លោកឧកញ៉ា លី ហួរ បង្ហើបពីយុទ្ឋសាស្រ្តធ្វើឲ្យក្រុមហ៊ុនទទួលជោគជ័យ

0

ដោយ គង់ សូរិយា

ភ្នំពេញការបង្កើតក្រុមហ៊ុនមួយ ជាការងាយស្រួលទេ ប៉ុន្តែដើម្បីឲ្យក្រុមនោះទទួលបានជោគជ័យប្រកបដោយនិន្តរភាព ​មិនមែនជាការងាយស្រួលនោះទេ ដូច្នេះការមានផែនការច្បាស់លាស់ពិតជាមានសារៈសំខាន់ណាស់។

លោកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបដែលមានក្រុមហ៊ុនជា​បុត្រសម្ព័ន្ឋចំនួន៨ និងមានបុគ្គលិកបំរើការងារប្រមាណ១៥០០នាក់បានមានប្រ​សាសន៍ឲ្យគេហទំព័រ Propertyarea.asia ដឹងនាព្រឹកថ្ងៃទី២០ មិនានេះថា ការបង្កើ​ត​ក្រុមហ៊ុនមួយ អ្នកវិនិយោគត្រូវគិតលើកត្តាជាច្រើន ដោយទី១ ត្រូវសិក្សាពីទីតាំង នៃអាជីវកម្មរបស់ខ្លួនថា តើសមស្របសម្រាប់អាជីវកម្មរបស់ខ្លួនឬអត់ ទី២ ត្រូវសិក្សាពីទីផ្សារ និងដៃគូប្រកួតប្រជែងរបស់យើងច្រើនឬតិច មានដៃគូខ្លាំងប៉ុន្មានក្រុមហ៊ុន? ទី៣ អ្វីជាផែនការរបស់យើងពិតប្រាកដ ពេលរកឃើញហើ​យត្រូវយកមកប្រៀបធៀបជាមួយដៃគូ ប្រកួតប្រជែងរបស់យើងនៅតំបន់នោះ។

ទី៤ បើសិក្សារួចហើយឃើញថាគំរោងរបស់យើងល្អ មានទីផ្សារល្អ និងអាចប្រកួតជាមួយដៃគូអាជីវកម្មរបស់យើងបាន យើងធ្វើអាជីវកម្មនោះនឹងទទួល​ជោគជ័យហើយ ទី៥ យើងត្រូវសិក្សាពីតម្លៃផលិតផលរបស់យើងផងដែរ បើវាមានតម្លៃសមរម្យ និងអាចប្រកួតប្រជែងបាន យើងអាចាប់ផ្តើមបានហើយ។ លើ​សពីនេះ យើងក៏ត្រូវសិក្សាពីមូលដ្ឋានហិរញ្ញវត្ថុរបស់យើងផងដែរ ដើម្បីធ្វើឲ្យប្រាកដថា គំរោងរបស់​យើងដើរទៅមុខ ដោយគ្មានឧបសគ្គហិរញ្ញវត្ថុ។

លោកឧកញ៉ា លី ហួរ បានបញ្ជាក់ថា “បើយើងមិនបានសិក្សាពីទីផ្សារ ពីផលិតផលរបស់យើង ពីដៃគូប្រកួតប្រជែងរបស់យើង ហើយយើងចេះតែធ្វើតាម​ការនឹកឃើញ គឺយើងពិបាកទទួលបានជោគជ័យណាស់”។

លោកបន្តថា  ការបើ​កក្រុមហ៊ុនមួយៗ ក៏ត្រូវគិតពីលទ្ឋភាពរបស់យើងសិនថា យើងចង់ធ្វើអី បើយើង​ចង់វិនិយោគលើវិស័យអចលនទ្រព្យ បើយើងគិតថាចង់សង់ផ្ទះលក់ យើងត្រូវដឹងថា តំបន់នោះតម្រូវទីផ្សារប្រជាជនក្រុមណា ហើយ​ចង់ផ្ទះលក់ក្នុងតម្លៃប៉ុន្មាន ទើបអាចរកចំណេញបាន ហើយបើសង់ហើយមានអ្នកទិញឬទេ នោះជាចំណុចដ៏សំខាន់ ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ និងទទួលបានជោគជ័យ។

លោកឧកញ៉ាលី ហួរបានបន្តថា “អ្វីដែលយើងធ្វើ គឺត្រូវគិតដល់សុភាសិតខ្មែរយើងមួយ ដែលបានលើកឡើងថា “គិតហើយ សឹមគូរ ព្រោះបើយើងគូរហើយ​ចាំ គិតពិតជាពិបាកជោគជ័យហើយ”៕

ADB ផ្តល់ជំនួន ៦០លានដុល្លារ ជួយកម្ពុជាឆ្ពោះទៅមុខកាន់តែលឿន

0

ដោយ ដែន ចែងចាំង

ភ្នំពេញធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់ទឹកប្រាក់៦០លានដុល្លារ ដើម្បីជួយកម្ពុជាឆ្ពោះទៅមុខកាន់តែលឿន តាមរយៈការអភិវឌ្ឍជំនាញសម្រាប់ការប្រកួតប្រជែង ចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ដល់កម្ពុជា។

លោកអ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់ដល់អ្នកសារព័តមាន ក្រោយជំនួបពិភាក្សាជាមួ​យលោ​ក Jan Hansen ប្រធានស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២០ មិនានេះថា គម្រោងអភិវឌ្ឍជំនាញសម្រាប់ការប្រកួតប្រជែងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងរៀបចំធ្វើយ៉ាងណា នឹងបង្កើនគម្រោងនេះសម្រាប់បរិបទថ្មី នៃការអភិវឌ្ឍន៍ គោលនយោបាយជាតិស្តីពី ការពិពិធកម្មឧស្សាហកម្ម និងគោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាល វិជ្ជាជីវៈ។

