វិភាគ! តើអូស្រ្តាលីដឹកដៃមេដឹកនាំអាស៊ានទៅណាក្នុងជំនួបជាប្រវត្តិសាស្រ្ត

0

ដោយ វុត្ថា

ភ្នំពេញ អូស្រ្តាលី និងមេដឹកនាំអាស៊ានសុទ្ឋតែសម្លឹងឃើញផលប្រយោជន៍ពីគ្នាទៅវិញទៅមក ទើបរដ្ឋាភិបាលអូស្រ្តាលីបានងាកមកអាស៊ាន ដែលជាសហគមន៍មួយមានមនុស្សជាង៦៣០លាននាក់កំពុងរស់នៅ។

ជាមួយនឹងការចាប់ផ្តើមក្រាលព្រំក្រហម ស្វាគមន៍បណ្តាមេដឹកនាំ រួមជាមួ​យនឹងអគ្គលេខាធិការអាស៊ាន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអូស្រ្តាលីអាស៊ាន ជាលើកតំបូង និងជាប្រវត្តិសាស្រ្តចាប់ពីថ្ងៃទី១៧ រហូតដល់​ថ្ងៃទី១៨មិនាខាងមុខនេះសុទ្ឋតែជាផលប្រយោជន៍នៅក្នុងនោះ ទាំងកម្រិតកាទូត កម្រិតនយោបាយ និងក្នុងទិដ្ឋភាពសេដ្ឋកិច្ច ដែលនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Malcolm Turnbull បានសម្លឹងឃើញ ហើយលោកទំនងជាមេដឹកនាំអូស្រ្តាលី ដែលមានចក្ខុវិស័យដ៏​វែងឆ្ងាយមួយ ។

កិច្ចប្រជុំផ្តោតលើអ្វី

កិច្ចប្រជុំកំពូលនេះ នឹងធ្វើឲ្យមានការកែប្រែនូវរជ្ជកាលថ្មីមួយ បន្ថែមក្នុងភាពជាដៃគូនៃបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន និងអាស៊ាន។ កិច្ចប្រជុំនេះផងដែរ នឹងកសាងអោយកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការសន្ទនានយោបាយ និងការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ដើ​ម្បីបង្កើតភាពជាដៃគូក្រៅប្រទេស សម្រាប់ពិភពលោក ដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

បន្ថែមពីនេះ កិច្ចប្រជុំកំពូលនេះ នឹងពង្រឹងការរួមចំណែករួមគ្នា ចំពោះសន្តិសុខ និងវិបុលភាពក្នុងតំបន់ រួមទាំងការដោះស្រាយបញ្ហាប្រឈមសន្តិសុខរួម និង​ការទទួលបានឱកាសកាន់តែច្រើនសម្រាប់អាជីវកម្មរ។

ការធ្វើការជាមួយអាស៊ាន បានបំពេញបន្ថែមដល់ទំនាក់ទំនងទ្វេភាគីយ៉ាងសំខាន់ រវាងអូស្ត្រាលីជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

អាស៊ានគឺជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់អូស្រ្តាលី ដែលតំណាងឱ្យ ១៥ភាគរយនៃពាណិជ្ជកម្មសរុបរបស់អូស្ត្រាលី។ តំបន់នេះផ្តល់នូវឱកាសកាន់តែច្រើន ដោយការធ្វើសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទំនាក់ទំនងរឹងមាំ ដែលមើលឃើញពីសក្តានុពលសំខាន់ៗសម្រាប់អាជីវកម្ម។

ភាពជាដៃគូ

ភាពជាដៃគូរវាងអាស៊ាន និងអូស្ត្រាលីមានសារៈសំខាន់ ចំពោះសន្តិសុខនិងវិបុលភាពក្នុងតំបន់។

តាំងពីបានក្លាយជាដៃគូសន្ទនាអាស៊ាន លើកដំបូងនៅឆ្នាំ១៩៧៤ អូស្ត្រាលី បានគាំទ្រចំពោះចក្ខុវិស័យរបស់អាស៊ានស្តីពី សហគមន៍តំបន់រួមបញ្ចូលគ្នាដោយច្បាប់ ដែលមានបញ្ចូលគ្នាជាសហគមន៍សេដ្ឋកិច្ច។ នៅឆ្នាំ២០១៣ ស្ថានបេស​កកម្មអូស្ត្រាលីប្រចាំអាស៊ាន ត្រូវបានបង្កើតឡើងនៅទីក្រុងហ្សាកាតាហើយទទួលខុសត្រូវចំពោះការជំរុញ ចំណាប់អារម្មណ៍របស់អូស្ត្រាលីជាមួយដំណើរការអាស៊ាន និងអាស៊ាន។

នៅឆ្នាំ២០១៤អូស្ត្រាលី និងអាស៊ានបានក្លាយជាដៃគូយុទ្ធសាស្ត្រដោយទទួលស្គាល់សារៈសំខាន់ នៃទំនាក់ទំនងក្នុងការកសាងគ្នា ទៅវិញទៅមកលើបញ្ហាសន្តិសុខ និងវិបុលភាព។

ប្រជាជន

មិនត្រឹមតែទំនាក់ទំនងសេដ្ឋកិច្ចល្អប្រសើរទេ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជននិងសហគមន៍អាស៊ាន ក៏មានភាពរលូនផងដែរ ដោយមេដឹកនាំអាស៊ានមិនដែលមានបញ្ហាអរិយភាពជាមួយអូស្រ្តាលីនោះឡើយ ហើយសហគមន៍អាស៊ាន តែងតែជួយគាំទ្រដល់ភាពជាដៃគូ របស់អូស្ត្រាលីជាមួយអាស៊ីអាគ្នេយ៍។ នេះយោងតាមការធ្វើជំរឿនអូស្ត្រាលីឆ្នាំ២០១៦ ប្រជាពលរដ្ឋជាង៨៩៦.០០០ នាក់បានទទួលកេរមរតកពីប្រជាជាតិអាស៊ាន។

អូស្ត្រាលីទទួលភ្ញៀវទេសចរណ៍ ជាងមួយលាននាក់មកពីបណ្តាប្រទេសក្នុងបំបន់អាស៊ានក្នុងមួយឆ្នាំៗ ហើយក្នុងឆ្នាំ២០១៦ ប្រជាជនអូស្រ្តាលីបានធ្វើដំណើរកម្សាន្ត ទៅកាន់បណ្តាប្រទេសអាស៊ានជិត៣លាននាក់។

