តោះទៅមើលស្ទីលស៊ីញ៉េរបស់ដូណាល់ ត្រាំនិងគីម ជុង?

0

ដោយដែន ចែងចាំង

ភ្នំពេញ : មនុស្សស្ទើរទូទាំងពិភពលោក ប្រហែលចាប់អារម្មណ៍ច្រើនជាងគេទាក់ទងនឹងជំនួបរវាងលោកប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើងច្រើនជាង ពិសេសលទ្ឋផលវិជ្ជមានរវាងប្រទេសទាំងពីរ។

ជំនួបដែលមានរយៈពេលប្រមាណ២ម៉ោង មេដឹកនាំប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមចំនួន៤ចំណុច ដែលផ្តោតលើការ​រំសាយកម្មវិធីអាវុធប៉ារមាណូ និងចាប់ផ្តើមនូវទំនាក់ទំនង ជាប្រ​វត្តិសាស្រ្តឡើងវិញរវាងប្រទេសទាំងពីរនេះឡើងវិញ តាមរយៈការអញ្ជើញគ្នាទៅវិញទៅមក ទៅទស្សនកិច្ចនៅប្រទេសទាំងពីរនាពេលខាងមុខ។

ទំនាក់ទំនង និងការប្រែប្រួលជាប្រវត្តិសាស្រ្តនេះ ជាអ្វីដែលពិភពលោកបានចាប់អារម្មណ៍បំផុត ប៉ុន្តែហត្ថលេខារបស់មេដឹកនាំទាំងពីរ ជាអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតផងដែរ។

ហត្ថលេខារបស់លោកដូណាល់ ត្រាំ មានរូបភាពហាក់បីដូចជា កប៉ាល់មួយដែលមានការការពារយ៉ាងរ៉ឹងមាំ ខណៈដែលហត្ថលេខាឬស៊ីញ៉េរបស់លោកគីម ជុងអ៊ុនមានរូបរាងដូចជាការបាញ់ផ្លោងមីស៊ីលទៅវិញ។

សូមមើលស៊ីញ៉េឬហត្ថលេខារវាងប្រធានាធិបតី នៃប្រទេសទាំងពីរ និងឲ្យនិយមន័យដោយខ្លួនឯង៕

មន្រ្តីជំនាញៈបណ្តាញផ្លូវរថភ្លើងពីភ្នំពេញទៅសឹង្ហបុរីនឹងធ្វើឡើងនៅខែកក្កដាខាងមុខ

0

ដោយគង់ សូរិយា
​ភ្នំពេញ : មន្រ្តីជំនាញ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន​ថ្លែងថា បណ្តាញផ្លូវរថភ្លើងតភ្ជាប់រវាងក្រុងភ្នំពេញ នឹងសឹង្ហបុរីនឹងតភ្ជាប់ជាផ្លូវការនៅខែ​កក្កដាខាងមុខនេះហើយ ប៉ុន្តែការដំណើរការខ្សែរថភ្លើងធ្វើដំណើរ មិនអាចធ្វើបាននៅឡើ​យទេ។

​លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ មិថុនានេះថា ការតភ្ជាប់បណ្តាញផ្លូវរថភ្លើង ពីរាជធានីភ្នំពេញ ទៅដល់សឹង្ហបុរីអាចភ្ជាប់បានហើយ នៅខែកក្កដាខាងមុខនេះ ប៉ុន្តែយើងមិនអាច​ដំនើរការខ្សែរថភ្លើងធ្វើដំណើរបាននៅឡើយទេ ដោយសារទី១ យើងមិនទាន់បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ ក្នុងការតភ្ជាប់និងឆ្លងកាត់គ្នាបាននៅឡើយទេ ទោះជាប្រ​ទេសថៃបានតភ្ជាប់ជាមួយសឹង្ហបុរីរួចហើយក្តី។

​លោកបន្តថា ខ្សែរថភ្លើងរបស់យើងពីភ្នំពេញ ទៅកាន់ក្រុងប៉ោយប៉ែត មិនទាន់មានស្តង់ដាទាំងអស់នោះទេ គឺមានស្តង់ដាដែលអាចទ្រទម្ងន់បាន២៥តោន តែចន្លោះពីក្រុង​សិរីសោភ័ណ ទៅប៉ោយប៉ែតប៉ុណ្ណោះ ប៉ុន្តែពីក្រុងសិរីសោភ័ណមកកាន់ក្រុងភ្នំពេញ ផ្លូវ​រថភ្លើងរបស់យើងអាចទ្រទម្ងន់បានត្រឹមតែ១៥តោនប៉ុណ្ណោះ។


​តាមការឲ្យដឹងពីលោកស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ​និងដឹកជញ្ជូនបានឲ្យដឹងថា ខ្សែរថភ្លើងពីក្រុងប៉ោយប៉ែត នឹងតភ្ជាប់មកដល់រាជធានីភ្នំពេ​ញនៅថ្ងៃទី៤ កក្កដាខាងមុខនេះ៕

