តិច ហើយមានអ្នក​ចង់លក់មានច្រើន ដែលនេះជាឳកាសសម្រាប់អ្នកមានលុយសុទ្ឋទិញសម្រាប់វិនិយោគ ហើយពួកគេអាចទិញ​បានក្រោមតម្លៃទីផ្សារពី ២០ -៣០ ភាគរយ។

លោកបន្តថា “ក្នុងស្ថានភាពពេលនេះ សម្រាប់អ្នកមានលុយសុទ្ឋ គួរវិនិយោគ ប៉ុន្តែអ្នកខ្ចីលុយធនាគារ និងដក​លុយ​ពីអាជីវកម្មមកវិនិយោគមិនគួរធ្វើនោះទេ”។លោកបន្តថា “ការទិញអចលនទ្រព្យក្នុងកំឡុងពេលនេះ មិនអាច​លក់​បានភ្លាមទេ វាត្រូវការរយៈពេលពីរឆ្នាំ ដែលអាចរកផលចំណេញបានមួយគុណនឹងពីរ ឬចំណេញ​៥០ ភាគរយ។ ប្រសិនជាវិនិយោគក្នុងវិស័យអចលនទ្រព្យ ក្នុងពេលដែលស្ថានភាពទិញ លក់មានតម្រូវការល្អ ការទិញ និងលក់ចេញវិញមិនចំណាយពេលយូរទេ ប៉ុន្តែបើទិញកំឡុងពេលបោះឆ្នោត ជាពេលដែល​មិនសូវមានអ្នកទិញច្រើន ហេតុនេះវាត្រូវការពេលវេលាដើម្បីលក់ចេញបាន ”។

តើធ្វើដូចម្តេច ដើម្បីដឹងថាអចលនទ្រព្យមួយមានតម្លៃក្រោមទីផ្សារ? លោ​ក ​គីម ហ៊ាង បានផ្តល់យោបល់ឲ្យអ្នក​វិនិយោគ ធ្វើការជាមួយក្រុមហ៊ុនអចលនវត្ថុជំនាញ និងមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីឲ្យពួកគេវាយតម្លៃថា អចលន​វត្ថុនោះពិតជាមានតម្លៃក្រោមទីផ្សារ ហើយការពិគ្រោះយោបល់ មិនមានការគិត​តម្លៃនោះទេ៕

ដំណឹងល្អៈការសាងសង់ព្រលានយន្តហោះខេត្តកោះកុងកំពុងឆ្ពោះទៅមុខយ៉ាងសកម្ម

0

ដោយ ៖ ដួង ចន្រ្ទា

ភ្នំពេញ ៖ ក្រុមហ៊ុន Tianjin Union Development Group (TUDG) បាន និងកំពុ​ងពន្លឿន​ការវិនិយោគ​រមណីយដ្ឋាន​តារាសាគរ ក្នុងខេត្តកោះកុងកំពុងពន្លឿនកា​រ​សាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តកោះកុង និងកំពង់ផែទឹកជ្រៅក្នុង​ខេត្តនេះ។

ប្រធានមន្ទីរទេសចរណ៍ខេតកតកោះកុង លោក ប៊ុន ទៀត បានថ្លែងឲ្យដឹងតា​មទូរស័ព្ទថា បច្ចុប្បន្នអ្នកវិនិយោគ​រមណីយ​ដ្ឋានតារាសាគរ ក្នុងស្រុកគិរីសាគរ និងស្រុកថ្មបាំង ក្នុងខេត្តនេះកំពុងពន្លឿនការ​សាងសង់ព្រលាន​យន្តហោះ​លំដាប់អន្តរជាតិរបស់ខ្លូន។ ក្រុមហ៊ុននេះក៏បាន និង​កំពុងសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយទៀត​ផងដែរ។ លោកបន្តថា “ដំណើរការសាងសង់ព្រលាន និងកំពង់ផែកំពុងដំនើរការទៅមុខលឿនជាងមុន ប៉ុន្តែហេដ្ឋារចនាសម្ពន្ឋនានាមិនទាន់បានលេចចេញជារូបរាង​ច្រើនទេ ដោយសារវាត្រូវការពេលវេលា”។

ក្រុមហ៊ុន Tianjin Union Development Group បានទទួលសិទ្ឋិសប្បទានពីរាជរដ្ឋា ភិបាលកម្ពុជា វិនិយោគរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង ដែលមានផ្ទៃដីជាង ៥ម៉ឺន ហិកតា។ គំរោងនេះរួម​មានលំនៅដ្ឋាន សណ្ឋាគារ ទីលានវាយកូនហ្គោល ព្រលានយន្តហោះ កំពង់ផែទឹកជ្រៅ និងសេវាកម្ម​ជាច្រើន​ទៀត សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងផងដែរថា ភាគី​ក្រុមហ៊ុនសាងសង់ព្រលាន​យន្តហោះនេះបានមកជួបជាមួយមន្រ្តីជំនាញ និងមន្រ្តីជាន់ខ្ពស់​រដ្ឋលេខាធិការដ្ឋា​ន​អាកាសចរណ៍​ស៊ីវិលចំនួនពីរលើកមកហើយ ដើម្បីបង្ហាញពីគំរោងរបស់ពួកគេ និងសកម្មភាពនៃការចាប់ផ្តើម​គំរោងនេះ។ លោកបន្តថា ព្រលានយន្តហោះនេះសាងសង់លឿនឬយឺតអាស្រ័យលើល្បឿន នៃការអភិវឌ្ឍន៍​រមណីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ពួកគេនៅក្នុងស្រុកថ្មបាំង និបុទុមសាគរក្នុងខេត្ត​កោះកុង។