លោកបន្តថា “គំរោងនេះ នឹងជំរុញបន្ថែមទៀតនូវប្រសិទ្ធិភាពការ អនុវត្តន៍គោលនយោ​បាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនិងគំរោ ង ដែលនៅសល់រយៈពេលរហូតដល់ឆ្នាំ២០២១”។

លោកអ៊ិត សំហេងបានបន្តថា នៅក្នុងបរិបទសមារណកម្មសហគមសេដ្ឋកិច្ចអាស៊ាន និងសា​ក​​លភាវូបនីយកម្ម តម្រូវការកំលាំងពលកម្ម ដែលមានកម្រិតជំនាញមានកាន់តែច្រើនឡើង។ ហេតុនេះកម្ពុជាចាំបាច់ណាស់ ក្នុងការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈឲ្យកម្លាំងពលកម្ម ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលជាទិសដៅនាពេលខាងមុខសម្រាប់ការអភិវឌ្ឍន៍។

តាមរយៈគម្រោងភាពជាដៃគូនេះ នឹងបង្កើតឲ្យជិតស្និទ្ធបន្ថែមទៀតរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ រវាងក្រសួង និងដៃគូអភិវឌ្ឍ ជាពិសេសជាមួយផ្នែកឯកជន ដើម្បីទាក់ទាញនូវធនធាន ក៏ដូចជា បច្ចេកទេសឲ្យបានកាន់​តែច្រើនថែម សម្រាប់ជំរុញការអភិវឌ្ឍធនធានមនុស្ស និងមានអត្ថប្រយោ​ជន៍ធំណាស់សម្រា​ប់ប្រទេសជាតិ និងប្រជាពលរដ្ឋ យុវជន យុវនារី ព្រោះបើគិតពីពេលនេះទៅមុខ។

យោងតាមសេចក្តីប្រកាសព័តមាន របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹ​ង​ថា ដំណើរការនៃការអនុវត្តគម្រោងអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាសធា​តុពីរ ដូចជា ទី១ កម្ចីសម្រាប់សកម្មភាពការងារ គោលនយោបាយដែលមានថវិកាចំនួន៧លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍អាស៊ី និងទី២ កម្ចីសម្រាប់សកម្ម​ភាពការងារគម្រោងចំនួន៣៨លានដុល្លារ និងទឹកប្រាក់១៥លានដុល្លារបាន​មកពីទីភ្នាក់​ងារបារាំងដើម្បីការអភិវឌ្ឍ (AFD)៕

ដុល្លារូបនីយកម្មរួមចំណែក ៨,៥ភាគរយក្នុងការជំរុញកំណើនសេដ្ឋកិច្ច

0

ដោយ គង់ សូរិយា

ភ្នំពេញ ដុល្លាររូបនីយកម្មបានចូលរួមចំណែកជាវិជ្ជមាន ដល់ការរីកចម្រើនសកម្មភាពសេដ្ឋកិច្ចកម្ពុជា ដោយក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ រូបិយប័ណ្ណនេះបានរួមចំណែក៨,៥ភាគរយ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាស្តីពី សារៈសំខាន់នៃប្រាក់រៀលសម្រាប់កម្ពុជាបានបង្ហាញថា មកដល់បច្ចុប្បន្នដុល្លាររូបនីយកម្ម បានចូលរួមចំណែកជាវិជ្ជមានដល់ការរីកចម្រើន សកម្មភាពសេដ្ឋកិច្ចកម្ពុជា ដែលមានកម្រិតមធ្យមប្រមាណ៨,៥ភាគរយ នៅក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ក្នុងនោះល្បឿនកំណើនដែលគួរឲ្យកត់សម្គាល់នេះ ត្រូវបានជម្រុញការវិនិយោគផ្ទាល់ពីបរទេស ការនាំចេញ និងសមាហរណកម្ម យ៉ាងឆាប់រហ័សទៅក្នុងតំបន់ និងពិភពលោក។

របាយការណ៍នេះបានបង្ហាញថា ខណៈកម្ពុជាកំពុងក្លាយទៅជាប្រទេសមានចំណូលមធ្យម កម្រិតដុល្លារូបនីយកម្មខ្ពស់ បានធ្វើឲ្យកម្ពុជារងនូវឥទ្ធិផលពីខាងក្រៅ ហើយប្រឈមនិងហានីភ័យជាចម្បងៗ ដែលអាចធ្វើឲ្យប៉ះពាល់ដល់កំណើន សេដ្ឋកិច្ចកម្ពុជាផងដែរ។

របាយការណ៍ដដែលបានសង្កាត់ធ្ងន់ថា កម្ពុជាចាំបាច់ត្រូវបង្កើនភាពឯករាជ្យ ពីការប្រើប្រាស់រូបិយប័ណ្ណ ដើម្បីធ្វើឲ្យលទ្ធភាពនៃការគ្រប់ គ្រង់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងនោះដោយយល់ឃើញពីសារៈសំខាន់ នៃតួនាទី រូបិយប័ណ្ណជាតិក្នុងការជម្រុញសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍យុទ្ធសាស្រ្តជម្រុញ ការប្រើប្រាស់ប្រាក់រៀល ដូច បានចែងក្នុងយុទ្ធសាស្រ្តចតុកោណ និងយុទ្ធអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជាក់ស្តែងរាជរដ្ឋាភិបាលបានជម្រុញការបង់ពន្ធ បង់ ថ្លៃទឹកភ្លើង ត្រូវធ្វើឡើងជាប្រាក់រៀល រួមនឹងការរក្សារតម្លៃប្រាក់ររៀល តាមរយៈការធ្វើឲ្យអត្រាប្តូរប្រាក់មានស្ថិរភាពជាដើម។

