វិភាគ៖ តើលោកគីម ជុងអ៊ុននឹងផ្លាស់ប្តូរជំហរ ១៨០ដឺក្រេដែរ ឬទេ?

0

ដោយលាងគង់ យិនស្ថាបនិកគេហទំព័រ www.propertyarea.asia

       ភ្នំពេញ៖ ជំនួបរវាងលោកគីម ជុងអ៊ុន និងដូណាល់ ត្រាំបានធ្វើឲ្យពិភពលោកកំពុងរំពៃគិតយ៉ាងយកចិត្តទុកដាក់ និងរង់ចាំអ៊ុតមើលលទ្ឋផលថា តើអ្វីជាផ្លែផ្កាពិតប្រាកដនៃជំនួបនេះ? ហើយអ្វីដែលគេចាប់អារម្មណ៍ជាងគេ គឺ”ជំហ”របស់បុរសរ៉ូកែត តើនឹងមានកាតរ​ផ្លាស់ប្តូរបែបណា?។

ព្រះអាទិត្យថ្មីមួយត្រៀមរះនៅលើទឹកដីកូរ៉េខាងជើង ហើយប្រជាជនក្រីក្រប្រទេស​នេះប្រហែលកំពុងត្រេកអរ និងរង់ចាំស្បៀងដើម្បីចម្អែតក្រពះ មុនពេលទទួលបានវិបុលភាព ចេញពីការសម្រេចចិត្តមួយប្រកបដោយភាពប្រុងប្រយ័ត្ន ក្នុងសមរភូមិភូមិសាស្រ្តនយោ​បាយ ទំនាក់ទំនងអន្តរជាតិ និងយុទ្ឋសាស្រ្តកាទូតដ៏ស្មុគ្រស្មាញមួយ។

គីម ជុងអ៊ុតមានសន្លឹកបៀរធំ

       មនុស្សជាច្រើនមិនចង់ដឹងជំហររបស់អាមេរិកទេ តែពួកគេភាគច្រើនកំពុងផ្តោត​លើបុរសវ័យក្មេង គីម ជុងអ៊ុនដែលមានសន្លឹកអាត់កឺក្នុងដៃ គឺអាវុធមហាប្រល័យ ជាអ្វីដែ​លសហរដ្ឋអាមេរិកចង់ឲ្យប្រទេសនេះរំសាយ។

សំណួរដំបូងនៅទីនេះ គឺត្រូវសួរថា តើអាមេរិកចង់ឲ្យរំសា​យកម្មវិធីផលិតឬរំលាយចោលនូវគ្រាប់បែកនុយក្លេអ៊ែរ?។ វាជាសំណួរធំមួយ ចម្លើយគឺទាំងពីរ ទើបអាមេរិកអាចនាំវិបុលភាព សម្រាប់ប្រទេសកូរ៉េខាងជើងដ៏ក្រីក្រមួយនេះ។

អ្វីជាជំហររបស់គីម ជុងអ៊ុន? តើបុរសផ្តាច់ការវ័យក្មេងរូបនេះ អាចរំសាយកម្មវិធី​នុយក្លេអ៊ែរចោល ដើម្បីទទួលបាននូវផលប្រយោជន៍ខាងសេដ្ឋកិច្ចរបស់ខ្លួនឬទេ? មុននឹង​​ឆ្លើ​យសំណួរនេះ យើងអាចសួរត្រលប់ទៅវិញថា តើការចំរ៉ាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដើម្បីផលិតគ្រាប់បែកប៉ារមាណូ ត្រូវចំណាយអស់ធនធានប៉ុន្មាន? និងចំណាយពេលប៉ុន្មាន? តើអាមេរិកសុខៗចង់ចចារជាមួយគីម ជុងអ៊ុនឬ? បើសិនជាប្រទេសនេះគ្មានការ គំរាមកំហែងដល់ខ្លួនឯង និងសម្ព័ន្ឋមិត្តរបស់ខ្លួន?។

ឆ្លើយបាននូវសំណួរនេះ យើងនឹងអាចដឹងបានហើយថា តើគោលជំហ៊ររបស់គីម នឹងប្រែប្រួល១៨០ដឺក្រេឬអត់ហើយ។

សម្ពាធឬអំណោយ?

       មើលពីសំបកក្រៅ មហាយក្សចិន ហាក់ត្រូវគេទាត់ឲ្យទៅម្ខាង នៅក្នុងជំនួបកំពូល នេះ ប៉ុន្តែការពិតមិនដូច្នេះទេ ព្រោះចិននៅតែដើរតួនាទី និងមានឥទ្ឋិពលជាមួយ​កូរ៉េខាងជើងពីក្រោយឆាកដដែល។

មហាយក្សចិនច្បាស់លាស់ណាស់ ស្ងៀមស្ងាត់ តែខ្លាកំពុងក្រាប មិនមែនខ្លាដេកនោះទេ។

មុនជំនួបជាមួយប្រធានាធិបតីដូណាល់ ត្រាំរបស់គីម ជុងអ៊ុន ប្រធានាធិបតីចិនបាន​អញ្ជើញគីម ជុងអ៊ុនទៅជួបរួចទៅហើយ។ អ្វីដែលជាគោលបំណងពិតប្រាកដរបស់ចិន គឺចង់ឲ្យគីម ជំរុញឲ្យអាមេរិកដកកងទ័ពចេញពីជប៉ុន និងកូរ៉េខាងត្បូង ដើម្បីធានាបាន​នូវសន្តិភាពរបស់ខ្លួន ជាអ្វីដែលរបបដឹកនាំកូរ៉េខាងជើងបានយកចិត្តទុកដាក់ និងទុក​ជាមូលដ្ឋាននៃស្ថិរភាពរបស់ខ្លួន។ ការជជែកក៏អាចនិយាយពីការផ្តល់ផលប្រយោជន៍ និង​ប្រាប់មេដឹកនាំវ័យក្មេង ត្រូវប្រកាន់ជំហររបស់ខ្លួនយ៉ាងដូចម្តេចផងដែរ។

ការដកទ័ពចេញពីជប៉ុន និងកូរ៉េខាងត្បូង និងធ្វើឲ្យចិនកាន់តែមានលទ្ឋភាពខ្ពស់ក្នុងការគ្របដណ្តប់ឥទ្ឋិពលនៅតំបន់អាស៊ីបូព៌ានេះ និងធ្វើឲ្យជប៉ុនកាន់តែរងា ខណៈជប៉ុ​ន​ខ្លួនឯង បានបង្ហាញការព្រួយបារម្ភពីវាសនារបស់ខ្លួនរួចទៅហើយ បើសិនជាកូរ៉េខាងជើងបែរទៅកាន់សហរដ្ឋអាមេរិកភ្លាមៗនោះ។

សម្ពាពរបស់គីម

       ការចាប់ដៃជាមួយអាមេរិក របស់មេដឹកនាំក្រុងព្យុងយ៉ាង ប្រហែលជាចេតនាមួយរបស់មេដឹកនាំឯកោនេះផងដែរ ប៉ុន្តែនៅក្នុងទំនាក់ទំនងអន្តរជាតិ និងភូមិសាស្រ្តនយោ​បាយ មេដឹកនាំរូបនេះនឹងមិនអាចសម្រេចចិត្តដោយគ្មានការថ្លឹងថ្លែងឡើយ ត្បិតមហាយក្សចិន រុស្ស៊ី អ៊ីរ៉ង់ជាដើម កំពុងផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់ខ្លួន និងអាចជាមិត្តស្លាប់រស់របស់ខ្លួនតាំងពីដើមទីមក។