ក្រុមហ៊ុន Tianjin Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិ​បាលជាង៥ម៉ឺនហិកតា ដែលគ្របដណ្តប់ស្រុកស្រុកពីររបស់ខេត្តកោះកុង ជាអ្នក​សាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ។ ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគប្រមាណ៥០០០លានដុល្លារអាមេរិក។

លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តថា សកម្មភាពឈូសឆាយទីតាំងសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំនេះ ប៉ុន្តែសកម្មភា ពហាក់មានភាពយឺតៗ ដោយសាររដូវភ្លៀង ប៉ុន្តែនៅពេលបញ្ចប់​រដូវភ្លៀងសកម្ម​ភាពនៃការសាងសង់នឹងត្រូវពន្លឿនហើយ។

ទោះជាយ៉ាងណាតាមព៌តមានរបស់ក្រុមហ៊ុននេះ នាពេលកន្លងមកបានឲ្យដឹងថា រដ្ឋាភិបាល​កម្ពុជាបានអនុម័ត នូវគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលវិនិយោ​គដោយក្រុមហ៊ុន Tianjin Union Development Group ជាក្រុមហ៊ុនដែលបាន និងកំពុងវិនិយោគលើរមណីយដ្ឋាន​ទេសចរណ៍លំដាប់​អន្តរជាតិ​នៅខេត្តកោះកុង។

តំណាងក្រុមហ៊ុន Tainjin Union Development Group លោកស្រី ប៊ែលឡា ហ្សាង  ធ្លាប់បានមាន​ប្រសាសន៍​ឲ្យដឹងថា ការធ្វើផែមការសាងសង់ព្រលាន​យន្តហោះលំដាប់អន្តរជាតិនេះ បានបញ្ចប់ហើយ និងកំពុងត្រៀមរៀបចំផែនការដើម្បីធ្វើការសាងសង់។ ព្រលានយន្តហោះនេះ អាចទទួលអ្នកដំណើរ​បាន១០លាននាក់​ក្នុងមួយឆ្នាំ និងអាចចុះចតយន្តហោះខ្នាតធំBoing៣៨០ ហើយក្រុមហ៊ុនបានធ្វើការសិក្សា​ពីភូមិសាស្រ្ត និងកំណត់ទីតាំងសម្រាប់ព្រលានយន្តហោះ​នេះរួចហើយ៕

អ្នកជំនាញថា បន្តិចទៀតដល់ពេលភ្នាក់ងារអចលនទ្រព្យលែងយកប្រាក់ខែហើយ

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបាននិយាយថា នាពេ​លអនាគតភ្នាក់ងារ​អចលនទ្រព្យ​នៅ​ក​ម្ពុជា នឹងធ្វើការដោយលែងគិតរឿងប្រាក់ខែទៀតហើយ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេល​អនាគត ៥-១០ឆ្នាំទៀត បុគ្គលិកដែលជាភ្នាក់ងារអចលនទ្រព្យ នឹងធ្វើការលែងយកប្រាក់ខែហើយ។ វាជានិន្នាការ​ដូចគ្នា​នឹងប្រទេសជឿនលឿននានា ព្រោះដូចជាសហរដ្ឋអាមេរិក ជប៉ុន សឹង្ហបុរីជាដើម​ពួកគេលែង​គិត​រឿងប្រាក់ខែហើយ ពួកគេយកកម្រៃជើងសារជំនួសវិញ និងបាន​ទទួលប្រាក់ច្រើនជាងការយកប្រាក់ខែ។លោក​បន្តថា “នៅពេលបុគ្គលិកយកប្រាក់ខែ មានន័យថាពួកគេដូចកំណត់ ភាពមានកំណត់របស់ខ្លួន ប៉ុន្តែការ​យក​កម្រៃជើងសារ ពួកគេអាចពង្រីកមូលដ្ឋាន​ចំណូលរបស់ខ្លួន និងកាន់តែធ្វើការសកម្ម និងប្រកបដោយ​ឆន្ទៈជាងមុន”។

លោក ​សុខនីម បានបន្តថា ការយកកម្រៃជើងសារបានច្រើនជាង ឧទាហរ​ណ៍ពួកគេលក់អចលនទ្រព្យ​មួយបាន​តម្លៃ១លានដុល្លារ ពួកគេទទួលបានកម្រៃជើងសារ 3 ភាគរយ មានន័យថា ពួកគេអាច​ទទួលបាន៣០,០០០ដុល្លារ តើចំនួននេះស្មើនឹងប្រាក់​ខែពួកគេប៉ុន្មានឆ្នាំ??។ លោកបន្តថា ប៉ុន្តែដើម្បីធ្វើការងារ​ដោយ​ឯករាជ្យខ្លួនឯងបាន ពួកគេត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ពង្រីកបណ្តាញទំនាក់ទំនងក្នុងសង្គម កសាង​មូលដ្ឋាននៃទំនុកចិត្តឲ្យបាន និងអាចជួយអតិថិជនអាចស្វែងរក បាននូវព៌តមាន​ច្បា​ស់លាស់៕