អ្វីដែលគួរដឹងៈគុណសម្បត្តិ១០យ៉ាងដែលអ្នកគួរសម្រេចចិត្តទិញខុនដូ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ខុនដូកាន់តែបង្កើននូវប្រជាប្រិយភាពរបស់ខ្លួន ដោយវត្តមានអាគារសហកម្មសិទ្ឋនេះ កំពុងផ្លាស់ប្តូរបែបផែននៃការរស់នៅរបស់ប្រជាជនកម្ពុជា ខណៈដែលទីក្រុងកាន់តែចង្អៀត និងការរស់នៅកាន់តែមានភាពស៊ីវិល័យ។
ការរស់នៅតាមខុនដូ ជាផ្នែកមួយនៃlifestyleសម័យថ្មី ដោយសារខុនដូបានផ្តល់អត្ថប្រយោជន៍ឬគុណសម្បត្តិ១០យ៉ាង សម្រាប់អ្នកវិនិយោគ និងចង់រស់នៅតាមអាគារខុនដូនានា។


លោកសុត វីរៈអគ្គនាយកក្រុមហ៊ុនHuttons CPLជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេស​សឹង្ហបុរី និងជាអ្នកជំនាញក្នុងវិស័យខុនដូ ​បានប្រាប់Propertyarea.asiaដឹងនារសៀលថ្ងៃទី១២ មិថុនានេះថា មានមូលហេតុ១០យ៉ាង ដែលជួយធ្វើឲ្យគុណភាពជីវិតរបស់អ្នកប្រសើរឡើង នៅពេលសម្រេចចិត្តទិញនិងរស់នៅតាមខុនដូ។ អត្ថប្រយោជន៍ទាំងនោះមានដូចជា ទី១ សេវាកម្មៈ សេវាកម្មសំដៅ​ដល់តម្រូវការជីវិតប្រចាំថ្ងៃ ដោយខុនដូមានសេវាកម្មស្ទីម សោណា Sky Garden ឬSky Barសម្រាប់ផ្តល់ការលំហែរ នៅពេលហត់នឿយពីការងារ និងមានសេវាសន្តិសុខ២៤ម៉ោង ទី២សហគមន៍ៈ ការរស់នៅ​លើខុនដូ ដូចជាការរស់នៅសហគមន៍រួមមួយ ដោយ​សារ​ខុនដូនិមួយៗ មានអ្នកស្នាក់នៅ​ច្រើន ហេតុនេះអ្នកស្នាក់នៅតាមខុនដូអាចបង្កើតចំណងមិត្តភាព និងជួយគ្នាទៅវិញទៅ​មក និងធ្វើឲ្យសហគមន៍ពួកគេកាន់តែកក់ក្តៅ និងរីករាយ។


ទី៣ ការកើនឡើងទ្រព្យសកម្មៈ មានន័យថា អ្នកទិញខុនដូអាចបង់រំលស់៥ឬ១០ឆ្នាំ ហើយវានឹងក្លាយជាកម្មសិទ្ឋរបស់ខ្លួន។ ​ផ្ទុយទៅវិញបើយើងជួលផ្ទះគេ៥ ឬ១០ឆ្នាំ យើង​នៅសល់តែខ្លួនទទេ។ ផ្ទះនៅតែជាផ្ទះរបស់គេ ប៉ុន្តែបើយើងទិញខុនដូយើងមិនជាប់កាតព្វកិច្ចបង់ពន្ឋនោះទេ។ ទី៤ ទីតាំងៈ បើទិញផ្ទះនៅតំបន់តែមួយ យើងមិនអាចទិញបាននោះទេ ប៉ុន្តែយើងអាចទិញខុនដូបាន ក្នុងតម្លៃសមរម្យមួយ ផ្ទុយទៅវិញបើយកប្រាក់ទិញខុនដូ ទៅទិញផ្ទះគឺអាចទិញបាននៅតំបន់ឆ្ងាយពីទីក្រុង។
ទី៥ ភាពងាយបត់បែនៈ ការទិញខុនដូយើងអាចស្នាក់នៅ ឬជួលឲ្យគេបាន និងងាយស្រួលរកអ្នកជួល ដោយយើងអាចឲ្យអ្នកគ្រប់គ្រងសហគមន៍រួមរបស់យើង ដាក់ជួលបានលឿន ប្រសិនជាយើងទិញនៅគំរោងដែលមានទីតាំងល្អ ទី៦ ប្រាក់ចំណេញពីការវិនិយោគ(Return on Investment) អ្នកទិញខុនដូអាចជួលផ្ទះបានចន្លោះពី៨ទៅ១០ភាគរយប្រចាំឆ្នាំ ផ្ទុយទៅវិញបើយើងទិញផ្ទះធម្មតា យើងអាចទទួលបានប្រា​ក់ចំណូលនៃការវិនិយោគតែ៤ទៅ៥ភាគរយ នៃតម្លៃផ្ទះប៉ុណ្ណោះក្នុងមួយឆ្នាំ។
ទី៧ ការថែរទាំៈ ការស្នាក់នៅតាមខុនដូ គឺចំណាយលើការថែរទាំតិច ផ្ទុយទៅវិញ​បើយើងនៅផ្ទះវីឡាត្រូវចំណាយច្រើន។ ប៉ុន្តែការស្នាក់នៅតាមខុនដូមិនចំណាយច្រើនទេ ព្រោះពួកគេអាចរួមគ្នា និងធ្វើឲ្យចំណាយតិច។ លើសពីនេះ អ្នកស្នាក់នៅតាមខុនដូអាច​មិនចាំបាច់រកជួលអ្នកនៅជាមួយផងដែរ ដោយអាចសំអាតឬប្រើប្រាស់សេវាសំអាតបាន ទី៨ តម្លៃៈ តម្លៃខុនដូនៅកណ្តាលក្រុង និងផ្ទះនៅតម្លៃក្រុង ខុសគ្នាច្រើន ព្រោះគេមិនអាច​យកប្រាក់ទិញខុនដូ ទៅទិញផ្ទះនៅតំបន់សាងសង់ខុនដូបាននោះទេ។
ទី៩ ភាពងាយស្រួលៈ យើងអាចជ្រើសរើសទិញខុនដូ ដែលមានទីតាំងនៅជិតផ្សា​រ សាលារៀន និងនៅជិតកន្លែងការងារយើងបាន ពិសេសយើងអាចហាត់ប្រាណនៅជាន់ខាងលើ និងមកកាន់ម៉ាតដើម្បីទិញទំនិញបាននៅជាន់ខាងក្រោម។ យើងចំណេញពេលវេលាបានច្រើន និងធ្វើការបានច្រើនជាងស្នាក់នៅតាមតំបន់មួយចំនួន ដែលគ្មានសេវាកម្មទាំងនោះ និងទី១០ បច្ចេកវិទ្យាៈ បច្ចេកវិទ្យាកាន់តែរីកចម្រើន កំពុងជួយសម្រួលដល់ការរស់នៅរបស់យើង និងធ្វើឲ្យគុណភាពជីវិតរបស់យើងប្រសើរឡើង។ នៅតាមខុនដូនឹងមានការបំពាក់ប្រព័ន្ឋAirB&B ដែលផ្តល់ការធានានូវសុវត្ថិភាព និងអាចដាក់ផ្ទះរបស់យើងជួលបានក្នុងរយៈពេលខ្លីដូចជា បីថ្ងៃឬមួយសប្តាហ៍ នៅពេលយើងមិននៅផ្ទះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកសុត វីរៈ។
យោងតាមការសិក្សាមួយបានរកឃើញថា ចំនួនខុនដូនៅកម្ពុជាកើនដល់ចំនួនជិត​៦០,០០០យូនីតនៅឆ្នាំ២០១៧កន្លងមកនេះ៕

