ស្វែងយល់ពីអាស៊ាន៖ រដ្ឋាភិបាលម៉ាឡេស៊ីលូកដៃជួយឧស្សាហកម្មអចលនទ្រព្យ

0

ដោយ វុត្ថា

ភ្នំពេញ៖ ភ្នាក់លំនៅដ្ឋានរបស់រដ្ឋាភិបាល និងសហព័ន្ធប្រទេសម៉ាឡេស៊ី បានដាក់តាំងពិព៌ណលំនៅឋានថ្នាក់ជាតិ ដែលផ្តោតលើលំនៅដ្ឋានមានតម្លៃសមរម្យចំនួន១សែនខ្នង រយៈពេលពីខែ ដោយចាប់ផ្តើមពីខែមិនា ដល់ខែមេសាឆ្នាំ ២០១៨ ដើម្បីអោយពលរដ្ឋដែលមចំណូលមធ្យមមានឪកាសទិញ។

ការដាក់តាំងពិព័រណ៌លំនៅឋានថ្នាក់ជាតិដំធំនេះ ជាផ្នែកមួយនៃការគាំទ្រគោលនយោបាយលំនៅដ្ឋានរបស់រដ្ឋាភិបាលម៉ាឡេស៊ី និងស្ថិតក្រោមគំនិតផ្តួចផ្តើមរួមគ្នាមួយរបស់ក្រុមហ៊ុន Perbadanan PR1MA ម៉ាឡេស៊ី (PR1MA) នាយកដ្ឋានលំនៅដ្ឋានជាតិ (NHD) លំនៅដ្ឋានសម្រាប់មន្រ្តីរាជការ (PPA1M) និង Syarikat Perumahan Negara Bhd និងភ្នាក់ងាររបស់រដ្ឋាភិបាល ។

ការដាក់តាំងពិព័រណ៍ផ្ទះថ្នាក់ជាតិដធំនេះ មានគោលបំណងបង្កើនការយល់​ដឹងអំពីលំនៅដ្ឋានរបស់រដ្ឋាភិបាល ក្នុងចំណោមក្រុមM40 និង B40។

ក្រុមM40សំដៅលើគ្រួសារជនជាតិម៉ាឡេស៊ី ដែលមានប្រាក់ចំណូលប្រចាំខែរវាង៣៨៦០ MYR ($1000) និង ៨.១៩៩ ($2000) រីងហ្គីត។ រីឯចំណែកក្រុម B40 គឺសំដៅលើគ្រួសារ ដែលមានប្រាក់ចំណូលប្រចាំខែតិចជាង១០០០ដុល្លារ។

អគ្គនាយក PR1MA លោក Datuk Abdul Mutalib Alias បាននិយាយថា “នេះគឺជាឱកាសដ៏ល្អបំផុត សម្រាប់ក្រុមដែលមានប្រាក់ចំណូលទាប អាចមកមើល ដើម្បីវាយតម្លៃកម្មវិធីលំនៅដ្ឋានទាំងនេះ និងមើលឃើញភាពខុសគ្នានៃតម្លៃ និងទីតាំងនៃផលិតផលទាំងនេះ ដោយផ្អែកលើលទ្ធភាពរបស់ពួកគេ” ។

លោកបន្តថា ដំបូងរដ្ឋាភិបាលដាក់តាំងពិព៌ណជាលក្ខណៈseries នៅក្នុងមជ្ឈមណ្ឌលសន្និបាត ដោយចាប់ផ្តើមពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែមីនានេះ ដោយមានផ្ទះប្រហែល៣៨.000ខ្នង។

លំនៅដ្ឋានប្រហែល ២០,០០០Units នឹងត្រូវផ្តល់ជូនក្រោយការគ្រប់គ្រងដោយក្រុមហ៊ុន PR1MA និងផ្ទះចំនួន៧,000Unitsស្ថិតក្រោមការគ្រប់គ្រង ដោយក្រុមហ៊ុន Lembaga Perumahan និង Hartanah Perak។ ផ្ទះចំនួន៥,៧00 យូនីតស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រមហ៊ុនSPNB និងផ្ទះចំនួន៣០០០យូនីតស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនNHD និងផ្ទះចំនួន២០០០យូនីតស្ថិតក្រោមគ្រប់គ្រងដោយក្រុមហ៊ុនPPA1M ។

លោក Abdul Mutalib បានមានប្រសាសន៍ថា “ប្រហែល៧៤ភាគរយនៃផ្ទះទាំងនេះ មានតម្លៃទាបជាង៦ម៉ឺនដុល្លារប៉ុណ្ណោះ ហើយប្រហែល២៣ភាគរយមានតម្លៃចាប់ពី៥ម៉ឺនដដុល្លារដល់ ៧ម៉ឺនដុល្លារ។

លោកបានកត់សម្គាល់ថា ពិព៌ណMegaនេះ ក៏នឹងក្លាយជាមជ្ឈមណ្ឌលមួយ សម្រាប់ប្រើប្រាស់ដល់សាធារណៈជន អាចស្វែងរកជំនួយឬការសាកសួរទាក់ទងទៅនឹងការទិញម្ចាស់ផ្ទះរបស់ពួកគេ។

ជាមួយគ្នានេះ ក៏មានការដាក់ពិព័រណ៌ក្រុមហ៊ុនហិរញ្ញវត្ថុជាច្រើនផងដែរទាំងរដ្ឋ និងឯកជន ដូចធនាគារ មីក្រូហិរញ្ញវត្ថុល្បីក្នុងប្រទេស មាន CIMB Maybank RHB និង AmBank សម្រាប់ជួយដល់អតិថិជនដែលមានសក្តានុពលស្នើសុំខ្ចីប្រាក់បានផងដែរក្នុងការទិញលំនៅឋាន៕