ការបំពេញឲ្យគ្នា

អូស្រ្តាលីបានធ្វើការជាមួយអាស៊ាន និងបានបំពេញបន្ថែមដល់ទំនាក់ទំនងទ្វេភាគីយ៉ាងសំខាន់ រវាងអូស្ត្រាលីជាមួយបណ្តា ប្រទេសនៅអាស៊ីអាគ្នេយ៍។ ការអប់រំគឺជាមូលដ្ឋានគ្រឹះ នៃការចូលរួមរបស់អូស្ត្រាលីជាមួយអាស៊ីអាគ្នេយ៍ ហើយត្រូវបានគាំទ្រដោយវិធានការនានា ដូចជា ផែនការឡុំបូថ្មី (New Colombo Plan) និងជ័យលាភីអូស្ដ្រាលី (Australia Awards)។

និស្សិតប្រហែល១០០.០០០នាក់ មកពីបណ្តាប្រទេសអាស៊ានកំពុងសិក្សានៅប្រទេសអូស្រ្តាលីហើយចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ និស្សិតថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់អូស្ត្រាលីចំនួន១៣.៥០០នាក់ កំពុងទទួលបានការគាំទ្រក្នុងការសិ​ក្សា និងអនុវត្តកម្មសិក្សា នៅក្នុងបណ្តាប្រទេសអាស៊ាន តាមរយៈផែនការកូឡុមបូថ្មី(New Colombo Plan)។

ដៃគូពាណិជ្ជកម្ម

អាស៊ានគឺជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់អូស្រ្តាលី ដែលតំណាងឱ្យ ១៥ភាគរយនៃពាណិជ្ជកម្មសរុបរបស់អូស្ត្រាលី។ ពាណិជ្ជកម្មរវាងអូស្ត្រាលីនិងបណ្តាប្រទេសអាស៊ាន មានចំនួន៩៣,២ពាន់លានដុល្លារអូស្រ្តាលីក្នុងឆ្នាំ២០១៦ ។ តំបន់នេះ បានផ្តល់នូវឱកាសកាន់តែច្រើន ដោយការធ្វើសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទំនាក់ទំនងរឹងមាំដែលមើលឃើញពីសក្តានុពលសំខាន់ៗសម្រាប់អាជីវកម្ម។

ជាមួយនឹងប្រជាជនជាង៦៣៧លាននាក់ និងកម្រិតអតិថិជនកំពុងកើនឡើងនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ត្រូវបានត្រៀមខ្លួនសម្រាប់ការរីកចម្រើ​នបន្ថែមទៀត។

ការធ្វើការនិងដោះស្រាយបញ្ហារួមគ្នា

អូស្ត្រាលី និងអាស៊ានកំពុងធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈ​មសំខាន់ៗក្នុងតំបន់រួមមាន: ទី១ កែលម្អបរិយាកាសប្រតិបត្តិការ សម្រាប់អាជីវកម្ម ដោយលុបបំបាត់ឧបសគ្គចំពោះពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អូស្ត្រាលី – នូវែលសេឡង់ (AANZFTA) និងឆ្ពោះទៅរកការរីកចម្រើនភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ទី២ ប្រឆាំ​ងនឹងអំពើភេរវកម្ម និងភាពជ្រុលនិយមដោយអំពើហិង្សា ដោយធ្វើការរួមគ្នានៅក្នុងវេទិកាទ្វេភាគី និងក្នុងតំបន់ និងការអនុវត្តសេចក្តីប្រកាសរួមអាស៊ាន – អូស្ត្រាលីសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ។

ហេតុអ្វីបានមានកិច្ចប្រជុំកំពូលនេះ

ប្រសិនជាមើលមួយភ្លេត វាហាក់ជារឿងសាមញ្ញមួយសម្រាប់កិច្ចប្រជុំកំពូលជាលើកតំបូងនេះ ប៉ុន្តែការពិតមានរឿងជាច្រើននៅពីក្រោយនោះ ទើបអូ​ស្រ្តាលីបានងាកមកកាន់តែជិតស្និទ្ឋជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោ​ជន៍ផង ឥទ្ឋិពលក្នុងតំបន់នេះផង និងជាយុទ្ឋសាស្រ្តនយោបាយផង។

ទោះបីជាអូស្រ្តាលីមានភាពជិតស្និទ្ឋជាមួយលោកខាងលិច ពិសេសសហរដ្ឋអាមេរិកក្តី ប៉ុន្តែចាប់តាំងពីឡើងកាន់អំណាច ប្រធានាធិបតីដូណាល់ ត្រាំបាន​ប្រកាន់យកគោលនយោបាយគាំពារនិយម ឬសក់អ្នកណាក្បាលអ្នកហ្នឹង ដែលធ្វើឲ្យបណ្តាសម្ព័ន្ឋមិត្ត និងដៃគូប្រកួតប្រជែងរបស់អាមេរិកបើកភ្នែកធំៗ និងចេញ​ប្រតិកម្មជាបន្តបន្ទាប់។

មើលឃើញនិន្នាការអញនិយម (ទំនោរបែបនេះនឹងនាំអាមេរិកធ្លាក់ក្នុងឳន​ភាព) អូស្រ្តាលីទំនងជាមិនសប្បាយចិត្ត និងបានត្រៀមខ្លួនជាស្រេច ដើម្បីកុំឲ្យទូក ដល់កណ្តាលទន្លេហើយ ទើបរកចង្វារជាក្រោយគឺហួសពេលហើយ។ហេតុនេះ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន អូស្រ្តាលីប្រាកដណាស់ ដែលភាសា​កាទូតត្រូវនិយាយថា “មានមិត្តប្រសើរជាងមានសត្រូវ ទាញផលប្រយោជន៍ពីគ្នា​បានច្រើនប៉ុណ្ណា ជារឿងរបស់បុគ្គលឆ្លាត”៕

ភ្ញាក់ផ្អើល! ធនាគារ ABA ពង្រីកការផ្តល់សេវាកម្មរយៈពេល ៧ថ្ងៃក្នុងមួយសប្តាហ៍

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្នុងគោលដៅពង្រីកការផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋ ធនាគារABAបានពង្រីកវិសាលភាពរបស់ខ្លួន ដោយផ្តល់សេវាកម្មបម្រើអតិថិជនរយៈពេល៧ថ្ងៃ ក្នុងមួយសប្តាហ៍ និងធ្វើការ១២ម៉ោងក្នុងមួយថ្ងៃ។

នាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov បានលើកឡើង ក្នុងពិធីបើកសម្ពោធអគារការិយាល័យកណ្តាលឡើងវិញ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះថា សមិទ្ធផលនេះ ជានិមិត្តរូបនៃការប្តេជ្ញាចិត្តដ៏រឹងមាំ របស់សម្ព័ន្ធធនាគារជាតិកាណាដានៅកម្ពុជា។ លោកបន្តថា អេប៊ីអេនឹងក្លាយជាធនាគារធំទី៤នៅកម្ពុជា ក្នុងចំណោ​មធនាគារពាណិជ្ជឈានមុខទាំង៥ ដែលមានទ្រព្យសកម្មកើនឡើងដល់ទៅជាង១,៨ពាន់លានដុល្លារអាមេរិក។