ទោះជាយ៉ាងណាមានប្រតិកម្មចម្រុះ ទាក់ទងនឹងភាពវិជ្ជមាន និងអវិជ្ជមានលើដុល្លារូបនីយកម្មនៅកម្ពុជា។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការប្រើប្រាស់ប្រាក់ដុល្លារនៅកម្ពុជាមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែភាពអវិជ្ជមានអាចមានច្រើន ដោយសារកម្ពុជានាំចេញដោយប្រើ​ប្រាស់ប្រាក់ដុល្លារ ហេតុនេះនៅពេលប្រាក់ដុល្លារឡើងថ្លៃ នឹងធ្វើឲ្យទំនិញកម្ពុជា​មានតម្លៃថ្លៃ និងពិបាកក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃទៀត។

លោកបន្តថា “ទោះជាការចចរាចរណ៍ប្រាក់ដុល្លារ នៅកម្ពុជាមានចំនុចវិជ្ជ​មានច្រើនក្តី ប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យមានការធ្វើបដិដុល្លារនីយកម្មបន្តិចម្តងៗ ដើម្បី ប្រាក់របស់ជាតិមានស្ថិរភាព និងជាការលើកកំពស់មោទនភាពជាតិ”។

ទោះជាយ៉ាងណាអ្នកវិនិយោគតៃវ៉ាន់ ដែលបានវិនិយោគគំរោង TK Royal One នៅកម្ពុជាលោក Chenyi Liu បានថ្លែងថា ការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅកម្ពុជា ជាចំណូចវិជ្ជមាន ដោយសារយើងមានភាពកក់ក្តៅ និងមានទំនុកចិត្តនូវការចរាចរណ៍ប្រាក់ដុល្លារនៅកម្ពុជា ប៉ុន្តែយ៉ាងណាវាមិនមែនជាផ្នែក​តែមួយ ដែលបានទាក់ទាញអ្នកវិនិយោគបរទេស មកវិនិយោគនៅកម្ពុជានោះទេ?។

លោកបន្តថា “ការចរាចរណ៍ប្រាក់ដុល្លារយ៉ាងសកម្ម និងទូលំទូលាយនៅក្នុងទីផ្សារនៅទីនេះ ពិតជាល្អប្រសើរ ដែលធ្វើឲ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត”។

អគ្គនាយកក្រុមហ៊ុន WTC Phnom Penh លោក KAZUYA URATA បានយល់ស្របនឹងការវិនិយោគរបស់ជនជាតិតៃវ៉ាន់ ដោយលោកបានថ្លែងថា ការអនុញ្ញាត្តឲ្យមានការចរាចរ ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅកម្ពុជា ពិតជាផ្នែក​មួយយ៉ាងសំខាន់ ក្នុងការផ្តល់ឲ្យអ្នកវិនិយោគមានទំ​នុកចិត្ត និងមានភាពកក់ក្តៅ នៅក្នុងទីផ្សារនេះ ប៉ុន្តែការមានច្បាប់វិនិយោគដ៏ល្អ កំណើនសេដ្ឋកិច្ចល្អ និងការអនុញ្ញាត្តឲ្យជនបរទេស មានសិទ្ឋិបោះទុនវិនិយោគ១០០ភាគរយ ក៏ជាផ្នែកដ៏សំ​ខាន់ ដែលបាននិងកំពុងទាក់ទាញអ្នកវិនិយោគជាច្រើនមកកម្ពុជាផងដែរ៕

ហុងកុង​វិនិយោគ​ទឹកប្រាក់​ជាង១៣០០លាន​ដុល្លារ​នៅ​កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ ជាមួយនឹង​សក្តានុពល និង​ការបើកចំហ​របស់​កម្ពុ​ជា​បានធ្វើ​ឲ្យ​អ្នកវិនិយោគ​ហុងកុង មក​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ជាង១៣៣០លាន​ដុល្លារ​អាមេរិក។

យោងតាម​របាយការណ៍​របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​កាល ពី​ម្សិល​ម៉ិ​ញ​នេះ​ថា ការវិនិយោគ​របស់​អ្នកវិនិយោគ​ហុងកុង​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៧មាន​ចំនួន២៥៧គម្រោង មាន​ទុនវិនិយោគ​ប្រមាណ១៣៣០លាន​ដុល្លារ​អាមេរិក ស្មើ​ជាង២ភាគរយ នៃ​ការវិនិយោគ​បរទេស​សរុប​នៅ​កម្ពុជា។

ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក Edward Yau អគ្គលេខាធិការ​ពាណិជ្ជ​កម្ម និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​មានប្រសាសន៍ថា កម្ពុ​ជាមាន​វឌ្ឍនភាព​យ៉ាងខ្លាំង​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ និង​មាន​បរិយាកាស​វិនិយោគ​ល្អប្រសើរ ដោយ​លោក​នឹង​ខិតខំ​ទាក់ទាញ អ្ន​កវិន​យោគ​មកពី​ទីក្រុង​ហុងកុង​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត។

លោក​ប៉ាន សូរ​ស័ក្តិ​បាន​ជម្រាបជូន​គណៈប្រតិភូ​ហុងកុង អំពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា និង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅត្រឹម​ឆ្នាំ២០៥។ លើសពីនេះ  លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ប្រតិភូ​ហុងកុង អំពី​គោលនយោបាយ​គាំពារ​វិនិយោគិន និង​ការលើកទឹកចិត្តផ្សេងៗរបស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​បាន​សំណូមពរ​ឲ្យ​មានការ​រៀបចំ​វេទិកា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី នៅក្នុង​ទីក្រុង​ហុងកុង នាពេលខាងមុខ​ផងដែរ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក​សុខ ចិន្តា​សោភា​បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​វិនិយោគ ដែល​បាន​ទាក់ទាញ​អ្នកវិនិយោគ​មកពី​ហុងកុង និង​ប្រទេស​ជាច្រើន​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា ដោយសារ​បរិយាកាស​វិនិយោគ​ល្អប្រសើរ ច្បាប់​វិនិយោគ ច្បាប់​ព​ន្ឋ​របស់​កម្ពុជា​មិនមាន​ភាព​ស្មុ​គ្រ​ស្មាញ និង​កត្តា​អំណោយផល​ជាច្រើន​ទៀត៕

