រោងចក្រផលិតស៊ីម៉ងត៍តម្លៃ ២៣០លានដុល្លារ បើកសម្ភោធនាថ្ងៃនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រោងចក្រផលិតស៊ីម៉ងត៍តម្លៃ២៣០លានដុល្លារ ដែលសហការវិនិយោគ​ដោយក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនចិនបានបើកដំនើរការនៅថ្ងៃនេះ ដែលវានឹងជាផ្នែក​មួយជួយកាត់បន្ថយការពឹងផ្អែក ការនាំចូលស៊ីម៉ងត៍ពីប្រទេសជិតខាង។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាដែលបានអញ្ជើញជាអធិបតីក្នុងពិធី​សម្ភោធរោងចក្រ ស្ថិតក្នុងអតីតតំបន់សមរភូមិក្តៅ ស្ថិតក្នុងឃុំស្តៅ ក្នុងស្រុករតនមណ្ឌលខេត្តបាត់ដំបងបានមានប្រសាសន៍ថា រោងចក្រផលិតស៊ីម៉ងត៍នេះ ជាប្រភេទឧស្សាហកម្មធុនធ្ងន់ ដែល​បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ក្នុងស្រុកចំនួន៤ហើយ ហើយរោងចក្រនេះ ​មានសមត្ថភាពផលិតស៊ីម៉ងត៍បាន៥០០០តោនក្នុងមួយថ្ងៃ និងប្រមាណ៣លានតោនក្នុងមួយឆ្នាំ។

រោងចក្រផលិតស៊ីម៉ងត៍នេះមានឈ្មោះ Battambang Coin Cement ដែលរោង​ចក្រនេះ ជាផ្នែកមួយនៃការកាត់បន្ថយការពឹងផ្អែកស៊ីម៉ងត៍ពីក្រៅប្រទេស។

សម្តេចតេជោបានបន្តថា បច្ចុប្បន្នកម្ពុជាបានប្រែក្លាយតំបន់អតីតសមរភូមិ ទៅជា​តំបន់មានការអភិវឌ្ឍ ហើយតំបន់អតីតសមរភូមិសង្រ្គាមទាំងនោះកំពុងមានការអភិវឌ្ឍ​យ៉ាងលឿន ហើយដីដែលបានបោះបង់ចោល ត្រូវបានប្រើប្រាស់ឡើងវិញ និងពង្រីកផ្ទៃដីព្រៃដើម្បីដាំដុះ ដោយសារកំនើនប្រជាពលរដ្ឋ។

ជាមួយនឹងការកើនឡើងនូវការវិនិយោគ ក្នុងវិស័យសំណង់យ៉ាងខ្លាំងក្នុងមួយទស​វត្សរ៍ចុងក្រោយនេះ កម្ពុជាបាននាំចូលស៊ីម៉ងត៍យ៉ាងច្រើនពីប្រទេសក្នុងតំបន់ ប៉ុន្តែរោងចក្រស៊ីម៉ងត៍កម្ពុជាបាននិងកំពុងកាត់បន្ថយការនាំចូល។

លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងថា រោងចក្រផលិតស៊ីម៉ងត៍នៅក្នុងស្រុក មិនទាន់ឆ្លើយតបបានគ្រប់គ្រាន់នឹងតម្រូវការស៊ីម៉​ងត៍ ដែលត្រូវប្រើប្រាស់ក្នុងឧស្សាហកម្មសំណង់នៅឡើយទេ។ យើងនៅតែពឹងផ្អែក​លើការនាំចូលច្រើនពីប្រទេសជិតខាងនៅឡើយ ដោយសារសមត្ថភាពផលិតរបស់កម្ពុជា​នៅមានកម្រិត។

លោកបន្តថា “ទោះជាយ៉ាងណាយើងរីករាយ និងគាំទ្រផលិតផលក្នុងស្រុក ដែលមានគុណភាពខ្ពស់ មិនចាញ់ស៊ីម៉ងត៍នាំចូលនោះទេ”៕

សួនឧស្សាហកម្មដ៏ធំមួយចាប់ផ្តើមសាងសង់នៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ សួនឧស្សាហកម្មដ៏ធំមួយ ស្ថិតនៅលើផ្ទៃដីជិត២៤៦ហិកតា បានចាប់ផ្តើម​សាងសង់នៅកម្ពុជា ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញវិស័យឧស្សាហកម្មកម្ពុជា ឲ្យរីកចម្រើនមួយកម្រិតទៀត។

