ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ក្រុមហ៊ុនចិនដ៏ធំមួយបានប្រកាសវិនិយោគ ទឹកប្រាក់ជាង ៥០០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្មបដិសណ្ឋារកិច្ចនៅខេត្តកោះកុង។

យោងតាមការប្រកាសព៌តមានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងនាស ប្តាហ៍មុនថា គណកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោងវិនិយោគរបស់ UNION CITY DEVELOPMENT GROUP CO.,LTD ដែលមានគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ “TEMI” រួមមាន៖ សណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៨០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម តារាងវាយកូនគោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត ចំណតកប៉ាល់ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំង វិនិយោគស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៥០០,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥.១៥០កន្លែង។
-->
ខេត្តកោះកុងបាន និងកំពុងបង្ហាញសក្តានុពលវិនិយោគយ៉ាងខ្លាំង ដោយសារកត្តាសំខាន់ៗជាច្រើនរួមមាន សុខសន្តិភាព ស្ថេរភាពនយោបាយ កំនើនសេដ្ឋកិច្ច និងទីតាំងភូមិសាស្រ្តដ៏ល្អប្រសើរ ដែលមានឆ្នេរដ៏ស្រស់ស្អាតជាង៥០គីឡូម៉ែត្រ មាន ការវិនិយោគ ព្រលានយន្តហោះ កំពង់ផែអន្តរជាតិ និងមជ្ឈមណ្ឌលសេវាកម្មទេសចរណ៍លំដាប់អន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ក្នុងឳកាសចូលរួមពិធីបុណ្យសមុទ្រកាលពីចុងឆ្នាំមុនថា ខេត្តកោះកុងជាខេត្តដាច់ស្រយាលមួយ ប៉ុន្តែបច្ចុប្បន្នខេត្តនេះមានការរីកចម្រើនយ៉ាងលឿន ដោយ សារមានការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ ដែលធ្វើឲ្យខេត្តមានតំបន់សេដ្ឋកិច្ចពិសេស។ អ្វីកាន់តែពិសេសនោះសម្តេចបានប្រកាសពង្រីកផ្លូវជាតិលេខ៤៨ ដែលភ្ជាប់ពីស្រុកស្រែអំបិលទៅកាន់ខេត្តកោះកុង ជាផ្លូវដែលអាចបើកបររថយន្តពីរគន្លងទៅ ពីរគន្លងមក និងមានសួនច្បារនៅចំកណ្តាល។
ជាមួយគ្នានេះសម្តេចក៏ប្រកាសរកមូលនិធិ ដើម្បីសាងសង់ផ្លូវជាតិតភ្ជាប់ចេញពីស្រុកសំឡូតក្នុងខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ទៅកាន់ខេត្តកោះកុងនាពេលខាងមុខផងដែរ។
អនុប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង លោក ជឹង សុខម៉េង បានមានប្រសាសន៍ថា ខេត្តកោះកុងបាននិងកំពុងទាក់ ទាញគំរោងវិនិយោគកាន់តែច្រើន ដែលបច្ចុប្បន្នមានក្រុមហ៊ុនជាតិ អន្តរជាតិជាច្រើនបានវិនិយោគនៅក្នុងខេត្តនេះ ហើយមានក្រុមហ៊ុនធំៗជាច្រើនទៀតកំពុងស្នើសុំរដ្ឋាភិបាល ដើម្បីវិនិយោគគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋាន សណ្ឋាគារ និងសេវាកម្មជាច្រើនទៀតក្នុងខេត្តនេះ។
លោកបន្តថា “បច្ចុប្បន្នចិនកំពុងសំរុកចូលទៅវិនិយោគក្នុងខេត្តនេះ ដែលបានធ្វើឲ្យសេវាកម្មស្នាក់នៅមានតម្រូវការខ្ពស់ ហេតុនេះការវិនិយោគលើការិយាល័យ អាផាតម៉ិនសំរាប់ជួល ជាពេលវេលាដ៏សមស្របសំរាប់អ្នកវិនិយោគនានា”។លោកបន្តថា “បច្ចុប្បន្នខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ និងមានគំរោងសាងសង់ព្រលានយន្តហោះចំនួនពីរ ដែលនៅ ពេលគំរោងនេះរួចរាល់ ខេត្តកោះកុងនឹងមានការអភិវឌ្ឈមិនចាញ់ខេត្តព្រះសីហនុនោះទេ”។
អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកសោម កែវម៉ាលីដាបានមានប្រសាសន៍ថា លោកធ្លាប់បានគិតថាខេត្តកោះកុង ជាខេត្តមានសក្តានុពលវិនិយោគ ដែលជាខេត្តធ្លាប់ស្ងប់ស្ងាត់កាលពីមុន ប៉ុន្តែពេលនេះខេត្តនេះកំពុងទាក់ ទាញវិនិយោគិនជាតិ អន្តរជាតិ ដោយសារខេត្តនេះមានសមុទ្រដ៏ស្រស់ស្អាត មានកោះ មានព្រែក មានភ្នំ ស្ថិតនៅជាប់ព្រំប្រទល់ជាមួយប្រទេសថៃ។
លោកបន្តថា “អ្វីដែលខ្ញុំគិតកាលពី៣ឆ្នាំមុន ពេលនេះចេញលទ្ឋផលល្អប្រសើរហើយ ដោយបច្ចុប្បន្នខេត្តនេះមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន មានព្រលានយន្តហោះចំនួនពីរ មានកំពង់ផែទឹកជ្រៅ មានតំបន់អាចសាងសង់កាស៊ីណូ និងរមណីយដ្ឋាននានាបាន”៕