កម្ពុជានឹងរៀបចំកិច្ចពិព័រណ៍ និងកិច្ចប្រជុំអចលនទ្រព្យកម្រិតពិភពលោក

0

ដោយដែន ចែងចាំង

ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជា (CVEA) នឹងរៀបចំពិព័រណ៍និងសន្និសីទលំដាប់ពិភពលោក ដោយមានអ្នកជំនា​ញអចលនទ្រព្យ៧០០នាក់មកពីជុំវិញពិភពលោកចូលរួម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី៧ មិនានេះថា The ARENA Convention& Expo ២០១៨ នឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ដល់២៦សីហាខាងមុខនេះ ដោយនឹងមានអ្នកចូលរួមប្រមាណ៧០០នាក់ ក្នុងនោះ៣៥០នាក់ នឹងអញ្ជើញមកពីជុំវិញពិភពលោក ដូចជា តំបន់អាស៊ាន អឺរ៉ុប ចិន កូរ៉េ ជប៉ុន អូស្រ្តាលី ព្រមទាំងអាមេរិក និងមានការចូលរួមពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុចូលរួមប្រមាណ៣៥០នាក់ទៀត។

ប្រធានបទនៃវេទិកាដ៏ធំនេះ “តើការរកស៊ីអចលនទ្រព្យនៅលើពិភពលោកគេធ្វើបែបណា?” ដោយមានការចូលរួមពីវាគ្មិន១២រូប ដែលជាប្រធានសមាគមអចលនទ្រព្យមកពី១២ប្រទេស។

យោងតាមសេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសគណកម្មការសម្រាប់កម្មវិធី ERANA Convention & Expo 2018 របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជា ដែលបានចេញកាលពីម្សិលម៉ិញនេះបានឲ្យដឹងថា សមាគមត្រូវការជ្រើសរើសគណកម្មការ សម្រាប់រៀបចំកម្មវិធីខាងលើនេះ ដែលសមាគម CVEA ធ្វើម្ចាស់ផ្ទះនិងជាប្រធានប្តូរវេនផង។ ក្នុងកម្មវិធីនេះសមាគមត្រូវរៀបចំគណកម្មការ ដែលមានសមាសភាពចំនួន២០រូប ដែលជាប្រធានក្រុមហ៊ុន សមា​ជិក សមាជិការបស់សមាគម ដើម្បីរៀបចំដំណើរការកម្មវិធីនេះ ឲ្យប្រព្រឹត្តិទៅដោ​យរលូនតាមការគ្រោងទុក ដើម្បីផ្តល់ឱកាសឲ្យសមាជិកសមាគម បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយអ្នកជំនាញអចលនវត្ថុពីក្រៅប្រទេសផងដែរ៕

កាស៊ីណូនៅខេត្តព្រះសីហនុកើនឡើងដល់ ៣០កន្លែងហើយ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ចំនួនកាស៊ីណូក្នុងខេត្តព្រះសីហនុ បានកើនឡើងឥតឈប់ឈរ ដោយរហូតមកទល់ពេលនេះ ទីក្រុងនេះមានកាស៊ីណូប្រមាណ៣០កន្លែងហើយ ខណៈវត្តមានជនជាតិចិន កាន់តែច្រើនបានចូលមកធ្វើការ និងវិនិយោគក្នុងខេត្តនេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកជួន ណារិនបានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ មិនានេះថា ចំនួនកាស៊ីណូបាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ដោយរហូតមកទល់ពេលនេះ មានកាស៊ីណូកំពុងដំណើរការ និងត្រៀមដំណើរការចំនួន៣០កន្លែងហើយ នៅក្នុងទីក្រុងជាប់មាត់សមុទ្រនេះ។លោកបន្តថា វត្តមានកាស៊ីណូបានធ្វើឲ្យចំនួនទេសចរណ៍កើនឡើង ខណៈជនជាតិចិនរស់នៅក្នុងខេត្តនេះមានចំ​នួនប្រមាណ៥០០០នាក់។


លោកបន្តថា “សន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្ត ត្រូវបានពង្រឹងជាប​ន្តបន្ទាប់ ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនានា”។

ខេត្តព្រះសីហនុកំពុងមានការរីកចម្រើន លើវិស័យបដិសណ្ឋារកិច្ចជាច្រើន ដោយរហូតមកទល់ពេលនេះ មានសណ្ឋាគារនិងផ្ទះសំណាក់ចំនួនជិត១ម៉ឺនបន្ទប់។

លោកតាំង សុចិត្រគ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងនៅថ្ងៃដដែលនេះថា ខេត្តព្រះសីហនុមានសណ្ឋាគារប្រមាណ៨៨នាពេលបច្ចុប្បន្ននេះ និងមានបន្ទប់ជិត៤០០០បន្ទប់ និងផ្ទះសំណាក់ បឹងហ្កាឡូនានាជាង៣០០កន្លែង និងមានបន្ទប់សរុបចំនួនជាង៤០០០បន្ទប់ ដែលបាននិងកំពុងដំនើរ​ការ ហើយនៅចុងឆ្នាំនេះសណ្ឋាគារចំនួន១០ទៀត និងមានបន្ទប់សរុបប្រមាណ១០០០បន្ទប់ នឹងបើកដំណើរការផងដែរ ដើម្បីឆ្លើយតបនឹងកំនើនទេ​សចរណ៍ និងអ្នកវិនិយោគនានា។

