ដោយ វុត្ថា
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានតម្រូវ ឲ្យអាជីវករកាណូតទេសចរណ៍ទាំងអស់អនុវត្តស្តង់ដា អប្បបរមាកាណូតទេសចរណ៍កម្ពុជា ដើម្បីពង្រឹងសុវត្ថិភាព និងគុណភាពសេវាកម្មទេសចរណ៍តាមផ្លូវទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងលេខ០៦៩ សជណ.អគឩ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមកបានឲ្យដឹងថា ការដាក់ឲ្យអនុវត្តនេះគឺស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងពិធីបុណ្យសមុទ្រលើកទី ៧ នៅខេត្តកោះកុងកាលពីកន្លងមកនេះ។
-->
សេចក្តីជូនដំណឹងដដែលបានបន្តថា អាជីវករកាណូតទេសចរណ៍ អាចដាក់ពាក្យ ស្នើសុំទទួលស្គាល់ស្តង់ដាគុណភាពអប្បបរមា ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ តទៅ។
លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានមានប្រសាសន៍ស្វាគមន៍ ចំពោះក្រសួងទេសចរណ៍ ដែលតម្រូវឲ្យម្ចាស់អាជីវករកាណូតទេសចរណ៍ទាំងអស់រៀបចំឲ្យមានស្តង់ដារ ដើម្បីសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍។ លោកស្រីបន្តថា ការណែនាំនេះពិតជាល្អ សម្រាប់ប្រទេសកម្ពុជានាពេលអនាគត ព្រោះកន្លងមកនេះ មានកាណូតមួយចំនួនបានរៀបចំបានស្តង់ដារ និងមួយចំនួនទៀតមិនមានស្តង់ដារ ដែលធ្វើឲ្យភ្ញៀវជិះធ្វើដំណើរកម្សាន្តមានអារម្មណ៍គ្មានសុវត្ថិភាព។
លោកស្រីបន្តថា “ពេលខ្លះទាំងពោងសុវត្ថិភាព និងចំណីអាហារទៀតសោតក៏គ្មាន អនាម័យ ដែលបង្កឲ្យភ្ញៀវដែលធ្វើដំណើររួចហើយខ្លាចរអារ ក្នុងការជិះម្តងទៀត ឬមិនហ៊ានប្រាប់មិត្តភក្តិ ឬបងប្អូនរបស់គេធ្វើដំណើរម្តងទៀត ហើយការីទេសចរណ៍ទាំងអស់ក៏មានហ៊ានណែនាំភ្ញៀវឲ្យធ្វើដំណើរតាមកាណូតផងដែរ”។
លោកស្រីឆាយ ស៊ីវលីនបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ទាំងផ្លូវគោក និងផ្លូវទឹក ដោយខាងផ្លូវទឹកយើងមានបឹង ទន្លេរ និងសមុទ្រ ក្នុងការទាក់ភ្ញៀវទេសចរណ៍ឲ្យមកលេងកម្សាន្ត តែអ្វីដែលយើងបានផ្គត់ផ្គង់មិនបានតាមស្តង់ដារ និងអនាម័យ បើក្រសួងទេសចរណ៍តម្រូវម្ចាស់កាណូតទេសចរណ៍រៀបចំឲ្យមានស្តង់ដារពិតជាល្អ ព្រោះខាងការីទេសចរណ៍ប្រាថ្នា ចង់បានជាយូណាស់មកហើយ។
លោកស្រីបន្ថែមថា បើកក្រឡេកមើលប្រទេសជិតខាងយើង គេបានរៀបចំបានស្តងដារល្អណាស់។ ចំណែកយើងវិញមានសម្បត្តិធម្មជាតិលើសគេទៅទៀត តែមិនបានរៀបចំឲ្យបានល្អ ឬស្តង់ដារសម្រាប់ភ្ញៀវ ព្រោះការរៀបចំនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ភ្ញៀវស្នាក់នៅឲ្យបានយូ និងចំណាយលុយឲ្យបានច្រើនដើម្បីបង្កើនចំណូលដល់ពលរដ្ឋទទួលបានអត្ថប្រយោជន៍ខ្ពស់។
លោកស្រី “បើយើងរៀបចំគ្មានសុវត្ថិភាព និងស្តង់ដារចំពោះកាណូត និងរថយន្តដឹកភ្ញៀវទេសចរណ៍នោះទេ ពួកគេនឹងមិនស្នាក់នៅយូរ ហើយអាចបង្វែទៅលេងកម្សាន្តនៅប្រទេសផ្សេង ហើយគេក៏មិនមកលេងជាលើកទី២ទៀតដែរ។ ចឹងទេយើងទាំងអស់គ្នាត្រូវតែគិតគូពីសុវត្ថិភាព និងស្តង់ដារឲ្យបានច្រើន”៕
