ខេត្តព្រះសីហនុ៖ ការអភិវឌ្ឍន៍និងបញ្ហាប្រឈមកំពុងដើរទន្ទឹមគ្នា

0

ដោយគង់ សូរិយា

ជាមួយនឹងកំនើននៃការវិនិយោគរបស់ចិន នៅខេត្តព្រះសីហនុ ខេត្តនេះបានរីកចម្រើន និងផ្លាស់ប្តូរមុខមាត់យ៉ាងលឿន ប៉ុន្តែបញ្ហាប្រឈមនានាកំពុងកើនឡើងផងដែរទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ឋ និងនិរន្តរភាពបរិស្ថាន។

អភិបាលខេត្តព្រះសីហនុលោកយន្ត មីនបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តព្រះសីហនុបានរៀបចំប្លង់គោលរួចហើយ ប៉ុន្តែមិនទាន់បានអនុម័តដោ​យប្លង់គោលនោះស្ថិតនៅក្នុងដៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់​ត្រួតពិនិត្យ។លោកបន្តថា ជាមួយនឹងកំនើនដីធ្លី បានធ្វើឲ្យខេត្តជួបបញ្ហាច្រើនក្នុង​ការដោះស្រាយបញ្ហាអនាធិបតេយ្យនានា។

ទាក់ទងនឹងការអភិវឌ្ឍលោកយន្ត មីនបានថ្លែងថា ខេត្តកំពុងពង្រីកហេដ្ឋា​រចនាសម្ព័ន្ឋនានា ដើម្បីឆ្លើយតបនឹងកំនើនយានយន្ត និងចំនួនមនុស្សកើនឡើង​នៅក្នុងខេត្តនេះ ពិសេសកំពុងដោះស្រាយបញ្ហាបរិស្ថាន ដោយផ្សព្វផ្សាយឲ្យប្រ​ជាពលរដ្ឋបានយល់ និងចូលរួមធ្វើអាងចម្រោះទឹកកខ្វក់ ដែលបង្កផលប៉ះពាល់​ដល់បរិស្ថាន។

លោកបន្តថា “យើងកំពុងខិតខំបំផុសឲ្យប្រជាជនចូលរួម ប៉ុន្តែបើមិនធ្វើអា​ជ្ញាធរនឹងចាប់បង្ខំឲ្យធ្វើ ព្រោះបើមិនធ្វើវានឹងរលាយហើយ”។

លើកឡើងពីស្ថានភាពអភិវឌ្ឍន៍ខុនដូនៅខេត្តនេះ អ្នក​នាង​អាន សុធីតា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន ​CBRE Cambodia​ បាន​ថ្លែង​ថា ទីផ្សារ​ខុនដូ​នៅ​ខេត្ត​ព្រះសីហនុ ដែល​រំពឹង​ដាក់​ចូល​ទីផ្សារ​ឆ្នាំ​នេះ មាន​ប្រមាណ​800​យូនីត ខណៈ​គម្រោង​ភាគ​ច្រើន​កំពុង​សាងសង់ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគ​នានា​។ ​អ្នក​នាង​បន្ត​ថា ចំនួន​ខុនដូ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​អ្នក​វិនិយោគ​ជាច្រើន​កំពុង​តម្រង់​គោលដៅ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​នេះ ​ដែល​ធ្វើ​ឱ្យមាន​តម្រូវការ​លំនៅឋាន​ កើន​ឡើង​យ៉ាង​ប្រសើរ​។  ដោយឡែកសម្រាប់តម្លៃវិញ នៅ​ទីនោះ​គិត​ជា​​មធ្យម ​មាន​ចាប់ពីចន្លោះ​ 1000​ ទៅ​ 1800 ​ដុល្លារ​ក្នុង​មួយ​​ម៉ែត្រ​ការ៉េ

យោងតាមការសិក្សារបស់ក្រុមហ៊ុនVTRUST Appraisalបានរកឃើញថា បច្ចុប្បន្នខុនដូនៅខេត្តព្រះសីហនុ មានផ្ទះចំនួន៥០០០យូនីត និងមានគំរោងសរុប១៦គំរោង។

លោកឧកញ៉ា ចេង ​ខេង​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ​នៃ​ក្រុម​ហ៊ុន​អចលនទ្រព្យ​ Hutton CPL​ និងជាតំណាងផ្នែកផ្តាច់មុខរបស់ខុនដូរSea Gate Suite ក៏បានទទួលស្គាល់ផងដែរថា​ បច្ចុប្បន្នការវិនិយោគទៅលើវិស័យអចលនទ្រព្យ គឺភាគច្រើនជាការវិនិយោគិនជនជាតិចិនពិតមែន ប៉ុន្តែក៏មានជនបរទេសផ្សេងទៀត រួមជាមួយជនជាតិខ្មែរផងដែរ។

លោកឧកញ៉ាបញ្ជាក់ទៀតថា «ជាក់ស្ដែងដូចជាគម្រោងខុនដូរ Sea Gate Suite ដែលកំពុងដំណើរការលក់នាពេលបច្ចុប្បន្ន ដែលមានកំពស់៤៣ជាន់ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរ​ជ័យជំនះ ជា​តំបន់​ផ្លូវ​ប្រសព្វ និង​ជា​ទីតាំង​អាច​គយគន់​ទេសភាព​សមុទ្របានយ៉ាងប្រសើរនោះ អតិថិជនក្នុងស្រុកទិញត្រឹម១ឬ២Units ប៉ុណ្ណោះ ប៉ុន្តែសម្រាប់វិនិយោគិនចិនវិញទិញរហូតដល់1ជាន់ជាន់តែម្តង»​

លោកឧកញ៉ាក៏បានបញ្ជាក់ពីលក្ខខណ្ខ នៃការទិញលក់ខុដូប្រណីត និងខ្ពស់ជាងគេនៅក្រុងព្រះសីហនុផងដែថា ខុនដូ Sea Gate Suite​ បាន​ចាប់​ផ្តើម​ជាមួយ​តម្លៃ​ចាប់ពី​៧ម៉ឺន​ដុល្លារ​ឡើង​ទៅ និង​តម្លៃ​ខ្ពស់​ជាង​នេះ​អាស្រ័យ​លើ​ទំហំ​បន្ទប់និង​ជាន់​នីមួយៗ​។ អ្នក​ទិញ​តម្រូវ​ឱ្យ​បង់​ប្រាក់​ត្រឹម1​ភាគរយ​សម្រាប់ឆ្នាំ​ទី​1បង់២​ភាគរយ​សម្រាប់​ឆ្នាំ​ទីនិង៣​ភាគរយ​សម្រាប់​ឆ្នាំ​ទី​៣