លោកបន្តថា “ដោយសារសណ្ឋាគារភាគច្រើន ត្រូវបានជួលដោយជនជាតិ​ចិនធ្វើកាស៊ីណូ បានធ្វើឲ្យចំនួនបន្ទ​ប់តែងមានភាពខ្វះខាតនៅចុងសប្តាហ៍ ប៉ុន្តែនៅឆ្នាំ២០១៨ និង២០១៩ខាងមុខនេះ សណ្ឋាគារលំដាប់ផ្កាយប្រាំបីទៅបួនទៀត​នឹងបើកដំណើរការ ដែលអាចជួយសម្រាលកង្វះខាតបន្ទប់ស្នាក់នៅ”។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនក៏បានស្នើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិបន្តវិនិយោគលើវិស័យបដិសណ្ឋារកិច្ច បន្ថែមទៀតនៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនឹងតម្រូវការ៕

អ្នកជំនាញពន្យល់ពីផលប៉ះពាល់ និងអត្ថប្រយោជន៍នៃការទិញផ្ទះដោយការបង់រំលស់

0

ដោយ រ៉ាវី
ភ្នំពេញ៖ បច្ចុប្បន្ននេះសម្រាប់ការទិញផ្ទះ ដោយការអនុវត្តវិធីសាស្រ្តបង់រំលស់ គឺកំពុងតែមានភាពពុះកញ្ជ្រោលយ៉ាងខ្លាំង ក្នុងនោះរាប់ទាំងប្រភេទលំនៅដ្ឋានធម្មតា សម្រាប់អ្នកដែលមានចំណូលមធ្យម និងក្រោមមធ្យមក៏ដូចជាប្រភេទលំនៅដ្ឋានបែបប្រណីត ស្ថិតនៅក្នុងបុរី ដែលផ្តោតសំខាន់លើអ្នកមានចំណូលខ្ពស់។

តើការទិញផ្ទះលំនៅដ្ឋានដោយការបង់រំលស់នេះ មានចំណុចល្អប្រសើរ និងប៉ះពាល់អ្វីខ្លះ ចំពោះអតិថិជនដែលជាអ្នកទិញ ? ចម្ងល់មួយនេះត្រូវបានបំភ្លឺដោយលោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisals ដូចខាងក្រោម។

លោកឧកញ៉ា នួន រឹទ្ធី បានមានប្រសាសន៍បញ្ជាក់ថា ការបង់រំលស់ថ្លៃផ្ទះនេះ គឺត្រូវធ្វើឡើងដោយអមជាមួយគ្នារវាងថ្លៃដើម និងការប្រាក់ ។ ប៉ុន្តែបើសម្លឹងមើលពីចំនួនថ្លៃដើម គឺដំបូងបានរំលស់តិចណាស់ ដែលវាត្រូវចំណាយលើការប្រាក់ច្រើនក្នុងមួយខែ។ បើយើងរំលស់ក្នុងរយៈពេលយូរ យើងបង់ខាតកាន់តែច្រើន ដូច្នេះសម្រាប់អ្នកដែលចង់ទិញផ្ទះដោយការបង់រំលស់នេះ ចាំបាច់ត្រូវពិចា​រណាទៅលើស្ថានភាព នៃចំណូលរបស់ខ្លួនជាមុនសិនថា តើចំណូលដែលបានមកស័ក្តិសមនឹងការទិញផ្ទះដែរឬទេ។

មួយវិញទៀត សម្រាប់អ្នកដែលមានចំណូលមានកម្រិត ក៏គួរពិចារណាថា តើការជួលផ្ទះ និងការទិញផ្ទះដោយការរំលស់នេះ មួយណាប្រសើរជាងសម្រាប់ជីវភាពជាក់ស្ដែងរបស់យើង ។


លោកឧកញ៉ានួន រិទ្ឋីបានលើកជាឧទាហរណ៍ថា យើងស្នាក់នៅក្នុងផ្ទះជួលដោយចំណាយ200ដុល្លារក្នុងមួយខែ ប៉ុន្តែនៅពេលមានគេសង់ផ្ទះលក់ដោយការបងរំលស់ត្រឹម200ដុល្លារ ក្នុងមួយខែដូចគ្នា សួរថាតើយើងត្រូវនៅផ្ទះជួយបន្តទៀត ឬត្រូវទិញផ្ទះ ? ជាការពិត បើយើងបូកសរុបចំនួននៃការចំណាយលើការបង់សរុបនៃថ្លៃផ្ទះ គឺមានចំនួនច្រើនលើសថ្លៃដើម ប៉ុន្តែវិធីសាស្រ្តនៃការបង់រំលស់នេះ គឺបានបន្ធូរបន្ថយដល់អ្នកមានលទ្ធភាពមធ្យម និងក្រោមមធ្យមទទួលបានផ្ទះស្នាក់នៅ។

លោកឧកញ៉ាបន្តថា និយាយរួមការទិញផ្ទះដោយការបង់រំលស់ មានចំណុ​ចល្អ និងចំណុចអវិជ្ជមាន។ ចំណុចល្អត្រង់ថា យើងអាចមានផ្ទះស្នាក់នៅ និងជាកម្មសិទ្ធិតាំងពីយើងមិនទាន់មានលុយទិញផ្ទះគ្រប់ ដោយឡែកចំណុចអវិជ្ជមាន គឺត្រូវចំណាយថ្លៃបង់ការប្រាក់ប្រចាំខែច្រើន៕