ចិនអាចជាបងធំនៅកូរ៉េខាងជើង ដោយសារសេដ្ឋកិច្ច ឬភាពរស់រានរបស់កូរ៉េខាងជើង អាចរស់បានក៏ដោយសារមហាយក្សចិន និងសម្ព័ន្ឋមិត្តដទៃទៀតដូចជា រុស្ស៊ី អ៊ីរ៉ង់ ជាដើម។

ទោះបីជាកូរ៉េខាងត្បូង ចង់ឃើញបងប្អូនរបស់ខ្លួនផ្លាស់ប្តូរជំហ៊ក្តី និងចង់ឲ្យបងប្អូន​របស់ខ្លួនមានវិបុលភាព តាមរយៈលំហូរវិនិយោគពីអាមេរិក និងពីប្រទេសដទៃទៀតក្តី ក៏​ប្រទេសនេះត្រូវការពេលវេលា ដើម្បីផ្លាស់ប្តូរជំហររបស់ខ្លួន និងដើម្បីស្ថិរភាពនៃអំណាច​របស់ត្រកូលគីម ព្រោះគីម ជុងអ៊ុនច្បាស់លាស់ណាស់ថា ឥទ្ឋិពលត្រកូលគីម នឹងនៅតែ​ចែងចាំងនៅទឹកកូរ៉េខាងជើង។

ហេតុនេះការផ្លាស់ប្តូររបត់នយោបាយ ទៅកាន់ការដឹកនាំបែបប្រជាធិបតេយ្យទំនង​ជាមិនអាចកើតមាននោះទេ ព្រោះរលកមនោគមវិជ្ជាប្រជាធិបតេយ្យបែបលោកសេរី នឹងធ្វើឲ្យឥទ្ឋិពលត្រកូលគីម សាបរលាបបន្តិចម្តងៗ ពីទឹកចិត្តនិងបេះដូងប្រជាជនកូរ៉េខាងជើង។

ជំហររបស់អាមេរិក

       ប្រមុខការពារជាតិអាមេរិកបានប្រកាសកាលពីពេលថ្មីៗនេះ ជំនួសដូណាល់ ត្រាំរួច​ហើយថា គោលជំហររបស់អាមេរិកមិនផ្លាស់ប្តូរ ក្នុងការដកទណ្ឌកម្មពីកូរ៉េខាងជើងឡើយ ប្រសិនជាកូរ៉េខាងជើងមិនរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីដូណាល់ ត្រាំក៏បាននិយាយផងដែរថា លោ​កនឹងមិនអង្គុយជជែកគ្នាយូរជាមួយលោកគីមឡើយ ប្រសិនការចចារមិនចុះសម្រុងគ្នា ហើយលោកបាននិយាយផងដែរថា លោកលះបង់ជីវិតរបស់លោក ដើម្បីចូលតុចចា​នៅថ្ងៃស្អែកនេះ។

ជាជាតិសាសន៍មួយ ដែលតែងតែគិត​ផលប្រយោជន៍ និងឥទ្ឋិពលរបស់ខ្លួនជាធំ ហេតុនេះបើសិនជាគ្មានផលប្រយោជន៍នៅក្នុងជំនួបនេះ អាមេរិកនឹងមិន​ធ្វើនោះទេ ព្រោះគោលបំណងរបស់ខ្លួន ទី១ គឺចង់ឲ្យកូរ៉េខាងជើងរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីកាត់បន្ថយការគំរាមកំហែងដល់សម្ព័ន្ឋមិត្ត និងផលប្រយោជន៍​របស់ខ្លួននៅក្នុងតំបន់ ទី២ អាមេរិកច្បាស់លាស់ណាស់ ចង់កាត់បន្ថយឥទ្ឋិពលចិននៅក្នុងប្លុកអាស៊ីបូព៌ា និងទី៣ អាមេរិកចង់បានផលប្រយោជន៍ផ្នែកភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចពីកូរ៉េខាងជើង ព្រោះកូរ៉េខាងជើងនឹងទទួលបានវិបុលភាព បើសិនជាអាមេរិកដកទណ្ឌកម្ម។

នេះហើយ​ជាផលប្រយោជន៍នៃទំនាក់ទំនងអន្តរជាតិផង ផលប្រយោជន៍ផ្នែកភូមិ​សាស្រ្តនយោបាយផង និងអាចទាត់ចិនលេងបានផង។

ត្រូវការពេលវេលា

មុនជំនួបចចារនេះកើតឡើង កូរ៉េខាងជើងបានប្រកាសរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន និងបានត្រៀមអញ្ជើញអ្នកជំនាញ ផ្នែកប៉ារមាណូពីអង្គការសហប្រជាជាតិ និងអ្នកសារ​ព៌តមានចូលរួមធ្វើជាសាក្សី ពីការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ។

ហេតុនេះជំនួបនេះ លោកគីមនឹងយល់ព្រមរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងពិតប្រាកដ តែភាសានិយាយ និងសកម្មភាពអាចខុសគ្នាឬទេ? នេះជាសំណួរធំ​មួយ ដូចអ្វីដែលយើងឲ្យលោក អ្នកឆ្លើយនឹងសំណួរខាងលើរួចហើយ។

ជាភាពឆ្លាតវៃមួយ មេដឹកនាំកូរ៉េខាងជើងបានប្រកាសថា នឹងអញ្ជើញលោកដូណាល់ ត្រាំទៅទស្សនកិច្ចនៅប្រទេសរបស់ខ្លួនរួចទៅហើយ បន្ទាប់ពីលោកមកដល់ប្រទេសសឹង្ហបុរី នៅមុនជំនួបផ្លូវការចូលមកដល់។

ភាសា “យល់ព្រម” ចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងចាប់ផ្តើមប្រវត្តិ​សាស្រ្តជាថ្មី នៃទំនាក់ទំនងល្អប្រសើររវាងកូរ៉េខាងជើង និងអាមេរិកច្បាស់ជាលេចឡើង​លើបបូរមាត់របស់មេដឹកនាំគីម មិនខាន។

ជំនួបនេះអាចនឹងមិនទាន់ ឬអាចមានការចុះកិច្ចព្រមព្រៀងសន្តិភាពណាមួយ ប៉ុន្តែការ​បន្ឋូរបន្ថយភាពតានតឹង តាមរយៈការសន្យារំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាថ្នូរនឹងការធានាបាននូវសន្តិភាព និងផលប្រយោជន៍របស់កូរ៉េខាងជើងពីអា​មេរិក ពិតជាសម្បទានមួយ ដែលប្រទេសទាំងពីរត្រូវផ្តល់ឲ្យគ្នាទៅវិញទៅមក ព្រោះការ អនុវត្តន៍នយោបាយឈ្នះ ឈ្នះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងធ្វើឲ្យជំនួបនេះទទួលបានផ្លែផ្កាជាវិជ្ជមាន។

សរុបមកវិញ ជំនួបជាប្រវត្តិសាស្រ្ត ដែលធ្វើឲ្យពិភពលោកផ្តោតការយកចិត្តទុក​ដាក់នេះ នឹងទទួលបានផ្លែផ្កាជាវិជ្ជមាន លើទិដ្ឋភាពមួយចំនួន ទី១ ការកាត់បន្ថយភាពតានតឹងរវាងអាមេរិក និងកូរ៉េខាងជើងមួយរយៈ ព្រោះជំហរកូរ៉េខាងជើងបានបន្ទន់មួយ​ចំនួនហើយ ទី២ ផលប្រយោជន៍របស់កូរ៉េខាងជើងនឹងទទួលបាន បើសិនជាមេដឹកនាំស​ហ​រដ្ឋអាមេរិក អញ្ជើញទៅទស្សនកិច្ចនៅកូរ៉េខាងជើង ទី៣ ក្នុងជំហរចុងក្រោយរបស់​មេដឹកនាំកូរ៉េខាងជើង ហាក់បានប្រកាសថា ប្រទេសរបស់ខ្លួនមិនសុខចិត្តនៅឯកោទៀតទេ ទើបភ្លាមៗប្រទេសរុស្ស៊ីបានជញ្ជើញគីម ជុងអ៊ុនទៅទស្សនកិច្ច។