គំនិតពិចារណា ៖ តើគួរលក់អចលនទ្រព្យនៅពេលណា ទើបចំណេញលុយច្រើន ?

0

ដោយ : រ៉ាវី

ភ្នំពេញ : បច្ចុប្បន្ននៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍមួយនេះ កំពុងតែមានភាពផុលផុសយ៉ាងខ្លាំងទៅលើវិស័យអចលនទ្រព្យ ខណៈពេលដែលមានការសម្រុកវិនិយោគយ៉ាងគំហុកពីសំណាក់ជនបរទេស ជាពិសេសជនជាតិចិន និងជប៉ុន ដែលជំរុញឱ្យតម្លៃនៃវិស័យដីធ្លីមានការកើនឡើងយ៉ាងខ្លាំង ជាក់ស្ដែងក្រៅពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនាទីក្រុងភ្នំពេញ តាមបណ្តាខេត្តមួយចំនួនក៏មានភាពពុះកញ្ជ្រោលផងដែរ ដូចជា ក្រោងកំពង់សោម កំពត់ សៀមរាប និងខេត្តកោះកុងជាដើម ។ យ៉ាងណាក៏ដោយអ្នកជំនាញបានព្រមាន ជាមួយនឹងការបង្ហាញពីគន្លឹះមួយចំនួនដែលអាចចៀសផុតពីហានិភ័យ ហើយអាចទទួលបានចំណេញច្រើនក្រោយពេលលក់ ។