ស្វែងយល់​ពី​អាស៊ី៖ ទីផ្សារ​អចលនទ្រព្យ​នៅ​កោះ​តៃវ៉ាន់​កំពុង​កើនឡើង

0

ដោយ វុត្ថា

ភ្នំពេញ៖ ទីផ្សារ​អ​ច​នល​ទ្រព្យ​នៅ​កោះ​តៃ​វាន់ ក៏បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ផងដែរ​នៅ​ឆ្នាំនេះ ដោយ​អចលនទ្រព្យ​ក្នុងប្រទេស​នេះ កំពុង​បង្ហាញ​ពី​កំណើន​លូតលាស់​គួរឱ្យកត់សម្គាល់។

យោងតាម​ការ​ស្ថិតិ​ផ្លូវការ ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​នៃ​កោះ​នេះ កាលពី​សប្តាហ៍​មុននេះ​បានឱ្យដឹងថា ទីក្រុងធំៗចំនួន៦នៃ​កោះ​នេះ មានការ​កើនឡើង​នូវ​តម្រូវការ​ផ្ទះ ការិយាល័យ​ធ្វើការ និង​ហាង​លក់ដូរ ចាប់តាំងពី​ខែមករា​ដល់​ខែកុម្ភៈ​នេះ​កើនឡើង​រហូតដល់៩,៧៦ ភាគរយ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មាន​ខុន​ដូ​ចំនួន៣០.៦៤០យូ​នី​ត​ត្រូវបាន​គេ​ដាក់លក់​ក្នុង​ទីក្រុង​តៃប៉ិ ទីក្រុង​តៃប៉ិ​ថ្មី តា​យ​វ៉ា​យ តៃ​ឈុន តាន​អ៊ី​ន និង​ទីក្រុង​កាវ​សុង។ ទីក្រុង​តៃប៉ិ​បាន​ចុះបញ្ជីរ​កើនឡើង​នូវ​អចលនទ្រព្យ ប្រមាណ​ជា ១៥,១% ក្នុង​មួយឆ្នាំ គឺ​កើន​ឡើងដល់៣,៦៨៧ Units ខណៈ​ក្រុមហ៊ុន​ Tainan បានបង្ហាញ​ពី​កំណើន៣២,២% សម្រាប់​ការលក់​អចលនទ្រព្យ​ផ្នែក​លំនៅដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​ចំនួន៣,៣៤៥ យូ​នី​ត។

លោក Hsu Chih-yao អ្នកគ្រប់គ្រង​នៅ​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ National Realty បានឱ្យដឹងថា ទីក្រុង​ចំនួន៦បាន​រាយការណ៍​ពី​ការកើនឡើង​នៃ​ការធ្វើ​អាជីវកម្ម​ផ្ទះ ប៉ុន្តែ​ទីផ្សារ​ក្នុង​ក្រុង​តៃប៉ិ បានទទួល​ប្រយោជន៍​ពី​ការកើនឡើង​តម្រូវការ​នៅតាម​ស្រុក​ដូចជា ស្រុក Neihu Zhongshan និង Da’an ។

ក្រុមអ្នកវិភាគ​នៅក្នុង​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Eastern Realty បាន​និយាយថា កំណើន​នៅក្នុង​ទីក្រុង​តា​ណាន និង​កាវ​សុង​ស្ថិតក្នុង​រង្វង់៧,៥ភាគរយ​ប្រចាំឆ្នាំ នៅក្នុង​ប្រតិបត្តិការ​ចំនួន៤,៩៩៦យូ​នី​ត ។ តួលេខ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​និន្នាការ​នៃ​ការកើនឡើង​ផ្ទះ​ខ្នាតតូច​បន្ថែមទៀត។

ប៉ុន្តែ​មានតែ​ផ្ទះ​ចំនួន១១.៣០០យូ​នី​ត​ប៉ុណ្ណោះ ត្រូវបាន​កត់ត្រា​នៅក្នុង​ប្រតិបត្តិការ​លំនៅដ្ឋាន​សម្រាប់​ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ ដោយមាន​ការធ្លាក់ចុះ៧,៩ ភាគរយ​កាលពី​ឆ្នាំមុន។

ទោះជា​យ៉ាងណាអ្វីៗនៅមាន​សញ្ញា​វិជ្ជមាន ការអភិវឌ្ឍ​លំនៅឋាន​នៅក្នុង​ទីក្រុង​នានា បានបង្ហាញ​ពី​កំណើន​ប្រចាំឆ្នាំ​ប្រមាណ១១,៨៥ភាគរយ កាលពី​ឆ្នាំមុន ដែលជា​ការកើនឡើង​ជា​លើកដំបូង​សម្រាប់​ទីផ្សារ​អចលនទ្រព្យ ក្នុង​កោះ​តៃវ៉ាន់​ក្នុង​រយៈពេល៤ឆ្នាំ​មកនេះ៕

ស្វែងយល់​ពី​អាស៊ាន៖ ការផ្គត់ផ្គង់​លំនៅដ្ឋាន​នឹង​កើន​ឡើងវិញ​ក្នុងប្រទេស​សឹង្ហ​បុរី