ហេតុនេះ ការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង(មិនមែនអាវុធប៉ារមាណូ) នឹងធ្វើឡើងពិតប្រាកដឬអត់ អាស្រ័យជំហរបស់សហរដ្ឋអាមេរិក ក្នុងការធានានូវសន្តិភាព និងវិបុលភាពរបស់ខ្លួន ជាជាងការគំរាមកំហែង៕

ខុនដូតម្លៃ៧០លានដុល្លារ ត្រៀមបញ្ចប់ការសាងសង់ ខណៈទីផ្សារនៅតែល្អ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ គំរោងខុនដូប្រណីត AXIS Resident តម្លៃ៧០លានដុល្លារ ដែលវិនិយោ​គ​ដោយជនជាតិសឹង្ហបុរី ត្រៀមបញ្ចប់ការសាងសង់ជាមួយនឹងទំនុកចិត្ត ដោយសារទីផ្សារខុនដូនៅក្រុងភ្នំពេញ នៅតែមានសញ្ញាល្អប្រសើរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស្លឹករឹត ដែលទទួលសិទ្ឋលក់ផ្តាច់មុខនៃគំរោងខុនដូ AXIS Resident លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងតាម​ទូរស័ព្ទនាព្រឹកថ្ងៃទី១១ មិថុនានេះថា រហូតមកទល់ពេលនេះគំរោងខុនដូ AXIS Resident បានត្រៀមបញ្ចប់ការសាងសង់ហើយ ជាមួយនឹងការលក់ទទួលបានជោគជ័យ ព្រោះរហូតមកទល់ពេលនេះ យូនីត៦៤២ ក្នុងគំរោងខុនដូដែលមាន៨អាគារនេះបានលក់ អស់ជាង៦០ភាគរយហើយ។

ខុនដូនេះមានផ្ទះចាប់ពី១បន្ទប់ ដល់៣បន្ទប់គេង និងមានផ្ទះបែប Pen House ដោយលក់ក្នុងតម្លៃ ១៤២៨ដុល្លារ ដល់ ១៨៥៧ដុល្លារក្នុងមួយម៉ែត្រការ៉េ។ គំរោងនេះស្ថិតនៅលើវិថីដួង ងៀប៣ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកឃាង ពុទ្ឋីបានបន្តថា “ខុនដូ AXIS មានលក្ខណៈពិសេសជាច្រើន ដោយសារ​ក្រុមហ៊ុនចង់ផ្តល់ឲ្យអ្នករស់នៅមានភាពកក់ក្តៅ និងផាសុខភាព ហេតុនេះទើបគំរោងនេះ​សាងសង់លើផ្ទៃដីធំទូលាយ និងមានពន្លឺចេញចូលគ្រប់គ្រាន់ក្នុងអាគារ”។ លោកបន្តថា “អ្វីកាន់តែពិសេស ក្រុមហ៊ុនបានផ្តល់សេវាកម្មដល់ អ្នករស់នៅក្នុងគំរោងនេះចំនួន២២មុខ ដូចជា អាងហែលទឹកធំទូលាយ ទីកន្លែងវាយតេនីស សួនកុមារ បណ្ណាល័យអានសៀវភៅ កន្លែងហាត់ប្រាណ ទីតាំងសម្រាប់ជប់លៀងជាដើម”។

គំរោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន SPRING Development Tte និងក្រុមហ៊ុនSanwah Main Holding មកពីសឹង្ហបុរី។គំរោងនេះនឹងដាក់ឲ្យប្រើប្រាស់នៅខែមករា ឆ្នាំ២០១៩ខាងមុខនេះ។

លោកបន្តថា ទីផ្សារខុនដូនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ប៉ុន្តែអតិថិជនភាគ​ច្រើនបានទិញគំរោងនេះជាជនបរទេស ដែលមានការគ្របដណ្តប់រហូតដល់ប្រមា​ណ​៧០ភាគរយ ខណៈជនជាតិខ្មែរ ហាក់មិនទាន់ពេញនិយមស្នាក់នៅតាមខុនដូច្រើននៅឡើ​យ ប៉ុន្តែនិន្នាការទីផ្សារកំពុងកើនឡើង។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា នៅក្នុងត្រីមាសទី៣ឆ្នាំនេះ គំរោងខុនដូថ្មីៗ មិនសូវបានប្រកាសសាងសង់ច្រើននោះទេ ប៉ុន្តែទីផ្សារខុនដូនៅតែល្អប្រសើរជាធម្មតា សម្រាប់វិនិយោគិនក្នុងនិងក្រៅប្រទេ​ស​នៅតែចាប់អារម្មណ៍វិនិយោគ។

អ្នកនាងបន្តថា “ការលក់ខុនដូល្អខ្លាំងសម្រាប់គំរោងដែល​ស្ថិតនៅទីតាំងល្អ និងគំ រោងខុនដូដែលបានបញ្ចប់ការសាងសង់រួច ឬជិតបញ្ចប់ការសាងសង់ ព្រោះអ្នកវិនិយោគ​នាពេលនេះ ពួកគេមិនចង់ចំណាយពេលរង់ចាំច្រើននោះទេ”៕

សឹង្ហបុរីធ្លាប់មានស្នាដៃអ្វីខ្លះ ទើបត្រូវបានជ្រើសរើសជាទីតាំងជំនួបរវាង ត្រាំ និងគីម?

0

ដោយ វុត្ថា

ភ្នំពេញ៖ មិនមែនសុខៗសឹង្ហបុរីត្រូវបានគេចាប់អារម្មណ៍ និងជ្រើសរើសជាទីតាំងសំ​រាប់ជំនួបមេដឹកនាំកំពូលរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុននោះឡើយ។

តើប្រទេសមានឧត្តមភាពកម្រិតណា និងធ្លាប់មានប្រវត្តិយ៉ាងដូចម្តេច ទើបទទួល​បានការចាប់អារម្មណ៍នេះ? គេហទំព័រ www.propertyarea.asia សូមលើកយក​ចំណុចសំខាន់ៗជាថ្មី ពីការជ្រើសរើសប្រទេសសឹង្ហបុរី ជាទីតាំងសម្រាប់ជំនួបកំពូលជាប្រវត្តិ​សាស្រ្ត និងផ្តល់កិត្យានុភាពសម្រាប់ប្រទេសនេះ?។

ក្រុមអ្នកតាមដានស្ថានការអន្តរជាតិបានអោយដឹងថា ប្រទេសសឹង្ហបុរីគឺជាប្រទេ​សដែលមានសុវត្ថិភាព មានសេដ្ឋកិច្ចរីកចម្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសអព្យា​ក្រឹត្យ។ បន្ថែមពីនេះប្រទេសសឹង្ហបូរីបានជាប់កំណត់ត្រា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអន្ត​រ​ជាតិសំខាន់នានាជាច្រើនក្នុងពិភពលោក។ គេមើលឃើញទៀតថាប្រទេសសឹង្ហបុរីមានទីក្រុងទំនើប និងមានហេដ្ឋារចនាសម្ពន្ធសន្តិសុខរឹងមាំ សុវត្ថិភាព ជាទីបំផុតក្នុងតំបន់អាស៊ី។ ប្រទេសនេះ មានការរឹតមាំគ្រប់គ្រងទៅលើប្រព័ន្ធផ្សព្វផ្សាយ និងការប្រមូលផ្តុំជាសាធារណៈដែលធ្វើអោយបរិស្ថាននៃជំនួបនេះ ល្អប្រសើរជាង ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។

