ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ការសាងសង់ផ្លូវតភ្ជាប់រវាងស្រុកសំឡូតក្នុងខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ទៅកាន់ខេត្តកោះកុងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំនេះហើយ។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី ២២ កុម្ភៈនេះថា គំរោងសាងសង់ផ្លូវតភ្ជាប់រវាងស្រុកសំឡូត ទៅកាន់ខេត្តកោះកុងស្ថិតក្នុងគំរោងថវិកាឆ្នាំ២០១៩ នេះ ហេតុនេះគំរោងនេះនឹងបើកការដ្ឋានសាងសង់នៅឆ្នាំនេះ ប៉ុន្តែមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ។លោកបន្តថា រហូតមកទល់ពេលនេះ លោកមិនដឹងពីគំរោងថវិកា និងក្រុមហ៊ុនដែលនឹងសាងសង់ស្ពាននេះនោះទេ។
លោកបន្តថា “បើមិនមានការប្រែប្រួលអ្វីទេនោះ គំរោងផ្លូវនេះនឹងចាប់ផ្តើមនៅឆ្នាំនេះហើយ”។ ផ្លូវចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ទៅកាន់ខេត្តកោះកុង មានប្រវែងជា១៩០គីឡូម៉ែត្រ។

លោកបន្តថា “ការសាងសង់ផ្លូវនេះពិតជារួមចំណែកលើកស្ទួយសេដ្ឋកិច្ចសង្គមកម្ពុជា និងពង្រីកទីផ្សារកម្ពុជាជាមួយប្រទេសដទៃទៀត”។