បច្ចុប្បន្នខេត្តព្រះសីហនុមានកាស៊ីណូចំនួងជាង២០ និងមានភ្ញៀវទេសចរ ន៍ចិនកំពុងតែចាប់អារម្មណ៍ច្រើនក្នុងខេត្តនេះ ជាមួយនឹងការភ្ជាប់ការហោះហើរ​យ៉ាងសកម្មពីប្រទេសចិន ​និងគោលដៅផ្សេងៗទៀតមកកាន់ខេត្តនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ជំរុញឲ្យវិស័យលំនៅដ្ឋាន ពិសេសអាគារបែបសហកម្ម​សិទ្ឋ(ខុនដូ)មានការរីកចម្រើនយ៉ាងលឿន។

គិតត្រឹមដើមឆ្នាំ២០១៧នេះ ចិនវិនិយោគទឹកប្រាក់ជាង៣៥០លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ដោយបានបង្កើតរោ​ងចក្រ សហគ្រាសប្រមាណ១៣០នៅតំបន់នោះ និងបានផ្តល់ការងារដល់ប្រជា ពលរដ្ឋជាង១០ម៉ឺននាក់។

លោកឡៅ ហេងអ្នកវិនិយោគសណ្ឋាគារអូរឈើទាល ខេត្តព្រះសីហនុបានមានប្រសាសន៍ថា លោកស្វាគមន៍គំរោងវិនិយោគជាច្រើនពីអ្នកចិន ដែលបាននិងកំពុងកើនឡើងក្នុងខេត្តព្រះសីហនុ។ ការចូលមកវិនិយោគជាសញ្ញាល្អប្រ​សើរ និងសុទ្ឋជារឿងល្អ ដែលវានឹងជួយជំរុញកំនើនសេដ្ឋកិច្ចរបស់យើង ប៉ុន្តែការត្រួតពិនិត្យគុណភាពសំណង់ និងផលប៉ះពាល់បរិស្ថានជារឿងចាំបាច់ដែលយើង​ត្រូវធ្វើជាបន្ទាន់។

លោកបន្តថា “យើងរីករាយជាមួយការវិនិយោគ ប៉ុន្តែអាជ្ញាធរគួរកសាងហេ​ដ្ឋារចនាសម្ព័ន្ឋឲ្យបានប្រសើរ និងសមស្របនឹងការអភិវឌ្ឍជាក់ស្តែង ពិសេសបញ្ហាសំរាម និងទឹកកខ្វក់ជារឿងដែលត្រូវតែគិតគូរជាចម្បង”៕

តើ Smart City មាន​លក្ខណៈពិសេស​ដូចម្តេច​ដើម្បី​ជួយ​លើក​កំពស់គុណភាព​ជីវិត?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការសាងសង់​ទីក្រុង​នៃ​សតវត្សរ៍​ទី២១ កាន់​តែមាន​ការគិតគូ​ពី​និរន្តរភាព​បរិស្ថាន ការកាត់បន្ថយ​ការបំពុល​ខ្យល់ និង​សម្លេង​យានយន្ត ដើម្បី​ធ្វើ​ឲ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ព​សុខដុម។

ជាមួយនឹង​ផែនការ​ថ្មី​របស់​រដ្ឋាភិបាល​ប្រទេស​និមួយៗ រួមទាំង​កម្ពុជា​កំពុង​គិតគូ​ផងដែរ​ពី​ការសាងសង់​ទីក្រុង Smart Cityនា​ថ្ងៃ​អនាគត និង​បាននិងកំពុង​ចាប់ផ្តើម​អនុវត្តន៍​ជា​បណ្តើរ។

ជាមួយនឹង​ការធ្វើ​ទំនើប​កម្មនេះ ទីក្រុង​រណប​ជ្រោយចង្វារ​ក៏​បាននិងកំពុង​គិ​ក​គូ​ពី ផែនការ​សាងសង់​ជាទី​ក្រុង Smart City ផងដែរ។

លោក​ទូច សំណាង​អគ្គនាយករង​ក្រុមហ៊ុន OCIC ដែល​កំពុង​វិនិយោគ​ទីក្រុង​រណប​ជ្រោយចង្វារ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​មុន​ថា ទីក្រុង​នេះ​នឹង​រៀបចំឡើង​តាមបែប Smart City ដោយ​ប្រ​ព័​ន្ឋ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ត្រូវ​បានរៀបចំ​ជាពិសេស ដោយ​ខ្សែភ្លើង​នឹងត្រូវ​កប់​ក្រោម​ដី​ទាំងអស់ អំពូល​ភ្លើង​នឹង​ប្រើប្រាស់​ប្រភេទ​អំពូល LED ដែលមាន​ការបំពាក់​កាមេរ៉ា​និង​ទឹក​កខ្វក់​ទាំងអស់​ចេញពី​ទីក្រុង​នេះ នឹងត្រូវ​ឆ្លងកាត់​ការ​ចម្រោះ​ទាំងអស់​មុននឹង​បង្ហូរ​ចេញ។

អគ្គលេខាធិការរង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា និង​ជា​ស្ថាបត្យករ​អាស៊ាន​លោក ទួ​ស សា​ភឿន​បាន​មានប្រសាសន៍ថា ទីក្រុង​ឆ្លាត​វៃ​តម្រូវ​ឲ្យ​មាន​ផែនការ​ធំ​ទូលាយ​សម្រាប់​ទីក្រុង​ទាំងមូល មិនមែន​ត្រឹម​ទីក្រុង​រណប​នោះទេ។ ទីក្រុង​ឆ្លាត​វៃ គួរតែមាន​ចន្លោះ​បៃតង ដូចជា សួនច្បារ​ដែល​ព័ទ្ធជុំវិញ​អគារ​សាធារណៈ ដើម្បីឱ្យ​មនុស្ស​អាច​សម្រាក និង​ទទួលបាន​ខ្យល់អាកាស​បរិសុទ្ធ។