លោក Trump ធ្លាប់បានលើកឡើងថាប្រទេសសឹង្ហបុរីតំ គឺជាប្រទេសដែលគ្មានតំបន់យោធាវាងកូរ៉េទាំងពីរ។

លោក Sarah Teo អ្នកស្រាវជ្រាវរងនៅកម្មវិធីស្ថាបត្យកម្មសន្តិសុខតំបន់ RSIS បាននិយាយថាជំនួបសម្រាប់ លោក Trump និង លោក គីម ក្នុងប្រទេសសឹង្ហបូរីគឺជាកន្លែងដែលមានភាពងាយស្រួល ព្រោះប្រទេសនេះមិនមានប្រវតិ្តសាស្ត្រជំលោះនយោ​បាយជាមួយប្រទេសណាមួយនោះទេ។

ប្រទេសសឹង្ហបុរី បានជាប់កំណត់ត្រាប្រវត្តិសាស្ត្រ សម្រាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអន្តរជាតិជាច្រើន ដោយក្នុងនោះក៏ជាប្រទេសប្រវត្តិសាស្ត្រ ក្នុងការរៀបចំជំនួបមេដឹកនាំចិន និងមេដឹកនាំកោះតៃវាន់ផងដែរ។

បន្ថែមពីនេះប្រទេសមួយនេះ ក៏បាធ្លាប់មរៀបចំកិច្ចប្រជុំជាច្រើនសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ទទួលបានជោគជ័យជាផ្លែការផងដែរ ។ ប្រទេសដែលជាមជ្ឈណ្ឌលសេដ្ឋកិច្ចនេះ ត្រូវបានគេដាក់ឈ្មោះថា “Asia’s Swisland” សម្រាប់ភាពអព្យាក្រឹតភាព និងមានទំនាក់ទំនងស្និទ្ធស្នាល ជាមួយបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។

នៅឆ្នាំ២០១៥ លោកស៊ី ជីនភីង ប្រធានាធិបតីនៃប្រទេសចិន ក៏បានជ្រើសរើសប្រទេសសឹង្ហបុរី សម្រាប់កិច្ចប្រជុំដ៏សំខាន់របស់លោក ជាមួយមេដឹកនាំតៃវ៉ាន់លោក Ma Ying-jeou។ កិច្ចពិភាក្សាជាប្រវត្តិសាស្ត្រទាំងនោះ ត្រូវបានគេមើលឃើញថាជាជោគ​ជ័យមួយប្រកដោយភាពសម្ងាត់ខ្ពស់ និងសន្តិសុខតឹងរឹង។

ប្រទេសសឹង្ហបុរី ក៏ធ្លាប់បានរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំ Shangri-La ដែលជាវេទិកាការពារប្រទេសដែលមានការចូលរួមដោយប្រមុខរដ្ឋរដ្ឋមន្រ្តីការពារជាតិ និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូប។

ចាប់តាំងពីដំបូង រហូតមកដល់បច្ចុប្បន្ន ប្រទេសសឹង្ហបុរីគឺជាទីកន្លែង រៀបចំកិច្ចប្រជុំកំពូល និងធ្វើជាម្ចាស់ផ្ទះព្រមទាំងប្រទេសសក្ខីភាពសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ និងចុះសន្ធិសញ្ញាសន្តិភាពជាផ្លូវការ ដើម្បីបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣។

ជំនួបនេះ បានធ្វើឲ្យមុខមាត់សឹង្ហបុរីកាន់តែរះត្រដែតឡើងលើឆាកអន្តរជាតិ និង​ចំ ណេញប្រាក់រាប់រយលានដុល្លារដោយប្រយោល ពីការធ្វើម្ចាស់ផ្ទះមួយនេះ ទោះបីជានា​យកដរដ្ឋមន្រ្តីសឹង្ហបុរីលោកលី សៀនឡុងប្រកាសថាប្រទេសរបស់លោកនឹងចំណាយ១៥លានដុល្លារសម្រាប់រៀបចំកិច្ចប្រជុំនេះក្តី។

ជំនួបនេះធ្វើឡើងនៅសណ្ឋាគារ Capella នៃកោះ Sentosa របស់សឹង្ហបុរី៕

លោកបណ្ឌិត គីម ហ៊ាង បង្ហើបពីឥរិយាបទចំនួន៤ នៃបុគ្គលជោគជ័យ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ តើអ្នកមានឥរិយាបទទាំងនេះឬនៅ? នៅពេលអ្នកកំពុងឈានឆ្ពោះទៅកាន់ភាពជោគជ័យ ឬចង់ទទួលបានជោគជ័យក្នុងមុខជំនួញ ព្រោះមនុស្សជោគជ័យមានឥរិយាបទខុសពីមនុស្សធម្មតាបន្តិច។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានលើកឡើងថា ភាពជាអ្នកមាន និងអ្នកទទួលបានជោគជ័យ ត្រូវមានកត្តាសំខាន់ៗ​មួយចំនួន ដូចជា ទី១ បុគ្គលជោគជ័យ ជាបុគ្គលដែលមានការចេះដឹង ព្រោះគ្មានអ្នកមានប្រាក់ច្រើនណាមួយមិនចេះនោះទេ ហើយបើមិនចេះក៏គាត់មិនអាចរក្សាភាពជាអ្នកមានបានយូរដែរ។ ហេតុនេះ បុគ្គលជាអ្នកមានត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចេះគ្រប់គ្រងផ្នែកទីផ្សារ គ្រប់គ្រងផ្នែកធនធានមនុស្ស ទី២ ជាបុគ្គ​លដែលមានចិត្តមោះមុត ហ៊ានសម្រេចចិត្ត ព្រោះការធ្វើជំនួញត្រូវតែមានការសម្រេចចិត្ត ប្រកប​ដោយភាពច្បាស់លាស់។

ចំណុចទី៣ បុគ្គលដែលជោគជ័យ ជាអ្នកមានវិន័យផ្ទាល់ខ្លួនតឹងរ៉ឹងក្នុងជីវិត ហើយ អ្នកមានជោគជ័យខ្លាំង ត្រូវមានវិន័យតឹងរ៉ឹងចំពោះខ្លួនឯង ចំពោះបុគ្គលនៅជុំវិញខ្លួន ព្រោះអ្នកដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន មិនងាយទទួលបានជោគជ័យនោះទេ។

ទី៤  អ្នកមានត្រូវធ្វើតាមជំនាញ ដែលខ្លួនឯងចេះ និងទី៥ ត្រូវតែជាបុគ្គលឧស្សាហ៍ព្យាយាម រៀនសូត្រជាប់ជាប្រចាំនូវអ្វីទាក់ទងនឹងអាជីព ឬមុខជំនួញផ្ទាល់ខ្លួន។