លោក Louis Vachon នាយកប្រតិបត្តិធនាគារជាតិ កាណាដាបានបញ្ជាក់ថា ការវិនិយោគដំបូងរបស់ធនាគារជាតិកាណាដា នៅក្នុងធនាគារអេប៊ីអេ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៤មកម្ល៉េះ។ ការបន្តពង្រឹងភាពជាដៃគូនេះ បាននាំឆ្ពោះទៅរកជំហ៊ានជោគជ័យ ដ៏សំខាន់មួយនៅក្នុងឆ្នាំ២០១៦ ជាមួយនឹងលទ្ធកម្មភាគហ៊ុនដ៏ធំរហូតដល់៩០ភាគរយនៅកម្ពុជា ដោយធនាគារបានប្តេជ្ញាខ្ពស់ ក្នុងការជួយដល់សហគ្រិន និងអាជីវកម្មគ្រួសារផ្តល់សេវាកម្មឈានមុខដល់អតិថិជនទាំងអស់ ផ្តល់ដំណោះស្រាយធនាគារបែប ឌីជីថលទំនើបឈានមុខ និងរក្សាបទដ្ឋានអភិបាលកិច្ចល្អ។

គិតមកដល់ពេលនេះ ធនាគារ អេប៊ីអេ មានបណ្តាញសាខាចំនួន៥៥សាខា នៅកម្ពុជា និងគ្រោងពង្រីកសាខាបន្ថែម១១ទៀតនៅដំណាច់ឆ្នាំនេះ។ មូលដ្ឋានអតិថិជនរបស់ធនាគារនេះ បានកើនដល់ជាង២៥ម៉ឺននាក់ ដែល១២ម៉ឺននាក់ក្នុងចំណោមនោះកំពុងតែប្រើប្រាស់យ៉ាងសកម្ម នូវកម្មវិធីទូរស័ព្ទដៃដ៏ពេញនិយមនាពេលបច្ចុប្បន្នក្នុងសម័យបច្ចេកវិទ្យាទំនើប។

ប្រធានស្តីទីសមាគមធនាគារកម្ពុជាលោកឆារស៍ វ៉ាន់បានថ្លែងថា វិស័យធនាគារនៅកម្ពុជានៅតែបន្តភាពរីកចម្រើន និងបន្តគាំទ្រជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា ព្រោះពេលណាត្រូវការសេដ្ឋកិច្ចដើរ និងរីកចម្រើន ទាមទារការគាំទ្រហិរញ្ញវត្ថុ ហេតុនេះធនាគារនៅតែដើរតួនាទីមិនអាចខ្វះបាន ក្នុងការធ្វើឲ្យសេដ្ឋ​កិច្ចមានភាពរីកចម្រើន។លោកបន្តថា ទោះជាមានការប្រកួតប្រជែងគ្នាកើនឡើង ប៉ុន្តែអ្នកនៅក្នុងវិស័យនេះ បានគោរពនូវបទបញ្ញត្តិ និងក្រមសីលធ៌មខ្ពស់ដែលធ្វើឲ្យការប្រកួតប្រជែងមានសីលធ៌ម និងអាចទទួលយកបាន។

លោកបន្តថា “វិស័យធនាគារ នឹងបន្តរីកចម្រើនរយៈពេលវែងបន្ថែមទៀត ដោយសារចរន្តសេដ្ឋកិច្ចកម្ពុជាកំពុងមានភាពរីកចម្រើន និងត្រូវការធនាគារជាដៃគូ ដើម្បីពង្រីកសកម្មភាពសេដ្ឋកិច្ច”៕

សេដ្ឋកិច្ចកម្ពុជាកាន់តែមានឯករាជ្យភាព និងកាន់តែមានភាពជាម្ចាស់ជាងមុន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា សេដ្ឋកិច្ច​កម្ពុជាកាន់តែមានឯករាជ្យភាព និងកាន់តែមានភាពជាម្ចាស់ជាងមុន ព្រមទាំងស្ថិតនៅក្នុងគោលដៅនៃការសម្រេចប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានថ្លែងឲ្យដឹង ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសស្តីពី ស្ថានភាពសិទ្ឋិមនុស្សនៅកម្ពុជាលោកស្រីរ៉ូណា ស្មីតកាលពីដើមសប្តាហ៍នេះថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរ៉ឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយកម្ពុជាកំពុងបន្តដំណើរទៅមុខយ៉ាងស្វាហាប់ ដើម្បី​ប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដោយកម្ពុជា ត្រូវសម្រេចឱ្យបាននូវលទ្ធផលជាសារវ័ន្ត នៃការកែទម្រង់សំខាន់ៗបន្តបន្ទាប់។

លោកបន្តថា “តាមរយៈល្បឿននៃការអភិវឌ្ឍនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចកម្ពុជាកាន់តែមានឯករាជ្យភាព និងកាន់តែមានភាពជាម្ចាស់ជាងមុន “។លោកបន្តថា “ផលផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍” ក្នុងឆន្ទៈប្តូរផ្តាច់ឥតងាករេ នូវវិធានការណ៍មុតស្រួចទាំងឡាយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល”។

ដើម្បីឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងការវិភាជថវិកាឆ្នាំ២០១៨ វិស័យសង្គមកិច្ច ត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១ ដោយទទួលបានឥណទានថវិកាប្រមាណជាង៧ភាគរយ នៃផលទុនជាតិសរុប(ផ.ស.ស) មានកំណើនប្រមាណ២២ភាគរយ ធៀបនឹងឆ្នាំ២០១៧។

បើធៀបនឹងវិស័យចំនួន៤ទៀត រដ្ឋាភិបាលក៏បានបង្កើនការចំណាយសរុបលើក្រសួងអប់រំ យុវជន និងកីឡាច្រើនជាងមុនបីដង។ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ត្រូវបានបង្កើនជិតពីរដង ក្រសួងសុខាភិបាល ត្រូវបានបង្កើនជិតពីរដងកន្លះ និងក្រសួងបរិស្ថានត្រូវបានបង្កើនជិតបីដងផងដែរ៕

មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយទៀតគ្រោងនឹងដំនើរការនៅឆ្នាំ២០២០

