ដោយ នៅ វឌ្ឍនា
ខេត្តក្រចេះ៖ ប្រទេសចិនបានប្រកាសជួយសាងសង់កំណាត់ ផ្លូវជាតិលេខ៧ ប្រវែង៩៦គីឡូម៉ែត្របន្ថែមទៀត ដោយតភ្ជាប់ពីចំណុចរមៀត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដល់ព្រំដែនប្រទេសឡាវ តាមរយៈឥណទានជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

នៅក្នុងដំណើរការចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង៩៣ គីឡូម៉ែត្រនៅខេត្តក្រចេះ កាលពីពេលថ្មីៗនេះ លោក លឹមស៊ី ដេនីន រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងថា ខណៈដែលប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងឯករាជ្យពេញលេញ កត្តាសន្តិភាព បានជំរុញឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យប្រព័ន្ធគមនាគមន៍ ដែលជាចរន្តសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសជាតិ បាននិងកំពុងអភិវឌ្ឍន៍រីកចម្រើនគ្រប់ទីកន្លែង ដែលបានតភ្ជាប់ពី រាជធានីភ្នំពេញទៅតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់ជនបទ។
-->
លោកបន្តថា ជាក់ស្ដែងកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចគីឡូម៉ែត្រលេខ៣៣១ (រង្វង់មូលខ្លាស្ទុះ) ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ រហូតដល់ចំណុចគីឡូម៉ែត្រលេខ៤២៤ ចំណុចឃុំអូរគ្រៀង ស្រុកសំបូរ ប្រវែង៩៣,៥៦៥គម ត្រូវបានស្ដារឡើងវិញចាប់តាំងពីខែមេសា ឆ្នាំ២០១៦ និងស្ថាបនាជួសជុលរួចរាល់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ២០១៨ កន្លង ទៅ ដោយក្រុមហ៊ុនចិនសៀងហៃ (SCG) ។

លោក លឹម ស៊ីដេនីន បានអំពាវនាវដល់ម្ចាស់អាជីវកម្ម ម្ចាស់យានយន្ត ធុនធំគ្រប់ប្រភេទ ដែលកំពុងចរាចរ ប្រើប្រាស់លើដងផ្លូវជាតិទាំងអស់ សូមកុំឱ្យដឹកជញ្ជូនផ្ទុកលើសទម្ងន់ពីច្បាប់កំណត់ និងចូលរួមថែរក្សាការពារនូវសមិទ្ធផលនានា ជាពិសេសសមិទ្ធផលផ្លូវជាតិលេខ៧នេះតែម្ដង ដែលជាជំនួយឥតសំណងលើកទីមួយរបស់ចិនមកកម្ពុជា និងជាប្រយោជន៍ សាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ នៅគង់វង្ស បានយូរអង្វែង និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរតាមដងផ្លូវជាតិ ដែលកើតឡើងជាយថាហេតុ៕