អស្ចារ្យណាស់ ….អគារភ្លោះកម្ពស់ជិត៦០០ម៉ែត្រ តម្លៃជាង៣ពាន់លានដុល្លាររបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បានបញ្ចុះបឋមសិលាសង់ជញ្ជាំងបេតុងទ​ប់ដី មុនបើកការដ្ឋានសាងសង់ជាផ្លូវការហើយ

0
  • គម្រោងសាងសង់អគារភ្លោះដែលមានកម្ពស់ខ្ពស់កប់ពពករហូតដល់៦០០ម៉ែត្រ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅត្រឹមរសៀលថ្ងៃទី១៩ ខែមីនា នេះ បានប្រារព្វពិធីបញ្ចុះបឋមសិលា សង់ជញ្ចាំងបេតុងដើម្បីទប់ដីមុនពេលបុកគ្រឹះជាផ្លូវការក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ។
  • លោក ទួស សាភឿន ប្រធានក្រុមការងារស្ថាបតយ្យករ នៃក្រុមហ៊ុនសំណង់ ថៃ ប៊ុនរ៉ុង និងជាអគ្គលេខាធិការរងគណៈស្ថាបតយ្យកម្មកម្ពុជា បានថ្លែង ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បានរៀបចំពិធីបញ្ចុះបឋមសិលាបួងសួងសូមសិរីសួស្តី ពីម្ចាស់ទឹកម្ចាស់ដី នៃគម្រោងសាងសង់អាគារ «មជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង» លំដាប់ពិភពលោក។ នេះជាព្រឹត្តការណ៍បើកការដ្ឋានដំបូង គឺសម្រាប់ការដ្ឋានគម្រោងជញ្ជាំងបេតុងទប់ដី ដើម្បីធ្វើគ្រឹះបង្ការកុំឲ្យមានការបាក់ច្រាំង នៅពេលការចាប់ផ្តើមសាងសង់សំណង់ អគារភ្លោះទាំងមូលនៅពេលខាងមុខ។
  • លោកបានបញ្ជាក់ទៀតថា គម្រោង «មជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង» សាងសង់នៅលើផ្ទៃដីទំហំ៤៩,៧៣២ម៉ែត្រក្រឡា ដែលមានកំពស់៥៦១.៧ម៉ែត្រ ស្មើនឹង១៣៣ជាន់ គឺគិតចំនួនផ្ទៃដែលប្រើប្រាស់បាន បើគិតបញ្ចូលទាំងកំពស់អង់តែន២៥ម៉ែត្រទៀត គឺមានកំពស់រហូតដល់៥៨៦.៧ម៉ែត្រឯណោះ » ។
    លោកបានបន្ថែមថា ៖ «ប្លង់ស្ថាបត្យកម្មរបស់អគារនេះ ទទួលបានការចូលរួមសិក្សាពីស្ថាបត្យករមកពី៦ប្រទេស ហើយប្លង់នេះបានបញ្ចប់រួចរាល់ហើយ ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីបណ្តាប្រទេសមួយចំនួន។ ពេលនេះក្រុមការងារបច្ចេកទេស បាននឹងកំពុងសិក្សាបន្ថែមទៀត ។ គម្រោងមួយនេះ យើងបានប្រើប្រាស់ថវិកាអស់ជាច្រើនលានដុល្លាររួចមកហើយ។ នៅពេលអគារមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ សាងសង់ចប់ នឹងក្លាយជានិម្មិតរូប នៃការអភិវឌ្ឍជាតិ មុខមាត់របស់ប្រទេសកម្ពុជាទាំងមូល និងជាពិសេសបានលើកតម្លៃកិត្យានុភាព សម្រាប់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ដែលជាប្រទេសធ្លាប់មានអរិយធម៌ខ្ពង់ខ្ពស់។ វាមិនត្រឹមតែជាមោទនភាព សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ ឲ្យចូលមកប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត ព្រោះបច្ចុប្បន្ននេះកម្ពុជាមិនទាន់ មានការិយាល័យលំដាប់ពិភពលោក ដែលអាចទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ មកបើកការិយាល័យនៅរាជធានីភ្នំពេញ បានច្រើននៅឡើយ»។

សុខ ចិន្តាសោភា!!! កម្ពុជាជាប្រទេសគោលដៅវិនិយោគដ៏មានសក្តានុពល

0

ដោយ ដែន ចែងចាំង

ភ្នំពេញ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា ការសម្រេចចិត្តរបស់អ្នកវិនិយោគហុងកុងនៅកម្ពុជា ដោយសារកម្ពុជាមានគោលដៅវិនិយោ​គដ៏មានសក្តានុពល ក្នុងការចាប់ផ្តើមនិងការពង្រីកអាជីវកម្មរបស់ខ្លួន។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេ​ខា​ធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកសុខ ចិន្តាសោភា បានថ្លែងលើកឡើងនៅក្នុងកិច្ចប្រជុំជាមួ​យគណៈប្រតិភូពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃតំបន់រដ្ឋបាលពិសេសហុងកុង នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៨នេះថា កម្ពុជាជាប្រទេសដែលមានលក្ខណៈអំណោយផលនៃការវិនិយោគ ជាពិសេសស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់លទ្ធភាពឲ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម៧.៧%ក្នុងជា​ង២ទសវត្សរ៍កន្លងមកនេះ។ ឯកឧត្តមបន្តថា កំណើនសេដ្ឋកិច្ចនេះ បានជម្រុញ  ឲ្យកម្ពុជា ធ្វើដំនើរ​យ៉ាងក្លៀវក្លាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ បរទេសឲ្យមកបណ្តាក់ទុនលើគ្រប់វិស័យ។