0

ដោយដែន ចែងចាំង

ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ និងលំនៅដ្ឋានបែបសហកម្មសិទ្ឋដ៏ធំមួយ នឹងបើកដំនើរការនៅឆ្នាំ២០២០ខាងមុខនេះ ស្របពេលទស្សនទាននៃកា​រ អភិវឌ្ឍចម្រុះបែបនេះ កំពុងពេញនិយមនៅកម្ពុជា។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងនាព្រឹកថ្ងៃទី១៤ មិនានេះថា គំរោង Urban Village បានចាប់ផ្តើមសាងសង់កាលពីឆ្នាំមុន និងគ្រោងបញ្ចប់នៅឆ្នាំ២០២០ សម្រាប់ដំណាក់កាលទី១ ដែលមានផ្ទះសរុបចំនួន៨២៨យូនីត និងមានអាគារចំនួនបីប្លុក។ គំរោងនេះ ស្ថិតនៅចម្ងាយប្រ​មាណ៧០០ម៉ែត្រ ចេញពីចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ២៧១ ឆ្ពោះទៅកាន់ផ្លូវលេខ៦០ម៉ែត្រ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា “ទីផ្សារខុនដូនៅតែមានភាពល្អប្រសើរ សម្រាប់គំរោងដែលស្ថិតនៅទីតាំងល្អ និងមានលក្ខខ័ណ្ឌទីផ្សារល្អ”។

CBRE Cambodia មានមោទនភាពក្នុងការបង្ហាញ និងការដាក់លក់ខុនដូរ របស់គំរោង Urban Village។ Urban Village គឺជាគំរោងថ្មី ធំទូលាយ មានការរចនាឥតខ្ចោះ និងស្រស់ស្អាត ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃ ចំនុចកណ្តាលតំបន់ពាណិជ្ជកម្ម។ នេះជាគំរោងសមស្របសម្រាប់ គ្រួសារទំហំតូច និងមធ្យម ព្រមទាំងសំរាប់អ្នកវិនិយោគ។

ខុនដូទាំងអស់នៃគំរោងនេះ ត្រូវបានបង្កើតជាសហគមន៍ ដែលតំរូវតាមក្រុមគ្រួសារនិងសហគមន៍ជុំវិញ។ គំរោងនេះមានចំងាយតែ១៥នាទីប៉ុណ្ណោះនៅភាគខាងត្បូង នៃចំនុចកណ្តាលនៃរាជធានីភ្នំពេញ ហើយការរចនាធ្វើឡើងដើម្បីបំពេញនូវការរស់នៅបែបទីក្រុងបៃតង និងបរិវេណធំទូលាយ ដើម្បីបង្ហាញពីភាពឥតខ្ចោះនៃគំរោង។គំរោងនេះមានតំលៃចាប់ពី 59,500 ដុល្លារ​ប៉ុណ្ណោះ៕

ផ្សារទំនើបអន្តរជាតិចំនួន៥ ត្រៀមស្វាគមន៍អតិថិជននៅឆ្នាំនេះ

0

ដោយ គង់ ម៉ាលីន

ភ្នំពេញ ដោយសារកំនើនប្រាក់ចំណូលប្រជាពលរដ្ឋ បានធ្វើឲ្យកំលាំងទិញ​កើនឡើង អ្នកវិនិយោគអន្តរជាតិនានា បានបោះទុនវិនិយោគផ្សារទំនើបលំដាប់​អន្តរជាតិជាច្រើននៅកម្ពុជា។

គេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច propertyarea.asia ដែលកាលពីដើមសប្តាហ៍នេះ បានបង្ហាញផ្សារទំនើបក្នុងស្រុកចំនួន៥នឹងបើកនៅឆ្នាំនេះ ប៉ុន្តែថ្ងៃនេះយើងនឹងនាំអ្នកអាន មកស្វែងយល់ផ្សារទំនើបលំដាប់អន្តរជាតិចំនួន៥ទៀត នឹងបើកដំណើរការនៅឆ្នាំនេះ ដែលផ្សារទាំងនោះ រួមមាន ផ្សារទំនើបលំដាប់អន្តរជាតិ AEON Mall2, ស្ថិតក្នុងខ័ណ្ឌសែនសុខ Phnom Penh Mega Mall ស្ថិតនៅតាមមហាវិថីសហព័ន្ឋរុស្ស៊ី  Prince Plaza Mallស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម  Midtown Mallស្ថិតនៅតាមផ្លូវលេខ២០០៤ និងផ្សារទំនើបEden Gardenស្ថិតនៅក្នុងតំបន់បឹងកក់ នឹងបើកដំណើរការនៅឆ្នាំនេះ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនលំដាប់ពិភពលោក CBRE Cambodiaបានថ្លែងដោយសយទិដ្ឋិនិយមថា ទីផ្សារទំនើបនៅកម្ពុជានៅតែបង្ហាញសញ្ញាវិជ្ជមាន ដោយសារចំនួនប្រជាពលរដ្ឋកើនឡើង និងអំណាចនៃ​ការទិញបានកើនឡើងនៅក្នុងទីផ្សារកម្ពុជា ព្រោះប្រាក់ចំណូលប្រជាពលរដ្ឋកើន​ឡើង ស្របពេលដែលអ្នកវិនិយោគបានចាប់យកចំណែកទីផ្សារខុសៗគ្នា ដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគេជោគជ័យ។

អ្នកនាងបន្តថា “ទោះជាយ៉ាងណាការទិញទំនិញល្បីៗ នៅតាមផ្សារទំនើបនៅកម្ពុជាមិនទាន់ច្រើននៅឡើយទេ ប៉ុន្តែសេវាកម្មភេសជ្ជៈ និងម្ហូបអាហារជាផ្នែកដែលមានការពេញនិយមជាងគេនៅក្នុងទីផ្សារនានា”។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group លោកឧកញ៉ា សៀ រិទ្ឋីដែលគ្រោងនឹងបើកផ្សារទំនើបថ្មីមួយ នៅក្នុងអាគារ The Bridge គឺ The Bridge Commercial បានទទួលស្គាល់ថា នៅកម្ពុជាមិនទាន់ដល់ពេលសម្រា​ប់ផលិតផល ដែលមានកេរ្ត៍ឈ្មោះល្បីៗលំដាប់ពិភពលោកទេ វាត្រូវការពេលវេលាពី៥ទៅ១០ឆ្នាំទៀត ដោយសារអ្នកមានប្រាក់សម្រាប់ទិញទំនិញបែបនេះមិនទាន់ប្រើប្រាស់ផ្សារទំនើបក្នុងស្រុក និងទិញទំនិញក្នុងស្រុកទេ។