សួនឧស្សាហកម្មខេម អិម ជេ បានចាប់ផ្តើមសាងសង់នៅដើមសប្តាហ៍នេះ។ សួនឧស្សាហកម្មដ៏ធំនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលមានចម្ងាយ៣២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ គម្រោងសួនឧស្សាហកម្មនេះ ជាគម្រោងអភិវឌ្ឍន៍លើវិស័យកសិកម្ម ដឹកជញ្ជូន និងការអភិវឌ្ឍប្រព័ន្ធ ”O2O” ទន្ទឹមនឹងនេះផងដែរវាមានរួមបញ្ចូលគម្រោងផ្សេងៗទៀត ដូចជា កសិកម្មអេកូឡូស៊ី រោងចក្រ ឃ្លាំងស្តុកទំនេញ បន្ទប់ស្នាក់នៅសម្រាប់បុគ្គលិក ខុនដូសម្រាប់រស់នៅ អាហារដ្ឋាន ផ្សារទំនើប  គ្លីនិក ការិយា​ល័យ មជ្ឈមណ្ឌលសន្និបាតនិងតាំងពិព័រណ៍ជាដើម។

មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីក្រុមហ៊ុនវិនិយោគ សាងសង់សួនឧស្សាហ​កម្មនេះនោះទេ៕

អស្ចារ្យ! ទឹកប្រាក់ ១៧ពាន់លានដុល្លារ ត្រូវបានចិនចាក់ចូលសេដ្ឋកិច្ចកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ អ្នកវិនិយោគចិនបានបោះទុនរហូតដល់ជាង១៧ពាន់លានដុល្លារ នៅកម្ពុជា​ចាប់ពីទសវត្សរ៍ទី៩០ រហូតមកដល់ត្រឹមខែមេសា ឆ្នាំ២០១៨នេះ ដែលជាមូលធនដ៏សំខាន់ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចជាតិ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោកសុខ ចិន្តាសោភាបានថ្លែងក្នុងជំនួបជាមួយប្រតិភូវិនិយោគចិន ដឹកនាំដោយលោក កាវ យុនឡុង អនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះនយោបាយប្រជាជនចិន និងជាប្រធានសហព័ន្ធឧស្សា​ហកម្ម និងពាណិជ្ជកម្មចិន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះថា គោលនយោបាយគាំទ្រអ្នកវិនិយោគនានា ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោ​​មការដឹកនាំយ៉ាងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី បានដាក់ចេញក្នុងទិសដៅលើកទឹកចិត្ត និងពង្រឹងនូវទំនុកចិត្តដល់វិនិយោគិនគ្រប់រូប ក្នុងការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមបញ្ចូលទាំងគោលនយោបាយអភិវឌ្ឍន៍     វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សា​ហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។

លោកបន្តថា “ក្រុមហ៊ុនចិនបានកំពុងដំណើរការ វិនិយោគនៅកម្ពុជាយ៉ាងល្អប្រសើ​រ ជាលទ្ធផលបើគិតត្រឹមខែមេសា ឆ្នាំ២០១៨ ការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា មានទឹកប្រាក់កើនឡើងសរុបប្រមាណ១៧ពាន់លានដុល្លារអាមេរិក”។

លោកកាវ យុនឡុង អនុប្រធានគណៈកម្មាធិការជាតិ នៃសន្និ​សីទពិគ្រោះនយោ​បាយ ប្រជាជនចិន និងជាប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិន បានអបអរសាទរចំពោះការរីកចម្រើនដ៏ឆាប់រហ័ស របស់ប្រទេសកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេ​ចបាន ជាពិសេសគឺការទទួលបាននូវការបណ្តាក់ ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស។

អ្នកវិនិយោគចិនវិនិយោគច្រើនជាងគេនៅកម្ពុជាលើវិស័យ វាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង វិស័យសំណង់និងអចលនទ្រព្យ វិស័យគមនាគមន៍ វិស័យទេសចរណ៍ វិស័យថាមពលអគ្គិសនី និងវិស័យកសិកម្មជាដើម៕

ស្វែងយល់ពីអាស៊ាន៖ ជប៉ុនជាអ្នកវិនិយោគលំដាប់ទី៤នៅប្រទេសមីយ៉ាន់ម៉ា

0

ដោយ វុត្ថា

ភ្នំពេញ៖ តាមការចុះផ្សាយពីសារព័ត៌មានបានអោយដឹងថា ការវិនិយោគរបស់ប្រទេ​សជប៉ុនក្នុងប្រទេសមីយ៉ាន់ម៉ា បានឈរលំដាប់ទី៤ នៅប្រទេសភូមាឬមីយ៉ាន់ម៉ា ដែលបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីគណបក្សសម្ព័ន្ឋប្រជាធិបតេយ្យរបស់លោកស្រីអង់​សានស៊ូជីជាប់ឆ្នោត។