លោកបន្តថា “ការសម្រេចចិត្តរបស់អ្នកវិនិយោគទុនហុងកុង ដែលបានជ្រើសរើសយកកម្ពុជា ដោយសារកម្ពុជាបានចាប់ផ្តើម និងការពង្រីកលើមូល​ដ្ឋានអាជីវកម្មរបស់ខ្លួនដ៏មានតម្លាភាព”។

លេខាធិការទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង លោក អ៊េត វីតយ៉ាវបានទទួលស្គាល់ និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេសមានការរីកចម្រើន លូតលាស់យ៉ាងខ្លាំង ហើយឯកឧត្តមសន្យា ជួយទាក់ទាញអ្នកវិនិយោគទុនហុងកុង ឲ្យមកបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនថែមទៀត ដើម្បីបន្តរឹងចំណងមិត្តភាព និងទំនាក់ទំនង់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា ការវិនិ​យោ​គរបស់អ្នកវិនិយោគហុងកុងនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧មានចំនួន២៥៧គម្រោង មានទុនវិនិយោគប្រមាណ១៣៣០លានដុល្លារអាមេរិក ស្មើជាង២ភាគរយ នៃការវិនិយោគបរទេសសរុបនៅកម្ពុជា។

ដោយឡែកនៅឆ្នាំ២០១៧កន្លងមក អ្នកវិនិយោគទុនហុងកុងបានវិនិយោ​គនៅកម្ពុជាចំនួន១៣គម្រោង ដែលគម្រោងវិនិយោគនោះរូមមាន វិស័យកាត់ដេរសម្លៀកបំពាក់ ការបូប ស្បែក ជើងនិងឧស្សាហកម្មដ៏ទៃទៀត ដែលមានទឹកប្រាក់វិនិយោគប្រមាណ៨៥លានដុល្លាអាមេរិក ស្មើនឹង១.៦៤ភាគរយ នៃទុនវិនិយោគបរទេសសរុបនៅមកម្ពុជា៕

ដំណឹងល្អ! ព្រលានយន្តហោះខេត្តសៀមរាប ផ្តើមបើកការដ្ឋានសាងសង់ហើយ

0

ដោយ វុត្ថា

ភ្នំពេញដំណឹងល្អ! នៅទីបំផុតព្រលានយន្តហោអន្តរជាតិខេត្តសៀមរាបបានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ បើទោះបីការដោះស្រាយ ជាមួយក្រុមហ៊ុន SCA បាននិងកំពុងដំណើរការមិនទាន់បញ្ចប់ក្តី។

អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) លោក ស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៩ មិនានេះបន្តថា  ក្រុមអ្មកអភិវឌ្ឍន៍ព្រលានយន្តហោះនេះ បានកៀងគរក្រុមកម្មកររបស់ខ្លួន ឧបករណ៍ និងធនធានកំពុង ពង្រាប ការសំអាត និងការឈូសឆាយដីនៅទីតាំងគម្រោង។ បន្ថែមពីនេះ ក្រុមងការងារ នឹងធ្វើការសាងសង់ផ្លូវចូល  អគារស្ថានីយ៍ បំពាក់អំពូលបំភ្លឺ និងគ្រឿងបរិក្ខារផ្សេងៗទៀតដែលចាំបាច់នឹងធ្វើទៅតាមគម្រោង។

ព្រលានយន្តហោះថ្មី ដែលគ្រោងសាងនៅក្នុងទឹកដីខេត្តសៀមរាបនេះ នឹងចំណាយថវិការប្រមាណ ៨៨០លានដុល្លារ និងសាងសង់លើផ្ទៃដីទំហំ ៧៥០ ហិកតា នៅក្នុងស្រុកសូត្រនិគម នាជាយក្រុងសៀមរាប។ តាមគម្រោងនឹងត្រូវប្រើពេលយ៉ាងហោចណាស៣ឆ្នាំ ទៅ៥ឆ្នាំទើបសាងសង់បញ្ចប់។

លោកបន្តថា “ការបើកការដ្ឋានសាងសង់បានចាប់ផ្តើមហើយ ខណៈក្រុម​ចចារជាមួយក្រុមហ៊ុនវិនិយោគ ព្រលានយន្តហោះនៅកម្ពុជា (SCA)បាននិងកំពុងចចារបញ្ចប់”។

គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងត្រូវបានសាងសង់ជាបីដំណាក់កាល។ ដំណាក់កាលទី ១ ក្រុមហ៊ុននឹងវិនិយោគ ៥០០លានដុល្លារក្នុងការឈូសឆាយ សាងសង់ស្ថានីយ៍ និងបំពាក់គ្រឿង ដំណាក់កាលទី២ សាងសង់ផ្លូវ ដែលអាចអនុញ្ញាតឱ្យយន្តហោះដឹកអ្នកដំណើរខ្នាតមធ្យម ដូចជាយន្តហោះ ប្រភេទ Boeing 737 និង Airbus A320 ចុះចតបាន និងដំណាក់កាលពី៣ មានទឹកប្រាក់៣០០លានដុល្លារផ្សេងទៀត ត្រូវបានត្រៀមទុកក្នុងការពង្រីកព្រលាន។

កាលពីខែតុលាឆ្នាំ២០១៧ កិច្ចព្រមព្រៀងសាងសង់ព្រលានយន្តហោះថ្មីនេះ ត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Yunnan Investment Holdings Ltd ដែលគ្រប់គ្រងដោយរដ្ឋចិន។ កិច្ចព្រមព្រៀងនេះបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនចិន គ្រប់គ្រងអស់រយៈពេល ៥៥ឆ្នាំក្រោមយន្តការ (BOT) ។