លោក​បាន​បន្ថែមថា “ទីក្រុង​ឆ្លាត​វៃ​អាច​កើតឡើង​បាន​លុះត្រា​តែមាន មេដឹកនាំ​ពូកែ​ដែល​ធ្វើការ​លើ​ផែនការមេ​ដ៏​ទូលំទូលាយ​ក្នុងការ​អភិវឌ្ឍ ទីក្រុង​ពោលគឺ​មាន​ផែនការមេ​តាមផ្លូវ​ច្បាប់​ច្បាស់លាស់​ដែល​គ្រប់គ្រង​លើ ការប្រើប្រាស់​ដី​សំណុំបែបបទ ការ​រចនា ឬ ការប៉ុនប៉ង​គ្រប់គ្រង​លើ​ការអភិវឌ្ឍ​ទីក្រុង។លោក​បន្តថា “តំបន់នីមួយៗត្រូវតែកំណត់​ឲ្យ​បាន​ច្បាស់​ថា ជា​តំបន់​លំនៅឋាន ពាណិជ្ជកម្ម ឬ​ឧស្សាហកម្ម​ដែល​នឹង​អាច​ពង្រីក​ឱកាស​នៅក្នុង​ការអភិវឌ្ឍ​ទីក្រុង និង​ដែល​អាចជួយ​ដល់​ការរស់នៅ​របស់​ប្រជាជន នៅក្នុង​ទីក្រុង​កាន់តែ​ប្រសើរឡើង។

តាម​ការព្យាករណ៍​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ឆ្នាំ២០៣០ខាងមុខ ប្រជាជន​ជិត៨លាន​នាក់​ត្រូវគេ​រំពឹងថា នឹង​រស់នៅក្នុង​ទីក្រុង ហើយ​ភាគច្រើន​នៃ​ពួកគេ​នឹង​មក​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​លោក​សាស្ត្រាចារ្យ ភឿង សុ​ភ័​ណ្ឌ​បាន​ថ្លែងថា ការសាងសង់​អាគារធំៗ និង​ការគិតគូរ​ពី​បញ្ហា​បរិស្ថាន​ជាការ​ងារ​របស់​យើង ដែល​ត្រូវផ្តោត​យកចិត្តទុកដាក់​លើ​អ្វីដែល​គេ​ឲ្យ​ឈ្មោះថា Smart City ព្រោះ​ទីក្រុង​បែប​ឆ្លាត​វៃ​នេះ ទាមទារ​ការគិតគូរ​ច្រើនណាស់ ដើម្បី​សម្រេចបាន​នូវ​ស្តង់ដា​ទីក្រុង​មួយ ដែលមាន​ភាព​ទាក់ទាញ និង​ផ្តល់​ភាពសុខសាន្ត​ដល់​ប្រជាពលរដ្ឋ។

លោក​បន្តថា “ការសាងសង់​អាគារ​ត្រួវ​តែ​ធ្វើឡើង ដោយមាន​ទីធ្លា​បៃតង កន្លែង​លេង​កំសាន្ត ការទាញយក​ពន្លឺព្រះអាទិត្យ មក​ប្រើ​ជំនួស​ឬ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី ការដាំ​ដើមឈើ​ក្នុង​អាគារ និង​ប្រ​ព័​ន្ឋ​ចម្រោះ​ទឹក​កខ្វក់​ជាដើម សុ​ទ្ឋ​តែ​ជា​រឿង​ចាំបាច់ ដើម្បី​ធានា​និ​ន្ត​រ​ភាព​នៃ​ការអភិវឌ្ឍ ដោយ​ត្រូវគោរព​នូវ​ពាក្យស្លោក​ការអភិរក្ស ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការ​អភិ​រ័ក្ស”៕

ដំណឹង​ល្អ! Sky Train តម្លៃ៨០០លាន​ដុល្លារ​នឹង​សាងសង់​នៅ​ឆ្នាំក្រោយ​ហើយ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ រថភ្លើង​លើ​អាកាស ដែលជា​ប្រ​ព័​ន្ឋ​ដឹកជញ្ជូន​ដ៏​ស៊ី​វិ​ល័យ នឹង​សាងសង់​នៅ​ឆ្នាំ២០១៩ខាងមុខនេះ ដោយ​គ្រោង​ចំណាយ​ទុនវិនិយោគ​សាងសង់៨០០លាន​ដុល្លារ​អាមេរិក។

ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន(JICA) កំពុង​សិក្សា​លើ​បណ្តាញ និង​ការសាងសង់​រថភ្លើង​លើ​អាកាស (Sky Train) កណ្តាល​រាជធានី​ភ្នំពេញ ដែល​នឹង​អាច​សាងសង់​នៅ​ដើមឆ្នាំ២០១៩ខាងមុខនេះ ដើម្បី​ឲ្យ​គំរោង​នេះ​បញ្ចប់​មុនពេល​កម្ពុជា​រៀបចំ​អេ​ស៊ាន​ហ្គេម។

លោក​បន្តថា គំរោង​សាងសង់​ផ្លូវ​រថភ្លើង​អាកាស​នេះ មាន​ប្រវែង​សរុប១៨គីឡូម៉ែត្រ ដោយ​រត់​កាត់​មហាវិថីធំៗជាច្រើន​នៅ​រាជធានី​ភ្នំពេញ និង​ត​ភ្ជាប់​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ។

លោក​បណ្ឌិត​វ៉ាន់ វ៉ាត​អ្នកឯកទេស​ផ្នែក​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​បាន​ថ្លែងថា ការសាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស ពិតជា​ល្អប្រសើរ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​សម្រួល​បញ្ហា​ចរាចរណ៍​នោះទេ ប៉ុន្តែ​វា​ក៏​ជួយ​លើក​កំពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ និង​ជា​ផ្នែក​មួយ​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផងដែរ។

លោក​បន្តថា “រថភ្លើង​លើ​អាកាស​វា​បង្ហាញ​ពី​ភាព​ស៊ី​វិ​ល័យ​របស់​ទីក្រុង​មួយ ដែលមាន​ការរីកចម្រើន និង​ជួយ​ធ្វើ​ឲ្យ​ទីក្រុង​កាន់​មាន​រស​រវើក និង​ជា​មធ្យោបាយ​មួយទៀត​ជួយ​សម្រួល​ការកកស្ទះ​ចរាចរ”៕