0

ដោយ វុត្ថា

ភ្នំពេញ៖ ការផ្គត់ផ្គង់​លំនៅដ្ឋាន​នៅក្នុង​ប្រទេស​សឹង្ហ​បុរី នឹង​ងើប​ឡើងវិញ​ក្នុង​ឆ្នាំ២០១៨នេះ ដោយសារ​តែមាន​មាន​ក្រុម​ហ​អ​ច​នល​ព្រ​ទ្យ​ជាច្រើន បាន​សម្ភោ​ធ​គម្រោង​សាងសង់​ជាច្រើន ដើម្បី​ស្តារ​តម្រូវការ​ទីផ្សារ​ឡើងវិញ បន្ទាប់ពី​ការផ្គត់ផ្គង់​ធ្លាក់ចុះ​កាលពី​ឆ្នាំមុន។

យោងតាម​គេហទំព័រ ProperyGuru បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា មាន​គម្រោង​សាងសង់​ចំនួន១៦ ទៅ២២គម្រោង នឹងធ្វើ​ការ​សម្ភោ​ធ​ជា​ផ្លូវការ នៅក្នុង​ទីក្រុង​ទាំងមូល​ក្នុង​ឆ្នាំ២០១៨នេះ។ តួលេខ​នេះ​មាន​ភាពដូចគ្នា ទៅនឹង​ទិន្ន័យ​របស់​ក្រសួង​អភិវឌ្ឍន៍​របស់​សឹង្ហ​បុរី​បាន​បង្ហាញថា មានផ្ទះ​ឯកជន​ចំនួន១០,០០០ខ្នង នឹង​សាងសង់​បញ្ច ប់​នៅក្នុង​ឆ្នាំ២០១៨នេះ។

ការពង្រីក​ការផ្គត់ផ្គង់​នេះ វា​ស្របទៅនឹង​ការចង់បាន​របស់​រដ្ឋ​មួយ​នេះ​កាលពី​ឆ្នាំ២០១។ ក្រុមហ៊ុន​សាងសង់​បាន​ទិញ គម្រោង​សាងសង់​លំនៅឋាន​ចំនួន ៤.៥លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ២០១៧នេះ​គឺជា​តួលេខ​ដ៏​ធំ ខណៈដែល​ការលក់​ចេញ បាន​ជាប់គាំង​តាម​ការ​ទស្សន៍ទាយ ដោយសារ​ការបន្ថែម​ចំនួន២ម៉ឺន​Units ទៅក្នុង​ទីផ្សារ។

បើតាម​គេហទំព័រ​ដដែល​នេះ​បាន​បង្ហាញថា ក្នុង​រយៈពេល​ត្រឹមតែ៣ខែ ការលក់​ផ្ទះ​ក្នុង​ទីក្រុង បាន​ធ្លាក់ចុះ​ចំនួន៤.៥ភាគរយ។  ការបង្កើន​ការផ្គត់ផ្គង់​អាចរួមចំណែក​ដល់​អត្រា​កំណើន​ការងារ​ខ្ពស់ ដែលជា​ការជួយ​ដល់​អ្នក​ជួល​ផ្ទះ។ របាយការណ៍​នេះ​បានឱ្យដឹងថា ការកើនឡើង​នៃ​ការផ្គត់ផ្គង់ នៅពេល​សាងសង់​ចប់​នឹង​ផ្តល់​ជម្រើស​ផ្ទះ​បន្ថែមទៀត សម្រាប់​អ្នក​ជួល​ហើយ​ដាក់​សម្ពាធ​លើ​តម្លៃ​ជួល។

ទន្ទឹមនឹងនេះ​ក្រុមអ្នកវិភាគ​មានការ​ព្រួយបារម្ភ​ថា ការកើនឡើង​នូវ​ការផ្គត់ផ្គង់​អាច​នាំឱ្យមាន​ការធ្លាក់ចុះ​តម្លៃ​អចលនទ្រព្យ ។

អ្នកស្រាវជ្រាវ​ក្នុងប្រទេស​នេះ​បាន​លើកឡើងថា ដោយសារតែ​កំណើនប្រជាជន​របស់​ប្រទេស​សិង្ហ​បុរី បាន​ធ្លាក់ចុះ​ពី៣,០ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ ២០០៧ និង ២០១២ និង​បន្ត​ធ្លាក់ចុះ​រហូតដល់​ឆ្នាំ២០១៧ ក៏មាន​ភាពមិនច្បាស់លាស់​អំពី​ថា តើ​ការផ្គត់ផ្គង់​លំនៅដ្ឋាន​នេះ អាច​ត្រូវបាន​ស្រូប​យកបាន​ពេញលេញ ដោយ​ទីផ្សារ​នេះ​ឬ​យ៉ាងណា៕

ទឹកប្រាក់ជាង ១៣០០លានដុល្លារបានចាក់ចូលក្នុងវិស័យរ៉ែ

0

ដោយ គង់ សូរិយា

ភ្នំពេញមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងឲ្យដឹងថា គិតមកដល់ពេលនេះទឹកប្រាក់ជាង១៣០០លាន​ដុល្លារ បានវិនិយោគលើវិស័យរ៉ែ និងប្រេងកាតនៅកម្ពុជា ដែលបានអនុម័តដោយរដ្ឋាភិបាល។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានលើកឡើងក្នុងសន្និបាតបូកសរុបសមិទ្ធផលនៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យរ៉ែ និងថាមពលឆ្នាំ២០១៤-២០១៧ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៨នាព្រឹកថ្ងៃទី៦ មិនានេះថា ការវិនិយោគរបស់អ្នកវិនិយោគបរទេ​សលើវិស័យរ៉ែ និងប្រេងកាត ដែលរដ្ឋាភិបាលបានអនុម័តរួចរាល់ រឺត្រៀមអនុម័តក្នុងឆ្នាំ២០១៨នេះ មានទំហំទឹកប្រាក់ជាង១៣០០លានដុល្លារអាមេរិក។ លោកបន្តថា ទំហំវិនិយោគដ៏ធំក្នុងវិស័យរ៉ែ និងប្រេងកាតនេះ នឹងក្លាយជាប្រភពទុនវិនិយោគដោយផ្ទាល់ពីក្រៅប្រទេសដ៏ធំសម្រា​ប់​ឆ្នាំ ២០១៨ -២០១៩ខាងមុខ។