ជាទូទៅតម្លៃអចលនទ្រព្យត្រូវបានគេប្រដូចទៅទឹកចរន្តនៃទឹកសមុទ្រ ដែលភាពឡើងចុះគ្រប់វិនាទី ម្ដងជោរ ម្ដងនាច ហើយមានពេលខ្លះក៏នៅស្មើត្រឹងតែម្ដង។ ដូច្នេះ ប្រសិនបើអ្នកមានអចលនទ្រព្យនៅក្នុងដៃ ហើយចង់ទទួលបានផលចំណេញច្រើន តើគួរលក់នៅពេលណាទើបល្អ ? ចម្លើយត្រូវបានបង្ហាញថា ដើម្បីអាចទទួលបានផលចំណេញច្រើនពីការលក់ អ្នកគួរតែទុកលក់នៅពេលតម្លៃអចលនទ្រព្យឡើងដល់ចំណុចកំពូលមួយ ប៉ុន្តែក៏មិនត្រូវទុករហូតទាល់តែតម្លៃចាប់ផ្តើមធ្លាក់ចុះទៅវិញនោះទេ។ មានន័យថា អ្នកមិនត្រូវទន្ទឹងរង់ចាំតម្លៃថ្លៃរហូតបាត់បង់ឱកាសមាស ឱកាសប្រាក់នោះទេ ពោលគឺយើងត្រូវតែធ្វើការប្រៀបធៀបតម្លៃដើមដែលអ្នកទិញ ជាមួយនឹងតម្លៃទីផ្សារនាពេលបច្ចុប្បន្នដែលកំពុងមានដង្ហើមហើយធ្វើការសម្រេចចិត្តតែម្ដង ខណៈបើតម្លៃនៃភាគចំណេញមានអត្រាស្ទើរតែស្មើនឹង90ភាគរយទៅហើយនោះ ។ នៅពេលដែលតម្លៃអចលនទ្រព្យរបស់អ្នកឡើងដល់កម្រិតមួយដែលអ្នកគិតថាមិនអាចឡើងហួសពីតម្លៃជាក់ស្ដែង អ្នកគួរតែសម្រេចចិត្តលក់ចេញទៅ ព្រោះបើអ្នកនៅតែព្យាយាមរក្សាទុក ថាមិនត្រូវអាចជួបការខាតបង់ ឬស្តាយក្រោយ​ដោយសារតែតម្លៃដីធ្លាក់ចុះ ឬតម្រូវការទីផ្សារត្រូវបានគេបំពេញមុនក៏ថាបានដែរ។
ជាទូទៅម្ចាស់អចលទ្រព្យភាគច្រើនតែងរំពឹងចង់បានតម្លៃខ្ពស់បំផុត។ អ្នកត្រូវចាំថា ពេលខ្លះម្ចាស់អចលនទ្រព្យត្រូវជួបនឹងភាពបរាជ័យ ដោយសារតែចិត្តលោភលន់នេះឯង ចង់បានចំណេញខ្ពស់ ហួសកប់ពពក រហូតធ្វើឱ្យអ្នកទិញមិនហ៊ានចរចា ឬចរចាហើយមិនទិញក៏មានដែរ ខណៈដែលគេពិចារណាឃើញថា មិនអាចទទួលបានតម្លៃលើសពីការទិញរបស់ពួកគេ។ មិនតែប៉ុណ្ណោះ ឈ្មួញដែលជាអ្នកទិញ ក៏អាចនិយាយព័ត៌មានមិនល្អពីអ្នកប្រាប់ទៅកាន់អ្នកវិនិយោគដូចគ្នាក៏ថាបានដែរ ដែលទាំងអស់នេះសុទ្ធតែជះឥទ្ធិពលមិនល្អដល់អ្នកទាំងអស់។
មានម្ចាស់អចលនទ្រព្យខ្លះមិនបានក្តាប់ជាប់តម្លៃទីផ្សារជាក់ស្ដែង ហើយជឿតាមពាក្យចចាមអារាមថា តម្លៃដីនឹងកាន់តែឡើងថ្លៃ ជាមួយនឹងការព្យាយាមដាក់តម្លៃដីរបស់ខ្លួនខ្ពស់ហួសភាពជាក់ស្ដែង ដែលចំណុចនេះក៏ជាគ្រោះថ្នាក់ដែលអាចអោយមានការបាត់បង់នូវឱកាសទទួលបានលាភសក្ការៈពីអចលន្រព្យរបស់ខ្លួន។
មួយវិញទៀត ប្រសិនបើអ្នកត្រូវការលុយទៅបង្វិលធ្វើអ្វីផ្សេងទៀតដែលអាចនាំឱ្យចំណេញលុយត្រឡប់មកវិញច្រើន ប៉ុន្តែអ្នកនៅព្យាយាមរង់ចាំតម្លៃដីឡើងថ្លៃទើបសម្រេចលក់ ចុះបើជួនជាចៃដន្យ តម្លៃទីផ្សារអចលនទ្រព្យធ្លាក់ចុះ ឬជួបនឹងហានិភ័យណាមួយកើតឡើង សំណួរសួរថា តើអ្នកនៅតែអាចទទួលបានផលចំណេញពីដី ឬជួបភាពខាតបង់ ដែលចំណាយពេលវេលាឥតប្រយោជន៍ ? ដូច្នេះ ដើម្បីឱ្យមានភាពច្បាស់លាស់ និងអស់មន្ទិលសង្ស័យនៅក្នុងចិត្តខណៈបើអ្នកមិនបានជ្រាបច្បាស់ពីស្ថានភាពជាក់ស្ដែងនៃតម្លៃទីផ្សារ ជម្រើសចុងក្រោយ អ្នកគួរតែរកជំនួយការដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យ ឬភ្នាក់ងារជំនាញដែលមានភាពច្បាស់លាស់ មានកេរ្តិ៍ឈ្មោះក្នុងវិស័យអចលនទ្រព្យធ្វើជាបង្អែក ទើបការសម្រេចចិត្តរបស់អ្នកមិនជួបភាពស្តាយក្រោយ ៕

លោកឈាង វុន៖ រាជរដ្ឋាភិបាល កំពុងជំរុញឯករាជ្យភាពថាមពលអគ្គិសនី

0

ដោយវុត្ថា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់រដ្ឋសភាជាតិបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញឲ្យ​មានឯករាជ្យភាពផ្នែកថាមពលអគ្គិសនី ដើម្បីបង្កើនការគ្របដណ្តប់និងពង្រឹងមូលដ្ឋានផលិតកម្មនៅកម្ពុជា។

លោក ឈាង វុន សមាជិករដ្ឋសភាបានអោយដឹងនាព្រឹកថ្ងៃទី១២ មិថុនានេះថា នាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់ថាមពលអគ្គិសនីនៅមានតម្លៃខ្ពស់នៅឡើយ ដោយទាមទាអោយមានការវិនិយោគបន្ថែម ពីក្រុមហ៊ុនឯកជននានា ស្របតាមរាជរដ្ឋាភិបាលកម្ពុជាកំពុងជម្រុញឲ្យមានការផលិតឲ្យលឿន និងមានតម្លៃថោកជូនដល់ប្រជាពលរដ្ឋប្រើប្រាស់។ លោកបន្តថា អគ្គិសនីយ៍នេះ មិនមែនប្រើប្រាស់សម្រាប់ឧស្សាហកម្ម រោងចក្រ នោះទេ គឺត្រូវបានប្រើប្រាស់គ្រប់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងប្រទេសបើកតម្លៃអគ្គិសនីមានតម្លៃថ្លៃ និងធ្វើឲ្យប៉ះពាល់ការជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនវិនិយោគផ្សេងៗទៀត ដូច្នេះបានជារាជរដ្ឋាភិលខិតខធ្វើយ៉ាងណាឲ្យតម្លៃអគ្គិសនី មានតម្លៃថោកនាពេលអនាគត”។