ជាមួយនឹងការបើកចំហនេះ បានធ្វើឲ្យប្រទេសនេះទាក់ទាញបានអ្នកវិនិយោគបរទេសជាច្រើន ជាក់ស្តែងទំហំវិនិយោគរបស់អ្នកវិនិយោគជប៉ុន បានកើនឡើងរហូតដល់១,៤៨ពាន់លានដុល្លារ នៃសារពើពន្ធកាលពីឆ្នាំ២០១៧កន្លងទៅនេះ ដែលវាជាឆ្នាំមាសសម្រាប់មីយ៉ាន់ម៉ា បើសិនជាគិតចាប់ពីឆ្នាំ ២០១៤មក។

ប្រទេសជប៉ុនគឺជាប្រភព នៃការវិនិយោគទុនបរទេសធំបំផុតលំដាក់ទី៤ កាលពីឆ្នាំមុន បន្ទាប់ពីប្រទេសសិង្ហបុរី ចិន និងហូឡង់។នេះបើយោងតាមបានរាយការណ៍ពីនាយកដ្ឋានវិនិយោគ និងគ្រប់គ្រងក្រុមហ៊ុន (DICA)របស់មីយ៉ានម៉ា។

លោក Takahide Tahara ទីប្រឹក្សារបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន(JETRO) បាននិយាយថា ការកើនឡើងនៃការវិនិយោគរបស់ប្រទេសជប៉ុន នៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុន មានភាពរីកចម្រើនគួរអោយកត់សម្គាល់ ដោយសារប្រ​ទេ​សមីយ៉ាន់ម៉ាមានស្ថេរភាព រដ្ឋាភិបាលបានអនុម័តច្បាប់ទម្លាក់កំហិត និងពន្លឿននីតិវិធីនៃការវិនិយោគ។

ការវិនិយោគរបស់ប្រទេសជប៉ុន ដែលធ្វើឲ្យគួរឱ្យកត់សម្គាល់ខ្លាំង រួមមាន គម្រោងវិនិយោគលើវិស័យអចលនទ្រព្យ តម្លៃ៣៣៣លានដុល្លារនៅទីក្រុងរ៉ង់ហ្គោន ដែលវិនិយោគដោយក្រុមហ៊ុនសំណង់ Fujita Corp ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ និងបានសហការជាមួយក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនជប៉ុន។

ការវិនិយោគនេះត្រូវបានធ្វើឡើង ដោយផ្ទាល់ពីប្រទេសជប៉ុន ឬតាមរយៈប្រទេសទីបី ដូចជា ប្រទេសសិង្ហបុរីមុនពេលអនុម័តពីក្រសួងអាជ្ញាធរមីយ៉ាន់ម៉ា។

ក្រឡេកមើលអតីតកាលវិញ យើងឃើញថា ការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេ​សមីយ៉ាន់ម៉ាបានថយចុះដល់៥៩០លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០១៥ និងបានធ្លាក់ចុះបន្ថែមទៀតដល់២៨០ លានដុល្លារនៅក្នុងឆ្នាំសារពើពន្ធ២០១៦ ។ នៅក្នុងឆ្នាំសារពើពន្ធឆ្នាំ២០១៣ ការវិនិយោគរបស់ជប៉ុន នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានចំនួនត្រឹមតែ៥៥ លានដុល្លារប៉ុណ្ណោះ។

ការថយចុះនូវចំនួនអ្នកវិនិយោគជប៉ុនចន្លោះឆ្នាំ២០១៤ ដល់២០១៦ ដោយសារ​វិបត្តិនៃជនភៀសខ្លួនហ៊ីរ៉ុងយ៉ា ដែលបានធ្វើឲ្យសហគមន៍អន្តរជាតិរិះគន់របប ដែលស្ថិត​ក្រោមការដឹកនាំរបស់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព អ៊ុង សាន ស៊ូជី៕

អ្នកវិនិយោគចិនប្រសិទ្ឋិនាមកម្ពុជា “ជាគុជខ្យងនៅតំបន់អាស៊ី”

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ជាមួយនឹងកំនើនសេដ្ឋកិច្ចសម្រេចបានជាង៧ភាគរយក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ និងស្ថិរភាពនយោបាយ បានធ្វើឲ្យកម្ពុជារីកចម្រើនយ៉ាងលឿន ដោយអ្នកវិនិយោគចិនបានហៅកម្ពុជាថា “គុជខ្យងនៃតំបន់អាស៊ី”។