លោកគីម ហ៊ាងបានបន្តថា ហេតុនេះនៅពេលបើកក្រុមហ៊ុនដំបូង នាយកក្រុមហ៊ុននោះ ត្រូវធ្វើជាទាសកររបស់ក្រុមហ៊ុន ព្រោះក្រុមហ៊ុន៥០ភាគរយបានបិទទ្វារក្រោយរយៈពេលបីឆ្នាំ។ ៧០ភាគរយទៀតបិទនៅក្រោយរយៈពេល៧ឆ្នាំ និង៩០ភាគរយបិទនៅមុនខួប១០ឆ្នាំរបស់ក្រុមហ៊ុន។ លោកបន្តថា ហេតុនេះអ្នកដែលអាចឈរជើងបានរយៈពេល១០ឆ្នាំ និងទទួលបានជោគជ័យ គឺត្រួវធ្វើជាទាសកររបស់ក្រុមហ៊ុនរបស់ខ្លួន។

លោកបន្តថា មានបុគ្គលខ្លះបើកក្រុមហ៊ុនបានរយៈពេល៣ឆ្នាំ ក្រុមហ៊ុនរបស់ខ្លួនដើរហើយ ស្រា​ប់តែជួលគេមកគ្រប់គ្រង ដែលធ្វើឲ្យក្រុមហ៊ុននោះបរាជ័យ នៅរយៈពេលបីខែឬ១ឆ្នាំក្រោយមក ប៉ុន្តែពេលអ្នកបង្កើតក្រុមហ៊ុននោះត្រលប់មកគ្រប់គ្រងវិញ គឺហួសពេលរួចទៅហើយ។

លោកគីម ហ៊ាងបានបន្តថា “ជាយោបល់របស់ខ្ញុំ គឺអ្នកបង្កើតក្រុមហ៊ុននោះត្រូវគ្រប់គ្រងខ្លួនឯងឲ្យបាន១០ឆ្នាំសិន ចាំក្រុមហ៊ុនរបស់ខ្លួនរ៉ឹងមាំសិន ចាំមកពង្រីកមុខរបរថ្មី ព្រោះបើអ្នកដែលយើងជួល មកគ្រប់គ្រងក្រុមហ៊ុនរបស់យើង ជាមនុស្សពូកែពិតប្រាកដ ពួកគេមិនមកស៊ីឈ្នួលយើងទេ ពួកគេនឹងបើកក្រុមហ៊ុនខ្លួនឯងហើយ”។

ទោះជាយ៉ាងណា អ្នកសង្គមវិទ្យាក៏បានលើកឡើងនូវទស្សនផ្សេងៗពីគ្នាផងដែរ ទាក់ទងនឹងភាពជោគជ័យរបស់បុគ្គល ព្រោះការមានលុយច្រើនតែមួយមុខមិនអាចនិយា​យថា ជោគជ័យនោះទេ ព្រោះភាពជោគជ័យកំណត់លើកត្តាជាច្រើនទាក់ទងនឹងលុយកាក់ កិត្តិយស និងកេរត៍ឈ្មោះនៅក្នុងសង្គម ដូចជាអ្នកប្រាជ្ញដែលបានរកឃើញអ្វីមួយ សំរាប់ផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ ក៏ជាបុគ្គលជោគជ័យដែរ និងមហាជោគជ័យ តឬមិនប្រាកដថាមានលុយច្រើននោះទេ។

ហេតុនេះភាពជោគជ័យរបស់បុគ្គលនិមួយៗ មិនកំណត់លើការមានក្រុមហ៊ុនច្រើន និងមានលុយច្រើនតែម្យ៉ាងនោះទេ៕

សសៃឈាមសេដ្ឋកិច្ចភ្ជាប់រវាងខេត្តកំពង់ចាម សៀមរាបបានបង្ហាញកាលានុវត្តន៍ភាព​ថ្មី

0

ដោយ វុត្ថា

ភ្នំពេញ៖ ផ្លូវជាតិលេខ៦ប្រវែង២៤៨,៥៣គីឡូម៉ែត្រ ភ្ជាប់រវាងខេត្តកំពង់ចាម ដល់តំបន់អង្រ្គង ខេត្តសៀមរាប ជាសសៃឈាមនិងជាមូលដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយរបស់​កម្ពុជា។

ការសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៦នេះ មានប្រវែងសរុប២៤៨,៥៣ គីឡូម៉ែត្រ ចាប់ពីថ្នល់កែងខេត្ដកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប ក្រាលបេតុង កៅស៊ូ AC ដែលដាក់ ឱ្យប្រើប្រាស់ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៨ នេះ ត្រូវានចំណាយថវិកាសរុបប្រមាណ២៥៥,០២លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់ Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនGuangzhou Wanan Construction Supervision Co., Ltd) និងប្រើរយៈពេលសាងសង់ចំនួន៥០ខែ ចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៣ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៧។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបាន​ថ្លែងឲ្យដឹងក្នុងពិធីសម្ភោធផ្លូវ ក្រោមអធិបតីភាណសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី​កម្ពុជានាព្រឹកថ្ងៃទី១១ មិថុនានេះថា សមិទ្ធផលដែលលេចចេញជារូបរាងឡើងនៅពេលនេះ គឺជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុ ជាជូនដល់បងប្អូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល កើតចេញពីផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានបញ្ចប់ទាំងស្រុងសង្រ្គាមរ៉ាំរ៉ៃរវាងខ្មែរ និងខ្មែរ ហើយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ពេញផ្ទៃប្រទេស។

លោកបន្តថា កំណាត់ផ្លូវជាតិលេខ៦នេះ គឺជាខ្សែផ្លូវដ៏មានសក្តានុពល តភ្ជាប់ទំនា​ក់ទំនងរូបវ័ន្ត ស្ថាប័ន និងប្រជាជនរវាងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប និងជាមួយរាជធានី-ខេត្តផ្សេងៗទៀត តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា តភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយដែលបានស្តារ និងសាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជា។

កំណាត់ផ្លូវនេះអាចធ្វើដំណើរ និងដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្ម របស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ដែលជាផ្នែកមួយយ៉ាងសំខាន់ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក។

ជាមួយគ្នានេះផងដែរ កំណាត់ផ្លូវនេះជួយជំរុញកំណើនអត្រានៃភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកទស្សនានៅបណ្តាខេត្តស្ថិតតាមបណ្តាយខ្សែផ្លូវ ជាពិសេស ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តជិតខាងដូចជាខេត្តព្រះវិហារ ដែលជាខេត្តសំបូរទៅដោយប្រាង្គប្រាសាទប្រវត្តិសាស្រ្ត ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមជាមួយរមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតជាច្រើនកន្លែងផ្សេងទៀត។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ផ្លូវជាតិនេះ មានអតីតកាលឈឺចាប់ជាច្រើន ដែលបានកាត់ផ្តាច់ដោយសារតែភ្លើងសង្រ្គាម ប៉ុន្តែបានប្រែក្លាយជា​មោទនភាពនាពេលបច្ចុប្បន្ន ដែលកម្ពុជាអាចបញ្ចប់បាននូវភ្លើងសង្រ្គាម និងសម្រេច​បាននូវសមិទ្ឋិផលដ៏ល្អ។សម្តេចក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលចិននិងប្រជាជន​ចិន ដែលតែងតែឧបត្ថម្ភគាំទ្រ ចំពោះការរីកលូតលាស់របស់ប្រទេសកម្ពុជា ហើយប្រព័ន្ឋ​ហេដ្ឋារចនាសម្ព័ន្ឋត្រូវបានកសាងឡើងជាបន្តបន្ទាប់។

សម្តេចតេជោបានបន្តថា “តាមរយៈការជួយសាងសង់ផ្លូវជាតិលេខ៦ ចិនបានរួមចំណែកតភ្ជាប់ផ្ទៃក្នុងកម្ពុជា ក្នុងការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តផ្សេងៗទៀត”៕