លោកបន្តថា “មិនថាតែក​ម្ពុជា សូម្បីតែអ្នកមាននៅប្រទេសវៀតណាម ពួកគេនៅតែមានការពេញនិយមទិញទំនិញនៅក្រៅប្រទេស ប៉ុន្តែការមកដល់របស់ផលិតផលម៉ាកល្បីៗទាំងនោះ ពួកគេមិនគិតច្រើននោះទេ អ្វីដែលសំខាន់គឺពួកគេពង្រីកការចែកចាយផលិតផលរបស់ពួកគេ”។លោកបន្តថា “ខ្ញុំគិតថាមិនទាន់​ដល់ពេលសម្រាប់ផលិតផលល្បីៗ នៅកម្ពុជានៅឡើយទេ វាត្រូវការពេលវេលា​បន្ថែមទៀត”៕

ដំណឹងល្អៈ ក្រុមហ៊ុនចិន GreenLeader នឹងសាងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំ

0

ដោយ វុត្ថា

ភ្នំពេញ អ្នកដាំដំឡូងមីទំនងជាមិនសូវបារម្ភពីស្ថានភាពទីផ្សារទៀតនោះទេ ខណៈរោងចក្រជាច្រើននឹងសាងសង់ដោយក្រុមហ៊ុនចិន Greenleaderដែល​មានមូលដ្ឋាននៅប្រទេសចិន នឹងសាងសង់រោងចក្រជាច្រើនដើម្បីកែច្នៃដំឡូងមី​នៅកម្ពុជា។

ក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Michael Tse នាយកប្រតិបត្តិនៃក្រុមហ៊ុន GreenLeader ដែលជាក្រុមហ៊ុនមួយបានបោះទុននិវិយោគក្នុងកម្រិតធំ លើការកែច្នៃផលិតផលដំឡូងមីបានឲ្យដឹងកា​លពីម្សិលម៉ិញនេះថា ក្រុមហ៊ុន GreenLeader ជាក្រុមហ៊ុនមួយ ដែលបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅទីក្រុងហ៊ុងកុង ហើយបានចូលមកកម្ពុជាដើម្បីបង្កើតជារោងចក្រកែច្នៃដំឡូងមីខ្នាតធំ សម្រាប់កែច្នៃដំឡូងមីទៅជាម្សៅ។ លោក Tse បន្តថា ជាការចាប់ផ្ដើមអនុវត្តដំបូង ទៅលើចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុនGreenLeader ក្រុមហ៊ុននឹងចាប់ផ្ដើម​សាងសង់រោងចក្រទី១ នៅខេត្តក្រចេះ នៅអំឡុងខែមេសាខាងមុខនេះ ដោយរោងចក្រនេះមានសមត្ថភាពកែច្នៃដំឡូងមីជាម្សៅប្រមាណ១០០.០០០ តោនក្នុងមួយឆ្នាំ។

លោកបន្តថា ដើម្បីអាចទទួលបានផលកែច្នៃ ក្នុងទ្រង់ទ្រាយដូចខាងលើ រោងចក្រចាំបាច់ត្រូវការ ដំឡូងមីជាវត្ថុធាតុដើមយ៉ាងតិច៥០០.០០០ តោនក្នុងមួយឆ្នាំ ហើយដើម្បីទ្រទ្រង់កម្រិតផលិតកម្មនេះបាន ក្រុមហ៊ុននឹងប្រើប្រាស់យន្តការកិច្ចព្រមព្រៀងកសិកម្ម (Contract Farming) ជាមួយនឹងកសិករ ដោយផ្ដល់ជូននូវបច្ចេកទេស ពូជ និងធនធានមួយចំនួនទៀត។ លោកបានបន្ថែមថា ក្រុមហ៊ុនក៏មានគម្រោងបង្កើតរោងចក្រចំនួន៥ ក្នុងរយៈពេល២ឆ្នាំ ដោយរោងចក្រទីពីរអាចនឹងសាងសង់ នៅប៉ែកខាងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានមកបោះទុនកម្រិតធំនេះនៅកម្ពុជា ជាពិសេស​គឺ​វិនិយោគ​លើ​វិស័យកសិកម្ម ដែលជាវិស័យមួយដ៏សំខាន់របស់កម្ពុជា។ ជាមួយនឹងផលិតផលដំឡូងមី លោកប៉ាន សូស័ក្តិបានមានប្រសាសន៍ថា ដំឡូងមីជាផលិតផលកសិកម្មធំទីពីរ របស់កម្ពុជាបន្ទាប់ពីស្រូវ ហើយក៏ជាផលិតផលមួយ ដែលមានសក្ដានុពលខ្ពស់សម្រា​ប់កែច្នៃ និងនាំចេញ ដោយដំឡូងមីអាចកែច្នៃទៅជាមុខទំនិញជាច្រើនដូចជា ម្សៅមី ប្រេងឥន្ធនៈអេតាណុល គ្រាប់ថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគដទៃទៀត។

លោកបន្តថា “ការវិនិយោគនេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កសិ​ក​រកម្ពុជា ជាពិសេសបង្កើនចំណូលរបស់ពួកគាត់ កាត់បន្ថយចំណាកស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ”។

លោករដ្ឋមន្រ្តីក៏បានស្នើសុំ ក្រុមហ៊ុន GreenLeader អាចពិចារណាចាប់ជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីជាការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ហើយជម្រាបដែរថាក្រសួងពាណិជ្ជកម្ម នឹងត្រៀមខ្លួនជានិច្ចដើម្បីជួយសម្រួលដល់ដំណើរការធុរកិច្ចរបស់ក្រុមហ៊ុន៕

ដំណឹងរីករាយ! អ្នកខេត្តក្រចេះនឹងមានស្ពានឆ្លងទន្លេមេគង្គនៅពេលខាងមុខ

0

ដោយ វុត្ថា

ភ្នំពេញរដ្ឋាភិបាលកម្ពុជាមានគម្រោងសាងសង់ស្ពានស្ពានឆ្លងកាត់ទន្លេងមេគង្គមួយទៀតនៅក្នុងខេត្តក្រចេះ ដើម្បីសម្រួលដាក់ការធ្វើដំណើរ និងការដឹកជញ្ជូនមានភាពកាន់តែប្រសើរ ខណៈដែលគម្រោងផ្សេងទៀត បានសិក្សាបញ្ចប់រួចរាល់ហើយ នៅឡើយតែចចាររកប្រាក់ចម្ចីពីរដ្ឋាភិបាលចិនដើម្បីសាងសង់។

លោកទេសរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹងជញ្ជូនបានគូសបញ្ជាក់ឲ្យដឹងកាលពីពេលថ្មីៗនេះថា  យើងមានផែនការសង់ស្ពានមួយទៀត នៅក្នុងខេត្តក្រចេះ។ ចំណែកស្ពានឆ្លងកាត់នៅរាជធានីភ្នំពេញ ដូចជាស្ពានឆ្លងកាត់ទន្លេនៅស្វាយជ្រុំ និងស្ពានឆ្លងកាត់នៅអរិយក្សត្រ និងមួយទៀតនៅក្តីតាកុយ នៅមេគង្គខាងលើ និងមេគងខាងក្រោមនេះ បានសិក្សាចប់សព្វគ្រប់រួចអស់ហើយ  ដើម្បី​ចូលទៅក្នុងការស្នើរសុំថវិកា កម្ចីពីរដ្ឋាភិបាលចិនដើម្បីសាងសង់។

ប្រទេសកម្ពុជាមានស្ពានឆ្លងកាត់ទន្លេចំនួន១០ នៅតាមបណ្តាលខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជា។

រដ្ឋាភិបាលកម្ពុជាមានមហិច្ឆតា សាងសង់សង់ស្ពានឆ្លងទន្លេជាច្រើនផ្សេងទៀត ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយពេលវេលាក្នុង​ការធ្វើដំណើរ។

នាយករដ្ឋមន្ត្រីកកម្ពុជាសម្តេចតេជោហ៊ុន សែន ធ្លាប់បានលើកឡើងថារដ្ឋាភិបាលមានគំរោងច្រើន ក្នុងការធ្វើស្ពានឆ្លងកាត់ទន្លេ មិនតែប៉ុណ្ណោះរដ្ឋាភិបាលនឹងធ្វើស្ពានឆ្លងកាត់នៅតាមព្រែកនានាថែមទៀត តែកម្ពុជាមិនមានទុនគ្រប់គ្រាន់នោះទេ តែអ្វីដែលយើងធ្វើកន្លងមកនេះ បានធ្វើអោយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានការរីកលូតលាស់។

សម្តេចបន្តថា “ខ្ញុំសង្ឃឹមថា កម្ពុជានឹងបន្តទៅមុខថែមទៀត ក្នុងដំណើរដ៏រឹងមុំា”។

លោកស៊ុន ចាន់ថុល បានបន្ថែមថា ដើម្បីអភិវឌ្ឍន៍ត្រីកោណ រដ្ឋាភិបាល មានគម្រោងសាងសង់ផ្លូវពីខេត្តរតនគិរី ឡើងទៅកានមណ្ឌលគិរី ដែលផ្លូវនេះកំពុងស្ថិតក្នុងការសិក្សា។លោកបន្តថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប៉ូលសេដ្ឋកិច្ខ៣ គឺប៉ូលសេដ្ឋកិច្ចខេត្តព្រះស៊ីហនុ ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចខេត្តសៀមរាប តែយើងនឹងបន្ថែមប៉ូលទៀត គឺប៉ូលសេដ្ឋកិច្ចក្នុងបន់ភូមិភាគឥសាន្តចាប់ពីខេត្តក្រចេះ។

ស្ពានគ្រោងសាងសង់ក្នុងខេត្តក្រចេះ គ្រោងធ្វើភ្ជាប់រវាងទីប្រជុំជនស្រុកឆ្លូង ឆ្ពោះទៅកាន់ស្រុកព្រែកប្រសព្វក្នុងខេត្តក្រចេះ៕

ដំណឹងល្អ! សួនកម្សាន្តលំដាប់អន្តរជាតិតម្លៃ៦០លានដុល្លារនឹងបើកចុងឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ សួនកំសាន្តតម្លៃ៦០លានដុល្លារអាមេរិក ដែលវិនិយោគដោយបុរីប៉េង ហួត មានទំហំដីជិត៨ហិកតា ស្ថិតនៅខាងក្រោមបុរីនេះតាមបណ្តោយផ្លូវជាតិលេខ១ នឹងបើកដំណើរការនៅចុងឆ្នាំ២០១៨ខាងមុខនេះ។

អគ្គនាយកក្រុមហ៊ុនបុរីប៉េង ហួតគ្រុបលោកឧកញ៉ា ថៃ ម៉េងលី​បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងអភិវឌ្ឍន៍នេះ ត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីជិត៨ហិកតា​ជាមួយនិងអគារសាលប្រជុំ ឬសាលសំរាប់រៀបចំអាពាហ៏ពិពាហ៏។ សួនកំសាន្តនេះត្រូវបានរចនាឡើងតាមបែបអឺរ៉ុប ដែលមានសំណង់អគារពិសេ​សប្លែកៗ និងលំអរទៅដោយសួនដើមដើមឈើធំៗ សងខាងទន្លេដែលអាចជិះទូកបាន និងមានស្ពានស្អាតៗឆ្លងទន្លេចំនូនបី ភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយទៀត។

សួនកំសាន្តនេះ ត្រូវបានរៀបចំជាតំបន់អឺរ៉ុប​ផ្សេងៗគ្នាចំនួន​ដូចជា តំបន់ទី១ មានអគាររចនាបថបែបប្រទេសស្កត់ឡែន និងអាឡឺម៉ង់មជ្ឈិមសម័យ។ តំបន់ទី២ មានអគាររចនាបថបែបហូឡង់ និងបារាំងសម័យកាល​រស់​ឡើងវិញ​នៃ​អរិយធម៌​រុងរឿង តំបន់ទី៣ មានអគាររចនាបថបែបអ៊ីតាលីនៃទន្លេវេនីស និងតំបន់ផ្សេងៗទៀត។ អាគារនិមួយៗ ស្ថិតនៅក្បែរមាត់ទន្លេនេះនឹងត្រូវបានគេប្រើប្រាស់ជាភោជនីយដ្ឋានសម្បូរបែប មានអាហារអឺរ៉ុប ចិន​ ជប៉ុន ​​ខ្មែរ។ល។ អ្នកទស្សនាអាចសម្រាកលំហែ និងពិសារអាហារដ៏មានឱជារស់គ្រប់ប្រភេទបាននៅទីនេះ។

លោកឧកញ៉ាថៃ ម៉េងលីបានបន្តថា ដោយសារភាពច្នៃប្រឌិតខ្ពស់ និងធ្វើឡើងដោយវិស្វករ និងស្ថាបត្យករជាតិ និងអន្តរជាតិ បានធ្វើឲ្យគំរោងនេះទទួលបានពានចំនួនពីរ ​គឺពានរង្វាន់ផ្នែកស្ថាបត្យកម្មឌីហ្សាញសួនលំហែរ ដែលលជាងគេលំដាប់ផ្កាយប្រាំនៅឆ្នាំ២០១៦ និងពានរង្វាន់ផ្នែកអភិវឌ្ឍសួនលំហែរដែលល្អជាងគេនៅកម្ពុជាប្រចាំឆ្នាំ២០១៧ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិដែលមានការិយាល័យនៅប្រទេសអង់គ្លេស។