មានប្រសាសន៍ក្នុងសន្នីសិទពិភពលោកអាស៊ី-អឺរ៉ុបស្តីពី ខ្សែក្រវ៉ាត់មួយ ផ្លូវមួយនា រសៀ​លថ្ងៃទី២៩ ឧសភា ២០១៨កន្លងមក ដោយមានការចូលរួមពីអ្នកវិនិយោគមកពី ប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន ថៃ ហុងកុង ម៉ាកាវ ក្រិច  រុស្ស៊ី ស្វីស លោកលី​ ជីខៃ តំណាងសម្ព័ន្ធក្រុមហ៊ុនប្រមាណ១០បានលើកឡើងថា សន្និសិទនេះមានគោលបំណងគៀងគរអ្នកវិនិយោគទុន មកពីបណ្តាប្រទេសនានានៅលើសកលលោក ដែលមានចំណាប់អារម្ម​ណ៍សូមមករកស៊ីនៅក្នុងស្រុកខ្មែរ។ ប្រទេសកម្ពុជាជាប្រទេសមួយ ត្រូវបានគេហៅ “គុជខ្យងនៅតំបន់អាស៊ី” និងជាប្រទេសធ្លាប់រងគ្រោះដោយសារសង្គ្រាម បណ្តាលឲ្យមានការខ្ទេចខ្ទាំ។

លោកបន្តថា “ឥលូវនេះប្រទេសដ៏កំសត់មួយនេះ បានកំពុងតែមានសុខសន្តិភាព និងស្ថេ​រភាពពេ​ញ​លេញ ដែលធ្វើឲ្យអ្នករកស៊ីមានឱកាសឬជាឱកាសមាស សម្រាប់អ្នកវិនិយោគទុនដែ​ល​ចង់មកធ្វើការវិនិយោគនៅកម្ពុជា”។

លោកលី ជីខៃបានបន្តថា អ្នកដែលចូលរួម និងពិភាក្សាគ្នាធ្វើយ៉ាងណាឲ្យមានការចូលរួម និងគំាទ្រលើគោលនយោបាយផ្លូវមួយ  ខ្សែក្រវ៉ាត់មួយរបស់រដ្ឋាភិបាលចិន កម្ពុជា ដែលកំពុងតែធ្វើកិច្ចសហប្រតិបត្តិការល្អគ្រប់ជ្រុងជ្រោយ។ កិច្ចពិភាក្សាគ្នានេះ ​ធ្វើយ៉ាងណាឲ្យ​អ្នកវិនិយោគទទួលបានផលប្រយោជន៍ ពីគោលនយោបាយនេះ។ អ្នកវិនិយោគ ក៏នឹងធ្វើការជំរុញការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម ពីកាធ្វើពាណិជ្ជកម្មបែបប្រពៃណី ទៅជាការធ្វើពាណិជ្ជកម្មបែបវិទ្យាសាស្ត្រទំនើប ដើម្បីទទួលបានប្រសិទ្ធខ្ពស់ និងកាត់បន្ថយ​តម្លៃដើមផងដែរ។

ការរៀបចំសន្និសីទនេះដែរ ត្រូវបានក្រុមអ្នកវិនិយោគបានកត់សម្គាល់ឃើញថា មូលហេតុដែលពួកគេចង់ធ្វើវិនិយោគនៅកម្ពុជា ដោយសារតែសេដ្ឋកិច្ចនៅកម្ពុជាមានកំណើនជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ។ កម្ពុជាគឺជាប្រទេសដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងរក្សាបានសុខសន្តិភាព ដែលធ្វើឲ្យអ្នកវិនិយោគទនុនងាយស្រួលក្នុងការមកធ្វើវិនិយោគ៕

ក្រុមហ៊ុនអចលនទ្រព្យមួយ ប្រកាសលក់ដី ១៦ហិកតា នៅខេត្តព្រះសីហនុ

0

ភ្នំពេញ៖ ស្របពេលទីផ្សារដីធ្លីកំពុងកញ្រ្ជោលឡើងនៅខេត្តព្រះសីហនុ ក្រុមហ៊ុនភ្នាក់ងារអចលន​ទ្រព្យជាច្រើនស្វែងរកឳកាសមាសរបស់ខ្លួន តាមរយៈការដើរតួជាភ្នាក់ងារ ទិញ លក់ ជួលអចលនទ្រព្យ​នៅក្នុងខេត្តដ៏រីកចម្រើនមួយនេះ។

ជាក់ស្តែង ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់គីបានប្រកាស់លក់ដីមួយកន្លែង ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ1 ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។ ដីនេះមានហំដីសរុបចំនួន16ហិកតាមានប្លង់រឹងស្រាប់។ អចលនទ្រព្យនេះស្ថិតនៅលើផ្លូវធំទួលាយ ងាយស្រួលចេញចូល មានខ្យល់អាកាសល្អ ជាទីតាំងល្អសំរាប់​ ការអភិវឌ្ឃន៍ដូចជា៖ អាចសាងសង់ជា សំណង់ផ្ទះល្វែង វីឡាភ្លោះ អាគារខុនដូរ រោងចក្រ  ឃ្លាំង​ឬក៏អភិវឌ្ឃន៍ទៅតាមគោលបំណង់របស់អថិតិជន ។ល…។