កិច្ចព្រមព្រៀងថ្មីនេះ គឺជំនួសអោយកិច្ចព្រមព្រៀងផ្តាច់មុខជាមួយអាកាសយានដ្ឋានកម្ពុជា ដែលជាប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិ នាពេលបច្ចុប្បន្ន។ អាកាសយានដ្ឋានកម្ពុជាផ្នែកមួយ នៃការគ្រប់គ្រងដោយក្រុមហ៊ុន Vinci Group របស់បារាំង ដែលកំពុងដំណើរការក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដែលមានស្រាប់ ហើយថ្មីៗនេះបានវិនិយោគទឹកប្រាក់ចំនួន១០០លានដុល្លារ ដើម្បីធ្វើឱ្យព្រលានយន្តហោះនៅរាជធានីភ្នំពេញ និងសៀមរាបកាន់តែប្រសើរឡើង។

ផែនការកសាងព្រលានយន្តហោះមួយផ្សេងទៀត នៅខេត្តសៀមរាបត្រូវបានស្វាគមន៍ ដោយភាគីពាក់ព័ន្ធជាច្រើន ដែលយល់ឃើញថា វាជាការជំរុញពាណិជ្ជកម្ម និងទេសចរណ៍ មិនត្រឹមតែនៅក្នុងខេត្តសៀមរាប ប៉ុន្តែក៏នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា អាកាសយានដ្ឋានថ្មីនៅសៀមរាបនឹងល្អ សម្រាប់វិស័យទេសចរណ៍ ហើយប្រាកដណាស់ វានឹងទាក់ទាញភ្ញៀវទេសចរច្រើនជាងមុន ហើយនឹងអាចស្វាគមន៍យន្តហោះដែលមានទំហំធំ” ។

ខេត្តកោះកុងក៏នឹងចាប់ផ្តើមការសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មីមួយនៅឆ្នាំនេះ ដែលមានតម្លៃ ៥០០លានដុល្លារលើផ្ទៃដីទំហំ៧៥០ហិកតា ស្ថិតនៅក្នុងស្រុកបទុមសាគរផងដែរ៕

តោះទៅទស្សនាប្លង់ស្ថាបត្យកម្មអាគារដ៏អស្ចារ្យនៅខេត្តព្រះសីហនុ

0

ដោយ គង់ សូរិយា

ភ្នំពេញខេត្តព្រះសីហនុ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះមានការរីកចម្រើ​នស្ទើរមិនគួរឲ្យជឿ ដោយមានអាគារកប់ពពកជាច្រើនកំពុងសាងសង់ ប៉ុន្តែអាគា រដែលបានរចនាដ៏អស្ចារ្យមិនមានច្រើនប៉ុន្មានទេ។

ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមនាំលោក អ្នកទៅទស្សនាប្លង់ស្ថា បត្យកម្ម ដែលច្នៃប្រឌិតដោយស្ថាបត្យករល្បីៗលើគំរោងធំៗ នៅខេត្តព្រះសីហនុ។

/ គំរោងសណ្ឋាគារThe Meridian

អស្ចារ្យសម្រាប់ខេត្តព្រះសីហនុ ដែលសណ្ឋាគារ The Meridian លំ​ដាប់ពិភពលោក នឹងបង្ហាញខ្លួននៅទីក្រុងនេះ ជាមួយនឹងកំពស់ខ្ពស់ជាងគេនិងមានរចនាបស្ថាបត្យកម្មដ៏ទាក់ទាញ។

យោងតាមសារព៌តមានបរទេសបានឲ្យដឹងថា ក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោក Marriott International បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Grand Lion Group ដើម្បីសាងសង់សណ្ឋាគារកំពស់៥៨ជាន់ មានបន្ទប់សរុបចំនួន៣៨៨បន្ទប់ និងគ្រោងចំណាយទឹកប្រាក់វិនិយោគ២០០លានដុល្លារអាមេរិក។ តាមកិច្ចព្រមព្រៀងសណ្ឋាគារនេះ នឹង​បើកការដ្ឋានសាងសង់នៅដើមឆ្នាំក្រោយ និងគ្រោងបញ្ចប់នៅឆ្នាំ២០២២។

Le Meridian ជាផ្នែកមួយនៃគំរោង The Gold Cost ដែលមានទីតាំងនៅក្នុង​ខេត្តព្រះសីហនុដ៏រីកចម្រើននេះ។ គំរោងនេះ រួមបញ្ចូលនូវភោជនីយដ្ឋាន Sky bar កន្លែងហាត់ប្រាណ បន្ទប់ប្រជុំ ក្លឹបរាត្រីជាដើម។

/ គំរោងThe Blue Bay

គំរោងខុនដូThe Blue Bay,ជាគំរោងខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនៅខេត្តព្រះសីហនុផងដែរ ដែលបច្ចុប្បន្នគំរោងនេះបានសាងសង់បានប្រ​មាណ៨០ភាករយរួចហើយ។

គំរោងនេះកំពុងសាងសង់នៅក្នុងសង្កាត់បី ខ័ណ្ឌមិត្តភាពខេត្តព្រះសីហនុ។ គំរោងដ៏ប្រណីតនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Shu Jian Tian Yu Development Co, Ltd។