លោកឈាង វ៉ុនបានបន្តថា “យើងមិនអាចគ្រប់គ្រង់លើតម្លៃអគ្គិសនីបានទេ បើនៅតែមានការនាំចូលអគ្គិសនីពីប្រទេសជិតខាង មកប្រើប្រាស់ក្នុងស្រុកនោះ ដូច្នេះ យើង ត្រូវតែគិតគូធ្វើយ៉ាងណាអោយមានអគ្គិសនីខ្លួនយើង”។

លោកបន្តថា ក្រុមហ៊ុនស្នេថេក ខូអិលធីឌី និង ក្រុមហ៊ុន ខេមបូឌា អ៊ិនធើណេសិនណល អ៊ិនវេសមែន ឌីវើឡុបមែន គ្រុប គឺជាក្រុមហ៊ុនវិនិយោគខាងផ្នែកអគ្គិសនី ជាដៃគូសហការល្អជាមួយរាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់អគ្គិសនី ដើម្បីឆ្លើយតបនឹងតម្រូវការ នៃការប្រើប្រាស់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចឲ្យឈានឡើងបន្ថែមទៀត តាមរយៈការពឹងផ្អែកទៅលើផ្នែកថាមពល សម្រាប់ដំណើរការលើវិស័យឧស្សាហកម្ម។

ក្រុមហ៊ុនទាំងពីរនេះ គ្រោងនឹងវិនិយោគក្នុងខេត្តកំពង់ស្ពឺ ផ្នែកសូឡា រយៈពេល ២១ឆ្នាំ និងខេត្តកំពុងសោមផ្នែកឃ្យូងថ្ម ក្នុងគោលបំណងបញ្ចុះតម្លៃអគ្គិសនីជូនប្រជាពល​រដ្ឋ និងការប្រើប្រើសគ្រប់ប្រភេទ។

សំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា អោយក្រុមហ៊ុន ស្នេថេក ខូអិលធីឌី និងសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យក្រុមហ៊ុនខេមបូឌា អ៊ិនធើណេសិនណល អ៊ិនវេសមែន ឌីវើឡុបមែនគ្រុប ត្រូវវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលើកយកមកពិនិត្យ តាមរយៈកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១២ មិថុនា នេះ។

អគ្គលេខាធិការរដ្ឋសភា លោកឡេង ប៉េងឡុង ថ្លែងប្រាប់ក្រុមអ្នកសារព័តមានថា សំណើសុំអនុម័តសេចក្តីព្រា​ងច្បាប់ទាំងពីរខាងលើ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្ញើរមករដ្ឋសភាកាលពីសប្តាហ៍មុន និងទុកជាការប្រញាប់ ដែលនាំអោយថ្ងៃនេះគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាយកសេចក្តីព្រាងច្បាប់ ទាំងពីរនេះមកប្រជុំដើម្បីពិនិត្យ និងអនុម័តដោយកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភានាពេលនេះ បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅជូនគណៈកម្មការទី២ និងទី៦ ធ្វើការពិនិត្យ សិក្សា និងស្រាវជ្រាវ រួចដាក់ជូនមករដ្ឋសភាវិញដើម្បីប្រជុំ និងអនុម័តនាពេលខាងមុខ។

កាលពីពេលថ្មីៗនេះ លោកស៊ុយ សែមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្រសួងបានអនុញ្ញាត្តឲ្យក្រុមហ៊ុនចំនួន៤ សិក្សាលទ្ឋភាពសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ដែលមានថាមពលសរុបចំនួន៥០០០មេហ្កាវ៉ាត់៕

រដ្ឋមន្រ្តីពាណិជ្ជកម្មរំពឹងកម្ពុជា ថៃសម្រេចបាននូវទំហំពាណិជ្ជកម្ម១៥ពាន់លានដុល្លារ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយម ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃថា នឹងអាចសម្រេចបានទំហំ ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២០ តាមផែនការដែលគ្រោងទុក ខណៈដែលឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានចំនួន ៦ប៊ីលានដុល្លាររួចទៅហើយ។

លោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានថ្លែងក្នុងជំនួបជាមួយលោកប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជាកាលពីថ្ងៃទី១១ មិថុនាកន្លងមក ដោយបានលើកឡើង អំពីទំនាក់ទំនងស្អិតរមួតរវាងប្រទេសកម្ពុជា និងថៃ ក៏ដូចជាវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិការលើវិស័យពាណិជ្ជកម្ម ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបើកច្រកព្រំដែនភ្នំដី ក្នុងខេត្តបាត់ដំបង និងច្រកបានខៅឌីន ក្នុងខេត្តស្រះកែវ ដែលនឹងជួយសម្រួ​លដល់ការដឹកជញ្ជូនទំនិញ ការធ្វើដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរអន្តរជាតិ និងការពង្រីកកិច្ចសហការធុរកិច្ចរបស់ពាណិជ្ជករនៃប្រទេសទាំងពីរ។