វិស័យឯកជនស្នើឲ្យមានការរៀបចំ Walk Street នៅរាជធានីភ្នំពេញ

0

ដោយ : ដែន ចែងចាំង

ភ្នំពេញ : ស្របពេលរាជធានីភ្នំពេញ មិនសូវមានកន្លែង​កំសាន្ត​សម្រាប់ភ្ញៀវទេសចរ​ណ៍ វិស័យឯកជនដែលធ្វើការលើវិស័យ​នេះបានស្នើអាជ្ញាធរក្រុង និងក្រសួងទេសចរណ៍ រៀបចំតំបន់មាត់​ទន្លេជាកន្លែងសម្រាប់ថ្មើជើងឬ Walk Street នាពេលរាត្រី។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រី ឆាយ ស៊ីវលីន បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា  ភ្ញៀវទេសចរ​អន្តរជាតិមកទស្សនារាជធានីភ្នំពេញ ពួកគេមិនបានស្នាក់នៅ​រយៈពេលយូរនោះទេ ដោយសារនៅភ្នំពេញមិនសូវមាន​កន្លែងកំសាន្ត​សំ​រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ហេតុនេះសមាគម​ចង់ឃើញអាជ្ញាធររៀបចំតំបន់ដើរកំ​សាន្តនាពេលរាត្រីនៅមាត់​ទន្លេ ដែលអាចដើរកំសាន្តដោយគ្មានការរំខានពីយានយន្តនានា។

លោកស្រីបន្តថា “ខ្ញុំគិតថាតំបន់មាត់ទន្លេ ចាប់ផ្តើមពីមុខ​ព្រះបរមរាជវាំង ទៅដល់ផ្សាររាត្រី ជាកន្លែងស័ក្តិសមបំផុតសំរាប់រៀបចំ walk Street ដើម្បីផ្តល់ជា​កន្លែង​​កំសាន្តនិងទាក់ទាញសម្រាប់ភ្ញៀវអន្តរជាតិ”។លោកស្រី​បន្ថែម​ថា “តំបន់នេះអាចរៀបចំជាតំបន់គ្មានយានយន្ត ចាប់ពី​ម៉ោង៥-១០យប់ ពិតជាល្អ ហើយខ្ញុំជឿថាវានឹង​ទាក់ទាញ​ភ្ញៀវទេសចរ​និងបង្កើតភាពរសរវើកនាពេលរាត្រីសម្រាប់​ក្រុងភ្នំពេញ”។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងស្រដៀងគ្នាថា នៅរាជធានីភ្នំពេញមាន​ការអភិវឌ្ឍ​ជាច្រើនគួរឲ្យកត់សំគាល់ ប៉ុន្តែរមណីយដ្ឋា​នសម្រាប់ភ្ញៀវទេសចរ​នៅមានកម្រិតនៅឡើយ ដែលមិនអាចទាក់ទាញឲ្យភ្ញៀវស្នាក់​នៅ​យូរបានទេ ហេតុនេះការរៀបចំរមណីយដ្ឋានទេសចរណ៍ ផលិតផល​ទេសចរណ៍ថ្មីៗ​ជារឿងចាំបាច់ ដើម្បីផ្តល់កន្លែង​កំសាន្តសម្រាប់ភ្ញៀវនាពេលរាត្រី។

លោកបន្តថា “ការរៀបចំតំបន់ដើរកំសាន្ត នៅមុខព្រះបរមរាជវាំង ដល់ផ្សាររាត្រីជា​ការល្អប្រសើរណាស់ ដើម្បីធ្វើឲ្យតំបន់​នេះកាន់តែ​មាន​ភាពរសរវើក និងផ្តល់កន្លែងកំសាន្តសំរាប់ភ្ញៀវអន្តរជាតិ”។លោកបន្តថា “កន្លងមកយើងមានផ្សាររាត្រីដែរ តែមានទំហំតូច ​និង​មានភាពទាក់ទាញនៅមានកម្រិត ដោយសារផ្សារនេះមិនបាន​លក់​ផលិតផលខ្មែរដូចជាគំនិតដែលផ្តួចផ្តើមពីមុនមកទេ”។

ក្នុងជំនាន់លោក កែប ជុតិម៉ា ធ្វើជាអភិបាលក្រុង លោកគ្រោង​សហការ​ជាមួយក្រ​សួងទេសចរណ៍រៀបចំ Walk Streetនៅតំបន់នេះហើយ ប៉ុន្តែដោយសារមានការជំទាស់ពី​ប្រជាពលរដ្ឋ​នៅតំបន់នេះ ទើបគំរោងនេះត្រូវបានផ្អាករហូតមក​ទល់ពេល​នេះ។

អ្នកជំនាញទេសចរណ៍មួយរូប បានលើកឡើងក្នុងលក្ខខ័ណ្ឌ​មិនបញ្ចេញឈ្មោះថា រឿងខ្លះអាជ្ញាធរគួរប្រើកណ្តាប់ដៃដែក ដើម្បីអនុវត្តន៍បាននូវគំរោងអ្វីមួយ ព្រោះការលើកឡើងឬការ​ជំទាស់របស់ប្រជាពលរដ្ឋ ភាគច្រើនភ័យខ្លាចបាត់បង់​ផលប្រយោជន៍របស់ខ្លួន ជាជាងផលប្រយោជន៍សាធារណៈ។ លោកបន្តថា ប្រសិនជាមានការរៀបចំតំបន់ដើរកំសាន្ត ឬ walk street នៅលើតិរវិថីព្រះស៊ីសុវត្ថិ ពីមុខព្រះបរមរាជវាំង​ដល់សួន​ផ្សារ​ផ្សារ​ចាស់ ប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវនេះ នឹង​ទទួលបានផលប្រយោជន៍កាន់តែ​ច្រើន ក្នុងការធ្វើអាជីវកម្មរបស់​ពួកគេ៕

វិស័យឧស្សាហកម្មផ្តល់ចំណូល ៨លានដុល្លារដល់ប្រជាជនក្នុងខេត្តតាកែវ ក្នុង១ខែ

0

ដោយ : គង់ សូរិយា

ភ្នំពេញ : ស្របពេលដែលវិស័យឧស្សាហកម្មកាន់តែរីកចម្រើន ខេត្តតាកែវដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ក៏កំពុងទទួល​បានផលប្រយោជន៍ពីវិស័យនេះផង​ដែរ ដោយមួយខែប្រជាជនក្នុងខេត្តនេះ ទទួលបានចំណូលប្រមាណ៨លានដុល្លារអាមេរិក។

អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានថ្លែងឲ្យដឹងកាលពីចុង​សប្តាហ៍មុនថា ខេត្តតាមកែវកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នប្រជាពលរដ្ឋក្នុងខេត្តកាន់តែមានជីវភាពប្រសើរឡើង តាមរយៈការរីកចម្រើនវិស័យឧស្សាហកម្ម ដែលបច្ចុប្បន្នខេត្​តមាន​​រោងចក្រចំនួនជាង១៤០ទីតាំង និងបាន​ផ្តល់ការងារ​ដល់​ប្រជាពលរដ្ឋចំនួនជាង៤០,០០០នាក់ ហើយផ្តល់ចំណូល​ប្រមាណ៨លានដុល្លារក្នុងមួយខែ ដល់ប្រជាពលរដ្ឋ​ក្នុងខេត្តនេះ។

លោកបន្តថា “ទន្ទឹមនឹងការរីកចម្រើនលើវិស័យនេះ និងការ​រីកចម្រើន​ផ្នែកសេដ្ឋកិច្ច​សង្គម ខេត្តកំពុងទទួលបានកំនើន​អ្នកវិនិយោគកាន់តែច្រើន”។លោកបន្តថា “ក្នុងនាមអាជ្ញាធរខេត្ត យើងស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ទិសទី ដើម្បីមកវិនិយោគ​ក្នុងខេត្តជាមួ​យការសម្រួលធ្វើយ៉ាងណា ឲ្យបរិយាកាសវិនិយោគ​កាន់តែល្អប្រសើរ”។