តម្លៃដីនេះបានដាក់លក់ក្នុងតំលៃ៖ 180ដុល្លារក្នុងមួយម៉ែត្រការ៉េ អាចចរចារបាន ក្នុងតម្លៃសម​រម្យ និងអាចទទួលយកបាន។

តើគេអាចទំនាក់ទំនងជាមួយ ក្រុមហ៊ុននេះយ៉ាងដូចម្តេច ថ្នាក់ដឹកនាំក្រុមហ៊ុននេះបានឲ្យដឹងថា អតិថិជន ដែលចំណាប់អារម្មណ៍សូមទំនាក់ទំនងទូរស័ព្ទ៖ 093 77 81 81 ឬតាមរយៈ E-mail: [email protected] និងវេបសាយwww.luckyrealty.com.kh

ស្វែងយល់ពីអាស៊ាន៖ វិស័យអចលនទ្រព្យថៃទាក់ទាញអ្នកវិនិយោគជប៉ុន

0

ដោយ វុត្ថា

ភ្នំពេញ៖ ភាពប្រសើរឡើងនៃទីផ្សារអជលនទ្រព្យ ក្នុងទីក្រុងបាងកក ប្រទេសថៃកំពុងទាក់ទាញ ក្រុមហ៊ុនអចលនទ្រព្យប្រទេសជប៉ុនជាច្រើន ហូរចូលទៅរកស៊ីក្នុងទីផ្សារអចលទ្រព្យប្រទេសនេះ។

ក្រុមហ៊ុន Tokyo Taemono Co., គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ ក្នុងការអភិវឌ្ឍក្នុងទីក្រុង Tokyo ជាក្រុមហ៊ុនឈានចូលប្រទេសថៃចុងក្រោយគេ ដើម្បីវិនិយោគអាគារពាណិជ្ជកម្ម នៅប្រទេសដែលមានសេដ្ឋរីកចម្រើនទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ខណៈការផ្គត់ផ្គន់ទីផ្សារខុនដូ ក្នុងទីក្រុងបាងកកកំពុងចាប់ផ្តើមងើបឡើងវិញ។

តាមការចុះផ្សាយពីសារព័ត៌មាន The Japantimes បានឲ្យដឹងថា កាលពីពេល ថ្មីៗនេះ ក្រុមហ៊ុន Tokyo Taemono Co., បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួ​យក្រុមហ៊ុនក្នុងស្រុក Raimon Land Public Co ក្នុងទំហំទឹកប្រាក់ចំនួន៩,១ ពាន់លានបាត ដែលស្មើនឹងប្រមាណជាង២៨៨លានដុល្លារ ដើម្បីសាងសង់ខុនដូខ្ពស់កប់ពពកចំនួន២ មួយស្ថិតនៅក្នុងតំបន់ Sathorn និងមួយទៀតស្ថិតនៅក្នុងតំបន់ Prompong ដែលខុនដូទាំងពីរនេះ ស្ថិតចំកណ្តាលបេះដូងនៃទីក្រុងទាំងមូល។

នេះ គឺជាគម្រោងទី១ ក្នុងប្រទេសថៃ សម្រាប់ក្រុមហ៊ុន Tokyo Tatemono ចាប់តាំងពីក្រុមហ៊ុននេះ បានបើកដំណើរការរយៈពេលជាង១០០ឆ្នាំមកនេះ ។ ក្រុមហ៊ុនជប៉ុនដ៏ធំមួយនេះ បានអភិវឌ្ឍន៍គម្រោងអចលនទ្រព្យជាច្រើន កន្លែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅក្នុងប្រទេសសឹង្ហបុរី និង ប្រទេសមីយ៉ាន់ម៉ាជាដើម។

ក្រុមហ៊ុននឹងសាងសង់ខុនដូដែលមានផ្ទះសរុប៤០០យូនីត ដែលក្នុងយូនីតនីមួយតម្លៃជាង១០លានបាត។ ការសាងសង់នៅឆ្នាំ នេះនឹងបញ្ចប់នៅឆ្នាំ២០២១។

នាយកប្រតិបត្តិក្រុមហ៊ុន Tokyo Tatemono លោក Katsuhito Ozawa មានជំនឿថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងនៅតែមានស្ថេរភាព ជាពិសេសនឹងធ្វើឲ្យមានតម្រូវការលំនៅដ្ឋាន កាន់តែច្រើនឡើងមួយកម្រិតទៀត។