លោកបន្តថា “សម្រាប់ឆ្នាំ២០១៨ និងឆ្នាំបន្ទាប់ៗទៀត  គឺជាពេលវេលាដែលរដ្ឋាភិបាល អាចចាប់ផ្ដើមប្រមូលផលពេញលេញ ពីរាល់ការវិនិ​យោ​​គរបស់ខ្លួនហើយ”។

យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពលបានបង្ហាញថា ការប្រមូលចំណូ​លពីធនធានវិស័យរ៉ែ និងប្រេងកាត ជាចំណូលមិនមែនសារពើពន្ធ បានកើនឡើងលើសពី១០ដង ដែលកាលពីឆ្នាំ២០១៣មានទំហំត្រឹមតែ២-៣លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែទំហំចំណូលមិនមែនសារពើពន្ធបានពីវិស័យ រ៉ែនិងប្រេងកាត បានកើនឡើងដល់១៧ ទៅ១៨លានដុល្លារអាមេរិក ក្នុងចន្លោះឆ្នាំ២០១៦​-២០១៧។

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consultingលោកង៉ែត ជូបានថ្លែងថា ធនធានរ៉ែ និងចំណូលបានមកពីវិស័យនេះ ជាផ្នែកដ៏សំខាន់មួយទៀតរបស់រដ្ឋាភិបាល ដើម្បីយកមកប្រើប្រាស់ក្នុងអភិ​វឌ្ឍន៍ប្រទេស ប៉ុន្តែយ៉ាងណាវាជាវិស័យថ្មីមួយ ដែលទាមទារឲ្យមានការគ្រប់គ្រងប្រកបដោយប្រសិទ្ឋភាព និងតម្លាភាព ដើម្បីជៀសវាងពីបណ្តាសារពីធនធានធម្មជាតិ។

លោកបន្តថា “ទោះជាយ៉ាងណាលោកមើលឃើញថា រដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិបានកាន់តែល្អប្រសើរ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ”៕

តើ​គួរ​រៀបចំផ្ទះ​ដូចម្តេច​ដើម្បី​ទាក់ទាញ​អតិថិជន​អឺរ៉ុប?

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ នៅពេល​និយាយ​ពី​ទីផ្សារ​អចលនវត្ថុ យើង​ហាក់​ភ្លេច​ពី​ក្រុម​អ្នកវិនិយោគ​អឺរ៉ុប ដោយសារ​កំនើន​នៃ​ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា មាន​លក្ខណៈ​គំហុក​ខ្លាំងពេក។

ប៉ុន្តែ​ពេលនេះ Propertyarea.asia សូម​ទាញ​លោក អ្នក​មក​ចាប់អារម្មណ៍​ពី​ទីផ្សារ​អឺរ៉ុប​នៅ​កម្ពុជា ដែល​ភាគច្រើន​ជនជាតិ​អឺរ៉ុប​ចូលមក​កម្ពុជា មិនសូវ​ចូលមក​វិនិយោគ​គំរោងធំៗឡើយ ពួកគេ​វិនិយោគ​ភាគច្រើន​លើ​គំរោងតូចៗ និង​មក​ធ្វើការ​នៅ​កម្ពុជា​ច្រើន​ទៅវិញ។

ដូច្នេះ​តើ​ម្ចាស់​លំនៅដ្ឋាន​នានា​គួររៀបចំ​លំនៅដ្ឋាន​ដូចម្តេច ដើម្បី​ទាក់ទាញ​ក្រុម​ភ្ញៀវ​ច្រមុះ​ស្រួច​នេះ? លោក​វ៉ន ចាន់ថន​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​TOWN CITY Real Estateបាន​ថ្លែង​ឲ្យ​ដឹងថា បើ​និយាយ​ពី​ភាពទាន់សម័យ ប្រទេស​របស់​ពួកគេ​ទាន់សម័យ​ដល់​កំពូល​រួចទៅហើយ ហេតុនេះ​ចំណូលចិត្ត​របស់​ពួកគេ គឺ​ចូលចិត្ត​របស់ចាស់ៗ ជា​ផ្ទះ​បែប​បុរាណ។

លោក​បន្តថា បើ​ម្ចាស់​លំនៅដ្ឋាន​ចង់​ទាក់ទាញ​ពួក​អឺរ៉ុប ត្រូវធ្វើ​រឿង​ទាំងនេះ ដូចជា ទី១ រៀបចំ​លំនៅដ្ឋាន​បែប​បុរាណ ហើយ​បើ​បុរាណ​ចំ​បុរាណ សម័យ​ចំ​សម័យ ទី២ ពួកគេ​មាន​រស​និយម លើ​លំនៅដ្ឋាន​បែប​សម័យ​អាណានិគម និង​ទី៣ ពួកគេ​ចូលចិត្ត​ផ្ទះ​មាន​ទ្វារ និង​បង្អួចធំៗ និង​មាន​រានហាល ព្រោះ​ពួកគេ​មិន​ចូលចិត្ត​ផ្ទះ​ដែល​ចូលទៅ​ដូច​ចូលក្នុង​ប្រអប់​នោះទេ។

