ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ ដោយបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ ដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធាន។ គណៈកម្មការនេះ មានសមាសភាព ២៣រូប។
-->
សេចក្តីសម្រេចនេះបានប្រគល់ភារកិច្ចរបស់គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ជាច្រើនរួមមាន ទី១ ពិនិត្យ និងកំណត់និយាមកាទីតាំង សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទី២ សិក្សាវាយតម្លៃថ្លៃដីនៅតំបន់ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទី៣ សម្របសម្រួលដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទីតាំងដី ដើម្បីបង្កលក្ខណៈដល់ដំណើរការ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទី៤ សម្របសម្រួលជាមួយក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងក្រុមហ៊ុន ដើម្បីដំណើរការអនុវត្តគម្រោងប្រព្រឹត្តទៅដោយជោគជ័យ។
ទី៥ ផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការបំពេញបែបបទផ្សេងៗ ដើម្បីឆ្លើយតបបានតាមតម្រូវការសម្រាប់ការអនុវត្តគម្រោង ទី៦ ពិនិត្យ និងផ្តល់យោបល់លើផែនការមេរបស់គម្រោង ក៏ដូចជាសំណូមពរផ្សេងៗ របស់ក្រុមហ៊ុនតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធទី៧ ធ្វើរបាយការណ៍អំពីលទ្ធផលជូននាយកដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាដើម។
ទោះជាយ៉ាងណាសេចក្តីសម្រេចនេះ មិនបានបញ្ជាក់ពីទីតាំងជាក់លាក់ថាព្រលាននេះនឹងធ្វើនៅទីតាំងណា នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឬយ៉ាងណានៅឡើយទេ។
គម្រោងព្រលានយន្តអន្តរជាតិភ្នំពេញ ដែលត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង មកកម្ពុជាកាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកនាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC លោកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិនដើម្បីរួមគ្នាអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ៕