លោកបានបន្តថា “គំរោងនេះនឹងបើកដំណើរការស្វាគមន៏អ្នកដែលរស់នៅក្នុងបុរីប៉េងហួត និង​សាធារណៈជនទូទៅដែលស្វែងរកកន្លែងសម្រាកលំហែរនិងញ៉ាំអាហារប្រកបដោយផាសុកភាព”។ លោកបន្តថា “ក្រុមហ៊ុនចាប់អារម្មណ៏ក្នុងការវិនិយោគឡើងគឺក្នុងគោលបំណង ផ្ដល់ទីកន្លែងស្អាតសំរាប់លំហែកំសាន្ត ញ៉ាំអាហារដល់អ្នករស់នៅក្នុងបុរីប៉េងហួត និងសាធារណៈជនទូទៅ និងជាពិសេសគឺដើម្បីចូលរូមអភិវឌ្ឍទីក្រុងភ្នំពេញ ដោយនាំមកនូវគំរោងថ្មីស្អាត ដែលមិនដែលធ្លាប់មាននៅស្រុកខ្មែរពីមុន ​ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ”​។

ចំពោះការចូលមកទស្សនា និងកំសាន្ត ក្នុងគំរោងនេះនឹងមិនតម្រូវឲ្យមានការទិញសំបុត្រទេ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា នេះជាផលិ​តផលទេសចរណ៍ថ្មីមួយ ដែលកន្លងមកវិស័យឯកជនក្នុងវិស័យនេះ តែងតែជំរុញឲ្យអ្នក​វិនិយោគជាតិ និងអន្តរជាតិវិនិយោគលើរមណីយដ្ឋានកែច្នៃឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវ​ទេសចរណ៍អន្តរជាតិមកស្នាក់នៅ និងកម្សាន្តរយៈពេលវែងនៅកម្ពុជា។

លោកបន្តថា “វិស័យឯកជនស្វាគមន៍គំរោងវិនិយោគថ្មីនេះ ព្រោះវាជាការធ្វើពិពិធកម្ម​ទីផ្សារទេសចរណ៍ ខណៈតំបន់កំសាន្តនៅរាជធានីភ្នំពេញនៅមានកម្រិតនៅឡើយ”៕

ស្វែងយល់ពីអាស៊ាន៖ ប្រជាជនសឹង្ហបុរីវិនិយោគអចលនទ្រព្យនៅសហរដ្ឋអាមេរិក

0

ដោយ វុត្ថា

ភ្នំពេញយោងតាមការសិក្សារួមមួយ ដែលចេញផ្សាយកាលពីពេលថ្មីៗដោយ ក្រុមហ៊ុនCushman & Wakefield (C & W) និង Real Capital Analytics (RCA)បានបង្ហាញឱ្យដឹងថា ប្រជាជននៃប្រទេសសិង្ហបុរី បានក្លាយជាអ្នកវិនិយោ​គអាស៊ីដ៏ធំបំផុត នៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មសហរដ្ឋអាមេរិក។

របាយការណ៍នេះបានរកឃើញថា វិនិយោគិនសឹង្ហបូរីបានចំណាយប្រាក់ចំនួន៩,៥ពាន់លានដុល្លារ លើអចលនទ្រព្យសហរដ្ឋអាមេរិកនៅឆ្នាំ២០១៧ ខណៈពេលដែលការវិនិយោគរបស់ចិនដីគោក បានធ្លាក់ចុះ៦៦ភាគរយស្មើ នឹង ៥,៩ ពាន់លានដុល្លារ។

តួលេខនេះ ធ្វើឱ្យប្រទេសសឹង្ហបុរី បានក្លាយជាប្រទេសវិនិយោគដ៏ធំបំផុតទី ៣នៅលើពិភពលោក ក្នុងអចលនទ្រព្យពាណិជ្ជកម្មអាមេរិក បន្ទាប់គឺប្រទេសកាណាដា និងបារាំង។ នេះគឺជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១២ ដែលប្រទេសសិង្ហបុរីបានយកឈ្នះប្រទេសចិន ក្នុងការវិនិយោគរបស់សហរដ្ឋអាមេរិក។

នៅទូទាំងពិភពលោកប្រទេសសឹង្ហបូរី ជាប្រភពវិនិយោគទុនអចលនទ្រព្យដែលធំជាងគេទី៥នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ហុងកុង ចិន និងបារាំង។

ការវិនិយោគអចលនទ្រព្យក្រៅស្រុក បានកើនឡើង៤០ភាគរយ ដែលមានទឹកប្រាក់ប្រមាណជា២៨,៤ ពាន់លានដុល្លារនៅឆ្នាំ២០១៧ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

វិនិយោគិនសឹង្ហបូរី បានបែងចែកទ្រព្យសម្បត្តិរដ្ឋ សម្រាប់ផ្តល់ឱកាសភាគច្រើន នៅក្នុងផ្នែកគ្រួសារ ដែលមានសមាជិកច្រើន ដែលមានឧស្សាហកម្ម និងតំបន់ជាយក្រុង ក៏ដូចជាមជ្ឈមណ្ឌលទិន្នន័យ និងលំនៅដ្ឋានរបស់សិស្ស។

ក្រុមហ៊ុន C & W បានចង្អុលបង្ហាញថា គំរោងវិនិយោគពីប្រទេសិង្ហបុរី កំពុងចូលទីផ្សារទីពីរ និងទីបីនៅសហរដ្ឋអាមេរិក។

ការវិនិយោគរបស់ប្រទេសសឹង្ហបូរីនៅឆ្នាំ២០១៧ នៅតែស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក យ៉ាងណាក៏ដោយប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងការវិយោគនៅក្នុងទីប្រជុំជននៅក្នុងសហរដ្ឋអាមេរិកផងដែរ។

កិច្ចព្រមព្រៀងវិនិយោគពីសិង្ហបុរីធំបំផុត ក៏ត្រូវបានកត់ត្រាកាលពីឆ្នាំមុនផងដែរ នៅពេលដែលមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព GIC បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Monogram Residential Trust ក្នុងទំហំទឹកប្រាក់ចំនួន៤,៧ ពាន់លានដុល្លារ។

កាលពីថ្មីៗនេះមូលនិធិនេះ បានចំណាយប្រាក់ចំនួន២៤៤,៥ លានដុល្លារក្នុងការវិនិយោគលើអចនលទ្រព្យសម្រាប់គ្រួសារ ដែលមានសមាជិកច្រើនរបស់សហរដ្ឋអាមេរិក៕