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ២០១៥ -២០២៥ សំដៅធ្វើយ៉ាងណា​ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងផ្លាស់ប្តូរទីផ្សារពលកម្ម​ពីអតិពលកម្ម មកប្រើប្រាស់ពលកម្មជំនាញដែលទទួលបានតម្លៃ​បន្ថែមកាន់តែខ្ពស់។

ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានសិក្សាដើម្បីការអភិវឌ្ឍ លោកបណ្ឌិត ម៉ី កល្យា​ណ បានថ្លែងថា ការដាក់ចេញគោល​នយោបាយថ្មីនេះ ជាការរុញកម្ពុជាទៅកាន់លំដាប់ថ្មី​មួយទៀត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន ព្រោះវាដូចជា​រថយន្តនិងម៉ូតូជាដើម វាមិនអាចរត់បានល្បឿនលឿនទៀតទេ បើយើងនៅតែប្រើប្រាស់វាដដែល ហេតុនេះ យើងត្រូវការអ្វីដែល​ថ្មី ប្រៀបដូចជាគោលនយោបាយថ្មីនេះ គឺជាការជួយជម្រុញ​កំនើន​សេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនបន្ថែមទៀត។

លោកបន្តថា “វាដល់ពេលដែលកម្ពុជាត្រូវពង្រីក​មូលដ្ឋាន​ឧស្សាហកម្ម ដើម្បីបង្កើត និងទាញយកតម្លៃបន្ថែមកាន់តែច្រើន ដើម្បីជំរុញសេដ្ឋកិច្ចសង្គមកម្ពុជាទៅកាន់លំដាប់ថ្មី និងមានការ​ប្រកួតប្រជែងជាងមុន”៕

Century21 Cambodia មើលឃើញឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយចិនកាន់តែរ៉ឹងមាំ

0

ដោយ : គង់ សូរិយា

ភ្នំពេញ : ស្របពេលគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយកាន់តែមានឥទ្ឋិពល កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ចិនត្រូវបានរំពឹងថា កាន់តែមានភាពរ៉ឹងមាំ និងពង្រីកសក្តានុពលអភិវឌ្ឍន៍បន្ថែមទៀតនាពេលអនាគត។

ដោយមើលឃើញនូវកាលានុវត្តន៍ភាព នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងប្រទេសទាំងពីរ ថ្នាក់ដឹកនាំក្រុមហ៊ុន Century21 Cambodia ដែលមានការិយា​ល័យចំនួន៧នៅកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១១ដល់១៩មិថុនាខាងមុខនេះ។

អ្នកនាង Grace Rachny Fong​ នាយិកាក្រុមហ៊ុន Century21 Cambodia​​ បាន​ថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី១១ មិថុនានេះថា ដំណើរទស្សនកិច្ចនេះ ជាការស្វែងរកបទពិសោ ធន៍ និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Century21 Cambodia និងក្រុមហ៊ុន Century21 នៅប្រទេសចិន ដែលមានការិយាល័យសរុបជិត១០ម៉ឺនការិយាល័យ។អ្នក​នាងបន្តថា ស្របពេលក្រុមហ៊ុនចិនធំៗវិនិយោគនៅកម្ពុជា យើងរំពឹងថាប្រទេសចិននឹង​មានអ្នកវិនិយោគកាន់តែច្រើនមកវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។

អ្នកនាងបន្តថា “ដំណើរទស្សនកិច្ចនេះ យើងនឹងផ្សព្វផ្សាយពីឳកាសនិងបរិយា​កាសវិនិយោគដ៏ល្អនៅកម្ពុជា ទៅកាន់ក្រុមហ៊ុននឹងអ្នកវិនិយោគចិន ដើម្បីឲ្យពួកគេមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត”។អ្នកនាងបន្តថា “បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាកំពុងកសាងហេដ្ឋារចនាសម្ព័ន្ឋបានកាន់តែប្រសើរ ដែលស្របតាមគោលនយោបាយផ្លូវសូត្ររបស់ប្រទេសចិន ហើយវានឹងជួយសម្រួលដល់ការវិនិយោគកាន់តែប្រសើរថែមទៀត”។

អ្នកនាង Grace Rachny Fong បានបន្តថា ដំណើរទស្សនកិច្ចនេះ នឹងទៅកាន់គោលដៅសំខាន់ៗចំនួន៤ ដូចជា ទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ខេត្តស៊ាមិន និងក្រុង​ហាងចូវ ដែលជាបណ្តាទីក្រុងមានសក្តានុពលសេដ្ឋកិច្ច និងអភិវឌ្ឍន៍អចលនទ្រព្យដ៏លឿន ពិសេសមានអាគារខ្ពស់ៗកប់ពពកជាច្រើននៅក្នុងទីក្រុងនេះ។

អ្នកនាងបន្តថា “ដំណើរទស្សនកិច្ចនេះ នឹងជាឳកាសសម្រាប់ប្រទេសទាំងពីរ អ្នក​វិនិយោគប្រទេសទាំងពីរ អាចស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគ និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតនាពេលអនាគត”៕

តោះទៅអឺរ៉ុប៖ ប្រទេស Denmark មានអគារអ្វីពិសេសនឹងគេទេ?

0

ដោយ វុត្ថា

ភ្នំពេញ៖ ជាសមាជិកមួយនៃសហភាពអឺរ៉ុប ប្រទេស Denmark ជាប្រទេសមានសេដ្ឋកិច្ចរីកចំរើនមួយ នៅក្នុងប្លុកនេះ ដោយប្រទេសនេះគ្រោងនឹងសាងសង់អកគារស្នាក់នៅកំពស់៤៤ ជាន់ ស្មើនឹងកំពស់សរុប១៤៦ ម៉ែត នៅក្នុងទីក្រុង Aarhus ដែលជាទីក្រុងលំដាប់ទី២របស់ប្រទេសនេះ ។

អគារខ្ពស់កប់ពពកនេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សម្រាប់ការពាណិជ្ជកម្ម និងស្នាក់នៅ។

អគារនេះជាកម្មសិទ្ធ និងសង់ដោយក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ ​NorCap ដែ​លទទួលបានសិទ្ធិលក់ដី ពីក្រុមប្រឹក្សាទីក្រុង Aarhus សម្រាប់គម្រោងសាងសង់អគារដែលមានឈ្មោះថា Lighthouse ។ តែដីសម្រាប់សាងសង់គឺជាកម្មសិទ្ធិរបស់ទីក្រុង។

អគារនេះ ត្រូវបានរចនាប្លង់ដោយក្រុមហ៊ុន 3XN ហើយនឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០១៨ នេះ និងគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២១ខាងមុនេះ។

ក្រុមហ៊ុន Aarsleff របស់ប្រទេស Denmark នាំមុខគេ បានចុះកិច្ចសន្យាទទួលការងារសាងសង់ សហការជាមួយនឹងក្រុមហ៊ុន Ramboll ដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៤៥ ជាអ្នកគ្រប់គ្រងខាងរចនាម៉ូដ និងវិស្វកម្ម។