លោកប៉ាន សូរស័ក្តិ ក៏បានស្នើដល់ភាគីថៃ ចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់ចំពោះករណីប្រើប្រាស់និមិត្តសញ្ញាជាតិរបស់កម្ពុជា (ប្រាសាទអង្គរវត្ត) នៅលើបាវអង្កររបស់ថៃ ដែលកំពុងធ្វើចរាចរណ៍លក់នៅតាមទីផ្សារមួយចំនួន ក្នុងទីក្រុងម៉ុងរេអាល់នៃប្រទេសកាណាដា។

ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោកប៉ានីយ៉ារ៉ាក់ ពូលធុប បានជម្រាបឯកឧត្តមរដ្ឋមន្ត្រី អំពីចំណាត់ការរបស់អាជ្ញាធរថៃ ក្នុងការជូនដំណឹងដល់ភាគីពាក់ព័ន្ធ តាមរយៈកិច្ចសហការជាមួយ តំណាងពាណិជ្ជកម្មនៃប្រទេសកាណាដា ដើម្បីទប់ស្កាត់មិនឲ្យទំនិញអង្ករខាងលើមានវត្តមានតទៅទៀត នៅតាមទីផ្សារក្នុងទីក្រុងម៉ុងរេអាល់។ លើសពីនេះ លោកឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណដល់លោកប៉ាន សូរស័ក្តិ ដែលកន្លងមកបានជួយសម្របសម្រួលពាណិជ្ជករថៃ ក្នុងការធ្វើធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។

កាលពីកំឡុងខែមីនា កន្លងមកនេះ កម្ពុជា និងថៃ បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃឡង់ដ៏ លើកទី៦ (6th JTC) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមផ្សេងៗ សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០។ភាគីទាំងពីរបានព្រមព្រៀង ពង្រឹងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម ការបើកច្រកព្រំដែនថ្មីៗបន្ថែម និងការរៀបចំឲ្យមានវេទិកាធុរកិច្ច និងវិនិយោគកាន់តែច្រើន។

លើសពីនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួនពីរគឺ ទី១ យុទ្ធសាស្ត្រកំណើន នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមបណ្តាខេត្តនៅជាប់ព្រំដែន និងទី២ អនុ  ស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មទ្វេភាគីថែមទៀត៕

អ្នកវិនិយោគចិន៖ កម្ពុជាបានផ្តល់ជំជឿទុកចិត្តពីវិនិយោគទុនបរទេស

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកវិនិយោគចិនដ៏មានឥទ្ឋិពលមួយរូបបានថ្លែងថា ក្រុមអ្នកវិនិយោគទុនបរទេស ជាពិសេសបណ្តាអ្នកវិនយោគទុនចិន បានវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ ព្រោះ​មានការជឿជាក់ក្រោមការដឹកនាំ ដ៏មានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ពីប្រមុខរដ្ឋាភិបាលកម្ពុជា។

ប្រធានគណៈកម្មាធិការ និងជាអតីតប្រធានគណៈកម្មការច្បាប់ធនាគារចិនលោកសាង ហ៊្វូលីនបានលើកឡើង នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨កន្លងមកថា ដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរកម្ពុជា-ចិន តារយៈការប្រើប្រាស់នូវយន្តការសម្របសម្រួល កិច្ចសន្ទនាទ្វេភាគី និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ដែលឆ្លើយតបជា វិជ្ជមាន ទៅនឹងក្របខណ្ឌនៃការអនុវត្តគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយផ្លូវមួយ បានធ្វើឲ្យ​ចំ​ណងមិត្តភាពប្រទេសទាំងពីរមិនអាចកាត់ថ្លៃបាន ក្នុងទិសដៅតែមួយគត់គឺការជម្រុញកិច្ចសហប្រតិបត្តិការនេះទៅរកការរីកចម្រើន។

លោកបានបន្តដោយបានកោតសរសើដល់ប្រទេសកម្ពុជា ដែលទទួលបានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស នៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដោយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្នុងការទាក់ទាញទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស ជាពិសេសអ្នកវិនិយោគទុនចិន។ លោកបន្តថា ភាពជោគ​ជ័យទាំងនេះ គឺបានកើតចេញតាមរយៈជំនឿជឿជាក់ ទៅលើការដឹកនាំដ៏មានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការទទួល ខុសត្រូវខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោកសុខ ចិន្តាសោភាបានជម្រាបជូនគណៈប្រតិភូចិនអំពីវឌ្ឍនភាព និងគោលនយោ​បាយគាំទ្រនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ក្នុងទិសដៅលើកទឹកចិត្ត និងពង្រឹងនូវ​ទំនុកចិត្តរបស់អ្នកវិនិយោគគ្រប់រូប ក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមបញ្ចូលនូវគោលនយោបាយអភិវ​ឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១​៥​-២០២៥ ដែលមានចក្ខុវិស័យក្នុងការជម្រុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥៕

រដ្ឋាភិបាល ចាប់ផ្តើមជំរុញឲ្យអ្នកអភិវឌ្ឍន៍សាងសង់ផ្ទះ តម្លៃទាប ៣០% នៃគំរោងរបស់ពួកគេ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជាការគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ រដ្ឋាភិបាលតាមរយៈក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងរៀបចំបទបញ្ញត្តិថ្មី ដផយតម្រូវឲ្យអ្នកអភិវឌ្ឍន៍កចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ រដ្ឋាភិបាលតាមរយៈក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងរៀបចំបទបញ្ញត្តិថ្មី ដផយតម្រូវឲ្យម្ចលំនៅដ្ឋានសាងសង់ផ្ទះ៣០ភាគរយ នៃគម្រោងរបស់ពួកគេ ជាលំនៅដ្ឋានមានតម្លៃមធ្យម និងគិតអត្រាការប្រាក់ទាបផងដែរ។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សី វិស្សុតបានថ្លែងឲ្យដឹងក្នុង​កិច្ចប្រជុំកាលពីទី១០ មិថុនាកន្លងមកថា រាជរដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយថ្មី​មួយ គឺការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ ក្នុងន័យទាក់ទាញការវិនិយោគពីវិស័យឯកជន និងការវិនិយោគរបស់រដ្ឋ។លោកបន្តថា បច្ចុប្បន្នក្រសួងកំពុងធ្វើការវិនិយោគជាមួយ វិស័យឯកជន ដោយតម្រូវឲ្យមានការសាងសង់លំនៅដ្ឋាន ដែលមានតម្លៃថោក ដោយក្រសួងមិនយកពន្ឋទៅលើតម្លៃសាងសង់ ថ្លៃសេវា រួមទាំងការសហការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ បណ្តាញលូ ផ្លូវដល់ម្ចាស់គំរោងដោយឥតគិតថ្លៃ។

លោកបន្តថា “ម្ចាស់គំរោងឯកជនត្រូវសងត្រលប់វិញ ដោយត្រូវសាងសង់ផ្ទះតម្លៃទាប៣០ភាគរយនៃគម្រោងរបស់ពួកគេ និងប្រកាសគំរោងនោះដល់អ្នកទិញដឹងអំពីការបង់ប្រាក់ និងមិនត្រូវឲ្យមានការប្រាក់ខ្ពស់នោះឡើយ”។លោកបន្តថា “បច្ចុប្បន្នរដ្ឋាភិបាល​ឲ្យវិស័យឯកជនចូលរួម ប៉ុន្តែពេលអនាគតរដ្ឋាភិបាលនឹងវិនិយោគលំនៅដ្ឋានតម្លៃទាបលក់ជូនប្រជាពលរដ្ឋ”។

ប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋាកម្ពុជា លោកឧកញ៉ាលី ហួរបានថ្លែងថា លោកមិនទាន់ឃើញលិខិតណែនាំនោះនៅឡើយ ប៉ុន្តែលោកបានថ្លែងថា ការអភិវឌ្ឍបែប​នេះវាអាស្រ័យលើទីតាំងនៃគំរោង ព្រោះឧទាហរណ៍បើគំរោងនៅទីតាំងណា១ ហើយដីមានតម្លៃ​៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ យើងមិនអាចសាងសង់លំនៅដ្ឋានតម្លៃទាប​បានោះទេ៕

ក្រសួងរៀបចំដែនដីចាប់ផ្តើមផ្តោតសំខាន់លើយុទ្ឋសាស្រ្ត Smart City

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការអភិវឌ្ឍ Smart City ក្នុងប្រទេសកម្ពុជាបាននិងកំពុងចាប់ផ្តើមការយក​ចិត្តទុកដាក់ពីក្រសួងជំនាញ ដើម្បីបញ្ជូននិងបញ្រ្ជាបការយល់ដឹងពីទស្សនទានអភិវឌ្ឍន៍នេះដល់និស្សិត ដែលបាននិងកំពុងសិក្សាស្ថាបត្យកម្ម និងសំណង់មកពីគ្រឹះស្ថានឧត្តមសិក្សានានា។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌបានថ្លែងក្នុងពិធីបើក សិក្ខាសាលា“ យុទ្ធសាស្រ្តនៃការអភិវឌ្ឍទីក្រុង ក្នុងវិស័យស្ថាបត្យកម្ម និងសំណង់” ប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ១១ខែមិថុនាឆ្នាំ ២០១៨ កន្លងមកថា ការរៀបចំសិក្ខាសាលានេះឡើងពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីអភិវឌ្ឍធនធានមនុស្សដោយផ្ដល់ចំណេះដឹងបន្ថែម អោយនិស្សិតស្វែងយល់បានកាន់តែច្រើនពីការរីកចំរើន នៃ Smart City ក្នុងប្រទេសជប៉ុន និងយកចំណេះដឹងនេះដើម្បីអភិវឌ្ឍទីក្រុងកម្ពុជា។

លោកបន្តថា សព្វថ្ងៃវិស័យសំណង់កម្ពុជា កំពុងមានការរីកចំរើនយ៉ាងខ្លាំង ក្រោមដំបូលនៃសន្តិភាព ជាក់ស្តែងទុនវិនិយោគក្នុងវិស័យនេះ បានក្លាយជាផ្នែកសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយបានបន្តកំណើនក្នុងរង្វង់៧ភាគរយ ចាប់បីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ ហើយកំណើននេះនឹងបន្តក្នុងរង្វង់៧ភាគរយទៀតក្នុងឆ្នាំ ២០១៨។