អគ្គនាយកក្រុមហ៊ុន Raimon Land លោក Adrian Lee បានគូសបញ្ជាក់ដែរថា ក្រុមហ៊ុនរបស់លោក បានកាន់កាប់ភាកហ៊ុន៥១ភាគរយ នៅក្នុងគម្រោងនេះ ក្នុងការអភិវឌ្ឍលំនៅដ្ឋានកម្រិតកណ្តាល កម្រិតមធ្យម និងកម្រិតខ្ពស់ ដោយរំពឹងថា នឹងទទួលបានចំណូលកើនឡើងទ្វេរដងពី១០ ទៅ១២លានបាតសម្រាប់៥ឆ្នាំទៅមុខទៀត។

ក្រុមហ៊ុនអចលនទ្រព្យប្រទេសជប៉ុន បានហូចូលមករកស៊ីនៅក្នុងប្រទេសថៃជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៣ ដោយលើកដំបូងមានក្រុមហ៊ុន Mitsuri Fudosan Co., ដែលជាក្រុមហ៊ុននាំមុខគេ ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានរបស់ជប៉ុន និងបានចាប់ដៃគូជា​មួ​យក្រុមហ៊ុន Ananda Development Public Co. សម្រាប់គម្រោង១៨៧៥ យូនីត។

ក្រមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុ នដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសថៃ មានក្រុមហ៊ុន Mitsubishi Estate group, Tokyo Corp, Nomura Real Estate Development Co. Mitsui Fudosan, Hankyu Hanshin Properties Corp. ,Sena Development Public Co., Osaka-based Shinwa Real Estate Co., Woraluk Property Public Co.,Tokyo-based Hoosiers Holdings និង Development Public Co. ជាដើម។

អ្នកជំនាញផ្នែកអចលនទ្រព្យក្នុងប្រទេសថៃ លោក Nalinrat Chareonsuphonលើកឡើងថា ទីផ្សារអចលនទ្រព្យក្នុងប្រទេសថៃ មានភាពល្អប្រសើរក្នុងដើឆ្នាំ២០១៨នេះ ដោយសារមានការចូលមករកស៊ី ពីសំណាក់ក្រុមហ៊ុនជប៉ុនជាច្រើន ដែលបាននិងកំពុងអភិឌ្ឍន៍វិស័យខុនដូចក្នុងប្រទេសថៃ ក្នុងនោះមានគម្រោងធំៗចំនួន៤របស់ក្រុមហ៊ុនអចលនទ្រព្យជប៉ុនកកំពុងអនុវត្តក្នុងឆ្នាំនេះ។

លោកបញ្ជាក់ទៀតថា “ការកើនឡើងនេះ វិនិយោគអចលនទ្រព្យពីប្រទេសជប៉ុនបានផ្តល់ឪកាសជាច្រើន សម្រាប់ក្រុមហ៊ុនអភវិឌ្ឍន៍ក្នុងស្រុក ទទួលបានផលប្រយោជន៍ និងជំនាញថ្មី្ៗជាច្រើនផ្សេងទៀតក្នុងគ្រប់គ្រង ក៏ដូចជា អភិវឌ្ឍន៍លំនៅដ្ឋានឲ្យមានស្តង់ដារ”៕

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុមានការរីកចម្រើននៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្ដិបានថ្លែងថា វិស័យបច្ចេកវិទ្យាកំពុងមានការរីកចម្រើន ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដោយសារការផ្តល់នូវបច្ចេក​វិទ្យាថ្មីៗពីគ្រឹះស្ថានហិរញ្ញវត្ថុដល់សាធារណៈជន។

ក្នុងជំនួបជាមួយលោក Matthew Tippetts អគ្គនាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន Clik លោកប៉ាន សូរស័ក្តិបានថ្លែងថា កម្មវិធីទូទាត់ប្រាក់តាមអេឡិចត្រូនិកនេះ មានសារៈសំខាន់បំផុត ដើម្បីរួមចំណែកក្នុងការធ្វើឌីជីថលភាវូបនីយកម្មសេដ្ឋកិច្ច។ លោកបន្តថា ក្រសួងពាណិជ្ជកម្មកំពុងតែជំរុញបញ្ចប់ នូវសេចក្ដីព្រាងច្បាប់ស្ដីពី ពាណិជ្ជកម្មតាមអេឡិចត្រូនិក ហើយកម្មវិធីនេះនឹងអាចសម្រួលដល់ការទូទាត់ប្រាក់ ក្នុងការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក មិនត្រឹមតែរវាងអ្នកលក់ និងអ្នកទិញនៅក្នុងស្រុកប៉ុណ្ណោះទេ តែនឹងអាចជំរុញដល់ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនផងដែរ។