អគារខ្ពស់កប់ពពកនេះ មានអាផាតមិនចំនួន២០០ រួមជាមួយហាងកាហ្វេ ភោជនី​យដ្ឋាន មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ក្លឹប Kayak និងកន្លែងមើលទេសភាព ព្រមទាំងមាន បា បែបភោជនីយដ្ឋាននៅជាន់ខាងលើបង្អស់នៃអគារផងដែរ។ អគារនេះត្រូវបានគេរចនាប្លង់ ដើម្បីទទួលកំដៅពីព្រះអាទិត្យសម្រាប់រដូវរងារ និងផ្តល់នូវទេសភាពល្អឥតខ្ចោះ ។

តែទោះយ៉ាងណាគេមិនទាន់បង្ហាញពីតម្លៃនៃអគារនេះនៅឡើយទេ ពាក់ព័ន្ធនឹងការសាងសង់ និងតម្លៃអាផាតមិននីមួយៗ។

សម្រាប់ខុនដូនៅក្នុងអគារនេះ វិញមានទំហំពី៥០០ ទៅ៣០០០ហ្វីតចាប់ពីគ្រែ១ រហូតដល់ បន្ទប់ដែលមានគ្រែចំនួន៥។

លោក Kim Herforth Nielsen ស្ថាបត្យករនៃក្រុមហ៊ុន 3XN បានឲ្យដឹងថា នេះគឺជាអគារលំនៅដ្ឋាន ដ៏ទំនើបមួយក្នុងទីក្រុង Aarhus ដែលអាចមើលទេសភាពមហាសមុទ្រនៅជុំវិញបាន។ អគារនេះមានយ៉រគ្រប់ជាន់នីមួយៗ សម្រាង់លំហែកាយ និងមើលទេសភាពដ៏អស្ចារ្យនៃទីក្រុងនេះ៕

ក្រសួងប្រៃសណីយ៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការAppរបស់ខ្លួនដើម្បីសម្រួល ការផ្តល់សេវាដល់ប្រជាពលរដ្ឋ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ប្រៃសណីយ៍កម្ពុជាបានបង្កើត និងដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុប្រៃសណីយ៍ ដែលមានឈ្មោះថា Post Transfer ដែលផ្តោតសំខាន់ទៅលើផ្តល់សេវា ផ្ញើលុយក្នុងស្រុក និងក្រៅប្រទេសព្រមទាំងការទូទាត់ផ្សេងៗ។


ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយកម្ពុជា លោក អោក បូរ៉ា បានមានប្រសាសន៍ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ សេវាប៉ុស្តិ៍ផ្ទេប្រាក់ ដំណើរការនៅលើ App នេះថា ជាមួយនឹង post transfer នេះកាលពីព្រឹកថ្ងៃទី៨ មិថុនាកន្លងមកថា App នេះនឹងជួយបង្ក​លក្ខណៈ​សម្បត្តិ ឲ្យប្រៃសណីយ៍បានពង្រីកសក្តានុពលនៅក្នុងប្រទេស ក្នុងការពង្រីកភ្នាក់ងារផ្ទេរប្រាក់ អ្នកប្រើប្រាស់​សេវា​ដោយ​ផ្ទាល់ ហើយកាត់បន្ថ​យក្នុងការប្រើប្រាស់ឯកសារ ជាតម្រូវការបញ្ជាក់អត្តសញ្ញាណ គឺបញ្ជាក់តែម្តង​នៅពេល​ចុះ​ឈ្មោះ ហើយប្រើបានរហូត។
Post Transfer នេះជាសេវាថ្មីបំផុត ដែលបានអភិវឌ្ឍន៍​កែលម្អ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀតដោយ UPU បានបង្កើតឡើងទៅជា App សម្រាប់ប្រើបាននៅគ្រប់ទំរង់នៃទូរស័ព្ទវ័យឆ្លាត និងកំព្យូទ័រ ដែល​​បាន​ចុះបញ្ជីដោយ UPU នៅឆ្នាំ២០១៧។ ក្នុងនោះ ប្រៃសណីយ៍កម្ពុជា បានចុះកិច្ចព្រមព្រៀងរួចហើយ ក្នុងការ​ប្រើ​ប្រាស់និម្មិតសញ្ញា PosTransfer trademark ជាអន្តរជាតិសម្រាប់វិស័យប្រៃសណីយ៍។


បច្ចុប្បន្នេះ UPU និង PosTranfer Group កំពុងរៀបចំផែនការយុទ្ធសាស្ត្រ និងជម្រុញឲ្យប្រើប្រាស់សេវាផ្ទេរប្រាក់ ឆ្លងប្រទេសឲ្យកាន់តែទូលំទូលាយ ដើម្បីឆ្លើយទៅនឹង សេដ្ឋកិច្ចសាកល ដែលមានចលនាពលករចំណាកស្រុកច្រើន អន្តោប្រវេសន្តធ្វើការនៅក្រៅប្រទេស ក៏ដូចជាកំណើនទេសចរបំលាស់ទី គ្រប់ទីកន្លែង ហើយពួកគេអាចផ្ទេរប្រាក់កំរិត​ប្រើប្រាស់ក្នុងគ្រួសារ ដែលមានកម្រៃសេវាទាប ប្រកបដោយសុវត្ថិភាព និងតម្លាភាព។
រដ្ឋលេខាធិកាក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោកសារ៉ាក់ ខាន់បាន​មានប្រសាសន៍ថា ដើម្បីកែលម្អគុណភាពសេវារបស់ស្ថាប័នសាធារណៈ ប្រកបដោយភាពជឿជាក់ រហ័ស ធ្វើសេវាខ្លួនឯង ផាត់​ចោល ការចំណាយពេលវេលា និងមធ្យោបាយធ្វើដំណើទៅបង់ថ្លៃសេវា អគ្គីសនី ទឹក ពន្ធការបង់ថ្លៃសិក្សា ដែលឆ្លើយ​តបទៅនឹងតម្រូវការនៃការផ្តល់កាតព្វសេវាប្រៃសណីយ៍សកល របស់ UPU ។
លោកជម្រុញ និងលើកទឹកចិត្ត ដល់ស្ថាប័នសាធារណៈមាន ដូចជា អគ្គីសនីកម្ពុជា រដ្ឋករទឹក អាជ្ញាធរអប្សារាពិចារណាក្នុងការប្រើប្រាស់សេវា Post Transfer ចាប់ផ្តើម​ពិ​ភាក្សា​ជាមួយ​ប្រៃសណីយ៍​កម្ពុជា ​លើ​ការ​ទូរទាត់​វិក្ក័យបត្រ អគ្គីសនីប្រើប្រាស់ទឹក របស់ប្រ​ជា​ពលរដ្ឋយើង លក់សំបុត្រជូនភ្ញៀវទេសចរណ៍ ព្រោះបច្ចេកវិទ្យា​ថ្មី​មួយ​នេះ​អាចជួយកាត់បន្ថយថ្លៃដើម របស់ស្ថាប័នខាងនេះ ដូចជា មិនចាំបាច់បោះពុម្ពវិក្កយបត្រ មិនចាំបាច់​ចំណាយ​​លើអ្នកចែកវិក្កយបត្រដល់ផ្ទះអ្នកប្រើប្រាស់ និងមិនបាច់បង់ថ្លៃសេវាប្រមូល ឬទទួលលុយពីអតិថជន និងក៏ជួយ​ផាត់​ការ​ចំណាយផ្សេងៗ របស់អតិថិជនទៅលើមធ្យោ​បាយបង់ថ្លៃ ប្រើប្រាស់សេវាកម្ម ដោយគ្រាន់តែស្ថាប័នខាងលើ ផ្តល់​ការ​ងារនេះមកឲ្យប្រៃសណីយ៍កម្ពុជាជាអ្នកចែកវិក្កយបត្រ និងប្រមូលចំណូលជូនវិញ៕