ពិធីបុណ្យទន្លេជំរុញបង្កើនផលិតផលក្នុងស្រុក

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើពិធីបុណ្យទន្លេជារៀងរាល់ឆ្នាំទៅតាមវេននៃខេត្តជាប់ដែលមានទន្លេ ដែលមិនត្រឹមដើម្បីបង្កើនទេសចរជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងជួយជំរុញ និងផ្សព្វផ្សាយ​ផលិតផល​ក្នុងស្រុកឱ្យបានកាន់តែច្រើនថែមទៀត ដែលជាប្រភពចំណូលដល់ប្រជាពលរដ្ឋខ្មែរផងដែរ។

លោកស្រី ម៉ក់ សរ៉ុន មកពីស្រុកពញាឮ ខេត្តកណ្តាល ដែលបានដាក់តាំងលក់ផលិតផលខ្មែរធ្វើដោយដៃបាន​ថ្លែងថា  ពិធីបុណ្យទន្លេក្នុងក្រុងតាខ្មៅខេត្តកណ្តាលនេះ បានជួយផ្សព្វផ្សាយផលិតផលរបស់លោកស្រីទៅកាន់​ប្រពលរដ្ឋខ្មែរផ្សេងទៀតឱ្យបានស្គាល់ និងមានការគាំទ្រច្រើន។ លោកស្រីបញ្ជាក់ថា មិនត្រឹមតែជួយ​ផ្សព្វផ្សាយ​ផលិតផលរបស់លោកស្រីនោះទេ ក៏បានជួយផ្សព្វផ្សាយផលិតផលខ្មែរ ដែលនាំយកមកពីណ្តា​ខេត្ត​ក្រុងនានាក្នុងប្រទេសកម្ពុជាមកដាក់តាំងពិព័រណ៍ឱ្យស្គាល់តែតែច្រើនមួយកម្រិតទៀត។

មិនខុសគ្នានេះដែរ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង ដែលបាននាំផលិតខ្មែរមក​ពី​ខេត្តកំពង់ឆ្នាំ ក៏បានបញ្ជាក់ថា ពិធីបុណ្យទន្លេនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់​ឱ្យអ្នកផលិតនានា​មានឱកាសដាក់តាំង និងផ្សព្វផ្សាសយផលិតផលរបស់ខ្លួនដល់ពលរដ្ឋខ្មែរផ្សេងទៀតដែលមកពីតាមបណ្តា​ខេត្តក្រុងនានានឱ្យបានស្គាល់កាន់តែច្រើន និងធ្វើឱ្យផលិត ឬវត្ថុអនុស្សាវរីយ៍កាន់តែមានគុណភាពជា​បន្តបន្ទាប់ ។ លោកបន្ថែមទៀតថា មិនត្រឹមតែប៉ុណ្ណោះ នៅពេលមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកាន់តែ​ច្រើនោះ ការផលិតរបស់លោកក៏បន្ថែមមួយកម្រិតទៀត ដើម្បីបំពេញតម្រូវការទីផ្សាររបស់អតិថិជន។ លោកបន្តថា មានការគាំទ្រ អ្នកផលិតនឹងទទួលបានប្រាក់ចំណូលកាន់តែច្រើន ដែលធ្វើឱ្យជីវភាពកាន់តែ​ប្រសើរមួយកម្រិតទៀត និងលើកកម្កើងមុខមាត់ប្រទេសជាតិ អាចបញ្ជូទៅលក់ក្នុងទីផ្សារអន្តរជាតិថែមទៀត។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ មេត្តាជួយបន្តគាំទ្រផលិតខ្មែរឱ្យបានច្រើនថែមទៀត ដើម្បីលើកកម្ពស់ផលិតផលជាតិ ជាពិសេស សូមឱ្យមានការផលិត ផលិតផលខ្មែរឱ្យបានច្រើន ដើម្បីបង្ហាញ​ដល់ភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់កាន់តែច្រើន។

អ្នកស្រី ឡុង ណាវី អភិបាលរងស្រុកខ្សាច់កណ្តាល ដែលបាននាំកសិកម្មមកពីស្រុកខ្សាច់កណ្តាល ក៏បានលើក​ឡើថា ពិធីបុណ្យទន្លេនេះ បានផ្តល់ឱកាសដល់បណ្តាស្រុកនីមួយមានលទ្ធភាពដាក់តាំងផលិតផលកសិកម្​មបស់ខ្លួន ដើម្បីបង្ហាញ ផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តជាតិបានដឹងថា តើស្រុកនីមួយៗមានអ្វីខ្លះ? ឧទាហរណ៍ដូចជាស្រុកខ្សាច់កណ្តាលចឹង មានកសិកម្មច្រើនប្រភេទ ដូចជា បន្លែ ស្ពៃក្តោម ត្រឡាច ស្វាយ និងល្ពៅជាដើម។ល។ អ្នកស្រីបញ្ជាក់ថា ពិធីបុណ្យទន្លេក៏បានឆ្លុះបញ្ចំាពីការបង្កើនការផលិតកសិកម្មបន្ថែម​ទៀតនៅក្នុងស្រុកខ្សាច់កណ្តាល ដោយសារតែមានគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងបរទេសផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ពិធីបុណ្យទន្លេដែលប្រារព្វឡើងនៅក្រុងតាខ្មៅ ត្រូវបានផ្តើមចាប់ពីថ្ងៃទី 09-10-11 ខែមីនា ដោយគណៈកម្មការរៀបចំបុណ្យទន្លេ បានរៀបចំស្តង់ពិព័រណ៍ប្រមាណជាង ៥០០ ស្តង់ ដោយស្ដង់នីមួយៗត្រូវដាក់តាំងនូវផលិតផលនានារបស់ខ្លួនប្រចាំស្រុក ខេត្ត ក៏ដូចជា ផលិតផល​ផ្សេងៗ​ផងដែរ ដែលភាគច្រើនជាប្រភេទអាហារ និងវត្ថុអនុស្សាវរីយ៍ ៕