ទីក្រុង​បាវិត​កាន់​តែមាន​សក្តានុពល​ខ​ណៈ​កំនើន​នៃ​ការវិនិយោគ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជាមួយនឹង​កំនើន​ប្រជាសាស្ត្រ និង​កំនើន​នៃ​អ្នកវិនិយោគ​បានធ្វើ​ឲ្យ​ទីក្រុង​បាវិត​កំពុង​ប្រែប្រួល​មុខមាត់​ថ្មី តាមរយៈ​ការកើនឡើង​នូវ​សកម្មភាព​ពាណិជ្ជកម្ម និង​ការកើនឡើង​នូវ​រោងចក្រ​សហគ្រាស​នា​នា។

នាយក​រដ្ឋបាល​សាលាក្រុង​បាវិត លោក​ប៉ែន ភា​រ៉ុ​ន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី១៣ មិនា​នេះ​ថា បច្ចុប្បន្ន​ក្រុង​បាវិត​មាន​សកម្ម​ភាពរសរវើក​ឡើងវិញ ដោយ​ចំនួន​មនុស្ស​រស់នៅ​បាន​កើន​ដល់​ជាង៥០,០០០នាក់ ដែល​ធ្វើ​ឲ្យ​សកម្មភាព​ក្នុង​វិស័យ​អចល​ទ្រព្យ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង លើ​ការ​ពុះ​ដីឡូត៍​លក់ និង​សកម្មភាព​មួយចំនួនទៀត។លោក​បន្តថា សកម្មភាព​និង​តម្លៃ​អចលនទ្រព្យ ចាប់ផ្តើម​មានការ​ប្រែប្រួល ហើយ ប៉ុន្តែ​តម្លៃ​មិនទាន់​កើនឡើង​ខ្លាំង​នៅឡើយ​ទេ។

លោក​បន្តថា ទីក្រុង​បាវិត​មាន​ទំហំ​ផ្ទៃដី២០៦,៦៩គីឡូម៉ែត្រ​ការ៉េ និង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៥ និង​មាន​រោងចក្រ​ចំនួន៥៦កំពុងដំណើរការ មាន​សណ្ឋាគារ និង​កាស៊ីណូ​ចំនួន១២កំពុងដំណើរការ និង​មួយ​កំពុង​សាងសង់។

លោក​ប៉ែន ភា​រុន​បាន​បន្តថា “បច្ចុប្បន្ន​ការវិនិយោគ​កើនឡើង​ក្នុង​ទីក្រុង​នេះ​ទាំង​សកម្មភាព​ពាណិជ្ជកម្ម រោងចក្រ​សហគ្រាស និង​វិស័យ​អចលនទ្រព្យ។

លោក​បណ្ឌិត​គីម ហ៊ាង​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​អ្នកមាន​ស្រុកកំនើត​នៅ​ទីក្រុង​បាវិត ខេត្តស្វាយរៀង ព្រំប្រទល់​ប្រទេស​វៀតណាម បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា មួយរយៈ​ចុងក្រោយ​នេះ ទីក្រុង​បាវិត មាន​សកម្មភាព​អភិវឌ្ឍន៍​ច្រើន ដោយសារ​បច្ចុប្បន្ន​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ប្រាំ​នៅក្នុង​ទីក្រុង​នេះ ដែល​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ពិសេស​ការចូលទៅ​វិនិយោគ​របស់​ជនជាតិ​ចិន កាន់តែច្រើន​នៅក្នុង​ទីក្រុង​នេះ ដែល​ធ្វើ​ឲ្យ​សកម្មភាព​ពាណិជ្ជកម្ម​មា​ន​ភាពរសរវើក។

លោក​បន្តថា “បច្ចុប្បន្ន​គេ​អាច​សាងសង់​ផ្ទះជួល​បាន សាងសង់​ផ្ទះ​លក់​ក៏បាន​និង​សាងសង់​ផ្សារ​ក៏បាន និង​មាន​សកម្មភាព​ពុះ​ដីឡូត៍​លក់​ច្រើន ដោយសារ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​នៅក្នុង​ទីក្រុង​នេះ។លោក​បន្តថា “ដោយសារ​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​កើនឡើង បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​ទ្វេ​រដង ធៀប​នឹង​ឆ្នាំមុន ជា​អ្វីដែល​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​នេះ កំពុង​រីករាយ​នឹង​សកម្មភាព​អភិវឌ្ឍន៍​របស់​ក្រុង​ជាយដែន​នេះ។

បច្ចុប្បន្ន​តម្លៃ​ដីធ្លី​នៅ​ក្រុង​បាវិត មាន​ចន្លោះ​ពី២០០ទៅ៣០០ដុល្លារ​សម្រាប់​តំបន់​ជាប់​ផ្លូវជាតិ និង​តំបន់​ពាណិជ្ជកម្ម។ តំបន់ឧស្សាហកម្ម​មាន​តម្លៃ​ចន្លោះ​ពី៣០ទៅ៥០ដុល្លារ​អាមេរិក និង​តំបន់​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្លូវជាតិ​មានតម្លៃ​ចន្លោះ​ពី៥ ទៅ២០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ។ តម្លៃ​នេះ​ប្រែប្រួល​អាស្រ័យ​ទីតាំង និង​ទំហំ​ដី​ជាក់ស្តែង។នេះ​បើ់តាម​លោក​គីម ហ៊ាង។

លោក​បន្តថា ជាមួយនឹង​សកម្មភាព​អភិវឌ្ឍន៍ និង​កំនើន​នៃ​ការវិនិយោគ​បច្ចុប្បន្ន​មាន​កាស៊ីណូ និង​សណ្ឋាគារថ្មីៗជាច្រើន​កំពុង​សាងសង់​បន្ថែមទៀត ខណៈ ពីមុនមក​មាន​កាស៊ីណូ​មួយចំនួន​បាន​បិទទ្វារ ប៉ុន្តែ​ពេលនេះ​ពួកគេ​បាន​បើក​ដំណើរការ​ឡើងវិញ​អស់ហើយ។

នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល ឆ្នាំ២០១៥ ២០២៥ រដ្ឋាភិបាល​បានដាក់​ទីក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស សម្រាប់​ការសម្រួល​ពាណិជ្ជកម្ម ការដឹកជញ្ជូន និង​ការទាក់ទាញ​ការវិនិយោគ​ពី​អ្នកវិនិយោគ​នៅ​ប្រទេសជិតខាង ហើយ​ប្រើប្រាស់​ទីក្រុង​នេះ​ជាទី​តាំង​ស្តុក​ទំនិញ និង​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម៕