/ គំរោងព្រីនស៍ ខូលីណាន បេ

នេះជាគំរោងដ៏អស្ចារ្យមួយទៀត របស់ក្រុមហ៊ុន Prince Real Estate Groupដែលបាននិងកំពុងវិនិយោគលើគំរោង មួយឈ្មោះ ព្រីនស៍ ខូលីណាន បេ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងព្រះសីហនុ ដែលមានផ្ទៃសំណង់សរុបជាង ១៦ម៉ឺនម៉ែត្រការ៉េ គឺជាគម្រោងអគារពហុមុខងារខ្នាតធំ តាមបណ្តោយឆ្នេរសមុទ្រដែលបណ្តុំទៅដោយសណ្ឋាគារលំដាប់ផ្កាយ៥ អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម ផ្សារទំនើប អាហារដ្ឋាន និងកន្លែងសម្រាកលំហែកាយ។-ល-។

/ គំរោង Prince City Center

នេះជាគំរោងដ៏អស្ចារ្យមួយទៀតរបស់ក្រុមហ៊ុន Prince Real Estate Groupដែលបាននិងកំពុងចាប់ផ្តើមនៅខេត្តព្រះសីហនុ ជាមួយគំរោងវិនិយោគសរុប៥០០០លានដុល្លារអាមេរិក។ គំរោងដ៏មហិមានេះ មានសណ្ឋគារ ខុនដូ មជ្ឈមណ្ឌលកំសាន្ត មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ភោជនីយដ្ឋាន ការិយាល័យ ក្លឹបកំសាន្តជាដើម។

៥/ គំរោង CITY VIEW

គំរោងនេះបាននិងកំពុងចាប់ផ្តើមសាងសង់ហើយ ដោយមានអាគារចំនួនពីរ កំពស់២៥ជាន់ ស្ថិតនៅលើភ្នំ ខេត្តព្រះសីហនុ។ នេះជាគំរោងខុនដូតម្លៃទាប​មួយ ដែលបានវិនិយោគតំបូងគេនៅខេត្តព្រះសីហនុ ដោយក្រុមហ៊ុនBS ដែលជា​ក្រុមហ៊ុនវិនិយោគក្នុងស្រុកដ៏ធំមួយ៕

ដំណឹង​ល្អៈ!! កូរ៉េ​ទទួលយក​ពលករ​ខ្មែរ​ប្រមាណ​ជាង៤០០០នាក់​នៅ​ឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ប្រទេស​កូរ៉េ​បានសម្រេច​ទទួលយក​ព​លករ​កម្ពុជា៤០០០នាក់​បន្ថែមទៀត ទៅធ្វើ​ការ​នៅ​ប្រទេស​របស់ខ្លួន បើទោះបីជា​ប្រទេស​នេះ​ផ្តល់​កូតា​បន្ថែម​ដល់​ប្រទេស​ថ្មី​មួយទៀត​ក្តី តែ​មិន​ប៉ះពាល់​ដល់​ចំនួន​ពលករ​កម្ពុជា ដែល​ប្រទេស​នេះ​ទទួលយក​នោះទេ។

ក្នុងជំនួប​ជាមួយ​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក​អូ ណាក់​យ៉ុង​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា នៅ​ឆ្នាំ២០១៨នេះ​កូរ៉េ នឹង​ផ្តល់​កូតា​ចំនួន​ប្រមាណ៤០០០នាក់ ដែល​ចំនួន​នេះ​មាន​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន។លោក​បន្តថា ប្រទេស​កូរ៉េ​បានសម្រេច​ទទួលយក​ព​លករ​ពី​ប្រទេស​ផ្សេង ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ចំនួន​ពលករ​កម្ពុជា ដែល​ប្រទេស​កូរ៉េ​ត្រូវ​ទទួលយក​នោះទេ។

យោងតាម​មន្ត្រី​ជំនាញ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា ពលករ​កម្ពុជា​បានធ្វើ​ការល្អ​ជាងគេ​នៅ​ប្រទេស​កូរ៉េ ដោយសារ ពួកគេ​បាន​គោរព​ច្បាប់​ការងារ មិន​ខ្ជិលច្រអូស និង​ជា​ពលករ​មាន​ភាព​ឧស្សាហ៍​ព្យាយាម ទើប​ប្រទេស​កូរ៉េ​បានផ្តល់​ចំនួន​កូតា​ច្រើន​ដល់​កម្ពុជា។

លោក​អ៊ិត សំហេង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ចំនួន​ប្រទេស​ដែល​ទទួលបាន​ប្រ​ព័​ន្ឋ​អនុគ្រោះ (PPS) នាពេលនេះ​បាន​កើនឡើង​ប្រទេសមួយ​ថែមទៀត ដូច្នេះ​ភាគី​កូរ៉េ​នឹង​កាត់​កូតា​ពី​ក្នុងប្រទេសចាស់ៗ ដើម្បី​បន្ថែម​កូតា​ដល់​ពលករ​ទៅ​ឲ្យ​ប្រទេស​ថ្មី ប៉ុន្តែ​បញ្ហា​នេះ​ក៏​មិន​ប៉ះពាល់​មកដល់​កម្ពុជា​នោះទេ។ លោក​បន្តថា កម្ពុជា​បានស្នើរ​កូរ៉េ​ជួយ​លើ​ជំនាញ​សេវាកម្ម​បន្ថែម​ពីលើ​ជំនាញ​បច្ចុប្បន្ន គឺ​ជំនាញ​ឧស្សាហកម្ម​និង​កសិកម្ម ហើយ​បញ្ហា​នេះ ភាគី​កូរ៉េ​សុំ​ពេល​ពិចារណា​ផងដែរ ខណៈដែល​នៅ​ប្រទេស​កូរ៉េ​មិនទាន់​បានគិត​លើ​ជំនាញ​នេះ​នៅឡើយ។

គិត​មកទល់ពេលនេះ​ពលករ​ខ្មែរ ដែល​បាននិងកំពុង​ធ្វើការ នៅ​សាធារណរដ្ឋ​កូរ៉េ មាន​ចំនួន​សរុប​ជាង៥៤,០០០នាក់៕