ដំណឹងល្អៈ ផ្លូវភ្ជាប់ខេត្តបាត់ដំបងទៅកាន់ខេត្តកោះកុងនឹងសាងសង់ឆាប់ៗ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ មហិច្ឆតារបស់រដ្ឋាភិបាល ដើម្បីភ្ជាប់តំបន់ភូមិភាគពាយ័ព្យទៅកាន់តំបន់ឆ្នេរកំពុងចាប់ផ្តើមហើយ តាមរយៈគម្រោងសាងសង់ផ្លូវជាតិថ្មី ដែលមានប្រវែងជិត២០០គីឡូម៉ែត្រ ចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ផ្នែកខ្លះនៃខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង។

លោក ខាន់ ម៉ាណេរ ប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី៩ មិនានេះថា គម្រោងស្ថាបនាផ្លូវជាតិថ្មីលេខ៥៥.៤ ដែលមានប្រវែងជាង១៩០គីឡូម៉ែត្រ អាចនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ក្នុងពេ​លឆាប់ៗខាងមុខនេះហើយ។ គំរោងនេះនឹងស្ថាបនាដោយក្រុមហ៊ុនចិន។លោកអះអាងបែបនេះ បន្ទាប់ពីប្រតិភូរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹក​នាំដោយលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដឹកនាំក្រុមជំនាញរបស់ក្រុមហ៊ុនចិន ចុះពិនិត្យ និងសិក្សាផ្ទាល់អំពីស្ថានភាពផ្លូវជាតិថ្មី ដែលត្រូវសាងសង់។

មន្រ្តីក្រសួងសាធារណៈការរូបនេះបានឲ្យដឹងទៀតថា ផ្លូវជាតិថ្មីលេខ៥៥.៤នេះ នឹងត្រូវបានស្ថាបនាចេញពីចំណុចអក្សរ (T) ក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ភ្ជាប់ទៅផ្លូវជាតិលេខ៥៥ ត្រង់ចំណុចប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិសាត់ ហើយបន្តឆ្ពោះទៅកាន់ខេត្តកោះកុង។ ផ្លូវជាតិលេខ៥៥.៤ ដែលគ្រោងស្ថាបនាថ្មីនេះ គឺសាងសង់តាមគ្រលងផ្លូវចាស់ផង និងត្រូវឈូសឆាយថ្មីផង ដែលត្រូវឆ្លងកាត់តំបន់ព្រៃភ្នំ។ ផ្លូវនេះត្រូវចាប់ផ្ដើមពីស្រុកសំឡូត ឆ្លងកាត់ផ្នែកខ្លះ នៃខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុងតែម្ដង។

លោកបន្តថា“នេះជាសមិទ្ធផលផ្លូវថ្មី សម្រាប់ខេត្តបាត់ដំបង (សំឡូត) កោះ​កុង ដែលមានប្រវែង១៩៧គីឡូម៉ែត្រ”។ លោកបន្តថា “សមិទ្ធផលនេះ នឹងចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះហើយ”។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបាន​មានប្រសាសន៍ថា គំរោងសាងសង់ផ្លូវនេះ អាចនឹងចាប់ផ្តើមនៅឆ្នាំ២០១៩ ព្រោះ​ក្រសួងនឹងគិតគូពីគំរោងអាទិភាពដទៃទៀតផងដែរ ប៉ុន្តែបើគិតពីសាងសង់រហូត​ដល់បញ្ចប់ គំរោងសាងសង់ផ្លូវនេះមានទំហំចន្លោះពី៩ ទៅ១១ម៉ែត្រនេះ អាចនឹងបញ្ចប់ក្នុងរយៈពេល៣៦ទៅ៤០ខែ។ លោកបន្តថា ផ្លូវនេះមានសារៈសំខាន់ណា​ស់សម្រាប់តភ្ជាប់ការដឹកជញ្ជូន ពិសេសដំណាំកសិកម្មរបស់កម្ពុជាពីភូមិភាគពាយ័ព្យទៅកាន់តំបន់ឆ្នេរ ដែលមានកំពង់ផែដឹកជញ្ជូនងាយស្រួល។