លោកភឿង សុភ័ណ្ឌបានបន្តថា រាជធានីភ្នំពេញមានអាគារ មានកំពស់ចាប់ពី៥ជាន់ឡើងទៅចំនួនប្រមាណជា ៧៩១អាគារ ហើយក៏មានបុរីលំនៅឋានចំនួន ១៣៤ទីតាំង និងមានការជម្រុញក្នុងការបង្កើតទីក្រុងរណបថ្មីៗ លំនៅឋាន តំបន់សេដ្ឋកិច្ចពិសេស និងអាគារឧស្សាហកម្មជាដើម។

សិក្ខាសាលានេះមានការចូលរួមធ្វើបទបង្ហាញពី លោក Hirotaka Sekido ជាអគ្គនាយករង ក្រុមហ៊ុនស្តាតគ្រុប នៃប្រទេសជប៉ុន ដើម្បីធ្វើបទបង្ហាញពីភាពរីកចំរើន Smart City របស់ប្រទេសជប៉ុន៕

ស្វែងយល់ពីអាស៊ាន : តើអគារ Marina Bay Sands អស្ចារ្យដូចម្តេច ?

0

ដោយ ៖ វុត្ថា

ភ្នំពេញ : ប្រជាជនកម្ពុជាដែលមានលទ្ឋភាព បានធ្វើដំណើរទៅដល់សងហ្កាពួរ​ប្រហែលមិនភ្លេចទេ ក្នុងការផ្តិចយករូបភាពនិងឡើងទៅលើអាគារដ៏ទាក់ទាញនេះ ប៉ុន្តែទំនងមិនដឹងពីប្រ​វត្តិនិងភាពអស្ចារ្យរបស់អាគារនេះនោះទេ។

គេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច​ Propertyarea.asia ឈានមុខគេ សូមនាំ​លោកអ្នកទៅទស្សនានិងស្វែងយល់ពីអាគារមួយនេះ តើមានភាពអស្ចារ្យនិងលេច​ធ្លោដូចម្តេច។

សណ្ឋាគារ និងរមណីយដ្ឋាន Marina Bay Sands របស់ប្រទេសសឹង្ហបុរី ដែលមាន ភាពល្បីល្បាញមិនចាញ់អគារ Burj Khalifa នៅក្នុងទីក្រុងឌុបៃ និងអគារShanghai Tower របស់ប្រទេសចិនប៉ុន្មាននោះទេ។មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ បានចំណាយ ទឹកប្រាក់សាងសង់៣ពាន់លានដុល្លារសឹង្ហបុរី និងចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៧ និងបញ្ច​ប់សាងសង់ ព្រមទាំងដាក់ឲ្យដំណើរការនៅឆ្នាំ២០១០។

មជ្ឈមណ្ឌលពាណិជ្ជកម្មនៃ Marina Bay Sands គឺសណ្ឋាគារដ៏ស្រសស្អាតមួយក្នុង​ចំណោមសណ្ឋាគារផ្សេងទៀតនៅក្នុងប្រទេសសឹង្ហបុរី ដែលស្ថិតនៅខាងមុខនៃអគារ​ខ្ពស់​កប់ពពក់ Marina Bay។ អគារនេះ បានចាប់ផ្តើមសម្ពោធឲ្យដំណើរជាផ្លូវការ​នៅក្នុងឆ្នាំ២០១០ ហើយដែលមានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក ដែលមានតម្លៃ​រហូតដល់៨ពាន់លានដុល្លារសហរដ្ឋាអាមេរិករួមជាមួយតម្លៃដីផងដែរ។

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ បានសាងសង់ដោយក្រុមហ៊ុនមក​ពីសហរដ្ឋអាមេរិក Las Vegas Sands។

អគារនេះមានចំនួន២៥៦២បន្ទប់ ដែលសាងសង់លើទំហំដី១២០.០០០ម៉ែត្រការ៉េ មានទាំងមជ្ឈណ្ឌលតាំងពិព័រណ៍ ហាងទំនើប សារមន្ទីរ រោងកុនដ៏ធំចំនួន ២ ភោជនីយដ្ឋានល្បីៗ ពោងបណ្តែតទឹក កន្លែងតាំងពិព័រណ៌សិល្បៈវិទ្យាសាស្ត្រ និងកាស៊ីណូលំដាប់ពិភពលោក ដោយមានតុលេងល្បែងចំនួន៥០០ និងមាស៊ីនហ្គេមចំនួន១៦០០គ្រឿង។

អគារនេះ មានកំពស់រហូតដល់៣០០ម៉ែត្រ ដោយនៅលើកំពូលអគារមានអាង​ហែល​ទឹក Sky Park ដែលមានទំហំ១៥០ម៉ែត្រ ដែលអាចអោយមនុស្សហែលលេងបាន​ចំនួន៣៩០០ នាក់ និងត្រូវបានគេចាត់ទុកថា ជាអាងធំ និងអស្ចារ្យជាងគេនៅលើ​ពិភពលោកដោយរចនាប្លង់ដោយ លោក Moshe Safdie។

សណ្ឋាគារ និងរមណីយដ្ឋាន Marina Bay Sand គឺជាសណ្ឋាគារតែមួយគត់ដែល​ទទួលបានភាពជោគជ័យផ្នែកអាជីវកម្ម និងទាក់ទាញភ្ញៀវទេសចរ​យ៉ាងច្រើន​មកពី​សកលលោក។

សណ្ឋាគារ និងរម្មណីយដ្ឋាន Marina Bay Sands មានកំពស់៥៥ជាន់ ដែលជាអគារ​ខ្ពស់​បំផុតនៅក្នុងឆ្នាំ២០០៩៕