OCIC គ្រោងរើរោងការ cនិងសាលពិព័រណ៍កោះពេជ្រទៅតំបន់ជ្រោយចង្វារ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុន OCIC ដែលកំពុងវិនិយោគនៅទីក្រុងកោះពេជ្រ គ្រោងរើរោងការ និងសាលពិព័រណ៍នៅទីក្រុងនេះ ទៅកាន់តំបន់ជ្រោយចង្វារ កន្លែងដែលក្រុមហ៊ុននេះកំពុង​រៀបចំអភិវឌ្ឍន៍ទឹកដីជ្រោយចង្វារ ជាទីក្រុងពាណិជ្ជកម្ម។
អគ្គនាយកងរងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សា មុននឹងសម្រេចរើរោងការ និងសាលពិព៌ណនៅ ទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបជ្រោយចង្វារ ព្រោះសាលពិព័រណ៍ និងកន្លែងទទួល​កម្មវិធីអាពាហ៍ពិពាហ៍នៅទីក្រុងកោះពេជ្រ យើងធ្វើបណ្តោះអាសន្នប៉ុណ្ណោះ។

លោកបន្តថា យើងកំពុងគិតថា តើការរើទីតាំងនេះ ប្រជាពលរដ្ឋនឹងប្រើប្រាស់សេវាកម្មរបស់យើង​បន្តទៀតឬអត់ ហេតុនេះយើងក៏មានការសិក្សា ពីប្រព័ន្ឋចរាចរណ៍ភ្ជាប់ទៅតំបន់នេះផងដែរ។
បច្ចុប្បន្នក្រុមហ៊ុន OCIC បានវិនិយោគ សាងសង់ស្ពានបាឡេតម្លៃ៩លានដុល្លា​រ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្ពោះទៅទីក្រុងរណបជ្រោយចង្វាររួចហើយ។ ស្ពាននេះបាននិងកំពុងដាក់ឲ្យដំណើរការ។ នាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុននេះនឹងសាងសង់ស្ពានយោលដោយខ្សែកាបតម្លៃ៣៥លាន​ដុល្លារ ចេញពីតំបន់ផ្លូវជាតិលេខ៥ទៅកាន់ទីក្រុងភាគខាងកើត ឈៀងខាងជើងស្ពានជ្រោយចង្វារនេះផងដែរ។
លោក ទូច សំណាង បានបន្តថា ក្រុមហ៊ុនមានគោលដៅរៀបចំទីក្រុងនេះ ជាទីក្រុងពាណិជ្ជកម្ម និងរៀបចំសាលអាពាហ៍ពិពាហ៍ សាលសន្និសីទ និងកន្លែងលេងកំសាន្តនៅទីក្រុងរណបជ្រោយចង្វារនាពេលអនាគត។
បច្ចុប្បន្នទីក្រុងរណបជ្រោយចង្វារមានផ្ទៃដីប្រមាណ១០០ហិកតា ដែលបាន និងកំពុងរៀបចំអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ៕

ដំណឹងល្អៈចិនគ្រោងនាំចេញកសិផល៥ប្រភេទចេញពីកម្ពុជា

0

ដោយ : វុត្ថា
ភ្នំពេញ : ប្រតិភូខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញក្តីសង្ឃឹម​ដល់កសិករកម្ពុជា តាមរយៈការនាំចេញកសិផល៥ប្រភេ ដូចជាផ្លែស្វាយ ស្វាយចន្ទី មៀន ម្រេច និងទឹកមាត់ត្រចៀកកាំ ចូលទៅប្រទេសចិនឲ្យបាននាពេលខាងមុខ។
ក្នុងជំនួបពិភាក្សារវាងលោក ស៊ាង ថៃ អគ្គនាយកជំរុញពាណិជ្ជកម្ម ក្រសួងពាណិ​ជ្ជ​កម្ម និង លោក Liang Yi អគ្គនាយករងនៃភ្នាក់ងារ ជំរុញការវិនិយោគខេត្តក្វាងស៊ីបានប្រាប់មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ កាលពីម្សិលម៉ិញថា នៅកម្ពុជាមានក្រុមហ៊ុនមកពីខេត្តក្វាងស៊ីជាច្រើន បានកំពុងធ្វើប្រតិបត្តិការអាជីវកម្ម ហើយនៅថ្ងៃខាងមុខ លោក នឹងខិតខំកៀងគរវិនិយោគិនខេត្តក្វាងស៊ី ឲ្យចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ ដែលផ្តួចផ្តើមដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។


លោក Liang Yi បានបន្តថា មានក្រុមហ៊ុនមកពីខេត្តក្វាងស៊ីដ៏ធំមួយ កំពុងបោះទុនវិនិយោគលើកំពង់ផែក្រុងព្រះសីហនុ បើសិនជាគម្រោងនេះទទួលជោគជ័យ កម្ពុជាអាចដឹកជញ្ជូនទំនិញតាមផ្លូវទឹកត្រង់ទៅប្រទេសចិនតែម្តង។
លោក ស៊ាង ថៃ បានសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះគម្រោងវិនិយោគរបស់ខេត្តក្វាងស៊ី និងបានសន្យាជួយសម្រួលគម្រោងនេះ ឲ្យលេចរូបរាងឡើងនាពេលអនាគត។ លោកកក៏បានស្នើលោក Liang Yi ឲ្យពិចារណាជួយសម្របសម្រួល​យ៉ាងណាឲ្យកម្ពុជាអាចនាំផលិតផលស្វាយ ស្វាយចន្ទី មៀន ម្រេច និងទឹកមាត់ត្រចៀកកាំ ចូលទៅប្រទេ​សចិនឲ្យបានឆាប់ ព្រោះឥឡូវនេះកម្ពុជា ត្រូវបានអនុញ្ញាតិឲ្យនាំចូលទៅប្រទេសចិនបានតែ អង្ករ ដំឡូងមី និងពោតប៉ុណ្ណោះ។
ចំពោះផលិតផលទឹកមាត់ត្រចៀកកាំវិញ ភាគីចិននឹងសហការជាមួយប្រទេសម៉ាឡេស៊ីបង្កើតជាក្រុមជំនាញមួយ ដើម្បីជួយសម្របសម្រួលយ៉ាងណាឲ្យកម្ពុជាអាចនាំចូលទឹកមាត់ត្រចៀកកាំទៅកាន់ប្រទេសចិន បានដូចប្រទេសម៉ាឡេស៊ីផងដែរ។
គោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តក្វាងស៊ី មកកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងចិន-កម្ពុជា និងអញ្ជើញថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង នៃតំបន់ស្វយ័តក្វាងស៊ី ខណៈដែលឆ្នាំ២០១៨នេះ កម្ពុជាយើងនឹងត្រូវធ្វើជាសហប្រធានកិត្តិ​យសក្នុងព្រឹត្តិការណ៍ដ៏ធំនេះ៕