លោកបន្តថា “ជាចក្ខុវិស័យរបស់ឯកឧត្តមស៊ុន ចាន់ថុលគឺការពឹងផ្អែកខ្លួនឯង តាមរយៈការកាត់បន្ថយដង្ហើមប្រទេសដទៃ ហេតុនេះការសាងសង់ផ្លូវនេះនឹងជួយសម្រួលការដឹកជញ្ជូនដំ ណាំកសិកម្មចេញពីពោធិសាត់ បាត់ដំ​បង ប៉ៃលិ​នជាដើម មកកាន់កំពង់ផែសមុទ្រខ្លួនឯង”។លោកបន្តថា “កន្លងមកពេលកម្ពុជាពឹងផ្អែកប្រទេសដទៃ ពិតជាពិបាក ហេតុនេះទស្សនវិស័យរបស់ទេសរដ្ឋមន្រ្តីក្រ​សួងសាធារណៈការ អាចឲ្យកម្ពុជាកាន់តែមានឯករាជ្យភាពរបស់ខ្លួន”៕

ដឹងទេមានអ្វីផ្លាស់ប្តូរខ្លាំងនៅខេត្តព្រះសីហនុបន្ទាប់ពីកំណើនវិនិយោគចិន

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ វិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ ហើយអ្វីកាន់តែគួរឲ្យភ្ញាក់ផ្អើលម្ចាស់​ដីមួយចំនួនបានទាមទារឡើងថ្លៃដីស្ទើររៀងរាល់មួយសប្តាហ៍ម្តង។

បច្ចុប្បន្នខេត្តព្រះសីហនុ មានការរីកដុះដាលនូវអគារថ្មីៗ ខ្ពស់ៗ ដូចជាខុនដូ សណ្ឋាគារ និងផ្សារទំនើបជាដើម។

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយ​កម្មនិងសំណង់ និងក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីពេលថ្មីៗនេះបានឲ្យដឹងថា វិនិយោគិនចិនឈរលេខ១ ក្នុងចំណោមជាតិសាសន៍ផ្សេងទៀត ជាហេតុដែលធ្វើឱ្យខេត្តជាប់មាត់សមុទ្រកម្ពុជា មួយក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរទាំងបួន ឬតំបន់ K4 មានការអភិវឌ្ឍន៍យ៉ាងខ្លាំង។ អ្វីកាន់តែពិសេសវិស័យអចលនទ្រព្យមានការរីកចម្រើនខ្លាំង តម្លៃដីធ្លីហក់ឡើងថ្លៃខ្ពស់ជាងពេលណាៗទាំងអស់។

អ្នកស្រីតាំង ហួរនាយិកាក្រុមហ៊ុន AMATAK Property Service បានថ្លែងឲ្យ​ដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៩ ខែមីនានេះថា តម្លៃដីធ្លីនៅខេត្តព្រះសីហនុមានការផ្លាស់ប្តូរស្ទើររៀងរាល់មួយសប្តាហ៍ ឬពីរសប្តាហ៍ម្តង ដោយសារកំនើននៃការវិនិ​យោគរបស់អ្នកវិនិយោគចិន និងអ្នកវិនិយោគក្នុងស្រុក កំពុងឆ្ពោះទៅកាន់ទីក្រុងមាត់សមុទ្រនេះយ៉ាងសម្បើម។

អ្នកស្រីបន្តថា “ការវិនិយោគរបស់ចិននៅខេត្តព្រះសីហនុ ជារឿងល្អព្រោះ​វានឹងធ្វើឲ្យខេត្តនេះក្លាយជាទីក្រុងស៊ីវិល័យមួយ នៅរយៈពេល៥ទៅ១០ឆ្នាំខាង​មុខ”។អ្នកស្រីបន្តថា “អ្វីកាន់តែពិសេសវានឹងផ្តល់ការងារ ផ្តល់ចំណូលរដល់រដ្ឋាភិ​បាលកាន់តែច្រើន ហើយកុំភ័យចិនមិនមកយកដីខ្មែរទេ ដីខ្មែរនៅតែដីខ្មែរ ពួកគេមិនអាចលើកយកអាគារពួកគេត្រលប់ទៅប្រទេសគេវិញនោះទេ”។

លោក ឡៅ ហេង ម្ចាស់សណ្ឋាគារអូឈើទាលនៅខេត្តព្រះសីហនុបានមាន​ប្រសាសន៍ថា វាជារឿងល្អប្រសើរណាស់ ដែលក្រុមហ៊ុនចិនចូលមកវិនិយោគកាន់តែច្រើននៅខេត្តព្រះសីហនុ ដែលនឹងជួយទាក់ទាញអ្នកវិនិយោគ និងអ្នកទេ​សចរណ៍មកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។ លោកបន្ត​ថា “យ៉ាងណាក៏ដោយទាមទារឲ្យរដ្ឋាភិបាល ពិសេសអាជ្ញាធររឹតបន្តឹងលើសន្តិសុខផងដែរ ព្រោះយើងត្រូវការទាំងភ្ញៀវចិន និងអឺរ៉ុប ពោលគឺមិន​ចង់បានមួយ បាត់មួយនោះទេ”។ យ៉ាងណាក៏ដោយ កំនើននៃអ្នកវិនិយោគចិន ក៏មានបញ្ហាផងដែរ ដោយ​សារតម្លៃអចលនទ្រព្យបានកើនឡើងខ្លាំង។

លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL បានថ្លែងថា កំណើនអ្នកវិនិយោគចិន បានធ្វើឲ្យតម្លៃការិយាល័យ ឬតម្លៃផ្ទះជួលបានកើនឡើងទ្វេរដង ឬច្រើនជាងនេះ ដោយពីមុនផ្ទះមួយល្វែងអាចរកជួលបានក្នុងតម្លៃ៥០០ដុល្លារ ប៉ុន្តពេលនេះចិនបានជួលក្នុងតម្លៃ ១០០០ ទៅ ១៥០០ ដុល្លារ ​ក្នុងមួយខែ។ នេះជាបញ្ហាប្រឈមធំមួយ ប៉ុន្តែយ៉ាងណាលោកសប្បាយចិត្តនឹងកំនើនតម្លៃអចលនទ្រព្យ និងការរីកចម្រើននៅខេត្តព្រះសីហនុ៕

តើចិនកំពុងផ្តោតវិនិយោគលើវិស័យអ្វីខ្លះនៅកម្ពុជា ?

0

ដោយ ៖ រ៉ាវី

ភ្នំពេញ ៖ បច្ចុប្បន្នបើនិយាយពីការលំហូរចូលនៃការវិនិយោគនៅកម្ពុជា ចិនត្រូវបានឈរនៅលេខរៀងលំដាប់កំពូល ដែលនៅក្នុងនោះរួមមានវិស័យជាច្រើន ដូចជាវិស័យកាត់ដេរ សណ្ឋាគារ មណ្ឌលកម្សាន្ត មណ្ឌលពាណិជ្ជកម្ម និងផ្នែកចំណីអាហារជាដើម។

ជាមួយគ្នានេះ នៅក្នុងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលប្រធានក្រុមប្រឹក្សាភិបាលនៃសហគ្រាសធនធាន ELION នៃប្រទេសចិន និងជាប្រធានគណៈប្រតិភូវិនិយោគិនចិន មកកាន់ទឹកដីកម្ពុជាកាលពីម្សិលមិញនេះបានលើកឡើងថា បើទោះជាសព្វថ្ងៃចិនបានសម្រុកមកបណ្តាក់ទុនវិនិយោគយ៉ាងច្រើនគំហុកក៏ពិតមែន ប៉ុន្តែលោកចង់ជំរុញ និងសង្កត់ធ្ងន់ឱ្យមានការវិនិយោគ ទៅលើវិស័យចំនួន3ធំៗ នៅកម្ពុជា ដូចជា វិស័យទេសចរណ៍, វិស័យថាមពល, និងប្រព័ន្ធអេកូឡូស៊ី ។

លោក Wang Wenbiao ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសហគ្រាសធនធាន ELION នៃប្រទេសចិន និងជាប្រធានគណៈប្រតិភូវិនិយោគិនចិន បានលើកឡើងថា នៅពេលឆាប់ៗខាងមុខនេះ សហគ្រាសធនធាន ELION របស់លោក នឹងនាំយកបច្ចេកវិទ្យាទំនើបមកកាន់កម្ពុជាដើម្បីអភិវឌ្ឍលើវិស័យបរិស្ថាន រួមជាមួយនឹងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីផងដែរ។ លោកបានបញ្ជាក់ថា ខាងប្រទេសចិនមានបទពិសោធន៍ខ្ពស់ខាងវិស័យអេកូឡូស៊ី ក្នុងការប្រែក្លាយតំបន់វាលខ្សាច់ឱ្យក្លាយជាតំបន់បៃតង ជាក់ស្ដែងដូចជាតំបន់វាលខ្សាច់ដ៏ធំ និងល្បីឈ្មោះជាងគេឈរនៅលំដាប់លេខរៀងទី7ក្នុងប្រទេសចិន ត្រូវបានសហគ្រាសធនធាន ELION របស់លោកប្រែក្លាយឱ្យទៅជាវាលបៃតងដ៏ស្រស់ស្អាតរួចទៅហើយ ។ ម៉្យាងទៀតចំពោះ ទីតាំងគោលដៅដំបូងនៅកម្ពុជា លោកបានសម្លឹងឃើញតំបន់វាលខ្សាច់ជាច្រើនកន្លែង ប៉ុន្តែចំណុចផ្តោតសំខាន់គឺដែនវាលខ្សាច់នៅក្នុងខេត្តព្រះសីហនុ ជាអាទិភាព ។

លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានលើកឡើងថា បច្ចុប្បន្ននេះ កោះមួយចំនួននៅក្នុងខេត្តព្រះសីហនុ បានក្លាយជាគោលដៅអភិវឌ្ឍន៍ទេសចរណ៍កម្រិតជាតិ និងអន្តរជាតិ មានសណ្ឋាគារ  ម៉ូតែល បឹងហ្កាឡូ និងផ្ទះសំណាក់ប្រណិតៗ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាកកម្សាន្ត។ កោះទាំង៣២ នៅខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលធ្វើកិច្ចសន្យាឱ្យក្រុមហ៊ុនវិនិយោគជាតិ និងអន្តរជាតិធ្វើការវិនិយោគ។ ប៉ុន្តែក្រុមហ៊ុនវិនិយោគមួយចំនួន មិនទាន់បានអនុវត្តន៍តាមកិច្ចសន្យា ហើយកោះខ្លះត្រូវបានវិនិយោគសម្រេចបាន១០០ភាគរយ ដូចជាកោះអូន និងកោះបង ចំណែកកោះខ្លះកំពុងសិក្សា វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ដូចជា កោះត្រេះ កោះប្រឺស មួយផ្នែកកោះរ៉ុង និងមួយផ្នែកកោះឫស្សី។ ដោយឡែកកោះក្របីកំពុងដំណើរការសាងសង់ គម្រោងវិនិយោគលើវិស័យទេសចរណ៍ យ៉ាងមមាញឹកដោយរក្សាបរិស្ថានព្រៃធម្មជាតិ ។