តោះទៅមើលប្លង់លំអិតផ្លូវក្រវ៉ាត់ក្រុងទី៣

0

ដោយ គង់ សូរិយា

ភ្នំពេញការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងអាចចាប់ផ្តើមនៅពេលឆាប់ៗ ខាងមុខនេះ ដោយសារបច្ចុប្បន្នក្រុមហ៊ុនចិន ដែលជាអ្នកសិក្សាគំរោងនេះបាន​ចាប់ផ្តើមធ្វើការងាររបស់ខ្លួនយ៉ាងសកម្មហើយ។

លោក សាយ ឡុង ប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៩ មិនានេះថា​ក្រុមវិស្វករចិន កំពុងចាប់ផ្តើមបោះបង្គោលពីតំរ៉ុយ សាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅក្នុងមូលដ្ឋានខាងលើរួចហើយ ដែលធ្វើឲ្យតម្លៃដីនៅតំបន់នោះបានឡើងថ្លៃទ្វេរដង តែកន្លែងខ្លះឡើងថ្លៃមួយគុណនឹងបី។លោកបន្តថា ប្រជាពលរដ្ឋរីករាយ នឹងដំណឹងពីការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ដោយសារពួកគេមានអារម្មណ៍​ថាកាន់តែកៀកជិតរាជធានីភ្នំពេញ។

លោកបន្តថា “តាមខ្ញុំដឹងនឹងមានការសាងសង់ស្ពានមួយ កាត់កោះកន្លង់ចិន ឆ្ពោះមកកាន់ឃុំឈើទាល ប៉ុន្តែខ្ញុំមិនដឹងផ្លូវនេះបញ្ចប់នៅកន្លែងណាទេ”។

យោងតាមពង្រាងគំរោងសាងសង់ផ្លូវនេះ ដែលបានបង្ហាញកាលពីសប្តា​ហ៍មុន ដោយអភិបាលរងខេត្តកណ្តាលលោកគង់ សោភ័ណ្ឌបានឲ្យដឹងថា គម្រោ​ងសាងសង់​ផ្លូវក្រវ៉ាត់ក្រុង​ ខ្សែទី៣ (ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិ២១) លាតសន្ធឹងលើឃុំ-សង្កាត់ចំនួន១៧ នៃស្រុកចំនួន៣ ​ក្នុងខេត្តកណ្តាល និងខ័ណ្ឌចំនួន២របស់រាជធានីភ្នំពេញ។​ គម្រោងនេះ ចាប់ផ្តើមពី​ PK១៦+៨០០ ​ផ្លូវ​កប់​ស្រូវ សង្កា​ត់​ចោមចៅ ខ័ណ្ឌពោសែនជ័យ រាជធានីភ្នំពេញ និងបញ្ជប់គឺចំនុចប្រសព្វPK៦៤+៤០៨ និងផ្លូវជាតិលេខ១ នៅភូមិកណ្តាលលើឃុំបន្ទាយដែក ដីឥដ្ឋ កំពង់ស្វាយ និងឃុំឈើទាល ស្រុកកៀនស្វាយ។

គំរោងនេះក៏ឆ្លងកាត់ស្រុកស្អាងងដែរ រួមមានមាន ឃុំកោះអន្លង់ចិន សិត្បូ រកាខ្ពស់ ស្រុកកណ្តាលស្ទឹង​មានឃុំកណ្តោក ជើងកើប និងឃុំព្រះពុទ្ធ។

នៅរាជធានីគម្រោងនេះ ផ្លូវឆ្លងកាត់ខ័ណ្ឌដង្កោ រួមមាន ​សង្កាត់គងនយ សាក់សំពៅ ពងទឹក ប្រទះឡាង។ ខ័ណ្ឌពោសែនជ័យ មានសង្កាត់ភ្លើងឆេះរទះ កន្ទោក និងចោមចៅ។

គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ក៏មានការសាងសង់​ស្ពានអាកាសកាត់​ផ្លូវជាតិ​លេខ៤ លេខ៣ និងលេខ២១ និងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចំនួន១០ នៅស្រុកស្អាង និង​ស្រុកកៀនស្វាយ ដែលមានទទឹង២៥ម៉ែត្រ និងក្រាលកៅស៊ូអ៊ុត (ASphaltconcrete) និងមានលូ១០១​កន្លែង​ ដែលមានលូ២ប្រភេ​ទ​គឺប្រភេទលូមូលចំនួន២៨កន្លែង មុខកាត់ជាមធ្យម១,៦០m ប្រភេទលូជ្រុង​ចំនួន៧៣​កន្លែងមុខកាត់ជាមធ្យម៣ម៉ែត្រផងដែរ។

លោកគង់ សោភ័ណ្ឌបានមានប្រសាសន៍ឲ្យដឹងទៀតថា គម្រោងនេះមានផ្លូវប្រវែង៤៧.៦០៨គឺឡូម៉ែត្រ ដែលវាជាគម្រោងមួយ ​ក្នុង​ចំណោមគម្រោងអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា តាមរយៈការសិក្សាពីសមិទ្ធិផលលទ្ធផល បានបង្ហាញ​ឲ្យដឹងថា បើគម្រោងនេះត្រូវបានសាងសង់ នឹងធ្វើឲ្យប្រសើរឡើងបណ្តាញ​ផ្លូវ​ជាតិ​នៅ​កម្ពុជា ពង្រឹង និងពន្លឿនការអភិវឌ្ឍន៏ក្រុង និងចូលរួមសំរេចផែនការរួមរបស់រាជធានីភ្នំពេញ ក្នុងការកែ​លំ​អរបណ្តាញ​ផ្លូវក្រវ៉ាត់ក្រុង កាត់បន្ថយការកកស្ទះចររាចរណ៏នៅតំបន់ទីប្រជុំជន និងចូលរួមក្នុង​ការ​អភិវឌ្ឍន៏​សេដ្ឋកិច្ចជាតិ៕