គំរោងអចលនទ្រព្យយក្សចាប់ផ្តើមប្រកាសលក់នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ គំរោងអភិវឌ្ឍន៍អចលនទ្រព្យ R&F Cityដែលបាននិងកំពុងបោះទុន​វិនិយោគ​ជាង២០០០លានដុល្លារ នឹងប្រកាសលក់ជាផ្លូវការនៅចុងសប្តាហ៍​ក្រោយនេះហើយ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

លោក RAYSON ប្រធានផ្នែកលក់ជាន់ខ្ពស់នៃក្រុមហ៊ុនយក្សមួយក្នុងចំណោម​ យក្ស​ទាំង១០នៅប្រទេសចិន R& F Properties បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មី ៗនេះថា R&F PROPERTIES បាននិងកំពុងចាប់ផ្តើមគំរោង R&F CITY នៅមហាវិថី​សម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)ព្រោះយើ​ង​ចង់ផ្តល់នូវបែបផែនជីវិតថ្មីមួយ សម្រា​ប់ប្រជាជនកម្ពុជានិងសហគមន៍ចិន ដែលមកវិនិយោគ និងធ្វើការនៅប្រទេស​កម្ពុជា។ គំរោងនេះមានអាគារសរុបចំនួន២០ កំពស់៣៣ជាន់ ដែលនឹងបញ្ចប់នៅឆ្នាំ២០២០ ហើយទំហំទឹកប្រាក់នៃការវិនិយោគគំរោងនេះ មានច្រើនជាង​២ពាន់លានដុល្លារអាមេរិក។

លោកបន្តថា គំរោងនេះមានផ្ទះចំនួន៥២៣២យូនីត មានរួមបញ្ចូលនូវក្លឹបកីឡាទំហំ​៣២០០ម៉ែត្រ និងផ្ទះបែបអាជីវកម្ម៣៨ និងសួនច្បារដ៏ធំមួយ។ គំរោងនេះបាន​ចាប់​ផ្តើមលក់ហើយ ដោយយើងផ្តោត ទីផ្សារនៅប្រទេសចិន និងជនបរទេស​ដទៃទៀត និងនៅកម្ពុជា ប៉ុន្តែយើងផ្តោតជាពិសេសលើអតិថិជនចិន ដែលមានជីវភាពខ្ពស់ និងចង់បានជីវិតរស់នៅបែបស៊ីវិល័យ។

មានមូលហេតុសំខាន់ៗចំ​នួន៤ ដែលក្រុមហ៊ុននេះសម្រេចចិត្តមកវិនិយោគ​នៅកម្ពុជា ទី១ គោលនយោបាយផ្លូវសូត្រ ដែលផ្តួចផ្តើមដោយប្រធានាធិបតីហ្សី ជីនពីង ហើយ​កម្ពុជាជាប្រទេសមានលក្ខខ័ណ្ឌពិសេស ដែលទទួលបានផលប្រយោជន៍​ពីគំរោង​នេះ ទី២ ទំនាក់ទំនងដ៏ល្អ និងរ៉ឹងមាំរវាងមេដឹកនាំកម្ពុជា ពិសេសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំចិន ទី៣ កំណើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ​របស់​ប្រទេសកម្ពុជា និងទី៤ ស្ថិរភាពនយោបាយរយៈពេលវែងរបស់កម្ពុជា។

លោក​ RAYSON បានបន្តថា “ប្រទេសកម្ពុជា គឺជាប្រទេសទី២ក្នុងតំបន់អាស៊ាន ដែលយើងបានមកវិនិយោគ បន្ទាប់ពីប្រទេសភូមា។ ហេតុផលដែលយើងមកទីនេះ គឺដោយសារគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលផ្តួចផ្តើមដោយ​ប្រធានាធិបតី ហ្សី ជីនពីង ហើយកម្ពុជាជាប្រទេសដែលមានលក្ខណៈពិសេស ដែលកំពុងទទួលផលប្រយោជន៍ពីគោលនយោបា​យ​នេះ”។

លោកបន្តថា “យើងក៏ផ្តោតលើអតិថិជនជាជនជាតិខ្មែរ ព្រោះខ្ញុំគិតថានាពេលអនាគត​ប្រជាជនកម្ពុជា នឹងចូលចិត្តរស់នៅខុនដូឬអាផាតម៉ិនផងដែរ ព្រោះនៅប្រទេសចិន​ប្រជា​ជនចិនចូលចិត្តរស់នៅតាមអាផាតម៉ិន ដោយសារអាផាតម៉ិន និងខុនដូផ្តល់​ភាពងាយស្រួលសម្រាប់ការរស់នៅ និងមានជីវិតបែបស៊ីវិល័យ”។

តម្លៃផ្ទះនៅក្នុងគំរោងនេះ លក់ក្នុងតម្លៃចាប់ពី១៩០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើង​ទៅ។

លោក RAYSON បានបន្តថា “យើងជឿជាក់ថាគំរោងនេះ នឹងទទួលបានជោគ​ជ័យ ដោយសារហេតុផលខាងលើនេះ ដោយសារកំនើនសេដ្ឋកិច្ចកម្ពុជា និងចំនួន​អ្នកវិនិយោគ​កាន់តែច្រើននឹងចូលមកវិនិ​យោគកម្ពុជា”។

ជាមួយគ្នានេះ អ្នកវិនិយោគចិនជាច្រើនចង់វិនិយោគនៅក្រៅប្រទេស ដែលពួកគេ​ចង់​ស្វែងរកប្រាក់ចំណេញ ហើយទីផ្សារកម្ពុជាជាទីផ្សារដ៏ជោគជ័យ និងទាក់ទាញមួយ ហើយទីក្រុងភ្នំពេញជាកន្លែងមួយដ៏ទាក់ទាញ។ ទោះបីខេត្តព្រះសីហនុ និងសៀមរាប​មានសក្តានុពល ប៉ុន្តែខេត្តទាំងពីរមិនទាន់មានហេដ្ឋារចនាសម្ព័ន និងសេវាកម្មសម្រាប់ផ្តល់ភាពងាយស្រួលក្នុងការរស់នៅដូចទីក្រុងភ្នំពេញទេ៕

អស្ចារ្យ ៖ ទីក្រុងចំនួនបីរបស់កម្ពុជាត្រូវបានជ្រើសរើសជា Smart CITY

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ជារឿងអបអរសាទរមួយ ដែលទីក្រុង​ចំនួន​ ៣ របស់​ប្រទេស​កម្ពុជា​រួមមាន

រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​ជ្រើសរើស​ជា​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​ (Smart City)។

ការជ្រើសរើសនេះ បន្ទាប់ពី​មេដឹកនាំ​ទាំងអស់​ នៃ​ប្រទេស​ជា​សមាជិកអាស៊ាន​បាន​ឯកភាព​លើ​គំនិត​ ផ្តួចផ្តើម​ឲ្យ​មាន​ ដែល​ស្នើ​ដោយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong នៅក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣២ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​កាលពី​ខែ​មេសា​កន្លង​ទៅ​។

បណ្តាញ​នៃ​ទីក្រុង​ឆ្លាតវៃ (Smart City) ​មាន​បំណង​បង្កើន​ការតភ្ជាប់​ក្នុង​តំបន់​នឹង​ ត្រូវ​បាន​បង្កើតឡើង​ដោយ​មាន​ទីក្រុង​ចំនួន​២៦​។ យោង​តាម​កំណត់ត្រា​គំនិត​ផ្តួចផ្តើម​នៃ​បណ្តាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​វេទិកា​រួម​គ្នា​មួយ​ ដែល​ទីក្រុង​ចំនួន​៣ ​ពី​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់​រួម​គ្នា​ធ្វើការ​ឆ្ពោះ​ទៅ​រក​គោលដៅ​រួម ​នៃ​ការអភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​ភាព​វៃឆ្លាត និង​មាន​និរន្តរភាព​ដោយ​យក​បច្ចេកវិទ្យា​ជា​ចម្បង​។

បណ្តា​ប្រទេស​អាស៊ាន​ទទួល​ស្គាល់​ថា​បច្ចេកវិទ្យា និង​ឌីជីថល​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​នូវ​ផលប៉ះពាល់​នៃ​ ការធ្វើ​នគរូបនីយកម្ម​យ៉ាង​ឆាប់រហ័ស ដូចជា ការកកស្ទះ​ក្នុង​ទីក្រុង គុណភាព​ទឹក និង​ខ្យល់ ការបែងចែក​ទីក្រុង និង​ជនបទ សន្តិសុខ និង​សុវត្ថិភាព​របស់​ប្រជាជន​។ ទោះជា​យ៉ាងណា​ក៏ដោយ​នៅ​ខេត្ត​សៀមរាប និង​បាត់ដំបង មិនទាន់មានការរៀប​ចំគំរោងណាមួយជាក់លាក់ ដើម្បីអភិវឌ្ឍន៍ក្រុងទាំងពីរជា Smart City នៅឡើយទេ។

អគ្គលេខាធិការរង​នៃ​គណៈស្ថាបត្យករ​កម្ពុជាលោក ទួស សាភឿនបានមានប្រ​សាសន៍ថា ទីក្រុង​ឆ្លាតវៃ​តម្រូវ​ឲ្យ​មាន​ផែនការ​ធំ​ទូលាយ ​សម្រាប់​ទីក្រុង​ទាំងមូល ​មិនមែន​ត្រឹម​ទីក្រុង​រណប​នោះទេ​។ ទីក្រុង​ឆ្លាតវៃ គួរ​តែ​មាន​ចន្លោះ​បៃតង ដូចជា​សួនច្បារ​ដែល​ព័ទ្ធ​ជុំវិញ​អគារ​សាធារណៈ​ ដើម្បី​ឱ្យ​មនុស្ស​អាច​សម្រាកលំហែរ និង​ទទួល​បាន​ខ្យល់​អាកាស​បរិសុទ្ធ​ជាដើម។

លោក​បានបន្តថា “​ទីក្រុង​ឆ្លាតវៃ​អាច​កើតឡើង​បាន​លុះត្រា​តែ​មាន​ មេដឹកនាំ​ពូកែ​ដែល​ធ្វើការ​លើ​ផែនការមេ​ដ៏ទូលំទូលាយ​ក្នុង​ការ​អភិវឌ្ឍ​ ទីក្រុង​ពោល​គឺ​មាន​ផែនការមេ​តាម​ផ្លូវ​ច្បាប់​ច្បាស់លាស់​ដែល​គ្រប់គ្រង​លើ ​ការប្រើប្រាស់​ដី សំណុំ​បែបបទ ការ​រចនា ឬ​ ការប៉ុនប៉ង​គ្រប់គ្រង​លើ​ការអភិវឌ្ឍ​ទីក្រុង”​។ លោកបន្តថា “តំបន់​នីមួយៗ​ត្រូវ​តែ​កំណត់​ឲ្យ​បាន​ច្បាស់​ថា ជា​តំបន់​លំនៅឋាន ពាណិជ្ជកម្ម ឬ​ឧស្សាហកម្ម​ដែល​នឹង​អាច​ពង្រីក​ឱកាស​នៅក្នុង​ការអភិវឌ្ឍ​ទីក្រុង និង​ដែល​អាច​ជួយ​ដល់​ការរស់នៅ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​៕

វិស័យថ្មីមួយទៀតនឹងជម្រុញកំណើនសេដ្ឋកិច្ច និងនាំវិបុលភាពសម្រាប់កម្ពុជា

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ វិស័យថ្មីមួយទៀត នឹងជាកំលាំងចលករសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត តាមរយៈការចាក់ចូលបន្ថែមនូវមូលធន ដល់សេដ្ឋកិច្ចកម្ពុជានាពេលអនាគត ខណៈវិស័យចំនួ​ន​៤កំពុងសម្រេចបានកំណើនដ៏ប្រសើររួចទៅហើយនោះ។

វិស័យថ្មីដែលនឹងជាកំលាំងចលករជម្រុញកំណើនសេដ្ឋកិច្ច នោះគឺវិស័យរ៉ែ និងថាមពលកម្ពុជា ដោយកម្ពុជានឹងទទួលបានតំណក់ប្រេងលើកដំបូងនៅឆ្នាំ២០១៩ និងរ៉ែ​មាស ដែលកម្ពុជានឹងទទួលបានផលនៅឆ្នាំ២០១៩ផងដែរ។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានអះអាងកាលពីពេលថ្មីៗនេះថា កម្ពុជានឹងទទួលបានដំណក់ប្រេងលើកតំបូងនៅឆ្នាំ២០១៩ខាងមុខ ជាមួយនេះក្រុមហ៊ុនអ​ន្តរជាតិមួយ ក៏នឹងចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាស នៅឆ្នាំ២០១៩ផងដែរ។

តាមរយៈការចុះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងក្រុមហ៊ុន KRISENERNY កាលពីពេលថ្មីៗនេះបានឲ្យដឹងថា កម្ពុជាអាចទទួលបានចំណូលប្រមាណ៥០០លានដុល្លារក្នុងមួយឆ្នាំ ពីធនធានរ៉ែរបស់ខ្លួននៅតំបន់ប្លុកអេ ខណៈរដ្ឋាភិបាលក៏បានផ្តល់សិទ្ឋដល់ក្រុមហ៊ុនវៀតណាម ដើម្បីធ្វើការស្រាវជ្រាវរកធនធានប្រេងកាត នៅប្លុកអប្សរាថ្មីមួយផងដែរ។

ជាមួយនឹងកំណើនទុនបម្រុងអន្តរជាតិ និងចំណូលចរន្តប្រចាំឆ្នាំរបស់ខ្លួន វាច្បា​ស់លាស់ហើយថា រដ្ឋាភិបាលនឹងមានលទ្ឋភាពចំណាយកាន់តែច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ខ្លួន តាមរយៈការដំឡើងប្រាក់ខែជូនមន្រ្តីរាជការ ការផ្តល់សេវាគាំពារសង្គមដល់ស្រ្តីក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ ដែលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀលសម្រាប់កូនទោល ៨០ម៉ឺនរៀលសម្រាប់កូនភ្លោះពីរ និង១,២លានរៀលសម្រាប់កូនភ្លោះបី ព្រមទាំងផ្តល់សេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃដល់ស្រ្តីក្នុងវិស័យខាងលើនេះ និងមន្រ្តីរាជការមួយចំនួនទៀត។

ថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានប្រកាសថា រដ្ឋាភិបាលនឹងបង្កើនការចំណាយពី២៣ដល់២៥ភាគរយ នៃផលទុនជាតិសរុបរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជានៅឆ្នាំ២០១៩ខាងមុខ។

ការឆ្ពោះ និងគោលដៅរុញកម្ពុជាទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ពិតជាផ្តើមចេញពីមូលដ្ឋានទាំងនេះ ដើម្បីអាចសម្រេចបាននូវគោល​ដៅប្រកបដោយមហិច្ឆតារបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕

មហាយក្សចិនចាប់ផ្តើមសង់អគារខ្ពស់កប់ពពកកំពស់រហូតដល់៦៦៨ម៉ែត្រ

0

ដោយ វុត្ថា

ភ្នំពេញ៖ មហាយក្សចិនមិនត្រឹមតែមានសេដ្ឋកិច្ចលូតលាស់លំដាប់ទី២ នៅក្នុងពិភ​ពលោកនោះទេ ប្រទេសដែលមានប្រជាជនចំនួនជាង១៣០០លាននាក់នេះ បាននិងកំពុកំពុងសាងសង់អគារខ្ពស់កប់ពពក់មួយផ្សេងទៀតឈ្មោះ Shimao Shenzhen-Hong Kong International Centre កំពស់៦៦៨ ម៉ែត្រស្ថិតនៅក្នុងទីក្រុង Shenzhen។

អគារខ្ពស់កប់ពពកនេះ គ្រោងងសាងសង់ខ្ពស់ជាងអាគារ Shanghai Tower ដែលមានកម្ពស់ត្រឹមតែ៦៣២ម៉ែត្រ ។ អគារនេះ អាចនិយាយបានថាជាអគារខ្ពស់ជាងគេលំដាប់ទី២លើពិភពលោកបន្ទាប់ពីអគារ Burj Khalifa នៅក្នុងទីក្រុងឌុបៃដែលមានកំពស់៨២៨ម៉ែត្រ។

ការរចនាអគារ និងស្ថាបត្យកម្មកំពូលនេះ ជាគម្រោងរបស់ក្រុមហ៊ុនដ៏ធំរបស់ចិន ឈ្មោះShiamo Group ដែលបានបោះទុនវិនិយោគចំនួន៥០ពាន់លានយ័ន ស្មើរនឹង ៥,៨ពាន់លានផោនលើគម្រោងមួយនេះ។

អគារដ៏អស្ចារ្យនេះ ត្រូវបានគេសាងសង់ឡើង សម្រាប់ជាទីតាំងការិយាល័យ អាផាតមិន សណ្ឋាគារលំដាប់ផ្កាយ៥ មជ្ឈមណ្ឌលផ្សារទំនើប សាលាអន្តរជាតិ និងមជ្ឈមណ្ឌ​លតាំងពិព័រណ៍ ព្រមទាំងកន្លែងរៀបចំពិធីដទៃទៀត។

មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនេះ សាងសង់លើទំហំដី៣២១,៩០០ ម៉ែត្រការ៉េ ដែលមានទីតាំងនៅក្នុងស្រុក Longang ភាគខាងកើតនៃទីក្រុង Shenzhen។

តាមការគ្រោងទុកជាដំបូង អគារខ្ពស់កប់ពពកនេះ នឹងសាងសង់បញ្ចប់នៅក្នុងឆ្នាំ ២០២៤ដែលអាចជាអគារជាប់កំណត់ត្រាពិភពលោក ខណៈអគារនៅក្នុងទីក្រុងឌុបៃ  Dubai One Towerមានកំពស់៧១១ ម៉ែត្រនឹងត្រូវសាងសង់បញ្ចប់មុនអាគារនេះរយៈពេលបីឆ្នាំ ពោលគឺស្ថិតនៅក្នុងឆ្នាំ២០២១៕

គំនិតគួរពិចារណា ៖ តើគួរទិញដីពុះឡូត៍ដែរ ឬទេ ?

0

នៅពេលបច្ចុប្បន្ននេះ សកម្មភាពនៃការធ្វើជំនួញលើវិស័យដីធ្លី ដោយការពុះឡូត៍លក់ កំពុងតែកើតមានយ៉ាងផុលផុសស្ទើរគ្រប់ទីកន្លែង។ ជាមួយនឹងរូបភាពនៃការពុះដីឡូត៍លក់នេះផងដែរ គេក៏សង្កេតឃើញមានចំណុចល្អ និងចំណុចអាក្រក់កើតមានចំពោះអ្នកទិញ ត្រូវបានក្លាយខ្លួនជាជនរងគ្រោះ ក្រោមការចាញបោកពួកឈ្មួញខិលខូចផងដែរ។ បើដូច្នេះ តើអតិថិជនគួរពិចារណាទៅលើចំណុចអ្វីខ្លះមុនសម្រេចចិត្តទិញដើម្បីកុំអោយក្លាយទៅជាជនរងគ្រោះ ឬខាតបង់ ?