លោកបញ្ជាក់ថា អ្វីដែលជាបញ្ហាបារម្ភគឺក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ឆ្នេរ និងបរិស្ថានដែលកំពុងទទួ​លរងការគំរាមកំហែង និងថយចុះនូវគុណភាព និងបរិមាណដោយការបង្ហូរសំ​ណល់រឹង រាវចូលសមុទ្រដោយផ្ទាល់ និងដោយប្រយោល។ ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ កោះមិនទាន់បានល្អស្របតាមច្បាប់ និងបទដ្ឋានដែលបានកំណត់។ ម្យ៉ាងថវិកាគាំទ្រអភិវឌ្ឍន៍តំបន់ឆ្នេរនៅមានកម្រិត ខ្វះមធ្យោបាយចុះតាមដាន និងពិនិត្យគម្រោងអភិវឌ្ឍន៍នៅតាមបណ្តាកោះនានា។ ក្នុងនាមជាថ្នាក់ដឹកនាំក្នុងខេត្តព្រះសីហនុ លោកពិតជារីករាយទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគម្រោងវិនិយោគ និងការនាំយកបច្ចេកវិទ្យាទំនើបលើការអភិវឌ្ឍវិស័យបរិស្ថាន និងអេកូឡូស៊ី របស់សហគ្រាសធនធាន ELION ជាខ្លាំង ៕

ផ្សារទំនើប The Bridge Commercial ពន្យាពេលបើកដំណើរការ

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ ផ្សារទំនើបលំដាប់អន្តរជាតិ The Bridge Commercial បានសម្រេច​ពន្យាពេលបើកដំណើរការហើយ បន្ទាប់ពីផ្សារទំនើបនេះ បានប្រកាសបើកដំនើរការមុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៩ មិនានេះថា ការបើកផ្សារទំនើបនេះនឹងពន្យាពេលដល់ត្រីមាសទី៣ ឆ្នាំ២០១៨ នេះ ដោយសារអ្នកអភិវឌ្ឍ​ន៍លោកពន្យាគំរោងនេះ។ ផ្សារទំនើបនេះមានទំហំ ២០,០០០ម៉ែត្រ ការ៉េ កំពស់ ៥ជាន់ និងមានចំណតរថយន្តចំនួន ១៥០០គ្រឿង ។ អ្នកនាងបន្តថា ក្រុមហ៊ុន CBRE Cambodia ដើរតួនាទីជាតំណាងអ្នកអភិវឌ្ឍន៍ ដើម្បីជួលស្តង់ក្នុងផ្សារទំនើបនេះដល់អតិថិជន ហើយរហូតមកទល់ពេលនេះ ផ្សារទំនើបនេះទទួលបានអតិថិជនមកជួលច្រើនរួចហើយ។

អ្នកនាងបន្តថា “យើងជឿជាក់ថាផ្សារនេះនឹងទទួលបានជោគជ័យ ដោយ​សារផ្សារនេះមានទីតាំងល្អ មានអតិថិជនស្រាប់នៅក្នុងគំរោងនេះ តំបន់នេះមានមនុស្សរស់នៅច្រើន ពិសេសទីតាំងសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ”។អ្នកនាងបន្តថា “យើងមិនប្រកួតប្រជែងជាមួយផ្សារទំនើប AEON Mall ដែលនៅជិតគ្នានេះទេ ដោយយើងព្យាយាមបំពេញឲ្យគ្នាទៅវិញទៅមក និងព្យាយាមបែងចែកចំណែ​កទីផ្សារខុសៗគ្នា និងផ្តល់ផលិតផលថ្មីដែល AEON MAll មិនមាន”។

អ្នកនាង អាន សុធីតា បានបន្តថា រហូតមកទល់ពេលនេះ មានអតិថិជនដែលជាអ្នកវិនិយោគសឹង្ហបុរី និងអ្នកវិនិយោគអន្តរជាតិជាច្រើន បានចូលមកកាន់ទីផ្សារនេះ តាមរយៈការផ្តល់សេវាម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មសុខភាព និងសេវាកម្មក្លឹបហាត់ប្រាណ ព្រមទាំងសេវាកម្មពាក់ព័ន្ឋជាច្រើនទៀត។

គម្រោង The Bridge ជាគំរោងអភិវឌ្ឍន៍តាមទស្សនទានអភិវឌ្ឍន៍ថ្មីតំបូងគេនៅកម្ពុជា ដែលវិនិយោគរួមគ្នាដោយក្រុមហ៊ុន World Bridge Land និងក្រុមហ៊ុន Oxley Holding International ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី។ ក្រុមហ៊ុនទាំងពីរបានបោះទុនរួមគ្នា៣០០លានដុល្លារ សាងសង់អាគារពាណិជ្ជកម្មចម្រុះរួមមានផ្សារទំនើប ខុនដូ ការិយាល័យនិងផ្ទះរួម (Soho) កំពស់៤៥ជាន់ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមករាជធានីភ្នំពេញ៕