លោក​បន្តថា “ជនជាតិ​អឺរ៉ុប​នៅ​កម្ពុជា ពួកគេ​ភាគច្រើន​មក​ធ្វើការ និង​វិនិយោគ​គំរោងតូចៗ ដូចជា អូ​តែ​ល​ខ្នាតតូច ផ្តល់​សេវាកម្ម និង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់។លោក​បន្តថា “ពួកគេ​មិនមែនជា​អ្នកធ្វើ​ឲ្យ​អចលនទ្រព្យ រីកចម្រើន​ខ្លាំង​ទេ ពួកគេ​ប្រៀបដូចជា​ត្រី​តូច តែ​ច្រើន”៕

តំបន់​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ កាន់​តែមាន​សក្តានុពល

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ បន្ទាប់ពី​ផ្លូវជាតិ​លេខ១បានបញ្ចប់​ការស្ថាបនា តំបន់​នេះ​បានប្រែក្លាយ​មុខមាត់​អភិវឌ្ឍ​យ៉ាង​លឿន ដោយ​បច្ចុប្បន្ន​មាន​ហាងល្បីៗជាច្រើន បានមក​បោះ​ទីតាំងនៅ​តំបន់​នេះ។

បច្ចុប្បន្ន​ហាងល្បីៗជាច្រើន​បានមក​កាន់​តំបន់​នេះ បន្ទាប់ពី​ហាង​កាហ្វេ Amazon ដ៏​ល្បី​បានមក​កាន់​តំបន់​នេះ​មុនគេ ហើយ​ហាង​ជា​បន្តបន្ទាប់​ដូចជា ភោជនីយដ្ឋាន Park Cafe, Pizza Company, Bread Talk និង​ហាងល្បីៗជាច្រើន​ទៀត​បាននិងកំពុង​ត្រៀម​ចូលមក​កាន់​តំបន់​នេះ ដូចជា ហាង​កាហ្វេ Brown ជា​ម៉ាក​សញ្ញា​ដ៏​ល្បី​ក្នុងស្រុក ក៏​នឹង​បើក​សាខា​របស់ខ្លួន​នៅតាម​បណ្តោយ​ផ្លូវជាតិ​ដ៏​វែង​នេះ​ផងដែរ។

ជាមួយ​គំរោង​អភិវឌ្ឍន៍​ឥតឈប់ឈរ ក្រុមហ៊ុន​បុរី​ប៉េង ហួត​គ្រុប​ក៏​គ្រោង​បើក​សួន​កម្សាន្ត​តម្លៃ៦០លាន​ដុល្លារ​នៅ​តំបន់​នេះ នៅ​ចុង​ឆ្នាំនេះ ខណៈ​ផ្សារ​ទំនើប​ដ៏​ធំ​របស់ខ្លួន​ក៏​បាននិងកំពុង​សាងសង់​ផងដែរ។ អ្វី​កាន់តែ​ពិសេស​ផ្សារ​បែប​សហគមន៍ ដែល​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ នៅ​ច្រកចូល​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ក៏​គ្រោង​នឹង​បើកទ្វារ​នៅ​ចុង​ឆ្នាំនេះ ឬ​ដើមឆ្នាំ២០១៩ខាងមុខ​ផងដែរ។

លោកស្រី សោម ស្រី​ណា​ជ្រា​ជា​ជន​រស់នៅ​រាជធានី​ភ្នំពេញ​លើកឡើង​ប្រាប់ថា តាម​ដងផ្លូវ​ជាតិ​លេខ១ ពិតជា​មានការ​អភិវឌ្ឍ​ច្រើនជាង​កាលពីមុន ដោយ​ល​លោកស្រី​សង្កេតឃើញថា ការធ្វើ​ចរាចរណ៍​ល្អប្រសើរ ហើយ​មាន​ហាង​ទំនើប”ជាច្រើន​ទៀតផង។

ចំណែក​លោក​សាម​ឌី និង​លោកស្រី​ណាវី ដែល​ទើប​ត្រលប់​មកពី​ប្រទេស​កូរ៉េ ក៏​បង្ហាញ​ជាការ​ភ្ញាក់ផ្អើល ចំពោះ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា និង​តាម​ដងផ្លូវ​ជាតិ​លេខ១ផងដែរ ដោយ​ពួកគាត់​ទាំងពីរ​បញ្ជាក់ថា ការអភិវឌ្ឍ​នៅ​កម្ពុជា​នាពេលនេះ មិន​ចាញ់​ការអភិវឌ្ឍ​នៅ​ប្រទេស​កូរ៉េ​នោះទេ។