ជាមួយនឹងប្រធានបទដ៏សំខាន់មួយនេះ ក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យដែលបានចងក្រងជាឯកសារ «ភាពវៃឆ្លាតក្នុងរឿងអចលនទ្រព្យ» បានលើកឡើងថា ៖ ចំពោះការទិញដីឡូត៍គឺមាន 2ប្រភេទ ។           សម្រាប់អ្នកដែលសល់លុយ ពួកគេទិញដីពុះឡូត៍លក់ដោយរំពឹងផលចំណេញពីការឡើងថ្លៃនៅ​ពេល​ខាងមុខ។ ដោយឡែកសម្រាប់អ្នកដែលមានលុយតិចតួច ឬមានកម្រិតជីវភាពមធ្យម ពួកគេគិតថា ទិញដីយកទីតាំងទុកសម្រាប់សាងសង់ផ្ទះផ្ទាល់ខ្លួននៅពេលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ មុននឹងសម្រេចចិត្តទិញដីពុះឡូត៍លក់ លោកអ្នកត្រូវតែសិក្សាឱ្យបានច្បាស់លាស់អំពីគម្រោងអភិវឌ្ឍដីឡូត៍នោះថាតើមានបណ្តាញអគ្គិសនី មានប្រពន្ធទឹកស្អាត មានប្រពន្ធលូបង្ហូរទឹកត្រឹមត្រូវស្របតាមគម្រោងប្លង់មេរបស់រដ្ឋាភិបាល និងផែនការកំណត់របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែរ ឬទេ ?

កន្លងមកធ្លាប់មានក្រុមហ៊ុនមួយចំនួនតូចបានរកស៊ីធ្វើជំនួញដីធ្លីបោកប្រាស់អតិថិជន ដោយគ្រាន់តែលើកស្លាក និងបំផុសបំផុលអំពីគម្រោងដីពុះឡូត៍របស់ខ្លួនដែលធ្វើឱ្យអតិថិជនជឿជាក់ទុកចិត្ត និងរំពឹងទុកថាជាគម្រោងរបស់រដ្ឋាភិបាល​ ដែលនឹងធ្វើការអភិវឌ្ឍន៍ ហើយខ្លះទៀតបញ្ឆោតថា ក្រុមហ៊ុនរបស់គេ នឹងធ្វើការអភិវឌ្ឍនៅនឹងតំបន់ដីឡូត៍របស់ខ្លួនតែម្ដង ប៉ុន្តែដល់ទីផុតជាក់ស្ដែង វាគ្រាន់តែជាការបោកប្រាស់ ដែលសូម្បីតែផ្លូវបេតុងមួយខ្សែក៏គ្មានផងនោះ ។ កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យឈ្មួញឆបោកកាន់តែរីកចម្រើន ចំណែកឯអតិថិជនក្រីក្រ ស្លូតត្រង់ក្លាយជាជនរងគ្រោះ រហូតមានអ្នកខ្លះត្រូវកប់លុយនៅក្នុងដីទុកចោលរហូតដល់10-20ឆ្នាំ នៅមិនទាន់អាចដកដើមយកមកវិញក៏មាន ហើយបើគិតពីអត្រាការប្រាក់វិញរឹតតែមានចំនួនច្រើន ។

ការទិញដីពុះឡូត៍អាចទទួលបានចំណេញច្រើន លុះត្រាតែដីឡូត៍នោះស្ថិតនៅតំបន់ក្រុង ឬជាយក្រុង ហើយទិញនៅក្នុងតម្លៃមួយដែលទាប និងទិញបានច្រើនឡូត៍។ ប្រសិនបើអ្នកទិញដីពុះឡូត៍សម្រាប់គ្រោងសង់លំនៅដ្ឋានស្នាក់នៅវិញ អ្នកគម្បីសិក្សាឱ្យបានច្បាស់អំពីបរិយាកាសជុំវិញ ដូចជាមានផ្លូវចេញចូល មានបណ្តាញអគ្គិសនី ប្រព័ន្ធទឹកស្អាត និងប្រពន្ធលូរំដោះទឹកត្រឹមត្រូវ ឬទេ , មានលំនៅដ្ឋានប្រជាជនផ្សេងទៀត ឬទេ ហើយវាស្ថិតនៅក្នុងគម្រោងប្លង់មេរបស់រដ្ឋាភិបាល ឬយ៉ាងណា ។ ដោយឡែកចំពោះអ្នកទិញដែលរំពឹងទទួលបានចំណេញវិញក៏ត្រូវពិចារណាទៅលើលំហូរសាច់ប្រាក់របស់ខ្លួនឱ្យបានច្បាស់ ហើយមិនត្រូវរំពឹងថានឹងទទួលបានចំណេញក្នុងរយៈពេលខ្លីនោះទេ។ ការវិនិយោគទៅលើវិស័យដីធ្លី ត្រូវគិតថា ជាការសន្សំប្រាក់ក្នុងរយៈពេលវែង ដែលមិនអាចដកបានក្នុងពេលដ៏ខ្លី។

រឿងមួយទៀតដែលត្រូវប្រុងប្រយ័ត្ន គឺប្លង់រឹង។ ជាបទពិសោធន៍ ធ្លាប់មានក្រុមហ៊ុនពុះដីឡូត៍មួយចំនួនបានយកប្លង់រឹង(ប្លង់ដីរួម) ទៅដាក់បញ្ចាំនៅធនាគារដើម្បីយកលុយប្រការ ឬវិនិយោគលើវិស័យផ្សេងទៀត។ ក្នុងខណៈពេលដែលខ្លួនអ្នកមិនទាន់បានរត់ការទទួលបានប្លង់រឹងពីក្រុមហ៊ុន លោកអ្នកអាចនឹងប្រឈមនឹងគ្រោះហេតុ ប្រសិនបើក្រុមហ៊ុនមានហានិភ័យជាមួយធនាគារ ។ ដូច្នេះ ចំពោះការទាមទារយកប្លង់រឹង គឺជាចំណុចសំខាន់មួយដែលមិនអាចរំលងបាននោះឡើយ ៕