ដំណឹងល្អៈកម្ពុជានឹងអាចផលិតមាសបានពិតប្រាកដនៅឆ្នាំ២០១៩

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងឲ្យដឹងថា កម្ពុជានឹងអាចនឹងផលិតបានដុំមាសនៅក្នុងឆ្នាំ២០១៩ ខណៈដែលក្រុមហ៊ុនបរទេសមួយបានប្រកា​សរកឃើញរ៉ែមាសជាខ្នាតអន្តរជាតិ ដែលមានទីតាំងនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក យស់ មុន្នីរ៉ាត់ អគ្គនាយកនៃអគ្គនាយដ្ឋានរ៉ែនៃ​ក្រសួងរ៉ែ និងថាម​ពលបានលើកឡើងនៅក្នុងសន្និសីទព៌តមាន ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា គិតមកទល់ពេលនេះ ក្រសួងធ្លាប់ផ្តល់អាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុនឯកជនឲ្យសិក្សាស្រាវជ្រាវចំនួនជាង១០០អាជ្ញាប័ណ្ណ ប៉ុន្តែក្រុមហ៊ុនរុករករ៉ែមាស ដែលទទួលបានជោគជ័យជាខ្នាតអន្តរជាតិនោះ មានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ក្រៅពីនេះមានក្រុមហ៊ុនចំនួន៥ផ្សេងទៀត បានរកឃើញរ៉ែមាសផងដែរ ប៉ុន្តែក្នុងទ្រង់​ទ្រាយតូចៗប៉ុណ្ណោះ។

លោកបន្តថា “ក្រុមហ៊ុនទទួលបានជោគជ័យ ក្នុងការរុករករ៉ែមាស គឺក្រុមហ៊ុនរឺនីហ្សង់ ខេម បូឌា លីមីធីត ដែលបានអាជ្ញាប័ណ្ណរុករករ៉ែនៅក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី”។ លោកបន្តថា “ក្រោយពីរុករកឃើញរ៉ែដ៏មានតម្លៃនេះក្រុមហ៊ុនបានប្រកាសពីជោគជ័យរបស់ខ្លួន ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះ បាន​សិក្សាលំអិតរួចហើយ និងកំពុងសិក្សាស្រាវជ្រាវជាបន្ត ដើម្បីបង្កើតឧស្សាហកម្មធ្វើរ៉ែមាសជាលើកដំបូងនៅកម្ពុជា ដែលអាចធ្វើឲ្យកម្ពុជាមានដុំមាសពិត ប្រាកដនៅក្នុងឆ្នាំ២០១៩ខាងមុខនេះ”។

ទាក់ទងនឹងសក្តានុពលធនធានរ៉ែនៅកម្ពុជា លោក យស់ មុន្នីរ៉ាត បានមានប្រសាសន៍ឲ្យដឹងថា រ៉ែលោហៈនៅកម្ពុជាមានគ្រប់ទីកន្លែង គឺមានរ៉ែមាស រ៉ែដែក ទង់ដែង សំណរ ស័ង្គសី និងរ៉ែបុកសីត ។ ចំពោះប្រភេទរ៉ែឧស្សាហកម្ម មានពីប្រភេទគឺ រ៉ែសំណង់ និងរ៉ែអលោហៈដូចជា ថ្មកំបោរ ដីឥដ្ឋ។ ចំណែករ៉ែជាលក្ខណៈឧស្សាហកម្ម ដែលទទួលបានជោគជ័យធំជាងគេ គឺថ្មកំបោរ ដែលអាចយកធ្វើជាស៊ីម៉ង់ និងរ៉ែសំណង់ទាំងឡាយផ្សេងទៀតដែលមានគ្រួស ថ្ម ដីឥដ្ឋ ក្បឿង ការស្មូនជាសិប្បកម្មផ្សេងៗ។ លោកបន្តថា បច្ចុប្បន្នកម្ពុជា អាចផលិតបានដោយខ្លួនឯង ដោយបាននាំចេញទៅក្រៅប្រទេស និងបានចូលរួមដាក់តាំងពិព៌ណជាលក្ខណៈអន្តរជាតិ ក្នុងនោះប្រភេទរ៉ែដែលបានទទូលជោគជ័យធំជាងគេ គឺរ៉ែមាស និងមានរ៉ែដែក ហើ​យ​បច្ចុប្បន្នក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល កំពុងសិក្សាស្រា​វជ្រាវជាបន្តបន្ទាប់ដើម្បី​ឈានទៅរកភាពជោគជ័យសម្រាប់រ៉ែដែកផងដែរ។

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកឡើងថា ធនធានរ៉ែនៅកម្ពុជានឹងក្លាយជាកំលាំងចលករថ្មីមួយ សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយនៅ​ឆ្នាំ២០១៩ខាងមុខនេះ កម្ពុជាមិនត្រឹមតែទទួលបានរ៉ែមាសនោះទេ ប៉ុន្តែកម្ពុជានឹងទទួលបានដំណក់ប្រេងតំបូង ដែលអាចជួយប្រទេសនេះឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខនេះ៕