ស្ថាបនិក​និង​ជា​អគ្គនាយក​គេហទំព័រ Propertyarea.asia លោក​លាង​គង់ យិន​ដែលមាន​ការិយាល័យ​នៅ​តំបន់​នេះ​បាន​ថ្លែងថា ផ្លួ​វ​ជាតិ​លេខ១កាន់​តែមាន​សក្តានុពល បន្ទាប់ពី​ផ្លូវជាតិ​នេះ​បាន​ស្ថាបនា​រួច ហើយ​តំបន់​នេះដែ​លពី​មុនគេ​មិនសូវ​នឹកនា​ដល់ ពេលនេះ​បាននិងកំពុង​ក្លាយជា​ទីតាំង​មួយ ដែល​ក្រុម​អ្នកមាន​ប្រាក់​ចាប់អារម្មណ៍​ច្រើន ដោយសារ​បុរី​ប៉េង ហួត​បាន​វិនិយោគ​នៅទីនេះ ដែល​បាន​ទាក់ទាញ​ក្រុម​អភិជន​មក​រស់នៅ​តំបន់​នេះ​ច្រើន ដែល​បានធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​នានា បាន​ចាប់អារម្មណ៍​មកកាន់​តំបន់​នេះ ដើម្បី​ពង្រីក​មូលដ្ឋាន​ជំនួញ​របស់ខ្លួន។

លោក​បន្តថា “ខ្ញុំ​គិតថា​រយៈពេល​ពី៣ទៅ៥ឆ្នាំ​ខាងមុខ តំបន់​នេះ​នឹង​កាន់​តែមាន​ភាពរសរវើក ដោយសារ​កំនើន​ប្រជាសាស្ត្រ និង​សកម្មភាព​ពាណិជ្ជកម្ម​ជាច្រើន​ទៀត​នឹង​បង្កើតឡើង ពិសេស​ផ្សារ​ទំនើប​និង​សួន​កម្សាន្ត​ស្តង់ដា​អន្តរជាតិ​របស់​បុរី​ប៉េង ហួត​បើក​ដំណើរការ។លោក​បន្តថា “តំបន់​នេះ​ក្រៅពី​មាន​សក្តានុពល​ផ្នែក​លំនៅដ្ឋាន ក៏​ជា​តំបន់ឧស្សាហកម្ម ដែល​យ៉ាងយូរ​រយៈពេល១០ឆ្នាំ​ទៀត ការអភិវឌ្ឍន៍​ឧស្សាហកម្ម​និង​លំនៅដ្ឋាន នឹង​រីក​ទៅ​តំបន់​ស្ពាន​អ្នក​លឿង​ក្នុង​ខេត្តព្រៃវែង។

ផ្លូវជាតិ​លេខ១ ជា​ផ្លូវ​យុ​ទ្ឋ​សាស្ត្រ​មួយ សម្រាប់​ការអភិវឌ្ឍន៍​នៅ​ច្រករបៀង​ភាគខាងត្បូង​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ និង​អាស៊ាន ដែល​ភ្ជាប់​រវាង​ប្រទេស​ថៃ កម្ពុជា និង​វៀតណាម៕

ក្រុមហ៊ុនអចលនទ្រព្យយក្សអាមេរិកស្វែងរកដៃគូសហការនៅខេត្តចំនួន17

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia កំពុងស្វែងរកដៃគូសហការ ដើម្បីផ្តល់សេវាកម្មទិញលក់ ជួលអចលនទ្រព្យនៅ​ខេត្តចំនួន១៧ ក្នុងចំណោមរាជធានី ខេត្តចំនួន 25 ។

អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី5 មីនានេះថា​ ក្នុងចំណោមរាជធានី ខេត្តចំនួន25 ក្រុមហ៊ុនរកបានដៃគូសហការនៅរាជធានី ខេត្តចំ​នួន​ 8 រួចហើយ នៅសល់តែខេត្ត​ចំនួន17 ដែលយើងត្រូវការស្វែងរកដៃគូសហការ ដើម្បីផ្តល់សេវាកម្មទិញលក់ ជួល វាយតម្លៃអចលនវត្ថុកម្ពុជា។ អ្នកនាងបន្តថា អ្នកមានបំណងជាដៃគូសហការជា​មួយក្រុមហ៊ុន Century21 Cambodia នឹងទទួលបានការបណ្តុះបណ្តាល និងការៀរបចំការិយាល័យជូនដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្តដែលពួកគេរស់នៅ។

អ្នកនាងបន្តថា “អ្វីសំខាន់យើងស្វែងរកអ្នក ដែលមានចំណូលចិត្តធ្វើការ​ងា​រផ្នែកនេះ ជាមនុស្សមានភាពអត់ធ្មត់ និងជាមនុស្សដែលមានភាពស្មោះត្រង់ ដើម្បីធ្វើការងារក្នុងវិស័យនេះឲ្យបានជោគជ័យ”។ អ្នកនាងបន្តថា “បណ្តាខេត្តទាំងនោះសុទ្ឋតែមានសក្តានុពល លើវិស័យអចលនវត្ថុ ប៉ុន្តែដោយសារខេត្តមិន​ទាន់មានអ្នកជំនាញផ្នែកនេះ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ និងប្រកប​ដោយវិជ្ជាជីវៈ ទើបការទាញយកសក្តានុពលរបស់ខេត្តនៅមានកម្រិត”។

អ្នកនាង Grace Rachny Fong បានបន្តថា បណ្តាខេត្តដែលមិនទាន់មានភ្នាក់ងារអចលនវត្ថុ​ ដែលសហការជាមួយក្រុមហ៊ុន Century21 Cambodia មានដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ឆ្នាំង ពោធិសាត់ បន្ទាយមានជ័យ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង  ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ប៉ៃលិន កែប កោះកុង ។

អ្នកនាងបន្តថា សម្រាប់អ្នកមានបំណងចង់ក្លាយជាភ្នាក់​ងារ អចលនទ្រព្យ និងធ្វើការងារដៃគូជាមួយក្រុមហ៊ុន អាចទំនាក់ទំនងជាមួយក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ ០៩៥ ៦៦៦ ២៩៨ ៕