លោក Matthew Tippetts បានឲ្យដឹងថា ក្រុមហ៊ុន Clik ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) មួយដែលបង្កើតឡើងនៅប្រទេសកម្ពុជា សម្រាប់បម្រើការលើសេវាកម្មទូទាត់ប្រាក់តាមអេឡិចត្រូនិក។ ជាមួយនឹងការងារនោះ ក្រុមហ៊ុន Clik នឹងដាក់ឲ្យប្រើប្រាស់នូវកម្មវិធី (Platform) មួយដើម្បីទូទាត់ និងផ្ទេរប្រាក់ទៅវិញទៅមកតាមអេឡិចត្រូនិក ឬក៏ទូទាត់ប្រាក់តាមកាតដូចជា Visa, Mastercard និងកាតមួយចំនួនទៀតផងដែរ​។ លោកក៏បានឲ្យដឹងទៀតថា កម្មវិធីរបស់លោកក៏អាចតភ្ជាប់ទៅកម្មវិធីទូទាត់ធំៗជាច្រើនដូចជា Paypal, Alipa, WeChat ។ល។ ដើម្បីសម្រួលដល់ការទូទាត់ប្រតិបត្តិការនានា ជាពិសេសប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ។

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋបច្ចេកវិទ្យានៅលើពិភពលោកកំពុងមានការរីកចម្រើន ប៉ុន្តែនៅកម្ពុជាការរីកចម្រើនក្នុងវិស័យនេះនៅមានកម្រិតនៅឡើយ ដោយសារកម្ពុជាមិនទាន់មានហេដ្ឋារចនាសម្ព័ន្ឋគ្រប់គ្រាន់ ដើម្បីទាញ​យកផលប្រយោជន៍ពីវិស័យនេះនៅឡើយទេ។

លោកបន្តថា “ប្រព័ន្ឋបច្ចេកវិទ្យាមានផលចំណេញច្រើន និងបង្កហានិភ័យផងដែរ ប្រសិនជាយើងមិនមានហេដ្ឋរចនាសម្ព័ន្ឋ និងធនធានមនុស្សសមស្រប ដើម្បីគ្រប់គ្រង​និងទាញយកផលប្រយោជន៍ពីវា”៕

ដំណឹងល្អ! ក្រុមហ៊ុនចិនធំៗចំនួន៧ កំពុងចាប់អារម្មណ៍វិនិយោគទីក្រុងនាគរាជសម្តេចតេជោ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ទីក្រុងនាគរាជសម្តេចតេជោ ដែលគ្រោងចំណាយទុនមហាសាលរហូតដល់៨០ពាន់លានដុល្លារ និងស្ថិតនៅលើផ្ទៃដីជាងបីម៉ឺនហិកតា បាននិងកំពុងមានពន្លឺហើយ ដោយក្រុមហ៊ុនចិនចំនួន៧កំពុងចាប់អារម្មណ៍វិនិយោគលើគំរោងនេះ។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ ឧសភានេះថា មានក្រុមហ៊ុនចិនធំៗ​​ចំនួនពីរ បានដាក់សំណើរសុំសហការវិនិយោគ ដើម្បីសាងសង់ទីក្រុងរណបដ៏ធំ​នេះហើយ ហើយលោកនឹងអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនធំៗចំនួន៥ទៀត ជួបពិភាក្សា​គ្នានៅពេលឆាប់ៗនេះ ដើម្បីសិក្សាពីលទ្ឋភាព និងការសហការដើម្បីសាងសង់ទីក្រុងនេះ។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីឈ្មោះ ក្រុមហ៊ុនធំៗដែលគ្រោងវិនិយោ​គទីក្រុងដ៏អស្ចារ្យទាំងនេះនៅឡើយទេ។

លោកបន្តថា “ ក្រុមហ៊ុនធំៗពីរបានដាក់សំណើរមកខ្ញុំរួចហើយ ហើយសំណើរនេះ​នឹងដាក់ជូនសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា នាពេលឆាប់ៗខាងមុខនេះ”។លោកបន្តថា“គំរោងនេះសម្តេចបានឃើញរួចហើយ និងបានអនុញ្ញាត្តឲ្យខ្ញុំសិក្សាលំអិ​ត​មុនចាប់ផ្តើមគំរោងនេះ”។

លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌបានបន្តថា រយៈពេល៥៨០ឆ្នាំហើយ កម្ពុជាមិនទាន់មានការសាងសង់ទីក្រុងថ្មីនៅឡើយទេ ហេតុនេះទើបគំនិតផ្តួចផ្តើមសាងសង់ទីក្រុង​នាគរាជសម្តេ​ចតេជោបានប្រតិស្ថានឡើង ដែលទីក្រុងនេះមានហេដ្ឋារចនាសម្ព័ន្ឋក្រោមដី លើដី លើទឹកដែលអាចដោះស្រាយបញ្ហាចរាចរណ៍បានរាប់រយឆ្នាំ។ គំរោងនេះក៏មានការសាងសង់កំពង់ផែអន្តរជាតិ ព្រលានយន្តហោះ និងសាងសង់អាគារមួយសំ​រាប់ធ្វើជាការិយាល័យកណ្តាលរបស់សម្តេចតេជោ ដែលមានកំពស់រហូតដល់៦០០ម៉ែត្រ ដែលសម្តេចអាចមើលប្រទេសកម្ពុជាទាំងមូលចេញពីអាគារនេះ។

លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌការសាងសង់ទីក្រុងនាគរាជសម្តេចតេជោ ធ្វើឡើងក្នុងគោលគំនិត ដើម្បីជាការដឹងគុណដល់សម្តេចតេជោហ៊ុន សែន ដែលហ៊ានដាក់ជីវិត ដើម្បីនាំសុខសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជា មកកាន់សករាជថ្មីមួយ។ លោកបានស្នើសុំមេដឹកនាំចិន ជួយគាំទ្រដល់គំរោងទីក្រុងនាគ​រាជនេះ ដោយសារសម្តេចបានគាំទ្រចិន អនុវត្តន៍គោលនយោបាយចិនតែមួយ និងនៅគ្រប់ទិដ្ឋភាពនយោបាយអន្តរជាតិ កម្ពុជាតែងតែគាំទ្រចិន។

លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌមានសញ្ញាបត្រស្មើនឹងអតីតវីរស្ថាបត្យករវណ្ណ ម៉ូលីវណ្ណ។ លោកមានស្នាដៃក្នុងការគូរប្លង់ និងកសាងអាគារទីស្តីការក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ ជាស្ថាបត្យករចូលរួមគូរសំណង់អាគារវិមានសន្តិភាព និងអាគារជាច្រើនទៀតនៅកម្ពុជា៕

តោះទៅមើលរូបភាពគំរោងអស្ចារ្យតម្លៃ១០០លានដុល្លារនៅកោះពេជ្រ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទីក្រុងកោះពេជ្រ នឹងមានអាគារដ៏ស្រស់ស្អាត និងទាក់ទាញមួយទៀត ដែលវិនិយោគទឹកប្រាក់១០០លានដុល្លារ ដោយអ្នកវិនិយោគមកពីកោះតៃវ៉ាន់។

គំរោងនេះត្រូវបានវិនិយោគនេះ នឹងកាន់តែពង្រីកសក្តានុពលសេដ្ឋកិច្ចនៅទីក្រុង​ភ្នំពេញ ដែលកំពុងមានការរីកចម្រើនដ៏លឿននេះ។ អាគារនេះមានឈ្មោះថា Gia Tower​ដែលមានចំនួន៤០ជាន់ ស្មើនឹងកំពស់១៧៨ម៉ែត្រ។

​អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា ពិតជាមានក្រុមហ៊ុនតៃវ៉ាន់ ចូលមកវិនិយោគលើគំរោងនេះនៅទីក្រុងកោពេជ្រពិតប្រាកដមែន ហើយពេលនេះក្រុមហ៊ុនកំពុងរៀបចំការដ្ឋានសាងសង់។ លោកបន្តថា​លើសពីនេះ នៅពេលឆាប់ៗនេះនឹងមានក្រុមហ៊ុនតៃវ៉ាន់មួយទៀត នឹងសាងសង់អាគារ​ការិយាល័យ ននិងសណ្ឋាគារនៅក្នុងទីក្រុងកោះពេជ្របន្ថែមទៀតផងដែរ។

លោកបន្តថា រហូតមកទល់ពេលនេះ ផ្ទៃដីកោះពេជ្រទាំងមូល ទើបអភិវឌ្ឍន៍បានចន្លោះពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ដូច្នេះផ្ទៃដីជាច្រើនទៀតកំពុងនៅទំនេរ និងត្រូវសា​ងសង់គំរោងអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀត។

លោកបន្តថា “តាមធម្មតាការអភិវឌ្ឍទីក្រុងទំនើបមួយ ត្រូវចំណាយពេល១០ទៅ២០ឆ្នាំ ទើបបញ្ចប់បានតាមអ្វីដែលយើងចង់បាន”។

បច្ចុប្បន្នទីក្រុងកោះពេជ្រ បានក្លាយជាទីក្រុងរណបស្ថិតនៅកណ្តាលរាជធានីភ្នំពេ ញនិងមានការអភិវឌ្ឍលឿនជាងគេ ហើយគំរោងធំៗជាច្រើនបានបញ្ចប់ការសាងសង់ និងកំពុងសាងសង់ ដូចជា គំរោង The D.I RIVIERA, Diamond one, Elyse, La Sen, Diamond Twin Tower ជាដើម៕